លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ដំណឹងល្អ»ពីសៀវភៅវិវរណៈ

«ដំណឹងល្អ»ពីសៀវភៅវិវរណៈ

«ដំណឹង​ល្អ»ពី​សៀវភៅវិវរណៈ

«ខ្ញុំ​ក៏​ឃើញ​ទេវតា​១​ទៀត កំពុង​ហោះ​កាត់​កណ្ដាល​មេឃ ទាំង​មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច សំរាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​ផែនដី »។—វិវរណៈ ១៤:៦

១. ទោះ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ជឿ​ថា​សៀវភៅវិវរណៈបាន​ត្រូវ​ព្រះ​បណ្ដាល​ឲ្យ​តែង​នោះ ហេតុ​អ្វី​ក៏​ពួក​គេ​មិន​មែន​ជា«និកាយ​ខាង​សេចក្ដី​ហិន​វិនាស»?

 ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នោះ​ពួក​គេ​មិន​មែន​ជា«និកាយ​ខាង​សេចក្ដី​ហិន​វិនាស» ឬ​ក៏​ជា«និកាយ​ខាង​ថ្ងៃ​កាត់​ក្ដី»នោះ​ដែរ។ ប៉ុន្តែ ពួក​គេ​ជឿ​លើ​សៀវភៅវិវរណៈ ជា​ផ្នែក​នៃ​បន្ទូល​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​តែង​មក។ ពិត​មែន សៀវភៅវិវរណៈមាន​សារ​នៃ​ការ​ជំនុំ​ជំរះ​ប្រឆាំង​នឹង​ពួក​មនុស្ស​អាក្រក់។ ប៉ុន្តែ នៅ​ក្នុង​ការ​ធ្វើ​បន្ទាល់​ជា​សាធារណៈ​របស់​គេ នោះ​ពួក​អ្នក​បំរើ​របស់​ព្រះ​សំដៅ​លើ​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ក្នុង​ព្រះ​គម្ពីរ ដែល​រួម​បញ្ចូល​សៀវភៅវិវរណៈនោះ​ដែរ។ ដូច្នេះ​ហើយ ពួក​គេ​មិន​បន្ថែម​ឬ​ដក​ចេញ​អ្វី​មួយ​ពី​បន្ទូល​ខាង​ឯ​ទំនាយ​ដែល​មាន​ក្នុង​សៀវភៅ​នោះ។

ការ​ប្រកាស​ដំណឹង​ល្អ

២. តើ​មាន​ខ​គម្ពីរ​ណា​ខ្លះ ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ច្រើន​តែ​ប្រើ នៅ​ក្នុងកិច្ច​ការផ្សព្វ​ផ្សាយ​របស់​គេ?

ខ​គម្ពីរ​ដែល​បាន​ស្រង់​ចេញ​ជា​ញឹក​ញាប់ ជា​មូលដ្ឋាន​សំរាប់​កិច្ច​បំរើ​ផ្សាយ​ជា​សាធារណៈ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នោះ​គឺ​ជា​បន្ទូល​របស់​ព្រះ​យេស៊ូ ដែល​ថា៖ «ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។ (ម៉ាថាយ ២៤:១៤) ហើយ​តើ«ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ»ជា​អ្វី​ទៅ? ស្មរបន្ទាល់​ជា​ច្រើន​នាក់​នឹង​ឆ្លើយ​ដោយ​ដក​ស្រង់បទផ្សេង​ៗ ពី​សៀវភៅ​វិវរណៈ ២០, ២១ ជំពូកទី​២០​និង​ទី​២១ និង​សំដៅ​ទៅ​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រីស្ទ និង​អំពី​រាជរដ្ឋាភិបាល​របស់​ទ្រង់ ព្រម​ទាំង​សង្គម​មនុស្ស ដែល«នឹង​គ្មាន»សេចក្ដី​ស្លាប់ សេចក្ដី​សោកសង្រេង និង​ទុក្ខ​លំបាក​ទៀត​នោះ។—វិវរណៈ ២០:៦; ២១:១, ៤

៣. តើ​កិច្ច​បំរើ​ជា​សាធារណៈ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ស្មើ​នឹង​អ្វី?

ជា​ពួក​អ្នក​ប្រកាស​អំពី​សារ​ដំណឹង​ល្អ​ទាំង​នេះ នោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គឺ​ពិត​ជា​អ្នក​នាំ​ពាក្យ ដ៏​ជា​និមិត្តរូប​នៃ​អ្នក​នាំ​សារ​នៅ​ស្ថាន​សួគ៌ ដែល​មុខ​ងារ​របស់​អ្នក​នោះ​ក៏​បាន​រៀប​រាប់​នៅ​ក្នុង​សៀវភៅវិវរណៈដែរ។ «ខ្ញុំ​ក៏​ឃើញ​ទេវតា​១​ទៀត កំពុង​ហោះ​កាត់​កណ្ដាល​មេឃ ទាំង​មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច សំរាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​ផែនដី គឺ​ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ​ដែរ»។ (វិវរណៈ ១៤:៦) «ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច» រួម​បញ្ចូល​នឹង​សេចក្ដី​ប្រកាស​ដែល​ថា «នគរ[ឬ​ក៏​ការ​គ្រប់​គ្រង]ទាំង​ប៉ុន្មាន​នៅ​លោកីយ» បាន«ត្រឡប់​ជា​នគរ​របស់​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា នឹង​ជា​របស់​ផង​ព្រះ​គ្រីស្ទ​នៃ​ទ្រង់​ហើយ» ព្រម​ទាំង​ថា«ពេល​កំណត់»របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់ ដើម្បី«បំផ្លាញ​ពួក​អ្នក​ដែល​បង្ខូច​ផែនដី»។ (វិវរណៈ ១១:១៥, ១៧, ១៨) តើ​នេះ​ពិត​ជា​ដំណឹង​ល្អ​មែន​ទែន​ទេ?

អ្វី​ដែល​សៀវភៅវិវរណៈមាន​សំរាប់​យើង

៤. (ក) តើ​សេចក្ដី​ពិត​អ្វី​ខ្លះ​ជា​គ្រឹះ ដែល​បាន​រៀប​រាប់​ក្នុងជំពូកទី​១​នៃ​សៀវភៅវិវរណៈ? (ខ) តើ​អ្វី​ដែល​បាន​តម្រូវ​ពី​អស់​អ្នក​ដែល​មាន​ចិត្ត​ប្រាថ្នា​ចង់​ទទួល​ប្រយោជន៍​ពី​ដំណឹង​ល្អ​នេះ?

