លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរស្ដាប់តាមសេចក្ដីព្រមាន!

ចូរស្ដាប់តាមសេចក្ដីព្រមាន!

ចូរ​ស្ដាប់​តាម​សេចក្ដី​ព្រមាន!

ប៊ូ​ង! នៅ​ថ្ងៃ​ទី​៣​ខែ​មិថុនា ឆ្នាំ​១៩៩១ ភ្នំ​ហ្វូចិន​នៅ​ប្រទេស​ជប៉ុន​បាន​ផ្ទុះ​ចេញ​ឧស្ម័ន​ភ្នំ​ភ្លើង​និង​ផេះ​ដោយ​រំពង​ឮ​ខ្ទរ​ខ្ទារ​យ៉ាង​ខ្លាំង កំអែល​ចំ​រុះ​ធាតុ​ដ៏​ក្ដៅ​ក្រៃ​លែង​បាន​ហូរ​ចុះ​តាម​ជម្រាល​ភ្នំ។ ការ​ផ្ទុះ​នេះ​បាន​សម្លាប់​អស់​មនុស្ស​៤៣​នាក់។ មនុស្ស​ដែល​ស្ទើរ​តែ​មិន​រួច​រស់​ជីវិត​ជា​ច្រើន​នាក់​បាន​រង​របួស​យ៉ាង​ខ្លាំង​ដោយ​ត្រូវ​រលាក។ អ្នក​ខ្លះ​ទៀត​បាន​ស្រែក​ថា៖ «ទឹក ទឹក សូម​ទឹក»។ អ្នក​ពន្លត់​អគ្គី​ភ័យ​និង​ប៉ូលិស​បាន​រត់​ចុះ​ឡើង​យ៉ាង​វក់វី​ដើម្បី​ជួយ​សង្គ្រោះ​ពួក​គេ។

ប្រមាណ​ពីរ​សប្ដាហ៍​មុន​នឹង​ភ្នំ​នេះ​ផ្ទុះ គេ​បាន​ឃើញ​កំអែល​ភ្នំ​ភ្លើង​មួយ​ដែល​មាន​រាង​ក្រឡូម​នៅ​កំពូល​ភ្នំ​ហ្វូចិន។ ដូច្នេះ​អាជ្ញាធរ​និង​អ្នក​ស្រុក​នោះ​បាន​ចាំ​មើល​ដោយ​ប្រុង​ប្រយ័ត្ន។ អស់​ជាង​មួយ​អាទិត្យ​មុន​មហន្តរាយ​នោះ មាន​ការ​ជូន​យោបល់​ថា​គួរ​តែ​រើ​ចេញ​ពី​តំបន់​នេះ។ មួយ​ថ្ងៃ​មុន​ការ​ផ្ទុះ ពួក​ប៉ូលិស​បាន​សូម​ពួក​អ្នក​កាសែត​កុំ​ទៅ​តំបន់​ដែល​ត្រូវ​ហាម​មិន​ឲ្យ​ចូល​នោះ។ យ៉ាង​ណា​ក៏​ដោយ នៅ​រសៀល​ដែល​ប្រកប​ដោយ​អន្តរាយ​នោះ មនុស្ស​៤៣​នាក់​បាន​នៅ​ត្រង់​តំបន់​គ្រោះ​ថ្នាក់​នោះ។

ហេតុ​អ្វី​បាន​ជា​មនុស្ស​ជា​ច្រើន​នាក់ ហ៊ាន​ប្រថុយ​ចូល​ក្នុង​តំបន់​នោះ​ឬ​ក៏​នៅ​ទី​នោះ? កសិករ​ខ្លះ​ដែល​បាន​រើ​ចេញ​ពី​ផ្ទះ បាន​ត្រឡប់​ទៅ​វិញ​ដើម្បី​មើល​ទ្រព្យ​សម្បត្ដិ​និង​វាល​ស្រែ​របស់​គេ។ អ្នក​ស្រាវ​ជ្រាវ​ភ្នំ​ភ្លើង​បាន​ខិត​ខំ​ទៅ​ជិត​ភ្នំ​ភ្លើង​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​អស់​ចំណាប់​អារម្មណ៍​ខាង​ការ​សិក្សា​របស់​គេ។ អ្នក​កាសែត​មួយ​ចំនួន​និង​អ្នក​ថត​រូប បាន​ហ៊ាន​ឆ្លង​ព្រំ​ដែន​តំបន់​ហាមឃាត់ ពីព្រោះ​គេ​ចង់​យក​ពត៌មាន​មុន​គេ​បង្អស់​អំពី​សកម្មភាព​ភ្នំ​ភ្លើង។ អ្នក​បើក​បរ​ឡាន​តាក់​ស៊ី​បី​នាក់​ដែល​ត្រូវ​ជួល​ដោយ​អ្នក​កាសែត ក៏​បាន​នៅ​ទី​នោះ​ដែរ។ ពួក​ប៉ូលិស​និង​អ្នក​ពន្លត់​អគ្គី​ភ័យ​ស្ម័គ្រ​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​កន្លែង​នោះ។ គេ​ម្នាក់​ៗ​បាន​មាន​ហេតុ​ផ្ទាល់​ខ្លួន ក្នុង​ការ​ចូល​ក្នុង​តំបន់​គ្រោះ​ថ្នាក់ ហើយ​ជា​លទ្ធផល ពួក​គាត់​បាន​បាត់​បង់​នូវ​ជីវិត​របស់​ខ្លួន។

តើ​អ្នក​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់​ទេ?

