ចូរនឹកចាំព្រះជាអ្នកបង្កើតដ៏ខ្ពស់ថ្កើងរបស់អ្នក!
ចូរនឹកចាំព្រះជាអ្នកបង្កើតដ៏ខ្ពស់ថ្កើងរបស់អ្នក!
«ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន . . . មុនដែលអស់ទាំងថ្ងៃអាក្រក់មកដល់»។—សាស្ដា ១២:១
១. តើយុវជនដែលបានថ្វាយខ្លួនជូនព្រះគួរតែចង់ប្រើយុវភាពនិងកម្លាំងរបស់គេ យ៉ាងដូចម្ដេច?
ព្រះយេហូវ៉ាប្រទានឲ្យកម្លាំងដល់ពួកអ្នកបំរើរបស់ទ្រង់ ដើម្បីនឹងធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។ (អេសាយ ៤០:២៨-៣១) នេះគឺត្រឹមត្រូវមិនថាពួកគេមានអាយុប៉ុន្មាននោះឡើយ។ ក៏ប៉ុន្តែ យុវជនដែលបានថ្វាយខ្លួនជូនព្រះ ជាពិសេសគួរតែចង់ប្រើយុវភាពនិងកម្លាំងរបស់គេដោយប្រាជ្ញា។ ដូច្នេះ ពួកគេយកចិត្តទុកដាក់នឹងឱវាទរបស់«គ្រូប្រដៅ» ដែលជាស្តេចសាឡូម៉ូននៅអ៊ីស្រាអែលពីសម័យបុរាណ។ ទ្រង់បានដាស់តឿនថា៖ «ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង មុនដែលអស់ទាំងថ្ងៃអាក្រក់មកដល់ ហើយអស់ទាំងឆ្នាំមកជិត ដែលឯងនឹងថា ‹អញអស់សប្បាយហើយ›»។—សាស្ដា ១:១; ១២:១
២. តើកូនៗរបស់ពួកគ្រីស្ទានដែលបានថ្វាយខ្លួន គួរតែធ្វើអ្វី?
២ សេចក្ដីដាស់តឿនរបស់ស្តេចសាឡូម៉ូន ក្នុងការឲ្យនឹកចាំព្រះជាអ្នកបង្កើតដ៏ខ្ពស់ថ្កើងក្នុងកាលមានអាយុក្មេង នោះដំបូងបានត្រូវសំដៅទៅយុវជននិងយុវនារីនៅប្រទេសអ៊ីស្រាអែល។ ពួកគេបានកើតក្នុងសាសន៍មួយដែលបានថ្វាយខ្លួនជូនព្រះយេហូវ៉ា។ ចុះយ៉ាងណាវិញ ចំពោះកូនក្មេងរបស់ពួកគ្រីស្ទានដែលបានថ្វាយខ្លួនសព្វថ្ងៃនេះ? យ៉ាងប្រាកដណាស់ ពួកគេគួរនឹកចាំព្រះជាអ្នកបង្កើតដ៏ខ្ពស់ថ្កើងរបស់គេ។ ប្រសិនបើគេធ្វើអ៊ីចឹង នោះពួកគេនឹងឲ្យកិត្ដិយសដល់ទ្រង់ និងទទួលប្រយោជន៍ខ្លួនគេដែរ។—អេសាយ ៤៨:១៧, ១៨
គំរូដ៏ល្អពីអតីតកាល
៣. តើយ៉ូសែប សាំយូអែល និងដាវីឌបានទុកគំរូយ៉ាងណា?
៣ យុវជនជាច្រើននៅសម័យព្រះគម្ពីរ ទុកគំរូដ៏ល្អ ជាពួកអ្នកដែលបាននឹកចាំព្រះជាអ្នកបង្កើតដ៏ខ្ពស់ថ្កើងរបស់គេ។ តាំងពីបឋមវ័យ នោះយ៉ូសែបដែលជាកូនរបស់យ៉ាកុប បាននឹកចាំព្រះដ៏ជាអ្នកបង្កើតរបស់គាត់។ នៅពេលដែលប្រពន្ធរបស់ប៉ូទីផារបានល្បួងយ៉ូសែប ឲ្យប្រព្រឹត្តអំពើឥតសីលធម៌ជាមួយនឹងនាង នោះគាត់បានបដិសេធយ៉ាងម៉ឺងម៉ាត់ ហើយបានមានប្រសាសន៍ថា៖ «ធ្វើដូចម្ដេចឲ្យខ្ញុំប្រព្រឹត្តការដែលអាក្រក់យ៉ាងធំនេះទៅបាន ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះផង»? (លោកុប្បត្តិ ៣៩:៩) សាំយូអែលដែលមកពីកុលសម្ព័ន្ធលេវី បាននឹកចាំព្រះដ៏ជាអ្នកបង្កើតរបស់ខ្លួន មិនគ្រាន់តែពេលនៅជាកុមារភាពប៉ុណ្ណោះទេ ប៉ុន្តែបាននឹកចាំអស់មួយជីវិតរបស់គាត់។ (សាំយូអែលទី១ ១:២២-២៨; ២:១៨; ៣:១-៥) ដាវីឌជាកុមារពីក្រុងបេថ្លេហិម ប្រាកដជាបាននឹកចាំព្រះដ៏ជាអ្នកបង្កើតរបស់គាត់ហើយ។ ការទុកចិត្តរបស់គាត់លើព្រះ បានឃើញជាក់ស្តែងពេលដែលគាត់បានប្រឈមមុខនឹងកូលីយ៉ាតដ៏ធំដូចយក្ស ពីសាសន៍ភីលីស្ទីន ហើយបានប្រកាសថា៖ «ចំណែកឯង បានមកឯអញ ទាំងកាន់ដាវកាន់លំពែង