លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការបំរើជាមួយអ្នកយាម

ការបំរើជាមួយអ្នកយាម

ការ​បំរើ​ជា​មួយ​អ្នក​យាម

«លោក​ម្ចាស់​អើយ[ព្រះ​យេហូវ៉ា ព.ថ.]នៅ​វេលា​ថ្ងៃ​ខ្ញុំ​ឈរ​នៅ​លើ​ប៉ម​ជា​និច្ច ហើយ​ក៏​នៅ​ត្រង់​ទី​ចាំ​យាម​របស់​ខ្ញុំ​រាល់​តែ​យប់​ដែរ»។—អេសាយ ២១:៨

១. តើ​ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​ផ្ទាល់ គឺ​ជា​សាក្សី​ចំពោះ​បន្ទូល​សន្យា​ដ៏​អស្ចារ្យ​អ្វី​ខ្លះ?

 ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដ៏​ឧត្តម​លើស​លប់​ខាង​ការ​តាំង​គោល​បំណង។ ទេវតា​មួយ​អង្គ​ដ៏​ជា​អ្នក​បះ​បោរ​នោះ ដែល​បាន​ក្លាយ​ទៅ​ជា​អារក្ស​សាតាំង គឺ​មិន​អាច​ធ្វើ​ឲ្យ​ខក​ខាន​ដល់​គោល​បំណង​ដ៏​ខ្ពង់​ខ្ពស់​របស់​ទ្រង់ ក្នុង​ការ​ធ្វើ​ឲ្យ​ព្រះ​នាម​របស់​អង្គ​ទ្រង់​បាន​បរិសុទ្ធ ហើយ​ស្ថាបនា​ការ​គ្រប់​គ្រង​ដ៏​រុង​រឿង​នៃ​ព្រះ​រាជាណាចក្រ​ទៅ​លើ​ផែនដី​មនោរម្យ​មួយ​បាន​ឡើយ។ (ម៉ាថាយ ៦:៩, ១០) នៅ​ក្រោម​ការ​គ្រប់​គ្រង​នោះ មនុស្ស​លោក​នឹង​ទទួល​ពរ​ដ៏​ប្រសើរ​មែន។ ព្រះ«នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប នោះ​ព្រះ​អម្ចាស់​យេហូវ៉ា ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​ពី​មុខ​មនុស្ស​ទាំង​អស់»។ មនុស្សជាតិ​ដ៏​រីករាយ​ដែល​មាន​ឯកភាព នឹង​មាន​សន្ដិភាព​ហើយ​ភាព​ចំរើន​ជា​អនន្ត។ (អេសាយ ២៥:៨; ៦៥:១៧​-​២៥) ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​ផ្ទាល់ គឺ​ជា​សាក្សី​ចំពោះ​បន្ទូល​សន្យា​ដ៏​អស្ចារ្យ​ទាំង​ប៉ុន្មាន​នេះ!

២. តើ​ព្រះ​យេហូវ៉ា​បាន​ចាត់​តាំង​មនុស្សជាតិ​ណា​ខ្លះ ឲ្យ​ធ្វើ​ជា​ស្មរបន្ទាល់?

ព្រះ​ជា​អ្នក​បង្កើត​ដ៏​ខ្ពស់​ថ្កើង ក៏​មាន​ស្មរបន្ទាល់​ជា​មនុស្សជាតិ​ផង​ដែរ។ នៅ​សម័យ​មុន​គ្រីស្ទ​សាសនា មាន«ស្មរបន្ទាល់​១​ហ្វូង​ធំ»ចាប់​ពី​អេបិល​មក ដែល​បាន​ស៊ូ​ទ្រាំ​ដោយ​ប្រឈម​ឧបសគ្គ​ដ៏​ពិបាក​យក​ឈ្នះ។ គំរូ​ដ៏​ប្រសើរ​របស់​ពួក​គេ​នោះ លើក​ទឹក​ចិត្ត​ពួក​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់​នៅ​សព្វ​ថ្ងៃ​នេះ​ណាស់។ ព្រះ​យេស៊ូ​គ្រីស្ទ​គឺ​ជា​គំរូ​ដ៏​ប្រសើរ​បំផុត​នៃ​ស្មរបន្ទាល់​ដ៏​ក្លាហាន​មោះ​មុត។ (ហេព្រើរ ១១:១​-​១២:២) ជា​ឧទាហរណ៍ សូម​នឹក​ចាំ​ពី​ការ​ធ្វើ​បន្ទាល់​ចុង​បង្អស់​របស់​ទ្រង់ នៅ​ពី​មុខ​លោក​ប៉ុនទាស​-​ពីឡាត់។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រកាស​ថា៖ «ខ្ញុំ​បាន​កើត​មក ហើយ​ក៏​ចូល​ក្នុង​លោកីយ​នេះ​សំរាប់​តែ​ការ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ពិត»។ (យ៉ូហាន ១៨:៣៧) ចាប់​ពី​ឆ្នាំ​៣៣​ស.យ. រហូត​មក​ឆ្នាំ​២០០០​ស.យ. នោះ​ពួក​គ្រីស្ទាន​ដ៏​ឧស្សាហ៍​បាន​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ ហើយ​បាន​បន្ត​ធ្វើ​បន្ទាល់ ទាំង​ប្រកាស​យ៉ាង​អង់អាច​នូវ«អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ»។—កិច្ច​ការ ២:១១

និកាយ​ខាង​សាសនា​បាប៊ីឡូន

៣. តើ​យ៉ាង​ដូច​ម្ដេច​ដែល​អារក្ស​សាតាំង​ប្រឆាំង​នឹង​បន្ទាល់​ដែល​ត្រូវ​ធ្វើ​ឡើង អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​ទ្រង់?

ក្នុង​កំឡុង​សហស្សវត្ស​និមួយ​ៗ នោះ​អារក្ស​សាតាំង​ដ៏​ជា​មហា​សត្រូវ​បាន​ខិត​ខំ​ដោយ​បំណង​អាក្រក់ ដើម្បី​ធ្វើ​ឲ្យ​ខូច​កិត្ដិយស​ដល់​សំដី​សាក្សី​របស់​ស្មរបន្ទាល់​ព្រះ។ ជា«ឪពុក​នៃ[សេចក្ដី​ភូត​ភរ ព.ថ.]» នោះ«នាគ​ធំ . . . ជា​ពស់​ពី​បុរាណ»នេះ បាន«នាំ​លោកីយ​ទាំង​មូល​ឲ្យ​វង្វេង​ចេញ»។ វា​បាន​ច្បាំង​ដោយ​ឥត​ឈប់​ឈរ​ប្រឆាំង​នឹង​អស់​អ្នក​ដែល«កាន់​តាម​បញ្ញត្ត​ព្រះ» ជា​ពិសេស​នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ។—យ៉ូហាន ៨:៤៤; វិវរណៈ ១២:៩, ១៧

៤. តើ​បាប៊ីឡូន​ដ៏​ធំ​មាន​មក​ពី​ណា?

