លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរឲ្យយើងជាពួកអ្នកដែលមានជំនឿ

ចូរឲ្យយើងជាពួកអ្នកដែលមានជំនឿ

ចូរ​ឲ្យ​យើង​ជា​ពួក​អ្នក​ដែល​មាន​ជំនឿ

«យើង​រាល់​គ្នា . . . គឺ​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​សំរាប់​ឲ្យ​ព្រលឹង​បាន​សង្គ្រោះ​វិញ»។—ហេព្រើរ ១០:៣៩

១. ហេតុ​អ្វី​បាន​ជា​អាច​និយាយ​ថា ជំនឿ​របស់​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​ម្នាក់​ៗ គឺ​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា?

 ពេល​ណា​ទៀត​ដែល​នៅ​ឯ​សាល​ប្រជុំ​ព្រះ​រាជាណាចក្រ​ដែល​ពេញ​ទៅ​ដោយ​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា សូម​ឈប់​សិន​ហើយ​មើល​ពួក​អ្នក​ដែល​នៅ​ជុំ​វិញ​អ្នក។ ចូរ​គិត​អំពី​របៀប​ជា​ច្រើន​ដែល​ពួក​គេ​បង្ហាញ​នូវ​ជំនឿ។ អ្នក​ប្រហែល​ជា​នឹង​ឃើញ​មនុស្ស​មាន​វ័យ​ចាស់​ដែល​បាន​បំរើ​ព្រះ​អស់​រាប់​ទសវត្ស​មក​ហើយ យុវជន​ដែល​ទប់​ទល់​នឹង​ការ​បង្ខំ​ពី​ពួក​ម៉ាក ហើយ​មាតា​បិតា​ដែល​ធ្វើ​ការ​នឿយ​ហត់​ដើម្បី​ចិញ្ចឹម​អប់រំ​កូន​ដែល​កោត​ខ្លាច​ដល់​ព្រះ។ ក៏​មាន​ពួក​អ្នក​ចាស់​ទុំ​ក្រុម​ជំនុំ​និង​អ្នក​ងារ​ជំនួយ​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ភារកិច្ច​ជា​ច្រើន។ ត្រូវ​មែន អ្នក​ប្រហែល​ជា​នឹង​ឃើញ​បង​ប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ​គ្រប់​វ័យ​ដែល​ឈ្នះ​លើ​ឧបសគ្គ​គ្រប់​បែប​យ៉ាង ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា។ ជំនឿ​របស់​ពួក​គេ​ម្នាក់​ៗ​មាន​តម្លៃ​ច្រើន​ម្ល៉េះ​ហ្ន៎!—ពេត្រុស​ទី​១ ១:៧

២. ហេតុ​អ្វី​បាន​ជា​ឱវាទ​របស់​ប៉ុល​ក្នុង​ហេព្រើរ ១០, ១១ជំពូកទី​១០​និង​១១ មាន​ប្រយោជន៍​ចំពោះ​យើង​សព្វ​ថ្ងៃ​នេះ?

បើ​សិន​ជា​មាន​មនុស្ស​មិន​ល្អ​គ្រប់ល័ក្ខណ៍​ណា ដែល​យល់​ច្បាស់​ជាង​សាវ័ក​ប៉ុល​អំពី​សារ​សំខាន់​នៃ​ជំនឿ នោះ​មាន​តែ​ចំនួន​តិច​ទេ។ តាម​ការ​ពិត គាត់​បាន​កត់​សម្គាល់​ថា ជំនឿ​ពិត​ប្រាកដ​នាំ«ឲ្យ​ព្រលឹង​បាន​សង្គ្រោះ​វិញ»។ (ហេព្រើរ ១០:៣៩) ប៉ុន្តែ ប៉ុល​ក៏​ដឹង​ថា ជំនឿ​អាច​រង​ការ​វាយលុក​និង​ច្រែះ​ស៊ី ក្នុង​លោកីយ៍​នេះ​ដែល​គ្មាន​ជំនឿ។ គាត់​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង ទៅ​លើ​ពួក​គ្រីស្ទាន​សាសន៍ហេព្រើរនៅ​ទី​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា ដែល​កំពុង​តែ​ខិត​ខំ​ទាំង​លំបាក​ដើម្បី​រក្សា​ជំនឿ​របស់​គេ។ ពេល​យើង​ពិចារណា​មើល​ផ្នែក​ខ្លះ​ពី​ហេព្រើរ ១០, ១១ជំពូកទី​១០​និង​១១ ចូរ​ឲ្យ​យើង​កត់​សម្គាល់​នូវ​វិធី​ដែល​ប៉ុល​ប្រើ​ដើម្បី​ពង្រឹង​ជំនឿ​របស់​គេ។ ក្នុង​ការ​ធ្វើ​អ៊ីចឹង យើង​នឹង​ឃើញ​របៀប​ដែល​យើង​អាច​កសាង​នូវ​ជំនឿ​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង ក្នុង​ខ្លួន​យើង​ហើយ​ក្នុង​បុគ្គល​ណា​ដែល​នៅ​ជុំ​វិញ​យើង​ផង​ដែរ។

បង្ហាញ​ការ​ទុក​ចិត្ត​លើ​គ្នា​ទៅ​វិញ​ទៅ​មក

៣. តើ​យ៉ាង​ដូច​ម្ដេច​ដែល​ពាក្យ​របស់​ប៉ុល​នៅ​ហេព្រើរ ១០:៣៩ បង្ហាញ​ថា គាត់​មាន​ការ​ទុក​ចិត្ត​ទៅ​លើ​បង​ប្អូន​ប្រុស​ស្រី​ខាង​ជំនឿ​របស់​គាត់?

