អ្នកប្រហែលនឹងបានបងប្អូនរបស់អ្នកមកវិញ
អ្នកប្រហែលនឹងបានបងប្អូនរបស់អ្នកមកវិញ
«បើបងឬប្អូនធ្វើបាបនឹងអ្នក នោះឲ្យទៅបន្ទោសគាត់ ក្នុងកាលដែលមានតែអ្នកហើយនឹងគាត់ បើគាត់ស្ដាប់អ្នក នោះអ្នកនឹងបានបងឬប្អូននោះមកវិញ»។—ម៉ាថាយ ១៨:១៥
១, ២. តើព្រះយេស៊ូបានប្រទាននូវឱវាទដ៏មានប្រយោជន៍យ៉ាងណា អំពីការដោះស្រាយកំហុសនោះ?
ដោយកិច្ចបំរើរបស់ទ្រង់នៅសល់តិចជាងមួយឆ្នាំ នោះព្រះយេស៊ូមានមេរៀនសំខាន់ៗសំរាប់ពួកសិស្សរបស់ទ្រង់។ អ្នកអាចអានអំពីមេរៀនទាំងនេះនៅក្នុងម៉ាថាយ ១៨ ជំពូក១៨។ មេរៀនមួយគឺអំពីសារៈសំខាន់ដែលយើងមានគឺការរាបទាប ដូចកូនក្មេង។ បន្ទាប់មក ទ្រង់បានបញ្ជាក់ថាយើងត្រូវតែជៀសវាងពីការធ្វើឲ្យជំពប់ដល់«កូនតូចណាមួយនេះ» ហើយថាយើងគួរតែខំទាញ‹ក្មេងតូចៗ›មកវិញ ដើម្បីកុំឲ្យគេបាត់បង់ទៅ។ រួចមក ព្រះយេស៊ូបានប្រទានបន្ថែមនូវឱវាទដែលមានប្រយោជន៍ ស្តីអំពីការដោះស្រាយបញ្ហាដែលមានរវាងពួកគ្រីស្ទាន។
២ អ្នកប្រហែលជានឹកចាំនូវបន្ទូលរបស់ទ្រង់ដែលថា៖ «បើបងឬប្អូនធ្វើបាបនឹងអ្នក នោះឲ្យទៅបន្ទោសគាត់ ក្នុងកាលដែលមានតែអ្នកហើយនឹងគាត់ បើគាត់ស្ដាប់អ្នក នោះអ្នកនឹងបានបងឬប្អូននោះមកវិញ តែបើគាត់មិនព្រមស្ដាប់ទេ នោះត្រូវយកមនុស្សម្នាក់ឬ២នាក់ទៅជាមួយ ដើម្បីនឹងបញ្ជាក់គ្រប់ទាំងពាក្យ ដោយសារស្មរបន្ទាល់២ឬ៣នាក់ បើគាត់មិនព្រមស្ដាប់អ្នកទាំងនោះទេ នោះត្រូវតែប្រាប់ដល់ពួកជំនុំ ហើយបើមិនព្រមស្ដាប់ពួកជំនុំទៀត នោះត្រូវតែរាប់គាត់ទុកជាអ្នកក្រៅសាសន៍ ឬជាអ្នកយកពន្ធវិញ»។ (ម៉ាថាយ ១៨:១៥-១៧) តើនៅពេលណាដែលយើងគួរតែអនុវត្តនឹងឱវាទបែបនេះ ហើយតើយើងគួរមានអាកប្បកិរិយាយ៉ាងណាក្នុងការធ្វើអ៊ីចឹង?
៣. តើការធម្មតាបែបណាដែលយើងគួរតែប្រព្រឹត្ត ពេលអ្នកដទៃធ្វើខុសចំពោះយើងនោះ?
៣ អត្ថបទមុននេះបានបញ្ជាក់ថា ដោយព្រោះយើងគ្រប់គ្នាជាមនុស្សឥតគ្រប់ល័ក្ខណ៍ ហើយទោរទន់ធ្វើខុសនោះ យើងត្រូវតែខំប្រឹងឲ្យចេះអត់ឱនទោស។ នេះគឺជាពិសេស នៅពេលដែលមានការឈឺចាប់ ឬក៏ការអាក់អន់ចិត្តនឹងអ្វីដែលគ្រីស្ទានគ្នីគ្នាបាននិយាយឬបានធ្វើនោះ។ (ពេត្រុសទី១ ៤:៨) ភាគច្រើនគឺជាការប្រសើរដោយគ្រាន់តែបំភ្លេច កំហុសនោះ ឲ្យអត់ឱនទោសនិងបំភ្លេចវាចោលទៅ។ យើងអាចចាត់ទុកការធ្វើនេះជាការបណ្ដាលឲ្យមានសន្ដិភាពនៅក្នុងក្រុមជំនុំគ្រីស្ទាន។ (ទំនុកដំកើង ១៣៣:១; សុភាសិត ១៩:១១) ក៏ប៉ុន្តែ គឺប្រហែលជាមានគ្រា នៅពេលដែលអ្នកប្រហែលជាមានអារម្មណ៍ថា អ្នកត្រូវតែដោះស្រាយរឿងមួយជាមួយនឹងបងប្អូនប្រុសឬស្រី ដែលបានធ្វើឲ្យអ្នកឈឺចាប់នោះ។ ក្នុងករណីដូចនេះ ពាក្យបន្ទូលរបស់ព្រះយេស៊ូនៅដើមអត្ថបទនេះផ្ដល់នូវការណែនាំ។
៤. ជាគោលការណ៍ តើយើងអាចអនុវត្តតាមម៉ាថាយ ១៨:១៥ សំរាប់កំហុសរបស់អ្នកដទៃយ៉ាងដូចម្ដេចបាន?
