លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ឱព្រះអើយ សូមផ្សាយពន្លឺរបស់ទ្រង់›

‹ឱព្រះអើយ សូមផ្សាយពន្លឺរបស់ទ្រង់›

‹ឱ​ព្រះ​អើយ សូម​ផ្សាយ​ពន្លឺ​របស់​ទ្រង់›

«ឱ​សូម​ផ្សាយ​ពន្លឺ​នឹង​សេចក្ដី​ពិត ចេញ​មក​នាំ​មុខ​ទូល​បង្គំ»។—ទំនុកដំកើង ៤៣:៣

១. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​លាត​ត្រដាង នូវ​គោល​បំណង​របស់​ទ្រង់?

 ព្រះ​យេហូវ៉ា​គឺ​មាន​ព្រះ​ទ័យ​ចេះ​គិត​ពី​ប្រយោជន៍​គេ ក្នុង​របៀប​ដែល​ទ្រង់​ធ្វើ​ឲ្យ​ពួក​អ្នក​បំរើ​របស់​ទ្រង់​ស្គាល់​នូវ​គោល​បំណង​របស់​ទ្រង់។ ជា​ជាង​លាត​ត្រដាង​នូវ​សេចក្ដី​ពិត​ទាំង​អស់​តែ​ម្ដង ដែល​ធ្វើ​ឲ្យ​ចាំង​ភ្នែក នោះ​ទ្រង់​បំភ្លឺ​ប្រាប់​យើង​បន្ដិច​ម្ដង​ៗ។ ការ​ធ្វើ​ដំណើរ​របស់​យើង​តាម​ផ្លូវ​ជីវិត ប្រហែល​ជា​អាច​ប្រៀប​ធៀប​ទៅ​នឹង​ការ​ដើរ ដែល​អ្នក​ដើរ​លេង​កាត់​ព្រៃ​ភ្នំ នឹង​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំ​ដ៏​ឆ្ងាយ​នោះ។ គាត់​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ពី​ព្រលឹម​ស្រាង​ៗ ដោយ​មើល​មិន​សូវ​ឃើញ​ទេ។ កាល​ដែល​ថ្ងៃ​ចាប់​ផ្ដើម​រះ​ឡើង​ពី​ជើង​មេឃ​បន្ដិច​ម្ដង​ៗ នោះ​អ្នក​ដើរ​លេង​នេះ​អាច​ដឹង​នូវ​ទិដ្ឋភាព​ខ្លះ​ៗ​ក្នុង​បរិវេណ​ជុំ​វិញ​គាត់។ អ្វី​ៗ​ទាំង​អស់​ទៀត នោះ​គាត់​មើល​ឃើញ​តែ​ទម្រង់​ខាង​ក្រៅ​ដ៏​ស្រពេចស្រពិល។ ប៉ុន្តែ កាល​ដែល​ថ្ងៃ​បន្ត​រះ​ឡើង នោះ​គាត់​អាច​ឃើញ​ឆ្ងាយ​ឡើង​ៗ​ពី​ចម្ងាយ។ នេះ​ក៏​ដូច្នេះ​ដែរ​ស្តី​អំពី​ពន្លឺ​ខាង​វិញ្ញាណ​ដែល​ព្រះ​ប្រទាន​មក​នោះ។ ទ្រង់​អនុញ្ញាត​ឲ្យ​យើង​យល់​នូវ​សេចក្ដី​ពិត​ម្ដង​បន្ដិច​ៗ។ បុត្រា​របស់​ព្រះ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ផ្ដល់​នូវ​ការ​បំភ្លឺ​ខាង​វិញ្ញាណ​តាម​របៀប​ស្រដៀង​គ្នា​នេះ​ដែរ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​របៀប​ដែល​ព្រះ​យេហូវ៉ា បាន​បំភ្លឺ​ដល់​រាស្ត្រ​របស់​ទ្រង់​នៅ​សម័យ​បុរាណ និង​របៀប​ដែល​ទ្រង់​ធ្វើ​សព្វ​ថ្ងៃ​នេះ​ដែរ។

២. តើ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ការ​បំភ្លឺ​មុន​សម័យ​គ្រីស្ទាន​យ៉ាង​ដូច​ម្ដេច?