ហើយនឹងដែកពួយផង តែឯអញវិញ អញមកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះនៃពួកពលសាសន៍អ៊ីស្រាអែល ដែលឯងបានប្រកួតនឹងគេនោះ។ នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងប្រគល់ឯង មកក្នុងកណ្ដាប់ដៃនៃអញហើយ អញនឹងវាយឯង ហើយនឹងកាត់យកក្បាលឯងទៅ . . . ដើម្បីឲ្យផែនដីទាំងមូលបានដឹងថា មានព្រះនៅខាងពួកអ៊ីស្រាអែលពិត ហើយឲ្យជំនុំមនុស្សទាំងនេះ បានដឹងថា ព្រះយេហូវ៉ាទ្រង់មិនជួយសង្គ្រោះដោយសារដាវឬលំពែងទេ ដ្បិតចំបាំងនេះស្រេចនៅព្រះយេហូវ៉ាវិញ គឺទ្រង់នឹងប្រគល់ឯងរាល់គ្នាមកក្នុងកណ្ដាប់ដៃនៃយើង»។ មិនយូរប៉ុន្មានក្រោយមក នោះកូលីយ៉ាតបានស្លាប់ទៅ ហើយពួកភីលីស្ទីនក៏បានរត់អស់រលីងទៅ។—សាំយូអែលទី១ ១៧:៤៥-៥១
៤. (ក) តើអ្វីដែលបង្ហាញថាក្មេងស្រីជនជាតិអ៊ីស្រាអែលម្នាក់ដែលជាឈ្លើយនៅក្នុងប្រទេសស៊ីរី និងយុវស្តេចព្រះនាមយ៉ូសៀស បាននឹកចាំព្រះជាអ្នកបង្កើតដ៏ខ្ពស់ថ្កើងរបស់យើងនោះ? (ខ) តើតាមរបៀបណាដែលព្រះយេស៊ូដែលមានព្រះជន្ម១២ព្រះវង្សា បានបង្ហាញថាទ្រង់បាននឹកចាំព្រះដ៏ជាអ្នកបង្កើតរបស់ទ្រង់នោះ?
៤ យុវបុគ្គលម្នាក់ទៀតដែលបាននឹកចាំព្រះជាអ្នកបង្កើតដ៏ខ្ពស់ថ្កើង នោះគឺក្មេងស្រីជនជាតិអ៊ីស្រាអែលម្នាក់ដែលជាឈ្លើយ។ នាងបានធ្វើបន្ទាល់យ៉ាងល្អដល់ម្ល៉េះជូនភរិយារបស់ណាម៉ាន់ ដែលជាមេទ័ពពួកសាសន៍ស៊ីរី ដែលលោកបានទៅឯព្យាការីរបស់ព្រះ ហើយបានត្រូវប្រោសឲ្យជាពីជម្ងឺឃ្លង់ ហើយក៏បានក្លាយទៅជាអ្នកបំរើម្នាក់របស់ព្រះយេហូវ៉ា។ (ពង្សាវតារក្សត្រទី២ ៥:១-១៩) យុវស្តេចព្រះនាមយ៉ូសៀសបានលើកដំកើងយ៉ាងក្លាហាន នូវការថ្វាយបង្គំបរិសុទ្ធរបស់ព្រះយេហូវ៉ា។ (ពង្សាវតារក្សត្រទី២ ២២:១–២៣:២៥) ក៏ប៉ុន្តែគំរូដ៏ល្អបំផុតអំពីបុគ្គលដែលបាននឹកចាំព្រះជាអ្នកបង្កើតដ៏ខ្ពស់ថ្កើងរបស់ខ្លួន ក្នុងកាលដែលមានអាយុនៅក្មេងខ្ចីនៅឡើយ គឺព្រះយេស៊ូពីភូមិណាសារ៉ែត។ ចូរពិចារណាមើលនូវអ្វីដែលបានកើតឡើង ពេលទ្រង់មានព្រះជន្ម១២ព្រះវង្សា។ មាតាបិតារបស់ទ្រង់បានយកទ្រង់ទៅទីក្រុងយេរូសាឡិម ដើម្បីធ្វើបុណ្យរំលង។ ពេលធ្វើដំណើរត្រឡប់មកវិញ នោះពួកគាត់បានកត់សម្គាល់ថាបានបាត់ព្រះយេស៊ូ ដូច្នេះពួកគាត់ក៏ត្រឡប់ទៅរកទ្រង់វិញ។ នៅថ្ងៃទីបី ពួកគាត់បានរកឃើញទ្រង់កំពុងតែពិគ្រោះសំនួរបទគម្ពីរ ជាមួយនឹងពួកគ្រូអាចារ្យនៅឯព្រះវិហារ។ ក្នុងការតបឆ្លើយនឹងការសួរដ៏ខ្វល់ខ្វាយរបស់មាតាទ្រង់ នោះព្រះយេស៊ូបានសួរថា៖ «អ្នកម្ដាយរកខ្ញុំធ្វើអី តើមិនជ្រាបថា គួរឲ្យខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះវរបិតានៃខ្ញុំទេឬអី»? (លូកា ២:៤៩) ការទទួលពត៌មានដែលមានតម្លៃខាងវិញ្ញាណនៅឯព្រះវិហារ ដែលជា‹ដំណាក់របស់ព្រះវរបិតាទ្រង់› គឺបានមានប្រយោជន៍ចំពោះព្រះយេស៊ូ។ សព្វថ្ងៃនេះសាលព្រះរាជាណាចក្ររបស់ព្រះយេហូវ៉ា គឺជាកន្លែងដ៏ប្រសើរណាស់ ដើម្បីទទួលចំណេះត្រឹមត្រូវអំពីព្រះជាអ្នកបង្កើតដ៏ខ្ពស់ថ្កើងរបស់យើង។
ចូរនឹកចាំព្រះយេហូវ៉ាឥឡូវនេះ!
