លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកស្រឡាញ់បន្ទូលរបស់ព្រះប៉ុនណា?

តើអ្នកស្រឡាញ់បន្ទូលរបស់ព្រះប៉ុនណា?

តើ​អ្នក​ស្រឡាញ់​បន្ទូល​របស់​ព្រះ​ប៉ុន​ណា?

«ឱ​ទូល​បង្គំ​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎ ទូល​បង្គំ​រំពឹង​គិត​ពី​ក្រិត្យ​វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ»។—ទំនុកដំកើង ១១៩:៩៧

១. តើ​អ្វី​ជា​វិធី​មួយ ដែល​មនុស្ស​កោត​ខ្លាច​ព្រះ​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​របស់​គេ​ចំពោះ​បន្ទូល​របស់​ព្រះ?

 មនុស្ស​ប្រុស​ស្រី​រាប់​រយ​លាន​នាក់​មាន​ព្រះ​គម្ពីរ​មួយ​ក្បាល។ ក៏​ប៉ុន្តែ​គឺ​មាន​ការ​ខុស​គ្នា​រវាង​ការ​មាន​ព្រះ​គម្ពីរ​មួយ​ក្បាល និង​ការ​ស្រឡាញ់​បន្ទូល​របស់​ព្រះ។ តើ​បុគ្គល​ម្នាក់​អាច​អះអាង​ដោយ​ត្រឹម​ត្រូវ​ថា ស្រឡាញ់​បន្ទូល​របស់​ព្រះ​បាន​ទេ ប្រសិន​បើ​គាត់​កម្រ​អាន​ព្រះ​គម្ពីរ​នោះ? ប្រាកដ​ជា​មិន​អ៊ីចឹង​ទេ! ផ្ទុយ​ទៅ​វិញ បុគ្គល​ខ្លះ​ដែល​ពី​មុន​មិន​សូវ​មាន​ការ​គោរព​ព្រះ​គម្ពីរ តែ​ឥឡូវ​នេះ​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ។ ពួក​គេ​បាន​រៀន​ចេះ​ស្រឡាញ់​បន្ទូល​របស់​ព្រះ ហើយ​ដូច​អ្នក​តែងបទ​ទំនុកដំកើងនេះ នោះ​ឥឡូវ​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​លើ​បន្ទូល​របស់​ព្រះ«ជា​ដរាប​រាល់​ថ្ងៃ»។—ទំនុកដំកើង ១១៩:៩៧

២. តើ​តាម​របៀប​ណា​ដែល​ជំនឿ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​ៗ បាន​ត្រូវ​ទ្រ​ទ្រង់​ពេល​មាន​ស្ថានការណ៍​ដ៏​ពិបាក​នោះ?

បុគ្គល​ម្នាក់​ដែល​បាន​រៀន​ចេះ​ស្រឡាញ់​បន្ទូល​របស់​ព្រះ គឺ​ឈ្មោះ​ណហ្សូ ដូរី។ ជា​មួយ​នឹង​ពួក​អ្នក​ជឿ​គ្នី​គ្នា នោះ​គាត់​បាន​ស៊ូ​ទ្រាំ​អស់​រយៈ​ជា​ច្រើន​ទសវត្ស​មក​ហើយ​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា នៅ​ក្នុង​ប្រទេស​អាល់បានី ជា​ស្រុក​កំណើត​របស់​គាត់។ ភាគ​ច្រើន​ក្នុង​កំឡុង​គ្រា​នោះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ហាមឃាត់ ហើយ​ពួក​គ្រីស្ទាន​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ទាំង​នេះ បាន​ទទួល​ប្រកាសនវត្ថុ​ខាង​ព្រះ​គម្ពីរ​តិច​តួច​ណាស់។ ក៏​ប៉ុន្តែ ជំនឿ​របស់​បង​ប្រុស​ណហ្សូ ដូរី​បាន​នៅ​មុត​មាំ​ដដែល។ តើ​យ៉ាង​ដូច​ម្ដេច​ទៅ? គាត់​បាន​មាន​ប្រសាសន៍​ថា៖ «គោល​ដៅ​របស់​ខ្ញុំ​គឺ​ដើម្បី​អាន​ព្រះ​គម្ពីរ យ៉ាង​ហោច​ណាស់​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដែល​ខ្ញុំ​បាន​ធ្វើ​ជាង​៦០​ឆ្នាំ​មក​ហើយ មុន​នឹង​ចក្ខុប្រសាទ​របស់​ខ្ញុំ​បាន​ទៅ​ជា​មើល​លែង​ឃើញ​នោះ»។ មក​ដល់​ពេល​ថ្មី​ៗ​នេះ គឺ​ឥត​មាន​ព្រះ​គម្ពីរ​ទាំង​មូល​ជា​ភាសា​អាល់បានី​ទេ ក៏​ប៉ុន្តែ​កាល​នៅ​ពី​ក្មេង នោះ​បង​ប្រុស​ដូរី​បាន​រៀន​ភាសា​ក្រិក ដូច្នេះ​គាត់​ចេះ​អាន​ព្រះ​គម្ពីរ​ជា​ភាសា​ក្រិក។ ការ​អាន​ព្រះ​គម្ពីរ​ជា​រឿយ​ៗ​បាន​ជួយ​គាំទ្រ​បង​ប្រុស​ដូរី​ឆ្លង​កាត់​សេចក្ដី​ទុក្ខ​លំបាក​ផ្សេង​ៗ ហើយ​ក៏​អាច​ជួយ​គាំទ្រ​យើង​ផង​ដែរ។

«ចូរ​ប្រាថ្នា​ចង់​បាន»បន្ទូល​របស់​ព្រះ

៣. តើ​ពួក​គ្រីស្ទាន​គួរ​តែ​បណ្ដុះ​អាកប្បកិរិយា​យ៉ាង​ណា ចំពោះ​បន្ទូល​របស់​ព្រះ?

សាវ័ក​ពេត្រុស​បាន​សរសេរ​ថា៖ «ចូរ​ប្រាថ្នា​ចង់​បាន​ព្រះ​បន្ទូល ដូច​ទារក​ដែល​ទើប​នឹង​កើត​ប្រាថ្នា​ចង់​បាន​ទឹក​ដោះ​សុទ្ធ»។ (ពេត្រុស​ទី​១ ២:២; ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) ដូច​ជា​កូន​ង៉ា​ម្នាក់​ចង់​បាន​យ៉ាង​ខ្លាំង​នូវ​ទឹក​ដោះ​របស់​ម្ដាយ នោះ​ពួក​គ្រីស្ទាន​ដែល​ដឹង​នូវ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​គេ មាន​ការ​ពេញ​ចិត្ត​នឹង​ការ​អាន​បន្ទូល​របស់​ព្រះ​ដែរ។ តើ​អ្នក​មាន​អារម្មណ៍​ដូច​នេះ​ឬ​ទេ? ប្រសិន​បើ​មិន​អ៊ីចឹង​ទេ ចូរ​កុំ​ឲ្យ​អស់​សង្ឃឹម​ឡើយ។ អ្នក​ក៏​អាច​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ប្រាថ្នា​ចង់​បាន​ចំពោះ​បន្ទូល​របស់​ព្រះ​ផង​ដែរ។

៤. តើ​ទាក់​ទង​អ្វី​ខ្លះ ក្នុង​ការ​អាន​ព្រះ​គម្ពីរ​ជា​ទម្លាប់​រៀង​រាល់​ថ្ងៃ​នោះ?