អ្នក​តែង​ភ្លេងទំនុកដំកើង ទី​៤៣ ប្រហែល​ជា​ពួក​កូន​របស់​កូរេ​ហើយ។ ជា​ពួក​លេវី នោះ​គេ​មាន​សិទ្ធិ​បង្រៀន​ក្រិត្យ​វិន័យ​របស់​ព្រះ​ដល់​រាស្ត្រ​របស់​ទ្រង់។ (ម៉ាឡាគី ២:៧) ប្រាកដ​ហើយ ព្រះ​យេហូវ៉ា​ជា​អ្នក​បង្ហាត់​បង្រៀន​ដ៏​ឧត្តម​របស់​គេ ហើយ​គេ​ពឹង​លើ​ទ្រង់​ជា​ប្រភព​នៃ​ប្រាជ្ញា​ទាំង​អស់។ (អេសាយ ៣០:២០) អ្នក​តែងទំនុកដំកើងបាន​អធិស្ឋាន​ថា៖ «ឱ​ព្រះ​អង្គ​អើយ . . . សូម​ផ្សាយ​ពន្លឺ​នឹង​សេចក្ដី​ពិត ចេញ​មក​នាំ​មុខ​ទូល​បង្គំ»។ (ទំនុកដំកើង ៤៣:១, ៣) ព្រះ​យេហូវ៉ា​បាន​បង្រៀន​ពួក​អ៊ីស្រាអែល​អំពី​ផ្លូវ​របស់​ទ្រង់ ឲ្យ​តែ​ពួក​គេ​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​ទ្រង់។ ជា​ច្រើន​សតវត្ស​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ប្រទាន​ព្រះ​គុណ​ដល់​គេ ស្តី​អំពី​ពន្លឺ​និង​សេចក្ដី​ពិត​ដែល​មាន​បែប​ដ៏​អស្ចារ្យ​ណាស់។ ព្រះ​បាន​ធ្វើ​ដូច្នេះ​ពេល​ដែល​ទ្រង់​បញ្ជូន​បុត្រា​របស់​ទ្រង់​មក​ផែនដី​នេះ។

៣. តើ​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ​បាន​ល្បង​ល​ចិត្ត​ពួក​យូដា​យ៉ាង​ណា?

ជា​បុរស​ម្នាក់ នោះ​ព្រះ​យេស៊ូ​គ្រីស្ទ​ជា«ពន្លឺ​លោកីយ៍»។ (យ៉ូហាន ៨:១២) ទ្រង់​បាន​បង្រៀន​មនុស្ស​នូវ«សេចក្ដី​ជា​ច្រើន . . . ដោយ​ពាក្យ​ប្រៀប​ធៀប» ដែល​ជា​របស់​ថ្មី​ៗ។ (ម៉ាកុស ៤:២) ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​លោក​ប៉ុនទាស​-​ពីឡាត់​ថា៖ «នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ​នេះ​ទេ»។ (យ៉ូហាន ១៨:៣៦) នោះ​ជា​គំនិត​ថ្មី​ចំពោះ​ពួក​រ៉ូម៉ាំង ហើយ​ចំពោះ​ពួក​យូដា​ដែល​ប្រកាន់​ជាតិ​សាសន៍​ក៏​ដូច្នេះ​ដែរ ពីព្រោះ​គេ​បាន​គិត​ថា ព្រះ​មេស្ស៊ី​នឹង​ធ្វើ​ឲ្យ​ចក្រភព​រ៉ូម៉ាំង​ខ្ទេច​ខ្ទី​អស់ និង​ស្ដារ​សាសន៍​អ៊ីស្រាអែល​ឡើង​វិញ​ឲ្យ​មាន​សិរី​រុង​រឿង​ដូច​ពី​មុន។ ព្រះ​យេស៊ូ​បាន​បញ្ចាំង​ពន្លឺ​ដែល​មក​ពី​ព្រះ​យេហូវ៉ា ប៉ុន្តែ​បន្ទូល​របស់​ទ្រង់​ឥត​ផ្គាប់​ចិត្ត​ពួក​គ្រប់​គ្រង​សាសន៍​យូដា​ទេ ដែល​ពួក​គេ«ចូល​ចិត្ត​នឹង​សេចក្ដី​សរសើរ​របស់​មនុស្ស ជា​ជាង​សេចក្ដី​សរសើរ​របស់​ព្រះ​វិញ»។ (យ៉ូហាន ១២:៤២, ៤៣) មនុស្ស​ជា​ច្រើន​បាន​សម្រេច​ចិត្ត​ធ្វើ​តាម​ទំនៀម​ទម្លាប់​មនុស្ស ជា​ជាង​ទទួល​យក​ពន្លឺ​ខាង​វិញ្ញាណ និង​សេចក្ដី​ពិត​ពី​ព្រះ។—ទំនុកដំកើង ៤៣:៣; ម៉ាថាយ ១៣:១៥

៤. តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​នឹង​បន្ត​មាន​ការ​យល់​ទៀត​នោះ?

