ព្រះយេហូវ៉ាជាបុគ្គលមួយអង្គដែលមានតេជានុភាពដ៏ខ្លាំងក្លា
ព្រះយេហូវ៉ាជាបុគ្គលមួយអង្គដែលមានតេជានុភាពដ៏ខ្លាំងក្លា
«ដោយព្រះចេស្ដាដ៏ធំរបស់ទ្រង់ ហើយគ្មានណាមួយខានឡើយ ដោយព្រោះតេជានុភាពដ៏ខ្លាំងក្លាដែរ»។—អេសាយ ៤០:២៦
១, ២. (ក) តើយើងគ្រប់គ្នាពឹងលើប្រភពថាមពលអ្វី? (ខ) សូមពន្យល់នូវមូលហេតុដែលព្រះយេហូវ៉ាជាប្រភពដ៏ខ្ពស់បំផុតនៃថាមពលទាំងអស់។
កម្លាំងគឺជាអ្វីមួយដែលយើងជាច្រើននាក់ ពុំសូវយកចិត្តទុកដាក់នោះទេ។ ជាឧទាហរណ៍ យើងមិនសូវគិតប៉ុន្មាននឹងចរន្តអគ្គីសនីដែលផ្ដល់ឲ្យយើងនូវភ្លើងនិងកំដៅ ឬចំពោះការងាយស្រួលនៃការដោតខ្សែភ្លើងនូវគ្រឿងប្រើប្រាស់ក្នុងផ្ទះ។ លុះត្រាតែពេលឥតមានអគ្គីសនីទេ ទើបធ្វើឲ្យយើងយល់ដឹងថា បើឥតមានអគ្គីសនី នោះទីក្រុងទាំងឡាយរបស់មនុស្សនឹងឈប់មានដំណើរការទៀតហើយ។ អគ្គីសនីភាគច្រើនដែលយើងពឹងលើ នោះមកពីព្រះអាទិត្យជាប្រភពនៃអំណាចដ៏ទៀងទាត់ជាទីបំផុត។ * រៀងរាល់វិនាទី សុរិយានេះបញ្ឆេះឥន្ធនៈនុយក្លេអែរអស់ប្រាំលានតោន ទាំងបញ្ចេញថាមពលដែលទ្រទ្រង់ជីវិតនៅផែនដី។
២ តើថាមពលពីព្រះអាទិត្យមកពីណា? តើអ្នកណាគេបានគ្រោងការណ៍បង្កើតសុរិយាដ៏អស្ចារ្យនេះ? ព្រះយេហូវ៉ាបានបង្កើត។ ក្នុងការសំដៅទៅទ្រង់ នោះទំនុកដំកើង ៧៤:១៦ ចែងថា៖ «ទ្រង់បានបង្កើតពន្លឺ នឹងដួងព្រះអាទិត្យ»។ ត្រូវហើយ ព្រះយេហូវ៉ាជាប្រភពផ្ដាច់ព្រាត់នៃថាមពលទាំងអស់ ដូចជាទ្រង់ជាប្រភពនៃជីវិតទាំងអស់នោះដែរ។ (ទំនុកដំកើង ៣៦:៩) យើងមិនគួរមិនអើពើនឹងព្រះចេស្ដារបស់ទ្រង់នោះឡើយ។ តាមរយៈព្យាការីអេសាយ នោះព្រះយេហូវ៉ារំឭកយើងឲ្យមើលផ្កាយនិងតារាវលី ដូចជាព្រះអាទិត្យ និងផ្កាយទាំងឡាយ ហើយឲ្យរំពឹងគិតនូវរបៀបដែលរបស់ទាំងនេះចាប់ផ្ដើមលេចចេញមក។ «ចូរងើយភ្នែកឯងមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែលនាំពួកពលបរិវារចេញមកតាមចំនួនដូច្នេះ ទ្រង់ក៏ហៅរបស់ទាំងនោះតាមឈ្មោះរៀងរាល់តួ ដោយព្រះចេស្ដាដ៏ធំរបស់ទ្រង់ ហើយគ្មានណាមួយខានឡើយ ដោយព្រោះតេជានុភាពដ៏ខ្លាំងក្លាដែរ»។—អេសាយ ៤០:២៦; យេរេមា ៣២:១៧
៣. តើតាមរបៀបណាដែលយើងមានប្រយោជន៍ ពីការសម្ដែងនៃព្រះចេស្ដារបស់ព្រះយេហូវ៉ា?
៣ ដោយព្រោះព្រះយេហូវ៉ាមានតេជានុភាពដ៏ខ្លាំងក្លា នោះយើងអាចទុកចិត្តថា ព្រះអាទិត្យនឹងបន្តផ្ដល់ឲ្យយើងនូវពន្លឺនិងកំដៅ ដែលជីវិតរបស់យើងពឹងទៅលើនោះ។ ប៉ុន្តែ យើងទុកចិត្តលើព្រះចេស្ដារបស់ព្រះច្រើនជាងអ្វីដែលត្រូវការដ៏សំខាន់ខាងសាច់ឈាមនោះទៀត។ ការរំដោះយើងចេញពីបាបនិងសេចក្ដីស្លាប់ សេចក្ដីសង្ឃឹមរបស់យើងសំរាប់អនាគត និងការទុកចិត្តលើព្រះយេហូវ៉ាគឺផ្សារភ្ជាប់ជាមួយនឹងការប្រើព្រះចេស្ដារបស់ទ្រង់។ (ទំនុកដំកើង ២៨:៦-៩; អេសាយ ៥០:២) ព្រះគម្ពីរមានឧទាហរណ៍ជាច្រើន ដែលផ្ដល់ភស្តុតាងអំពីព្រះចេស្ដារបស់ព្រះយេហូវ៉ា ក្នុងការបង្កើតនិងរំដោះ ដើម្បីសង្គ្រោះរាស្ត្ររបស់ទ្រង់ ហើយកំទេចចោលពួកសត្រូវរបស់ទ្រង់ផងដែរ។
ព្រះចេស្ដារបស់ព្រះគឺឃើញក្នុងការបង្កើត
៤. (ក) តើការមើលទៅលើមេឃពេលយប់នោះមានអានុភាពយ៉ាងណា ទៅលើដាវីឌ? (ខ) តើផ្កាយនិងតារាវលីទាំងប៉ុន្មាន លាតត្រដាងអ្វីស្តីអំពីព្រះចេស្ដារបស់ព្រះ?
