លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកកំពុងតែបំពេញកាតព្វកិច្ចទាំងមូលរបស់អ្នកចំពោះព្រះឬទេ?

តើអ្នកកំពុងតែបំពេញកាតព្វកិច្ចទាំងមូលរបស់អ្នកចំពោះព្រះឬទេ?

តើ​អ្នក​កំពុង​តែ​បំពេញ​កាតព្វកិច្ច​ទាំង​មូល​របស់​អ្នក​ចំពោះ​ព្រះ​ឬ​ទេ?

«ព្រះ​ទ្រង់​នឹង​នាំ​គ្រប់​ការ​ទាំង​អស់​មក​ដើម្បី​ជំនុំ​ជំរះ ព្រម​ទាំង​អ្វី​ៗ​ដែល​លាក់​កំបាំង​ផង ទោះ​ល្អ​ឬ​អាក្រក់​ក្ដី»។—សាស្ដា ១២:១៤

១. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​សំ​វិធានការ​អ្វី​សំរាប់​រាស្ត្រ​របស់​ទ្រង់?

 ព្រះ​យេហូវ៉ា​គាំទ្រ​អស់​អ្នក​ដែល​នៅ​នឹក​ចាំ​ទ្រង់ ជា​ព្រះ​ជា​អ្នក​បង្កើត​ដ៏​ខ្ពស់​ថ្កើង​របស់​គេ។ បន្ទូល​របស់​ទ្រង់​ដែល​ទ្រង់​បាន​បណ្ដាល​ឲ្យ​តែង​នោះ ផ្ដល់​ឲ្យ​ពួក​គេ​នូវ​ចំណេះ​ដែល​ត្រូវ​ការ​ចាំ​បាច់ ដើម្បី​ឲ្យ​ផ្គាប់​ព្រះ​ហឫទ័យ​ទ្រង់​ឲ្យ​បាន​ពេញ​លេញ។ វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​ណែនាំ​ពួក​គេ​ឲ្យ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ ហើយ​ឲ្យ«បាន​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ»។ (កូល៉ុស ១:៩, ១០) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ប្រទាន​អាហារ​ខាង​វិញ្ញាណ​និង​សេចក្ដី​ដឹក​នាំ​ខាង​ព្រះ​ធិបតេយ្យ តាម​រយៈ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។ (ម៉ាថាយ ២៤:៤៥​-​៤៧) បើ​អ៊ីចឹង តាម​វិធី​ជា​ច្រើន នោះ​រាស្ត្រ​របស់​ព្រះ​មាន​ប្រសិទ្ធិពរ​ពី​ស្ថាន​សួគ៌ កាល​ដែល​ពួក​គេ​បំរើ​ព្រះ​យេហូវ៉ា​និង​សម្រេច​នូវកិច្ច​ការដ៏​សំខាន់​នេះ ស្តី​អំពី​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ។—ម៉ាកុស ១៣:១០

២. ស្តី​អំពី​កិច្ច​បំរើ​ថ្វាយ​ព្រះ តើ​ប្រហែល​ជា​មាន​សំនួរ​ណា​ខ្លះ?

ពួក​គ្រីស្ទាន​ពិត​ពេញ​ចិត្ត​កាល​ដែល​ជាប់​រវល់​នឹង​កិច្ច​បំរើ​បរិសុទ្ធ​ចំពោះ​ព្រះ​យេហូវ៉ា។ ក៏​ប៉ុន្តែ អ្នក​ខ្លះ​ប្រហែល​ជា​បាន​ធ្លាក់​ទឹក​ចិត្ត ហើយ​គិត​ថា​ការ​ខំ​ប្រឹង​របស់​គេ​គឺ​គ្មាន​ន័យ​ទេ។ ជា​ឧទាហរណ៍ នៅ​ពេល​ខ្លះ ពួក​គ្រីស្ទាន​ដែល​បាន​ថ្វាយ​ខ្លួន​ហើយ ប្រហែល​ជា​ឆ្ងល់​ថា​តើ​ការ​ខំ​ប្រឹង​ដោយ​យក​ចិត្ត​ទុក​ដាក់​របស់​គេ គឺ​ពិត​ជា​មាន​ប្រយោជន៍​ឬ​ក៏​យ៉ាង​ណា។ នៅ​ពេល​ពិចារណា​មើល​អំពី​ការ​សិក្សា​ក្នុង​គ្រួសារ​និង​សកម្មភាព​ឯ​ទៀត នោះ​សំនួរ​ដូច​ៗ​នេះ​ប្រហែល​ជា​មាន​ឡើង​ក្នុង​គំនិត​របស់​មេ​គ្រួសារ៖ ‹តើ​ព្រះ​យេហូវ៉ា​ពិត​ជា​សព្វ​ព្រះ​ហឫទ័យ​នឹង​អ្វី​ដែលយើង​កំពុង​តែ​ធ្វើ​ឬ​ទេ? តើ​យើង​កំពុង​តែ​បំពេញ​កាតព្វកិច្ច​ទាំង​មូល​របស់​យើង​ចំពោះ​ព្រះ​ឬ​ទេ?› ពាក្យ​ដ៏​ប្រាជ្ញា​របស់​គ្រូ​ប្រដៅ​អាច​ជួយ​យើង​ឲ្យ​ឆ្លើយ​នឹង​សំនួរ​បែប​នេះ។

តើ​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍​ឬ?

៣. ស្រប​តាម​នឹង​សាស្ដា ១២:៨ តើ​ការ​ឥត​ប្រយោជន៍​បំផុត​ជា​អ្វី​ទៅ?

អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា ពាក្យ​របស់​បុរស​អ្នក​ប្រាជ្ញ​នេះ គឺ​មិន​ជា​ការ​លើក​ទឹក​ចិត្ត​ចំពោះ​បុគ្គល​ណា​មួយ មិន​ថា​ក្មេង​ឬ​ចាស់​នោះ​ទេ។ «‹ការ​ឥត​ប្រយោជន៍​ទទេ​ៗ› នេះ​ហើយ​ជា​ពាក្យ​ដែល​គ្រូ​ប្រដៅ​ពោល​ទុក​ថា ‹គ្រប់​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ›»។ (សាស្ដា ១២:៨) តាម​ការ​ពិត គឺ​ជា​ការ​ឥត​ប្រយោជន៍​បំផុត​បើ​ឥត​អើពើ​នឹង​ព្រះ​ជា​អ្នក​បង្កើត​ដ៏​ខ្ពស់​ថ្កើង​ក្នុង​កាល​នៅ​ក្មេង និង​ហើយ​ទៅ​ជា​មនុស្ស​ចាស់​ដោយ​ឥត​បំរើ​ទ្រង់ ដែល​គ្រាន់​តែ​មាន​អាយុ​ចាស់​ដើម្បី​ថា​មាន​អាយុ​យឺន​យូរ​នោះ។ ចំពោះ​បុគ្គល​បែប​នេះ​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍​ឬ​ឥត​មាន​ន័យ ទោះ​ជា​គាត់​ស្លាប់​ដោយ​មាន​ទ្រព្យ​សម្បត្ដិ​និង​មាន​ការ​ល្បី​ឈ្មោះ​ក្នុង​ពិភព​លោក ដែល​នៅ​ក្រោម​អំណាច​របស់​មេ​កំណាច អារក្ស​សាតាំង​ក៏​ដោយ។—យ៉ូហាន​ទី​១ ៥:១៩

៤. ហេតុ​អ្វី​ក៏​អាច​និយាយ​ថា មិន​មែន​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍​នោះ?