ដើម្បី​ឲ្យ​ធ្វើ​អ៊ីចឹង​បាន ដំបូង ចូរ​ទូន្មាន​ខ្លួន​អ្នក​ឲ្យ​ចាត់​ទុក​ការ​អាន​ព្រះ​គម្ពីរ​ជា​ទម្លាប់​ដ៏​ទៀង​ទាត់ គឺ​ជា​ទម្លាប់​ដែល​មាន​ប្រចាំ​ថ្ងៃ បើ​ធ្វើ​ទៅ​បាន។ (កិច្ច​ការ ១៧:១១) អ្នក​ប្រហែល​ជា​មិន​អាច​ចំណាយ​ពេល​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​អាន​ព្រះ​គម្ពីរ ដូច​ណហ្សូ ដូរី​បាន​ទេ។ ក៏​ប៉ុន្តែ អ្នក​ប្រហែល​ជា​អាច​ទុក​ពេល​ខ្លះ​ៗ​រៀង​រាល់​ថ្ងៃ ដើម្បី​ពិនិត្យ​មើល​បន្ទូល​របស់​ព្រះ។ ពួក​គ្រីស្ទាន​ជា​ច្រើន​នាក់​ងើប​ពី​ព្រលឹម ដើម្បី​ជញ្ជឹង​គិត​លើ​ដំណើរ​រឿង​ណា​មួយ​ក្នុង​ព្រះ​គម្ពីរ។ តើ​មាន​វិធី​ដ៏​ប្រសើរ​ជាង​ឯ​ណា ក្នុង​ការ​ចាប់​ផ្ដើម​ថ្ងៃ​និមួយ​ៗ​នោះ​ទេ? អ្នក​ឯ​ទៀត​ចូល​ចិត្ត​អាន​ព្រះ​គម្ពីរ​ពេល​យប់ មុន​នឹង​ចូល​គេង។ ក៏​ប៉ុន្តែ​អ្នក​ឯ​ទៀត​អាន​ព្រះ​គម្ពីរ នៅ​ពេល​ដែល​ស្រួល​សំរាប់​គេ។ អ្វី​ដែល​សំខាន់​នោះ​គឺ ការ​អាន​ព្រះ​គម្ពីរ​ជា​រឿយ​ៗ។ រួច​មក ចូរ​ឆ្លៀត​យក​ពេល​មួយ​ភ្លែត ដើម្បី​រំពឹង​គិត​នឹង​អ្វី​ដែល​អ្នក​បាន​អាន។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​ឧទាហរណ៍​ខ្លះ​ៗ​ស្តី​អំពី​ពួក​បុគ្គល ដែល​បាន​ទទួល​ប្រយោជន៍​ពី​ការ​អាន​និង​សញ្ជឹង​គិត​ពី​បន្ទូល​របស់​ព្រះ។

អ្នក​តែងបទ​ទំនុកដំកើងដែល​បាន​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ព្រះ

៥, ៦. ទោះ​ជា​យើង​ប្រហែល​ជា​មិន​ស្គាល់​ឈ្មោះ​របស់​គាត់​ក៏​ដោយ តើ​យើង​អាច​រៀន​អ្វី​ខ្លះ​អំពី​អ្នក​សរសេរទំនុកដំកើងទី​១១៩ ដោយ​អាន​និង​រំពឹង​គិត​លើ​អ្វី​ដែល​គាត់​បាន​សរសេរ​នោះ?

អ្នក​សរសេរបទ​ទំនុកដំកើងទី​១១៩ ប្រាកដ​ជា​មាន​ការ​អបអរ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​បន្ទូល​របស់​ព្រះ។ តើ​អ្នក​ណា​ដែល​បាន​សរសេរទំនុកដំកើងនោះ? អ្នក​សរសេរ​នេះ​ឥត​បាន​ត្រូវ​សម្គាល់​នៅ​ក្នុង​ព្រះ​គម្ពីរ​ទេ។ ក៏​ប៉ុន្តែ​ពី​បរិបទ យើង​ដឹង​នូវ​ពត៌មាន​ខ្លះ​ៗ​អំពី​គាត់ ហើយ​យើង​ដឹង​ថា​គាត់​បាន​ពិសោធ​នូវ​បញ្ហា​ក្នុង​ជីវិត​របស់​គាត់។ មិត្ត​ភក្ដិ​ខ្លះ​របស់​គាត់ ដែល​បាន​អួតអាង​ថា​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ឥត​មាន​យល់​ស្រប​នឹង​សេចក្ដី​ស្រឡាញ់​របស់​គាត់ ចំពោះ​គោល​ការណ៍​ព្រះ​គម្ពីរ​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ អ្នក​តែងបទ​ទំនុកដំកើងនេះ​មិន​បាន​អនុញ្ញាត​ឲ្យ​អាកប្បកិរិយា​របស់​គេ មក​បង្ការ​គាត់​ពី​ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​នោះ​ទេ។ (ទំនុកដំកើង ១១៩:២៣) ប្រសិន​បើ​អ្នក​រស់​នៅ​ឬ​ធ្វើ​ការ​ជា​មួយ​បុគ្គល​ម្នាក់ ដែល​ឥត​មាន​ចិត្ត​គោរព​នឹង​ខ្នាត​តម្រា​ព្រះ​គម្ពីរ នោះ​អ្នក​ប្រហែល​ជា​ឃើញ​នូវ​ភាព​ស្រដៀង​គ្នា រវាង​ស្ថានការណ៍​របស់​អ្នក​តែងបទ​ទំនុកដំកើងនេះ និង​ស្ថានការណ៍​របស់​អ្នក​ហើយ។

