តើអ្នកមាន«គំនិតជារបស់ផងព្រះគ្រីស្ទ»ឬទេ?
តើអ្នកមាន«គំនិតជារបស់ផងព្រះគ្រីស្ទ»ឬទេ?
«សូមព្រះនៃសេចក្ដីអត់ធ្មត់ នឹងសេចក្ដីកំសាន្តចិត្ត ទ្រង់ប្រទានឲ្យអ្នករាល់គ្នាមានគំនិតតែ១ តាមព្រះគ្រីស្ទយេស៊ូវ»។—រ៉ូម ១៥:៥
១. តើព្រះយេស៊ូបានត្រូវគេសម្ដែងតាមរបៀបណា ក្នុងគំនូរជាច្រើនរបស់ពិភពគ្រីស្ទសាសនា ហើយហេតុអ្វីក៏នេះមិនមែនជាការរៀបរាប់សមត្រឹមត្រូវអំពីព្រះយេស៊ូ?
«គេមិនដែលឃើញទ្រង់សើចម្ដងនោះទេ»។ នេះហើយជារបៀបដែលព្រះយេស៊ូបានត្រូវគេរៀបរាប់ក្នុងឯកសារមួយ ដែលបានអះអាងដោយខុសថាបានសរសេរដោយមន្ត្រីផ្លូវការជាតិរ៉ូម៉ាំងនៅសម័យបុរាណ។ ឯកសារនេះ ដែលមានជាទម្រង់បច្ចុប្បន្ននេះតាំងពីសតវត្សទី១១ នោះបានត្រូវគេនិយាយថាបានមានឥទ្ធិពលលើពួកវិចិត្រករជាច្រើននាក់។ * ក្នុងចំណោមរូបគំនូរមួយចំនួន នោះឃើញព្រះយេស៊ូដូចជាបុគ្គលដែលមានទុក្ខព្រួយ ដែលកម្រញញឹមណាស់។ ប៉ុន្តែនេះគឺមិនមែនជាការពណ៌នាដ៏ត្រឹមត្រូវអំពីព្រះយេស៊ូ ដែលសៀវភៅដំណឹងល្អពណ៌នាទ្រង់ជាបុរសដែលមានចិត្តកក់ក្ដៅហើយមានចិត្តល្អ ព្រមទាំងមានអារម្មណ៍ដ៏ជ្រាលជ្រៅផងនោះទេ។
២. តើតាមរបៀបណាដែលយើងអាចបណ្ដុះឲ្យ«មានគំនិតតែ១ តាមព្រះគ្រីស្ទយេស៊ូវ» ហើយតើនេះនឹងប្រដាប់យើងឲ្យធ្វើអ្វី?
២ យ៉ាងច្បាស់ណាស់ ដើម្បីឲ្យស្គាល់ព្រះយេស៊ូដ៏ពិតនោះ យើងត្រូវតែបំពេញចិត្តគំនិតរបស់យើងដោយមានការយល់ដឹងយ៉ាងត្រឹមត្រូវអំពីព្រះយេស៊ូ ថាទ្រង់ជាបុគ្គលបែបណាកាលដែលទ្រង់គង់នៅលើផែនដីនេះ។ បើអ៊ីចឹង សូមឲ្យយើងពិនិត្យមើលដំណើររឿងខ្លះពីសៀវភៅដំណឹងល្អ ដែលនឹងផ្ដល់ឲ្យយើងនូវការយល់ធ្លុះជ្រៅនឹង«គំនិតជារបស់ផងព្រះគ្រីស្ទ» គឺជា អារម្មណ៍ ការយល់ដឹង គំនិត និងការវែកញែករបស់ទ្រង់ផង។ (កូរិនថូសទី១ ២:១៦) កាលដែលយើងធ្វើអ៊ីចឹង សូមឲ្យយើងពិចារណាមើលនូវរបៀបដែលយើងអាចបណ្ដុះឲ្យ«មានគំនិតតែ១ តាមព្រះគ្រីស្ទយេស៊ូវ»។ (រ៉ូម ១៥:៥) ដូច្នេះ យើងប្រហែលជានឹងបានត្រូវប្រដាប់យ៉ាងប្រសើរជាងនៅក្នុងជីវិតរបស់យើង និងនៅក្នុងរបៀបដែលយើងទាក់ទងជាមួយអ្នកដទៃ ដើម្បីឲ្យកាន់តាមលំដាប់ដែលទ្រង់បានទុកសំរាប់យើងនោះ។—យ៉ូហាន ១៣:១៥
ស្រួលនឹងទាក់ទង
៣, ៤. (ក) តើអ្វីជាដំណើររឿងដែលបានកត់ទុកនៅម៉ាកុស ១០:១៣-១៦នោះ? (ខ) តើព្រះយេស៊ូបានប្រព្រឹត្តយ៉ាងណា ពេលដែលពួកសិស្សរបស់ទ្រង់បានខំបញ្ឈប់កូនក្មេងពីការមកឯទ្រង់នោះ?