៤ សាវ័កប៉ុលបានពន្យល់ថា ‹ព្រះចេស្ដាដ៏នៅអស់កល្បជានិច្ច អាចឃើញច្បាស់ ដោយពិចារណាយល់របស់ទាំងប៉ុន្មានដែលទ្រង់បានបង្កើតមក›។ (រ៉ូម ១:២០) ជាច្រើនសតវត្សមុនៗនោះ ដាវីឌដ៏ជាអ្នកតែងបទទំនុកដំកើង ហើយដែលជាអ្នកគង្វាល ច្បាស់ជាបានមើលទៅលើមេឃជាញឹកញាប់ ហើយបានយល់នូវភាពសម្បើមនៃសកលលោក និងអនុភាពរបស់ព្រះជាអ្នកបង្កើត។ គាត់បានសរសេរថា៖ «កាលណាទូលបង្គំពិចារណាមើលផ្ទៃមេឃ ជាការដែលព្រះហស្តទ្រង់បានធ្វើ គឺទាំងខែ នឹងផ្កាយ ដែលទ្រង់បានប្រតិស្ឋានទុក នោះតើមនុស្សជាអ្វី ដែលទ្រង់ នឹករឭកដល់គេ ហើយកូនមនុស្សផង ដែលទ្រង់ប្រោសដូច្នេះ»។ (ទំនុកដំកើង ៨:៣, ៤) ទោះជាគាត់មានចំណេះមិនពេញលេញអំពីផ្កាយនិងតារាវលីទាំងប៉ុន្មានក៏ដោយ នោះដាវីឌបានយល់ថា គាត់គឺមិនសំខាន់ទេបើប្រៀបធៀបនឹងព្រះដ៏ជាអ្នកបង្កើតក្នុងសកលលោកដ៏ធំធេងនេះ។ សព្វថ្ងៃនេះ ពួកតារាវិទូដឹងច្រើនជាងមុនអំពីភាពធំសម្បើមនៃសកលោកនេះ និងអំពីអំណាចដែលទ្រទ្រង់នោះ។ ជាឧទាហរណ៍ ពួកគេប្រាប់យើងថា រៀងរាល់វិនាទី ព្រះអាទិត្យបញ្ចេញថាមពលដែលស្មើនឹងការផ្ទុះសមាសធាតុជាតិពុល ដែលមានទំងន់ដប់ស្វ័យគុណដប់ប្រាំមួយ(១០១៦)តោន។ * មានតែថាមពលមួយចំនួនតូចប៉ុណ្ណោះ ដែលបានមកដល់ផែនដីនេះ ក៏ប៉ុន្តែថាមពលនេះគឺគ្រប់គ្រាន់នឹងទ្រទ្រង់ជីវិតទាំងអស់ នៅលើភពយើងនេះ។ ប៉ុន្តែ ព្រះអាទិត្យយើងគឺមិនមែនជាផ្កាយដ៏ខ្លាំងបំផុតនៅលើមេឃនោះឡើយ។ ផ្កាយខ្លះ ក្នុងមួយវិនាទីគឺបញ្ចេញនូវថាមពលស្មើនឹងថាមពល ដែលព្រះអាទិត្យយើងបញ្ចេញក្នុងមួយថ្ងៃ។ បើអ៊ីចឹងសូមគិតទៅមើល នូវព្រះចេស្ដាដែលអាចប្រើប្រាស់តាមព្រះទ័យរបស់ព្រះ ដែលបានបង្កើតផ្កាយនិងតារាវលីទាំងនេះ! លោកអេលីហ៊ូវបានលាន់មាត់យ៉ាងត្រឹមត្រូវថា៖ «ឯព្រះដ៏មានគ្រប់ព្រះចេស្ដា យើងរាល់គ្នាពុំអាចនឹងរកទ្រង់ឃើញទេ ទ្រង់មានតេជានុភាពដ៏ខ្ពស់បំផុត»។—យ៉ូប ៣៧:២៣
៥. តើមានទីសំអាងយ៉ាងណាអំពីព្រះចេស្ដារបស់ព្រះយេហូវ៉ា ដែលយើងឃើញក្នុងកិច្ចការរបស់ទ្រង់?
