លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកគេបានប្រមូលផ្ដុំភាពក្លាហាន

ពួកគេបានប្រមូលផ្ដុំភាពក្លាហាន

ពួក​គេ​បាន​ប្រមូល​ផ្ដុំ​ភាព​ក្លាហាន

ការ​ប្រមូល​ផ្ដុំ​ភាព​ក្លាហាន​ដើម្បី​ផ្សព្វ​ផ្សាយ នោះ​មិន​តែង​តែ​ស្រួល​ទេ។ តាម​ការ​ពិត សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា មាន​ម្ដង​ដែល​គាត់​ត្រូវ​តែ​ធ្វើ​អ៊ីចឹង«ទាំង​មាន​សេចក្ដី​ត​យុទ្ធ​ជា​ច្រើន»។ (ថែស្សាឡូនីច​ទី​១ ២:២) តើ‹ការ​ត​យុទ្ធ›ដើម្បី​ផ្សព្វ​ផ្សាយ​គឺ​មាន​ប្រយោជន៍​ទេ? គ្មាន​ការ​ធានា​រ៉ាប់​រង​ថា នឹង​មានបទពិសោធន៍​ដ៏​អស្ចារ្យ​ទេ ក៏​ប៉ុន្តែ​រាស្ត្រ​របស់​ទ្រង់​ច្រើន​តែ​សប្បាយ​ចិត្ត​ដែល​គេ​បាន​ប្រមូល​ផ្ដុំ​ភាព​ក្លាហាន។ សូម​ពិចារណា​មើល​នូវ​គំរូ​ខ្លះ​ៗ។

ក្មេង​ស្រី​ម្នាក់​ដែល​អាយុ​ប្រាំ​បី​ឆ្នាំ​ឈ្មោះ​ថារ៉ា នាង​បាន​ស្ដាប់​យ៉ាង​ផ្ចិត​ផ្ចង់​ពេល​អ្នក​គ្រូ​របស់​នាង​ប្រាប់​ពួក​សិស្ស​ក្នុង​ថ្នាក់​រៀន​ថា ក្នុង​កំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​២ នោះ​ពួក​សាសន៍​យូដា​ក្នុង​ជុំ​រំ​ឃុំ​ឃាំង​ត្រូវ​តែ​ពាក់​ផ្កាយ​ពណ៌​លឿង​នៃ​ដាវីឌ​ដើម្បី​សម្គាល់​ខ្លួន។ ថារ៉ា​បាន​ឆ្ងល់​តែ​ម្នាក់​ឯង​ថា តើ​នាង​គួរ​និយាយ​ប្រាប់​ឬ​ក៏​យ៉ាង​ណា?។ នាង​ប្រាប់​ថា៖ «ខ្ញុំ​បាន​អធិស្ឋាន​ដោយ​មិន​បិទ​ភ្នែក»។ ក្រោយ​នោះ នាង​បាន​លើក​ដៃ​ប្រាប់​ថា ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ក្នុង​ជុំ​រំ​នោះ​ដែរ ហើយ​គេ​ត្រូវ​តែ​ពាក់​សញ្ញា​ត្រី​កោណ​ពណ៌​ស្វាយ។ អ្នក​គ្រូ​នោះ​បាន​ចាប់​អារម្មណ៍​ថែម​ទាំង​បាន​អរគុណ​នាង​ទៀត​ផង។ ពាក្យ​របស់​ថារ៉ា​បាន​បើក​ផ្លូវ​មួយ​ដើម្បី​មាន​ការ​ពិគ្រោះ​ថែម​ទៀត​ជា​មួយ​នឹង​អ្នក​គ្រូ​នោះ ដែល​ក្រោយ​មក​ថែម​ទាំង​បាន​បង្ហាញ​សិស្ស​រួម​ថ្នាក់​ទាំង​មូល​របស់​គាត់​នូវ វីដេអូ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​កាន់​ជំហរ​មាំ​មួន​នឹង​ការ​ប្រយុទ្ធ​ពី​របប​ណាត្ស៊ី

