លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរឲ្យបានស្គាល់«គំនិតជារបស់ផងព្រះគ្រីស្ទ»

ចូរឲ្យបានស្គាល់«គំនិតជារបស់ផងព្រះគ្រីស្ទ»

ចូរ​ឲ្យ​បាន​ស្គាល់«គំនិត​ជា​របស់​ផង​ព្រះ​គ្រីស្ទ»

«ដ្បិត​តើ​អ្នក​ណា​បាន​ស្គាល់​គំនិត​នៃ​ព្រះ​អម្ចាស់[ព្រះ​យេហូវ៉ា] តើ​អ្នក​ណា​នឹង​បង្រៀន​ទ្រង់​បាន តែ​យើង​រាល់​គ្នា​មាន​គំនិត​ជា​របស់​ផង​ព្រះ​គ្រីស្ទ​វិញ»។—កូរិនថូស​ទី​១ ២:១៦

១, ២. តាម​បន្ទូល​របស់​ទ្រង់ តើ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​លាត​ត្រដាង​អ្វី​អំពី​ព្រះ​យេស៊ូ​នោះ?

 តើ​ព្រះ​យេស៊ូ​មាន​រូប​រាង​យ៉ាង​ណា​ទៅ? តើ​ព្រះ​កេសា​របស់​ទ្រង់​មាន​សម្បុរ​អ្វី​ដែរ? ចុះ​យ៉ាង​ណា​វិញ​ចំពោះ​សម្បុរ និង​ព្រះ​នេត្រ​របស់​ទ្រង់​នោះ? តើ​ទ្រង់​មាន​កំពស់​ប៉ុន្មាន? តើ​ទ្រង់​មាន​ទម្ងន់​ប៉ុន្មាន​ដែរ? ក្នុង​កំឡុង​ជា​ច្រើន​សតវត្ស​មក​ហើយ គំនូរ​ទាំង​ប៉ុន្មាន​ដែល​តំណាង​ព្រះ​យេស៊ូ នោះ​បញ្ជាក់​រូប​រាង​ផ្សេង​ៗ ពី​ភាព​សមរម្យ រហូត​ដល់​រូប​រាង​ដែល​ប្រាកដ​ជា​មិន​ពិត​ទៅ​វិញ។ អ្នក​ខ្លះ​បាន​ពណ៌នា​ទ្រង់​ជា​វីរបុរស​ម្នាក់ ហើយ​មាន​បុគ្គលិក​លក្ខណៈ​ដ៏​រស់​រវើក។ ប៉ុន្តែ អ្នក​ដទៃ​ទៀត​បាន​ពណ៌នា​ទ្រង់​ជា​បុគ្គល​ដ៏​ទន់​ខ្សោយ​និង​ស្លេក​ស្លាំង​ផង​ដែរ។

ប៉ុន្តែ​ព្រះ​គម្ពីរ​ពុំ​ដៅ​បញ្ជាក់​លើ​អាការ​ក្រៅ​របស់​ព្រះ​យេស៊ូ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​បាន​សព្វ​ព្រះ​ហឫទ័យ​លាត​ត្រដាង​អ្វី​មួយ​ដែល​មាន​សារៈ​សំខាន់​ជាង គឺ​ថា​ព្រះ​យេស៊ូ​ជា​បុគ្គល​បែប​ណា។ ដំណើរ​រឿង​ក្នុង​សៀវភៅ​ដំណឹង​ល្អ​មិន​គ្រាន់​តែ​រាយ​ការណ៍ ពី​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​និង​បាន​ប្រព្រឹត្ត​ប៉ុណ្ណោះ​ទេ តែ​លាត​ត្រដាង​នូវ​ជំរៅ​នៃ​អារម្មណ៍​ទ្រង់ ហើយ​របៀប​គិត​គូរ​ដែល​បណ្ដាល​ឲ្យ​ទ្រង់​មាន​បន្ទូល​ព្រម​ទាំង​សកម្មភាពរបស់​ទ្រង់​ផង​ដែរ។ ដំណើរ​រឿង​ទាំង​បួន​នេះ​ដែល​បាន​ព្រះ​បណ្ដាល​ឲ្យ​តែង​នោះ ជួយ​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​សំដៅ​ទៅ​ជា «គំនិត​ជា​របស់​ផង​ព្រះ​គ្រីស្ទ»។ (កូរិនថូស​ទី​១ ២:១៦) គឺ​សំខាន់​ណាស់​ដែល​យើង​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ស្គាល់​គំនិត អារម្មណ៍​និង​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេស៊ូ។ ហេតុ​អ្វី? យ៉ាង​ហោច​ណាស់​ក៏​មាន​មូលហេតុ​ពីរ​ដែរ។

៣. ដោយ​យើង​ស្គាល់​គំនិត​របស់​ព្រះ​គ្រីស្ទ នោះ​តើ​អាច​ជួយ​យើង​ឲ្យ​មាន​ការ​យល់​ធ្លុះ​ជ្រៅ​អំពី​អ្វី?

ទី​មួយ គំនិត​របស់​ព្រះ​គ្រីស្ទ​ក៏​ឲ្យ​យើង​គន់​មើល​បន្ដិច​នូវ​គំនិត​របស់​ព្រះ​យេហូវ៉ា​ដែរ។ ព្រះ​យេស៊ូ​បាន​ស្គាល់​ព្រះ​វរបិតា​ទ្រង់​យ៉ាង​ស្និទ្ធ​ស្នាល​ដល់​ម្ល៉េះ ដែល​ទ្រង់​អាច​មាន​បន្ទូល​ថា៖ «គ្មាន​អ្នក​ណា​ស្គាល់​ព្រះ​រាជបុត្រា​ទេ មាន​តែ​ព្រះ​វរបិតា​តែ​១ ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ​វរបិតា​ដែរ មាន​តែ​ព្រះ​រាជបុត្រា ហើយ​នឹង​អ្នក​ណា ដែល​ព្រះ​រាជបុត្រា​សព្វ​ព្រះ​ហឫទ័យ បើក​ឲ្យ​ស្គាល់​ទ្រង់​ផង​ប៉ុណ្ណោះ»។ (លូកា ១០:២២) នេះ​គឺ​ហាក់​ដូច​ជា​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា ‹បើ​អ្នក​ចង់​ដឹង​ថា​តើ​ព្រះ​យេហូវ៉ា​ជា​បុគ្គល​បែប​ណា សូម​មើល​មក​ខ្ញុំ​ចុះ›។ (យ៉ូហាន ១៤:៩) ដូច្នេះ​ហើយ នៅ​ពេល​ដែល​យើង​រៀន​សូត្រ​នូវ​អ្វី​ដែល​សៀវភៅ​ដំណឹង​ល្អ លាត​ត្រដាង​អំពី​របៀប​ដែល​ព្រះ​យេស៊ូ​ទ្រង់​មាន​ព្រះ​តំរិះ និង​ថា​ទ្រង់​មាន​អារម្មណ៍​យ៉ាង​ណា នោះ​តាម​ការ​ពិត យើង​កំពុង​តែ​រៀន​ថា​ព្រះ​យេហូវ៉ា​ទ្រង់​មាន​ព្រះ​តំរិះ​និង​មាន​អារម្មណ៍​យ៉ាង​ណា​វិញ​ដែរ។ ចំណេះ​បែប​នេះ​នឹង​ជួយ​យើង​ឲ្យ​ចូល​មក​កាន់​តែ​ជិត​ព្រះ​របស់​យើង​ថែម​ទៀត។—យ៉ាកុប ៤:៨

៤. ប្រសិន​បើ​យើង​ពិត​ជា​ចង់​ប្រព្រឹត្ត​ឲ្យ​ដូច​ព្រះ​គ្រីស្ទ តើ​យើង​ត្រូវ​តែ​រៀន​អ្វី​ជា​មុន​ដំបូង ហើយ​ហេតុ​អ្វី?