៥ ប្រសិនបើយើង‹ស្វែងរកកិច្ចការរបស់ព្រះ› ដូចដាវីឌបានធ្វើ នោះយើងនឹងឃើញទីសំអាងអំពីព្រះចេស្ដារបស់ទ្រង់នៅគ្រប់ទីកន្លែង ដូចជាតាមរយៈខ្យល់និងរលក ផ្គរនិងផ្លេកបន្ទោរ ហើយតាមរយៈទន្លេដែលហូរត្របាញ់និងពពួកភ្នំដ៏ធំសម្បើម។ (ទំនុកដំកើង ១១១:២; យ៉ូប ២៦:១២-១៤) ម្យ៉ាងវិញទៀត ដូចជាព្រះយេហូវ៉ាបានរំឭកយ៉ូប សូម្បីតែសត្វទាំងឡាយក៏បង្ហាញភស្តុតាងនូវកម្លាំងរបស់ទ្រង់ដែរ។ ក្នុងចំណោមសត្វទាំងនេះគឺមានដំរីទឹក។ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់យ៉ូបថា៖ «មើលកំឡាំងវានៅត្រង់ចង្កេះ . . . ហើយឆ្អឹងជំនីរដូចជាចំរ៉ឹងដែក»។ (យ៉ូប ៤០:១៥-១៨) កម្លាំងគួរឲ្យខ្លាចនៃគោព្រៃ គឺបានត្រូវគេស្គាល់ទូទៅក្នុងសម័យព្រះគម្ពីរ ហើយដាវីឌបានអធិស្ឋានសុំឲ្យគាត់បានសង្គ្រោះពី«មាត់សិង្ហ អើ ឲ្យរួចពីស្នែងគោព្រៃផង»។—ទំនុកដំកើង ២២:២១; យ៉ូប ៣៩:៩-១១
៦. តើសត្វគោព្រៃតំណាងអ្វីក្នុងបទគម្ពីរ ហើយហេតុអ្វី? (សូមមើលកំណត់ចំណាំ)
៦ ដោយព្រោះកម្លាំងរបស់វា នោះគោគឺត្រូវប្រើក្នុងព្រះគម្ពីរ ដើម្បីតំណាងព្រះចេស្ដារបស់ព្រះយេហូវ៉ា។ * ចក្ខុនិមិត្តរបស់សាវ័កយ៉ូហានស្តីអំពីបល្ល័ង្ករបស់ព្រះយេហូវ៉ា នោះពណ៌នាប្រាប់ថាតួមានជីវិត៤ដែលតួមួយមានមុខស្រដៀងនឹងកូនគោ។ (វិវរណៈ ៤:៦, ៧) តាមមើលទៅ គុណសម្បត្ដិមួយក្នុងគុណសម្បត្ដិដ៏សំខាន់របស់ព្រះយេហូវ៉ាគឺព្រះចេស្ដា ដែលបានពណ៌នាដោយចេរូប៊ីនទាំងនេះ។ គុណសម្បត្ដិឯទៀត គឺសេចក្ដីស្រឡាញ់ ប្រាជ្ញា និងយុត្ដិធម៌។ ដោយព្រោះព្រះចេស្ដាគឺជាលក្ខណៈដ៏សំខាន់មួយនៃបុគ្គលិកលក្ខណៈរបស់ព្រះ នោះការយល់ច្បាស់លាស់អំពីព្រះចេស្ដារបស់ទ្រង់ និងរបៀបដែលទ្រង់ប្រើវា នឹងនាំឲ្យយើងកាន់តែទៅជិតទ្រង់ទៀត ហើយជួយយើងឲ្យយកតម្រាប់តាមគំរូទ្រង់ ដោយប្រើឲ្យបានល្អនូវអំណាចណាដែលយើងមានដើម្បីប្រើប្រាស់នោះ។—អេភេសូរ ៥:១
«ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដ៏មានព្រះចេស្ដា»
៧. តើយើងអាចដឹងជាប្រាកដយ៉ាងណា ថាសេចក្ដីល្អនឹងមានជ័យជំនះលើសេចក្ដីអាក្រក់?
៧ នៅក្នុងបទគម្ពីរ ព្រះយេហូវ៉ាគឺត្រូវហៅជា«ព្រះដ៏មានគ្រប់ព្រះចេស្ដា» ជាឋានន្តរមួយ ដែលរំឭកយើងថាយើងមិនគួរមើលស្រាលនឹងព្រះចេស្ដារបស់ទ្រង់ ឬសង្ស័យអំពីសមត្ថភាពរបស់ទ្រង់ ដើម្បីមានជ័យជំនះលើពួកសត្រូវនោះទេ។ (លោកុប្បត្តិ ១៧:១; និក្ខមនំ ៦:៣) របបលោកីយ៍ដ៏អាក្រក់ជួជាតិរបស់សាតាំង ប្រហែលដូចជាបានចាក់ឫសជាប់យ៉ាងល្អ ប៉ុន្តែចំពោះព្រះនេត្ររបស់ព្រះយេហូវ៉ា «អស់ទាំងសាសន៍ប្រៀបដូចជាទឹក១ដំណក់នៅក្នុងថាំង ហើយក៏រាប់ទុកដូចជាលំអងធូលីនៅលើថាសជញ្ជីងដែរ»។ (អេសាយ ៤០:១៥) ដោយព្រោះព្រះចេស្ដារបស់ព្រះ គឺគ្មានសង្ស័យទេ ដែលថាសេចក្ដីល្អនឹងមានជ័យជំនះលើសេចក្ដីអាក្រក់នោះ។ នៅក្នុងគ្រា ដែលអំពើអាក្រក់ជួជាតិមានពាសពេញ នោះយើងអាចមានចិត្តធូរស្រាលដោយដឹងថា«ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដ៏មានព្រះចេស្ដា នៃសាសន៍អ៊ីស្រាអែល» នឹងកំទេចចោលអំពើអាក្រក់ជារៀងរហូតតទៅ។—អេសាយ ១:២៤; ទំនុកដំកើង ៣៧:៩, ១០
៨. តើព្រះយេហូវ៉ាជាមេបញ្ជាការនូវកងទ័ពខាងស្ថានសួគ៌ណា ហើយតើមានអ្វីដែលបង្ហាញថាពួកគេមានអំណាចយ៉ាងខ្លាំងនោះ?
