លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«មានពេលសំរាប់គ្រប់ទាំងអស់»

«មានពេលសំរាប់គ្រប់ទាំងអស់»

«មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់»

«មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ»។—សាស្ដា ៣:១

១. តើ​ភាព​ពិបាក​អ្វី​ដែល​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍​មាន ហើយ​នៅ​ក្នុង​កាលៈទេសៈ​ខ្លះ តើ​នេះ​បាន​នាំ​ឲ្យ​មាន​អ្វី?

 មនុស្ស​តែង​និយាយ​ជា​ញឹក​ញាប់​ថា៖ «ខ្ញុំ​គួរ​តែ​ធ្វើ​មុន​នេះ​យូរ​ហើយ»។ ឬ​ក៏​ក្រោយ​មានបទពិសោធន៍​ប្រហែល​ជា​យល់​ដឹង​ថា៖ «ខ្ញុំ​គួរ​តែ​រង់​ចាំ​សិន»។ ប្រតិកម្ម​បែប​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ពិបាក ដែល​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍​មាន ក្នុង​ការ​ប្ដេជ្ញា​រក​ពេល​ត្រឹម​ត្រូវ​សំរាប់​ធ្វើកិច្ច​ការណា​មួយ​នោះ។ កំរិត​នេះ​បាន​បណ្ដាល​ឲ្យ​ទំនាក់​ទំនង​រលំ​ដួល។ នេះ​បាន​នាំ​ឲ្យ​មាន​ការ​ខក​ចិត្ត​និង​ការ​អន្ទះអន្ទែង។ ហើយ​អ្វី​ដែល​អាក្រក់​បំផុត នោះ​គឺ​បាន​ធ្វើ​ឲ្យ​ខ្សោយ​ដល់​ជំនឿ​របស់​មនុស្ស​ខ្លះ​លើ​ព្រះ​យេហូវ៉ា និង​អង្គការ​របស់​ទ្រង់។

២, ៣. (ក) ហេតុ​អ្វី​ក៏​ការ​ទទួល​យក​សេចក្ដី​ប្ដេជ្ញា​របស់​ព្រះ​យេហូវ៉ា​អំពី​ពេល​វេលា​កំណត់ ជា​ការ​ប្រកប​ដោយ​ប្រាជ្ញា? (ខ) តើ​ទស្សនៈ​ដ៏​ថ្លឹង​ថ្លែង​អ្វី​ដែល​យើង​គួរ​តែ​មាន ស្តី​អំពី​ការ​សម្រេច​នៃ​ទំនាយ​ពី​ព្រះ​គម្ពីរ?

ដោយ​មាន​ប្រាជ្ញា​និង​ការ​យល់​ធ្លុះ​ជ្រៅ ដែល​មនុស្ស​លោក​ឥត​មាន នោះ​ព្រះ​យេហូវ៉ា​អាច​ដឹង​ទុក​ជា​មុន​នូវ​លទ្ធផល​អំពី​សកម្មភាព​ទាំង​អស់ ប្រសិន​បើ​ទ្រង់​មាន​ព្រះ​ទ័យ​ប្រាថ្នា​ចង់​នោះ។ ទ្រង់​អាច​ដឹង«ពី​ដើម​ដំបូង . . . មក​ខាង​ចុង​បំផុត»។ (អេសាយ ៤៦:១០) ដូច្នេះ​ហើយ ទ្រង់​អាច​ជ្រើស​រើស​នូវ​ពេល​វេលា​ដ៏​ល្អ​បំផុត​នឹង​មិន​ដែល​ខុស​ទេ ដើម្បី​ធ្វើ​អ្វី​មួយ​ដែល​ទ្រង់​មាន​ព្រះ​ទ័យ​ចង់​ធ្វើ។ ដូច្នេះ​ជា​ជាង​ទុក​ចិត្ត​លើ​ការ​យល់​ដឹង​ដែល​មាន​ខ្ចោះ​របស់​យើង​អំពី​ពេល​វេលា នោះ​យើង​នឹង​ប្រកប​ដោយ​ប្រាជ្ញា បើ​ទទួល​យក​ការ​ប្ដេជ្ញា​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​ពេល​កំណត់!

ជា​ឧទាហរណ៍ ពួក​គ្រីស្ទាន​ដែល​មាន​គំនិត​ចាស់​ទុំ រង់​ចាំ​យ៉ាង​ស្មោះ​ត្រង់​ចំពោះ​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា សំរាប់​ឲ្យ​ទំនាយ​ព្រះ​គម្ពីរ​ណា​មួយ​បាន​សម្រេច។ ពួក​គេ​រក្សា​ខ្លួន​រវល់​នៅ​ក្នុង​កិច្ច​បំរើ​ទ្រង់ ដោយ​នឹក​គិត​យ៉ាង​ច្បាស់​នូវ​គោល​ការណ៍​ដែល​មាន​ក្នុង​បរិទេវ ៣:២៦ ដែល​ថា៖ «បើ​មនុស្ស​នឹង​សង្ឃឹម​ដល់ ហើយ​រង់​ចាំ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​យេហូវ៉ា ឥត​បារម្ភ​ព្រួយ នោះ​ល្អ​ហើយ»។ (ប្រៀប​មើល ហាបាគុក ៣:១៦) នៅ​ពេល​ដំណាល​គ្នា​នេះ ពួក​គេ​បាន​ជឿ​ជាក់​ច្បាស់​ថា សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​អំពី​ការ​ប្រហារ​ជំនុំ​ជំរះ «បើ​សិន​ជា​បង្អង់​យូរ . . . នឹង​មក​ជា​ពិត ឥត​រា​រង់​ឡើយ»។—ហាបាគុក ២:៣

៤. តើ​អេម៉ុស ៣:៧ និង​ម៉ាថាយ ២៤:៤៥ ជួយ​យើង​ឲ្យ​រង់​ចាំ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​អត់​ធ្មត់​យ៉ាង​ដូច​ម្ដេច?