ទី​ពីរ ដោយ​យើង​ស្គាល់​គំនិត​របស់​ព្រះ​គ្រីស្ទ នោះ​ជួយ​យើង​ឲ្យ«ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់»។ (ពេត្រុស​ទី​១ ២:២១) ការ​ធ្វើ​តាម​ព្រះ​យេស៊ូ​មិន​គ្រាន់​តែ​រួម​បញ្ចូល​ការ​និយាយ​តាម​បន្ទូល​ទ្រង់ និង​ការ​ត្រាប់​តាម​អំពើ​របស់​ទ្រង់​នោះ​ទេ។ ដោយ​សារ​ពាក្យ​សំដី​និង​សកម្មភាព​គឺ​មាន​អានុភាព​ដោយ​គំនិត​និង​អារម្មណ៍ នោះ​ការ​ធ្វើ​តាម​ព្រះ​គ្រីស្ទ​តម្រូវ​ឲ្យ​យើង​បណ្ដុះ«គំនិត​គិត»ដូច​ជា​ទ្រង់​មាន​ដែរ។ (ភីលីព ២:៥) បើ​និយាយ​ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​យើង​ពិត​ជា​ចង់​ប្រព្រឹត្ត​ឲ្យ​ដូច​ព្រះ​គ្រីស្ទ​មែន នោះ​មុន​ដំបូង​យើង​ត្រូវ​តែ​រៀន​ឲ្យ​ចេះ​គិត​និង​មាន​អារម្មណ៍​ដូច​ទ្រង់ គឺ​ថា ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ជា​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍។ បើ​អ៊ីចឹង ដោយ​មាន​ជំនួយ​ពី​ពួក​អ្នក​សរសេរ​ដំណឹង​ល្អ នោះ​សូម​ឲ្យ​យើង​ពិនិត្យ​មើល​គំនិត​របស់​ព្រះ​គ្រីស្ទ។ មុន​ដំបូង យើង​នឹង​ពិគ្រោះ​កត្ដា​ខ្លះ​ៗ ដែល​បាន​មាន​អានុភាព​លើ​របៀប​ដែល​ព្រះ​យេស៊ូ​ទ្រង់​មាន​ព្រះ​តំរិះ​និង​អារម្មណ៍​ទ្រង់​នោះ។

អត្ថិភាព​ទ្រង់​មុន​ពេល​មាន​កំណើត​ជា​មនុស្ស

៥, ៦. (ក) តើ​អ្នក​សេព​គប់​របស់​យើង​អាច​មាន​អានុភាព​អ្វី​លើ​យើង? (ខ) តើ​បុត្រា​ច្បង​របស់​ព្រះ​បាន​មាន​ការ​សេព​គប់​បែប​ណា​នៅ​ស្ថាន​សួគ៌ មុន​ទ្រង់​យាង​ចុះ​មក​ផែនដី​នេះ ហើយ​តើ​នេះ​មាន​អានុភាព​យ៉ាង​ណា​លើ​ទ្រង់?

ពួក​គូកន​ដ៏​ស្និទ្ធ​ស្នាល​របស់​យើង​អាច​មាន​អានុភាព​លើ​យើង គឺ​មាន​អានុភាព​លើ​គំនិត អារម្មណ៍ និង​ការ​ប្រព្រឹត្ត ឲ្យ​បាន​ប្រយោជន៍​ឬ​ក៏​ផល​អាក្រក់​វិញ។ * (សុភាសិត ១៣:២០) ចូរ​ពិចារណា​មើល​នូវ​ការ​សេព​គប់​ដែល​ព្រះ​យេស៊ូ​ធ្លាប់​មាន​នៅ​ស្ថាន​សួគ៌ មុន​នឹង​យាង​ចុះ​មក​ផែនដី​នេះ។ ដំណឹង​ល្អ​របស់យ៉ូហាន ប្រាប់​ឲ្យ​ដឹង​ថា​ព្រះ​យេស៊ូ​មាន​អត្ថិភាព​ជា«ព្រះ​បន្ទូល» ឬ​អ្នក​នាំ​សារ​របស់​ព្រះ មុន​កំណើត​របស់​ទ្រង់​ជា​មនុស្ស។ យ៉ូហានមាន​ប្រសាសន៍​ថា៖ «កាល​ដើម​ដំបូង​មាន​ព្រះ​បន្ទូល ព្រះ​បន្ទូល​ក៏​គង់​នៅ​ជា​មួយ​នឹង​ព្រះ ហើយ​ព្រះ​បន្ទូល​នោះ​ឯង​ជា​ព្រះ[មួយ, ព.ថ.] ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ព្រះ តាំង​ពី​ដើម​មក»។ (យ៉ូហាន ១:១, ២) ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​គ្មាន​ទី​ចាប់​ផ្ដើម នោះ​ពាក្យ​ដែល​ថា​ព្រះ​បន្ទូល​នេះ​បាន​នៅ​ជា​មួយ​នឹង​ព្រះ​ពី«ដើម​ដំបូង» គឺ​ត្រូវ​តែ​សំដៅ​ទៅ​ទី​ចាប់​ផ្ដើម​នៃកិច្ច​ការបង្កើត​របស់​ព្រះ។ (ទំនុកដំកើង ៩០:២) ព្រះ​យេស៊ូ​ជា«បង​ច្បង​នៃ​គ្រប់​ទាំង​អស់ ដែល​ព្រះ​បាន​បង្កើត​មក»។ ដូច្នោះ​ហើយ ទ្រង់​មាន​ព្រះ​ជន្ម​រស់​នៅ​មុន​សត្តនិករ​វិញ្ញាណ​ឯ​ទៀត ព្រម​ទាំង​មុន​សកល​លោក​ខាង​រូប​ធាតុ​បាន​បង្កើត​មក​ទៅ​ទៀត។—កូល៉ុស ១:១៥; វិវរណៈ ៣:១៤