មិន​មែន​គ្រប់​ការ​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍ ចំពោះ​អស់​អ្នក​ដែល​បាន​ទុក​ទ្រព្យ​នៅ​ស្ថាន​សួគ៌ ដោយ​ធ្វើ​ជា​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​នោះ​ទេ។ (ម៉ាថាយ ៦:១៩, ២០) ពួក​គេ​ជាប់​រវល់​ក្នុងកិច្ច​ការរបស់​ព្រះ​អម្ចាស់​ដ៏​ជា​ការ​ដែល​ប្រទាន​រង្វាន់ ហើយ​ការ​បែប​នេះ នោះ​ច្បាស់​ជា​មិន​មែន​ឥត​ប្រយោជន៍​ទេ។ (កូរិនថូស​ទី​១ ១៥:៥៨) ក៏​ប៉ុន្តែ ប្រសិន​បើ​យើង​ជា​ពួក​គ្រីស្ទាន​ដែល​បាន​ថ្វាយ​ខ្លួន តើ​យើង​នៅ​រវល់​នឹងកិច្ច​ការនេះ ដែល​ព្រះ​បាន​ចាត់​ចែង​មក​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​ឬ​ទេ? (ធីម៉ូថេ​ទី​២ ៣:១) ឬ​ក៏​តើ​យើង​បាន​ចាប់​ផ្ដើម​របៀប​រស់​នៅ ដែល​មិន​សូវ​ជា​ខុស​ប្លែក​ប៉ុន្មាន​ពី​ពួក​អ្នក​ជិត​ខាង​របស់​យើង​ហើយ​ឬ? ពួក​គេ​ប្រហែល​ជា​ចូល​រួម​នឹង​សាសនា​ផ្សេង​ៗ ហើយ​ប្រហែល​ជា​មាន​ចិត្ត​ស្មោះ ដោយ​ទៅ​កន្លែង​ថ្វាយ​បង្គំ​របស់​គេ​ជា​រឿយ​ៗ ហើយ​ខំ​បំពេញ​តាម​អ្វី​ដែល​ការ​ថ្វាយ​បង្គំ​របស់​គេ​តម្រូវ​នោះ។ ប្រាកដ​ហើយ ពួក​គេ​មិន​មែន​ជា​ពួក​អ្នក​ប្រកាស​សារ​ដំណឹង​ព្រះ​រាជាណាចក្រ​នោះ​ទេ។ ពួក​គេ​ឥត​មាន​ចំណេះ​ត្រឹម​ត្រូវ​ថា​នេះ​ជា«គ្រា​ចុង​បញ្ចប់» ហើយ​ឥត​មាន​ភាព​បន្ទាន់​អំពី​សម័យ​ដែល​យើង​កំពុង​តែ​រស់​នៅ​នេះ​ទេ។—ដានីយ៉ែល ១២:៤

៥. ប្រសិន​បើ​សកម្មភាព​ធម្មតា​នៃ​ជីវិត​បាន​ក្លាយ​ទៅ​ជា​កង្វល់​ដ៏​សំខាន់​បំផុត​របស់​យើង តើ​យើង​គួរ​តែ​ធ្វើ​អ្វី?

ព្រះ​យេស៊ូ​គ្រីស្ទ​បាន​មាន​បន្ទូល​អំពី​គ្រា​ដ៏​លំបាក​របស់​យើង ថា៖ «ដ្បិត​កាល​ណា​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ ដ្បិត​នៅ​គ្រា​មុន​ទឹក​ជន់​លិច នោះ​គេ​កំពុង​តែ​ស៊ី​ផឹក ហើយ​រៀប​ការ​ប្ដី​ប្រពន្ធ ដរាប​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ គេ​ឥត​បាន​ដឹង​ខ្លួន​ឡើយ ទាល់​តែ​ទឹក​ជន់​ឡើង យក​គេ​ទៅ​ទាំង​អស់​គ្នា នោះ​ដល់​កាល​ណា​កូន​មនុស្ស​មក ក៏​នឹង​មាន​ដូច្នោះ​ដែរ»។ (ម៉ាថាយ ២៤:៣៧​-​៣៩) ដោយ​ការ​ចេះ​ប្រមាណ នោះ​គឺ​គ្មាន​ខុស​អ្វី​ស្តី​អំពី​ការ​បរិភោគ ការ​ផឹក និង​អាពាហ៍ពិពាហ៍​គឺ​ជា​ការ​រៀបចំ ដែល​បាន​ផ្ដើម​មក​ដោយ​ព្រះ​ផ្ទាល់។ (លោកុប្បត្តិ ២:២០​-​២៤) ក៏​ប៉ុន្តែ ប្រសិន​បើ​យើង​យល់​ឃើញ​ថា សកម្មភាព​ធម្មតា​នៃ​ជីវិត​បាន​ក្លាយ​ទៅ​ជា​កង្វល់​ដ៏​សំខាន់​បំផុត​របស់​យើង នោះ​ចូរ​អធិស្ឋាន​អំពី​រឿង​ទាំង​នេះ​ទៅ! ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​រក្សា​ទុក​ប្រយោជន៍​ព្រះ​រាជាណាចក្រ​ជា​មុន​សិន ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​បំពេញ​នូវ​កាតព្វកិច្ច​របស់​យើង​ចំពោះ​ទ្រង់។—ម៉ាថាយ ៦:៣៣; រ៉ូម ១២:១២; កូរិនថូស​ទី​២ ១៣:៧

ការ​ថ្វាយ​ខ្លួន​និង​កាតព្វកិច្ច​របស់​យើង​ចំពោះ​ព្រះ

៦. តើ​តាម​របៀប​ដ៏​សំខាន់​ណា ដែល​ពួក​អ្នក​ខ្លះ​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ ឥត​បំពេញ​តាម​កាតព្វកិច្ច​របស់​គេ​ចំពោះ​ព្រះ​នោះ?

