«ចូរស្វែងរកព្រះយេហូវ៉ានិងកម្លាំងរបស់ទ្រង់»
«ចូរស្វែងរកព្រះយេហូវ៉ានិងកម្លាំងរបស់ទ្រង់»
«ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បី នឹងសំដែងព្រះចេស្ដា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់»។—របាក្សត្រទី២ ១៦:៩
១. តើអំណាចជាអ្វី ហើយតើមនុស្សលោកបានប្រើអំណាចយ៉ាងដូចម្ដេច?
អំណាចអាចមានន័យផ្សេងៗ។ នេះប្រហែលជាអំណាចត្រួតត្រា ជាអាជ្ញាធរ ឬក៏ការមានអានុភាពលើអ្នកដទៃ។ ប្រហែលជាសមត្ថភាពនៃការប្រព្រឹត្តឬបង្កើតនូវឥទ្ធិពលម្យ៉ាង។ ប្រហែលជាកម្លាំងខាងរូបកាយ ឬភាពស័ក្ដិសិទ្ធិខាងគំនិតឬខាងសីលធម៌។ គួរឲ្យអភ័ព្វណាស់ ដែលមនុស្សលោកឥតមានប្រវត្ដិល្អទេ ខាងឯការកាន់អំណាចនោះ។ កាលដែលនិយាយអំពីអំណាចក្នុងកណ្ដាប់ដៃនៃពួកនយោបាយ នោះលោកអាក់តុន ជាអ្នកប្រវត្ដិសាស្ត្រម្នាក់ បានមានប្រសាសន៍ថា៖ «អំណាចក៏ទោរទន់លំអៀងទៅរកការពុករលួយ និងអំណាចផ្ដាច់ការ នោះធ្វើឲ្យពុករលួយទាំងស្រុង»។ ប្រវត្ដិសាស្ត្រទំនើបនេះមានគំរូជាច្រើន ដែលបង្ហាញនូវសេចក្ដីពិតទូទៅនៃពាក្យរបស់លោកអាក់តុន។ ក្នុងកំឡុងសតវត្សទី២០ «មនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា» ច្រើនជាងមុនៗទៅទៀត។ (សាស្ដា ៨:៩) ពួកអ្នកប្រើអំណាចផ្ដាច់ការដ៏ពុករលួយ បានប្រើអំណាចរបស់គេយ៉ាងខុសឆ្គង ហើយបានសម្លាប់មនុស្សជាច្រើនលាននាក់។ អំណាចដែលឥតបានទប់ទល់ដោយសេចក្ដីស្រឡាញ់ ប្រាជ្ញា និងយុត្ដិធម៌ គឺជាអ្វីមួយដែលមានគ្រោះថ្នាក់ណាស់។
២. សូមពន្យល់នូវរបៀបដែលគុណសម្បត្ដិឯទៀតរបស់ព្រះ មានអានុភាពលើវិធីដែលព្រះយេហូវ៉ាប្រើព្រះចេស្ដារបស់ទ្រង់។
២ មិនដូចមនុស្សលោកជាច្រើននាក់ ព្រះតែងតែប្រើអំណាចសំរាប់ជាប្រយោជន៍ល្អ។ «ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្ដា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់»។ (របាក្សត្រទី២ ១៦:៩) ព្រះយេហូវ៉ាកាន់កាប់អំណាចរបស់ទ្រង់តាមរបៀបដែលអាចទប់បាន។ ការអត់ធ្មត់ក៏ទប់ព្រះហឫទ័យព្រះពីការប្រហារពួកមនុស្សអាក្រក់ ដើម្បីផ្ដល់ឲ្យគេនូវឱកាសប្រែចិត្ត។ សេចក្ដីស្រឡាញ់ជំរុញឲ្យទ្រង់ធ្វើឲ្យថ្ងៃរះលើពួកមនុស្សគ្រប់ប្រភេទ ទាំងមនុស្សសុចរិតនិងមនុស្សទុច្ចរិត។ នៅទីបំផុត ភាពយុត្ដិធម៌នឹងជំរុញទ្រង់ឲ្យប្រើព្រះចេស្ដាដែលមិនចេះអស់របស់ទ្រង់ ដើម្បីបំផ្លាញឲ្យសាបសូន្យនូវបុគ្គលដែលមានអំណាច ដែលបណ្ដាលឲ្យគេស្លាប់ គឺអារក្សសាតាំង។—ម៉ាថាយ ៥:៤៤, ៤៥; ហេព្រើរ ២:១៤; ពេត្រុសទី២ ៣:៩
៣. ហេតុអ្វីក៏ព្រះចេស្ដាដ៏ខ្លាំងក្លាបំផុតរបស់ព្រះ ជាមូលហេតុនៃការទុកចិត្តលើទ្រង់?