៣ បណ្ដាជនបានមានចិត្តចង់មកឯព្រះយេស៊ូ។ នៅគ្រាផ្សេងៗ ពួកបុគ្គលដែលមានអាយុខុសៗគ្នានិងសាវតារផ្សេងៗគ្នា បានមកទាក់ទងទ្រង់ដោយសេរី។ ចូរពិចារណាមើលនូវព្រឹត្ដិការណ៍ដែលបានកត់ទុកនៅឯម៉ាកុស ១០:១៣-១៦។ នេះបានកើតឡើងជិតទីបញ្ចប់នៃកិច្ចបំរើរបស់ទ្រង់ កាលដែលទ្រង់ធ្វើដំណើរទៅឯទីក្រុងយេរូសាឡិមលើកចុងក្រោយបង្អស់ ដើម្បីនឹងទទួលការសោយទិវង្គតដ៏ឈឺចាប់យ៉ាងខ្លាំងនោះ។—ម៉ាកុស ១០:៣២-៣៤
៤ សូមពិនិត្យមើលនូវដំណើររឿងនេះ។ មនុស្សចាប់ផ្ដើមនាំយកមកនូវកូនក្មេង ដែលរួមបញ្ចូលកូនង៉ា ដើម្បីឲ្យព្រះយេស៊ូប្រទានពរឲ្យគេ។ * ប៉ុន្តែ ពួកសិស្សខំប្រឹងបញ្ឈប់កូនក្មេងមិនឲ្យទៅជិតព្រះយេស៊ូ។ ប្រហែលជាពួកសិស្សគិតថាព្រះយេស៊ូច្បាស់ជាមិនចង់ឲ្យកូនក្មេងមករំខាន ក្នុងកំឡុងសប្ដាហ៍ដ៏សំខាន់ទាំងនេះហើយ។ ក៏ប៉ុន្តែ ពួកគេបានគិតខុសទៅវិញ។ នៅពេលដែលព្រះយេស៊ូជ្រាបពីអ្វីដែលពួកសិស្សធ្វើ នោះទ្រង់មិនសព្វព្រះហឫទ័យឡើយ។ ព្រះយេស៊ូហៅកូនក្មេងមកឯទ្រង់ ដោយមានបន្ទូលថា៖ «ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ»។ (ម៉ាកុស ១០:១៤) រួចមក ទ្រង់ធ្វើអ្វីមួយដែលលាតត្រដាងនូវមារយាទដ៏ថ្នាក់ថ្នម និងដែលប្រកបដោយសេចក្ដីស្រឡាញ់។ ដំណើរ រឿងនេះចែងថា៖ «ទ្រង់ក៏ឱបវារាល់គ្នា . . . ទាំងប្រទានពរឲ្យផង»។ (ម៉ាកុស ១០:១៦) យ៉ាងច្បាស់ណាស់ កូនក្មេងមានអារម្មណ៍ស្រួលក្នុងចិត្ត កាលដែលព្រះយេស៊ូឱបគេយ៉ាងថ្នាក់ថ្នមនោះ។
៥. តើដំណើររឿងនៅឯម៉ាកុស ១០:១៣-១៦ ប្រាប់យើងយ៉ាងណាអំពីព្រះយេស៊ូថាទ្រង់ជាបុគ្គលបែបណានោះ?
៥ ដំណើររឿងដ៏ខ្លីនោះប្រាប់យើងយ៉ាងច្រើនអំពីព្រះយេស៊ូថា ទ្រង់ជាបុគ្គលបែបណានោះ។ ចូរកត់សម្គាល់ថា ទ្រង់ជាបុគ្គលដែលស្រួលទាក់ទង។ ទោះជាទ្រង់ធ្លាប់មានឋានៈដ៏ខ្ពង់ខ្ពស់នៅស្ថានសួគ៌ នោះទ្រង់មិនមែនជាបុគ្គលដែលបំភ័យគេឬមើលងាយមនុស្សឥតគ្រប់ល័ក្ខណ៍នោះទេ។ (យ៉ូហាន ១៧:៥) តើជាការគួរឲ្យអស្ចារ្យមែនទេ ដែលសូម្បីតែកូនក្មេងក៏មានអារម្មណ៍ស្រួលនឹងទ្រង់ផងដែរ? យ៉ាងច្បាស់ណាស់ ពួកគេនឹងមិនបានទាក់ទាញចិត្តទៅនឹងបុគ្គលដែលគ្មានអំណរ គ្មានភាពកក់ក្ដៅ ដែលមិនដែលញញឹមឬសើចនោះឡើយ! បណ្ដាជនដែលគ្រប់អាយុបានមកទាក់ទងព្រះយេស៊ូ ពីព្រោះពួកគេដឹងថា ទ្រង់ជាបុគ្គលដែលចេះថែរក្សា ដែលមានព្រះទ័យយ៉ាងកក់ក្ដៅ ហើយពួកគេបានប្រាកដក្នុងចិត្តថាទ្រង់នឹងមិនបណ្ដេញគេចេញនោះទេ។
៦. តើតាមរបៀបណាដែលពួកអ្នកចាស់ទុំអាចធ្វើឲ្យខ្លួនគេជាអ្នកស្រួលទាក់ទងជាង?