របស់​ទី​មួយ​ដែល​យើង​ប្រហែល​ជា​កត់​សម្គាល់ នោះ​គឺ​ជា​អាកប្បកិរិយា​ដ៏​វិជ្ជមាន​របស់​ប៉ុល​ចំពោះ​ពួក​អ្នក​អាន​របស់​គាត់។ គាត់​បាន​សរសេរ​ថា៖ «តែ​យើង​រាល់​គ្នា​មិន​មែន​ជា​ពួក​អ្នក​ដែល​ថយ​ទៅ​វិញ ឲ្យ​ត្រូវ​វិនាស​នោះ​ឡើយ គឺ​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​សំរាប់​ឲ្យ​ព្រលឹង​បាន​សង្គ្រោះ​វិញ»។ (ហេព្រើរ ១០:៣៩) ប៉ុល​បាន​មាន​គំនិត​ល្អ​បំផុត ចំពោះ​ពួក​គ្រីស្ទាន​គ្នី​គ្នា​របស់​គាត់ មិន​មែន​គំនិត​អាក្រក់​បំផុត​នោះ​ទេ។ សូម​កត់​សម្គាល់​ដែរ​ថា គាត់​បាន​ប្រើ​ពាក្យ«យើង​រាល់​គ្នា»។ ប៉ុល​ជា​បុរស​ដ៏​សុចរិត​មែន។ ប៉ុន្តែ​គាត់​មិន​បាន​និយាយ​បន្ថោក​ដាក់​ពួក​អ្នក​អាន​របស់​គាត់ ដូច​ជា​គាត់​ស្ថិត​នៅ​កំរិត​មួយ​នៃ​សេចក្ដី​សុចរិត​ដ៏​ខ្ពស់​ឆ្ងាយ​ពី​ពួក​គេ​នោះ​ទេ។ (ប្រៀប​មើល សាស្ដា ៧:១៦) ផ្ទុយ​ទៅ​វិញ គាត់​បាន​រួម​បញ្ចូល​ខ្លួន​គាត់​ជា​មួយ​នឹង​ពួក​គេ​ដែរ។ គាត់​បាន​បង្ហាញ​ទំនុក​ចិត្ត​អស់​ពី​ដួង​ចិត្ត​ថា គាត់​និង​ពួក​អ្នក​អាន​ជា​គ្រីស្ទាន​ស្មោះ​ត្រង់​ទាំង​អស់​គ្នា នឹង​ប្រឈម​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​រសាយ​ចិត្ត​នៅ​ពី​មុខ​គេ ហើយ​ថា​ពួក​គាត់​នឹង​បដិសេធ​យ៉ាង​ក្លាហាន មិន​ព្រម​ថយ​ទៅ​វិញ​ឲ្យ​ត្រូវ​វិនាស​ទេ ហើយ​ថា​ពួក​គាត់​និង​បង្ហាញ​ខ្លួន​ជា​ពួក​អ្នក​ដែល​មាន​ជំនឿ​វិញ។

៤. តើ​មាន​មូលហេតុ​យ៉ាង​ណា​ខ្លះ ដែល​ប៉ុល​បាន​មាន​ការ​ទុក​ចិត្ត​ទៅ​លើ​ពួក​អ្នក​ជឿ​គ្នី​គ្នា​របស់​គាត់​នោះ?

តើ​យ៉ាង​ដូច​ម្ដេច​ដែល​ប៉ុល​បាន​មាន​ការ​ទុក​ចិត្ត​បែប​នេះ? តើ​គាត់​មិន​អាច​ឬ​ក៏​មិន​ចង់​មើល​ឃើញ​កំហុស នៃ​ពួក​គ្រីស្ទានហេព្រើរទាំង​នោះ​ទេ​ឬ? ផ្ទុយ​ទៅ​វិញ គាត់​បាន​ផ្ដល់​ឲ្យ​នូវ​ដំបូន្មាន​ច្បាស់​លាស់ ដើម្បី​ជួយ​ពួក​គេ​ឈ្នះ​លើ​ភាព​ខ្សោយ​ខាង​វិញ្ញាណ​របស់​គេ។ (ហេព្រើរ ៣:១២; ៥:១២​-​១៤; ៦:៤​-​៦; ១០:២៦, ២៧; ១២:៥) យ៉ាង​ហោច​ណាស់ ប៉ុល​នៅ​តែ​មាន​ហេតុ​ពីរ​ដ៏​ល្អ ដើម្បី​មាន​ការ​ទុក​ចិត្ត​ទៅ​លើ​បង​ប្អូន​របស់​គាត់។ (១) ជា​អ្នក​ដែល​ត្រាប់​តាម​ព្រះ​យេហូវ៉ា ប៉ុល​បាន​ខំ​មាន​ទស្សនៈ​ចំពោះ​រាស្ត្រ​របស់​ព្រះ ដូច​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​នោះ​ដែរ។ នេះ​មិន​មែន​ជា​ទស្សនៈ​ចំពោះ​តែ​កំហុស​របស់​គេ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ចំពោះ​គុណសម្បត្ដិ​ល្អ​របស់​គេ ហើយ​សមត្ថភាព​សម្រេច​ធ្វើ​ល្អ​នៅ​អនាគត​ផង​ដែរ។ (ទំនុកដំកើង ១៣០:៣; អេភេសូរ ៥:១) (២) ប៉ុល​មាន​ជំនឿ​ទាំង​ស្រុង​ទៅ​លើ​អំណាច​នៃ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ។ គាត់​ដឹង​ថា គ្មាន​ឧបសគ្គ​ណា ឬ​ភាព​ខ្សោយ​ណា ដែល​អាច​បង្ការ​ព្រះ​យេហូវ៉ា​ពី​ការ​ប្រទាន«កម្លាំង​ដែល​ហួស​ពី​ធម្មតា»ចំពោះ​អស់​អ្នក​ណា​ដែល​ព្យាយាម​បំរើ​ទ្រង់​យ៉ាង​ស្មោះ​ត្រង់​នោះ​ឡើយ។ (កូរិនថូស​ទី​២ ៤:៧ ព.ថ.; ភីលីព ៤:១៣) ដូច្នេះ ការ​ទុក​ចិត្ត​របស់​ប៉ុល​ទៅ​លើ​បង​ប្អូន​ប្រុស​ស្រី​របស់​គាត់ នោះ​មិន​ខុស មិន​ផ្ទុយ​ពី​ការ​ពិត ឬ​ក៏​ប្រកប​ដោយ​សុទិដ្ឋិនិយម​ដែល​គ្មាន​មូលហេតុ​នោះ​ទេ ក៏​ប៉ុន្តែ​មាន​មូលដ្ឋាន​ដ៏​មុត​មាំ​និង​ពឹង​ផ្អែក​លើ​ព្រះ​គម្ពីរ​ទៀត​ផង។

៥. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ត្រាប់​តាម​ការ​ទុក​ចិត្ត​របស់​ប៉ុល ហើយ​ប្រហែល​ជា​នឹង​មាន​លទ្ធផល​អ្វី?

ប្រាកដ​ហើយ ការ​ទុក​ចិត្ត​ដែល​ប៉ុល​បាន​បង្ហាញ​នោះ​បាន​ឆ្លង​រាល​ដាល។ ដោយ​សារ​ប៉ុល​បាន​និយាយ​លើក​ទឹក​ចិត្ត​ពួក​គេ នោះ​ពិត​ជា​បាន​មាន​តម្លៃ​ច្រើន​ចំពោះ​ក្រុម​ជំនុំ​ទាំង​ឡាយ​នៅ​ទី​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា។ ពួក​គ្រីស្ទានហេព្រើរបាន​ត្រូវ​ជួយ​ដោយ​ការ​និយាយ​បែប​នោះ ឲ្យ​តាំង​ចិត្ត​ធ្វើ​ជា​ពួក​អ្នក​ដែល​មាន​ជំនឿ នៅ​មុខ​ការ​ចំអក​ដែល​ធ្វើ​ឲ្យ​អាក់​អន់​ចិត្ត និង​ភាព​កន្តើយ​ដ៏​អួតអាង​ពី​ពួក​អ្នក​ប្រឆាំង​ជនជាតិ​យូដា​នោះ។ តើ​យើង​អាច​ធ្វើ​ដូច​នោះ ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? គឺ​ជា​ការ​ស្រួល​ណាស់ ដែល​មើល​អ្នក​ដទៃ​ហើយ​ឃើញ​កំហុស​ជា​ច្រើន​និង​លក្ខណៈ​ចម្លែក​របស់​គេ​ផ្ទាល់។ (ម៉ាថាយ ៧:១​-​៥) ប៉ុន្តែ យើង​អាច​ជួយ​គ្នា​ច្រើន​ជាង បើ​សិន​ជា​យើង​កត់​សម្គាល់​ហើយ​យល់​នូវ​តម្លៃ​នៃ​ជំនឿ​ដ៏​ពិសេស​ដែល​បុគ្គល​ម្នាក់​ៗ​មាន​រៀង​ៗ​ខ្លួន​នោះ។ ដោយ​មាន​ការ​លើក​ទឹក​ចិត្ត​បែប​នេះ នោះ​ជំនឿ​ប្រហែល​ជា​នឹង​ដុះ​លូត​លាស់​ឡើង។—រ៉ូម ១:១១, ១២