៥. តាមពាក្យសំដីរបស់អ្នក តើអ្នកនឹងសម្ដែងយោបល់យ៉ាងណា នូវអ្វីដែលគ្រូប្រដៅបានមានបន្ទូលមកក្នុងសាស្ដា ១២:១?
៥ អ្នកថ្វាយបង្គំដ៏អស់ពីដួងចិត្តរបស់ព្រះយេហូវ៉ា មានសេចក្ដីប្រាថ្នាចង់ចាប់ផ្ដើមកិច្ចបំរើរបស់ទ្រង់ឲ្យបានឆាប់ជាទីបំផុត ហើយដើម្បីបំរើព្រះអស់មួយជីវិតរបស់គាត់។ ក៏ប៉ុន្តែ តើមានសេចក្ដីសង្ឃឹមយ៉ាងណាដែរចំពោះបុគ្គលម្នាក់ ដែលបានចំណាយពេលឥតប្រយោជន៍កាលនៅក្មេង ដោយឥតបាននឹកចាំព្រះដ៏ជាអ្នកបង្កើតខ្លួននោះ? នៅក្រោមការបណ្ដាលឲ្យតែងពីព្រះ នោះគ្រូប្រដៅនេះមានបន្ទូលថា៖ «ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង មុនដែលអស់ទាំងថ្ងៃអាក្រក់មកដល់ ហើយអស់ទាំងឆ្នាំមកជិត ដែលឯងនឹងថា ‹អញអស់សប្បាយហើយ›»។—សាស្ដា ១២:១
៦. តើមានទីសំអាងអ្វីដែលថាស៊ីម្មាននិងអាណដែលមានអាយុចាស់ជរា បាននឹកចាំព្រះជាអ្នកបង្កើតដ៏ខ្ពស់ថ្កើងរបស់គេ?
៦ គ្មាននរណាម្នាក់ដែលពេញចិត្តនឹង«ថ្ងៃអាក្រក់»នៃអាយុចាស់នោះទេ។ ក៏ប៉ុន្តែមនុស្សចាស់ណាដែលនឹកចាំព្រះ គឺមានចិត្តរីករាយ។ ឧទាហរណ៍ ស៊ីម្មានដែលមានអាយុចាស់បានទទួលបីព្រះយេស៊ូកាលនៅជាទារកនៅឯព្រះវិហារ ហើយបានប្រកាសយ៉ាងរីករាយថា៖ «ឥឡូវនេះ ឱព្រះដ៏ជាម្ចាស់អើយ សូមបើកឲ្យបាវបំរើទ្រង់ទៅដោយសុខសាន្ត តាមព្រះបន្ទូលទ្រង់ចុះ ដ្បិតភ្នែកទូលបង្គំបានឃើញសេចក្ដីសង្គ្រោះរបស់ផងទ្រង់ ដែលទ្រង់បានរៀបចំនៅមុខបណ្ដាជនទាំងឡាយ ជាពន្លឺសំរាប់បំភ្លឺដល់សាសន៍ដទៃ ហើយជាសិរីល្អរបស់អ៊ីស្រាអែល ជារាស្ត្រទ្រង់»។ (លូកា ២:២៥-៣២) អាណ ដែលមានអាយុ៨៤ឆ្នាំក៏បាននឹកចាំព្រះដ៏ជាអ្នកបង្កើតរបស់គាត់ដែរ។ គាត់តែងតែនៅឯព្រះវិហារ ហើយបានមានវត្តមានពេលដែលព្រះយេស៊ូជាទារក បានត្រូវយកទៅទីនោះ។ «គាត់បានឡើងមកនៅវេលានោះឯង ក៏អរព្រះគុណដល់ព្រះ ព្រមទាំងប្រកាសប្រាប់ពីព្រះឱរស ដល់អស់អ្នកដែលនៅរង់ចាំសេចក្ដីប្រោសលោះនៅក្រុងយេរូសាឡិម»។—លូកា ២:៣៦-៣៨
៧. ចំពោះអស់អ្នកដែលបានទៅជាចាស់នៅក្នុងកិច្ចបំរើរបស់ព្រះ តើអ្វីទៅជាស្ថានការណ៍របស់គេ?