៤ ព្រះយេស៊ូបានប្រទានឲ្យឱវាទថា«នោះឲ្យទៅបន្ទោសគាត់ ក្នុងកាលដែលមានតែអ្នកហើយនឹងគាត់»។ ឱវាទនេះគឺប្រកបដោយប្រាជ្ញា។ សេចក្ដីបកប្រែភាសាអាល្លឺម៉ង់ខ្លះបកស្រាយថា ឲ្យបង្ហាញនូវកំហុសរបស់គាត់«នៅក្រោមភ្នែកបួន» មានន័យថាភ្នែករបស់អ្នកនិងភ្នែករបស់គាត់។ នៅពេលដែលអ្នកលើកបញ្ហាណាមួយឡើងដោយសប្បុរសហើយនៅដាច់ពីគេ នោះធម្មតាគឺស្រួលជាងនឹងដោះស្រាយ។ បងប្រុសម្នាក់ដែលបានធ្វើឬបាននិយាយអ្វីមួយដ៏មិនសប្បុរសឬធ្វើឲ្យអាក់អន់ចិត្ត ប្រហែលជានឹងឆាប់ទទួលស្គាល់នូវកំហុសរបស់គាត់ចំពោះអ្នកផ្ទាល់។ ប្រសិនបើអ្នកដទៃកំពុងតែស្ដាប់ នោះលក្ខណៈដ៏មិនគ្រប់ល័ក្ខណ៍របស់មនុស្ស ប្រហែលជាទោរទន់ទៅជាបដិសេធថាខ្លួនគេជាអ្នកខុស ឬក៏ខំនឹងដោះសានូវអ្វីដែលគាត់បានធ្វើ។ ក៏ប៉ុន្តែកាលដែលអ្នកលើករឿងនេះមកពិគ្រោះ«នៅក្រោមភ្នែកបួន» នោះអ្នកប្រហែលជាឃើញថាជាការយល់ច្រឡំ ជាជាងធ្វើអំពើបាបឬការធ្វើខុសដោយចេតនាទៅវិញ។ នៅពេលដែលទាំងពីរនាក់បានយល់ថាបញ្ហានោះ គឺជាការយល់ច្រឡំ នោះអ្នកអាចដោះស្រាយបញ្ហានេះ មិនអនុញ្ញាតឲ្យរឿងកំប៊ិកកំប៉ុកលូតលាស់ ហើយធ្វើឲ្យខូចខាតដល់ទំនាក់ទំនងរបស់អ្នកឡើយ។ ដូច្នេះហើយ គោលការណ៍នៅម៉ាថាយ ១៨:១៥ អាចយកមកអនុវត្តនឹងកំហុសតូចតាចដែលមានក្នុងជីវិតប្រចាំថ្ងៃ។
តើទ្រង់ចង់មានន័យយ៉ាងណា?
៥, ៦. ក្នុងបរិបទ តើអំពើបាបបែបណាដែលម៉ាថាយ ១៨:១៥ ចង្អុលប្រាប់នោះ ហើយតើអ្វីដែលបញ្ជាក់អំពីរឿងនេះ?
៥ បើនិយាយឲ្យចំទៅ អ្វីដែលព្រះយេស៊ូបានឲ្យឱវាទទាក់ទងដល់រឿងធ្ងន់ធ្ងរជាងនោះទៅទៀត។ ព្រះយេស៊ូបានមានបន្ទូលថា៖ «បើបងឬប្អូនធ្វើបាប»។ ក្នុងន័យដ៏ទូលំទូលាយ «បាប»ក៏អាចជាការធ្វើខុសណាមួយឬក៏គុណវិបត្ដិ។ (យ៉ូប ២:១០; សុភាសិត ២១:៤; យ៉ាកុប ៤:១៧) ក៏ប៉ុន្តែបរិបទបង្ហាញថា បាបដែលព្រះយេស៊ូចង់សំដៅនោះ គឺច្បាស់ជាធ្ងន់ធ្ងរជាង។ បាបនោះគឺមានទំងន់ដល់ម្ល៉េះ ដែលអាចនាំឲ្យអ្នកប្រព្រឹត្តអាក្រក់នេះ អាចរាប់ទុកជា«អ្នកក្រៅសាសន៍ ឬជាអ្នកយកពន្ធវិញ»។ តើឃ្លានេះមានន័យយ៉ាងណា?
៦ ពួកសិស្សរបស់ព្រះយេស៊ូ ពេលឮពាក្យទាំងនោះបានដឹងថាពួកជនរួមជាតិរបស់គេ នឹងមិនសេពគប់ជាមួយនឹងពួកសាសន៍ដទៃទេ។ (យ៉ូហាន ៤:៩; ១៨:២៨; កិច្ចការ ១០:២៨) ហើយពួកគេប្រាកដជាបានជៀសវាងពួកអ្នកយកពន្ធ ដែលជាពួកបុរសហើយជាកូនចៅជាតិយូដា ប៉ុន្តែបានបែរទៅជាអ្នកដែលកេងប្រវ័ញ្ចលើមនុស្សទៅវិញ។ ដូច្នេះបើនិយាយឲ្យចំទៅឯកសារយោងនៅឯម៉ាថាយ ១៨:១៥-១៧ គឺសំដៅទៅការប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរ មិនមែនជាការធ្វើខុសផ្ទាល់ខ្លួន ឬក៏ការឈឺចាប់ ដែលតម្រូវឲ្យអ្នកអត់ឱនទោសនិងបំភ្លេចចោលនោះទេ។—ម៉ាថាយ ១៨:២១, ២២ *
៧, ៨. (ក) តើអំពើបាបបែបណាដែលត្រូវការដោះស្រាយដោយពួកចាស់ទុំ? (ខ) តើអំពើបាបបែបណារវាងពួកគ្រីស្ទានពីរនាក់ដែលអាចដោះស្រាយ ដែលសមស្របនឹងម៉ាថាយ ១៨:១៥-១៧?
