«របស់ដែលគួរគាប់ចិត្ត»កំពុងតែបំពេញដំណាក់របស់ព្រះយេហូវ៉ា
«របស់ដែលគួរគាប់ចិត្ត»កំពុងតែបំពេញដំណាក់របស់ព្រះយេហូវ៉ា
«អញ[ព្រះយេហូវ៉ា]នឹងអង្រួនអស់ទាំងសាសន៍ ហើយរបស់ដែលគួរគាប់ចិត្តពីអស់ទាំងសាសន៍ត្រូវតែចូលមក ហើយអញនឹងបំពេញដំណាក់នេះដោយសិរីរុងរឿង»។—ហាកាយ ២:៧, ព.ថ.
១. ពេលមានគ្រាអាសន្ន ហេតុអ្វីក៏យើងគិតអំពីពួកស្ងួនភ្ងារបស់យើងមុនគេ?
តើមានរបស់ដ៏គួរគាប់ចិត្តអ្វីខ្លះពេញផ្ទះរបស់អ្នក? តើអ្នកមានគ្រឿងតុទូដ៏ល្អៗ កុំព្យូទ័រដ៏ទំនើបបំផុត និងរថយន្តថ្មីមួយក្នុងបេនរបស់អ្នកឬទេ? ទោះបីអ្នកមានរបស់ទាំងនេះក៏ដោយ តើអ្នកនឹងយល់ស្របទេថា របស់ដ៏មានតម្លៃបំផុតក្នុងផ្ទះរបស់អ្នកគឺជាមនុស្សតែម្ដង គឺសមាជិកក្នុងក្រុមគ្រួសាររបស់អ្នក? សូមឧបមាថា នៅយប់មួយ អ្នកភ្ញាក់ដោយធំក្លិនផ្សែង។ ភ្លើងកំពុងតែឆេះផ្ទះរបស់អ្នក ហើយអ្នកមានពេលតែមួយភ្លែតដើម្បីនឹងរត់ចេញ! តើអ្នកខ្វល់ខ្វាយដំបូងពីអ្វីទៅ? តើខ្វល់ខ្វាយពីតុទូរបស់អ្នកឬ? តើខ្វល់ខ្វាយពីកុំព្យូទ័ររបស់អ្នក? តើខ្វល់ខ្វាយពីរថយន្តរបស់អ្នកឬ? ឬក៏តើអ្នកគិតអំពីពួកស្ងួនភ្ងារបស់អ្នកទៅវិញ? ប្រាកដហើយអ្នកច្បាស់ជាគិតអ៊ីចឹងមែន ពីព្រោះមនុស្សគឺមានតម្លៃជាងវត្ថុទ្រព្យ។
២. តើការបង្កើតរបស់ព្រះយេហូវ៉ាស្ថិតក្នុងកំរិតណា ហើយតើរបស់មួយណា ដែលព្រះយេស៊ូពិតជាមានព្រះទ័យស្រឡាញ់ជាងគេនោះ?
២ ឥឡូវនេះ សូមគិតអំពីព្រះយេហូវ៉ានិងបុត្រារបស់ទ្រង់ គឺព្រះយេស៊ូគ្រីស្ទ។ ព្រះយេហូវ៉ាជា«ព្រះដែលបង្កើតផ្ទៃមេឃ ផែនដី នឹងសមុទ្រ ហើយរបស់ទាំងអស់ ដែលនៅស្ថានទាំងនោះផង»។ (កិច្ចការ ៤:២៤) បុត្រារបស់ទ្រង់ដែលជា«មេជាង» គឺជាខ្សែរយៈដែលព្រះយេហូវ៉ា បានបង្កើតរបស់សព្វសារពើ។ (សុភាសិត ៨:៣០, ៣១; យ៉ូហាន ១:៣; កូល៉ុស ១:១៥-១៧) យ៉ាងប្រាកដហើយ ទាំងព្រះយេហូវ៉ានិងព្រះយេស៊ូ ចាត់ទុករបស់ទាំងអស់ដែលបានបង្កើតមកគឺមានតម្លៃ។ (ប្រៀបមើល លោកុប្បត្តិ ១:៣១) ប៉ុន្តែតើរបស់មួយណាដែលបានបង្កើតមក ដែលអ្នកគិតថាមានតម្លៃជាងគេចំពោះទ្រង់ វត្ថុឬក៏មនុស្សលោក? មានមុខនាទីជាតួអង្គប្រាជ្ញា នោះព្រះយេស៊ូមានបន្ទូលថា៖ «[អញ]បានសេចក្ដីអំណរ ដោយនៅជាមួយនឹងពួកមនុស្សលោក»។ ឬដូចជាសេចក្ដីបកប្រែព្រះគម្ពីរភាសាខ្មែរសម្រាយថា ព្រះយេស៊ូបាន«មានអំណរនៅក្នុងចំណោមមនុស្សលោក»។
៣. តើទំនាយអ្វីដែលព្រះយេហូវ៉ាបានមានបន្ទូលតាមរយៈហាកាយ?
៣ គ្មានការសង្ស័យទេ ដែលថាព្រះយេហូវ៉ាចាត់ទុកមនុស្សជាមានតម្លៃណាស់។ សេចក្ដីមួយដែលបញ្ជាក់អ៊ីចឹង គឺរកឃើញនូវក្នុងបន្ទូលជាទំនាយ ដែលទ្រង់បានមានបន្ទូលនៅឆ្នាំ៥២០ ម.ស.យ. តាមរយៈព្យាការីរបស់ទ្រង់ ឈ្មោះហាកាយ។ ព្រះយេហូវ៉ាបានប្រកាសថា៖ «អញនឹងអង្រួនអស់ទាំងសាសន៍ ហើយរបស់ដែលគួរគាប់ចិត្តពីអស់ ទាំងសាសន៍ត្រូវតែចូលមក ហើយអញនឹងបំពេញដំណាក់នេះដោយសិរីរុងរឿង . . . សិរីរុងរឿងរបស់ដំណាក់ជាន់ក្រោយនេះ នឹងបានលើសជាងជាន់មុនទៅទៀត»។—ហាកាយ ២:៧, ៩, ព.ថ.