ប្រមាណ​៤.០០០​ឆ្នាំ​មុន​នេះ បន្ទាប់​ពី​ទឹក​ជំនន់​នៅ​សម័យ​លោក​ណូអេ នោះ​សាតាំង​បាន​លើក​នីមរ៉ុឌ​ឡើង ដែល«គាត់​ជា​ព្រាន​ព្រៃ​ខ្លាំង​ពូកែ[ប្រឆាំង​នឹង, ព.ថ.]ព្រះ​យេហូវ៉ា»។ (លោកុប្បត្តិ ១០:៩, ១០) ទី​ក្រុង​ដ៏​ធំ​ក្រៃ​លែង​របស់​នីមរ៉ុឌ គឺ​ជា​ទី​ក្រុង​បាប៊ីឡូន(បាបិល) នោះ​បាន​ក្លាយ​ជា​មណ្ឌល​មួយ​នៃ​សាសនា​ជាប់​ទាក់​ទង​នឹង​ពួក​ព្រាយ​បិសាច។ នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​បំភាន់​ភាសា​របស់​អ្នក​សាង​សង់​ប៉ម​នៃ​ទី​ក្រុង​បាបិល នោះ​មនុស្ស​ទាំង​ប៉ុន្មាន​បាន​ត្រូវ​បែក​ខ្ញែក​ជុំ​វិញ​ផែនដី ហើយ​ពួក​គេ​ក៏​បាន​យក​សាសនា​មិន​ពិត​របស់​គេ​ទៅ​ជា​មួយ​គេ​ផង​ដែរ។ ដូច្នេះ បាប៊ីឡូន​បាន​ទៅ​ជា​ប្រភព​នៃ​ចក្រភព​សាសនា​មិន​ពិត​ទូទាំង​ពិភព​លោក ដែល​ត្រូវ​ហៅ​ជា​បាប៊ីឡូន​ដ៏​ធំ​នៅ​សៀវភៅវិវរណៈ។ សៀវភៅ​នោះ​បាន​ទាយ​ប្រាប់​អំពី​សេចក្ដី​វិនាស​នៃ​ប្រព័ន្ធ​សាសនា​ពី​បុរាណ​នោះ។—វិវរណៈ ១៧:៥; ១៨:២១

សាសន៍​មួយ​ដែល​មាន​ភាព​ជា​ស្មរបន្ទាល់

៥. តើ​សាសន៍​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​រៀបចំ​ដើម្បី​ធ្វើ​ជា​ស្មរបន្ទាល់​របស់​ទ្រង់ ក៏​ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​គេ​ត្រូវ​ធ្វើ​និរទេស​អ៊ីចឹង?

ប្រមាណ​៥០០​ឆ្នាំ​បន្ទាប់​ពី​សម័យ​នីមរ៉ុឌ នោះ​ព្រះ​យេហូវ៉ា​បាន​រៀបចំ​កូន​ចៅ​របស់​លោក​អ័ប្រាហាំ​ទៅ​ជា​សាសន៍​អ៊ីស្រាអែល ដើម្បី​បំរើជា​ស្មរបន្ទាល់​របស់​ទ្រង់​នៅ​លើ​ផែនដី។ (អេសាយ ៤៣:១០, ១២) មនុស្ស​ជា​ច្រើន​នាក់​ក្នុង​សាសន៍​នោះ បាន​បំរើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់។ ប៉ុន្តែ ក្នុង​កំឡុង​រាប់​សតវត្ស​ក្រោយ​មក នោះ​ជំនឿ​ក្លែង​ក្លាយ​នៃ​សាសន៍​ផ្សេង​ៗ​ដែល​នៅ​ជិត​ខាង បាន​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ទៅ​ជា​ខូច ហើយ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ចូល​កិច្ច​ព្រម​ព្រៀង​នោះ ក៏​បាន​បែរ​ចេញ​ពី​ទ្រង់​ទៅ​ថ្វាយ​បង្គំ​ព្រះ​មិន​ពិត​វិញ។ ដូច្នេះ​ហើយ ក្នុង​ឆ្នាំ​៦០៧ ម.​ស.យ. នោះ​កង​ទ័ព​នៃ​ទី​ក្រុង​បាប៊ីឡូន​ដែល​ដឹក​នាំ​ដោយ​ស្តេច​នេប៊ូក្នេសា បាន​បំផ្លិច​បំផ្លាញ​ទី​ក្រុង​យេរូសាឡិម​ហើយ​ព្រះ​វិហារ ព្រម​ទាំង​បាន​យក​ពួក​យូដា​ភាគ​ធំ​ជា​និរទេស​ជន​ទៅ​ទី​ក្រុង​បាប៊ីឡូន​ផង។

៦. តើ​អ្នក​យាម​នៃ​ព្រះ​យេហូវ៉ា​បាន​ទាយ​ប្រកាស​អំពី​ដំណឹង​ល្អ​អ្វី ហើយ​តើ​ពាក្យ​នោះ​បាន​សម្រេច​នៅ​ពេល​ណា?

តើ​នេះ​ជា​ជ័យ​ជំនះ​យ៉ាង​ណា​ទៅ​ហ្ន៎ សំរាប់​សាសនា​មិន​ពិត! ប៉ុន្តែ ជ័យ​ជំនះ​របស់​បាប៊ីឡូន​នោះ មិន​បាន​មាន​ជា​យូរ​អង្វែង​ឡើយ។ ប្រមាណ​២០០​ឆ្នាំ​មុន​ព្រឹត្ដិការណ៍​នេះ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​បង្គាប់​ថា៖ «ចូរ​ទៅ​ដាក់​អ្នក​ល្បាត​ម្នាក់​ឲ្យ​ចាំ​យាម ឲ្យ​គេ​ប្រាប់​ហេតុ​ការ​អ្វី​ដែល​គេ​ឃើញ»។ តើ​អ្នក​យាម​នេះ​ត្រូវ​តែ​ប្រកាស​ដំណឹង​អ្វី​ទៅ? «ដួល​ហើយ! ក្រុង​បាប៊ីឡូន​បាន​ដួល​ហើយ! អស់​ទាំង​រូប​ព្រះ​ឆ្លាក់​របស់​គេ​បាន​ត្រូវ​បែក​រេល​នៅ​លើ​ដី»។ (អេសាយ ២១:៦,) នៅ​ឆ្នាំ​៥៣៩​ម.​ស.យ. ការ​ប្រកាស​ជា​ទំនាយ​នោះ​បាន​សម្រេច​កើត​ឡើង​ដូច្នេះ​មែន។ ក្រុង​បាប៊ីឡូន​ដ៏​ខ្លាំង​ពូកែ​នោះ​បាន​រលំ​ដួល ហើយ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ចូល​កិច្ច​ព្រម​ព្រៀង មិន​យូរ​ក្រោយ​មក ក៏​បាន​ត្រឡប់​ទៅ​មាតុ​ភូមិ​របស់​គេ​វិញ។

៧. (ក) តើ​ពួក​យូដា​បាន​រៀន​អ្វី​ពី​ការ​ប្រដៅ​របស់​ព្រះ​យេហូវ៉ា? (ខ) តើ​ពួក​យូដា​ដែល​បាន​ត្រឡប់​ទៅ​ស្រុក​វិញ​បាន​ធ្លាក់​ក្នុង​អន្ទាក់​អ្វី ហើយ​តើ​នេះ​បាន​មាន​លទ្ធផល​យ៉ាង​ណា?