៧ នៅក្រោមក្រិត្យវិន័យ ការប្រព្រឹត្តអំពើបាបខ្លះបានតម្រូវឲ្យធ្វើអ្វីៗច្រើនជាង មិនគ្រាន់តែសុំការអត់ឱនទោសពីបុគ្គលដែលប្រព្រឹត្តខុសនោះទេ។ ការប្រមាថមើលងាយចំពោះព្រះ សេចក្ដីក្បត់ជំនឿ សរណវត្ថុបូជា និងការប្រព្រឹត្តបាបខាងកាមដូចអំពើសហាយស្មន់ ការផិតគ្នា និងអំពើរួមសង្វាសនឹងភេទដូចគ្នា គឺត្រូវរាយការណ៍ប្រាប់និងត្រូវដោះស្រាយដោយពួកចាស់ទុំ (ឬក៏ពួកសង្ឃ)។ នេះក៏ជាហេតុការណ៍ពិតនៅក្នុងក្រុមជំនុំគ្រីស្ទានដែរ។ (លេវីវិន័យ ៥:១; ២០:១០-១៣; ជនគណនា ៥:៣០; ៣៥:១២; ចោទិយកថា ១៧:៩; ១៩:១៦-១៩; សុភាសិត ២៩:២៤) ប៉ុន្តែ ចូរកត់សម្គាល់ថា បែបបទនៃការប្រព្រឹត្តបាប ដែលព្រះយេស៊ូបានមានបន្ទូលនៅទីនេះ គឺអាចដោះស្រាយបានរវាងមនុស្សពីរនាក់។ ជាឧទាហរណ៍: ដោយមានកំហឹងឬសេចក្ដីច្រណែន នោះបុគ្គលម្នាក់និយាយបង្ខូចកេរ្ដិ៍ឈ្មោះមនុស្សគ្នីគ្នា។ គ្រីស្ទានម្នាក់ទទួលធ្វើការមួយ ដោយប្រើសម្ភារៈសាងសង់ម្យ៉ាង ហើយឲ្យបញ្ចប់កិច្ចការនេះនៅថ្ងៃជាក់លាក់មួយ។ គ្រីស្ទានម្នាក់ទៀតយល់ស្របថាគាត់នឹងបង់ប្រាក់តាមតារាងឬថ្ងៃខែជាក់លាក់នោះ។ បុគ្គលម្នាក់ទៀត បានសន្យាថា ប្រសិនបើនិយោជកបង្ហាត់គាត់ នោះគាត់នឹងមិនប្រកួតប្រជែង ឬខំប្រឹងយកអតិថិជនរបស់និយោជកចំពោះពេលវេលាដែលបានកំណត់ ឬក៏ក្នុងកន្លែងដែលបានចាត់ចែងមកនោះឡើយ (ទោះជាផ្លាស់ប្ដូរកិច្ចការ)។ * ប្រសិនបើបងប្រុសម្នាក់មិនធ្វើតាមពាក្យរបស់គាត់ ហើយមិនព្រមកែប្រែចិត្តនឹងការប្រព្រឹត្តខុសបែបនេះ នោះគឺប្រាកដជារឿងធ្ងន់ធ្ងរមែនហើយ។ (វិវរណៈ ២១:៨) ក៏ប៉ុន្តែការខុសបែបនេះអាចដោះស្រាយបានរវាងបុគ្គលទាំងពីរនាក់នេះ។
៨ ក៏ប៉ុន្តែ តើអ្នកនឹងចាប់ផ្ដើមដោះស្រាយរឿងនេះយ៉ាងដូចម្ដេច? ពាក្យបន្ទូលរបស់ព្រះច្រើនដងបានចាត់ទុករឿងនេះដោយមានជំហានបីយ៉ាង។ សូមឲ្យយើងពិនិត្យមើលជំហាននិមួយៗ។ ជាជាងចាត់ទុកជំហានទាំងនេះថាជាទម្រង់ការណ៍ត្រឹមត្រូវតាមច្បាប់ដែលពុំអាចផ្លាស់ប្ដូរបាន ចូរខំឲ្យយល់ដឹងនូវអត្ថន័យទៅវិញ ដោយមិនបាត់បង់នូវគោលដៅដែលប្រកបដោយសេចក្ដីស្រឡាញ់របស់អ្នក។
ខំប្រឹងឲ្យបានបងប្អូនរបស់អ្នក
៩. តើយើងគួរតែចងចាំអ្វីកាលដែលយើងអនុវត្តតាមម៉ាថាយ ១៨:១៥នោះ?