៤, ៥. (ក) ហេតុអ្វីក៏មិនសមហេតុផលដោយសន្និដ្ឋានថា «របស់ដែលគួរគាប់ចិត្ត» សំដៅទៅវត្ថុដ៏អស្ចារ្យនោះ? (ខ) តើអ្នកនឹងបកស្រាយនូវ«របស់ដែលគួរគាប់ចិត្ត»យ៉ាងណា ហើយហេតុអ្វី?
៤ តើ«របស់ដែលគួរគាប់ចិត្ត»អ្វី ដែលនឹងមានពេញដំណាក់របស់ព្រះយេហូវ៉ា ហើយនាំឲ្យមានសិរីរុងរឿង ដែលមិនធ្លាប់មានពីមុនមកនោះ? តើមានតុទូដ៏មានតម្លៃនិងការតុបតែងដ៏ក្បាច់ក្បូរឬទេ? តើមានមាសនិងប្រាក់ និងគ្រាប់ត្បូងដែលមានតម្លៃឬទេ? នេះគឺហាក់ដូចជាមិនសមហេតុផលទេ។ សូមចាំថា ព្រះវិហារពីមុន ដែលបានគេសម្ពោធជាងប្រាំសតវត្សមុននោះ គឺជាមហាប្រាសាទមួយដែលមានតម្លៃរាប់លានកោដិដុល្លា! * យ៉ាងប្រាកដហើយ ព្រះយេហូវ៉ាមិនសង្ឃឹមថា ព្រះវិហារដែលបានសង់ដោយពួកយូដាមួយចំនួនតូចដ៏ជាពួកនិរទេស នឹងធំលើសជាងព្រះវិហាររបស់សាឡូម៉ូន ដែលមានវត្ថុទ្រព្យដ៏ត្រចះត្រចង់នោះទេ!
៥ បើអ៊ីចឹង តើអ្វីទៅជា«របស់ដែលគួរគាប់ចិត្ត» ដែលនឹងមានពេញដំណាក់របស់ព្រះយេហូវ៉ា? យ៉ាងច្បាស់ណាស់ នោះគឺត្រូវតែជាមនុស្សតែម្ដង។ យ៉ាងណាមិញ អ្វីដែលធ្វើឲ្យព្រះទ័យរបស់ព្រះយេហូវ៉ាអរសប្បាយ នោះមិនមែនជាប្រាក់និងមាស តែជាមនុស្សដែលបំរើទ្រង់ដោយសេចក្ដីស្រឡាញ់។ (សុភាសិត ២៧:១១; កូរិនថូសទី១ ១០:២៦) ត្រូវហើយ ព្រះយេហូវ៉ារាប់ជាមានតម្លៃនូវបុរស ស្ត្រី និងក្មេងៗដែលថ្វាយបង្គំទ្រង់ដោយសមគួរ។ (យ៉ូហាន ៤:២៣, ២៤) ពួកទាំងនេះគឺជា«របស់ដែលគួរគាប់ចិត្ត» ហើយពួកគេមានតម្លៃណាស់ចំពោះព្រះយេហូវ៉ា ច្រើនជាងគ្រឿងតុបតែងនៅក្នុងព្រះវិហាររបស់សាឡូម៉ូនទៅទៀត។
៦. តើព្រះវិហារពីបុរាណរបស់ព្រះបានមានបំណងយ៉ាងណា?
៦ ទោះជាមានការទាស់ប្រឆាំងដ៏ឥតឈប់ឈរក៏ដោយ ក៏ព្រះវិហារបានសាងសង់ហើយនៅឆ្នាំ៥១៥ ម.ស.យ.។ ព្រះវិហារនៅក្នុងក្រុងយេរូសាឡិម បានត្រូវគេរក្សាទុកជាមជ្ឈមណ្ឌលនៃការថ្វាយបង្គំបរិសុទ្ធ ចំពោះពួកអ្នកដែលជា«របស់ដែលគួរគាប់ចិត្ត» ដែលមានពួកយូដានិងពួកអ្នកចូលសាសនាយូដាពីសាសន៍ដទៃ។ ប៉ុន្តែ យើងនឹងយល់ឃើញថា ព្រះវិហារនេះបានតំណាងអ្វីមួយដែលធំអស្ចារ្យជាងនោះទៅទៀត។
សេចក្ដីសម្រេចនៅសតវត្សទីមួយ
៧. (ក) តើព្រះវិហារពីបុរាណរបស់ព្រះ ដែលនៅក្នុងក្រុងយេរូសាឡិម បានតំណាងអ្វី? (ខ) សូមពិពណ៌នានូវការប្រព្រឹត្តរបស់សម្ដេចសង្ឃនៅថ្ងៃបុណ្យធួននឹងបាប។
៧ ព្រះវិហារនៅក្នុងទីក្រុងយេរូសាឡិម បានតំណាងនូវរបៀបរៀបចំដ៏ប្រសើរជាងសំរាប់ការថ្វាយបង្គំ។ នេះគឺជាព្រះវិហារខាងវិញ្ញាណរបស់ព្រះ ដែលព្រះយេហូវ៉ាបានស្ថាបនាឡើងនៅឆ្នាំ២៩ ស.យ. ដោយមានព្រះយេស៊ូជាសម្ដេចសង្ឃ។ (ហេព្រើរ ៥:៤-១០; ៩:១១, ១២) សូមពិចារណាមើលនូវការស្របគ្នា រវាងភារកិច្ចនៃសម្ដេចសង្ឃរបស់សាសន៍អ៊ីស្រាអែល និងកិច្ចការរបស់ព្រះយេស៊ូ។ រៀងរាល់ឆ្នាំនៅថ្ងៃបុណ្យធួននឹងបាប នោះសម្ដេចសង្ឃបានទៅឯអាសនៈនៅទីលាននៃព្រះវិហារ ហើយបានថ្វាយសត្វគោឈ្មោលមួយជាដង្វាយ ធួននឹងបាបរបស់ពួកសង្ឃ។ ក្រោយមក លោកបានចូលទៅក្នុងព្រះវិហារដោយយកឈាមគោនោះ ដើរកាត់តាមវាំងននដែលញែកទីធ្លានេះពីទីបរិសុទ្ធ ហើយរួចមកដើរកាត់វាំងននដែលញែកទីបរិសុទ្ធពីទីបរិសុទ្ធបំផុត។ ពេលបានចូលទីបរិសុទ្ធបំផុតហើយ នោះសម្ដេចសង្ឃក៏បាចឈាមនៅមុខហិបនៃកិច្ចព្រមព្រៀង។ រួចមក ដោយធ្វើតាមទម្រង់ការដដែលនេះ នោះគាត់បានថ្វាយពពែមួយជាដង្វាយធួននឹងកុលសម្ព័ន្ធទាំង១២នៃសាសន៍អ៊ីស្រាអែល ដែលមិនមែនខាងសង្ឃនោះឡើយ។ (លេវីវិន័យ ១៦:៥-១៥) តើពិធីបុណ្យនេះមានការទាក់ទងនឹងព្រះវិហារខាងវិញ្ញាណរបស់ព្រះយ៉ាងដូចម្ដេច?
