លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះគម្ពីរឆ្លើយនូវសំនួរដ៏សំខាន់ៗក្នុងសម័យយើងនេះ

ព្រះគម្ពីរឆ្លើយនូវសំនួរដ៏សំខាន់ៗក្នុងសម័យយើងនេះ

ព្រះ​គម្ពីរ​ឆ្លើយ​នូវ​សំនួរ​ដ៏​សំខាន់​ៗ​ក្នុង​សម័យ​យើង​នេះ

តើ​ព្រះ​គម្ពីរ​មាន​ជាប់​ទាក់​ទង​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? ដើម្បី​ឲ្យ​ឆ្លើយ​ថា​ត្រូវ​មែន នោះ​យ៉ាង​ប្រាកដ​ណាស់ សៀវភៅ​ដ៏​ចាស់​នេះ​ច្បាស់​ជា​ត្រូវ​ផ្ដល់​ឲ្យ​ការ​ណែនាំ​ដល់​ពួក​អ្នក​អាន ស្តី​អំពី​រឿង​ដែល​មាន​ការ​ចាប់​អារម្មណ៍​នៅ​ថ្មី​ៗ​នេះ ហើយ​និង​មាន​ការ​ទាក់​ទង​ទៀត​ផង។ តើ​ព្រះ​គម្ពីរ​ផ្ដល់​ឲ្យ​នូវ​ឱវាទ​ដែល​មាន​ប្រយោជន៍ ស្តី​អំពី​រឿង​ដែល​ពិត​ជា​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​ឬ​ទេ?

សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​រឿង​ថ្មី​ៗ​ពីរ។ ក្នុង​ការ​ធ្វើ​អ៊ីចឹង យើង​នឹង​ពិនិត្យ​មើល​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​អំពី​រឿង​ទាំង​នេះ។

ហេតុ​អ្វី​ក៏​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ការ​រង​ទុក្ខ​វេទនា?

ដោយ​ដឹង​នូវ​ស្ថានការណ៍​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ សំនួរ​មួយ​ដែល​បាន​ត្រូវ​សួរ​ច្រើន​ជាង​គេ​នោះ​គឺ៖ ហេតុ​អ្វី​ក៏​ព្រះ​អនុញ្ញាត​ឲ្យ​មនុស្ស​គ្មាន​ទោស​រង​ទុក្ខ​វេទនា​អ៊ីចឹង? សំនួរ​នេះ​គឺ​សម​ហេតុ​ផល ពីព្រោះ​មនុស្ស​កាន់​តែ​ច្រើន​ឡើង​បាន​ត្រូវ​រង​ទុក្ខ ដោយបទឧក្រិដ្ឋ​ដ៏​ឃោរ​ឃៅ ការ​ពុក​រលួយ ការ​ប្រល័យ​ពូជ​សាសន៍ និង​ព្រឹត្ដិការណ៍​ដែល​ធ្វើ​ឲ្យ​ខ្លោច​ផ្សា​ដល់​ខ្លួន​គេ​ផ្ទាល់​ជា​ដើម។

ជា​ឧទាហរណ៍ នៅ​ខែ​មិថុនា ឆ្នាំ​១៩៩៨ រទេះ​ភ្លើង​លឿន​មួយ​បាន​បុក​ស្ពាន​មួយ​នៅ​ប្រទេស​អាល្លឺម៉ង់​ខាង​ជើង ទាំង​សម្លាប់​ពួក​អ្នក​ធ្វើ​ដំណើរ​ជាង​មួយ​រយ​នាក់។ សូម្បី​តែ​ពួក​ក្រុម​ពេទ្យ​និង​អ្នក​ពន្លត់​ភ្លើង​ដែល​មាន​ការ​ពិសោធន៍ បាន​ទៅ​ជួយ​អ្នក​របួស​និង​ពួក​អ្នក​ស្លាប់ ក៏​បាន​រកាំ​ចិត្ត​នឹង​ការ​ស្លាប់​រង្គាល​នោះ​ដែរ។ អេវ៉ែក​ម្នាក់​នៃ​សាសនា​ប្រូតេស្តង់​បាន​សួរ​ថា៖ «ឱ​ព្រះ​អើយ ហេតុ​អ្វី​ក៏​នេះ​ត្រូវ​មាន​ឡើង​អ៊ីចឹង»? អេវ៉ែក​នេះ​ផ្ទាល់​ក៏​រក​ចម្លើយ​មិន​ឃើញ​ដែរ។

