លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំនឿអាចកែប្រែជីវិតរបស់អ្នក

ជំនឿអាចកែប្រែជីវិតរបស់អ្នក

ជំនឿ​អាច​កែ​ប្រែ​ជីវិត​របស់​អ្នក

«គឺ​ប្រាកដ​ហើយ ដែល​អាច​មាន​គោល​ការណ៍​ល្អ​ដោយ​គ្មាន​ព្រះ​នោះ»។ នេះ​គឺ​ជា​ពាក្យ​អះអាង​នៃ​មនុស្ស​ម្នាក់​ដែល​សង្ស័យ​អំពី​អត្ថិភាព​នៃ​ព្រះ។ គាត់​បាន​និយាយ​ថា គាត់​បាន​ចិញ្ចឹម​អប់រំ​កូន​ៗ​របស់​គាត់​ឲ្យ​មាន​គោល​ការណ៍​ខ្ពង់​ខ្ពស់​ខាង​សីលធម៌ ហើយ​ពួក​គេ​វិញ​ក៏​បាន​ចិញ្ចឹម​អប់រំ​កូន​ៗ​របស់​គេ​ឲ្យ​មាន​គោល​ការណ៍​ខ្ពង់​ខ្ពស់​ដូច​គ្នា​ដែរ។ ការ​ទាំង​អស់​នេះ​បាន​សម្រេច​ឡើង​ដោយ​គ្មាន​ជំនឿ​ទៅ​លើ​ព្រះ​ទេ។

តើ​នេះ​មាន​ន័យ​ថា​ជំនឿ​ទៅ​លើ​ព្រះ​គឺ​មិន​ចាំ​បាច់​ទេ​ឬ? តាម​មើល​ទៅ បុគ្គល​ម្នាក់​នោះ​បាន​គិត​ដូច្នោះ។ ហើយ​គឺ​ពិត​មែន ដែល​អ្នក​ទាំង​អស់​ដែល​មិន​ជឿ​ថា​មាន​ព្រះ​នោះ មិន​មែន​ចាំ​បាច់​ជា​មនុស្ស​អាក្រក់​ទេ។ សាវ័ក​ប៉ុល​បាន​និយាយ​អំពី«ពួក​សាសន៍​ដទៃ»ដែល​មិន​ស្គាល់​ព្រះ​ទេ ក៏​ប៉ុន្តែ«ប្រព្រឹត្ត​តាម​ក្រិត្យ​វិន័យ​ពី​បវេណី»។ (រ៉ូម ២:១៤) មនុស្ស​ទាំង​អស់​បាន​កើត​មក​ទាំង​មាន​មនសិការ​មួយ ហើយ​នេះ​រួម​បញ្ចូល​អ្នក​ដែល​សង្ស័យ​ថា​មាន​ព្រះ។ មនុស្ស​ជា​ច្រើន​ខិត​ខំ​ប្រព្រឹត្ត​តាម​ការ​ណែនាំ​នៃ​មនសិការ​របស់​គេ ទោះ​បី​គេ​គ្មាន​ជំនឿ​ទៅ​លើ​ព្រះ​មួយ​អង្គ ដែល​បាន​ប្រទាន​ឲ្យ​មាន​សាទិសនិច្ឆ័យ​ពី​កំណើត​ឲ្យ​ដឹង​ខុស​ត្រូវ។

