លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើនឹងនៅយូរប៉ុន្មានទៀតសំរាប់ពួកមនុស្សអាក្រក់?

តើនឹងនៅយូរប៉ុន្មានទៀតសំរាប់ពួកមនុស្សអាក្រក់?

តើ​នឹង​នៅ​យូរ​ប៉ុន្មាន​ទៀត​សំរាប់​ពួក​មនុស្ស​អាក្រក់?

«ហេតុ​អ្វី​បាន​ជា​ទ្រង់[ព្រះ​យេហូវ៉ា] . . . នៅ​តែ​ស្ងៀម ក្នុង​កាល​ដែល​ពួក​អ្នក​អាក្រក់​លេប​មនុស្ស​ដែល​សុចរិត​ជាង​ខ្លួន​បាត់​ទៅ​ដូច្នេះ»?—ហាបាគុក ១:១៣

១. តើ​នៅ​ពេល​ណា​ដែល​ផែនដី​នឹង​មាន​ពេញ​ដោយ​ចំណេះ​អំពី​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា?

 តើ​ព្រះ​ទ្រង់​នឹង​កំទេច​ចោល​ពួក​មនុស្ស​អាក្រក់​ឬ​ទេ? បើ​អ៊ីចឹង តើ​យើង​នឹង​ត្រូវ​រង់​ចាំ​ដល់​យូរ​ប៉ុន្មាន​ទៀត​ទៅ? មនុស្ស​នៅ​ជុំ​វិញ​ផែនដី​បាន​សួរ​សំនួរ​បែប​នេះ។ តើ​យើង​អាច​រក​ឃើញ​សំនួរ​នេះ​នៅ​កន្លែង​ណា​ទៅ? យើង​អាច​រក​ឃើញ​នៅ​ក្នុង​ពាក្យ​ទំនាយ​របស់​ព្រះ ដែល​បាន​បណ្ដាល​មក​ដោយ​ព្រះ ស្តី​អំពី​គ្រា​កំណត់​របស់​ទ្រង់។ ពាក្យ​ទាំង​នោះ​ធានា​រ៉ាប់​រង​យើង​ថា មិន​យូរ​ប៉ុន្មាន​ទៀត ព្រះ​យេហូវ៉ា​នឹង​ជំនុំ​ជំរះ​ពួក​មនុស្ស​អាក្រក់​ទាំង​អស់។ មាន​តែ​ក្រោយ​ពី​ពេល​នោះ​ទេ ដែល​ផែនដី​នឹង​ពេញ​ទៅ​ដោយ​ការ«ស្គាល់​ដល់​សិរី​ល្អ​នៃ​ព្រះ​យេហូវ៉ា . . . ដូច​ជា​ទឹក​ក៏​នៅ​ពេញ​សមុទ្រ​ដែរ»។ នោះ​ហើយ​ជា​សេចក្ដី​សន្យា​ខាង​ឯ​ទំនាយ ដែល​មាន​នៅ​ក្នុង​បន្ទូល​ដ៏​ពិសិដ្ឋ​របស់​ព្រះ គឺ​ហាបាគុក ២:១៤

២. តើ​សៀវភៅហាបាគុកមាន​ការ​ជំនុំ​ជំរះ​ប្រហារ​ជីវិត​បី​ណា​ខ្លះ​ពី​ព្រះ?

សៀវភៅហាបាគុកដែល​បាន​សរសេរ​មក​នៅ​ឆ្នាំ​៦២៨ ម.​ស.យ. មាន​ការ​ជំនុំ​ជំរះ​ប្រហារ​ជីវិត​បី​ពី​ព្រះ​យេហូវ៉ា ដែល​មាន​ជា​លំដាប់​លំដោយ។ ការ​ជំនុំ​ជំរះ​ពីរ​ទាំង​នោះ​បាន​សម្រេច​រួច​ទៅ​ហើយ។ ការ​ជំនុំ​ជំរះ​លើក​ទី​មួយ គឺ​ការ​ជំនុំ​ជំរះ​របស់​ព្រះ​យេហូវ៉ា​ប្រឆាំង​នឹង​សាសន៍​ដ៏​វង្វេង គឺ​សាសន៍​យូដា​ពី​បុរាណ។ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ការ​ជំនុំ​ជំរះ​លើក​ទី​ពីរ? នោះ​គឺ​ជា​ការ​ជំនុំ​ជំរះ​របស់​ព្រះ ដែល​បាន​កាត់​ទោស​លើ​ពួក​បាប៊ីឡូន​ដ៏​ជិះ​ជាន់។ បើ​អ៊ីចឹង យ៉ាង​ប្រាកដ​ណាស់ ដែល​យើង​មាន​មូលហេតុ​ក្នុង​ការ​ទុក​ចិត្ត​ថា ការ​ជំនុំ​ជំរះ​លើក​ទី​បី​របស់​ព្រះ នឹង​បាន​សម្រេច​ឡើង​ដែរ។ តាម​ការ​ពិត យើង​អាច​រង់​ចាំ​នូវ​ការ​សម្រេច​នេះ​នឹង​កើត​ឡើង​មិន​យូរ​ប៉ុន្មាន​ទៀត​នោះ​ឡើយ។ ដើម្បី​ជា​ប្រយោជន៍​នៃ​ពួក​អ្នក​ទៀង​ត្រង់ នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​ទាំង​នេះ នោះ​ព្រះ​ទ្រង់​នឹង​នាំ​ឲ្យ​មាន​ការ​ហិន​វិនាស​លើ​ពួក​មនុស្ស​អាក្រក់​ទាំង​អស់។ ពួក​មនុស្ស​អាក្រក់​ចុង​ក្រោយ​នឹង​ផុត​ដង្ហើម ក្នុង​កាល​ដែល«ចំបាំង នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត»កំពុង​តែ​មក​កាន់​តែ​លឿន​ឡើង​នេះ។—វិវរណៈ ១៦:១៤, ១៦

៣. តើ​អ្វី​ដែល​ប្រាកដ​ជា​នឹង​កើត​ឡើង​ចំពោះ​ពួក​មនុស្ស​អាក្រក់​នៅ​ក្នុង​សម័យ​យើង​នេះ?

សង្គ្រាម​នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ គឺ​កាន់​តែ​ជិត​មក​ដល់​ហើយ។ ហើយ​ការ​ជំនុំ​ជំរះ​ពី​ព្រះ​លើ​ពួក​មនុស្ស​អាក្រក់​ក្នុង​សម័យ​យើង​នេះ​នឹង​សម្រេច​បាន​ដូច​ការ​ជំនុំ​ជំរះ​របស់​ព្រះ​យេហូវ៉ា ប្រឆាំង​នឹង​ពួក​យូដា​និង​ពួក​បាប៊ីឡូន​អ៊ីចឹង​ដែរ។ ប៉ុន្តែ នៅ​ឥឡូវ​នេះ សូម​គិត​ថា​យើង​កំពុង​តែ​រស់​នៅ​ក្នុង​សម័យ​របស់ហាបាគុក ក្នុង​ស្រុក​យូដា។ តើ​មាន​អ្វី​កំពុង​តែ​កើត​ឡើង​ក្នុង​ស្រុក​នោះ?

