លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ពេលសន្ដិភាព»គឺជិតដល់ហើយ!

«ពេលសន្ដិភាព»គឺជិតដល់ហើយ!

«ពេល​សន្ដិភាព»គឺ​ជិត​ដល់​ហើយ!

«អ្វី​ៗ . . . កើត​ឡើង​តាម​ពេល​កំណត់ . . . មាន​ពេល​ធ្វើ​សង្គ្រាម មាន​ពេល​សន្ដិភាព»។—សាស្ដា ៣:១, ៨, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

១. តើ​ស្ថានការណ៍​អ្វី​ដែល​គ្មាន​ទំនង ដែល​មាន​ក្នុង​កំឡុង​សតវត្ស​ទី​២០​នេះ ស្តី​អំពី​សង្គ្រាម​និង​សន្ដិភាព​នោះ?

 ដោយ​មាន​មូលហេតុ​ល្អ នោះ​មនុស្ស​ភាគ​ច្រើន​ចង់​បាន​ជា​ខ្លាំង​នូវ​សន្ដិភាព។ សតវត្ស​ទី​២០​នេះ​បាន​ពិសោធ​សន្ដិភាព​តិច​ជាង​សតវត្ស​មុន​ៗ​នៅ​ក្នុង​ប្រវត្ដិសាស្ត្រ។ នេះ​គឺ​ជា​ការ​គ្មាន​ទំនង​ទេ ពីព្រោះ​មាន​ការ​ខំ​ប្រឹង​ច្រើន​ណាស់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ដើម្បី​ឲ្យ​បាន​សន្ដិភាព។ នៅ​ក្នុង​ឆ្នាំ​១៩២០ នោះ​អង្គការ​សម្ព័ន្ធ​ប្រជាជាតិ​បាន​ស្ថាបនា​ឡើង។ នៅ​ក្នុង​ឆ្នាំ​១៩២៨ សន្ធិ​សញ្ញា​សន្ដិភាព​ឈ្មោះ​ខិឡុក​-​ប្រាយ្យាន់ បាន​គាំទ្រ​ដោយ«សាសន៍​សឹង​តែ​ទាំង​អស់​ក្នុង​ពិភព​លោក . . . ដែល​បាន​យល់​ព្រម​លះ​បង់​ចោល​សង្គ្រាម​ជា​ប្រដាប់​មួយ​នៃ​គោល​នយោបាយ​ជាតិ» ហើយ​ឯកសារ​ស្រាវ​ជ្រាវ​មួយ​បាន​ហៅ​សន្ធិ​សញ្ញា​នេះ ជា«ការ​ខំ​ប្រឹង​ដ៏​ធំ​បំផុត​នៃ​ការ​ដែល​មាន​ជា​លំដាប់ ដើម្បី​រក្សា​នូវ​សន្ដិភាព​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​១»។ រួច​មក នៅ​ក្នុង​ឆ្នាំ​១៩៤៥ អង្គការ​សហប្រជាជាតិ​បាន​ត្រូវ​ស្ថាបនា​ឡើង ជំនួស​អង្គការ​សម្ព័ន្ធ​ប្រជាជាតិ​ដែល​គ្មាន​ដំណើរ​ការ​នោះ។

២. តើ​អ្វី​ជា​គោល​ដៅ​ដ៏​អួតអាង​របស់​អង្គការ​សហប្រជាជាតិ ហើយ​តើ​អង្គការ​នេះ​បាន​ជោគ​ជ័យ​ដល់​កំរិត​ណា​ដែរ?

ដូច​អង្គការ​សម្ព័ន្ធ​ប្រជាជាតិ នោះ​គោល​ដៅ​របស់​អង្គការ​សហប្រជាជាតិ គឺ​បាន​អះអាង​រក្សា​ការ​ពារ​សន្ដិភាព​ក្នុង​ពិភព​លោក។ ក៏​ប៉ុន្តែ​ការ​មាន​ជោគ​ជ័យ​របស់​អង្គការ​នេះ គឺ​មាន​ស្តួច​ស្តើង។ ពិត​មែន ពិភព​លោក​ឥឡូវ​ក៏​មិន​ពិសោធ​សង្គ្រាម​ដ៏​ធំ​ប៉ុន​នឹង​សង្គ្រាម​លោក​ទាំង​ពីរ​នោះ​ទេ។ ក៏​ប៉ុន្តែ សង្គ្រាម​តូច​ៗ​ជា​ច្រើន​នៅ​តែ​ធ្វើ​ឲ្យ​មនុស្ស​រាប់​សែន​នាក់​លែង​មាន​សេចក្ដី​ស្ងប់​ស្ងៀម និង​បាត់​បង់​ទ្រព្យ​សម្បត្ដិ​របស់​គេ ព្រម​ទាំង​ភាគ​ច្រើន​បាត់​បង់​ជីវិត​របស់​គេ​តែ​ម្ដង។ តើ​យើង​ហ៊ាន​សង្ឃឹម​ថា អង្គការ​សហប្រជាជាតិ​អាច​ធ្វើ​ឲ្យ​សតវត្ស​ទី​២១​ទៅ​ជា«ពេល​សន្ដិភាព»បាន​ឬ​ទេ?

មូលដ្ឋាន​សំរាប់​សន្ដិភាព​ពិត

៣. ហេតុ​អ្វី​ក៏​សន្ដិភាព​ពិត​មិន​អាច​មាន​នៅ​ជិត​ការ​ស្អប់?

សន្ដិភាព​រវាង​មនុស្ស​និង​ជាតិ​ទាំង​ឡាយ គឺ​តម្រូវ​ឲ្យ​មាន​ច្រើន​ទៀត មិន​មែន​គ្រាន់​តែ​ការ​ត្រា​ប្រណី​នោះ​ទេ។ តើ​បុគ្គល​ណា​ម្នាក់​អាច​ពិត​ជា​ត្រូវ​រៅ​ជា​មួយ​នរណា​ម្នាក់​ដែល​គាត់​ស្អប់​ឬ​ទេ? គឺ​អត់​ទេ​បើ​យោង​ទៅ​តាម​យ៉ូហាន​ទី​១ ៣:១៥ ដែល​ចែង​ថា៖ «អ្នក​ណា​ដែល​មាន​ចិត្ត​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​ជា​អ្នក​សំឡាប់​គេ»។ ដូច​ប្រវត្ដិសាស្ត្រ​នៅ​ថ្មី​ៗ​នេះ​ស​ឲ្យ​ឃើញ ការ​ស្អប់​ដ៏​ពន់​ពេក​អាច​បង្កើន​យ៉ាង​ស្រួល​ទៅ​ជា​ការ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ។

៤. តើ​មាន​តែ​អ្នក​ណា​ខ្លះ​ដែល​អាច​ពិសោធ​សន្ដិភាព ហើយ​ហេតុ​អ្វី?

ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​ជា«ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត» នោះ​មាន​តែ​មនុស្ស​ដែល​ស្រឡាញ់​ព្រះ និង​មាន​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​ដល់​គោល​ការណ៍​ដ៏​សុចរិត​របស់​ទ្រង់ ដែល​អាច​ពិសោធ​នូវ​សន្ដិភាព​នោះ។ យ៉ាង​ច្បាស់​ណាស់ ព្រះ​យេហូវ៉ា​មិន​ប្រទាន​ឲ្យ​សន្ដិភាព​ដល់​មនុស្ស​គ្រប់​គ្នា​ទេ។ «ព្រះ​នៃ​ខ្ញុំ ទ្រង់​មាន​បន្ទូល​ថា ‹គ្មាន​សេចក្ដី​សុខ[សន្ដិភាព, ព.ថ.] ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ›»។ នេះ​គឺ​ពីព្រោះ​ពួក​មនុស្ស​អាក្រក់​បដិសេធ មិន​ឲ្យ​ខ្លួន​គេ​ដឹក​នាំ​ដោយ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ ដែល​មាន​សន្ដិភាព​ជា​ផល​ផ្លែ​មួយ​នោះ។—រ៉ូម ១៥:៣៣; អេសាយ ៥៧:២១; កាឡាទី ៥:២២

៥. តើ​អ្វី​ដែល​ពួក​គ្រីស្ទាន​ពិត​គិត​មិន​ដល់​នោះ?

ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​មនុស្ស​គ្នី​គ្នា ដូច​ពួក​អួតអាង​ថា​ខ្លួន​ជា​គ្រីស្ទាន​បាន​ធ្វើ​ជា​ច្រើន​លើក​ច្រើន​សា​នោះ ជា​ពិសេស​នៅ​ក្នុង​សតវត្ស​ទី​២០​នេះ គឺ​ជា​អ្វី​ដែល​គ្រីស្ទាន​ពិត​ធ្វើ​មិន​កើត​ឡើយ។ (យ៉ាកុប ៤:១​-​៤) ពិត​មែន ពួក​ទាំង​នេះ​ប្រឆាំង​នឹង​ការ​បង្រៀន ដែល​តំណាង​ព្រះ​យ៉ាង​ខុស​ឆ្គង ក៏​ប៉ុន្តែ​ចំបាំង​នេះ​គឺ​មាន​បំណង​ជួយ​បុគ្គល​ម្នាក់​ៗ មិន​មែន​ដើម្បី​ធ្វើ​ទុក្ខ​ដល់​គេ​ទេ។ ការ​បៀត​បៀន​អ្នក​ដទៃ​ដោយ​ព្រោះ​មាន​ការ​ខុស​គ្នា​ខាង​សាសនា ឬ​ការ​ធ្វើ​បាប​ដល់​អ្នក​ដទៃ​ដោយ​ព្រោះ​ជាតិ​សាសន៍ គឺ​មាន​ការ​ខុស​ស្រឡះ​នឹង​សាសនា​គ្រីស្ទាន​ពិត។ ប៉ុល​បាន​បង្គាប់​ពួក​គ្រីស្ទាន​នៅ​ទី​ក្រុងរ៉ូមថា៖ «ខាង​ឯ​ពួក​អ្នក​រាល់​គ្នា នោះ​ឲ្យ​ខំ​នៅ​ជា​មេត្រី​នឹង​មនុស្ស​ទាំង​អស់​ចុះ បើ​សិន​ជា​បាន»។—រ៉ូម ១២:១៧​-​១៩; ធីម៉ូថេ​ទី​២ ២:២៤, ២៥

៦. នៅ​សព្វ​ថ្ងៃ​នេះ តើ​នៅ​កន្លែង​ណា​ដែល​អាច​រក​ឃើញ​សន្ដិភាព​ពិត​បាន?

សព្វ​ថ្ងៃ​នេះ​សន្ដិភាព​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ គឺ​មាន​តែ​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ថ្វាយ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ (ទំនុកដំកើង ១១៩:១៦៥; អេសាយ ៤៨:១៨) គ្មាន​ការ​ខ្វែង​គំនិត​គ្នា​ខាង​នយោបាយ​ណា​មក​រំខាន​សាមគ្គីភាព​របស់​គេ​ទេ ពីព្រោះ​ពួក​គេ​រក្សា​អព្យាក្រឹត​ខាង​នយោបាយ​នៅ​គ្រប់​ទី​កន្លែង។ (យ៉ូហាន ១៥:១៩; ១៧:១៤) ពីព្រោះ​ពួក​គេ«រួប​រួម​គ្នា ដោយ​មាន​ចិត្ត​មាន​គំនិត​តែ​១» នោះ​គ្មាន​ការ​ខ្វែង​គំនិត​ខាង​សាសនា ដែល​គំរាម​កំហែង​សន្ដិភាព​របស់​គេ​ឡើយ។ (កូរិនថូស​ទី​១ ១:១០) សន្ដិភាព​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន គឺ​ជា​អព្ភូតហេតុ​នៅ​សម័យ​ទំនើប​នេះ ជា​អ្វី​ដែល​ព្រះ​បាន​ប្រទាន​មក ដែល​សម​ស្រប​នឹង​សេចក្ដី​សន្យា​របស់​ទ្រង់៖ «អញ​នឹង​យក​សេចក្ដី​សុខ[សន្ដិភាព, ព.ថ.]ធ្វើ​ជា​រដ្ឋ​បាល​ឯង ហើយ​ឲ្យ​សេចក្ដី​សុចរិត​ជា​អ្នក​គ្រប់​គ្រង​លើ​ឯង​ផង»។—អេសាយ ៦០:១៧; ហេព្រើរ ៨:១០

ហេតុ​អ្វី​ក៏«មាន​ពេល​ធ្វើ​សង្គ្រាម»?

៧, ៨. (ក) ទោះ​ជា​មាន​ជំហរ​ដ៏​សុខ​សាន្ត​របស់​គេ តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចាត់​ទុក​បច្ចុប្បន្នកាល​នេះ​យ៉ាង​ណា​ដែរ? (ខ) តើ​អ្វី​ជា​អាវុធ​ដ៏​សំខាន់​បំផុត​ក្នុង​ចំបាំង​គ្រីស្ទាន?

