ព្រះយេហូវ៉ានឹងមិនបង្អង់យូរឡើយ
ព្រះយេហូវ៉ានឹងមិនបង្អង់យូរឡើយ
«បើសិនជា[ការជាក់ស្តែងនេះ]បង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកជាពិត ឥតរារង់ឡើយ»។—ហាបាគុក ២:៣
១. តើរាស្ត្ររបស់ព្រះយេហូវ៉ាបានបង្ហាញនូវសេចក្ដីតាំងចិត្តយ៉ាងណា ហើយតើនេះបានជំរុញពួកគេឲ្យធ្វើអ្វី?
«ខ្ញុំនឹងនៅត្រង់ទីចាំយាម»។ នោះហើយជាសេចក្ដីតាំងចិត្តរបស់ហាបាគុកដ៏ជាព្យាការីរបស់ព្រះ។ (ហាបាគុក ២:១) រាស្ត្ររបស់ព្រះយេហូវ៉ានៅសតវត្សទី២០នេះ ក៏បានបង្ហាញនូវសេចក្ដីតាំងចិត្តដូចគ្នាដែរ។ ដូច្នេះហើយ ពួកគេបានតបឆ្លើយយ៉ាងខ្នះខ្នែងដល់សេចក្ដីប្រកាសនេះ នៅឯមហាសន្និបាតដ៏សំខាន់នេះ នៅខែកញ្ញា ឆ្នាំ១៩២២ ដែលថា៖ «នេះជាថ្ងៃលើអស់ទាំងថ្ងៃ។ សូមមើលហ្ន៎ ស្តេចសោយរាជ្យហើយ! អ្នករាល់គ្នាជាភ្នាក់ងារផ្សព្វផ្សាយជាសាធារណៈរបស់ទ្រង់។ ដូច្នេះ ចូរផ្សាយ ផ្សាយ ផ្សាយ ពីស្តេចនិងព្រះរាជាណាចក្ររបស់ទ្រង់»។
២. នៅពេលដែលបានស្ដារឡើងវិញឲ្យមានសកម្មភាពដ៏រស់រវើក ក្រោយពីសង្គ្រាមលោកលើកទី១ តើពួកគ្រីស្ទានចាក់ប្រេងតាំងអាចប្រកាសយ៉ាងណា?
២ ក្រោយពីសង្គ្រាមលោកលើកទី១ ព្រះយេហូវ៉ាបានស្ដារឡើងវិញនូវពួកអ្នកចាក់ប្រេងតាំងដ៏ស្មោះត្រង់ ដែលនៅសល់ឲ្យមានសភាពដ៏សកម្ម។ ដូចលោកហាបាគុក នោះពួកគេម្នាក់ៗក៏អាចប្រកាសថា៖ «ខ្ញុំនឹងឡើងទៅលើប៉ម ហើយខំមើលទៅ ដើម្បីឲ្យដឹងជាទ្រង់នឹងមានបន្ទូលមកដូចម្ដេច»។ ពាក្យភាសាហេព្រើរសំរាប់«ខំមើល» និង«ចាំយាម» គឺមានម្ដងហើយម្ដងទៀតក្នុងទំនាយជាច្រើន។
ការនេះ«ឥតរារង់ឡើយ»
៣. ហេតុអ្វីក៏យើងត្រូវតែខំបន្តចាំយាម?
៣ កាលដែលស្មរបន្ទាល់ព្រះយេហូវ៉ាប្រកាសការព្រមានរបស់ព្រះសព្វថ្ងៃនេះ នោះពួកគេត្រូវតែវៃជានិច្ច ដើម្បីធ្វើតាមបន្ទូលចុងបញ្ចប់របស់ព្រះយេស៊ូ ស្តីអំពីទំនាយធំនេះ គឺថា៖ «ដូច្នេះ ចូរចាំយាមចុះ ដ្បិតមិនដឹងជាវេលាណាដែលម្ចាស់ផ្ទះនឹងមកវិញទេ ទោះបើល្ងាច កណ្ដាលអធ្រាត្រ ពេលមាន់រងាវ ឬព្រឹកក្ដី ក្រែងលោលោកមកដល់ភ្លាម ឃើញអ្នករាល់គ្នាកំពុងតែដេកលក់ ឯសេចក្ដីដែលខ្ញុំប្រាប់ដល់អ្នករាល់គ្នានេះ នោះខ្ញុំក៏ប្រាប់ដល់មនុស្សទាំងអស់ដែរ គឺថា ចូរចាំយាមចុះ»។ (ម៉ាកុស ១៣:៣៥-៣៧) ដូចលោកហាបាគុក ហើយស្របតាមនឹងបន្ទូលរបស់ព្រះយេស៊ូ នោះយើងត្រូវតែខំបន្តចាំយាម!
៤. តើស្ថានការណ៍របស់យើងស្មើនឹងសម័យរបស់ហាបាគុកនៅឆ្នាំ៦២៨ ម.ស.យ.យ៉ាងដូចម្ដេច?
