លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះតបឆ្លើយនឹងសេចក្ដីអធិស្ឋាន

ព្រះតបឆ្លើយនឹងសេចក្ដីអធិស្ឋាន

ព្រះ​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន

លោក​កូនេលាស​គឺ​ជា​បុរស​ម្នាក់ ដែល​បាន​រក​ព្រះ​គុណ​ព្រះ ដោយ​ការ​អធិស្ឋាន​ជា​ញឹក​ញយ​និង​អស់​អំពី​ចិត្ត។ ម្យ៉ាង​ទៀត គាត់​ក៏​បាន​ប្រើ​ឋានៈ​របស់​គាត់​ជា​នាយ​ទាហាន។ យោង​ទៅ​តាម​ព្រះ​គម្ពីរ «លោក​ក៏​ដាក់​ទាន​ជា​ច្រើន»ដល់​អ្នក​ដែល​ខ្វះ​ខាត។—កិច្ច​ការ ១០:១, ២

នៅ​គ្រា​នោះ ក្រុម​ជំនុំ​មាន​ទៅ​ដោយ​អ្នក​ជឿ​ជា​សាសន៍​យូដា និង​សាសន៍​ដទៃ​ដែល​ចូល​សាសនា​យូដា ព្រម​ទាំង​សាសន៍​សាម៉ារី។ កូនេលាស​គឺ​ជា​អ្នក​សាសន៍​ដទៃ​ដែល​មិន​ទាន់​ត្រូវ​កាត់​ស្បែក ហើយ​មិន​មែន​ជា​សមាជិក​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន។ តើ​នេះ​មាន​ន័យ​ថា​សេចក្ដី​អធិស្ឋាន​របស់​គាត់​គឺ​ឥត​ប្រយោជន៍​ឬ? អត់​ទេ។ ព្រះ​យេហូវ៉ា​បាន​ទទួល​ស្គាល់​កូនេលាស​និង​ការ​ប្រព្រឹត្ត​ដែល​សម​ស្រប​នឹង​សេចក្ដី​អធិស្ឋាន​របស់​គាត់។—កិច្ច​ការ ១០:៤

តាម​រយៈ​ការ​ណែនាំ​ពី​ទេវតា នោះ​កូនេលាស​ត្រូវ​នាំ​ឲ្យ​មាន​ការ​ទាក់​ទង​ជា​មួយ​ក្រុម​ជំនុំ​គ្រីស្ទាន។ (កិច្ច​ការ ១០:៣០​-​៣៣) ជា​លទ្ធផល គាត់​ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​គាត់ បាន​ទទួល​ឯកសិទ្ធិ​ជា​គ្រួសារ​ទី​មួយ​នៃ​សាសន៍​ដទៃ​ដែល​មិន​ទាន់​កាត់​ស្បែក ដែល​ត្រូវ​បាន​ទទួល​ចូល​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន។ ព្រះ​យេហូវ៉ា​បាន​ចាត់​ទុកបទពិសោធន៍​របស់​កូនេលាស ជា​អ្វី​ដែល​សម​នឹង​បញ្ចូល​ក្នុង​ឯកសារ​ព្រះ​គម្ពីរ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក។ គាត់​ច្បាស់​ជា​បាន​កែ​ប្រែ​ជីវិត​របស់​គាត់​យ៉ាង​ច្រើន ដើម្បី​ឲ្យ​សម​ស្រប​ទាំង​ស្រុង​នឹង​បន្ទូល​របស់​ព្រះ។ (អេសាយ ២:២​-​៤; យ៉ូហាន ១៧:១៦) បទពិសោធន៍​របស់​កូនេលាស​គួរ​ជា​គ្រឿង​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​ពី​គ្រប់​ទាំង​សាសន៍ ដែល​ស្វែង​រក​ព្រះ​គុណ​ព្រះ​សព្វ​ថ្ងៃ​នេះ។ សូម​ពិចារណា​មើល​ឧទាហរណ៍​ខ្លះ​ៗ។