ទោះ​ជា​ពួក​គេ​មាន​ជំហរ​ដ៏​សុខ​សាន្ត​ក៏​ដោយ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចាត់​ទុក​បច្ចុប្បន្នកាល​នេះ ភាគ​ច្រើន​ជា«ពេល​ធ្វើ​សង្គ្រាម»។ ប្រាកដ​ហើយ គឺ​មិន​មែន​សង្គ្រាម​មែន​ទែន​នោះ​ទេ ពីព្រោះ​ការ​បង្ខំ​អ្នក​ដទៃ​ទទួល​សារ​ដំណឹង​ព្រះ​គម្ពីរ​ដោយ​ប្រើ​អំណាច នោះ​នឹង​ផ្ទុយ​ពី​សេចក្ដី​អញ្ជើញ​របស់​ព្រះ​ហើយ ដែល​ឲ្យ«អ្នក​ណា​ដែល​ចង់​បាន មាន​តែ​យក​ទឹក​ជីវិត​នោះ​ចុះ ឥត​ចេញ​ថ្លៃ​ទេ»។ (វិវរណៈ ២២:១៧) គឺ​គ្មាន​ការ​បង្ខំ​ឲ្យ​ផ្លាស់​ប្រែ​គំនិត​នោះ​ឡើយ! សង្គ្រាម​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ធ្វើ នោះ​គឺ​ខាង​វិញ្ញាណ​ទាំង​ស្រុង។ ប៉ុល​បាន​សរសេរ​ថា៖ «គ្រឿង​សស្ដ្រាវុធ​ពិជ័យ​សង្គ្រាម​របស់​យើង​ខ្ញុំ មិន​មែន​ជា​របស់​ខាង​សាច់​ឈាម​ទេ គឺ​ជា​ឥទ្ធិឫទ្ធិ​ដែល​មក​ពី​ព្រះ សំរាប់​នឹង​រំលំ​ទី​មាំ​មួន​វិញ»។—កូរិនថូស​ទី​២ ១០:៤; ធីម៉ូថេ​ទី​១ ១:១៨

ក្នុង​ចំណោម«គ្រឿង​សស្ដ្រាវុធ​ពិជ័យ​សង្គ្រាម» នោះ​អាវុធ​ដ៏​សំខាន់​ជាង​គេ គឺ«ដាវ​របស់​ព្រះ​វិញ្ញាណ​ដែរ គឺ​ជា​ព្រះ​បន្ទូល»។ (អេភេសូរ ៦:១៧) ដាវ​នេះ​គឺ​ខ្លាំង​ក្លា​មែន។ «ព្រះ​បន្ទូល​នៃ​ព្រះ​នោះ​រស់​នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់​តែ​កាត់​ព្រលឹង​នឹង​វិញ្ញាណ ហើយ​សន្លាក់ នឹង​ខួរ​ឆ្អឹង​ដាច់​ពី​គ្នា ទាំង​ពិចារណា​អស់​ទាំង​គំនិត​ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ»។ (ហេព្រើរ ៤:១២) ដោយ​ប្រើ​ដាវ​នេះ នោះ​ពួក​គ្រីស្ទាន​អាច​រំលាយ«អស់​ទាំង​គំនិត​ដែល​គេ​រិះ​គិត នឹង​គ្រប់​ទាំង​សេចក្ដី​យ៉ាង​ខ្ពង់​ខ្ពស់ ដែល​លើក​ខ្លួន​ឡើង​ទាស់​នឹង​ចំណេះ​នៃ​ព្រះ»។ (កូរិនថូស​ទី​២ ១០:៥) នេះ​ជួយ​ពួក​គេ​ឲ្យ​អាច​លាត​ត្រដាង​នូវ​លទ្ធិ​មិន​ពិត ការ​ប្រព្រឹត្ត​ដែល​មាន​គ្រោះ​ថ្នាក់ និង​ទស្សនវិជ្ជា​ដែល​បង្ហាញ​នូវ​ប្រាជ្ញា​របស់​មនុស្ស ជា​ជាង​ប្រាជ្ញា​របស់​ព្រះ​នោះ។—កូរិនថូស​ទី​១ ២:៦​-​៨; អេភេសូរ ៦:១១​-​១៣

៩. ហេតុ​អ្វី​ក៏​មិន​អាច​បន្ថយ​ក្នុង​សង្គ្រាម​របស់​យើង​ប្រឆាំង​នឹង​សាច់​ឈាម​ដែល​មាន​បាប​នោះ?

ចំបាំង​ខាង​វិញ្ញាណ​មួយ​យ៉ាង​ទៀត គឺ​ជា​ការ​ចំបាំង​ប្រឆាំង​នឹង​សាច់​ឈាម​ដែល​មាន​បាប។ ពួក​គ្រីស្ទាន​ធ្វើ​តាម​គំរូ​របស់​ប៉ុល ដែល​បាន​សារភាព​ថា៖ «គឺ​ខ្ញុំ​វាយ​ដំ​រូប​កាយ​ខ្ញុំ ទាំង​បង្ខំ​ឲ្យ​ចុះ​ចូល ក្រែង​ក្រោយ​ដែល​ខ្ញុំ​បាន​ប្រដៅ​មនុស្ស​ឯ​ទៀត​ហើយ នោះ​ខ្លួន​ខ្ញុំ​ត្រូវ​ចោល​ចេញ​វិញ»។ (កូរិនថូស​ទី​១ ៩:២៧) ពួក​គ្រីស្ទាន​នៅ​ក្រុងកូល៉ុសបាន​ត្រូវ​ដាស់​តឿន​ឲ្យ​សម្លាប់«និស្ស័យ​សាច់​ឈាម​របស់[គេ] ដែលនៅ​ផែនដី​នេះ​ចេញ គឺ​ជា​ការ​សហាយស្មន់ ស្មោក​គ្រោក សំរើប​សំរាល ប៉ង​ប្រាថ្នា​អាក្រក់ នឹង​សេចក្ដី​លោភ ដែល​រាប់​ទុក​ដូច​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ»។ (កូល៉ុស ៣:៥) អ្នក​សរសេរ​ព្រះ​គម្ពីរ​ម្នាក់​ទៀត​ឈ្មោះយូដាស បាន​ដាស់​តឿន​ពួក​គ្រីស្ទាន«ឲ្យ​ខំ​ត​យុទ្ធ ដើម្បី​ការ​ពារ​សេចក្ដី​ជំនឿ ដែល​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ​១​ដង​ជា​សំរេច»។ (យូដាស ៣) ហេតុ​អ្វី​ក៏​យើង​ត្រូវ​តែ​ធ្វើ​អ៊ីចឹង? ប៉ុល​ឆ្លើយ​ថា៖ «ដ្បិត​បើ​សិន​ជា​អ្នក​រាល់​គ្នា​រស់​តាម​សាច់​ឈាម នោះ​នឹង​ត្រូវ​ស្លាប់​ទៅ តែ​បើ​សំឡាប់​អំពើ​របស់​រូប​សាច់​ចេញ ដោយ​សារ​ព្រះ​វិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រស់​វិញ»។ (រ៉ូម ៨:១៣) ដោយ​ដឹង​នូវ​សេចក្ដី​ថ្លែង​យ៉ាង​ច្បាស់​លាស់​នេះ នោះ​យើង​មិន​អាច​បន្ថយ​ពី​ការ​ខំ​ប្រឹង​នៅ​ក្នុង​សង្គ្រាម​របស់​យើង ទាស់​នឹង​ការ​ទោរ​ទន់​អាក្រក់​នេះ​ឡើយ។

១០. តើ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩១៤ ដែល​នឹង​នាំ​ឲ្យ​មាន​អ្វី​នៅ​នា​អនាគត​នេះ?