៨ ឃ្លាដែលថា«ព្រះយេហូវ៉ានៃពួកពលបរិវារ» ដែលមាន២៨៥ដងក្នុងព្រះគម្ពីរ ក៏ជាការរំឭកមួយទៀតអំពីព្រះចេស្ដារបស់ព្រះដែរ។ «ពួកពលបរិវារ»នៅទីនេះ បានសំដៅទៅកងទ័ពនៃសត្តនិករវិញ្ញាណ ដែលព្រះយេហូវ៉ាមានក្រោមការបង្គាប់របស់ទ្រង់។ (ទំនុកដំកើង ១០៣:២០, ២១; ១៤៨:២) ក្នុងមួយយប់ គ្រាន់តែទេវតាមួយរូបបានសម្លាប់ពួកទាហានជាតិអាស៊ើរ១៨៥.០០០នាក់ ដែលកំពុងតែគំរាមកំហែងទីក្រុងយេរូសាឡិម។ (ពង្សាវតារក្សត្រទី២ ១៩:៣៥) ប្រសិនបើយើងទទួលស្គាល់អំណាចយ៉ាងខ្លាំងរបស់ពួកទ័ពខាងស្ថានសួគ៌របស់ព្រះយេហូវ៉ា នោះយើងនឹងមិនមានចិត្តខ្លាចដោយពួកប្រឆាំងនោះឡើយ។ ព្យាការីអេលីសេឥតបានភិតភ័យ ពេលដែលបានត្រូវព័ទ្ធជុំវិញដោយកងទ័ពទាំងមូល ដែលបានស្វែងរកលោក ពីព្រោះលោកបានឃើញដោយមានភ្នែកដែលជឿ នូវពួកពលបរិវារខាងស្ថានសួគ៌កំពុងតែគាំទ្រលោក មិនដូចអ្នកបំរើរបស់លោកនោះទេ។—ពង្សាវតារក្សត្រទី២ ៦:១៥-១៧
៩. ដូចព្រះយេស៊ូ ហេតុអ្វីក៏យើងគួរតែមានការទុកចិត្តលើការការពារពីព្រះ?
៩ ព្រះយេស៊ូក៏បានដឹងអំពីការគាំទ្រពីពួកទេវតាដែរ ពេលដែលទ្រង់បានប្រឈមមុខនឹងពួកមនុស្សដែលមានដាវនិងដំបង នៅក្នុងសួនគែតសេម៉ានីនោះ។ ក្រោយពីប្រាប់ពេត្រុសឲ្យស៊កដាវទៅក្នុងស្រោមវិញ នោះព្រះយេស៊ូបានមានបន្ទូលប្រាប់គាត់ថា បើត្រូវការចាំបាច់ នោះទ្រង់អាចអង្វរដល់ព្រះវរបិតាទ្រង់ ដែល«ទ្រង់នឹងចាត់ពួកទេវតា១២កងមក»។ (ម៉ាថាយ ២៦:៤៧, ៥២, ៥៣) ប្រសិនបើយើងមានការអបអរស្រដៀងគ្នានេះ ចំពោះពួកពលបរិវារនៅស្ថានសួគ៌ ដែលព្រះអាចប្រើប្រាស់តាមព្រះទ័យ នោះក៏យើងនឹងមានការទុកចិត្តទាំងស្រុងលើការគាំទ្ររបស់ព្រះដែរ។ សាវ័កប៉ុលបានសរសេរថា៖ «ដូច្នេះ យើងនឹងថ្លែងប្រាប់ពីសេចក្ដីទាំងនេះថាដូចម្ដេច បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន»?—រ៉ូម ៨:៣១
១០. តើព្រះយេហូវ៉ាប្រើព្រះចេស្ដារបស់ទ្រង់សំរាប់អ្នកណា?