ប៉ុន្តែ មនុស្ស​ប្រុស​ស្រី​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​មួយ​ចំនួន​តូច បាន​ទទួល​យក​សេចក្ដី​ពិត​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន​ដោយ​ចិត្ត​រីករាយ។ ពួក​គេ​បាន​មាន​ការ​ជឿន​ទៅ​មុខ ស្តី​អំពី​ការ​យល់​ដឹង​នៃ​គោល​បំណង​របស់​ព្រះ។ ប៉ុន្តែ កាល​ដែល​ជីវិត​គ្រូ​របស់​គេ​នៅ​លើ​ផែនដី កាន់​តែ​ជិត​ផុត​ហើយ​នោះ ពួក​គេ​នៅ​មាន​របស់​ច្រើន​ណាស់ ដែល​គេ​ត្រូវ​រៀន​នោះ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​គេ​ថា៖ «ខ្ញុំ​នៅ​មាន​សេចក្ដី​ជា​ច្រើន​ទៀត នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទទួល​បាន​ទេ»។ (យ៉ូហាន ១៦:១២) ត្រូវ​ហើយ ពួក​សិស្ស​នឹង​រៀន​យល់​ដឹង​ជា​បន្ត​អំពី​សេចក្ដី​ពិត​របស់​ព្រះ។

បញ្ចាំង​ពន្លឺ​ជា​បន្ត

៥. តើ​សំនួរ​អ្វី​ដែល​មាន​ឡើង​ក្នុង​សតវត្ស​ទី​មួយ ហើយ​តើ​អ្នក​ណា​ដែល​មាន​ភារកិច្ច​ដោះ​ស្រាយ​រឿង​នេះ?

ក្រោយ​ពី​ការ​សោយ​ទិវង្គត​និង​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ នោះ​ពន្លឺ​ពី​ព្រះ​បាន​រះ​កាន់​តែ​ភ្លឺ​ឡើង​ជាង​មុន​ៗ​ទៅ​ទៀត។ នៅ​ក្នុង​ចក្ខុនិមិត្ត​ដែល​បាន​ផ្ដល់​ឲ្យ​ពេត្រុស នោះ​ព្រះ​យេហូវ៉ា​បាន​លាត​ត្រដាង​ថា ពួក​សាសន៍​ដទៃ​ដែល​ឥត​កាត់​ស្បែក អាច​ក្លាយ​ជា​ពួក​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ​ពី​ពេល​នោះ​ត​ទៅ។ (កិច្ច​ការ ១០:៩​-​១៧) សេចក្ដី​នោះ​ជា​ការ​លាត​ត្រដាង​ដ៏​អស្ចារ្យ​មែន! ប៉ុន្តែ ក្រោយ​មក​មាន​សំនួរ​មួយ​បាន​ត្រូវ​គេ​លើក​ឡើង​ថា៖ តើ​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ពួក​សាសន៍​ដទៃ​បែប​នេះ ឲ្យ​ត្រូវ​កាត់​ស្បែក ក្រោយ​ពី​គេ​បាន​ក្លាយ​ទៅ​ជា​គ្រីស្ទាន​នោះ​ទេ? សំនួរ​នោះ​ឥត​បាន​ឆ្លើយ​ប្រាប់​តាម​ចក្ខុនិមិត្ត​នេះ​ទេ ហើយ​រឿង​នេះ​បាន​ក្លាយ​ទៅ​ជា​ប្រធាន​នៃ​ការ​ជជែក​ដ៏​ឆេវ​ឆាវ ក្នុង​ចំណោម​ពួក​គ្រីស្ទាន។ រឿង​នេះ​គឺ​ត្រូវ​តែ​ដោះ​ស្រាយ ក្រែង​លោ​ឯកភាព​ដ៏​មាន​តម្លៃ​អាច​ទៅ​ជា​អន្តរាយ។ ដូច្នេះ នៅ​ក្នុង​ទី​ក្រុង​យេរូសាឡិម នោះ«ពួក​សាវក នឹង​ពួក​ចាស់​ទុំ ក៏​ប្រជុំ​គ្នា​ប្រឹក្សា​ពី​ដំណើរ​នោះ»។—កិច្ច​ការ ១៥:១, ២, ៦

៦. តើ​ទម្រង់​ការ​អ្វី​ដែល​ពួក​សាវ័ក​និង​ពួក​ចាស់​ទុំ​ធ្វើ​តាម ពេល​ដែល​គេ​បាន​ពិនិត្យ​មើល​សំនួរ​អំពី​រឿង​កាត់​ស្បែក​នោះ?