ស្រុក​ដែល​មាន​ចលាចល

៤. តើហាបាគុកឮ​ដំណឹង​ដ៏​រន្ធត់​អ្វី?

ចូរ​នឹក​ក្នុង​ចិត្ត​ថា​ព្យាការី​របស់​ព្រះ​យេហូវ៉ា គឺហាបាគុក កំពុង​តែ​អង្គុយ​លើ​ដំបូល​រាប​លើ​ផ្ទះ​របស់​គាត់ ហើយ​គាប់​ចិត្ត​នឹង​ខ្យល់​បក់​រំភើយ​ក្នុង​រាត្រី​មួយ។ នៅ​ជិត​លោក គឺ​មាន​គ្រឿង​ភ្លេង​មួយ​ប្រភេទ។ (ហាបាគុក ១:១; ៣:១៩) ប៉ុន្តែ ហាបាគុកឮ​ដំណឹង​ដ៏​រន្ធត់​ណាស់។ យេហូយ៉ាគីម​ដែល​ជា​ស្តេច​របស់​ស្រុក​យូដា​បាន​ធ្វើ​គុត​ដល់​អ៊ូរីយ៉ា ហើយ​ព្រម​ទាំង​បោះ​ខ្មោច​នេះ​ទៅ​ក្នុង​ផ្នូរ​នៃ​ពួក​មនុស្ស​សាមញ្ញ។ (យេរេមា ២៦:២៣) ពិត​មែន អ៊ូរីយ៉ា​មិន​បាន​រក្សា​នូវ​ការ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ទេ​រហូត​ដល់​ភ័យ​ខ្លាច ហើយ​រត់​ទៅ​ស្រុក​អេស៊ីប។ ប៉ុន្តែ ហាបាគុកដឹង​ថា អំពើ​ឃោរឃៅ​របស់​យេហូយ៉ាគីម មិន​បាន​ត្រូវ​ជំរុញ​ដោយ​សេចក្ដី​ប្រាថ្នា ដើម្បី​ដំកើង​កិត្ដិយស​របស់​ព្រះ​យេហូវ៉ា​នោះ​ទេ។ នេះ​គឺ​ឃើញ​ជាក់​ស្តែង​ពី​ការ​ឥត​គោរព​ទាំង​ស្រុង​របស់​ស្តេច​នេះ ស្តី​អំពី​ក្រិត្យ​វិន័យ​របស់​ព្រះ និង​ការ​ស្អប់​ព្យាការីយេរេមា ហើយ​ពួក​អ្នក​ឯ​ទៀត ដែល​កំពុង​តែ​បំរើ​ព្រះ​យេហូវ៉ា។

៥. តើ​មាន​ស្ថានការណ៍​ខាង​វិញ្ញាណ​បែប​ណា​នៅ​ក្នុង​ស្រុក​យូដា ហើយ​តើហាបាគុកបាន​តប​ឆ្លើយ​យ៉ាង​ដូច​ម្ដេច?

ហាបាគុកឃើញ​នូវ​ផ្សែង​ធូប​ចេញ​ពី​ដំបូល​ផ្ទះ​ដែល​នៅ​ជិត​នោះ។ ពួក​មនុស្ស​មិន​មែន​អុជ​ធូប​នេះ ធ្វើ​ជា​ពួក​អ្នក​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា​ឡើយ។ ពួក​គេ​កំពុង​តែ​ជាប់​ធ្វើ​ការ​ប្រព្រឹត្ត​ខាង​សាសនា​ក្លែង​ក្លាយ ដែល​បាន​គាំទ្រ​ដោយ​ស្តេច​យេហូយ៉ាគីម​ដ៏​អាក្រក់​របស់​ស្រុក​យូដា។ នេះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អបយស​មែន! ភ្នែក​របស់​លោកហាបាគុកគឺ​មាន​ពេញ​ដោយ​ទឹក​ភ្នែក ហើយ​លោក​អង្វរ​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​អំពាវនាវ​ដល់​កាល​ណា​ទៀត ឥត​ទ្រង់​ឆ្លើយ​តប​សោះ​ដូច្នេះ ទូល​បង្គំ​ស្រែក​ដល់​ទ្រង់​អំពី​ការ​ច្រឡោត តែ​ទ្រង់​មិន​ជួយ​សង្គ្រោះ​ឡើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ឲ្យ​ទូល​បង្គំ​ឃើញ​អំពើ​ទុច្ចរិត ហើយ​ឲ្យ​ទូល​បង្គំ​មើល​ឃើញ​តែ​សេចក្ដី​ទំនាស់​ចិត្ត​ដូច្នេះ ដ្បិត​មាន​សុទ្ធ​តែ​ការ​បំផ្លាញ នឹង​ការ​ច្រឡោត​នៅ​មុខ​ទូល​បង្គំ ក៏​មាន​សេចក្ដី​ឈ្លោះ​ប្រកែក នឹង​ការ​ទាស់​ទែង​គ្នា​កើត​ឡើង ហេតុ​ដូច្នេះ បញ្ញត្ត​ច្បាប់​បាន​អន់​ថយ​ទៅ ហើយ​សេចក្ដី​យុត្ដិធម៌​មិន​លេច​មក​ឲ្យ​ឃើញ​ឡើយ ដ្បិត​មនុស្ស​អាក្រក់​ឡោម​ព័ទ្ធ​មនុស្ស​សុចរិត បាន​ជា​សេចក្ដី​យុត្ដិធម៌​ចេញ​មក​ខូច​ហើយ»។—ហាបាគុក ១:២​-​៤

៦. តើ​មាន​អ្វី​កើត​ឡើង​ដល់​ក្រិត្យ​វិន័យ​និង​សេចក្ដី​យុត្ដិធម៌​ក្នុង​ស្រុក​យូដា?

ត្រូវ​ហើយ គឺ​មាន​ពេញ​ដោយ​ការ​បំផ្លាញ​និង​អំពើ​ឃោរឃៅ។ នៅ​កន្លែង​ណា​ដែលហាបាគុកមើល នោះ​លោក​ឃើញ​មាន​បញ្ហា ការ​ឈ្លោះ​ប្រកែក និង​ការ​ទាស់​ទែង​គ្នា។ ‹ច្បាប់​បាន​ទៅ​ជា​អន់​ថយ› ហើយ​ទៅ​ជា​គ្មាន​អំណាច​នោះ​ឡើយ។ ចុះ​ចំពោះ​យុត្ដិធម៌​វិញ? គឺ​មិន​ដែល«លេច​មក​ឲ្យ​ឃើញ»ថា​បាន​ជោគ​ជ័យ​ឡើយ! គឺ​មិន​ដែល​មាន​ជ័យ​ជំនះ​ទេ។ ផ្ទុយ​ទៅ​វិញ ‹ពួក​មនុស្ស​អាក្រក់​ឡោម​ព័ទ្ធ​មនុស្ស​សុចរិត› ដោយ​បង្អាក់​វិធានការ​ដ៏​ត្រឹម​ត្រូវ​តាម​ច្បាប់ ដែល​មាន​បំណង​ដើម្បី​ការ​ពារ​ពួក​គ្មាន​ទោស​នោះ។ ប្រាកដ​មែន «សេចក្ដី​យុត្ដិធម៌​ចេញ​មក​ខូច​ហើយ»។ សេចក្ដី​នោះ​បាន​ត្រូវ​ខូច​បង់​ហើយ។ នេះ​គឺ​ជា​ស្ថានការណ៍​ដែល​គួរ​ឲ្យ​ស្ដាយ​មែន!

