លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អរសប្បាយនឹងព្រះដ៏ជួយសង្គ្រោះរបស់យើង

អរសប្បាយនឹងព្រះដ៏ជួយសង្គ្រោះរបស់យើង

អរ​សប្បាយ​នឹង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​យើង

«ខ្ញុំ​នឹង​រីករាយ ដោយ​សារ​ព្រះ​យេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ​ដែរ»។—ហាបាគុក ៣:១៨

១. តើ​លោកដានីយ៉ែលមាន​ចក្ខុនិមិត្ត​ស្តី​អំពី​អ្វី មុន​បាប៊ីឡូន​បាន​ត្រូវ​រលំ​ក្នុង​ឆ្នាំ​៥៣៩ ម.​ស.យ.នោះ?

 ជាង​មួយ​ទសវត្ស​មុន​នឹង​បាប៊ីឡូន​រលំ​នៅ​ក្នុង​ឆ្នាំ​៥៣៩ ម.​ស.យ. នោះ​ព្យាការីដានីយ៉ែលដ៏​ចាស់​នេះ បាន​ឃើញ​នូវ​ចក្ខុនិមិត្ត​មួយ​ដ៏​រំភើប​ចិត្ត។ ចក្ខុនិមិត្ត​នេះ​បាន​ទាយ​ប្រាប់​អំពី​ព្រឹត្ដិការណ៍​ក្នុង​លោកីយ៍ ដែល​នឹង​នាំ​ទៅ​ដល់​សង្គ្រាម​ដែល​មាន​កំរិត​ខ្ពស់​បំផុត រវាង​ពួក​សត្រូវ​របស់​ព្រះ​យេហូវ៉ា​ហើយ​និង​ព្រះ​យេស៊ូ​គ្រីស្ទ ដ៏​ជា​ស្តេច​ដែល​បាន​រើស​តាំង​របស់​ទ្រង់។ តើ​អ្វី​ទៅ​ជា​ប្រតិកម្ម​របស់ដានីយ៉ែល? លោក​បាន​មាន​ប្រសាសន៍​ថា៖ «នោះ​ខ្ញុំដានីយ៉ែល ក៏​ខ្សោះ​ល្វើយ . . . ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ដំណើរ​ការ​ជាក់​ស្តែង​នោះ»។—ដានីយ៉ែល ៨:២៧

២. តើដានីយ៉ែលបាន​ឃើញ​ចម្បាំង​អ្វី​ក្នុង​ចក្ខុនិមិត្ត​របស់​លោក ហើយ​តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ​អំពី​ភាព​ជិត​មក​ដល់​នៃ​ចម្បាំង​នោះ?

ចុះ​យ៉ាង​ណា​វិញ​ចំពោះ​យើង​នោះ? យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​មួយ​ដែល​ដាច់​ឆ្ងាយ​ពី​គ្រា​នោះ​ណាស់! តើ​យើង​មាន​ប្រតិកម្ម​យ៉ាង​ណា​ដែរ ពេល​ដែល​យើង​ដឹង​ថា​ចម្បាំង​ដែល​លោកដានីយ៉ែលបាន​ឃើញ​ក្នុង​ចក្ខុនិមិត្ត គឺ​សង្គ្រាម​របស់​ព្រះ​ជា​អើម៉ាគេដូន នោះ​កាន់​តែ​ជិត​មក​ដល់​ហើយ​នោះ? តើ​យើង​មាន​ប្រតិកម្ម​យ៉ាង​ណា ពេល​ដែល​យើង​យល់​ដឹង​ថា​អំពើ​អាក្រក់​ជួជាតិ ដែល​បាន​លាត​ត្រដាង​ក្នុង​ទំនាយ​របស់ហាបាគុក គឺ​មាន​ពាស​ពេញ​ដល់​ម្ល៉េះ ដែល​នឹង​មាន​សេចក្ដី​ហិន​វិនាស​លើ​ពួក​សត្រូវ​របស់​ព្រះ​ជា​ពុំ​ខាន​នោះ? ប្រហែល​ជា​អារម្មណ៍​របស់​យើង​គឺ​ដូច​នឹង​អារម្មណ៍​របស់ហាបាគុកដែរ ដូច​បាន​រៀប​រាប់​មក​ក្នុងជំពូកទី​បី​ជា​ទំនាយ​ដែល​មាន​ក្នុង​សៀវភៅ​របស់​លោក​នោះ។

ហាបាគុកអធិស្ឋាន​សុំ​សេចក្ដី​មេត្ដា​ពី​ព្រះ

៣. តើហាបាគុកបាន​អធិស្ឋាន​ប្រយោជន៍​ឲ្យ​អ្នក​ណា ហើយ​តើ​ពាក្យ​របស់​លោក​អាច​មាន​ឥទ្ធិពល​លើ​យើង​យ៉ាង​ដូច​ម្ដេច?

ហាបាគុក​ជំពូកទី​៣​គឺ​ជា​សេចក្ដី​អធិស្ឋាន​មួយ។ យោង​ទៅ​តាម​ខ​ទី​១ ហាបាគុក ៣:១ នេះ​គឺ​បាន​ត្រូវ​ថ្លែង​ជា​ចំរៀង គឺ​ចំរៀង​ទុក្ខ​ព្រួយ​ឬ​ក៏​ការ​សោកសង្រេង។ សេចក្ដី​អធិស្ឋាន​របស់​ព្យាការី​នេះ​គឺ​បាន​និយាយ​ហាក់​ដូច​ជា​សំរាប់​លោក​ផ្ទាល់​អ៊ីចឹង។ ប៉ុន្តែ តាម​ការ​ពិត ហាបាគុកនិយាយ​ជំនួស​សាសន៍​រើស​តាំង​របស់​ព្រះ​វិញ។ សព្វ​ថ្ងៃ​នេះ សេចក្ដី​អធិស្ឋាន​របស់​គាត់​មាន​អត្ថន័យ​ណាស់​ចំពោះ​រាស្ត្រ​របស់​ព្រះ ដែល​បាន​ជាប់​រវល់​ក្នុងកិច្ច​ការខាង​ការ​ផ្សព្វ​ផ្សាយ​ព្រះ​រាជាណាចក្រ។ កាល​ដែល​យើង​អានហាបាគុក​ជំពូកទី​៣​ទាំង​នឹក​ចាំ​សេចក្ដី​នេះ ពាក្យ​ទាំង​ប៉ុន្មាន​នោះ​ធ្វើ​ឲ្យ​យើង​ពេញ​ដោយ​ជំនឿ​ស៊ប់​ថា​មាន​ការ​អាក្រក់​នៅ​ខាង​មុខ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​មាន​អំណរ​ផង​ដែរ។ សេចក្ដី​អធិស្ឋាន​ឬ​ក៏​ចំរៀង​របស់ហាបាគុក ផ្ដល់​ឲ្យ​យើង​នូវ​មូលហេតុ​មុត​មាំ​ឲ្យ​មាន​ចិត្ត​អរ​សប្បាយ​លើ​ព្រះ​យេហូវ៉ា ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​យើង។

៤. ហេតុ​អ្វី​ក៏ហាបាគុកទៅ​ជា​មាន​ចិត្ត​ភិត​ភ័យ ហើយ​តើ​យើង​អាច​ដឹង​ប្រាកដ​អំពី​សកម្មភាព​អ្វី​ដោយ​ព្រះ​ចេស្ដា​របស់​ព្រះ?