ពួក​អ្នក​គ្រីស្ទាន​ខ្លះ​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ គួរ​តែ​អធិស្ឋាន​ឲ្យ​ស្មោះ​អស់​ពី​ចិត្ត ពីព្រោះ​ពួក​គេ​មិន​បំពេញ​តាម​កាតព្វកិច្ច​ខាង​ការ​បំរើ ដែល​គេ​បាន​ព្រម​ទទួល​ពេល​គេ​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះ​នោះ។ ប៉ុន្មាន​ឆ្នាំ​មក​ហើយ ជា​រៀង​រាល់​ឆ្នាំ​ជាង​៣០០.០០០​នាក់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ប៉ុន្តែ​ចំនួន​សរុប​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដ៏​សកម្ម ពុំ​បាន​ចំរើន​ឡើង​អ៊ីចឹង​ទេ។ បុគ្គល​ខ្លះ​ដែល​បាន​ក្លាយ​ទៅ​ជា​ពួក​អ្នក​ប្រកាស​សារ​ដំណឹង​ព្រះ​រាជាណាចក្រ បាន​ឈប់​ប្រកាស​ដំណឹង​ល្អ​នោះ។ ក៏​ប៉ុន្តែ បុគ្គល​និមួយ​ៗ​ត្រូវ​តែ​ចូល​រួម​យ៉ាង​ណា​ដែល​មាន​ប្រយោជន៍​ក្នុង​កិច្ច​បំរើ​គ្រីស្ទាន មុន​នឹង​គេ​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ដូច្នេះ ពួក​គេ​ដឹង​ហើយ​ពី​មុខ​ងារ​ដែល​ព្រះ​យេស៊ូ​ប្រទាន​ឲ្យ​ពួក​អ្នក​កាន់​តាម​ទ្រង់ ដោយ​ថា៖ «ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង»។ (ម៉ាថាយ ២៨:១៩, ២០) លុះ​ត្រា​តែ​ពួក​គេ​មាន​កង្វះ​ដ៏​ប្លែក​បំផុត​ខាង​សមត្ថភាព ដោយ​ព្រោះ​សុខភាព​ឬ​កត្ដា​ឯ​ទៀត​ដែល​គេ​ពុំ​អាច​ទប់​ទល់​បាន នោះ​ពួក​បុគ្គល​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ ដែល​លែង​បំរើ​ជា​ស្មរបន្ទាល់​ដ៏​សកម្ម​របស់​ព្រះ​និង​ព្រះ​គ្រីស្ទ គឺ​ឥត​បំពេញ​តាម​កាតព្វកិច្ច​ទាំង​មូល​របស់​គេ នៅ​ពី​មុខ​ព្រះ​ជា​អ្នក​បង្កើត​ដ៏​ខ្ពស់​ថ្កើង​ឡើយ។—អេសាយ ៤៣:១០​-​១២

៧. ហេតុ​អ្វី​ក៏​យើង​គួរ​មក​ជួប​ជុំ​គ្នា​ជា​រឿយ​ៗ​សំរាប់​ថ្វាយ​បង្គំ​នោះ?

អ៊ីស្រាអែល​ពី​សម័យ​បុរាណ​ជា​សាសន៍​មួយ​ដែល​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះ ហើយ​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ រាស្ត្រ​នេះ​មាន​កាតព្វកិច្ច​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ពួក​ប្រុស​ៗ​ទាំង​អស់​បាន​តម្រូវ​ឲ្យ​មក​ផ្ដុំ​គ្នា ដើម្បី​ធ្វើ​បុណ្យ​បី​យ៉ាង​ប្រចាំ​ឆ្នាំ ហើយ​បុរស​ណា​ដែល​ខាន​ធ្វើ​បុណ្យ​រំលង​ដោយ​ចេតនា​នោះ បាន​ត្រូវ«កាត់​កាល់​ចេញ»ដោយ​ត្រូវ​សម្លាប់។ (ជន​គណនា ៩:១៣; លេវីវិន័យ ២៣:១​-​៤៣; ចោទិយកថា ១៦:១៦) ដើម្បី​បំពេញ​នូវ​កាតព្វកិច្ច​របស់​គេ​ចំពោះ​ព្រះ ជា​រាស្ត្រ​ទ្រង់​ដែល​បាន​ថ្វាយ​ខ្លួន នោះ​ពួក​អ៊ីស្រាអែល​ត្រូវ​ប្រមូល​គ្នា​ដើម្បី​មក​ថ្វាយ​បង្គំ។ (ចោទិយកថា ៣១:១០​-​១៣) នៅ​ក្នុង​ក្រិត្យ​វិន័យ​ឥត​មាន​អ្វី​ដែល​បាន​ចែង​ថា ‹ធ្វើ​ការ​នេះ​ប្រសិន​បើ​អ្នក​អាច​ធ្វើ​ទៅ​បាន›នោះ​ឡើយ។ ចំពោះ​អស់​អ្នក​ដែល​ឥឡូវ​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះ​យេហូវ៉ា នោះបទបញ្ជា​នេះ​ច្បាស់​ជា​បញ្ជាក់​បន្ថែម​នូវ​ពាក្យ​របស់​ប៉ុល ដែល​ថា៖ «ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ​ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ»។ (ហេព្រើរ ១០:២៤, ២៥) ត្រូវ​ហើយ ការ​ផ្ដុំ​គ្នា​ជា​មួយ​ពួក​អ្នក​ជឿ​គ្នី​គ្នា​ជា​រឿយ​ៗ គឺ​ជា​ផ្នែក​នៃ​កាតព្វកិច្ច​ចំពោះ​ព្រះ​របស់​ពួក​គ្រីស្ទាន​ដែល​បាន​ថ្វាយ​ខ្លួន។

ចូរ​ថ្លឹង​ថ្លែង​សេចក្ដី​សម្រេច​ចិត្ត​របស់​អ្នក​យ៉ាង​ប្រិត​ប្រៀន

៨. ហេតុ​អ្វី​ក៏​យុវជន​ដែល​បាន​ថ្វាយ​ខ្លួន គួរ​ពិចារណា​មើល​ដោយ​សេចក្ដី​អធិស្ឋាន​ស្តី​អំពី​កិច្ច​បំរើ​បរិសុទ្ធ​របស់​ខ្លួន​នោះ?