៨. (ក) តើព្រះយេស៊ូបានត្រូវថ្វាយក្នុងន័យយ៉ាងណា ចាប់ផ្ដើមក្នុងឆ្នាំ២៩ ស.យ.? (ខ) តើព្រះយេស៊ូមានទំនាក់ទំនងដ៏ពិសេសណា ជាមួយនឹងព្រះយេហូវ៉ា ក្នុងកំឡុងកិច្ចបំរើរបស់ទ្រង់នៅលើផែនដីនោះ?
៨ ព្រះយេស៊ូបានត្រូវថ្វាយលើអាសនៈជាបំណងព្រះហឫទ័យរបស់ព្រះ ពេលដែលទ្រង់បានទទួលបុណ្យជ្រមុជទឹក ហើយបានចាក់ប្រេងតាំងដោយវិញ្ញាណបរិសុទ្ធរបស់ព្រះនៅក្នុងឆ្នាំ២៩ ស.យ.។ (លូកា ៣:២១, ២២) ប្រាកដហើយ ព្រឹត្ដិការណ៍នេះបានសម្គាល់នូវការចាប់ផ្ដើមដំណើរជីវិតក្នុងការពលី របស់ព្រះយេស៊ូដែលមានរយៈពេលបីឆ្នាំកន្លះ។ (ហេព្រើរ ១០:៥-១០) ក្នុងកំឡុងពេលនោះ ព្រះយេស៊ូមានទំនាក់ទនងជាមួយនឹងព្រះ ជាអ្នកដែលបានត្រូវនាំមកដោយវិញ្ញាណបរិសុទ្ធ។ ជំហរដ៏ចម្លែកអស្ចារ្យនេះដែលព្រះយេស៊ូធ្លាប់មាន ជាមួយនឹងព្រះវរបិតារបស់ទ្រង់នៅស្ថានសួគ៌ គឺមិនអាចយល់បានពេញលេញដោយមនុស្សលោកឯទៀតឡើយ។ នេះគឺហាក់ដូចជារបាំងបានបាំងភ្នែកនៃការវិនិច្ឆ័យ ដូចជារបាំងមួយបានបាំងទីបរិសុទ្ធពីទីដែលពួកអ្នកនៅឯទីធ្លានៃព្រះវិហារនោះដែរ។—និក្ខមនំ ៤០:២៨
៩. ហេតុអ្វីក៏ព្រះយេស៊ូមិនអាចចូលស្ថានសួគ៌ជាមនុស្សម្នាក់ ហើយតើព្រឹត្ដិការណ៍នេះបានប្រែប្រួលយ៉ាងដូចម្ដេច?
៩ ទោះជាទ្រង់ជាបុត្ររបស់ព្រះ ដែលបានចាក់ប្រេងតាំងដោយវិញ្ញាណក៏ដោយ បុរសដ៏ជាព្រះយេស៊ូនេះមិនអាចទទួលជីវិតនៅក្នុងស្ថានសួគ៌ទេ។ ហេតុអ្វីក៏អ៊ីចឹង? ពីព្រោះសាច់ឈាមពុំអាចទទួលជាមរតក នូវព្រះរាជាណាចក្រនៃព្រះនៅស្ថានសួគ៌ឡើយ។ (កូរិនថូសទី១ ១៥:៤៤, ៥០) ដោយព្រោះរូបកាយជាសាច់ឈាមរបស់ព្រះយេស៊ូគឺជាឧបសគ្គ នោះក៏បានតំណាងយ៉ាងត្រឹមត្រូវដោយវាំងនន ដែលបានញែកទីបរិសុទ្ធពីទីបរិសុទ្ធបំផុត នៅក្នុងព្រះវិហារពីបុរាណរបស់ព្រះ។ (ហេព្រើរ ១០:២០) ប៉ុន្តែ បីថ្ងៃក្រោយពីទ្រង់សោយទិវង្គតទៅ នោះព្រះទ្រង់ក៏បានប្រោះព្រះយេស៊ូឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណមួយអង្គ។ (ពេត្រុសទី១ ៣:១៨) រួចមក ទ្រង់អាចចូលទៅក្នុងទីបរិសុទ្ធបំផុតក្នុងព្រះវិហារខាងវិញ្ញាណរបស់ព្រះ គឺនៅក្នុងស្ថានសួគ៌។ ហើយនេះគឺបានកើតឡើងយ៉ាងជាក់លាក់អ៊ីចឹងមែន។ ប៉ុលសរសេរថា៖ «ដ្បិតព្រះគ្រីស្ទទ្រង់មិនបានយាងចូលទៅក្នុងទីបរិសុទ្ធ[តាមមើលទៅសំដៅទៅលើទីបរិសុទ្ធបំផុត]ធ្វើដោយដៃ ដែលជាគំរូពីទីបរិសុទ្ធពិតនោះទេ គឺបានចូលទៅក្នុងស្ថានសួគ៌នោះឯង ដើម្បីនឹងលេចមកក្នុងពេលឥឡូវនេះ នៅចំពោះព្រះភក្ដ្រនៃព្រះ ដំណាងយើងរាល់គ្នា»។—ហេព្រើរ ៩:២៤
១០. តើព្រះយេស៊ូបានធ្វើអ្វី ពេលទ្រង់យាងត្រឡប់ទៅស្ថានសួគ៌វិញនោះ?