៩ ព្រះយេស៊ូបានចាប់ផ្ដើមមានបន្ទូលថា៖ «បើបងឬប្អូនធ្វើបាបនឹងអ្នក នោះឲ្យទៅបន្ទោសគាត់ ក្នុងកាលដែលមានតែអ្នកហើយនឹងគាត់ បើគាត់ស្ដាប់អ្នក នោះអ្នកនឹងបានបងឬប្អូននោះមកវិញ»។ យ៉ាងច្បាស់លាស់ណាស់ នេះមិនមែនជាជំហាន ដែលមានមូលដ្ឋានលើការសង្ស័យនោះឡើយ។ អ្នកគួរតែមានទីសំអាងឬពត៌មានជាក់លាក់ណាមួយ ដែលអ្នកអាចប្រើដើម្បីជួយបងប្អូនរបស់អ្នកឲ្យឃើញថា គាត់បានប្រព្រឹត្តខុសនិងត្រូវការដោះស្រាយបញ្ហា។ ជាការល្អដោយប្រព្រឹត្តយ៉ាងឆាប់ ដោយមិនអនុញ្ញាតឲ្យរឿងនេះក្លាយទៅជាធ្ងន់ធ្ងរ ឬក៏អនុញ្ញាតឲ្យអាកប្បកិរិយារបស់គាត់ក្លាយទៅជាចាក់ឫស។ ហើយកុំឲ្យភ្លេចថា ការរំពឹងគិតលើរឿងនេះក៏អាចធ្វើឲ្យអន្តរាយដល់អ្នកដែរ។ ដោយព្រោះការពិគ្រោះគឺរវាងអ្នកនិងគាត់ នោះចូរទប់ទល់ពីការនិយាយប្រាប់អ្នកដទៃមុននោះ ដើម្បីឲ្យមានសមានចិត្ត ឬធ្វើឲ្យបានប្រសើរដល់ខ្លួនអ្នកនោះ។ (សុភាសិត ១២:២៥; ១៧:៩) ហេតុអ្វី? នេះគឺដោយព្រោះគោលដៅរបស់អ្នក។
១០. តើអ្វីដែលនឹងជួយយើងឲ្យបានបងប្អូនរបស់យើងមកវិញ?
១០ គោលដៅរបស់អ្នកគួរតែឲ្យបានបងប្អូនរបស់អ្នក មិនមែនដើម្បីដាក់ទារុណកម្ម ធ្វើឲ្យអាម៉ាស់មុខឬធ្វើឲ្យសៅហ្មងដល់គាត់នោះទេ។ ប្រសិនបើគាត់បានប្រព្រឹត្តខុសមែនទែន នោះគឺទំនាក់ទំនងរបស់គាត់ជាមួយនឹងព្រះយេហូវ៉ា គឺអាចមានគ្រោះថ្នាក់។ អ្នកប្រាកដជាចង់ទុកគាត់ជាបងប្អូនគ្រីស្ទានរបស់អ្នក។ ដំណើរនៃការជោគជ័យនឹងបានបន្ថែម ប្រសិនបើការពិគ្រោះនៅដាច់ពីគេ នោះអ្នកមិនឆេវឆាវ ហើយជៀសវាងពាក្យដ៏ទ្រគោះ ឬប្រើសម្លេងដោយចោទប្រកាន់នោះ។ នៅក្នុងការប្រឈមមុខដែលប្រកបដោយសេចក្ដីស្រឡាញ់នេះ ចូរចងចាំថាអ្នកទាំងពីរជាមនុស្សមិនគ្រប់ល័ក្ខណ៍ ជាមនុស្សដែលមានបាប។ (រ៉ូម ៣:២៣, ២៤) កាលដែលគាត់ដឹងថាអ្នកមិនបាននិយាយដើមគាត់ ហើយឃើញថាអ្នកចង់ជួយដោយស្មោះ នោះប្រហែលជាឆាប់រកឃើញការដោះស្រាយ។ ការធ្វើបែបនេះ ដែលបង្ហាញនូវចិត្តសប្បុរសនិងច្បាស់លាស់នេះ ជាពិសេសនឹងបង្ហាញនូវប្រាជ្ញា បើឃើញថាអ្នកទាំងពីរមានកំហុសមួយចំនួន ឬក៏ថាការយល់ខុសគឺពិតជាដើមឫសនៃរឿងនោះ។—សុភាសិត ២៥:៩, ១០; ២៦:២០; យ៉ាកុប ៣:៥, ៦
១១. ទោះជាអ្នកប្រព្រឹត្តខុសមិនស្ដាប់យើងក៏ដោយ តើយើងប្រហែលជាអាចធ្វើអ្វី?
១១ ប្រសិនបើអ្នកជួយគាត់ឃើញថាការខុសនេះបានកើតឡើង ហើយថានេះគឺធ្ងន់ធ្ងរ នោះប្រហែលជាគាត់នឹងបានត្រូវជំរុញឲ្យប្រែចិត្ត។ ប៉ុន្តែ ហេតុការណ៍មែនទែន គឺចិត្តមានះអាចជាឧបសគ្គមួយ។ (សុភាសិត ១៦:១៨; ១៧:១៩) ដូច្នេះទោះជាមុននេះ គាត់មិនសារភាពនូវកំហុសនិងប្រែចិត្តក៏ដោយ នោះអ្នកអាចផ្អាកមុននឹងយករឿងនេះទៅមុខទៀត។ ព្រះយេស៊ូមិនបានមានបន្ទូលថា‹ទៅតែម្ដងហើយបន្ទោសគាត់នោះទេ›។ ដោយព្រោះនេះជាការប្រព្រឹត្តអំពើបាបដែលអ្នកអាចដោះស្រាយបាន នោះចូរពិចារណានូវការនិយាយទៅរកគាត់ តាមគតិនៅកាឡាទី ៦:១ និង«នៅក្រោមភ្នែកបួន»។ នោះអ្នកប្រហែលជាបានជោគជ័យ។ (ប្រៀបមើល យូដាស ២២, ២៣) ក៏ប៉ុន្តែ ចុះយ៉ាងណាវិញ បើអ្នកជឿថាការប្រព្រឹត្តបាបបានកើតឡើង ហើយគាត់នឹងមិនតបវិញនោះ?
ទទួលជំនួយដែលមានគំនិតចាស់ទុំ
១២, ១៣. (ក) តើអ្វីជាជំហានទីពីរ ដែលព្រះយេស៊ូបានប្រទានមកដើម្បីដោះស្រាយនឹងកំហុស? (ខ) តើអ្វីជាឱវាទសមហេតុផលក្នុងការអនុវត្តតាមជំហាននេះ?