ជំពូកដំបូង​នៃ​សៀវភៅវិវរណៈចែង​ប្រាប់​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល«គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត គឺ​ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត . . . ជា​អាលផា នឹង​ជា​អូ​មេ​កា គឺ​ជា​ដើម ហើយ​ជា​ចុង»។ ហើយ​ក៏​ចែង​ប្រាប់​ថា បុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ ជា«ស្មរបន្ទាល់​ស្មោះ​ត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុន​គេ​បង្អស់» ហើយ​ក៏​ជា«អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី»។ ព្រម​ទាំង​ចែង​ប្រាប់​អំពី​ព្រះ​យេស៊ូ​ថា«ទ្រង់​ស្រឡាញ់​យើង​រាល់​គ្នា ហើយ​បាន​លាង​យើង​ដោយ​ព្រះ​លោហិត​ទ្រង់ ឲ្យ​បាន​រួច​ពី​បាប»។ (វិវរណៈ ១:៥, ៨) ដូច្នេះ​ហើយ តាំង​ពី​ដើម​ដំបូង នោះ​សៀវភៅវិវរណៈពន្យល់​នូវ​សេចក្ដី​ពិត​ដ៏​ជា​គ្រឹះ​ដែល​សង្គ្រោះ​ជីវិត។ «មនុស្ស​នៅ​ផែនដី»នឹង​មិន​ទទួល​ប្រយោជន៍​ពី​ដំណឹង​ល្អ ដែល​បាន​ត្រូវ​នាំ​មក​ឲ្យ​គេ លុះ​ត្រា​តែ​គេ​ទទួល​ស្គាល់​ដល់​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា មាន​ជំនឿ​លើ​លោហិត​របស់​ព្រះ​យេស៊ូ​ដែល​បាន​បង្ហូរ​ចេញ និង​ជឿ​ថា​ព្រះ​យេហូវ៉ា​បាន​ប្រោស​ទ្រង់​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ហើយ​ថា ឥឡូវ​ព្រះ​គ្រីស្ទ​ជា​អ្នក​រើស​តាំង​ដោយ​ព្រះ ដើម្បី​គ្រប់​គ្រង​ទៅ​លើ​ផែនដី។—ទំនុកដំកើង ២:៦​-​៨

៥. ក្នុង​វិវរណៈ ២, ៣ ជំពូកទី​២​និង​ទី​៣ តើ​ព្រះ​គ្រីស្ទ​ដែល​បាន​ត្រូវ​ពណ៌នា​នោះ​មាន​មុខ​នាទី​យ៉ាង​ណា?

ជំពូកពីរ​ជា​បន្ទាប់ ពណ៌នា​ព្រះ​គ្រីស្ទ​យេស៊ូ ជា​អ្នក​ត្រួត​ពិនិត្យ​នៅ​ស្ថាន​សួគ៌ ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ នៃ​ក្រុម​ជំនុំ​ទាំង​ឡាយ​របស់​ពួក​សិស្ស​នៅ​លើ​ផែនដី។ ក្រាំង​មួយ​ដែល​សំរាប់​ក្រុម​ជំនុំ​គ្រីស្ទាន​ប្រាំ​ពីរ​ផ្សេង​ៗ​គ្នា ដែល​ធ្លាប់​មាន​នៅ​ក្នុង​ភូមិ​ភាគ​អាស៊ីមីនើរ​នៅ​សតវត្ស​ទី​មួយ ស.យ. នោះ​មាន​ការ​លើក​ទឹក​ចិត្ត​និង​ឱវាទ​ដ៏​ម៉ឺង​ម៉ាត់ ដែល​នៅ​ទាក់​ទង​ដល់​សព្វ​ថ្ងៃ​នេះ។ សារ​ដំណឹង​ទាំង​ប៉ុន្មាន​ដែល​បាន​ផ្ញើ​ទៅ​ក្រុម​ជំនុំ​ទាំង​នោះ ធម្មតា​ចាប់​ផ្ដើម​ដោយ​ប្រើ​ពាក្យ​ដូច​ជា «អញ​ស្គាល់​អស់​ទាំង​ការ​ដែល​ឯង​ធ្វើ» ឬ​ក៏ «អញ​ស្គាល់​សេចក្ដី​ទុក្ខ​លំបាក . . . របស់​ឯង​ហើយ»។ (វិវរណៈ ២:២, ៩) ត្រូវ​ហើយ ព្រះ​គ្រីស្ទ​បាន​ជ្រាប​យ៉ាង​ជាក់​លាក់ នូវ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ក្រុម​ជំនុំ​ទាំង​ឡាយ​របស់​ពួក​សិស្ស​ទ្រង់។ ទ្រង់​បាន​សរសើរ​ក្រុម​ជំនុំ​ខ្លះ​ៗ ដោយ​ព្រោះ​ពួក​គេ​មាន​សេចក្ដី​ស្រឡាញ់ ជំនឿ និង​ការងារ​ក្នុង​កិច្ច​បំរើ ហើយ​ការ​ស៊ូ​ទ្រាំ និង​ភាព​ស្មោះ​ត្រង់​ដល់​ព្រះ​នាម​និង​បន្ទូល​របស់​ទ្រង់។ ក្រុម​ជំនុំ​ឯ​ទៀត​ទ្រង់​បាន​ស្តី​បន្ទោស ពីព្រោះ​ពួក​គេ​បាន​អនុញ្ញាត​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​គេ​ចំពោះ​ព្រះ​យេហូវ៉ា​និង​រាជបុត្រា​របស់​ទ្រង់​រសាយ​ទៅ ឬ​ក៏​ពួក​គេ​បាន​ត្រឡប់​ទៅ​ប្រព្រឹត្ត​អំពើ​ឥត​សីលធម៌​ខាង​កាម ការ​ថ្វាយ​បង្គំ​រូប​ព្រះ និង​និកាយ​និយម​ដែល​ក្បត់​ជំនឿ។

៦. តើ​ចក្ខុនិមិត្ត​ដែល​បាន​កត់​ទុក​នៅ​ក្នុងជំពូកទី​៤ ជួយ​មនុស្ស​ឲ្យ​យល់​អំពី​អ្វី?