៧ ពួកស្មរបន្ទាល់ព្រះយេហូវ៉ានៅសម័យនេះ ដែលបានទៅជាចាស់ជរាក្នុងកិច្ចបំរើរបស់ព្រះ ប្រហែលជារងការឈឺចាប់និងគុណវិបត្ដិដោយសារមានវ័យចាស់។ ក៏ប៉ុន្តែ ពួកគេមានចិត្តសប្បាយម្ល៉េះហ្ន៎ ហើយយើងក៏អបអរនូវកិច្ចបំរើដ៏ស្មោះត្រង់របស់ពួកគេដែរ! ពួកគេមាន«សេចក្ដីអំណររបស់ព្រះ» ដ្បិតពួកគេដឹងថា ទ្រង់បានចាប់ផ្ដើមកាន់អំណាចដែលមិនអាចផ្ចាញ់បានរបស់ទ្រង់ចំពោះផែនដីនេះ ហើយបានតម្លើងព្រះយេស៊ូគ្រីស្ទ ជាស្តេចដ៏ខ្លាំងក្លាមួយអង្គនៅស្ថានសួគ៌។ (នេហេមា ៨:១០) ឥឡូវនេះ ជាពេលសំរាប់មនុស្សក្មេងចាស់ឲ្យធ្វើតាមសេចក្ដីដាស់តឿននេះ គឺ៖«ទាំងមនុស្សកំឡោះ នឹងស្រីក្រមុំ ទាំងចាស់ទាំងក្មេងអើយ ត្រូវឲ្យទាំងអស់សរសើរដល់ព្រះនាមព្រះយេហូវ៉ាចុះ ដ្បិតមានតែព្រះនាមទ្រង់១ដែលខ្ពស់ប្រសើរ សិរីល្អនៃ ទ្រង់ខ្ពស់ជាងផែនដីនឹងផ្ទៃមេឃទៅទៀត»។—ទំនុកដំកើង ១៤៨:១២, ១៣
៨, ៩. (ក) តើ«ថ្ងៃអាក្រក់»មិនមានប្រយោជន៍សំរាប់អ្នកណា? (ខ) តើអ្នកនឹងពន្យល់សាស្ដា ១២:២ យ៉ាងដូចម្ដេច?
៨ «ថ្ងៃអាក្រក់»នៃអាយុចាស់គឺមិនមានប្រយោជន៍ទេ ប្រហែលជាធ្វើឲ្យមានទុក្ខព្រួយផង ចំពោះអស់អ្នកដែលមិនបានគិតអំពីព្រះជាអ្នកបង្កើតដ៏ខ្ពស់ថ្កើងរបស់គេ ហើយដែលឥតយល់អំពីគោលបំណងដ៏រុងរឿងរបស់ទ្រង់នោះ។ ពួកគេឥតមានការយល់ខាងវិញ្ញាណ ដែលអាចទូទាត់នឹងសេចក្ដីទុក្ខលំបាកនៃអាយុចាស់ ហើយសេចក្ដីវេទនាដែលវាយលុកមនុស្សលោក តាំងពីសាតាំងបានត្រូវទម្លាក់ពីស្ថានសួគ៌មកនោះ។ (វិវរណៈ ១២:៧-១២) ដូច្នេះហើយ គ្រូប្រដៅនេះដាស់តឿនយើងឲ្យនឹកចាំព្រះដ៏ជាអ្នកបង្កើតរបស់យើង «គឺមុនដែលថ្ងៃ ពន្លឺ ខែ នឹងផ្កាយទាំងប៉ុន្មានទៅជាងងឹត ហើយពពកវិលមកក្រោយដែលភ្លៀង»។ (សាស្ដា ១២:២) តើពាក្យទាំងនេះមានសារៈសំខាន់យ៉ាងណា?
៩ ស្តេចសាឡូម៉ូនប្រដូចគ្រាដែលនៅក្មេង ជាមួយនឹងរដូវក្ដៅនៅស្រុកប៉ាឡេស្ទីន ក្នុងកាលដែលសុរិយា លោកខែ និងផ្កាយទាំងឡាយបញ្ចាំងរស្មីពីមេឃដ៏ស្រឡះដែលគ្មានពពក។ អ្វីៗនៅពេលនោះគឺភ្លឺចិញ្ចាច។ ក៏ប៉ុន្តែ ក្នុងគ្រាអាយុចាស់ នោះថ្ងៃរបស់មនុស្សម្នាក់មានសភាពដូចជានៅរដូវត្រជាក់ ដែលមានភ្លៀងច្រើន គឺមានបញ្ហាមួយទៅមួយ។ (យ៉ូប ១៤:១) គឺជាការគួរឲ្យស្ដាយយ៉ាងណាទៅហ្ន៎ ដោយដឹងអំពីព្រះដ៏ជាអ្នកបង្កើត ក៏ប៉ុន្តែឥតបានបំរើទ្រង់ក្នុងគ្រានៃជីវិត ដែលមានសភាពដូចជារដូវក្ដៅនោះ! នៅក្នុងគ្រារដូវត្រជាក់នៃជីវិតចាស់ អ្វីៗកាន់តែងងឹត ជាពិសេសចំពោះអស់អ្នកដែលបានឲ្យឱកាសកន្លងទៅ ក្នុងការបំរើព្រះយេហូវ៉ាក្នុងគ្រាវ័យក្មេង ពីព្រោះការជាប់ទាក់ទងនឹងស្វះស្វែងដ៏ឥតប្រយោជន៍។ ក៏ប៉ុន្តែ ទោះជាយើងមានអាយុប៉ុន្មានក៏ដោយ សូមឲ្យយើង‹កាន់តាមព្រះយេហូវ៉ាឲ្យបានពេញលេញ› ដូចកាលែបដ៏ស្មោះត្រង់ ដែលជាគូកនដ៏ភក្ដីរបស់ព្យាការីម៉ូសេ។—យ៉ូស្វេ ១៤:៦-៩
លទ្ធផលពីអាយុកាន់តែចាស់
១០. តើអ្វីដែលបានត្រូវតំណាងដោយ (ក) «អ្នកចាំផ្ទះ»? (ខ) «ពួកមនុស្សខ្លាំងពូកែ»?
