បុណ្យណូអែល ហេតុអ្វីក៏មាននៅឯបូព៌ាប្រទេសដែរអ៊ីចឹង?
បុណ្យណូអែល ហេតុអ្វីក៏មាននៅឯបូព៌ាប្រទេសដែរអ៊ីចឹង?
ជំនឿមួយដែលមានជាយូរណាស់មកហើយ នៅឯបូព៌ាប្រទេស គឺជួយរំឭកអំពីតាណូអែល។ នោះគឺជាជំនឿរបស់ជនជាតិកូរ៉េ លើអ្វីដែលឈ្មោះថា ឆូវ៉ាងហ្សិន ហើយជំនឿមួយស្រដៀងនេះ ក៏អាចរកឃើញក្នុងចំណោមពួកចិននិងពួកជប៉ុនដែរ។
ឆូវ៉ាងហ្សិនបានត្រូវចាត់ទុកជាព្រះដែលកាន់កាប់ខាងផ្ទះបាយ ជាព្រះនៃភ្លើង ដែលបានទាក់ទងនឹងការថ្វាយបង្គំរបស់ជនជាតិកូរ៉េពីបុរាណចំពោះភ្លើង។ (នៅសម័យបុរាណ ពួកជនជាតិកូរ៉េបានដឹកជញ្ជូនរងើកធ្យូងយ៉ាងប្រយ័ត្នប្រយែង ដោយធ្វើយ៉ាងណាកុំឲ្យរងើកធ្យូងទាំងនេះត្រូវរលត់ឡើយ)។ ព្រះនេះបានត្រូវគេជឿថា មើលរក្សានូវចរិយារបស់សមាជិកក្នុងក្រុមគ្រួសារអស់មួយឆ្នាំ ហើយក្រោយមក ព្រះនេះក៏យាងឡើងទៅស្ថានសួគ៌ តាមរយៈជើងក្រានផ្ទះបាយនិងតាមរយៈបំពង់ផ្សែង។
តាមទ្រឹស្តីសន្មត នោះព្រះឆូវ៉ាងហ្សិនក៏រាយការណ៍ប្រាប់ស្តេចនៅស្ថានសួគ៌ ដែលធ្វើឡើងតាមខែច័ន្ទគតិនៅថ្ងៃទី២៣ ខែធ្នូ។ ព្រះនេះបានត្រូវគេទន្ទឹងចាំយាងមកវិញនៅបំណាច់ឆ្នាំនោះ តាមរយៈបំពង់ផ្សែងនិងតាមរយៈជើងក្រាន ដោយផ្ដល់អំណោយនិងពិន័យស្របតាមចរិយារបស់បុគ្គលម្នាក់ៗ។ នៅថ្ងៃដែលព្រះនេះយាងត្រឡប់មកវិញ នោះសមាជិកទាំងឡាយក្នុងក្រុមគ្រួសារ បានតម្រូវឲ្យអុជទៀននៅផ្ទះបាយ និងនៅកន្លែងផ្សេងៗទៀតក្នុងផ្ទះ។ រូបភាពពីព្រះនោះដែលកាន់កាប់ផ្ទះបាយ ក៏មានភាពស្រដៀងគ្នាមួយទៀតជាមួយនឹងតាណូអែលដែរ គឺព្រះនេះបានត្រូវពណ៌នាថាពាក់ខោអាវពណ៌ក្រហម! គឺធ្លាប់ជាទំនៀមទម្លាប់ដែលកូនប្រសាស្រី ធ្វើស្រោមជើងមួយគូតាមប្រពៃណីកូរ៉េ ហើយនៅរយៈកាលសុលស្ទីសសិសិរៈរដូវ * នោះនាងក៏ជូនឲ្យស្រោមជើងនេះទៅម្ដាយក្មេករបស់នាង។ នោះគឺបានមានបំណងតំណាងនូវសេចក្ដីប្រាថ្នារបស់នាង ឲ្យម្ដាយក្មេកមានអាយុយឺនយូរ ដោយព្រោះតែនឹងមានកំឡុងពេលកាន់តែយូរក្រោយពីថ្ងៃនោះមក។