ជំពូកទី​៤ ផ្ដល់​នូវ​ចក្ខុនិមិត្ត​ដ៏​ស្ញប់​ស្ញែង​អំពី​បល្ល័ង្ក​នៅ​ស្ថាន​សួគ៌​របស់​ព្រះ​យេហូវ៉ា។ ចក្ខុនិមិត្ត​នេះ​ផ្ដល់​ឲ្យ​ឃើញ​នូវ​សិរី​រុង​រឿង​នៃ​វត្តមាន​របស់​ព្រះ​យេហូវ៉ា និង​អំពី​ទំ​រង់​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​ដែល​ទ្រង់​នឹង​ប្រើ។ ពួក​អ្នក​គ្រប់​គ្រង​ដែល​ពាក់​មកុដ ហើយ​ដែល​បល្ល័ង្ក​របស់​ខ្លួន​ព័ទ្ធ​ជុំ​វិញ​បល្ល័ង្ក​កណ្ដាល​ក្នុង​សកល​លោក នោះ​ក្រាប​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ហើយ​ប្រកាស​ថា៖ «ឱ​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ ទ្រង់​គួរ​នឹង​ទទួល​សិរី​ល្អ កិតិនាម នឹង​ព្រះ​ចេស្ដា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វសារពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះ​ហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង»។—វិវរណៈ ៤:១១

៧. (ក) តើ​ទេវតា​មួយ​រូប​អំពាវនាវ​ឲ្យ​មនុស្ស​នៅ​ផែនដី​ធ្វើ​អ្វី? (ខ) តើ​អ្វី​ជា​ផ្នែក​ដ៏​សំខាន់​នៃកិច្ច​ការបង្ហាត់​របស់​យើង​ខាង​ព្រះ​គម្ពីរ?

តើ​នេះ​មាន​ន័យ​អ្វី​មួយ​ចំពោះ​មនុស្ស​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? គឺ​ប្រាកដ​ជា​អ៊ីចឹង​មែន។ ប្រសិន​បើ​គេ​ចង់​បាន​ជីវិត​ក្រោម​ព្រះ​រាជាណាចក្រ​សំរាប់​រយៈ​មួយ​ពាន់​ឆ្នាំ​នោះ ពួក​គេ​ត្រូវ​តែ​ធ្វើ​តាម​អ្វី​ដែល‹ទេវតា​ដែល​កំពុង​ហោះ​កាត់​កណ្ដាល​មេឃ›ប្រកាស ដែល​ថា៖ «ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរី​ល្អ​របស់​ទ្រង់​ចុះ ដ្បិត​ពេល​ដែល​ទ្រង់​ត្រូវ​ជំនុំ​ជំរះ នោះ​បាន​មក​ដល់​ហើយ»។ (វិវរណៈ ១៤:៦, ៧) គោល​បំណង​ដ៏​ធំ​មួយ​នៃកិច្ច​ការបង្ហាត់​ខាង​ព្រះ​គម្ពីរ ដែល​បាន​សម្រេច​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា គឺ​ដើម្បី​ជួយ«មនុស្ស​នៅ​ផែនដី» ឲ្យ​ស្គាល់​និង​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ទទួល​ស្គាល់​នូវ​ភាព​ដ៏​ជា​ព្រះ​អាទិទេព​របស់​ទ្រង់ ហើយ​សុខ​ចិត្ត​ចុះ​ចូល​ចំពោះ​អធិបតេយ្យ​ដ៏​សុចរិត​របស់​ទ្រង់។

កូន​ចៀម​ដែល​សម​ទទួល​នូវ​កិត្ដិយស

៨. (ក) តើ​ព្រះ​គ្រីស្ទ​បាន​ត្រូវ​ពណ៌នា​យ៉ាង​ណា​ក្នុងជំពូកទី​៥​និង​ទី​៦? (ខ) តើ​ពួក​គ្រប់​គ្នា​ដែល​ស្ដាប់​ដំណឹង​ល្អ​នេះ​អាច​រៀន​អ្វី​ពី​ចក្ខុនិមិត្ត​នេះ?

ជំពូកទី​៥​និង​ទី​៦ជា​បន្ទាប់ បង្ហាញ​ប្រាប់​ថា​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​កូន​ចៀម ដែល​គួរ​បើក​ក្រាំង​ដែល​មាន​ត្រា​ប្រាំ​ពីរ ដោយ​ហេតុ​នេះ​ក៏​លាត​ត្រដាង​ប្រាប់​តាម​ភាសា​ជា​និមិត្តរូប​នូវ​ព្រឹត្ដិការណ៍ ដែល​កំពុង​តែ​កើត​ឡើង​នៅ​សម័យ​យើង​នេះ។ (ប្រៀប​មើល យ៉ូហាន ១:២៩) សម្លេង​ពី​ស្ថាន​សួគ៌​និយាយ​កាន់​កូន​ចៀម​ជា​និមិត្តរូប​នេះ ថា៖ «ទ្រង់​គួរ​នឹង​យក​ក្រាំង​នេះ ហើយ​នឹង​បក​ត្រា​ផង ដ្បិត​ទ្រង់​បាន​ត្រូវ​គេ​ធ្វើ​គុត ហើយ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ដោយ​ព្រះ​លោហិត​ទ្រង់ ចេញ​ពី​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍ ថ្វាយ​ដល់​ព្រះ ក៏​តាំង​យើង​រាល់​គ្នា​ឡើង​ជា​នគរ ហើយ​ជា​ពួក​សង្ឃ ថ្វាយ​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​យើង​បាន​សោយ​រាជ្យ[ទៅ]លើ​ផែនដី»។ (វិវរណៈ ៥:៩, ១០) ចក្ខុនិមិត្ត​នេះ​បង្រៀន​ថា ដោយ​មាន​មូលដ្ឋាន​លើ​លោហិត​របស់​ព្រះ​គ្រីស្ទ​ដែល​បាន​ត្រូវ​បង្ហូរ​ចេញ នោះ​មនុស្ស​ខ្លះ​ពី​គ្រប់​ទាំង​សាវ​តា បាន​ត្រូវ​ត្រាស់​ហៅ​ឲ្យ​មក​ជា​មួយ​ទ្រង់​នៅ​ស្ថាន​សួគ៌ និង«សោយ​រាជ្យ[ទៅ]លើ​ផែនដី»។ (ប្រៀប​មើល វិវរណៈ ១:៥, ៦) ចំនួន​ដែល​មាន​កំរិត​នេះ​នឹង​ប្រាប់​ពេល​ក្រោយ​ក្នុង​សៀវភៅវិវរណៈ។

៩. តើ​ព្រះ​គ្រីស្ទ​បាន​ត្រូវ​ពណ៌នា​យ៉ាង​ណា​ក្នុងជំពូកទី​៦?