១០ បន្ទាប់មក ស្តេចសាឡូម៉ូនចង្អុលប្រាប់នូវភាពពិបាក«នៅថ្ងៃដែលពួកអ្នកចាំផ្ទះត្រូវញាប់ញ័រ ពួកមនុស្សខ្លាំងពូកែត្រូវឱនខ្លួនចុះ ពួកស្រីដែលកិនស្រូវត្រូវឈប់ ដោយព្រោះមានគ្នាតិចពេក ពួកអ្នកដែលមើលតាមបង្អួចត្រូវងងឹតទៅ»។ (សាស្ដា ១២:៣) «ផ្ទះ»មានន័យថារូបកាយមនុស្ស។ (ម៉ាថាយ ១២:៤៣-៤៥; កូរិនថូសទី២ ៥:១-៨) «អ្នកចាំ» គឺជាដៃនិងជើង ដែលការពាររូបកាយ និងផ្ដល់នូវអ្វីដែលរូបកាយត្រូវការ។ ពេលមានអាយុចាស់ ដៃនិងជើងតែងញ័រដោយភាពទន់ខ្សោយ ការព្រួយបារម្ភ និងរោគខ្វិន។ «ពួកមនុស្សខ្លាំងពូកែ» ដែលជាជើង គឺលែងជាសសរដ៏មាំមួន ក៏ប៉ុន្តែបានទៅជាខ្សោយនិងកោងដល់ម្ល៉េះ ដែលជើងគ្រាន់តែអូសទៅតាមប៉ុណ្ណោះ។ ក៏ប៉ុន្តែ តើអ្នកមិនសប្បាយចិត្តឬទេ ដោយឃើញពួករួមជំនឿដែលមានវ័យចាស់នៅឯកិច្ចប្រជុំគ្រីស្ទាននោះ?
១១. បើនិយាយជាអត្ថបដិរូប តើអ្នកណាជា«ពួកស្ត្រីដែលកិនស្រូវ» និង«ពួកអ្នកដែលមើលតាមបង្អួច»នោះ?
១១ «ពួកស្រីដែលកិនស្រូវត្រូវឈប់ ដោយព្រោះមានគ្នាតិចពេក» ប៉ុន្តែតើយ៉ាងដូចម្ដេចទៅ? ធ្មេញប្រហែលជាបានត្រូវដង្កូវស៊ីឬក៏បានដកចេញ ដែលមាននៅសល់តែបន្ដិចបន្តួច ឬប្រហែលជាអស់រលីងផងក៏មិនដឹង។ ការទំពារម្ហូបរឹងគឺពិបាកឬលែងអាចធ្វើបានតែម្ដង។ «ពួកអ្នកដែលមើលតាមបង្អួចត្រូវងងឹតទៅ» ភ្នែករួមបញ្ចូលនឹងញាណសតិ ដែលយើងប្រើដើម្បីមើលឃើញ ក្លាយទៅជាស្រអាប់ ព្រមទាំងងងឹតទាំងស្រុងផង។
១២. (ក) តើ«ទ្វារដែលបើកទៅឯថ្នល់ត្រូវបិទ»យ៉ាងដូចម្ដេច? (ខ) តើអ្នកគិតយ៉ាងណាចំពោះពួកអ្នកប្រកាសនូវសារព្រះរាជាណាចក្រ ដែលមានអាយុចាស់នោះ?
១២ គ្រូប្រដៅមានប្រសាសន៍បន្តថា៖ «ហើយទ្វារដែលបើកទៅឯថ្នល់ត្រូវបិទ ជាពេលដែលអន់ឮសូរត្បាល់កិន កាលគេស្ទុះក្រោកឡើង ដោយឮសំឡេងសត្វហើរយំ ហើយអស់ទាំងពួកស្រីៗដែលធ្លាប់ច្រៀងត្រូវទាបថោកវិញ»។ (សាស្ដា ១២:៤) ទ្វារពីរដែល ជាមាត់ បបូរមាត់ លែងហាបានច្រើនទៀត ដើម្បីនឹងសម្ដែងនូវអ្វីដែលនៅក្នុង«ផ្ទះ» ឬរូបកាយរបស់អស់អ្នកដែលមានមានអាយុកាន់តែចាស់ ដែលមិនបំរើព្រះនោះ។ គ្មានអ្វីដែលបានត្រូវបញ្ជូនតាម«ថ្នល់»នៃជីវិតសាធារណៈ។ ក៏ប៉ុន្តែ ចុះយ៉ាងណាវិញចំពោះពួកអ្នកប្រកាសដ៏ខ្នះខ្នែងនូវសារព្រះរាជាណាចក្រ ដែលមានអាយុចាស់នោះ? (យ៉ូប ៤១:១៤) ពួកគេប្រហែលជាដើរយ៉ាងយឺតៗពីផ្ទះមួយទៅផ្ទះមួយ ហើយអ្នកខ្លះមានការពិបាកនិយាយ ក៏ប៉ុន្តែពួកគេប្រាកដជាសរសើរព្រះយេហូវ៉ាមែន!—ទំនុកដំកើង ១១៣:១
១៣. តើគ្រូប្រដៅរៀបរាប់នូវបញ្ហាផ្សេងៗរបស់ពួកមនុស្សចាស់ៗយ៉ាងដូចម្ដេច ក៏ប៉ុន្តែតើអ្វីជាការពិតចំពោះពួកគ្រីស្ទានដែលមានអាយុចាស់នោះ?