មួយ​វិញ​ទៀត ប្រសិន​បើ​យើង​មិន​បាន​យល់​យ៉ាង​ច្បាស់​លាស់​នូវបទគម្ពីរ​ណា​មួយ ឬ​មិន​យល់​នឹង​ការ​ពន្យល់​ដែល​បាន​ផ្ដល់​មក​ដោយ​ប្រកាសនវត្ថុ​ប៉ម​យាម​នោះ តើ​យើង​មាន​មូលហេតុ​ទៅ​ជា​គ្មាន​ការ​អត់​ធ្មត់​ឬ? ការ​រង់​ចាំ​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា​ដើម្បី​បញ្ជាក់​នឹង​រឿង​ណា​មួយ គឺ​ជា​ដំណើរ​ដែល​ប្រកប​ដោយ​ប្រាជ្ញា។ «ពិត​ប្រាកដ​ជា​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​មិន​ធ្វើ​អ្វី​ដូច្នោះ​ឡើយ លើក​តែ​ទ្រង់​សំដែង ឲ្យ​ពួក​ហោរា ជា​អ្នក​បំរើ​ទ្រង់ ឃើញ​គំនិត​លាក់​កំបាំង​របស់​ទ្រង់​ផង»។ (អេម៉ុស ៣:៧) នេះ​គឺ​ជា​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​មែន​ហ្ន៎! ក៏​ប៉ុន្តែ យើង​ត្រូវ​តែ​យល់​ដឹង​ថា​ព្រះ​យេហូវ៉ា​លាត​ត្រដាង​រឿង​លាក់​កំបាំង​នៅ​ក្នុង​ពេល ដែល​ទ្រង់​ចាត់​ទុក​ថា​គួរ​ប្រាប់​នោះ។ ចំពោះ​មូលហេតុ​នោះ ព្រះ​ទ្រង់​បាន​ប្រគល់​ឲ្យ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› ដើម្បី​ផ្ដល់​ដល់​រាស្ត្រ​របស់​ទ្រង់​នូវ«អាហារ[ខាង​វិញ្ញាណ]គេ​បរិភោគ តាម​ត្រូវ​ពេល»។ (ម៉ាថាយ ២៤:៤៥) ដូច្នេះ គឺ​គ្មាន​មូលហេតុ​ដែល​យើង​ទៅ​ជា​ខ្វល់​ខ្វាយ​ហួស​ហេតុ ឬ​ក៏​មាន​ចិត្ត​ជ្រួល​ច្រាល អំពី​រឿង​ណា​មួយ​ដែល​មិន​បាន​ត្រូវ​ពន្យល់​ឲ្យ​បាន​ច្បាស់​លាស់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា បើ​យើង​រង់​ចាំ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​អត់​ធ្មត់ នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​នូវ​អ្វី​ដែល​ត្រូវ​ការ«តាម​ត្រូវ​ពេល»តាម​រយៈ​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ទ្រង់។

៥. តើ​ការ​ពិនិត្យ​មើល​សាស្ដា ៣:១​-​៨ នឹង​មាន​ប្រយោជន៍​យ៉ាង​ណា?

ស្តេច​សាឡូម៉ូន​ដែល​ប្រកប​ដោយ​ប្រាជ្ញា បាន​មាន​បន្ទូល​អំពី​រឿង​២៨​ផ្សេង​ៗ​គ្នា ហើយ​រឿង​និមួយ​ៗ​មាន‹ពេល​កំណត់›។ (សាស្ដា ៣:១​-​៨) ការ​យល់​នូវ​អត្ថន័យ​និង​ការ​ទាក់​ទង​អំពី​អ្វី​ដែល​សាឡូម៉ូន​បាន​មាន​បន្ទូល​នោះ នឹង​ជួយ​យើង​ឲ្យ​យល់​ដឹង​ពេល​វេលា​ត្រឹម​ត្រូវ និង​ពេល​វេលា​ខុស​ចំពោះ​សកម្មភាព​ណា​មួយ ដូច​បាន​មាន​ទស្សនៈ​មក​ដោយ​ព្រះ។ (ហេព្រើរ ៥:១៤) បន្ទាប់​មក នោះ​នឹង​អនុញ្ញាត​ឲ្យ​យើង​យក​លំនាំ​ជីវិត​របស់​យើង​ដោយ​ស្រប​តាម​ហ្នឹង។

«មាន​ពេល​យំ និង​ពេល​សើច»

៦, ៧. (ក) តើ​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ដែល​ខ្វល់​ខ្វាយ​សព្វ​ថ្ងៃ​នេះ«យំ»? (ខ) តើ​តាម​របៀប​ណា​ដែល​លោកីយ៍​នេះ​ខំ​ប្រឹង​ទប់​ទល់​នឹង​ស្ថានការណ៍​ដ៏​ធ្ងន់​ធ្ងរ ដែល​មាន​នោះ?

ទោះ​ជា​មាន«ពេល​យំ​និង​ពេល​សើច»ក៏​ដោយ តើ​អ្នក​ណា​ដែល​មិន​ចង់​បាន​ពេល​សើច ជា​ជាង​ពេល​យំ​នោះ? (សាស្ដា ៣:៤) គួរ​ឲ្យ​ស្ដាយ​មែន យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​ច្រើន​តែ​ឲ្យ​យើង​នូវ​មូលហេតុ​យំ​សោក។ ពត៌មាន​ដែល​ធ្វើ​ឲ្យ​ស្លុត​ចិត្ត​គឺ​មាន​ច្រើន​នៅ​ក្នុង​កម្ម​វិធី​ផ្សាយ​ពត៌មាន។ យើង​រា​ថយ​ដោយ​ភ័យ​ខ្លាច​នៅ​ពេល​ដែល​យើង​ឮ​ពួក​ក្មេង​ៗ​បាញ់​សិស្ស​គ្នី​គ្នា​នៅ​ឯ​សាលា ហើយ​ពេល​ឮ​ឪពុក​ម្ដាយ​ធ្វើ​បាប​កូន​របស់​គេ និង​ពេល​ឮ​អំពី​ពួក​ភេរវជន​សម្លាប់​ឬ​ក៏​ធ្វើ​ឲ្យ​ពិការ​ដល់​ពួក​រង​គ្រោះ​ដែល​គ្មាន​ទោស និង​ពេល​ឮ​អំពី​មហន្តរាយ​ធម្មជាតិ ដែល​ធ្វើ​ឲ្យ​បាត់​បង់​ជីវិត​និង​ផ្ទះ​សម្បែង។ តាម​រយៈ​ទូរទស្សន៍​នោះ កូន​ក្មេង​ដែល​មាន​ភ្នែក​ខូង​ដោយ​ឃ្លាន​អាហារ និង​ជន​ភៀស​ខ្លួន​ដែល​បាន​ត្រូវ​រើ​កន្លែង​ទាំង​លំបាក នោះ​កន្ដ្រាក់​អារម្មណ៍​យើង​ណាស់។ ពាក្យ​ដែល​មិន​ធ្លាប់​ស្គាល់​នៅ​មុន​ៗ​ដូច​ជា ការ​បោស​សំអាត​ពូជ​សាសន៍ ជម្ងឺ​អេដស៍ មេ​រោគ​សង្គ្រាម និង​អែលនិណូ * តែ​ឥឡូវ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​ចិត្ត​គំនិត​របស់​យើង ហើយ​រឿង​និមួយ​ៗ​គឺ​តាម​របៀប​របស់​វា។