ដូច​ជា​យើង​បាន​កត់​សម្គាល់​ក្នុង​អត្ថបទ​ពីរ​មុន​នេះ នោះ​ស្ថានភាព​បាន​ជា​អាក្រក់​ណាស់​ក្នុង​ស្រុក​យូដា​នៅ​សម័យ​របស់​លោកហាបាគុក។ ប៉ុន្តែ ព្រះ​មិន​អនុញ្ញាត​ឲ្យ​ស្ថានការណ៍​នោះ​មាន​ជា​បន្ត​ទៅ​ទៀត​ឡើយ។ ព្រះ​យេហូវ៉ា​នឹង​ចាត់​វិធានការ ដូច​ជា​ទ្រង់​ធ្លាប់​ធ្វើ​ពី​អតីតកាល​នោះ​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​ព្យាការី​នេះ​បាន​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ ទូល​បង្គំ​បាន​ឮ​សេចក្ដី​រាយ​ការណ៍​នោះ​អំពី​ទ្រង់​ហើយ។ ទូល​បង្គំ​មាន​សេចក្ដី​ភិត​ភ័យ ព្រះ​យេហូវ៉ា​អើយ ពី​ការ​ដែល​ទ្រង់​ធ្វើ»! តើ​លោក​ចង់​មាន​ន័យ​យ៉ាង​ណា? ‹សេចក្ដី​រាយ​ការណ៍​នោះ​អំពី​ព្រះ​យេហូវ៉ា› គឺ​ជា​ប្រវត្ដិសាស្ត្រ​ដែល​បាន​កត់​ទុក​អំពី​ការ​ប្រព្រឹត្ត​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ ដូច​ជា​ព្រឹត្ដិការណ៍​នៅ​ឯ​សមុទ្រ​ក្រហម និង​នៅ​ក្នុង​ទី​រហោ​ស្ថាន ព្រម​ទាំង​នៅ​ឯ​ទី​ក្រុង​យេរីខូរ។ ហាបាគុកបាន​ដឹង​ច្បាស់​អំពី​ការ​ប្រព្រឹត្ត​ទាំង​នេះ ហើយ​នេះ​បាន​ធ្វើ​ឲ្យ​លោក​ភិត​ភ័យ ពីព្រោះ​លោក​បាន​ដឹង​ថា ព្រះ​យេហូវ៉ា​នឹង​ប្រើ​ព្រះ​ចេស្ដា​ដ៏​ខ្លាំង​ក្លា​នេះ​ម្ដង​ទៀត ប្រឆាំង​ទាស់​នឹង​ពួក​សត្រូវ​របស់​ទ្រង់។ នៅ​ពេល​ដែល​យើង​ឃើញ​នូវ​អំពើ​អាក្រក់​ជួជាតិ​របស់​មនុស្ស​លោក​សព្វ​ថ្ងៃ​នេះ យើង​ក៏​ដឹង​ថា ព្រះ​យេហូវ៉ា​នឹង​ចាត់​វិធានការ ដូច​ជា​ទ្រង់​បាន​ធ្វើ​ពី​បុរាណ​រួច​មក​ហើយ​នោះ​ដែរ។ តើ​នេះ​ធ្វើ​ឲ្យ​យើង​ថប់​ក្នុង​ចិត្ត​ឬ​ទេ? ប្រាកដ​ជា​អ៊ីចឹង​មែន! យ៉ាង​ណា​ក៏​ដោយ យើង​អធិស្ឋាន​ដូចហាបាគុកដែរ​ថា៖ «‹កំពុង​ដែល​ឆ្នាំ​ទាំង​ឡាយ​កន្លង​ទៅ នោះ​សូម​ធ្វើ​ឲ្យ​ការ​នេះ​កើត​ឡើង! កំពុង​ដែល​ឆ្នាំ​ទាំង​ឡាយ​កន្លង​ទៅ សូម​សម្ដែង​ឲ្យ​ស្គាល់​ការ​នេះ​វិញ។ ក្នុង​គ្រា​ដែល​ទ្រង់​ក្រោធ សូម​នឹក​ចាំ​ដោយ​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ផង»។ (ហាបាគុក ៣:២, ព.ថ.) នៅ​គ្រា​កំណត់​របស់​ព្រះ គឺ«កំពុង​ដែល​ឆ្នាំ​ទាំង​ឡាយ​កន្លង​ទៅ» នោះ​សូម​ទ្រង់​ធ្វើ​ឲ្យ​ព្រះ​ចេស្ដា​ដ៏​អព្ភូតហេតុ​របស់​ទ្រង់​មាន​សកម្មភាព​ឡើង។ ហើយ​នៅ​ពេល​នោះ​ឯង សូម​ទ្រង់​នឹក​ចាំ​ដោយ​បង្ហាញ​នូវ​សេចក្ដី​មេត្ដា​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់!

ព្រះ​យេហូវ៉ា​យាង​ដំណើរ​ទៅ​មុខ!

៥. តើ​តាម​របៀប​ណា​ដែល‹ព្រះ​ចាប់​យាង​ដំណើរ​ពី​ថេម៉ាន› ហើយ​តើ​នេះ​បញ្ជាក់​យ៉ាង​ណា​ស្តី​អំពី​អើម៉ាគេដូន​នោះ?