ទោះ​ជា​គាត់​ជា​បុរស​ដែល​កោត​ខ្លាច​ព្រះ​ក៏​ដោយ អ្នក​តែងបទ​ទំនុកដំកើងនេះ មិន​មែន​ជា​បុគ្គល​ដែល​លើក​ខ្លួន​ជា​សុចរិត​នោះ​ទេ។ គាត់​បាន​ទទួល​ស្គាល់​យ៉ាង​ស្មោះ​នូវ​ភាព​ឥត​គ្រប់ល័ក្ខណ៍​របស់​គាត់។ (ទំនុកដំកើង ១១៩:៥, ៦, ៦៧) ក៏​ប៉ុន្តែ គាត់​មិន​បាន​អនុញ្ញាត​ឲ្យ​សេចក្ដី​បាប​បង្ក្រាប​គាត់​ឡើយ។ គាត់​បាន​សួរ​ថា៖ «មនុស្ស​កំឡោះ​នឹង​សំអាត​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្ត​ដោយ​សារ​អ្វី»? ចម្លើយ​របស់​គាត់៖ «គឺ​ដោយ​ប្រយ័ត​នឹង​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​នៃ​ទ្រង់»។ (ទំនុកដំកើង ១១៩:៩) រួច​មក ដោយ​បញ្ជាក់​ថា​បន្ទូល​របស់​ព្រះ​មាន​អានុភាព​ដ៏​ខ្លាំង​សំរាប់​ប្រយោជន៍​ល្អ នោះ​អ្នក​តែងបទ​ទំនុកដំកើងនេះ​និយាយ​បន្ថែម​ថា៖ «ទូល​បង្គំ​បាន​កំណត់​ចាំ​ព្រះ​បន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្ត ប្រយោជន៍​កុំ​ឲ្យ​ទូល​បង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ»។ (ទំនុកដំកើង ១១៩:១១) អានុភាព​ដែល​អាច​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​ព្រះ គឺ​ប្រាកដ​ជា​ខ្លាំង​ក្លា​មែន!

៧. ហេតុ​អ្វី​ក៏​ពួក​យុវជន​ជា​ពិសេស​ត្រូវ​ឲ្យ​ដឹង​នូវ​សេចក្ដី​ត្រូវ​ការ ឲ្យ​អាន​ព្រះ​គម្ពីរ​រៀង​រាល់​ថ្ងៃ?

ពួក​យុវជន​គ្រីស្ទាន​អាច​ទទួល​ប្រយោជន៍​ពី​ការ​ពិចារណា​មើល ពាក្យ​របស់​អ្នក​តែងបទ​ទំនុកដំកើងនេះ។ ពួក​គ្រីស្ទាន​ក្មេង​ៗ​ជា​ច្រើន​បាន​ត្រូវ​វាយលុក​សព្វ​ថ្ងៃ​នេះ។ អារក្ស​ច្បាស់​ជា​ពេញ​ចិត្ត​នឹង​ធ្វើ​ឲ្យ​ខូច ដល់​ពួក​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ដែល​ជា​មនុស្ស​ក្មេង​ៗ​នោះ​ហើយ។ គោល​ដៅ​របស់​សាតាំង​គឺ​ដើម្បី​ល្បួង​ពួក​យុវជន​គ្រីស្ទាន ឲ្យ​ធ្វើ​តាម​សេចក្ដី​ប្រាថ្នា​ខាង​សាច់​ឈាម ហើយ​ឲ្យ​បំពាន​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ។ កម្ម​វិធី​ខ្សែ​ភាពយន្ត​និង​ទូរទស្សន៍ ច្រើន​តែ​សម្ដែង​ឲ្យ​ឃើញ​នូវ​គំនិត​របស់​អារក្ស។ ពួក​ដើរ​តួ​ក្នុង​កម្ម​វិធី​បែប​នេះ​ហាក់​ដូច​ជា​ស្អាត​ហើយ​ជា​ទី​ចូល​ចិត្ត​ផង។ ការ​រួម​សង្វាស​ដ៏​ឥត​សីលធម៌​រវាង​ពួក​គេ បាន​ត្រូវ​បង្ហាញ​ជា​អ្វី​ធម្មតា។ តើ​អ្វី​ទៅ​ជា​គំនិត​ដែល​បាន​ត្រូវ​បង្ហាញ​នោះ? ‹គឺ​មិន​អី​ទេ ដែល​មនុស្ស​មិន​រៀប​ការ​រួម​សង្វាស​គ្នា ឲ្យ​តែ​ពួក​គេ​ពិត​ជា​ស្រឡាញ់​គ្នា​នោះ›។ គួរ​ឲ្យ​ស្ដាយ​ណាស់ រៀង​រាល់​ឆ្នាំ​ដែល​យុវជន​គ្រីស្ទាន​មួយ​ចំនួន ទទួល​រង​គ្រោះ​នឹង​ការ​វែក​ញែក​បែប​នេះ។ អ្នក​ខ្លះ​បាន​លិច​បាត់​ខាង​ឯ​សេចក្ដី​ជំនឿ​របស់​គេ។ ប្រាកដ​ហើយ គឺ​កំពុង​តែ​មាន​ការ​បង្ខិត​បង្ខំ​មែន! ក៏​ប៉ុន្តែ តើ​ការ​បង្ខិត​បង្ខំ​គឺ​មាន​ខ្លាំង​ដល់​ម្ល៉េះ ដែល​ពួក​យុវជន​រាល់​គ្នា​មិន​អាច​លៃ​លក​ដោះ​ស្រាយ​ឬ​ទេ? គឺ​មិន​អ៊ីចឹង​ទេ! ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​នូវ​វិធី​សំរាប់​យុវជន​គ្រីស្ទាន ឲ្យ​ឈ្នះ​លើ​សេចក្ដី​ប្រាថ្នា​មិន​ល្អ។ ពួក​គេ​អាច​ត​ទល់​នឹង​អាវុធ​ណា​ក៏​ដោយ ដែល​សាតាំង​ប្រើ​ដោយ‹ខំ​ព្យាយាម​ធ្វើ​តាម​បន្ទូល​របស់​ព្រះ ដោយ​ប្រមូល​ទុក​បន្ទូល​របស់​ព្រះ​ក្នុង​ចិត្ត​របស់​គេ›។ តើ​អ្នក​ចំណាយ​ពេល​ប៉ុន្មាន​ដែរ ក្នុង​ការ​អាន​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន​ជា​រឿយ​ៗ និង​រំពឹង​គិត​នោះ?

៨. តើ​តាម​របៀប​ណា​ដែល​គំរូ​ដែល​បាន​រៀប​រាប់​ក្នុង​វគ្គ​នេះ ជួយ​អ្នក​ឲ្យ​ចេះ​អបអរ​សំរាប់​ក្រិត្យ​វិន័យ​ម៉ូសេ?