១២ តើអ្នកចង់ឲ្យអ្នកដទៃបោះបង់អ្នកចោលភ្លាម ប្រសិនបើអ្នកមានទោសនៃការប្រព្រឹត្តអំពើខុសដ៏ធ្ងន់ធ្ងរនោះឬ? គឺអត់ទាល់តែសោះ។ ដោយហេតុនេះ ព្រះយេស៊ូបានបង្ហាញថាអ្នកមិនគួរចុះចាញ់ក្រោយពីជំហានទីមួយនោះទេ ដើម្បីឲ្យបានបងប្អូនរបស់អ្នក ដោយរក្សាទុកគាត់ឲ្យនៅជាមួយអ្នក និងអ្នកដទៃទៀតក្នុងការបំរើព្រះដែលទ្រង់យល់ព្រម។ ព្រះយេស៊ូបានប្រទាននូវជំហានទីពីរ ដែលថា៖ «តែបើគាត់មិនព្រមស្ដាប់ទេ នោះត្រូវយកមនុស្សម្នាក់ឬ២នាក់ទៅជាមួយ ដើម្បីនឹងបញ្ជាក់គ្រប់ទាំងពាក្យ ដោយសារស្មរបន្ទាល់២ឬ៣នាក់»។
១៣ ទ្រង់បានមានបន្ទូលថាឲ្យយក«មនុស្សម្នាក់ឬ២នាក់ទៅជាមួយ»។ ទ្រង់មិនបានមានបន្ទូលថា ក្រោយពីបានធ្វើនៅជំហានទីមួយហើយ នោះអ្នកមានសិទ្ធិនឹងពិគ្រោះបញ្ហានោះជាមួយមនុស្សជាច្រើនទៀត ទៅជួបអ្នកត្រួតពិនិត្យ ឬក៏សរសេរទៅបងប្អូនឯទៀតអំពីបញ្ហានេះឡើយ។ ទោះជាអ្នកប្រហែលបានជឿស៊ប់អំពីកំហុសនេះក៏ដោយ តែបញ្ហានេះគឺមិនទាន់បានស្ថាបនាដ៏ពេញលេញនោះឡើយ។ អ្នកនឹងមិនត្រូវផ្សាយពត៌មានដ៏អវិជ្ជមាននេះ ដែលអាចក្លាយទៅជាការនិយាយបង្កាច់គេ។ (សុភាសិត ១៦:២៨; ១៨:៨) ប៉ុន្តែ ព្រះយេស៊ូបានមានបន្ទូលថាឲ្យយកមនុស្សមួយឬពីរនាក់។ ហេតុអ្វី? ហើយតើពួកគេជានរណា?
១៤. តើយើងអាចយកអ្នកណាទៅជាមួយសំរាប់ជំហានទីពីរនេះ?
១៤ អ្នកខំឲ្យបានបងប្អូនរបស់អ្នក ដោយធ្វើឲ្យគាត់ជឿថាអំពើបាបបានប្រព្រឹត្តឡើង ហើយដោយជំរុញឲ្យគាត់ប្រែចិត្ត ដើម្បីឲ្យមានសន្ដិភាពជាមួយនឹងអ្នកនឹងព្រះ។ ដើម្បីសម្រេចការនេះ ស្ថានការណ៍ដ៏ល្អគឺប្រសិនបើ«មនុស្សម្នាក់ឬ២នាក់» បានឃើញហេតុការណ៍ពិតចំពោះការប្រព្រឹត្តខុសនេះ។ ប្រហែលជាពួកគេមានវត្តមាន ពេលដែលរឿងនេះបានកើតឡើង ឬក៏ពួកគេមានពត៌មានដែលមានសុពលភាពនូវអ្វីដែលបានធ្វើ (ឬមិនបានធ្វើ)នៅក្នុងបញ្ហាខាងពាណិជ្ជកម្ម។ ប្រសិនបើមិនមានកសិណសាក្សីបែបនេះទេ អស់អ្នកដែលអ្នកយកមកជាមួយ ប្រហែលជាមានពិសោធន៍ក្នុងប្រធាននេះ ហើយក៏អាចស្ថាបនាថាអ្វីបានកើតឡើង គឺពិតជាខុសមែនទែន។ ម្យ៉ាងវិញទៀត ប្រសិនបើត្រូវការនៅពេលក្រោយនោះ ពួកគេក៏អាចទៅជាកសិណសាក្សីនូវអ្វីដែលបាននិយាយនេះ ដើម្បីឲ្យហេតុការណ៍ពិតបានត្រូវបង្ហាញ និងការខំប្រឹងខ្នះខ្នែងបានធ្វើឡើង។ (ជនគណនា ៣៥:៣០; ចោទិយកថា ១៧:៦) ដូច្នេះពួកគេមិនគ្រាន់តែជាពួកដែលនៅអព្យាក្រឹត ឬពួកអាជ្ញាកណ្ដាលនោះទេ ក៏ប៉ុន្តែ ដោយពួកគេមានវត្តមាន គឺដើម្បីជួយឲ្យបានបងប្អូនរបស់អ្នកនិងរបស់ពួកគេដែរ។
១៥. ហេតុអ្វីក៏ពួកចាស់ទុំអាចសឲ្យឃើញជាមានប្រយោជន៍ ប្រសិនបើយើងត្រូវធ្វើតាមជំហានទីពីរនោះ?