៣ ព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះវរបិតានៅស្ថានសួគ៌របស់យើង ក៏ជាមូលហេតុនៃការទុកចិត្តលើសេចក្ដីសន្យានិងការការពាររបស់ទ្រង់។ ក្មេងតូចម្នាក់ដែលកាន់ដៃឪពុក ពេលដែលនៅក្នុងចំណោមពួកមនុស្សចម្លែក នោះនឹងមានអារម្មណ៍សុខសាន្ត ពីព្រោះគេដឹងថាឪពុករបស់ខ្លួន នឹងមិនឲ្យកូនរងទុក្ខទេ។ ដូច្នេះដែរ ព្រះវរបិតារបស់យើងដែលនៅស្ថានសួគ៌ ជាព្រះ«ពូកែនឹងសង្គ្រោះ» នឹងការពារយើងពីការរងទុក្ខជាស្ថាពរ បើយើងដើរជាមួយនឹងទ្រង់នោះ។ (អេសាយ ៦៣:១; មីកា ៦:៨) ហើយជាព្រះវរបិតាដ៏ល្អ ព្រះយេហូវ៉ាតែងតែសម្រេចនូវសេចក្ដីសន្យាទាំងប៉ុន្មានរបស់ទ្រង់។ ព្រះចេស្ដាដ៏គ្មានកំរិតរបស់ទ្រង់ នោះធានារ៉ាប់រងថា ‹បន្ទូលរបស់ទ្រង់នឹងបានសម្រេច ក្នុងការអ្វីដែលទ្រង់បានចាត់ទៅធ្វើនោះ›។—អេសាយ ៥៥:១១; ទីតុស ១:២
៤, ៥. (ក) តើបានលទ្ធផលយ៉ាងណា ពេលដែលស្តេចអេសាបានទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ា? (ខ) តើអ្វីដែលប្រហែលជានឹងកើតឡើង បើយើងស្វែងរកផ្លូវដោះស្រាយពីមនុស្សលោក ឲ្យដោះស្រាយបញ្ហាយើងនោះ?
៤ ហេតុអ្វីក៏សំខាន់ម្ល៉េះ ដែលយើងត្រូវប្ដេជ្ញាចិត្តកុំភ្លេចថា ព្រះវរបិតារបស់យើងនៅស្ថានសួគ៌អាចការពារយើងបាន? គឺពីព្រោះយើងអាចទៅជារកាំចិត្តនឹងកាលៈទេសៈផ្សេងៗ ហើយភ្លេចថាសុវត្ថិភាពពិតរបស់យើងមកពីណា។ សេចក្ដីនេះបានត្រូវបង្ហាញដោយគំរូពីស្តេចអេសា ជាបុរសម្នាក់ដែលជាធម្មតានោះ បានទុកចិត្តលើព្រះយេហូវ៉ា។ ក្នុងកំឡុងការសោយរាជ្យរបស់ស្តេចអេសា នោះពួកទ័ពដ៏ខ្លាំងក្លាមួយលាននាក់នៃសាសន៍អេធីយ៉ូពី បានវាយរុករានពួកយូដា។ ដោយយល់ឃើញថា ពួកសត្រូវមានប្រៀបជាងខាងយោធា នោះស្តេចអេសាបានអធិស្ឋានថា៖ «ឱព្រះយេហូវ៉ាអើយ ការជួយឲ្យមានជ័យជំនះ ដល់ពួកមានគ្នាច្រើន ឬដល់ពួកកំសោយ នោះស្រេចនៅលើទ្រង់ទេ ឱព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាអើយ សូមជួយយើងខ្ញុំផង ដ្បិតយើងខ្ញុំផ្អែកលើទ្រង់ជាទីពឹង គឺដោយនៅតែព្រះនាមទ្រង់ប៉ុណ្ណោះ ដែលយើងរាល់គ្នាបានមក ទាស់នឹងពួកមានគ្នាច្រើនទាំងនេះ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះនៃយើងរាល់គ្នា សូមកុំឲ្យមនុស្សឈ្នះទ្រង់ឡើយ»។ (របាក្សត្រទី២ ១៤:១១) ព្រះយេហូវ៉ាបានយល់ព្រមនឹងសេចក្ដីស្នើសុំរបស់ស្តេចអេសា ហើយបានប្រទានឲ្យទ្រង់នូវជ័យជំនះផ្ដាច់ព្រាត់។
៥ ប៉ុន្តែ ក្រោយពីបានបំរើយ៉ាងស្មោះត្រង់ជាច្រើនឆ្នាំមក ទំនុកចិត្តរបស់អេសាលើព្រះចេស្ដាដ៏សង្គ្រោះរបស់ព្រះយេហូវ៉ា នោះបានរេរា។ ដើម្បីជៀសផុតពីការគំរាមកំហែងដោយយោធានៃព្រះរាជាណាចក្រអ៊ីស្រាអែលខាងជើង នោះទ្រង់ក៏បានបែរទៅពឹងប្រទេសស៊ីរីដើម្បីឲ្យជួយ។ (របាក្សត្រទី២ ១៦:១-៣) ទោះជាសំណូករបស់ទ្រង់ជូនទៅស្តេចបេន-ហាដាឌ់ជាតិស៊ីរី បានដកចេញនូវការគំរាមកំហែងពីពួកអ៊ីស្រាអែលលើសាសន៍យូដាក៏ដោយ តែកិច្ចព្រមព្រៀងរបស់ស្តេចអេសាជាមួយនឹងប្រទេសស៊ីរី បានបង្ហាញនូវការឥតទុកចិត្តលើព្រះយេហូវ៉ា។ ហាណានីដ៏ជាព្យាការីនោះបានសួរទ្រង់យ៉ាងចំៗថា៖ «ឯពួកសាសន៍អេធីអូពី នឹងពួកលីប៊ី តើគេមិនមែនជាពួកពលយ៉ាងធំ មានទាំងរទេះចំបាំង នឹងពលសេះសន្ធឹកទេឬអី ប៉ុន្តែដោយព្រោះទ្រង់បានពឹងដល់ព្រះយេហូវ៉ា បានជាព្រះទ្រង់ប្រគល់គេមកក្នុងកណ្ដាប់ព្រះហស្តព្រះករុណាវិញ»។ (របាក្សត្រទី២ ១៦:៧, ៨) យ៉ាងណាក៏ដោយ ស្តេចអេសាបានបដិសេធចោលនូវការស្តីបន្ទោសនោះ។ (របាក្សត្រទី២ ១៦:៩-១២) ពេលប្រឈមមុខនឹងបញ្ហាទាំងឡាយ នោះសូមឲ្យយើងកុំស្វែងរកផ្លូវដោះស្រាយពីមនុស្សលោក ក៏ប៉ុន្តែទុកចិត្តលើព្រះវិញ ដ្បិតការទុកចិត្តលើអំណាចរបស់មនុស្សនឹងនាំឲ្យធ្លាក់ទឹកចិត្តជាពុំខាន។—ទំនុកដំកើង ១៤៦:៣-៥
ចូរស្វះស្វែងរកព្រះចេស្ដាដែលព្រះយេហូវ៉ាប្រទានឲ្យ
៦. ហេតុអ្វីក៏យើងគួរ«ស្វែងរកព្រះយេហូវ៉ានិងកម្លាំងរបស់ទ្រង់»?