ប្រាកដ​ហើយ ពិភព​លោក​សព្វ​ថ្ងៃ​នេះ​គឺ​មាន​ពេញ​ដោយ​ព្រឹត្ដិការណ៍ ដែល​ធ្វើ​ឲ្យ​ខ្លោច​ផ្សា​និង​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត។ ក៏​ប៉ុន្តែ ឧស្សាហកម្ម​ខាង​គ្រឿង​កំសាន្ត ហាក់​ដូច​ជា​បន្ថយ​នូវ​ភាព​ធ្ងន់​ធ្ងរ​នៃ​ព្រឹត្ដិការណ៍ ដោយ​បញ្ចាំង​ឲ្យ​មើល​នូវ​រឿង​ដែល​គ្មាន​ខ្លឹម​សារ ថោក​ទាប​បាត​ផ្សា ដែល​ធម្មតា​គឺ​ឥត​សីលធម៌​និង​ឃោរ​ឃៅ​ទៀត​ផង ដែល​មាន​បំណង​ដើម្បី​បំភាន់​យើង​ឲ្យ​ឥត​អើពើ​នឹង​សេចក្ដី​វេទនា ដែល​អ្នក​ឯ​ទៀត​កំពុង​តែ​រង​ទុក្ខ​នោះ។ ក៏​ប៉ុន្តែ​គតិ​ដ៏​ឥត​កង្វល់​នៃ​ពាក្យ​សំដី​ចំ​កួត និង​ការ​សើច​បែប​រឡិក​រឡក់​ដែល​គ្រឿង​កំសាន្ត​បែប​នេះ​ធ្វើ​ឲ្យ​មាន​ឡើង នោះ​មិន​ត្រូវ​ឲ្យ​ច្រឡំ​នឹង​អំណរ​ដ៏​ពិត​នោះ​ឡើយ។ អំណរ​ដែល​ជា​ផល​ផ្លែ​វិញ្ញាណ​របស់​ព្រះ គឺ​ជា​អ្វី​មួយ​ដែល​លោកីយ៍​របស់​សាតាំង មិន​អាច​ផ្ដល់​ឲ្យ​បាន​ឡើយ។—កាឡាទី ៥:២២, ២៣; អេភេសូរ ៥:៣, ៤

៨. តើ​ពួក​គ្រីស្ទាន​សព្វ​ថ្ងៃ​គួរ​តែ​ទុក​ជា​អាទិភាព​ចំពោះ​ការ​យំ​ឬ​ក៏​ការ​សើច? សូម​ពន្យល់។

ការ​ទទួល​ស្គាល់​នូវ​សភាព​ដ៏​អភ័ព្វ​របស់​លោកីយ៍​នេះ នោះ​យើង​អាច​យល់​ថា​សព្វ​ថ្ងៃ​នេះ គឺ​មិន​មែន​ពេល​ដែល​ត្រូវ​ចាត់​ទុក​ការ​សើច​ជា​អ្វី​ដ៏​សំខាន់​ហួស​ហេតុ​ឡើយ។ គឺ​មិន​មែន​ជា​ពេល​វេលា​ដែល​យើង​រស់​នៅ​សំរាប់​តែ​ល្បែង​កំសាន្ត​និង​គ្រឿង​កំសាន្ត ឬ​ក៏​អនុញ្ញាត«សេចក្ដី​សប្បាយ​រីករាយ» ទៅ​ជា​អាទិភាព​ទី​មួយ​លើ​ការ​ស្វែង​រក​រឿង​ខាង​វិញ្ញាណ​ឡើយ។ (ប្រៀប​មើល សាស្ដា ៧:២​-​៤) សាវ័ក​ប៉ុល​បាន​និយាយ​ថា៖ «ពួក​អ្នក​ដែល​ប្រើ​ប្រាស​លោកីយ​នេះ»គួរ​តែ«ដូច​ជា​មិន​ប្រើ​ហួស​ខ្នាត​ទេ»។ ហេតុ​អ្វី? ពីព្រោះ«គំរូ​នៃ​លោកីយ​នេះ​តែង​តែ​ផ្លាស់​ទៅ»។ (កូរិនថូស​ទី​១ ៧:៣១) ពួក​គ្រីស្ទាន​ពិត​រស់​នៅ​រៀង​រាល់​ថ្ងៃ​ដោយ​ទទួល​ស្គាល់​យ៉ាង​ច្បាស់ នូវ​ភាព​ធ្ងន់​ធ្ងរ​នៃ​ពេល​វេលា ដែល​យើង​កំពុង​រស់​នៅ​នេះ។—ភីលីព ៤:៨

ថ្វី​បើ​យំ​សោក ក៏​ពិត​ជា​នៅ​សប្បាយ!

៩. តើ​ស្ថានការណ៍​អ្វី​ដ៏​គួរ​ឲ្យ​ស្ដាយ​ដែល​មាន​នៅ​សម័យ​មុន​ទឹក​ជំនន់ ហើយ​តើ​មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​យើង​សព្វ​ថ្ងៃ​នេះ?

ពួក​មនុស្ស​ដែល​បាន​រស់​នៅ​ក្នុង​គ្រា​នៃ​ទឹក​ជំនន់​ក្នុង​ពិភព​លោក គឺ​ឥត​មាន​ទស្សនៈ​ដ៏​ធ្ងន់​ធ្ងរ​នៃ​ជីវិត។ ពួក​គេ​បាន​ប្រកប​ជីវិត​រៀង​រាល់​ថ្ងៃ ហើយ​ឥត​បាន​យំ​សោក​នឹង«ការ​អាក្រក់​របស់​មនុស្ស​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​ផែនដី» ដោយ​ព្រងើយ​កន្តើយ​កាល​ដែល«ផែនដី នោះ​បាន . . . មាន​ពេញ​ជា​សេចក្ដី​កាច​សហ័ស»។ (លោកុប្បត្តិ ៦:៥, ១១) ព្រះ​យេស៊ូ​បាន​សំដៅ​ទៅ​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​ស្ដាយ​នោះ ហើយ​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ជា​មុន នូវ​អាកប្បកិរិយា​ស្រដៀង​គ្នា​ក្នុង​ចំណោម​មនុស្ស​នៅ​សម័យ​យើង​នេះ។ ទ្រង់​បាន​ព្រមាន​ថា៖ «ដ្បិត​នៅ​គ្រា​មុន​ទឹក​ជន់​លិច នោះ​គេ​កំពុង​តែ​ស៊ី​ផឹក ហើយ​រៀប​ការ​ប្ដី​ប្រពន្ធ ដរាប​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ គេ​ឥត​បាន​ដឹង​ខ្លួន​ឡើយ ទាល់​តែ​ទឹក​ជន់​ឡើង យក​គេ​ទៅ​ទាំង​អស់​គ្នា នោះ​ដល់​កាល​ណា​កូន​មនុស្ស​មក ក៏​នឹង​មាន​ដូច្នោះ​ដែរ»។—ម៉ាថាយ ២៤:៣៨, ៣៩