ពួក​យូដា​ដែល​បាន​ត្រឡប់​ទៅ​នោះ បាន​រាង​ចាល​មិន​ចូល​រួម​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ឬ​ក៏​សាសនា​ដែល​ជាប់​ទាក់​ទង​មន្តអាគម​ទៀត​ទេ។ ប៉ុន្តែ ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក នោះ​ពួក​គេ​បាន​ធ្លាក់​ចូល​អន្ទាក់​ផ្សេង​ទៀត។ ពួក​គេ​ខ្លះ​ត្រូវ​ទាក់​ទាញ​ដោយ​ទស្សនវិជ្ជា​សាសន៍​ក្រិក។ អ្នក​ដទៃ​ទៀត​បាន​ចាប់​ផ្ដើម​ដាក់​ទម្ងន់ ទៅ​លើ​ទំនៀម​ទម្លាប់​មនុស្ស​ជា​ជាង​បន្ទូល​របស់​ព្រះ។ តែ​ក៏​មាន​អ្នក​ដទៃ​ទៀត​ដែល​បាន​ត្រូវ​ប្រលោម​ដោយ​ជាតិ​និយម​ដែរ។ (ម៉ាកុស ៧:១៣; កិច្ច​ការ ៥:៣៧) មក​ដល់​ពេល​ព្រះ​យេស៊ូ​បាន​ប្រសូត​មក​លើ​ផែនដី សាសន៍​នោះ​បាន​បែរ​ចេញ​ពី​ការ​ថ្វាយ​បង្គំ​ដ៏​បរិសុទ្ធ​ម្ដង​ទៀត។ ទោះ​បី​ពួក​យូដា​ខ្លះ​បាន​ស្ដាប់​តាម​ដំណឹង​ល្អ ដែល​ព្រះ​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​នោះ​ក៏​ដោយ ប៉ុន្តែ​សាសន៍​នោះ​ជា​ក្រុម​ដែល​បាន​បដិសេធ​ទ្រង់ ដោយ​ដូច្នេះ​ក៏​បាន​បដិសេធ​ព្រះ​យេហូវ៉ា​ដែរ។ (យ៉ូហាន ១:៩​-​១២; កិច្ច​ការ ២:៣៦) អ៊ីស្រាអែល​បាន​លែង​ជា​ស្មរបន្ទាល់​របស់​ព្រះ ហើយ​នៅ​ឆ្នាំ​៧០​ស.យ. ទី​ក្រុង​យេរូសាឡិម​និង​ព្រះ​វិហារ​នេះ​បាន​ត្រូវ​បំផ្លាញ​ខ្ទេច​ខ្ទី​ម្ដង​ទៀត លើក​នេះ​គឺ​ដោយ​កង​ទ័ព​រ៉ូម៉ាំង។—ម៉ាថាយ ២១:៤៣

៨. អ្នក​ណា​បាន​ទៅ​ជា​ស្មរបន្ទាល់​របស់​ព្រះ​យេហូវ៉ា ហើយ​ហេតុ​អ្វី​បាន​ជា​ការ​ព្រមាន​របស់​ប៉ុល​ទៅ​កាន់​គេ​គឺ​ត្រូវ​ពេល​ម្ល៉េះ?

នៅ​គ្រា​ដដែល​នោះ «អ៊ីស្រាអែល​នៃ​ព្រះ»ដ៏​ជា​គ្រីស្ទាន​បាន​មាន​កំណើត​មក ហើយ​ពួក​នោះ​ឥឡូវ​បាន​បំរើ​ជា​ស្មរបន្ទាល់​របស់​ព្រះ​ចំពោះ​សាសន៍​ទាំង​ឡាយ។ (កាឡាទី ៦:១៦) អារក្ស​សាតាំង​បាន​ធ្វើ​ផែន​ការណ៍​ដើម្បី​បង្ខូច​សាសន៍​ខាង​វិញ្ញាណ​ដ៏​ថ្មី​នេះ យ៉ាង​ឆាប់​រហ័ស។ នៅ​ចុង​សតវត្ស​ទី​មួយ ឥទ្ធិពល​ពី​និកាយ​ផ្សេង​ៗ​អាច​ឃើញ​មាន​ក្នុង​ក្រុម​ជំនុំ​ទាំង​ឡាយ។ (វិវរណៈ ២:៦, ១៤, ២០) ការ​ព្រមាន​របស់​សាវ័ក​ប៉ុល​គឺ​ត្រូវ​ពេល​ណាស់ ដែល​គាត់​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រយ័ត ក្រែង​មាន​អ្នក​ណា​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ជា​រំពា ដោយ​ពាក្យ​បរមត្ថ នឹង​ពាក្យ​បញ្ឆោត​ជា​អសារ​ឥត​ការ តាម​សណ្ដាប់​បុរាណ​របស់​មនុស្ស តាម​បឋម​សិក្សា​នៅ​នា​លោកីយ គឺ​មិន​មែន​តាម​ព្រះ​គ្រីស្ទ​ទេ»។—កូល៉ុស ២:៨

៩ តាម​អ្វី​ដែល​ប៉ុល​បាន​ព្រមាន​មក​នោះ តើ​ព្រឹត្ដិការណ៍​អ្វី​ដែល​បាន​នាំ​ទៅ​ដល់​ការ​កើត​មាន​ឡើង​នៃ​ពិភព​គ្រីស្ទ​សាសនា?

ជា​យថាហេតុ ទស្សនវិជ្ជា​របស់​សាសន៍​ក្រិក គំនិត​ខាង​សាសន៍​បាប៊ីឡូន ហើយ​បន្ទាប់​មក«ប្រាជ្ញា»របស់​មនុស្ស ដូច​ជា​ទ្រឹស្តី​អំពី​ការ​វិវត្តន៍​និង​ការ​រិះ​គន់​ពី​អ្នក​ជាន់​ខ្ពស់​នោះ បាន​ធ្វើ​ឲ្យ​ខូច​អាក្រក់​ដល់​សាសនា​របស់​មនុស្ស​ជា​ច្រើន​ដែល​បាន​អះអាង​ថា​កាន់​សាសនា​គ្រីស្ទាន​នោះ។ នេះ​គឺ​បាន​កើត​ឡើង​ដូច​ជា​ប៉ុល​បាន​ទាយ គឺ​ថា៖ «ដ្បិត​ខ្ញុំ​ដឹង​ថា ក្រោយ​ដែល​ខ្ញុំ​ទៅ​បាត់ នោះ​នឹង​មាន​ឆ្កែ​ព្រៃ​ដ៏​សាហាវ ដែល​មិន​ចេះ​ប្រណី​ដល់​ហ្វូង វា​នឹង​ចូល​មក​ក្នុង​ពួក​អ្នក​រាល់​គ្នា ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​នឹង​កើត​មាន​មនុស្ស ដែល​នឹង​អធិប្បាយ​សេចក្ដី​ទំនាស់​ខុស​ដែរ ដើម្បី​នឹង​ទាញ​នាំ​ពួក​សិស្ស​ទៅ​តាម​គេ​វិញ»។ (កិច្ច​ការ ២០:២៩, ៣០) ជា​លទ្ធផល​ពី​សេចក្ដី​ក្បត់​ជំនឿ​នេះ នោះ​ពិភព​គ្រីស្ទ​សាសនា​ក៏​បាន​កើត​មាន​ឡើង។

១០. តើ​ព្រឹត្ដិការណ៍​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា មិន​មែន​មនុស្ស​ទាំង​អស់​បាន​ធ្លាក់​ខ្លួន​ទៅ​នឹង​ការ​ថ្វាយ​បង្គំ​ដ៏​ពុក​រលួយ ដែល​ត្រូវ​ធ្វើ​ឡើង​ក្នុង​ពិភព​គ្រីស្ទ​សាសនា​នោះ​ទេ?

