លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបដែលព្រះយេហូវ៉ាកំពុងតែដឹកនាំយើង

របៀបដែលព្រះយេហូវ៉ាកំពុងតែដឹកនាំយើង

របៀប​ដែល​ព្រះ​យេហូវ៉ា​កំពុង​តែ​ដឹក​នាំ​យើង

«សូម​នាំ​ទូល​បង្គំ​ទៅ​តាម​ផ្លូវ​រាប​ស្មើ»។—ទំនុកដំកើង ២៧:១១

១, ២. (ក) តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​កំពុង​តែ​ដឹក​នាំ​រាស្ត្រ​ទ្រង់​សព្វ​ថ្ងៃ​នេះ? (ខ) តើ​ការ​ឆ្លៀត​យក​ប្រយោជន៍​ឲ្យ​បាន​ពេញ​លេញ​ពី​កិច្ច​ប្រជុំ នោះ​ទាក់​ទង​អ្វី​ខ្លះ?

 ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​ពន្លឺ​និង​សេចក្ដី​ពិត ដូច​ជា​យើង​បាន​រៀន​នៅ​ក្នុង​អត្ថបទ​មុន​នេះ។ បន្ទូល​របស់​ទ្រង់​បំភ្លឺ​ផ្លូវ​យើង កាល​ដែល​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវ​រាប​ស្មើ។ ព្រះ​យេហូវ៉ា​ដឹក​នាំ​យើង​ដោយ​បង្ហាត់​បង្រៀន​យើង​តាម​ផ្លូវ​របស់​ទ្រង់។ (ទំនុកដំកើង ១១៩:១០៥) ដូច​អ្នក​តែងបទ​ទំនុកដំកើងពី​ដើម នោះ​យើង​តប​ឆ្លើយ​ដោយ​អំណរ​គុណ ដល់​ការ​ដឹក​នាំ​របស់​ព្រះ ហើយ​អធិស្ឋាន​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវ​ទ្រង់​ដល់​ទូល​បង្គំ ហើយ​ដោយ​ព្រោះ​មាន​ពួក​ខ្មាំង​សត្រូវ នោះ​សូម​នាំ​ទូល​បង្គំ​ទៅ​តាម​ផ្លូវ​រាប​ស្មើ»។—ទំនុកដំកើង ២៧:១១

របៀប​មួយ​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​នូវ​ការ​បង្ហាត់​បង្រៀន​សព្វ​ថ្ងៃ​នេះ គឺ​តាម​រយៈ​កិច្ច​ប្រជុំ​គ្រីស្ទាន។ តើ​យើង​ឆ្លៀត​យក​ប្រយោជន៍​ពី​សំ​វិធានការ​នេះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ឬ​ទេ? ដោយ (១) ទៅ​ប្រជុំ​យ៉ាង​ទៀង​ទាត់ (២) ស្ដាប់​នូវ​កម្ម​វិធី​ដោយ​ប្រុង​ប្រយ័ត្ន និង (៣) ប្រុង​ប្រៀប​ចូល​រួម​ក្នុង​កម្ម​វិធី​ណា​ដែល​ទាក់​ទង​នឹង​អ្នក​ស្ដាប់។ ម្យ៉ាង​ទៀត​នោះ តើ​យើង​តប​ដោយ​អំណរ​គុណ ពេល​ដែល​យើង​ទទួល​នូវ​យោបល់ ដែល​នឹង​ជួយ​រក្សា​យើង​ឲ្យ​នៅ​តាម«ផ្លូវ​រាប​ស្មើ»នោះ​ឬ​ទេ?

តើ​ការ​ទៅ​កិច្ច​ប្រជុំ​របស់​អ្នក​យ៉ាង​ណា​ដែរ?

៣. តើ​ដោយ​ដូច​ម្ដេច​បាន​ជា​អ្នក​បំរើ​ពេញ​ពេល​ម្នាក់ បាន​បង្កើត​ទម្លាប់​ល្អ​ជា​ការ​ទៅ​ឯ​កិច្ច​ប្រជុំ​យ៉ាង​ទៀង​ទាត់​នោះ?

ពួក​អ្នក​ខ្លះ​ដែល​ជា​អ្នក​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ បាន​ទៅ​កិច្ច​ប្រជុំ​យ៉ាង​ទៀង​ទាត់​តាំង​ពី​ក្មេង​មក​ម្ល៉េះ។ អ្នក​បំរើ​ពេញ​ពេញ​ម្នាក់​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ក៏​នឹក​ចាំ​ថា៖ «នៅ​ពេល​ដែល​បង​ស្រី​ៗ​របស់​ខ្ញុំ​និង​ខ្ញុំ​បាន​ធំ​ឡើង​ក្នុង​ទសវត្ស​នៃ​ឆ្នាំ​១៩៣០ យើង​មិន​ចាំ​បាច់​សួរ​ឪពុក​ម្ដាយ​ថា តើ​យើង​នឹង​ត្រូវ​ទៅ​ប្រជុំ​នោះ​ឡើយ។ យើង​បាន​ដឹង​ថា យើង​នឹង​ទៅ​ប្រជុំ បើ​យើង​មិន​ឈឺ​នោះ​ទេ។ ក្រុម​គ្រួសារ​របស់​យើង​មិន​ដែល​ខាន​ទៅ​ប្រជុំ​ទេ»។ ដូច​ព្យាការី​នី​អាណ បង​ស្រី​នេះ«មិន​ទៅ​ណា​ឆ្ងាយ»ឡើយ ពី​ដំណាក់​របស់​ព្រះ​យេហូវ៉ា​សំរាប់​ការ​ថ្វាយ​បង្គំ។—លូកា ២:៣៦,៣៧, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

៤​-​៦ (ក) ហេតុ​អ្វី​ក៏​អ្នក​ផ្សាយ​ខ្លះ​ខាង​ព្រះ​រាជាណាចក្រ ខាន​ទៅ​កិច្ច​ប្រជុំ? (ខ) ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ​ដែល​ត្រូវ​ទៅ​ឯ​កិច្ច​ប្រជុំ?