តើ​អ្វី​នឹង​កើត​ឡើង​ពេល​ដែល​ព្រះ​យេហូវ៉ា​ឮ​សេចក្ដី​អធិស្ឋាន​របស់​យើង ដែល​សុំ​សេចក្ដី​មេត្ដា​នោះ? យើង​រក​ឃើញ​ចម្លើយ​នៅ​ឯ​ហាបាគុក ៣:៣, ៤។ មុន​ដំបូង ព្យាការី​នេះ​មាន​ប្រសាសន៍​ថា៖ «ព្រះ​ទ្រង់​កំពុង​យាង​មក​ពី​ថេម៉ាន គឺ​ព្រះ​ដ៏​បរិសុទ្ធ​ទ្រង់​យាង​មក​ពី​ភ្នំ​ប៉ារ៉ាន»។ នៅ​ឯ​សម័យ​របស់​ព្យាការី​ម៉ូសេ នោះ​មាន​ថេម៉ាន​និង​ភ្នំ​ប៉ារ៉ាន តាម​ផ្លូវ​ដែល​ពួក​អ៊ីស្រាអែល​ដើរ​កាត់​ទី​ហោ​ស្ថាន​ឆ្ពោះ​ទៅ​ស្រុក​កាណាន។ កាល​ដែល​សាសន៍​អ៊ីស្រាអែល​ដ៏​ធំ​នេះ​បាន​ធ្វើ​ដំណើរ នោះ​ហាក់​ដូច​ជា​ព្រះ​យេហូវ៉ា​យាង​ដំណើរ​ដែរ ហើយ​គ្មាន​អ្វី​ដែល​អាច​បញ្ឈប់​ទ្រង់​ឡើយ។ បន្ដិច​មុន​ម៉ូសេ​បាន​ស្លាប់ នោះ​លោក​បាន​មាន​ប្រសាសន៍​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​បាន​យាង​មក​ពី​ភ្នំ​ស៊ីណាយ ហើយ​បាន​ក្រោក​ពី​ភ្នំ​សៀរ​មក​ឯ​គេ ទ្រង់​បាន​ភ្លឺ​មក​ពី​ភ្នំ​ប៉ារ៉ាន ទ្រង់​ក៏​បាន​ចេញ​ពី​ពួក​បរិសុទ្ធ[ពួក​ទេវតា]ទាំង​សល់​សែន»។ (ចោទិយកថា ៣៣:២) នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​ត​ទល់​នឹង​ពួក​សត្រូវ​របស់​ទ្រង់​នៅ​ឯ​អើម៉ាគេដូន នោះ​នឹង​មាន​ការ​សម្ដែង​ព្រះ​ចេស្ដា​ទ្រង់​ស្រដៀង​នេះ​ដែរ ដែល​ពុំ​អាច​ទប់​ទល់​បាន។

៦. ក្រៅ​ពី​សិរី​រុង​រឿង​របស់​ព្រះ តើ​ពួក​គ្រីស្ទាន​ដែល​មាន​វិនិច្ឆ័យ​ល្អ​មើល​ឃើញ​អ្វី​ទៀត?

ហាបាគុកក៏​ថ្លែង​ថា៖ «សិរី​ល្អ​នៃ[ព្រះ​យេហូវ៉ា]បិទ​បាំង​ផ្ទៃ​មេឃ ហើយ​ផែនដី​បាន​ពេញ​ដោយ​សេចក្ដី​សរសើរ​ដល់​ទ្រង់ សេចក្ដី​រុង​រឿង​របស់​ទ្រង់​ក៏​ដូច​ជា​ពន្លឺ»។ នេះ​គឺ​ជា​ទស្សនីយភាព​ដ៏​អស្ចារ្យ​យ៉ាង​ណា​ទៅ​ហ្ន៎! ពិត​មែន មនុស្ស​លោក​មិន​អាច​មើល​ឃើញ​ព្រះ​យេហូវ៉ា ហើយ​នៅ​រស់​បាន​ឡើយ។ (និក្ខមនំ ៣៣:២០) ប៉ុន្តែ ចំពោះ​ពួក​អ្នក​បំរើ​ដ៏​ស្មោះត្រង់​របស់​ព្រះ នោះ​ភ្នែក​ចិត្ត​របស់​គេ​បាន​ត្រូវ​ភ្លឺ​ឡើង ពេល​ដែល​ពួក​គេ​សញ្ជឹង​គិត​អំពី​ភាព​ថ្កុំ​ថ្កើង​របស់​ទ្រង់។ (អេភេសូរ ១:១៨) ហើយ​ពួក​គ្រីស្ទាន​ដែល​មាន​ការ​វិនិច្ឆ័យ​ល្អ នោះ​មើល​ឃើញ​អ្វី​ទៀត​ក្រៅ​ពី​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា។ ហាបាគុក ៣:៤ សន្និដ្ឋាន​ថា៖ «មាន​រស្មី​ចេញ​ពី​ព្រះ​ហស្ត​ទ្រង់ នោះ​ឯង​ជា​ទី​លាក់​ទុក​នូវ​ព្រះ​ចេស្ដា​នៃ​ទ្រង់»។ ត្រូវ​ហើយ យើង​ឃើញ​ថា​ព្រះ​យេហូវ៉ា​គឺ​ប្រុង​ប្រៀប​នឹង​ចាត់​វិធានការ ដោយ​ប្រើ​ព្រះ​ហស្ត​ស្ដាំ​ទ្រង់​ដែល​មាន​កម្លាំង​និង​ព្រះ​ចេស្ដា។

៧. ការ​យាង​ដំណើរ​ប្រកប​ដោយ​ជ័យ​ជំនះ​របស់​ព្រះ មាន​ន័យ​យ៉ាង​ណា​ចំពោះ​អស់​អ្នក​ដែល​បះ​បោរ​ប្រឆាំង​នឹង​ទ្រង់​នោះ?

ការ​យាង​ដំណើរ​ប្រកប​ដោយ​ជ័យ​ជំនះ​របស់​ព្រះ មាន​ន័យ​ថា​នឹង​មាន​សេចក្ដី​ហិន​វិនាស​ចំពោះ​អស់​អ្នក​ដែល​បះ​បោរ​ប្រឆាំង​នឹង​ទ្រង់។ ហាបាគុក ៣:៥ ចែង​ថា៖ «មាន​អាសន្នរោគ​ចេញ​ពី​ចំពោះ​ទ្រង់ ក៏​មាន​រន្ទះ​ចេញ​ពី​ដាន​ព្រះ​បាទ​ទ្រង់»។ នៅ​ពេល​ដែល​ពួក​អ៊ីស្រាអែល​បាន​មក​ជិត​ព្រំ​ដែន​ស្រុក​ដែល​បាន​សន្យា​នោះ ក្នុង​ឆ្នាំ​១៤៧៣ ម.​ស.យ. នោះ​ពួក​គេ​ជា​ច្រើន​អ្នក​បាន​បះ​បោរ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ឥត​សីលធម៌​និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ផង។ ជា​លទ្ធផល មាន​មនុស្ស​ជាង​២០.០០០​នាក់​បាន​ស្លាប់​ដោយ​រោគ​រាតត្បាត​ដែល​ចេញ​ពី​ចំពោះ​ព្រះ។ (ជន​គណនា ២៥:១​-​៩) នៅ​នា​អនាគត​នេះ ពេល​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ដំណើរ​ទៅ​ឯ«ចំបាំង នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត» នោះ​អស់​អ្នក​ដែល​បះ​បោរ​ប្រឆាំង​នឹង​ទ្រង់ នឹង​ទទួល​នូវ​សេចក្ដី​ហិន​វិនាស​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​ព្រោះ​អំពើ​បាប​របស់​គេ។ អ្នក​ខ្លះ​ទៀត ប្រហែល​ជា​នឹង​ស្លាប់​ដោយ​រោគ​រាតត្បាត​មែន​ទែន​ផង។—វិវរណៈ ១៦:១៤, ១៦

៨. យោង​ទៅ​តាម​ហាបាគុក ៣:៦ តើ​ពួក​សត្រូវ​របស់​ព្រះ​នឹង​ទទួល​អ្វី?