ក្នុង​ចក្ខុនិមិត្ត​មួយ​ទៀត ព្រះ​គ្រីស្ទ​ក៏​បាន​ត្រូវ​ពណ៌នា​ថា​ជា​អ្នក​ពាក់​មកុដ​ដែល​ជិះ​សេះ​ស ហើយ​ចេញ​ទៅ«ទាំង​មាន​ជ័យ​ជំនះ ហើយ​ឲ្យ​បាន​ឈ្នះ​ត​ទៅ»។ យ៉ាង​សប្បាយ​ណាស់ ទ្រង់​នឹង​ឈ្នះ​លើ​ឥទ្ធិពល​អាក្រក់ ដែល​បាន​តំណាង​ដោយ​ពួក​អ្នក​ជិះ​សេះ​បី​ក្នុងវិវរណៈ ដែល​ការ​ជិះ​ដ៏​ខ្លាំង​របស់​គេ បាន​នាំ​ឲ្យ​មាន​សង្គ្រាម ការ​អត់​បាយ និង​សេចក្ដី​ស្លាប់​ដល់​មនុស្ស​លោក​តាំង​ពី​ឆ្នាំ​ដ៏​សំខាន់​គឺ​ឆ្នាំ​១៩១៤។ (វិវរណៈ ៦:១​-​៨) មុខ​នាទី​ដ៏​អស្ចារ្យ​របស់​ព្រះ​គ្រីស្ទ ដែល​ជា​កូន​ចៀម​របស់​ព្រះ ក្នុង​ការ​សង្គ្រោះ​មនុស្ស​លោក ហើយ​និង​ក្នុង​ការ​សម្រេច​នូវ​គោល​បំណង​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា គឺ​ជា​សាច់​រឿង​ដ៏​សំខាន់​នៃកិច្ច​ការបង្រៀន​ព្រះ​គម្ពីរ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

១០. (ក) តើ​ពត៌មាន​ដ៏​សំខាន់​អ្វី​ខ្លះ ដែល​បាន​ផ្ដល់​មក​ក្នុងជំពូកទី​៧? (ខ) តើ​ព្រះ​គ្រីស្ទ​មាន​បន្ទូល​យ៉ាង​ណា អំពី​អស់​អ្នក​ដែល​ទទួល​ព្រះ​រាជាណាចក្រ​នោះ?

១០ ជំពូកទី​៧ ប្រាកដ​ជា​មាន​ដំណឹង​ល្អ​មែន។ មាន​តែ​ក្នុង​សៀវភៅវិវរណៈទេ ដែល​យើង​រក​ឃើញ​នូវ​ចំនួន​នៃ​អស់​អ្នក​ដែល​ព្រះ​យេស៊ូ​បាន​ហៅ​ថា​ជា«ហ្វូង​តូច» ដែល​ព្រះ​វរបិតា​របស់​កូន​ចៀម​នេះ​បាន​ប្រទាន​ឲ្យ​នូវ​ព្រះ​រាជាណាចក្រ​នោះ។ (លូកា ១២:៣២; ២២:២៨​-​៣០) ពួក​អ្នក​ទាំង​នេះ​បាន​ត្រូវ​បោះ​ត្រា​ដោយ​ព្រះ​យេហូវ៉ា​តាម​រយៈ​វិញ្ញាណ​របស់​ទ្រង់។ (កូរិនថូស​ទី​២ ១:២១, ២២) សាវ័កយ៉ូហាន ជា​បុគ្គល​ដែល​បាន​ទទួលវិវរណៈនេះ ក៏​បញ្ជាក់​ថា៖ «ខ្ញុំ​ក៏​ឮ​ចំនួន​ពួក​អ្នក​ដែល​បាន​បោះ​ត្រា​នោះ​ថា មាន​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់»។ (វិវរណៈ ៧:៤) ចំនួន​ជាក់​លាក់​នេះ​ក៏​បាន​បញ្ជាក់​ក្នុងជំពូកក្រោយ​មក ជា​ចំនួន​សរុប​នៃ​អស់​អ្នក​ដែល«លោះ​ពី​ផែនដី​ចេញ» ដើម្បី​គ្រប់​គ្រង​ជា​មួយ​នឹង​កូន​ចៀម​នៅ​ភ្នំ​ស៊ីយ៉ូន​ខាង​ស្ថាន​សួគ៌។ (វិវរណៈ ១៤:១​-​៤) ពួក​និកាយ​នៃ​ពិភព​គ្រីស្ទ​សាសនា​ផ្ដល់​នូវ​ការ​ពន្យល់​ដ៏​ស្រ​ពិច​ស្រពិល​ដែល​មិន​គួរ​ឲ្យ​ជឿ​នៃ​ចំនួន​នេះ តែ​ជា​ការ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​អ្នក​ប្រាជ្ញ​ខាង​ព្រះ​គម្ពីរ​ឈ្មោះ អិធិលបឺត ប៊ូលិញ្ជើ មាន​ប្រសាសន៍​អំពី​នេះ​ថា៖ «នេះ​ជា​សេចក្ដី​ថ្លែង​ដ៏​ស្រួល​យល់​អំពី​ហេតុ​ការណ៍​ពិត ជា​ចំនួន​ប្រាកដ ដែល​ផ្ទុយ​នឹង​ចំនួន​មិន​ប្រាកដ​នៅ​ក្នុងជំពូកដដែល​នេះ»។

១១. (ក) តើ​ដំណឹង​ល្អ​អ្វី​ខ្លះ ដែល​អាច​រក​ឃើញ​ក្នុងជំពូកទី​៧? (ខ) តើ​មាន​ការ​ទន្ទឹង​អ្វី​ដែល​មាន​នៅ​មុខ​ពួក​សមាជិក​នៃ«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»?