តើ​អ្នក​ក្នុង​ចំណោម​អស់​អ្នក​ដែល​ទៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន​យ៉ាង​ទៀង​ទាត់​ទេ ឬ​ក៏​តើ​អ្នក​បាន​ទៅ​ជា​មិន​ទៀង​ទាត់​ក្នុង​ករណី​នេះ? ពួក​គ្រីស្ទាន​ខ្លះ​ដែល​គិត​ថា​គេ​បាន​ធ្វើ​ល្អ​ក្នុង​ករណី​នេះ បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​បាន​ប្រាកដ​ប្រជា។ ពួក​គេ​បាន​កត់​ទុក​នូវ​កិច្ច​ប្រជុំ​ទាំង​អស់ ដែល​គេ​បាន​ទៅ​អស់​រយៈ​បី​បួន​សប្ដាហ៍។ នៅ​ពេល​ដែល​គេ​បាន​មើល​សេចក្ដី​រាយ​ការណ៍​នោះ​ឡើង​វិញ នៅ​ឯ​ចុង​បញ្ចប់​កំឡុង​កំណត់​ពេល​នោះ ពួក​គេ​មាន​ចិត្ត​ភ្ញាក់​ផ្អើល​ពី​កិច្ច​ប្រជុំ​មួយ​ចំនួន​ដែល​គេ​បាន​ខាន​ទៅ។

អ្នក​ខ្លះ​ប្រហែល​ជា​និយាយ​ថា៖ ‹គឺ​មិន​ជា​ការ​ងឿង​ឆ្ងល់​ទេ ដ្បិត​មនុស្ស​សព្វ​ថ្ងៃ​គឺ​មាន​ការ​ពិបាក​ច្រើន​ណាស់ ដែល​មិន​ជា​ស្រួល​ឲ្យ​គេ​ទៅ​ឯ​កិច្ច​ប្រជុំ​ឲ្យ​បាន​ទៀង​ទាត់​នោះ​ទេ›។ គឺ​ប្រាកដ​ជា​ពិត​មែន​ហើយ ដែល​យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​ដ៏​ពិបាក​មួយ។ ម្យ៉ាង​វិញ​ទៀត ការ​បង្ខិត​បង្ខំ​នឹង​កើន​ឡើង​ជា​ពុំ​ខាន។ (ធីម៉ូថេ​ទី​២ ៣:១៣) ប៉ុន្តែ តើ​នេះ​ធ្វើ​ឲ្យ​ការ​ទៅ​ឯ​កិច្ច​ប្រជុំ​យ៉ាង​ទៀង​ទាត់​នោះ កាន់​តែ​សំខាន់​ទៅ​ទៀត​មែន​ទេ? បើ​គ្មាន​អាហារ​ខាង​វិញ្ញាណ​ដ៏​ល្អ​ជា​ទៀង​ទាត់​មក​ទ្រ​ទ្រង់​យើង​នោះ​ទេ យើង​មិន​អាច​សង្ឃឹម​ថា​នឹង​ត​ស៊ូ​ចំពោះ​ការ​បង្ខិត​បង្ខំ​ដែល​ប្រព័ន្ធ​នេះ​ដាក់​មក​លើ​យើង​នោះ​ឡើយ។ យ៉ាង​ណា​មិញ បើ​គ្មាន​ការ​ចូល​រួម​ជា​ទៀង​ទាត់ នោះ​យើង​ប្រហែល​ជា​ងាយ​នឹង​បោះ​បង់​ចោល«ផ្លូវ​របស់​មនុស្ស​សុចរិត»តែ​ម្ដង! (សុភាសិត ៤:១៨) ពិត​មែន នៅ​ពេល​ដែល​យើង​មក​ដល់​ផ្ទះ ក្រោយ​ពី​បាន​ធ្វើ​ការ​នឿយ​ហត់ នោះ​យើង​ប្រហែល​ជា​មិន​តែង​មាន​ចិត្ត​ចង់​ទៅ​ឯ​កិច្ច​ប្រជុំ​ទេ។ ប៉ុន្តែ នៅ​ពេល​ដែល​យើង​ទៅ​ឯ​កិច្ច​ប្រជុំ ទោះ​ជា​មាន​ការ​នឿយ​ហត់​យ៉ាង​ណា​ក៏​ដោយ នោះ​យើង​បាន​ទទួល​ប្រយោជន៍​សំរាប់​ខ្លួន​យើង ហើយ​យើង​លើក​ទឹក​ចិត្ត​បង​ប្អូន​គ្រីស្ទាន​របស់​យើង​នៅ​ឯ​សាល​ព្រះ​រាជាណាចក្រ។

សៀវភៅ​ហេព្រើរ ១០:២៥ ប្រាប់​នូវ​មូលហេតុ​ដ៏​សំខាន់​មួយ​ទៀត ដែល​យើង​ត្រូវ​តែ​ទៅ​ឯ​កិច្ច​ប្រជុំ​យ៉ាង​ទៀង​ទាត់។ នៅ​ទី​នោះ​សាវ័ក​ប៉ុល​ដាស់​តឿន​ពួក​គ្រីស្ទាន​គ្នី​គ្នា​ឲ្យ​ប្រជុំ​គ្នា «ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ»។ ត្រូវ​ហើយ យើង​មិន​គួរ​ភ្លេច​នូវ​ហេតុ​ការណ៍​ពិត​ដែល​ថា«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា» កាន់​តែ​កៀក​ណាស់​ហើយ។ (ពេត្រុស​ទី​២ ៣:១២) ប្រសិន​បើ​យើង​នឹងសន្និដ្ឋាន​ថា ទី​បញ្ចប់​នៃ​ប្រព័ន្ធ​នេះ​គឺ​នៅ​យូរ​ណាស់ នោះ​យើង​ប្រហែល​ជា​ចាប់​ផ្ដើម​អនុញ្ញាត​ឲ្យ​ការ​ស្វះ​ស្វែង​ផ្ទាល់​ខ្លួន​របស់​យើង មក​រុញ​ច្រាន​ចោល​នូវ​សកម្មភាព​ខាង​វិញ្ញាណ​ដ៏​ចាំ​បាច់ ដូច​ជា​ការ​ទៅ​ឯ​កិច្ច​ប្រជុំ​ជា​ដើម។ រួច​មក‹ថ្ងៃ​នោះ​មក​ដល់​យើង​រាល់​គ្នា​ភ្លាម› ដូច​ជា​ព្រះ​យេស៊ូ​បាន​ព្រមាន​អ៊ីចឹង។—លូកា ២១:៣៤

ចូរ​ធ្វើ​ជា​អ្នក​ស្ដាប់​ឲ្យ​បាន​ល្អ

៧. ហេតុ​អ្វី​ក៏​សំខាន់​ឲ្យ​ក្មេង​ៗ​ប្រុង​ស្មារតី​នៅ​ឯ​កិច្ច​ប្រជុំ?