ឥឡូវ​នេះ សូម​ស្ដាប់​ឮ​នូវ​ការ​ពិពណ៌នា​ដ៏​ជាក់​ស្តែង​របស់​ព្យាការី​នេះ ពី​ពួក​ពល​បរិវារ​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​សកម្មភាព។ នៅ​ហាបាគុក ៣:៦, ព.ថ. យើង​អាន​ថា៖«[ព្រះ​យេហូវ៉ា]ទ្រង់​បាន​ឈប់​ទ្រឹង ដើម្បី​ឲ្យ​ទ្រង់​អង្រន់​ផែនដី។ ទ្រង់​បាន​ក្រឡេក​ទត​ទៅ ក៏​ធ្វើ​ឲ្យ​សាសន៍​ទាំង​ប៉ុន្មាន​លោត​ផ្លោះ។ ហើយ​ភ្នំ​ធំ​ដែល​នៅ​អស់​កល្ប​រៀង​មក នោះ​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ និង​ភ្នំ​តូច​ដែល​នៅ​ជា​ដរាប ក៏​ឱនលំទោន​ចុះ។ អស់​ទាំង​ដំណើរ​តាំង​ពី​យូរ​យារ​មក​ហើយ នោះ​ជា​របស់​ផង​ទ្រង់»។ មុន​ដំបូង ព្រះ​យេហូវ៉ា«ឈប់​ទ្រឹង» ដូច​ជា​ឧត្តមសេនីយ​ដែល​ពិនិត្យ​មើល​សមរភូមិ។ ពួក​សត្រូវ​របស់​ទ្រង់​ភ័យ​ញ័រ​រន្ធត់។ ពួក​គេ​ឃើញ​អ្នក​ប្រឆាំង​របស់​គេ ហើយ​មាន​ចិត្ត​ភ្ញាក់​ផ្អើល ទាំង​លោត​ផ្លោះ​ដោយ​ជ្រួល​ច្រាល​ក្នុង​ចិត្ត។ ព្រះ​យេស៊ូ​បាន​ទាយ​អំពី​គ្រា​ដែល«គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​គក់​ទ្រូង​យំ»។ (ម៉ាថាយ ២៤:៣០) នោះ​ហួស​ពេល​ទៅ​ហើយ​ដែល​គេ​ទទួល​ស្គាល់​ថា គ្មាន​អ្នក​ណា​អាច​ឈរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​បាន​ឡើយ។ អង្គការ​មនុស្ស​លោក សូម្បី​តែ​អង្គការ​ខ្លះ​ដែល​ហាក់​ដូច​ជា​នៅ​អចិន្ត្រៃយ៍​ដូច​ជា«ភ្នំ​ធំ​ដែល​នៅ​អស់​កល្ប​រៀង​មក»និង«ភ្នំ​តូច​ដែល​នៅ​ជា​ដរាប»ក៏​ដោយ ក៏​នឹង​ត្រូវ​រលំ​ចោល​អស់​ដែរ។ ពេល​នោះ​នឹង​ដូច​ជា«អស់​ទាំង​ដំណើរ​តាំង​ពី​យូរ​យារ​មក​ហើយ»របស់​ព្រះ គឺ​ដូច​ជា​របៀប​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ពី​បុរាណ​មក​អ៊ីចឹង។

៩, ១០. តើ​យើង​បាន​ត្រូវ​រំឭក​អំពី​អ្វី​នៅ​ឯ​ហាបាគុក ៣:៧​-​១១?

«សេចក្ដី​ខ្ញាល់»របស់​ព្រះ​យេហូវ៉ា​តម្រង់​ទាស់​នឹង​ពួក​សត្រូវ​របស់​ទ្រង់។ ប៉ុន្តែ តើ​សាស្ដ្រាវុធ​អ្វី​ទៅ​ដែល​ទ្រង់​នឹង​ប្រើ​ក្នុង​សង្គ្រាម​ដ៏​ធំរបស់​ទ្រង់? ចូរ​ស្ដាប់ កាល​ដែល​ព្យាការី​នេះ​រៀប​រាប់​ប្រាប់ ដោយ​មាន​ប្រសាសន៍​ថា៖ «ធ្នូ​របស់​ទ្រង់​បាន​បើក​ចេញ​ស្រាប់ ពាក្យ​សម្បថ​ដល់​ពូជ​អំបូរ​ទាំង​ឡាយ​ជា​ព្រះ​បន្ទូល​ដ៏​ពិត ទ្រង់​បាន​ពុះ​ញែក​ផែនដី​ឲ្យ​ទន្លេ​មាន​ផ្លូវ​ហូរ ភ្នំ​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទ្រង់ ហើយ​ក៏​ភ័យ​ខ្លាច ព្យុះ​ភ្លៀង​ក៏​បង្ហួស​ទៅ ទី​ជំរៅ​ក៏​បញ្ចេញ​សំឡេង ហើយ​បាន​លើក​ដៃ​ឡើង​ទៅ​លើ ឯ​ព្រះ​អាទិត្យ នឹង​ព្រះ​ចន្ទ ក៏​ឈប់​ទ្រឹង​នៅ ដោយ​ឃើញ​ពន្លឺ​នៃ​ព្រួញ​ទ្រង់​កំពុង​ហោះ​ទៅ នឹង​ពន្លឺ​ចាំង​ពី​លំពែង​ដ៏​ភ្លឺ​ផ្លេក ៗ​របស់​ទ្រង់»។—ហាបាគុក ៣:៧​-​១១