តើ​ពួក​អ្នក​ដែល​មាន​វត្តមាន​នៅ​ឯ​កិច្ច​ប្រជុំ​នោះ អាច​សម្រេច​នូវ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ ចំពោះ​ពួក​អ្នក​ជឿ​ដ៏​ជា​សាសន៍​ដទៃ​យ៉ាង​ដូច​ម្ដេច​បាន? ព្រះ​យេហូវ៉ា​មិន​បាន​បញ្ជូន​ទេវតា​មួយ ដើម្បី​មក​ត្រួត​ត្រា​មើល​ការ​ពិគ្រោះ​នេះ​ទេ ហើយ​ទ្រង់​ក៏​មិន​ប្រទាន​នូវ​ចក្ខុនិមិត្ត​ដល់​អ្នក​ដែល​មាន​វត្តមាន​នោះ​ដែរ។ ប៉ុន្តែ ពួក​សាវ័ក​និង​ពួក​ចាស់​ទុំ ឥត​មាន​ការ​ដឹក​នាំ​ទាំង​ស្រុង​នោះ​ឡើយ។ ពួក​គេ​បាន​ពិនិត្យ​មើល​សក្ខី​ភាព​ពី​ពួក​គ្រីស្ទាន​ជាតិ​យូដា ដែល​បាន​ឃើញ​នូវ​របៀប​ដែល​ព្រះ​បាន​ទាក់​ទង​នឹង​រាស្ត្រ​ទ្រង់​ក្នុង​សាសន៍​ជា​ច្រើន ដោយ​ចាក់​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​លើ​ពួក​សាសន៍​ដទៃ ដែល​មិន​បាន​កាត់​ស្បែក។ ពួក​គេ​ក៏​បាន​ស្វែង​រកបទគម្ពីរ​ឲ្យ​ណែនាំ​ផង​ដែរ។ ជា​លទ្ធផល សិស្សយ៉ាកុបបាន​ធ្វើ​អនុសាសន៍ ដែល​មាន​មូលដ្ឋាន​លើបទគម្ពីរ​មួយ​ដែល​បាន​បំភ្លឺ។ កាល​ដែល​គេ​បាន​សញ្ជឹង​គិត​នឹង​ទី​សំអាង នោះ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ក៏​បាន​ឃើញ​ច្បាស់​លាស់។ ពួក​សាសន៍​ទាំង​នោះ​មិន​ចាំ​បាច់​កាត់​ស្បែក ដើម្បី​ឲ្យ​ទទួល​នូវ​ការ​យល់​ព្រម​ពី​ព្រះ​យេហូវ៉ា​ឡើយ។ ពួក​សាវ័ក​និង​ពួក​ចាស់​ទុំ​បាន​កត់​ទុក​សេចក្ដី​សម្រេច​នេះ ដោយ​លាយ​លក្ខណ៍​អក្សរ​យ៉ាង​រហ័ស ដើម្បី​ឲ្យ​ពួក​គ្រីស្ទានគ្នី​គ្នា​អាច​ទទួល​ការ​ណែនាំ​នោះ​ដែរ។—កិច្ច​ការ ១៥:១២​-​២៩; ១៦:៤

៧. តើ​តាម​របៀប​ណា​ដែល​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​ចេះ​តែ​ចំរើន​កើន​ឡើង?

មិន​ដូច​ពួក​មេ​ដឹក​នាំ​សាសនា​ជាតិ​យូដា ដែល​បាន​ប្រកាន់​ខ្ជាប់​នឹង​ទំនៀម​ទម្លាប់​នៃ​ឰយុកោ​របស់​គេ នោះ​ពួក​គ្រីស្ទាន​សាសន៍​យូដា​ជា​ច្រើន​នាក់​បាន​អរ​សប្បាយ ពេល​ដែល​គេ​ទទួល​ការ​យល់​ថ្មី​ដ៏​អស្ចារ្យ​នេះ ស្តី​អំពី​គោល​បំណង​របស់​ព្រះ​ចំពោះ​បណ្ដា​ជន​ក្នុង​សាសន៍​នេះ ទោះ​ជា ការ​ទទួល​យក​នេះ​បាន​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ទស្សនៈ​ស្តី​អំពី​ពួក​សាសន៍​ដទៃ​ក៏​ដោយ។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​គតិ​ដ៏​រាប​ទាប​របស់​គេ និង«ពួក​ជំនុំ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​ជំនឿ រឹត​តែ​ខ្លាំង ហើយ​ចំនួន​នៃ​ពួក​សិស្ស ចេះ​តែ​ចំរើន​កើន​ឡើង​ជា​រាល់​ថ្ងៃ»។—កិច្ច​ការ ១៥:៣១; ១៦:៥

៨. (ក) តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា នឹង​មាន​ពន្លឺ​ទៀត​ក្រោយ​ពី​ជិត​មក​ដល់​ចុង​សតវត្ស​ទី​មួយ​នោះ? (ខ) តើ​សំនួរ​ដែល​ទាក់​ទង​អ្វី ដែល​យើង​នឹង​ពិនិត្យ​មើល​នោះ?