១០. តើ​ពួក​ជន​ជាតិ​អ៊ីស្រាអែល​ដែល​រស់​នៅ​ក្នុង​សម័យ​របស់​លោកហាកាយ បង្ហាញ​ថា​គេ​ឥត​អបអរ​នឹង​ពេល​វេលា​កំណត់​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១០ ប្រមាណ​១.៨៥០​ឆ្នាំ​ក្រោយ​ពី​ទឹក​ជំនន់ នៅ​ក្នុង​សម័យ​របស់​លោកហាកាយ ពួក​ជន​ជាតិ​អ៊ីស្រាអែល​ជា​ច្រើន​បាន​បង្ហាញ នូវ​ការ​ឥត​កង្វល់​ស្រដៀង​នេះ​ចំពោះ​រឿង​ខាង​វិញ្ញាណ។ ដោយ​ជាប់​រវល់​ស្វែង​រក​អត្ថប្រយោជន៍​ផ្ទាល់​ខ្លួន នោះ​ពួក​គេ​មិន​ចេះ​បែង​ចែក​ថា​ពេល​វេលា​ដែល​គេ​នៅ​រស់ ជា​ពេល​វេលា​ក្នុង​ការ​ទុក​អត្ថប្រយោជន៍​របស់​ព្រះ​យេហូវ៉ា​ជា​អាទិភាព។ យើង​អាន​ថា៖ «ជន​ជាតិ​នេះ​គេ​ពោល​ថា៖ ‹វេលា​ដែល​នឹង​សង់​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា​ឡើង​វិញ មិន​ទាន់​មក​ដល់​នៅ​ឡើយ›។ ដូច្នេះ ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​ក៏​មក ដោយ​សារ​ហោរាហាកាយថា កំពុង​ដែល​ព្រះ​វិហារ​នេះ​នៅ​ខូច​បង់​នៅ​ឡើយ នោះ​តើ​ជា​វេលា​ឲ្យ​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​ដែល​បិទ​ភ្ជិត​ដូច្នេះ​ឬ ឥឡូវ ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​បន្ទូល​ថា៖ «ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ»›»។—ហាកាយ ១:១​-​៥

១១. តើ​មាន​សំនួរ​អ្វី​ខ្លះ​ដែល​យើង​សម​នឹង​សួរ​ខ្លួន​យើង?

១១ ដូច​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ មាន​ភារកិច្ច​និង​ឯកសិទ្ធិ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដូច​ពួក​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​របស់​លោកហាកាយ នោះ​យើង​នឹង​គួរ​តែ​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​នូវ​ជីវភាព​រស់​នៅ​របស់​យើង។ តើ​យើង«យំ»ដោយ​សារ​ស្ថានភាព​ក្នុង​ពិភព​លោក និង​ការ​និយាយ​មើល​ងាយ​ដែល​ស្ថានភាព​ទាំង​នេះ​មាន​មក​លើ​ព្រះ​នាម​របស់​ព្រះ​ឬ​ទេ? តើ​យើង​បាន​ឈឺ​ចិត្ត​ទេ ពេល​ដែល​មនុស្ស​បដិសេធ​នូវ​អត្ថិភាព​របស់​ព្រះ ឬ​ក៏​ឥត​អើពើ​ដោយ​បំភ្លេច​ចោល​នូវ​គោល​ការណ៍​ដ៏​សុចរិត​របស់​ទ្រង់​នោះ? តើ​យើង​តប​ឆ្លើយ​ដូច​ពួក​បុគ្គល​ដែល​មាន​សញ្ញា​សម្គាល់ ដែល​លោកអេសេគាលបាន​ឃើញ នៅ​ក្នុង​ចក្ខុនិមិត្ត​២៥០០​ឆ្នាំ​កន្លង​ទៅ​នេះ​ឬ​ទេ? អំពី​ពួក​គេ នោះ​យើង​អាន​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ [អ្នក​ម្នាក់​ដែល​ស្ពាយ​ដប​ទឹក​ខ្មៅ​នោះ]ថា៖ ‹ចូរ​ដើរ​បង្ហូត​ទី​ក្រុង គឺ​បង្ហូត​កណ្ដាល​ក្រុង​យេរូសាឡិម​ទៅ ហើយ​ធ្វើ​ទី​សំគាល់​នៅ​ថ្ងាស​របស់​ពួក​មនុស្ស ដែល​ដក​ដង្ហើម​ធំ​ហើយ​ថ្ងូរ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​ក្នុង​ទី​ក្រុង›»។—អេសេគាល ៩:៤

១២. តើ​អេសេគាល ៩:៥, ៦ មាន​សារៈ​សំខាន់​យ៉ាង​ណា​ចំពោះ​មនុស្ស​សព្វ​ថ្ងៃ​នេះ?