៦ ព្រះយេហូវ៉ាអាចប្រទានអំណាចឲ្យពួកអ្នកបំរើរបស់ទ្រង់ ព្រមទាំងការពារគេផងដែរ។ ព្រះគម្ពីរដាស់តឿនយើងឲ្យ«ស្វែងរកព្រះយេហូវ៉ានិងកម្លាំងរបស់ទ្រង់»។ (ទំនុកដំកើង ១០៥:៤, ព.ថ.) ហេតុអ្វី? ពីព្រោះនៅពេលដែលយើងធ្វើអ្វីដោយពឹងលើកម្លាំងរបស់ព្រះ នោះអំណាចរបស់យើងនឹងត្រូវប្រើឲ្យបានប្រយោជន៍ដល់អ្នកដទៃ ជាជាងធ្វើឲ្យគេរងទុក្ខទេ។ ខាងសេចក្ដីនេះ យើងមិនអាចរកគំរូដ៏ប្រសើរជាងព្រះយេស៊ូគ្រីស្ទឡើយ ដែលទ្រង់បានធ្វើអព្ភូតហេតុជាច្រើន ដោយពឹងលើ‹ព្រះចេស្ដានៃព្រះយេហូវ៉ា›។ (លូកា ៥:១៧) ព្រះយេស៊ូអាចព្យាយាមអស់ពីសមត្ថភាពទ្រង់ផ្ទាល់ដើម្បីធ្វើជាអ្នកមាន អ្នកល្បីល្បាញ ឬក៏ទៅជាស្តេចដ៏មានគ្រប់ព្រះចេស្ដាផង។ (លូកា ៤:៥-៧) ផ្ទុយទៅវិញ ទ្រង់បានប្រើព្រះចេស្ដាដែលព្រះប្រទានមក ដើម្បីអប់រំនិងបង្ហាត់បង្រៀន គឺដើម្បីជួយនិងប្រោសឲ្យជា។ (ម៉ាកុស ៧:៣៧; យ៉ូហាន ៧:៤៦) នេះជាគំរូដ៏ល្អណាស់សំរាប់យើងរាល់គ្នា!
៧. តើគុណសម្បត្ដិដ៏សំខាន់មួយណាដែលយើងបណ្ដុះឲ្យមាន ពេលដែលយើងធ្វើអ្វីដោយកម្លាំងរបស់ព្រះ ជាជាងដោយកម្លាំងខ្លួនយើងនោះ?
៧ ម្យ៉ាងវិញទៀត នៅពេលដែលយើងធ្វើការអ្វី ដោយពឹងលើ«កំឡាំងដែលព្រះប្រទានឲ្យ» នេះនឹងជួយយើងឲ្យរក្សាចិត្តរាបទាប។ (ពេត្រុសទី១ ៤:១១) ពួកមនុស្សដែលស្វែងរកអំណាចសំរាប់ខ្លួនគេ ក៏ក្លាយទៅជាឥតកោតក្រែង។ ករណីមួយស្តីអំពីចំណុចនេះគឺស្តេចអេសារ-ហាដោនពីសាសន៍អាស៊ើរ ដែលបានប្រកាសយ៉ាងអួតអាងថា៖ «ខ្ញុំមានអំណាចណាស់ ខ្ញុំក៏មានគ្រប់អំណាច ខ្ញុំជាវីរបុរស ខ្ញុំធំសម្បើម ខ្ញុំក៏ធំមហិមា»។ ផ្ទុយទៅវិញ ព្រះយេហូវ៉ា«ទ្រង់បានរើសពួកកំសោយនៅលោកីយនេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្ដីខ្មាស»។ ដូច្នេះហើយ ប្រសិនបើគ្រីស្ទានពិតម្នាក់អួត នោះគាត់ត្រូវអួតតែពីព្រះយេហូវ៉ា ដ្បិតគាត់ដឹងថាអ្វីដែលគាត់បានសម្រេច មិនបានសម្រេចដោយកម្លាំងរបស់គាត់ផ្ទាល់នោះទេ។ ‹ការបន្ទាបខ្លួនយើងនៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះ›នឹងនាំឲ្យមានការលើកដំកើងពិត។—កូរិនថូសទី១ ១:២៦-៣១; ពេត្រុសទី១ ៥:៦
៨. តើយើងត្រូវតែធ្វើអ្វីជាមុនសិន ដើម្បីទទួលព្រះចេស្ដារបស់ព្រះយេហូវ៉ា?