១០ មូលហេតុ​មួយ​ទៀត​ដែល​បច្ចុប្បន្ន​នេះ​អាច​ចាត់​ទុក​ជា​ពេល​ធ្វើ​សង្គ្រាម នោះ​ពីព្រោះ«ថ្ងៃ ដែល​ព្រះ​នៃ​យើង​ខ្ញុំ​នឹង​សង​សឹក»ជិត​មក​ដល់​ហើយ។ (អេសាយ ៦១:១, ២) នៅ​ក្នុង​ឆ្នាំ​១៩១៤ ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់ ដើម្បី​ស្ថាបនា​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី ហើយ​ប្រគល់​អំណាច​ព្រះ​រាជាណាចក្រ​នេះ ឲ្យ​ធ្វើ​សង្គ្រាម​ដ៏​សកម្ម​ប្រឆាំង​នឹង​របប​របស់​សាតាំង។ ពេល​វេលា​ដែល​បាន​ត្រូវ​កំណត់​ទុក​ឲ្យ​មនុស្ស​ពិសោធ​នឹង​ការ​គ្រប់​គ្រង ដែល​បង្កើត​ឡើង​ពី​មនុស្ស​ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក​ពី​ព្រះ បាន​អស់​នៅ​ពេល​នោះ។ ជា​ជាង​ទទួល​យក​អ្នក​គ្រប់​គ្រង​ជា​ព្រះ​មេស្ស៊ី​របស់​ព្រះ នោះ​មនុស្ស​ភាគ​ច្រើន​បន្ត​បដិសេធ​ទ្រង់​ចោល ដូច​ពួក​មនុស្ស​ភាគ​ច្រើន​បាន​ធ្វើ​នៅ​សតវត្ស​ទី​មួយ​នោះ​ដែរ។ (កិច្ច​ការ ២៨:២៧) ជា​លទ្ធផល ដោយ​ព្រោះ​មាន​ការ​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ នោះ​ព្រះ​គ្រីស្ទ​បាន​ត្រូវ​ជំរុញ​ឲ្យ«គ្រប់​គ្រង​នៅ​កណ្ដាល​ពួក​ខ្មាំង​សត្រូវ​ផង»។ (ទំនុកដំកើង ១១០:២) គួរ​ឲ្យ​សប្បាយ ដែល​វិវរណៈ ៦:២ សន្យា​ថា​ទ្រង់​នឹង«បាន​ឈ្នះ​ត​ទៅ»។ នេះ​ទ្រង់​នឹង​ធ្វើ​ក្នុង​កំឡុង«ចំបាំង នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត . . . ដែល​ភាសាហេព្រើរហៅ​ថា អើម៉ាគេដូន»។—វិវរណៈ ១៦:១៤, ១៦

ឥឡូវ​គឺ​ជា«ពេល​សំរាប់​និយាយ»

១១. ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​បាន​មាន​ព្រះ​ទ័យ​អត់​ធ្មត់​ម្ល៉េះ ក៏​ប៉ុន្តែ​នៅ​ទី​បំផុត តើ​អ្វី​នឹង​មក​ដល់​នោះ?

១១ តាំង​ពី​ឆ្នាំ​១៩១៤ ដែល​ជា​គ្រា​ដ៏​សំខាន់​នៅ​ក្នុង​រឿង​របស់​មនុស្ស នោះ​មាន​៨៥​ឆ្នាំ​បាន​កន្លង​ទៅ​ហើយ។ ព្រះ​យេហូវ៉ា​បាន​មាន​ព្រះ​ទ័យ​អត់​ធ្មត់​ណាស់​នឹង​មនុស្ស​លោក។ ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​ស្មរបន្ទាល់​របស់​ទ្រង់​ដឹង​នូវ​ភាព​បន្ទាន់​នៃ​ស្ថានការណ៍​នេះ។ ជីវិត​របស់​មនុស្ស​ជា​ច្រើន​លាន​នាក់​អាច​នឹង​មាន​ផល​អាក្រក់។ មនុស្ស​ជា​ច្រើន​នាក់​ទាំង​នេះ​សម​ឲ្យ​បាន​ត្រូវ​ព្រមាន ពីព្រោះ​ព្រះ​យេហូវ៉ា«មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ»។ (ពេត្រុស​ទី​២ ៣:៩) យ៉ាង​ណា​ក៏​ដោយ មិន​យូរ​ប៉ុន្មាន​ទៀត «ព្រះ​អម្ចាស់​យេស៊ូវ ទ្រង់​លេច​មក​ពី​ស្ថាន​សួគ៌ ជា​មួយ​នឹង​ពួក​ទេវតា​នៃ​ព្រះ​ចេស្ដា​ទ្រង់»។ រួច​មក អស់​អ្នក​ដែល​បាន​បដិសេធ​ចោល​ដោយ​ចេតនា​នូវ​សារ​ដំណឹង​ព្រះ​រាជាណាចក្រ នឹង​ពិសោធ​នូវ«ការ​សង​សឹក» ដែល​ព្រះ​យេស៊ូ​នឹង​ធ្វើ​ដល់«ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ ហើយ​នឹង​ពួក​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់​នៃ​យើង»។—ថែស្សាឡូនីច​ទី​២ ១:៦​-​៩

១២. (ក) ហេតុ​អ្វី​ក៏​ការ​ស្មាន​អំពី​ពេល​ណា​ដែល​សេចក្ដី​វេទនា​ជា​ខ្លាំង​នឹង​ចាប់​ផ្ដើម គឺ​ឥត​មាន​ប្រយោជន៍​សោះ? (ខ) ស្តី​អំពី​រឿង​នេះ តើ​ព្រះ​យេស៊ូ​បាន​ព្រមាន​អំពី​គ្រោះ​ថ្នាក់​អ្វី?