ការ​ប្រើ​ប្រាស់​យ៉ាង​សម​គួរ​នូវ​ព្រះ​បន្ទូល​របស់​ព្រះ

៦. តើ​ប៉ុល​បាន​ដក​ស្រង់​ពី​ប្រភព​ណា ពេល​គាត់​បាន​សរសេរ​ពាក្យ​ដែល​បាន​កត់​ទុក​ក្នុង​ហេព្រើរ ១០:៣៨?

ប៉ុល​ក៏​បាន​កសាង​ជំនឿ​ក្នុង​ពួក​អ្នក​ជឿ​គ្នី​គ្នា​របស់​គាត់ ដោយ​ការ​ប៉ិន​ប្រសប់​របស់​គាត់​ក្នុង​ការ​ប្រើបទគម្ពីរ។ ជា​ឧទាហរណ៍ គាត់​បាន​សរសេរ​ថា៖ «‹តែ​ពួក​មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ​អាង​សេចក្ដី​ជំនឿ បើ​អ្នក​ណា​ថយ​ទៅ​វិញ នោះ​ចិត្ត​អញ​គ្មាន​សេចក្ដី​អំណរ​ចំពោះ​អ្នក​នោះ​ទេ›»។ (ហេព្រើរ ១០:៣៨) ក្នុង​នេះ​ប៉ុល​បាន​ដក​ស្រង់​ពី​ព្យាការីហាបាគុក *។ ពួក​អ្នក​អាន​របស់​ប៉ុល​ប្រហែល​ជា​ធ្លាប់​ឮ​ពាក្យនេះ ដោយ​ពួក​គ្រីស្ទានហេព្រើរស្គាល់​ជា​ទូទៅ​នូវ​សៀវភៅបទទំនាយ​នេះ។ បើ​គិត​អំពី​គោល​ដៅ​របស់​ប៉ុល គឺ​ដើម្បី​ពង្រឹង​ជំនឿ​របស់​ពួក​គ្រីស្ទាន​ដែល​នៅ​ក្នុង​ទី​ក្រុង​យេរូសាឡិម និង​កន្លែង​ជិត​ៗ​ប្រមាណ​ឆ្នាំ ៦១ ស.យ. នោះ​គំរូ​នៃហាបាគុកគឺ​សម​គួរ។ ហេតុ​អ្វី?

៧. តើហាបាគុកបាន​សរសេរ​ទំនាយ​របស់​គាត់​នៅ​ពេល​ណា ហើយ​តើ​អ្វី​ជា​ស្ថានភាព​នៅ​ស្រុក​យូដា​នៅ​សម័យ​នោះ?

តាម​មើល​ទៅ ហាបាគុកបាន​សរសេរ​សៀវភៅ​របស់​គាត់​នៅ​តែ​ពីរ​ទសវត្ស​មុន​ការ​បំផ្លាញ​ចោល​នូវ​ទី​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៦០៧ ម.​ស.យ.។ តាម​រយៈ​ចក្ខុនិមិត្ត​មួយ ព្យាការី​នោះ​បាន​ឃើញ ពួក​ខាល់ដេ (ឬ​ក៏​ពួក​បាប៊ីឡូន) ជា«សាសន៍​ដែល​មួម៉ៅ ហើយ​រហ័ស» វាយ​ទៅ​លើ​យូដា​និង​បំផ្លាញ​ចោល​ទី​ក្រុង​យេរូសាឡិម ទាំង​លេប​បំបាត់​ប្រជារាស្ត្រ​និង​សាសន៍​ផ្សេង​ៗ​ក្នុង​ប្រតិបត្ដិ​ការណ៍​នោះ។ (ហាបាគុក ១:៥​-​១១) ប៉ុន្តែ វិបត្ដិ​ភ័យ​បែប​នេះ​បាន​ត្រូវ​ទាយ​ទុក​តាំង​ពី​សម័យ​លោកអេសាយមក​ម្ល៉េះ គឺ​ជាង​មួយ​សតវត្ស​មុន​ទៅ​ហើយ។ នៅ​សម័យហាបាគុក ស្តេច​យេហូយ៉ាគីម​បាន​គ្រង​រាជ្យ​ជំនួស​ស្តេច​យ៉ូសៀស​ដ៏​សុចរិត ហើយ​អំពើ​អាក្រក់​ជួជាតិ​បាន​លូត​លាស់​ម្ដង​ទៀត​ក្នុង​ស្រុក​យូដា។ ស្តេច​យេហូយ៉ាគីម​បាន​បៀត​បៀន​ហើយ​រហូត​ដល់​បាន​សម្លាប់​ពួក​អ្នក​ដែល​បាន​និយាយ​តំណាង​ព្រះ​យេហូវ៉ា​ទៀត​ផង។ (របាក្សត្រ​ទី​២ ៣៦:៥; យេរេមា ២២:១៧; ២៦:២០​-​២៤) គឺ​គ្មាន​អ្វី​ប្លែក​ទេ ដែល​ព្យាការីហាបាគុកដែល​មាន​ក្ដី​ឈឺ​ចាប់​នេះ​បាន​ស្រែក​ទូល​ព្រះ​យេហូវ៉ា​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​អំពាវនាវ​ដល់​កាល​ណា​ទៀត»?—ហាបាគុក ១:២

៨. ហេតុ​អ្វី​បាន​ជា​គំរូ​របស់ហាបាគុក នឹង​ជួយ​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​និង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ?