១០ អស់​អ្នក​ដែល​ពិត​ជា​មាន​ភក្ដី​ភាព​នឹង​ការ​ថ្វាយ​បង្គំ​ពិត បាន​ត្រូវ«ខំ​ត​យុទ្ធ ដើម្បី​ការ​ពារ​សេចក្ដី​ជំនឿ ដែល​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ​១​ដង​ជា​សំរេច»។ (យូដាស ៣) តើ​ការ​ធ្វើ​បន្ទាល់​អំពី​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​និង​អំពី​ព្រះ​យេហូវ៉ា​នឹង​លិច​បាត់​ពី​ផែនដី​ឬ​ទេ? គឺ​អត់​ទេ។ ពេល​ដែល​វេលា​មក​ដល់​សំរាប់​ការ​បំផ្លាញ​ចោល​នូវ​អារក្ស​សាតាំង និង​អស់​ទាំង​ការ​របស់​វា នោះ​បាន​ឃើញ​ជាក់​ច្បាស់​ឡើង​ៗ ដែល​ថា​មិន​មែន​មនុស្ស​ទាំង​អស់​ទេ ដែល​បាន​ធ្លាក់​ខ្លួន​ក្នុង​ការ​ថ្វាយ​បង្គំ​ដ៏​ក្បត់​ជំនឿ ដែល​ត្រូវ​គេ​អនុវត្ត​ក្នុង​ពិភព​គ្រីស្ទ​សាសនា។ នៅ​ចុង​សតវត្ស​ទី​១៩ នៅ​ទី​ក្រុង ភិតបឺក រដ្ឋ​ប៉ិនស៊ីវ៉ានី ស.រ.អ​. សិស្ស​ព្រះ​គម្ពីរ​មួយ​ក្រុម​ដ៏​ស្មោះ​ត្រង់​បាន​ត្រូវ​រៀបចំ​ឡើង ហើយ​បាន​ទៅ​ជា​គ្រឹះ​នៃ​ស្មរបន្ទាល់​របស់​ព្រះ​នៅ​សម័យ​បច្ចុប្បន្ន​នេះ។ ពួក​គ្រីស្ទាន​ទាំង​នេះ​បាន​បញ្ជាក់​ទៅ​លើ​ភស្តុ​តាង​ពីបទគម្ពីរ ដែល​បង្ហាញ​ថា ទី​បញ្ចប់​នៃ​លោកីយ៍​បច្ចុប្បន្ន​នេះ​បាន​មក​ដល់​ហើយ។ យ៉ាង​ពិត​ប្រាកដ​តាម​ទំនាយ​ព្រះ​គម្ពីរ នោះ«ទី​បំផុត​កល្ប»បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤ ដែល​ត្រូវ​សម្គាល់​ដោយ​ការ​ផ្ទុះ​ឡើង​នូវ​សង្គ្រាម​លោក​លើក​ទី​មួយ។ (ម៉ាថាយ ២៤:៣,) គឺ​មាន​ភស្តុ​តាង​ដ៏​ច្បាស់​ក្រឡែត​ដែល​បង្ហាញ​ថា អារក្ស​សាតាំង​និង​ពួក​ព្រាយ​បិសាច​របស់​វា​ទាំង​ហ្វូង បាន​ត្រូវ​ទំលាក់​ចេញ​ពី​ស្ថាន​សួគ៌​ក្រោយ​ពី​ឆ្នាំ​នោះ។ សតវត្ស​ទី​២០​នេះ​ដែល​មាន​ពេញ​ដោយ​បញ្ហា នោះ​បាន​ផ្ដល់​ឲ្យ​ភស្តុ​តាង​ជាក់​លាក់​ពី​សកម្មភាព​របស់​សាតាំង ហើយ​អំពី​ការ​សម្រេច​យ៉ាង​អស្ចារ្យ​នូវ​ទី​សម្គាល់​ពី​វត្តមាន​ដ៏​រុង​រឿង​របស់​ព្រះ​យេស៊ូ​ក្នុង​អំណាច​ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។—ម៉ាថាយ ២៤, ២៥ ជំពូកទី​២៤​និង​២៥; ម៉ាកុស ១៣ ជំពូកទី​១៣; លូកា ២១ ជំពូកទី​២១; វិវរណៈ ១២:១០, ១២

១១. តើ​សាតាំង​បាន​ប៉ុន​ប៉ង​ធ្វើ​អ្វី ក៏​ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ការ​ប៉ុន​ប៉ង​របស់​វា​មិន​បាន​សម្រេច?

១១ នៅ​ខែ​មិថុនា ឆ្នាំ​១៩១៨ សាតាំង​បាន​ខិត​ខំ​យ៉ាង​វី​វក់​ដើម្បី​កំទេច​ចោល​ពួក​សិស្ស​ព្រះ​គម្ពីរ​ទាំង​នោះ ដែល​មក​ដល់​ពេល​នោះ​បាន​ផ្សព្វ​ផ្សាយ​ដល់​ប្រទេស​មួយ​ចំនួន។ វា​ក៏​បាន​ខំ​ប្រឹង​បំផ្លាញ​នូវ​សាជីវកម្ម​ខាង​ច្បាប់​របស់​គេ ជា​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ។ សមាជិក​នៃ​សមាគម​ដែល​ទទួល​ខុស​ត្រូវ​បាន​ត្រូវ​ដាក់​គុក ហើយ​បាន​ត្រូវ​គេ​ចោទ​ដោយបទល្មើស​ជា​ការ​បង្ក​ចលាចល ដូច​ព្រះ​យេស៊ូ​ត្រូវ​គេ​ចោទ​នៅ​សតវត្ស​ទី​មួយ។ (លូកា ២៣:២) ប៉ុន្តែ​នៅ​ឆ្នាំ​១៩១៩ សមាជិក​ទាំង​នេះ​ត្រូវ​ដោះ​លែង ដោយ​ដូច្នេះ​អាច​បន្ត​កិច្ច​បំរើ​របស់​គេ។ ក្រោយ​មក​គេ​បាន​ធ្វើ​ការ​ជំ​រះ​យ៉ាង​ពេញ​លេញ ឲ្យ​ផុត​ពីបទល្មើស។

«អ្នក​ល្បាត»កំពុង​តែ​យាម

១២. សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​ជា​ក្រុម​អ្នក​យាម​ឬ​ក៏«អ្នក​ល្បាត»របស់​ព្រះ​យេហូវ៉ា ហើយ​តើ​ពួក​គេ​មាន​អាកប្បកិរិយា​យ៉ាង​ណា?