៦ ដោយសញ្ជឹងគិតលើដំណើររឿងនេះ យើងអាចសួរខ្លួនយើងថា ‹តើខ្ញុំមានគំនិតរបស់ផងព្រះគ្រីស្ទឬទេ? តើខ្ញុំជាបុគ្គលដែលស្រួលទាក់ទងឬទេ?› នៅក្នុងគ្រាដ៏ពិបាកនេះ ចៀមរបស់ព្រះត្រូវការពួកអ្នកគង្វាលដែលស្រួលទាក់ទង គឺពួកបុរសដែលប្រៀបដូចជា«ទីបាំងឲ្យរួចពីខ្យល់»។ (អេសាយ ៣២:១, ២; ធីម៉ូថេទី២ ៣:១) ពួកអ្នកចាស់ទុំ បើសិនជាអ្នករាល់គ្នាបណ្ដុះឲ្យមានការចាប់អារម្មណ៍ដ៏ស្មោះអស់ពីចិត្តនឹងបងប្អូនរបស់អ្នក ហើយសុខចិត្តប្រគល់ខ្លួនដើម្បីជួយគេ នោះពួកគេនឹងដឹងថាអ្នកក៏ខ្វល់ខ្វាយនឹងគេដែរ។ ពួកគេនឹងឃើញការនេះដោយទឹកមុខរបស់អ្នក ឮហ្នឹងតាមសូរសម្លេងរបស់អ្នក ហើយឃើញការខ្វល់ខ្វាយនេះតាមមារយាទដ៏ស្លូតរបស់អ្នក។ ភាពកក់ក្ដៅនិងការខ្វល់ខ្វាយដ៏ស្មោះបែបនេះ អាចបង្កើតឲ្យមានបរិយាកាសជាទីទុកចិត្ត ដែលធ្វើឲ្យស្រួលដល់អ្នកដទៃ រួមទាំងកូនក្មេងឲ្យមកទាក់ទងនឹងអ្នក។ ស្ត្រីគ្រីស្ទានម្នាក់ពន្យល់នូវមូលហេតុដែលនាងអាចនិយាយឥតលាក់លៀមប្រាប់អ្នកចាស់ទុំម្នាក់ គឺថា៖ «គាត់បាននិយាយជាមួយខ្ញុំតាមរបៀបដ៏ថ្នាក់ថ្នមហើយដ៏ចេះអាសូរ។ បើមិនអ៊ីចឹងទេ ខ្ញុំប្រហែលជាមិនបង្ហើបពាក្យមួយម៉ាត់នោះឡើយ។ គាត់ធ្វើឲ្យខ្ញុំមានអារម្មណ៍សុខស្រួលណាស់»។
ចេះគិតដល់អ្នកដទៃ
៧. (ក) តើតាមរបៀបណាដែលព្រះយេស៊ូបានសម្ដែងឲ្យឃើញថាទ្រង់ចេះគិតដល់អ្នកដទៃ? (ខ) ប្រហែលជាហេតុអ្វីបានជាព្រះយេស៊ូប្រោសឲ្យជាដល់ចក្ខុវិញ្ញាណរបស់បុរសម្នាក់ ដោយបន្ដិចម្ដងៗនោះ?
៧ ព្រះយេស៊ូចេះគិតដល់អ្នកដទៃ។ ទ្រង់ឆាប់ជ្រាបនូវអារម្មណ៍របស់អ្នកដទៃ។ គ្រាន់តែឃើញពួករងទុក្ខវេទនា ក៏បានមានអានុភាពដល់ព្រះទ័យទ្រង់ដ៏ជ្រាលជ្រៅដល់ម្ល៉េះ ដែលទ្រង់បានត្រូវជំរុញឲ្យសម្រាលនូវការរងទុក្ខវេទនារបស់គេ។ (ម៉ាថាយ ១៤:១៤) ទ្រង់ក៏ចេះគិតដល់កម្រិតនិងតម្រូវការរបស់អ្នកដទៃដែរ។ (យ៉ូហាន ១៦:១២) នៅពេលមួយ បណ្ដាជនបាននាំមនុស្សខ្វាក់ម្នាក់មកឯព្រះយេស៊ូ ហើយបានអង្វរទ្រង់ប្រោសឲ្យគាត់បានជា។ ព្រះយេស៊ូបានព្យាបាលបុរសនេះឲ្យមើលឃើញវិញ ប៉ុន្តែទ្រង់បានធ្វើឡើងជាបណ្ដើរៗ។ មុនដំបូង បុរសនេះបានឃើញមនុស្សមិនសូវច្បាស់ទេ គឺ«ឃើញមនុស្សដើរ មើលទៅដូចជាដើមឈើ»។ រួចមក ព្រះយេស៊ូបានធ្វើឲ្យចក្ខុវិញ្ញាណរបស់គាត់បានល្អពេញលេញវិញ។ ហេតុអ្វីក៏ទ្រង់បានប្រោសបុរសនេះឲ្យជាបន្ដិចម្ដងៗអ៊ីចឹង? នេះប្រហែលជាដើម្បីជួយមនុស្សដែលធ្លាប់មានភ្នែកងងឹត ឲ្យកែសម្រួលបានល្អពីការតក់ស្លុតដោយឃើញភ្លាមនូវពន្លឺព្រះអាទិត្យ និងពិភពលោកដ៏ស្មុគស្មាញនេះ។—ម៉ាកុស ៨:២២-២៦
៨, ៩. (ក) តើមានអ្វីកើតឡើងមិនយូរប៉ុន្មានក្រោយពីព្រះយេស៊ូនិងពួកសិស្សរបស់ទ្រង់បានចូលតំបន់ដេកាប៉ូល? (ខ) សូមរៀបរាប់ពីការប្រោសបុរសថ្លង់ម្នាក់នេះឲ្យជា ដែលព្រះយេស៊ូបានធ្វើនោះ។
៨ ចូរពិនិត្យមើលដែរ នូវព្រឹត្ដិការណ៍ដែលបានកើតឡើងក្រោយពីបុណ្យរំលងនៅឆ្នាំ៣២ ស.យ.។ ព្រះយេស៊ូនិងពួកសិស្សរបស់ទ្រង់បានចូលក្នុងតំបន់ដេកាប៉ូល ដែលនៅទិសខាងកើតសមុទ្រកាលីឡេ។ មិនយូរប៉ុន្មាន នោះហ្វូងមនុស្សដ៏ធំបានឃើញពួកគេនៅទីនោះ ហើយក៏យកពួកមនុស្សឈឺនិងពួកពិការជាច្រើននាក់មកឲ្យព្រះយេស៊ូ ហើយទ្រង់បានប្រោសឲ្យគេជាទាំងអស់គ្នា។ (ម៉ាថាយ ១៥:២៩, ៣០) គួរឲ្យចាប់អារម្មណ៍ដែរ ព្រះយេស៊ូបានរើសយកបុរសម្នាក់សំរាប់ការពិចារណាមើលជាពិសេស។ ម៉ាកុសជាអ្នកសរសេរសៀវភៅដំណឹងល្អ ដែលជាបុគ្គលតែម្នាក់ដែលបានកត់ទុកនូវព្រឹត្ដិការណ៍នេះ នោះរាយការណ៍ពីអ្វីដែលបានកើតឡើង។—ម៉ាកុស ៧:៣១-៣៥