តើអ្នកឃើញនូវភាពស្រដៀងគ្នាខ្លះៗ រវាងចំណុចនៅខាងមុខនេះ និងបុណ្យណូអែលឬទេ? គឺមានសាច់រឿងនិងទំនៀមទម្លាប់ស្រដៀងគ្នា ដូចជា បំពង់ផ្សែង ទៀន ការឲ្យអំណោយ ស្រោមជើង បុរសម្នាក់ដែលមានវ័យចំណាស់ មានសំលៀកបំពាក់ក្រហម និងថ្ងៃធ្វើបុណ្យនោះដែរ។ ប៉ុន្តែ គ្រាន់តែមានភាពស្រដៀងគ្នានេះ មិនពន្យល់ប្រាប់នូវហេតុទទួលធ្វើយ៉ាងស្រួលនូវបុណ្យណូអែល នៅឯប្រទេសកូរ៉េនោះឡើយ។ ជំនឿលើឆូវ៉ាងហ្សិនសឹងតែបានរលាយបាត់ទៅហើយ ពេលដែលបុណ្យណូអែលបានត្រូវបញ្ចូលជាលើកដំបូងនៅប្រទេសកូរ៉េនោះ។ តាមការពិត សព្វថ្ងៃនេះជនជាតិកូរ៉េភាគច្រើន ឥតដឹងថាធ្លាប់មានជំនឿបែបនេះឡើយ។
យ៉ាងណាក៏ដោយ នេះធ្វើឲ្យឃើញច្បាស់នូវរបៀបដែលទំនៀមទំលាប់ ដែលបានទាក់ទងនឹងថ្ងៃសុលស្ទីសសិសិរៈរដូវនិងបំណាច់ឆ្នាំ គឺបានរាលដាលពាសពេញពិភពលោក តាមរបៀបផ្សេងៗ។ នៅក្នុងសតវត្សទីបួន ស.យ. នោះសាសនាដែលមានអំណាចខ្លាំងបំផុតនៅក្នុងចក្រភពរ៉ូម បានផ្លាស់ប្ដូរឈ្មោះនៃបុណ្យផ្កាយសៅរ៍ ដែលជាបុណ្យរបស់ពួករ៉ូមដ៏ជាពួកពាហិរជន ខាងឯកំណើតព្រះសុរិយា ហើយបានធ្វើបុណ្យនេះជាផ្នែកនៃបុណ្យណូអែលទៅ។ ពិធីបុណ្យណូអែលបានទៅជាការនិយមឡើងវិញនៃទំនៀមទម្លាប់ក្នុងតំបន់ ដោយប្រើឈ្មោះផ្សេង។ តើនេះអាចមានលទ្ធភាពយ៉ាងដូចម្ដេច?
តួនាទីនៃការឲ្យអំណោយ
ការឲ្យអំណោយជាទំនៀមទម្លាប់មួយ ដែលមិនដែលរលាយបាត់ទៅនោះឡើយ។ ជាយូរយារមកហើយ ពួកជនជាតិកូរ៉េមានអំណរណាស់ ក្នុងការឲ្យនិងទទួលអំណោយនោះ។ នេះបានទៅជាមូលហេតុមួយ សំរាប់ធ្វើឲ្យគេនិយមទូទៅនូវពិធីបុណ្យណូអែល នៅក្នុងប្រទេសកូរ៉េ។
ក្រោយពីសង្គ្រាមលោកលើកទី២ ចំពោះពួកទាហានជនជាតិអាមេរិកកាំងដែលមានទីតាំងនៅប្រទេសកូរ៉េ ដែលចង់ពង្រឹងនូវទំនាក់ទំនងរបស់គេជាមួយប្រជាជនហ្នឹង នោះព្រះវិហារជាកន្លែងដែលគេជួបជុំគ្នា និងដើម្បីចែកឲ្យអំណោយហើយជួយឧបត្ថម្ភ។ នេះបានធ្វើឡើងជាពិសេសនៅថ្ងៃបុណ្យណូអែល។ កូនក្មេងជាច្រើននាក់បានទៅលេងព្រះវិហារដោយការចង់ដឹងចង់ឃើញ ហើយនៅទីនោះ ពួកគេបានទទួលជាលើកដំបូងនូវអំណោយជាស៊ុកកូឡា។ ដូចជាអ្នកអាចយល់ដឹង ក្រោយពីនោះមកក្មេងជាច្រើនក៏ទន្ទឹងចាំទៅបុណ្យណូអែលនៅឆ្នាំបន្ទាប់។