ហាបាគុកមិន​បាន​ដឹង​ថា ការ​បំផ្លាញ​នៃ​ទី​ក្រុង​យេរូសាឡិម​គឺ​ជិត​ដល់​ប៉ុណ្ណា​នោះ​ទេ។ ស្រដៀង​គ្នា​ដែរ ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​ក៏​មិន​ដឹង​ថា របប​យូដា​និង​មក​ដល់​ទី​បញ្ចប់​នៅ​ពេល​ណា​ដែរ។ សព្វ​ថ្ងៃ​នេះ ពួក​យើង​ក៏​មិន​ដឹង​ពី«ពេល​កំណត់»ដែល​ការ​ជំនុំ​ជំរះ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ប្រឆាំង​របប​ដ៏​អាក្រក់​ជួជាតិ​នេះ​ឡើយ។ (ម៉ាថាយ ២៤:៣៦) ដូច្នេះ សូម​ឲ្យ​យើង​កត់​សម្គាល់​ចម្លើយ​ពីរ​យ៉ាង​របស់​ព្រះ​យេហូវ៉ា​ចំពោះហាបាគុក។ ទី​មួយ ទ្រង់​បាន​ធានា​ព្យាការី​នោះ​ថា ទី​បញ្ចប់​នឹង​មក​ដល់​ត្រូវ​ពេល។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ឥត​រា​រង់​ឡើយ» ទោះ​បី​ចំពោះ​ទស្សនៈ​របស់​មនុស្ស​លោក គឺ​ដូច​ជា​ថ្ងៃ​នោះ​បង្អង់​យូរ​ក៏​ដោយ។ (ហាបាគុក ២:៣) ទី​ពីរ ព្រះ​យេហូវ៉ា​បាន​រំឭកហាបាគុកថា៖ «មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ​សារ​សេចក្ដី​ជំនឿ​របស់​ខ្លួន»។ (ហាបាគុក ២:៤) នេះ​ជា​សេចក្ដី​ពិត​ដ៏​ប្រសើរ​ហើយ​ស្រួល​យល់​យ៉ាង​ណា​ទៅ​ហ្ន៎! អ្វី​ដែល​សំខាន់​បំផុត​មិន​មែន​ជា​ពេល​កំណត់​នៃ​ទី​បញ្ចប់​នោះ​ទេ ក៏​ប៉ុន្តែ​តើ​យើង​បន្ត​មាន​របៀប​រស់​នៅ​ដែល​ប្រកប​ដោយ​ជំនឿ​នោះ​ទៅ​វិញ​ឬ​ទេ?។

៩. តើ​យ៉ាង​ដូច​ម្ដេច​ដែល​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ដែល​ចេះ​ស្ដាប់​បង្គាប់ បាន​រស់​ជា​បន្ត​ដោយ​សេចក្ដី​ស្មោះ​ត្រង់​របស់​គេ (ក) នៅ​ឆ្នាំ​៦០៧ ម.​ស.យ. (ខ) ក្រោយ​ពី​ឆ្នាំ​៦៦ ស.យ. (គ) ហេតុ​អ្វី​បាន​ជា​សំខាន់ ដែល​យើង​ត្រូវ​ពង្រឹង​ជំនឿ​របស់​យើង?

ពេល​ទី​ក្រុង​យេរូសាឡិម​ត្រូវ​បំផ្លាញ​នៅ​ឆ្នាំ​៦០៧ ម.​ស.យ. នោះ​ស្មៀន​របស់​លោកយេរេមាឈ្មោះ​បារូក អេបេឌ​-​មេលេក ហើយ​ពួក​រេកាប​ដ៏​ស្មោះ​ត្រង់ បាន​ឃើញ​ភាព​ពិត​ប្រាកដ​នៃ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ចំពោះហាបាគុក។ ពួក​គេ​បាន‹រស់​ជា​បន្ត›ដោយ​គេច​ផុត​ពី​សេចក្ដី​ហិន​វិនាស​ដ៏​គួរ​ឲ្យ​ខ្លាច​នៃ​ទី​ក្រុង​យេរូសាឡិម។ ហេតុ​អ្វី? ព្រះ​យេហូវ៉ា​បាន​ប្រទាន​រង្វាន់​ចំពោះ​ភាព​ស្មោះ​ត្រង់​របស់​គេ។ (យេរេមា ៣៥:១​-​១៩; ៣៩:១៥​-​១៨; ៤៣:៤​-​៧; ៤៥:១​-​៥) ស្រដៀង​គ្នា​ដែរ ពួក​គ្រីស្ទាន​សាសន៍ហេព្រើរនៅ​សតវត្ស​ទី​មួយ ច្បាស់​ជា​មាន​ប្រតិកម្ម​ល្អ​ចំពោះ​ដំបូន្មាន​របស់​ប៉ុល ដ្បិត​ពេល​ទ័ពរ៉ូមបាន​វាយលុក​យេរូសាឡិម​នៅ​ឆ្នាំ​៦៦ ស.យ. និង​រួច​មក​បាន​ដក​ថយ​ទៅ​វិញ​ដោយ​ហេតុ​ដែល​មិន​អាច​ពន្យល់​បាន នោះ​ពួក​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់​ទាំង​នោះ បាន​ស្ដាប់​តាម​ការ​ព្រមាន​របស់​ព្រះ​យេស៊ូ​ដែល​ឲ្យ​គេ​គេច​ចេញ។ (លូកា ២១:២០, ២១) ពួក​គេ​បាន​បន្ត​រស់​ដោយ​ព្រោះ​ភាព​ស្មោះ​ត្រង់​របស់​គេ។ យើង​ក៏​នឹង​បន្ត​រស់​ដែរ បើ​សិន​ជា​យើង​មាន​ចិត្ត​ស្មោះ​ត្រង់​ពេល​ដែល​ទី​បញ្ចប់​មក​ដល់។ តើ​នេះ​ជា​ហេតុ​ដ៏​សំខាន់​យ៉ាង​ណា​ទៅ​ហ្ន៎ ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង​នៅ​ឥឡូវ​នេះ!

ការ​ពណ៌នា​យ៉ាង​រស់​រវើក​អំពី​គំរូ​នៃ​ជំនឿ

១០. តើ​ប៉ុល​បាន​ពណ៌នា​អំពី​ជំនឿ​របស់​លោក​ម៉ូសេ​យ៉ាង​ណា ហើយ​តើ​តាម​របៀប​ណា​ដែល​យើង​អាច​ត្រាប់​តាម​ម៉ូសេ​ក្នុង​រឿង​នេះ?

