លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំនួរពីពួកអ្នកអាន

សំនួរពីពួកអ្នកអាន

សំនួរ​ពី​ពួក​អ្នក​អាន

តើ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​បោះ​ឆ្នោត?

មាន​គោល​ការណ៍​ច្បាស់​លាស់​ដែល​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ ដែល​ជួយ​អ្នក​បំរើ​របស់​ព្រះ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​រឿង​នេះ។ ក៏​ប៉ុន្តែ តាម​មើល​ទៅ​គ្មាន​គោល​ការណ៍​ណា​មួយ ដែល​ប្រឆាំង​នឹង​ការ​ប្រព្រឹត្ត​ជា​ការ​បោះ​ឆ្នោត​នោះ​ទេ។ ឧទាហរណ៍ គ្មាន​ហេតុ​ណា​មួយ​ដែល​គណៈ​កម្មាធិការ​នៃ​ក្រុម​ហ៊ុន​មួយ មិន​គួរ​បោះ​ឆ្នោត​ដើម្បី​ធ្វើ​ការ​សម្រេច​ដែល​នឹង​ទាក់​ទង​នឹង​ក្រុម​ហ៊ុន​របស់​គេ​ទេ។ ជា​ញឹក​ញាប់ ក្រុម​ជំនុំ​នៃ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ធ្វើ​ការ​សម្រេច​អំពី​ម៉ោង​ប្រជុំ ហើយ​ការ​ប្រើ​ប្រាស់​នូវ​មូលនិធិ​របស់​ក្រុម​ជំនុំ​ដោយ​ការ​បោះ​ឆ្នោត​តាម​រយៈ​ការ​លើក​ដៃ។

តើ​យ៉ាង​ណា​វិញ​ចំពោះ​ការ​បោះ​ឆ្នោត​ក្នុង​រឿង​នយោបាយ? ពិត​មែន នៅ​ប្រទេស​ប្រជាធិបតេយ្យ អាច​មាន​៥០​ភាគ​រយ​នៃ​ចំនួន​ប្រជាជន​ដែល​មិន​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​នោះ។ ចំណែក​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​វិញ ពួក​គេ​មិន​ធ្វើ​ការ​រំខាន​ចំពោះ​សិទ្ធិ​របស់​អ្នក​ដទៃ​ចំពោះ​ការ​បោះ​ឆ្នោត​ឡើយ ម្ល៉ោះ​ហើយ​គេ​ក៏​មិន​ឃោសនា​ដើម្បី​ប្រឆាំង​នឹង​ការ​បោះ​ឆ្នោត​ដែរ។ ពួក​គេ​គោរព​និង​ចុះ​ចូល​នឹង​អាជ្ញាធរ​ដែល​ត្រូវ​ជ្រើស​តាំង​ក្នុង​ការ​បោះ​ឆ្នោត​ទាំង​នេះ។ (រ៉ូម ១៣:១​-​៧) ចំពោះ​រឿង​ដែល​ថា​តើ​មនុស្ស​ម្នាក់​ផ្ទាល់​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​បុគ្គល​ម្នាក់ ដែល​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​នោះ​វិញ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​ៗ​ធ្វើ​ការ​សម្រេច​ដោយ​មាន​មូលដ្ឋាន​លើ​មនសិការ​របស់​គាត់​ដែល​បាន​ត្រូវ​ហ្វឹកហ្វឺន​ដោយ​ព្រះ​គម្ពីរ ថែម​ទាំង​ភារកិច្ច​របស់​គាត់​ចំពោះ​ព្រះ​និង​ចំពោះ​រដ្ឋ​ផង​ដែរ។ (ម៉ាថាយ ២២:២១; ពេត្រុស​ទី​១ ៣:១៦) ពេល​ធ្វើ​ការ​សម្រេច​ផ្ទាល់​ខ្លួន​នេះ នោះ​ពួក​ស្មរបន្ទាល់​យក​មក​ពិចារណា​នូវ​កត្ដា​មួយ​ចំនួន។

ទី​មួយ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​មាន​បន្ទូល​អំពី​ពួក​អ្នក​កាន់​តាម​ទ្រង់​ថា៖ «គេ​មិន​មែន​ជា​របស់​លោកីយ​ទេ ដូច​ជា​ទូល​បង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ»។ (យ៉ូហាន ១៧:១៤) ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចាត់​ទុក​គោល​ការណ៍​ជា​អ្វី​ដ៏​ធ្ងន់​ធ្ងរ។ ដោយ«មិន​មែន​ជា​របស់​លោកីយ៍» នោះ​ពួក​គេ​ឈរ​អព្យាក្រឹត​ក្នុង​រឿង​នយោបាយ​នៃ​លោកីយ៍​នេះ។—យ៉ូហាន ១៨:៣៦