៩ បុរសនេះគឺជាមនុស្សថ្លង់ ហើយមិនសូវចេះនិយាយ។ ព្រះយេស៊ូប្រហែលជាជ្រាបដឹងនូវការជ្រួលច្រាលក្នុងចិត្តឬក៏សេចក្ដីខ្មាសនៃបុរសនេះ។ រួចមក ព្រះយេស៊ូបានធ្វើអ្វីមួយដែលចម្លែកបន្ដិច។ ទ្រង់បាននាំបុរសនេះចេញពីហ្វូងមនុស្សទៅដោយឡែក។ រួចមកព្រះយេស៊ូបានប្រើសញ្ញាខ្លះ ដើម្បីបង្ហាញឲ្យបុរសនេះនូវអ្វីដែលទ្រង់នឹងធ្វើ។ ទ្រង់«យកអង្គុលីព្រះហស្តដាក់ក្នុងត្រចៀកគាត់ រួចស្ដោះទឹកព្រះឱស្ឋ ហើយពាល់អណ្ដាតគាត់»។ (ម៉ាកុស ៧:៣៣) បន្ទាប់មក ព្រះយេស៊ូបានងើបទតទៅលើមេឃ ហើយទ្រង់ក៏បានមានបន្ទូលដោយអធិស្ឋាន។ ការប្រព្រឹត្តទាំងនេះនឹងបើកបង្ហាញប្រាប់បុរសនេះថា ‹អ្វីដែលខ្ញុំនឹងធ្វើដើម្បីជួយអ្នក នោះគឺដោយសារព្រះចេស្ដាពីព្រះ›។ នៅទីបំផុត នោះព្រះយេស៊ូបានមានបន្ទូលថា៖ «ឲ្យបើកឡើង»។ (ម៉ាកុស ៧:៣៤) ភ្លាមនោះ ត្រចៀកគាត់ក៏ឮបាន ហើយគាត់និយាយបានជាធម្មតា។
១០, ១១. តើដោយដូចម្ដេចដែលយើងអាចបង្ហាញនូវការចេះគិតដល់អារម្មណ៍របស់អ្នកដទៃ ក្នុងក្រុមជំនុំ? និងនៅក្នុងក្រុមគ្រួសារ?
១០ ព្រះយេស៊ូពិតជាបានបង្ហាញនូវការចេះគិតដល់អ្នកដទៃយ៉ាងណាទៅហ្ន៎! ទ្រង់បានឆាប់យល់ដឹងអារម្មណ៍របស់គេ ហើយការគោរពដ៏អាណិតអាសូរនេះ ជាលទ្ធផល ក៏បានជំរុញទ្រង់ឲ្យប្រព្រឹត្តតាមរបៀបដែលបានយោគយល់ដល់អារម្មណ៍របស់គេ។ ជាពួកគ្រីស្ទាន ជាការប្រសើរណាស់បើយើងបណ្ដុះនិងសម្ដែងឲ្យឃើញនូវគំនិតជារបស់ផងព្រះគ្រីស្ទ ក្នុងករណីនេះ។ ព្រះគម្ពីរដាស់តឿនយើងថា៖ «ចូរឲ្យគ្រប់គ្នាមានគំនិតតែ១ ព្រមទាំងមានចិត្តអាណិតអាសូរ ហើយស្រឡាញ់គ្នាជាបងប្អូន»។ (ពេត្រុសទី១ ៣:៨) នេះប្រាកដជាតម្រូវឲ្យយើងនិយាយនិងប្រព្រឹត្តតាមរបៀបដែលចេះគិតដល់អារម្មណ៍របស់អ្នកដទៃ។
១១ នៅក្នុងក្រុមជំនុំ យើងអាចបង្ហាញការចេះគិតដល់អារម្មណ៍របស់អ្នកដទៃ ដោយផ្ដល់ឲ្យគេនូវសេចក្ដីថ្លៃថ្នូរ ទាំងប្រព្រឹត្តដល់គេដូចជាយើងចង់ឲ្យគេប្រព្រឹត្តមកលើយើងដែរ។ (ម៉ាថាយ ៧:១២) នេះនឹងរួមបញ្ចូលនូវការប្រុងប្រយ័ត្ននឹងអ្វីដែលយើងនិយាយ ព្រមទាំងរបៀបដែលយើងនិយាយនោះទៀតផង។ (កូល៉ុស ៤:៦) ចូរចាំថា «ពាក្យឥតបើគិត ដូចជាចាក់ដោយដាវ»។ (សុភាសិត ១២:១៨) ចុះយ៉ាងណាវិញនៅក្នុងក្រុមគ្រួសារ? ប្ដីប្រពន្ធដែលពិតជាស្រឡាញ់គ្នាទៅវិញទៅមក គឺឆាប់យល់នូវអារម្មណ៍របស់គ្នាទៅវិញទៅមក។ (អេភេសូរ ៥:៣៣) ពួកគេជៀសវាងពោលពាក្យដែលមិនពីរោះស្ដាប់ ការរិះគន់ដ៏ឥតឈប់ឈរ និងការចំអកបញ្ឈឺចិត្តយ៉ាងខ្លាំង ទាំងអស់នេះធ្វើឲ្យមានអារម្មណ៍ឈឺចាប់ ដែលមិនងាយបាត់នោះឡើយ។ សូម្បីតែកូនក្មេងក៏មានអារម្មណ៍ដែរ ហើយឪពុកម្ដាយដែលប្រកបដោយសេចក្ដីស្រឡាញ់ ក៏គួរពិចារណាមើលអំពីរឿងនេះ។ នៅពេលត្រូវកែតម្រង់នោះ ឪពុកម្ដាយបែបនេះនឹងផ្ដល់ឲ្យតាមរបៀបដែលគោរពដល់សេចក្ដីថ្លៃថ្នូររបស់កូនខ្លួន ហើយជួយគេជៀសវាងសេចក្ដីខ្មាសដែលមិនត្រូវការនោះ។ * (កូល៉ុស ៣:២១) ពេលដែលយើងបង្ហាញឲ្យឃើញនូវការចេះគិតដល់អ្នកដទៃអ៊ីចឹង នោះយើងបង្ហាញថា យើងមានគំនិតជារបស់ផងព្រះគ្រីស្ទ។
ទុកចិត្តលើអ្នកដទៃដោយស្មោះ
១២. តើព្រះយេស៊ូមានទស្សនៈដ៏ត្រឹមត្រូវដែលប្រកបដោយភាពប្រាកដនិយម ចំពោះពួកសិស្សទ្រង់យ៉ាងណា?