១២ តើ​នៅ​ពេល​ណា​ដែល​សេចក្ដី​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា​ដល់​កំរិត? ការ​ស្មាន​ណា​មួយ​ស្តី​អំពី​ពេល​ណា​ដែល«សេចក្ដី​វេទនា​ជា​ខ្លាំង»ប្រហែល​ជា​នឹង​ចាប់​ផ្ដើម​ឡើង នោះ​គឺ​គ្មាន​តម្លៃ​នោះ​ទេ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​យ៉ាង​ច្បាស់​លាស់​ថា៖ «ត្រង់​ថ្ងៃ​នឹង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ»។ ម្យ៉ាង​ទៀត ទ្រង់​បាន​ដាស់​តឿន​ថា៖ «ដូច្នេះ ឲ្យ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ពេល​ណា ដែល​ព្រះ​អម្ចាស់​នៃ​អ្នក​រាល់​គ្នា​នឹង​យាង​មក​ទេ។ . . . ដូច្នេះ ឲ្យ​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត»។ (ម៉ាថាយ ២៤:២១, ៣៦, ៤២, ៤៤) បើ​និយាយ​ឲ្យ​ស្រួល​យល់​ទៅ នេះ​មាន​សេចក្ដី​ថា យើង​គួរ​តែ​ប្រុង​ប្រយ័ត្ន​រៀង​រាល់​ថ្ងៃ​ស្តី​អំពី​ព្រឹត្ដិការណ៍​ក្នុង​ពិភព​លោក ហើយ​គិត​អំពី​ការ​ផ្ទុះ​ឡើង​នៃ​សេចក្ដី​វេទនា​ជា​ខ្លាំង។ (ថែស្សាឡូនីច​ទី​១ ៥:១​-​៥) គួរ​ឲ្យ​មាន​គ្រោះ​ថ្នាក់​មែន បើ​គិត​ថា​យើង​អាច​បន្ថយ​ល្បឿន​របស់​យើង ហើយ​ថា​អាច​មាន​ជីវភាព​រស់​នៅ​យ៉ាង​ធម្មតា ទាំង​រង់​ចាំ​មើល​នូវ​របៀប​ដែល​ព្រឹត្ដិការណ៍​នឹង​កើត​ឡើង! ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​កំពុង​តែ​ផ្ទុក​នូវ​សេចក្ដី​វក់​នឹង​ស៊ី​ផឹក ហើយ​នឹង​សេចក្ដី​ខ្វល់​ខ្វាយ​នៅ​ជីវិត នោះ​លោ​តែ​ថ្ងៃ​នោះ​មក​ដល់​អ្នក​រាល់​គ្នា​ភ្លាម ដ្បិត​ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​លប់»។ (លូកា ២១:៣៤, ៣៥) អំពី​រឿង​នេះ​យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា៖ ‹ខ្យល់​ទាំង​បួន​ទិស›នៃ​សេចក្ដី​ហិន​វិនាស ដែល​នៅបច្ចុប្បន្នកាល​នេះ​បាន​ត្រូវ​ទប់​ដោយ«ទេវតា​៤​រូប»របស់​ព្រះ​យេហូវ៉ា នោះ​នឹង​មិន​នៅ​ទប់​ជា​រៀង​រហូត​ត​ទៅ​ឡើយ។—វិវរណៈ ៧:១​-​៣

១៣. តើ​មនុស្ស​ជិត​ប្រាំ​មួយ​លាន​នាក់​បាន​ទទួល​ស្គាល់​អ្វី?

១៣ ដោយ​ដឹង​អំពី​ថ្ងៃ​ជំនុំ​ជំរះ​នេះ​ដែល​ជិត​ដល់​ហើយ នោះ​ពាក្យ​របស់​ស្តេច​សាឡូម៉ូន អំពី​ការ​មាន«ពេល​សំរាប់​និយាយ» នោះ​គឺ​មាន​អត្ថន័យ​ដ៏​ពិសេស​មែន។ (សាស្ដា ៣:៧) ដោយ​បាន​ទទួល​ស្គាល់​ថា ឥឡូវ​គឺ​ប្រាកដ​ជា​ពេល​សំរាប់​និយាយ នោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជិត​ប្រាំ​មួយ​លាន​នាក់ កំពុង​តែ​និយាយ​យ៉ាង​ខ្នះ​ខ្នែង​អំពី​អំណាច​គ្រប់​គ្រង​ដ៏​រុង​រឿង​របស់​ព្រះ និង​ព្រមាន​អំពី​ថ្ងៃ​នៃ​ការ​សង​សឹក​របស់​ទ្រង់។ ពួក​គេ​ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត​នៅ​ថ្ងៃ​នេះ​ដែល​ព្រះ​គ្រីស្ទ​តំរៀប​ក្បួន​ទ័ព​ទ្រង់។—ទំនុកដំកើង ១១០:៣; ១៤៥:១០​-​១២

អស់​អ្នក​ដែល​និយាយ​ថា​មាន«សន្ដិភាព​ហើយ! តែ​គ្មាន​សន្ដិភាព​ទាល់​តែ​សោះ»

១៤. តើ​មាន​ព្យាការី​ក្លែង​ក្លាយ​ណា​ខ្លះ​ក្នុង​កំឡុង​សតវត្ស​ទី​ប្រាំ​ពីរ ម.​ស.យ.?

១៤ ក្នុង​កំឡុង​សតវត្ស​ទី​ប្រាំ​ពីរ ម.​ស.យ. ពួក​ព្យាការី​របស់​ព្រះ គឺ​លោកយេរេមានិងអេសេគាល បាន​ប្រកាស​សារ​ដំណឹង​នៃ​ការ​ជំនុំ​ជំរះ​ប្រឆាំង​នឹង​ក្រុង​យេរូសាឡិម ដោយ​សា​ដំណើរ​វៀច​វេរ​នៃ​ការ​មិន​ស្ដាប់​បង្គាប់​តាម​ព្រះ។ សេចក្ដី​ហិន​វិនាស​ដែល​ពួក​គេ​បាន​ទាយ​ប្រាប់​បាន​កើត​ឡើង​នៅ​ឆ្នាំ​៦០៧ ម.​ស.យ. ទោះ​ជា​ពួក​អ្នក​ដឹក​នាំ​សាសនា​ដ៏​ធំ​ដុំ ហើយ​មាន​អានុភាព​ជា​ខ្លាំង នោះ​បាន​និយាយ​ផ្ទុយ​នឹង​ពួក​នាំ​សារ​របស់​ព្រះ​ក៏​ដោយ។ ពួក​មេ​ដឹក​នាំ​សាសនា​ទាំង​នេះ​បាន​ត្រូវ​ស​ឲ្យ​ឃើញ​ថា ជា«ព្យាការី​ល្ងី​ល្ងើ[ដែល] . . . បាន​នាំ​ប្រជាជន​របស់[ព្រះ]អោយ​វង្វេង ដោយ​ពោល​ថា មាន​សន្ដិភាព​ហើយ! តែ​គ្មាន​សន្ដិភាព​ទាល់​តែ​សោះ»។—អេសេគាល ១៣:១​-​១៦, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ; យេរេមា ៦:១៤, ១៥; ៨:៨​-​១២