យោង​ទៅ​តាម​ការ​ស្មាន​ខ្លះ​ខាង​វិទ្យា​សាស្ត្រ នោះ​សកល​លោក​ខាង​រូប​ធាតុ​បាន​មាន​ឡើង​យ៉ាង​ហោច​ណាស់ ក៏​១២​ពាន់​លាន​ឆ្នាំ​មក​ហើយ។ ប្រសិន​បើ​ការ​ប្រមាណ​នេះ​ប្រហាក់​ប្រហែល​ជា​ត្រឹម​ត្រូវ នោះ​បុត្រ​ច្បង​នេះមាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​វរបិតា​ទ្រង់​រាប់​ពាន់​លាន​ឆ្នាំ មុន​នឹង​បាន​បង្កើត​អ័ដាម​ទៅ​ទៀត។ (ប្រៀប​មើល មីកា ៥:២) ដូច្នេះ​ហើយ ចំណង​ដ៏​ថ្នាក់​ថ្នម​និង​ដ៏​ជ្រៅ​ក៏​បាន​ដុះ​ឡើង​រវាង​បុគ្គល​ពីរ​អង្គ​នេះ។ ជា​តួ​អង្គ​ប្រាជ្ញា បុត្រ​ច្បង​នេះ ពេល​ទ្រង់​មាន​អត្ថិភាព​ពី​មុន​កំណើត​ជា​មនុស្ស គឺ​បាន​ត្រូវ​មាន​បន្ទូល​ដោយ​សារ​គេ ថា៖ «នៅ​គ្រា​នោះ អញ​បាន​នៅ​ជិត[ព្រះ​យេហូវ៉ា]ដូច​ជា​មេ​ជាង ហើយ​អញ​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ទ្រង់​រាល់​ៗ​ថ្ងៃ ព្រម​ទាំង​មាន​សេចក្ដី​រីករាយ​នៅ​ចំពោះ​ទ្រង់​ជា​និច្ច»។ (សុភាសិត ៨:៣០) ការ​ចំណាយ​ពេល​យ៉ាង​យូរ​អង្វែង​ដោយ​មាន​ការ​សេព​គប់​ដ៏​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​ដ៏​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់ នោះ​ពិត​ជា​បាន​មាន​អានុភាព​ដ៏​ជ្រាល​ជ្រៅ​លើ​បុត្រា​នេះ​របស់​ព្រះ! (យ៉ូហាន​ទី​១ ៤:៨) បុត្រ​នេះ​បាន​ទៅ​ជា​ស្គាល់​ហើយ​ក៏​សម្ដែង​ឲ្យ​ឃើញ​នូវ​ព្រះ​តំរិះ អារម្មណ៍ និង​មាគ៌ា​របស់​ព្រះ​វរបិតា​ទ្រង់ ដែល​គ្មាន​អ្នក​ណា​ឯ​ទៀត​អាច​ធ្វើ​បាន​ឡើយ។—ម៉ាថាយ ១១:២៧

ជីវិត​នៅ​លើ​ផែនដី​និង​អានុភាព​ផ្សេង​ៗ

៧. តើ​អ្វី​ជា​មូលហេតុ​មួយ ដែល​ជា​ចាំ​បាច់​ឲ្យ​បុត្រ​ច្បង​របស់​ព្រះ​យាង​ចុះ​មក​ផែនដី​នេះ?

បុត្រា​របស់​ព្រះ​មាន​របស់​ច្រើន​ទៀត​ដែល​ទ្រង់​នឹង​រៀន ដ្បិត​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​គឺ​ដើម្បី​បំពាក់​បុត្រា​នេះ ឲ្យ​បាន​ជា​សម្ដេច​សង្ឃ​ដែល​មាន​ព្រះ​ទ័យ​អាណិត ដើម្បី​ឲ្យ​ចេះ«អាណិត​អាសូរ ដល់​សេចក្ដី​កំសោយ​របស់​យើង​រាល់​គ្នា»។ (ហេព្រើរ ៤:១៥) នេះ​ហើយ​គឺ​ជា​មូលហេតុ​មួយ​ដែល​ព្រះ​រាជបុត្រា​នេះ​បាន​មក​ផែនដី​ជា​មនុស្ស គឺ​ដើម្បី​បំពេញ​តាម​សេចក្ដី​ដែល​មុខ​នាទី​នេះ​តម្រូវ។ នៅ​ទី​នេះ ជា​មនុស្ស​សាច់​ឈាម ព្រះ​យេស៊ូ​បាន​ត្រូវ​ប្រទះ​នូវ​កាលៈទេសៈ ដែល​ពី​មុន​ទ្រង់​ធ្លាប់​តែ​ទត​ឃើញ​ពី​ស្ថាន​សួគ៌​នោះ​ទេ។ ឥឡូវ​នេះ​ទ្រង់​អាច​ពិសោធ​នូវ​អារម្មណ៍​របស់​មនុស្សជាតិ​ផ្ទាល់​ខ្លួន។ នៅ​ពេល​ខ្លះ​ទ្រង់​បាន​អស់​កម្លាំង ស្រេក​ទឹក និង​ឃ្លាន​ផង។ (ម៉ាថាយ ៤:២; យ៉ូហាន ៤:៦, ៧) ទ្រង់​ថែម​ទាំង​បាន​ស៊ូ​ទ្រាំ​សេចក្ដី​លំបាក​វេទនា​និង​ការ​ឈឺ​ចាប់​គ្រប់​ប្រភេទ។ ដូច្នេះ​ហើយ ទ្រង់​បាន«រៀន​ស្ដាប់​បង្គាប់» ហើយ​បាន​ក្លាយ​ទៅ​ជា​មាន​គុណវុឌ្ឍិ​គ្រប់​គ្រាន់​នឹង​សម្រេច​មុខ​នាទី​ជា​សម្ដេច​សង្ឃ។—ហេព្រើរ ៥:៨​-​១០

៨. តើ​យើង​ដឹង​អ្វី​ខ្លះ​អំពី​ព្រះ​ជន្ម​ដំបូង​របស់​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី?

ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ការ​ពិសោធ​របស់​ព្រះ​យេស៊ូ ក្នុង​កំឡុង​ព្រះ​ជន្ម​ដំបូង​លើ​ផែនដី​នោះ? សេចក្ដី​រាយ​ការណ៍​ពី​កុមារភាព​របស់​ទ្រង់​គឺ​មាន​យ៉ាង​ខ្លី។ តាម​ការ​ពិត មាន​តែម៉ាថាយនិងលូកាទេ ដែល​រៀប​រាប់​ព្រឹត្ដិការណ៍​ដែល​ទាក់​ទង​នឹង​កំណើត​របស់​ទ្រង់​នោះ។ ពួក​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ បាន​ដឹង​ថា​ព្រះ​យេស៊ូ​ធ្លាប់​រស់​នៅ​ស្ថាន​សួគ៌ មុន​នឹង​ទ្រង់​យាង​មក​ផែនដី។ ច្រើន​ជាង​អ្វី​ៗ​ទៅ​ទៀត នោះ​អត្ថិភាព​របស់​ទ្រង់​មុន​កំណើត​ជា​មនុស្ស បាន​បញ្ជាក់​ថា​ទ្រង់​នឹង​ទៅ​ជា​បុគ្គល​បែប​ណា។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​ជា​មនុស្ស​ទាំង​ស្រុង។ ទោះ​ជា​ទ្រង់​គ្រប់ល័ក្ខណ៍​ក៏​ដោយ ទ្រង់​នៅ​តែ​បាន​ត្រូវ​ធំ​ឡើង​ពី​ទារកភាព​រហូត​ដល់​កុមារភាព និង​ពី​ការ​ពេញ​ជំទង់​រហូត​ដល់​ជា​មនុស្ស​ពេញ​វ័យ ទាំង​រៀន​ចេះ​ដឹង​ក្នុង​រយៈ​ពេល​នោះ​ផង។ (លូកា ២:៥១, ៥២) ព្រះ​គម្ពីរ​លាត​ត្រដាង​នូវ​អ្វី​ខ្លះ​ៗ​អំពី​ព្រះ​ជន្ម​ដំបូង​របស់​ទ្រង់ ដែល​ច្បាស់​ជា​មាន​អានុភាព​លើ​ទ្រង់​ហើយ។

៩. (ក) តើ​មាន​ការ​អ្វី​ខ្លះ​ដែល​បញ្ជាក់​ថា​ព្រះ​យេស៊ូ​បាន​ប្រសូត​មក​ក្នុង​គ្រួសារ​ដ៏​ក្រី​ក្រ? (ខ) តើ​ព្រះ​យេស៊ូ​ប្រហែល​ជា​បាន​ធំ​ឡើង​ក្នុង​កាលៈទេសៈ​បែប​ណា