១២ ដូច្នេះ នៅ​ពេល«គ្រា​ចុង​បំផុត»បាន​ចាប់​ផ្ដើម​ហើយ នោះ​ព្រះ​យេហូវ៉ា​មាន​អ្នក​យាម​ម្នាក់ ដែល​កំពុង​តែ​ប្រាប់​មនុស្ស​ឲ្យ​ដឹង​ជា​មុន អំពី​ព្រឹត្ដិការណ៍​ដែល​ទាក់​ទង​នឹង​ការ​សម្រេច​នៃ​គោល​បំណង​របស់​ទ្រង់។ (ដានីយ៉ែល ១២:៤; ធីម៉ូថេ​ទី​២ ៣:១) រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ក្រុម​អ្នក​យាម​នោះ ជា​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង ដែល​ជា​អ៊ីស្រាអែល​នៃ​ព្រះ បាន​ប្រព្រឹត្ត​សម​ស្រប​នឹង​ការ​ពិពណ៌នា​របស់អេសាយ ស្តី​អំពី​អ្នក​យាម​ដែល​បាន​ត្រូវ​ទាយ​ទុក​ជា​មុន​នោះ៖ «គេ​ក៏​ប្រុង​ស្ដាប់​អស់​ពី​ចិត្ត រួច​ស្រែក​មក​ដូច​សិង្ហ​ថា ‹លោក​ម្ចាស់​អើយ[ព្រះ​យេហូវ៉ា ព.ថ.]នៅ​វេលា​ថ្ងៃ​ខ្ញុំ​ឈរ​នៅ​លើ​ប៉ម​ជា​និច្ច ហើយ​ក៏​នៅ​ត្រង់​ទី​ចាំ​យាម​របស់​ខ្ញុំ​រាល់​តែ​យប់​ដែរ›»។ (អេសាយ ២១:៧, ៨) នេះ​ជា​អ្នក​យាម​ម្នាក់​ដែល​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​នឹងកិច្ច​ការរបស់​គាត់!

១៣. (ក) តើ​អ្នក​យាម​របស់​ព្រះ​យេហូវ៉ា​បាន​ប្រកាស​សារ​អ្វី? (ខ) ហេតុ​អ្វី​បាន​ជា​អាច​ត្រូវ​និយាយ​ថា​បាប៊ីឡូន​ដ៏​ធំ​បាន​ដួល​ហើយ?

១៣ តើ​អ្នក​យាម​នោះ​បាន​ឃើញ​អ្វី​ទៅ? ម្ដង​ទៀត អ្នក​យាម​របស់​ព្រះ​យេហូវ៉ា ជា​ក្រុម​ស្មរបន្ទាល់​របស់​ទ្រង់ បាន​ប្រកាស​ថា៖ «ដួល​ហើយ! ក្រុង​បាប៊ីឡូន​បាន​ដួល​ហើយ! អស់​ទាំង​រូប​ព្រះ​ឆ្លាក់​របស់​គេ​បាន​ត្រូវ​បែក​រេល​នៅ​លើ​ដី» (អេសាយ ២១:៩) នៅ​ពេល​នេះ បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​១ គឺ​បាប៊ីឡូន​ដ៏​ធំ​ជា​ចក្រភព​នៃ​សាសនា​មិន​ពិត ដែល​បាន​ត្រូវ​ផ្ដួល​ពី​តំណែង​នៃ​អំណាច​របស់​វា។ (យេរេមា ៥០:១​-​៣; វិវរណៈ ១៤:៨) មិន​គួរ​ឲ្យ​ឆ្ងល់​ទេ! សង្គ្រាម​នោះ ដែល​ត្រូវ​ហៅ​ជា​មហា​សង្គ្រាម នោះ​បាន​ចាប់​ផ្ដើម​ក្នុង​ពិភព​គ្រីស្ទ​សាសនា ពេល​បព្វជិត​ទាំង​ឡាយ​បាន​ធ្វើ​ឲ្យ​ការ​រំជើប​រំជួល​នោះ​កាន់​តែ​ខ្លាំង ដោយ​ការ​ផ្សព្វ​ផ្សាយ​ជំរុញ​យុវជន​ដ៏​ល្អ​បំផុត​របស់​គេ​ឲ្យ​ចូល​ធ្វើ​សឹក​សង្គ្រាម។ តើ​នេះ​ធ្វើ​ខូច​កិត្ដិយស​យ៉ាង​ណា​ទៅ​ហ្ន៎! នៅ​ឆ្នាំ​១៩១៩ បាប៊ីឡូន​ដ៏​ធំ​មិន​អាច​ឃាត់​ពួក​សិស្ស​ព្រះ​គម្ពីរ ដែល​អតីត​ឈ្មោះ​ជា​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ឲ្យ​លះ​ចោល​ស្ថានភាព​ដ៏​អសកម្ម​របស់​គេ ហើយ​ចាប់​ធ្វើ​ការ​បន្ទាល់​ទូទាំង​ពិភព​លោក ដែល​នៅ​តែ​បន្ត​រហូត។ (ម៉ាថាយ ២៤:១៤) នោះ​បាន​ឲ្យ​សញ្ញា​អំពី​ការ​ដួល​នៃ​បាប៊ីឡូន​ដ៏​ធំ ដូច​ការ​ដោះ​លែង​នៃ​អ៊ីស្រាអែល​នៅ​សតវត្ស​ទី​ប្រាំ​មួយ​ម.​ស.យ. បាន​ឲ្យ​សញ្ញា​ពី​ការ​ដួល​នៃ​ក្រុង​បាប៊ីឡូន​ពី​បុរាណ​នោះ។

១៤. តើ​ទស្សនាវដ្ដី​មួយ​ណា​ដែល​អ្នក​យាម​របស់​ព្រះ​យេហូវ៉ា​ប្រើ​ច្រើន​ជាង​គេ ហើយ​តើ​យ៉ាង​ដូច​ម្ដេច​ដែល​ព្រះ​យេហូវ៉ា បាន​ប្រទាន​ពរ​ទៅ​ដល់​ការ​ប្រើ​ទស្សនាវដ្ដី​នោះ?