៨ តើយើងអាចបានកម្លាំងរបស់ព្រះយ៉ាងដូចម្ដេច? ទីមួយ យើងត្រូវតែសុំតាមរយៈការអធិស្ឋាន។ ព្រះយេស៊ូបានធានារ៉ាប់រងពួកសិស្ស ទ្រង់ថា ព្រះវរបិតាទ្រង់នឹងប្រទានឲ្យវិញ្ញាណបរិសុទ្ធដល់អស់អ្នកដែលសុំនោះ។ (លូកា ១១:១០-១៣) សូមពិចារណាមើលនូវរបៀបដែលនេះ បានធ្វើឲ្យពួកសិស្សរបស់ព្រះគ្រីស្ទមានអំណាច ពេលដែលគេសម្រេចចិត្តគោរពតាមព្រះ ជាជាងតាមពួកមេដឹកនាំសាសនា ដែលបានបញ្ជាឲ្យគេឈប់ធ្វើបន្ទាល់អំពីព្រះយេស៊ូ។ នៅពេលដែលពួកគេបានអធិស្ឋានសុំជំនួយពីព្រះយេហូវ៉ា នោះការអធិស្ឋានដ៏ស្មោះនេះបានត្រូវទ្រង់តបវិញ ហើយវិញ្ញាណបរិសុទ្ធបានធ្វើឲ្យគេមានកម្លាំង ដើម្បីបន្តផ្សព្វផ្សាយដំណឹងល្អដោយចិត្តក្លាហាន។—កិច្ចការ ៤:១៩, ២០, ២៩-៣១, ៣៣
៩. ចូរប្រាប់ពីប្រភពទីពីរនៃកម្លាំងខាងវិញ្ញាណ ហើយសូមប្រាប់នូវឧទាហរណ៍មួយពីបទគម្ពីរដើម្បីនឹងបង្ហាញនូវភាពស័ក្ដិសិទ្ធិនេះ?
៩ ទីពីរ យើងអាចបានកម្លាំងខាងវិញ្ញាណពីព្រះគម្ពីរ។ (ហេព្រើរ ៤:១២) អំណាចនៃបន្ទូលរបស់ព្រះ បានឃើញជាក់ស្តែងក្នុងសម័យស្តេចយ៉ូសៀស។ ទោះជាស្តេចនេះពីស្រុកយូដាបានដកហូតរូបព្រះពាហិរចេញពីស្រុកក៏ដោយ តែការរកឃើញនូវក្រិត្យវិន័យរបស់ព្រះយេហូវ៉ានៅក្នុងព្រះវិហារ បានជំរុញទ្រង់ឲ្យមានកម្មវិធីបោសសំអាតកាន់តែខ្លាំងឡើងថែមទៀត។ * ក្រោយពីយ៉ូសៀសបានអាននូវក្រិត្យវិន័យផ្ទាល់ខ្លួនជូនបណ្ដារាស្ត្រ នោះសាសន៍ទាំងមូលបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងព្រះយេហូវ៉ា ហើយប្រតិបត្ដិការទីពីរ ដែលមានកាន់តែខ្លាំងឡើងប្រឆាំងនឹងការថ្វាយបង្គំរូបព្រះ ក៏បានចាប់ផ្ដើមឡើង។ លទ្ធផលដ៏ល្អពីការកែប្រែរបស់យ៉ូសៀស គឺថា«នៅអស់រវាងព្រះជន្មទ្រង់ នោះគេមិនបានបែរចេញពីការគោរពតាមព្រះយេហូវ៉ា»។—របាក្សត្រទី២ ៣៤:៣៣
១០. តើអ្វីជាវិធីទីបីដើម្បីឲ្យបានកម្លាំងពីព្រះយេហូវ៉ា ហើយហេតុអ្វីក៏នេះសំខាន់ម្ល៉េះ?