៤ ហាបាគុកប្រហែលជាបានសរសេរសៀវភៅរបស់គាត់ចប់ នៅឆ្នាំ៦២៨ ម.ស.យ. គឺមុននឹងបាប៊ីឡូនបានក្លាយទៅជាមហាអំណាចទៅទៀត។ សេចក្ដីជំនុំជំរះរបស់ព្រះយេហូវ៉ាមកលើក្រុងយេរូសាឡិមដ៏ក្បត់ជំនឿ បានត្រូវប្រកាសជាយូរឆ្នាំមកហើយ។ ប៉ុន្តែ គឺគ្មានការបញ្ជាក់ច្បាស់លាស់ថា ពេលណាដែលការជំនុំជំរះនេះនឹងកើតមានឡើងនោះទេ។ តើអ្នកណាដែលនឹងគិតថា គឺមានតែ២១ឆ្នាំទៀតប៉ុណ្ណោះ? ហើយតើអ្នកណាដែលនឹងគិតថា ពួកបាប៊ីឡូននឹងធ្វើជាអ្នកប្រហារជីវិតរបស់ព្រះយេហូវ៉ានោះ? សព្វថ្ងៃនេះក៏ស្រដៀងគ្នាដែរ យើងមិនដឹងអំពី‹ថ្ងៃនិងម៉ោង› ដែលបានកំណត់សំរាប់ទីបញ្ចប់នៃរបបនេះទេ ក៏ប៉ុន្តែព្រះយេស៊ូបានព្រមានយើងទុកជាមុនថា៖ «ដូច្នេះ ឲ្យអ្នករាល់គ្នាប្រុងប្រៀបខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត»។—ម៉ាថាយ ២៤:៣៦, ៤៤
៥. ជាពិសេស តើមានអ្វីក្នុងបន្ទូលរបស់ព្រះ ដែលបានកត់ទុកក្នុងហាបាគុក ២:២, ៣ ដែលពិតជាអាចលើកទឹកចិត្តបាន?
៥ ដោយមានមូលហេតុល្អ នោះព្រះយេហូវ៉ាបានប្រទានឲ្យហាបាគុក នូវមុខងារដ៏រំភើបនេះ៖ «ចូរកត់ការជាក់ស្តែងនេះទុក ត្រូវឲ្យចារិកឲ្យច្បាស់នៅលើក្ដារចុះ ដើម្បីឲ្យមនុស្សដែលកំពុងរត់ ក៏អាចមើលបានដែរ ដ្បិតការជាក់ស្តែងនេះ ទុកសំរាប់ដល់វេលាកំណត់ ក៏កំពុងស្រូតឲ្យដល់ពេលនោះហើយ នៅគ្រានោះ នឹងមិនកុហកទេ បើសិនជាបង្អង់យូរ ក៏ ចូររង់ចាំចុះ ដ្បិតនឹងមកជាពិត ឥតរារង់ឡើយ»។ (ហាបាគុក ២:២, ៣) សព្វថ្ងៃនេះ អំពើអាក្រក់ជួជាតិនិងអំពើឃោរឃៅគឺមានពាសពេញលើផែនដី ហើយនេះបញ្ជាក់ថាយើងជិតដល់«ថ្ងៃធំគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ា»។ (យ៉ូអែល ២:៣១) ប្រាកដហើយ អ្វីដែលលើកទឹកចិត្តទៀតគឺបន្ទូលរបស់ព្រះយេហូវ៉ាផ្ទាល់ ស្តីអំពីការធានារ៉ាប់រងនេះ៖ «ឥតរារង់ឡើយ»!
៦. តើយ៉ាងដូចម្ដេចដែលយើងអាចរួចរស់ជីវិតបាន ពីថ្ងៃជំនុំជំរះដ៏ជិតមកដល់នោះ?
៦ បើអ៊ីចឹង តើតាមរបៀបណាទៅដែលយើងអាចរួចរស់ជីវិត ពីថ្ងៃជំនុំជំរះដែលមាននៅខាងមុខនេះ? ព្រះយេហូវ៉ាតបឆ្លើយដោយប្រើការប្រៀបធៀបរវាងពួកសុចរិតនិងពួកទុច្ចរិត គឺថា៖ «មើល ចិត្តគេបានប៉ោងឡើង មិនទៀងត្រង់នៅក្នុងខ្លួនគេទេ តែមនុស្សសុចរិតនឹងរស់នៅ ដោយសារសេចក្ដីជំនឿរបស់ខ្លួន»។ (ហាបាគុក ២:៤) ពួកអ្នកគ្រប់គ្រងដែលមានចិត្តមានះនិងចិត្តលោភ ព្រមទាំងមនុស្ស ដែលបានធ្វើឲ្យប្រឡាក់នូវព្រឹត្ដិការណ៍នៃប្រវត្ដិសាស្ត្រក្នុងសម័យទំនើបនេះ ដោយសារការសម្លាប់មនុស្សដែលគ្មានទោសរាប់លាននាក់ ជាពិសេសនៅក្នុងសង្គ្រាមលោកទាំងពីរលើក ហើយព្រមទាំងការបង្ហូរឈាមសម្លាប់ពូជសាសន៍។ ផ្ទុយទៅវិញ ពួកអ្នកចាក់ប្រេងតាំងដែលបំរើព្រះហើយស្រឡាញ់សន្ដិភាពបានស៊ូទ្រាំ ដោយរក្សាសេចក្ដីស្មោះត្រង់។ ពួកគេគឺជា«សាសន៍សុចរិត ដែលរក្សាសេចក្ដីស្មោះត្រង់»។ សាសន៍នេះ ដែលរួមជាមួយនឹងគូកនពីចំណោម«ចៀមឯទៀត» គឺធ្វើតាមការដាស់តឿននេះ ដែលថា៖ «ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច»។—អេសាយ ២៦:២-៤; យ៉ូហាន ១០:១៦
៧. សមស្របនឹងរបៀបដែលប៉ុលប្រើនៅហាបាគុក ២:៤ តើយើងត្រូវតែធ្វើអ្វី?