អ្នក​សរសេរបទ​ទំនុកដំកើង ទី​១១៩ បាន​លាន់​មាត់​ថា៖ «ឱ​ទូល​បង្គំ​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎!» (ទំនុកដំកើង ១១៩:៩៧) តើ​គាត់​បាន​សំដៅ​ទៅ​ក្រិត្យ​វិន័យ​មួយ​ណា? គឺ​សំដៅ​ទៅ​បន្ទូល​ដែល​បាន​លាត​ត្រដាង​របស់​ព្រះ​យេហូវ៉ា ដែល​រួម​បញ្ចូល​ក្រិត្យ​វិន័យ​របស់​លោក​ម៉ូសេ។ ការ​មើល​មួយ​ភ្លែត អ្នក​ខ្លះ​ប្រហែល​ជា​ចាត់​ទុក​សេចក្ដី​បង្គាប់​ទាំង​នេះ​ថា​ហួស​សម័យ ហើយ​ឆ្ងល់​នូវ​របៀប​ដែល​បុគ្គល​ណា​ម្នាក់​អាច​ស្រឡាញ់​ក្រិត្យ​វិន័យ​ដូច​នេះ។ ក៏​ប៉ុន្តែ កាល​ដែល​យើង​រំពឹង​គិត​លើ​លក្ខណៈ​ផ្សេង​ៗ​ក្នុង​ក្រិត្យ​វិន័យ​ម៉ូសេ ដូច​អ្នក​តែងបទ​ទំនុកដំកើងនេះ យើង​អាច​អបអរ​នូវ​ប្រាជ្ញា​នៃ​ក្រិត្យ​វិន័យ​ទាំង​នោះ។ ក្រៅ​ពី​លក្ខណៈ​ជា​ច្រើន​នៃ​ក្រិត្យ​វិន័យ​នេះ​ខាង​ឯ​ទំនាយ នោះ​មាន​ល័ក្ខខ័ណ្ឌ​ខាង​អនាម័យ​និង​ការ​តម​អាហារ ដែល​បាន​ជួយ​ឲ្យ​មាន​ការ​ស្អាត​បាត និង​សុខភាព​ល្អ។ (លេវីវិន័យ ៧:២៣, ២៤, ២៦; ១១:២​-​៨) ក្រិត្យ​វិន័យ​នេះ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​សេចក្ដី​ទៀង​ត្រង់​ក្នុង​ពាណិជ្ជកម្ម ហើយ​បាន​ដាស់​តឿន​ឲ្យ​ពួក​អ៊ីស្រាអែល​បង្ហាញ​នូវ​ការ​យល់​ចិត្ត ដល់​ពួក​អ្នក​ថ្វាយ​បង្គំ​គ្នី​គ្នា​ដែល​ក្រ​ខ្សត់។ (និក្ខមនំ ២២:២៦, ២៧; ២៣:៦; លេវីវិន័យ ១៩:៣៥, ៣៦; ចោទិយកថា ២៤:១៧​-​២១) ការ​វិនិច្ឆ័យ​សម្រេច​សេចក្ដី បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​ឥត​រើស​មុខ។ (ចោទិយកថា ១៦:១៩; ១៩:១៥) ជា​អ្នក​សរសេរ​នៃបទ​ទំនុកដំកើង ទី​១១៩ បាន​ដក​ពិសោធ​ក្នុង​ជីវិត គាត់​ច្បាស់​ជា​បាន​ឃើញ​នូវ​របស់​ដែល​មាន​ផល​ល្អ ចំពោះ​អស់​អ្នក​ដែល​បាន​អនុវត្ត​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ និង​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​ក្រិត្យ​វិន័យ​ក៏​មាន​កាន់​តែ​ខ្លាំង​ឡើង។ ស្រដៀង​គ្នា​នឹង​សព្វ​ថ្ងៃ​នេះ កាល​ដែល​ពួក​គ្រីស្ទាន​មាន​ជោគ​ជ័យ​ក្នុង​ការ​អនុវត្តន៍​តាម​គោល​ការណ៍​ព្រះ​គម្ពីរ នោះ​សេចក្ដី​ស្រឡាញ់​និង​ការ​អបអរ​របស់​គេ ចំពោះ​បន្ទូល​របស់​ព្រះ​នឹង​មាន​កាន់​តែ​ខ្លាំង​ឡើង​ដែរ។

រាជបុត្រ​ស្តេច​ដែល​ហ៊ាន​ធ្វើ​ឲ្យ​ខុស​ពី​គេ​ឯង

៩. តើ​ស្តេច​ហេសេគា​បាន​បណ្ដុះ​នូវ​អាកប្បកិរិយា​អ្វី ចំពោះ​បន្ទូល​របស់​ព្រះ?

សេចក្ដី​ថ្លែង​នៅ​ក្នុងទំនុកដំកើងទី​១១៩ សម​ស្រប​យ៉ាង​ល្អ​ជា​មួយ​នឹង​អ្វី​ដែល​យើង​ដឹង​អំពី​ហេសេគា កាល​ដែល​ទ្រង់​នៅ​ជា​រាជបុត្រ​ស្តេច​នៅ​ឡើយ។ ពួក​អ្នក​វិជ្ជាករ​ព្រះ​គម្ពីរ​ខ្លះ​ឲ្យ​យោបល់​ថា ហេសេគា​ជា​អ្នក​សរសេរបទ​ទំនុកដំកើងនេះ។ ទោះ​ជា​ឥត​ដឹង​ប្រាកដ​ក៏​ដោយ តែ​យើង​ដឹង​ថា​ហេសេគា​មាន​ចិត្ត​ចេះ​គោរព​យ៉ាង​ខ្លាំង​ចំពោះ​បន្ទូល​របស់​ព្រះ។ តាម​ដំណើរ​ជីវិត​របស់​ទ្រង់ នោះ​ទ្រង់​បាន​បង្ហាញ​ថា ទ្រង់​មាន​ការ​យល់​ស្រប​ដ៏​អស់​ពី​ចិត្ត​នឹង​បន្ទូល​នៅ​ទំនុកដំកើង ១១៩:៩៧។ ស្តី​អំពី​ហេសេគា ព្រះ​គម្ពីរ​ចែង​ថា៖ «ដ្បិត​ទ្រង់​កាន់​ខ្ជាប់​តាម​ព្រះ​យេហូវ៉ា ឥត​លាក​បង់​លែង​តាម​ទ្រង់​ឡើយ គឺ​បាន​កាន់​តាម​អស់​ទាំង​ក្រិត្យ​ក្រម ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ដល់​លោក​ម៉ូសេ»។—ពង្សាវតារ​ក្សត្រ​ទី​២ ១៨:៦

១០. តើ​ពួក​គ្រីស្ទាន​ដែល​មិន​បាន​ចិញ្ចឹម​ដោយ​ឪពុក​ម្ដាយ​ដែល​កោត​ខ្លាច​ព្រះ អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​អ្វី​ពី​គំរូ​របស់​ហេសេគា?