១០ ទីបី យើងអាចបានកម្លាំងពីព្រះយេហូវ៉ាតាមរយៈទំនាក់ទំនងជាមួយពួកគ្រីស្ទាន។ ប៉ុលបានលើកទឹកចិត្តពួកគ្រីស្ទានឲ្យទៅប្រជុំជាទៀងទាត់ ដើម្បី«បណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង» ហើយដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមក។ (ហេព្រើរ ១០:២៤, ២៥) នៅពេលដែលពេត្រុសបានត្រូវរំដោះចេញដោយអព្ភូតហេតុពីគុក នោះគាត់ចង់ទៅនៅជាមួយបងប្អូនរបស់គាត់ ហើយបានទៅឯផ្ទះនៃម្ដាយយ៉ូហាន-ម៉ាកុស ដែលជាកន្លែងដែល«មនុស្សជាច្រើនបានប្រជុំគ្នាអធិស្ឋាន»។ (កិច្ចការ ១២:១២) ប្រាកដហើយ ពួកគេទាំងអស់អាចនៅឯផ្ទះនិងអធិស្ឋាន។ ប៉ុន្តែពួកគេបានសម្រេចមកជាមួយគ្នា ដើម្បីអធិស្ឋាននិងលើកទឹកចិត្តគ្នាទៅវិញទៅមក ក្នុងគ្រាលំបាកនោះ។ នៅជិតដល់ទីបញ្ចប់នៃដំណើរដ៏យូរហើយដ៏មានគ្រោះថ្នាក់របស់ប៉ុលហើយ នោះគាត់បានជួបបងប្អូននៅឯពូទីយ៉ូលី ហើយក្រោយមក ជាមួយនឹងពួកអ្នកឯទៀតដែលបានធ្វើដំណើរដើម្បីជួបជាមួយគាត់។ តើគាត់មានទឹកចិត្តយ៉ាងណា? «លុះប៉ុលឃើញគេ[ពួកដែលមកក្រោយនោះ] នោះក៏អរព្រះគុណដល់ព្រះ ហើយមានចិត្តសង្ឃឹមឡើង»។ (កិច្ចការ ២៨:១៣-១៥) គាត់បានត្រូវពង្រឹងកម្លាំងដោយបានជួបបងប្អូនគ្រីស្ទានម្ដងទៀត។ យើងក៏មានកម្លាំងពីការចូលរួមជាមួយពួកគ្រីស្ទានគ្នីគ្នា។ ឲ្យតែយើងមានសេរីភាពចូលរួមជាមួយគ្នា នោះយើងមិនត្រូវខំដើរតែម្នាក់ឯង តាមផ្លូវចង្អៀតនេះដែលនាំទៅដល់ជីវិតឡើយ។—សុភាសិត ១៨:១; ម៉ាថាយ ៧:១៤
១១. សូមរៀបរាប់ពីកាលៈទេសៈខ្លះ ដែល«ឥទ្ធិឫទ្ធិដ៏លើសលប់»គឺត្រូវការជាពិសេសនោះ។
១១ តាមរយៈការអធិស្ឋានជាទៀងទាត់ ការសិក្សាបន្ទូលរបស់ព្រះ និងការចូលរួមជាមួយពួកជឿគ្នីគ្នា នោះយើង«មានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្ដាទ្រង់»។ (អេភេសូរ ៦:១០) យ៉ាងប្រាកដហើយ យើងគ្រប់គ្នាត្រូវការ‹កម្លាំងក្នុងព្រះអម្ចាស់›។ អ្នកខ្លះរងទុក្ខជម្ងឺដែលធ្វើឲ្យខ្សោយ អ្នកខ្លះទៀតរងទុក្ខដោយសារអាយុចាស់ជរា ឬក៏ដោយបានបាត់បង់នូវដៃគូដែលធ្លាប់រួមជីវិតជាមួយគ្នានោះ។ (ទំនុកដំកើង ៤១:៣) អ្នកឯទៀតស៊ូទ្រាំនឹងការប្រឆាំងពីដៃគូដែលឥតជឿព្រះ។ ឪពុកម្ដាយ ជាពិសេសឪពុកឬម្ដាយតែម្នាក់ឯង ប្រហែលជាឃើញថា ការប្រកបការងារពេញពេលទាំងចិញ្ចឹមអប់រំគ្រួសារដែរ គឺជាភារកិច្ចដ៏នឿយហត់មួយ។ ពួកយុវជនគ្រីស្ទានត្រូវការកម្លាំងឲ្យទប់ទល់នឹងការបង្ខំពីពួកម៉ាក ហើយបដិសេធនឹងគ្រឿងញៀន និងអំពើឥតសីលធម៌។ គ្មានអ្នកណាម្នាក់គួរមានចិត្តស្ទាក់ស្ទើរនឹងសុំ«ឥទ្ធិឫទ្ធិដ៏លើសលប់»ពីព្រះយេហូវ៉ា ដើម្បីឲ្យប្រឈមដោះស្រាយនឹងការពិបាកបែបនេះទេ។—កូរិនថូសទី២ ៤:៧
«ទ្រង់រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ»
១២. តើតាមរបៀបណាដែលព្រះយេហូវ៉ាទ្រទ្រង់យើងក្នុងកិច្ចបំរើផ្សាយគ្រីស្ទាន?
១២ ម្យ៉ាងទៀត ព្រះយេហូវ៉ាប្រទានកម្លាំងឲ្យពួកអ្នកបំរើទ្រង់ ពេលដែលពួកគេធ្វើកិច្ចបំរើផ្សាយរបស់គេ។ យើងអានក្នុងទំនាយរបស់អេសាយថា៖ «ទ្រង់រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ . . . អស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកំឡាំងចំរើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។ (អេសាយ ៤០:២៩-៣១) សាវ័កប៉ុលផ្ទាល់បានទទួលកម្លាំងដើម្បីនឹងធ្វើកិច្ចបំរើផ្សាយរបស់គាត់។ ជាលទ្ធផល កិច្ចបំរើផ្សាយរបស់គាត់បានមានប្រសិទ្ធិភាព។ ចំពោះពួកគ្រីស្ទាននៅឯថែស្សាឡូនីច គាត់បានសរសេរថា៖ «ដំណឹងល្អរបស់យើងខ្ញុំ មិនបានផ្សាយមកដល់អ្នករាល់គ្នា ដោយពាក្យសំដីតែប៉ុណ្ណោះទេ គឺដោយព្រះចេស្ដា នឹងព្រះវិញ្ញាណបរិសុទ្ធ ដែរ»។ (ថែស្សាឡូនីចទី១ ១:៥) កិច្ចផ្សព្វផ្សាយនិងការបង្រៀនរបស់គាត់មានអំណាចធ្វើការកែប្រែយ៉ាងធំ ក្នុងជីវិតនៃអស់អ្នកដែលបានស្ដាប់តាមគាត់។
១៣. តើអ្វីដែលបានពង្រឹងលោកយេរេមាឲ្យខំព្យាយាម ថ្វីបើមានការប្រឆាំងនោះក៏ដោយ?