៧ ក្នុងការសរសេរទៅពួកគ្រីស្ទានសាសន៍ហេព្រើរ នោះសាវ័កប៉ុលបានដកស្រង់ពីហាបាគុក ២:៤ នៅពេលដែលប្រាប់រាស្ត្ររបស់ព្រះយេហូវ៉ាថា៖ «ដ្បិតអ្នករាល់គ្នាត្រូវការនឹងសេចក្ដីអត់ធ្មត់ ដើម្បីឲ្យបានទទួលសេចក្ដីដែលបានសន្យា ដោយធ្វើតាមព្រះហឫទ័យព្រះ ‹ពីព្រោះនៅតែបន្ដិចទៀត នោះព្រះអង្គដែលត្រូវមក ទ្រង់នឹងយាងមកមែន ឥតបង្អង់ឡើយ›។ ‹តែពួកមនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្ដីជំនឿ បើអ្នកណាថយទៅវិញ នោះចិត្តអញគ្មានសេចក្ដីអំណរចំពោះអ្នកនោះទេ›»។ (ហេព្រើរ ១០:៣៦-៣៨) សម័យយើងនេះ មិនមែនជាពេលដែលត្រូវបង្អង់ដៃ ឬទៅជាជាប់អន្ទាក់នឹងគំនិតខាងវត្ថុទ្រព្យ ដែលគិតតែពីការសប្បាយក្នុងលោកីយ៍របស់សាតាំងនេះឡើយ។ តើយើងត្រូវតែធ្វើយ៉ាងណា ទំរាំដល់‹ពេលដែលនៅតែបន្ដិចទៀត›អស់ទៅនោះ? ដូចប៉ុលដែរ យើងដែលជាសាសន៍ដ៏បរិសុទ្ធរបស់ព្រះយេហូវ៉ាត្រូវតែ«ខំមមុលឈោងទៅឯសេចក្ដីខាងមុខទៀត ទាំងរត់ដំរង់ទៅឯទី ដើម្បីឲ្យបានរង្វាន់»គឺជីវិតអស់កល្បជានិច្ច។ (ភីលីព ៣:១៣, ១៤) ហើយដូចព្រះយេស៊ូដែរ យើងត្រូវតែ‹ស៊ូទ្រាំឲ្យតែបានអំណរដែលនៅចំពោះយើង›។—ហេព្រើរ ១២:២
៨. តើ«មនុស្ស»នៅហាបាគុក ២:៥ ជាអ្នកណា ហើយតើហេតុអ្វីបានជាគាត់ឥតមានជោគជ័យ?
៨ ហាបាគុក ២:៥ រៀបរាប់អំពី«មនុស្សអំនួត» ដែលផ្ទុយនឹងពួកអ្នកបំរើរបស់ព្រះយេហូវ៉ា នោះគាត់ពុំអាចចាប់បានគោលដៅរបស់គាត់ទេ ទោះជាគាត់«ពង្រីកសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនឲ្យធំដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់[ហ្សីអូល ពថ]»ក៏ដោយ។ តើបុរសនេះជាអ្នកណាទៅ ដែលគាត់‹មិនដែលស្កប់ចិត្ត›នោះ? ដូចជាពួកបាប៊ីឡូនដ៏សាហាវនៅសម័យរបស់ហាបាគុក នោះរួមទាំង«មនុស្ស» គឺបានបញ្ចូលក្នុងមហាអំណាចខាងនយោបាយ មិនថារបបហ្វាស៊ីស របបណាត្ស៊ី របបកុម្មុយនិស្ត ឬក៏សូម្បីតែរបបដែលអួតអាងថាខ្លួនជាប្រជាធិបតេយ្យក៏ដោយ ក៏ធ្វើសង្គ្រាមដើម្បីពង្រីកទឹកដីរបស់គេ។ គាត់នេះក៏បំពេញក្នុងហ្សីអូល ដែលជាផ្នូរដោយមនុស្សជាច្រើនដែលគ្មានទោស។ ប៉ុន្តែរួមទាំង«មនុស្ស»ដែលប្រកបដោយគ្រោះថ្នាក់ក្នុងលោកីយ៍របស់សាតាំង ដែលបានឈ្លក់នឹងភាពធំដុំរបស់ខ្លួន គឺឥតមានជោគជ័យក្នុងការ«កៀរប្រមូលអស់ទាំងសាសន៍មកឯខ្លួន ក៏បំព្រួមជនជាតិទាំងឡាយទុកសំរាប់ខ្លួនដែរ»។ មានតែព្រះយេហូវ៉ាទេដែលអាចបង្រួបបង្រួមមនុស្សជាតិទាំងអស់ ហើយទ្រង់នឹងសម្រេចការនេះតាមរយៈព្រះរាជាណាចក្រនៃព្រះមេស្ស៊ី។—ម៉ាថាយ ៦:៩, ១០
សេចក្ដីវេទនាដ៏ខ្លាំងទីមួយក្នុងចំណោមសេចក្ដីវេទនាទាំងប្រាំ
៩, ១០. (ក) តើព្រះយេហូវ៉ាបន្តប្រកាសអ្វីតាមរយៈហាបាគុក? (ខ) ស្តីអំពីទ្រព្យបានដោយទុច្ចរិត តើស្ថានការណ៍សព្វថ្ងៃនេះយ៉ាងណាដែរ?