១០ នៅ​សម័យ​លោកយ៉ូស្វេ នោះ​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ព្រះ​អាទិត្យ និង​ព្រះ​ចន្ទ​ឈប់​ទ្រឹង ដែល​បង្ហាញ​នូវ​ព្រះ​ចេស្ដា​ដ៏​អស្ចារ្យ។ (យ៉ូស្វេ ១០:១២​-​១៤) ទំនាយ​របស់ហាបាគុករំឭក​យើង​ថា ព្រះ​ចេស្ដា​ដដែល​នេះ នឹង​ត្រូវ​ប្រើ​ដោយ​ព្រះ​យេហូវ៉ា​នៅ​ឯ​អើម៉ាគេដូន។ នៅ​ឆ្នាំ​១៥១៣ ម.​ស.យ. ព្រះ​យេហូវ៉ា​បាន​បង្ហាញ​នូវ​អំណាច​ទ្រង់​លើ​ជំរៅ​ទឹក​នៅ​ផែនដី កាល​ដែល​ទ្រង់​បាន​ប្រើ​សមុទ្រ​ក្រហម ដើម្បី​នឹង​កំទេច​ចោល​ពួក​ទ័ព​របស់​ផារ៉ោន។ ៤០​ឆ្នាំ​ក្រោយ​មក ទឹក​ទន្លេ​យ័រដាន់​ដែល​មាន​ពេញ​ហូរ​ហៀរ​នោះ មិន​មែន​ជា​ឧបសគ្គ​បង្អាក់​ដំណើរ​ដ៏​ជ័យ​ជំនះ​របស់​ពួក​អ៊ីស្រាអែល ពី​ការ​ចូល​ស្រុក​ដែល​បាន​សន្យា​នោះ​ឡើយ។ (យ៉ូស្វេ ៣:១៥​-​១៧) នៅ​សម័យ​ដេបូរ៉ា​ជា​ព្យាការី​នី នោះ​ភ្លៀង​ដែល​ធ្លាក់​ខ្លាំង​បាន​ហូរ​នាំ​យក រទេះ​ចំបាំង​របស់​ស៊ីសេរ៉ា​ទៅ​បាត់ ដែល​ជា​សត្រូវ​របស់​អ៊ីស្រាអែល។ (ពួក​ចៅហ្វាយ ៥:២១) នៅ​ឯ​អើម៉ាគេដូន នោះ​ព្រះ​យេហូវ៉ា​នឹង​ប្រើ​ប្រាស់​កម្លាំង​ដូច​នេះ​នៃ​ទឹក​ជំនន់ ភ្លៀង​ដែល​ធ្លាក់​ខ្លាំង និង​ជំរៅ​ទឹក​ទាំង​នោះ​ដែរ។ សូម្បី​តែ​ផ្គរ​និង​ផ្លេក​បន្ទោរ​ក៏​មាន​នៅ​ក្នុង​ព្រះ​ហស្ត​ទ្រង់​ដែរ ដូច​ជា​លំពែង​ឬ​ក៏​ព្រួញ​ដែល​មាន​ពេញ​ក្នុង​បំពង់។

១១. តើ​អ្វី​នឹង​កើត​ឡើង ពេល​ដែល​ព្រះ​យេហូវ៉ា​ប្រើ​ព្រះ​ចេស្ដា​ដ៏​ខ្លាំង​ក្លា​របស់​ទ្រង់?

១១ ពិត​មែន​ហើយ គឺ​នឹង​ស្ញប់​ស្ញែង​ណាស់ ពេល​ដែល​ព្រះ​យេហូវ៉ា​ប្រើ​ព្រះ​ចេស្ដា​ដ៏​ខ្លាំង​ក្លា​របស់​ទ្រង់​នោះ។ ពាក្យ​របស់ហាបាគុកបង្ហាញ​ថា ប្រហែល​ជា​យប់​នឹង​ទៅ​ជា​ថ្ងៃ ហើយ​ថ្ងៃ​នឹង​ភ្លឺ​ខ្លាំង​ជាង​ព្រះ​អាទិត្យ​ទៅ​ទៀត។ ទោះ​ជា​ការ​ពិពណ៌នា​ខាង​ឯ​ទំនាយ​នេះ​ដែល​បាន​ត្រូវ​តែង​ដោយ​ព្រះ​អំពី​អើម៉ាគេដូន​នោះ​ក៏​ដោយ នឹង​មាន​មែន​ទែន​ឬ​ក៏​ជា​និមិត្តរូប​ក្ដី នោះ​អ្វី​មួយ​ដែល​ជា​ពិត​ប្រាកដ គឺ​ថា​ព្រះ​យេហូវ៉ា​នឹង​មាន​ជ័យ​ជំនះ ដោយ​មិន​អនុញ្ញាត​ឲ្យ​សត្រូវ​ណា​មួយ​រត់​គេច​ខ្លួន​បាន​ឡើយ។

សេចក្ដី​សង្គ្រោះ​មាន​ប្រាកដ​សំរាប់​រាស្ត្រ​របស់​ព្រះ!

១២. តើ​ព្រះ​ទ្រង់​នឹង​ធ្វើ​អ្វី​ដល់​ពួក​សត្រូវ​ទ្រង់ ប៉ុន្តែ តើ​អ្នក​ណា​នឹង​ត្រូវ​បាន​សង្គ្រោះ?

១២ ព្យាការី​នេះ​បន្ត​រៀប​រាប់​នូវ​សកម្មភាព​របស់​ព្រះ​យេហូវ៉ា ក្នុង​ការ​កំទេច​ចោល​ពួក​សត្រូវ​របស់​ទ្រង់។ នៅ​ឯ​ហាបាគុក ៣:១២ យើង​អាន​ថា៖ «ទ្រង់​បាន​យាង​កាត់​ស្រុក​ទៅ ដោយ​សេចក្ដី​គ្នាន់​ក្នាញ់ ក៏​កិន​បញ្ជាន់​អស់​ទាំង​សាសន៍​ដោយ​សេចក្ដី​ក្រោធ»។ ប៉ុន្តែ ព្រះ​យេហូវ៉ា​នឹង​មិន​បំផ្លាញ​គេ​យ៉ាង​ព្រាវ​ៗ​នោះ​ឡើយ។ មនុស្ស​លោក​ខ្លះ​នឹង​ត្រូវ​បាន​សង្គ្រោះ។ ហាបាគុក ៣:១៣ នោះ​ចែង​ថា៖ «ទ្រង់​បាន​យាង​ចេញ​មក ដើម្បី​ជួយ​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់ គឺ​ដើម្បី​សង្គ្រោះ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ»។ ត្រូវ​ហើយ ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​ពួក​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តាំង។ នៅ​ពេល​នោះ​ឯង ការ​បំផ្លាញ​ចោល​នូវ​បាប៊ីឡូន​ដ៏​ធំ ដែល​ជា​ចក្រភព​ទូទៅ​នៃ​សាសនា​មិន​ពិត នឹង​ត្រូវ​បាន​សម្រេច​អស់​ហើយ។ ប៉ុន្តែ សព្វ​ថ្ងៃ​នេះ ពួក​សាសន៍​ទាំង​ឡាយ​កំពុង​តែ​ខំ​ប្រឹង​កំទេច​ចោល​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ។ មិន​យូរ​ប៉ុន្មាន​ទៀត នោះ​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​ពួក​កុក​និង​ម៉ាកុក​មក​វាយ​ប្រហារ។ (អេសេគាល ៣៨:១–៣៩:១៣; វិវរណៈ ១៧:១​-​៥, ១៦​-​១៨) តើ​ការ​វាយ​ប្រហារ​របស់​សាតាំង​នោះ​នឹង​មាន​ជ័យ​ជំនះ​ឬ​ទេ? អត់​ទេ! ពេល​នោះ​ឯង​ព្រះ​យេហូវ៉ា​នឹង​ជាន់​ពួក​សត្រូវ​របស់​ទ្រង់​ដោយ​សេចក្ដី​ខ្ញាល់ គឺ​ជាន់​ពួក​គេ​ដូច​ជា​បោក​ស្រូវ​អ៊ីចឹង។ ប៉ុន្តែ ទ្រង់​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ទ្រង់​ដោយ​វិញ្ញាណ​និង​សេចក្ដី​ពិត។—យ៉ូហាន ៤:២៤

១៣. តើ​ហាបាគុក ៣:១៣ នឹង​ត្រូវ​សម្រេច​យ៉ាង​ដូច​ម្ដេច?