ក្នុង​ប្រទេស​ហ្គីណេ​នៅ​អាហ្វ្រិក​ខាង​លិច មាន​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ជ្រមុជ​ទឹក​ម្នាក់​ឈ្មោះ​អ៊ីរីន ដែល​មាន​ចិត្ត​ចង់​ធ្វើ​ឲ្យ​កិច្ច​បំរើ​របស់​នាង​កាន់​តែ​ប្រសើរ​ឡើង។ បេសកជន​ម្នាក់​ដែល​បាន​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នឹង​នាង​បាន​លើក​ទឹក​ចិត្ត​នាង​ឲ្យ​ផ្ដល់​ទស្សនាវដ្ដី​ប៉ម​យាម​និង​ភ្ញាក់​រឭក! ទៅ​ដល់​មិត្ត​រួម​ថ្នាក់​គ្នី​គ្នា​របស់​នាង​នៅ​ឯ​សាលា​រៀន។ អ៊ីរីន​បាន​ស្ទាក់​ស្ទើរ​ដោយ​សារ​មិត្ត​រួម​ថ្នាក់​របស់​នាង​មិន​បាន​ព្រម​ស្ដាប់។ ក៏​ប៉ុន្តែ ពីព្រោះ​បាន​ត្រូវ​ជំរុញ​ដោយ​សេចក្ដី​លើក​ទឹក​ចិត្ត​ពី​បេសកជន​ម្នាក់​ហ្នឹង នោះ​អ៊ីរីន​បាន​សម្រេច​ចិត្ត​និយាយ​មុន​គេ​បង្អស់​ជា​មួយ​សិស្ស​ដែល​បាន​មាន​ចិត្ត​ប្រឆាំង​ជាង​គេ។ ដោយ​ភ្ញាក់​ផ្អើល នោះ​អ៊ីរីន​ឃើញ​ថា​ស្រី​នោះ​បាន​ព្រម​ស្ដាប់ ហើយ​បាន​ទទួល​ទស្សនាវដ្ដី​ទាំង​នោះ​ដោយ​ចិត្ត​រំភើប។ សិស្ស​ដទៃ​ទៀត​ក៏​អ៊ីចឹង​ដែរ។ ក្នុង​ខែ​នោះ អ៊ីរីន​បាន​ចែក​ជូន​ទស្សនាវដ្ដី​ច្រើន​ជាង​ចំនួន​នាង​បាន​ចែក​ជូន​ក្នុង​រយៈ​ប្រាំ​ខែ​មុន​បូក​សរុប​គ្នា​ទៅ​ទៀត។

នៅ​ប្រទេស​ទ្រីនីដាត អ្នក​ចាស់​ទុំ​ម្នាក់​បាន​មាន​អារម្មណ៍​ស្ទាក់​ស្ទើរ ក្នុង​ការ​និយាយ​ជា​មួយ​នាយក​សាលា​មួយ ដើម្បី​បង្ហាញ​គាត់​នូវ​តម្លៃ​ខាង​ការ​អប់រំ​ដែល​អាច​ត្រូវ​ទទួល​ពី​ទស្សនាវដ្ដី​ភ្ញាក់​រឭក! យ៉ាង​ណា​ក៏​ដោយ គាត់​បាន​ប្រមូល​ផ្ដុំ​ភាព​ក្លាហាន។ គាត់​ប្រាប់​ថា៖ «ខ្ញុំ​អធិស្ឋាន​ពេល​ខ្ញុំ​ចូល​ក្នុង​សាលា​នេះ។ គួរ​ឲ្យ​ស្មាន​មិន​ដល់​សោះ នាយក​សាលា​គឺ​ស្លូត​បូត»។ លោក​ស្រី​បាន​ទទួល​ទស្សនាវដ្ដី ភ្ញាក់​រឭក! ដែល​មាន​ចំណង​ជើង​ថា៖ «តើ​មាន​សេចក្ដី​សង្ឃឹម​អ្វី​សំរាប់​យុវជន​យុវនារី​សព្វ​ថ្ងៃ​នេះ?» ហើយ​លោក​ស្រី​ក៏​បាន​យល់​ព្រម​ប្រើ​ទស្សនាវដ្ដី​ហ្នឹង ដើម្បី​បង្រៀន​សិស្ស​ក្នុង​សាលា​ផង​ដែរ។ តាំង​ពី​ពេល​នោះ​មក លោក​ស្រី​បាន​ទទួល​ទស្សនាវដ្ដី​៤០​ក្បាល​អំពី​រឿង​ផ្សេង​ៗ​ផង​ដែរ។