៩ តាមរយៈព្យាការីហាបាគុក នោះព្រះយេហូវ៉ាបន្តប្រកាសប្រាប់នូវសេចក្ដីវេទនាទាំងប្រាំ ដែលជាការជំនុំជំរះ ដែលត្រូវតែធ្វើឡើងក្នុងការរៀបចំផែនដីឲ្យទៅជាទីលំនៅ ដោយពួកអ្នកថ្វាយបង្គំដ៏ស្មោះត្រង់របស់ព្រះ។ ពួកមនុស្សដែលមានចិត្តទៀងត្រង់បែបនេះ«ចាប់ផ្ដើមនិយាយពាក្យប្រៀបធៀប» ដែលព្រះយេហូវ៉ាកំពុងតែមានបន្ទូលប្រាប់។ នៅហាបាគុក ២:៦ នោះយើងអានថា៖ «វេទនាដល់មនុស្សដែលចំរើន របស់ទ្រព្យ ដែលមិនមែនជារបស់ខ្លួនទេ ហើយផ្ទុកខ្លួនដោយរបស់ដែលទទួលបញ្ចាំផង តើនឹងបានដូច្នេះដល់កាលណាទៅ!»
១០ នៅទីនេះគឺដៅបញ្ជាក់លើការបានទ្រព្យដោយទុច្ចរិត។ នៅជុំវិញពិភពលោកយើង ពួកអ្នកមានកាន់តែមានឡើង រីឯពួកអ្នកក្រក៏កាន់តែក្រឡើងដែរ។ ពួកលក់អាភៀននិងពួកមនុស្សបោកគេប្រមូលបានសម្បត្ដិជាច្រើន កាលដែលមនុស្សធម្មតាជាច្រើនស្លាប់ដោយអត់បាយ។ គេស្ទង់ស្មានមួយភាគបួននៃប្រជាជនក្នុងពិភពលោក គឺរស់នៅក្រោមកំរិតភាពក្រីក្រ។ ស្ថានភាពរស់នៅគឺអន់ថយណាស់ក្នុងប្រទេសជាច្រើន។ អស់អ្នកដែលចង់បានយ៉ាងខ្លាំងនូវសេចក្ដីសុចរិតលើផែនដីនេះ បន្លឺសម្លេងថា៖ ‹តើដល់កាលណាទៅ›ដែលភាពទុច្ចរិតទាំងនេះបានកើនឡើងនោះ! ប៉ុន្តែ ទីបញ្ចប់គឺជិតដល់ហើយ! ប្រាកដហើយ ចក្ខុនិមិត្តនេះដែលជាការជាក់ស្តែងនោះ នឹង«ឥតរារង់ឡើយ»។
១១. តើហាបាគុកមានប្រសាសន៍យ៉ាងណា អំពីការបង្ហូរឈាមមនុស្ស ហើយហេតុអ្វីក៏យើងអាចនិយាយថា គឺមានទោសពីការបង្ហូរឈាមយ៉ាងខ្លាំងលើផែនដីសព្វថ្ងៃនេះ?
១១ ព្យាការីនេះប្រាប់ពួកមនុស្សអាក្រក់ថា៖ «ហើយពីព្រោះឯងបានប្លន់សាសន៍ជាច្រើន នោះសំណល់នៃជនជាតិទាំងឡាយនឹងប្លន់ឯងវិញ ដោយព្រោះឈាមមនុស្ស នឹងការច្រឡោត ដែលបានធ្វើនៅក្នុងស្រុកគេ ហើយដល់ទីក្រុង នឹងអស់មនុស្សដែលនៅក្នុងក្រុងនោះផង»។ (ហាបាគុក ២:៨) យើងឃើញនូវទោសពីការបង្ហូរឈាមច្រើនមែនលើផែនដីសព្វថ្ងៃនេះ! ព្រះយេស៊ូបានមានបន្ទូលយ៉ាងចំៗថា៖ «អស់អ្នកដែលយកដាវ នោះត្រូវស្លាប់ដោយដាវដែរ»។ (ម៉ាថាយ ២៦:៥២) ប៉ុន្តែ គ្រាន់តែនៅក្នុងសតវត្សទី២០នេះ នោះសាសន៍ដែលមានទោសពីការបង្ហូរឈាម ព្រមទាំងពួកអ្នកប្រកាន់ពូជសាសន៍ គឺទទួលខុសត្រូវនឹងការកាប់សម្លាប់អស់មួយរយលាននាក់។ វេទនាហើយអស់អ្នកដែលចូលរួមក្នុងការបង្ហូរឈាមទាំងនេះ!