៧. តើ​លោកហាបាគុកតាំង​ចិត្ត​ធ្វើ​អ្វី?

ហាបាគុកបាន​ផ្អាក​សិន ហើយ​ក៏​ជញ្ជឹង​គិត​នឹង​ស្ថានការណ៍​នោះ។ តើ​គាត់​នឹង​ចុះ​ចាញ់​ដោយ​ឈប់​ធ្វើកិច្ច​ការរបស់​គាត់​ឬ? ប្រាកដ​ជា​មិន​អ៊ីចឹង​ទេ! ក្រោយ​ពី​បាន​ពិនិត្យ​មើល​សា​ឡើង​វិញ​នូវ​ការ​បៀត​បៀន​ដែល​មាន​លើ​ពួក​អ្នក​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ នោះ​បុរស​ដ៏​ស្មោះ​ត្រង់​នេះ​បាន​តាំង​ចិត្ត​ជា​ថ្មី ដើម្បី​ឲ្យ​នៅ​មុត​មាំ​ហើយ​ខ្ជាប់​ខ្ជួន​ជា​ព្យាការី​របស់​ព្រះ​យេហូវ៉ា។ ហាបាគុកនឹង​បន្ត​ប្រកាស​នូវ​សារ​របស់​ព្រះ ទោះ​ជា​នេះ​មាន​ន័យ​ថា​គាត់​នឹង​ទទួល​មរណៈ​ភាព​ក៏​ដោយ។

ព្រះ​យេហូវ៉ា​បន្ត«ធ្វើ​ការ»ដ៏​គួរ​ឲ្យ​អស្ចារ្យ

៨, ៩. តើ​ព្រះ​យេហូវ៉ា​កំពុង​តែ​បន្ត«ធ្វើកិច្ច​ការ»ដ៏គួរ​ឲ្យ​អស្ចារ្យ​អ្វី?

នៅ​ក្នុង​ចក្ខុនិមិត្ត នោះ​លោកហាបាគុកឃើញ​ពួក​អ្នក​កាន់​សាសនា​ក្លែង​ក្លាយ ដែល​ធ្វើ​ឲ្យ​អបយស​ដល់​ព្រះ។ សូម​ស្ដាប់​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​ពួក​គេ នោះ​គឺ៖ «ចូរ​ពិចារណា​មើល ក្នុង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ចូរ​មើល​ទៅ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ដ៏​ពន្លឹក​ចុះ»។ ហាបាគុកទំនង​ជា​ឆ្ងល់​នូវ​ហេតុ​អ្វី ដែល​ព្រះ​មាន​បន្ទូល​ទៅ​ពួក​មនុស្ស​អាក្រក់​តាម​របៀប​នេះ។ រួច​មក លោក​ក៏​ឮ​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា៖ «ដ្បិត​នៅ​ក្នុង​ជំនាន់​របស់​ឯង​នេះ អញ​កំពុង​តែ​ធ្វើ​ការ​១ ដែល​ឯង​រាល់​គ្នា​មិន​ព្រម​ជឿ​ទេ ទោះ​បើ​មាន​គេ​ប្រាប់​ក៏​ដោយ»។ (ហាបាគុក ១:៥) តាម​ពិត​ទៅ ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​ផ្ទាល់​គឺ​កំពុង​តែ​បន្ត​ធ្វើកិច្ច​ការនេះ ដែល​ពួក​គេ​ពិបាក​នឹង​ជឿ​នោះ។ ប៉ុន្តែ តើកិច្ច​ការនេះ​ជា​អ្វី​ទៅ?

ហាបាគុកខំ​ប្រឹង​ស្ដាប់​បន្ទូល​ព្រះ​ថែម​ទៀត ដែល​បាន​កត់​ទុក​ក្នុង​ហាបាគុក ១:៦​-​១១។ នេះ​ជា​សារ​របស់​ព្រះ​យេហូវ៉ា ហើយ​គ្មាន​ព្រះ​ក្លែង​ក្លាយ​ណា​ឬ​រូប​ព្រះ​ដែល​គ្មាន​ជីវិត​ណា អាច​បង្ខាំង​នូវ​ការ​សម្រេច​នៃ​បន្ទូល​នេះ​ឡើយ ដែល​ថា៖ «ដ្បិត​មើល អញ​នឹង​តាំង​សាសន៍​ខាល់ដេ​ឡើង ជា​សាសន៍​ដែល​មួម៉ៅ ហើយ​រហ័ស​រហាល់ គេ​នឹង​លើក​គ្នា​ដើរ​កាត់​ផែនដី​ទាំង​មូល ដើម្បី​នឹង​ចាប់​យក​ទី​លំនៅ ដែល​មិន​មែន​ជា​របស់​ផង​ខ្លួន គេ​គួរ​ស្ញែង​ខ្លាច ហើយ​មាន​ភាព​គួរ​ស្បើម សេចក្ដី​យុត្ដិធម៌ នឹង​យស​សក្ដិ​របស់​គេ នោះ​មក​តែ​ពី​ខ្លួន​គេ​ទេ ឯ​សេះ​របស់​គេ ក៏​លឿន​ជាង​ខ្លា​រខិន ហើយ​សាហាវ​ជាង​ឆ្កែ​ព្រៃ ដែល​ចេញ​នៅ​ពេល​ល្ងាច​ផង ពួក​ទ័ព​សេះ​របស់​គេ សំ​រុក​ចូល​ដោយ​ឥត​ញញើត អើ ពួក​ពល​សេះ​របស់​គេ​មក​ពី​ឆ្ងាយ គេ​លឿន​ដូច​ជា​ឥន្ទ្រី​ដែល​រហ័ស​ហើរ​ទៅ​ហែក​ស៊ី គេ​សុទ្ធ​តែ​មក​ដើម្បី​រឹប​ជាន់ មុខ​គេ​រក​តែ​ទៅ​ខាង​មុខ​ទៀត គេ​ប្រមូល​បាន​ឈ្លើយ​ដូច​ជា​ខ្សាច់ អើ គេ​ឡកឡឺយ​ឲ្យ​អស់​ទាំង​ស្តេច ហើយ​យកពួក​ចៅហ្វាយជា​ទី​មើល​ងាយ គេ​សើច​ចំពោះ​អស់​ទាំង​ទី​មាំ​មួន ដ្បិត​គេ​នឹង​គ្រាន់​តែ​ពូន​ធូលី​ដី​ឡើង ចាប់​យក​បាន​ហើយ រួច​បោស​ហួស​ទៅ​ដូច​ជា​ខ្យល់ ហើយ​កន្លង​ទៅ ព្រម​ទាំង​នាំ​ឲ្យ​ខ្លួន​មាន​ទោស គឺ​គេ​នឹង​យក​កំឡាំង​របស់​ខ្លួន​ទុក​ជា​ព្រះ»។

១០. តើ​អ្នក​ណា​ដែល​ព្រះ​យេហូវ៉ា​កំពុង​តែ​តាំង​ឡើង​នោះ?