១៥ អ្នកមិនចាំបាច់គិតថា អស់អ្នកដែលអ្នកយកមកជាមួយ ត្រូវតែជាពួកអ្នកចាស់ទុំនៅក្នុងក្រុមជំនុំនោះទេ។ ក៏ប៉ុន្តែ ពួកបុរសដែលមានគំនិតចាស់ទុំប្រហែលជាអាចជួយធ្វើការនេះបាន ដោយគុណវុឌ្ឍិខាងវិញ្ញាណរបស់គេនោះ។ ពួកអ្នកចាស់ទុំបែបនេះគឺ«ដូចជាទីបាំងឲ្យរួចពីខ្យល់ នឹងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា ដូចផ្លូវទឹកហូរនៅទីហួតហែង ហើយដូចជាម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ»។ (អេសាយ ៣២:១, ២) ពួកគេមានបទពិសោធន៍ក្នុងការវែកញែកនិងតំរង់បងប្អូនប្រុសស្រី។ ហើយមនុស្សប្រព្រឹត្តអាក្រក់ម្នាក់មានមូលហេតុល្អក្នុងការមានការទុកចិត្តលើ‹អំណោយទានជាមនុស្ស›បែបនេះ។ * (អេភេសូរ ៤:៨, ១១, ១២) ការនិយាយអំពីរឿងនេះដោយមានវត្តមាននៃពួកបុរសដែលមានគំនិតចាស់ទុំបែបនេះ ហើយចូលរួមនឹងសេចក្ដីអធិស្ឋានជាមួយពួកគេ អាចបង្កើតឲ្យមានបរិយាកាសថ្មី ហើយអាចដោះស្រាយអ្វីដែលហាក់ដូចជាមិនអាចដោះស្រាយបាននោះ។—ប្រៀបមើល យ៉ាកុប ៥:១៤, ១៥
ការខំប្រឹងចុងក្រោយដើម្បីឲ្យបានគាត់មកវិញ
១៦. តើអ្វីជាជំហានទីបីដែលព្រះយេស៊ូបានប្រទានឲ្យនោះ?
១៦ ប្រសិនបើឥតបានជោគជ័យនឹងជំហានទីពីរ ដើម្បីដោះស្រាយ បញ្ហានោះ អ្នកត្រួតពិនិត្យក្នុងក្រុមជំនុំគឺច្បាស់ជានឹងចូលរួមនៅក្នុងជំហានទីបី។ «បើគាត់មិនព្រមស្ដាប់[មនុស្សម្នាក់ឬ២នាក់]នោះទេ នោះត្រូវតែប្រាប់ដល់ពួកជំនុំ ហើយបើមិនព្រមស្ដាប់ពួកជំនុំទៀត នោះត្រូវតែរាប់គាត់ទុកជាអ្នកក្រៅសាសន៍ ឬជាអ្នកយកពន្ធវិញ»។ តើនេះជាប់ទាក់ទងអ្វីខ្លះ?
១៧, ១៨. (ក) តើលំនាំអ្វីដែលជួយយើងឲ្យយល់នូវសារៈសំខាន់នៃ‹ការនិយាយជាមួយនឹងក្រុមជំនុំ›? (ខ) តើយើងអនុវត្តតាមជំហាននេះសព្វថ្ងៃយ៉ាងដូចម្ដេច?
១៧ យើងមិនចាត់ទុករឿងនេះ ជាសេចក្ដីបង្គាប់ដើម្បីលើកអំពើបាបឬកំហុសមកនិយាយនៅឯកិច្ចប្រជុំឬកិច្ចប្រជុំពិសេស ក្នុងក្រុមជំនុំទាំងមូលនោះឡើយ។ យើងអាចសម្រេចដំណើរនេះតាមទម្រង់ការណ៍សមហេតុផលពីព្រះបន្ទូលរបស់ព្រះ។ ចូរមើលនូវអ្វីដែលបានសម្រេចនៅក្នុងអ៊ីស្រាអែលពីសម័យបុរាណ ស្តីអំពីករណីខាងការបះបោរ ការល្មោភស៊ី និងប្រមឹក៖ «បើអ្នកណាមានកូនដែលចចេសរឹងរូស មិនព្រមចុះចូលស្ដាប់តាមបង្គាប់ឪពុកម្ដាយសោះ ហើយទោះបើឪពុកម្ដាយវាយស្តីប្រដៅ គង់តែវាមិនចេះរាងចាលដែរ នោះត្រូវឲ្យឪពុកម្ដាយនាំយកទៅឯពួកចាស់ទុំនៃទីក្រុងនោះ នៅត្រង់ទ្វារក្រុងរបស់គេ រួចត្រូវជំរាបដល់ពួកចាស់ទុំនៃក្រុងនោះថា កូនយើងខ្ញុំនេះវាចចេស ហើយរឹងរូស មិនព្រមស្ដាប់បង្គាប់យើងខ្ញុំសោះ វាក៏ល្មោភស៊ីផឹក ហើយស្រវឹងខួបផង នោះត្រូវឲ្យបណ្ដាមនុស្សនៅទីក្រុងនោះទាំងប៉ុន្មាន ចោលសំឡាប់វានឹងថ្មទៅ»។—ចោទិយកថា ២១:១៨-២១
១៨ អំពើបាបរបស់បុរសនោះ មិនបានត្រូវឮឬបានវិនិច្ឆ័យដោយសាសន៍ទាំងមូល ឬដោយមនុស្សទាំងអស់ក្នុងកុលសម្ព័ន្ធនោះឡើយ។ ផ្ទុយទៅវិញ «ពួកចាស់ទុំ»ដែលបានត្រូវអនុញ្ញាតនោះបានដោះស្រាយរឿងនេះ ជាអ្នកតំណាងនៃក្រុមជំនុំ។ (ប្រៀបមើល ចោទិយកថា ១៩:១៦, ១៧ អំពីករណីមួយដែលបានដោះស្រាយដោយ‹ពួកសង្ឃនិងពួកចៅក្រម ដែលបានធ្វើជាប្រធានស្តីទីនៅសម័យនោះ›)។ ស្រដៀងគ្នាសព្វថ្ងៃនេះដែរ នៅពេលដែលត្រូវការចាំបាច់យកជំហានទីបី នោះពួកអ្នកចាស់ទុំដែលតំណាងក្រុមជំនុំនោះ នឹងដោះស្រាយបញ្ហានេះ។ គោលដៅរបស់គេគឺដូចគ្នា ដើម្បីឲ្យបានបងប្អូនគ្រីស្ទានវិញ បើអាចធ្វើទៅ បាន។ ពួកគេសម្ដែងនូវគតិនេះដោយបង្ហាញភាពសមរម្យ ដោយឥតវិនិច្ឆ័យករណីនេះទុកជាមុន ឬដោយកាន់ជើងម្ខាងឡើយ។
១៩. តើពួកអ្នកចាស់ទុំដែលបានចាត់ចែងឲ្យឮរឿងនេះខំប្រឹងធ្វើអ្វី?