បទពិសោធន៍​បង្ហាញ​ថា នៅ​ពេល​ដែល​មនុស្ស​គ្មាន​ទោស​រង​ទុក្ខ​នូវ​ចំពោះ​ហេតុ​ដ៏​អាក្រក់ ដោយ​ឥត​ទទួល​នូវ​ការ​ពន្យល់​អំពី​បុព្វហេតុ​នោះ ជួន​កាល​ពួក​គេ​ក្លាយ​ទៅ​ជា​មាន​ការ​ជូរ​ចត់​ក្នុង​ចិត្ត​មែន​ទែន។ ត្រង់​ចំណុច​នេះ​ហើយ​ដែល​ព្រះ​គម្ពីរ​អាច​ជួយ ដ្បិត​ព្រះ​គម្ពីរ​ពន្យល់​នូវ​មូលហេតុ​ដែល​មនុស្ស​គ្មាន​ទោស គឺ​នៅ​ក្រោម​អំពើ​អាក្រក់​ជួជាតិ​និង​ការ​រង​ទុក្ខ​វេទនា។

នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ផែនដី និង​របស់​សព្វសារពើ​នៅ​ទី​នោះ ទ្រង់​មិន​មាន​បំណង​ឲ្យ​មនុស្សជាតិ​រង​ទុក្ខ​នឹង​អំពើ​អាក្រក់​ជួជាតិ ហើយ​និង​ទុក្ខ​វេទនា​នោះ​ឡើយ។ តើ​យើង​អាច​ដឹង​ប្រាកដ​យ៉ាងដូច​ម្ដេច​បាន? ពីព្រោះ​ពេល​បញ្ចប់​នូវ​ការ​បង្កើត​របស់​ទ្រង់ នោះ«ព្រះ​ទ្រង់​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ»។ (លោកុប្បត្តិ ១:៣១) សូម​សួរ​ខ្លួន​អ្នក​ថា៖ ‹ប្រសិន​បើ​ខ្ញុំ​នឹង​ឃើញ​អ្វី​មួយ​ដ៏​អាក្រក់​ជួជាតិ តើ​ខ្ញុំ​នឹង​ប្រកាស​ថា​វា«ជា​ការ​ល្អ​ប្រពៃ»ឬ​ទេ?› ប្រាកដ​ជា​អត់​ទេ! ស្រដៀង​គ្នា​ដែរ នៅ​ពេល​ដែល​ព្រះ​បាន​ប្រកាស​ថា​អ្វី​ៗ​ទាំង​អស់«ជា​ការ​ល្អ​ប្រពៃ» គឺ​ឥត​មាន​ស្នាម​នៃ​អំពើ​អាក្រក់​ជួជាតិ​នៅ​លើ​ផែនដី​ឡើយ។ ដូច្នេះ តើ​នៅ​ពេល​ណា​និង​តាម​របៀប​ណា ដែល​អំពើ​អាក្រក់​ជួជាតិ​បាន​ចាប់​ផ្ដើម​មាន​ឡើង​នោះ?