១០ អ៊ីចឹងហើយ យើងមានមូលហេតុជាច្រើនក្នុងការទុកចិត្តលើការការពារពីព្រះយេហូវ៉ា។ ទ្រង់តែងតែប្រើព្រះចេស្ដារបស់ទ្រង់ជាប្រយោជន៍ល្អ ហើយសមស្របតាមគុណសម្បត្ដិឯទៀតរបស់ទ្រង់ ដូចជា យុត្ដិធម៌ ប្រាជ្ញានិងសេចក្ដីស្រឡាញ់។ (យ៉ូប ៣៧:២៣; យេរេមា ១០:១២) កាលដែលពួកមនុស្សមានឋាន:ធំដុំបានជិះជាន់ដោយញឹកញាប់លើមនុស្សក្រខ្សត់និងពួកទន់ទាប សំរាប់ជាអត្ថប្រយោជន៍ នោះព្រះយេហូវ៉ា‹លើកមនុស្សក្រីក្រឡើងចេញពីធូលីដី› ហើយ‹មានព្រះចេស្ដានឹងសង្គ្រោះ›។ (ទំនុកដំកើង ១១៣:៥-៧; អេសាយ ៦៣:១) ដូចនាងម៉ារា ដែលមានចិត្តសុភាពនិងដែលមិនចេះអួត ហើយដ៏ជាមាតារបស់ព្រះយេស៊ូ បានយល់ថា«ព្រះដ៏មានព្រះចេស្ដា» បានប្រើព្រះចេស្ដារបស់ទ្រង់ដោយឥតកំណាញ់ ដើម្បីជាប្រយោជន៍ដល់ពួកអ្នកដែលកោតខ្លាចទ្រង់ ហើយបន្ទាបពួកក្រអឺត និងដំកើងពួករាបទាបវិញ។—លូកា ១:៤៦-៥៣
ព្រះយេហូវ៉ាលាតត្រដាងព្រះចេស្ដាទ្រង់ជូនពួកអ្នកបំរើទ្រង់
១១. តើមានសក្ខីភាពអ្វីស្តីអំពីព្រះចេស្ដារបស់ព្រះ ដែលពួកអ៊ីស្រាអែលបានឃើញនៅក្នុងឆ្នាំ១៥១៣ម.ស.យ.?
១១ នៅក្នុងគ្រាមួយចំនួន នោះព្រះយេហូវ៉ាបានសម្ដែងព្រះចេស្ដាជូនពួកអ្នកបំរើទ្រង់។ គ្រាមួយបែបនេះ គឺនៅឯភ្នំស៊ីណាយនៅក្នុងឆ្នាំ១៥១៣ម.ស.យ.។ ក្នុងកំឡុងឆ្នាំនោះ ពួកអ៊ីស្រាអែលបានឃើញនូវទីសំអាងដ៏ជាក់លាក់អំពីព្រះចេស្ដារបស់ព្រះ។ សេចក្ដីវេទនាដ៏ហិនហោចទាំងដប់ប្រការ បានលាតត្រដាងនូវព្រះចេស្ដារបស់ព្រះយេហូវ៉ា និងការគ្មានអំណាចរបស់ព្រះនៃពួកអេស៊ីប។ មិនយូរប៉ុន្មានក្រោយមក ការឆ្លងសមុទ្រក្រហមដោយអព្ភូតហេតុ និងការកំទេចចោលនូវកងទ័ពរបស់ស្តេចផារ៉ោន ក៏ផ្ដល់នូវភស្តុតាងថែមទៀតអំពីព្រះចេស្ដារបស់ព្រះ។ បីខែក្រោយមក នៅឯជើងភ្នំស៊ីណាយនោះព្រះយេហូវ៉ាបានអញ្ជើញពួកអ៊ីស្រាអែលឲ្យធ្វើជាប្រជាជនដែល«ដាច់ជារបស់ផងអញ លើសជាងអស់ទាំងសាសន៍»។ ចំណែកគេវិញ នោះគេបានសន្យាថា៖ «យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់សេចក្ដី ដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលមក»។ (និក្ខមនំ ១៩:៥, ៨) រួចមក ព្រះយេហូវ៉ាបានផ្ដល់នូវការសម្ដែងដ៏ជាក់លាក់នៃព្រះចេស្ដារបស់ទ្រង់។ ភ្នំស៊ីណាយបានត្រូវចេញផ្សែងនិងញ័រ ក្នុងកាលដែលមានផ្គរនិងផ្លេកបន្ទោរ និងសម្លេងដ៏ឮចេញពីស្នែង។ ពួកបណ្ដាជនដែលឈរនៅពីចម្ងាយនោះមានចិត្តរន្ធត់ណាស់។ ប៉ុន្តែ ម៉ូសេបានប្រាប់គេថា បទពិសោធន៍នេះគួរតែបង្រៀនគេអំពីការកោតខ្លាចព្រះ ជាការខ្លាចដែលនឹងជំរុញគេឲ្យស្ដាប់តាមព្រះយេហូវ៉ាដ៏ជាព្រះពិតតែមួយ ដែលមានគ្រប់ព្រះចេស្ដា។—និក្ខមនំ ១៩:១៦-១៩; ២០:១៨-២០
១២, ១៣. តើកាលៈទេសៈអ្វីដែលបាននាំឲ្យអេលីយ៉ាចាកចេញពីកិច្ចការរបស់លោក ប៉ុន្តែតើព្រះយេហូវ៉ាពង្រឹងកម្លាំងលោកយ៉ាងដូចម្ដេច?