១៣ សេចក្ដី​ហិន​វិនាស​ដ៏​ពេញ​លេញ​នៃ​ពួក​មនុស្ស​អាក្រក់ គឺ​បាន​ទាយ​ដោយ​ពាក្យ​ដូច​នេះ​ថា៖ «[ព្រះ​យេហូវ៉ា]ទ្រង់​បាន​វាយ​អ្នក​ជា​កំពូល​លើ​វង្ស​មនុស្ស​អាក្រក់​ឲ្យ​របួស ក៏​បំផ្លាញ​ទៅ​ចាប់​តាំង​ពី​ជើង រហូត​ដល់​កំពូល​ផង»។ (ហាបាគុក ៣:១៣) «វង្ស​មនុស្ស»នេះ​គឺ​ជា​របប​ដ៏​អាក្រក់​ជួជាតិ​ដែល​បាន​ស្ថាបនា​ឡើង ក្រោម​ឥទ្ធិពល​របស់​អារក្ស​សាតាំង។ វង្ស​មនុស្ស​នេះ​នឹង​ត្រូវ​កំទេច​ចោល​អស់។ «កំពូល»ឬ​ពួក​មេ​ដឹក​នាំ​ដែល​ប្រឆាំង​នឹង​ព្រះ នឹង​ត្រូវ​បាន​បំផ្លាញ​ចោល។ ទម្រង់​ទាំង​មូល​នឹង​ត្រូវ​បាន​កំទេច​ចោល​ដែរ រហូត​ដល់​គ្រឹះ​វា​តែ​ម្ដង។ គឺ​នឹង​លែង​មាន​ទៀត​ហើយ។ នេះ​នឹង​ជា​ការ​ធូរ​ស្បើយ​យ៉ាង​ណា​ទៅ​ហ្ន៎!

១៤​-​១៦. យោង​ទៅ​តាម​ហាបាគុក ៣:១៤, ១៥ តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា និង​ចំពោះ​ពួក​សត្រូវ​របស់​គេ​នោះ?

១៤ នៅ​ឯ​អើម៉ាគេដូន អស់​អ្នក​ដែល​រក​កំទេច‹អ្នក​ចាក់​ប្រេង​តាំង›របស់​ព្រះ​យេហូវ៉ា នោះ​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​វង្វេង។ យោង​ទៅ​តាម​ហាបាគុក ៣:១៤, ១៥ នោះ​ព្យាការី​នេះ​ទូល​ព្រះ​ថា៖ «ទ្រង់​បាន​ចាក់​ទំ​លុះ​មេ​ទ័ព​របស់​គេ ដោយ​លំពែង​របស់​ទ្រង់ គេ​បាន​ចេញ​មក​ដូច​ជា​ខ្យល់​កួច ដើម្បី​កំចាត់​កំចាយ​ទូល​បង្គំ គេ​ត្រេក​អរ ចំពោះ​តែ​ការ​ស៊ី​បំផ្លាញ​ពួក​ក្រី​ក្រ ដោយ​សំងាត់ ប៉ុន្តែ​ទ្រង់​បាន​ជាន់​ឈ្លី​សមុទ្រ ដោយ​សេះ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ គឺ​អស់​ទាំង​រលក​ដែល​បោក​ឡើង​យ៉ាង​ធំ»។

១៥ នៅ​ពេល​ដែលហាបាគុកនិយាយ​ថា«មេ​ទ័ព . . . បាន​ចេញ​មក​ដូច​ជា​ខ្យល់​កួច ដើម្បី​កំចាត់​កំចាយ​ទូល​បង្គំ» នោះ​ព្យាការី​នេះ​និយាយជំនួស​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តាំង។ ដូច​ជា​ពួក​ចោរ​ប្លន់​តាម​ផ្លូវ​ដែល​រង់​ចាំ​ចាប់ នោះ​ពួក​សាសន៍​ទាំង​ឡាយ​នឹង​លោត​ចេញ​ចាប់​ពួក​អ្នក​បំរើ​ទ្រង់ ដើម្បី​សម្លាប់​ពួក​គេ។ ពួក​សត្រូវ​ទាំង​នេះ​របស់​ព្រះ​និង​រាស្ត្រ​របស់​ទ្រង់​នឹង«ត្រេក​អរ» ដោយ​ទុក​ចិត្ត​ខ្លួន​ថា​នឹង​បាន​ជោគ​ជ័យ។ ពួក​គ្រីស្ទាន​ស្មោះ​ត្រង់​នឹង​មើល​ទៅ​ហាក់​ដូច​ជា​ខ្សោយ ដូច​ជា«ពួក​ក្រី​ក្រ»។ ប៉ុន្តែ នៅ​ពេល​ដែល​ពួក​ទ័ព​សត្រូវ​ប្រឆាំង​ព្រះ​ទាំង​នេះ​ចាប់​ផ្ដើម​ការ​វាយ​ប្រហារ​របស់​គេ នោះ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​គេ​ទាស់​ទែង​នឹង​គ្នា​វិញ។ ពួក​គេ​នឹង​ប្រើ​ដៃ​របស់​គេ ឬ«ដំបង» ប្រឆាំង​នឹង​ពួក​ទ័ព​របស់​ខ្លួន​វិញ។

១៦ ប៉ុន្តែ នៅ​មាន​អ្វី​ខាង​មុខ​នេះ​ទៀត។ ព្រះ​យេហូវ៉ា​នឹង​ប្រើ​កម្លាំង​វិញ្ញាណ​ដ៏​ជា​អធិធម្មជាតិ ដើម្បី​នឹង​កំទេច​ចោល​នូវ​ពួក​សត្រូវ​របស់​ទ្រង់។ ដោយ​សារ«សេះ»នៃ​ពួក​ពល​បរិវារ​នៅ​ស្ថាន​សួគ៌ ក្រោម​អំណាច​ព្រះ​យេស៊ូ​គ្រីស្ទ នោះ​ទ្រង់​នឹង​មាន​ជ័យ​ជំនះ​ត​ទៅ​មុខ​កាត់«សមុទ្រ» និង«អស់​ទាំង​រលក» ជា​មនុស្ស​លោក​ដ៏​ជា​សត្រូវ​ដែល​មាន​ដំណើរ​ពពូន​គ្នា​ឡើង​នេះ។ (វិវរណៈ ១៩:១១​-​២១) រួច​មក ពួក​មនុស្ស​អាក្រក់​នឹង​បាន​ត្រូវ​ដក​ចេញ​ពី​ផែនដី​ទៅ។ នេះ​គឺ​ជា​ការ​សម្ដែង​ដ៏​ខ្លាំង​ក្លា​យ៉ាង​ណា​ទៅ​ហ្ន៎ នៃ​ព្រះ​ចេស្ដា​និង​យុត្ដិធម៌​របស់​ព្រះ​នោះ!

ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​កំពុង​តែ​មក​ដល់!

១៧. (ក) ហេតុ​អ្វី​ក៏​យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា ពាក្យ​របស់ហាបាគុកនឹង​សម្រេច​មែន? (ខ) តើ​ដោយ​ដូច​ម្ដេច​ដែល​យើង​អាច​រង់​ចាំ​នូវ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ដូច​ជាហាបាគុកនោះ?

១៧ យើង​អាច​ជឿ​ជាក់​ថា មិន​យូរ​ប៉ុន្មាន​ទៀត នោះ​ពាក្យ​របស់ហាបាគុកនឹង​សម្រេច។ ពាក្យ​ទាំង​នេះ​នឹង​មិន​ត្រូវ​រា​រង់​ឡើយ។ តើ​អ្នក​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ដែរ ដោយ​មាន​ចំណេះ​ទុក​ជា​មុន​ដូច្នេះ? ចូរ​ចាំ​ថា ហាបាគុកបាន​សរសេរ​សេចក្ដី​នោះ​ដោយ​មាន​ព្រះ​បណ្ដាល​ឲ្យ​តែង។ ព្រះ​យេហូវ៉ា​នឹង​ចាត់​វិធានការ ហើយ​នឹង​ឲ្យ​មាន​ការ​ច្របូក​ច្របល់​លើ​ផែនដី ពេល​ដែល​ព្រឹត្ដិការណ៍​នោះ​កើត​ឡើង។ អ៊ីចឹង​ហើយ​បាន​ជា​ព្យាការី​នេះ​សរសេរ​ថា៖ «ខ្ញុំ​បាន​ឮ ហើយ​ពោះ​ខ្ញុំ​ក៏​ញ័រ​ប៉ផុក បបូរ​មាត់​ខ្ញុំ​ក៏​ញ័រ​ទទាក់ ដោយ​ឮ​សំឡេង​នោះ មាន​សេចក្ដី​ពុក​រលួយ​ចូល​ក្នុង​ឆ្អឹង​របស់​ខ្ញុំ ខ្ញុំ​ក៏​ភ័យ​ញ័រ​នៅ​ក្នុង​ខ្លួន ពីព្រោះ​ខ្ញុំ​ត្រូវ​រង់​ចាំ​ថ្ងៃ​វេទនា​ដោយ​អំណត់ គឺ​រង់​ចាំ​សាសន៍​ដែល​ទន្ទ្រាន​ចូល បាន​មក​ដល់»។ (ហាបាគុក ៣:១៦) ហាបាគុកមាន​ចិត្ត​រំជួល​ណាស់ ក៏​ជា​ការ​សម​ហេតុ​សម​ផល​មែន។ ប៉ុន្តែ តើ​ជំនឿ​របស់​គាត់​បាន​រង្គើ​ឬ​ទេ? ប្រាកដ​ជា​មិន​អ៊ីចឹង​ទេ! គាត់​បាន​សុខ​ចិត្ត​ចាំ​ដោយ​ស្ងប់​ស្ងៀម​ដល់​ថ្ងៃ​ដ៏​ធំ​នៃ​ព្រះ​យេហូវ៉ា។ (ពេត្រុស​ទី​២ ៣:១១, ១២) យើង​ក៏​មាន​អាកប្បកិរិយា​បែប​នេះ​ដែរ មែន​ទេ? ប្រាកដ​ហើយ! យើង​មាន​ជំនឿ​ពេញ​លេញ​ថា ទំនាយ​របស់ហាបាគុកនឹង​ត្រូវ​សម្រេច​ជា​ពុំ​ខាន។ ប៉ុន្តែ ទំរាំ​ទំនាយ​នេះ​សម្រេច​ឡើង នោះ​យើង​នឹង​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់។

១៨. ទោះ​ជាហាបាគុកដឹង​ថា​នឹង​មាន​ការ​ពិបាក​ក៏​ដោយ តើ​គាត់​បាន​មាន​អាកប្បកិរិយា​យ៉ាង​ណា?

១៨ សង្គ្រាម​តែង​តែ​នាំ​ឲ្យ​មាន​ការ​ពិបាក សូម្បី​តែ​ដល់​ពួក​អ្នក​ដែល​នឹង​មាន​ជ័យ​ជំនះ​នោះ​ដែរ។ ប្រហែល​ជា​ខ្វះ​ខាត​ម្ហូប​អាហារ។ ប្រហែល​ជា​បាត់​បង់​នូវ​ទ្រព្យ​សម្បត្ដិ។ របៀប​រស់​នៅ​ប្រហែល​ជា​ឱនថយ​ទៅ​ដែរ។ បើ​នេះ​កើត​ឡើង​ដល់​ខ្លួន​យើង តើ​យើង​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ? ហាបាគុកមាន​អាកប្បកិរិយា​ដ៏​ជា​គំរូ​ល្អ ដ្បិត​លោក​បាន​មាន​ប្រសាសន៍​ថា៖ «ទោះ​បើ​ដើម​ល្វា​មិន​មាន​ផ្កា ក៏​ឥត​មាន​ផ្លែ​ទំពាំង​បាយ​ជូរ ហើយ​ផល​នៃ​ដើម​អូលីវ​ក៏​ខាន​មាន ស្រែ​ចំការ​ឥត​បង្កើត​បាន​អាហារ ហ្វូង​ចៀម​ត្រូវ​បាត់​ចេញ​ពី​ក្រោល ហើយ​គ្មាន​គោ​នៅ​ក្នុង​ឃ្នង​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​រីករាយ ដោយ​សារ​ព្រះ​យេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ​ដែរ»។ (ហាបាគុក ៣:១៧, ១៨) យ៉ាង​ត្រឹម​ត្រូវ​នោះ ហាបាគុកដឹង​ថា​នឹង​មាន​ការ​ពិបាក ប្រហែល​ជា​ការ​អត់​បាយ​ទៀត​ផង។ ប៉ុន្តែ លោក​មិន​ដែល​បាត់​បង់​នូវ​អំណរ​លើ​ព្រះ​យេហូវ៉ា ដែល​ជា​ប្រភព​នៃ​សេចក្ដី​សង្គ្រោះ​របស់​លោក​នោះ​ទេ។

១៩. តើ​ពួក​គ្រីស្ទាន​ជា​ច្រើន​នាក់​មាន​សេចក្ដី​លំបាក​វេទនា​អ្វី ប៉ុន្តែ​បើ​យើង​ទុក​ព្រះ​យេហូវ៉ា​ជា​មុន​សិន​ក្នុង​ជីវិត​របស់​យើង តើ​យើង​ប្រាកដ​ថា​នឹង​បាន​អ្វី?