ប្រហែល​អ្នក​ជា​យុ​វ​បុគ្គល ដែល​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះ​យេហូវ៉ា។ អ្នក​នឹង​បាន​ប្រសិទ្ធិពរ​យ៉ាង​វិសេស ប្រសិន​បើ​អ្នក​រក្សា​ទុក​ប្រយោជន៍​ខាង​ព្រះ​រាជាណាចក្រ​ជា​មុន​សិន​ក្នុង​ជីវិត​នោះ។ (សុភាសិត ១០:២២) ដោយ​សេចក្ដី​អធិស្ឋាន​និង​ការ​រៀបចំ​គម្រោង​យ៉ាង​ប្រិត​ប្រៀន នោះ​យ៉ាង​ហោច​ណាស់ ក៏​អ្នក​ប្រហែល​ជា​អាច​ចំណាយ​ពេល​ក្នុង​គ្រា​នៅ​ក្មេង ក្នុង​កិច្ច​បំរើ​ពេញ​ពេល​ផ្នែក​ណា​មួយ​នោះ​ដែរ ដែល​ជា​វិធី​ដ៏​ប្រសើរ​មួយ​ដើម្បី​បង្ហាញ​ថា អ្នក​នឹក​ចាំ​ព្រះ​ជា​អ្នក​បង្កើត​ដ៏​ខ្ពស់​ថ្កើង​របស់​អ្នក។ បើ​មិន​អ៊ីចឹង​ទេ នោះ​អ្នក​ប្រហែល​ជា​ចាប់​ផ្ដើម​ចំណាយ​ពេល​ភាគ​ច្រើន​របស់​អ្នក និង​ការ​ប្រុង​ស្មារតី​លើ​ការ​ចាប់​អារម្មណ៍​ខាង​វត្ថុ​ទ្រព្យ​ទៀត​ផង។ ដូច​ជា​មនុស្ស​ទូទៅ អ្នក​ប្រហែល​ជា​នឹង​រៀប​ការ​ពេល​នៅ​វ័យ​ក្មេង ហើយ​ទៅ​ជា​ជំពាក់​បំណុល​គេ​ដើម្បី​ទិញ​វត្ថុ​ទ្រព្យ។ អាជីព​ដែល​បាន​កំរៃ​ច្រើន ប្រហែល​ជា​នឹង​ស្រូប​យក​ពេល​វេលា​និង​កម្លាំង​របស់​អ្នក​ច្រើន​ណាស់។ ប្រសិន​បើ​អ្នក​មាន​កូន​ៗ នោះ​អ្នក​ក៏​ត្រូវ​ទទួល​ភារកិច្ច​មើល​ថែ​រក្សា​ក្រុម​គ្រួសារ​ជា​ច្រើន​ទសវត្ស​ទៀត។ (ធីម៉ូថេ​ទី​១ ៥:៨) អ្នក​ប្រហែល​ជា​មិន​ភ្លេច​អំពី​ព្រះ​ជា​អ្នក​បង្កើត​ដ៏​ខ្ពស់​ថ្កើង​ទេ ក៏​ប៉ុន្តែ​គឺ​ប្រកប​ដោយ​ប្រាជ្ញា ដោយ​ដឹង​ថា​ការ​រៀបចំ​គម្រោង​ទុក​ជា​មុន ឬ​ក៏​មិន​បាន​គ្រោង​ទុក ប្រហែល​ជា​រៀប​ដំណើរ​ជីវិត​របស់​អ្នក​ពេល​ពេញ​វ័យ។ ពេល​ចាស់​ទៅ អ្នក​ប្រហែល​ជា​នឹង​ក្រឡេក​មើល​ក្រោយ ហើយ​មាន​ចិត្ត​ប្រាថ្នា​ថា កាល​នៅ​ក្មេង​ពេញ​វ័យ យ៉ាង​ហោច​ណាស់ អ្នក​គួរ​បាន​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​បំរើ​បរិសុទ្ធ ថ្វាយ​ព្រះ​ជា​អ្នក​បង្កើត​ដ៏​ខ្ពស់​ថ្កើង​របស់​អ្នក។ ចូរ​គិត​អំពី​ជីវិត​នៅ​ថ្ងៃ​មុខ​ដោយ​សេចក្ដី​អធិស្ឋាន​ពី​ឥឡូវ​នេះ​ទៅ ដើម្បី​ឲ្យ​អ្នក​មាន​ការ​ស្កប់​ស្កល់​ចិត្ត​ក្នុង​កិច្ច​បំរើ​បរិសុទ្ធ​របស់​អ្នក​ថ្វាយ​ព្រះ​យេហូវ៉ា ក្នុង​កាល​នៅ​ក្មេង​នោះ!

៩. តើ​អ្វី​ដែល​ប្រហែល​ជា​អាច​ធ្វើ​ទៅ​បាន ដោយ​បុរស​ដែល​បាន​ទៅ​ជា​ចាស់ ប៉ុន្តែ​ធ្លាប់​មាន​ភារកិច្ច​ដ៏​ធ្ងន់​ធ្ងរ​ក្នុង​ក្រុម​ជំនុំ​នោះ?

ចូរ​ពិចារណា​មើល​នូវ​កាលៈទេសៈ​មួយ​ទៀត ស្តី​អំពី​បុរស​ម្នាក់ ដែល​ធ្លាប់​បំរើ​ជា​អ្នក​គង្វាល​ម្នាក់​នៃ«ហ្វូង​ចៀម​របស់​ព្រះ»។ (ពេត្រុស​ទី​១ ៥:២, ៣) ដោយ​មាន​មូលហេតុ នោះ​គាត់​បាន​សុខ​ចិត្ត​លែង​លះ​នូវ​ឯកសិទ្ធិ​បែប​នេះ។ ពិត​មែន ឥឡូវ​គាត់​បាន​ទៅ​ជា​ចាស់​ហើយ​ៗ​ប្រហែល​ជា​កាន់​តែ​ពិបាក ឲ្យ​គាត់​បន្ត​ក្នុង​កិច្ច​បំរើ​របស់​ព្រះ។ ក៏​ប៉ុន្តែ តើ​គាត់​ប្រហែល​ជា​គួរ​ប្រាថ្នា​ចង់​បាន​ឯកសិទ្ធិ​ខាង​ព្រះ​ធិបតេយ្យ​ម្ដង​ទៀត​ឬ​ទេ? បុរស​បែប​នេះ​នឹង​នាំ​ឲ្យ​មាន​ប្រសិទ្ធិពរ​ដល់​អ្នក​ដទៃ​យ៉ាង​ណា​ទៅ​ហ្ន៎ ប្រសិន​បើ​គាត់​អាច​ទទួល​ភារកិច្ច​ច្រើន​ទៀត​ក្នុង​ក្រុម​ជំនុំ​នោះ! ហើយ​ដោយ​ព្រោះ​គ្មាន​អ្នក​ណា​ដែល​រស់​សំរាប់​តែ​ខ្លួន​ឯង នោះ​មិត្ត​ភក្ដិ​និង​ពួក​ស្ងួន​ភ្ងា​នឹង​អរ​សប្បាយ ប្រសិន​បើ​គាត់​អាច​បង្កើន​កិច្ច​បំរើ​របស់​គាត់ ដែល​ផ្ដល់​សិរី​រុង​រឿង​ដល់​ព្រះ។ (រ៉ូម ១៤:៧, ៨) អ្វី​ដែល​សំខាន់​បំផុត ព្រះ​យេហូវ៉ា​នឹង​មិន​ភ្លេច​នូវ​អ្វី​ដែល​បុគ្គល​ម្នាក់​ធ្វើ​ក្នុង​កិច្ច​បំរើ​របស់​ទ្រង់​ឡើយ។ (ហេព្រើរ ៦:១០​-​១២) ដូច្នេះ តើ​អ្វី​ទៅ​ដែល​អាច​ជួយ​យើង​ឲ្យ​នឹក​ចាំ​ព្រះ​ជា​អ្នក​បង្កើត​ដ៏​ខ្ពស់​ថ្កើង​របស់​យើង?