១២ ព្រះយេស៊ូមានទស្សនៈដ៏ត្រឹមត្រូវដែលប្រកបដោយភាពប្រាកដនិយម ចំពោះពួកសិស្សទ្រង់។ ទ្រង់បានជ្រាបច្បាស់ថា ពួកគេមិនមែនជាមនុស្សគ្រប់ល័ក្ខណ៍ទេ។ យ៉ាងណាមិញ ទ្រង់អាចស្គាល់ចិត្តមនុស្ស។ (យ៉ូហាន ២:២៤, ២៥) ទោះជាយ៉ាងណាក៏ដោយ ទ្រង់បានទតឃើញគេ មិនមែនចំណែកខាងភាពមិនគ្រប់ល័ក្ខណ៍របស់គេនោះទេ តែខាងគុណសម្បត្ដិដ៏ល្អរបស់គេ។ ទ្រង់ក៏ទតឃើញថាបុរសទាំងនេះដែលព្រះយេហូវ៉ាបានទាញមកនោះ មានសក្ដានុពលណាស់។ (យ៉ូហាន ៦:៤៤) ទស្សនៈដ៏វិជ្ជមានរបស់ព្រះយេស៊ូបានឃើញជាក់ស្តែង តាមរបៀបដែលទ្រង់បានទាក់ទងហើយប្រព្រឹត្តនឹងពួកគេ។ ម្យ៉ាងទៀតនោះ ទ្រង់បានបង្ហាញនូវការទុកចិត្តលើគេដោយស្មោះ។
១៣. តើព្រះយេស៊ូបានសម្ដែងយ៉ាងណា ថាទ្រង់បានទុកចិត្តលើពួកសិស្សទ្រង់?
១៣ តើព្រះយេស៊ូបានសម្ដែងឲ្យឃើញនូវទំនុកចិត្តនេះយ៉ាងដូចម្ដេច? នៅពេលដែលទ្រង់បានចាកចេញពីផែនដី ទ្រង់បានប្រគល់ឲ្យនូវភារកិច្ចដ៏ធំដល់ពួកសិស្ស ដែលជាពួកចាក់ប្រេងតាំង។ ទ្រង់បានទុកឲ្យគេនូវភារកិច្ចជាការមើលថែរក្សា នូវរបស់ខាងព្រះរាជាណាចក្រទ្រង់ ទូទាំង ពិភពលោក។ (ម៉ាថាយ ២៥:១៤, ១៥; លូកា ១២:៤២-៤៤) ក្នុងកំឡុងកិច្ចបំរើរបស់ទ្រង់ សូម្បីតាមរបៀបដ៏តូចមិនចំៗទេ នោះទ្រង់បានបង្ហាញថាទ្រង់ទុកចិត្តលើពួកគេ។ នៅពេលដែលទ្រង់បានធ្វើឲ្យមានអាហារដោយអព្ភូតហេតុ ដើម្បីបំប៉នពួកហ្វូងមនុស្ស នោះទ្រង់បានប្រគល់ឲ្យពួកសិស្សទ្រង់នូវភារកិច្ចចែកចាយអាហារទាំងនោះ។—ម៉ាថាយ ១៤:១៥-២១; ១៥:៣២-៣៧
១៤. តើអ្នកនឹងសង្ខេបយ៉ាងណា នូវដំណើររឿងដែលបានកត់ទុកនៅម៉ាកុស ៤:៣៥-៤១?
១៤ សូមពិចារណាមើលដែរ នូវដំណើររឿងដែលបានកត់ទុកនៅឯម៉ាកុស ៤:៣៥-៤១។ នៅគ្រានោះ ព្រះយេស៊ូនិងពួកសិស្សរបស់ទ្រង់បានឡើងជិះទូក ហើយធ្វើដំណើរទៅទិសខាងកើតឆ្លងកាត់សមុទ្រកាលីឡេ។ មិនយូរប៉ុន្មានក្រោយពីបានចេញដំណើរទៅនោះ ព្រះយេស៊ូផ្ទំលក់ស៊ប់នៅកន្សៃទូក។ ប៉ុន្តែ មិនយូរប៉ុន្មានមក នោះ«កើតមានខ្យល់ព្យុះជាខ្លាំង»។ ព្យុះបែបនេះមិនមែនចម្លែកនៅឯសមុទ្រកាលីឡេទេ។ ដោយព្រោះសមុទ្រនេះមានកំពស់ទាប (ប្រមាណ២០០ម៉ែត្រក្រោមកំពស់សមុទ្រ) ខ្យល់នៅទីនោះក្ដៅជាងកន្លែងជុំវិញ ហើយនាំឲ្យមានការផ្លាស់ប្រែជាខ្លាំងខាងបរិយាកាស។ បន្ថែមពីលើនេះទៀត ខ្យល់យ៉ាងខ្លាំងចុះតាមជ្រលងទន្លេយ័រដាន់ពីភ្នំហ៊ើម៉ូន ដែលនៅទិសខាងជើងនោះ។ ការស្ងៀមស្ងាត់មួយពេល ប្រហែលជាផ្លាស់ប្ដូរមួយរំពេចទៅជាព្យុះសង្ឃរាយ៉ាងខ្លាំង។ សូមគិតអំពីនេះចុះ៖ ព្រះយេស៊ូច្បាស់ជាដឹងថាមានព្យុះអ៊ីចឹងហើយ ព្រោះទ្រង់បានធំឡើងនៅឯស្រុកកាលីឡេ។ ប៉ុន្តែ ទ្រង់បានផ្ទំលក់ស្រួល ដោយទុកចិត្តលើជំនាញរបស់ពួកសិស្សទ្រង់ ដែលពួកគេខ្លះជាអ្នកនេសាទត្រី។—ម៉ាថាយ ៤:១៨, ១៩
១៥. តើតាមរបៀបណាដែលយើងអាចត្រាប់តាមព្រះយេស៊ូ ក្នុងការទុកចិត្តលើពួកសិស្សរបស់ទ្រង់យ៉ាងស្មោះនោះ?
