លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើព្រះគម្ពីរអាចជួយយើងសព្វថ្ងៃនេះឬទេ?

តើព្រះគម្ពីរអាចជួយយើងសព្វថ្ងៃនេះឬទេ?

តើ​ព្រះ​គម្ពីរ​អាច​ជួយ​យើង​សព្វ​ថ្ងៃ​នេះ​ឬ​ទេ?

យុវបុរស​ម្នាក់​បាន​និយាយ​ថា៖ «បើ​គិត​អំពី​ព្រះ​គម្ពីរ​ទាំង​មូល ប្រហែល​ជា​១​ភាគ​រយ​គឺ​សម​គួរ​នឹង​អាន ប៉ុន្តែ​ទាំង​ប៉ុន្មាន​ទៀត គឺ​ឥត​ទាក់​ទង​ហើយ​ហួស​សម័យ​ទៀត​ផង»។ មនុស្ស​ជា​ច្រើន​មុខ​ជា​នឹង​យល់​ស្រប​ជា​មួយ​នឹង​គាត់។ ថ្វី​បើ​ព្រះ​គម្ពីរ​បន្ត​លក់​ដាច់​ច្រើន​ជាង​គេ​នៅ​ទូទាំង​ពិភព​លោក តែ​មនុស្ស​ជា​ច្រើន​លាន​នាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ​គម្ពីរ ហើយ​ឥត​ស្គាល់​នឹង​សេចក្ដី​បង្រៀន​ព្រះ​គម្ពីរ​នោះ​ទេ។

កាសែត​អាល្លឺម៉ង់​ឈ្មោះ ស៊ូ​ត​ដូ​ច្ឆេ​ស ត្សែ​ទុង ក្នុង​ការ​បោះពុម្ព​ផ្សាយ​នៅ​បុណ្យ​ណូអែល​នៅ​ក្នុង​ឆ្នាំ​១៩៩៦ នោះ​បាន​ចែង​ថា​ព្រះ​គម្ពីរ«មាន​ពួក​អ្នក​អាន​កាន់​តែ​តិច​ឡើង​ៗ។ នៅ​ក្នុង​សម័យ‹ទំនើប​នៃ​វិទ្យា​សាស្ត្រ› និង​ការ​ឥត​ទាក់​ទង​ខាង​សាសនា​កាន់​តែ​មាន​ច្រើន​ឡើង​ៗ នោះ​ចំពោះ​មនុស្ស​ជា​ច្រើន ដំណើរ​រឿង​ក្នុង​ព្រះ​គម្ពីរ​ហាក់​ដូច​ជា​អ្វី​ដែល​ចម្លែក​និង​ពិបាក​យល់​ទៀត​ផង»។ ការ​ស្ទង់​មតិ​ជា​ច្រើន​បញ្ជាក់​នូវ​សេចក្ដី​រាយ​ការណ៍​នេះ។ ការ​ស្រាវ​ជ្រាវ​ខ្លះ​បញ្ចេញ​ឲ្យ​ឃើញ​ថា​កូន​ក្មេង​ភាគ​ច្រើន មិន​ទាំង​ដឹង​ច្បាស់​ថា​តើ​ព្រះ​យេស៊ូ​ជា​អ្នក​ណា​ផង។ ក្នុង​ការ​ស្ទង់​មតិ​មួយ នោះ​មាន​មនុស្ស​តិច​ជាង​ពាក់​កណ្ដាល​នៃ​ពួក​ដែល​បាន​ត្រូវ​សម្ភាសន៍ អាច​រៀប​រាប់​នូវ​រឿង​ក្នុង​ព្រះ​គម្ពីរ​អំពី​កូន​បង្ហិន​ទ្រព្យ និង​បុរស​សាសន៍​សាម៉ារី​ដ៏​ជា​អ្នក​ជិត​ខាង​នោះ។

ប្រកាសនវត្ថុ​របស់​សាសនា​ប្រូតេស្តង់​នៅ​ប្រទេស​ស្វីស​ឈ្មោះ រេហ្វមាធើ ហ្វូរឹម ថ្លែង​ថា​នៅ​ក្នុង​ប្រទេស​ស្វីស​សេចក្ដី​ត្រូវ​ការ​ព្រះ​គម្ពីរ គឺ​មិន​ដូច​ពី​មុន​ៗ​នោះ​ទេ។ សូម្បី​តែ​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​មាន​ព្រះ​គម្ពីរ​ក៏​ដោយ ក៏​ច្រើន​តែ​ទុក​ចោល​នៅ​លើ​ធ្នើរ​ដែល​ប្រឡាក់​សុទ្ធ​តែ​ធូលី​ដី​ដែរ។ នៅ​ក្នុង​ប្រទេស​អង់គ្លេស​ស្ថានការណ៍​នេះ​ក៏​មិន​ខុស​គ្នា​ឡើយ។ យោង​ទៅ​តាម​ការ​ស្ទង់​មតិ​មួយ ទោះ​ជា​មនុស្ស​ភាគ​ច្រើន​មាន​ព្រះ​គម្ពីរ​មួយ​ក្បាល​ក៏​ដោយ តែ​មនុស្ស​ភាគ​ច្រើន​មិន​ដែល​អាន​ទាល់​តែ​សោះ។

ផ្ទុយ​ទៅ​វិញ មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក មាន​អារម្មណ៍​ផ្សេង​ពី​នោះ​អំពី​ព្រះ​គម្ពីរ។ ពួក​គេ​ចាត់​ទុក​ព្រះ​គម្ពីរ​ជា​បន្ទូល​របស់​ព្រះ ហើយ​រាប់​ទុក​ជា​មាន​តម្លៃ​ហើយ​មាន​ប្រយោជន៍​ទៀត​ផង។ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​អាន​ព្រះ​គម្ពីរ​ជា​រឿយ​ៗ។ យុវនារី​ម្នាក់​បាន​សរសេរ​ថា៖ «ខ្ញុំ​ខំ​អាន​ព្រះ​គម្ពីរ​មួយ​ឬ​ពីរជំពូកជា​រៀង​រាល់​ថ្ងៃ។ ខ្ញុំ​ពេញ​ចិត្ត​នឹង​អាន​ព្រះ​គម្ពីរ​ណាស់»។ ពួក​បុគ្គល​បែប​នេះ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន ហើយ​គេ​ខំ​ប្រឹង​អនុវត្ត​តាម​ឱវាទ​ក្នុង​ព្រះ​គម្ពីរ​នៅ​ក្នុង​ជីវិត​របស់​គេ។ ពួក​គេ​ជឿ​ថា ព្រះ​គម្ពីរ​អាច​ជួយ​ពួក​គេ​ក្នុង​ពិភព​លោក​ដ៏​មាន​បញ្ហា​សព្វ​ថ្ងៃ​នេះ។

តើ​អ្នក​មាន​មតិ​យ៉ាង​ណា​ដែរ? តើ​ព្រះ​គម្ពីរ​មិន​ទាក់​ទង​នឹង​សម័យ​ទំនើប​នេះ​ឬ? ឬ​ក៏​តើ​ព្រះ​គម្ពីរ​មាន​តម្លៃ​ហើយ​មាន​ប្រយោជន៍​ទៅ​វិញ​នោះ? តើ​ព្រះ​គម្ពីរ​អាច​ជួយ​យើង​សព្វ​ថ្ងៃ​នេះ​ឬ​ទេ?