១៣ សម្លេងនៃត្បាល់កិនអន់ឮ កាលដែលអាហារបានត្រូវទំពារដោយអញ្ចាញធ្មេញ។ បុរសចាស់ម្នាក់មិនគេងបានស្រួលលើគ្រែរបស់គាត់ឡើយ។ សូម្បីតែសម្លេងយំស្រែករបស់ចាបមួយក៏រំខានគាត់ដែរ។ គាត់ចេះច្រៀងចំរៀងតែបន្ដិចបន្តួចទេ ហើយការច្រៀងទំនុកភ្លេងរបស់គាត់គឺមានខ្សាវៗ។ «ហើយអស់ទាំងពួកស្រីៗ» ដែលជាទំនុកភ្លេង «ត្រូវទាបថោកវិញ»។ ពួកអ្នកចាស់ៗគឺមិនសូវឮភ្លេងនិងចំរៀងរបស់អ្នកដទៃនោះទេ។ ក៏ប៉ុន្តែ ពួកអ្នកចាក់ប្រេងតាំងដែលមានអាយុចាស់និងគូកនរបស់គេ ដែលអ្នកខ្លះៗមិនជាក្មេងទេនោះ ក៏នៅតែបន្លឺសម្លេងរបស់គេ ពេលច្រៀងសរសើរព្រះនៅឯកិច្ចប្រជុំគ្រីស្ទាន។ យើងមានចិត្តរីករាយណាស់ដោយមានពួកគេនៅខាងយើង ដោយលើកតម្កើងព្រះយេហូវ៉ានៅក្នុងក្រុមជំនុំ!—ទំនុកដំកើង ១៤៩:១
១៤. តើសេចក្ដីខ្លាចអ្វីខ្លះ ដែលធ្វើឲ្យមនុស្សចាស់ជរាមានបន្ទុកនោះ?
១៤ ជាការគួរឲ្យស្ដាយមែនចំពោះពួកមនុស្សវ័យចាស់ ជាពិសេសពួកអ្នកដែលបានធ្វើកន្តើយនឹងព្រះដ៏ជាអ្នកបង្កើត! គ្រូប្រដៅមានប្រសាសន៍ថា៖ «អើ គេនឹងភ័យខ្លាចចំពោះអន្តរាយដែលមកពីខាងលើ ក៏នឹងមានសេចក្ដីស្ញែងខ្លាចតាមផ្លូវ ឯដើមចំបក់នឹងផ្កាឡើង ហើយកណ្ដូប[ក៏រួញរាទៅមុខ ហើយការផ្ទុះផ្លែឈើតូចនេះ, ព.ថ.] ដោយព្រោះមនុស្សរមែងទៅឯទីលំនៅដ៏នៅអស់កល្បជានិច្ច ហើយពួកអ្នកកាន់ទុក្ខដើរទៅមកតាមផ្លូវ»។ (សាស្ដា ១២:៥) នៅខាងលើជណ្ដើរដ៏ខ្ពស់មួយ នោះមនុស្សចាស់ជរាជាច្រើន គឺខ្លាចធ្លាក់។ សូម្បីតែមើលអ្វីមួយដែលនៅខាងលើដ៏ខ្ពស់ ក៏ធ្វើឲ្យគេវិលមុខដែរ។ នៅពេលដែលគេត្រូវចេញទៅតាមផ្លូវដ៏កកកុញ នោះគេមានចិត្តខ្លាចយ៉ាងខ្លាំង ក្រែងលោមានរបួសឬវាយលុកដោយពួកចោរនោះ។
១៥. តើតាមរបៀបណាដែល«ដើមចំបក់នឹងផ្កាឡើង» ហើយតើកណ្ដូប«ក៏រួញរាទៅមុខ»យ៉ាងដូចម្ដេច?
១៥ ស្តីអំពីបុរសចាស់ម្នាក់ «ដើមចំបក់នឹងផ្កាឡើង» តាមមើលទៅ គឺបញ្ជាក់ថាសក់របស់គាត់ទៅជាស្កូវសជាងហិមៈទៅទៀត។ សក់ស្កូវនេះជ្រុះដូចផ្កាសជ្រុះពីដើមចំបក់អ៊ីចឹង។ កាលដែលគាត់«[រួញរាទៅមុខ, ព.ថ.] ប្រហែលជាដោយឱនខ្លួនឬដាក់ដៃលើចង្កេះ ដែលមានកែងដៃវៀចឡើងលើ នោះគាត់មានសភាពដូចជាកណ្ដូប។ ប៉ុន្តែ ប្រសិនបើយើងណាម្នាក់មានសភាពដូចនេះ នោះសូមឲ្យអ្នកដទៃកត់សម្គាល់ថា យើងនៅក្នុងកងទ័ពកណ្ដូបដែលមានល្បឿនយ៉ាងលឿនរបស់ព្រះយេហូវ៉ា!—សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៨ ទំព័រ ៧-១១។
១៦. (ក) តើ‹ការផ្ទុះផ្លែឈើនេះ› បង្ហាញយ៉ាងណា? (ខ) តើ«ទីលំនៅដ៏នៅអស់កល្បជានិច្ច»ជាអ្វីទៅ ហើយតើសញ្ញានៃការជិតស្លាប់ គឺឃើញជាក់ស្តែងយ៉ាងណា?