តាម​មើល​ទៅ ព្រះ​យេស៊ូ​បាន​ប្រសូត​មក​ក្នុង​គ្រួសារ​ដ៏​ក្រី​ក្រ​មួយ។ នេះ​គឺ​ត្រូវ​បញ្ជាក់​ដោយ​តង្វាយ ដែល​យ៉ូសែប​និង​ម៉ារា​បាន​យក​មក​ព្រះ​វិហារ ប្រមាណ​៤០​ថ្ងៃ​ក្រោយ​ពី​ទ្រង់​ប្រសូត​មក​នោះ។ ជា​ជាង​យក​ចៀម​ឈ្មោល​មក​ធ្វើ​ជា​តង្វាយ​ដុត ហើយ​យក​ព្រាប​ជំទើរ​មួយ​ឬ​កូន​លលក​មួយ​សំរាប់​ជា​តង្វាយ​លោះ​បាប នោះ​ពួក​គេ​បាន​យក«លលក​១​គូ​ឬ​ព្រាប​ជំទើរ​២»។ (លូកា ២:២៤) យោង​ទៅ​តាម​ក្រិត្យ​វិន័យ​ម៉ូសេ តង្វាយ​នេះ​គឺ​ជា​សំ​វិធានការ​សំរាប់​ពួក​អ្នក​ក្រី​ក្រ។ (លេវីវិន័យ ១២:៦​-​៨) នៅ​ពេល​ក្រោយ​មក នោះ​គ្រួសារ​ដ៏​រាប​ទាប​នេះ​ក៏​បាន​ចំរើន​ធំ​ឡើង។ យ៉ាង​ហោច​ណាស់ យ៉ូសែប​និង​ម៉ារា​ក៏​មាន​កូន​ប្រាំ​មួយ​នាក់​ទៀត​តាម​របៀប​ធម្មតា​ចំពោះ​ប្ដី​ប្រពន្ធ ក្រោយ​ពី​កំណើត​ដ៏​អព្ភូតហេតុ​របស់​ព្រះ​យេស៊ូ។ (ម៉ាថាយ ១៣:៥៥, ៥៦) ដូច្នេះ​ព្រះ​យេស៊ូ​បាន​ធំ​ឡើង​ក្នុង​គ្រួសារ​ដ៏​ធំ​មួយ ប្រហែល​ជា​តាម​របៀប​សាមញ្ញ។

១០. តើ​អ្វី​ដែល​បង្ហាញ​ថា ម៉ារា​និង​យ៉ូសែប​ជា​មនុស្ស​ដែល​កោត​ខ្លាច​ព្រះ​នោះ?

១០ ព្រះ​យេស៊ូ​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ដោយ​មាតា​បិតា​ដែល​កោត​ខ្លាច​ព្រះ ដែល​មើល​ថែ​រក្សា​ទ្រង់។ មាតា​របស់​ទ្រង់ ឈ្មោះ​ម៉ារា គឺ​ជា​ស្ត្រី​ដ៏​អស្ចារ្យ​ម្នាក់។ សូម​ចាំ​ថា ពេល​ដែល​ជំរាប​សួរ​នាង នោះ​ទេវតា​កាព្រីយ៉ែល​បាន​មាន​ប្រសាសន៍​ថា៖ «ជំរាប​សួរ​នាង ឱ​នាង​ដែល​ប្រកប​ដោយ​ព្រះ​គុណ​អើយ ព្រះ​អម្ចាស់​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​នាង»។ (លូកា ១:២៨) យ៉ូសែប​ក៏​ជា​បុរស​ដែល​គោរព​ព្រះ។ ដោយ​ស្មោះ​ត្រង់ នោះ​រៀង​រាល់​ឆ្នាំ​គាត់​ធ្វើ​ដំណើរ​ដែល​មាន​ចម្ងាយ​១៥០​គីឡូ​ម៉ែត្រ ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​បុណ្យ​រំលង។ ម៉ារា​ក៏​បាន​ទៅ​ឯ​នោះ​ដែរ ទោះ​ជា​មាន​តែ​ពួក​បុរស​ដែល​បាន​តម្រូវ​ឲ្យ​ទៅ​តែ​ប៉ុណ្ណោះ។ (និក្ខមនំ ២៣:១៧; លូកា ២:៤១) នៅ​គ្រា​មួយ​បែប​នេះ យ៉ូសែប​និង​ម៉ារា ក្រោយ​ពី​បាន​ខំ​ស្វែង​រក​ទ្រង់ នោះ​បាន​រក​ឃើញ​ព្រះ​យេស៊ូ​ដែល​មាន​ព្រះ​ជន្ម​១២​ព្រះ​វង្សា ក្នុង​ព្រះ​វិហារ​ជា​មួយ​បណ្ដា​ពួក​គ្រូ​ៗ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​មាតា​បិតា​ទ្រង់​ដែល​មាន​ចិត្ត​ខ្វល់​ខ្វាយ​នោះ​ថា៖ «តើ​មិន​ជ្រាប​ថា គួរ​ឲ្យ​ខ្ញុំ​នៅ​ក្នុង​ព្រះ​វិហារ​របស់​ព្រះ​វរបិតា​នៃ​ខ្ញុំ​ទេ​ឬ​អី»? (លូកា ២:៤៩) ពាក្យ«ព្រះ​វរបិតា» នោះ​ច្បាស់​ជា​មាន​អត្ថន័យ​ដ៏​កក់​ក្ដៅ​ហើយ​វិជ្ជមាន​ចំពោះ​ព្រះ​យេស៊ូ​ដែល​នៅ​ក្មេង។ ចំណុច​មួយ​គឺ តាម​មើល​ទៅ ត្រូវ​បាន​គេ​ប្រាប់​ទ្រង់​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​វរបិតា​ដ៏​ពិត​របស់​ទ្រង់។ បន្ថែម​ទៀត​នោះ យ៉ូសែប​ច្បាស់​ជា​ឪពុក​ចិញ្ចឹម​ដ៏​ល្អ​ចំពោះ​ព្រះ​យេស៊ូ។ យ៉ាង​ច្បាស់​ណាស់ ព្រះ​យេហូវ៉ា​នឹង​មិន​រើស​បុរស​ដ៏​កាច​សាហាវ ដើម្បី​ឲ្យ​ចិញ្ចឹម​បុត្រា​ដ៏​ស្ងួន​ភ្ងា​របស់​ទ្រង់​ឡើយ!

១១. តើ​ព្រះ​យេស៊ូ​បាន​រៀន​របរ​រក​ស៊ី​អ្វី ហើយ​នៅ​ក្នុង​សម័យ​ព្រះ​គម្ពីរ តើ​មុខ​របរ​បែប​នេះ​បាន​ទាក់​ទង​អ្វី​ខ្លះ?