១១ តើ​លោក​ប៊ូលិញ្ជើ​បាន​សំដៅ​ទៅ​ចំនួន​ដ៏​មិន​ប្រាកដ​ណា​មួយ​ឬ? នៅ​ក្នុង​ខ​៩ នោះ​សាវ័កយ៉ូហានបាន​សរសេរ​ថា៖ «ក្រោយ​នោះ​មក ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា»។ (វិវរណៈ ៧:៩) តើ​អ្នកណា​ដែល​ធ្វើ​ជា​មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ​នេះ និង​តើ​ពួក​គេ​មាន​ជំហរ​យ៉ាង​ណា​ពី​មុខ​ព្រះ​នៅ​នា​បច្ចុប្បន្នកាល ហើយ​តើ​ពួក​គេ​នឹង​អាច​មាន​អនាគត​យ៉ាង​ណា? ចម្លើយ​ក្នុងវិវរណៈគឺ​ជា​ដំណឹង​ល្អ​សំរាប់​ពួក​រស់​នៅ​ផែនដី។ យើង​អាន​ថា៖ «អ្នក​ទាំង​នោះ​ជា​ពួក​អ្នក ដែល​បាន​ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ​មក គេ​បាន​បោក​អាវ ហើយ​ធ្វើ​ឲ្យ​ឡើង​ស​ក្នុង​ឈាម​របស់​កូន​ចៀម»។ តាម​រយៈ​ជំនឿ​លើ​លោហិត​ដែល​បាន​ត្រូវ​បង្ហូរ​របស់​ព្រះ​គ្រីស្ទ នោះ​ពួក​គេ​នឹង​បាន​ត្រូវ​ការ​ពារ ក្នុង​កំឡុង‹សេចក្ដី​វេទនា​ជា​ខ្លាំង›។ ព្រះ​គ្រីស្ទ​នឹង«នាំ​គេ ទៅ​ដល់​រន្ធ​ទឹក​នៃ​ជីវិត ហើយ​ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ»។ (វិវរណៈ ៧:១៤​-​១៧) ត្រូវ​ហើយ មនុស្ស​រាប់​លាន​នាក់​ដែល​រស់​នៅ​សព្វ​ថ្ងៃ​នេះ អាច​ទៅ​ជា​ផ្នែក​នៃ​មនុស្ស​មួយ​ហ្វូង​ដែល​រាប់​មិន​អស់​នេះ ដែល​នឹង​រួច​រស់​ជីវិត​ពី​ទី​បញ្ចប់​នៃ​របប​លោកីយ៍​ដ៏​អាក្រក់​នេះ។ ជា​អនុ​រាស្ត្រ​ក្នុង​កំឡុង​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ស្តេច នោះ​ពួក​គេ​នឹង​ត្រូវ​បាន​ដឹក​នាំ​ដោយ​ទ្រង់​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច​លើ​ផែនដី​នេះ។ តើ​នេះ​មិន​មែន​ជា​ដំណឹង​ល្អ​ទេ​ឬ?

«សេចក្ដី​ជំនុំ​ជំរះ​របស់​ទ្រង់​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​ទាំង​អស់»

១២, ១៣. (ក) តើជំពូកទី​៨​រហូត​ដល់ជំពូកទី​១៩​មាន​ពត៌មាន​អ្វី​ខ្លះ? (ខ) ហេតុ​អ្វី​ក៏​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​មិន​គួរ​ខ្វល់​ខ្វាយ​នឹង​ទំនាយ​បែប​នេះ?

១២ ជំពូកទី​៨​ដល់​១៩ គឺ​ទទួល​ខុស​ត្រូវ​ភាគ​ច្រើន​ចំពោះ​កិត្ដិសព្ទ​ថា​សៀវភៅវិវរណៈ ជា​សៀវភៅ​ដែល​ទាយ​អំពី​មហន្តរាយ​ដែល​ធ្វើ​ឲ្យ​ភ័យ​ខ្លាំង។ ជំពូកទាំង​នេះ​មាន​សារ​ជំនុំ​ជំរះ​ដ៏​ខ្លាំង​ក្លា (ដែល​បាន​តំណាង​ដោយ​សំឡេង​ត្រែ​និមួយ​ៗ សេចក្ដី​វេទនា​ផ្សេង​ៗ និង​ចាន​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ) ដែល​សំដៅ​ប្រឆាំង​នឹង​ផ្នែក​ផ្សេង​ៗ​នៃ​របប​របស់​សាតាំង។ ការ​ជំនុំ​ជំរះ​ទាំង​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង ជា​ដំបូង​គឺ​ប្រឆាំង​នឹង​សាសនា​មិន​ពិត («បាប៊ីឡូន​ដ៏​ជា​ធំ») រួច​មក គឺ​ប្រឆាំង​នឹង​ប្រព័ន្ធ​ខាង​នយោបាយ​ដែល​មិន​គោរព​ព្រះ ដែល​បាន​ត្រូវ​តំណាង​ដោយ​សត្វ​សាហាវ​ផ្សេង​ៗ។—វិវរណៈ ១៣:១, ២; ១៧:៥​-​៧, ១៥, ១៦ *