១០ ប៉ុល​ក៏​បាន​កសាង​ជំនឿ​ដោយ​ការ​ប្រើ​យ៉ាង​អស្ចារ្យ​នូវ​គំរូ​ផ្សេង​ៗ។ ពេល​អ្នក​អាន​ហេព្រើរ ១១ជំពូកទី​១១ សូម​កត់​សម្គាល់​នូវ​របៀប​ដែល​គាត់​ប្រើ​គំរូ អំពី​បុគ្គល​ផ្សេង​ក្នុង​ព្រះ​គម្ពីរ​ឲ្យ​រស់​រវើក។ ជា​ឧទាហរណ៍ គាត់​ប្រាប់​ថា​លោក​ម៉ូសេ៖«បាន​កាន់​យ៉ាង​ខ្ជាប់​ខ្ជួន ហាក់​ដូច​ជា​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ»។ (ហេព្រើរ ១១:២៧) បើ​និយាយ​ឲ្យ​ចំ​ទៅ ព្រះ​យេហូវ៉ា​គឺ​ជា​បុគ្គល​ដែល​មាន​យ៉ាង​ពិត​ដល់​ម្ល៉េះ​ចំពោះ​ម៉ូសេ រហូត​ដល់​គាត់​ហាក់​ដូច​ជា​អាច​មើល​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​អ៊ីចឹង។ តើ​អាច​និយាយ​ដូច​អ៊ីចឹង អំពី​ពួក​យើង​ឬ​ទេ? ការ​និយាយ​អំពី​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា នោះ​ជា​ការ​ងាយ​ស្រួល​ទេ ក៏​ប៉ុន្តែ​ដើម្បី​ពង្រីក​ទំនាក់​ទំនង​ហ្នឹង នោះ​តម្រូវ​ឲ្យ​មាន​ការខំ​ប្រឹង​ប្រែង។ នោះ​ជា​ការ​ដែល​យើង​ត្រូវ​តែ​ធ្វើ! បើ​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដែល​មាន​យ៉ាង​ពិត​ដល់​ម្ល៉េះ​ចំពោះ​យើង​នោះ តើ​យើង​គិត​អំពី​ទ្រង់​ពេល​យើង​ធ្វើ​ការ​សម្រេច ដែល​ការ​សម្រេច​នោះ​រួម​បញ្ចូល​ការ​សម្រេច​ដូច​ជា​មិន​សូវ​សំខាន់​ឬ​ទេ? ជំនឿ​បែប​នោះ​នឹង​ជួយ​ឲ្យ​យើង​ទ្រាំ​ទ្រ​ការ​ប្រឆាំង ទោះ​បី​ខ្លាំង​បំផុត​ក៏​ដោយ។

១១, ១២. (ក) តើ​ជំនឿ​របស់​អេណុក​ប្រហែល​ជា​បាន​ត្រូវ​ល្បង​ល​ដោយ​ស្ថានភាព​អ្វី? (ខ) តើ​អ្វី​ជា​រង្វាន់​ដ៏​លើក​ទឹក​ចិត្ត​ដែល​អេណុក​បាន​ទទួល​នោះ?

១១ សូម​ពិចារណា​នូវ​ជំនឿ​របស់​លោក​អេណុក​ដែរ។ ការ​ប្រឆាំង​ដែល​គាត់​បាន​ប្រឈម នោះ​យើង​ពិបាក​នឹក​ស្មាន​ដល់​ណាស់។ អេណុក​ត្រូវ​តែ​ប្រាប់​សារ​នៃ​សេចក្ដី​ជំនុំ​ជំរះ​មួយ ដែល​ប្រឆាំង​នឹង​ពួក​មនុស្ស​ដ៏​អាក្រក់​ដែល​រស់​នៅ​ជំនាន់​នោះ។ (យូដាស ១៤, ១៥) ការ​បៀត​បៀន​ដែល​បាន​គំរាម​កំហែង​បុរស​ដ៏​ស្មោះ​ត្រង់​នេះ គឺ​សាហាវ​និង​ឃោរ​ឃៅ​ដ៏​ម្ល៉េះ ដែល​ព្រះ​យេហូវ៉ា«បាន​យក​គាត់​ទៅ» ដោយ​ប្ដូរ​គាត់​ពី​ស្ថានភាព​រស់​ទៅ​ក្នុង​ស្ថានភាព​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់ មុន​នឹង​ពួក​សត្រូវ​អាច​ចាប់​យក​គាត់​បាន។ ដូច្នេះ អេណុក​មិន​បាន​មាន​ឱកាស​ឃើញ​នូវ​ការ​សម្រេច​នៃបទទំនាយ​ដែល​គាត់​បាន​ពោល​ប្រាប់​នោះ​ទេ។ ប៉ុន្តែ គាត់​បាន​ទទួល​រង្វាន់​មួយ​ដ៏​ល្អ​ជាង​តាម​របៀប​ខ្លះ​ៗ។—ហេព្រើរ ១១:៥; លោកុប្បត្តិ ៥:២២​-​២៤

១២ ប៉ុល​បាន​ពន្យល់​ថា៖ «មុន​ដែល​លើក​យក​គាត់[អេណុក]ទៅ នោះ​មាន​សេចក្ដី​បន្ទាល់​ពី​គាត់​ថា ព្រះ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​គាត់​ណាស់»។ (ហេព្រើរ ១១:៥) តើ​នេះ​បាន​មាន​ន័យ​អ្វី? មុន​ដែល​គាត់​បាន​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់ នោះ​អេណុក​ប្រហែល​ជា​បាន​ទទួល​ចក្ខុនិមិត្ត​ម្យ៉ាង ប្រហែល​ជា​អំពី​ផែនដី​មនោរម្យ​ដែល​គាត់​នឹង​រស់​ឡើង​វិញ​នៅ​ឯ​នោះ នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​អេណុក​ឲ្យ​ដឹង​ថា ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ណាស់ ពី​ដំណើរ​ជីវិត​ស្មោះ​ត្រង់​របស់​គាត់។ អេណុក​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​រីករាយ។ (ប្រៀប​មើល សុភាសិត ២៧:១១) ការ​គិត​អំពី​ជីវិត​របស់​អេណុក នោះ​មាន​អានុភាព​លើ​ចិត្ត​យើង​ណាស់​មែន​ទេ? តើ​អ្នក​ចង់​មាន​ជីវិត​បែប​នេះ​ដែល​ប្រកប​ដោយ​ជំនឿ​ទេ? បើ​អ៊ីចឹង ចូរ​គិត​អំពី​គំរូ​បែប​នេះ គិត​អំពី​ពួក​គេ​ជា​មនុស្ស​ពិត​ប្រាកដ។ ចូរ​តាំង​ចិត្ត​រស់​នៅ​ដោយ​ជំនឿ​ជា​រៀង​រាល់​ថ្ងៃ។ ចូរ​នឹក​ចាំ​ដែរ​ថា ពួក​អ្នក​ដែល​មាន​ជំនឿ មិន​បំរើ​ព្រះ​យេហូវ៉ា​ដោយ​មាន​មូលដ្ឋាន​ទៅ​លើ​ថ្ងៃ ឬ​ក៏​ពេល​កំណត់​មួយ​ដែល​ទ្រង់​នឹង​សម្រេច​គ្រប់​ទាំង​សេចក្ដី​សន្យា​នៃ​បន្ទូល​របស់​ទ្រង់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​បាន​ពង្រឹង​ជំហរ​បំរើ​ព្រះ​យេហូវ៉ា​ជា​និច្ច​ជា​កាល! ការ​ធ្វើ​អ៊ីចឹង នោះ​នឹង​នាំ​មក​នូវ​របៀប​រស់​នៅ​ដ៏​ល្អ​បំផុត​ក្នុង​របប​នេះ ហើយ​របប​ជា​បន្ទាប់​ដែរ។

របៀប​ពង្រឹង​ជំនឿ​របស់​ខ្លួន

១៣, ១៤. (ក) តើ​ពាក្យ​របស់​ប៉ុល​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​ហេព្រើរ ១០:២៤, ២៥ ប្រហែល​ជា​នឹង​ជួយ​យើង​ធ្វើ​ឲ្យ​ឱកាស​នៃ​កិច្ច​ប្រជុំ​របស់​យើង ទៅ​ជា​អ្វី​ដែល​នាំ​ឲ្យ​រីករាយ​បាន​យ៉ាង​ដូច​ម្ដេច? (ខ) តើ​អ្វី​ជា​ហេតុ​ធំ​ជាង​គេ​សំរាប់​ការ​ចូល​រួម​កិច្ច​ប្រជុំ​គ្រីស្ទាន?