១១ ក្នុង​កំឡុង​ពេល​ដែល​ព្រះ​យេស៊ូ​រស់​នៅ​ភូមិ​ណាសារ៉ែត នោះ​ទ្រង់​បាន​រៀន​មុខ​របរ​ជាង​ឈើ ប្រហែល​ជា​រៀន​ពី​យ៉ូសែប​ដ៏​ជា​ឪពុក​ចិញ្ចឹម​របស់​ទ្រង់ហើយ។ ព្រះ​យេស៊ូ​បាន​ចេះ​ប៉ិន​ប្រសប់​នឹង​មុខ​របរ​នេះ​ដល់​ម្ល៉េះ ដែល​គេ​ហៅ​ទ្រង់​ថា«ជាង​ឈើ​នោះ​ឯង»។ (ម៉ាកុស ៦:៣, ព.ថ.) នៅ​ជំនាន់​ព្រះ​គម្ពីរ ពួក​ជាង​ឈើ​បាន​ត្រូវ​គេ​ជួល​ឲ្យ​សាង​សង់​ផ្ទះ ឲ្យ​ធ្វើ​គ្រឿង​តុទូ (រួម​បញ្ចូល​តុ និង​ជើងម៉ា) ហើយ​និង​ធ្វើ​ឧបករណ៍​សំរាប់​ធ្វើ​ស្រែ​ចំការ។ លោក​ចាស្ទីន​ម៉ាទើ ពី​សតវត្ស​ទី​ពីរ ស.យ. បាន​សរសេរ​ក្នុង​សៀវភៅ​ការ​សន្ទនា​ជា​មួយ​នឹង​ទ្រីហ្វូ ស្តី​អំពី​ព្រះ​យេស៊ូ ថា៖ «ទ្រង់​បាន​មាន​ទម្លាប់​ធ្វើ​ការ​ជា​ជាង​ឈើ នៅ​ក្នុង​ចំណោម​មនុស្ស ដោយ​ធ្វើ​នង្គ័ល​និង​នឹម»។ កិច្ច​ការបែប​នេះ​គឺ​មិន​ស្រួល​នោះ​ទេ ដ្បិត​ជាង​ឈើ​ពី​បុរាណ​ប្រហែល​ជា​មិន​អាច​ទិញ​ឈើ​របស់​គាត់​ឡើយ។ អ្វី​ដែល​ទំនង​ជាង​នោះ​គឺ​គាត់​បាន​ចេញ​ទៅ​រើស​រក​ហើយ​កាប់​ដើម​ឈើ​មួយ ហើយ​ក៏​លី​ឈើ​នោះ​យក​ទៅ​ផ្ទះ​ទៅ។ ដូច្នេះ​ព្រះ​យេស៊ូ​ប្រហែល​ជា​ជ្រាប​ដឹង​នូវ​ការ​ពិបាក​នៃ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត ការ​ទាក់​ទង​ជា​មួយ​នឹង​ភ្ញៀវ និង​ការ​ចាត់​ចែង​លុយ​កាក់​ក្នុង​ក្រុម​គ្រួសារ​នោះ។

១២. តើ​អ្វី​ដែល​បញ្ជាក់​ថា​លោក​យ៉ូសែប តាម​មើល​ទៅ​បាន​ទទួល​មរណភាព​មុន​ព្រះ​យេស៊ូ ហើយ​តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ព្រះ​យេស៊ូ​នោះ?

១២ ជា​កូន​ច្បង ព្រះ​យេស៊ូ​ប្រហែល​ជា​បាន​ជួយ​មើល​ថែ​រក្សា​ក្រុម​គ្រួសារ ជា​ពិសេស​ដោយ​ព្រោះ​មើល​ទៅ​ដូច​ជា​លោក​យ៉ូសែប​បាន​ទទួល​មរណភាព មុន​នឹង​ព្រះ​យេស៊ូ​បាន​សោយ​ទិវង្គត​ទៅ​នោះ។ * ប៉ម​យាម​របស់​ស៊ីយ៉ូន នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​១៩០០ បាន​ចែង​ថា៖ «ទំនៀម​ទម្លាប់​ប្រកាស​ថា​លោក​យ៉ូសែប​បាន​ទទួល​មរណភាព កាល​ដែល​ព្រះ​យេស៊ូ​នៅ​មាន​ព្រះ​ជន្ម​ក្មេង​នៅ​ឡើយ ហើយ​ទ្រង់​ក៏​ចាប់​ធ្វើ​ការ​រក​ស៊ី​ជា​ជាង​ឈើ ហើយ​ក៏​បាន​ក្លាយ​ទៅ​ជា​អ្នក​ចិញ្ចឹម​ក្រុម​គ្រួសារ។ នេះ​បាន​គាំទ្រ​ដោយ​សេចក្ដី​ក្នុងបទគម្ពីរ ដែល​ក្នុង​នោះ​បាន​ហៅ​ព្រះ​យេស៊ូ​ជា​ជាង​ឈើ ហើយ​មាតា​និង​ប្អូន​ៗ​របស់​ទ្រង់​ក៏​បាន​ត្រូវ​រៀប​រាប់​ក្នុង​នោះ​ដែរ ប៉ុន្តែ​ឥត​មាន​រៀប​រាប់​អំពី​លោក​យ៉ូសែប​នោះ​ទេ។ (ម៉ាកុស ៦:៣) . . . អ៊ីចឹង​ហើយ គឺ​ប្រហែល​ជា​កំឡុង​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​ដ៏​យូរ​នៃ​ព្រះ​ជន្ម​របស់​ព្រះ​អម្ចាស់​យើង គឺ​ពី​ព្រឹត្ដិការណ៍[ដែល​បាន​កត់​ទុក​ក្នុង​លូកា ២:៤១​-​៤៩] រហូត​ដល់​ពេល​ទ្រង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក ទាំង​នោះ​គឺ​បាន​ចំណាយ​ដើម្បី​ធ្វើកិច្ច​ការធម្មតា​ក្នុង​ជីវិត»។ ម៉ារា​និង​កូន​ៗ​របស់​នាង រួម​បញ្ចូល​ព្រះ​យេស៊ូ ប្រហែល​ជា​បាន​ដឹង​នូវ​ការ​ឈឺ​ចាប់​ដែល​កើន​មាន​ឡើង ពេល​ដែល​ប្ដី​ស្ងួន​ភ្ងា​និង​ជា​បិតា​ជា​ទី​ស្រឡាញ់​ទទួល​មរណភាព​ទៅ​នោះ។

១៣. នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​ចាប់​ធ្វើ​កិច្ច​បំរើ​របស់​ទ្រង់ ហេតុ​អ្វី​ក៏​ទ្រង់​មាន​ចំណេះ ការ​យល់​ធ្លុះ​ជ្រៅ និង​អារម្មណ៍​ដ៏​ជ្រៅ ដែល​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​មាន​នោះ?

១៣ យ៉ាង​ច្បាស់​ណាស់ ព្រះ​យេស៊ូ​មិន​បាន​ប្រសូត​មក​មាន​ជីវិត​ដ៏​ស្រណុក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ពិសោធ​ផ្ទាល់​ខ្លួន​នូវ​ជីវិត​របស់​មនុស្ស​សាមញ្ញ។ រួច​មក នៅ​ក្នុង​ឆ្នាំ​២៩ ស.យ. ក៏​បាន​មក​ដល់​ពេល​ឲ្យ​ព្រះ​យេស៊ូ​ចាប់​ផ្ដើមកិច្ច​ការរបស់​ព្រះ ដែល​មាន​ទុក​សំរាប់​ទ្រង់​នោះ។ នៅ​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ ទ្រង់​បាន​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​បាន​នាំ​មក​ជា​បុត្រ​ខាង​វិញ្ញាណ​របស់​ព្រះ។ តាម​មើល​ទៅ ដែល‹មេឃ​ក៏​បើក​ឡើង​ឲ្យ​ទ្រង់› នោះ​បញ្ជាក់​ថា​ពី​ពេល​នោះ​ទៅ​មុខ ទ្រង់​អាច​នឹក​ចាំ​ជីវិត​នៅ​ស្ថាន​សួគ៌​មុន​ទ្រង់​ប្រសូត​ជា​មនុស្ស ហើយ​នេះ​រួម​បញ្ចូល​ទាំង​គំនិត​និង​អារម្មណ៍ ដែល​ទ្រង់​ធ្លាប់​មាន​ពី​មុន​នោះ។ (លូកា ៣:២១, ២២) ដូច្នេះ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​ចាប់​ផ្ដើម​ធ្វើ​កិច្ច​បំរើ​របស់​ទ្រង់ នោះ​ទ្រង់​ធ្វើ​ការ​អ៊ីចឹង​ដោយ​មាន​ចំណេះ ការ​យល់​ធ្លុះ​ជ្រៅ និង​អារម្មណ៍​ដ៏​ជ្រៅ ដែល​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​មាន​នោះ​ទេ។ ដោយ​មាន​មូលហេតុ​ល្អ ពួក​អ្នក​សរសេរ​សារ​ដំណឹង​ល្អ បាន​បញ្ជាក់​ការ​សរសេរ​របស់​គេ លើ​ព្រឹត្ដិការណ៍​ខាង​ឯ​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ។ សូម្បី​តែ​អ៊ីចឹង​ក៏​ដោយ ក៏​ពួក​គេ​មិន​ទាំង​អាច​កត់​ទុក​របស់​ទាំង​អស់ ដែល​ទ្រង់​បាន​មាន​បន្ទូល​ហើយ​បាន​ធ្វើ​នោះ​ទេ។ (យ៉ូហាន ២១:២៥) ប៉ុន្តែ អ្វី​ដែល​ពួក​គេ​ត្រូវ​បាន​បណ្ដាល​ឲ្យ​កត់​ទុក នោះ​ជួយ​យើង​ឲ្យ​ពិនិត្យ​មើល​គំនិត​របស់​បុរស​ម្នាក់​ដ៏​ឧត្តម​បំផុត ដែល​ធ្លាប់​មាន​ព្រះ​ជន្ម​រស់​នៅ។