ប៉ុន្តែ ជំនឿ​មាំ​មួន​ទៅ​លើ​ព្រះ ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​គម្ពីរ នោះ​ជា​ឥទ្ធិពល​ខ្លាំង​ជាង​ដើម្បី​នាំ​ឲ្យ​ធ្វើ​ល្អ ជា​ជាង​ការ​ណែនាំ​ដែល​គ្មាន​ការ​តម្រង់​នៃ​មនសិការ។ ជំនឿ​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​បន្ទូល​របស់​ព្រះ ជា​ព្រះ​គម្ពីរ នោះ​នាំ​ឲ្យ​មនសិការ​ចេះ​ដឹង ធ្វើ​ឲ្យ​មាន​ប្រាជ្ញា​វៃ​ក្នុង​ការ​វិនិច្ឆ័យ​ខុស​ត្រូវ។ (ហេព្រើរ ៥:១៤) ម្ល៉ោះ​ហើយ ជំនឿ​ចំរើន​កម្លាំង​មនុស្ស​ឲ្យ​រក្សា​គោល​ការណ៍​ដ៏​ខ្ពង់​ខ្ពស់​ពេល​ប្រឈម​ការ​បង្ខិត​បង្ខំ​ខ្លាំង​ក្រៃ​លែង។ ជា​ឧទាហរណ៍ ក្នុង​កំឡុង​សតវត្ស​ទី​២០ ប្រទេស​ជា​ច្រើន​បាន​ធ្លាក់​ក្រោម​អំណាច​នៃ​របប​នយោបាយ​ដ៏​ពុក​រលួយ ដែល​បាន​បង្ខំ​មនុស្ស​ដែល​ទំនង​មាន​គោល​ការណ៍​ល្អ ឲ្យ​ប្រព្រឹត្ត​អំពើ​កំណាច​ដ៏​អាក្រក់​ជួជាតិ។ ប៉ុន្តែ អស់​អ្នក​ដែល​មាន​ជំនឿ​ពិត​ទៅ​លើ​ព្រះ​បាន​បដិសេធ​មិន​ព្រម​លះ​ចោល​គោល​ការណ៍​របស់​គេ ទោះ​បី​នោះ​បាន​ប្រថុយ​ជីវិត​របស់​គេ​ក៏​ដោយ។ ម្យ៉ាង​ទៀត ជំនឿ​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​គម្ពីរ​អាច​ធ្វើ​ឲ្យ​មនុស្ស​កែ​ប្រែ។ ជំនឿ​អាច​លោះ​ឡើង​វិញ​នូវ​ជីវិត​ដែលហាក់​ដូច​ជា​វង្វេង ហើយ​ជួយ​មនុស្ស​ឲ្យ​ជៀស​វាង​កំហុស​ធ្ងន់​ធ្ងរ។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះ​ៗ។

ជំនឿ​អាច​កែ​ប្រែ​ជីវភាព​គ្រួសារ

«ដោយ​ជំនឿ​អ្នក​បាន​សម្រេច​ការ​ដែល​ហាក់​ដូច​ជា​មិន​អាច​កើត​ឡើង​ទេ»។ នេះ​ជា​ពាក្យ​នៃ​ចៅ​ក្រម​ជន​ជាតិ​អង់គ្លេស​ម្នាក់ ពេល​ដែល​គាត់​បាន​កាត់​ក្ដី​លើ​សិទ្ធិ​ព្យាបាល​ពួក​កូន​របស់​លោក​ចន​និង​លោក​ស្រី​ថាញ៉ា។ ពេល​ដែល​ចន​និង​ថាញ៉ា​បាន​ត្រូវ​ពួក​អាជ្ញាធរ​ស្គាល់​លើក​ដំបូង ពួក​គេ​មិន​ទាន់​បាន​រៀប​ការ​ហើយ​ជីវភាព​គ្រួសារ​របស់​គេ​គឺ​អាក្រក់​ណាស់។ ដោយ​មាន​បញ្ហា​ញៀន​ថ្នាំ​និង​ទម្លាប់​លែង​ល្បែង​ស៊ីសង នោះ​ចន​បាន​រក​ធ្វើបទឧក្រិដ្ឋ​ដើម្បី​បាន​លុយ​គាំទ្រ​អំពើ​អបាយមុខ​របស់​គាត់។ គាត់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​កូន​ៗ​របស់​គាត់​និង​ម្ដាយ​របស់​គេ។ ដូច្នេះ តើ​អ្វី​ជា«អព្ភូតហេតុ»ដែល​បាន​កើត​ឡើង​នោះ?