១៣ ប៉ុល​បាន​ឲ្យ​ពួក​គ្រីស្ទាន​សាសន៍ហេព្រើរ នូវ​វិធី​ជា​ច្រើន​ដ៏​មាន​ប្រយោជន៍​ដែល​គេ​អាច​ពង្រឹង​ជំនឿ​របស់​គេ។ សូម​ឲ្យ​យើង​ពិចារណា​មើល​វិធី​តែ​ពីរ​ប៉ុណ្ណោះ។ យើង​ស្គាល់​សេចក្ដី​ដាស់​តឿន​របស់​គាត់​នៅ​ហេព្រើរ ១០:២៤, ២៥ ដែល​ជំរុញ​ឲ្យ​យើង​ជួប​ជុំ​គ្នា​ជា​ទៀង​ទាត់​នៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន​របស់​យើង។ ប៉ុន្តែ សូម​នឹក​ចាំ​ថា ពាក្យ​របស់​ប៉ុល​ដែល​បាន​ត្រូវ​បណ្ដាល​ឲ្យ​សរសេរ​នោះ មិន​មាន​ន័យ​ថា​យើង​ត្រូវ​ធ្វើ​ជា​អ្នក​ទស្សនា​ដ៏​អសកម្ម​នៅ​ឯ​ប្រជុំ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ប៉ុល​ពណ៌នា​ពី​កិច្ច​ប្រជុំ​ជា​ឱកាស​ដើម្បី​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជំរុញ​ចិត្ត​គ្នា​ឲ្យ​បំរើ​ព្រះ​យេហូវ៉ា​ពេញ​ទំហឹង ហើយ​ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ យើង​ទៅ​ទី​នោះ ដើម្បី​ឲ្យ​មិន​មែន​ដើម្បី​ទទួល​តែ​ប៉ុណ្ណោះ​ទេ។ នោះ​ជួយ​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​របស់​យើង ទៅ​ជា​ឱកាស​ដែល​ធ្វើ​ឲ្យ​មាន​ចិត្ត​រីករាយ។—កិច្ច​ការ ២០:៣៥

១៤ ប៉ុន្តែ ជា​បឋម យើង​ចូល​រួម​កិច្ច​ប្រជុំ​គ្រីស្ទាន ដើម្បី​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ យើង​ធ្វើ​អ៊ីចឹង​ដោយ​ការ​ចូល​រួម​ក្នុង​ការ​អធិស្ឋាន​និង​ច្រៀង​ចំរៀង ដោយ​ប្រឹង​ស្ដាប់ និង​ដោយ​ការ​ថ្វាយ«ផល​នៃ​បបូរ​មាត់» ជា​ពាក្យ​សរសើរ​ព្រះ​យេហូវ៉ា​តាម​រយៈ​ចម្លើយ​និង​ផ្នែក​ក្នុងប្រជុំ។ (ហេព្រើរ ១៣:១៥) បើ​សិន​ជា​យើង​នឹក​ចាំ​ជា​រៀង​រហូត អំពី​គោល​ដៅ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម​ជា​រៀង​រាល់​ការ​ប្រជុំ នោះ​ជំនឿ​របស់​យើង​នឹង​ត្រូវ​ពង្រឹង​រាល់​ដង​ជា​មិន​ខាន។

១៥. ហេតុ​អ្វី​បាន​ជា​ប៉ុល​បាន​ជំរុញ​ពួក​គ្រីស្ទាន​សាសន៍ហេព្រើរទាំង​នោះ ឲ្យ​កាន់​ខ្ជាប់​នឹង​កិច្ច​បំរើ​របស់​គេ ហើយ​ហេតុ​អ្វី​បាន​ជា​ដំបូន្មាន​ដដែល​នោះ គឺ​សម​ហេតុ​ផល​នៅ​សព្វ​ថ្ងៃ​នេះ?

១៥ របៀប​មួយ​ទៀត​ដើម្បី​កសាង​ជំនឿ គឺ​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ។ ប៉ុល​បាន​សរសេរ​ថា៖ «ត្រូវ​ឲ្យ​យើង​រាល់​គ្នា​កាន់​ខ្ជាប់ តាម​សេចក្ដី​បន្ទាល់​របស់​សេចក្ដី​សង្ឃឹម​នោះ ឥត​រវើ​រវាយ ដ្បិត​ព្រះ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះ​ត្រង់»។ (ហេព្រើរ ១០:២៣) យើង​ប្រហែល​ជា​នឹង​ជំរុញ​អ្នក​ដទៃ ឲ្យ​កាន់​ខ្ជាប់​នឹង​អ្វី​មួយ​នៅ​ពេល​មើល​ទៅ​ដូច​ជា​ចុះ​ចាញ់។ ប្រាកដ​ហើយ អារក្ស​សាតាំង​គឺ​បាន​ប្រឹង​បង្ខិត​បង្ខំ​ពួក​គ្រីស្ទាន​សាសន៍ហេព្រើរទាំង​នោះ ឲ្យ​លះ​ចោល​កិច្ច​បំរើ​របស់​គេ ហើយ​វា​កំពុង​តែ​ប្រឹង​បង្ខិត​បង្ខំ​ពួក​គ្រីស្ទាន​នៅ​សព្វ​ថ្ងៃ​នេះ​ផង​ដែរ។ ពេល​ប្រឈម​ការ​បង្ខិត​បង្ខំ​បែប​នេះ តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា? សូម​ពិចារណា​អ្វី​ដែល​ប៉ុល​បាន​ធ្វើ។

១៦, ១៧. (ក) តើ​តាម​របៀប​ណា​ដែល​ប៉ុល​បាន​ទទួល​សេចក្ដី​ក្លាហាន​ចំពោះ​កិច្ច​បំរើ​របស់​គាត់? (ខ) តើ​យើង​គួរ​ចាត់​វិធានការ​ណា​ខ្លះ បើ​សិន​ជា​យើង​មាន​ចិត្ត​ខ្លាច​នឹង​វិធី​ណា​មួយ​ក្នុង​កិច្ច​បំរើ​គ្រីស្ទាន​នោះ?