គឺ​មិន​គ្រប់​គ្រាន់​ទេ ដោយ​គ្រាន់​តែ​ទៅ​ឯ​កិច្ច​ប្រជុំ​នោះ។ យើង​ត្រូវ​តែ​ប្រុង​ស្ដាប់ ទាំង​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី​ដែល​គេ​បាន​ថ្លែង​មក​នោះ។ (សុភាសិត ៧:២៤) នេះ​ក៏​រួម​បញ្ចូល​កូន​ៗ​របស់​យើង​ដែរ។ នៅ​ពេល​កូន​ក្មេង​ម្នាក់​ទៅ​ឯ​សាលា​រៀន នោះ​គេ​តម្រូវ​ឲ្យ​វា​ប្រុង​ស្មារតី​ស្ដាប់​គ្រូ សូម្បី​តែ​កាល​ដែល​ប្រធាន​ណា​មួយ​មិន​ពេញ​ចិត្ត​វា ឬ​ហាក់​ដូច​ជា​ហួស​ពី​ការ​យល់​ដឹង​របស់​វា​ក៏​ដោយ។ គ្រូ​បង្រៀន​ដឹង​ថា បើ​កូន​ក្មេង​នោះ​ខំ​ប្រឹង​ប្រុង​ស្មារតី នោះ​យ៉ាង​ហោច​ណាស់ នឹង​ទទួល​ប្រយោជន៍​ខ្លះ​ពី​មេ​រៀន​នោះ​ដែរ។ បើ​អ៊ីចឹង តើ​សម​ហេតុ​ផល​មែន​ទេ ដែល​ថា​កូន​ក្មេង​ណា​ដែល​គ្រប់​អាយុ​ចូល​សាលា​ហើយ នោះ​អាច​ប្រុង​ស្មារតី​នឹង​សេចក្ដី​បង្ហាត់​បង្រៀន ដែល​បាន​ផ្ដល់​មក​នៅ​ឯ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ ជា​ជាង​អនុញ្ញាត​ឲ្យ​កូន​នោះ​ទៅ​ជា​ដេក​លក់​ភ្លាម​ៗ ពេល​ដែល​កិច្ច​ប្រជុំ​ចាប់​ផ្ដើម​នោះ? ពិត​មែន ក្នុង​ចំណោម​សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​ក្នុងបទគម្ពីរ នោះ​គឺ​មាន«សេចក្ដី​ខ្លះ​ដែល​ពិបាក​យល់»។ (ពេត្រុស​ទី​២ ៣:១៦) ប៉ុន្តែ យើង​មិន​គួរ​មើល​ងាយ​នូវ​សមត្ថភាព​របស់​កូន​ក្មេង ក្នុង​ការ​រៀន​នោះ​ឡើយ។ ព្រះ​ទ្រង់​មិន​មាន​ព្រះ​តំរិះ​ដូច​នេះ​ទេ។ នៅ​ជំនាន់​ព្រះ​គម្ពីរ ទ្រង់​បាន​បង្គាប់​ឲ្យ​យុវជន​ដែល​បំរើ​ទ្រង់​ឲ្យ‹ស្ដាប់​និង​រៀន ព្រម​ទាំង​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ទាំង​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រិត្យ​វិន័យ​នេះ› ដែល​ក្រិត្យ​វិន័យ​ខ្លះ​នោះ​ប្រាកដ​ជា​ពិបាក​យល់​ចំពោះ​កូន​ក្មេង។ (ចោទិយកថា ៣១:១២; ប្រៀប​មើល លេវីវិន័យ ១៨:១​-​៣០) តើ​ព្រះ​យេហូវ៉ា​តម្រូវ​តិច​ជាង​នេះ​ពី​ក្មេង​ៗ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ?

៨. តើ​ឪពុក​ម្ដាយ​ខ្លះ​ធ្វើ​អ្វី ដើម្បី​ជួយ​កូន​ខ្លួន​ឲ្យ​ចេះ​ប្រុង​ស្មារតី​នៅ​ឯ​កិច្ច​ប្រជុំ?

ឪពុក​ម្ដាយ​ជា​គ្រីស្ទាន​ដឹង​ថា សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​កូន​ខ្លួន គឺ​បាន​ត្រូវ​បំពេញ​ខ្លះ​ដោយ​សារ​អ្វី​ដែល​គេ​រៀន​នៅ​ឯ​កិច្ច​ប្រជុំ។ ដូច្នេះ​ហើយ ឪពុក​ម្ដាយ​ខ្លះ​រៀបចំ​ឲ្យ​កូន​ៗ​របស់​ខ្លួន ដេក​មួយ​ស្របក់​មុន​នឹង​កិច្ច​ប្រជុំ ដើម្បី​ឲ្យ​គេ​មក​ដល់​សាល​ព្រះ​រាជាណាចក្រ ទាំង​មាន​អារម្មណ៍​ល្អ ហើយ​ប្រុង​ប្រៀប​នឹង​រៀន។ ឪពុក​ម្ដាយ​ខ្លះ​ប្រហែល​ជា​ដាក់​កំរិត ឬ​មិន​ឲ្យ​កូន​មើល​ទូរទស្សន៍​ថ្ងៃ​ណា​ដែល​មាន​កិច្ច​ប្រជុំ​ឡើយ។ (អេភេសូរ ៥:១៥, ១៦) ហើយ​ឪពុក​ម្ដាយ​បែប​នេះ​ខំ​រក្សា​កុំ​ឲ្យ​មាន​ការ​រំខាន​ច្រើន​ពេក ដោយ​លើក​ទឹក​ចិត្ត​កូន​របស់​ខ្លួន​ឲ្យ​ស្ដាប់​និង​រៀន ស្រប​ទៅ​តាម​អាយុ​និង​សមត្ថភាព​របស់​គេ។—សុភាសិត ៨:៣២

៩. តើ​អ្វី​ដែល​ប្រហែល​ជា​អាច​ជួយ​យើង​បណ្ដុះ​នូវ​សមត្ថភាព​ចេះ​ស្ដាប់​នោះ?

ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​ពួក​មនុស្ស​ពេញ​វ័យ ពេល​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ត្រូវ​ឲ្យ​ប្រយ័ត ដែល​អ្នក​រាល់​គ្នា​ឮ​ជា​យ៉ាង​ណា»។ (លូកា ៨:១៨) សព្វ​ថ្ងៃ​នេះ​គឺ​ស្រួល​និយាយ​ជា​ជាង​ធ្វើ​ទៅ​វិញ។ ប្រាកដ​មែន យើង​ត្រូវ​ខំ​ប្រឹង​ណាស់​ដើម្បី​ឲ្យ​មាន​ការ​ខ្នះ​ខ្នែង​ខាង​ស្ដាប់ ប៉ុន្តែ​សមត្ថភាព​ចេះ​ស្ដាប់ នោះ​អាច​បណ្ដុះ​ឲ្យ​មាន​បាន។ កាល​ដែល​អ្នក​ស្ដាប់​ការ​អធិប្បាយ​ខាង​ព្រះ​គម្ពីរ ឬ​ក៏​ចំណែក​ណា​មួយ​តាម​កម្ម​វិធី​ប្រជុំ សូម​ខំ​ប្រឹង​សម្គាល់​រក​នូវ​ចំណុច​ដ៏​សំខាន់។ ចូរ​គិត​ជា​មុន​ពី​អ្វី​ដែល​អ្នក​អធិប្បាយ​នឹង​និយាយ​ជា​បន្ទាប់។ ចូរ​សម្គាល់​រក​ចំណុច​ណា​ដែល​អ្នក​អាច​ប្រើ​ក្នុង​កិច្ច​បំរើ​របស់​អ្នក ឬ​ក៏​យក​មក​អនុវត្ត​ក្នុង​ជីវិត​របស់​អ្នក។ ចូរ​ពិនិត្យ​សារ​ឡើង​វិញ​ក្នុង​គំនិត​នូវ​ចំណុច​ទាំង​ប៉ុន្មាន កាល​ដែល​បាន​ត្រូវ​យក​មក​ពិចារណា​នោះ។ ចូរ​កត់​កំណត់​យ៉ាង​ខ្លី​ៗ។

១០, ១១. តើ​ឪពុក​ម្ដាយ​ខ្លះ​បាន​ជួយ​កូន​ៗ​ឲ្យ​ទៅ​ជា​អ្នក​ស្ដាប់​បាន​ប្រសើរ​ជាង​យ៉ាង​ដូច​ម្ដេច ហើយ​តើ​វិធី​ណា​ខ្លះ​ដែល​អ្នក​បាន​ឃើញ​ថា​មាន​ប្រយោជន៍​នោះ?

១០ ទម្លាប់​ចេះ​ស្ដាប់​ឲ្យ​បាន​ល្អ នោះ​អាច​រៀន​បាន​ប្រសើរ​ជាង​ពី​ពេល​នៅ​ក្មេង។ សូម្បី​មុន​គេ​រៀន​អាន​និង​សរសេរ​ក៏​ដោយ ក្មេង​ខ្លះ​ដែល​ទៅ​សាលា​មត្តេយ្យ នោះ​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ពី​ឪពុក​ម្ដាយ​ឲ្យ«កត់​កំណត់»ក្នុង​កំឡុង​កិច្ច​ប្រជុំ។ ពួក​គេ​គូស​ចំណាំ​លើ​ក្រដាស​ពេល​ឮ​នូវ​ពាក្យ​ដែល​គេ​ស្គាល់​ដូច​ជា «ព្រះ​យេហូវ៉ា» «ព្រះ​យេស៊ូ» ឬ «ព្រះ​រាជាណាចក្រ»។ តាម​របៀប​នេះ កូន​ក្មេង​អាច​រៀន​ចេះ​ប្រុង​ស្មារតី​នឹង​អ្វី​ដែល​គេ​ថ្លែង​ប្រាប់​ពី​វេទិកា​មក។

១១ ជួន​កាល​សូម្បី​តែ​ក្មេង​ដែល​ធំ​ជាង​បន្ដិច​ក៏​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រុង​ស្មារតី​នោះ​ដែរ។ ដោយ​ឃើញ​ថា កូន​ប្រុស​អាយុ​១១​ឆ្នាំ​កំពុង​តែ​មាន​គំនិត​រវើ​រវាយ​ក្នុង​ពេល​មាន​មហា​សន្និបាត​គ្រីស្ទាន នោះ​មេ​គ្រួសារ​ម្នាក់​បាន​ជូន​ព្រះ​គម្ពីរ​មួយ​ក្បាល​ឲ្យ​កូន​នេះ ហើយ​បាន​សុំ​កូន​បើក​មើលបទគម្ពីរ កាល​ដែល​អ្នក​ថ្លែង​សុន្ទរកថា​សម្ដែង​ប្រាប់​នោះ។ ឪពុក​ម្នាក់​នេះ ដែល​បាន​កត់​ទុក​នូវ​ចំណុច​ផ្សេង​ៗ បាន​មើល​កាល​ដែល​កូន​ប្រុស​របស់​គាត់​បើក​មើល​ក្នុង​ព្រះ​គម្ពីរ។ ក្រោយ​មក ក្មេង​ប្រុស​នេះ​បាន​ស្ដាប់​តាម​កម្ម​វិធី​មហា​សន្និបាត​ដោយ​ចិត្ត​ខ្នះ​ខ្នែង​ជាង។

ចូរ​ឲ្យ​គេ​បាន​ឮ​សម្លេង​របស់​អ្នក

១២, ១៣. ហេតុ​អ្វី​ក៏​សំខាន់​ឲ្យ​ចូល​រួម​ក្នុង​ការ​ច្រៀង​ជា​ក្រុម​ជំនុំ?

១២ ស្តេច​ដាវីឌ​បាន​ច្រៀង​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ ទូល​បង្គំ​នឹង​ដើរ​ក្រឡឹង​អាសនា​ទ្រង់ ដើម្បី​នឹង​បាន​បន្លឺ​សំឡេង​អរ​ព្រះ​គុណ»។ (ទំនុកដំកើង ២៦:៦, ៧) ការ​ប្រជុំ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ផ្ដល់​នូវ​ឱកាស​ដ៏​ល្អ​ដើម្បី​ឲ្យ​យើង​សម្ដែង​នូវ​ជំនឿ​របស់​យើង​ឲ្យ​គេ​បាន​ឮ។ វិធី​មួយ​ដែល​យើង​អាច​ធ្វើ​ការ​នេះ​បាន គឺ​ដោយ​ចូល​រួម​ក្នុង​ការ​ច្រៀង​ជា​ក្រុម​ជំនុំ។ នេះ​ជា​លក្ខណៈ​ដ៏​សំខាន់​មួយ​នៃ​ការ​ថ្វាយ​បង្គំ​របស់​យើង ក៏​ប៉ុន្តែ​អាច​ទៅ​ជា​ខាន​ធ្វើ​យ៉ាង​ស្រួល​នោះ​ដែរ។