ព្រះ​យេស៊ូ ទ្រង់​មាន​បុគ្គលិក​លក្ខណៈ​បែប​ណា ជា​បុគ្គល​ម្នាក់

១៤. តើ​សៀវភៅ​ដំណឹង​ល្អ​ពណ៌នា​យ៉ាង​ណា​អំពី​ព្រះ​យេស៊ូ ដែល​ជា​បុរស​ម្នាក់​មាន​អារម្មណ៍​យ៉ាង​កក់​ក្ដៅ​ហើយ​ដ៏​ជ្រាល​ជ្រៅ​នោះ?

១៤ បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេស៊ូ ដែល​បញ្ជាក់​ចេញ​ពី​សារ​ដំណឹង​ល្អ គឺ​ជា​បុរស​ម្នាក់​ដែល​មាន​អារម្មណ៍​យ៉ាង​កក់​ក្ដៅ​ហើយ​ដ៏​ជ្រាល​ជ្រៅ។ ទ្រង់​បាន​បង្ហាញ​អារម្មណ៍​ផ្សេង​ៗ​យ៉ាង​ទូលំ​ទូលាយ កាល​ដែល​ទ្រង់​ទាក់​ទង​ជា​មួយ​គេ ដូច​ជា៖ សេចក្ដី​អាណិត​ដល់​មនុស្ស​ឃ្លង់​ម្នាក់ (ម៉ាកុស ១:៤០, ៤១) មាន​ព្រះ​ទ័យ​ទុក្ខ​ព្រួយ​ដោយ​សារ​មនុស្ស​មិន​អើពើ (លូកា ១៩:៤១, ៤២) សេចក្ដី​ខ្ញាល់​ដ៏​សុចរិត​ទាស់​នឹង​ពួក​អ្នក​ដូរ​លុយ​ដ៏​ល្មោភ។ (យ៉ូហាន ២:១៣​-​១៧) ជា​បុរស​ដែល​មាន​ការ​យល់​ចិត្ត នោះ​ព្រះ​យេស៊ូ​បាន​មាន​ព្រះ​កន្សែង ហើយ​ទ្រង់​ឥត​លាក់​អារម្មណ៍​របស់​ទ្រង់​នោះ​ទេ។ នៅ​ពេល​ដែល​ឡាសារ​ដ៏​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ទ្រង់​បាន​ស្លាប់​ទៅ នោះ​ការ​យំ​របស់​នាង​ម៉ារា ដែល​ជា​បង​ស្រី​របស់​ឡាសារ បាន​មាន​អានុភាព​ដល់​ព្រះ​ទ័យ​របស់​ព្រះ​យេស៊ូ​យ៉ាង​ខ្លាំង​ដល់​ម្ល៉េះ ដែល​ទ្រង់​បាន​ព្រះ​កន្សែង​ដែរ គឺ​នៅ​ពី​មុខ​អ្នក​ដទៃ។—យ៉ូហាន ១១:៣២​-​៣៦

១៥. តើ​អារម្មណ៍​ដ៏​ថ្នាក់​ថ្នម​របស់​ព្រះ​យេស៊ូ បាន​ត្រូវ​ឃើញ​ជាក់​ស្តែង​យ៉ាង​ណា ដោយ​ទស្សនៈ​ទ្រង់​និង​របៀប​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​នោះ?

១៥ អារម្មណ៍​ដ៏​កក់​ក្ដៅ​របស់​ព្រះ​យេស៊ូ បាន​ឃើញ​ជាក់​ស្តែង​ជា​ពិសេស​ដោយ​សារ​ទស្សនៈ និង​របៀប​ដែល​ទ្រង់​ប្រព្រឹត្ត​លើ​មនុស្ស​ដទៃ។ ទ្រង់​បាន​យាង​ទៅ​ជួប​ពួក​អ្នក​ក្រី​ក្រ​និង​ពួក​អ្នក​ដែល​បាន​ត្រូវ​គេ​ជិះ​ជាន់ ដោយ​ជួយ​ពួក​គេ​ឲ្យ‹រក​បាន​ការ​ត្រជាក់​ត្រ​ជុំ​ក្នុង​ចិត្ត​របស់​គេ›។ (ម៉ាថាយ ១១:៤, ៥, ២៨​-​៣០) ទ្រង់​មិន​មែន​រវល់​ហួស​ហេតុ​ពេក ដែល​ទ្រង់​មិន​គិត​ដល់​ពួក​អ្នក​ដែល​រង​ទុក្ខ​វេទនា មិន​ថា​ជា​ស្ត្រី​ដែល​ធ្លាក់​ឈាម ដែល​បាន​ប៉ះសំលៀក​បំពាក់​ទ្រង់​ដោយ​សម្ងាត់ ឬ​ក៏​មនុស្ស​ខ្វាក់​ម្នាក់​ដែល​សុំ​ទាន ហើយ​មិន​ព្រម​នៅ​ស្ងៀម​ឡើយ។ (ម៉ាថាយ ៩:២០​-​២២; ម៉ាកុស ១០:៤៦​-​៥២) ព្រះ​យេស៊ូ​បាន​រក​មើល​នូវ​គុណសម្បត្ដិ​ល្អ​នៃ​អ្នក​ដទៃ ហើយ​បាន​សរសើរ​គេ ក៏​ប៉ុន្តែ​ទ្រង់​ក៏​សុខ​ចិត្ត​ស្តី​បន្ទោស​គេ​ដែរ ពេល​ដែល​ត្រូវ​ការ​នោះ។ (ម៉ាថាយ ១៦:២៣; យ៉ូហាន ១:៤៧; ៨:៤៤) នៅ​ក្នុង​សម័យ​មួយ​ដែល​ពួក​ស្ត្រី​មាន​សិទ្ធិ​តែ​តិច​តួច​ទេ នោះ​ព្រះ​យេស៊ូ​បាន​ប្រព្រឹត្ត​លើ​គេ​ដោយ​ចេះ​ប្រមាណ ស្តី​អំពី​សេចក្ដី​ថ្លៃ​ថ្នូរ​និង​សេចក្ដី​គោរព។ (យ៉ូហាន ៤:៩, ២៧) ជា​ការ​គួរ​ឲ្យ​យល់​មែន ដែល​ស្ត្រី​មួយ​ក្រុម​បាន​បំរើ​ទ្រង់​ដោយ​ស្ម័គ្រ​ចិត្ត ដោយ​ចំណាយ​ធន​ធាន​របស់​ខ្លួន។—លូកា ៨:៣

១៦. តើ​អ្វី​ដែល​សម្ដែង​ថា ព្រះ​យេស៊ូ​មាន​ទស្សនៈ​ថ្លឹង​ថ្លែង​ក្នុង​តុល្យភាព​ចំពោះ​ជីវិត​និង​វត្ថុ​ទ្រព្យ?