ទី​ពីរ សាវ័ក​ប៉ុល​បាន​សំដៅ​ទៅ​ខ្លួន​គាត់​ជា«ទូត» តំណាង​ព្រះ​គ្រីស្ទ​ចំពោះ​មនុស្ស​នៅ​សម័យ​របស់​គាត់។ (អេភេសូរ ៦:២០; កូរិនថូស​ទី​២ ៥:២០) ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជឿ​ថា នៅ​ពេល​ឥឡូវ​នេះ​ព្រះ​យេស៊ូ​គ្រីស្ទ​គឺ​ជា​ស្តេច​តែង​តាំង​នៃ​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​របស់​ព្រះ ហើយ​ដូច​ជា​ទូត នោះ​ពួក​គេ​ត្រូវ​តែ​ប្រកាស​ប្រាប់​ទៅ​សាសន៍​ទាំង​ឡាយ។ (ម៉ាថាយ ២៤:១៤; វិវរណៈ ១១:១៥) ពួក​ទូត​គឺ​តម្រូវ​ឲ្យ​នៅ​អព្យាក្រឹត ហើយ​និង​មិន​ឲ្យ​រំខាន​នូវ​រឿង​ក្នុង​ប្រទេស​ណា ដែល​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​នោះ។ ជា​អ្នក​តំណាង​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​របស់​ព្រះ នោះ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ភារកិច្ច​ស្រដៀង​គ្នា ដោយ​មិន​ជ្រៀត​ជ្រែក​នឹង​នយោបាយ​នៃ​ប្រទេស​ដែល​គេ​រស់​នៅ​នោះ​ឡើយ។

កត្ដា​ទី​បី​ដែល​គួរ​យក​មក​ពិចារណា​នោះ​គឺ​ថា អ្នក​ដែល​រួម​ចំណែក​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​បុគ្គល​ម្នាក់​ឲ្យ​ចូល​តំណែង ពួក​គេ​នោះ​ប្រហែល​ជា​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​បុគ្គល​ម្នាក់​នោះ​ធ្វើ។ (ប្រៀប​មើល ធីម៉ូថេ​ទី​១ ៥:២២, សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ភាសា​អង់គ្លេស​ថ្មី) ពួក​គ្រីស្ទាន​ត្រូវ​តែ​ពិចារណា​យ៉ាង​ផ្ចិត​ផ្ចង់ ថា​អ្វី​ដែល​ពួក​គេ​ចង់​ទទួល​ខុស​ត្រូវ​ឬ​ក៏​អត់។

ទី​បួន ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​រាប់​ជា​មាន​តម្លៃ​ច្រើន​នូវ​សាមគ្គីភាព​គ្រីស្ទាន​របស់​ពួក​គេ។ (កូល៉ុស ៣:១៤) ពេល​សាសនា​ចូល​រួម​ក្នុង​រឿង​នយោបាយ នោះ​លទ្ធផល​ច្រើន​តែ​ជា​ការ​បែក​បាក់​គ្នា​រវាង​សមាជិក​របស់​គេ។ ក្នុង​ការ​ធ្វើ​តម្រាប់​តាម​ព្រះ​យេស៊ូ​គ្រីស្ទ នោះ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជៀស​ចេញ​ពី​ការ​ចូល​រួម​ក្នុង​រឿង​នយោបាយ ដោយ​ធ្វើ​ដូច្នេះរក្សា​សាមគ្គីភាព​គ្រីស្ទាន​របស់​ពួក​គេ។—ម៉ាថាយ ១២:២៥; យ៉ូហាន ៦:១៥; ១៨:៣៦, ៣៧

ទី​ប្រាំ​ដែល​ជា​ចំណុច​ចុង​ក្រោយ​បង្អស់ ដែល​ពួក​គេ​មិន​ចូល​រួម​ក្នុង​រឿង​នយោបាយ នោះ​ឲ្យ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​សេរី​ភាព​និយាយ​ដើម្បី​ទៅ​កាន់​មនុស្ស​ដែល​កាន់​ជំនឿ​នយោបាយ​ណា​ក៏​ដោយ​អំពី​សារ​សំខាន់​នៃ​ព្រះ​រាជាណាចក្រ។—ហេព្រើរ ១០:៣៥