១៣ កូន​ក្មេង​ខ្លះ​ដែល​មិន​ទាន់​ចេះ​អាន នោះ​ទន្ទេញ​ចាំ​នូវ​ទំនុក​នៃ​ចំរៀង​ព្រះ​រាជាណាចក្រ ដែល​នឹង​ត្រូវ​ប្រើ​នៅ​ឯ​កិច្ច​ប្រជុំ​រៀង​រាល់​សប្ដាហ៍។ ពួក​គេ​មាន​ចិត្ត​រំភើប​ណាស់ ដែល​គេ​អាច​ច្រៀង​ជា​មួយ​មនុស្ស​ចាស់​ៗ។ ប៉ុន្តែ កាល​ដែល​កូន​ក្មេង​ធំ​ឡើង នោះ​គេ​ប្រហែល​ជា​មិន​សុំ​ចូល​រួម​ក្នុង​ការ​ច្រៀង​ចំរៀង​ព្រះ​រាជាណាចក្រ​ទេ។ មនុស្ស​ពេញ​វ័យ​ខ្លះ​ក៏​អៀន​ដែរ អំពី​ការ​ច្រៀង​នៅ​ឯ​កិច្ច​ប្រជុំ​នោះ។ ប៉ុន្តែ ការ​ច្រៀង​ជា​ផ្នែក​មួយ​នៃ​ការ​ថ្វាយ​បង្គំ​របស់​យើង ក៏​ដូច​ជា​កិច្ច​បំរើ​ផ្សាយ​ជា​ផ្នែក​មួយ​នៃ​ការ​ថ្វាយ​បង្គំ​យើង​ដែរ។ (អេភេសូរ ៥:១៩) យើង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា នៅ​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​យើង។ តើ​យើង​អាច​ថែម​ទាំង​ថ្វាយ​សិរី​រុង​រឿង​ដល់​ទ្រង់ ដោយ​បន្លឺ​សម្លេង​យើង​តាម​រយៈ​ចំរៀង​សរសើរ​ដ៏​អស់​ពី​ចិត្ត មិន​ថា​ពីរោះ​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ?—ហេព្រើរ ១៣:១៥

១៤. ហេតុ​អ្វី​ក៏​ពត៌មាន​ដែល​យើង​សិក្សា​នៅ​ឯ​ក្រុម​ជំនុំ សម​ឲ្យ​យើង​រៀបចំ​ដោយ​ប្រិត​ប្រៀន​ទុក​ជា​មុន?

១៤ យើង​ក៏​សរសើរ​ព្រះ​ដែរ ពេល​ដែល​យើង​អធិប្បាយ​តាម​របៀប​ស្អាង​ចិត្ត ក្នុង​កំឡុង​ចំណែក​នៃ​កិច្ច​ប្រជុំ​របស់​យើង​ដែល​តម្រូវ​ឲ្យ​អ្នក​ស្ដាប់​ចូល​រួម​នោះ។ ការ​នេះ​តម្រូវ​ឲ្យ​រៀបចំ​ជា​មុន​សិន។ គឺ​ត្រូវ​ចំណាយ​ពេល​ដើម្បី​សញ្ជឹង​គិត​លើ​លក្ខណៈ​ដ៏​ជ្រាល​ជ្រៅ​នៃ​បន្ទូល​របស់​ព្រះ។ សាវ័ក​ប៉ុល ដែល​ជា​សិស្ស​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​នឹងបទគម្ពីរ បាន​ដឹង​សេចក្ដី​នេះ​ហើយ។ គាត់​បាន​សរសេរ​ថា៖ «អើ​ហ្ន៎! ប្រាជ្ញា នឹង​ចំណេះ​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់​តើ!»។ (រ៉ូម ១១:៣៣) ឱ​មេ​គ្រួសារ​អើយ! គឺ​ជា​សំខាន់​ណាស់​ដែល​អ្នក​ជួយ​សមាជិក​និមួយ​ៗ​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក ឲ្យ​ស្វែង​រក​ប្រាជ្ញា​របស់​ព្រះ ដូច​ដែល​បាន​រៀប​រាប់​នៅ​ក្នុងបទគម្ពីរ។ ចូរ​លៃ​លក​ទុក​ពេល​វេលា​ខ្លះ ក្នុង​កំឡុង​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​គ្រួសារ ដើម្បី​ពន្យល់​នូវ​ចំណុច​ពិបាក​ៗ ហើយ​ដើម្បី​ជួយ​ក្រុម​គ្រួសារ​របស់​អ្នក​រៀបចំ​សំរាប់​កិច្ច​ប្រជុំ។

១៥. តើ​យោបល់​ណា​ខ្លះ ដែល​ប្រហែល​ជា​អាច​ជួយ​បុគ្គល​ម្នាក់​ឆ្លើយ​ឡើង​នៅ​ឯ​កិច្ច​ប្រជុំ?

១៥ ប្រសិន​បើ​អ្នក​ចង់​ឆ្លើយ​ជា​ញឹក​ញាប់​ជាង​នៅ​ឯ​កិច្ច​ប្រជុំ ចូរ​រៀបចំ​ទុក​ជា​មុន​នូវ​អ្វី​ដែល​អ្នក​ចង់​និយាយ​នោះ! គឺ​មិន​បាច់​និយាយ​អ្វី​យ៉ាង​ល្អិត​ល្អន់​នោះ​ទេ។ ខបទគម្ពីរ​សម​ស្រប​នោះ​ដែល​បាន​អាន​ដោយ​ជំនឿ​ស៊ប់ ឬ​ក៏​ពាក្យ​ប៉ុន្មាន​ម៉ាត់​ដ៏​ល្អ​ដែល​ថ្លែង​ចេញ​ពី​ចិត្ត នឹង​ត្រូវ​បាន​អបអរ​ជា​និច្ច។ អ្នក​ផ្សាយ​ខ្លះ​សុំ​អ្នក​នាំ​មុខ​ក្នុង​ការ​សិក្សា ឲ្យ​ទុក​ការ​ឆ្លើយ​ដំបូង​ខាង​វគ្គ​ណា​មួយ​សំរាប់​ឲ្យ​គេ ដើម្បី​កុំ​ឲ្យ​គេ​លែង​មាន​ឱកាស​សម្ដែង​ជំនឿ​របស់​ខ្លួន។

ពួក​អ្នក​ខ្វះបទពិសោធន៍​ក្លាយ​ទៅ​ជា​មាន​ប្រាជ្ញា

១៦, ១៧. តើ​អ្នក​ចាស់​ទុំ​ម្នាក់​បាន​ឲ្យ​ឱវាទ​អ្វី​ទៅ​អ្នក​ងារ​ជំនួយ​ម្នាក់ ហើយ​ហេតុ​អ្វី​ក៏​ឱវាទ​នេះ​មាន​ប្រសិទ្ធិភាព​ម្ល៉េះ?