ជំនួយ​ដើម្បី​នឹក​ចាំ​ព្រះ​ជា​អ្នក​បង្កើត​ដ៏​ខ្ពស់​ថ្កើង​របស់​យើង

១០. ហេតុ​អ្វី​ក៏​គ្រូ​ប្រដៅ​នេះ​មាន​ជំហរ​ដ៏​ប្រសើរ ក្នុង​ការ​ផ្ដល់​ឲ្យ​គោល​ការណ៍​ណែនាំ ស្តី​អំពី​ការ​នឹក​ចាំ​ព្រះ​ជា​អ្នក​បង្កើត​ដ៏​ខ្ពស់​ថ្កើង​របស់​យើង?

១០ គ្រូ​ប្រដៅ​នេះ​បាន​មាន​ជំហរ​ដ៏​ប្រសើរ ក្នុង​ការ​ផ្ដល់​ឲ្យ​គោល​ការណ៍​ណែនាំ ដើម្បី​ឲ្យ​យើង​នឹក​ចាំ​ព្រះ​ជា​អ្នក​បង្កើត​ដ៏​ខ្ពស់​ថ្កើង​របស់​យើង។ ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​ដ៏​អស់​ពី​ដួង​ចិត្ត​របស់​គាត់ ដោយ​ប្រទាន​ឲ្យ​គាត់​នូវ​ប្រាជ្ញា​ដ៏​លើស​លប់។ (ពង្សាវតារ​ក្សត្រ​ទី​១ ៣:៦​-​១២) សាឡូម៉ូន​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ដ៏​ហ្មត់​ចត់​ស្តី​អំពី​វិស័យ​ទាំង​មូល នៃ​រឿង​របស់​មនុស្ស​លោក។ ម្យ៉ាង​ទៀត ព្រះ​បាន​បណ្ដាល​ឲ្យ​គាត់​កត់​ទុក​នូវ​ការ​រក​ឃើញ​របស់​គាត់ ដើម្បី​ធ្វើ​ឲ្យ​មាន​ប្រយោជន៍​ដល់​អ្នក​ដទៃ។ គាត់​បាន​សរសេរ​ថា៖ «ហើយ​១​ទៀត ដោយ​ព្រោះ​គ្រូ​ប្រដៅ​មាន​ប្រាជ្ញា​បាន​ជា​លោក​បង្រៀន​ប្រជាជន ឲ្យ​មាន​ដំរិះ​ទៅ​ទៀត អើ​លោក​បាន​រំពឹង​គិត ព្រម​ទាំង​ស្វែង​រក ហើយ​តែង​ពាក្យសុភាសិតជា​ច្រើន​តាម​របៀប​គ្រូ​ប្រដៅ លោក​បាន​ស្វែង​រក​ពាក្យ​ពីរោះ នឹង​សេចក្ដី​ដែល​បាន​តែង​ទុក​យ៉ាង​ត្រឹម​ត្រូវ គឺ​ជា​ពាក្យ​ដ៏​ពិត​ទាំង​អស់»។—សាស្ដា ១២:៩, ១០

១១. ហេតុ​អ្វី​ក៏​យើង​គួរ​ព្រម​ទទួល​ឱវាទ​ដ៏​មាន​ប្រាជ្ញា​របស់​សាឡូម៉ូន?

១១ ព្រះ​គម្ពីរ​សេបទូជីន​ភាសា​ក្រិក បក​ប្រែ​ពាក្យ​ទាំង​នេះ​ថា៖ «ហើយ​ម្យ៉ាង​ទៀត ពីព្រោះ​អ្នក​ផ្សព្វ​ផ្សាយ​នេះ​បាន​មាន​ប្រាជ្ញា ពីព្រោះ​គាត់​បាន​បង្រៀន​ឲ្យ​មនុស្ស​លោក​នូវ​ប្រាជ្ញា។ ដើម្បី​ឲ្យ​ត្រចៀក​អាច​ស្ដាប់​អ្វី​ដែល​សម​សួន ពី​រឿង​ប្រៀប​ប្រដូច នោះ​អ្នក​ផ្សព្វ​ផ្សាយ​នេះ​បាន​ស្វែង​រក​ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​រក​ពាក្យ​ដ៏​ពីរោះ និង​សេចក្ដី​យ៉ាង​ត្រឹម​ត្រូវ ជា​ពាក្យ​នៃ​សេចក្ដី​ពិត»។ (ព្រះ​គម្ពីរ​សេបទូជីន បាន​បក​ប្រែ​ដោយ​ឆាល្ស ថុម​សិន) សាឡូម៉ូន​បាន​ខំ​ប្រឹង​ធ្វើ​ឲ្យ​មាន​អានុភាព​លើ​ចិត្ត​របស់​ពួក​អ្នក​អាន ដោយ​ប្រើ​ពាក្យ​ដ៏​ពីរោះ​ៗ និង​សាច់​រឿង​ដែល​ពិត​ជា​ចាប់​អារម្មណ៍ ហើយ​ដែល​មាន​ប្រយោជន៍។ ដោយ​ព្រោះ​ពាក្យ​របស់​គាត់​នៅ​ក្នុងបទគម្ពីរ ជា​របស់​ដែល​បាន​បណ្ដាល​មក​ដោយ​វិញ្ញាណ​បរិសុទ្ធ នោះ​យើង​ឥត​មាន​ចិត្ត​ស្ទាក់​ស្ទើរ​ក្នុង​ការ​ព្រម​ទទួល​សេចក្ដី​សម្រេច និង​ឱវាទ​ដ៏​មាន​ប្រាជ្ញា​របស់​គាត់​ឡើយ។—ធីម៉ូថេ​ទី​២ ៣:១៦, ១៧

១២. តាម​ពាក្យ​ផ្ទាល់​របស់​អ្នក តើ​អ្នក​នឹង​ថ្លែង​យ៉ាង​ណា​នូវ​អ្វី​ដែល​សាឡូម៉ូន​បាន​មាន​បន្ទូល​មក ដូច​បាន​កត់​ទុក​នៅ​ក្នុង​សាស្ដា ១២:១១, ១២?