បន្ដិច​ក្រោយ​ពី​ការ​បង្កើត​ឪពុក​ម្ដាយ​ដំបូង​របស់​យើង គឺ​អ័ដាម​និង​អេវ៉ា នោះ​សត្តនិករ​វិញ្ញាណ​មួយ​រូប​ដ៏​ខ្លាំង​ក្លា​បាន​មក​ឯ​ស្ត្រី​ម្នាក់​នេះ ហើយ​បាន​ប្រឆាំង​នឹង​សេចក្ដី​ពិត​របស់​ព្រះ​យេហូវ៉ា និង​ប្រឆាំង​នឹង​ភាព​ត្រឹម​ត្រូវ​នៃ​អធិបតេយ្យ​របស់​ទ្រង់។ (លោកុប្បត្តិ ៣:១​-​៥) សត្តនិករ​វិញ្ញាណ​នេះ ឈ្មោះ​អារក្ស​សាតាំង​ក្រោយ​មក​បាន​ចោទ​ថា មនុស្ស​លោក​នឹង​មិន​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ ក្រោម​ព្រឹត្ដិការណ៍​អាក្រក់​ឡើយ។ (យ៉ូប ២:១​-​៥) តើ​ព្រះ​យេហូវ៉ា​បាន​តប​នឹង​ស្ថានការណ៍​នេះ​យ៉ាង​ដូច​ម្ដេច? ទ្រង់​បាន​អនុញ្ញាត​ឲ្យ​ពេល​វេលា​កន្លង​ទៅ ដើម្បី​ឲ្យ​ឃើញ​ជាក់​ស្តែង​ថា មនុស្ស​លោក​មិន​អាច​ដឹក​នាំ​ផ្លូវ​ខ្លួន​គេ​ដោយ​ជោគ​ជ័យ ដោយ​ឥត​ពឹង​ពាក់​លើ​ទ្រង់​នោះ​ឡើយ។ (យេរេមា ១០:២៣) នៅ​ពេល​ដែល​ពួក​សត្តនិករ​ប្រព្រឹត្ត​ផ្ទុយ​នឹង​ក្រិត្យ​វិន័យ​និង​គោល​ការណ៍​របស់​ព្រះ នោះ​ជា​លទ្ធផល​ក៏​មាន​អំពើ​បាប ដែល​បណ្ដាល​ឲ្យ​មាន​ស្ថានភាព​ដែល​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​នេះ។ (សាស្ដា ៨:៩; យ៉ូហាន​ទី​១ ៣:៤) ក៏​ប៉ុន្តែ ទោះ​ជា​មាន​ព្រឹត្ដិការណ៍​ដ៏​អាក្រក់​ទាំង​នេះ​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ជ្រាប​ថា មាន​មនុស្ស​លោក​ខ្លះ​នឹង​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​នឹង​ទ្រង់។

តាំង​ពី​ការ​បះ​បោរ​ក្នុង​សួន​អេដែន ដែល​នាំ​ឲ្យ​មាន​ទុក្ខ​វេទនា នោះ​មាន​ប្រមាណ​៦.០០០​ឆ្នាំ​កន្លង​មក​ហើយ។ តើ​នេះ​ជា​រយៈ​ពេល​យូរ​ពេក​ឬ? ព្រះ​យេហូវ៉ា​អាច​កំទេច​ចោល​សាតាំង​និង​ពួក​គាំទ្រ​របស់​វា ជា​យូរ​សតវត្ស​មក​ហើយ​បាន។ ក៏​ប៉ុន្តែ តើ​មិន​បាន​ជា​ការ​ប្រសើរ​ទេ​ឬ ដោយ​ចាំ​មើល​ទាល់​តែ​ការ​សង្ស័យ​ទាំង​អស់​ដែល​អាច​គិត​ទៅ​ដល់ អំពី​ភាព​ត្រឹម​ត្រូវ​នៃ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា និង​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​របស់​មនុស្ស​ចំពោះ​ទ្រង់​បាន​ត្រូវ​បំបាត់​ចោល​នោះ? តើ​មិន​ជា​ការ​ពិត​ទេ​ឬ ស្តី​អំពី​រឿង​ក្ដី​ដែល​ប្រព័ន្ធ​ខាង​តុលាការ​នៅ​បច្ចុប្បន្ន​នេះ​ធ្វើ ដើម្បី​បង្ហាញ​ភស្តុ​តាង​ថា​អ្នក​ណា​ត្រឹម​ត្រូវ ហើយ​អ្នក​ណា​ខុស នោះ​ប្រហែល​ជា​ត្រូវ​ការ​ពេល​ជា​ច្រើន​ឆ្នាំ?

ដោយ​ដឹង​នូវ​សារៈ​សំខាន់​នៃ​រឿង ដែល​ប្រឈម​មុខ​ព្រះ​យេហូវ៉ា​និង​មនុស្ស​លោក គឺ​អធិបតេយ្យ​ក្នុង​សកល​លោក និង​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​របស់​មនុស្ស​លោក នោះ​ព្រះ​ប្រកប​ដោយ​ប្រាជ្ញា​មែន​ហ្ន៎ ដោយ​អនុញ្ញាត​ឲ្យ​មាន​ពេល​វេលា​កន្លង​ទៅ​នោះ! ឥឡូវ​យើង​ឃើញ​យ៉ាង​ច្បាស់​នូវ​អ្វី​ដែល​កើត​ឡើង នៅ​ពេល​ដែល​មនុស្ស​ធ្វើ​កន្តើយ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ ហើយ​កាន់​កាប់​រឿង​របស់​គេ​ផ្ទាល់​នោះ។ លទ្ធផល​គឺ​មាន​ហេតុ​អាក្រក់​ពាស​ពេញ​ទាំង​អស់។ ដូច្នេះ​ហើយ​បាន​ជា​មនុស្ស​ជា​ច្រើន​ម្ល៉េះ​រង​ទុក្ខ​វេទនា​សព្វ​ថ្ងៃ​នេះ។