១៦ នៅ​ឯ​កិច្ច​ប្រជុំ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ជា​ញឹក​ញាប់​យើង​បាន​ត្រូវ​រំឭក​ឲ្យ​អាន​បន្ទូល​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ។ ការ​ធ្វើ​អ៊ីចឹង​គឺ​ពិត​ជា​ពង្រឹង​កម្លាំង​ណាស់។ នេះ​ក៏​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត ដែល​ប្រកប​ដោយ​ប្រាជ្ញា កែ​សម្រួល​នូវ​គុណ​វិបត្ដិ​ខាង​បុគ្គលិក​លក្ខណៈ ត​ទល់​នឹង​ការ​ល្បួង ហើយ​ស្ដារ​ឡើង​វិញ​នូវ​ភាព​នឹង​នរ​ខាង​វិញ្ញាណ​របស់​យើង បើ​យើង​បាន​បោះ​ជំហាន​តាម​ផ្លូវ​ខុស​នោះ។—ទំនុកដំកើង ១៩:៧

១៧ ពួក​អ្នក​ចាស់​ទុំ​ដែល​មានបទពិសោធន៍​នៅ​ក្នុង​ក្រុម​ជំនុំ ប្រុង​ប្រៀប​ផ្ដល់​នូវ​ឱវាទ​ពី​ព្រះ​គម្ពីរ ដែល​បាន​រៀបចំ​ខាង​សេចក្ដី​ត្រូវ​ការ​របស់​យើង។ អ្វី​ដែល​យើង​គ្រាន់​តែ​ធ្វើ គឺ«ដង​ឡើង» ដោយ​ស្វែង​រក​ឱវាទ​របស់​គេ ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ។ (សុភាសិត ២០:៥) នៅ​ថ្ងៃ​មួយ អ្នក​ងារ​ជំនួយ​ម្នាក់​ដែល​នៅ​ក្មេង​ហើយ​មាន​ចិត្ត​ខ្នះ​ខ្នែង នោះ​បាន​សុំ​យោបល់​ពី​អ្នក​ចាស់​ទុំ​ម្នាក់ ស្តី​ពី​របៀប​ឲ្យ​មាន​ប្រយោជន៍​ច្រើន​ទៀត​ក្នុង​ក្រុម​ជំនុំ។ អ្នក​ចាស់​ទុំ​នេះ បាន​ស្គាល់​យុវបុរស​នេះ​យ៉ាង​ជិត​ដិត ក៏​បាន​បើក​ព្រះ​គម្ពីរ​ទៅ​ធីម៉ូថេ​ទី​១ ៣:៣ ដែល​ចែង​ថា ពួក​បុរស​រើស​តាំង​ត្រូវ​តែ‹ចេះ​គិត›។ គាត់​បាន​ចង្អុល​ប្រាប់​យ៉ាង​សប្បុរស នូវ​របៀប​ដែល​យុវបុរស​នេះ​អាច​បង្ហាញ​ភាព​សម​ហេតុ​ផល ពេល​គាត់​ទាក់​ទង​ជា​មួយ​អ្នក​ដទៃ។ តើ​ប្អូន​ប្រុស​នេះ​តូច​ចិត្ត​នឹង​ឱវាទ​ស្មោះ​ត្រង់ ដែល​គាត់​បាន​ទទួល​នោះ​ឬ? មិន​អ៊ីចឹង​សោះ​ឡើយ! គាត់​បាន​ពន្យល់​ថា៖ «អ្នក​ចាស់​ទុំ​នេះ​បាន​ប្រើ​ព្រះ​គម្ពីរ ដូច្នេះ​ខ្ញុំ​បាន​ដឹង​ថា ឱវាទ​នេះ​គឺ​បាន​ចេញ​មក​ពី​ព្រះ​យេហូវ៉ា»។ អ្នក​ងារ​ជំនួយ​នេះ​បាន​អនុវត្ត​តាម​ឱវាទ​នោះ​ដោយ​អំណរ ហើយ​កំពុង​តែ​មាន​ការ​រីក​ចំរើន​យ៉ាង​ល្អ។

១៨. (ក) តើ​អ្វី​ដែល​បាន​ជួយ​យុវជន​គ្រីស្ទាន​ម្នាក់​ឲ្យ​ចេះ​ត​ទល់​នឹង​ការ​ល្បួង​នៅ​ឯ​វិទ្យាល័យ? (ខ) តើបទគម្ពីរ​ណា​ខ្លះ​ដែល​អ្នក​នឹក​ចាំ ពេល​ដែល​ប្រឈម​មុខ​នឹង​ការ​ល្បួង​នោះ?

១៨ បន្ទូល​របស់​ព្រះ​ក៏​អាច​ជួយ​យុវជន​ឲ្យ«រត់​ពី​សេចក្ដី​ស្រើប​ស្រាល​របស់​ក្មេង​ៗ​ចេញ»។ (ធីម៉ូថេ​ទី​២ ២:២២) យុវជន​ម្នាក់​ដែល​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ដែល​ទើប​តែ​រៀន​ចប់​នៅ​វិទ្យាល័យ បាន​ត​ទល់​នឹង​ការ​ល្បួង​ក្នុង​កំឡុង​ឆ្នាំ​ទាំង​ប៉ុន្មាន​នៅ​ឯ​សាលា​រៀន ដោយ​រំពឹង​គិត​លើបទគម្ពីរ​ដ៏​ជាក់​លាក់​ណា​ខ្លះ ហើយ​អនុវត្ត​តាមបទគម្ពីរ​នោះ។ នាង​តែង​គិត​អំពី​ឱវាទ​ដែល​បាន​កត់​ទុក​នៅ​សុភាសិត ១៣:២០ ដែល​ថា៖ «អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ»។ ស្រប​ទៅ​តាម​នេះ នាង​បាន​ប្រយ័ត្ន​ប្រយែង ដោយ​បណ្ដុះ​មិត្តភាព​ជា​មួយ​តែ​អស់​អ្នក​ដែល​គោរព​យ៉ាង​ជ្រាល​ជ្រៅ​នូវ​គោល​ការណ៍​ព្រះ​គម្ពីរ។ នាង​បាន​វែក​ញែក​ថា៖ «ខ្ញុំ​មិន​មែន​គ្រាន់​បើ​ជាង​អ្នក​ណា​នោះ​ទេ។ បើ​ខ្ញុំ​ទៅ​ជាប់​ទាក់​ទង​នឹង​ហ្វូង​ពួក​អាក្រក់ នោះ​ខ្ញុំ​នឹង​ចង់​ផ្គាប់​ចិត្ត​មិត្ត​ៗ​របស់​ខ្ញុំ ហើយ​នេះ​អាច​នាំ​ឲ្យ​មាន​បញ្ហា»។ ឱវាទ​របស់​ប៉ុល​ដែល​បាន​កត់​ទុក​នៅ​ឯ​ធីម៉ូថេ​ទី​២ ១:៨ ក៏​បាន​ជួយ​នាង​ផង​ដែរ។ លោក​បាន​សរសេរ​ថា៖ «មិន​ត្រូវ​ឲ្យ​អ្នក​មាន​សេចក្ដី​ខ្មាស ចំពោះ​ការ​ធ្វើ​បន្ទាល់​ពី​ព្រះ​អម្ចាស់​នៃ​យើង . . . ចូរ​ទ្រាំ​ទុក្ខ​លំបាក​ជា​មួយ​នឹង​ខ្ញុំ ក្នុង​ដំណឹង​ល្អ»។ ស្រប​ទៅ​តាម​ឱវាទ​នេះ នាង​បាន​ជំរាប​ប្រាប់​យ៉ាង​ក្លាហាន​ពី​ជំនឿ​នាង​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ ជូន​សិស្ស​រួម​ថ្នាក់​នៅ​គ្រប់​ឱកាស​ដែលសមរម្យ​នោះ។ នៅ​ពេល​ណា​ដែល​នាង​បាន​ត្រូវ​ថ្លែង​សេចក្ដី​រាយ​ការណ៍​ដល់​ពួក​មិត្ត​រួម​ថ្នាក់​នាង នោះ​នាង​បាន​ជ្រើស​រើស​ប្រធាន​មួយ ដែល​អនុញ្ញាត​ឲ្យ​នាង​ធ្វើ​បន្ទាល់​ដ៏​ប៉ិន​ប្រសប់ ស្តី​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។