១៦ ចំណង់បរិភោគរបស់មនុស្សចាស់ គឺលែងមានការខ្នះខ្នែង សូម្បីតែអាហារនៅពីមុខគាត់គឺឆ្ងាញ់ដូចផ្លែឈើតូចៗម្យ៉ាងក៏ដោយ។ ផ្លែឈើតូចនេះបានត្រូវប្រើជាយូរយារមកហើយ ដើម្បីជួយជំរុញឲ្យមានការចង់បរិភោគ។ ‹ការផ្ទុះផ្លែឈើតូចនេះ› ប្រហែលជាពេលដែលចំណង់បរិភោគរបស់មនុស្សចាស់បន្ថយទៅ នោះសូម្បីតែផ្លែឈើនេះ ក៏មិនអាចធ្វើឲ្យគាត់មានសេចក្ដីប្រាថ្នាចង់បរិភោគអាហារនោះទេ។ ហេតុការណ៍នេះបញ្ជាក់ថា គាត់កំពុងតែនៅជិត«ទីលំនៅដ៏នៅអស់កល្បជានិច្ច» គឺជាផ្នូរ។ នេះនឹងទៅជាទីលំនៅរបស់គាត់ជានិរន្តរ៍ ប្រសិនបើគាត់មិនបាននឹកចាំព្រះដ៏ជាអ្នកបង្កើត ហើយបានស្វះស្វែងដំណើរដ៏អាក្រក់ ដែលព្រះពុំបាននឹកចាំគាត់ពេលមានដំណើររស់ឡើងវិញនោះ។ សញ្ញានៃការជិតស្លាប់ គឺឃើញជាក់ស្តែងពីសម្លេងដ៏កាន់ទុក្ខនៃការត្អូញត្អែរ ដែលមានចេញពីទ្វារជាមាត់របស់មនុស្សវ័យចាស់។
១៧. តើ«ខ្សែប្រាក់»បានត្រូវដាច់យ៉ាងដូចម្ដេច ហើយតើ«ចានមាស» ប្រហែលជាតំណាងអ្វី?
១៧ យើងបានត្រូវដាស់តឿនឲ្យនឹកចាំព្រះដ៏ជាអ្នកបង្កើតរបស់យើង«គឺមុនដែលខ្សែប្រាក់ដាច់ ចានមាសបែក ក្អមបែកនៅឯក្បាលទឹក ឬរហាត់ទឹកនៅអណ្ដូងខូចទៅ»។ (សាស្ដា ១២:៦) «ខ្សែប្រាក់» ប្រហែលជាឆ្អឹងខ្នង។ សេចក្ដីស្លាប់នឹងមានជាពុំខាន ពេលដែលផ្លូវដ៏អស្ចារ្យនៃសន្ទុះទៅខួរក្បាល គឺបានបាក់បែកដែលមិនអាចព្យាបាលបាននោះ។ «ចានមាស» ប្រហែលជាឲ្យន័យថាខួរក្បាល ដែលមានក្នុងលលាក្បាលដូចជាចាន នោះមានឆ្អឹងខ្នងបានត្រូវភ្ជាប់ជាមួយ។ ពណ៌មាសសំរាប់ភាពមានតម្លៃ នោះខួរក្បាលពេលបែក នោះនឹងមានសេចក្ដីស្លាប់ជាលទ្ធផល។
១៨. តើអ្វីទៅជា«ក្អមបែកនៅឯក្បាលទឹក»ជាអត្ថបដិរូប ហើយតើមានអ្វីកើតឡើងពេលបាក់បែកទៅ?
១៨ «ក្អមបែកនៅឯក្បាលទឹក» នោះគឺជាបេះដូង ដែលទទួលឈាមជាច្រើន ហើយបញ្ជូនឈាមចេញឲ្យមានដំណើរឈាមរត់ក្នុងរូបកាយ។ ពេលស្លាប់ទៅ នោះបេះដូងក៏ក្លាយទៅដូចជាក្អមបែក ដែលបានបែកនៅឯក្បាលទឹក ពីព្រោះវាមិនអាចទទួល រក្សាទុក និងបូមឈាម ដែលមានសារៈសំខាន់សំរាប់រក្សាជីវិតនិងការធ្វើឲ្យត្រជាក់ដល់រូបកាយ។ ‹រហាត់ទឹកនៅអណ្ដូងខូចទៅ› លែងដើរ ដែលបញ្ចប់នូវដំណើរឈាមរត់ ដែលទ្រទ្រង់ជីវិតនោះ។ ដូច្នេះព្រះយេហូវ៉ាបានលាតត្រដាងអំពីដំណើរឈាមរត់ ដល់សាឡូម៉ូនជាយូរយារមុនវេជ្ជបណ្ឌិត លោកវីល្លាម ហាវ៉ី នៅសតវត្សទី១៧ បានសម្ដែងប្រាប់ថាឈាមមានដំណើររត់នោះ។
១៩. តើពាក្យនៅសាស្ដា ១២:៧ ទាក់ទងនឹងពេលស្លាប់យ៉ាងដូចម្ដេច?