១២ សូម្បី​តែ​ឥត​មាន​របៀប​បោះ​ពុម្ព​ដូច​សម័យ​ទំនើប​នេះ នោះ​ក៏​មាន​សៀវភៅ​ជា​ច្រើន​ក្នុង​សម័យ​របស់​សាឡូម៉ូន​ដែរ។ តើ​ពួក​គេ​បាន​ត្រូវ​ចាត់​ទុក​ប្រកាសនវត្ថុ​យ៉ាង​ណា​ដែរ? ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ពាក្យ​របស់​មនុស្ស​មាន​ប្រាជ្ញា ធៀប​ដូច​ជា​ជន្លួញ ហើយ​ពាក្យ​របស់​ពួក​អ្នក ដែល​ប្រមូល​កត់​ទុក​ពាក្យ​ប្រាជ្ញ នោះ​ក៏​ដូច​ជា​ដែក​គោល​បោះ​ភ្ជាប់ ជា​ពាក្យ​ដែល​មក​ពី​អ្នក​គង្វាល​តែ​១ ១​ទៀត កូន​អើយ ចូរ​ទទួល​ដំបូន្មាន​ចុះ ដ្បិត​ការ​ដែល​ធ្វើ​សៀវភៅ​ជា​ច្រើន នោះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ឡើយ ហើយ​ការ​ដែល​រៀន​ជា​ច្រើន នោះ​រមែង​នាំ​ឲ្យ​អផ្សុក​ដល់​រូប​សាច់»។—សាស្ដា ១២:១១, ១២

១៣. តើ​តាម​របៀប​ណា​ដែល​ពាក្យ​របស់​អ្នក​ដែល​មាន​ប្រាជ្ញា​ខាង​ព្រះ ស​ឲ្យ​ឃើញ​ជា​ជន្លួញ ហើយ​តើ​នរណា​គេ​ដែល​ប្រៀប​ដូច​ជា«ដែក​គោល​បោះ​ភ្ជាប់»?

១៣ ពាក្យ​សំដី​របស់​អ្នក​ដែល​មាន​ប្រាជ្ញា​ខាង​ព្រះ ស​ឲ្យ​ឃើញ​ថា​ដូច​ជន្លួញ​មែន។ តើ​យ៉ាង​ដូច​ម្ដេច​ទៅ? ពាក្យ​ទាំង​នោះ​ជំរុញ​ពួក​អ្នក​អាន​ឬ​ពួក​អ្នក​ស្ដាប់​ឲ្យ​ធ្វើ​ការ​រីក​ចំរើន ដែល​ស្រប​តាម​ពាក្យ​ដ៏​មាន​ប្រាជ្ញា​ដែល​បាន​អាន​ឬ​បាន​ឮ​នោះ។ ម្យ៉ាង​វិញ​ទៀត អស់​អ្នក​ដែល​រវល់​នឹង«ប្រមូល​កត់​ទុក​ពាក្យ» ជា​ពាក្យ​ពេចន៍​ដែល​ពិត​ជា​មាន​ប្រាជ្ញា​និង​មាន​ប្រយោជន៍ នោះ​ប្រៀប​ដូច​ជា«ដែក​គោល​បោះ​ភ្ជាប់» ឬ​បាន​ជាប់​យ៉ាង​ខ្លាំង។ នេះ​ប្រហែល​ជា​អ៊ីចឹង​មែន ពីព្រោះ​ពាក្យ​ពេចន៍​ល្អ​ៗ​របស់​បុគ្គល​បែប​នេះ បង្ហាញ​នូវ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា ហើយ​ដូច្នេះ​អាច​ធ្វើ​ឲ្យ​ស្ថិត​ស្ថេរ​និង​គាំទ្រ​ពួក​អ្នក​អាន​និង​ពួក​អ្នក​ស្ដាប់។ ប្រសិន​បើ​អ្នក​ជា​ឪពុក​ឬ​ម្ដាយ​ដែល​កោត​ខ្លាច​ព្រះ តើ​គួរ​ខំ​ប្រឹង​ដើម្បី​បណ្ដុះ​បណ្ដាល​នូវ​ប្រាជ្ញា​បែប​នេះ​ក្នុង​ចិត្ត​គំនិត​របស់​កូន​អ្នក​ទេ​ឬ?—ចោទិយកថា ៦:៤​-​៩

១៤. (ក) តើ​មិន​មាន​ប្រយោជន៍​ដោយ«រៀន​ជា​ច្រើន» ពី​សៀវភៅ​ប្រភេទ​ណា? (ខ) តើ​ប្រកាសនវត្ថុ​បែប​ណា​ដែល​យើង​គួរ​ពិចារណា​មើល​មុន​គេ ហើយ​ហេតុ​អ្វី?

១៤ ក៏​ប៉ុន្តែ ហេតុ​អ្វី​ក៏​សាឡូម៉ូន​មាន​បន្ទូល​អ៊ីចឹង​អំពី​សៀវភៅ​ទាំងឡាយ? ហ្នឹង​ហើយ បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​សៀវភៅ​ជា​ច្រើន​ឥត​គណនា​របស់​លោកីយ៍​នេះ គឺ​មាន​តែ​ការ​វែក​ញែក​របស់​មនុស្ស​ប៉ុណ្ណោះ​ទេ។ ហើយ​គំនិត​ជា​ច្រើន​ទាំង​នេះ បង្ហាញ​នូវ​គំនិត​របស់​អារក្ស​សាតាំង។ (កូរិនថូស​ទី​២ ៤:៤) ដូច្នេះ​ហើយ «ការ​ដែល​រៀន​ជា​ច្រើន» ស្តី​អំពី​ពត៌មាន​ខាង​លោកីយ៍​នេះ នោះ​កម្រ​មាន​តម្លៃ​ជា​ស្ថាពរ​ទេ។ តាម​ការ​ពិត មួយ​ចំនួន​ច្រើន​នៃ​ការ​រៀន​នេះ អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ​ទៀត​ផង។ ដូច​សាឡូម៉ូន ចូរ​ឲ្យ​យើង​រំពឹង​គិត​លើ​អ្វី​ៗ​ដែល​បន្ទូល​របស់​ព្រះ​ចែង​អំពី​ជីវិត​នោះ​វិញ។ នេះ​នឹង​ពង្រឹង​ជំនឿ​របស់​យើង និង​ទាញ​យើង​ឲ្យ​មក​ជិត​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើង។ ការ​ប្រុង​ស្មារតី​ច្រើន​ហួស​ហេតុ​លើ​សៀវភៅ ឬ​ពី​ប្រភព​សេចក្ដី​ណែនាំ​ឯ​ទៀត នោះ​អាច​ធ្វើ​ឲ្យ​យើង​នឿយ​ហត់។ ជា​ពិសេស​នៅ​ពេល​ដែល​សេចក្ដី​ទាំង​នេះ ជា​ផលិតផល​នៃ​ការ​វែក​ញែក​ខាង​លោកីយ៍​នេះ ដែល​ប្រឆាំង​នឹង​ប្រាជ្ញា​របស់​ព្រះ នោះ​សេចក្ដី​ទាំង​នេះ​គឺ​ធ្វើ​ឲ្យ​ហិនហោច​ដល់​ជំនឿ​លើ​ព្រះ និង​លើ​គោល​បំណង​របស់​ទ្រង់។ បើ​អ៊ីចឹង សូម​ឲ្យ​យើង​នឹក​ចាំ​ថា​សេចក្ដី​ដែល​មាន​ប្រយោជន៍​បំផុត​នៅ​សម័យ​សាឡូម៉ូន និង​នៅ​សម័យ​យើង​នេះ គឺ​ជា​សេចក្ដី​ដែល​បង្ហាញ​នូវ​ប្រាជ្ញា​របស់«អ្នក​គង្វាល​តែ​១» ដែល​ជា​ព្រះ​យេហូវ៉ា។ ទ្រង់​បាន​ប្រទាន​ឲ្យ​នូវ​សៀវភៅ​៦៦​ក្បាល ដែល​ជាបទគម្ពីរ​បរិសុទ្ធ ហើយ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត​នឹង​សៀវភៅ​ទាំង​នេះ។ ព្រះ​គម្ពីរ​និង​ប្រកាសនវត្ថុ​ដ៏​មាន​ប្រយោជន៍​របស់‹អ្នក​បំរើ​ស្មោះ​ត្រង់› ជួយ​យើង​ឲ្យ​ទទួល​បាន‹ចំណេះ​អំពី​ព្រះ›។—សុភាសិត ២:១​-​៦