១៤ ក្រុម​អ្នក​យាម​តែង​តែ​ធ្វើកិច្ច​ការរបស់​គេ ដោយ​ការ​ខ្នះ​ខ្នែង និង​ដោយ​ចំណង់​ខ្លាំង​ដើម្បី​ធ្វើ​អ្វី​ដ៏​ត្រឹម​ត្រូវ។ នៅ​ខែ​កក្កដា ឆ្នាំ​១៨៧៩ ពួក​សិស្ស​ព្រះ​គម្ពីរ​ចាប់​ផ្ដើម​បោះ​ពុម្ព​ទស្សនាវដ្ដី​នេះ ដែល​មាន​ឈ្មោះ​មុន​ថា​ប៉ម​យាម​នៃ​ភ្នំ​ស៊ីយ៉ូន​ដែល​ប្រកាស​វត្តមាន​របស់​ព្រះ​គ្រីស្ទ។ ក្បាល​និមួយ​ៗ​តាំង​ពី​ឆ្នាំ​១៨៧៩ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៣៨ មាន​ពាក្យ​នៅ​លើ​ក្រប​នោះ​ថា៖«‹អ្នក​យាម​អើយ តើ​យប់​យ៉ាង​ណា​ទៅ›?—អេសាយ ២១:១១»។ * ដោយ​ស្មោះ​ត្រង់ អស់​១២០​ឆ្នាំ​ហើយ​ទស្សនាវដ្ដី​ប៉ម​យាម បាន​ចាំ​យាម​មើល​ព្រឹត្ដិការណ៍​ពិភព​លោក និង​អត្ថន័យ​ដែល​ទាក់​ទង​នឹងបទទំនាយ។ (ធីម៉ូថេ​ទី​២ ៣:១​-​៥, ១៣) ក្រុម​អ្នក​យាម​របស់​ព្រះ ហើយ«ចៀម​ឯ​ទៀត» ដែល​ជា​គូ​របស់​ក្រុម​នោះ​បាន​ប្រើ​ទស្សនាវដ្ដី​នេះ ក្នុង​ការ​ប្រកាស​យ៉ាង​ខ្លាំង​ក្លា​ប្រាប់​មនុស្ស​លោក​ថា យុត្ដិកម្ម​នៃ​អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា ដោយ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​គ្រីស្ទ​បាន​មក​ដល់​ហើយ។ (យ៉ូហាន ១០:១៦) តើ​ទស្សនាវដ្ដី​ប៉ម​យាម​នេះ​បាន​ត្រូវ​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ឬ​ទេ? ចាប់​ផ្ដើម​ពី​ក្បាល​ទី​មួយ​ដែល​បាន​បោះ​ពុម្ព​ចម្លង​ជា​៦០០០​ក្បាល​នៅ​ឆ្នាំ​១៨៧៩ ទស្សនាវដ្ដី​ប៉ម​យាម​បាន​ពង្រីក​រហូត​ដល់​ជាង​២២.០០០.០០០​ក្បាល ជា​ចំនួន​ចែក​ចាយ​ទូទាំង​ពិភព​លោក​ក្នុង​១៣២​ភាសា ហើយ​១២១​នៃ​ចំនួន​នេះ​ត្រូវ​បោះ​ពុម្ព​ដំណាល​គ្នា។ គឺ​ជា​សម​គួរ​មែន ដែល​ទស្សនាវដ្ដី​ខាង​សាសនា​ដែល​ត្រូវ​ចែក​ចាយ​ពាស​ពេញ​បំផុត​នៅ​លើ​ផែនដី គឺ​ជា​ទស្សនាវដ្ដី​មួយ​ដែល​លើក​ដំកើង​ព្រះ​នាម​របស់​ព្រះ​ពិត គឺ​ព្រះ​យេហូវ៉ា!

ការ​សំអាត​ជា​បណ្ដើរ​ៗ

១៥. តើ​ការ​សំអាត​ជា​បណ្ដើរ​ៗ​អ្វី ដែល​ចាប់​ផ្ដើម​សូម្បី​តែ​ពី​មុន​ឆ្នាំ​១៩១៤​មក​ម្ល៉េះ?

១៥ ក្នុង​កំឡុង​ពេល​ប្រមាណ​៤០​ឆ្នាំ រហូត​ដល់​ការ​សោយ​រាជ្យ​ពី​ស្ថាន​សួគ៌​របស់​ព្រះ​គ្រីស្ទ បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤ នោះ​ពួក​សិស្ស​ព្រះ​គម្ពីរ​បាន​ត្រូវ​រំដោះ​ពី​លទ្ធិ​ជា​ច្រើន​របស់​ពិភព​គ្រីស្ទ​សាសនា ដែល​មិន​សម​ស្រប​នឹង​ព្រះ​គម្ពីរ ដូច​ជា​ពិធី​ជ្រមុជ​ទឹក​ឲ្យ​កូន​ង៉ា ភាព​អមតៈ​នៃ​ព្រលឹង អបាយភូមិ ទារុណកម្ម​ក្នុង​ភ្លើង​នរក ហើយ​ព្រះ​ឯក​ត្រី​អង្គ។ ប៉ុន្តែ បាន​ត្រូវ​ការ​ពេល​ថែម​ទៀត ដើម្បី​កំចាត់​ចេញ​នូវ​គំនិត​ទាំង​អស់​ដ៏​ខុស។ ជា​ឧទាហរណ៍ នៅ​ទសវត្ស​ឆ្នាំ​១៩២០ សិស្ស​ព្រះ​គម្ពីរ​ជា​ច្រើន​បាន​ពាក់​កន្លាស់​អាវ​មួយ ដែល​មាន​សញ្ញា​ឈើ​ឆ្កាង​និង​មកុដ ហើយ​ពួក​គេ​ក៏​ចូល​រួម​ធ្វើ​ពិធី​បុណ្យ​ណូអែល​និង​បុណ្យ​ពាហិរជន​ដទៃ​ទៀត។ ប៉ុន្តែ ដើម្បី​មាន​ការ​ថ្វាយ​បង្គំ​ដ៏​បរិសុទ្ធ សរណវត្ថុបូជា​គ្រប់​បែប​យ៉ាង​ត្រូវ​តែ​បោះ​ចោល​ឲ្យ​អស់។ បន្ទូល​របស់​ព្រះ ជា​ព្រះ​គម្ពីរ​បរិសុទ្ធ ត្រូវ​តែ​ជា​មូលដ្ឋាន​តែ​មួយ​នៃ​ជំនឿ​និង​ជីវិត​របស់​គ្រីស្ទាន។ (អេសាយ ៨:១៩, ២០; រ៉ូម ១៥:៤) ការ​បន្ថែម​ឬ​ក៏​ដក​ចេញ​ពី​ព្រះ​បន្ទូល​របស់​ព្រះ​គឺ​ជា​ខុស​ហើយ។—ចោទិយកថា ៤:២; វិវរណៈ ២២:១៨, ១៩

១៦, ១៧. (ក) តើ​អ្នក​យាម​ធ្លាប់​មាន​គំនិត​ខុស​អ្វី អស់​ប៉ុន្មាន​ទសវត្ស​ហើយ? (ខ) តើ​អ្វី​ជា​ការ​ពន្យល់​ត្រឹម​ត្រូវ អំពី«អាសនា»និង«បង្គោល»ក្នុង«ស្រុក​អេស៊ីព្ទ»?