១៩ គ្រូប្រដៅនេះនិយាយថែមទៀតថា៖ «ហើយធូលីត្រឡប់ជាដីដូចដើមវិញ នឹងវិញ្ញាណត្រឡប់ទៅឯព្រះ ដែលទ្រង់បានប្រទានមកនោះ»។ (សាស្ដា ១២:៧) ដោយ«រហាត់ទឹក»បានខូចទៅ រូបកាយមនុស្សដែលបានបង្កើតពីធូលីដីនៅដើមដំបូង ក៏ត្រឡប់ជាដីដូចដើមវិញ។ (លោកុប្បត្តិ ២:៧; ៣:១៩) ព្រលឹងស្លាប់ទៅ ពីព្រោះវិញ្ញាណឬកម្លាំងជីវិត ដែលបានប្រទានមកដោយព្រះ នោះត្រឡប់ទៅនិងនៅជាមួយព្រះដ៏ជាអ្នកបង្កើតយើង។—អេសេគាល ១៨:៤, ២០; យ៉ាកុប ២:២៦
តើពួកដែលនឹកចាំព្រះមានអនាគតយ៉ាងណា?
២០. តើលោកម៉ូសេបានស្នើសុំអ្វី ពេលដែលលោកបានអធិស្ឋាន ដូចជាបានកត់ទុកនៅទំនុកដំកើង ៩០:១០, ១២?
២០ សាឡូម៉ូនបានបង្ហាញយ៉ាងប្រសិទ្ធិភាពនូវសារៈសំខាន់ ក្នុងការនឹកចាំព្រះជាអ្នកបង្កើតដ៏ខ្ពស់ថ្កើង។ យ៉ាងប្រាកដហើយ ជីវិតដែលមានរយៈដ៏ខ្លីហើយដ៏មានបញ្ហានេះ គឺមិនមែនមានតែប៉ុណ្ណឹងសំរាប់អស់អ្នកដែលនឹកចាំព្រះយេហូវ៉ា ហើយខំធ្វើដ៏អស់ពីដួងចិត្តនូវបំណងព្រះហឫទ័យនោះទេ។ ទោះជាពួកគេចាស់ឬក៏ក្មេង នោះពួកគេមានអាកប្បកិរិយាដូចគ្នានឹងលោកម៉ូសេ ដែលបានអធិស្ឋានថា៖ «ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុនៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា»។ ព្យាការីរបស់ ព្រះដ៏មានចិត្តរាបទាប បានចង់ឲ្យព្រះយេហូវ៉ាបង្ហាញឬបង្រៀនលោកនិងរាស្ត្រអ៊ីស្រាអែល ឲ្យចេះប្រើប្រាជ្ញាក្នុងការគិត‹កំណត់ថ្ងៃអាយុរបស់គេ› ហើយប្រើជីវិតគេឲ្យស្របតាមរបៀបដែលទ្រង់យល់ព្រម។—ទំនុកដំកើង ៩០:១០, ១២
២១. ប្រសិនបើយើងគួររាប់កំណត់ថ្ងៃអាយុរបស់យើង ដើម្បីជាសិរីរុងដល់ព្រះយេហូវ៉ា តើយើងត្រូវតែធ្វើអ្វី?
២១ ជាពិសេសពួកយុវជនគ្រីស្ទានគួរតែតាំងចិត្តធ្វើតាមឱវាទរបស់គ្រូប្រដៅ ក្នុងការឲ្យនឹកចាំព្រះដ៏ជាអ្នកបង្កើត។ ពួកគេមានឱកាសដ៏អស្ចារ្យក្នុងកិច្ចបំរើបរិសុទ្ធថ្វាយព្រះនោះ! ក៏ប៉ុន្តែ ទោះជាយើងមានអាយុប៉ុន្មានក៏ដោយ ប្រសិនបើយើងចេះរាប់កំណត់ថ្ងៃអាយុរបស់យើង ដើម្បីជាសិរីរុងរឿងដល់ព្រះយេហូវ៉ាក្នុង«គ្រាចុងបំផុត»នេះ នោះប្រហែលជាយើងបន្តរាប់កំណត់អាយុជានិរន្តរ៍។ (ដានីយ៉ែល ១២:៤; យ៉ូហាន ១៧:៣) ប្រាកដហើយ ដើម្បីធ្វើអ៊ីចឹង យើងត្រូវតែនឹកចាំព្រះជាអ្នកបង្កើតដ៏ខ្ពស់ថ្កើងរបស់យើង។ យើងក៏ត្រូវបំពេញនូវកាតព្វកិច្ចទាំងមូលរបស់យើងចំពោះព្រះនោះដែរ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ ហេតុអ្វីក៏ពួកយុវជនបានត្រូវដាស់តឿន ឲ្យនឹកចាំព្រះដ៏ជាអ្នកបង្កើតរបស់គេ?
◻ តើមានគំរូណាខ្លះក្នុងបទគម្ពីរអំពីអស់អ្នក ដែលបាននឹកចាំព្រះជាអ្នកបង្កើតដ៏ខ្ពស់ថ្កើងរបស់គេ?
◻ តើមានលទ្ធផលណាខ្លះពីការមានអាយុចាស់ ដែលបានរៀបរាប់ដោយសាឡូម៉ូន?
◻ តើពួកអ្នកដែលនឹកចាំព្រះយេហូវ៉ាមានអនាគតយ៉ាងដូចម្ដេច?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៣]
ដាវីឌ ក្មេងស្រីជនជាតិអ៊ីស្រាអែលដែលជាឈ្លើយ អាណ និងស៊ីម្មាន បាននឹកចាំព្រះយេហូវ៉ា
[រូបភាពនៅទំព័រ២៤]
ពួកស្មរបន្ទាល់ព្រះយេហូវ៉ាដែលមានអាយុចាស់ ផ្ដល់នូវកិច្ចបំរើបរិសុទ្ធចំពោះព្រះជាអ្នកបង្កើតដ៏ខ្ពស់ថ្កើងរបស់យើង