១៥ តើយើងអាចធ្វើតម្រាប់តាមការស្ម័គ្រចិត្តរបស់ព្រះយេស៊ូ ក្នុងការទុកចិត្តលើពួកសិស្សរបស់ទ្រង់ឬទេ? អ្នកខ្លះមានការពិបាក ក្នុងការផ្ទេរភារកិច្ចខ្លះដល់អ្នកដទៃ។ ពួកគេត្រូវតែបើកចង្កូតនាវាជានិច្ច បើនិយាយជាអត្ថបដិរូបនោះ។ ពួកគេប្រហែលជាគិតថា ‹ប្រសិនបើមានអ្វីដែលខ្ញុំចង់គេធ្វើត្រឹមត្រូវ នោះខ្ញុំត្រូវតែធ្វើខ្លួនឯង!›។ ប៉ុន្តែ ប្រសិនបើយើងត្រូវតែធ្វើអ្វីទាំងអស់ខ្លួនយើង នោះយើងប្រហែលជានឹងរងគ្រោះថ្នាក់នៃភាពល្ហិតល្ហៃយ៉ាងខ្លាំង ហើយប្រហែលជាដកពេលពីក្រុមគ្រួសាររបស់យើងដែលមិនចាំបាច់។ ម្យ៉ាងវិញទៀត ប្រសិនបើយើងមិនផ្ទេរកិច្ចការនិងភារកិច្ចទៅអ្នកដទៃ នោះយើងប្រហែលជាបង្អត់គេពីបទពិសោធន៍និងការហ្វឹកហ្វឺនដែលត្រូវការចាំបាច់។ គឺជាការដែលប្រកបដោយប្រាជ្ញា ដោយរៀនឲ្យចេះទុកចិត្តលើអ្នកដទៃ ដើម្បីផ្ទេរភារកិច្ចឲ្យគេ។ ជាការល្អបើយើងសួរខ្លួនយើងដោយស្មោះត្រង់ថា ‹តើខ្ញុំមានគំនិតរបស់ព្រះគ្រីស្ទក្នុងរឿងនេះឬទេ? តើខ្ញុំផ្ទេរភារកិច្ចដល់អ្នកដទៃដោយចិត្តស្មោះឬទេ ដោយទុកចិត្តថាគេនឹងខំប្រឹងធ្វើអស់ពីសមត្ថភាពនោះ?›។
ទ្រង់បានសម្ដែងការទុកចិត្តលើពួកសិស្សទ្រង់
១៦, ១៧. នៅរាត្រីចុងក្រោយនៃជីវិតរបស់ព្រះយេស៊ូលើផែនដី តើការធានារ៉ាប់រងអ្វីដែលទ្រង់បានផ្ដល់ឲ្យពួកសាវ័កទ្រង់ ទោះជាទ្រង់ជ្រាបថាពួកគេនឹងបោះបង់ទ្រង់ចោលនោះ?