ពន្លឺ​ខាង​វិញ្ញាណ​បន្ត​បញ្ចេញ​ពន្លឺ​ក្នុង​កំឡុង​សតវត្ស​ទី​មួយ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​លាត​ត្រដាង​នូវ​លក្ខណៈ​ទាំង​អស់​អំពី​គោល​បំណង​របស់​ទ្រង់ ដល់​ពួក​គ្រីស្ទាន​សម័យ​ដើម​នោះ​ទេ។ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​អ្នក​ជឿ​គ្នី​គ្នា​នៅ​ក្នុង​សតវត្ស​ទី​មួយ​ថា៖ «ដ្បិត​ឥឡូវ​នេះ យើង​មើល​ឃើញ​បែប​ស្រអាប់ ដូច​ជា​ដោយ[ដែក​ដែល​អាច​ឆ្លុះ​រូប, ព.ថ.]»។ (កូរិនថូស​ទី​១ ១៣:១២) កញ្ចក់​បែប​នេះ​មិន​សូវ​ឆ្លុះ​ឃើញ​ច្បាស់​ប៉ុន្មាន​ទេ។ ជា​ដំបូង​នោះ​ការ​យល់​ដឹង​អំពី​ពន្លឺ​ខាង​វិញ្ញាណ​គឺ​មាន​ព្រំ​ដែន។ ក្រោយ​ពី​មរណភាព​របស់​ពួក​សាវ័ក នោះ​ពន្លឺ​ចេះ​តែ​ងងឹត​ទៅ​សំរាប់​មួយ​រយៈ ប៉ុន្តែ​ក្នុង​ពេល​ថ្មី​ៗ​នេះ ចំណេះ​ខាងបទគម្ពីរ​មាន​កាន់​តែ​ច្រើន​ឡើង។ (ដានីយ៉ែល ១២:៤) តើ​ព្រះ​យេហូវ៉ា​បំភ្លឺ​រាស្ត្រ​របស់​ទ្រង់​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​យើង​គួរ​គិត​យ៉ាង​ដូច​ម្ដេច ពេល​ដែល​ទ្រង់​ពង្រីក​ការ​យល់​ដឹង​របស់​យើង​ស្តី​អំពីបទគម្ពីរ​នោះ?

ពន្លឺ​ចេះ​តែ​ភ្លឺ​ឡើង​ជា​បណ្ដើរ​ៗ

៩. តើ​របៀប​ដ៏​ល្អ​ឯក​និង​ដ៏​មាន​ប្រសិទ្ធិភាព​នៃ​ការ​សិក្សា​ព្រះ​គម្ពីរ​អ្វី ដែល​បាន​ប្រើ​ដោយ​ពួក​សិស្ស​ព្រះ​គម្ពីរ​ពី​ដើម​នោះ?

នៅ​សម័យ​ទំនើប​នេះ ការ​បញ្ចេញ​ពន្លឺ​ដ៏​ពិត​ជា​ដំបូង នោះ​បាន​ចាប់​ផ្ដើម​លេច​មក ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​ពី​មុន​ចប់​សតវត្ស​ទី​១៩ កាល​ដែល​ក្រុម​គ្រីស្ទាន​ប្រុស​ស្រី បាន​ចាប់​ផ្ដើម​សិក្សាបទគម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់។ ពួក​គេ​បាន​បង្កើត​នូវ​របៀប​ដ៏​មាន​ប្រយោជន៍​សំរាប់​ការ​សិក្សា​ព្រះ​គម្ពីរ។ មនុស្ស​ម្នាក់​នឹង​សួរ​សំនួរ​មួយ រួច​មក​ក្រុម​នោះ​ក៏​វិភាគ​នឹងបទគម្ពីរ​ទាំង​អស់ ដែល​ទាក់​ទង​នឹង​នោះ។ នៅ​ពេល​ដែល​ខបទគម្ពីរ​មួយ​ហាក់​ដូច​ជា​ផ្ទុយ​និង​ខ​គម្ពីរ​មួយ​ទៀត នោះ​ពួក​គ្រីស្ទាន​ដ៏​ស្មោះ​ទាំង​នេះ ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ស្រប​នឹង​ខបទគម្ពីរ​ពីរ​នោះ។ មិន​ដូច​មេ​ដឹក​នាំ​ខាង​សាសនា​នៅ​សម័យ​នោះ ពួក​សិស្ស​ព្រះ​គម្ពីរ (ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​ស្គាល់​នៅ​ពេល​នោះ) បាន​ប្ដេជ្ញា​អនុញ្ញាត​ឲ្យបទគម្ពីរ​បរិសុទ្ធ​ដឹក​នាំ​គេ មិន​មែន​ឲ្យ​ទំនៀម​ទម្លាប់​ឬ​លទ្ធិ​របស់​មនុស្ស​ឡើយ។ ក្រោយ​ពី​គេ​បាន​ពិចារណា​មើល​នូវ​ទី​សំអាង​ខាងបទគម្ពីរ​ទាំង​អស់​ហើយ នោះ​គេ​ក៏​បាន​កត់​ទុក​នូវ​សេចក្ដី​សន្និដ្ឋាន​របស់​គេ។ តាម​របៀប​នេះ ការ​យល់​របស់​គេ​អំពី​ការ​បង្រៀន​ដ៏​ជា​គោល​ជា​ច្រើន​ខាង​ព្រះ​គម្ពីរ ក៏​បាន​ឃើញ​កាន់​តែ​ច្បាស់​ឡើង។

១០. តើ​ឆាល្ស ថេហ្ស រ៉ាសិល​បាន​សរសេរ​ឧបករណ៍​នៃ​ការ​សិក្សា​ព្រះ​គម្ពីរ​អ្វី​ដ៏​មាន​ប្រយោជន៍?