១០ តាម​ដំណើរ​រឿង​ទាំង​អស់ នោះ​ហេសេគា​មិន​បាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដែល​កោត​ខ្លាច​ព្រះ​នោះ​ទេ។ ស្តេច​អ័ហាស​ដ៏​ជា​ព្រះ​វរបិតា ជា​អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ ហើយ​គ្មាន​ជំនឿ ដែល​យ៉ាង​ហោច​ណាស់​បាន​យក​បុត្រ​មួយ​អង្គ ដែល​ជា​ប្អូន​របស់​ហេសេគា ទៅ​ដុត​ទាំង​រស់​ធ្វើ​ជា​យញ្ញ​បូជា​ដល់​ព្រះ​មិន​ពិត​នោះ​ដែរ! (ពង្សាវតារ​ក្សត្រ​ទី​២ ១៦:៣) ទោះ​ជា​មាន​គំរូ​ដ៏​អាក្រក់​នេះ​ក៏​ដោយ ស្តេច​ហេសេគា​អាច ‹លាង​សំអាត​ផ្លូវ​របស់​ទ្រង់› ពី​អានុភាព​ពាហិរជន ដោយ​ធ្វើ​ឲ្យ​បាន​ស្គាល់​បន្ទូល​របស់​ព្រះ។—របាក្សត្រ​ទី​២ ២៩:២

១១. កាល​ដែល​ហេសេគា​បាន​ទត​ឃើញ​នោះ តើ​លទ្ធផល​នៃ​ការ​ដែល​ព្រះ​វរបិតា​ដ៏​ឥត​ស្មោះ​ត្រង់​របស់​ទ្រង់ បាន​ធ្វើ​នោះ​នឹង​ទៅ​បែប​ណា?

១១ កាល​ដែល​ហេសេគា​បាន​ធំ​ឡើង នោះ​ទ្រង់​បាន​ទត​ផ្ទាល់​ព្រះ​ភ័ក្ដ្រ​នូវ​របៀប​ដែល​ព្រះ​វរបិតា​ដ៏​ជា​អ្នក​គោរព​រូប​ព្រះ បាន​ចាត់​ចែង​ការ​រដ្ឋ។ ស្រុក​យូដា​បាន​ត្រូវ​ព័ទ្ធ​ជុំ​វិញ​ដោយ​ពួក​សត្រូវ។ គឺ​មាន​ស្តេច​ពី​សាសន៍​ស៊ីរី​ព្រះ​នាម​រេ​ស៊ីន ដែល​បាន​ចូល​រួម​ជា​មួយ​នឹង​ស្តេច​ពេកា​ពី​ស្រុក​អ៊ីស្រាអែល ក្នុង​ការ​ឡោម​ព័ទ្ធ​ទី​ក្រុង​យេរូសាឡិម។ (ពង្សាវតារ​ក្សត្រ​ទី​២ ១៦:៥, ៦) គឺ​មាន​ពួក​អេដំម​និង​ពួក​ភីលីស្ទីន ដែល​បាន​ធ្វើ​ការ​លុក​លុយ​ប្លន់​យ៉ាង​ជោគ​ជ័យ​ក្នុង​ស្រុក​យូដា ហើយ​ព្រម​ទាំង​បាន​ចាប់​យក​ទី​ក្រុង​ខ្លះ​ៗ​នៅ​ស្រុក​យូដា។ (របាក្សត្រ​ទី​២ ២៨:១៦​-​១៩) តើ​តាម​របៀប​ណា​ដែល​ស្តេច​អ័ហាស​ដោះ​ស្រាយ​នឹង​វិបត្ដិ​ភ័យ​ទាំង​នេះ? ជា​ជាង​អំពាវនាវ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ស៊ីរី នោះ​ស្តេច​អ័ហាស​បាន​បែរ​ទៅ​រក​ស្តេច​នៃ​សាសន៍​អាសស៊ើរ ដោយ​ឲ្យ​សំណូក​ជា​មាស​និង​ប្រាក់ រួម​ទាំង​ទ្រព្យ​សម្បត្ដិ​ពី​ឃ្លាំង​នៅ​ព្រះ​វិហារ​ដល់​ស្តេច​នេះ។ ក៏​ប៉ុន្តែ នេះ​មិន​បាន​នាំ​ឲ្យ​មាន​សន្ដិភាព​ជា​ស្ថាពរ​ដល់​ស្រុក​យូដា​នោះ​ទេ។—ពង្សាវតារ​ក្សត្រ​ទី​២ ១៦:៦, ៨

១២. តើ​ដោយ​ធ្វើ​អ្វី​ដែល​ហេសេគា​អាច​ជៀស​វាង ពី​ការ​ធ្វើ​ដូច​កំហុស​របស់​ព្រះ​វរបិតា​ទ្រង់​នោះ?

១២ ជា​យថាហេតុ នោះ​ស្តេច​អ័ហាស​បាន​សោយ​ទិវង្គត ហើយ​ហេសេគា​ក៏​បាន​ក្លាយ​ទៅ​ជា​ស្តេច កាល​ដែល​មាន​ព្រះ​ជន្ម​២៥​ព្រះ​វង្សា។ (របាក្សត្រ​ទី​២ ២៩:១) ទ្រង់​គឺ​នៅ​ក្មេង​ដែរ ក៏​ប៉ុន្តែ​នេះ​មិន​បាន​បង្ការ​ទ្រង់​ពី​ការ​ធ្វើ​ឲ្យ​បាន​ជា​ស្តេច​ដ៏​ជោគ​ជ័យ​នោះ​ឡើយ។ ជា​ជាង​យក​តម្រាប់​តាម​ចរិយា​របស់​ព្រះ​វរបិតា​ដ៏​ឥត​ស្មោះ​ត្រង់ នោះ​ទ្រង់​បាន​កាន់​ជាប់​នឹងក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា។ នេះ​បាន​រួម​បញ្ចូល​នឹង​សេចក្ដី​បង្គាប់​ដ៏​ពិសេស​សំរាប់​ពួក​ស្តេច ដែល​ថា៖ «កាល​ណា​ស្តេច​នោះ បាន​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ​ហើយ នោះ​ត្រូវ​ឲ្យ​ចំ​ឡង​ក្រិត្យ​វិន័យ តាម​គម្ពីរ​ដែល​នៅ​មុខ​ពួក​លេវី​ដ៏​ជា​សង្ឃ ទុក​ក្នុង​សៀវភៅ​សំរាប់​ខ្លួន ត្រូវ​ឲ្យ​សៀវភៅ​នោះ​នៅ​ជា​មួយ​នឹង​ខ្លួន ហើយ​ត្រូវ​មើល​រាល់​តែ​ថ្ងៃ​ជា​និច្ច អស់​១​ជីវិត​ផង ដើម្បី​នឹង​ទំលាប់​ខ្លួន ឲ្យ​ចេះ​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ប្រយោជន៍​ឲ្យ​បាន​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​នៅ​ក្នុង​ក្រិត្យ​វិន័យ»។ (ចោទិយកថា ១៧:១៨, ១៩) ដោយ​អាន​បន្ទូល​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ នោះ​ហេសេគា​នឹង​រៀន​ឲ្យ​ចេះ​កោត​ខ្លាច​ព្រះ​យេហូវ៉ា និង​ចេះ​ជៀស​វាង​ពី​ការ​ធ្វើ​កំហុស​ដូច​ព្រះ​វរបិតា​ទ្រង់​ដ៏​ឥត​កោត​ខ្លាច​ព្រះ។