ប៉ុន្តែ​គួរ​ឲ្យ​សប្បាយ ដែល​បន្ទូល​របស់​ព្រះ​បញ្ជាក់​ថា អំពើ​អាក្រក់​ជួជាតិ​នឹង​មិន​នៅ​មាន​ជា​និរន្តរ៍​នោះ​ទេ។ តាម​ការ​ពិត មិន​យូរ​ប៉ុន្មាន​ទៀត ព្រះ​យេហូវ៉ា​នឹង​បញ្ចប់​នូវ​ហេតុ​ការណ៍​ដ៏​អាក្រក់ និង​កំទេច​ចោល​អស់​អ្នក​ដែល​បណ្ដាល​ឲ្យ​មាន​រឿង​នេះ។ សុភាសិត ២:២២ ចែង​ថា៖ «តែ​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ឲ្យ​សូន្យ​ចេញ​ពី​ផែនដី​វិញ ហើយ​មនុស្ស​ប្រទូសរ៉ាយ​នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ»។ ផ្ទុយ​ទៅ​វិញ អស់​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​ព្រះ អាច​ទន្ទឹង​ទៅ​មុខ​ដល់​គ្រា ដែល​ឥឡូវ​កាន់​តែ​ជិត​ដល់​ហើយ​នោះ នៅ​ពេល​ដែល«គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោកសង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ»។—វិវរណៈ ២១:៤

អ៊ីចឹង​ហើយ ព្រះ​គម្ពីរ​ពន្យល់​យ៉ាង​ច្បាស់​លាស់​នូវ​ហេតុ​អ្វី ដែល​មនុស្ស​គ្មាន​ទោស​បាន​រង​ទុក្ខ​នោះ។ ព្រះ​គម្ពីរ​ក៏​ធានា​រ៉ាប់​រង​យើង​ថា មិន​យូរ​ប៉ុន្មាន​ទៀត នោះ​ហេតុ​ការណ៍​អាក្រក់​និង​សេចក្ដី​ទុក្ខ​វេទនា​នឹង​លែង​មាន​ទៀត​ហើយ។ ក៏​ប៉ុន្តែ កាល​ដែល​យើង​ពិសោធ​នូវ​ការ​ពិបាក​ក្នុង​ជីវិត ដែល​មាន​ឥឡូវ​នេះ នោះ​យើង​ត្រូវ​ការ​ចម្លើយ​ចំពោះ​សំនួរ​មួយ​ទៀត​ដ៏​សំខាន់។

តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត?

មនុស្ស​កំពុង​តែ​ស្វែង​រក​នូវ​គោល​បំណង​នៃ​ជីវិត​នៅ​ពេល​ឥឡូវ​នេះ ប្រហែល​ជា​ជាង​គ្រា​ឯ​ណា​ទៅ​ទៀត​ក្នុង​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស។ មនុស្ស​ជា​ច្រើន​សួរ​ខ្លួន​គេ​ថា៖ ‹ហេតុ​អ្វី​ក៏​ខ្ញុំ​មាន​ជីវិត​រស់​នៅ? តើ​ខ្ញុំ​អាច​រក​ឃើញ​នូវ​អត្ថន័យ​នៃ​ជីវិត​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​បាន?› កាលៈទេសៈ​ផ្សេង​ៗ​បាន​បណ្ដាល​ឲ្យ​គេ​សួរ​សំនួរ​ទាំង​នេះ។