១៦ ព្រះយេស៊ូបានសម្ដែងឲ្យឃើញនូវទស្សនៈដ៏វិជ្ជមាន ស្តីអំពីពួកសិស្សទ្រង់តាមរបៀបដ៏សំខាន់មួយទៀត។ ទ្រង់បានបើកបង្ហាញឲ្យគេដឹងថាទ្រង់មានទំនុកចិត្តលើគេ។ នេះគឺបានឃើញជាក់ស្តែងដោយពាក្យដ៏ធានារ៉ាប់រងដែលទ្រង់បានមានបន្ទូលទៅពួកសាវ័កទ្រង់ នៅរាត្រីចុងក្រោយនៃជីវិតរបស់ទ្រង់លើផែនដី។ ចូរកត់សម្គាល់នូវអ្វីដែលបានកើតឡើង។
១៧ នេះគឺជារាត្រីដ៏រវល់មួយចំពោះព្រះយេស៊ូ។ ទ្រង់បានប្រទានឲ្យមេរៀនខាងការបន្ទាបខ្លួន ដោយលាងជើងពួកគេ។ ក្រោយមក ទ្រង់បានប្រារព្ធពិធីពេលល្ងាច ដែលនឹងជាពិធីរំឭកការសោយទិវង្គតរបស់ទ្រង់។ រួចមក ពួកសាវ័កបានទៅជាឈ្លោះប្រកែកគ្នាម្ដងទៀត លើរឿងថាអ្នក ណាធំជាងគេនោះ។ ដោយចិត្តអត់ធ្មត់ជានិច្ច នោះព្រះយេស៊ូមិនបានស្តីបន្ទោសយ៉ាងខ្លាំងដល់គេទេ ប៉ុន្តែបានវែកញែកជាមួយពួកគេវិញ។ ទ្រង់បានមានបន្ទូលប្រាប់ពួកគេនូវអ្វីដែលមាននៅខាងមុខ៖ «នៅវេលាយប់នេះឯង អ្នករាល់គ្នានឹងមានចិត្តរវាតចេញដោយព្រោះខ្ញុំ ដ្បិតមានសេចក្ដីចែងទុកមកថា ‹អញនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ›»។ (ម៉ាថាយ ២៦:៣១; សាការី ១៣:៧) ទ្រង់ជ្រាបថាពួកគូកនដ៏ស្និទ្ធស្នាលជាងគេរបស់ទ្រង់ នឹងបោះបង់ទ្រង់ចោល ពេលដែលទ្រង់ត្រូវការគេ។ ប៉ុន្តែ ទ្រង់មិនបានផ្ដន្ទាទោសគេទេ។ ផ្ទុយទៅវិញ ទ្រង់បានមានបន្ទូលប្រាប់គេថា៖ «ប៉ុន្តែ កាលណាខ្ញុំបានរស់ឡើងវិញ នោះខ្ញុំនឹងទៅឯស្រុកកាលីឡេមុនអ្នករាល់គ្នា»។ (ម៉ាថាយ ២៦:៣២) ត្រូវហើយ ទ្រង់បានធានារ៉ាប់រងគេថា ទោះជាគេនឹងបោះបង់ចោលទ្រង់ក៏ដោយ តែទ្រង់នឹងមិនបោះបង់គេចោលឡើយ។ នៅពេលដែលបទពិសោធន៍អាក្រក់នេះបានកន្លងផុតទៅ នោះទ្រង់នឹងជួបគេម្ដងទៀត។
១៨. នៅស្រុកកាលីឡេ ព្រះយេស៊ូបានប្រគល់ឲ្យពួកសិស្សរបស់ទ្រង់នូវមុខងារដ៏ធ្ងន់ណា ហើយតើពួកសាវ័កបានសម្រេចតាមនោះយ៉ាងដូចម្ដេច?
១៨ ព្រះយេស៊ូបានរក្សាបន្ទូលរបស់ទ្រង់។ ក្រោយមក នៅឯស្រុកកាលីឡេ ព្រះយេស៊ូដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ បានលេចខ្លួនឲ្យពួកសាវ័កស្មោះត្រង់១១នាក់ឃើញ ដែលតាមមើលទៅពួកគេបានមកជួបជុំគ្នាជាមួយមនុស្សជាច្រើននាក់ឯទៀតដែរ។ (ម៉ាថាយ ២៨:១៦, ១៧; កូរិនថូសទី១ ១៥:៦) នៅទីនោះ ព្រះយេស៊ូបានប្រទានឲ្យគេនូវមុខងារដ៏ធ្ងន់មួយ នោះគឺ៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង»។ (ម៉ាថាយ ២៨:១៩, ២០) សៀវភៅកិច្ចការផ្ដល់ឲ្យយើងនូវទីសំអាងយ៉ាងច្បាស់ថា ពួកសាវ័កបានធ្វើតាមមុខងារនោះ។ ពួកគេបាននាំមុខដោយស្មោះត្រង់ក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អ នៅក្នុងសតវត្សទីមួយ។—កិច្ចការ ២:៤១, ៤២; ៤:៣៣; ៥:២៧-៣២
១៩. តើការប្រព្រឹត្តរបស់ព្រះយេស៊ូក្រោយពីទ្រង់បានត្រូវប្រោសឲ្យរស់ឡើងវិញ នោះបង្រៀនយើងយ៉ាងណាអំពីគំនិតរបស់ព្រះគ្រីស្ទ?
១៩ តើដំណើររឿងដែលលាតត្រដាងនេះ បង្រៀនយើងអ្វីអំពីគំនិតរបស់ព្រះគ្រីស្ទ? ព្រះយេស៊ូបានឃើញពួកសាវ័កទ្រង់ក្នុងកាលដែលគេមានគុណវិបត្ដិច្រើន ប៉ុន្តែទ្រង់«ក៏ចេះតែស្រឡាញ់គេដរាបដល់ចុងបំផុត»។ (យ៉ូហាន ១៣:១) ទោះជាគេមានគុណវិបត្ដិណាក៏ដោយ ទ្រង់បានឲ្យគេដឹងថា ទ្រង់បានជឿលើពួកគេ។ ចូរកត់សម្គាល់ថា ការទុកចិត្តរបស់ព្រះយេស៊ូ មិនមែនជាខុសទេ។ ការទុកចិត្តនិងជំនឿដែលទ្រង់មានចំពោះពួកគេ ច្បាស់ជាបានពង្រឹងគេឲ្យប្ដេជ្ញាចិត្ត ដើម្បីធ្វើកិច្ចការដែលទ្រង់បានបង្គាប់ឲ្យគេធ្វើនោះ។
២០, ២១. តើតាមរបៀបណាដែលយើងអាចសម្ដែងទស្សនៈដ៏វិជ្ជមានចំពោះពួកអ្នកជឿគ្នីគ្នារបស់យើង?