សេចក្ដីវេទនាទីពីរ
១២. តើសេចក្ដីវេទនាទីពីរដែលបានកត់ទុកដោយហាបាគុកជាអ្វី ហើយតើយើងអាចដឹងប្រាកដយ៉ាងណា ថាកំរៃទុច្ចរិតនឹងមិនមានប្រយោជន៍នោះ?
១២ សេចក្ដីវេទនាទីពីរ ដែលបានកត់ទុកក្នុងហាបាគុក ២:៩-១១ ធ្វើទុក្ខទៅលើ«មនុស្សដែលបានកំរៃទុច្ចរិតសំរាប់ផ្ទះខ្លួន ដើម្បីនឹងតាំងសំបុកខ្លួននៅលើទីខ្ពស់ ឲ្យបានរួចពីកណ្ដាប់ដៃនៃសេចក្ដីអាក្រក់»។ កំរៃទុច្ចរិតនឹងមិនមានប្រយោជន៍នោះទេ ដូចជាអ្នកតែងបទទំនុកដំកើងបញ្ជាក់យ៉ាងច្បាស់ថា៖ «កុំឲ្យភ័យខ្លាច ដោយអ្នក១បានមានឡើង ក្នុងកាលដែលសេចក្ដីរុងរឿងនៅផ្ទះបានបរិបូរនោះឡើយ ដ្បិតកាលណាគេស្លាប់ទៅ នោះនឹងយកអ្វីៗទៅផងមិនបាន ហើយសេចក្ដីរុងរឿងរបស់គេនឹងមិនចុះទៅតាមឡើយ»។ (ទំនុកដំកើង ៤៩:១៦, ១៧) បើអ៊ីចឹង អ្វីដែលគួរឲ្យកត់សម្គាល់គឺជាឱវាទដ៏មានប្រាជ្ញារបស់ប៉ុល នោះគឺ៖ «ចូរហាមប្រាម ដល់ពួកអ្នកមាន នៅលោកីយនេះផង កុំឲ្យគេមានឫកខ្ពស់ ឬទុកចិត្តនឹងទ្រព្យសម្បត្ដិ ដែលមិនទៀងនោះឡើយ ត្រូវទុកចិត្តនឹងព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ»។—ធីម៉ូថេទី១ ៦:១៧
១៣. ហេតុអ្វីក៏យើងគួរតែបន្តប្រកាសនូវសេចក្ដីព្រមានរបស់ព្រះ?
១៣ គឺជាសំខាន់យ៉ាងណាទៅហ្ន៎ ដែលសារជំនុំជំរះរបស់ព្រះយេហូវ៉ាត្រូវតែប្រកាសប្រាប់នៅសព្វថ្ងៃនេះ! នៅពេលដែលពួកផារីស៊ីបានជំទាស់នឹងពួកបណ្ដាជន ដោយសាររឿងព្រះយេស៊ូជា«ស្តេចដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់» នោះទ្រង់បានមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ»។ (លូកា ១៩:៣៨-៤០) យ៉ាងណាមិញ ប្រសិនបើរាស្ត្ររបស់ព្រះសព្វថ្ងៃនេះមិនលាតត្រដាងនូវអំពើអាក្រក់ជួជាតិ ដែលមាននៅក្នុងលោកីយ៍នេះ នោះ«ថ្មជញ្ជាំងនឹងស្រែកចេញមក»។ (ហាបាគុក ២:១១) ដូច្នេះសូមឲ្យយើងបន្តប្រកាសនូវសេចក្ដីព្រមានរបស់ព្រះ ដោយចិត្តក្លាហាន!
សេចក្ដីវេទនាទីបី និងរឿងទោសពីការបង្ហូរឈាម
១៤. សាសនារបស់ពិភពលោកបានទទួលខុសត្រូវចំពោះទោសពីការបង្ហូរឈាមអ្វី?
១៤ សេចក្ដីវេទនាទីបីដែលបានប្រកាសដោយហាបាគុក គឺស្តីអំពីរឿងទោសពីការបង្ហូរឈាម។ ហាបាគុក ២:១២ ចែងថា៖ «វេទនាដល់អ្នកណាដែលតាំងភូមិ ដោយកំចាយឈាម ហើយសង់ទីក្រុងដោយការទុច្ចរិត»។ នៅក្នុងរបបលោកីយ៍នេះ អំពើទុច្ចរិតនិងការបង្ហូរឈាម គឺច្រើនតែមានជាប់ទាក់ទងគ្នា។ ជាពិសេស សាសនារបស់ពិភពលោកបានទទួលខុសត្រូវ ចំពោះការបង្ហូរឈាមដ៏សាហាវបំផុតភាគច្រើនក្នុងប្រវត្ដិសាស្ត្រ។ យើងគ្រាន់តែរៀបរាប់អំពីសង្គ្រាមសាសនា ដែលបានធ្វើពួកអះអាងថាជាគ្រីស្ទានទាស់នឹងពួកអ៊ីស្លាម ហើយទារុណកម្មសាសនាកាតូលិកនៅក្នុងស្រុកអេស្ប៉ាញ និងអាមេរិកឡាទីន សង្គ្រាម៣០ឆ្នាំនៅអឺរ៉ុបរវាងពួកប្រូតេស្តង់និងពួកកាតូលិក ហើយសង្គ្រាមដែលសម្លាប់ មនុស្សច្រើនជាងគេ គឺសង្គ្រាមលោកទាំងពីរលើកក្នុងសតវត្សយើងនេះ ដែលសង្គ្រាមទាំងពីរនេះបានកើតឡើងពីវិស័យនៃពិភពគ្រីស្ទសាសនា។
១៥. (ក) តើសាសន៍ទាំងឡាយបន្តធ្វើអ្វីដោយមានការគាំទ្រឬការយល់ព្រមពីសាសនានោះ? (ខ) តើអង្គការសហប្រជាជាតិអាចនាំឲ្យមានទីបញ្ចប់នៃប្រដាប់អាវុធក្នុងលោកីយ៍នេះទេ?