១៥. តើ​មាន​ព្យាការី​ក្លែង​ក្លាយ​ស្រដៀង​នោះ​ទេ​នៅ​សព្វ​ថ្ងៃ​នេះ? សូម​ពន្យល់។

១៥ ដូច«ព្យាការី​ល្ងី​ល្ងើ»នៅ​សម័យ​នោះ ពួក​មេ​ដឹក​នាំ​សាសនា​ភាគ​ច្រើន​សព្វ​ថ្ងៃ​នេះ ក៏​មិន​បាន​ព្រមាន​មនុស្ស​អំពី​ថ្ងៃ​ជំនុំ​ជំរះ​របស់​ព្រះ ដែល​កំពុង​តែ​មក​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ពណ៌នា​យ៉ាង​សុទិដ្ឋិនិយម​អំពី​ពួក​ក្រុម​ខាង​នយោបាយ ថា​នៅ​ទី​បំផុត​នឹង​ទទួល​បាន​សន្ដិភាព​និង​សន្ដិសុខ។ ដោយ​ចង់​ធ្វើ​ឲ្យ​មនុស្ស​ស្កប់​ចិត្ត​ជាង​ព្រះ នោះ​ពួក​គេ​ប្រាប់​ពួក​បរិស័ទ្ធ​នូវ​អ្វី​ដែល​គេ​ចង់​ឮ ជា​ជាង​ពន្យល់​ថា​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​បាន​ស្ថាបនា​ឡើង ហើយ​ថា​មិន​យូរ​ប៉ុន្មាន​ទៀត ស្តេច​ដ៏​ជា​ព្រះ​មេស្ស៊ី​នឹង​វាយ​បាន​ជ័យ​ជំនះ។ (ដានីយ៉ែល ២:៤៤; ធីម៉ូថេ​ទី​២ ៤:៣, ៤; វិវរណៈ ៦:២) ជា​ពួក​ព្យាការី​ក្លែង​ក្លាយ នោះ​គេ​ក៏​និយាយ​ថា មាន«សន្ដិភាព​ហើយ! តែ​គ្មាន​សន្ដិភាព​ទាល់​តែ​សោះ»។ ក៏​ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ទៀត នោះ​ជំនឿ​ស៊ប់​របស់​គេ​នឹង​ផ្លាស់​ទៅ​ជា​សេចក្ដី​រន្ធត់​ភ្លាម នៅ​ពេល​ដែល​គេ​ត្រូវ​តែ​ប្រឈម​មុខ​នឹង​សេចក្ដី​ខ្ញាល់​របស់​ព្រះ​ទ្រង់ ដែល​គេ​បាន​តំណាង​មិន​ត្រឹម​ត្រូវ ហើយ​ពួក​គេ​បាន​នាំ​ឲ្យ​មាន​ការ​មើល​ងាយ​ដែល​រាប់​មិន​អស់​មក​លើ​ព្រះ​នាម​នោះ។ ពួក​មេ​ដឹក​នាំ​នៃ​ចក្រភព​ទូទៅ​របស់​សាសនា​មិន​ពិត ដែល​បាន​រៀប​រាប់​នៅ​ក្នុង​ព្រះ​គម្ពីរ​ជា​ស្ត្រី​ដែល​អសីលធម៌ នោះ​នឹង​ថប់​ដង្ហើម​ស្លាប់​កាល​ដែល​នៅ​ពោល​ពាក្យ​បំភាន់​ស្តី​អំពី​សន្ដិភាព​នោះ។—វិវរណៈ ១៨:៧, ៨

១៦. (ក) តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ដឹង​អំពី​អ្វី? (ខ) តើ​ពួក​គេ​ខុស​ប្លែក​យ៉ាង​ណា ពី​អស់​អ្នក​ដែល​ពោល​ពាក្យ​ថា មាន«សន្ដិភាព​ហើយ! តែ​គ្មាន​សន្ដិភាព​ទាល់​តែ​សោះ»?

១៦ ហេតុ​ដែល​ពួក​មេ​ដឹក​នាំ​ភាគ​ច្រើន​មាន​ថ្នាក់​ធំ​ដុំ​និង​អានុភាព​ជាខ្លាំង ទទូច​លើ​សេចក្ដី​សន្យា​ដ៏​លាក់​ពុត​របស់​គេ​អំពី​សន្ដិភាព គឺ​មិន​ធ្វើ​ឲ្យ​ប្រែ​ប្រួល​នូវ​សេចក្ដី​ទុក​ចិត្ត​របស់​អស់​អ្នក ដែល​មាន​ជំនឿ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​អំពី​សន្ដិភាព​ពិត​នោះ​ឡើយ។ ជាង​មួយ​សតវត្ស​មក​ហើយ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ដឹង​ថា គេ​ជា​អ្នក​ការ​ពារ​យ៉ាង​ស្មោះ​ត្រង់​នឹង​បន្ទូល​របស់​ព្រះ ជា​អ្នក​ប្រឆាំង​ដ៏​ក្លាហាន​នឹង​សាសនា​ក្លែង​ក្លាយ ហើយ​ជា​អ្នក​គាំទ្រ​យ៉ាង​មុត​មាំ​នូវ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។ ជា​ជាង​បំពេ​រ​មនុស្ស​ឲ្យ​ដេក​ដោយ​ប្រើ​ពាក្យ​សំដី​ផ្អែម​ល្ហែម​អំពី​សន្ដិភាព នោះ​ពួក​គេ​ខំ​ប្រឹង​ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ដឹង​ពី​ហេតុ​ការណ៍​ពិត ដែល​ថា​សព្វ​ថ្ងៃ​នេះ​គឺ​ជា​ពេល​ធ្វើ​សង្គ្រាម។—អេសាយ ៥៦:១០​-​១២; រ៉ូម ១៣:១១, ១២; ថែស្សាឡូនីច​ទី​១ ៥:៦

ព្រះ​យេហូវ៉ា​លែង​នៅ​ស្ងៀម

១៧. តើ​មាន​ន័យ​យ៉ាង​ណា ថា​មិន​យូរ​ប៉ុន្មាន​ទៀត​នោះ​ព្រះ​យេហូវ៉ា​នឹង​លែង​នៅ​ស្ងៀម?