គំរូ​នា​បច្ចុប្បន្ន​នេះ

នារី​ម្នាក់​នៅ​ប្រទេស​ឥណ្ឌា គឺ​ត្រូវ​ការ​ខ្លាំង​នូវ​ការ​សម្រាល​ទុក្ខ។ នាង​បាន​រៀប​ការ​ពេល​មាន​អាយុ​២១​ឆ្នាំ ហើយ​បាន​មាន​កូន​ពីរ​នាក់។ ក៏​ប៉ុន្តែ មិន​យូរ​ក្រោយ​មក​កូន​ទី​ពីរ​របស់​នាង​បាន​កើត​មក ប្ដី​របស់​នាង​ក៏​បាន​ស្លាប់​ទៅ។ ភ្លាម​នោះ​នាង​បាន​ទៅ​ជា​ស្រី​មេម៉ាយ​ក្នុង​អាយុ​២៤​ឆ្នាំ ដោយ​មាន​កូន​ស្រី​អាយុ​ពីរ​ខែ​និង​កូន​ប្រុស​អាយុ​២២​ខែ។ ម្ល៉ោះ​ហើយ​បាន​ជា​នាង​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ​នោះ! តើ​នាង​នឹង​ពឹង​អ្នក​ណា? នៅ​យប់​មួយ ដោយ​ការ​តឹង​តែង​និង​តប់​ប្រមល់​ជា​ខ្លាំង នោះ​នាង​បាន​អធិស្ឋាន ដោយ​និយាយ​ថា៖ «ឱ​វរបិតា​សួគ៌ា​អើយ សូម​ទ្រង់​សម្រាល​ទុក្ខ​ទូល​បង្គំ​តាម​រយៈ​បន្ទូល​របស់​ទ្រង់​ផង»។

នៅ​ព្រឹក​ជា​បន្ទាប់ នាង​បាន​មាន​ភ្ញៀវ​ម្នាក់។ គាត់​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ នៅ​ថ្ងៃ​នោះ​កិច្ច​បំរើ​របស់​គាត់​មាន​ការ​ពិបាក ដោយ​សារ​មនុស្ស​ចំនួន​តិច​ប៉ុណ្ណោះ​បាន​បើក​ទ្វារ​និយាយ​ជា​មួយ​គាត់។ ដោយ​អស់​កម្លាំង​និង​ធ្លាក់​ទឹក​ចិត្ត គាត់​ហៀប​នឹង​ទៅ​ផ្ទះ​វិញ ក៏​ប៉ុន្តែ​គាត់​មាន​អារម្មណ៍​បង្ខិត​បង្ខំ​ឲ្យ​បន្ត​ទៅ​ផ្ទះ​តែ​មួយ​ទៀត។ នៅ​ផ្ទះ​នោះ​ឯង ដែល​គាត់​បាន​ជួប​ស្ត្រី​មេម៉ាយ​ក្មេង​នោះ។ នាង​បាន​អញ្ជើញ​គាត់​ចូល ហើយ​ក៏បាន​ទទួល​ប្រកាសនវត្ថុ​មួយ​ដែល​ពន្យល់​ពី​ព្រះ​គម្ពីរ។ ស្ត្រី​នោះ​បាន​ទទួល​នូវ​ការ​សម្រាល​ទុក្ខ​ជា​ច្រើន ពី​ការ​អាន​ប្រកាសនវត្ថុ​នោះ ហើយ​ពី​ការ​ពិគ្រោះ​ជា​មួយ​នឹង​ស្មរបន្ទាល់​នេះ។ នាង​បាន​រៀន​អំពី​សេចក្ដី​សន្យា​របស់​ព្រះ ដើម្បី​ប្រោស​ឲ្យ​មនុស្ស​ស្លាប់​រស់​ឡើង​វិញ និង​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ ដែល​បន្ដិច​ទៀត​នឹង​ធ្វើ​ឲ្យ​ផែនដី​ប្រែ​ជា​សួន​មនោរម្យ។ សំខាន់​បំផុត​គឺ​ថា នាង​ចាប់​ផ្ដើម​ស្គាល់​ហើយ​ស្រឡាញ់​ព្រះ​ពិត​តែ​មួយ គឺ​ជា​ព្រះ​យេហូវ៉ា ដែល​បាន​ឆ្លើយ​សេចក្ដី​អធិស្ឋាន​របស់​នាង។