នៅ​ថ្ងៃ​មួយ ចន​បាន​ឮ​ក្មួយ​ប្រុស​របស់​គាត់​និយាយ​អំពី​សួន​មនោរម្យ។ ដោយ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង នោះ​គាត់​បាន​សួរ​មាតា​បិតា​របស់​ក្មេង​ប្រុស​នោះ។ មាតា​បិតា​នោះ​គឺ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​គេ​បាន​ជួយ​ចន​រៀន​អំពី​ព្រះ​គម្ពីរ។ បន្ដិច​ម្ដង​ៗ ចន​និង​ថាញ៉ា​បាន​បណ្ដុះ​បណ្ដាល​ជំនឿ​ដោយ​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ​ដែល​បាន​ធ្វើ​ឲ្យ​ជីវិត​គេ​កែ​ប្រែ។ គេ​បាន​រៀប​ការ​ឲ្យ​ត្រឹម​ត្រូវ​តាម​ច្បាប់​ហើយ​បាន​ឈ្នះ​លើ​អំពើ​អបាយមុខ​របស់​គេ។ ពួក​អាជ្ញាធរ​ដែល​បាន​ពិនិត្យ​អង្កេត​ផ្ទះ​របស់​គេ បាន​រក​ឃើញ​អ្វី​មួយ​ដែល​មុន​ពេល​នោះ​គឺ​ហាក់​ដូច​ជា​មិន​អាច​កើត​ឡើង​សោះ គឺ​ជា​គ្រួសារ​ដ៏​សប្បាយ​មួយ​នៅ​ក្នុង​ផ្ទះ​ដ៏​ស្អាត​ស្អំ ជា​កន្លែង​ដែល​សមរម្យ​ដើម្បី​ចិញ្ចឹម​អប់រំ​កូន។ ចៅ​ក្រម​នោះ​បាន​និយាយ​ត្រឹម​ត្រូវ ពេល​លោក​ថា«អព្ភូតហេតុ»នេះ​គឺ​ដោយ​សារ​ជំនឿ​ដែល​ទើប​រក​ឃើញ​របស់​ចន​និង​ថាញ៉ា។

រាប់​ពាន់​គីឡូ​ម៉ែត្រ​ពី​ប្រទេស​អង់គ្លេស នាង​ម្នាក់​នៅ​ទ្វីប​អាស៊ី​នី​រ​តី​ហៀប​នឹង​រួម​ចំណែក​ស្ថិតិ​លេខ​ដ៏​គួរ​សោក​ស្ដាយ​មែន។ នាង​មាន​គំនិត​រួម​ចំណែក​មនុស្ស​រាប់​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​ដែល​ត្រូវ​អាពាហ៍ពិពាហ៍​របស់​គេ​ឈប់​ដោយ​ការ​លែង​លះ​គ្នា។ នាង​មាន​កូន​មួយ ក៏​ប៉ុន្តែ​ប្ដី​របស់​នាង​គឺ​ចាស់​ជាង​គាត់​ច្រើន​ណាស់។ ហេតុ​នេះ​ហើយ ញាតិ​សន្ដាន​របស់​នាង​បាន​ជំរុញ​នាង​ធ្វើ​ការ​លែង​លះ​គ្នា ហើយ​ក៏​បាន​ចាប់​ផ្ដើម​រៀបចំ​ធ្វើ​អ៊ីចឹង​មែន។ ក៏​ប៉ុន្តែ នាង​កំពុង​តែ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ពេល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​នោះ​បាន​ដឹង​ពី​កាលៈទេសៈ នោះ​គាត់​បាន​ពន្យល់​អ្វី​ក្នុង​ព្រះ​គម្ពីរ​អំពី​អាពាហ៍ពិពាហ៍។ ជា​ឧទាហរណ៍ ដែល​អាពាហ៍ពិពាហ៍​ជា​អំណោយ​ទាន​ពី​ព្រះ មិន​មែន​ជា​អ្វី​មួយ​ដែល​គួរ​ត្រូវ​បោះ​ចោល​យ៉ាង​ស្រួល​ទេ។ (ម៉ាថាយ ១៩:៤​-​៦,) នាង​បាន​គិត​ផ្ទាល់​ខ្លួន​ថា ‹គឺ​ប្លែក​មែន​ដែល​ស្រី​នេះ​ដែល​ជា​អ្នក​ចម្លែក ខិត​ខំ​សង្គ្រោះ​គ្រួសារ​របស់​ខ្ញុំ ពេល​ដែល​អ្នក​ជិត​ស្និទ្ធ​នឹង​ខ្ញុំ​ចង់​បំបែក​គ្រួសារ​ខ្ញុំ​ទៅ​វិញ›។ ជំនឿ​ដែល​ទើប​បាន​ទទួល​នោះ​បាន​ជួយ​នាង​សង្គ្រោះ​អាពាហ៍ពិពាហ៍​របស់​នាង។