១៣ ជំពូកទាំង​នេះ​បង្ហាញ​នូវ​ការ​បោស​សំអាត​ស្ថាន​សួគ៌ ដោយ​បោះ​ទម្លាក់​សាតាំង​និង​ពួក​បិសាច​របស់​វា​ចុះ​មក​ឯ​ទី​ក្បែរ​ៗ​ផែនដី។ នេះ​ផ្ដល់​នូវ​ការ​ពន្យល់​ដ៏​សម​ហេតុ​ផល​តែ​មួយ ចំពោះ​ភាព​ពិបាក​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ក្នុង​ពិភព​លោក តាំង​ពី​ឆ្នាំ​១៩១៤។ (វិវរណៈ ១២:៧​-​១២) ហើយ​ក៏​រៀប​រាប់​ដោយ​ប្រើ​ភាសា​ជា​និមិត្តរូប នូវ​សេចក្ដី​ហិន​វិនាស​នៃ​របប​លោកីយ៍​ដ៏​អាក្រក់​ជួជាតិ​របស់​សាតាំង​នៅ​លើ​ផែនដី​នេះ។ (វិវរណៈ ១៩:១៩​-​២១) តើ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​គួរ​ភ្ញាក់​ផ្អើល​ដោយ​ព្រឹត្ដិការណ៍​ដ៏​ខ្លាំង​ក្លា​នេះ​ឬ? មិន​ទាល់​តែ​សោះ ដ្បិត​ក្នុង​កំឡុង​ការ​ធ្វើ​សេចក្ដី​ជំនុំ​ជំរះ​របស់​ព្រះ នោះ​ពួក​ជា​ច្រើន​នៅ​ស្ថាន​សួគ៌​បន្លឺ​សម្លេង​ថា៖ «ហាលេលូយ៉ា សេចក្ដី​សង្គ្រោះ សិរី​ល្អ នឹង​ព្រះ​ចេស្ដា នោះ​ជា​របស់​ផង​ព្រះ​នៃ​យើង​រាល់​គ្នា​ហើយ ដ្បិត​សេចក្ដី​ជំនុំ​ជំរះ​របស់​ទ្រង់​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​ទាំង​អស់»។—វិវរណៈ ១៩:១, ២

១៤, ១៥. (ក) តើ​ការ​នាំ​មក​ដល់​ទី​បញ្ចប់​នៃ​របប​លោកីយ៍​ដ៏​អាក្រក់​ជួជាតិ​នេះ នឹង​ធ្វើ​ឡើង​ដោយ​សេចក្ដី​សុចរិត​យ៉ាង​ដូច​ម្ដេច? (ខ) ហេតុ​អ្វី​ក៏​ផ្នែក​នេះ​នៃវិវរណៈ ជា​កត្ដា​ដែល​នាំ​ឲ្យ​មាន​ការ​អរ​សប្បាយ​ចំពោះ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់?

១៤ ព្រះ​យេហូវ៉ា​នឹង​មិន​នាំ​ឲ្យ​មាន​របប​ដ៏​សុចរិត ដោយ​ឥត​កំទេច​ចោល​ចេញ​ពី​ផែនដី នូវ​អស់​អ្នក​ដែល​កំពុង​តែ​បំផ្លាញ​ផែនដី​នេះ​ឡើយ។ (វិវរណៈ ១១:១៧, ១៨; ១៩:១១​-​១៦; ២០:១, ២) ប៉ុន្តែ គ្មាន​មនុស្ស​ណា​ឬ​របប​នយោបាយ​ណា​ដែល​មាន​អំណាច ដើម្បី​នឹង​សម្រេច​ការ​នេះ​បាន​ទេ។ មាន​តែ​ព្រះ​យេហូវ៉ា​និង​ស្តេច​ដែល​ទ្រង់​បាន​តែង​តាំង​ឡើង ព្រះ​គ្រីស្ទ​យេស៊ូ​តែ​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​ការ​នេះ​ដោយ​សេចក្ដី​សុចរិត​នោះ។—ថែស្សាឡូនីច​ទី​២ ១:៦​-​៩

១៥ ដូច​ជាវិវរណៈបង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះ​យេហូវ៉ា​មាន​បំណង​នាំ​ឲ្យ​មាន​ទី​បញ្ចប់​ដល់​របប​លោកីយ៍​ដ៏​អាក្រក់​នេះ។ ហេតុ​ការណ៍​នេះ​គួរ​ជា​កត្ដា​នៃ​ការ​អរ​សប្បាយ​ចំពោះ​មនុស្ស​ប្រុស​ស្រី ដែល«ដក​ដង្ហើម​ធំ​ហើយ​ថ្ងូរ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​ក្នុង​ទី​ក្រុង»។ (អេសេគាល ៩:៤) នេះ​គួរ​ផ្ដិត​ជាប់​នឹង​គំនិត​របស់​គេ​នូវ​ភាព​បន្ទាន់ ឲ្យ​ត្រូវ​ធ្វើ​តាម​សេចក្ដី​ប្រកាស​ដោយ​ទេវតា​ដែល​មាន​ដំណឹង​ល្អ ដែល​បាន​ប្រកាស​ថា៖ «ចូរ​កោត​ខ្លាច​ដល់​ព្រះ . . . ដ្បិត​ពេល​ដែល​ទ្រង់​ត្រូវ​ជំនុំ​ជំរះ នោះ​បាន​មក​ដល់​ហើយ ចូរ​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ដ៏​បង្កើត​ផ្ទៃ​មេឃ [និង]ផែនដី»។ (វិវរណៈ ១៤:៧) សូម​ឲ្យ​មនុស្ស​បែប​នេះ​ថ្វាយ​បង្គំ​និង​បំរើ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ស្មរបន្ទាល់​ទ្រង់ «ជា​ពួក​អ្នក​ដែល​កាន់​តាម​បញ្ញត្ត​ព្រះ ហើយ​មាន​សេចក្ដី​បន្ទាល់​ពី​ព្រះ​យេស៊ូវ»។—វិវរណៈ ១២:១៧

ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​ដ៏​រុង​រឿង

១៦. (ក) ហេតុ​អ្វី​ក៏​ពួក​និកាយ​ខាង​ពិភព​គ្រីស្ទ​សាសនា បាន​បដិសេធ​ចោល​នូវ​សេចក្ដី​សង្ឃឹម​ខាង​មួយ​សហស្សវត្ស​នោះ? (ខ) ហេតុ​អ្វី​ក៏​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជឿ​ថា សេចក្ដី​អធិស្ឋាន​ជា​គំរូ​នឹង​ត្រូវ​សម្រេច​បាន?