ដោយ​ដឹង​នូវ​គោល​ការណ៍​ព្រះ​គម្ពីរ​ខាង​លើ​នេះ នៅ​ប្រទេស​ជា​ច្រើន​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ធ្វើ​ការ​សម្រេច​ដោយ​ខ្លួន​ផ្ទាល់ ដើម្បី​មិន​បោះ​ឆ្នោត​ក្នុង​រឿង​នយោបាយ ហើយ​សេរី​ភាព​របស់​គេ​ដើម្បី​ធ្វើ​ការ​សម្រេច​បែប​នោះ​ត្រូវ​ច្បាប់​នៃ​ប្រទេស​នោះ​គាំទ្រ។ ចុះ​យ៉ាង​ណា​វិញ​បើ​សិន​ជា​ច្បាប់​តម្រូវ​ឲ្យ​ពលរដ្ឋ​ធ្វើ​ការ​បោះ​ឆ្នោត? ក្នុង​ករណី​បែប​នេះ នោះ​ស្មរបន្ទាល់​ម្នាក់​ៗ​ត្រូវ​ទទួល​ខុស​ត្រូវ​ដើម្បី​ធ្វើ​ការ​សម្រេច​ដោយ​យក​ចិត្ត​ទុក​ដាក់ ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ អំពី​របៀប​ដែល​ខ្លួន​គួរ​ប្រព្រឹត្ត​ចំពោះ​រឿង​នោះ។ បើ​សិន​ជា​មនុស្ស​ម្នាក់​សម្រេច​ចិត្ត​ទៅ​បន្ទប់​បោះ​ឆ្នោត នោះ​ជា​ការ​សម្រេច​របស់​គាត់។ អ្វី​ដែល​គាត់​ធ្វើ​ក្នុង​បន្ទប់​បោះ​ឆ្នោត​នោះ គឺ​រវាង​គាត់​និង​ព្រះ​អាទិទេព​របស់​គាត់​តែ​ប៉ុណ្ណោះ។

ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៥០ នៅ​ទំព័រ​៤៤៥ និង ៤៤៦ (ភាសា​អង់គ្លេស) នោះ​បាន​ប្រាប់​ថា៖ «នៅ​ប្រទេស​ណា​ដែល​សេសារ​បង្ខំ​ឲ្យ​ពលរដ្ឋ​បោះ​ឆ្នោត . . . នោះ[ពួក​ស្មរបន្ទាល់]អាច​ទៅ​ទី​បោះ​ឆ្នោត​ហើយ​ចូល​បន្ទប់​បោះ​ឆ្នោត​ទៅ។ គឺ​នៅ​កន្លែង​នេះ​ឯង​ដែល​ពួក​គេ​បាន​តម្រូវ​ឲ្យ​គូស ឬ​ក៏​សរសេរ​អ្វី​ដែល​គេ​គាំទ្រ​លើ​សន្លឹក​ឆ្នោត​នោះ។ ពួក​អ្នក​បោះ​ឆ្នោត​ធ្វើ​អ្វី​តាម​ចិត្ត​របស់​គេ​ចំពោះ​សន្លឹក​ឆ្នោត​របស់​ខ្លួន។ ដូច្នេះ នៅ​ទី​នោះ​ពី​មុខ​ព្រះ​យេហូវ៉ា នោះ​ពួក​ស្មរបន្ទាល់​ត្រូវ​តែ​ប្រព្រឹត្ត​សម​ស្រប​តាម​បញ្ជា​របស់​ទ្រង់​ហើយ​តាម​ជំនឿ​របស់​គេ។ មិន​មែន​ភារកិច្ច​របស់​យើង​ដើម្បី​បង្គាប់​គេ​ឲ្យ​ធ្វើ​ដូច​ម្ដេច​ចំពោះ​សន្លឹក​ឆ្នោត​នោះ»។

តើ​យ៉ាង​ណា​វិញ​បើ​សិន​ជា​ប្ដី​ដែល​មិន​ជា​អ្នក​ជឿ​របស់​ស្ត្រី​គ្រីស្ទាន​ម្នាក់ ទាម​ទារ​ឲ្យ​នាង​ទៅ​បោះ​ឆ្នោត? ស្ត្រី​នោះ​ត្រូវ​តែ​ចុះ​ចូល​នឹង​ប្ដី​ដូច​ពួក​អ្នក​គ្រីស្ទាន​ត្រូវ​តែ​ចុះ​ចូល​នឹង​រាជការ។ (អេភេសូរ ៥:២២; ពេត្រុស​ទី​១ ២:១៣​-​១៧) បើ​សិន​ជា​នាង​ស្ដាប់​តាម​ប្ដី​របស់​នាង​ហើយ​ទៅ​បន្ទប់​បោះ​ឆ្នោត នោះ​ជា​ការ​សម្រេច​របស់​នាង។ គ្មាន​អ្នក​ណា​ដែល​គួរ​រិះ​គន់​នាង​ឡើយ។—ប្រៀប​មើល រ៉ូម ១៤:៤