១៣ យ៉ាងណាក៏ដោយ នៅពេលដែលប្រឈមមុខនឹងគតិដ៏កន្តើយក្នុងតំបន់ផ្សាយរបស់យើង ជាតំបន់ដែលយើងប្រហែលជាបានផ្សព្វផ្សាយជាច្រើនឆ្នាំម្ដងហើយម្ដងទៀត ដោយមិនសូវមានផលល្អច្រើនប៉ុន្មានទេ នោះយើងប្រហែលជាតូចចិត្ត។ លោកយេរេមាក៏បានធ្លាក់ទឹកចិត្តដោយការប្រឆាំង ការមើលងាយ និងភាពកន្តើយដែលគាត់បានប្រឈមមុខដែរ។ គាត់ប្រាប់ខ្លួនគាត់ថា៖ «ទូលបង្គំសំរេចថា មិននិយាយដំណាលពីទ្រង់ ឬនិយាយដោយនូវព្រះនាមទ្រង់ទៀតឡើយ»។ ប៉ុន្តែគាត់មិនអាចនៅស្ងៀមនោះទេ។ សាររបស់គាត់«កើតមានដូចជាភ្លើងឆេះ ដែលកប់នៅក្នុងឆ្អឹងរបស់[គាត់]»។ (យេរេមា ២០:៩) តើគាត់បានកម្លាំងសារជាថ្មីនេះពីណាមក ក្នុងកាលដែលជួបការរងទុក្ខវេទនាជាច្រើនម្ល៉េះនោះ? យេរេមាបានមានប្រសាសន៍ថា៖ «ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងទូលបង្គំ ទុកជាមនុស្សខ្លាំងពូកែដែលគួរស្ញែងខ្លាច»។ (យេរេមា ២០:១១) ការអបអររបស់យេរេមា ស្តីអំពីសារៈសំខាន់នៃសាររបស់គាត់ និងអំពីកិច្ចការដែលព្រះប្រទានមកនេះ បានធ្វើឲ្យគាត់ធ្វើតាមការលើកទឹកចិត្តពីព្រះយេហូវ៉ា។
អំណាចធ្វើឲ្យឈឺចិត្ត និងអំណាចធ្វើឲ្យជា
១៤. (ក) តើអណ្ដាតមានអំណាចយ៉ាងណា? (ខ) សូមឲ្យឧទាហរណ៍ដើម្បីបង្ហាញនូវការហិនហោច ដែលអណ្ដាតអាចធ្វើ។
១៤ មិនមែនអំណាចទាំងអស់ដែលយើងមានមកពីព្រះនោះទេ។ អណ្ដាតគឺតូច ប៉ុន្តែវាមានអំណាចធ្វើឲ្យឈឺចិត្ត ព្រមទាំងធ្វើឲ្យជាផង។ ស្តេចសាឡូម៉ូនព្រមានថា៖ «ទោះទាំងសេចក្ដីស្លាប់ ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្ដាតដែរ»។ (សុភាសិត ១៨:២១) លទ្ធផលពីការនិយាយដ៏សង្ខេបរបស់សាតាំងជាមួយនឹងអេវ៉ា បង្ហាញនូវការហិនហោចដែលអាចនាំមកដោយពាក្យសំដី។ (លោកុប្បត្តិ ៣:១-៥; យ៉ាកុប ៣:៥) យើងក៏អាចធ្វើឲ្យមានការហិនហោចជាច្រើនដោយអណ្ដាតនោះដែរ។ ការនិយាយបង្អាប់អំពីទម្ងន់ក្មេងស្រីម្នាក់ នោះអាចធ្វើឲ្យនាងទៅជាលែងឃ្លាន។ ការនិយាយពាក្យបង្កាច់បង្ខូចពីមាត់មួយទៅមាត់មួយដោយឥតគិតជាមុនសិន ប្រហែលជាអាចបង្ខូចនូវមិត្តភាពដែលមានជិតមួយជីវិតហើយ។ ត្រូវហើយ អណ្ដាតត្រូវតែទប់ឲ្យបាន។
១៥. តើយើងអាចប្រើអណ្ដាតរបស់យើងដើម្បីស្អាងឡើង និងប្រោសឲ្យជាយ៉ាងដូចម្ដេច?