១៥ លក្ខណៈដ៏អាក្រក់បំផុតមួយនៃសង្គ្រាមលោកលើកទីពីរ គឺហាយនភាពដោយរបបណាត្ស៊ី ដែលបានសម្លាប់ពួកជនជាតិយូដារាប់លាននាក់ និងមនុស្សដែលគ្មានទោសទាំងឡាយនៅឯអឺរ៉ុប។ ទើបតែនៅពេលថ្មីៗនេះទេ ដែលគណៈរ៉ូម៉ាំងកាតូលិកនៅប្រទេសបារាំង បានសារភាពថាគេមិនបានជំទាស់ នឹងការបញ្ជូនពួកជនរងគ្រោះរាប់សែននាក់ទៅឯជំរុំសម្លាប់ចោលនៃរបបណាត្ស៊ី។ ប៉ុន្តែ សាសន៍ទាំងឡាយបន្តប្រុងប្រៀបបង្ហូរឈាម ដែលមានការគាំទ្រឬការយល់ព្រមពីសាសនា។ ក្នុងការនិយាយអំពីសាសនាអូធូដុក្សរុស្ស៊ី នោះទស្សនាវដ្ដីថែម្ស (បោះពុម្ពផ្សាយជាអន្តរជាតិ) បានចែងក្នុងពេលថ្មីៗនេះថា៖ «សាសនានេះដែលបានស្ដារឡើងវិញ ក៏មានឥទ្ធិពលយ៉ាងខ្លាំងលើ អ្វីដែលពីដើមគេមិនអាចគិតស្មានដល់សោះ: នោះគឺប្រព័ន្ធកងយោធាធិការពួករុស្ស៊ី។ . . . ការប្រទានពរឲ្យយន្តហោះប្រយុទ្ធនិងបន្ទាយទាហាន ក្លាយទៅជាធម្មតាទៅហើយ។ នៅក្នុងខែវិច្ឆិកា នោះសាលាវិហារដានីឡូស្គីនៅទីក្រុងម៉ូស្កូ ដែលជាមណ្ឌលនៃគណៈចាស់ព្រឹទ្ធាចារ្យរុស្ស៊ី នោះគេព្រមទាំងធ្វើរហូតដល់ឧទ្ទិសឃ្លាំងអាវុធនុយក្លេអែរបស់រុស្ស៊ីផង»។ តើអង្គការសហប្រជាជាតិអាចបញ្ឈប់ការប្រើអាវុធដ៏អាក្រក់ជួជាតិនេះឬទេ? មិនអាចទាល់តែសោះ! យោងទៅតាមកាសែតហ្គាឌាននៅទីក្រុងឡុនដុន ប្រទេសអង់គ្លេស ដែលជាអ្នកឈ្នះពានរង្វាន់ណូបែលសំរាប់សន្ដិភាព បានមានប្រសាសន៍ថា៖ «អ្វីមួយដែលធ្វើឲ្យមិនទៀង គឺថាក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិ ដែលមានសមាជិកប្រាំជាអចិន្ត្រៃយ៍ គឺជាអ្នកផ្ដល់ដ៏ធំនៃអាវុធក្នុងពិភពលោក»។
១៦. តើព្រះយេហូវ៉ានឹងធ្វើអ្វីស្តីអំពីសាសន៍ទាំងប៉ុន្មាន ដែលជាពួកសង្គ្រាមនិយមនោះ?
១៦ តើព្រះយេហូវ៉ានឹងសម្រេចនូវការជំនុំជំរះលើប្រទេស ដែលជាពួកសង្គ្រាមនិយមនោះទេ? ហាបាគុក ២:១៣ ចែងថា៖ «មើល ដែលជនជាតិទាំងឡាយខំធ្វើការសំរាប់តែឲ្យភ្លើងឆេះ ហើយសាសន៍ទាំងប៉ុន្មាន ក៏ប្រឹងធ្វើនឿយហត់ជាឥតប្រយោជន៍នោះតើមិនមកពីព្រះយេហូវ៉ានៃពួកពលបរិវារទេឬ»? «ព្រះយេហូវ៉ានៃពួកពលបរិវារ»! ត្រូវហើយ ព្រះយេហូវ៉ាមានពួកទ័ពទេវតានៅស្ថានសួគ៌ ដែលទ្រង់នឹងប្រើ ដើម្បីធ្វើឲ្យពួកមនុស្សនិងសាសន៍ទាំងប៉ុន្មានដែលចូលចិត្តសង្គ្រាម ទៅជាឥតបានការ!
១៧. តើចំណេះអំពីព្រះយេហូវ៉ានឹងបានពេញផែនដីដល់កំរិតណា ក្រោយពីទ្រង់សម្រេចនូវសេចក្ដីជំនុំជំរះលើពួកជាតិដ៏ឃោរឃៅនោះ?