១៦ ឧទាហរណ៍​មួយ​នឹង​បញ្ជាក់​នូវ​សារ​សំខាន់​នៃ​គោល​ការណ៍​នេះ។ នៅ​ឆ្នាំ​១៨៨៦ ពេល​លោក​ឆាល្ស ថេហ្ស រ៉ាសិល បាន​បោះ​ពុម្ព​សៀវភៅ​មួយ​ដែល​ត្រូវ​ហៅ​ជា គម្រោង​ការណ៍​របស់​ព្រះ​នៃ​សម័យ។ សៀវភៅ​មួយ​ក្បាល​នេះ​មាន​តារាង​មួយ ដែល​ទំនាក់​ទំនង​សម័យ​នៃ​មនុស្ស​លោក​ជា​មួយ​នឹង ពីរ៉ាមីត​ដ៏​ធំ​សម្បើម​នៃ​ប្រទេស​អេស៊ីប។ គេ​ធ្លាប់​គិត​ថា​សំណង់​រំឭក​នេះ​សំរាប់​ស្តេច​ផារ៉ោន​ខូហ្វូ នោះ​ជា​បង្គោល​ដែល​ត្រូវ​សំដៅ​ទៅ​ក្នុង​អេសាយ ១៩:១៩, ២០ ដែល​អាន​ថា៖ «នៅ​គ្រា​នោះ​នឹង​មាន​អាសនា​១​នៅ​កណ្ដាល​ស្រុក​អេស៊ីព្ទ សំរាប់​បូជា​ថ្វាយ​ដល់​ព្រះ​យេហូវ៉ា ហើយ​នៅ​ត្រង់​ព្រំ​ដែន​នឹង​មាន​បង្គោល​១ សំរាប់​រំឭក​ពី​ព្រះ​យេហូវ៉ា។ ឯ​បង្គោល​នោះ​នឹង​ជា​ទី​សំគាល់ ហើយ​ជា​បន្ទាល់​ពី​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ»។ តើ​ពីរ៉ាមីត​នោះ អាច​មាន​ទំនាក់​ទំនង​អ្វី​ជា​មួយ​នឹង​ព្រះ​គម្ពីរ? ជា​ឧទាហរណ៍ គេ​ធ្លាប់​គិត​ថា​ប្រវែង​នៃ​ច្រក​ដើរ​ផ្សេង​ៗ​ក្នុង​ពីរ៉ាមីត​ដ៏​សម្បើម​នេះ នោះ​ប្រាប់​ពី​ពេល​វេលា​សំរាប់​ទី​ចាប់​ផ្ដើម​នៃ«សេចក្ដី​វេទនា​ជា​ខ្លាំង»ក្នុង​ម៉ាថាយ ២៤:២១ តាម​ការ​យល់​ដឹង​របស់​គេ​នៅ​ពេល​នោះ។ សិស្ស​ព្រះ​គម្ពីរ​ខ្លះ​បាន​ទៅ​ជា​ជក់​ស្លុង​នឹង​ការ​វាស់​លក្ខណៈ​ផ្សេង​ៗ​នៃ​ពីរ៉ាមីត​នោះ ដើម្បី​ឲ្យ​ដឹង​រឿង​ខ្លះ​ៗ​ដូច​ជា​ថ្ងៃ​ដែល​ពួក​គេ​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌។

១៧ នេះ​បាន​ត្រូវ​ហៅ​ជា​ព្រះ​គម្ពីរ​ចារឹក​ក្នុង​ថ្ម ហើយ​បាន​ត្រូវ​គេ​គោរព​អស់​ប៉ុន្មាន​ទសវត្ស ទាល់​តែ​ទស្សនាវដ្ដី​ប៉ម​យាម​នៃ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា និង​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​១៩២៨ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះ​យេហូវ៉ា​មិន​ត្រូវ​ការ​នូវ​វិមាន​ថ្ម​ដែល​ត្រូវ​កសាង​ឡើង​ដោយ​ស្តេច​ផារ៉ោន​ដ៏​ជា​ពាហិរជន​ទាំង​នោះ និង​មាន​សញ្ញា​ហោរាសាស្ត្រ​ដែល​ទាក់​ទង​ពួក​ព្រាយ​បិសាច ដើម្បី​បញ្ជាក់​នូវ​បន្ទាល់​ក្នុង​ព្រះ​គម្ពីរ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ទំនាយ​របស់អេសាយបាន​ត្រូវ​ឃើញ​មាន​ន័យ​ខាង​វិញ្ញាណ។ ដូច​ជា​ក្នុង​វិវរណៈ ១១:៨ នោះ«អេស៊ីព្ទ»តំណាង​លោកីយ៍​របស់​សាតាំង។ «អាសនា . . . សំរាប់​បូជា​ថ្វាយ​ដល់​ព្រះ​យេហូវ៉ា»នោះ ជួយ​រំឭក​យើង​អំពី​យញ្ញ​បូជា​ដ៏​សម​គួរ​ដែល​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ថ្វាយ ពេល​គេ​នៅ​ជា​អ្នក​ស្នាក់​បណ្ដោះ​អាសន្ន​ក្នុង​លោកីយ៍​នេះ។ (រ៉ូម ១២:១; ហេព្រើរ ១៣:១៥, ១៦) បង្គោល«នៅ​ត្រង់​ព្រំ​ដែន»នៃ​ស្រុក​អេស៊ីប នោះ​សំដៅ​ទៅ​ក្រុម​ជំនុំ​ដ៏​ជា​គ្រីស្ទាន​ចាក់​ប្រេង​តាំង ដែល​ជា«សសរ​ហើយ​ជា​ជើង​ថ្កល់​របស់​សេចក្ដី​ពិត» និង​ដែល​ជា​បន្ទាល់​នៅ«ស្រុក​អេស៊ីព្ទ» ដែល​ជា​តំណាង​នៃ​ពិភព​លោក​ដែល​ពួក​គេ​ហៀប​នឹង​ចាក​ចេញ​ពី​នោះ។—ធីម៉ូថេ​ទី​១ ៣:១៥

១៨. (ក) តើ​យ៉ាង​ដូច​ម្ដេច​ដែល​ព្រះ​យេហូវ៉ា​បាន​បន្ត​បញ្ជាក់​រឿង​ឲ្យ​កាន់​តែ​ច្បាស់​សំរាប់​សិស្ស​ព្រះ​គម្ពីរ​ដ៏​ស្មោះ​ត្រង់? (ខ) បើ​សិន​ជា​គ្រីស្ទាន​ម្នាក់​ឃើញ​ថា ការ​បញ្ជាក់​នូវបទគម្ពីរ​មួយ​គឺ​ពិបាក​យល់ តើ​អ្វី​ជា​អាកប្បកិរិយា​ដ៏​ប្រកប​ដោយ​ប្រាជ្ញា​ដែល​គេ​គួរ​មាន?