១៦ ព្រះ​យេស៊ូ​បាន​មាន​ទស្សនៈ​យ៉ាង​ថ្លឹង​ថ្លែង​ក្នុង​តុល្យភាព​ចំពោះ​ជីវិត។ វត្ថុ​ទ្រព្យ​មិន​មែន​ជា​អ្វី​ដ៏​សំខាន់​បំផុត​ចំពោះ​ទ្រង់​នោះ​ទេ។ គឺ​មើល​ទៅ​ដូច​ជា​ទ្រង់​មាន​តិច​តួច​ណាស់​ខាង​ឯ​ទ្រព្យ​សម្បត្ដិ​នោះ។ ទ្រង់​បាន​មាន​បន្ទូល​ថា ទ្រង់​ឥត​មាន«កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ»។ (ម៉ាថាយ ៨:២០) នៅ​ពេល​ដំណាល​គ្នា​នេះ ព្រះ​យេស៊ូ​ចេះ​សោមនស្ស​នឹង​ការ​កំសាន្ត​របស់​អ្នក​ដទៃ។ នៅ​ពេល​ដែល​ទ្រង់​បាន​យាង​ទៅ​សោយ​លៀង​អាពាហ៍ពិពាហ៍ ដែល​ធម្មតា​ព្រឹត្ដិការណ៍​នេះ​មាន​ភ្លេង ការ​ច្រៀង និង​ការ​អរ​សប្បាយ គឺ​ឃើញ​យ៉ាង​ច្បាស់​ថា ទ្រង់​មិន​មែន​នៅ​ទី​នោះ​ដោយ​មាន​ចិត្ត​ចង្អៀត​ចង្អល់​នោះ​ទេ។ មែន​ហើយ ព្រះ​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ដំបូង​របស់​ទ្រង់​នៅ​ទី​នោះ។ នៅ​ពេល​ដែល​អស់​ស្រា​ទំពាំង​បាយ​ជូរ នោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា​ទំពាំង​បាយ​ជូរ​ដ៏​ល្អ ជា​ភេសជ្ជៈ​ដែល«នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​សប្បាយ»។ (ទំនុកដំកើង ១០៤:១៥; យ៉ូហាន ២:១​-​១១) ដោយ​ធ្វើ​អ៊ីចឹង ពិធី​មង្គល​ការ​នោះ​អាច​មាន​ជា​បន្ត ហើយ​នេះ​ច្បាស់​ជា​ជួយ​កូន​ក្រមុំ​កូន​កំលោះ​ពី​សេចក្ដី​អាម៉ាស់។ តុល្យភាព​របស់​ព្រះ​យេស៊ូ​ក៏​ឃើញ​ថែម​ទៀត​ដោយ​ព្រោះ​មាន​ការ​រៀប​រាប់​ច្រើន​ជាង​នោះ ស្តី​អំពី​វេលា​ដែល​ទ្រង់​បាន​ខំ​ធ្វើ​ការ​យ៉ាង​យូរ​ក្នុង​កិច្ច​បំរើ​របស់​ទ្រង់។—យ៉ូហាន ៤:៣៤

១៧. ហេតុ​អ្វី​ក៏​មិន​ជា​ការ​ចម្លែក​ដែល​ព្រះ​យេស៊ូ​ជា​គ្រូ​បង្រៀន​ដ៏​ស្ទាត់​ជំនាញ ហើយ​តើ​ការ​បង្រៀន​របស់​ទ្រង់​សម្ដែង​ឲ្យ​ឃើញ​អ្វី?

១៧ ព្រះ​យេស៊ូ​ជា​គ្រូ​បង្រៀន​ដែល​ស្ទាត់​ជំនាញ។ សេចក្ដី​បង្រៀន​ជា​ច្រើន​របស់​ទ្រង់ គឺ​បាន​សម្ដែង​ឲ្យ​ឃើញ​នូវ​ហេតុ​ការណ៍​ដែល​មាន​ក្នុង​ជីវិត​រាល់​ថ្ងៃ ដែល​ទ្រង់​បាន​ស្គាល់​ច្បាស់​នោះ។ (ម៉ាថាយ ១៣:៣៣; លូកា ១៥:៨) របៀប​បង្រៀន​របស់​ទ្រង់​មិន​អាច​ប្រៀប​ផ្ទឹម​បាន ដោយ​ព្រោះ​ច្បាស់​លាស់ ស្រួល​យល់ និង​មាន​ប្រយោជន៍​ជា​ដរាប។ អ្វី​ដែល​កាន់​តែ​សំខាន់​ទៀត​នោះ​គឺ​អ្វី​ដែល​ទ្រង់​បាន​បង្រៀន។ ការ​បង្រៀន​របស់​ទ្រង់ គឺ​បាន​សម្ដែង​ឲ្យ​ឃើញ​នូវ​សេចក្ដី​ប្រាថ្នា​ដ៏​អស់​ពី​ចិត្ត​របស់​ទ្រង់ ដើម្បី​ធ្វើ​ឲ្យ​ពួក​អ្នក​ស្ដាប់​នោះ ស្គាល់​ព្រះ​តំរិះ អារម្មណ៍ និង​មាគ៌ា​របស់​ព្រះ​យេហូវ៉ា។—យ៉ូហាន ១៧:៦​-​៨

១៨, ១៩. (ក) ដោយ​ប្រើ​ការ​ពិភាក្សា​ជា​ពាក្យ​សំដី​ដ៏​រស់​រវើក​នោះ តើ​ព្រះ​យេស៊ូ​បាន​ពិពណ៌នា​យ៉ាង​ណា​អំពី​ព្រះ​វរបិតា​ទ្រង់? (ខ) តើ​ចំណុច​អ្វី​ដែល​នឹង​ត្រូវ​ពិគ្រោះ​ក្នុង​អត្ថបទ​ជា​បន្ទាប់​នោះ?