១០ នេះ​ពិត​ជា​ការ​ព្រមាន​ដ៏​អស្ចារ្យ​ណាស់​ហ្ន៎ ខាង​ឯ​ទំនាយ​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត! ព្រះ​យេហូវ៉ា​កំពុង​តែ​ជំរុញ​ពួក​សាសន៍​ខាល់ដេ ដែល​ជា​សាសន៍​ដ៏​ព្រៃ​ផ្សៃ​របស់​បាប៊ីឡូន។ កាល​ដែល​សាសន៍​នេះ​លើក​គ្នា​ដើរ​កាត់‹ផែនដី​ទាំង​មូល› នោះ​វា​នឹង​ចាប់​យក​ទី​លំនៅ​ជា​ច្រើន។ នេះ​គឺ​គួរ​ឲ្យ​ភ័យ​ខ្លាច​ខ្លាំង​មែន! ពួក​ហ្វូង​ទ័ព​ខាល់ដេ​គឺ«គួរ​ស្ញែង​ខ្លាច ហើយ​មាន​ភាព​គួរ​ស្បើម» គឺ​គួរ​ឲ្យ​ខ្លាច​ណាស់។ វា​បង្កើត​ច្បាប់​ដ៏​តឹង​រឹង​របស់​ខ្លួន។ ‹សេចក្ដី​យុត្ដិធម៌​របស់​គេ នោះ​មក​តែ​ពី​ខ្លួន​គេ​ទេ›។

១១. តើ​អ្នក​នឹង​រៀប​រាប់​យ៉ាង​ណា នូវ​ការ​មក​នៃ​ពួក​ទ័ព​បាប៊ីឡូន​ដើម្បី​ប្រឆាំង​នឹង​ពួក​យូដា​នោះ?

១១ សេះ​របស់​ពួក​បាប៊ីឡូន​មាន​ល្បឿន​លឿន​ជាង​ខ្លា​រខិន​ដែល​ចេះ​រត់​លឿន។ ពួក​ទ័ព​សេះ​គឺ​សាហាវ​ជាង​ឆ្កែ​ព្រៃ ដែល​ចេញ​រក​ស៊ី​អាហារ​នៅ​ពេល​យប់។ ដោយ​សម្រុក​នឹង​ទៅ នោះ‹ពួក​ទ័ព​សេះ​កកាយ​នឹង​ជើង›យ៉ាង​អន្ទះអន្ទែង។ ពី​កន្លែង​ដ៏​ឆ្ងាយ​នៅ​បាប៊ីឡូន នោះ​ពួក​ពល​សេះ​នេះ​ក៏​ឆ្ពោះ​ទៅ​ស្រុក​យូដា។ ហោះហើរ​យ៉ាង​លឿន​ដូច​ជា​ឥន្ទ្រី​យ​ដែល​រហ័ស​ហើរ​ទៅ​ហែក​ស៊ី​អាហារ​ដ៏​ឆ្ងាញ់ នោះ​មិន​យូរ​ប៉ុន្មាន​ទៀត ពួក​ខាល់ដេ​ក៏​ស​ង្គ្រ​ប់​លើ​ចំណី​របស់​គេ​នោះ​ដែរ។ ប៉ុន្តែ តើ​នេះ​គ្រាន់​តែ​ជា​ការ​រឹប​អូស​យក ដោយ​ពួក​ទាហាន​មួយ​ចំនួន​តូច​នោះ​ឬ? ប្រាកដ​ជា​មិន​អ៊ីចឹង​ទេ! «គេ​សុទ្ធ​តែ​មក​ដើម្បី​រឹប​ជាន់» ដូច​ជា​ពួក​ហ្វូង​ដ៏​សម្បើម ដើម្បី​មក​បំផ្លិច​បំផ្លាញ។ មុខ​របស់​គេ​គឺ​បញ្ចេញ​ពន្លឺ​ព្រឹម​ៗ​ដោយ​ចិត្ត​ខ្នះ​ខ្នែង ពួក​គេ​ជិះ​ទៅ​ខាង​លិច​ឆ្ពោះ​ទៅ​ស្រុក​យូដា​និង​ទី​ក្រុង​យេរូសាឡិម ដោយ​រហ័ស​រហួន​ដូច​ជា​ខ្យល់​ពី​ទិស​ខាង​កើត។ ពួក​ទ័ព​បាប៊ីឡូន​ចាប់​យក​ពួក​ឈ្លើយ​ជា​ច្រើន ដែល​ពួក​គេ«ប្រមូល​បាន​ឈ្លើយ​ដូច​ជា​ខ្សាច់»។

១២. តើ​ពួក​បាប៊ីឡូន​មាន​អាកប្បកិរិយា​យ៉ាង​ណា ហើយ​តើ​សត្រូវ​ដ៏​គួរ​ឲ្យ​ខ្លាច​នេះ«នាំ​ឲ្យ​ខ្លួន​មាន​ទោស»យ៉ាង​ណា?

១២ ពួក​ទ័ព​សាសន៍​ខាល់ដេ ឡកឡឺយ​ឲ្យ​អស់​ទាំង​ស្តេច ហើយ​យកពួក​ចៅហ្វាយជា​ទី​មើល​ងាយ ដែល​ពួក​ទាំង​នេះ​គឺ​គ្មាន​អំណាច​បញ្ឈប់​ការ​ជឿន​ទៅ​មុខ​ដែល​ឥត​បង្អង់​ដៃ។ «ពួក​គេ​សើច​ចំពោះ​អស់​ទាំង​ទី​មាំ​មួន» ដែល​បន្ទាយ​ត្រូវ​បាក់​បែក ហើយ​ពេល​ដែល​ពួក​បាប៊ីឡូន«ពូន​ធូលី​ដី​ឡើង» ដោយ​បាន​វាយ​ប្រហារ​យក។ នៅ​ឯ​គ្រា​កំណត់​របស់​ព្រះ​យេហូវ៉ា នោះ​សត្រូវ​ដែល​គួរ​ឲ្យ​ខ្លាច«រួច​បក់​ហួស​ទៅ​ដូច​ជា​ខ្យល់»។ ក្នុង​ការ​វាយ​យក​ស្រុក​យូដា​និង​ទី​ក្រុង​យេរូសាឡិម នោះ​វា​និង«នាំ​ឲ្យ​ខ្លួន​មាន​ទោស» ដោយ​សារ​ការ​ធ្វើ​បាប​ដល់​រាស្ត្រ​របស់​ព្រះ។ ក្រោយ​ពី​មាន​ជ័យ​ជំនះ​យ៉ាង​រហ័ស នោះ​ពួក​មេ​បញ្ជាការ​សាសន៍​ខាល់ដេ​បាន​អួត​ថា៖ ‹អំណាច​នេះ​គឺ​ដោយ​សារ​ព្រះ​របស់​យើង›។ ប៉ុន្តែ​លោក​នោះ​មិន​ទាំង​ដឹង​អ្វី​សោះ​ឡើយ!