កាតព្វកិច្ច​ទាំង​មូល​របស់​យើង​ចំពោះ​ព្រះ

១៥. (ក) តើ​អ្នក​នឹង​និយាយ​យ៉ាង​ណា​អំពី​បន្ទូល​របស់​សាឡូម៉ូន​អំពី‹កាតព្វកិច្ច​ទាំង​មូល​របស់​មនុស្ស›នោះ? (ខ) តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី បើ​យើង​ចង់​បំពេញ​កាតព្វកិច្ច​របស់​យើង​ចំពោះ​ព្រះ​នោះ?

១៥ ក្នុង​ការ​សង្ខេប​នូវ​ការ​ស៊ើប​អង្កេត​ទាំង​មូល​របស់​ទ្រង់ នោះ​សាឡូម៉ូន​ជា​គ្រូ​ប្រដៅ​នេះ មាន​បន្ទូល​ថា៖ «សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ ទាំង​អស់​បាន​សំដែង​ទុក​ហើយ ដូច្នេះ ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ ពីព្រោះ​ព្រះ​ទ្រង់​នឹង​នាំ​គ្រប់​ការ​ទាំង​អស់​មក​ដើម្បី​ជំនុំ​ជំរះ ព្រម​ទាំង​អ្វី​ៗ​ដែល​លាក់​កំបាំង​ផង ទោះ​ល្អ​ឬ​អាក្រក់​ក្ដី»។ (សាស្ដា ១២:១៣, ១៤) ការ​កោត​ខ្លាច​ដ៏​ត្រឹម​ត្រូវ ឬ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​ជា​អ្នក​បង្កើត​ដ៏​ខ្ពស់​ថ្កើង​របស់​យើង នឹង​ការ​ពារ​យើង ហើយ​និង​ការ​ពារ​ក្រុម​គ្រួសារ​របស់​យើង ពី​ការ​ស្វះ​ស្វែង​ដំណើរ​ជីវិត​ដ៏​ល្ងី​ល្ងើ ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​និង​ទុក្ខ​សោក​មិន​ចេះ​ចប់​លើ​យើង និង​ពួក​ស្ងួន​ភ្ងា​របស់​យើង​ផង​ដែរ។ ការ​កោត​ខ្លាច​ដ៏​ត្រឹម​ត្រូវ​ចំពោះ​ព្រះ គឺ​បរិសុទ្ធ ហើយ​ជា​ទី​ចាប់​ផ្ដើម​នៃ​ប្រាជ្ញា​និង​ចំណេះ។ (ទំនុកដំកើង ១៩:៩; សុភាសិត ១:៧) ប្រសិន​បើ​យើង​មាន​ការ​យល់​ធ្លុះ ដែល​មាន​មូលដ្ឋាន​លើ​បន្ទូល​របស់​ព្រះ ហើយ​អនុវត្ត​ឱវាទ​នេះ​ក្នុង​គ្រប់​ការ​អ្វី​ៗ​ទាំង​អស់ នោះ​យើង​នឹង​បំពេញ​នូវ‹កាតព្វកិច្ច​ទាំង​មូល›របស់​យើង​ចំពោះ​ព្រះ។ នេះ​មិន​មែន​តម្រូវ​ឲ្យ​កត់​បញ្ជី​មួយ​អំពី​កាតព្វកិច្ច​ទាំង​ប៉ុន្មាន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​តម្រូវ​គឺ​ឲ្យ​យើង​មើល​ក្នុងបទគម្ពីរ ពេល​ដោះ​ស្រាយ​បញ្ហា​ក្នុង​ជីវិត ហើយ​ឲ្យ​ធ្វើ​តាម​ផ្លូវ​របស់​ព្រះ​ជា​និច្ច។

១៦. ស្តី​អំពី​ការ​ជំនុំ​ជំរះ តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី?

១៦ យើង​គួរ​ដឹង​ថា គ្មាន​អ្វី​សោះ​ដែល​ព្រះ​ជា​អ្នក​បង្កើត​ដ៏​ខ្ពស់​ថ្កើង​របស់​យើង​មើល​មិន​ឃើញ​នោះ​ឡើយ។ (សុភាសិត ១៥:៣) ទ្រង់«នឹង​នាំ​គ្រប់​ការ​ទាំង​អស់​មក​ដើម្បី​ជំនុំ​ជំរះ»។ ត្រូវ​ហើយ ព្រះ​ដ៏​ខ្ពស់​បំផុត​នឹង​ជំនុំ​ជំរះ​គ្រប់​ការ​ទាំង​អស់ ព្រម​ទាំង​អ្វី​ៗ​ដែល​លាក់​កំបាំង​ពី​ភ្នែក​របស់​មនុស្ស​ផង។ ការ​ដឹង​អំពី​កត្ដា​ដូច​នេះ នឹង​ទុក​ជា​ហេតុ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​ធ្វើ​តាមបទបញ្ជា​របស់​ព្រះ។ ក៏​ប៉ុន្តែ​ការ​ជំរុញ​ទឹក​ចិត្ត​ដ៏​ខ្លាំង​បំផុត គួរ​តែ​ជា​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​វរបិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌ ដ្បិត​សាវ័កយ៉ូហានបាន​សរសេរ​ថា៖ «ដ្បិត​នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់​នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ»។ (យ៉ូហាន​ទី​១ ៥:៣) ហើយ​ដោយ​ព្រោះ​បញ្ញត្ត​របស់​ព្រះ​មាន​បំណង​នាំ​ឲ្យ​មាន​សុខុមាលភាព​ជា​ស្ថាពរ នោះ​យ៉ាង​ប្រាកដ​ហើយ ដែល​មិន​គ្រាន់​តែ​ត្រឹម​ត្រូវ​ឡើយ ក៏​ប៉ុន្តែ​គឺ​ពិត​ជា​មាន​ប្រាជ្ញា​ទៀត ក្នុង​ការ​ធ្វើ​តាម​បញ្ញត្ត​ទាំង​នោះ។ នេះមិន​មែន​ជា​បន្ទុក​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​ជា​អ្នក​បង្កើត​ដ៏​ខ្ពស់​ថ្កើង​ទេ។ ពួក​គេ​ចង់​បំពេញ​នូវ​កាតព្វកិច្ច​របស់​គេ​ចំពោះ​ទ្រង់។

ចូរ​បំពេញ​នូវ​កាតព្វកិច្ច​ទាំង​មូល​របស់​អ្នក

១៧. តើ​យើង​នឹង​ធ្វើ​អ្វី ប្រសិន​បើ​យើង​ពិត​ជា​ចង់​បំពេញ​នូវ​កាតព្វកិច្ច​ទាំង​មូល​របស់​យើង​ចំពោះ​ព្រះ​នោះ?