ជីវិត​របស់​បុគ្គល​ម្នាក់​ប្រហែល​ជា​បាន​ត្រូវ​បែក​ខ្ចាយ ដោយ​ព្រឹត្ដិការណ៍​ធ្វើ​ឲ្យ​ខ្លោច​ផ្សា​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន។ ជា​ឧទាហរណ៍ នៅ​ដើម​ឆ្នាំ​១៩៩៨ ក្មេង​ស្រី​ម្នាក់​ដែល​មាន​អាយុ​១២​ឆ្នាំ​ដែល​រស់​នៅ​ស្រុក​បាវែរា ប្រទេស​អាល្លឺម៉ង់ បាន​ត្រូវ​គេ​ចាប់​ពង្រត់​ហើយ​បាន​ត្រូវ​គេ​សម្លាប់​ចោល។ មួយ​ឆ្នាំ​ក្រោយ​មក ម្ដាយ​របស់​នាង​បាន​សារភាព​ថា គាត់​ចំណាយ​ពេល​រៀង​រាល់​ថ្ងៃ​ស្វែង​រក​គោល​បំណង​នៃ​ជីវិត ប៉ុន្តែ​ឥត​បាន​ជោគ​ជ័យ​ឡើយ។ យុវជន​ខ្លះ​បាន​ត្រូវ​ជំរុញ​ឲ្យ​គិត​អំពី​អត្ថន័យ​នៃ​ជីវិត។ ពួក​គេ​ស្វែង​រក​សុវត្ថិភាព សេចក្ដី​ពេញ​ចិត្ត និង​ការ​ដឹង​ថា​ខ្លួន​ជា​របស់​អ្នក​ណា​មួយ ក៏​ប៉ុន្តែ​លទ្ធផល​គឺ​អស់​សង្ឃឹម ដោយ​មាន​ការ​លាក់​ពុត​និង​ការ​ពុក​រលួយ ដែល​មាន​ពាស​ពេញ​នោះ។ បុគ្គល​ឯ​ទៀត​ស្ថាបនា​ជីវិត​របស់​គេ​ដោយ​ពឹង​លើ​អាជីព ក៏​ប៉ុន្តែ​ពួក​គេ​រក​ឃើញ​ថា អំណាច កិត្យានុភាព និង​ទ្រព្យ​សម្បត្ដិ ឥត​បាន​បំពេញ​នូវ​ការ​ចង់​បាន​ជា​ខ្លាំង ដើម្បី​រក​ឲ្យ​ឃើញ​នូវ​មូលហេតុ​សំរាប់​អត្ថិភាព​របស់​គេ​ឡើយ។

អ្វី​ក៏​ដោយ​ដែល​ជំរុញ​ចិត្ត​បុគ្គល​ម្នាក់​ឲ្យ​ស្វែង​រក​គោល​បំណង​នៃ​ជីវិត នោះ​សំនួរ​នេះ​តម្រូវ​ឲ្យ​មាន​ចម្លើយ​ប្រាកដ​ប្រជា​និង​ដែល​ធ្វើ​ឲ្យ​ស្កប់​ចិត្ត​ផង។ ម្ដង​នេះ​ទៀត ព្រះ​គម្ពីរ​ក៏​អាច​ទៅ​ជា​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង។ ព្រះ​គម្ពីរ​សម្គាល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​គោល​បំណង ជា​ព្រះ​ដែល​មាន​ហេតុ​សម​ត្រឹម​ត្រូវ​សំរាប់​អ្វី​ៗ​ដែល​ទ្រង់​ធ្វើ។ យើង​សួរ​ថា តើ​អ្នក​នឹង​សាង​សង់​ផ្ទះ​មួយ ដោយ​ឥត​មាន​មូលហេតុ​ឬ​ទេ? ប្រហែល​ជា​អត់​ទេ ពីព្រោះ​ការ​សាង​សង់​ផ្ទះ​តម្រូវ​ឲ្យ​ចំណាយ​ប្រាក់​ជា​ច្រើន ហើយ​ត្រូវ​ការ​ច្រើន​ខែ​ឬ​ឆ្នាំ​ទៅ​ទៀត។ អ្នក​សាង​សង់​ផ្ទះ ដើម្បី​ឲ្យ​អ្នក​ឬ​បុគ្គល​ណា​ម្នាក់​អាច​រស់​នៅ​ទី​នោះ​បាន។ ដោយ​របៀប​សម​ហេតុ​ផល​ដូច​នេះ នោះ​ក៏​ដូច​នឹង​ព្រះ​យេហូវ៉ា​ដែរ។ ទ្រង់​មិន​បាន​ខំ​បង្កើត​ផែនដី​និង​ភាវៈ​រស់ ដោយ​ឥត​មាន​មូលហេតុ​ឬ​គោល​បំណង​នោះ​ទេ។ (ប្រៀប​មើល ហេព្រើរ ៣:៤) តើ​អ្វី​ទៅ​ជា​គោល​បំណង​របស់​ទ្រង់​សំរាប់​ផែនដី​នេះ?

ទំនាយអេសាយសម្គាល់​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ«ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ជា​ព្រះ​ដែល​ទ្រង់​សូន​ធ្វើ​ហើយ​ប្រតិស្ឋាន​ផែនដី»។ ប្រាកដ​ហើយ ទ្រង់​ជា​ព្រះ​ដែល​បាន«តាំង[ផែនដី]ឡើង មិន​មែន​បង្កើត​មក​ឲ្យ​នៅ​ទទេ​ទេ គឺ​បាន​ជប​សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ»។ (អេសាយ ៤៥:១៨) ត្រូវ​ហើយ តាំង​ពី​ផែនដី​បាន​ត្រូវ​បង្កើត​មក នោះ​គឺ​ជា​គោល​បំណង​របស់​ព្រះ​យេហូវ៉ា ដើម្បី​ឲ្យ​បាន​ជា​ទី​អាស្រ័យ​នៅ។ ទំនុកដំកើង ១១៥:១៦ ចែង​ថា៖ «ឯ​ស្ថាន​សួគ៌ គឺ​ជា​ស្ថាន​របស់​ព្រះ​យេហូវ៉ា ចំណែក​ផែនដី​វិញ នោះ​ទ្រង់​បាន​ប្រគល់​ដល់​មនុស្សជាតិ»។ ដូច្នេះ​ហើយ ព្រះ​គម្ពីរ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​បាន​បង្កើត​ផែនដី​ជា​ទី​អាស្រ័យ​នៅ ដោយ​មនុស្ស​ដែល​ចេះ​ស្ដាប់​បង្គាប់ ដែល​នឹង​មើល​ថែ​រក្សា​ផែនដី​នោះ។—លោកុប្បត្តិ ១:២៧, ២៨

តើ​ការ​បះ​បោរ​របស់​អ័ដាម​និង​អេវ៉ា បណ្ដាល​ឲ្យ​ព្រះ​យេហូវ៉ា​ផ្លាស់​ប្ដូរ​គោល​បំណង​របស់​ទ្រង់​ឬ? អត់​ទេ។ តើ​យើង​អាច​ដឹង​ប្រាកដ​ក្នុង​ចិត្ត​យ៉ាង​ដូច​ម្ដេច? សូម​ពិនិត្យ​នូវ​ចំណុច​នេះ៖ ព្រះ​គម្ពីរ​បាន​សរសេរ​ជា​ច្រើន​ពាន់​ឆ្នាំ​ក្រោយ​ពី​ការ​បះ​បោរ​នៅ​ក្នុង​សួន​អេដែន។ ប្រសិន​បើ​ព្រះ​បាន​បោះ​បង់​ចោល​នូវ​គោល​បំណង​ដើម​របស់​ទ្រង់ ហេតុ​អ្វី​ក៏​មិន​បាន​រៀប​រាប់​នៅ​ក្នុង​ព្រះ​គម្ពីរ? សេចក្ដី​សន្និដ្ឋាន​ជាក់​ស្តែង​គឺ​ថា គោល​បំណង​ដើម​របស់​ទ្រង់​សំរាប់​ផែនដី​នេះ​និង​សំរាប់​មនុស្ស​លោក គឺ​ឥត​បាន​ផ្លាស់​ប្ដូរ​នោះ​ទេ។

ម្យ៉ាង​វិញ​ទៀត គោល​បំណង​របស់​ព្រះ​យេហូវ៉ា​មិន​ដែល​ទទួល​បរាជ័យ​ឡើយ។ តាម​រយៈអេសាយ នោះ​ព្រះ​ប្រទាន​នូវ​ការ​ធានា​រ៉ាប់​រង​នេះ​ថា៖ «ពីព្រោះ​ដែល​ភ្លៀង​នឹង​ហិមៈ​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ​ឥត​វិល​ត្រឡប់​ទៅ​លើ​វិញ គឺ​មក​ស្រោច​ដី​ធ្វើ​ឲ្យ​កើត​ចេញ​ជា​ពន្លក​ឡើង ហើយ​ក៏​ឲ្យ​ពូជ​ពង្រោះ​ដល់​អ្នក​ដែល​ព្រោះ នឹង​អាហារ​ដល់​អ្នក​ដែល​បរិភោគ​ជា​យ៉ាង​ណា នោះ​ពាក្យ​អញ ដែល​ចេញ​ពី​មាត់​អញ​ទៅ ក៏​មិន​ដែល​វិលមក​ឯ​អញ​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ គឺ​នឹង​ធ្វើ​សំរេច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៅ​ក្នុង​ចិត្ត​អញ ហើយ​នឹង​ចំរើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​អញ​ចាត់​ទៅ​ធ្វើ​នោះ»។—អេសាយ ៥៥:១០, ១១