១០ នៅស្ថានសួគ៌ព្រះយេស៊ូ‹បានបាចឈាម›នៃដង្វាយរបស់ទ្រង់ ដោយផ្ដល់នូវលោហិតដ៏ជាជីវិតដែលមានតម្លៃលោះ ជូនចំពោះព្រះយេហូវ៉ា។ ក៏ប៉ុន្តែព្រះយេស៊ូបានធ្វើច្រើនជាងនេះទៅទៀត។ មិនយូរប៉ុន្មានមុននឹងទ្រង់សោយទិវង្គតទៅ នោះទ្រង់បានមានបន្ទូលប្រាប់ពួកអ្នកកាន់តាមទ្រង់ថា៖ «ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ»។ (យ៉ូហាន ១៤:២, ៣) ដូច្នេះដោយអាចចូលទៅខាងក្នុងទីបរិសុទ្ធបំផុតគឺស្ថានសួគ៌ នោះព្រះយេស៊ូក៏បានបើកផ្លូវឲ្យអ្នកដទៃធ្វើតាមដែរ។ (ហេព្រើរ ៦:១៩, ២០) ពួកបុគ្គលទាំងនេះ ដែលនឹងមានចំនួន១៤៤.០០០នាក់ នោះនឹងបំរើជាអនុសង្ឃនៅក្នុងព្រះវិហារខាងវិញ្ញាណរបស់ព្រះ។ (វិវរណៈ ៧:៤; ១៤:១; ២០:៦) ដូចជាសម្ដេចសង្ឃក្នុងប្រទេសអ៊ីស្រាអែល បានយកជាដំបូងនូវឈាមគោឈ្មោលចូលទៅក្នុងទីបរិសុទ្ធបំផុត ដើម្បីលោះបាបនៃពួកសង្ឃ នោះតម្លៃនៃលោហិតរបស់ព្រះយេស៊ូដែលបានត្រូវបង្ហូរចេញ មុនដំបូងគឺសំរាប់ពួក១៤៤.០០០នាក់ ដែលជាអនុសង្ឃ។ *
«របស់ដែលគួរគាប់ចិត្ត»នៅសម័យទំនើបនេះ
១១. តើសម្ដេចសង្ឃនៅប្រទេសអ៊ីស្រាអែល បានថ្វាយពពែជាដង្វាយសំរាប់ប្រយោជន៍ដល់អ្នកណា ហើយតើនេះបានតំណាងអ្វី?
១១ មកដល់ឆ្នាំ១៩៣៥ នោះហាក់ដូចជាការប្រមូលយកពួកចាក់ប្រេងតាំងបានត្រូវចប់។ * ប៉ុន្តែ ព្រះយេហូវ៉ាមិនឈប់ធ្វើឲ្យរុងរឿងនូវដំណាក់របស់ទ្រង់ឡើយ។ មិនមែនទេ «របស់ដែលគួរគាប់ចិត្ត»នឹងចូលមកទៀត។ ចូរចាំថាសម្ដេចសង្ឃនៅក្នុងប្រទេសអ៊ីស្រាអែលបានថ្វាយតង្វាយពីរ គឺគោឈ្មោលមួយសំរាប់បាបនៃពួកសង្ឃ និងពពែមួយ សំរាប់បាបនៃពួកកុលសម្ព័ន្ធដែលមិនមែនជាសង្ឃ។ ដោយព្រោះពួកសង្ឃបានតំណាងពួកអ្នកចាក់ប្រេងតាំង ដែលនឹងនៅជាមួយព្រះយេស៊ូនៅក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌ តើពួកកុលសម្ព័ន្ធដែលមិនមែនជាសង្ឃតំណាងពួកអ្នកណាខ្លះ? ចម្លើយគឺរកឃើញបាននៅក្នុងបន្ទូលរបស់ព្រះយេស៊ូ ដែលបានកត់ទុកមកនៅយ៉ូហាន ១០:១៦ ដែលថា៖ «ខ្ញុំក៏មានចៀមឯទៀត ដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ។ ត្រូវតែខ្ញុំនាំចៀមទាំងនោះមកដែរ។ វានឹងស្ដាប់តាមសំឡេងខ្ញុំ។ នោះនឹងមានហ្វូងតែ១ នឹងអ្នកគង្វាលតែ១វិញ»។ ដូច្នេះហើយ លោហិតរបស់ព្រះយេស៊ូដែលបានបង្ហូរចេញ នោះមានប្រយោជន៍ចំពោះមនុស្សពីរក្រុម ទីមួយគឺអស់ពួកគ្រីស្ទាន ដែលសង្ឃឹមនឹងសោយរាជ្យជាមួយនឹងព្រះយេស៊ូនៅស្ថានសួគ៌ និងក្រុមទីពីរ គឺអស់អ្នកដែលទន្ទឹងចាំរស់នៅអស់កល្បជានិច្ចលើផែនដីមនោរម្យ។ តាមមើលទៅ គឺជាក្រុមទីពីរនេះហើយ ដែលត្រូវតំណាងដោយ«របស់ដែលគួរគាប់ចិត្ត» ក្នុងទំនាយរបស់ហាកាយនោះ។—មីកា ៤:១, ២; យ៉ូហានទី១ ២:១, ២
១២. តើ«របស់ដែលគួរគាប់ចិត្ត»ភាគច្រើន កំពុងតែទាក់ទាញចូលដំណាក់របស់ព្រះសព្វថ្ងៃនេះដោយរបៀបណា?