១៩ សព្វ​ថ្ងៃ​នេះ សូម្បី​តែ​មុន​នឹង​សង្គ្រាម​របស់​ព្រះ​យេហូវ៉ា​ទាស់​នឹង​ពួក​មនុស្ស​អាក្រក់​ក៏​ដោយ នោះ​មនុស្ស​ជា​ច្រើន​កំពុង​តែ​រង​ទុក្ខ​លំបាក​ណាស់។ ព្រះ​យេស៊ូ​បាន​ទាយ​ថា សង្គ្រាម ទុរភិក្ស និង​រោគ​រាតត្បាត នឹង​ជា​ផ្នែក​នៃ‹ទី​សម្គាល់​នៃ​វត្តមាន​របស់​ទ្រង់› ជា​អ្នក​កាន់​អំណាច។ (ម៉ាថាយ ២៤:៣​-​១៤; លូកា ២១:១០, ១១) ពួក​អ្នក​ជឿ​គ្នី​គ្នា​ជា​ច្រើន​នាក់​របស់​យើង រស់​នៅ​ប្រទេស​ដែល​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ពី​ការ​សម្រេច​នៃ​បន្ទូល​របស់​ព្រះ​យេស៊ូ ហើយ​ជា​លទ្ធផល​ពួក​គេ​រង​ទុក្ខ​សេចក្ដី​លំបាក​វេទនា​យ៉ាង​ខ្លាំង​ដែរ។ ពួក​គ្រីស្ទាន​ឯ​ទៀត​ប្រហែល​ជា​នឹង​មាន​សេចក្ដី​លំបាក​វេទនា​ស្រដៀង​នេះ នៅ​ពេល​អនាគត។ ចំពោះ​ពួក​យើង​ច្រើន​អ្នក​ទៀត គឺ​ប្រហែល​ជា‹ដើម​ល្វា​នឹង​មិន​មាន​ផ្កា›មុន​នឹង​ទី​បញ្ចប់​មក​ផង។ ប៉ុន្តែ យើង​ដឹង​នូវ​មូលហេតុ​ដែល​រឿង​ទាំង​នេះ​កំពុង​តែ​កើត​ឡើង ហើយ​នេះ​ផ្ដល់​ឲ្យ​យើង​នូវ​កម្លាំង។ ម្យ៉ាង​វិញ​ទៀត យើង​មាន​ការ​គាំទ្រ។ ព្រះ​យេស៊ូ​បាន​សន្យា​ថា៖ «ចូរ​ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង»។ (ម៉ាថាយ ៦:៣៣) នេះ​មិន​ធានា​រ៉ាប់​រង​នូវ​ជីវិត​ដែល​គ្មាន​បញ្ហា​នោះ​ទេ ក៏​ប៉ុន្តែ​នេះ​ធានា​រ៉ាប់​រង​យើង​ថា បើ​យើង​ទុក​ព្រះ​យេហូវ៉ា​ជា​មុន​សិន​ក្នុង​ជីវិត​របស់​យើង នោះ​ទ្រង់​នឹង​មើល​ថែ​រក្សា​យើង។—ទំនុកដំកើង ៣៧:២៥

២០. ទោះ​ជា​មាន​សេចក្ដី​លំបាក​វេទនា​ជា​បណ្ដោះ​អាសន្ន​ក៏​ដោយ តើ​យើង​គួរ​តែ​ប្ដេជ្ញា​ធ្វើ​អ្វី?

២០ ទោះ​ជា​យើង​ជួប​ប្រទះ​នឹង​សេចក្ដី​លំបាក​វេទនា​អ្វី ដែល​មាន​ជា​បណ្ដោះ​អាសន្ន​ក៏​ដោយ នោះ​យើង​នឹង​មិន​បាត់​ជំនឿ​លើ​អំណាច​សង្គ្រោះ​របស់​ព្រះ​យេហូវ៉ា​ឡើយ។ បង​ប្អូន​ប្រុស​ស្រី​របស់​យើង​ជា​ច្រើន​នាក់ ដែល​រស់​នៅ​ទ្វីប​អាហ្វ្រិក អឺរ៉ុប​ខាង​កើត និង​នៅ​កន្លែង​ផ្សេង​ៗ​ទៀត ត្រូវ​តែ​ប្រឈម​មុខ​នឹង​សេចក្ដី​លំបាក​វេទនា​ខ្លាំង​ណាស់ ប៉ុន្តែ​គេ​នៅ​តែ«រីករាយ ដោយ​សារ​ព្រះ​យេហូវ៉ា»។ ដូច​ពួក​គេ​ដែរ សូម​ឲ្យ​យើង​កុំ​ខាន​ធ្វើ​ដូច​នោះ​ចុះ។ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​អម្ចាស់​មហា​ក្សត្រ គឺ​ជា​ប្រភព​នៃ«កំឡាំង»របស់​យើង។ (ហាបាគុក ៣:១៩) ទ្រង់​នឹង​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​នោះ​ឡើយ។ សង្គ្រាម​អើម៉ាគេដូន​នឹង​មក​ដល់​ជា​មិន​ខាន ហើយ​ពិភព​លោក​ថ្មី​របស់​ព្រះ​ដែល​បាន​សន្យា​នោះ គឺ​ប្រាកដ​ជា​នឹង​មាន​ជា​បន្ទាប់។ (ពេត្រុស​ទី​២ ៣:១៣) រួច​មក«មនុស្ស​នឹង​ស្គាល់​ដល់​សិរី​ល្អ​នៃ​ព្រះ​យេហូវ៉ា នៅ​ពេញ​លើ​ផែនដី ដូច​ជា​ទឹក​ក៏​នៅ​ពេញ​សមុទ្រ​ដែរ»។ (ហាបាគុក ២:១៤) ទំរាំ​គ្រា​ដ៏​អស្ចារ្យ​នោះ​មក​ដល់ សូម​ឲ្យ​យើង​ធ្វើ​តាម​គំរូ​ដ៏​ល្អ​របស់ហាបាគុកចុះ។ ចូរ​ឲ្យ​យើង‹រីករាយ​ដោយ​សារ​ព្រះ​យេហូវ៉ា និង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​យើង›ជា​ដរាប។

តើ​អ្នក​នៅ​ចាំ​ឬ​ទេ?

តើ​សេចក្ដី​អធិស្ឋាន​របស់ហាបាគុក អាច​មាន​អានុភាព​លើ​យើង​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​មុខ​អ៊ីចឹង?

តើ​ទំនាយ​របស់ហាបាគុកចែង​យ៉ាង​ណា​អំពី​សេចក្ដី​សង្គ្រោះ?

តើ​យើង​គួរ​តែ​មាន​អាកប្បកិរិយា​យ៉ាង​ណា កាល​ដែល​យើង​រង់​ចាំ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២១]

តើ​អ្នក​ដឹង​ទេ​ថា​ព្រះ​នឹង​ប្រើ​អំណាច​អ្វី ទាស់​ប្រឆាំង​នឹង​ពួក​មនុស្ស​អាក្រក់​នៅ​ឯ​អើម៉ាគេដូន​នោះ?