១៦ ចំពោះ​ពួក​គ្រីស្ទាន​នៅ​ទី​ក្រុង​ថែស្សាឡូនីច​នោះ ប៉ុល​បាន​សរសេរ​ថា៖ «ឯ​ក្រោយ​ដែល​យើង​ខ្ញុំ​បាន​រង​ទុក្ខ នឹង​ត្រូវ​គេ​ជេរ​ប្រមាថ នៅ​ក្រុងភីលីព ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ នោះ​យើង​ខ្ញុំ​មាន​ចិត្ត​ក្លាហាន ដោយ​សារ​ព្រះ​នៃ​យើង​ខ្ញុំ ដើម្បី​នឹង​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ មក​ដល់​អ្នក​រាល់​គ្នា​ដែរ ទាំង​មាន​សេចក្ដី​ត​យុទ្ធ​ជា​ច្រើន​ផង»។ (ថែស្សាឡូនីច​ទី​១ ២:២) តើ​តាម​របៀប​ដែល​ប៉ុល​និង​ពួក​គូកន​របស់​គាត់ បាន​ត្រូវ​គេ«ជេរ​ប្រមាថ»នៅ​ឯ​ទី​ក្រុងភីលីពនោះ? យោង​ទៅ​តាម​វិជ្ជាករ​ខ្លះ​ៗ ពាក្យ​ក្រិក​ដែល​ប៉ុល​បាន​ប្រើ​នោះ សំដៅ​ទៅ​លើ​ការ​ប្រព្រឹត្ត​ដ៏​ធ្វើ​ឲ្យ​អាម៉ាស់​មុខ ដែល​នាំ​ឲ្យ​ខូច​កិត្ដិយស ឬ​ដ៏​ទ្រ​គោះ។ ពួក​អាជ្ញាធរ​នៅ​ទី​ក្រុងភីលីពបាន​វាយ​គេ​នឹង​រំពាត់ នាំ​យក​គេ​ទៅ​ដាក់​ក្នុង​គុក ព្រម​ទាំង​ដាក់​ខ្នោះ​ភ្ជាប់​នៅ​ជើង​ផង។ (កិច្ច​ការ ១៦:១៦​-​២៤) តើបទពិសោធន៍​ដ៏​ធ្វើ​ឲ្យ​ឈឺ​ចាប់​នោះ បាន​មាន​ឥទ្ធិពល​យ៉ាង​ណា​ចំពោះ​ប៉ុល? ក្នុង​ក្រុង​ទី​ពីរ​នៃ​ដំណើរ​បេសកកម្ម​របស់​គាត់ ជា​ក្រុង​ថែស្សាឡូនីច តើ​ប៉ុល​បាន​ថយ​ទៅ​វិញ​ដោយ​ខ្លាច​ឬ​ទេ? មិន​មែន​ទេ គាត់​បាន«មាន​ចិត្ត​ក្លាហាន»ឡើង។ គាត់​បាន​ឈ្នះ​លើ​ការ​ភិត​ភ័យ​ហើយ​បាន​បន្ត​ផ្សព្វ​ផ្សាយ​យ៉ាង​ក្លាហាន។

១៧ តើ​សេចក្ដី​ក្លាហាន​របស់​ប៉ុល​បាន​មក​ពី​ប្រភព​ណា? តើ​មក​ពី​ចិត្ត​គាត់​ទេ? មិន​មែន​ទេ គាត់​និយាយ​ថា​គាត់​បាន​មាន​ចិត្ត​ក្លាហាន«ដោយ​សារ​ព្រះ​នៃ​យើង​ខ្ញុំ»។ ឯកសារ​យោង​មួយ​សំរាប់​អ្នក​បក​ប្រែ​ព្រះ​គម្ពីរ​ប្រាប់​ថា ពាក្យ​នេះ​ប្រហែល​ជា​អាច​ត្រូវ​បក​ប្រែ​ថា៖ «ព្រះ​បាន​ដក​ការ​ភិត​ភ័យ​ចេញ​ពី​ចិត្ត​របស់​យើង»។ ដូច្នេះ បើ​សិន​ជា​អ្នក​ឥត​សូវ​មាន​ចិត្ត​ក្លាហាន​ក្នុង​កិច្ច​បំរើ​របស់​អ្នក ឬ​ក៏​បើ​សិន​ជា​វិធី​ផ្សព្វ​ផ្សាយ​គឺ​ដូច​ជា​គួរ​ឲ្យ​ខ្លាច​នោះ សូម​អញ្ជើញ​ទូល​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​ទ្រង់​ប្រទាន​ដូច​នោះ​ចំពោះ​អ្នក​ទៅ។ សូម​ទូល​ទ្រង់​ឲ្យ​ដក​យក​ការ​ភិត​ភ័យ​ចេញ​ពី​ចិត្ត​របស់​អ្នក។ សូម​ទូល​ទ្រង់​ឲ្យ​ជួយ​អ្នក​មាន​ចិត្ត​ក្លាហាន​សំរាប់កិច្ច​ការនេះ។ បន្ថែម​ទៅ​ទៀត ចាត់​វិធានការ​ផ្សេង​ៗ​ទៀត​ដែល​មាន​ប្រយោជន៍។ ជា​ឧទាហរណ៍ រៀបចំ​ផ្សព្វ​ផ្សាយ​ជា​មួយ​បុគ្គល​ម្នាក់​ដែល​ប៉ិន​ប្រសប់​ខាង​វិធី​ផ្សព្វ​ផ្សាយ​ណា​ដែល​ធ្វើ​ឲ្យ​អ្នក​ខ្វល់​ខ្វាយ​នោះ។ នោះ​ប្រហែល​ជា​អាច​រួម​បញ្ចូល​តំបន់​ខាង​ជំនួញ ការ​ផ្សាយ​តាម​វិថី ការ​ផ្សាយ​ក្រៅ​ផ្លូវ​ការ ឬ​ក៏​ការ​ផ្សាយ​តាម​ទូរស័ព្ទ។ នៅ​ដើម​ដំបូង ប្រហែល​ជា​ដៃ​គូ​របស់​អ្នក​អាច​នាំ​មុខ។ បើ​អ៊ីចឹង សូម​មើល​ហើយ​រៀន​តាម​ចុះ។ ប៉ុន្តែ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង​ដើម្បី​សាក​ល្បង​ធ្វើ​ខ្លួន​ឯង។

១៨. បើ​សិន​ជា​យើង​មាន​ចិត្ត​ក្លាហាន​ក្នុង​កិច្ច​បំរើ​គ្រីស្ទាន នោះ តើ​យើង​អាច​ទទួល​ពរ​អ្វី?