១៩. ហេតុ​អ្វី​ក៏​យុវបុរស​ម្នាក់​មិន​អាច​ត​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ពី​លោកីយ៍​នេះ ប៉ុន្តែ​តើ​អ្វី​ទៅ​ដែល​បាន​ផ្ដល់​ឲ្យ​គាត់​នូវ​កម្លាំង​ខាង​វិញ្ញាណ​នោះ?

១៩ បើ​កាល​ណា​យើង​វង្វេង​ចេញ​ពី«ផ្លូវ​របស់​មនុស្ស​សុចរិត» នោះ​បន្ទូល​របស់​ព្រះ​អាច​ជួយ​យើង​ឲ្យ​កែ​តម្រូវ​ជំហាន​របស់​យើង។ (សុភាសិត ៤:១៨) យុវបុរស​ម្នាក់​ដែល​រស់​នៅ​ទ្វីប​អាហ្វ្រិក​បាន​រៀន​ពិសោធ​អ៊ីចឹង​ផ្ទាល់​ខ្លួន។ នៅ​ពេល​ដែល​ស្មរបន្ទាល់​ម្នាក់​របស់​ព្រះ​យេហូវ៉ា បាន​មក​លេង​គាត់ នោះ​គាត់​បាន​យល់​ព្រម​សិក្សា​ព្រះ​គម្ពីរ។ គាត់​បាន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​គាត់​រៀន ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន បាន​ជាប់​ទាក់​ទង​នឹង​ពួក​ម៉ាក​អាក្រក់​នៅ​ឯ​សាលា​រៀន។ ក្រោយ​មក គាត់​បាន​រសាត់​ព្រាត់​ចូល​បែប​លំនាំ​រស់​នៅ​ដ៏​ឥត​សីលធម៌។ គាត់​សារភាព​ថា៖ «មនសិការ​របស់​ខ្ញុំ​បាន​នៅ​តែ​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ ហើយ​ខ្ញុំ​ត្រូវ​ឈប់​ទៅ​កិច្ច​ប្រជុំ»។ នៅ​ពេល​ក្រោយ​មក គាត់​បាន​ចាប់​ផ្ដើម​ទៅ​ឯ​កិច្ច​ប្រជុំ​ម្ដង​ទៀត។ យុវបុរស​នេះ​បាន​និយាយ​បង្ហើប​ដ៏​លាត​ត្រដាង​នេះ​ថា៖ «ខ្ញុំ​បាន​រៀន​ដឹង​ថា មូលហេតុ​ដ៏​សំខាន់​ដែល​បង្ក​ឲ្យ​មាន​រឿង​នេះ គឺ​មក​ពី​ខ្ញុំ​បាន​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ។ ខ្ញុំ​មិន​បាន​ធ្វើ​ការ​សិក្សា​ផ្ទាល់​ខ្លួន​ទេ។ ហេតុ​នោះ​ហើយ​បាន​ជា​ខ្ញុំ​ពុំ​អាច​ត​ទល់​នឹង​ការ​ល្បួង។ រួច​មក ខ្ញុំ​បាន​ចាប់​ផ្ដើម​អាន​ទស្សនាវដ្ដី​ប៉ម​យាម និង​ភ្ញាក់​រឭក! បន្ដិច​ម្ដង​ៗ ខ្ញុំ​ទទួល​បាន​នូវកម្លាំង​ខាង​វិញ្ញាណ​របស់​ខ្ញុំ​ឡើង​វិញ ហើយ​បាន​លាង​សំអាត​ផ្លូវ​ជីវិត​របស់​ខ្ញុំ។ នេះ​បាន​ធ្វើ​បន្ទាល់​ដ៏​ល្អ​មែន ដល់​អស់​អ្នក​ដែល​បាន​កត់​សម្គាល់​នូវ​ការ​កែ​ប្រែ​ដែល​ខ្ញុំ​បាន​ធ្វើ​នោះ។ ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ឥឡូវ​នេះ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់»។ តើ​អ្វី​ទៅ​ដែល​បាន​ឲ្យ​យុវបុរស​នេះ​នូវ​កម្លាំង ដើម្បី​ឲ្យ​ឈ្នះ​លើ​ការ​ទន់​ខ្សោយ​ខាង​សាច់​ឈាម​នោះ? គាត់​ទទួល​នូវ​កម្លាំង​ខាង​វិញ្ញាណ​របស់​គាត់ ដោយ​ការ​សិក្សា​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន​ជា​ទៀង​ទាត់។

២០. តើ​យុវជន​អាច​ត​ទល់​នឹង​ការ​វាយ​ដណ្ដើម​របស់​សាតាំង​យ៉ាង​ដូច​ម្ដេច?