១២ សារៈ​សំខាន់​អំពី​ដំណើរ​រឿង​នេះ​សំរាប់​យើង​សព្វ​ថ្ងៃ គឺ​បាន​ឃើញ​ជាក់​ច្បាស់ នៅ​ពេល​ដែល​យើង​អាន​សេចក្ដី​បង្គាប់​ប្រាប់​ពួក​បុរស​ប្រាំ​មួយ​នាក់ ដែល​កាន់​គ្រឿង​សំឡេះ​នៅ​ដៃ គឺ​ថា៖ «ចូរ​ឯង​រាល់​គ្នា​ដើរ​បង្ហូត​ទី​ក្រុង​តាម​អ្នក​១​នោះ ហើយ​ប្រហារ​ទៅ កុំ​ឲ្យ​ភ្នែក​ឯង​ប្រណី ឬ​អាណិត​អាសូរ​ឡើយ ត្រូវ​ឲ្យ​សំឡាប់​ទាំង​ពួក​ចាស់ ពួក​កំឡោះ ពួក​ក្រមុំ ពួក​ក្មេង នឹង​ពួក​ស្រី​ៗ​ឲ្យ​អស់​រលីង​ទៅ ប៉ុន្តែ​កុំ​ឲ្យ​ចូល​ទៅ​ជិត​មនុស្ស​ណា ដែល​មាន​ទី​សំគាល់ នៅ​ខ្លួន​ឡើយ ហើយ​ត្រូវ​ឲ្យ​ចាប់​ផ្ដើម​ការ តាំង​ពី​ទី​បរិសុទ្ធ​របស់​អញ​ផង»។ (អេសេគាល ៩:៥, ៦) ការ​នៅ​គង់​វង្ស​របស់​យើង​ពី​សេចក្ដី​វេទនា​ជា​ខ្លាំង​នេះ​ដែល​កំពុង​មក​យ៉ាង​លឿន នោះ​ពឹង​លើ​ការ​ទទួល​ស្គាល់​ថា​សព្វ​ថ្ងៃ គឺ​ភាគ​ច្រើន​ជា​ពេល​វេលា​ដើម្បី​យំ។

១៣, ១៤. (ក) តើ​មនុស្ស​បែប​ណា​ដែល​ព្រះ​យេស៊ូ​បាន​ប្រកាស​ថា​មាន​សុភមង្គល​នោះ? (ខ) សូម​ពន្យល់​នូវ​មូលហេតុ​ដែល​អ្នក​គិត​ថា ការ​ពិពណ៌នា​នោះ​ត្រូវ​ចំ​នឹង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

១៣ ប្រាកដ​ហើយ ហេតុ​ការណ៍​ពិត​ដែល​ពួក​អ្នក​បំរើ​របស់​ព្រះយេហូវ៉ា«យំ» ដោយ​សារ​ស្ថានភាព​ដែល​គួរ​ឲ្យ​ស្ដាយ​ក្នុង​រឿង​ពិភព​លោក​នេះ មិន​មែន​បង្ការ​ឲ្យ​គេ​ពី​ការ​មាន​ចិត្ត​សប្បាយ​នោះ​ទេ។ គឺ​មិន​មែន​អ៊ីចឹង​ទាល់​តែ​សោះ! តាម​ការ​ពិត ពួក​គេ​គឺ​ជា​ក្រុម​ដ៏​សប្បាយ​ជាង​គេ​នៅ​លើ​ផែនដី​នេះ។ ព្រះ​យេស៊ូ​បាន​ប្រទាន​ឲ្យ​នូវ​គំរូ​សំរាប់​សុភមង្គល នៅ​ពេល​ដែល​បាន​មាន​បន្ទូល​ថា៖ ‹អ្នក​ណា​ដែល​ទទួល​ស្គាល់​ថា​ខ្លួន​មាន​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ អ្នក​នោះ​មាន​សុភមង្គល​ហើយ។ . . . អស់​អ្នក​ដែល​យំ​សោក . . . អស់​អ្នក​ដែល​ស្លូត​ត្រង់ . . . អស់​អ្នក​ដែល​ស្រេក​ឃ្លាន​នូវ​សេចក្ដី​សុចរិត . . . អស់​អ្នក​ដែល​មាន​ចិត្ត​មេត្ដា​ករុណា . . . អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ . . . អស់​អ្នក​ដែល​ផ្សះ​ផ្សា​គេ . . . អស់​អ្នក​ដែល​ត្រូវ​គេ​បៀត​បៀន ដោយ​ព្រោះ​សេចក្ដី​សុចរិត›។ (ម៉ាថាយ ៥:៣​-​១០) គឺ​មាន​ទី​សំអាង​ជា​ច្រើន​ដើម្បី​បង្ហាញ​ថា ការ​ពិពណ៌នា​នេះ​ត្រូវ​ចំ​នឹង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​ក្រុម​មួយ ជាង​ក្រុម​អង្គការ​សាសនា​ណា​ផ្សេង​ៗ​នោះ​ទៀត។

១៤ ជា​ពិសេស​តាំង​ពី​ការ​ស្ដារ​ឡើង​វិញ​នូវ​ការ​ថ្វាយ​បង្គំ​ពិត​នៅ​ក្នុង​ឆ្នាំ​១៩១៩ ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​មូលហេតុ«សើច»នោះ។ រីឯ​ខាង​វិញ្ញាណ នោះ​ពួក​គេ​បាន​រួម​ពិសោធន៍​ដ៏​រំភើប នៃ​អស់​អ្នក​ដែល​បាន​ត្រឡប់​ពី​ក្រុង​បាប៊ីឡូន​នៅ​ក្នុង​សតវត្ស​ទី​ប្រាំ​មួយ ម.​ស.យ.៖ «កាល​ព្រះ​យេហូវ៉ា​ទ្រង់​បាន​នាំ​ពួក ឈ្លើយ​មក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ នោះ​យើង​រាល់​គ្នា​បាន​ដូច​ជា​មនុស្ស​ដែល​យល់​សប្ដិ​ទេ គ្រា​នោះ មាត់​យើង​បាន​ពេញ​ដោយ​ការ​សើច​សប្បាយ ហើយ​អណ្ដាត​ក៏​ពេញ​ដោយបទចំរៀង . . . ព្រះ​យេហូវ៉ា​បាន​ធ្វើ​ការ​យ៉ាង​ធំ​សំរាប់​យើង​មែន យើង​ក៏​អរ​ណាស់​ដែរ»។ (ទំនុកដំកើង ១២៦:១​-​៣) ក៏​ប៉ុន្តែ​សូម្បី​នៅ​កណ្ដាល​នៃ​ការ​សើច​សប្បាយ​ខាង​វិញ្ញាណ​ក៏​ដោយ ក៏​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចង​ចាំ​ទុក​នូវ​ភាព​ធ្ងន់​ធ្ងរ​នៃ​ពេល​វេលា​នោះ​ដែរ។ នៅ​ពេល​ដែល​ពិភព​លោក​ថ្មី​បាន​មាន​មែន​ទែន ហើយ​ពួក​រស់​នៅ​លើ​ផែនដី‹ចាប់​បាន​ជីវិត​មែន​ទែន› នោះ​ពេល​វេលា​នឹង​បាន​មក​ដល់ នៅ​ពេល​ដែល​ការ​សើច​សប្បាយ​នឹង​ជំនួស​ការ​យំ​សោក ជា​រៀង​រហូត​ត​ទៅ។—ធីម៉ូថេ​ទី​១ ៦:១៩; វិវរណៈ ២១:៣, ៤

«មាន​ពេល​ដែល​គួរ​ឱប​ថើប នឹង​ពេល​ដែល​គួរ​លែង​ឱប​ថើប»

១៥. ហេតុ​អ្វី​ក៏​ពួក​គ្រីស្ទាន​ត្រូវ​ការ​ជ្រើស​រើស​ក្នុង​ការ​យក​ធ្វើ​ជា​មិត្ត​ភក្ដិ?

១៥ ពួក​គ្រីស្ទាន​គឺ​មាន​ការ​ជ្រើស​រើស​អំពី​អ្នក​ណា​ដែល​គេ​រួម​បញ្ចូល​ជា​មិត្តភាព​នោះ។ ពួក​គេ​នឹក​ចាំ​នូវ​ការ​ព្រមាន​របស់​ប៉ុល​ដែល​ថា៖ «កុំ​ឲ្យ​ច្រឡំ​ឡើយ ពីព្រោះ​ពួក​ម៉ាក​អាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ»។ (កូរិនថូស​ទី​១ ១៥:៣៣) ហើយ​ស្តេច​សាឡូម៉ូន​ដែល​ប្រកប​ដោយ​ប្រាជ្ញា​បាន​កត់​សម្គាល់​ថា៖ «អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់​ប្រសព្វ​នឹង​មនុស្ស​ល្ងី​ល្ងើ នោះ​នឹង​ត្រូវ​ខូច​បង់​វិញ»។—សុភាសិត ១៣:២០

១៦, ១៧. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​មិត្តភាព ការ​ដើរ​លេង​ជា​គូ និង​អាពាហ៍ពិពាហ៍ ហើយ​ហេតុ​អ្វី?

១៦ ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ជ្រើស​រើស​យក​ជា​មិត្ត​ភក្ដិ នូវ​បុគ្គល​ណា​ដែល​មាន​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ​យេហូវ៉ា និង​សេចក្ដី​សុចរិត​របស់​ទ្រង់​ដូច​គេ​មាន​ដែរ។ ទោះ​ជា​គេ​អបអរ​និង​សប្បាយ​នឹង​មិត្តភាព​ជា​មួយ​មិត្ត​គេ​ក៏​ដោយ តែ​ដោយ​ប្រាជ្ញា​នោះ​គេ​ជៀស​វាង​ទស្សនៈ​ដែល​បណ្ដោយ ដ៏​សេរី​ហួស​ហេតុ​អំពី​ការ​ដើរ​លេង​ជា​គូ ដែល​ច្រើន​តែ​មាន​នៅ​ក្នុង​ប្រទេស​ខ្លះ​ៗ​សព្វ​ថ្ងៃ​នេះ។ ជា​ជាង​បណ្ដោយ​ខ្លួន​ក្នុង​រឿង​នេះ​ជា​ការ​សប្បាយ​ដោយ​ឥត​គ្រោះ​ថ្នាក់ នោះ​គេ​ចាត់​ទុក​ការ​ដើរ​លេង​ជា​គូ ជា​ជំហាន​ដ៏​ធ្ងន់​ធ្ងរ​មួយ​ឆ្ពោះ​ទៅ​អាពាហ៍ពិពាហ៍ ដែល​គួរ​ធ្វើ​ឡើង​ពេល​ដែល​ខ្លួន​បាន​ប្រុង​ប្រៀប​ជា​ស្រេច​ខាង​រូប​កាយ គំនិត និង​ខាង​វិញ្ញាណ ព្រម​ទាំង​មាន​សិទ្ធិ​សម​ស្រប​តាមបទគម្ពីរ​នោះ ចូល​ក្នុង​ទំនាក់​ទំនង​ជា​អចិន្ត្រៃយ៍។—កូរិនថូស​ទី​១ ៧:៣៦

១៧ អ្នក​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា គឺ​ជា​ហួស​សម័យ​ក្នុង​ការ​មាន​ទស្សនៈ​បែប​នេះ​អំពី​ការ​ដើរ​លេង​ជា​គូ និង​អាពាហ៍ពិពាហ៍​នោះ។ ក៏​ប៉ុន្តែ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​ការ​បង្ខំ​ពី​ពួក​ម៉ាក មានអានុភាព​លើ​ការ​ជ្រើស​រើស​មិត្ត​ភក្ដិ ឬ​ក៏​សេចក្ដី​សម្រេច​របស់​គេ​ស្តី​អំពី​ការ​ដើរ​លេង​ជា​គូ​និង​អាពាហ៍ពិពាហ៍​នោះ​ឡើយ។ ពួក​គេ​ដឹង​ថា«ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​បង្កើត»។ (ម៉ាថាយ ១១:១៩) ព្រះ​យេហូវ៉ា​តែង​តែ​ជ្រាប​ប្រសើរ​ជាង ដូច្នេះ​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​នឹង​ឱវាទ​របស់​ទ្រង់ ឲ្យ​រៀប​ការ«ក្នុង​ព្រះ​អម្ចាស់»។ (កូរិនថូស​ទី​១ ៧:៣៩; កូរិនថូស​ទី​២ ៦:១៤) ពួក​គេ​ជៀស​វាង​ពី​ការ​ស្ទុះ​ទៅ​រៀប​ការ ដោយ​មាន​គំនិត​ដ៏​ខុស​អំពី​ការ​លែង​លះ​គ្នា ឬ​ក៏​ជៀស​វាង​ការ​រស់​នៅ​ដាច់​ពី​គ្នា​ជា​ការ​ជ្រើស​រើស​ដ៏​សម​គួរ បើ​អាពាហ៍ពិពាហ៍​មាន​ដំណើរ​ឃ្លេង​ឃ្លោង​នោះ។ ពួក​គេ​ចំណាយ​ពេល​វេលា​ដោយ​មិន​បន្ទាន់​ក្នុង​ការ​ស្វះ​ស្វែង​រក​គូ​ដែល​សមរម្យ ដោយ​ដឹង​ថា​ពេល​ពាក្យ​សច្ចា​អាពាហ៍ពិពាហ៍​បាន​ត្រូវ​ធ្វើ​ឡើង នោះ​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​នឹង​អនុវត្ត​ឡើង ដែល​ថា៖ «យ៉ាង​នោះ គេ​មិន​មែន​ជា​២​ទៀត គឺ​ជា​សាច់​តែ​១​ទេ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​មនុស្ស ដែល​ព្រះ​ទ្រង់​បាន​ផ្សំផ្គុំ​គ្នា​ឡើយ»។—ម៉ាថាយ ១៩:៦; ម៉ាកុស ១០:៩

១៨. តើ​អ្វី​អាច​ជា​មូលដ្ឋាន​សំរាប់​ឲ្យ​បាន​អាពាហ៍ពិពាហ៍​ដ៏​សប្បាយ​មួយ?