ចំពោះកូនក្មេងបែបនេះ តាណូអែលគឺជាទាហានអាមេរិកកាំងម្នាក់ ដែលពាក់មួកណូអែលក្រហម។ សុភាសិត ១៩:៦ ចែងថា៖ «អ្នកណាក៏ដោយ ក៏ជាមិត្រសំឡាញ់នឹងអ្នកដែលចែកអំណោយទានដែរ»។ ត្រូវហើយ ការឲ្យអំណោយបានសឲ្យឃើញថាមានប្រសិទ្ធិភាពណាស់។ ក៏ប៉ុន្តែដូចជាអ្នកអាចសន្និដ្ឋានពីខនេះ អំណោយទានបែបនេះ មិនធានារ៉ាប់រងថាមានមិត្តភាពជាស្ថាពរនោះទេ។ សូម្បីតែនៅប្រទេសកូរ៉េ នោះបុគ្គលជាច្រើននាក់ដែលមានបទពិសោធន៍ទាក់ទងនឹងព្រះវិហារ ក្នុងកាលដែលគេមានវ័យក្មេងនោះ គឺគ្រាន់តែបានរីករាយនឹងស៊ុកកូឡាតែប៉ុណ្ណោះទេ។ ក៏ប៉ុន្តែ ពួកគេមិនបានភ្លេចបុណ្យណូអែលសោះឡើយ។ ស្របតាមការរីកចំរើនយ៉ាងលឿន ស្តីអំពីសេដ្ឋកិច្ចនៅប្រទេសកូរ៉េ នោះពាណិជ្ជកម្មក៏បានរីកចំរើនដែរ ហើយការឲ្យអំណោយខាងបុណ្យណូអែល គឺគ្រាន់តែជាមធ្យោបាយសំរាប់បង្កើននូវការចំណាយនៃអតិថិជនប៉ុណ្ណោះ។ ក្រុមហ៊ុនជាច្រើនប្រើបុណ្យណូអែល ដើម្បីបង្កើននូវប្រាក់ចំណេញ។
នេះផ្ដល់ឲ្យអ្នកនូវការយល់អំពីបុណ្យណូអែលនៅបូព៌ាប្រទេសសព្វថ្ងៃ
នេះ។ ដោយមានគោលដៅសំរាប់ពេលដើរទិញអីវ៉ាន់សំរាប់បុណ្យណូអែល នោះផលិតផលថ្មីៗក៏បានត្រូវបង្កើតឡើង។ គម្រោងការណ៍សំរាប់ឃោសនាពាណិជ្ជកម្ម ចាប់ផ្ដើមនៅពាក់កណ្ដាលរដូវក្ដៅ។ ចំនួនរបស់ដែលបានលក់ នោះឡើងខ្ពស់បំផុតនៅបំណាច់ឆ្នាំ ដែលបានគាំទ្រដោយការទិញនូវអំណោយសំរាប់បុណ្យណូអែល ដូចជាប័ណ្ណជូនពរ និងសម្លេងភ្លេងដែលថតហើយ។ តាមការពិត សេចក្ដីឃោសនាពាណិជ្ជកម្ម ក៏ធ្វើឲ្យយុវជនសាមញ្ញមានអារម្មណ៍មិនស្រួលសោះ បើគាត់នៅឯផ្ទះហើយមិនទទួលអំណោយអ្វីនៅរាត្រីមុនថ្ងៃបុណ្យណូអែលនោះ!កាលដែលថ្ងៃបុណ្យណូអែលជិតមកដល់ នោះហាងនិងកន្លែងលក់ដូរធំៗនៅក្នុងទីក្រុងសេអ៊ូល ក៏មានមនុស្សកកកុញជាច្រើនដើម្បីទិញអំណោយ ហើយស្ថានភាពដូចនេះ ក៏មាននៅទីក្រុងផ្សេងៗនៅបូព៌ាប្រទេស។ គឺមានការស្ទះចរាចរណ៍។ សណ្ឋាគារនានា តំបន់ពាណិជ្ជកម្ម ភោជនីយដ្ឋាន និងក្លឹបរាត្រីគឺមានភ្ញៀវយ៉ាងសន្ធឹក។ សម្លេងនៃការសប្បាយអ៊ូអរ ការច្រៀងយ៉ាងខ្លាំងក៏អាចឮដែរ។ នៅរាត្រីមុនថ្ងៃបុណ្យណូអែល គឺឃើញមានពួកបុរសស្ត្រីដែលស្រវឹងស្រាដើរកាត់តាមវិថីជាច្រើន ដែលមានសម្រាមពាសពេញ។