១៨ បើ​សិន​ជា​អ្នក​មាន​ទឹក​ចិត្ត​ក្លាហាន​មែន សូម​គិត​អំពី​លទ្ធផល។ បើ​សិន​ជា​អ្នក​ត​ស៊ូ​ព្យាយាម​ហើយ​មិន​ឲ្យ​ខ្លួន​អ្នក​ធ្លាក់​ទឹក​ចិត្ត អ្នក​ប្រហែល​ជា​នឹង​មានបទពិសោធន៍​ក្នុង​ការ​ប្រាប់​សេចក្ដី​ពិត​ជា​មួយ​អ្នក​ដទៃ នេះ​ជាបទពិសោធន៍​ដែល​យើង​ប្រហែល​ជា​នឹង​ខក​ខាន​ទទួល បើ​សិន​ជា​មិន​ធ្វើ​អ៊ីចឹង។ (សូម​មើល​ទំព័រ​ទី​២៥) អ្នក​អាច​ពេញ​ចិត្ត​ដោយ​ដឹង​ថា អ្នក​បាន​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា ដោយ​ព្រោះ​អ្នក​បាន​ប្រព្រឹត្ត​អ្វី​មួយ​ដែល​ជា​ការ​ពិបាក​ចំពោះ​អ្នក។ អ្នក​ក៏​នឹង​ទទួល​ពរ​ហើយ​ជំនួយ​ពី​ទ្រង់​ឲ្យ​ឈ្នះ​លើ​សេចក្ដី​ខ្លាច​របស់​អ្នក។ ជំនឿ​របស់​អ្នក​នឹង​មាំ​មួន​ជាង។ ពិត​មែន អ្នក​មិន​អាច​កសាង​ជំនឿ​ក្នុង​អ្នក​ដទៃ ដោយ​មិន​កសាង​ជំនឿ​ក្នុង​ខ្លួន​ផង​ដែរ​នោះ​ទេ។—យូដាស ២០, ២១

១៩. តើ​រង្វាន់​ដ៏​វិសេស​វិសាល​អ្វី​ដែល«ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ»នោះ​នឹង​ទទួល?

១៩ ចូរ​ឲ្យ​អ្នក​បន្ត​ពង្រឹង​ជំនឿ​របស់​អ្នក ហើយ​ជំនឿ​របស់​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​អ្នក​ដែរ។ អ្នក​អាច​ធ្វើ​អ៊ីចឹង​ដោយ​កសាង​ខ្លួន​ឯង ហើយ​អ្នក​ដទៃ​តាម​រយៈ​ការ​ប្រើ​យ៉ាង​ប៉ិន​ប្រសប់​នូវ​ព្រះ​បន្ទូល​របស់​ព្រះ ដោយ​សិក្សា​គំរូ​ក្នុង​ព្រះ​គម្ពីរ​អំពី​ជំនឿ ហើយ​ប្រើ​គំរូ​នោះ​ឲ្យ​មាន​ជីវិត​រស់​រវើក ដោយ​រៀបចំ​ហើយ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​គ្រីស្ទាន និង​កាន់​ខ្ជាប់​នូវ​ឯកសិទ្ធិ​ដ៏​វិសេស​ជា​កិច្ច​បំរើ​សាធារណៈ។ ពេល​ដែល​អ្នក​ធ្វើ​អ៊ីចឹង ចូរ​ប្រាកដ​ក្នុង​ចិត្ត​ថា អ្នក​ពិត​ជា​បុគ្គល​ម្នាក់ ដែល​នៅ​ក្នុង​ចំណោម«ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ»។ សូម​នឹក​ចាំ​ដែរ​ថា ពួក​អ្នក​នោះ​មាន​រង្វាន់​ដ៏​វិសេស​វិសាល​មួយ។ ពួក​គេ​ជា«ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​សំរាប់​ឲ្យ​ព្រលឹង​បាន​សង្គ្រោះ​វិញ»។ * ចូរ​ឲ្យ​ជំនឿ​របស់​អ្នក​បន្ត​ដុះ​លូត​លាស់ ហើយ​សូម​ឲ្យ​ព្រះ​យេហូវ៉ា​រក្សា​ទុក​ឲ្យ​អ្នក​រស់​នៅ​ជា​និច្ច!

[កំណត់​សម្គាល់]

^ ប៉ុល​បាន​ដក​ស្រង់​ចេញ​ពី​ហាបាគុក ២:៤ ពី​ការ​បក​ប្រែ​សេបទូជីន​ដែល​រួម​បញ្ចូល​ឃ្លា«បើ​អ្នក​ណា​ថយ​ទៅ​វិញ នោះ​ចិត្ត​អញ​គ្មាន​សេចក្ដី​អំណរ​ចំពោះ​អ្នក​នោះ​ទេ»។ ឃ្លា​ហ្នឹង​មិន​លេច​មក ក្នុង​ឯកសារ​សរសេរ​ភាសាហេព្រើរណា​ដែល​មាន​នៅ​បច្ចុប្បន្នកាល​នេះ​ទេ។ អ្នក​ខ្លះ​បាន​និយាយ​ថា​ការ​បក​ប្រែ​សេបទូជីន​នោះ មាន​មូលដ្ឋាន​ទៅ​លើ​ឯកសារ​សរសេរ​ជា​ភាសាហេព្រើរដែល​ឥឡូវ​គ្មាន​នៅ​ទៀត​ទេ។ យ៉ាង​ណា​ក៏​ដោយ ប៉ុល​បាន​រួម​បញ្ចូល​ឃ្លា​នេះ​ដោយ​មាន​អានុភាព​ពី​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ។ ដូច្នេះ គឺ​មាន​សេចក្ដី​អនុញ្ញាត​ពី​ព្រះ។

^ បទគម្ពីរ​ប្រចាំ​ឆ្នាំ​សំរាប់​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ក្នុង​ឆ្នាំ​២០០០ គឺ​ជា៖ «តែ​យើង​រាល់​គ្នា​មិន​មែន​ជា​ពួក​អ្នក​ដែល​ថយ​ទៅ​វិញ . . . គឺ​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ»។—ហេព្រើរ ១០:៣៩

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​យ៉ាង​ណា​ដែល​ប៉ុល​បាន​សម្ដែង​ការ​ទុក​ចិត្ត​នឹង​ពួក​គ្រីស្ទាន​សាសន៍ហេព្រើរទាំង​នោះ ហើយ​តើ​អ្វី​ដែល​យើង​អាច​រៀន​ពី​នេះ?

ហេតុ​អ្វី​ក៏​សម​ហេតុ​ផល​ម្ល៉េះ ដែល​ប៉ុល​បាន​សំដៅ​ទៅ​ព្យាការីហាបាគុក?

តើ​គំរូ​នៃ​ជំនឿ​អ្វី ពី​ព្រះ​គម្ពីរ​ដែល​ប៉ុល​បាន​ពណ៌នា​យ៉ាង​រស់​រវើក?

តើ​វិធី​ដ៏​មាន​ប្រយោជន៍​អ្វី​ខ្លះ ពី​ការ​កសាង​ជំនឿ​ដែល​ប៉ុល​បាន​លើក​សរសើរ​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២៩]

បន្ទាប់​ពី​ប៉ុល​បាន​រង​ការ​ប្រព្រឹត្ត​ដ៏​ទ្រ​គោះ​យង់ឃ្នង​ជា​ខ្លាំង​នៅ​ទី​ក្រុងភីលីព នោះ​គាត់​បាន​មាន​ចិត្ត​ក្លាហាន​ឡើង​វិញ​ដើម្បី​បន្ត​ផ្សព្វ​ផ្សាយ

[រូប​ភាព​នៅ​ទំព័រ​៣០]

តើ​អ្នក​អាច​មាន​ចិត្ត​ក្លាហាន​ឡើង​ដើម្បី​សាក​ល្បង​វិធី​ផ្សព្វ​ផ្សាយ​ផ្សេង​ៗ​ឬ​ទេ?