១០ ឆាល្ស ថេហ្ស រ៉ាសិល​ជា​បុគ្គល​ដ៏​អស្ចារ្យ​ម្នាក់​ក្នុង​ចំណោម​ពួកសិស្ស​ព្រះ​គម្ពីរ។ គាត់​បាន​សរសេរ​ឧបករណ៍​នៃ​ការ​សិក្សា​ព្រះ​គម្ពីរ ដែល​មាន​ប្រាំ​មួយ​ក្បាល​ជា​លំដាប់ ដែល​មាន​ចំណង​ជើង​ថា ការ​សិក្សា​នៅ​ក្នុងបទគម្ពីរ។ បង​ប្រុស​រ៉ាសិល​បាន​មាន​បំណង​ដើម្បី​សរសេរ​ក្បាល​ទី​ប្រាំ​ពីរ ដែល​នឹង​ពន្យល់​ពី​ព្រះ​គម្ពីរ​ក្នុង​សៀវភៅអេសេគាល និង​សៀវភៅវិវរណៈ។ គាត់​បាន​មាន​ប្រសាសន៍​ថា៖ «នៅ​ពេល​ណា​ដែល​ខ្ញុំ​រក​ឃើញ​កូន​សោ​នេះ នោះ​ខ្ញុំ​នឹង​សរសេរ​ក្បាល​ទី​ប្រាំ​ពីរ»។ ប៉ុន្តែ គាត់​បាន​និយាយ​បន្ថែម​ថា៖ «ប្រសិន​បើ​ព្រះ​អម្ចាស់​ឲ្យ​កូន​សោ​នេះ​ទៅ​បុគ្គល​ណា​ម្នាក់​ទៀត នោះ​គាត់​ក៏​អាច​សរសេរ​វា​បាន»។

១១. តើ​មាន​ការ​ទាក់​ទង​គ្នា​យ៉ាង​ណា រវាង​កំណត់​ពេល​និង​ការ​យល់​នូវ​គោល​បំណង​របស់​ព្រះ?

១១ សេចក្ដី​ថ្លែង​នៅ​ខាង​មុខ​នេះ​ដោយ​បង​ប្រុស​រ៉ាសិល ពន្យល់​នូវ​កត្ដា​ដ៏​សំខាន់​ក្នុង​សមត្ថភាព​របស់​យើង ឲ្យ​យល់​នូវបទគម្ពីរ​ជាក់​លាក់​ណា​មួយ នោះ​គឺ​ស្ថិត​នៅ​លើ​ពេល​ដែល​បាន​កំណត់​ហើយ។ បង​ប្រុស​រ៉ាសិល​បាន​ដឹង​ថា គាត់​មិន​អាច​ជំរុញ​ឲ្យ​ពន្លឺ​បញ្ចាំង​លើ​សៀវភៅវិវរណៈ ដូច​ជា​អ្នក​ដើរ​លេង​កាត់​ព្រៃ​ភ្នំ មិន​អាច​នាំ​ឲ្យ​ថ្ងៃ​រះ​មុន​ពេល​កំណត់​របស់​វា​នោះ​ដែរ។

បាន​លាត​ត្រដាង—ប៉ុន្តែ​ក្នុង​គ្រា​កំណត់​របស់​ព្រះ

១២. (ក) តើ​នៅ​ពេល​ណា​ដែល​ទំនាយ​ព្រះ​គម្ពីរ​បាន​យល់​ច្បាស់​លាស់​ជាង? (ខ) តើ​ឧទាហរណ៍​អ្វី​ដែល​បង្ហាញ​ថា សមត្ថភាព​របស់​យើង​ឲ្យ​យល់​ទំនាយ​របស់​ព្រះ​គម្ពីរ ពឹង​លើ​តារាង​ពេល​វេលា​របស់​ព្រះ​នោះ? (សូម​មើល​កំណត់​ចំណាំ)

១២ ដូច​ជា​ពួក​សាវ័ក​បាន​យល់​ទំនាយ​ជា​ច្រើន​ស្តី​អំពី​ព្រះ​មេស្ស៊ី នោះ​គ្រាន់​តែ​ក្រោយ​ពី​ការ​សោយ​ទិវង្គត​និង​ពី​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ ពួក​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​យល់​ទំនាយ​ព្រះ​គម្ពីរ​បាន​យ៉ាង​ល្អិត​ល្អន់ គ្រាន់​តែ​ក្រោយ​ទំនាយ​បាន​សម្រេច​តែ​ប៉ុណ្ណោះ។ (លូកា ២៤:១៥, ២៧; កិច្ច​ការ ១:១៥​-​២១; ៤:២៦, ២៧) សៀវភៅវិវរណៈជា​សៀវភៅ​ខាង​ទំនាយ ដូច្នេះ​យើង​គួរ​ទន្ទឹង​ថា​នឹង​បាន​យល់​យ៉ាង​ច្បាស់​លាស់​ជា​ទី​បំផុត កាល​ដែល​ព្រឹត្ដិការណ៍​ជា​ច្រើន​ដែល​រៀប​រាប់​ក្នុង​នោះ​លាត​ត្រដាង​ឡើង។ ជា​ឧទាហរណ៍ បង​ប្រុស​រ៉ាសិល​មិន​អាច​យល់​បាន​យ៉ាង​ត្រឹម​ត្រូវ​ទេ នូវ​អត្ថន័យ​នៃ​សត្វ​សម្បុរ​ក្រហម​នៅ​ឯ​វិវរណៈ ១៧:៩​-​១១ ពីព្រោះ​អង្គការ​ដែល​តំណាង​សត្វ​នេះ ដែល​ជា​អង្គការ​សម្ព័ន្ធ​ប្រជាជាតិ និង​អង្គការ​សហប្រជាជាតិ ឥត​ទាំង​មាន​ផង​រហូត​ដល់​ក្រោយ​មរណភាព​របស់​គាត់។ *