បុណ្យណូអែលគឺមានសភាពអ៊ីចឹងឯង។ បុណ្យណូអែលនៅឯបូព៌ាប្រទេស គឺលែងជាថ្ងៃឈប់សម្រាក ដែលបានដឹកនាំដោយពួកដែលអះអាងជាគ្រីស្ទានទៀតហើយ។ យ៉ាងច្បាស់ណាស់ នៅប្រទេសកូរ៉េ ដូចជានៅកន្លែងផ្សេងៗទៀតដែរ នោះពាណិជ្ជកម្មបានទទួលប្រាក់ចំណេញច្រើនជាងគេពីថ្ងៃឈប់សម្រាកនៃពិភពគ្រីស្ទសាសនា។ បើអ៊ីចឹង តើត្រូវតែបន្ទោសតែពាណិជ្ជកម្មប៉ុណ្ណោះឬ ដែលបុណ្យណូអែលក្លាយទៅជាមិនស្របដល់ម្ល៉េះជាមួយនឹងគតិរបស់ព្រះគ្រីស្ទនោះ? ពួកគ្រីស្ទានពិតត្រូវស្ទង់រកឲ្យបានជ្រៅថែមទៀត ស្តីអំពីរឿងដ៏ធ្ងន់ធ្ងរដែលបានទាក់ទងនោះ។
ដើមកំណើតនៃបុណ្យណូអែល
សត្វព្រៃមួយដែលបានត្រូវដាក់ក្នុងទ្រុងនៅក្នុងសួនសត្វមួយ ក៏នៅតែជាសត្វសាហាវដដែល។ ហើយគឺជាកំហុសដ៏ធ្ងន់ធ្ងរ ដោយជឿថាសត្វនេះបានត្រូវផ្សាំង ដោយព្រោះថាសត្វនេះ បាននៅក្នុងទ្រុងមួយរយៈហើយ ដែលហាក់ដូចជាសប្បាយជាមួយនឹងកូនរបស់វានោះ។ អ្នកប្រហែលជាបានឮថា អ្នកខ្លះដែលធ្វើការនៅឯសួនសត្វបានត្រូវសត្វពាធា។
តាមរបៀបខ្លះ យើងអាចនិយាយអ៊ីចឹងស្តីអំពីបុណ្យណូអែលនោះដែរ។ នៅដើមដំបូង គឺជា«សត្វសាហាវ»មួយ ដែលរស់នៅខាងក្រៅសាសនាគ្រីស្ទ។ ក្រោមចំណងជើង «ទំនាក់ទំនងនឹងបុណ្យផ្កាយព្រះសៅរ៍របស់ពួករ៉ូម» នោះសព្វវចនាធិប្បាយគ្រីស្ទាន (ជាភាសាកូរ៉េ) * កត់សម្គាល់ស្តីអំពីបុណ្យណូអែលថា:
«បុណ្យផ្កាយព្រះសៅរ៍របស់ពួកពាហិរជននិងបុណ្យប៊្រូម៉ាលា បានជ្រួតជ្រាបយ៉ាងជ្រៅដល់ម្ល៉េះក្នុងទំនៀមទម្លាប់ប្រជាប្រិយ ដែលពុំអាចធ្វើឲ្យងាកចេញដោយអានុភាពរបស់ពួកគ្រីស្ទាននោះឡើយ។ ការទទួលស្គាល់ថាថ្ងៃអាទិត្យ (ជាថ្ងៃនៃព្រះអាប៉ូឡូ និងនិកាយអាថ៌កំបាំង ព្រមទាំងថ្ងៃរបស់ព្រះអម្ចាស់) ដោយអធិរាជខន់ស្ទែនធីន . . . ប្រហែលជាបាននាំឲ្យពួកគ្រីស្ទាននៅសតវត្សទីបួន