២០ ឱ​យុវជន​គ្រីស្ទាន​អើយ! អស់​អ្នក​រាល់​គ្នា​កំពុង​តែ​ទទួល​ការ​វាយ​ដណ្ដើម​សព្វ​ថ្ងៃ​នេះ​មែន! ប្រសិន​បើ​អ្នក​ចង់​ត​ទល់​នឹង​ការ​វាយ​ដណ្ដើម​របស់​សាតាំង នោះ​អ្នក​ត្រូវ​តែ​ក្រេប​យក​អាហារ​ខាង​វិញ្ញាណ​យ៉ាង​ទៀង​ទាត់។ អ្នក​តែងបទ​ទំនុកដំកើង ដែល​តាម​មើល​ទៅ​ជា​យុវបុរស​ដែរ​នោះ ក៏​បាន​យល់​សេចក្ដី​នេះ​ដែរ។ គាត់​បាន​អរ​ព្រះ​គុណ​ព្រះ​យេហូវ៉ា ដែល​ទ្រង់​ផ្ដល់​នូវ​បន្ទូល​របស់​ទ្រង់​ដើម្បី​ឲ្យ‹មនុស្ស​កំឡោះ​អាច​សំអាត​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្ត›។—ទំនុកដំកើង ១១៩:៩

ព្រះ​នាំ​ទៅ​ត្រង់​ណា យើង​នឹង​ទៅ​តាម

២១, ២២. ហេតុ​អ្វី​ក៏​យើង​មិន​គួរ​សន្និដ្ឋាន​ថា ផ្លូវ​នៃ​សេចក្ដី​ពិត​គឺ​ពិបាក​ហួស​ហេតុ​នោះ?

២១ ព្រះ​យេហូវ៉ា​បាន​នាំ​សាសន៍​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប ចូល​ទៅ​ក្នុង​ស្រុក​ដែល​បាន​សន្យា​មក។ ផ្លូវ​ដែល​ទ្រង់​បាន​ជ្រើស​រើស ប្រហែល​ហាក់​ដូច​ជា​ពិបាក ពី​ទស្សនៈ​របស់​មនុស្ស។ ជា​ជាង​យក​ផ្លូវ​ដែល​តាម​មើល​ទៅ​ដូច​ជា​ស្រួល​ជាង គឺ​តាម​ផ្លូវ​ឆ្ពោះ​ត្រង់​តាម​សមុទ្រ​មេឌីទែរ៉ាណេ នោះ​ព្រះ​យេហូវ៉ា​បាន​នាំ​រាស្ត្រ​ទ្រង់ តាម​ផ្លូវ​បត់​បែន​ក្នុង​ទី​រហោ​ស្ថាន។ ប៉ុន្តែ តាម​ការ​ពិត ការ​ធ្វើ​អ៊ីចឹង​គឺ​ជា​សេចក្ដី​សប្បុរស​ពី​ព្រះ​ទៅ​វិញ។ ទោះ​ជា​ផ្លូវ​តាម​សមុទ្រ​មាន​ប្រវែង​ខ្លី​ជាង​ក៏​ដោយ ផ្លូវ​នោះ​នឹង​នាំ​យក​ពួក​អ៊ីស្រាអែល​កាត់​ដែន​ដី​ពួក​ភីលីស្ទីន​ដ៏​ជា​សត្រូវ​នោះ។ ដោយ​ជ្រើស​រើស​ផ្លូវ​មួយ​ទៀត នោះ​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់​ភ្លាម ពី​ការ​ប្រឈម​មុខ​ជា​មួយ​នឹង​ពួក​ភីលីស្ទីន។

២២ ស្រដៀង​គ្នា​ដែរ ផ្លូវ​ដែល​ព្រះ​យេហូវ៉ា​កំពុង​តែ​នាំ​យើង​សព្វ​ថ្ងៃ​នេះ ប្រហែល​ដូច​ជា​ពិបាក​ណាស់​នៅ​ពេល​ខ្លះ​នោះ។ រៀង​រាល់​សប្ដាហ៍​យើង​មាន​តារាង​ខាង​សកម្មភាព​គ្រីស្ទាន​ឲ្យ​បាន​ពេញ​លេញ ដែល​រួម​បញ្ចូល​កិច្ច​ប្រជុំ​ខាង​ក្រុម​ជំនុំ ការ​សិក្សា​ផ្ទាល់​ខ្លួន និង​កិច្ច​បំរើ​ផ្សាយ។ ផ្លូវ​ផ្សេង​ទៀត ប្រហែល​ដូច​ជា​ស្រួល​ជាង។ ប៉ុន្តែ​លុះ​ត្រា​តែ​យើង​ធ្វើ​តាម​ការ​នាំ​មុខ​របស់​ព្រះ ទើប​យើង​នឹង​មក​ដល់​ទី​កន្លែង ដែល​យើង​ខំ​ប្រឹង​ឲ្យ​បាន​ទៅ​ដល់​នោះ។ ដូច្នេះ​ហើយ សូម​ឲ្យ​យើង​បន្ត​ទទួល​យក​នូវ​សេចក្ដី​បង្គាប់​ពី​ព្រះ​យេហូវ៉ា និង​រក្សា​នៅ​លើ«ផ្លូវ​ដ៏​ទៀង​ត្រង់»។—ទំនុកដំកើង ២៧:១១, ព.ថ.

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

ហេតុ​អ្វី​ក៏​យើង​ត្រូវ​ការ​ជា​ពិសេស ដើម្បី​ទៅ​កិច្ច​ប្រជុំ​គ្រីស្ទាន​ជា​ទៀង​ទាត់​នោះ?

តើ​ឪពុក​ម្ដាយ​អាច​ធ្វើ​អ្វី ដើម្បី​ជួយ​កូន​របស់​ខ្លួន​ឲ្យ​ប្រុង​ស្មារតី​នៅ​ឯ​កិច្ច​ប្រជុំ?

តើ​ការ​ធ្វើ​ជា​អ្នក​ស្ដាប់​ឲ្យ​បាន​ល្អ ទាក់​ទង​អ្វី​ខ្លះ?

តើ​អ្វី​ដែល​អាច​ជួយ​យើង​ឆ្លើយ​នៅ​ឯ​កិច្ច​ប្រជុំ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​៣១]

ការ​ទៅ​កិច្ច​ប្រជុំ​គ្រីស្ទាន ជួយ​យើង​ឲ្យ​រក្សា​ទុក​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ក្នុង​គំនិត

[រូប​ភាព​នៅ​ទំព័រ​៣២]

គឺ​មាន​ផ្លូវ​ផ្សេង​ៗ​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា​នៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន