ហេតុអ្វីក៏មានពេលវេលាខ្លីម្ល៉េះ?
ហេតុអ្វីក៏មានពេលវេលាខ្លីម្ល៉េះ?
ពេលវេលា។ យើងប្រហែលជាមានការពិបាកនឹងឲ្យអត្ថន័យពាក្យនេះឲ្យបានច្បាស់លាស់ណាស់ ក៏ប៉ុន្តែហាក់ដូចជាយើងបានដឹង ប្រាកដថា មិនដែលមានពេលវេលាគ្រប់គ្រាន់នោះទេ។ យើងក៏ដឹងដែរថា ពេលវេលាកន្លងទៅយ៉ាងលឿន។ តាមការពិត យើងតែងតែនិយាយដោយដកដង្ហើមធំថា៖ «ពេលវេលាទៅមុខរហ័សមែន»។
យ៉ាងណាក៏ដោយ គឺឃើញជាក់ស្តែងថាកវីជនជាតិអង់គ្លេសម្នាក់ឈ្មោះ លោកអូស្ទីនដុបសាន់ បានឲ្យអត្ថន័យត្រឹមត្រូវជាងនៅក្នុងឆ្នាំ១៨៧៧ ពេលដែលលោកបានកត់សម្គាល់ថា៖ «អ្នកនិយាយថា ពេលវេលាទៅមុខមែនឬ? គឺមិនមែនទេ លោកអើយ! ពេលវេលាគឺស្ថិតនៅមានជានិច្ច តែយើងវិញគឺមិនឋិតឋេរទេ»។ តាំងពីលោកបានស្លាប់នៅឆ្នាំ១៩២១ នោះលោកដុបសាន់បានស្លាប់ទៅជិត៨០ឆ្នាំហើយ ពេលវេលាបានបន្តទៅមុខជានិច្ច។
ការមានពេលវេលាជាបរិបូរ
ស្តីអំពីព្រះដ៏ជាអ្នកបង្កើតមនុស្សលោក នោះព្រះគម្ពីរចែងប្រាប់យើងថា៖ «គឺមុនដែលអស់ទាំងភ្នំបានកើតឡើង ក្នុងកាលដែលទ្រង់មិនទាន់បង្កើតផែនដី នឹងមនុស្សលោកនៅឡើយ ចាប់តាំងពីអស់កល្ប រៀងទៅដល់អស់កល្បជានិច្ច នោះគឺទ្រង់ហើយជាព្រះ»។ (ទំនុកដំកើង ៩០:២) ឬក៏ដូចជាសេចក្ដីបកប្រែព្រះគម្ពីរយេរូសាឡិមថ្មី បកស្រាយថា «ពីអនន្តភាពទៅអនន្តភាព នោះគឺទ្រង់ហើយជាព្រះ»។ ដូច្នេះពេលវេលានឹងស្ថិតនៅបានយូរដូចជាព្រះអ៊ីចឹង គឺជារៀងរហូតតទៅ!
ផ្ទុយខុសស្រឡះនឹងព្រះ ដែលមានពេលវេលាជាអនន្តយកមកប្រើការបាន នោះយើងអានអំពីមនុស្សជាតិថា៖ «ដ្បិតអស់ទាំងថ្ងៃអាយុរបស់យើងខ្ញុំបានកន្លងបាត់ទៅ ដោយសេចក្ដីក្រោធនៃទ្រង់ យើងខ្ញុំបង្ហើយអាយុយើងខ្ញុំដូចជាសូរថ្ងូរ កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម៧០ឆ្នាំទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០ឆ្នាំប៉ុណ្ណោះ គង់តែអ្វីៗដែលជាទីអួតក្នុងឆ្នាំទាំងនោះ សុទ្ធតែជាការនឿយលំបាក នឹងសេចក្ដីទុក្ខព្រួយទទេ ដ្បិតអាយុយើងខ្ញុំឆាប់កន្លងទៅ ហើយយើងខ្ញុំហើរទៅបាត់»។—ទំនុកដំកើង ៩០:៩, ១០
ដោយព្រោះព្រះគម្ពីរបង្រៀនយ៉ាងច្បាស់លាស់ថា គោលបំណងរបស់ព្រះគឺឲ្យមនុស្សរស់នៅជានិរន្តរ៍ ចុះហេតុអ្វីក៏មានជីវិតខ្លីម្ល៉េះសព្វថ្ងៃនេះ? (លោកុប្បត្តិ ១:២៧, ២៨; ទំនុកដំកើង ៣៧:២៩) ជាជាងមានអាយុវែងជាអនន្តដូចព្រះបានមានបំណងមក ហេតុអ្វីក៏មនុស្សដែលមានកាលៈទេសៈដ៏ល្អបំផុត ជាមធ្យមអាចរស់នៅតិចជាង៣០.០០០ថ្ងៃអ៊ីចឹង? ហេតុអ្វីក៏មនុស្សមានពេលវេលាដ៏ខ្លីម្ល៉េះ? តើនរណាឬក៏អ្វីដែលទទួលខុសត្រូវចំពោះស្ថានការណ៍ដ៏កំសត់នេះ? ព្រះគម្ពីរផ្ដល់ឲ្យនូវចម្លើយដែលច្បាស់លាស់ហើយធ្វើឲ្យស្កប់ចិត្តផង។ *
ពេលវេលាដែលមានកាន់តែតិចឡើងៗ
ពួកមនុស្សវ័យចាស់នឹងបញ្ជាក់ថា នៅក្នុងទសវត្សថ្មីៗកន្លងទៅនេះ នោះល្បឿន
នៃការរស់នៅបានបង្កើនឡើង។ អ្នកសារពត៌មានដែលជាបណ្ឌិតម្នាក់ឈ្មោះ អ្នកស្រីហ្សីប៊ិល ហ្វ្រិច បានចង្អុលប្រាប់ថា ក្នុងកំឡុង២០០ឆ្នាំកន្លងទៅនេះ នោះសប្ដាហ៍ធ្វើការបានថយចុះពី៨០ទៅ៣៨ម៉ោង «ក៏ប៉ុន្តែនេះមិនបានធ្វើឲ្យយើងឈប់ត្អូញត្អែរពីការខ្វះពេលវេលានោះទេ»។ អ្នកស្រីនេះបានបញ្ជាក់ថា៖ «គឺឥតមានពេលវេលាគ្រប់គ្រាន់ទេ ពេលវេលាគឺមានតម្លៃណាស់ ការស្រេកឃ្លានចង់បានពេលវេលា គឺដូចជាការខំដកដង្ហើមអ៊ីចឹង។ នោះគឺជាជីវិតដែលច្របូកច្របល់»។របស់របរឆ្នៃប្រឌិតថ្មីៗដែលមនុស្សជំនាន់មុនៗមិនបានគិតសោះ បានបើកនូវឱកាសនិងលទ្ធភាព។ ក៏ប៉ុន្តែលទ្ធភាពច្រើនជាងនៃការចូលរួមក្នុងសកម្មភាពជាច្រើនអនេក នោះក៏មានការអន្ទះអន្ទែងចិត្តច្រើនជាងដែរ ដោយសារមានពេលវេលាតិចពេកក្នុងការធ្វើរបស់ទាំងនោះ។ នៅបច្ចុប្បន្នកាលនេះ នៅភូមិភាគជាច្រើនក្នុងពិភពលោក មនុស្សរស់នៅដោយមានតារាងពេលវេលាដ៏ម៉ឺងមាត់ ដោយស្ទុះពីពេលកំណត់មួយទៅមួយទៀត។ ឪពុកត្រូវតែចេញទៅធ្វើការនៅម៉ោង ៧:០០ ព្រឹក ម្ដាយត្រូវតែយកកូនៗទៅសាលានៅម៉ោង ៨:៣០ ព្រឹក ជីតាមានពេលណាត់ជួបជាមួយគ្រូពេទ្យនៅម៉ោង ៩:៤០ ព្រឹក ហើយយើងរាល់គ្នាត្រូវតែប្រុងប្រៀបជាស្រេចសំរាប់កិច្ចប្រជុំដ៏សំខាន់មួយ នៅម៉ោង ៧:៣០ យប់។ ការប្រញាប់ប្រញាល់ខំបំពេញតាមពេលកំណត់មួយទៅមួយ នោះគឺមិនសូវមានពេលសំរាប់ការលំហែកាយឡើយ។ ហើយយើងត្អូញត្អែរអំពីដំណើរដដែលៗរៀងរាល់ថ្ងៃ និងអំពីដំណើរមមាញឹក។
មិនមែនមានតែយើងទេដែលមានពេលវេលាតិចនោះ
សត្រូវរបស់ព្រះ អារក្សសាតាំង ដែលឧបាយកលរបស់វាបាននាំឲ្យជីវិតរបស់មនុស្សបានត្រូវបន្ថយ នោះឥឡូវនេះមនុស្សក៏ក្លាយទៅជាអ្នករងគ្រោះដោយសារអំពើអាក្រក់ជួជាតិរបស់វា។ (ប្រៀបមើល កាឡាទី ៦:៧, ៨) ក្នុងការចែងអំពីកំណើតនៃព្រះរាជាណាចក្រនៃព្រះមេស្ស៊ីនៅស្ថានសួគ៌ នោះវិវរណៈ ១២:១២ ផ្ដល់ឲ្យយើងនូវមូលហេតុឲ្យមានសេចក្ដីសង្ឃឹម ពេលដែលចែងប្រាប់ថា៖ «ដោយហេតុនោះ ឱស្ថានសួគ៌ នឹងពួកអ្នកដែលនៅស្ថាននោះអើយ! ចូរអរសប្បាយឡើង តែវេទនាដល់ផែនដី នឹងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយ»។
យោងទៅតាមកាលប្រវត្ដិវិទ្យាដែលអាចទុកចិត្តបានក្នុងព្រះគម្ពីរ និងការសម្រេចនៃទំនាយព្រះគម្ពីរ នោះយើងកំពុងតែរស់នៅជិតទីបញ្ចប់នៃ‹ពេលវេលាខ្លីណាស់›ហ្នឹងហើយ។ គឺជាអំណរមែនហ្ន៎ ដោយដឹងថាមិនយូរប៉ុន្មានទៀត ពេលវេលារបស់សាតាំងនៅក្រៅការឃុំឃាំង នឹងផុតទៅទាំងអស់តែម្ដង! នៅពេលដែលវាបានត្រូវបោះចោលទៅក្នុងជង្ហុកធំហើយ នោះមនុស្សលោកដែលចេះស្ដាប់បង្គាប់ នឹងបានត្រូវស្ដារឡើងវិញឲ្យបានគ្រប់ល័ក្ខណ៍ ហើយពួកគេអាចទទួលជីវិតដ៏អស់កល្បជានិច្ច ដែលព្រះយេហូវ៉ាបានមានបំណងមកសំរាប់ពួកគេនៅដើមដំបូងនោះ។ (វិវរណៈ ២១:១-៤) ការខ្វះពេលវេលា នោះនឹងលែងមានជាបញ្ហាទៀតហើយ។