១៣. តើ​តាម​របៀប​ណា​ដែល​គ្រីស្ទាន​ម្នាក់​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា ក្នុង​ន័យ​ខាង​វិញ្ញាណ អ្វី​ៗ​ទាំង​អស់​ដែល​គាត់​ធ្វើ​នឹង​បាន​ជោគ​ជ័យ​នោះ?

១៣ ពួក​ស្តេច​នៅ​ស្រុក​អ៊ីស្រាអែល មិន​គ្រាន់​តែ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​គិត​អំពី​បន្ទូល​របស់​ព្រះ​ជា​និច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​អ៊ីស្រាអែល​ដែល​កោត​ខ្លាច​ព្រះ​ក៏​បាន​ត្រូវ​ឲ្យ​ធ្វើ​អ៊ីចឹង​ដែរ។ ទំនុកដំកើងទី​មួយ​រៀប​រាប់​នូវ​បុរស​ដែល​ពិត​ជា​មាន​សុភមង្គល ជា​បុគ្គល​ដែល«ត្រេក​អរ​តែ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រិត្យ​វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ»។ (ទំនុកដំកើង ១:១, ២) ស្តី​អំពី​បុរស​បែប​នេះ នោះ​អ្នក​តែងបទ​ទំនុកដំកើងមាន​ប្រសាសន៍​ថា៖ «ឯ​ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំង​អស់»។ (ទំនុកដំកើង ១:៣) ផ្ទុយ​ទៅ​វិញ ស្តី​អំពី​បុគ្គល​ដែល​ខ្វះ​ជំនឿ​លើ​ព្រះ​យេហូវ៉ា នោះ​ព្រះ​គម្ពីរ​ចែង​ថា៖ «អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​២ ចេះ​តែ​សាវ៉ា​ក្នុង​គ្រប់​ទាំង​ផ្លូវ»។ (យ៉ាកុប ១:៨) យើង​គ្រប់​គ្នា​ចង់​ឲ្យ​មាន​សុភមង្គល​និង​ឲ្យ​បាន​ជោគ​ជ័យ។ ការ​អាន​ព្រះ​គម្ពីរ​ជា​រឿយ​ៗ​និង​ដ៏​មាន​អត្ថន័យ អាច​បណ្ដាល​ឲ្យ​យើង​មាន​សុភមង្គល។

បន្ទូល​របស់​ព្រះ​បាន​ទ្រ​ទ្រង់​ព្រះ​យេស៊ូ

១៤. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ដល់​បន្ទូល​របស់​ព្រះ?

១៤ នៅ​គ្រា​មួយ មាតា​បិតា​របស់​ព្រះ​យេស៊ូ​បាន​រក​ឃើញ​ទ្រង់​កំពុង​តែ​គង់​នៅ​កណ្ដាល​ពួក​គ្រូ​ៗ នៅ​ឯ​ព្រះ​វិហារ​ក្នុង​ទី​ក្រុង​យេរូសាឡិម។ ពួក​អ្នក​ចេះ​ដឹង​អំពី​ក្រិត្យ​វិន័យ​របស់​ព្រះ​បាន«អស្ចារ្យ​ក្នុង​ចិត្ត​ពី​ប្រាជ្ញា ហើយ​នឹង​ពាក្យ​ចំ​ឡើយ​របស់​ទ្រង់»! (លូកា ២:៤៦, ៤៧) គ្រា​នោះ​គឺ​នៅ​ពេល​ដែល​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​១២​ព្រះ​វង្សា។ ត្រូវ​ហើយ សូម្បី​តែ​ពេល​ដែល​ទ្រង់​មាន​ព្រះ​ជន្ម​ក្មេង​ក៏​ដោយ យ៉ាង​ច្បាស់​ណាស់ ទ្រង់​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​បន្ទូល​របស់​ព្រះ។ នៅ​ក្រោយ​មក ព្រះ​យេស៊ូ​បាន​ប្រើ​ព្រះ​គម្ពីរ​ដើម្បី​ស្តី​បន្ទោស​អារក្ស ដោយ​មាន​បន្ទូល​ថា៖ «មនុស្ស​មិន​មែន​រស់ ដោយ​សារ​តែ​នំ​ប៉័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះបន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ព្រះ​មក​ដែរ»។ (ម៉ាថាយ ៤:៣​-​១០) មិន​យូរ​ប៉ុន្មាន​ក្រោយ​មក នោះ​ព្រះ​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​ប្រាប់​ពួក​អ្នក​រស់​នៅ​ក្នុង​ភូមិ​កំណើត​ទ្រង់ គឺ​ភូមិ​ណាសារ៉ែត​ដោយ​ប្រើបទគម្ពីរ។—លូកា ៤:១៦​-​២១

១៥. តើ​ព្រះ​យេស៊ូ​បាន​ទុក​គំរូ​យ៉ាង​ដូច​ម្ដេច ពេល​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ដទៃ?

១៥ ជា​ញឹក​ញយ ព្រះ​យេស៊ូ​បាន​ដក​ស្រង់​ពី​បន្ទូល​របស់​ព្រះ ដើម្បី​គាំទ្រ​ការ​បង្រៀន​របស់​ទ្រង់។ ពួក​អ្នក​ស្ដាប់​របស់​ទ្រង់​បាន«នឹក​ប្លែក ពី​សេចក្ដី​ដែល​ទ្រង់​បង្រៀន»។ (ម៉ាថាយ ៧:២៨) ហើយ​ច្បាស់​ជា​អ៊ីចឹង​មែន ពីព្រោះ​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​គឺ​បាន​មក​ពី​ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​ផ្ទាល់! ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​នេះ មិន​មែន​ជា​របស់​ខ្ញុំ​ទេ គឺ​ជា​របស់​ផង​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ អ្នក​ណា​ដែល​និយាយ​ដោយ​អាង​ខ្លួន​ឯង នោះ​ចង់​តែ​លើក​ដំកើង​ដល់​ខ្លួន​ទេ តែ​អ្នក​ដែល​ចង់​លើក​ដំកើង​ថ្វាយ​ព្រះ ដែល​ចាត់​ឲ្យ​ខ្លួន​មក នោះ​ទើប​ពិត​វិញ ហើយ​ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​នៅ​ក្នុង​ខ្លួន​ឡើយ»។—យ៉ូហាន ៧:១៦, ១៨

១៦. តើ​ដល់​កំរិត​ណា​ដែល​ព្រះ​យេស៊ូ​បាន​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ចំពោះ​បន្ទូល​របស់​ព្រះ?