១៥ ប៉ុន្តែ ទោះជាអណ្ដាតអាចធ្វើឲ្យមានគ្រោះថ្នាក់ វាក៏អាចស្អាងឡើងដែរ។ សុភាសិតពីបុរាណចែងថា៖ «មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសំដីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ»។ (សុភាសិត ១២:១៨) ពួកគ្រីស្ទានដែលប្រកបដោយប្រាជ្ញា នោះប្រើអំណាចនៃអណ្ដាតដើម្បីសម្រាលទុក្ខពួកក្រៀមក្រំចិត្ត និងពួកដែលកាន់ទុក្ខ។ ពាក្យសំដីដ៏អាណិតអាសូរអាចលើកទឹកចិត្តក្មេងជំទង់ណា ដែលកំពុងតែតយុទ្ធនឹងការបង្ខំពីពួកម៉ាកដ៏មានគ្រោះថ្នាក់។ អណ្ដាតដែលចេះគិត អាចធានារ៉ាប់រងបងប្អូនប្រុសស្រីដ៏ជាអ្នកចាស់ៗថា យើងត្រូវការគាត់និងស្រឡាញ់ពួកគាត់ដែរ។ ពាក្យសប្បុរសអាចជួយកំឡាចិត្តអ្នកឈឺ។ អ្វីដែលសំខាន់បំផុត យើងអាចប្រើអណ្ដាតរបស់យើងដើម្បីចូលរួមចែកផ្សាយនូវសារព្រះរាជាណាចក្រជាមួយអស់អ្នកដែលនឹងស្ដាប់នោះ។ យើងមានអំណាចប្រកាសបន្ទូលរបស់ព្រះ បើបន្ទូលរបស់ព្រះគឺនៅក្នុងចិត្តរបស់យើង នោះ។ ព្រះគម្ពីរចែងថា៖ «កាលណាឯងមានកំឡាំងដៃ អាចធ្វើគុណឲ្យអ្នកណា ដែលគួរផ្ដល់ឲ្យ នោះកុំឲ្យបង្ខាំងទុកឡើយ»។—សុភាសិត ៣:២៧
ការប្រើអំណាចយ៉ាងត្រឹមត្រូវ
១៦, ១៧. នៅពេលដែលប្រើអំណាចដែលបានប្រទានមកពីព្រះ តើពួកអ្នកចាស់ទុំ ឪពុកម្ដាយ និងប្ដីអាចយកតម្រាប់តាមព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៦ ទោះជាព្រះយេហូវ៉ាជាព្រះដ៏មានព្រះចេស្ដាបំផុតក៏ដោយ នោះទ្រង់គ្រប់គ្រងក្រុមជំនុំដោយសេចក្ដីស្រឡាញ់។ (យ៉ូហានទី១ ៤:៨) ដោយយកតម្រាប់តាមទ្រង់ ពួកអ្នកត្រួតពិនិត្យគ្រីស្ទាន ក៏ប្រើអំណាចរបស់គេដើម្បីមើលថែរក្សាហ្វូងចៀមរបស់ព្រះ ដោយសេចក្ដីស្រឡាញ់ មិនមែនដោយបំពានលើអំណាចនោះទេ។ ពិតមែន ពួកអ្នកត្រួតពិនិត្យជួនកាលត្រូវ«ពន្យល់គេអោយដឹងខុសត្រូវ ស្តីបន្ទោស ដាស់តឿន» ប៉ុន្តែនេះធ្វើឡើង«ដោយចិត្តអត់ធ្មត់គ្រប់ជំពូក»។ (ធីម៉ូថេទី២ ៤:២ ព្រះគម្ពីរភាសាខ្មែរសម្រាយ) ដូច្នេះពួកអ្នកចាស់ទុំរំពឹងគិតជាដរាប ពីពាក្យដែលសាវ័កពេត្រុសបានសរសេរសំរាប់អស់អ្នកដែលមានអំណាចនៅក្នុងក្រុមជំនុំ៖ «ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយនឹងអ្នករាល់គ្នាចុះ ទាំងគ្រប់គ្រង ដោយស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំទេ ក៏មិនមែនដោយចង់បានកំរៃដែរ គឺដោយគាប់ចិត្តវិញ មិនមែនបែបដូចជាមានអំណាចលើរបស់ទ្រព្យទេ គឺដើម្បីឲ្យបានធ្វើជាគំរូដល់ហ្វូងចៀមវិញប៉ុណ្ណោះ»។—ពេត្រុសទី១ ៥:២, ៣; ថែស្សាឡូនីចទី១ ២:៧, ៨
១៧ ឪពុកម្ដាយនិងស្វាមីទាំងឡាយ ក៏មានអំណាចដែលបានផ្ដល់មកពីព្រះយេហូវ៉ាដែរ ហើយអំណាចនេះគួរតែប្រើដើម្បីជួយចិញ្ចឹម បណ្ដុះបណ្ដាល និងស្រឡាញ់ជាទីបំផុត។ (អេភេសូរ ៥:២២, ២៨-៣០; ៦:៤) គំរូរបស់ព្រះយេស៊ូបង្ហាញថា អំណាចអាចប្រើដោយប្រសិទ្ធិភាព តាមរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់។ ប្រសិនបើការទូន្មានគឺមានតុល្យភាព ហើយឥតប្រែប្រួល នោះកូននឹងមិនទៅជាតូចចិត្តទេ។ (កូល៉ុស ៣:២១) ហើយនៅពេលដែលស្វាមីគ្រីស្ទានគោរពប្រពន្ធរបស់គាត់ មិនមែនបំពានលើឋានៈដ៏ជាមេគ្រួសារ ដែលបានប្រទានមកពីព្រះ ដើម្បីជិះជាន់លើនាង នោះចំណងអាពាហ៍ពិពាហ៍នឹងត្រូវពង្រឹងឡើង។—ពេត្រុសទី១ ៣:៧
១៨. (ក) តើយើងគួរនឹងត្រាប់តាមគំរូរបស់ព្រះយេហូវ៉ាតាមរបៀបណា ក្នុងការទប់ទល់កំហឹងរបស់យើង? (ខ) តើពួកអ្នកដែលមានអំណាចគួរតែខំបណ្ដុះឲ្យមានអ្វី ក្នុងអស់អ្នកដែលត្រូវគេមើលថែរក្សានោះ?