១៧ ស្តេច​សាឡូម៉ូន​ក៏​បាន​មាន​បន្ទូល​ថា៖ «ព្រះ​ទ្រង់​នឹង​ជំនុំ​ជំរះ​ទាំង​ពួក​អ្នក​សុចរិត​នឹង​ពួក​ទុច្ចរិត​ផង ដ្បិត​មាន​ពេល​សំរាប់​គ្រប់​ទាំង​បំណង​ដែល​ប៉ង​ធ្វើ»។ (សាស្ដា ៣:១៧) ព្រះ​យេហូវ៉ា​មាន​ពេល​កំណត់​មួយ​សំរាប់​ធ្វើ​ការ​ជំនុំ​ជំរះ​លើ​សាសនា​មិន​ពិត និង​លើ«ពួក​មហា​ក្សត្រ​នៅ​ផែនដី[ដែល]លើក​គ្នា​ឡើង . . . ទាស់​នឹង​ព្រះ​យេហូវ៉ា ហើយ​ទាស់​នឹង​ព្រះ​អង្គ ដែល​ទ្រង់​បាន​លាប​ប្រេង​ឲ្យ»។ (ទំនុកដំកើង ២:១​-​៦; វិវរណៈ ១៦:១៣​-​១៦) ស្តេច​សាឡូម៉ូន​បាន​មាន​បន្ទូល​ថា៖ «ព្រះ​ជា​ម្ចាស់​នឹង​វិនិច្ឆ័យ​មនុស្ស​សុចរិត ព្រម​ទាំង​មនុស្ស​អាក្រក់ ដ្បិត​មាន​ពេល​កំណត់​សំរាប់​អ្វី​ៗ​ទាំង​អស់»។ (សាស្ដា ៣:១៧, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) កាល​ដែល​ពេល​វេលា​នោះ​មក​ដល់ នោះ​ថ្ងៃ​ឲ្យ​ព្រះ​យេហូវ៉ា​នៅ«ស្ងៀម» នឹង​លែង​មាន​ទៀត​ហើយ។ (ទំនុកដំកើង ៨៣:១; អេសាយ ៦២:១; យេរេមា ៤៧:៦, ៧) តាម​រយៈ​ស្តេច​ដ៏​ជា​ព្រះ​មេស្ស៊ី គឺ​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​បាន​ឡើង​សោយ​រាជ្យ នោះ​ទ្រង់​នឹង«និយាយ»ជា​ភាសា​តែ​មួយ​គត់​ដែល​ពួក​អ្នក​ប្រឆាំង​នឹង​យល់ នោះ​គឺ​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​នឹង​យាង​ចេញ​ទៅ ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ទ្រង់​នឹង​បណ្ដាល​សេចក្ដី​ឧស្សាហ៍​ឡើង ដូច​ជា​មនុស្ស​ថ្នឹក​ចំបាំង​ទ្រង់​នឹង​ស្រែក​ឡើង អើ ទ្រង់​នឹង​ស្រែក​ជា​ខ្លាំង ហើយ​នឹង​បង្ក្រាប​ពួក​សត្រូវ​ដោយ​ឫទ្ធានុភាព។ អញ​បាន​អត់​ទ្រាំ​ជា​យូរ​មក​ហើយ អញ​បាន​នៅ​ស្ងៀម ហើយ​បាន​ទប់​ចិត្ត ឥឡូវ​នេះ អញ​នឹង​ស្រែក​ឡើង​ដូច​ជា​ស្រី ដែល​ឈឺ​នឹង​សំរាល​កូន អញ​នឹង​ដក​ដង្ហើម​គំហុក​ចូល រួច​ទំ​លាយ​ចេញ​តែ​ម្ដង អញ​នឹង​បំផ្លាញ​ទាំង​ភ្នំ​ធំ​នឹង​ភ្នំ​តូច ហើយ​ឲ្យ​ស្មៅ​នៅ​លើ​នោះ​ស្វិត​ក្រៀម​ទៅ​អញ​នឹង​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន ទៅ​ជា​កោះ​វិញ ហើយ​ឲ្យ​អស់​ទាំង​ត្រពាំង​ទឹក​រីង​គោក​ទៅ អញ​នឹង​នាំ​ពួក​មនុស្ស​ខ្វាក់​តាម​ផ្លូវ​១​ដែល​គេ​មិន​ស្គាល់ អញ​នឹង​ដឹក​គេ​តាម​ផ្លូវ​ច្រក​ដែល​គេ​មិន​ធ្លាប់​ដើរ អញ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ងងឹត​បាន​ភ្លឺ​ឡើង​នៅ​មុខ​គេ ហើយ​ផ្លូវ​ក្ងិក​ក្ងក់​ឲ្យ​ទៅ​ជា​ត្រង់​វិញ គឺ​ការ​ទាំង​នេះ​ដែល​អញ​នឹង​ធ្វើ ហើយ​មិន​បោះ​បង់​ចោល​គេ​ឡើយ»។—អេសាយ ៤២:១៣​-​១៦

១៨. តើ​ក្នុង​ប្រការ​អ្វី​ដែល​ប្រជារាស្ត្រ​របស់​ព្រះ​នឹង«នៅ​ស្ងៀម» មិន​យូរ​ប៉ុន្មាន​ទៀត​នោះ?

១៨ នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា‹មាន​បន្ទូល​ឡើង› ដើម្បី​ការ​ពារ​ភាព​ជា​ព្រះ នោះ​ប្រជារាស្ត្រ​របស់​ទ្រង់​នឹង​លែង​ត្រូវ​ការ​និយាយ​ការ​ពារ​ខ្លួន​គេ​នោះ​ទេ។ នោះ​គឺ​នឹង​ជា​វេន​ឲ្យ​គេ«នៅ​ស្ងៀម»។ ដូច​គេ​បាន​ធ្វើ​ដល់​ពួក​អ្នក​បំរើ​របស់​ព្រះ​នៅ​សម័យ​ពី​ដើម នោះ​ពាក្យ​ទាំង​នេះ​ក៏​ទាក់​ទង​នឹង​គេ​ដែរ៖ «អ្នក​រាល់​គ្នា​មិន​បាច់​នឹង​ត​ស៊ូ​ក្នុង​ចំបាំង​នេះ​ទេ ឲ្យ​គ្រាន់​តែ​ដំ​រៀប​គ្នា​ឈរ​ស្ងៀម ហើយ​ចាំ​មើល​សេចក្ដី​សង្គ្រោះ ដែល​ព្រះ​យេហូវ៉ា​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ»។—របាក្សត្រ​ទី​២ ២០:១៧

១៩. តើ​បង​ប្អូន​ខាង​វិញ្ញាណ​របស់​ព្រះ​គ្រីស្ទ នឹង​មាន​ឯកសិទ្ធិ​អ្វី​មិន​យូរ​ប៉ុន្មាន​ទៀត​នោះ?