១៨ អាពាហ៍ពិពាហ៍​ជា​កិច្ច​សន្យា​អស់​មួយ​ជីវិត ដែល​តម្រូវ​ឲ្យ​គ្រោង​ការណ៍​ដោយ​ប្រយ័ត្ន​ប្រយែង។ ដោយ​សម​ហេតុ​ផល នោះ​បុរស​ម្នាក់​នឹង​សួរ​ខ្លួន​គាត់​ថា៖ ‹តើ​នាង​ពិត​ជា​បុគ្គល​សម​គ្នា​នឹង​ខ្ញុំ​ឬ​ទេ›? ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​ស្មើ​គ្នា​នោះ​គឺ គាត់​គួរ​តែ​សួរ​ថា៖ ‹តើ​ខ្ញុំ​ពិត​ជា​បុគ្គល​សម​គ្នា​នឹង​នាង​ឬ​ទេ? អ្វី​ដែល​សំខាន់​បំផុត​នោះ តើ​ខ្ញុំ​ជា​គ្រីស្ទាន​ម្នាក់​ដែល​មាន​គំនិត​ចាស់​ទុំ ដែល​អាច​មើល​ថែ​រក្សា​នូវ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​នាង​ឬ​ទេ›? គូ​ទាំង​ពីរ​នាក់​មាន​កាតព្វកិច្ច​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ឲ្យ​មាន​ភាព​មុត​មាំ​ខាង​វិញ្ញាណ ដែល​អាច​ស្ថាបនា​ចំណង​អាពាហ៍ពិពាហ៍​ដ៏​រឹង​មាំ​មួយ ដែល​ព្រះ​ទទួល​យល់​ព្រម។ ប្ដី​ប្រពន្ធ​គ្រីស្ទាន​រាប់​ពាន់​គូ​អាច​ធ្វើ​ជា​កសិណសាក្សី​អំពី​រឿង​នោះ ដោយ​ព្រោះ​កិច្ច​បំរើ​ពេញ​ពេល​បញ្ជាក់​ទៅ​លើ​ការ​ឲ្យ​ជា​ជាង​ការ​ទទួល នោះ​គឺ​ជា​មូលដ្ឋាន​ដ៏​ប្រសើរ​មួយ​សំរាប់​អាពាហ៍ពិពាហ៍​ដ៏​សប្បាយ​មួយ។

១៩. ហេតុ​អ្វី​ក៏​ពួក​គ្រីស្ទាន​ខ្លះ​រក្សា​ខ្លួន​នៅ​លីវ​នោះ?

១៩ ពួក​គ្រីស្ទាន​ខ្លះ«លែង​ឱប​ថើប» ដោយ​សម្រេច​ចិត្ត​នៅ​លីវ សំរាប់​ជា​ប្រយោជន៍​នៃ​ដំណឹង​ល្អ។ (សាស្ដា ៣:៥) អ្នក​ឯ​ទៀត​ផ្អាក​ទុក​អាពាហ៍ពិពាហ៍​នៅ​មួយ​ឡែក​សិន រហូត​ដល់​គេ​មាន​អារម្មណ៍​ថា​គេ​មាន​គុណវុឌ្ឍិ​ខាង​វិញ្ញាណ​គ្រប់​គ្រាន់ ដើម្បី​ទាក់​ទាញ​ទឹក​ចិត្ត​គូ​ដែល​សមរម្យ​ម្នាក់។ ក៏​ប៉ុន្តែ​សូម​ឲ្យ​យើង​ចង​ចាំ​ផង​ដែរ ដល់​ពួក​គ្រីស្ទាន​នៅ​លីវ​ទាំង​នោះ​ណា ដែល​ចង់​បាន​ខ្លាំង​នូវ​ភាព​ជិត​ស្និទ្ធ​និង​ផល​ប្រយោជន៍​ពី​អាពាហ៍ពិពាហ៍ តែ​មិន​ទាន់​រក​បាន​គូ​ម្នាក់​នោះ។ យើង​អាច​ដឹង​ជា​ប្រាកដ​ថា ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​សប្បាយ ដោយ​សារ​ពួក​គេ​មិន​ព្រម​ធ្វើ​ឲ្យ​ខូច​កិត្ដិយស​ដល់​គោល​ការណ៍​របស់​ព្រះ ក្នុង​ការ​ស្វះ​ស្វែង​រក​អាពាហ៍ពិពាហ៍។ យើង​មិន​ចង់​ភ្លេច​បង្ហាញ​ការ​អបអរ​នឹង​សេចក្ដី​ស្មោះ​ត្រង់​របស់​គេ ហើយ​ផ្ដល់​ឲ្យ​គេ​នូវ​ការ​គាំទ្រ​ដ៏​សមរម្យ ដែល​គេ​សម​ទទួល​នោះ។

២០. ហេតុ​អ្វី​ក៏​គូ​អាពាហ៍ពិពាហ៍​ជួន​កាល«គួរ​លែង​ឱប​ថើប»នោះ?