១៨ អស់អ្នកដែលមានអំណាចនៅក្នុងគ្រួសារ និងនៅក្នុងក្រុមជំនុំ គួរតែប្រយ័ត្នជាពិសេសឲ្យទប់ទល់កំហឹងរបស់គេ ពីព្រោះកំហឹងបណ្ដុះឲ្យមានការភិតភ័យ ជាជាងធ្វើឲ្យមានសេចក្ដីស្រឡាញ់។ ព្យាការីណាហ៊ុមបានមានប្រសាសន៍ថា៖ «ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះចេស្ដាយ៉ាងធំ»។ (ណាហ៊ុម ១:៣; កូល៉ុស ៣:១៩) ការទប់ទល់កំហឹងរបស់យើងគឺបង្ហាញនូវកម្លាំង រីឯការខឹង នោះគឺបញ្ជាក់នូវភាពទន់ខ្សោយ។ (សុភាសិត ១៦:៣២) គោលដៅក្នុងក្រុមគ្រួសារនិងនៅក្នុងក្រុមជំនុំដែរ គឺដើម្បីបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ គឺសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា សេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក និងសេចក្ដីស្រឡាញ់ចំពោះគោលការណ៍សុចរិត។ សេចក្ដីស្រឡាញ់ជាចំណងដ៏ខ្លាំងបំផុត ហើយជាការជំរុញដ៏ខ្លាំងបំផុត ឲ្យធ្វើអ្វីដែលត្រឹមត្រូវ។—កូរិនថូសទី១ ១៣:៨, ១៣; កូល៉ុស ៣:១៤
១៩. តើការធានារ៉ាប់រងដ៏សម្រាលទុក្ខណា ដែលព្រះយេហូវ៉ាប្រទានឲ្យ ហើយតើយើងគួរតបឆ្លើយយ៉ាងដូចម្ដេច?
១៩ ការស្គាល់ព្រះយេហូវ៉ាក៏រួមបញ្ចូលការទទួលស្គាល់នូវព្រះចេស្ដារបស់ទ្រង់។ តាមរយៈលោកអេសាយ នោះព្រះយេហូវ៉ាបានមានបន្ទូលថា៖ «តើឯងមិនបានដឹង តើមិនបានឮទេឬអី ថាព្រះដ៏គង់នៅអស់កល្បជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត ទ្រង់មិនដែលល្វើយឡើយ ក៏មិនដែលអស់កំឡាំងផង»។ (អេសាយ ៤០:២៨) ព្រះចេស្ដារបស់ព្រះយេហូវ៉ាគឺមិនចេះអស់ទេ។ ប្រសិនបើយើងពឹងពាក់ទ្រង់ជាជាងពឹងពាក់ខ្លួនយើង នោះទ្រង់នឹងមិនបោះបង់យើងចោលឡើយ។ ទ្រង់ធានារ៉ាប់រងយើងថា៖ «កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯងដោយដៃស្ដាំដ៏សុចរិតរបស់អញ»។ (អេសាយ ៤១:១០) តើយើងគួរតបយ៉ាងណានឹងការមើលថែរក្សាដ៏ស្រឡាញ់របស់ទ្រង់? ដូចព្រះយេស៊ូដែរ សូមឲ្យយើងប្រើអំណាចណាដែលព្រះយេហូវ៉ាប្រទានឲ្យយើង ដើម្បីជួយនិងដើម្បីស្អាងចិត្តឡើង។ សូមឲ្យយើងទប់ទល់នឹងអណ្ដាតរបស់យើង ដើម្បីឲ្យអណ្ដាតធ្វើឲ្យបានជា ជាជាងធ្វើឲ្យមានគ្រោះថ្នាក់នោះ។ ហើយសូមឲ្យយើងរក្សាខ្លួននៅភ្ញាក់ខាងវិញ្ញាណ ឈរយ៉ាងមុតមាំខាងជំនឿ ហើយឲ្យបានខ្លាំងក្លា ដោយពឹងពាក់ព្រះចេស្ដានៃព្រះជាអ្នកបង្កើតដ៏ខ្ពស់ថ្កើងរបស់យើង គឺព្រះយេហូវ៉ា។—កូរិនថូសទី១ ១៦:១៣
[កំណត់សម្គាល់]
^ តាមមើលទៅ ពួកយូដាបានរកឃើញឯកសារដើមនៃក្រិត្យវិន័យរបស់ម៉ូសេ ដែលបានទុកនៅក្នុងព្រះវិហារជាច្រើនសតវត្សមកហើយ។
តើអ្នកអាចពន្យល់បានទេ?
• តើព្រះយេហូវ៉ាប្រើព្រះចេស្ដារបស់ទ្រង់យ៉ាងដូចម្ដេច?
• តើតាមរបៀបណាខ្លះដែលយើងអាចបានអំណាចពីព្រះយេហូវ៉ា?
• តើអំណាចនៃអណ្ដាតគួរតែប្រើយ៉ាងដូចម្ដេច?
• តើអំណាចដែលព្រះបានប្រទានឲ្យ នោះអាចជាប្រសិទ្ធិពរយ៉ាងដូចម្ដេច?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៨]
ព្រះយេស៊ូបានប្រើកម្លាំងរបស់ព្រះយេហូវ៉ា ដើម្បីជួយអ្នកដទៃ
[រូបភាពនៅទំព័រ២១]
យើងមានអំណាចប្រកាសបន្ទូលរបស់ព្រះ បើបន្ទូលរបស់ព្រះនៅក្នុងចិត្តរបស់យើង