១២ ប៉ុន្មានសតវត្សក្រោយមក ក្នុងកំឡុងសម័យរបស់អេលីយ៉ា នោះក៏មានការសម្ដែងនៃព្រះចេស្ដារបស់ព្រះមួយទៀតនៅឯភ្នំស៊ីណាយ។ ព្យាការីនេះបានឃើញព្រះចេស្ដារបស់ព្រះរួចទៅហើយ។ អស់រយៈបីឆ្នាំកន្លះ ព្រះ«បិទផ្ទៃមេឃ» ពីព្រោះមានសេចក្ដីក្បត់ជំនឿនៃសាសន៍អ៊ីស្រាអែល។ ក្នុងកំឡុងពេលរាំងភ្លៀង នោះសត្វក្អែកពាំអាហារឲ្យអេលីយ៉ាដែលអាស្រ័យនៅក្បែរជ្រោះកេរីត។ ក្រោយមក ម្សៅនិងប្រេងបន្ដិចបន្តួចរបស់ស្រីមេម៉ាយម្នាក់ ក៏បានត្រូវផ្ដល់ឲ្យជាអព្ភូតហេតុ ដើម្បីឲ្យគាត់នូវអាហារ។ ព្រះយេហូវ៉ាព្រមទាំងធ្វើឲ្យអេលីយ៉ាមានអំណាច ដើម្បីប្រោសឲ្យកូនប្រុសរបស់ស្រីមេម៉ាយនេះរស់ឡើងវិញ។ នៅទីបំផុត ក្នុងការសាកល្បងដ៏អស្ចារ្យនៃភាពជាព្រះលើភ្នំកើមែល មានភ្លើងធ្លាក់ចុះពីមេឃមកបញ្ឆេះតង្វាយរបស់អេលីយ៉ា។ (ពង្សាវតារក្សត្រទី១ ១៧:៤-២៤; ១៨:៣៦-៤០) យ៉ាងណាក៏ដោយ មិនយូរប៉ុន្មានក្រោយមក នោះអេលីយ៉ាបានទៅជាភិតភ័យ និងបានធ្លាក់ទឹកចិត្តពេលដែលយេសិបិល បានគំរាមកំហែងរកសម្លាប់លោក។ (ពង្សាវតារក្សត្រទី១ ១៩:១-៤) គាត់បានរត់ចេញពីប្រទេស ដោយគិតថា កិច្ចការរបស់លោកជាព្យាការីម្នាក់ គឺចប់ហើយ។ ប៉ុន្តែដោយព្រះទ័យដ៏សប្បុរស នោះព្រះយេហូវ៉ាបានប្រទានឲ្យលោកឃើញនូវការសម្ដែងនៃព្រះចេស្ដារបស់ព្រះ ដើម្បីធានារ៉ាប់រងនិងពង្រឹងលោក។
១៣ នៅពេលដែលអេលីយ៉ាបានពួនក្នុងរោង នោះលោកបានឃើញនូវការសម្ដែងដ៏ស្ញប់ស្ញែងបីនៃកម្លាំង ដែលព្រះយេហូវ៉ាកាន់កាប់ ហើយនោះគឺខ្យល់ព្យុះគំហុកជាខ្លាំង និងការកក្រើកដី និងចុងបំផុតគឺភ្លើង។ ប៉ុន្តែនៅពេលដែលព្រះយេហូវ៉ាបានមានបន្ទូលទៅអេលីយ៉ា នោះទ្រង់បានមានបន្ទូលដោយ«សំឡេងតូចរហៀងៗ»។ ទ្រង់បានប្រទានឲ្យលោកនូវកិច្ចការឯទៀត ហើយប្រាប់លោកថា នៅមានពួកអ្នកថ្វាយបង្គំដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា៧.០០០នាក់ទៀតនៅក្នុងស្រុកនេះ។ (ពង្សាវតារក្សត្រទី១ ១៩:៩-១៨) បើដូចអេលីយ៉ា យើងទៅជាមានការធ្លាក់ទឹកចិត្ត ដោយលទ្ធផលពីកិច្ចបំរើផ្សាយរបស់យើង នោះយើងអាចទូលអង្វរព្រះយេហូវ៉ាសុំ«ឥទ្ធិឫទ្ធិដ៏លើសលប់» ជាព្រះចេស្ដាដែលអាចពង្រឹងយើងឲ្យបន្តផ្សព្វផ្សាយដំណឹងល្អ ដោយឥតឈប់ឈរ។—កូរិនថូសទី២ ៤:៧
ព្រះចេស្ដារបស់ព្រះយេហូវ៉ាធានារ៉ាប់រងនូវការសម្រេចនៃសេចក្ដីសន្យារបស់ទ្រង់
១៤. តើព្រះនាមរបស់ព្រះយេហូវ៉ាផ្ទាល់លាតត្រដាងអ្វី ហើយតើតាមរបៀបណាដែលព្រះចេស្ដារបស់ទ្រង់ បានទាក់ទងនឹងព្រះនាមរបស់ទ្រង់?
១៤ ព្រះចេស្ដារបស់ព្រះយេហូវ៉ាគឺជាប់ទាក់ទងនឹងព្រះនាមទ្រង់ និងការសម្រេចនៃរាជបំណងរបស់ទ្រង់ដែរ។ ព្រះនាមដ៏ចម្លែកអស្ចារ្យនេះគឺយេហូវ៉ា ដែលមានន័យថា «ទ្រង់ដែលធ្វើឲ្យក្លាយជា» លាតត្រដាងថាទ្រង់ធ្វើឲ្យអង្គទ្រង់ ធ្វើជាអ្នកសម្រេចនៃសេចក្ដីសន្យាទាំងនោះ។ គ្មានអ្វីឬអ្នកណាម្នាក់អាចបង្ការព្រះពីការសម្រេចគោលបំណងរបស់ទ្រង់ នោះឡើយ ទោះជាអ្នករិះគន់គិតថាគោលបំណងនោះរបស់ទ្រង់ពិបាកនឹងយល់ក៏ដោយ។ ដូចជានៅពេលមួយ ព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកសាវ័កទ្រង់ នោះ«ព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់»។—ម៉ាថាយ ១៩:២៦
១៥. តើតាមរបៀបណាដែលអ័ប្រាហាំនិងសារ៉ាបានត្រូវរំឭកថា គ្មានអ្វីដែលព្រះយេហូវ៉ាធ្វើពុំកើតនោះ?