តើ​យ៉ាង​ដូច​ម្ដេច​វិញ​នៅ​ប្រទេស​មួយ​ដែល​គ្មាន​ច្បាប់​ដែល​តម្រូវ​ឲ្យ​បោះ​ឆ្នោត​នោះ​ទេ ក៏​ប៉ុន្តែ​មាន​សេចក្ដី​ស្អប់​ចំពោះ​អ្នក​ណា​ដែល​មិន​ទៅ​បន្ទប់​បោះ​ឆ្នោត ហើយ​ប្រហែល​ជា​អ្នក​ដែល​មិន​ទៅ​នោះ​រង​គ្រោះ​ថ្នាក់​ខាង​រូប​កាយ? ឬ​ក៏​ប្រសិន​បើ​ពួក​គេ​មិន​ទៅ​បន្ទប់​បោះ​ឆ្នោត​នោះ ទោះ​បី​គេ​គ្មាន​ភារកិច្ច​តាម​ច្បាប់​ឲ្យ​ទៅ​ទី​នោះ​ក៏​ដោយ តើ​យ៉ាង​ណា​វិញ បើ​សិន​ជា​គេ​ត្រូវ​ពិន័យ​យ៉ាង​ខ្លាំង​តាម​របៀប​មួយ›? ក្នុង​កាលៈទេសៈ​បែប​នេះ​ហើយ​ស្រដៀង​នឹង​នេះ គ្រីស្ទាន​ម្នាក់​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ដោយ​ខ្លួន​ផ្ទាល់។ «ដ្បិត​គ្រប់​គ្នា​ត្រូវ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន»។—កាឡាទី ៦:៥

ប្រហែល​នឹង​មាន​មនុស្ស​ខ្លះ​ជំពប់​ដួល ពេល​គេ​ឃើញ​ថា​ក្នុង​កាល​បោះ​ឆ្នោត​នៅ​ប្រទេស​គេ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ខ្លះ​ទៅ​បន្ទប់​បោះ​ឆ្នោត​ហើយ​ស្មរបន្ទាល់​ដទៃ​មិន​ទៅ។ ពួក​គេ​ប្រហែល​ជា​នឹង​និយាយ​ថា ‹ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គឺ​ជា​មនុស្ស​មិន​ស្រប​តាម​គ្នា​ទេ›។ ក៏​ប៉ុន្តែ មនុស្ស​គួរ​ទទួល​ស្គាល់​ថា ក្នុង​រឿង​ដែល​ទាក់​ទង​នឹង​មនសិការ​របស់​ខ្លួន​ដូច​នេះ គ្រីស្ទាន​ម្នាក់​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ផ្ទាល់​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា។—រ៉ូម ១៤:១២

ទោះ​បី​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ធ្វើ​ការ​សម្រេច​ផ្ទាល់​ខ្លួន​ណា​ក៏​ដោយ​នៅ​ពេល​ប្រឈម​កាលៈទេសៈ​ផ្សេង​ៗ នោះ​គេ​រក្សា​នូវ​អព្យាក្រឹតភាព​គ្រីស្ទាន​ហើយ​សេរី​ភាព​ខាង​ពាក្យ​សំដី។ ក្នុង​រឿង​ទាំង​អស់​ពួក​គេ​ពឹង​ពាក់​លើ​ព្រះ​យេហូវ៉ា​ដើម្បី​ចំរើន​កម្លាំង​ពួក​គេ ប្រទាន​ឲ្យ​គេ​នូវ​ប្រាជ្ញា ហើយ​ជួយ​គេ​ជៀស​ពី​ការ​មិន​លះ​ចោល​សេចក្ដី​ជំនឿ​របស់​គេ​តាម​របៀប​ណា​ក៏​ដោយ។ ដូច្នេះ​ពួក​គេ​បង្ហាញ​ការ​ទុក​ចិត្ត​នឹង​ពាក្យ​របស់​អ្នក​សរសេរទំនុកដំកើងថា៖ «ដ្បិត​ទ្រង់​ជា​ថ្ម​ដា ហើយ​ជា​បន្ទាយ​នៃ​ទូល​បង្គំ​ពិត ហេតុ​នោះ សូម​ទ្រង់​នាំ ហើយ​ដំរង់​ទូល​បង្គំ​ដោយ​យល់​ដល់​ព្រះ​នាម​ទ្រង់»។—ទំនុកដំកើង ៣១:៣