១២ «របស់ដែលគួរគាប់ចិត្ត»ទាំងនេះ គឺនៅតែមកបំពេញដំណាក់របស់ព្រះយេហូវ៉ា។ នៅក្នុងឆ្នាំថ្មីៗនេះ បំរាមបានត្រូវដកចេញនៅអឺរ៉ុបខាងកើត នៅកន្លែងខ្លះនៅទ្វីបអាហ្វ្រិក និងនៅប្រទេសផ្សេងៗ ដែលអនុញ្ញាតឲ្យដំណឹងល្អពីព្រះរាជាណាចក្ររបស់ព្រះដែលបានស្ថាបនាឡើង នោះអាចរីកចំរើននៅក្នុងតំបន់ដែលមិនទាន់បានផ្សព្វផ្សាយរហូតមកដល់ពេលនេះ។ កាលដែលពួកដ៏គួរគាប់ចិត្តចូលក្នុងរបៀបរៀបចំខាងព្រះវិហាររបស់ព្រះហើយ បន្ទាប់មក ក្នុងការស្ដាប់តាមបទបញ្ជារបស់ព្រះយេស៊ូ ពួកគេក៏ខំបង្កើតឲ្យមានសិស្សឯទៀតៗដែរ។ (ម៉ាថាយ ២៨:១៩, ២០) កាលដែលធ្វើកិច្ចការនេះ ពួកគេជួបមនុស្សជាច្រើន ទាំងក្មេងទាំងចាស់ ដែលមានលទ្ធភាពក្លាយទៅជា«របស់ដែលគួរគាប់ចិត្ត» ដែលនឹងកំពុងតែធ្វើឲ្យមានសិរីរុងរឿងក្នុងដំណាក់របស់ព្រះយេហូវ៉ា។ សូមពិចារណាមើលនូវឧទាហរណ៍ខ្លះៗ អំពីរបៀបដែលរឿងនេះកំពុងតែកើតឡើង។
១៣. តើតាមរបៀបណាដែលក្មេងស្រីដ៏តូចម្នាក់នៅប្រទេសបូឡាវី បានបង្ហាញនូវសេចក្ដីខ្នះខ្នែងរបស់នាងចំពោះការចែកចាយសារព្រះរាជាណាចក្រនោះ?
១៣ នៅប្រទេសបូឡាវី ក្មេងស្រីម្នាក់ដែលមានអាយុប្រាំឆ្នាំ ហើយបានត្រូវចិញ្ចឹមអប់រំដោយឪពុកម្ដាយដែលជាស្មរបន្ទាល់ នោះបានសូមច្បាប់ពីគ្រូរបស់នាង សំរាប់កំឡុងមួយសប្ដាហ៍នៃទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យមណ្ឌល។ ហេតុអ្វី? នាងចង់ចូលរួមក្នុងកិច្ចបំរើពេញមួយសប្ដាហ៍ដ៏ពិសេសនេះ។ នេះបានធ្វើឲ្យឪពុកម្ដាយនាងភ្ញាក់ផ្អើល ប៉ុន្តែពួកគាត់មានចិត្តរីករាយ ដែលកូនមានអាកប្បកិរិយាដ៏ល្អបែបនេះ។ ក្មេងស្រីនេះឥឡូវបង្រៀនសិស្សព្រះគម្ពីរប្រាំនាក់ ហើយសិស្សខ្លះនេះមកកិច្ចប្រជុំគ្រីស្ទានដែរ។ នាងព្រមទាំងបាននាំគ្រូបង្រៀនរបស់នាងមកឯសាលព្រះរាជាណាចក្រដែរ។ ប្រហែលជានៅពេលក្រោយមក នោះសិស្សព្រះគម្ពីរខ្លះរបស់នាងនឹងបង្ហាញថា គេជា«របស់ដែលគួរគាប់ចិត្ត» ដែលនឹងធ្វើឲ្យមានសិរីរុងរឿងដល់ដំណាក់របស់ព្រះយេហូវ៉ា។
១៤. នៅប្រទេសកូរ៉េ តើតាមរបៀបណាដែលការខំព្យាយាមរបស់បងស្រីម្នាក់ ជាមួយនឹងបុគ្គលដែលមានទំនងដូចជាមិនចាប់អារម្មណ៍ បានត្រូវទទួលពរនោះ?
១៤ កាលដែលកំពុងតែរង់ចាំនៅស្ថានីយរទេះភ្លើង នោះស្ត្រីគ្រីស្ទានម្នាក់នៅប្រទេសកូរ៉េ បាននិយាយទៅសិស្សម្នាក់ដែលកំពុងតែស្ដាប់ភ្លេង ដោយប្រើប្រដាប់ពាក់ស្ដាប់។ នាងនេះសួរថា៖ «តើអ្នកកាន់សាសនាមួយឬទេ?»។ សិស្សនេះបានតបឆ្លើយថា៖ «ខ្ញុំឥតចាប់អារម្មណ៍នឹងសាសនាណាមួយនោះឡើយ»។ នេះមិនបានធ្វើឲ្យបងស្ត្រីយើងញញើតនោះទេ។ បងស្រីបាននិយាយបន្តថា៖ «កាលដែលពេលវេលាចេះតែកន្លងផុតទៅនោះ បុគ្គលម្នាក់ប្រហែលជាចង់ជ្រើសរើសយកសាសនាមួយ។ ក៏ប៉ុន្តែប្រសិនបើគាត់ឥតមានចំណេះអំពីសាសនានោះទេ គាត់ប្រហែលជាជ្រើសរើសយកសាសនាខុសមួយមិនខាន»។ ទឹកមុខរបស់សិស្សនេះក៏បានផ្លាស់ប្ដូរ ហើយគាត់ក៏បានចាប់ផ្ដើមស្ដាប់បងស្រីរបស់យើង ដោយចាប់អារម្មណ៍។ បងស្រីបានស្នើផ្ដល់ឲ្យគាត់នូវសៀវភៅ តើមានព្រះអាទិទេពដែលយកចិត្តទុកដាក់នឹងអ្នកឬទេ? ហើយបានប្រាប់ថាសៀវភៅនេះនឹងពិតជាជួយគាត់យ៉ាងពិតប្រាកដ នៅពេលណាដែលគាត់ចង់ជ្រើសរើសសាសនាមួយមែននោះ។ បុរសនេះបានទទួលសៀវភៅដោយគ្មានការបង្ខំ។ មួយសប្ដាហ៍ក្រោយមក គាត់បានចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយនឹងស្មរបន្ទាល់ព្រះយេហូវ៉ា ហើយឥឡូវនេះ គាត់កំពុងទៅចូលរួមកិច្ចប្រជុំទាំងអស់។
១៥. នៅប្រទេសជប៉ុន តើក្មេងស្រីម្នាក់ផ្ដើមការសិក្សាព្រះគម្ពីរជាមួយគេតាមរបៀបណា ហើយតើនាងបានទទួលរង្វាន់យ៉ាងណា ដោយព្រោះការខំប្រឹងរបស់នាងនោះ?