ស្ថិតិ​លេខ​មួយ​ដែល​គួរ​សោក​ស្ដាយ​ក្នុង​ជីវភាព​គ្រួសារ​មែន​នោះ ទាក់​ទង​នឹង​ការ​ពន្លូត​កូន។ សេចក្ដី​រាយ​ការណ៍​មួយ​ពី​អង្គការ​សហប្រជាជាតិ​បាន​ប៉ាន់​ប្រមាណ​ថា ជា​រៀង​រាល់​ឆ្នាំ ជា​តិច​បំផុត​មាន​៤៥​លាន​កូន​ដែល​មិន​ទាន់​កើត​មក ដែល​ត្រូវ​ពន្លូត​ដោយ​ចេតនា។ រៀង​រាល់​ព្រឹត្ដិការណ៍​បែប​នេះ​ធ្វើ​ឲ្យ​ខ្លោច​ផ្សា​មែន។ ចំណេះ​ពី​ព្រះ​គម្ពីរ​បាន​ជួយ​ស្ត្រី​ម្នាក់​នៅ​ប្រទេស​ហ្វីលីពីន​ជៀស​វាង​មិន​ជួយ​បង្កើន​ស្ថិតិ​លេខ​នោះ។

ស្ត្រី​នោះ​បាន​ត្រូវ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទាក់​ទង​គាត់ បាន​ទទួល​សៀវភៅ​ស្តើង​មួយ​ប្រធាន​តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង? * សំរាប់​ការ​សិក្សា​ព្រះ​គម្ពីរ ហើយ​បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ។ ជា​ច្រើន​ខែ​ក្រោយ​មក​គាត់​បាន​ពន្យល់​ពី​មូលហេតុ។ ស្ត្រី​នោះ​បាន​មាន​ផ្ទៃ​ពោះ​ពេល​ដែល​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​មក​លែង​គាត់​លើក​ដំបូង ក៏​ប៉ុន្តែ​គាត់​ហើយ​ប្ដី​របស់​គាត់​បាន​សម្រេច​ថា​នឹង​ពន្លូត​កូន​នោះ។ ក៏​ប៉ុន្តែ រូប​ភាព​នៅ​ទំព័រ​២៤​អំពី​កូន​ង៉ា​មួយ​ដែល​មិន​ទាន់​កើត​មក​នោះ បាន​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​ស្ត្រី​នោះ។ ការ​ពន្យល់​តាម​រយៈ​ព្រះ​គម្ពីរ​ដែល​មាន​ជា​មួយ​នឹង​រូប​ភាព​នោះ ដែល​ថា​ជីវិត​គឺ​បរិសុទ្ធ​ពីព្រោះ‹ប្រភព​ជីវិត​នៅ​ជា​មួយ​នឹង​ព្រះ› នោះ​បាន​នាំ​ឲ្យ​គាត់​មិន​ពន្លូត​កូន​ចោល។ (ទំនុកដំកើង ៣៦:៩) ឥឡូវ គាត់​ជា​ម្ដាយ​របស់​កូន​ង៉ា​មួយ​ដ៏​ស្អាត​និង​មាន​សុខភាព​ល្អ។