១៣. នៅ​ពេល​ខ្លះ​តើ​មាន​អ្វី​កើត​ឡើង ពេល​ដែល​ពន្លឺ​បាន​ត្រូវ​បញ្ចាំង​លើ​ប្រធាន​ព្រះ​គម្ពីរ​ណា​មួយ​នោះ?

១៣ នៅ​ពេល​ពួក​គ្រីស្ទាន​សម័យ​ដើម​បាន​រៀន​ដឹង​ថា ពួក​សាសន៍​ដទៃ​ដែល​មិន​កាត់​ស្បែក​អាច​ក្លាយ​ទៅ​ជា​អ្នក​ជឿ​គ្នី​គ្នា នោះ​ការ​ផ្លាស់​ប្ដូរ​នេះ​បាន​នាំ​ឲ្យ​មាន​សំនួរ​ថ្មី​មួយ ស្តី​អំពី​តម្រូវ​ការ​សំរាប់​ឲ្យ​មនុស្ស​ក្នុង​សាសន៍​ឲ្យ​កាត់​ស្បែក​ឬ​ក៏​យ៉ាង​ណា។ នេះ​បាន​ជំរុញ​ឲ្យ​ពួក​សាវ័ក​និង​ពួក​ចាស់​ទុំ​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ នូវ​រឿង​នេះ​ទាំង​មូល​អំពី​ការ​កាត់​ស្បែក។ គំរូ​ដូច​នេះ​ក៏​មាន​សព្វ​ថ្ងៃ​នេះ​ដែរ។ ការ​ចាំង​ពន្លឺ​ដ៏​អស្ចារ្យ​លើ​ប្រធាន​ព្រះ​គម្ពីរ នៅ​ពេល​ខ្លះ​បាន​នាំ​ឲ្យ​ពួក​អ្នក​បំរើ​ចាក់​ប្រេង​តាំង​របស់​ព្រះ«អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ» ដើម្បី​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ប្រធាន​ដែល​ទាក់​ទង​នោះ ដូច​ជា​ឧទាហរណ៍​នៅ​ថ្មី​ៗ​នេះ​បាន​បង្ហាញ​មក។—ម៉ាថាយ ២៤:៤៥

១៤​-​១៦. តើ​តាម​របៀប​ណា​ដែល​ការ​កែ​សម្រួល​នៃ​ទស្សនៈ​របស់​យើង​ស្តី​អំពី​ព្រះ​វិហារ​ខាង​វិញ្ញាណ មាន​អានុភាព​លើ​ការ​យល់​របស់​យើង​ស្តី​អំពីអេសេគាល ជំពូក៤០​ទៅ​ជំពូក​៤៨?

១៤ នៅ​ក្នុង​ឆ្នាំ​១៩៧១​ការ​ពន្យល់​មួយ​ស្តី​អំពី​ទំនាយ​របស់អេសេគាល បាន​ត្រូវ​បោះ​ពុម្ព​ក្នុង​សៀវភៅ«សាសន៍​នឹង​ដឹង​ថា​អញ​នេះ​ហើយ​ជា​ព្រះ​យេហូវ៉ា»—យ៉ាង​ដូច​ម្ដេច? ជំពូកមួយ​ក្នុង​សៀវភៅ​នោះ​បាន​ពិគ្រោះ​យ៉ាង​សង្ខេប អំពី​ចក្ខុនិមិត្ត​របស់អេសេគាលស្តី​អំពី​ព្រះ​វិហារ។ (អេសេគាល ៤០​-​៤៨ ជំពូក៤០​-​៤៨) នៅ​ពេល​នោះ ការ​ដៅ​បញ្ជាក់​គឺ​នូវ​របៀប​ដែល​ព្រះ​វិហារ​ក្នុង​ចក្ខុនិមិត្ត​របស់អេសេគាល នឹង​ត្រូវ​សម្រេច​ក្នុង​ពិភព​លោក​ថ្មី។—ពេត្រុស​ទី​២ ៣:១៣