១៧ តើនឹងមានអ្វីជាបន្ទាប់ ស្តីអំពីសេចក្ដីជំនុំជំរះរបស់ព្រះយេហូវ៉ាលើពួកសាសន៍ដ៏ឃោរឃៅនោះ? ហាបាគុក ២:១៤ ផ្ដល់នូវចម្លើយនេះ៖ «ដ្បិតមនុស្សនឹងស្គាល់ដល់សិរីល្អនៃព្រះយេហូវ៉ា នៅពេញលើផែនដី ដូចជាទឹកក៏នៅពេញសមុទ្រដែរ»។ នេះជាការទន្ទឹងចាំដ៏រុងរឿងយ៉ាងណាទៅហ្ន៎! នៅឯអើម៉ាគេដូន នោះអធិបតេយ្យភាពរបស់ព្រះយេហូវ៉ា នឹងបានបង្ហាញឲ្យឃើញជារៀងរហូតតទៅ។ (វិវរណៈ ១៦:១៦) ទ្រង់ធានារ៉ាប់រងយើងថា ទ្រង់នឹង‹ធ្វើឲ្យទីកន្លែងនៃជើងរបស់ទ្រង់បានរុងរឿង› នោះគឺជាផែនដីដែលយើងរស់នៅនេះ។ (អេសាយ ៦០:១៣) មនុស្សលោកទាំងអស់នឹងត្រូវអប់រំតាមផ្លូវរបស់ព្រះខាងឯជីវិត ដើម្បីឲ្យចំណេះនៃគោលបំណងដ៏រុងរឿងរបស់ព្រះយេហូវ៉ា នឹងពេញផែនដីនេះ ដូចជាទឹកក៏នៅពេញបាតសមុទ្រដែរ។
សេចក្ដីវេទនាទីបួននិងទីប្រាំ
១៨. តើអ្វីជាសេចក្ដីវេទនាទីបួនដែលបានត្រូវប្រកាសដោយហាបាគុក ហើយតើនេះបានបង្ហាញឲ្យឃើញយ៉ាងណា ស្តីអំពីស្ថានការណ៍ខាងសីលធម៌ក្នុងពិភពលោកសព្វថ្ងៃនេះ?
១៨ សេចក្ដីវេទនាទីបួន គឺរៀបរាប់នៅឯហាបាគុក ២:១៥ ដូចពាក្យទាំងនេះថា៖ «វេទនាដល់អ្នកណា ដែលបំផឹកដល់អ្នកជិតខាងខ្លួន គឺដែលចេះតែចាក់ឲ្យគេផឹកដល់ស្រវឹង ដើម្បីឲ្យបានឃើញសណ្ឋានអាក្រាតរបស់គេ»។ នេះគឺបង្ហាញនូវស្ថានការណ៍ដែលប្រព្រឹត្តខុសគន្លង និងយ៉ាងព្រៃផ្សៃក្នុងពិភពលោកទំនើបនេះ។ អំពើឥតសីលធម៌ ដែលបានគាំទ្រពីគណៈសាសនាដ៏បណ្ដែតបណ្ដោយ បានឱនចុះយ៉ាងថោកទាបមែនទែន។ អាសន្នរោគដូចជារោគអេដស៍ និងការឆ្លងនូវកាមរោគឯទៀត គឺកំពុងតែឆ្លងច្រើនឡើងពាសពេញផែនដី។ ជាជាងបង្ហាញនូវ«សិរីល្អនៃព្រះយេហូវ៉ា» នោះមនុស្សតំណនេះដែលប្រកបដោយអត្តទត្ថភាព គឺធ្លាក់ឱនថយខាងសីលធម៌យ៉ាងថោកទាបទៀត ដែលនឹងទទួលនូវសេចក្ដីជំនុំជំរះរបស់ព្រះ។ «ឆ្អែតពេញដោយសេចក្ដីអាម៉ាស់ខ្មាស មិនមែនជាសិរីល្អទេ» នោះពិភពលោកដ៏ល្មើសនេះ គឺនឹងជិតផឹកពីពែងនៃកំហឹងរបស់ព្រះយេហូវ៉ា ដែលតំណាងនូវបំណងព្រះហឫទ័យរបស់ទ្រង់ស្តីអំពីពិភពនេះ។ ‹សេចក្ដីអាម៉ាស់ខ្មាសដ៏ជួជាតិ នឹងគ្របលើសិរីរុងរឿងរបស់ពិភពលោកនេះវិញ›។—ហាបាគុក ២:១៦
១៩. ផ្នែកដំបូងនៃសេចក្ដីវេទនាទីប្រាំដែលបានប្រកាសដោយហាបាគុក ទាក់ទងនឹងអ្វី ហើយហេតុអ្វីបានជាពាក្យបែបនេះមានសារៈសំខាន់ក្នុងពិភពលោកសព្វថ្ងៃនេះ?