១៥ ដើម្បីនឹងពន្យល់ នៅពេលមួយ ព្រះយេហូវ៉ាបានសន្យាប្រាប់អ័ប្រាហាំនិងសារ៉ាថា ទ្រង់នឹងធ្វើឲ្យកូនចៅរបស់លោកទៅជាសាសន៍ដ៏ធំមួយ។ ប៉ុន្តែ ពួកគេនៅតែឥតមានកូនអស់រយៈពេលជាច្រើនឆ្នាំ។ ពួកគេទាំងពីរនាក់គឺមានអាយុកាន់តែចាស់ណាស់ទៅហើយ ពេលដែលព្រះយេហូវ៉ាមានបន្ទូលប្រាប់គេថា សេចក្ដីសន្យានោះនឹងជិតសម្រេចហើយ នោះសារ៉ាទៅជាអស់សំណើច។ ក្នុងការតបឆ្លើយ នោះទេវតាមួយរូបប្រាប់ថា៖ «តើមានការអ្វីដែលព្រះយេហូវ៉ាធ្វើមិនកើតដែរឬអី»? (លោកុប្បត្តិ ១២:១-៣; ១៧:៤-៨; ១៨:១០-១៤) បួនសតវត្សក្រោយមក នៅពេលដែលម៉ូសេបានប្រមូលកូនចៅរបស់អ័ប្រាហាំ ដែលឥឡូវជាសាសន៍ដ៏ធំមួយ នៅឯកណ្ដាលវាលម៉ូអាប់នោះលោកបានរំឭកពួកគេថា ព្រះបានសម្រេចសេចក្ដីសន្យារបស់ទ្រង់ហើយ។ ម៉ូសេបានមានប្រសាសន៍ថា៖ «ហើយដោយព្រោះទ្រង់បានស្រឡាញ់ពួកឰយុកោឯង បានជាទ្រង់រើសយកពូជគេតៗមក ព្រមទាំងនាំឯងចេញពីស្រុកអេស៊ីព្ទមកនៅចំពោះទ្រង់ ដោយព្រះចេស្ដាដ៏ជាធំរបស់ទ្រង់ ដើម្បីនឹងបណ្ដេញអស់ទាំងសាសន៍ដែលធំ ហើយពូកែជាងឯង ពីមុខឯងចេញ ឲ្យបាននាំឯងចូលទៅ ប្រយោជន៍នឹងឲ្យស្រុកគេ ទុកជាមរដកដល់ឯង ដូចជាមានសព្វថ្ងៃនេះ»។—ចោទិយកថា ៤:៣៧, ៣៨
១៦. ហេតុអ្វីក៏ជាការខុសដែលពួកសាឌូស៊ីបដិសេធលើដំណើររស់ឡើងវិញនៃពួកមនុស្សស្លាប់?
១៦ ជាច្រើនសតវត្សក្រោយមក ព្រះយេស៊ូបានផ្ដន្ទាទោសពួកសាឌូស៊ី ដែលមិនបានជឿលើដំណើររស់ឡើងវិញ។ ហេតុអ្វីក៏ពួកគេបដិសេធមិនជឿលើសេចក្ដីសន្យារបស់ព្រះ ថាទ្រង់នឹងនាំយកមកវិញនូវពួកមនុស្សស្លាប់? ព្រះយេស៊ូមានបន្ទូលប្រាប់គេថា៖ «អ្នករាល់គ្នា . . . មិនយល់គម្ពីរ ឬព្រះចេស្ដានៃព្រះសោះ»។ (ម៉ាថាយ ២២:២៩) បទគម្ពីរទាំងឡាយធានារ៉ាប់រងយើងថា ‹អស់ទាំងខ្មោចនៅក្នុងផ្នូរ នឹងឮសម្លេងរបស់កូនមនុស្ស ហើយនឹងចេញមក›។ (យ៉ូហាន ៥:២៧-២៩) ប្រសិនបើយើងដឹងនូវអ្វីដែលព្រះគម្ពីរចែងអំពីដំណើររស់ឡើងវិញ នោះទំនុកចិត្តរបស់យើងលើព្រះចេស្ដារបស់ទ្រង់ នឹងបញ្ជាក់ឲ្យយើងជឿថា ពួកមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ ព្រះ«នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប . . . ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលដូច្នេះហើយ»។—អេសាយ ២៥:៨
១៧. តើនៅថ្ងៃណាក្នុងអនាគត ដែលការទុកចិត្តលើព្រះយេហូវ៉ា គឺជាអ្វីដែលត្រូវការជាចាំបាច់តាមរបៀបដ៏ពិសេសនោះ?