មូលដ្ឋាន​ដ៏​មាំ​មួន​សំរាប់​សេចក្ដី​សង្ឃឹម

១៣. ហេតុ​អ្វី​ក៏ហាបាគុកបាន​ពេញ​ដោយ​សេចក្ដី​សង្ឃឹម​និង​ការ​ទុក​ចិត្ត?

១៣ ដោយ​មាន​ការ​យល់​ច្រើន​ជាង​មុន​ស្តី​អំពី​គោល​បំណង​របស់​ព្រះ​យេហូវ៉ា នោះ​សេចក្ដី​សង្ឃឹម​ក៏​មាន​ដុះ​លូត​លាស់​ក្នុង​ចិត្ត​របស់ហាបាគុក។ ដោយ​មាន​ការ​ទុក​ចិត្ត​ទាំង​ស្រុង នោះ​លោក​បាន​និយាយ​ដោយ​មាន​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង​ដល់​ព្រះ​យេហូវ៉ា។ ដូច​បាន​កត់​សម្គាល់​នៅ​ឯ​ហាបាគុក ១:១២, ព.ថ. ព្យាការី​នេះ​និយាយ​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ តើ​ទ្រង់​គង់​នៅ​តាំង​ពី​អស់​កល្ប​រៀង​មក​មែន​ឬ? ឱ​ព្រះ​នៃ​ទូល​បង្គំ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ទូល​បង្គំ​អើយ ព្រះ​ទ្រង់​មិន​ស្លាប់​ទេ»។ ប្រាកដ​ហើយ ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដែល​គង់«ចាប់​តាំង​ពី​អស់​កល្ប រៀង​ទៅ​ដល់​អស់​កល្ប​ជា​និច្ច» គឺ​ជា​រៀង​រាប​ដរាប​ទៅ។—ទំនុកដំកើង ៩០:១, ២

១៤. តើ​ពួក​ក្បត់​ជំនឿ​ក្នុង​ស្រុក​យូដា បាន​បន្ត​ស្វះ​ស្វែង​ធ្វើ​អ្វី?

១៤ ក្នុង​ការ​ជញ្ជឹង​គិត​លើ​ចក្ខុនិមិត្ត​របស់​គាត់​ដែល​ព្រះ​ប្រទាន​ឲ្យ ហើយ​អរ​សប្បាយ​នឹង​ការ​យល់​ធ្លុះ​ជ្រៅ ដែល​ចក្ខុនិមិត្ត​នេះ​ផ្ដល់​ឲ្យ នោះ​ព្យាការី​នេះ​និយាយ​បន្ត​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ ទ្រង់​បាន​ដំរូវ​ទុក​គេ​ឲ្យ​ត្រូវ​ជំនុំ​ជំរះ ហើយ​ឱ​ថ្ម​ដា​អើយ ទ្រង់​បាន​តាំង​គេ​ឡើង ដើម្បី​វាយ​ផ្ចាល»។ ព្រះ​បាន​ជំនុំ​ជំរះ​ពួក​ក្បត់​ជំនឿ​នៅ​ស្រុក​យូដា​នេះ​ដោយ​គ្មាន​អនុគ្រោះ ហើយ​ពួក​គេ​នឹង​ទទួល​នូវ​ដំបូន្មាន និង​ការ​ស្តី​ប្រដៅ​យ៉ាង​ខ្លាំង​ពី​ព្រះ​យេហូវ៉ា។ ពួក​គេ​គួរ​តែ​ចាត់​ទុក​ទ្រង់​ជា​ថ្ម​ដា ជា​បន្ទាយ​តែ​មួយ​គត់ ជា​ទី​ពឹង​ជ្រក និង​ជា​ប្រភព​នៃ​សេចក្ដី​សង្គ្រោះ។ (ទំនុកដំកើង ៦២:៧; ៩៤:២២; ៩៥:១) ប៉ុន្តែ ពួក​មេ​ដឹក​នាំ​ដ៏​ជា​អ្នក​ក្បត់​ជំនឿ​ក្នុង​ស្រុក​យូដា​មិន​មក​ជិត​ព្រះ​នោះ​ទេ ហើយ​ពួក​គេ​បន្ត​ជិះ​ជាន់​លើ​ពួក​គ្មាន​កំហុស​ដែល​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ទៅ​វិញ។

១៥. តើ​ក្នុង​ន័យ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មាន «ព្រះ​នេត្រ​បរិសុទ្ធ​ក្រៃ​លែង នឹង​ទត​មើល​ការ​អាក្រក់​មិន​បាន»?

១៥ ស្ថានការណ៍​នេះ​ធ្វើ​ឲ្យ​ព្យាការី​របស់​ព្រះ​យេហូវ៉ា​មាន​ការ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង។ ដូច្នេះ លោក​ក៏​មាន​ប្រសាសន៍​ថា៖ «ទ្រង់​មាន​ព្រះ​នេត្រ​បរិសុទ្ធ​ក្រៃ​លែង នឹង​ទត​មើល​ការ​អាក្រក់​មិន​បាន ក៏​នឹង​ពិនិត្យ​មើល​ការ​ទុច្ចរិត​មិន​បាន​ដែរ»។ (ហាបាគុក ១:១៣) ត្រូវ​ហើយ ព្រះ​យេហូវ៉ា​មាន«ព្រះ​នេត្រ​បរិសុទ្ធ​ក្រៃ​លែង នឹង​ទត​មើល​ការ​អាក្រក់​មិន​បាន» នោះ​បាន​សេចក្ដី​ថា ទ្រង់​មិន​បណ្ដោយ​ឲ្យ​មាន​អំពើ​ខុស​ទំនង​ឡើយ។

១៦. តើ​អ្នក​នឹង​សង្ខេប​យ៉ាង​ណា នូវ​សេចក្ដី​ដែល​កត់​ទុក​ក្នុង​ហាបាគុក ១:១៣​-​១៧?