១៥ នៅប្រទេសជប៉ុន នាងមេហ្គូមីដែលអាយុ១២ឆ្នាំ នោះចាត់ទុកថាសាលារបស់នាងជាកន្លែងដ៏វិសេស សំរាប់កិច្ចការផ្សព្វផ្សាយនិងការបង្រៀន។ នាងព្រមទាំងអាចផ្ដើមការសិក្សាជាមួយសិស្សជាច្រើននាក់ផង។ តើនាងមេហ្គូមីសម្រេចការនេះយ៉ាងដូចម្ដេច? ដោយព្រោះនាងអានព្រះគម្ពីរឬរៀបចំសំរាប់កិច្ចប្រជុំ ក្នុងកំឡុងពេលបរិភោគអាហារថ្ងៃត្រង់ នោះសិស្សរួមថ្នាក់ជាមួយនាងតែងសួរនាងធ្វើអ្វី។ សិស្សខ្លះសួរមេហ្គូមីនូវមូលហេតុដែលនាង មិនចូលរួមក្នុងសកម្មភាពខ្លះៗនៅឯសាសា។ មេហ្គូមីឆ្លើយសំនួររបស់គេ ហើយក៏ប្រាប់ពួកគេថាព្រះមានព្រះនាម។ ជាញឹកញយការធ្វើនេះនាំឲ្យអ្នកស្ដាប់នាងចាប់អារម្មណ៍។ រួចមក នាងក៏អញ្ជើញគេរៀនព្រះគម្ពីរ។ ឥឡូវនេះមេហ្គូមីមានសិស្សព្រះគម្ពីរ២០នាក់ ហើយ១៨នាក់នោះជាសិស្សរួមថ្នាក់ជាមួយនាង។
១៦. នៅប្រទេសកាមេរូន តើបងប្រុសម្នាក់បានចាប់ផ្ដើមសិក្សាព្រះគម្ពីរ ជាមួយនឹងពួកអ្នកចំអកមើលងាយខ្លះៗតាមរបៀបណា?
១៦ នៅឯប្រទេសកាមេរូន មានពួកបុរសប្រាំបីនាក់ដែលកំពុងតែធ្វើការ ដែលបានស្រែកហៅបងប្រុសម្នាក់ ដែលកំពុងតែស្នើផ្ដល់ប្រកាសនវត្ថុដល់ពួកដែលដើរកាត់នោះ។ ដោយចង់ចំអកមើលងាយបងប្រុសនេះ នោះពួកគេបានសួរគាត់ពីមូលហេតុដែលគាត់មិនជឿលើលទ្ធិព្រះត្រីឯកភាព ភ្លើងនរក ឬក៏ព្រលឹងអមតៈ។ បងប្រុសរបស់យើងបានតបឆ្លើយសំនួររបស់គេ ដោយប្រើព្រះគម្ពីរ។ ជាលទ្ធផល នោះបុរសបីនាក់បានយល់ព្រមសិក្សាព្រះគម្ពីរ។ បុគ្គលម្នាក់នៅក្នុងចំណោមពួកបុរសទាំងនេះ គឺឈ្មោះដានីយ៉ែល បានចាប់ផ្ដើមមកចូលរួមកិច្ចប្រជុំ ហើយព្រមទាំងកំទេចចោលនូវវត្ថុទ្រព្យរបស់គាត់ ដែល ទាក់ទងនឹងមន្តអាគម។ (វិវរណៈ ២១:៨) គ្រាន់តែក្នុងរយៈពេលជិតមួយឆ្នាំ គាត់បានទទួលបុណ្យជ្រមុជទឹក។
១៧. នៅប្រទេសអែលសាវ៉ាឌរ តើបងប្រុសខ្លះបានប្រើការប៉ិនប្រសប់យ៉ាងណា ដើម្បីផ្សព្វផ្សាយប្រាប់បុរសម្នាក់ដែលមុនដំបូងមិនចង់ឮសារព្រះរាជាណាចក្រនោះ?
១៧ នៅឯប្រទេសអែលសាវ៉ាឌ បុរសម្នាក់បានចងឆ្កែដ៏កាចរបស់គាត់នៅពីមុខទ្វារ ពេលណាក៏ដោយដែលគាត់បានឃើញស្មរបន្ទាល់ព្រះយេហូវ៉ានៅជិតនោះ។ បុរសនេះនឹងរង់ចាំឲ្យពួកស្មរបន្ទាល់ដើរហួសទៅ ហើយរួចមក គាត់នឹងនាំឆ្កែរបស់គាត់ចូលក្នុងផ្ទះវិញ។ បងប្អូនរបស់យើងពុំដែលអាចនិយាយជាមួយបុរសនេះទេ។ ដូច្នេះ នៅថ្ងៃមួយ បងប្អូនយើងបានសម្រេចចិត្តសាកវិធីផ្សេង។ ពួកគេបានសម្រេចចិត្តនិយាយផ្សព្វផ្សាយប្រាប់ឆ្កែនេះ ដោយដឹងថាបុរសនោះអាចឮគេបាន។ ពួកគេបានមកដល់ផ្ទះគាត់ ហើយក៏ជំរាបសួរឆ្កែនេះ ហើយនិយាយថា គេមានចិត្តរីករាយណាស់ដែលមានឱកាសដើម្បីនឹងនិយាយជាមួយវានោះ។ ពួកគេបាននិយាយប្រាប់អំពីគ្រាមួយដែលមានសួនមនោរម្យនៅលើផែនដី ហើយជាពេលដែលគ្មានអ្នកណាមួយដែលនឹងមានចិត្តខឹងឡើយ ត្រូវហើយ សូម្បីតែសត្វក៏នឹងមានចិត្តស្លូតដែរ។ រួចមក គេបានលាឆ្កែនេះ ហើយក៏ចាប់ផ្ដើមដើរទៅវិញ។ នេះធ្វើឲ្យភ្ញាក់ផ្អើលដល់បងប្អូនរបស់យើង ព្រោះបុរសនេះក៏ចេញពីផ្ទះគាត់មក ហើយបានសូមអត់ទោសដោយសារ គាត់មិនដែលឲ្យពួកស្មរបន្ទាល់មានឱកាសនិយាយជាមួយគាត់។ គាត់បានព្រមទទួលនូវទស្សនាវដ្ដី ហើយក៏ចាប់ផ្ដើមរៀនព្រះគម្ពីរទៅ។ បុរសនេះឥឡូវជាបងប្រុសរបស់យើងហើយ គឺជាបុគ្គលម្នាក់ក្នុងចំណោម«របស់ដែលគួរគាប់ចិត្ត»!