២០ តើតាមរបៀបណាដែលយើងអាចសម្ដែងឲ្យឃើញនូវគំនិតរបស់ផងព្រះគ្រីស្ទ ក្នុងករណីនេះ? កុំមានចិត្តដែលប្រកបដោយទុទិដ្ឋិនិយមអំពីពួកអ្នកជឿគ្នីគ្នាឲ្យសោះ។ បើអ្នកគិតយ៉ាងអាក្រក់ នោះពាក្យសំដីនិងការប្រព្រឹត្តរបស់អ្នកនឹងប្រហែលជាលាតត្រដាងឲ្យឃើញហើយ។ (លូកា ៦:៤៥) ប៉ុន្តែ ព្រះគម្ពីរប្រាប់យើងថាសេចក្ដីស្រឡាញ់«ជឿទាំងអស់»។ (កូរិនថូសទី១ ១៣:៧) សេចក្ដីស្រឡាញ់គឺជាអ្វីដ៏វិជ្ជមាន មិនមែនអវិជ្ជមាននោះទេ។ សេចក្ដីស្រឡាញ់គឺស្អាងឡើង ជាជាងហែកកំទេច។ មនុស្សធ្វើតាមបានស្រួលជាងទៅនឹងសេចក្ដីស្រឡាញ់និងការលើកទឹកចិត្ត ជាជាងការបន្លាចនោះ។ យើងអាចស្អាងចិត្តនិងលើកទឹកចិត្តអ្នកដទៃ ដោយបង្ហាញនូវការទុកចិត្តលើពួកគេ។ (ថែស្សាឡូនីចទី១ ៥:១១) ដូចព្រះគ្រីស្ទ បើយើងមានទស្សនៈដ៏វិជ្ជមាននឹងបងប្អូនរបស់យើង នោះយើងនឹងប្រព្រឹត្តលើគេតាមរបៀបដែលនឹងស្អាងចិត្តគេ ហើយនឹងជួយគេឲ្យប្រព្រឹត្តបានល្អ។
២១ ការបណ្ដុះនិងការសម្ដែងឲ្យឃើញនូវគំនិតរបស់ផងព្រះគ្រីស្ទ គឺមានជ្រៅទៀត មិនគ្រាន់តែដោយធ្វើតម្រាប់តាមអ្វីខ្លះដែលព្រះយេស៊ូបានធ្វើនោះទេ។ ដូចបានរៀបរាប់នៅក្នុងអត្ថបទមុននេះ ប្រសិនបើយើងពិតជាចង់ប្រព្រឹត្តឲ្យដូចព្រះយេស៊ូ មុនដំបូងយើងត្រូវតែរៀនឲ្យចេះមានទស្សនៈដូចទ្រង់ដែរ។ សៀវភៅដំណឹងល្អជួយយើងឲ្យឃើញលក្ខណៈមួយទៀត អំពីបុគ្គលិកលក្ខណៈ គំនិត និងអារម្មណ៍របស់ទ្រង់ ស្តីពីកិច្ចការដែលបានចាត់ឲ្យទ្រង់ធ្វើនោះ នឹងត្រូវពិគ្រោះក្នុងអត្ថបទជាបន្ទាប់នេះ។
[កំណត់សម្គាល់]
^ នៅក្នុងឯកសារនេះ អ្នកក្លែងបានរៀបរាប់ពីរូបរាងដែលគេអះអាងថាជាអាការក្រៅរបស់ព្រះយេស៊ូ ដែលរួមបញ្ចូលសម្បុរព្រះកេសា ពុកចង្កា និងព្រះនេត្ររបស់ទ្រង់។ អ្នកបកប្រែព្រះគម្ពីរម្នាក់ ឈ្មោះអិដ្ករហ្គុដស្ពីឌ ពន្យល់ថាការក្លែងនេះបាន«មានបំណងឲ្យគេដឹងជាសាធារណៈដើម្បីមានការយល់ព្រមនឹងការរៀបរាប់ដែលមានក្នុងក្បួនជាងគំនូរ ស្តីអំពីអាការក្រៅរបស់ព្រះយេស៊ូ»។
^ តាមមើលទៅ កូនក្មេងទាំងនេះមានអាយុផ្សេងៗគ្នា។ នៅទីនេះពាក្យដែលបានប្រើគឺ«កូនក្មេង» ក៏បានប្រើចំពោះកូនស្រីរបស់យ៉ៃរ៉ុស ដែលមានអាយុ១២ឆ្នាំនោះដែរ។ (ម៉ាកុស ៥:៣៩, ៤២; ១០:១៣) ប៉ុន្តែ នៅក្នុងដំណើររឿងដំណាលគ្នានេះ លូកាប្រើពាក្យមួយ ដែលបានប្រើសំរាប់កូនង៉ានោះដែរ។—លូកា ១:៤១; ២:១២; ១៨:១៥
^ សូមមើលអត្ថបទ «តើអ្នកគោរពនឹងសេចក្ដីថ្លៃថ្នូររបស់គេឬទេ»? នៅក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ១៩៩៨ (ភាសាអង់គ្លេស)។
តើអ្នកអាចពន្យល់បានទេ?
• តើព្រះយេស៊ូបានប្រព្រឹត្តយ៉ាងដូចម្ដេច ពេលដែលពួកសិស្សរបស់ទ្រង់ខំបង្ការកូនក្មេងពីការមកឯទ្រង់នោះ?
• តើតាមរបៀបណាខ្លះដែលព្រះយេស៊ូបានបង្ហាញនូវការចេះគិតដល់អ្នកដទៃ?
• តើតាមរបៀបណាដែលយើងអាចត្រាប់តាមព្រះយេស៊ូ ក្នុងការទុកចិត្តយ៉ាងស្មោះលើពួកសិស្សទ្រង់?
• តើតាមរបៀបណាដែលយើងអាចត្រាប់តាមទំនុកចិត្ត ដែលព្រះយេស៊ូបានសម្ដែងលើពួកសាវ័ករបស់ទ្រង់នោះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ៣០]
កូនក្មេងមានអារម្មណ៍ស្រួលជាមួយនឹងព្រះយេស៊ូ
[រូបភាពនៅទំព័រ៣១]
ព្រះយេស៊ូបានប្រព្រឹត្តលើអ្នកដទៃដោយអាណិតអាសូរ