ទៅជាមានអារម្មណ៍ថា គឺសមហេតុផលធ្វើបុណ្យកំណើតរបស់ព្រះរាជបុត្រានៃព្រះ កើតឡើងនៅពេលជាមួយគ្នានឹងបុណ្យកំណើតរបស់ព្រះអាទិត្យនោះ។ បុណ្យពាហិរជននេះ ដែលរួមបញ្ចូលនឹងពិធីសប្បាយអ៊ូអរ និងការលេងសប្បាយអ៊ូអែក្អាកក្អាយបានល្បីដល់ម្ល៉េះ ដែលពួកគ្រីស្ទានមានចិត្តសប្បាយ មានការដោះសាមួយក្នុងការបន្តធ្វើបុណ្យនេះ ដោយឥតសូវកែប្រែនូវគតិឬបែបបទនោះឡើយ»។
តើអ្នកគិតថា ព្រឹត្ដិការណ៍បែបនេះអាចកើតឡើងដោយគ្មានការប្រឆាំងទេឬ? សព្វវចនាធិប្បាយដដែលនេះ កត់សម្គាល់ថា៖ «ពួកអ្នកផ្សព្វផ្សាយខាងគ្រីស្ទានពីបស្ចិមប្រទេសនិងនៅអាស៊ី បានប្រឆាំងនឹងការចូលចិត្តតែលេងឥតបានការនេះ ដែលទាក់ទងនឹងការធ្វើបុណ្យនៅថ្ងៃកំណើតរបស់ព្រះគ្រីស្ទ កាលដែលពួកគ្រីស្ទាននៅស្រុកមេសូប៉ូតាមី បានចោទប្រកាន់បងប្អូននៅបស្ចិមប្រទេសថាប្រព្រឹត្តសរណវត្ថុបូជា និងការថ្វាយបង្គំព្រះអាទិត្យ ដោយព្រោះបានយកបុណ្យពាហិរជនធ្វើជាបុណ្យរបស់គ្រីស្ទាន»។ ពិតហើយ អ្វីមួយគឺខុសតាំងពីដើមឡើយ។ សព្វវចនាធិប្បាយនេះកត់សម្គាល់ថា៖ «ក៏ប៉ុន្តែ បុណ្យនេះបានត្រូវគេទទួលព្រមយ៉ាងលឿន ហើយនៅទីបំផុត ក៏បានស្ថាបនាយ៉ាងមុតមាំ ដល់ម្ល៉េះបានជាសូម្បីតែបដិវត្តន៍ប្រូតេស្តង់នៅសតវត្សទី១៦ ក៏មិនអាចយកចេញរបស់នេះបានឡើយ»។
ត្រូវហើយ ពិធីបុណ្យមួយខាងព្រះសុរិយា ដែលមិនមែនជាផ្នែកនៃសាសនាគ្រីស្ទានពិត បានត្រូវនាំចូលទៅក្នុងសាសនាដែលគេនិយមកាន់នៅពេលនោះ។ បុណ្យនេះបានទទួលឈ្មោះផ្សេង ក៏ប៉ុន្តែលក្ខណៈពាហិរជននៅមានដដែល។ ហើយនេះបានជួយបញ្ចូលពាហិរជននិយម ទៅក្នុងនិកាយផ្សេងៗនៃសាសនាគ្រីស្ទាន ហើយបានធ្វើឲ្យខូចដល់ភាពខាងវិញ្ញាណរបស់បុគ្គលម្នាក់ៗ។ ប្រវត្ដិសាស្ត្របញ្ជាក់ថា កាលដែលពិភពគ្រីស្ទសាសនាបានរីកចំរើនទៅ នោះអាកប្បកិរិយាដើមថា «ត្រូវ