ពេល​នៅ​ក្មេង វ៉ន​តែង​តែ​គិត​ថា​ការ​ផ្សព្វ​ផ្សាយ​គឺ​ជា​ការ​ពិបាក។ គាត់​និយាយ​ថា៖ «ខ្ញុំ​ធ្លាប់​មាន​ចិត្ត​ភ័យ ដៃ​ខ្ញុំ​បែក​ញើស ហើយ​ខ្ញុំ​និយាយ​ញាប់​ដែរ ខ្ញុំ​និយាយ​មួយ​ៗ​មិន​បាន​ទេ»។ យ៉ាង​ណា​ក៏​ដោយ គាត់​បាន​ទៅ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល។ ប៉ុន្តែ គឺ​នៅ​តែ​មិន​ស្រួល​ទេ​ចំពោះ​គាត់ ក្នុង​ការ​ប្រមូល​ផ្ដុំ​ភាព​ក្លាហាន​ដើម្បី​និយាយ​នោះ។ នៅ​ពេល​មួយ ក្រោយ​ពី​គាត់​បាន​ដើរ​រក​ការងារ​ធ្វើ​ដោយ​មិន​បាន​ជោគ​ជ័យ​នោះ គាត់​បាន​មាន​ចិត្ត​ចង់​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ម្នាក់​ដែល​កំពុង​តែ​ជិះ​មេត្រូ​ក្រោម​ដី​ជា​មួយ​គាត់ «ដើម្បី​ឲ្យ​ថ្ងៃ​នោះ​មាន​ផល​ល្អ​ម្យ៉ាង​វិញ»។ ប៉ុន្តែ គាត់​បាន​មាន​អារម្មណ៍​ខ្មាស ចំពោះ​ពាណិជ្ជករ​ដែល​ដូច​ជា​មាន​ថ្នាក់​ខ្ពស់​នោះ។ នៅ​ទី​បំផុត គាត់​បាន​ប្រមូល​ផ្ដុំ​ភាព​ក្លាហាន ដើម្បី​និយាយ​ជា​មួយ​បុរស​វ័យ​ចាស់​ដែល​អង្គុយ​ក្បែរ​គាត់។ ការ​សន្ទនា​មួយ​ដ៏​យូរ​បាន​កើត​ឡើង។ ពាណិជ្ជករ​នោះ​បាន​សួរ​ថា៖ «អ្នក​មាន​សំនួរ​ល្អ​ហើយ​អ្នក​គ្រាន់​តែ​ជា​យុវជន​ប៉ុណ្ណោះ តើ​អ្នក​ជា​សាសនវិទូ​ឬ​ទេ?» វ៉ន​បាន​ឆ្លើយ​ថា៖ «មិន​មែន​ទេ ខ្ញុំ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ បុរស​នោះ​បាន​ញញឹម​ហើយ​ថា៖ «អូ! ខ្ញុំ​យល់​ហើយ»។

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទាំង​នេះ ហើយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ឯ​ទៀត​ដែល​រាប់​មិន​អស់ មាន​ចិត្ត​សប្បាយ​ដែល​ពួក​គេ​បាន​ប្រមូល​ផ្ដុំ​ភាព​ក្លាហាន​ដើម្បី​ផ្សព្វ​ផ្សាយ។ តើ​អ្នក​នឹង​ធ្វើ​អ៊ីចឹង​ដែរ​ទេ?

[រូប​ភាព​នៅ​ទំព័រ​៣១]

ថារ៉ា

[រូប​ភាព​នៅ​ទំព័រ​៣១]

វ៉ន