«កុំឲ្យខ្លាចឡើយ»
១៨. តើពួកគ្រីស្ទានជាច្រើននាក់ប្រឈមមុខបញ្ហាអ្វី? ប៉ុន្តែតើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណា ចំពោះពួកអ្នកថ្វាយបង្គំរបស់ទ្រង់?
១៨ តើអ្នកកំពុងតែចូលរួមក្នុងកិច្ចការដ៏ចាំបាច់ ជាការផ្សព្វផ្សាយព្រះរាជាណាចក្រ និងការបង្កើតឲ្យមានសិស្សនោះទេ? បើអ៊ីចឹង នោះអ្នកពិតជាមានឯកសិទ្ធិល្អណាស់។ ប្រាកដមែន គឺតាមរយៈកិច្ចការទាំងនេះហើយ «របស់ដែលគួរគាប់ចិត្ត» កំពុងតែត្រូវព្រះយេហូវ៉ាទាក់ទាញចូលមកក្នុងដំណាក់របស់ទ្រង់។ (យ៉ូហាន ៦:៤៤) ពិតមែនហើយ ម្ដងម្កាលអ្នកប្រហែលជាអស់កម្លាំងឬក៏ធ្លាក់ទឹកចិត្តផង។ នៅពេលខ្លះ សូម្បីតែនៅក្នុងចំណោមពួកអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា ក៏មានអារម្មណ៍នៃភាពឥតមានតម្លៃដែរ។ ប៉ុន្តែកុំឲ្យចុះចាញ់នោះឡើយ! ព្រះយេហូវ៉ាចាត់ទុកបុគ្គលម្នាក់ៗនៃពួកអ្នកថ្វាយបង្គំរបស់ទ្រង់ ថាជាទីគួរគាប់ចិត្ត ហើយទ្រង់មានព្រះទ័យយ៉ាងខ្នះខ្នែង ដើម្បីឲ្យអ្នកបានសង្គ្រោះ។—ពេត្រុសទី២ ៣:៩
១៩. តើព្រះយេហូវ៉ាប្រទាននូវការលើកទឹកចិត្តអ្វី តាមរយៈហាកាយ ហើយតើពាក្យទាំងនេះអាចជាប្រភពនៃកម្លាំងរបស់យើងយ៉ាងដូចម្ដេច?
១៩ នៅពេលដែលយើងមានអារម្មណ៍ធ្លាក់ទឹកចិត្ត មិនថាដោយសារការប្រឆាំងឬក៏កាលៈទេសៈមិនល្អនោះក៏ដោយ ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជូនចំពោះពួកយូដាដែលបានត្រូវនាំមកមាតុភូមិវិញ អាចជាប្រភពនៃកម្លាំងបាន។ នៅហាកាយ ២:៤-៦ យើងអានថា៖ «ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឱសូរ៉ូបាបិលអើយ ចូរមានកំឡាំងឥឡូវចុះ ឱយេសួរ ជាកូនយ៉ូសាដាកដ៏ជាសង្ឃធំអើយ ចូរមានកំឡាំងដែរ ឯឯងរាល់គ្នាជាជនជាតិនៃស្រុកនេះអើយ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរឯងរាល់គ្នាមានកំឡាំង ហើយធ្វើការទៅ ដ្បិតអញនៅជាមួយនឹងឯងហើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាពាក្យ ដែលអញតាំងជាសញ្ញានឹងឯងរាល់គ្នា ក្នុងកាលដែលឯងឡើងចេញពីស្រុកអេស៊ីព្ទមក ឯវិញ្ញាណរបស់អញក៏ស្ថិតនៅជាមួយនឹងឯងរាល់គ្នាដែរ កុំឲ្យខ្លាចឡើយ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះថា នៅតែបន្ដិចទៀត អញនឹងអង្រួនទាំងផ្ទៃមេឃនឹងផែនដី ទាំងសមុទ្រ នឹងទីគោកផង»។ ចូរកត់សម្គាល់ថា ព្រះយេហូវ៉ាមិនគ្រាន់តែដាស់តឿនយើងឲ្យមានកម្លាំងឡើងនោះទេ ក៏ប៉ុន្តែផ្ដល់ឲ្យយើងនូវរបៀបដើម្បីទទួលកម្លាំងនោះវិញដែរ។ តើយ៉ាងដូចម្ដេច? ចូរកត់សម្គាល់នូវពាក្យដែលធ្វើឲ្យមានការទុកចិត្តនេះ ដែលថា៖ «អញនៅជាមួយនឹងឯងហើយ»។ គឺជាការគួរឲ្យពង្រឹងជំនឿមែន ដោយដឹងថា ទោះជាយើងជួបប្រទះឧបសគ្គអ្វីក៏ដោយ ក៏ព្រះយេហូវ៉ានៅជាមួយនឹងយើងដែរ!—រ៉ូម ៨:៣១
២០. តើតាមវិធីណាដែលសិរីរុងរឿងដ៏មិនធ្លាប់មានពីមុនមកនេះ ឥឡូវកំពុងតែបំពេញដំណាក់របស់ព្រះយេហូវ៉ានោះ?