នាង​ណូរ៉ា​ដែល​នៅ​ទី​ក្រុង​ចូច​នៅ​អាហ្វ្រិក​ខាង​ត្បូង បាន​ឆ្លៀត​ពេល​មួយ​ខែ​ដើម្បី​ចូល​រួម​កិច្ច​ផ្សព្វ​ផ្សាយ​ពេញ​ពេល។ មុន​ពេល​ចាប់​ផ្ដើម ណូរ៉ា​អធិស្ឋាន​អស់​ពី​ចិត្ត​ទូល​ព្រះ​យេហូវ៉ា ឲ្យ​ជួយ​រក​អ្នក​ណា​ម្នាក់​ដែល​មាន​ចំណាប់​អារម្មណ៍​ស្មោះ ទៅ​លើ​ការ​សិក្សា​ព្រះ​គម្ពីរ។ តំបន់​ផ្សាយ​ដែល​នាង​ត្រូវ​ចាត់​ឲ្យ​ទៅ​នោះ ក៏​មាន​ផ្ទះ​មួយ​របស់​មនុស្ស​ម្នាក់ ដែល​បាន​តប​ឆ្លើយ​យ៉ាង​ឈ្លើយ​ចំពោះ​នាង​កាល​ពី​មុន។ ដោយ​ចិត្ត​ក្លាហាន ណូរ៉ា​បាន​ត្រឡប់​ទៅ​ផ្ទះ​នោះ​ម្ដង​ទៀត។ ដោយ​ភ្ញាក់​ផ្អើល នាង​ឃើញ​ថា​មាន​អ្នក​ថ្មី​ដែល​បាន​ចូល​នៅ​ក្នុង​ផ្ទះ​នោះ​ឈ្មោះ​ណូ​លីន។ ម្យ៉ាង​វិញ​ទៀត ណូ​លីន​និង​ម្ដាយ​របស់​គាត់​បាន​អធិស្ឋាន​ទូល​ព្រះ ដើម្បី​ទទួល​ជំនួយ​ឲ្យ​យល់​ដឹង​ពី​ព្រះ​គម្ពីរ។ ណូរ៉ា​បាន​និយាយ​ថា៖ «ពេល​ខ្ញុំ​ស្នើ​សិក្សា​ព្រះ​គម្ពីរ ពួក​គេ​មាន​ចិត្ត​រីករាយ»។ ណូ​លីន​និង​ម្ដាយ​របស់​គាត់​បាន​លូត​លាស់​យ៉ាង​លឿន។ ក្រោយ​មក​ពួក​គេ​ចាប់​ផ្ដើម​ចូល​រួម​ជា​មួយ​នឹង​ណូរ៉ា ក្នុង​ការ​ព្យាបាល​ខាង​វិញ្ញាណ​ដូច​គ្នា​នេះ​ដែរ។