ជំនឿ​ជួយ​អ្នក​ដែល​គេ​ត្រូវ​មើល​ងាយ

នៅ​ប្រទេស​អេធីយ៉ូពី បុរស​ពីរ​នាក់​ដែល​ស្លៀក​ពាក់​របៀប​មិន​ស្អាត​បាន​មក​ឯ​កិច្ច​ប្រជុំ​សំរាប់​ការ​ថ្វាយ​បង្គំ​ដែល​ត្រូវ​ដឹក​នាំ​ដោយ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ពេល​ចប់​ប្រជុំ​ហើយ ស្មរបន្ទាល់​ម្នាក់​បាន​នាំ​ឲ្យ​គេ​ស្គាល់​គាត់​តាម​របៀប​រាក់​ទាក់។ បុរស​ទាំង​នោះ​បាន​សូម​ទាន។ ស្មរបន្ទាល់​នោះ​មិន​បាន​ឲ្យ​លុយ​ទេ ក៏​ប៉ុន្តែ​អ្វី​ល្អ​ជាង។ គាត់​បាន​លើក​ទឹក​ចិត្ត​គេ​ឲ្យ​បណ្ដុះ​បណ្ដាល​ជំនឿ​ទៅ​លើ​ព្រះ ជា​អ្វី«ដ៏​វិសេស​ជាង​មាស»។ (ពេត្រុស​ទី​១ ១:៧) បុរស​ម្នាក់​បាន​ប្រព្រឹត្ត​តាម​នោះ​ហើយ​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ។ នេះ​បាន​កែ​ប្រែ​ជីវិត​របស់​គាត់។ ពេល​ជំនឿ​របស់​គាត់​បាន​ពង្រីក​លូត​លាស់ នោះ​គាត់​ឈប់​ជក់​បារី ផឹក​ស្រា​ច្រើន​ពេក អំពី​អសីលធម៌ ហើយ​ការ​ប្រើ​ខាត (ជា​ថ្នាំ​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​ញៀន)។ គាត់​បាន​រៀន​ចេះ​ចិញ្ចឹម​ខ្លួន​ជា​ជាង​សូម​ទាន​ហើយ​ឥឡូវ​មាន​របៀប​រស់​នៅ​ដ៏​ស្អាត​ស្អំ​និង​ដ៏​កើត​ការ។

នៅ​ប្រទេស​អ៊ីតាលី បុរស​ម្នាក់​អាយុ​៤៧​ឆ្នាំ​បាន​ជាប់​ទោស​ដប់​ឆ្នាំ​ក្នុង​ពន្ធនាគារ ហើយ​ក៏​បាន​ត្រូវ​ទុក​ក្នុង​ពេទ្យ​វិកល​ចរិត​នៃ​តុលាការ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​ដែល​មាន​សេចក្ដី​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ពន្ធនាគារ​ដើម្បី​ផ្ដល់​ឲ្យ​ជំនួយ​ខាង​វិញ្ញាណ បាន​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​គាត់។ បុរស​នោះ​បាន​លូត​លាស់​ខាង​យ៉ាង​ឆាប់​រហ័ស។ ជំនឿ​បាន​កែ​ប្រែ​ជីវិតរបស់​គាត់​ដល់​ម្ល៉េះ ដែល​អ្នក​ទោស​ឯ​ទៀត​បាន​ទាក់​ទង​គាត់​ដើម្បី​ទទួល​ឱវាទ​ជួយ​រក​ផ្លូវ​ដោះ​ស្រាយ​បញ្ហា​របស់​គេ​ផង​ដែរ។ ជំនឿ​របស់​គាត់​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​គម្ពីរ​នោះ បាន​នាំ​ឲ្យ​គាត់​ទទួល​ការ​គោរព និង​ការ​ទុក​ចិត្ត​នៃ​អាជ្ញាធរ​ពន្ធនាគារ។

នៅ​ឆ្នាំ​ថ្មី​ៗ​នេះ កាសែត​ទាំង​ឡាយ​បាន​រាយ​ការណ៍​អំពី​សង្គ្រាម​ស៊ីវិល​នៅ​ទ្វីប​អាហ្វ្រិក។ រឿង​ដ៏​ធ្វើ​ឲ្យ​រន្ធត់ ជា​ពិសេស​គឺ​ការ​រៀប​រាប់​អំពី​ពួក​ក្មេង​ប្រុស​ដែល​ត្រូវ​បង្ហាត់​ឲ្យ​ធ្វើ​ជា​ទាហាន។ ពួក​ក្មេង​ៗ​នេះ​ត្រូវ​ឲ្យ​ថ្នាំ​ស្រវឹង ត្រូវ​គេ​ធ្វើ​បាប​យ៉ាង​ឃោរ​ឃៅ និង​ត្រូវ​បង្ខំ​ចូល​រួម​ក្នុង​ការ​ប្រព្រឹត្ត​ដ៏​ព្រៃ​ផ្សៃ​ពី​គុណសម្បត្ដិ​មនុស្សជាតិ ទាស់​នឹង​ញាតិ​សន្ដាន​របស់​គេ ដើម្បី​ធានា​ថា​ភក្ដី​ភាព​របស់​គេ​គឺ​ចំពោះ​តែ​ក្រុម​បក្ស​ដែល​គេ​កំពុង​តែ​ច្បាំង​គាំទ្រ។ តើ​ជំនឿ​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​គម្ពីរ​មាន​ឥទ្ធិពល​ខ្លាំង​គ្រប់​គ្រាន់​ដើម្បី​កែ​ប្រែ​ជីវិត​នៃ​យុវជន​បែប​នេះ​ទេ? យ៉ាង​តិច​បំផុត ក្នុង​ករណី​ពីរ​គឺ​គ្រប់​គ្រាន់​មែន។

នៅ​ប្រទេស​លីបេរីយ៉ា ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​អាលិខ្ស​គឺ​ជា​ក្មេង​ប្រុស​ជួយ​ពិធី​សាសនា​នៅ​កាតូលិក​វិហារ។ ក៏​ប៉ុន្តែ ពេល​គាត់​មាន​អាយុ​១៣​ឆ្នាំ គាត់​បាន​ចូល​ក្រុម​បក្ស​មួយ​ដែល​កំពុង​តែ​ធ្វើ​សឹក​សង្គ្រាម ហើយ​បាន​ទៅ​ជា​ទាហាន​កូន​ក្មេង​ម្នាក់​ដ៏​ល្បី​ឈ្មោះ​ខាង​អំពី​អាក្រក់។ ដើម្បី​ជួយ​ខ្លួន​ទៅ​ជា​អ្នក​ក្លាហាន​ក្នុង​សង្គ្រាម នោះ​គាត់​បាន​ពឹង​ពាក់​ទៅ​លើ​មន្តអាគម។ អាលិខ្ស​បាន​ឃើញ​ពួក​ម៉ាក​របស់​គាត់​ជា​ច្រើន​នាក់​ត្រូវ​សម្លាប់​ចោល ក៏​ប៉ុន្តែ​គាត់​បាន​រួច​រស់។ នៅ​ឆ្នាំ​១៩៩៧​គាត់​បាន​ជួប​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​ឃើញ​ថា​គេ​មិន​មើល​ងាយ​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ គេ​បាន​ជួយ​គាត់​រៀន​បន្ទូល​ព្រះ​គម្ពីរ​អំពី​អំពើ​ឃោរឃៅ។ អាលិខ្ស​បាន​ចាក​ចេញ​ពី​កង​ទ័ព។ ពេល​ជំនឿ​របស់​គាត់​បាន​រីក​ចំរើន​ឡើង គាត់​បាន​អនុវត្ត​តាម​បង្គាប់​ព្រះ​គម្ពីរ​ដែល​ថា៖ «ត្រូវ​ឲ្យ​អ្នក​នោះ​បែរ​ចេញ​ពី​ការ​អាក្រក់ ប្រយោជន៍​ឲ្យ​បាន​ធ្វើ​ការ​ល្អ​វិញ ត្រូវ​ស្វែង​រក ហើយ​ដេញ​តាម​សេចក្ដី​មេត្រី​ភាព»។—ពេត្រុស​ទី​១ ៣:១១