២០ យូរ​ៗ​ម្ដង តើ​គូ​អាពាហ៍ពិពាហ៍​គួរ​តែ«លែង​ឱប​ថើប»ឬ​ទេ? នេះ​គឺ​ហាក់​ដូច​ជា​អ៊ីចឹង​ក្នុង​ករណី​ខ្លះ ដ្បិត​ប៉ុល​បាន​កត់​សម្គាល់​ថា៖ «បង​ប្អូន​អើយ ខ្ញុំ​ប្រាប់​សេចក្ដី​នេះ​ថា ពេល​វេលា​ចង្អៀត​ណាស់​ហើយ ពី​នេះ​ទៅ​មុខ គួរ​តែ​ឲ្យ​ពួក​អ្នក​ដែល​មាន​ប្រពន្ធ បាន​នៅ​ដូច​ជា​គ្មាន​វិញ»។ (កូរិនថូស​ទី​១ ៧:២៩) ដោយ​ហេតុ​នេះ នោះ​អំណរ​និង​ពរ​នៃ​អាពាហ៍ពិពាហ៍ ជួន​កាល​ត្រូវ​តែ​មាន​ឋានៈ​តូច​ជាង​ភារកិច្ច​ព្រះ​ធិបតេយ្យ។ ការ​មាន​ទស្សនៈ​ដ៏​ថ្លឹង​ថ្លែង​អំពី​រឿង​នេះ នឹង​មិន​ធ្វើ​ឲ្យ​ខ្សោយ​ដល់​អាពាហ៍ពិពាហ៍​ទេ ក៏​ប៉ុន្តែ​នឹង​ពង្រឹង​អាពាហ៍ពិពាហ៍​ទៅ​វិញ ពីព្រោះ​នេះ​នឹង​ជួយ​រំឭក​គូ​គេ ថា​ព្រះ​យេហូវ៉ា​គឺ​ត្រូវ​តែ​ជា​បុគ្គល​ដ៏​សំខាន់​ជាង​គេ ដែល​ធ្វើ​ឲ្យ​មាន​ស្ថេរ​ភាព​នៅ​ក្នុង​ទំនាក់​ទំនង​របស់​គេ។—សាស្ដា ៤:១២

២១. ហេតុ​អ្វី​ក៏​យើង​មិន​គួរ​វិនិច្ឆ័យ​គូ​អាពាហ៍ពិពាហ៍ ស្តី​អំពី​រឿង​ជា​ឪពុក​ម្ដាយ?

២១ បន្ថែម​ទៀត​នោះ គូ​អាពាហ៍ពិពាហ៍​ខ្លះ​បាន​ទប់​ពី​ការ​មាន​កូន ដើម្បី​ឲ្យ​មាន​ពេល​វេលា​ច្រើន​ជាង​ក្នុង​ការ​បំពេញ​កិច្ច​បំរើ​របស់​ព្រះ។ នេះ​បាន​សេចក្ដី​ថា​គេ​ត្រូវ​ធ្វើ​ពលិកម្ម ហើយ​ព្រះ​យេហូវ៉ា​នឹង​ប្រទាន​រង្វាន់​ឲ្យ​គេ​ដោយកិច្ច​ការនោះ។ និយាយ​អ៊ីចឹង ទោះ​ជា​ព្រះ​គម្ពីរ​លើក​ទឹក​ចិត្ត​ឲ្យ​នៅ​លីវ​សំរាប់​ជា​ប្រយោជន៍​នៃ​ដំណឹង​ល្អ តែ​ព្រះ​គម្ពីរ​ឥត​បានចែង​ចំ​ៗ អំពី​ការ​រក្សា​ខ្លួន​កុំ​ឲ្យ​មាន​កូន​សំរាប់​មូលហេតុ​ដូច​គ្នា​នោះ​ទេ។ (ម៉ាថាយ ១៩:១០​-​១២; កូរិនថូស​ទី​១ ៧:៣៨; ប្រៀប​មើល ម៉ាថាយ ២៤:១៩ និង​លូកា ២៣:២៨​-​៣០) ដូច្នេះ​ហើយ គូ​អាពាហ៍ពិពាហ៍​ត្រូវ​តែ​សម្រេច​ចិត្ត​ដោយ​ខ្លួន​គេ ដែល​មាន​មូលដ្ឋាន​លើ​កាលៈទេសៈ​និង​អារម្មណ៍​ដែល​មាន​ក្នុង​មនសិការ​របស់​គេ​ផ្ទាល់។ ទោះ​ជា​សេចក្ដី​សម្រេច​ចិត្ត​នោះ​ជា​យ៉ាង​ណា​ក៏​ដោយ នោះ​មិន​គួរ​រិះ​គន់​ដល់​គូ​អាពាហ៍ពិពាហ៍​នោះ​ឡើយ។

២២. តើ​អ្វី​ជា​សំខាន់​សំរាប់​យើង​ឲ្យ​មាន​ចិត្ត​ប្ដេជ្ញា​នោះ?

២២ ត្រូវ​ហើយ «មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ»។ គឺ​ព្រម​ទាំង«មាន​ពេល​ធ្វើ​សង្គ្រាម មាន​ពេល​សន្ដិភាព»។ (សាស្ដា ៣:១, ៨, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) អត្ថបទ​ជា​បន្ទាប់​នឹង​ពន្យល់​នូវ​ហេតុ​អ្វី​បាន​ជា​សំខាន់​ឲ្យ​យើង​ប្ដេជ្ញា ថា​ឥឡូវ​ជា​ពេល​មួយ​ណា។

[កំណត់​សម្គាល់]

^ អាកាសធាតុ​ខុស​ប្លែក​ពី​ធម្មតា

តើ​អ្នក​អាច​ពន្យល់​បាន​ឬ​ទេ?

ហេតុ​អ្វី​ក៏​សំខាន់​សំរាប់​យើង​ឲ្យ​ដឹង​ថា«មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់»?

ហេតុ​អ្វី​ក៏​សព្វ​ថ្ងៃ​នេះ​ភាគ​ច្រើន​ជា«ពេល​យំ»?

ហេតុ​អ្វី​ក៏​ពួក​គ្រីស្ទាន​ទោះ​ជា«យំ» ក៏​ប៉ុន្តែ​ពិត​ជា​សប្បាយ​ចិត្ត​ទៅ​វិញ?

តើ​តាម​របៀប​ណា​ដែល​ពួក​គ្រីស្ទាន​ខ្លះ​បង្ហាញ​ថា​គេ​ចាត់​ទុក​បច្ចុប្បន្នកាល​នេះ ជា​ពេល​ដែល«គួរ​លែង​ឱប​ថើប»នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​៦]

ទោះ​ជា​ពួក​គ្រីស្ទាន«យំ»ដោយ​សារ​ស្ថានភាព​ក្នុង​លោកីយ៍ . . .

[រូប​ភាព​នៅ​ទំព័រ​៧]

. . . តាម​ពិត​ពួក​គេ​គឺ​ជា​មនុស្ស​ដ៏​សប្បាយ​ជាង​គេ​បំផុត​នៅ​ក្នុង​លោកីយ៍​នេះ

[រូប​ភាព​នៅ​ទំព័រ​៨]

កិច្ច​បំរើ​ពេញ​ពេល​ជា​មូលដ្ឋាន​ដ៏​ប្រសើរ​សំរាប់​អាពាហ៍ពិពាហ៍​ដ៏​សប្បាយ​មួយ