១៧ ប្រសិន​បើ​យើង​មាន​ប្រាជ្ញា និង​ពិត​ជា​ចង់​បំពេញ​នូវ​កាតព្វកិច្ច​ទាំង​មូល​របស់​យើង​ចំពោះ​ព្រះ ក្រៅ​ពី​រក្សា​ទុក​នូវ​បញ្ញត្ត​របស់​ទ្រង់ នោះ​យើង​នឹង​មាន​សេចក្ដី​កោត​ខ្លាច មិន​ចង់​ធ្វើ​ឲ្យ​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ​ទេ។ ប្រាកដ​ហើយ «សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​ជា​ដើម​ចម​នៃ​ប្រាជ្ញា» ហើយ​អស់​អ្នក​ដែល​ធ្វើ​តាម​បញ្ញត្ត​របស់​ទ្រង់ នឹង​មាន‹ការ​យល់​ធ្លុះ​ល្អ›។ (ទំនុកដំកើង ១១១:១០; សុភាសិត ១:៧) ដូច្នេះ​សូម​ឲ្យ​យើង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា និង​ស្ដាប់​បង្គាប់​តាម​ព្រះ​យេហូវ៉ា​ក្នុង​គ្រប់​ការ​ទាំង​អស់។ ការ​ធ្វើ​អ៊ីចឹង​គឺ​ជា​ពិសេស​សំខាន់​នៅ​ឥឡូវ​នេះ ពីព្រោះ​ស្តេច​ដ៏​ជា​ព្រះ​យេស៊ូ​គ្រីស្ទ​គឺ​មាន​វត្តមាន ហើយ​ថ្ងៃ​ជំនុំ​ជំរះ​ដោយ​ទ្រង់​ជា​ចៅ​ក្រម ដែល​ព្រះ​បាន​រើស​តាំង​នោះ​គឺ​ជិត​ដល់​ហើយ។—ម៉ាថាយ ២៤:៣; ២៥:៣១, ៣២

១៨. តើ​យើង​នឹង​មាន​លទ្ធផល​យ៉ាង​ណា ប្រសិន​បើ​យើង​បំពេញ​នូវ​កាតព្វកិច្ច​ទាំង​មូល​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​នោះ?

១៨ យើង​ម្នាក់​ៗ​ឥឡូវ​គឺ​នៅ​ក្រោម​ការ​ពិនិត្យ​ពិច័យ​ពី​ព្រះ។ តើ​យើង​មាន​ចិត្ត​ទោរ​ទន់​ខាង​វិញ្ញាណ ឬ​ក៏​បាន​អនុញ្ញាត​ឲ្យ​អានុភាព​ខាង​លោកីយ៍​នេះ ធ្វើ​ឲ្យ​ខ្សោយ​ដល់​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ព្រះ? (កូរិនថូស​ទី​១ ២:១០​-​១៦; យ៉ូហាន​ទី​១ ២:១៥​-​១៧) មិន​ថា​ក្មេង​ឬ​ក៏​ចាស់ សូម​ឲ្យ​យើង​ខំ​ប្រឹង​ធ្វើ​អស់​ពី​សមត្ថភាព ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​ជា​អ្នក​បង្កើត​ដ៏​ខ្ពស់​ថ្កើង​របស់​យើង។ ប្រសិន​បើ​យើង​ស្ដាប់​បង្គាប់​តាម​ព្រះ​យេហូវ៉ា ហើយ​រក្សា​ទុក​នូវ​បញ្ញត្ត​ទ្រង់ នោះ​យើង​នឹង​បដិសេធ​ចោល​របស់​ដែល​ឥត​ប្រយោជន៍ ក្នុង​លោកីយ៍​ចាស់​ដែល​កំពុង​តែ​កន្លង​ទៅ​នេះ។ រួច​មក យើង​នឹង​អាច​មាន​សេចក្ដី​សង្ឃឹម​បាន​ជីវិត​អស់​កល្ប​ជា​និច្ច​នៅ​ក្នុង​របប​ថ្មី ដែល​ព្រះ​បាន​សន្យា​មក។ (ពេត្រុស​ទី​២ ៣:១៣) នេះ​ជា​ការ​ទន្ទឹង​រង់​ចាំ​ដ៏​អស្ចារ្យ​យ៉ាង​ណា​ទៅ​ហ្ន៎ ចំពោះ​ពួក​អ្នក​ដែល​បំពេញ​នូវ​កាតព្វកិច្ច​ទាំង​មូល​របស់​គេ​ចំពោះ​ព្រះ!

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ហេតុ​អ្វី​ក៏​អ្នក​អាច​និយាយ​ថា មិន​មែន​គ្រប់​ការ​ទាំង​អស់​គឺ​ឥត​ប្រយោជន៍​នោះ​ទេ?

ហេតុ​អ្វី​ក៏​យុ​វ​គ្រីស្ទាន​គួរ​ពិចារណា​មើល​ដោយ​សេចក្ដី​អធិស្ឋាន ស្តី​អំពី​កិច្ច​បំរើ​ដ៏​បរិសុទ្ធ​របស់​ខ្លួន?

តើ​មិន​មាន​ប្រយោជន៍«រៀន​ជា​ច្រើន» ពី​សៀវភៅ​ប្រភេទ​ណា?

តើ​អ្វី​ទៅ​ជា‹កាតព្វកិច្ច​ទាំង​មូល​របស់​មនុស្ស›នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២៨]

មិន​មែន​គ្រប់​ការ​ទាំង​អស់​គឺ​ឥត​ប្រយោជន៍ ចំពោះ​អស់​អ្នក​ដែល​បំរើ​ព្រះ​យេហូវ៉ា​នោះ​ឡើយ

[រូប​ភាព​នៅ​ទំព័រ​៣១]

មិន​ដូច​សៀវភៅ​ជា​ច្រើន​ក្នុង​លោកីយ៍​នេះ នោះ​បន្ទូល​របស់​ព្រះ​គឺ​ត្រជាក់​ត្រ​ជុំ​ហើយ​មាន​ប្រយោជន៍