នៅ​គ្រា​ដដែល​នោះ អតីត​កូន​ទាហាន​ម្នាក់​ឈ្មោះ​សាមសុន​បាន​ចូល​ភូមិ​របស់​អាលិខ្ស។ គាត់​ធ្លាប់​ជា​អ្នក​ចំរៀង​ក្នុង​ព្រះ​វិហារ ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩៣​បាន​ទៅ​ជា​ទាហាន​ម្នាក់ ហើយ​ក៏​បាន​ចាប់​ផ្ដើម​ប្រើ​គ្រឿង​ញៀន ចូល​រួម​មន្តអាគម និង​អំពើ​ឥត​សីលធម៌។ នៅ​ឆ្នាំ​១៩៩៧ គាត់​ត្រូវ​បញ្ចេញ​ពី​កំណែន​កង​ពល។ សាមសុន​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​មុន​រូ​វា​ដើម្បី​ចូល​កង​ពល​ការ​ពារ​សន្ដិសុខ​ពិសេស ពេល​មិត្ត​ម្នាក់​បាន​បញ្ចុះ​បញ្ចូល​គាត់​ឲ្យ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នឹង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​ជា​លទ្ធផល​គាត់​បាន​បណ្ដុះ​បណ្ដាល​ជំនឿ​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​គម្ពីរ។ នេះ​បាន​នាំ​ឲ្យ​គាត់​មាន​ចិត្ត​ក្លាហាន​ដើម្បី​លះ​ចោល​ការ​ប្រព្រឹត្ត​ដ៏​ឃោរ​ឃៅ​របស់​គាត់។ ឥឡូវ អាលិខ្ស​និង​សាមសុន​មាន​របៀប​រស់​នៅ​ដែល​ប្រកប​ដោយ​សន្ដិភាព​និង​សីលធម៌។ តើ​មាន​អ្វី​ផ្សេង​ក្រៅ​ពី​ជំនឿ​ដ៏​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​គម្ពីរ​ដែល​អាច​ធ្វើ​ការ​កែ​ប្រែ​ក្នុង​ជីវិត​ដែល​បាន​ត្រូវ​គេ​ធ្វើ​បាប​យ៉ាង​កាច​សាហាវ​អ៊ីចឹង​ទេ​ឬ?

ជំនឿ​ប្រភេទ​ត្រឹម​ត្រូវ

នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​ខ្លះ​ៗ​ប៉ុណ្ណោះ​ពី​ចំណោម​ឧទាហរណ៍​ជា​ច្រើន​ដែល​អាច​ត្រូវ​រៀប​រាប់ ដើម្បី​បង្ហាញ​នូវ​ឥទ្ធិពល​នៃ​ជំនឿ​ពិត​ប្រាកដ​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​គម្ពីរ។ ពិត​មែន មិន​មែន​មនុស្ស​ទាំង​អស់​ដែល​អះអាង​ជំនឿ​ទៅ​លើ​ព្រះ ដែល​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ព្រះ​គម្ពីរ​ទេ។ ត្រូវ​ហើយ អ្នក​ខ្លះ​ដែល​មិន​ជឿ​ថា​មាន​ព្រះ​ប្រហែល​ជា​មាន​របស់​រស់​នៅ​ល្អ​ជាង​អ្នក​ដែល​អះអាង​សាសនា​គ្រីស្ទាន។ នេះ​គឺ​ពីព្រោះ​ជំនឿ​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​គម្ពីរ​រួម​បញ្ចូល​ច្រើន​ជាង​ការ​អះអាង​ជំនឿ​ទៅ​លើ​ព្រះ​តែ​ប៉ុណ្ណោះ។