ឧទាហរណ៍​មួយ​ទៀត​ដែល​បង្ហាញ​ពី​អានុភាព​នៃ​សេចក្ដី​អធិស្ឋាន គឺ​ជាបទពិសោធន៍​នៃ​គូ​ស្វាមីភរិយា​មួយ នៅ​ទី​ក្រុង​យូហានិសបឺក​នៅ​អាហ្វ្រិក​ខាង​ត្បូង។ នៅ​រាត្រី​ថ្ងៃ​សៅរ៍​មួយ​ក្នុង​ឆ្នាំ​១៩៩៦ នោះ​អាពាហ៍ពិពាហ៍​របស់​ដិនិស​និង​ខារ៉ូល​គឺ​ជិត​បែក​បាក់។ ជា​វិធី​ក្រោយ​បំផុត ពួក​គេ​បាន​អធិស្ឋាន​សំរាប់​ជំនួយ ហើយ​ពួក​គេ​បាន​ធ្វើ​អ៊ីចឹង​ច្រើន​ដង​ក្នុង​កំឡុង​មួយ​យប់​នោះ។ ព្រឹក​ស្អែក​ឡើង នៅ​ម៉ោង១១:០០ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ពីរ​នាក់​បាន​គោះ​ទ្វារ​គេ។ ដិនិស​បាន​បើក​ទ្វារ​ហើយ​ប្រាប់​ពួក​គេ​ចាំ​ទាល់​តែ​គាត់​ហៅ​ប្រពន្ធ​របស់​គាត់។ ដិនិស​ព្រមាន​ខារ៉ូល​ថា បើ​សិន​ជា​នាង​អញ្ជើញ​ពួក​គេ​ចូល​មក ប្រហែល​ជា​នាង​នឹង​មាន​ការ​ពិបាក​ឲ្យ​គេ​ទៅ​វិញ។ ខារ៉ូល​បាន​រំឭក​ដិនិស​ថា ពួក​យើង​បាន​អធិស្ឋាន​សំរាប់​ជំនួយ ហើយ​ប្រហែល​ជា​នេះ​គឺ​ការ​ឆ្លើយ​របស់​ព្រះ​ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​យើង។ ដូច្នេះ ស្មរបន្ទាល់​ពីរ​នាក់​នោះ​បាន​ត្រូវ​អញ្ជើញ​ចូល ហើយ​ការ​សិក្សា​ព្រះ​គម្ពីរ​មួយ​ត្រូវ​ចាប់​ផ្ដើម​ក្នុង​សៀវ​ភៅ ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច។ ដិនិស​និង​ខារ៉ូល​បាន​មាន​ចិត្ត​អស្ចារ្យ​នឹង​អ្វី​ដែល​គេ​បាន​រៀន។ នៅ​រសៀល​ថ្ងៃ​ដដែល​នោះ ពួក​គេ​បាន​ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី​មួយ នៅ​សាល​ព្រះ​រាជាណាចក្រ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​តំបន់​នោះ។ ដោយ​ការ​អនុវត្ត​តាម​ចំណេះ​ដែល​គេ​បាន​រៀន​ពី​ព្រះ​គម្ពីរ នោះ​ដិនិស​និង​ខារ៉ូល​បាន​រក​ឃើញ​នូវ​ដំណោះ​ស្រាយ ចំពោះ​បញ្ហា​អាពាហ៍ពិពាហ៍​របស់​គេ។ ឥឡូវ​នេះ ពួក​គេ​គឺ​ជា​អ្នក​សរសើរ​ព្រះ​យេហូវ៉ា ដែល​សប្បាយ​ចិត្ត​និង​ត្រូវ​បាន​ជ្រមុជ​ទឹក​ហើយ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ប្រាប់​ជំនឿ​ព្រះ​គម្ពីរ​របស់​គេ​ដល់​អ្នក​ជិត​ខាង​ផង​ដែរ។

ចុះ​យ៉ាង​ណា​វិញ បើ​អ្នក​មាន​អារម្មណ៍​ថា​គឺ​មិន​សម​នឹង​អធិស្ឋាន​នោះ?