១៩ ពួកគេនឹងខំថ្លឹងថ្លែងនូវហេតុការណ៍ពិត និងស្ដាប់ពួកសាក្សីដែលត្រូវការ ដើម្បីស្ថាបនាថាតើអំពើបាបបានកើតឡើងពិតមែន (ឬបន្តកើតឡើងនោះ)។ ពួកគេចង់ការពារក្រុមជំនុំពីការពុករលួយ និងទុកវិញ្ញាណរបស់លោកីយ៍នេះនៅខាងក្រៅ។ (កូរិនថូសទី១ ២:១២; ៥:៧) ស្របទៅតាមគុណវុឌ្ឍិក្នុងបទគម្ពីរ នោះពួកគេនឹងខំប្រឹង«កំសាន្តចិត្តគេ ដោយសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ហើយឲ្យបានផ្ចាញ់ដល់ពួកអ្នកដែល ស្រដីទទឹង»។ (ទីតុស ១:៩) ដោយគួរឲ្យសង្ឃឹម នោះអ្នកប្រព្រឹត្តខុសនឹងមិនដូចពួកអ៊ីស្រាអែល ដែលព្យាការីរបស់ព្រះយេហូវ៉ាបានសរសេរអំពីនោះថា៖ «អញបានហៅ នោះឯងរាល់គ្នាមិនបានឆ្លើយសោះ ហើយកាលអញបាននិយាយ នោះឯងរាល់គ្នាមិនបានឮឡើយ គឺឯងរាល់គ្នាបានប្រព្រឹត្តអំពើដែលអាក្រក់នៅភ្នែកអញ ហើយបានរើសយករបស់ដែលអញមិនចូលចិត្តវិញ»។—អេសាយ ៦៥:១២
២០. តើព្រះយេស៊ូមានបន្ទូលថាអ្វីនឹងត្រូវតែកើតឡើង បើអ្នកប្រព្រឹត្តអំពើបាបមិនព្រមស្ដាប់ហើយប្រែចិត្តនោះ?
២០ ប៉ុន្តែ គឺមានករណីខ្លះៗ ដែលអ្នកប្រព្រឹត្តអំពើបាបម្នាក់សម្ដែងនូវអាកប្បកិរិយាដូចនេះ។ បើអ៊ីចឹងមែន សេចក្ដីណែនាំរបស់ព្រះយេស៊ូគឺច្បាស់លាស់ណាស់ ដែលថា៖ «នោះត្រូវតែរាប់គាត់ទុកជាអ្នកក្រៅសាសន៍ ឬជាអ្នកយកពន្ធវិញ»។ ព្រះអម្ចាស់មិនបានអនុសាសន៍ធ្វើជាឥតមានមេត្ដាឬចង់ធ្វើឲ្យមានការឈឺចាប់ណានោះទេ។ ប៉ុន្តែ គឺគ្មានការយល់ច្រឡំនឹងសេចក្ដីណែនាំរបស់ប៉ុលឡើយ ក្នុងការបណ្ដេញចេញពួកប្រព្រឹត្តអំពើបាបដែលមិនប្រែចិត្តពីក្រុមជំនុំនោះ។ (កូរិនថូសទី១ ៥:១១-១៣) សូម្បីតែធ្វើនេះ ប្រហែលជានៅក្រោយបំផុត នឹងជាគោលដៅនៃការឲ្យបានអ្នកប្រព្រឹត្តអំពើបាបមកវិញ។
២១. តើនៅមានលទ្ធភាពអ្វីចំពោះអ្នកដែលបានត្រូវបណ្ដេញចេញពីក្រុមជំនុំនោះ?
២១ យើងអាចឃើញនូវលទ្ធភាពនេះពីរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ អំពីកូនបង្ហិនទ្រព្យ។ ដូចបានបញ្ជាក់ឲ្យឃើញនោះ ក្រោយពីរស់នៅខាងក្រៅនៃការរាប់អានដ៏ស្រឡាញ់ពីផ្ទះរបស់ឪពុកគាត់ មួយរយៈមក នោះអ្នកប្រព្រឹត្តបាបនេះក៏«ភ្ញាក់ដឹងខ្លួន»។ (លូកា ១៥:១១-១៨) ប៉ុលបានរៀបរាប់ប្រាប់ធីម៉ូថេថានៅក្រោយមក នោះអ្នកប្រព្រឹត្តអាក្រក់ខ្លះនឹងប្រែចិត្ត និង«ភ្ញាក់ដឹងខ្លួនឡើង ចេញផុតពីអន្ទាក់របស់អារក្ស»។ (ធីម៉ូថេទី២ ២:២៤-២៦) យើងប្រាកដជាសង្ឃឹមថា អស់អ្នកណាដែលប្រព្រឹត្តបាបដោយឥតប្រែចិត្ត ហើយត្រូវតែបណ្ដេញចេញពីក្រុមជំនុំ នឹងដឹងថាខ្លួនបានបាត់បង់នូវការយល់ព្រមរបស់ព្រះ និងមិត្តភាពដ៏កក់ក្ដៅហើយការរាប់អានជាមួយពួកគ្រីស្ទានដែលមានចិត្តស្មោះត្រង់ នោះក្រោយមកនឹងភ្ញាក់ដឹងខ្លួន។
២២. តើតាមរបៀបណាដែលយើងប្រហែលជានៅបានបងប្អូនរបស់យើងវិញ?