ស្រឡាញ់ពួកខ្មាំងសត្រូវ» បានត្រូវផ្លាស់ជំនួសដោយសង្គ្រាមដ៏ឃោរឃៅ និងការថយចុះខាងសីលធម៌។ពេលក្រោយមក គឺឃើញជាក់ស្តែងថា ទោះជាមានឈ្មោះក្លែងក្លាយក៏ដោយ នោះបុណ្យណូអែលបានសម្ដែងឲ្យឃើញនូវដើមកំណើតនេះពីពួកពាហិរជន ដោយការសប្បាយអ៊ូអែ ការផឹកស្រាហួសហេតុ ការលេងសប្បាយក្អាកក្អាយ ការរាំ ការឲ្យអំណោយ និងការតុបតែងផ្ទះដោយប្រើឈើដែលមានស្លឹកខៀវគ្រប់រដូវ។ ដើម្បីសម្រេចគោលដៅផ្ដាច់ព្រាត់ខាងពាណិជ្ជកម្ម ឲ្យមានការលក់ច្រើនទៀតនោះគេបានត្រូវយកប្រយោជន៍ពីបុណ្យណូអែលតាមគ្រប់វិធីទាំងអស់។ គ្រឿងផ្សាយពត៌មានក៏សរសើរបុណ្យនេះ ហើយពួកសាធារណជនគឺបានត្រូវកំសាន្ត។ នៅក្នុងទីក្រុងសេអ៊ូល ហាងមួយដែលធ្វើឯកទេសកម្មខាងខោអាវទ្រនាប់ បានត្រូវផ្សាយតាមសារពត៌មាន ដោយបង្ហាញតាមបង្អួចនូវដើមឈើបុណ្យណូអែល ដែលបានតុបតែងដោយប្រើតែខោអាវទ្រនាប់។ សញ្ញានៃបុណ្យណូអែលគឺអាចមើលឃើញបាន ក៏ប៉ុន្តែបើគិតពីបរិយាការក្នុងការ «ស្វាគមន៍ព្រះគ្រីស្ទម្ដងទៀត» គឺឥតមានសោះឡើយ។
ការយល់ធ្លុះខាងបទគម្ពីរស្តីអំពីបុណ្យណូអែល
តើយើងរៀនបានអ្វីខ្លះ ពីសាវតារប្រវត្ដិសាស្ត្រនិងព្រឹត្ដិការណ៍បែបនេះ? ប្រសិនបើអាវមួយបានត្រូវដាក់ឡេវឥតស្មើគ្នាពីដំបូង នោះផ្លូវតែមួយគត់ដើម្បីកែតម្រូវវា គឺដោយចាប់ផ្ដើមធ្វើម្ដងទៀត។ តើមិនពិតទេឬ? ទោះជាមានសេចក្ដីពិតនេះក៏ដោយ មនុស្សខ្លះប្រកែកថា ថ្វីបើមានកំណើតពីពួកពាហិរជនស្តីអំពីការថ្វាយបង្គំព្រះអាទិត្យ នោះ
បុណ្យណូអែលបានត្រូវព្រមទទួលដោយពិភពគ្រីស្ទសាសនា។ ដូច្នេះគេមានអារម្មណ៍ថា ថ្ងៃឈប់សម្រាកនេះបានត្រូវធ្វើឲ្យបរិសុទ្ធជាកំណើតរបស់ព្រះគ្រីស្ទ និងបានដាក់បញ្ចូលដោយសារសំខាន់ថ្មី។យើងអាចរៀននូវមេរៀនដ៏មានតម្លៃមួយ ពីព្រឹត្ដិការណ៍ក្នុងប្រវត្ដិសាស្ត្រ ដែលបានកើតឡើងក្នុងស្រុកយូដាពីបុរាណ។ នៅក្នុងឆ្នាំ៦១២ ម.ស.យ. នោះពួកយូដាបានដាក់បញ្ចូលការថ្វាយបង្គំរបស់ពួកពាហិរជនស្តីអំពីព្រះអាទិត្យ ក្នុងព្រះវិហារនៅឯក្រុងយេរូសាឡិម។ តើការថ្វាយបង្គំរបស់ពួកពាហិរជននេះបានត្រូវធ្វើឲ្យបរិសុទ្ធឬទេ ដោយបានធ្វើឡើងក្នុងកន្លែងដែលទុកសំរាប់ការថ្វាយបង្គំបរិសុទ្ធរបស់ព្រះយេហូវ៉ានោះ? អ្នកសរសេរព្រះគម្ពីរឈ្មោះអេសេគាល