១៩ ផ្នែកផ្ដើមនឹងសេចក្ដីវេទនាទីប្រាំ គឺព្រមានយ៉ាងខ្លាំងទាស់នឹងការថ្វាយបង្គំរូបចម្លាក់។ ព្រះយេហូវ៉ាបង្គាប់ឲ្យព្យាការីនេះ ប្រកាសពាក្យដ៏ខ្លាំងក្លានេះថា៖ «វេទនាដល់អ្នកណាដែលនិយាយដល់ដុំឈើថា សូមតើនឡើងហើយដល់ដុំថ្មគថា សូមក្រោកឡើងចុះ តើរូបនោះនឹងបង្រៀនបានឬ មើល គេស្រោបវាដោយមាសនឹងប្រាក់តែគ្មានខ្យល់ដង្ហើមនៅខាងក្នុងទេ»។ (ហាបាគុក ២:១៩) មកដល់សព្វថ្ងៃនេះ ទាំងពិភពគ្រីស្ទសាសនានិងពិភពដែលមិនជឿសាសនា ឱនគោរពឈើឆ្កាង នាងម៉ារាដ៏បរិសុទ្ធ បដិមាករ និងរូបផ្សេងៗនៃមនុស្សនិងសត្វ។ គ្មានរូបចម្លាក់ណាមួយទាំងនេះ ដែលអាចក្រោកមកសង្គ្រោះពួកអ្នកថ្វាយបង្គំរបស់គេ នៅពេលដែលព្រះយេហូវ៉ាមកសម្រេចនូវសេចក្ដីជំនុំជំរះនោះទេ។ ទឹកមាសនិងប្រាក់ដែលបិទលើរូបចម្លាក់ បានទៅជាឥតមានប្រយោជន៍ បើប្រៀបធៀបនឹងភាពរុងរឿងនៃព្រះយេហូវ៉ាដ៏ជាព្រះដែលគ្មានទីបំផុត ហើយនិងសិរីរុងរឿងនៃការបង្កើតដ៏មានជីវិតរបស់ទ្រង់។ សូមឲ្យយើងសរសើរព្រះនាមដែលមិនអាចប្រៀបផ្ទឹមបាន ជារៀងរហូតតទៅ!
២០. តើក្នុងរបៀបរៀបចំខាងព្រះវិហារមួយណា ដែលយើងមានឯកសិទ្ធិបំរើទ្រង់ដោយអំណរនោះ?
២០ ត្រូវហើយ ព្រះយេហូវ៉ាជាព្រះរបស់យើង គឺសមទទួលនូវការសរសើរទាំងអស់។ ដោយមានទឹកចិត្តដ៏គោរពយ៉ាងជ្រាលជ្រៅចំពោះទ្រង់ សូមឲ្យយើងធ្វើតាមការព្រមានយ៉ាងខ្លាំងនេះ ដែលទាស់ប្រឆាំងនឹងការថ្វាយបង្គំរូបព្រះ។ ប៉ុន្តែ ចូរស្ដាប់ចុះ! ព្រះយេហូវ៉ាកំពុងតែមានបន្ទូលនៅឡើយ គឺថា៖ «ឯព្រះយេហូវ៉ា ទ្រង់គង់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់វិញ ចូរឲ្យផែនដីទាំងមូលស្ងៀមនៅចំពោះទ្រង់ចុះ»! (ហាបាគុក ២:២០) ព្យាការីនេះច្បាស់ជាស្តីអំពីព្រះវិហារនៅក្នុងទីក្រុងយេរូសាឡិមហើយ។ ប៉ុន្តែ សព្វថ្ងៃនេះយើងមានឯកសិទ្ធិថ្វាយបង្គំ ក្នុងព្រះវិហារខាងវិញ្ញាណដ៏ធំអស្ចារ្យជាងនោះទៅទៀត ដែលព្រះអម្ចាស់របស់យើង ព្រះយេស៊ូគ្រីស្ទគឺត្រូវតែងតាំងជាសម្ដេចសង្ឃ។ នៅទីធ្លាខាងផែនដីនៃព្រះវិហារនេះ នោះយើងប្រជុំគ្នា បំរើ និងអធិស្ឋាន ដោយផ្ដល់នូវកិត្ដិយសចំពោះព្រះយេហូវ៉ា ដែលព្រះនាមដ៏រុងរឿងរបស់ទ្រង់សមនឹងទទួលនោះ។ ហើយយើងមានអំណរយ៉ាងណាទៅហ្ន៎ ក្នុងការផ្ដល់ការថ្វាយបង្គំដ៏ស្មោះពីចិត្ត ដល់ព្រះវរបិតានៅស្ថានសួគ៌ ដែលប្រកបដោយសេចក្ដីស្រឡាញ់នោះ!
តើអ្នកនឹកចាំឬទេ?
• តើអ្នកមានទស្សនៈយ៉ាងណាស្តីអំពីបន្ទូលរបស់ព្រះយេហូវ៉ា ដែលថា៖ «ឥតរារង់ឡើយ»?
• សព្វថ្ងៃនេះ តើអ្វីជាសារៈសំខាន់នៃសេចក្ដីវេទនា ដែលបានប្រកាសតាមរយៈហាបាគុកនោះ?
• ហេតុអ្វីក៏យើងគួរតែបន្តប្រកាសអំពីការព្រមានរបស់ព្រះយេហូវ៉ា?
• តើយើងមានឯកសិទ្ធិបំរើនៅក្នុងទីធ្លានៃព្រះវិហារមួយណា?
[សំណួរសម្រាប់អត្ថបទសិក្សា]
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ១៤]
U.S. Army photo