១៦ មិន​ដូច​អ្នក​សរសេរបទ​ទំនុកដំកើងទី​១១៩ នោះ​គឺ«ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា»នៅ​ក្នុង​ព្រះ​យេស៊ូ​នោះ​ទេ។ ទ្រង់​ឥត​មាន​បាប​ទេ ជា​បុត្រា​របស់​ព្រះ​ដែល«បន្ទាប​ព្រះ​អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្ដាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ»។ (ភីលីព ២:៨; ហេព្រើរ ៧:២៦) ក៏​ប៉ុន្តែ ទោះ​ជា​ទ្រង់​ជា​បុគ្គល​ដ៏​គ្រប់ល័ក្ខណ៍​ក៏​ដោយ ព្រះ​យេស៊ូ​បាន​សិក្សា​និង​ស្ដាប់​បង្គាប់​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ។ នេះ​ហើយ​ជា​កត្ដា​ដ៏​សំខាន់ ដែល​ទ្រង់​មាន​សមត្ថភាព​ក្នុង​ការ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​នោះ។ នៅ​ពេល​ដែល​ពេត្រុស​បាន​ប្រើ​ដាវ​មួយ ក្នុង​ការ​ខំ​បង្ការ​ពី​ការ​ចាប់​ខ្លួនចៅហ្វាយលោក នោះ​ព្រះ​យេស៊ូ​បាន​ស្តី​បន្ទោស​សាវ័ក​ម្នាក់​នេះ ហើយ​បាន​សួរ​ថា៖ «តើ​អ្នក​ស្មានថា ខ្ញុំ​មិន​អាច​នឹង​សូម​ដល់​ព្រះ​វរបិតា​ខ្ញុំ​ឥឡូវ ដែល​ទ្រង់​នឹង​ចាត់​ពួក​ទេវតា​១២​កង​មក​ខ្ញុំ​ជា​១​រំពេច​ទេ​ឬ​អី បើ​យ៉ាង​នោះ ធ្វើ​ដូច​ម្ដេច​នឹង​បាន​សំរេច​តាម​គម្ពីរ ដែល​ថា​ត្រូវ​តែ​កើត​មាន​ដូច្នេះ»។ (ម៉ាថាយ ២៦:៥៣, ៥៤) ត្រូវ​ហើយ សេចក្ដី​សម្រេច​តាមបទគម្ពីរ​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​ព្រះ​យេស៊ូ ជា​ជាង​រត់​គេច​ពី​ការ​សោយ​ទិវង្គត​ដ៏​ឃោរ​ឃៅ និង​ដ៏​អាម៉ាស់​មុខ​នោះ។ នេះ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​អស្ចារ្យ​យ៉ាង​ណា​ទៅ​ហ្ន៎​ចំពោះ​បន្ទូល​របស់​ព្រះ!

ពួក​អ្នក​ឯ​ទៀត​ដែល​ធ្វើ​តម្រាប់​តាម​ព្រះ​គ្រីស្ទ

១៧. តើ​បន្ទូល​របស់​ព្រះ​មាន​សារៈ​សំខាន់​យ៉ាង​ណា​ដល់​សាវ័ក​ប៉ុល?

១៧ សាវ័ក​ប៉ុល​បាន​សរសេរ​ទៅ​ពួក​គ្រីស្ទាន​គ្នី​គ្នា​ថា៖ «ចូរ​ត្រាប់​តាម​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​ត្រាប់​តាម​ព្រះ​គ្រីស្ទ​ដែរ»។ (កូរិនថូស​ទី​១ ១១:១) ដូចចៅហ្វាយរបស់​គាត់ នោះ​ប៉ុល​បាន​បណ្ដុះ​នូវ​សេចក្ដី​ស្រឡាញ់​ចំពោះបទគម្ពីរ។ គាត់​បាន​សារភាព​ថា៖ «ដ្បិត​តាម​ប៉ែក​ខាង​ក្នុង ខ្ញុំ​ត្រេក​អរ​ចំពោះ​ក្រិត្យ​វិន័យ​របស់​ព្រះ»។ (រ៉ូម ៧:២២) ប៉ុល​បាន​ដក​ស្រង់​បន្ទូល​របស់​ព្រះ​ជា​រឿយ​ៗ។ (កិច្ច​ការ ១៣:៣២​-​៤១; ១៧:២, ៣; ២៨:២៣) នៅ​ពេល​ដែល​លោក​បាន​ថ្លែង​សេចក្ដី​ណែនាំ​ចុង​ក្រោយ​ឲ្យ​ធីម៉ូថេ ដែល​ជា​អ្នក​បំរើ​គ្នី​គ្នា​ដ៏​ជា​ទី​ស្រឡាញ់ នោះ​ប៉ុល​បាន​បញ្ជាក់​នូវ​ផ្នែក​សំខាន់​ដែល​បន្ទូល​របស់​ព្រះ គួរ​មាន​មុខ​នាទី​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់«អ្នក​សំណប់​របស់​ព្រះ»។—ធីម៉ូថេ​ទី​២ ៣:១៥​-​១៧

១៨. ចូរ​រៀប​រាប់​នូវ​ឧទាហរណ៍​មួយ​នៃ​បុគ្គល​ម្នាក់ ដែល​បាន​បង្ហាញ​នូវ​សេចក្ដី​គោរព​ដល់​បន្ទូល​របស់​ព្រះ​នៅ​សម័យ​ទំនើប​នេះ។