១៨ ក្នុង​កំឡុង​ឆ្នាំ​កន្លង​ទៅ នោះ​ព្រះ​យេហូវ៉ា​បន្ត​បញ្ជាក់​នូវ​សេចក្ដី​ពិត​ឲ្យ​កាន់​តែ​ច្បាស់ រួម​បញ្ចូល​ការ​យល់​ដឹង​ដ៏​ជាក់​ច្បាស់​អំពី​បន្ទាល់​របស់​ទ្រង់​ខាងបទទំនាយ។ (សុភាសិត ៤:១៨) ក្នុង​ឆ្នាំ​ថ្មី​ៗ​នេះ យើង​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ពិចារណា​មើល​ម្ដង​ទៀត ដោយ​ការ​យល់​ដឹង​ដ៏​ជ្រៅ​ជ្រះ​នូវ​រឿង​អំពី​តំណ​មនុស្ស​ដែល​នឹង​មិន​ផុត​ទៅ​មុន​ទី​បញ្ចប់​មក​ដល់ រឿង​ប្រៀប​ប្រដូច​អំពី​ចៀម​និង​ពពែ ទី​ស្អប់​ខ្ពើម​ហើយ​ពេល​វេលា​ដែល​វា​នឹង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ កិច្ច​ព្រម​ព្រៀង​ថ្មី ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ ហើយ​ចក្ខុនិមិត្ត​អំពី​ព្រះ​វិហារ​ដែល​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅអេសេគាល។ ជួន​កាល ប្រហែល​ជា​ការ​ពន្យល់​ថ្មី​ៗ​បែប​នេះ​គឺ​ពិបាក​យល់ ក៏​ប៉ុន្តែ​មូលហេតុ​សំរាប់​ការ​ពន្យល់​នេះ​ទៅ​ជា​ច្បាស់​លាស់​តាម​ពេល​ដ៏​សម​គួរ។ បើ​សិន​ជា​គ្រីស្ទាន​ម្នាក់​មិន​យល់​ច្បាស់​លាស់​ពី​ការ​ពន្យល់​ថ្មី​អំពីបទព្រះ​គម្ពីរ​ណា​មួយ នោះ​គឺ​ជា​ការ​ល្អ​បើ​សិន​ជា​គាត់សម្ដែង​យ៉ាង​រាប​ទាប​នូវ​អារម្មណ៍​របស់​ព្យាការីមីកាដែល​ថា៖ «ខ្ញុំ​នឹង​រង់​ចាំ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ»។—មីកា ៧:៧

១៩. តើ​យ៉ាង​ដូច​ម្ដេច​ដែល​អ្នក​ចាក់​ប្រេង​តាំង​ដ៏​នៅ​សល់ និង​សហការី​របស់​គេ​ជា​មនុស្ស​ហ្វូង​ធំ បាន​បង្ហាញ​ភាព​ក្លាហាន​ដូច​ជា​សត្វ​សិង្ហ​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ?

១៩ សូម​នឹក​ចាំ​ថា​អ្នក​យាម​បាន«ស្រែក​មក​ដូច​សិង្ហ​ថា ‹លោក​ម្ចាស់​អើយ[ព្រះ​យេហូវ៉ា ព.ថ]នៅ​វេលា​ថ្ងៃ​ខ្ញុំ​ឈរ​នៅ​លើ​ប៉ម​ជា​និច្ច ហើយ​ក៏​នៅ​ត្រង់​ទី​ចាំ​យាម​របស់​ខ្ញុំ​រាល់​តែ​យប់​ដែរ›»។ (អេសាយ ២១:៨) ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់​បាន​បង្ហាញ​ភាព​ក្លាហាន​ដូច​ជា​សត្វ​សិង្ហ ក្នុង​ការ​បើក​សម្ដែង​ភាព​លាក់​ពុត​នៃ​សាសនា​មិន​ពិត ហើយ​ការ​បង្ហាញ​មនុស្ស​នូវ​ផ្លូវ​ដែល​នាំ​ទៅ​ដល់​សេរី​ភាព។ (វិវរណៈ ១៨:២​-​៥) ជា‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› នោះ​គេ​បាន​ផ្ដល់​ឲ្យ​ព្រះ​គម្ពីរ ទស្សនាវដ្ដី ហើយ​ប្រកាសនវត្ថុ​ផ្សេង​ទៀត​ជា​ច្រើន​ភាសា «ឲ្យ​អាហារ​គេ​បរិភោគ តាម​ត្រូវ​ពេល»។ (ម៉ាថាយ ២៤:៤៥) ពួក​គេ​បាន​នាំ​មុខ​ក្នុង​ការ​ប្រមូល«មនុស្ស​១​ហ្វូង​យ៉ាង​ធំ . . . មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា»។ ពួក​នេះ​ក៏​បាន​ត្រូវ​សំអាត​ដោយ​ព្រះ​លោហិត​ជា​តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ ហើយ​ក៏​បង្ហាញ​ខ្លួន​ជា​ក្លាហាន​ដូច​ជា​សត្វ​សិង្ហ​ក្នុង​ការ«បំរើ​ទ្រង់ . . . ទាំង​យប់​ទាំង​ថ្ងៃ»។ (វិវរណៈ ៧:៩, ១៤, ១៥) តើ​អ្វី​ជា​ផល​ផ្លែ​នៅ​ឆ្នាំ​មុន​ពី​ក្រុម​តូច​មួយ​នៃ​ស្មរបន្ទាល់​ចាក់​ប្រេង​តាំង របស់​ព្រះ​យេហូវ៉ា​ដែល​នៅ​រស់​នោះ ហើយ​ពួក​សហការី​របស់​គេ​ជា​មនុស្ស​ហ្វូង​ធំ​នោះ? អត្ថបទ​ជា​បន្ទាប់​នឹង​ប្រាប់​ពី​រឿង​នេះ។

[កំណត់​សម្គាល់]

^ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​១៩៣៩ នេះ​ត្រូវ​កែ​ប្រែ​ជា«‹គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ​យេហូវ៉ា​ពិត›។—អេសេគាល ៣៥:១៥»។

តើ​អ្នក​ចាំ​ទេ?

តើ​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​ស្មរបន្ទាល់​ណា​ខ្លះ ក្នុង​ពេល​ជា​ច្រើន​ឆ្នាំ​ដែល​បាន​កន្លង​ទៅ​នេះ?

តើ​អ្វី​ជា​ប្រភព​នៃ​បាប៊ីឡូន​ដ៏​ធំ?

ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​ទី​ក្រុង​យេរូសាឡិម ជា​រាជធានី​នៃ​សាសន៍​ដ៏​ជា​ស្មរបន្ទាល់​របស់​ទ្រង់ ឲ្យ​ត្រូវ​បំផ្លាញ​ចោល​នៅ​ឆ្នាំ​៦០៧​ម.​ស.យ.? និង​នៅ​ឆ្នាំ​៧០​ស.យ.នោះ?

តើ​ក្រុម​អ្នក​យាម​របស់​ព្រះ​យេហូវ៉ា និង​ពួក​សហការី​របស់​គេ​បាន​បង្ហាញ​ចិត្ត​យ៉ាង​ណា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​៧]

«លោក​ម្ចាស់​អើយ[ព្រះ​យេហូវ៉ា ព.ថ.] . . . ខ្ញុំ​ឈរ​នៅ​លើ​ប៉ម​ជា​និច្ច»

[រូប​ភាព​នៅ​ទំព័រ​១០]

ក្រុម​អ្នក​យាម​របស់​ព្រះ​យេហូវ៉ា​ចាត់​ទុកកិច្ច​ការរបស់​គេ​ជា​រឿង​សំខាន់​បំផុត