១៩ នេះ​ជា​បរាជ័យ​ដ៏​ហិនហោច​លើ​សាតាំង​និង​អង្គការ​របស់​វា! បង​ប្អូន​ដែល​មាន​សិរី​រុង​រឿង​របស់​ព្រះ​គ្រីស្ទ នឹង​មាន​ចំណែក​ក្នុង​ការ​វាយ​ឈ្នះ​យ៉ាង​អស្ចារ្យ​ចំពោះ​សេចក្ដី​សុចរិត ដែល​ស្រប​តាម​សេចក្ដី​សន្យា​នេះ គឺ​ថា៖ «ឯ​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត នៅ​បន្ដិច​ទៀត​ទ្រង់នឹង​កិន​អារក្ស​សាតាំង នៅ​ក្រោម​ជើង​អ្នក​រាល់​គ្នា​ហើយ»។ (រ៉ូម ១៦:២០) ពេល​វេលា​ដែល​បាន​រង់​ចាំ​ជា​យូរ​យារ​មក​ហើយ​សំរាប់​សន្ដិភាព គឺ​ជិត​ដល់​ហើយ។

២០. តើ​មិន​យូរ​ប៉ុន្មាន​ទៀត​នឹង​មាន​ពេល​សំរាប់​អ្វី?

២០ នេះ​នឹង​មាន​ប្រសិទ្ធិពរ​យ៉ាង​ណា​ទៅ​ហ្ន៎ ដល់​ជីវិត​គ្រប់​គ្នា​នៅ​លើ​ផែនដី ដែល​នឹង​រួច​រស់​ជីវិត​ពី​ការ​សម្ដែង​ដ៏​ធំ​នៃ​ព្រះ​ចេស្ដា​របស់​ព្រះ​យេហូវ៉ា! មិន​យូរ​ប៉ុន្មាន​ក្រោយ​មក នោះ​ពួក​បុរស​និង​ស្ត្រី​ដ៏​ស្មោះ​ត្រង់​នៅ​ពី​ដើម​នឹង​រួម​បញ្ចូល​ពួក​គេ ដែល​ពេល​កំណត់​ចំពោះ​ដំណើរ​រស់​ឡើង​វិញ​នឹង​មក​ដល់​នោះ។ ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រីស្ទ នឹង​ពិត​ជា«ពេល​ដាំ . . . ពេល​ព្យាបាល​របួស . . . ពេល​សង់ . . . ពេល​សើច . . . ពេល​រាំ​សប្បាយ . . . ពេល​អោប​ថើប [និង] . . . ពេល​ស្រឡាញ់»។ ត្រូវ​ហើយ នេះ​នឹង​ជា«ពេល​សន្ដិភាព»ជា​ដរាប​រៀង​ទៅ!—សាស្ដា ៣:១​-​៨, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ; ទំនុកដំកើង ២៩:១១; ៣៧:១១; ៧២:៧

តើ​ចម្លើយ​របស់​អ្នក​ជា​អ្វី?

តើ​អ្វី​ជា​មូលដ្ឋាន​សំរាប់​សន្ដិភាព​ជា​ស្ថាពរ?

ហេតុ​អ្វី​ក៏​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចាត់​ទុក​បច្ចុប្បន្នកាល​នេះ​ជា«ពេល​ធ្វើ​សង្គ្រាម»?

តើ​នៅ​ពេល​ណា​ដែល​ប្រជារាស្ត្រ​របស់​ព្រះ​ត្រូវ«និយាយ» ហើយ​តើ​នៅ​ពេល​ណា​ដែល​ត្រូវ«នៅ​ស្ងៀម»?

តើ​តាម​របៀប​ណា​និង​នៅ​ពេល​ណា ដែល​ព្រះ​យេហូវ៉ា​នឹង​លែង​នៅ​ស្ងៀម​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ប្រអប់​នៅ​ទំព័រ​១៣]

ព្រះ​យេហូវ៉ា​មាន​ពេល​កំណត់​សំរាប់

នាំ​កុក​ឲ្យ​ប្រយុទ្ធ​លើ​ប្រជារាស្ត្រ​របស់​ព្រះ។—អេសេគាល ៣៨:៣, ៤, ១០​-​១២;

ដាក់​នៅ​ក្នុង​ចិត្ត​របស់​ពួក​អ្នក​គ្រប់​គ្រង​មនុស្ស​ឲ្យ​កំទេច​ក្រុង​បាប៊ីឡូន​ដ៏​ធំ។—វិវរណៈ ១៧:១៥​-​១៧; ១៩:២;

រៀប​វិវាហមង្គល​នៃ​កូន​ចៀម។—វិវរណៈ ១៩:៦, ៧;

ផ្ដើម​ឲ្យ​មាន​សង្គ្រាម​អើម៉ាគេដូន។—វិវរណៈ ១៩:១១​-​១៦, ១៩​-​២១;

ចង​ទុក​សាតាំង​ដើម្បី​ចាប់​ផ្ដើម​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​យេស៊ូ។—វិវរណៈ ២០:១​-​៣

ព្រឹត្ដិការណ៍​ទាំង​នេះ​បាន​ចុះ​ក្នុង​បញ្ជី​តាម​លំដាប់ ដែល​បាន​សំដៅ​ក្នុងបទគម្ពីរ។ យើង​អាច​ដឹង​ប្រាកដ​ថា ព្រឹត្ដិការណ៍​ទាំង​ប្រាំ​នេះ​នឹង​កើត​ឡើង​តាម​លំដាប់​ដែល​ព្រះ​យេហូវ៉ា​បាន​កំណត់ ហើយ​នៅ​ពេល​វេលា​ជាក់​លាក់​ដែល​ទ្រង់​បាន​សម្រេច​នោះ។

[រូប​ភាព​នៅ​ទំព័រ​១៥]

ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រីស្ទ នឹង​ពិត​ជា​ពេល​វេលា . . .

ដើម្បី​សើច . . .

ដើម្បី​អោប​ថើប . . .

ដើម្បី​ស្រឡាញ់ . . .

ដើម្បី​ដាំ . . .

ដើម្បី​រាំ​សប្បាយ . . .

ដើម្បី​សង់ . . .