ប្រហែល​ជា​យើង​ទាំង​អស់​គ្នា​មិន​មែន​រស់​នៅ​ជិត​នឹង​ភ្នំ​ភ្លើង ដែល​មាន​សកម្មភាព​ទេ។ ក៏​ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​បើ​សិន​ជា​យើង​កំពុង​តែ​ប្រឈម​មុខ​នឹង​មហន្តរាយ​មួយ​ទូទាំង​ផែនដី ដែល​នាំ​ឲ្យ​យើង​ទាំង​អស់​គ្នា​ស្ថិត​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់ រួម​បញ្ចូល​ផែនដី​យើង​ទាំង​មូល​ផង​ដែរ​នោះ? សៀវភៅ​មួយ​ដែល​បាន​ទៅ​ជា​ប្រភព​នៃ​ពត៌មាន​ខាង​ទំនាយ ព្រមាន​យើង​ពី​មហន្តរាយ​ទូទាំង​ពិភព​លោក​មួយ ដែល​កំពុង​តែ​មក​ដល់​និង​ពណ៌នា​អំពី​មហន្តរាយ​នោះ ដោយ​ចែង​ថា៖ «ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ខែ​នឹង​លែង​ភ្លឺ អស់​ទាំង​ផ្កាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​អស់​ទាំង​អំណាច​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក . . . គ្រប់​ទាំង​ពូជមនុស្ស​នៅ​ផែនដី​នឹង​គក់​យំ»។ (ម៉ាថាយ ២៤:២៩, ៣០) នៅ​ទី​នេះ​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​នៅ​លើ​មេឃ ដែល​មាន​ឥទ្ធិពល​ទូទាំង​សកល​លោក ហើយ​ត្រូវ​ពណ៌នា​ថា​នឹង​មាន​អានុភាព​ទៅ​លើ«គ្រប់​ទាំង​ពូជ​មនុស្ស»ទៀត​ផង។ បើ​និយាយ​ជា​រួម ទំនាយ​នេះ​ទាក់​ទង​នឹង​មហន្តរាយ​មួយ ដែល​នឹង​មាន​អានុភាព​ទៅ​លើ​យើង​ម្នាក់​ៗ។

សៀវភៅ​នៃ​ទំនាយ​ដែល​គួរ​ទុក​ចិត្ត​នេះ​គឺ​ជា​ព្រះ​គម្ពីរ។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ដែល​បរិបទ​នៃ​ខ​គម្ពីរ​ខាង​លើ​នេះ បាន​ពិពណ៌នា​ដ៏​ល្អិត​ល្អន់​ពី​អ្វី​ដែល​នឹង​កើត​ឡើង មុន​មហន្តរាយ​ទូទាំង​ផែនដី​នោះ។ ដូច​ជា​កំអែល​ភ្នំ​ភ្លើង​ដែល​មាន​រាង​ក្រឡូម​និង​សញ្ញា​ផ្សេង​ទៀត​នៃ​ភ្នំ​ភ្លើង បាន​ឲ្យ​អ្នក​ទទួល​បន្ទុក​នៅ​ទី​ក្រុង​ស៊ីម៉ាបារ៉ា មាន​ហេតុ​កំណត់​ថា​នេះ​ជា​តំបន់​គ្រោះ​ថ្នាក់ នោះ​ព្រះ​គម្ពីរ​ក៏​ឲ្យ​យើង​នូវ​មូលហេតុ ដើម្បី​ចាំ​យាម​យ៉ាង​ប្រុង​ប្រយ័ត្ន​ហើយ​រៀបចំ​ខ្លួន​យើង​ជា​ស្រេច​ដើម្បី​ឲ្យ​រួច​រស់​ជីវិត។ យើង​អាច​រៀន​គោល​ការណ៍​មួយ​ពី​រឿង​ដែល​ធ្វើ​ឲ្យ​ខ្លោច​ផ្សា​នៅ​ភ្នំ​ហ្វូចិន ហើយ​យល់​ដឹង​ពី​ភាព​ធ្ងន់​ធ្ងរ​នៃ​អ្វី​ដែល​ស្ថិត​នៅ​ខាង​មុខ។

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូប​ភាព​នៅ​ទំព័រ​៣]

Yomiuri/Orion Press/Sipa Press