សាវ័ក​ប៉ុល​បាន​ហៅ​ជំនឿ«ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា នឹង​បាន​ដូច​សង្ឃឹម ជា​សំគាល់​ពី​ការ​ដែល​មើល​មិន​ឃើញ»។ (ហេព្រើរ ១១:១) ដូច្នេះ ជំនឿ​រួម​បញ្ចូល​ជំនឿ​ខ្លាំង​មុត​មាំ ដោយ​មាន​មូលដ្ឋាន​ទៅ​លើ​ភស្តុ​តាង​ដែល​ជាក់​ស្តែង​បដិសេធ​មិន​បាន ទៅ​លើ​អ្វី​ដែល​មើល​មិន​ឃើញ។ ជា​ពិសេស នោះ​រួម​បញ្ចូល​ការ​គ្មាន​សង្ស័យ​ទាល់​តែ​សោះ​ថា​មាន​ព្រះ ថា​ទ្រង់​មាន​ព្រះ​ទ័យ​ចាប់​អារម្មណ៍​ទៅ​លើ​យើង ហើយ​ថា​ទ្រង់​នឹង​ប្រទាន​ពរ​ទៅ​ដល់​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់។ សាវ័ក​នោះ​ក៏​បាន​និយាយ​ថា៖ «អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែ​ជឿ​ថា មាន​ព្រះ​មែន ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់»។—ហេព្រើរ ១១:៦

គឺ​ជា​ជំនឿ​បែប​នេះ​ហើយ​ដែល​បាន​កែ​ប្រែ​ជីវិត​របស់​ចន ថា​ញា​ និង​អ្នក​ឯ​ទៀត​ដែល​បាន​រៀប​រាប់​ក្នុង​អត្ថបទ​នេះ។ ជំនឿ​នេះ​បាន​នាំ​ឲ្យ​គេ​ពឹង​ពាក់​ដោយ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​បន្ទូល​របស់​ព្រះ ជា​ព្រះ​គម្ពីរ ដើម្បី​ទទួល​ការ​ណែនាំ​ពេល​ធ្វើ​ការ​សម្រេច។ នោះ​បាន​ជួយ​គេ​ធ្វើ​ការ​ពលី​ដ៏​បណ្ដោះ​អាសន្ន​ដើម្បី​មិន​ទៅ​តាម​ផ្លូវ​មួយ​ដ៏​ខុស​ទោះ​បី​នោះ​គឺ​ស្រួល​យ៉ាង​ណា​ក៏​ដោយ។ ទោះ​បីបទពិសោធន៍​និមួយ​ៗ​គឺ​ខុស​គ្នា ក៏​ប៉ុន្តែបទពិសោធន៍​ដ៏​ពិត​ៗ​ទាំង​នេះ​បាន​ចាប់​ផ្ដើម​ដូច​គ្នា។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​បាន​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​អ្នក​ទាំង​នេះ ហើយ​គេ​បាន​ពិសោធន៍​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ​ដែល​ថា៖ «ព្រះ​បន្ទូល​នៃ​ព្រះ​នោះ​រស់​នៅ ហើយ​ពូកែ​ផង»។ (ហេព្រើរ ៤:១២) ឥទ្ធិពល​ពី​ព្រះ​បន្ទូល​របស់​ព្រះ​បាន​ជួយ​បុគ្គល​និមួយ​ៗ​កសាង​នូវ​ជំនឿ​មុត​មាំ​ដែល​បាន​កែ​ប្រែ​ជីវិត​របស់​គេ​ឲ្យ​ប្រសើរ​ឡើង។

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​សកម្មភាព​នៅ​ជាង​២៣០​ប្រទេស​និង​កោះ​សមុទ្រ។ ពួក​គេ​អញ្ជើញ​អ្នក​សិក្សា​ព្រះ​គម្ពីរ។ ហេតុ​អ្វី? ពីព្រោះ​គេ​ជឿ​ជាក់​ថា ជំនឿ​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​គម្ពីរ​អាច​ធ្វើ​ការ​កែ​ប្រែ​ដ៏​ប្រសើរ​ក្នុង​ជីវិត​របស់​អ្នក​ដែរ។

[កំណត់​សម្គាល់]

^ បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​នៃ​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​ទី​ក្រុង​ញូវយ៉ក

[រូប​ភាព​នៅ​ទំព័រ​៣]

ជំនឿ​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​គម្ពីរ បាន​កែ​ប្រែ​ជីវិត​ឲ្យ​ប្រសើរ​ឡើង