អ្វី​ដែល​ព្រះ​តម្រូវ​ពី​យើង

បើ​អ៊ីចឹង យ៉ាង​ច្បាស់​ណាស់ យើង​អាច​មាន​ការ​ទុក​ចិត្ត​នឹង​សេចក្ដី​សម្រេច​នូវ​គោល​បំណង​របស់​ព្រះ ក្នុង​ការ​ឲ្យ​ផែនដី​នេះ​ជា​ទី​អាស្រ័យ​នៅ​ជា​និរន្តរ៍ ដោយ​មនុស្ស​ដែល​ចេះ​ស្ដាប់​បង្គាប់។ ប្រសិន​បើ​យើង​ចង់​នៅ​ក្នុង​ចំណោម​អស់​អ្នក ដែល​នឹង​បាន​រស់​នៅ​ជា​អចិន្ត្រៃយ៍​នៅ​លើ​ផែនដី យើង​ត្រូវ​តែ​ធ្វើ​តាម​អ្វី​ដែល​ស្តេច​សាឡូម៉ូន​ដ៏​មាន​ប្រាជ្ញា​បាន​មាន​បន្ទូល​មក៖ «ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ»។—សាស្ដា ១២:១៣; យ៉ូហាន ១៧:៣

ការ​រស់​នៅ​ឲ្យ​ស្រប​តាម​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​សំរាប់​មនុស្ស​លោក មាន​ន័យ​ថា​ត្រូវ​រៀន​ឲ្យ​បាន​ស្គាល់​ព្រះ​ពិត ហើយ​អនុលោម​តាម​សេចក្ដី​តម្រូវ​របស់​ទ្រង់ ដូច​បាន​កត់​ទុក​មក​ក្នុងបទគម្ពីរ​បរិសុទ្ធ។ ប្រសិន​បើ​យើង​ធ្វើ​អ៊ីចឹង​នៅ​ឥឡូវ​នេះ នោះ​យើង​អាច​មាន​សេចក្ដី​សង្ឃឹម​នឹង​បាន​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច​នៅ​លើ​ផែនដី​មនោរម្យ ដែល​នៅ​ទី​នោះ​យើង​នឹង​មិន​ឈប់​រៀន​នូវ​អ្វី​ថ្មី​ៗ​អំពី​ព្រះ និង​អំពី​ការ​បង្កើត​ដ៏​អស្ចារ្យ​របស់​ទ្រង់។ (លូកា ២៣:៤៣) នេះ​គឺ​ជា​ការ​ទន្ទឹង​ដែល​ធ្វើ​ឲ្យ​រំភើប​ចិត្ត​មែន​ហ្ន៎!

មនុស្ស​ជា​ច្រើន​ដែល​ស្វែង​រក​គោល​បំណង​ក្នុង​ជីវិត អាច​មើល​ក្នុង​ព្រះ​គម្ពីរ​ហើយ​រក​ឃើញ​នូវ​សុភមង្គល​យ៉ាង​សំបើម សូម្បី​នៅ​ឥឡូវ​នេះ​ផង។ ជា​ឧទាហរណ៍ យុវបុរស​ម្នាក់​ឈ្មោះ អាលហ្វ្រេត​មិន​អាច​រក​ឃើញ​នូវ​អត្ថន័យ​សំរាប់​ជីវិត​ឡើយ។ ហេតុ​ដែល​សាសនា​មាន​ការ​ទាក់​ទង​នឹង​សង្គ្រាម បាន​ធ្វើ​ឲ្យ​គាត់​ខ្ពើម​រអើម ហើយ​គាត់​ក៏​បាន​តូច​ចិត្ត​នឹង​ភាព​លាក់​ពុត និង​ការ​ពុក​រលួយ​ក្នុង​រឿង​នយោបាយ​ដែរ។ អាលហ្វ្រេត​បាន​ទៅ​លេង​ពួក​អ្នក​ស្រុក​ដើម​ដែល​រស់​នៅ​ទ្វីប​អាមេរិក​ខាង​ជើង ដោយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​បំភ្លឺ​អំពី​គោល​បំណង​នៃ​ជីវិត ក៏​ប៉ុន្តែ​បាន​ធ្លាក់​ទឹក​ចិត្ត​ពេល​ត្រឡប់​ទៅ​ទ្វីប​អឺរ៉ុប​វិញ។ ដោយ​មាន​ការ​អស់​សង្ឃឹម គាត់​ក៏​បាន​ជក់​ចិត្ត​នឹង​គ្រឿង​ញៀន​និងបទភ្លេង​រ៉ុក ដែល​កន្ដ្រាក់​អារម្មណ៍​យ៉ាង​ចម្លែក។ ក៏​ប៉ុន្តែ ការ​ពិនិត្យ​មើល​ព្រះ​គម្ពីរ​ដោយ​ទៀង​ទាត់​និង​ដោយ​ផ្ចិត​ផ្ចង់ ក្រោយ​មក​បាន​ជួយ​អាលហ្វ្រេត​ឲ្យ​ស្គាល់​នូវ​គោល​បំណង​ដ៏​ពិត​នៃ​ជីវិត ហើយ​រក​ឃើញ​នូវ​ការ​ស្កប់​ស្កល់​ចិត្ត។