មនុស្ស​ចិត្ត​ស្មោះ​ខ្លះ​ៗ​ប្រហែល​ជា​មាន​អារម្មណ៍​ថា គឺ​មិន​សម​ដែល​គេ​អធិស្ឋាន​ដោយ​ព្រោះ​របៀប​រស់​នៅ​ដ៏​អាក្រក់​របស់​គេ។ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​រៀប​រាប់​អំពី​មនុស្ស​ម្នាក់​បែប​នេះ ដែល​ជា​អ្នក​ប្រមូល​ពន្ធ​ម្នាក់​ដែល​ត្រូវ​គេ​ស្អប់។ ពេល​ចូល​ក្នុង​ទី​លាន​នៃ​ព្រះ​វិហារ នោះ​បុរស​នេះ​មាន​អារម្មណ៍​ថា គាត់​មិន​សម​នឹង​ចូល​ក្នុង​កន្លែង​អធិស្ឋាន​ដែល​ធម្មតា​គេ​តែង​តែ​ទៅ​នោះ​ទេ។ «គាត់​ឈរ​នៅ​ទី​ឆ្ងាយ . . . ក៏​គក់​ដើម​ទ្រូង​ទូល​ថា ‹ឱ​ព្រះ​អង្គ​អើយ សូម​ទ្រង់​មេត្ដា​អត់​ទោស​ដល់​ទូល​បង្គំ ដែល​ជា​អ្នក​មាន​បាប​ផង›»។ (លូកា ១៨:១៣) យោង​ទៅ​តាម​ព្រះ​យេស៊ូ បុរស​នេះ​ព្រះ​បាន​សណ្ដាប់​នឹង​សេចក្ដី​អធិស្ឋាន​របស់​គាត់។ នេះ​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​ពិត​ជា​ប្រកប​ដោយ​សេចក្ដី​មេត្ដា​ករុណា ហើយ​ទ្រង់​មាន​ព្រះ​ទ័យ​ចង់​ជួយ​អ្នក​ធ្វើ​បាប​ដែល​ប្រែ​ចិត្ត។

សូម​ពិចារណា​យុវបុរស​ម្នាក់​នៅ​អាហ្វ្រិក​ខាង​ត្បូង​ឈ្មោះ​ប៉ុល។ ពេល​នៅ​ជា​ក្មេង​ប្រុស គាត់​ធ្លាប់​ចូល​រួម​កិច្ច​ប្រជុំ​គ្រីស្ទាន​ជា​មួយ​ម្ដាយ​របស់​គាត់។ ក៏​ប៉ុន្តែ ក្នុង​កំឡុង​ពេល​គាត់​រៀន​នៅ​វិទ្យាល័យ គាត់​ចាប់​ផ្ដើម​សេព​គប់​ជា​មួយ​យុវជន​ដែល​មិន​ប្រព្រឹត្ត​តាម​ព្រះ។ ពេល​គាត់​បញ្ចប់ការ​សិក្សា គាត់​ចូល​បំរើ​ជា​ទាហាន​នៅ​អតីត​រដ្ឋាភិបាល​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដែល​បំបែក​គ្នា​ដោយ​ការ​ប្រកាន់​ពណ៌​សម្បុរ។ ក្រោយ​មក ដោយ​មិន​ដឹង​ជា​មុន​នោះ សង្សារ​របស់​គាត់​បាន​បញ្ឈប់​ទំនាក់​ទំនង​របស់​គេ។ របៀប​រស់​នៅ​ដ៏​មិន​ពេញ​ចិត្ត​បែប​នេះ បាន​ធ្វើ​ឲ្យ​ប៉ុល​ក្រៀម​ក្រំ​ចិត្ត​ណាស់។ គាត់​បាន​នឹក​ចាំ​ថា៖ «នៅ​យប់​មួយ ខ្ញុំ​បាន​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​សំរាប់​ជំនួយ ទោះ​បី​ខ្ញុំ​មិន​បាន​ទូល​ដល់​ព្រះ​អស់​ប៉ុន្មាន​ឆ្នាំ​ហើយ​ក៏​ដោយ»។