១៧ នៅនាអនាគត នឹងមានពេលវេលាមកដល់ ដែលយើងគ្រប់គ្នានឹងត្រូវតែ ទុកចិត្តលើព្រះចេស្ដាដ៏សង្គ្រោះរបស់ព្រះតាមរបៀបដ៏ពិសេស។ អារក្សសាតាំងនឹងចាប់វាយប្រហារលើរាស្ត្ររបស់ព្រះ ដែលមើលទៅហាក់ដូចជាគ្មានការការពារនោះទេ។ (អេសេគាល ៣៨:១៤-១៦) ពេលនោះព្រះនឹងសម្ដែងនូវព្រះចេស្ដាដ៏ខ្លាំងក្លារបស់ទ្រង់ ដើម្បីជាប្រយោជន៍ដល់យើង និងមនុស្សគ្រប់គ្នានឹងដឹងថា ទ្រង់ជាព្រះយេហូវ៉ាមែន។ (អេសេគាល ៣៨:២១-២៣) ឥឡូវនេះជាពេលវេលាដើម្បីសាងសង់ជំនឿនិងទំនុកចិត្តរបស់យើង លើព្រះដែលមានគ្រប់ព្រះចេស្ដា ដើម្បីកុំឲ្យយើងមានចិត្តស្ទាក់ស្ទើរនៅគ្រាដ៏សំខាន់នោះ។
១៨. (ក) តើយើងទទួលប្រយោជន៍អ្វីពីការរំពឹងគិតលើព្រះចេស្ដារបស់ព្រះយេហូវ៉ា? (ខ) តើសំនួរអ្វីនឹងត្រូវពិចារណាមើលក្នុងអត្ថបទជាបន្ទាប់?
១៨ ដោយឥតមានចិត្តសង្ស័យ គឺមានមូលហេតុជាច្រើនក្នុងការរំពឹងគិតលើព្រះចេស្ដារបស់ព្រះយេហូវ៉ា។ កាលដែលយើងសញ្ជឹងគិតលើកិច្ចការរបស់ទ្រង់ នោះយើងបានត្រូវជំរុញឲ្យមានចិត្តរាបទាប ក្នុងការសរសើរព្រះជាអ្នកបង្កើតដ៏ខ្ពស់ថ្កើង និងអរព្រះគុណទ្រង់ ដែលទ្រង់ប្រើព្រះចេស្ដារបស់ទ្រង់ ដោយប្រាជ្ញានិងដែលប្រកបដោយសេចក្ដីស្រឡាញ់។ យើងនឹងមិនដែលមានចិត្តភិតភ័យនោះទេ បើយើងទុកចិត្តលើព្រះយេហូវ៉ានៃពួកពលបរិវារនោះ។ ជំនឿរបស់យើងលើសេចក្ដីសន្យារបស់ទ្រង់ក៏នឹងមិនដែលរេរាដែរ។ ប៉ុន្តែ ចូរចាំថា យើងបានត្រូវបង្កើតមកឲ្យដូចរូបអង្គព្រះ។ ដូច្នេះហើយ យើងក៏មានអំណាចដែរ ទោះជាមានកំណត់ក៏ដោយ។ តើតាមរបៀបណាដែលយើងអាចយកតម្រាប់តាមព្រះដ៏ជាអ្នកបង្កើតរបស់យើង ដោយប្រើអំណាចរបស់យើងនោះ? ចំណុចនេះនឹងត្រូវពិចារណាមើលក្នុងអត្ថបទជាបន្ទាប់។
[កំណត់សម្គាល់]
^ គឺបានជឿជាទូទៅ ដែលឥន្ធនៈហ្វូស៊ីលដូចជាប្រេងនិងធ្យូង ដែលជាប្រភពថាមពលនៃរោងចក្រអគ្គីសនី ថាមពលរបស់គេទទួលពីសុរិយា។
^ បើប្រៀបធៀបនឹងគ្រាប់បែកនុយក្លេអែរដ៏ខ្លាំងក្លាបំផុត ដែលបានត្រូវសាកល្បងប្រើ នោះមានថាមពលស្មើទៅនឹងការផ្ទុះសមាសធាតុជាតិពុល៥៧លានតោន។
^ គោព្រៃដែលបានប្រាប់ក្នុងព្រះគម្ពីរ គឺប្រហែលជាគោឈ្មោល (ភាសាឡាតាំង គឺអ៊ឺរ៉ុស)។ ពីរពាន់ឆ្នាំកន្លងទៅនេះ សត្វទាំងនេះគឺមាននៅកន្លែងប្រទេសហ្គូល (ដែលឥឡូវជាប្រទេសបារាំង) ហើយយូលាសសេសារបានសរសេរដោយពិពណ៌នាដូចតទៅថា៖ «សត្វអ៊ឺរ៉ុសទាំងនេះគឺតូចជាងដំរីបន្ដិច ប៉ុន្តែលក្ខណៈរបស់វា សម្បុរ និងមាឌ នោះគឺដូចជាគោព្រៃ។ ពួកវាមានកម្លាំងខ្លាំង ហើយមានល្បឿនលឿនទៀត។ ពួកវាកំទេចចោលទាំងមនុស្សទាំងសត្វ ពេលដែលក្រឡេកឃើញនោះ»។
តើអ្នកអាចឆ្លើយសំនួរទាំងនេះឬទេ?
• តើការបង្កើតបង្ហាញភស្តុតាងយ៉ាងដូចម្ដេច អំពីព្រះចេស្ដារបស់ព្រះយេហូវ៉ា?
• តើពួកពលបរិវារណាដែលព្រះយេហូវ៉ាប្រើ ដើម្បីគាំទ្ររាស្ត្ររបស់ទ្រង់?
• តើមានគ្រាណាខ្លះដែលព្រះយេហូវ៉ា បានសម្ដែងព្រះចេស្ដារបស់ទ្រង់នោះ?
• តើយើងមានការធានារ៉ាប់រងអ្វីដែលថាព្រះយេហូវ៉ា នឹងសម្រេចសេចក្ដីសន្យាទាំងប៉ុន្មានរបស់ទ្រង់នោះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៥]
«ចូរងើយភ្នែកឯងមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ»?
[អ្នកផ្ដល់សិទ្ធិ]
Photo by Malin, © IAC/RGO 1991