១៦ ជំពូកទី​២០​ទៅជំពូកទី​២​២​នៃ​សៀវភៅវិវរណៈ មាន​មូលដ្ឋាន​ក្នុងបទគម្ពីរ​ចំពោះ​សេចក្ដី​សង្ឃឹម​នៅ​ក្នុង​មួយ​សហស្សវត្ស​នោះ។ នេះ​ជា​ផ្នែក​តែ​មួយ​គត់​ក្នុង​ព្រះ​គម្ពីរ ដែល​រៀប​រាប់​អំពី​កំឡុង​មួយ​ពាន់​ឆ្នាំ ដែល​នាំ​មុខ​នូវ​អនន្តភាព​នៃ​សុភមង្គល​នៅ​ស្ថាន​សួគ៌​និង​នៅ​លើ​ផែនដី។ ពួក​និកាយ​នៃ​ពិភព​គ្រីស្ទ​សាសនា​បាន​បដិសេធ​ចោល​នូវ​សេចក្ដី​សង្ឃឹម​អំពី​មួយ​សហស្សវត្ស​នោះ។ ដោយ​ព្រោះ​លទ្ធិ​នៃ​សាសនា​បង្រៀន​ថា ពួក​សុចរិត​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌ ហើយ​ពួក​មនុស្ស​អាក្រក់​ទៅ​ស្ថាន​នរក នោះ​គឺ​ឥត​មាន​កន្លែង​សំរាប់​ផែនដី​មនោរម្យ​នោះ​ទេ។ សេចក្ដី​អធិស្ឋាន​ជា​គំរូ ដែល​សុំ​ឲ្យ«ព្រះ​ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ» បាន​បាត់​បង់​នូវ​អត្ថន័យ​ទាំង​អស់ ចំពោះ​ពួក​សមាជិក​ភាគ​ច្រើន​ខាង​និកាយ​នៃ​ពិភព​គ្រីស្ទ​សាសនា។ (ម៉ាថាយ ៦:១០) ក៏​ប៉ុន្តែ​នេះ​គឺ​មិន​អ៊ីចឹង​ទេ ចំពោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ពួក​គេ​ជឿ​យ៉ាង​មុត​មាំ​ថា ព្រះ​យេហូវ៉ា​មិន​បាន​បង្កើត​ផែនដី​មក«ឲ្យ​នៅ​ទទេ​ទេ» ក៏​ប៉ុន្តែ«ឲ្យ​ជា​ទី​អាស្រ័យ​នៅ»វិញ។ (អេសាយ ៤៥:១២, ១៨) ដូច្នេះ​ទំនាយ​ពី​បុរាណ និង​សេចក្ដី​អធិស្ឋាន​ជា​គំរូ ព្រម​ទាំង​សេចក្ដី​សង្ឃឹម​អំពី​មួយ​សហស្សវត្ស​នោះ​ក្នុង​សៀវភៅវិវរណៈ ទាំង​អស់​សុទ្ធ​តែ​យល់​ស្រប​គ្នា។ ក្នុង​កំឡុង​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រីស្ទ នោះ​ទ្រង់​នឹង​ធានា​រ៉ាប់​រង​ថា​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា នឹង​បាន​សម្រេច​នៅ​លើ​ផែនដី ដូច​ជា​បាន​សម្រេច​នៅ​ស្ថាន​សួគ៌​ដែរ។

១៧. តើ​អ្វី​ដែល​បញ្ជាក់​ថា«១​ពាន់​ឆ្នាំ​នោះ» គួរ​ឲ្យ​យល់​ថា​មែន​ទែន​នោះ?

១៧ សេចក្ដី​ដែល​ថា«១​ពាន់​ឆ្នាំ»នេះ មាន​ប្រើ​ប្រាំ​មួយ​ដង​ក្នុង​ប្រាំ​ពីរ​ខ​ដំបូង​នៃ​វិវរណៈ ២០ ជំពូកទី​២០។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ គឺ​នូវ​ហេតុ​ការណ៍​ពិត​ដែល​ថា​សេចក្ដី​នេះ​មាន​បី​ដង ដោយ​ប្រើ​ពាក្យ​សម្គាល់​ជាក់​ច្បាស់ គឺ«នោះ» ដើម្បី​បង្ហាញ​ថា​នេះ​សំដៅ​ទៅ​សហស្សវត្ស​មែន​ទែន​មួយ មិន​គ្រាន់​តែ​សំដៅ​ទៅ​លើ​មួយ​រយៈ​ពេល​ដ៏​យូរ​ដែល​គ្មាន​កំណត់ ដូច​ពួក​អ្នក​ធ្វើ​អត្ថាធិប្បាយ​ជា​ច្រើន​នាក់​នៃ​ពិភព​គ្រីស្ទ​សាសនា ចង់​ឲ្យ​យើង​ជឿ​នោះ​ទេ។ តើ​នឹង​មាន​អ្វី​កើត​ឡើង​ក្នុង​កំឡុង​មួយ​សហស្សវត្ស​នោះ? មុន​ដំបូង គឺ​បាន​ត្រូវ​ធ្វើ​ឲ្យ​សាតាំង​គ្មាន​សកម្មភាព​ក្នុង​កំឡុង​មួយ​រយៈ​ពេល​ទាំង​មូល​នោះ។ (វិវរណៈ ២០:១​-​៣; ប្រៀប​មើល ហេព្រើរ ២:១៤) នេះ​ជា​ដំណឹង​ល្អ​យ៉ាង​ណា​ទៅ​ហ្ន៎!

១៨. (ក) ហេតុ​អ្វី​ក៏​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ​នោះ អាច​ហៅ​ជា«ថ្ងៃ»មួយ​នៃ​ការ​ជំនុំ​ជំរះ? (ខ) តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ទី​បញ្ចប់​នៃ​មួយ​ពាន់​ឆ្នាំ​នោះ?