១៨ ដោយ​ប្រើ​រឿង​ប្រៀប​ប្រដូច​ជា​ញឹក​ញាប់ នោះ​ព្រះ​យេស៊ូ​បាន​លាត​ត្រដាង​ប្រាប់​អំពី​ព្រះ​វរបិតា​ទ្រង់ ដោយ​ប្រើ​ការ​ពិពណ៌នា​ជា​ពាក្យ​សំដី​ដ៏​រស់​រវើក ដែល​មិន​ងាយ​ភ្លេច​បាន​ឡើយ។ ក៏​អាច​និយាយ​ម្យ៉ាង​ទៀត ដោយ​ប្រើ​ពាក្យ​ដ៏​ទូលំ​ទូលាយ​ស្តី​អំពី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ តាម​របៀប​ប្រសើរ​ជាង គឺ​ដោយ​ប្រដូច​ព្រះ​យេហូវ៉ា​ទៅ​នឹង​ឪពុក​ដែល​ចេះ​អត់​ឱន​ទោស ដែល​មាន​ចិត្ត​រំភើប​ពេល​ឃើញ​កូន​ប្រុស​របស់​លោក​ត្រឡប់​មក​វិញ ដល់​ម្ល៉េះ​បាន​ជា​លោក‹រត់​ទៅ​ឱប​ថើប​កូន​នោះ›។ (លូកា ១៥:១១​-​២៤) ព្រះ​យេស៊ូ​បាន​បដិសេធ​ចោល​នូវ​វប្បធម៌​ដ៏​តឹង​រ៉ឹង ដែល​មាន​មេ​ដឹក​នាំ​សាសនា​ដ៏​មើល​ងាយ​ចំពោះ​មនុស្ស​សាមញ្ញ ដោយ​ទ្រង់​ពន្យល់​ថា ព្រះ​វរបិតា​ទ្រង់​គឺ​ជា​ព្រះ​ដែល​ស្រួល​ទាក់​ទង ដែល​ពេញ​ព្រះ​ទ័យ​នឹង​សេចក្ដី​អង្វរ​របស់​អ្នក​យក​ពន្ធ ជា​ជាង​សេចក្ដី​អធិស្ឋាន​ដ៏​សំញែង​ហួស​ហេតុ ដោយ​ផារីស៊ី​ម្នាក់​ដ៏​អួតអាង​នោះ។ (លូកា ១៨:៩​-​១៤) ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​យក​ព្រះ​ទ័យ​ទុក​ដាក់ ទ្រង់​ជ្រាប​ដឹង​កាល​ដែល​សត្វ​ចាប​ធ្លាក់​ទៅ​ដី​នោះ​ទៀត​ផង។ ព្រះ​យេស៊ូ​បាន​ធានា​ពួក​សិស្ស​ទ្រង់​ម្ដង​ទៀត​ថា «មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ លើស​ជាង​ចាប​ជា​ច្រើន»។ (ម៉ាថាយ ១០:២៩, ៣១) ជា​ការ​គួរ​ឲ្យ​យល់​មែន ដែល​មនុស្ស​បាន​មាន​ចិត្ត​អស្ចារ្យ​នឹង«សេចក្ដី​ដែល​ទ្រង់​បង្រៀន» ហើយ​ពួក​គេ​ក៏​បាន​ទាញ​ចិត្ត​មក​ឯ​ទ្រង់។ (ម៉ាថាយ ៧:២៨, ២៩) យ៉ាង​ណា​មិញ នៅ​គ្រា​មួយ«ហ្វូង​មនុស្ស​ជា​ធំ​ណាស់»បាន​នៅ​ជា​មួយ​ទ្រង់​អស់​បី​ថ្ងៃ ដោយ​គ្មាន​អ្វី​បរិភោគ​ទៀត​ផង!—ម៉ាកុស ៨:១, ២

១៩ យើង​អាច​មាន​ចិត្ត​ដឹង​គុណ ដែល​ព្រះ​យេហូវ៉ា​បាន​លាត​ត្រដាង​ក្នុង​បន្ទូល​របស់​ទ្រង់ នូវ​គំនិត​របស់​ព្រះ​គ្រីស្ទ​នោះ! ប៉ុន្តែ តើ​តាម​របៀប​ណា​ដែល​យើង​អាច​បណ្ដុះ​និង​សម្ដែង​ឲ្យ​ឃើញ​នូវ​គំនិត​របស់​ព្រះ​គ្រីស្ទ ពេល​យើង​ទាក់​ទង​ជា​មួយ​អ្នក​ដទៃ​នោះ? ចំណុច​នេះ​នឹង​ត្រូវ​ពិគ្រោះ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

[កំណត់​សម្គាល់]

^ ដែល​សត្តនិករ​វិញ្ញាណ​អាច​ទទួល​អានុភាព​ពី​ការ​សេព​គប់​របស់​គេ នោះ​បាន​បញ្ជាក់​នៅ​វិវរណៈ ១២:៣, ៤។ នៅ​ខ​នោះ សាតាំង​បាន​ត្រូវ​ពណ៌នា​ជា«នាគ» ដែល​អាច​ប្រើ​អានុភាព​របស់​វា ដើម្បី​ទាញ​យក«ផ្កាយ»ឬ​បុត្រ​ឯ​ទៀត​ខាង​វិញ្ញាណ ដើម្បី​ចូល​រួម​ជា​មួយ​វា​ក្នុង​ដំណើរ​បះ​បោរ​នោះ។—ប្រៀប​មើល យ៉ូប ៣៨:៧

^ ការ​រៀប​រាប់​ចំ​ៗ​ចុង​បង្អស់​អំពី​លោក​យ៉ូសែប គឺ​នៅ​ពេល​ដែល​បាន​រក​ឃើញ​ព្រះ​យេស៊ូ​ក្នុង​ព្រះ​វិហារ កាល​ដែល​ទ្រង់​មាន​ព្រះ​ជន្ម​១២​ព្រះ​វង្សា។ គឺ​ឥត​មាន​ការ​ប្រាប់​ថា​លោក​យ៉ូសែប​មាន​វត្តមាន​នៅ​ឯ​ពិធី​មង្គល​ការ​នៅ​ភូមិ​កាណា​ទេ ដែល​ជា​ពេល​ចាប់​ផ្ដើម​នៃ​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ។ (យ៉ូហាន ២:១​-​៣) នៅ​ក្នុង​ឆ្នាំ​៣៣ ស.យ. ព្រះ​យេស៊ូ​ដែល​បាន​ត្រូវ​គេ​ដោត​ព្យួរ បាន​ប្រគល់​ឲ្យ​សាវ័កយ៉ូហានដ៏​ស្ងួន​ភ្ងា​មើល​ថែ​រក្សា​ម៉ារា។ ប្រសិន​បើ​លោក​យ៉ូសែប​នៅ​រស់ នោះ​ព្រះ​យេស៊ូ​នឹង​មិន​មាន​បន្ទូល​បែប​នេះ​ឡើយ។—យ៉ូហាន ១៩:២៦, ២៧

តើ​អ្នក​នឹក​ចាំ​បាន​ឬ​ទេ?

ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ ដែល​យើង​ត្រូវ​ស្គាល់‹គំនិត​របស់​ព្រះ​គ្រីស្ទ›?

តើ​ព្រះ​យេស៊ូ​មាន​ការ​សេព​គប់​បែប​ណា ពេល​ទ្រង់​មាន​អត្ថិភាព​មុន​ពេល​កើត​ជា​មនុស្ស?

ក្នុង​កំឡុង​ជីវិត​របស់​ព្រះ​យេស៊ូ​លើ​ផែនដី តើ​កាលៈទេសៈ​និង​អានុភាព​បែប​ណា ដែល​ទ្រង់​បាន​ពិសោធ​ផ្ទាល់​ខ្លួន​នោះ?

តើ​សៀវភៅ​ដំណឹង​ល្អ​ប្រាប់​យ៉ាង​ណា​ខ្លះ អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេស៊ូ​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២៣]

ព្រះ​យេស៊ូ​បាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដ៏​ធំ​មួយ ប្រហែល​ក្នុង​ជីវភាព​សាមញ្ញ

[រូប​ភាព​នៅ​ទំព័រ​២៤]

ពួក​គ្រូ​បង្រៀន​បាន​មាន​ចិត្ត​អស្ចារ្យ​ចំពោះ​ការ​ចេះ​ដឹង​និង​ចម្លើយ​របស់​ព្រះ​យេស៊ូ ដែល​មាន​ព្រះ​ជន្ម​១២​ព្រះ​វង្សា