បានសរសេរអំពីការថ្វាយបង្គំព្រះអាទិត្យ ដែលបានធ្វើឡើងក្នុងព្រះវិហារនៅឯក្រុងយេរូសាឡិម ដោយថា៖ «នោះឃើញត្រង់មាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា នៅកណ្ដាលបាំងសាច នឹងអាសនា មានមនុស្សប្រហែលជា២៥នាក់ បែរ . . . មុខទៅខាងកើត គេកំពុងតែថ្វាយបង្គំព្រះអាទិត្យ នៅទិសខាងកើតនោះ។ ទ្រង់មានបន្ទូលសួរខ្ញុំថា៖ ‹កូនមនុស្សអើយ ឯងឃើញឬទេ? តើពួកវង្សយូដារាប់ការគួរស្អប់ខ្ពើមទាំងនោះ ដែលគេប្រព្រឹត្ត នៅទីនេះនោះថាជាការស្រាលឬអី? ដ្បិតគេបានធ្វើឲ្យស្រុកនេះមានពេញដោយសេចក្ដីច្រឡោត ហើយបានបែរជាបណ្ដាលឲ្យអញខឹងម្ដងទៀត ហើយមើល គេលើកមែកឈើប្រណម្យនៅច្រមុះគេផង›»។—អេសេគាល ៨:១៦, ១៧
ត្រូវហើយ ជាជាងធ្វើឲ្យបានបរិសុទ្ធ នោះបែបបទនៃការថ្វាយបង្គំរបស់ពួកពាហិរជន បានធ្វើឲ្យព្រះវិហារទាំងមូលមានសភាពជាគ្រោះថ្នាក់។ ការប្រព្រឹត្តបែបនេះបានជ្រួតជ្រាបក្នុងស្រុកយូដា និងបានបណ្ដាលឲ្យមានអំពើឃោរឃៅ និងការថយចុះខាងសីលធម៌នៅក្នុងស្រុកនោះ។ នេះគឺដូចនៅក្នុងពិភពគ្រីស្ទសាសនាដែរ កាលដែលការប្រព្រឹត្តដែលមានកំណើតពីការថ្វាយបង្គំព្រះអាទិត្យខាងបុណ្យផ្កាយព្រះសៅរ៍ នោះឃើញលេចធ្លោរនៅពេលធ្វើបុណ្យណូអែល។ យ៉ាងសំខាន់ណាស់ ប៉ុន្មានឆ្នាំក្រោយពីអេសេគាលបានទទួលនូវចក្ខុនិមិត្តនោះ ក្រុងយេរូសាឡិមបានពិសោធន៍នូវការជំនុំជំរះរបស់ព្រះ គឺបានទទួលសេចក្ដីហិនវិនាសនៅក្រោមកណ្ដាប់ដៃនៃពួកបាប៊ីឡូន។—របាក្សត្រទី២ ៣៦:១៥-២០
អ្នកប្រហែលជាឃើញថា ពិពណ៌នានៃព្រះយេស៊ូពេលជាកុមារ ដោយវិជ្ជាករជាតិកូរ៉េ ដែលបានរៀបរាប់ក្នុងអត្ថបទមុននេះ ដូចជាគួរឲ្យចង់សើច។ ក៏ប៉ុន្តែ ហេតុការណ៍ពិតគឺថា ការនិយាយបែបនេះពីបុគ្គលម្នាក់ដែលគ្មានចំណេះត្រឹមត្រូវអំពីព្រះគ្រីស្ទ នោះមានសុពលភាពយ៉ាងសន្ធឹក។ នេះប្រហែលជាធ្វើឲ្យមនុស្សដែលធ្វើបុណ្យណូអែល ត្រូវគិតឲ្យបានវែងឆ្ងាយ។ តើហេតុអ្វី? ពីព្រោះបុណ្យណូអែលមិនបានតំណាងព្រះគ្រីស្ទ ដោយត្រឹមត្រូវឡើយ។ តាមការពិត បុណ្យណូអែលធ្វើឲ្យឃើញមិនច្បាស់នូវឋានៈពិតរបស់ទ្រង់ឥឡូវនេះ។ ព្រះយេស៊ូលែងនៅជាទារកក្នុងរោងសត្វនោះហើយ។