១៦ ដូច្នេះ លោកហាបាគុកមាន​សំនួរ​ដែល​ធ្វើ​ឲ្យ​ត្រិះរិះ​ពិចារណា។ លោក​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ទ្រង់​ទត​មើល​ចំពោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ក​ម្ប​ថ ហើយ​នៅ​តែ​ស្ងៀម ក្នុង​កាល​ដែល​ពួក​អ្នក​អាក្រក់​លេប​មនុស្ស​ដែល​សុចរិត​ជាង​ខ្លួន​បាត់​ទៅ​ដូច្នេះ គឺ​ធ្វើ​ឲ្យ​មនុស្ស​បាន​ដូច​ជា​ត្រី​នៅ​សមុទ្រ ឬ​ដូច​ជា​សត្វ​លូន​វារ​ដែល​គ្មាន​អ្នក​ណា​គ្រប់​គ្រង​រក្សា​សោះ គេ​ស្ទូច​ចាប់​យក​ទាំង​អស់ ក៏​ចាប់​ដោយ​សំណាញ់ ហើយ​កៀរ​យក​ដោយ​អួន ដូច្នេះ​គេ​មាន​ចិត្ត​រីករាយ ហើយ​អរ​សប្បាយ ហេតុ​នោះ​បាន​ជា​គេ​ថ្វាយ​យញ្ញ​បូជា​ដល់​សំណាញ់​របស់​គេ ហើយ​ដុត​កំញាន​ថ្វាយ​ដល់​អួន ពីព្រោះ​ចំណែក​របស់​គេ​បាន​ធំ​ឡើង ហើយ​គេ​មាន​អាហារ​ជា​បរិបូរ ដោយ​សារ​របស់​ទាំង​នោះ ដូច្នេះ តើ​គេ​នឹង​ចេះ​តែ​ចាក់​ចេញ​ពី​អួន ហើយ​សំឡាប់​អស់​ទាំង​សាសន៍​ឥត​ប្រណី​ជា​និច្ច​ឬ?»។—ហាបាគុក ១:១៣​-​១៧

១៧. (ក) ក្នុង​ការ​វាយ​ប្រហារ​យក​ស្រុក​យូដា​និង​ទី​ក្រុង​យេរូសាឡិម តើ​ពួក​បាប៊ីឡូន​បាន​ជួយ​សម្រេច​តាម​គោល​បំណង​របស់​ព្រះ​យ៉ាង​ណា? (ខ) តើ​ព្រះ​យេហូវ៉ា​នឹង​លាត​ត្រដាង​នូវ​អ្វី​ចំពោះ​លោកហាបាគុក?

១៧ ក្នុង​ការ​វាយ​ប្រហារ​យក​ស្រុក​យូដា​និង​ទី​ក្រុង​យេរូសាឡិម ដែល​ជា​រដ្ឋធានី​នោះ ពួក​បាប៊ីឡូន​នឹង​ចាត់​វិធានការ ដែល​ស្រប​ទៅ​តាម​សេចក្ដី​ប្រាថ្នា​របស់​គេ។ ពួក​គេ​នឹង​មិន​ដឹង​ថា គេ​ធ្វើ​ជា​មធ្យោបាយ​របស់​ព្រះ​ដើម្បី​សម្រេច​នូវ​សេចក្ដី​ជំនុំ​ជំរះ​ដ៏​សុចរិត​របស់​ទ្រង់ ប្រឆាំង​នឹង​ប្រជាជន​ដែល​គ្មាន​ចិត្ត​ស្មោះ​ត្រង់​នោះ​ទេ។ គឺ​ឃើញ​យ៉ាង​ស្រួល​នូវ​មូលហេតុ​ដែលហាបាគុក មាន​ការ​ពិបាក​យល់​ហេតុ​ដែល​ព្រះ​ប្រើ​ពួក​បាប៊ីឡូន​ដ៏​អាក្រក់​ជួជាតិ ដើម្បី​នឹង​សម្រេច​ការ​ជំនុំ​ជំរះ​របស់​ទ្រង់​ទៅ​វិញ។ ពួក​ខាល់ដេ​ដ៏​សាហាវ​ទាំង​នោះ មិន​មែន​ជា​ពួក​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​សោះ​ឡើយ។ ពួក​គេ​ចាត់​ទុក​មនុស្ស​គ្រាន់​តែ​ជា‹ត្រី​និង​សត្វ​លូន​វារ›ប៉ុណ្ណោះ។ ប៉ុន្តែ ភាព​វង្វេង​វង្វាន់​របស់ហាបាគុក នឹង​មិន​មាន​នៅ​យូរ​នោះ​ឡើយ។ មិន​យូរ​ប៉ុន្មាន​ទៀត ព្រះ​យេហូវ៉ា​នឹង​លាត​ត្រដាង​ប្រាប់​ព្យាការី​របស់​ទ្រង់​ថា ពួក​បាប៊ីឡូន​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​ចំពោះ​ការ​បំផ្លាញ​ដ៏​ល្មោភ​របស់​គេ ហើយ​ចំពោះ​ការ​មាន​ទោស​សម្លាប់​គេ​ដ៏​សាហាវ​នោះ។—ហាបាគុក ២:៨

ប្រុង​ប្រៀប​ជា​ស្រេច​ចំពោះ​បន្ទូល​ឯ​ទៀត​របស់​ព្រះ​យេហូវ៉ា

១៨. តើ​យើង​អាច​រៀន​អ្វី ពី​អាកប្បកិរិយា​របស់ហាបាគុក ដូច​បាន​បង្ហាញ​ក្នុង​ហាបាគុក ២:១?

១៨ ប៉ុន្តែ ឥឡូវ​នេះ ហាបាគុករង់​ចាំ​ស្ដាប់​បន្ទូល​ថែម​ទៀត​ដែល​ព្រះ​យេហូវ៉ា​នឹង​មាន​បន្ទូល​ប្រាប់​គាត់។ ព្យាការី​នេះ​មាន​ប្រសាសន៍​ដោយ​ម៉ឺង​ម៉ាត់​ថា៖ «ខ្ញុំ​នឹង​នៅ​ត្រង់​ទី​ចាំ​យាម ខ្ញុំ​នឹង​ឡើង​ទៅ​លើ​ប៉ម ហើយ​ខំ​មើល​ទៅ ដើម្បី​ឲ្យ​ដឹង​ជា​ទ្រង់​នឹង​មាន​បន្ទូល​មក​ដូច​ម្ដេច ហើយ​នឹង​ឆ្លើយ​ពី​ដំណើរ​ដែល​ខ្ញុំ​ចោទ​ប្រកាន់​ជា​យ៉ាង​ណា»។ (ហាបាគុក ២:១) ដោយ​សារ​លោក​ជា​ព្យាការី​ម្នាក់​នោះ ហាបាគុកគឺ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នូវ​អ្វី​ដែល​ព្រះ​នឹង​មាន​បន្ទូល​ដល់​លោក។ ជំនឿ​របស់​លោក​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​មួយ​អង្គ​ដែល​មិន​បណ្ដោយ​ឲ្យ​មាន​អំពើ​អាក្រក់​កើត​ឡើង នោះ​ធ្វើ​ឲ្យ​លោក​ឆ្ងល់​នូវ​ហេតុ​អ្វី​ក៏​មាន​អំពើ​អាក្រក់​ជួជាតិ​អ៊ីចឹង ប៉ុន្តែ​លោក​សុខ​ចិត្ត​កែ​តម្រូវ​គំនិត​របស់​លោក។ បើ​អ៊ីចឹង ចុះ​យ៉ាង​ណា​វិញ​ចំពោះ​យើង​នោះ? នៅ​ពេល​ដែល​យើង​ឆ្ងល់​នូវ​មូលហេតុ​ដែល​របស់​អាក្រក់​ណា​មួយ​បាន​ត្រូវ​បណ្ដោយ​ឲ្យ​មាន​នោះ ការ​ទុក​ចិត្ត​របស់​យើង​លើ​ព្រះ​យេហូវ៉ា​គួរ​តែ​ជួយ​យើង​ឲ្យ​រក្សា​តុល្យភាព​របស់​យើង ហើយ​ឲ្យ​យើង​រង់​ចាំ​ទ្រង់​វិញ។—ទំនុកដំកើង ៤២:៥, ១១