ពន្លឺ​ដែល​ទុក​ចិត្ត​បាន​ដែល​នាំ​ផ្លូវ​យើង

បើ​អ៊ីចឹង តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា​អំពី​ព្រះ​គម្ពីរ? តើ​មាន​ការ​ទាក់​ទង​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? ប្រាកដ​ហើយ​គឺ​មាន​ការ​ទាក់​ទង ពីព្រោះ​ព្រះ​គម្ពីរ​ផ្ដល់​នូវ​ការ​ណែនាំ​ស្តី​អំពី​រឿង​ដែល​មាន​ថ្មី​ៗ​នេះ។ ព្រះ​គម្ពីរ​ពន្យល់​ថា​អំពើ​អាក្រក់​ជួជាតិ គឺ​មិន​មែន​ជា​ព្រះ​ទេ​ដែល​ធ្វើ​នោះ ហើយ​ជួយ​យើង​ឲ្យ​រក​ឃើញ​នូវ​គោល​បំណង​ដែល​ធ្វើ​ឲ្យ​ស្កប់​ចិត្ត​ក្នុង​ជីវិត។ ម្យ៉ាង​វិញ​ទៀត ព្រះ​គម្ពីរ​ចែង​យ៉ាង​ច្រើន​អំពី​រឿង​ដ៏​ជា​ទី​ចាប់​អារម្មណ៍​សព្វ​ថ្ងៃ​នេះ។ ប្រធាន​ដូច​ជា​អាពាហ៍ពិពាហ៍ ការ​ចិញ្ចឹម​កូន ការ​ទាក់​ទង​ជា​មួយ​មនុស្ស​ឯ​ទៀត ហើយ​សេចក្ដី​សង្ឃឹម​សំរាប់​មនុស្ស​ស្លាប់ គឺ​បាន​រៀប​រាប់​ក្នុង​បន្ទូល​របស់​ព្រះ។

ប្រសិន​បើ​អ្នក​មិន​ទាន់​បាន​ធ្វើ​ទេ សូម​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​នូវ​សាច់​រឿង​របស់​ព្រះ​គម្ពីរ​ចុះ។ នៅ​ពេល​ដែល​អ្នក​រក​ឃើញ​នូវ​គោល​ការណ៍​ណែនាំ​ពិត​សំរាប់​ជីវិត នោះ​អ្នក​ប្រហែល​ជា​នឹង​មាន​អារម្មណ៍​ដូច​អ្នក​តែងបទ​ទំនុកដំកើង ដែល​បាន​ពឹង​លើ​ព្រះ​យេហូវ៉ា​សំរាប់​ការ​ណែនាំ ហើយ​បាន​ច្រៀង​ថា៖ «ព្រះ​បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូល​បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូល​បង្គំ​ផង»។—ទំនុកដំកើង ១១៩:១០៥

[រូប​ភាព​នៅ​ទំព័រ​៦]

តើ​អ្នក​ដឹង​នូវ​ហេតុ​អ្វី​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មនុស្ស​គ្មាន​ទោស​រង​ទុក្ខ​វេទនា​ឬ​ទេ?

[រូប​ភាព​នៅ​ទំព័រ​៧]

អ្នក​អាច​សប្បាយ​ជីវិត​ដែល​មាន​គោល​បំណង