២២ ព្រះយេស៊ូមិនបានចាត់ទុកមនុស្សជាអ្នកក្រៅសាសន៍ ឬជាអ្នកយកពន្ធ ដូចជាមិនអាចលោះបាននោះឡើយ។ អ្នកយកពន្ធម្នាក់ឈ្មោះម៉ាថាយលេវី បានប្រែចិត្ត ‹បានកាន់តាមព្រះយេស៊ូ›ដោយស្មោះ ហើយព្រមទាំងបានរើសតាំងជាសាវ័កម្នាក់ផង។ (ម៉ាកុស ២:១៥; លូកា ១៥:១) ហេតុដូច្នេះហើយ ប្រសិនបើអ្នកប្រព្រឹត្តបាបម្នាក់សព្វថ្ងៃនេះ«មិនព្រមស្ដាប់ពួកជំនុំទៀត» ហើយបានត្រូវបណ្ដេញចេញពីក្រុមជំនុំ យើងអាចចាំមើលថាតើគាត់ នៅក្រោយមក នឹងប្រែចិត្តហើយដើរតាមផ្លូវត្រង់បានទេ។ នៅពេលដែលគាត់ធ្វើអ៊ីចឹង ហើយជាសមាជិកនៃក្រុមជំនុំវិញ នោះយើងនឹងមានចិត្តសប្បាយ ដែលបានគាត់ជាបងប្អូនមកវិញនៃការថ្វាយបង្គំពិត។
[កំណត់សម្គាល់]
^ សព្វវចនាធិប្បាយរបស់ម៉ាក់ឃ្លីនថុកនិងលោកស្ត្រង ចែងថា៖ «ពួកអ្នកហូតផាស៊ី [ពួកអ្នកយកពន្ធ]នៃសញ្ញាថ្មីបានត្រូវចាត់ទុកជាពួកជនក្បត់ និងពួកបះបោរជំនឿ ដែលបានធ្វើឲ្យខូចដោយការសេពគប់ដ៏ញឹកញាប់ជាមួយនឹងមនុស្សក្រៅសាសនា ដែលសុខចិត្តធ្វើជាមនុស្សរបស់ពួកអ្នកជិះជាន់។ ពួកគេបានត្រូវរាប់ទុកជាមួយនឹងពួកមានបាប . . . ដែលនៅដាច់ពីគេ ពួកបុគ្គលដែលមានជីវិតសមរម្យនឹងមិនសេពគប់ជាមួយពួកអ្នកយកពន្ធ តែពួកមិត្តភក្ដិរបស់គេឬគូកនគឺមានក្នុងចំណោមពួកដែលត្រូវគេបន្សាត់ចោល»។
^ រឿងខាងពាណិជ្ជកម្មឬក៏ខាងប្រាក់កាសដែលទាក់ទងនឹងការបោកបញ្ឆោត ការបន្លំលួច ឬក៏ការបន្លំមួយកំរិត ក៏អាចរួមបញ្ចូលបាបម្យ៉ាងដែលព្រះយេស៊ូចង់សំដៅនោះ។ ជាការបង្ហាញ ក្រោយពីបានប្រទាននូវការណែនាំដែលបានកត់ទុកនៅ ម៉ាថាយ ១៨:១៥-១៧ នោះព្រះយេស៊ូបានប្រទាននូវរឿងប្រៀបប្រដូចនៃអ្នកបំរើ (និយោជិត) ដែលបានជំពាក់ប្រាក់ ហើយមិនបានសងវិញនោះ។
^ អ្នកប្រាជ្ញខាងព្រះគម្ពីរម្នាក់បានមានប្រសាសន៍ថា៖ «នៅពេលខ្លះ គឺអ្នកប្រព្រឹត្តអាក្រក់នឹងសុខចិត្តស្ដាប់តាមឱវាទរបស់មនុស្សពីរឬបីនាក់ (ជាពិសេសបើពួកគេជាមនុស្សដែលសមទទួលការគោរព) ជាជាងមានមនុស្សតែមួយនាក់ ជាពិសេសប្រសិនបើបុគ្គលនោះ ជាបុគ្គលដែលគាត់មានគំនិតទាស់ទែងនោះ»។
តើអ្នកនឹកចាំឬទេ?
◻ យ៉ាងសំខាន់បំផុត តើម៉ាថាយ ១៨:១៥-១៧ ទាក់ទងនឹងអំពើបាបបែបណា?
◻ តើយើងគួរចងចាំអ្វី បើយើងត្រូវតែយកជំហានទីមួយនោះ?
◻ តើអ្នកណាដែលប្រហែលជាអាចជួយ បើយើងត្រូវតែយកជំហានទីពីរនោះ?
◻ តើទាក់ទងនរណាខ្លះក្នុងការយកជំហានទីបី ហើយតើតាមរបៀបណាដែលយើងនឹងបានបងប្អូនយើងមកវិញនោះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៩]
ភាគច្រើនយើងអាចដោះស្រាយរឿងមួយ«នៅក្រោមភ្នែកបួន»
[រូបភាពនៅទំព័រ៣១]
ពួកយូដាបានជៀសវាងពួកយកពន្ធ។ ម៉ាថាយបានប្រែចិត្តពីផ្លូវរបស់គាត់ ហើយបានកាន់តាមព្រះយេស៊ូ