១៩. ដោយ​ស្មោះ​ត្រង់​នឹង​បន្ទូល​របស់​ព្រះ​ចំពោះហាបាគុក តើ​បាន​មាន​អ្វី​កើត​ឡើង​ដល់​ពួក​យូដា​ដ៏​វង្វេង​នោះ?

១៩ ដោយ​ស្មោះ​ត្រង់​តាម​បន្ទូល​របស់​ទ្រង់​ចំពោះហាបាគុក នោះ​ព្រះបាន​សម្រេច​ការ​ជំនុំ​ជំរះ​ចំពោះ​សាសន៍​យូដា​ដ៏​វង្វេង គឺ​ដោយ​អនុញ្ញាត​ឲ្យ​ពួក​បាប៊ីឡូន​លុក​លុយ​យក​ស្រុក​យូដា​បាន។ នៅ​ក្នុង​ឆ្នាំ​៦០៧ ម.​ស.យ. ពួក​គេ​បាន​បំផ្លាញ​ចោល​ទី​ក្រុង​យេរូសាឡិម​និង​ព្រះ​វិហារ សម្លាប់​មនុស្ស​ក្មេង​ចាស់ ហើយ​ក៏​បាន​នាំ​យក​មនុស្ស​ជា​ច្រើន​ទៅ​ធ្វើ​ជា​ឈ្លើយ​ផង​ដែរ។ (របាក្សត្រ​ទី​២ ៣៦:១៧​-​២០) ក្រោយ​ពី​បាន​រស់​នៅ​ជា​និរទេស​ជន​ជា​យូរ​មក​ក្នុង​ប្រទេស​បាប៊ីឡូន នោះ​ពួក​អ្នក​សំណល់​ដ៏​ស្មោះ​ត្រង់​នៃ​សាសន៍​យូដា បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​គេ​វិញ ហើយ​ជា​យថាហេតុ ក៏​សាង​សង់​ព្រះ​វិហារ​នោះ​វិញ។ ប៉ុន្តែ ក្រោយ​មក​ពួក​យូដា​ក៏​ស​ឲ្យ​ឃើញ​ថា គេ​ឥត​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​ម្ដង​ទៀត ជា​ពិសេស​ក្នុង​កាល​ដែល​ពួក​គេ​បដិសេធ​ចោល​ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី។

២០. តើ​ប៉ុល​បាន​ប្រើ​ហាបាគុក ១:៥ ស្តី​អំពី​ការ​បដិសេធ​ចោល​ព្រះ​យេស៊ូ​យ៉ាង​ណា?

២០ យោង​ទៅ​តាម​កិច្ច​ការ ១៣:៣៨​-​៤១ នោះ​សាវ័ក​ប៉ុល​បាន​បង្ហាញ​ប្រាប់​ពួក​យូដា​នៅ​ក្នុង​ទី​ក្រុង​អាន់ទីយ៉ូក នូវ​អត្ថន័យ​នៃ​ការ​បដិសេធ​ចោល​ព្រះ​យេស៊ូ ហើយ​ដូច្នេះ​ក៏​ច្រាន​ចោល​នូវ​យញ្ញ​បូជា​លោះ​របស់​ទ្រង់​នោះ។ ដោយ​បាន​ស្រង់​ពាក្យ​ពី​ហាបាគុក ១:៥ ពី​សេចក្ដី​បក​ប្រែ​សេបទូជីន​ភាសា​ក្រិក នោះ​ប៉ុល​បាន​ព្រមាន​ថា៖ «ដូច្នេះ ត្រូវ​ប្រយ័ត ក្រែង​អ្នក​រាល់​គ្នា​កើត​មាន​សេចក្ដី ដែល​ពួក​ហោរា​បាន​ទាយ​ទុក​ថា ‹នែ អស់​អ្នក​ដែល​មើល​ងាយ​អើយ ចូរ​ភាំង​ឆ្ងល់ ហើយ​វិនាស​ទៅ​ចុះ ដ្បិត​អញ​ធ្វើ​ការ​១​នៅ​ជំនាន់​ឯង​រាល់​គ្នា គឺ​ជា​ការ​ដែល​ឯង​រាល់​គ្នា​មិន​ព្រម​ជឿ​ឡើយ ទោះ​បើ​មាន​គេ​ប្រាប់​មក​ឯង​រាល់​គ្នា​ក៏​ដោយ›»។ ស្រប​តាម​ការ​ដក​ស្រង់​របស់​ប៉ុល នោះ​ការ​សម្រេច​ទី​ពីរ​នៃ​ហាបាគុក ១:៥ បាន​កើត​ឡើង​ក្នុង​ពេល​ដែល​កង​ទ័ព​រ៉ូម៉ាំង​បាន​កំទេច​ចោល​ទី​ក្រុង​យេរូសាឡិម និង​ព្រះ​វិហារ​នៅ​ទី​នោះ​ក្នុង​ឆ្នាំ​៧០ ស.យ.

២១. តើ​ពួក​សាសន៍​យូដា​នៅ​សម័យ​របស់​លោកហាបាគុក មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ«កិច្ច​ការ»របស់​ព្រះ ក្នុង​ការ​ឲ្យ​ពួក​បាប៊ីឡូន​កំទេច​ចោល​ទី​ក្រុង​យេរូសាឡិម​នោះ?