ម្ដងហើយម្ដងទៀត ព្រះគម្ពីរបញ្ជាក់ថាព្រះយេស៊ូឥឡូវនេះ គឺជាព្រះមេស្ស៊ី ជាស្តេចដែលមានអំណាចខ្លាំងក្លានៅក្នុងព្រះរាជាណាចក្ររបស់ព្រះនៅឯស្ថានសួគ៌។ (វិវរណៈ ១១:១៥) ទ្រង់ប្រុងប្រៀបនឹងបញ្ចប់នូវភាពក្រីក្រ និងសេចក្ដីទុក្ខវេទនា ដែលមនុស្សខ្លះគិតតែបន្ដិចអំពីរឿងនេះ ក្នុងកំឡុងបុណ្យណូអែល កាលដែលគេជូនឲ្យទាននោះ។
បើនិយាយឲ្យចំទៅ បុណ្យណូអែលឥតមានប្រយោជន៍ដល់ប្រទេសខាងពិភពគ្រីស្ទសាសនា ឬក៏នៅប្រទេសផ្សេងៗ រួមបញ្ចូលប្រទេសជាច្រើននៅឯបូព៌ាប្រទេស។ ផ្ទុយទៅវិញ បុណ្យណូអែលបានបង្វែរស្មារតីពីសារដំណឹងគ្រីស្ទានពិត អំពីព្រះរាជាណាចក្រនៃព្រះ និងទីបញ្ចប់នៃរបបដ៏អាក្រក់ជួជាតិបច្ចុប្បន្ននេះ។ (ម៉ាថាយ ២៤:១៤) យើងសូមអញ្ជើញលោកអ្នកឲ្យសួរស្មរបន្ទាល់ព្រះយេហូវ៉ា ពីរបៀបដែលទីបញ្ចប់នោះនឹងមកដល់។ ហើយលោកអ្នកអាចរៀនពីពួកគេ អំពីប្រសិទ្ធិពរជាស្ថាពរ ដែលនឹងមាននៅលើផែនដីជាបន្ទាប់ នៅក្រោមការដឹកនាំរបស់ព្រះរាជាណាចក្រនៃព្រះ និងស្តេចសោយរាជ្យ គឺព្រះយេស៊ូគ្រីស្ទ។—វិវរណៈ ២១:៣, ៤
[កំណត់សម្គាល់]
^ នេះសំដៅទៅលើរយៈកាលដែលសុរិយាមានចម្ងាយឆ្ងាយបំផុតពីខ្សែអេក្វាទ័រ ដែលកើតឡើងប្រហែលជាថ្ងៃទី២២ ខែធ្នូ។
^ មានមូលដ្ឋានលើសព្វវចនាធិប្បាយថ្មីរបស់ហ្សាវ-ហឺហ្សូក ខាងឯចំណេះខាងសាសនា។ (ភាសាអង់គ្លេស)
[ឃ្លាអក្សរធំនៅទំព័រ៥]
កូនក្មេងជាច្រើនបានទៅលេងព្រះវិហារដោយចង់ដឹងចង់ឃើញ ហើយបានទទួលអំណោយជាស៊ុកកូឡា។ បន្ទាប់មក គេក៏ទន្ទឹងចាំបុណ្យណូអែលជាបន្ទាប់
[ឃ្លាអក្សរធំនៅទំព័រ៦]
បុណ្យណូអែលបានជួយបញ្ចូលនូវពាហិរជននិយម ទៅក្នុងនិកាយផ្សេងៗនៃសាសនាគ្រីស្ទ
[រូបភាពនៅទំព័រ៧]
រាត្រីមុនបុណ្យណូអែលនៅឯទីក្រុងសេអ៊ូល ប្រទេសកូរ៉េ
[ឃ្លាអក្សរធំនៅទំព័រ៨]
ព្រះគ្រីស្ទលែងជាទារក ក៏ប៉ុន្តែជាស្តេចដ៏ខ្លាំងក្លានៃព្រះរាជាណាចក្ររបស់ព្រះ