១៨ ដោយ​ព្រោះ‹អំណាច​ជំនុំ​ជំរះ›បាន​ប្រគល់​ឲ្យ​អស់​អ្នក​ដែល«សោយ​រាជ្យ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ នៅ​១​ពាន់​ឆ្នាំ» នោះ​តាម​ការ​ពិត កំឡុង​ពេល​នេះ​ជា«ថ្ងៃ»មួយ​ជា​មួយ​ពាន់​ឆ្នាំ​នៃ​ការ​ជំនុំ​ជំរះ។ (វិវរណៈ ២០:៤, ៦; ប្រៀប​មើល កិច្ច​ការ ១៧:៣១; ពេត្រុស​ទី​២ ៣:៨) ពួក​មនុស្ស​ស្លាប់​នឹង​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​រួម​គ្នា​ជា​មួយ​នឹង​ពួក​រួច​រស់​ជីវិត​ពី‹សេចក្ដី​វេទនា​ជា​ខ្លាំង› នោះ​នឹង​បាន​ត្រូវ​ជំនុំ​ជំរះ​យ៉ាង​ស្មើ​គ្នា ស្រប​ទៅ​តាម​អំពើ​ឬ​ក៏​សកម្មភាព​របស់​គេ នៅ​ក្នុង​កំឡុង​នោះ។ (វិវរណៈ ២០:១២, ១៣) នៅ​ទី​បញ្ចប់​នៃ​មួយ​ពាន់​ឆ្នាំ​នោះ សាតាំង​នឹង​បាន​ត្រូវ​ដោះ​លែង​មួយ​រយៈ​ខ្លី ដើម្បី​ឲ្យ​មនុស្ស​លោក​មាន​ការ​សាក​ល្បង​ចុង​ក្រោយ​បំផុត ដែល​ក្រោយ​មក​វា​និង​ពួក​បិសាច​របស់​វា ហើយ​ព្រម​ទាំង​អស់​អ្នក​នៅ​លើ​ផែនដី​ដែល​បះ​បោរ​ដោយ​កាន់​តាម​វា នោះ​នឹង​ត្រូវ​បំផ្លាញ​ចោល​ជា​និរន្តរ៍។ (វិវរណៈ ២០:៧​-​១០) មនុស្ស​លោក​ដែល​ជាប់​ការ​សាក​ល្បង​ចុង​ក្រោយ​បំផុត នឹង​មាន​ឈ្មោះ​របស់​គេ​សរសេរ​ជា​ស្ថាពរ​នៅ​ក្នុង«បញ្ជី​ជីវិត» ហើយ​នឹង​នាំ​ឲ្យ​ចូល​អនន្តភាព​នៃ​ជីវិត​ដ៏​សប្បាយ ដោយ​បំរើ​និង​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នៅ​លើ​ផែនដី​មនោរម្យ។—វិវរណៈ ២០:១៤, ១៥; ទំនុកដំកើង ៣៧:៩, ២៩; អេសាយ ៦៦:២២, ២៣

១៩. (ក) ហេតុ​អ្វី​ក៏​យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​ទាំង​ប៉ុន្មាន​ក្នុង​សៀវភៅវិវរណៈ នឹង​ត្រូវ​សម្រេច​ជា​មិន​ខាន​នោះ? (ខ) តើ​នឹង​ត្រូវ​ពិចារណា​មើល​អ្វី​នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់​នោះ?

១៩ នេះ​ហើយ​ជា​ដំណឹង​ល្អ​ដែល​មាន​នៅ​ក្នុង​សៀវភៅវិវរណៈ។ ដំណឹង​ល្អ​ទាំង​នេះ​មិន​មែន​ជា​សេចក្ដី​សន្យា​របស់​មនុស្ស ដ៏​ឥត​ខ្លឹម​សារ​នោះ​ទេ។ សាវ័កយ៉ូហានបាន​សរសេរ​ថា៖ «ឯ​ព្រះ​អង្គ ដែល​គង់​លើ​បល្ល័ង្ក ទ្រង់​មាន​បន្ទូល​ថា៖ ‹មើល! អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី›។ រួច​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ ‹ចូរ​សរសេរ​ទុក​ចុះ ដ្បិត​ពាក្យ​ទាំង​នេះ​ពិត​ប្រាកដ​ហើយ​គួរ​ជឿ›»។ (វិវរណៈ ២១:៥) តើ​យើង​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា ដើម្បី​ចូល​រួម​ក្នុង​ការ​សម្រេច​នៃ​ដំណឹង​ល្អ​ទាំង​នេះ? សៀវភៅវិវរណៈមាន​ឱវាទ​ជា​ច្រើន​សំរាប់​អស់​អ្នក​ណា​ដែល​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ។ ការ​ធ្វើ​តាម​ឱវាទ​បែប​នេះ​នឹង​នាំ​ឲ្យ​យើង​មាន​សុភមង្គល​ដែល​គ្មាន​កំរិត​នៅ​ឥឡូវ និង​រៀង​រហូត​ត​ទៅ ដូច​ជា​អត្ថបទ​ជា​បន្ទាប់​នឹង​បង្ហាញ​នោះ។

[កំណត់​សម្គាល់]

^ បើ​ចង់​បាន​ការ​ពន្យល់​ពេញ​លេញ​អំពី​សៀវភៅវិវរណៈ សូម​មើល​សៀវភៅ វិវរណៈ—ការ​សម្រេច​ផ្ដាច់​ព្រាត់​ជិត​មក​ដល់​ហើយ! ដែល​បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។ (ភាសា​អង់គ្លេស)

ចំណុច​សំរាប់​ពិនិត្យ​មើល​សា​ឡើង​វិញ

តើ​សេចក្ដី​ពិត​ណា​ខ្លះ​ជា​គ្រឹះ​នៅ​ក្នុងវិវរណៈ ជំពូកទី​៤​ទៅជំពូកទី​៦ ដែល​បង្កើត​នូវ​ផ្នែក​ដ៏​សំខាន់​នៃ​ដំណឹង​ល្អ​នេះ?

តើ​ដំណឹង​ល្អ​អ្វី​ដែល​មាន​នៅ​ក្នុងវិវរណៈ ជំពូកទី​៧?

ហេតុ​អ្វី​ក៏​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​មិន​គួរ​ខ្វល់​ខ្វាយ​នូវ​សារ​ជំនុំ​ជំរះ​ដែល​មាន​ក្នុង​សៀវភៅវិវរណៈ?

តើ​តាម​របៀប​ណា​ខ្លះ​ដែល​សហស្សវត្ស​នោះ​នឹង​ជា«ថ្ងៃ»មួយ​នៃ​ការ​ជំនុំ​ជំរះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១០]

ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ស្តេច​នឹង​កំទេច​ចោល​ទាំង​ស្រុង​នូវ​សង្គ្រាម ទុរភិក្ស និង​សេចក្ដី​ស្លាប់​ចេញ​ពី​ផែនដី