២០ ព្រះយេហូវ៉ាប្រាកដជាបានបង្ហាញភស្តុតាងថា ទ្រង់គង់នៅជាមួយ រាស្ត្រទ្រង់មែន។ ប្រាកដហើយ នេះគឺដូចជាអ្វីដែលទ្រង់បានមានបន្ទូលតាមរយៈព្យាការីហាកាយ ដែលថា៖ «សិរីរុងរឿងរបស់ដំណាក់ជាន់ក្រោយនេះ នឹងបានលើសជាងជាន់មុនទៅទៀត ហើយអញនឹងឲ្យមានសេចក្ដីសុខសាន្តនៅទីនេះផង»។ (ហាកាយ ២:៩, ព.ថ.) ពិតមែនហើយ សិរីរុងរឿងដ៏ប្រសើរបំផុតសព្វថ្ងៃនេះ គឺអាចឃើញបាននៅក្នុងព្រះវិហារខាងវិញ្ញាណរបស់ព្រះយេហូវ៉ា។ អ៊ីចឹងហើយបានជាមនុស្សរាប់ពាន់នាក់ កំពុងតែចូលមកការថ្វាយបង្គំពិតជារៀងរាល់ឆ្នាំ។ ពួកទាំងនេះកំពុងតែទទួលការបំប៉នយ៉ាងល្អខាងវិញ្ញាណ ហើយសូម្បីតែនៅក្នុងពិភពលោកដែលច្របូកច្របល់នេះក៏ដោយ មានតែពិភពលោកថ្មីទេដែលនឹងមានសន្ដិភាពល្អប្រសើរជាងសន្ដិភាពរបស់ពួកគេនៅឥឡូវនេះ។—អេសាយ ៩:៦, ៧; លូកា ១២:៤២
២១. តើយើងគួរតែតាំងចិត្តធ្វើអ្វី?
២១ ការអង្រួនសាសន៍ទាំងឡាយដោយព្រះយេហូវ៉ានៅឯអើម៉ាគេដូន គឺនឹងមានមកនៅពេលឆាប់ៗខាងមុខនេះ។ (វិវរណៈ ១៦:១៤, ១៦) ដូច្នេះហើយសូមឲ្យយើងប្រើពេលវេលាទាំងប៉ុន្មានដែលនៅសល់ ដើម្បីជួយសង្គ្រោះមនុស្សជាច្រើនទៀត។ សូមឲ្យយើងមានចិត្តមុតមាំ ហើយមានការទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ា។ សូមឲ្យយើងតាំងចិត្តបន្តថ្វាយបង្គំនៅក្នុងព្រះវិហារខាងវិញ្ញាណរបស់ព្រះយេហូវ៉ា ដោយបំពេញក្នុងដំណាក់នេះនូវពួកអ្នកជាច្រើនទៀត ដែលរាប់ទុកថាជា«របស់ដែលគួរគាប់ចិត្ត» រហូតដល់ទ្រង់មានបន្ទូលថា កិច្ចការរបស់យើងបានចប់ហើយ។
[កំណត់សម្គាល់]
^ ចំនួនដែលបានផ្ដល់ជាវិភាគទាន សំរាប់ការសាងសង់វិហាររបស់សាឡូម៉ូន គឺស្មើនឹង៤ពាន់កោដិដុល្លាសព្វថ្ងៃនេះ។ អ្វីដែលមិនបានប្រើសំរាប់កិច្ចការសាងសង់ បានត្រូវទុកនៅក្នុងរតនាគាររបស់ព្រះវិហារ។—ពង្សាវតារក្សត្រទី១ ៧:៥១
^ មិនដូចសម្ដេចសង្ឃនៅប្រទេសអ៊ីស្រាអែល ព្រះយេស៊ូឥតមានបាប ដែលត្រូវការនូវការធួនបាបនោះទេ។ ប៉ុន្តែ ពួកសង្ឃដែលចូលរួមជាមួយទ្រង់គឺមានបាប ពីព្រោះពួកគេបានត្រូវយកពីចំណោមមនុស្សលោកដែលមានបាប។—វិវរណៈ ៥:៩, ១០
^ សូមមើលទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៩៨ ទំព័រ ២៨-៣២។
តើអ្នកនៅចាំឬទេ?
• តើអ្វីដែលមានតម្លៃជាងវត្ថុទ្រព្យចំពោះព្រះយេហូវ៉ា?
• តើលោហិតរបស់ព្រះយេស៊ូដែលបានត្រូវបង្ហូរចេញ មានប្រយោជន៍ដល់មនុស្សពីរក្រុមណា?
• តើអ្នកណាជា«របស់ដែលគួរគាប់ចិត្ត» ដែលនឹងត្រូវបំពេញដំណាក់របស់ព្រះយេហូវ៉ាដោយសិរីរុងរឿងនោះ?
• តើយើងមានទីសំអាងណា ដែលថាទំនាយរបស់ហាកាយ គឺកំពុងតែសម្រេចសព្វថ្ងៃនេះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបនៅទំព័រ២៤]
(ដើម្បីមើលឃើញទាំងអស់ សូមមើលទស្សនាវដ្ដី)
តើអ្នកដឹងនូវសារៈសំខាន់ដ៏ជានិមិត្តរូបនៃព្រះវិហារពីបុរាណ របស់ព្រះយេហូវ៉ានោះទេ?
ទីបរិសុទ្ធបំផុត
វាំងនន
ទីបរិសុទ្ធ
ខ្លោងទ្វារ
អាសនៈ
ទីធ្លា
[រូបភាពនៅទំព័រ២៥]
សម្ដេចសង្ឃបានថ្វាយគោឈ្មោលមួយជាតង្វាយសំរាប់បាបនៃពួកលេវី និងពពែមួយសំរាប់បាបនៃពួកកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលដែលមិនមែនជាសង្ឃទេ
[រូបភាពនៅទំព័រ២៦]
កិច្ចការផ្សព្វផ្សាយព្រះរាជាណាចក្រពាសពេញពិភពលោក គឺកំពុងតែទាក់ទាញមនុស្សជាច្រើនចូលមកក្នុងដំណាក់របស់ព្រះយេហូវ៉ា