១៨ នៅ​សម័យ​ទំនើប​នេះ ពួក​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​របស់​ព្រះ​យេហូវ៉ា ក៏​បាន​ធ្វើ​តម្រាប់​តាម​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេស៊ូ​ចំពោះ​បន្ទូល​របស់​ព្រះ​នោះ​ដែរ។ នៅ​ដើម​សតវត្ស​នេះ នោះ​យុវបុរស​ម្នាក់​បាន​ទទួល​ព្រះ​គម្ពីរ​មួយ​ក្បាល​ពី​មិត្ត​របស់​គាត់។ គាត់​បាន​រៀប​រាប់​នូវ​របៀប​ដែល​អំណោយ​ដ៏​មាន​តម្លៃ​នេះ​មាន​ឥទ្ធិពល​លើ​គាត់៖ «ខ្ញុំ​បាន​តាំង​ចិត្ត​ដើម្បី​ធ្វើ​យ៉ាង​ណា​ក្នុង​ជីវិត​របស់​ខ្ញុំ ឲ្យ​អាន​មួយ​ចំណែក​នៃ​ព្រះ​គម្ពីរ​រៀង​រាល់​ថ្ងៃ»។ បុរស​នោះ​គឺ​បង​ប្រុស​ហ្វ្រីឌីរិក ហ្វ្រេន្ស ហើយ​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​ព្រះ​គម្ពីរ បាន​នាំ​ឲ្យ​គាត់​មាន​ជីវិត​រស់​បាន​យូរ ហើយ​ដ៏​ជោគ​ជ័យ​ក្នុង​កិច្ច​បំរើ​របស់​ព្រះ​យេហូវ៉ា។ គេ​បាន​ត្រូវ​នឹក​ចាំ​គាត់​ជា​សំឡាញ់ ដោយ​សារ​សមត្ថភាព​របស់​គាត់​ក្នុង​ការ​ដក​ស្រង់ជំពូកទាំង​មូល​ពី​ព្រះ​គម្ពីរ។

១៩. តើ​បុគ្គល​ខ្លះ​រៀបចំ​ការ​អាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍ សំរាប់​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ យ៉ាង​ដូច​ម្ដេច?

១៩ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដៅ​បញ្ជាក់​យ៉ាង​ខ្លាំង​លើ​ការ​អាន​ព្រះ​គម្ពីរ​ជា​រឿយ​ៗ។ រៀង​រាល់​សប្ដាហ៍ ក្នុង​ការ​រៀបចំ​សំរាប់​កិច្ច​ប្រជុំ​គ្រីស្ទាន​មួយ​របស់​គេ ដែល​ជា​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ នោះ​ពួក​គេ​អានជំពូក​បទគម្ពីរ​មួយ​ចំនួន។ ពត៌មាន​ដែល​មាន​ចំណុច​សំខាន់​ៗ​នៃ​ការ​អាន​ព្រះ​គម្ពីរ​ដែល​បាន​ចាត់​មក​នោះ នឹង​ត្រូវ​ពិគ្រោះ​ក្នុង​កិច្ច​ប្រជុំ​នោះ។ ស្មរបន្ទាល់​ខ្លះ​ៗ​ឃើញ​ថា​ជា​ការ​ស្រួល ដោយ​រំលែក​ការ​អាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍ ទៅ​ជា​ប្រាំ​ពីរ​ផ្នែក​ដ៏​តូច ហើយ​អាន​មួយ​ផ្នែក​ជា​រៀង​រាល់​ថ្ងៃ។ កាល​ដែល​គេ​អាន នោះ​ពួក​គេ​ជញ្ជឹង​គិត​នឹង​ពត៌មាន​នេះ។ ពេល​ធ្វើ​ទៅ​បាន នោះ​គេ​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ថែម ដោយ​មាន​ជំនួយ​ពី​ប្រកាសនវត្ថុ​ដែល​មាន​មូលដ្ឋាន​ពី​ព្រះ​គម្ពីរ។

២០. តើ​ត្រូវ​ការ​អ្វី​ជា​ចាំ​បាច់ ដើម្បី​ឲ្យ​មាន​ពេល​សំរាប់​ការ​អាន​ព្រះ​គម្ពីរ​ជា​រឿយ​ៗ​នោះ?

២០ អ្នក​ប្រហែល​ជា​ត្រូវ‹លៃ​លក​ពេល​វេលា› ពី​សកម្មភាព​ឯ​ទៀត ដើម្បី​ឲ្យ​អាន​ព្រះ​គម្ពីរ​ជា​រឿយ​ៗ។ (អេភេសូរ ៥:១៦) ក៏​ប៉ុន្តែ ផល​ប្រយោជន៍​នឹង​មាន​ច្រើន​ជាង​ការ​ធ្វើ​ពលិកម្ម​ឯ​ណា​ទៅ​ទៀត។ កាល​ដែល​បណ្ដុះ​នូវ​ទម្លាប់​នៃ​ការ​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ នោះ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​បន្ទូល​របស់​ព្រះ ក៏​នឹង​មាន​ចំរើន​ឡើង​ដែរ។ នៅ​មិន​យូរ​ប៉ុន្មាន​ទៀត នោះ​អ្នក​នឹង​បាន​ជំរុញ​ឲ្យ​និយាយ​ដូច​អ្នក​តែងបទ​ទំនុកដំកើងនេះ ដែល​ថា៖ «ឱ​ទូល​បង្គំ​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎ ទូល​បង្គំ​រំពឹង​គិត​ពី​ក្រិត្យ​វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ»។ (ទំនុកដំកើង ១១៩:៩៧) ការ​មាន​អាកប្បកិរិយា​បែប​នេះ​នឹង​នាំ​ឲ្យ​មាន​ផល​ប្រយោជន៍​ច្រើន​ទៀត​ពី​ឥឡូវ​នេះ និង​ទៅ​អនាគត​ដែរ ដូច​អត្ថបទ​ជា​បន្ទាប់​នឹង​បង្ហាញ​នោះ។

តើ​អ្នក​ចាំ​ឬ​ទេ?

តើ​តាម​របៀប​ណា​ដែល​អ្នក​សរសេរបទ​ទំនុកដំកើងទី​១១៩ បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​នឹង​បន្ទូល​របស់​ព្រះ?

តើ​យើង​អាច​រៀន​មេ​រៀន​អ្វី ពី​គំរូ​របស់​ព្រះ​យេស៊ូ​និង​សាវ័ក​ប៉ុល​នោះ?

តើ​តាម​របៀប​ណា​ដែល​យើង​ផ្ទាល់​ខ្លួន​អាច​មាន​ការ​រីក​ចំរើន ក្នុង​សេចក្ដី​ស្រឡាញ់​ចំពោះ​បន្ទូល​របស់​ព្រះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១០]

ពួក​ស្តេច​ដ៏​ស្មោះ​ត្រង់​បាន​តម្រូវ​ឲ្យ​អាន​បន្ទូល​របស់​ព្រះ​ជា​រឿយ​ៗ។ ចុះ​អ្នក​វិញ​នោះ​យ៉ាង​ណា​ដែរ?

[រូប​ភាព​នៅ​ទំព័រ​១១]

សូម្បី​តែ​ជា​កុមារ​នៅ​ឡើយ ក៏​ព្រះ​យេស៊ូ​មាន​សេចក្ដី​ស្រឡាញ់​នឹង​បន្ទូល​របស់​ព្រះ​ដែរ