២១ ចំពោះ​ពួក​សាសន៍​យូដា​នៅ​សម័យ​របស់​លោកហាបាគុក នោះ«កិច្ច​ការ»របស់​ព្រះ ក្នុង​ការ​ឲ្យ​ពួក​បាប៊ីឡូន​កំទេច​ចោល​ទី​ក្រុង​យេរូសាឡិម គឺ​ជា​អ្វី​ដែល​គេ​គិត​ថា​មិន​អាច​កើត​មាន​ឡើង​ទេ ពីព្រោះ​ទី​ក្រុង​នោះ​គឺ​ជា​មណ្ឌល​នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា និង​ជា​កន្លែង​ដែល​ស្តេច​ចាក់​ប្រេង​តាំង​របស់​ទ្រង់​បាន​ត្រូវ​ឲ្យ​ឡើង​សោយ​រាជ្យ។ (ទំនុកដំកើង ១៣២:១១​-​១៨) អ៊ីចឹង​ហើយ ទី​ក្រុង​យេរូសាឡិម​គឺ​មិន​ដែល​ធ្លាប់​កំទេច​ចោល​ទេ។ ព្រះ​វិហារ​នេះ​គឺ​មិន​ដែល​ឆេះ​ខ្ទេច​ទេ។ ដំណាក់​របស់​ដាវីឌ​មិន​ដែល​រំលំ​ទេ។ គឺ​ជា​អ្វី​ដែល​ពិបាក​និង​ជឿ ដែល​ព្រះ​យេហូវ៉ា​នឹង​អនុញ្ញាត​ឲ្យ​រឿង​បែប​នេះ​កើត​ឡើង។ ប៉ុន្តែ​តាម​រយៈហាបាគុក នោះ​ព្រះ​បាន​ប្រទាន​ឲ្យ​ការ​ព្រមាន​ជា​ច្រើន ដែល​ថា​ព្រឹត្ដិការណ៍​ដ៏​ភ្ញាក់​ផ្អើល​នេះ​នឹង​កើត​ឡើង។ ហើយ​ប្រវត្ដិសាស្ត្រ​បង្ហាញ​ថា នេះ​គឺ​បាន​កើត​ឡើង​ដូច​បាន​ទាយ​ប្រាប់​មក​មែន។

«កិច្ច​ការ»ដ៏គួរ​ឲ្យ​អស្ចារ្យ​របស់​ព្រះ​ក្នុង​សម័យ​របស់​យើង

២២. តើ«កិច្ច​ការ»ដ៏​គួរ​ឲ្យ​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា ទាក់​ទង​អ្វី​នៅ​សម័យ​យើង​នេះ?

២២ តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ«កិច្ច​ការ»ដ៏គួរ​ឲ្យ​អស្ចារ្យ​ក្នុង​សម័យ​យើង​ឬ​ទេ? សូម​ទុក​ចិត្ត​ថា​ទ្រង់​នឹង​ធ្វើ​មែន ទោះ​ជា​នេះ​ហាក់​ដូច​ពិបាក​និង​ជឿ​ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​សង្ស័យ​ក៏​ដោយ។ នៅ​គ្រា​នេះ កិច្ច​ការដ៏​គួរ​ឲ្យ​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា គឺ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ហិន​វិនាស​ដល់​ពិភព​គ្រីស្ទ​សាសនា។ ដូច​ពួក​យូដា​ពី​បុរាណ​ដែល​អួតអាង​ថា​ថ្វាយ​បង្គំ​ព្រះ ក៏​ប៉ុន្តែ​ការ​ពិត​គឺ​ពុក​រលួយ​ទាំង​ស្រុង។ ព្រះ​យេហូវ៉ា​នឹង​ធានា​រ៉ាប់​រង​ថា ស្លាក​ស្លា​ម​កេរ្ដិ៍​ដំណែល​ទាំង​អស់​របស់​ប្រព័ន្ធ​ខាង​ពិភព​គ្រីស្ទ​សាសនា មិន​យូរ​ប៉ុន្មាន​ទៀត នឹង​ត្រូវ​បោស​សំអាត​ចេញ​ទាំង​អស់ ហើយ«បាប៊ីឡូន​ដ៏​ធំ» ដែល​ជា​ចក្រភព​ទូទៅ​នៃ​សាសនា​មិន​ពិត ក៏​នឹង​ត្រូវ​បោស​សំអាត​ចេញ​ទាំង​អស់​ដែរ។—វិវរណៈ ១៨:១​-​២៤

២៣. តើ​វិញ្ញាណ​របស់​ព្រះ​ជំរុញ​ឲ្យហាបាគុកធ្វើ​អ្វី​ជា​បន្ទាប់?

២៣ ព្រះ​យេហូវ៉ា​មានកិច្ច​ការច្រើន​ទៀត​ឲ្យហាបាគុកធ្វើ មុន​នឹង​សេចក្ដី​ហិន​វិនាស​នៃ​ទី​ក្រុង​យេរូសាឡិម​នៅ​ក្នុង​ឆ្នាំ​៦០៧ ម.​ស.យ.។ តើ​ព្រះ​ទ្រង់​នឹង​ប្រាប់​អ្វី​ដល់​ព្យាការី​របស់​ទ្រង់? យ៉ាង​ណា​មិញ ហាបាគុកនឹង​ឮ​អ្វី​ខ្លះ​ដែល​នឹង​ជំរុញ​លោក​ឲ្យ​យក​គ្រឿង​ភ្លេង ហើយ​ច្រៀង​ថ្វាយ​ព្រះ​យេហូវ៉ា តាម​ចំរៀង​ដែល​ជា​សេចក្ដី​អធិស្ឋាន។ ប៉ុន្តែ មុន​ដំបូង វិញ្ញាណ​របស់​ព្រះ​ជំរុញ​ឲ្យ​ព្យាការី​នេះ ប្រកាស​នូវ​សេចក្ដី​វេទនា​ដ៏​ធំ។ យ៉ាង​ប្រាកដ​ណាស់ យើង​នឹង​អបអរ​ដោយ​បាន​យល់​ធ្លុះ​ជ្រៅ នូវ​អត្ថន័យ​នៃបទទំនាយ​បែប​នេះ ដែល​ស្តី​អំពី​គ្រា​កំណត់​របស់​ព្រះ។ ដូច្នេះ សូម​ឲ្យ​យើង​ប្រុង​ស្មារតី​ថែម​ទៀត ទៅ​នឹង​ទំនាយ​របស់ហាបាគុក។

តើ​អ្នក​នឹក​ចាំ​ឬ​ទេ?

តើ​ស្ថានការណ៍​អ្វី​ដែល​មាន​ក្នុង​ស្រុក​យូដា ក្នុង​សម័យហាបាគុកនោះ?

តើ​ព្រះ​យេហូវ៉ា​បាន​បន្ត​ធ្វើ«កិច្ច​ការ»ដ៏គួរ​ឲ្យ​អស្ចារ្យ​អ្វី នៅ​សម័យ​របស់ហាបាគុក?

តើហាបាគុកមាន​អ្វី ដែល​ជា​មូលដ្ឋាន​សំរាប់​សេចក្ដី​សង្ឃឹម​នោះ?

តើ​ព្រះ​នឹង​ធ្វើ«កិច្ច​ការ»ដ៏គួរ​ឲ្យ​អស្ចារ្យ​អ្វី​ក្នុង​សម័យ​យើង​នេះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​៩]

ហាបាគុកបាន​ឆ្ងល់​នូវ​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់។ តើ​អ្នក​ឆ្ងល់​ឬ​ទេ?