មិន​យូរ​ក្រោយ​សេចក្ដី​អធិស្ឋាន​នេះ ម្ដាយ​របស់​ប៉ុល​អញ្ជើញ​គាត់ ឲ្យ​ចូល​រួម​ពិធី​បុណ្យ​រំឭក​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះ​គ្រីស្ទ​ប្រចាំ​ឆ្នាំ។ (លូកា ២២:១៩) ប៉ុល​បាន​គិត​ថា​នោះ​គឺ​ប្លែក​មែន ដែល​ម្ដាយ​របស់​គាត់​បាន​ធ្វើ​អ៊ីចឹង ដោយ​សារ​គាត់​ធ្លាប់​វង្វេង​ហើយ​អត់​សូវ​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​ព្រះ​គម្ពីរ។ គាត់​និយាយ​ថា៖ «ខ្ញុំ​ចាត់​ទុក​នេះ​ជា​ការ​តប​របស់​ព្រះ​យេហូវ៉ា​ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ត្រូវ​តែ​សង​គុណ»។ ចាប់​ពី​ពេល​នោះ​ទៅ ប៉ុល​ចូល​រួម​កិច្ច​ប្រជុំ​គ្រីស្ទាន​ទាំង​អស់។ ក្រោយ​ពី​គាត់​បាន​សិក្សា​ព្រះ​គម្ពីរ​អស់​បួន​ខែ​មក នោះ​គាត់​បាន​បំពេញ​តម្រូវ​ការ​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក។ ម្យ៉ាង​វិញ​ទៀត គាត់​បាន​ឈប់​សិក្សា​ផ្នែក​វិស្វកម្ម ហើយ​ជ្រើស​យក​ការ​ចូល​រួម​កិច្ច​ផ្សព្វ​ផ្សាយ​ពេញ​ពេល។ សព្វ​ថ្ងៃ​នេះ ប៉ុល​ជា​បុរស​ម្នាក់​ដែល​មាន​ចិត្ត​សប្បាយ ហើយ​មិន​ក្រៀម​ក្រំ​ចិត្ត​អំពី​ជីវិត​របស់​គាត់​ទៀត​ទេ។ អស់​១១​ឆ្នាំ​ហើយ គាត់​បាន​បំរើ​នៅ​ការិយាល័យ​សាខា​នៃ​សមាគម​ប៉ម​យាម នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

ពិត​មែន ព្រះ​យេហូវ៉ា​តប​យ៉ាង​សប្បុរស​នឹង​សេចក្ដី​អធិស្ឋាន ហើយ«ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់»។ (ហេព្រើរ ១១:៦) បន្ដិច​ទៀត ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ដល់ ហើយ​នឹង​បញ្ចប់​អំពើ​ទុច្ចរិត​គ្រប់​បែប​យ៉ាង។ ក្នុង​ចន្លោះ​ពេល​នោះ ព្រះ​យេហូវ៉ា​កំពុង​តែ​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​នៃ​រាស្ត្រ​របស់​ទ្រង់ ដែល​សូម​កម្លាំង​និង​ការ​ណែនាំ ពេល​គេ​ចូល​រួម​យ៉ាង​ខ្នះ​ខ្នែង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ដ៏​សំខាន់​នោះ។ ដូច្នេះ មនុស្ស​រាប់​លាន​នាក់​ពី​គ្រប់​សាសន៍ កំពុង​តែ​ត្រូវ​បាន​នាំ​ឲ្យ​ទាក់​ទង​នឹង​ក្រុម​ជំនុំ​គ្រីស្ទាន ហើយ​ទទួល​ពរ​នូវ​ចំណេះ​អំពី​ព្រះ​គម្ពីរ​ដែល​នាំ​ទៅ​ដល់​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច។—យ៉ូហាន ១៧:៣

[រូប​ភាព​នៅ​ទំព័រ​៥]

សេចក្ដី​អធិស្ឋាន​អស់​អំពី​ចិត្ត​របស់​កូនេលាស​បាន​នាំ​ទៅ​ដល់​ការ​ទទួល​សាវ័ក​ពេត្រុស​ជា​ភ្ញៀវ

[រូប​ភាព​នៅ​ទំព័រ​៦]

សេចក្ដី​អធិស្ឋាន​បាន​ជួយ​មនុស្ស​ជា​ច្រើន​ពេល​មាន​ការ​ទុក្ខ​ព្រួយ

[រូប​ភាព​នៅ​ទំព័រ​៧]

គឺ​ជា​ការ​ល្អ​ក្នុង​ការ​អធិស្ឋាន​រក​ជំនួយ​ដើម្បី​ឲ្យ​យល់​ដឹង​ពី​ព្រះ​គម្ពីរ

គូ​ស្វាមីភរិយា​អាច​អធិស្ឋាន​សំរាប់​ជំនួយ​ដើម្បី​ពង្រឹង​នូវ​អាពាហ៍ពិពាហ៍​របស់​គេ​ឲ្យ​បាន​មាំ