តើអ្នកអាចនឹកក្នុងមនោគតិថាមានន័យយ៉ាងណា ដោយមានជីវិតដ៏អស់កល្បជានិច្ច ជាការរស់នៅជានិរន្តរ៍នោះ? អ្នកនឹងមិនត្រូវញាំញីដោយរបស់ ដែលអ្នកបានធ្វើមិនសម្រេចនោះទៀតឡើយ។ ប្រសិនបើត្រូវការពេលវេលាច្រើនទៀត នោះគឺមានថ្ងៃស្អែក ឬសប្ដាហ៍ក្រោយ ឬក៏ឆ្នាំក្រោយ។ តាមការពិត គឺមានអនន្តភាពដ៏ធំមហិមា ដែលលាតសន្ធឹងនៅពីមុខលោកអ្នក!
ការប្រើពេលវេលាដែលយើងមានឥឡូវនេះដោយប្រាជ្ញា
ដោយដឹងថាពេលវេលារបស់វា ដើម្បីមានអានុភាពលើមនុស្សគឺមានកំរិត នោះសាតាំងខំប្រឹងធ្វើឲ្យមនុស្សមានការរវល់ដល់ម្ល៉េះ ដែលពួកគេគ្មានពេលវេលាស្ដាប់ដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ ដែលបានស្ថាបនាហើយ។ ដូច្នេះ ជាការប្រសើរបើយើងធ្វើតាមឱវាទរបស់ព្រះ គឺថា៖ «ដូច្នេះ ត្រូវប្រយ័តដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់ ដូច្នេះ កុំឲ្យខ្លៅល្ងង់ឡើយ ត្រូវខំឲ្យយល់បំណងព្រះហឫទ័យព្រះអម្ចាស់វិញ»។—អេភេសូរ ៥:១៥-១៧
គឺសំខាន់មែន ដែលយើងប្រើពេលវេលារបស់យើងដោយប្រាជ្ញា ចំពោះអ្វីៗដែលសំខាន់បំផុត ជាជាងធ្វើឲ្យខាតពេលវេលាលើការស្វះស្វែងរកអ្វីដែលឥតបានការ ដែលមិននាំឲ្យមានប្រយោជន៍ជាស្ថាពរនោះ! យើងគួរតែបណ្ដុះអាកប្បកិរិយាដូចលោកម៉ូសេ នៅពេលដែលអង្វរព្រះយេហូវ៉ាដោយប្រើពាក្យដ៏អស់ពីចិត្តដូចនេះថា៖ «ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុនៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា»។—ទំនុកដំកើង ៩០:១២
ពិតមែន នៅក្នុងពិភពលោកសព្វថ្ងៃនេះ មនុស្សគ្រប់គ្នាគឺមានការរវល់ណាស់។ ក៏ប៉ុន្តែ ស្មរបន្ទាល់ព្រះយេហូវ៉ាដាស់តឿនយ៉ាងខ្លាំង ឲ្យអ្នកចំណាយពេលខ្លះដ៏មានតម្លៃរបស់អ្នក ដើម្បីរៀនអំពីតម្រូវការរបស់ព្រះ ក្នុងការទទួលជីវិតដ៏អស់កល្បជានិច្ច នៅក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ទ្រង់។ ការចំណាយពេលវេលាមួយម៉ោងក្នុងមួយសប្ដាហ៍ ក្នុងការសិក្សាព្រះគម្ពីរដែលមានរបៀប ដើម្បី«ឲ្យយល់បំណងព្រះហឫទ័យព្រះអម្ចាស់» ប្រហែលជាអាចជួយអ្នកឲ្យពិសោធផ្ទាល់ខ្លួននូវការសម្រេចនៃពាក្យទាំងនេះ ដែលថា៖ «ចូរគេចចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អចុះ នោះអ្នកនឹងបាននៅជារៀងរាបដរាប ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុកដំកើង ៣៧:២៧, ២៩
[កំណត់សម្គាល់]
^ សូមមើលសៀវភៅ ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច ជំពូកទី៦ ដែលបានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។