១៥ ប៉ុន្តែ អត្ថបទ​ពីរ​ដែល​បាន​បោះ​ពុម្ព​នៅ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​១៩៧២ បាន​មាន​អានុភាព​លើ​ការ​យល់​របស់​យើង​ស្តី​អំពី​ចក្ខុនិមិត្ត​របស់អេសេគាល។ អត្ថបទ​នោះ​បាន​ពិគ្រោះ​ព្រះ​វិហារ​ខាង​វិញ្ញាណ​ដ៏​ឧត្តម ដែល​បាន​រៀប​រាប់​ដោយ​សាវ័ក​ប៉ុល​ក្នុង​ហេព្រើរ ១០ ជំពូក១០។ ទស្សនាវដ្ដី​ប៉ម​យាម​នេះ​បាន​ពន្យល់​ថា​បន្ទប់​បរិសុទ្ធ​និង​ទី​ធ្លា​ខាង​ក្នុង​នៃ​ព្រះ​វិហារ​ខាង​វិញ្ញាណ ទាក់​ទង​នឹង​ស្ថានភាព​នៃ​ពួក​ចាក់​ប្រេង​តាំង កាល​ដែល​ពួក​គេ​នៅ​លើ​ផែនដី​នេះ។ នៅ​ពេល​ដែលអេសេគាល អេសេគាល ៤០–៤៨ ជំពូក៤០​ទៅ​ជំពូក​៤៨ បាន​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក នោះ​គឺ​បាន​ត្រូវ​យល់​ថា ដូច​ជា​ព្រះ​វិហារ​ខាង​វិញ្ញាណ​កំពុង​តែ​មាន​ដំណើរ​ការ​សព្វ​ថ្ងៃ​នេះ ដូច្នេះ​ព្រះ​វិហារ​ដែលអេសេគាលបាន​ឃើញ ក៏​ត្រូវ​មាន​ដំណើរ​ការ​សព្វ​ថ្ងៃ​នេះ​ដែរ។ តើ​យ៉ាង​ដូច​ម្ដេច​ទៅ?

១៦ នៅ​ក្នុង​ចក្ខុនិមិត្ត​របស់អេសេគាល ពួក​សង្ឃ​បាន​ត្រូវ​គេ​ឃើញ​ដើរ​នៅ​ក្នុង​ទី​ធ្លា​នៃ​ព្រះ​វិហារ​នេះ កាល​ដែល​គេ​បំរើ​កុលសម្ព័ន្ធ​ដែល​មិន​មែន​ជា​សង្ឃ​នោះ។ យ៉ាង​ច្បាស់​ណាស់ ពួក​សង្ឃ​ទាំង​នេះ​តំណាង«ពួក​សង្ឃ​ហ្លួង» គឺ​ពួក​អ្នក​បំរើ​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេហូវ៉ា។ (ពេត្រុស​ទី​១ ២:៩) ប៉ុន្តែ ពួក​គេ​នឹង​មិន​បំរើ​នៅ​លើ​ផែនដី​ជា​ទី​ធ្លា​ព្រះ​វិហារ ជា​រៀង​រហូត​ក្នុង​កំឡុង​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រីស្ទ​នោះ​ទេ។ (វិវរណៈ ២០:៤) ក្នុង​កំឡុង​ពេល​នោះ​សឹង​តែ​ទាំង​អស់ គឺ​ពួក​ចាក់ប្រេង​តាំង​នឹង​បំរើ​ព្រះ​នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​ក្នុង​ព្រះ​វិហារ​ខាង​វិញ្ញាណ ដែល​ជា«ស្ថាន​សួគ៌​នោះ​ឯង»។ (ហេព្រើរ ៩:២៤) ដោយ​ព្រោះ​ឃើញ​ពួក​សង្ឃ​ដើរ​ចេញ​ចូល​ក្នុង​ទី​ធ្លា​នៃ​ព្រះ​វិហារ​ដែលអេសេគាលឃើញ នោះ​ចក្ខុនិមិត្ត​កំពុង​តែ​សម្រេច​សព្វ​ថ្ងៃ​នេះ កាល​ដែល​ពួក​ចាក់​ប្រេង​តាំង​ខ្លះ​នៅ​លើ​ផែនដី​នេះ​នៅ​ឡើយ។ ដោយ​យល់​ស្រប​នឹង​នេះ ទស្សនាវដ្ដី​នេះ​នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​១៩៩៩ នោះ​ក៏​បាន​បង្ហាញ​នូវ​ទស្សនៈ​ដែល​បាន​ត្រូវ​កែ​សម្រួល​ខាង​ប្រធាន​នេះ។ ដូច្នេះ​ហើយ តាំង​ពី​ដើម​ដល់​ចុង​សតវត្ស​ទី​២០​នេះ នោះ​ពន្លឺ​ខាង​វិញ្ញាណ​បាន​ត្រូវ​បញ្ចាំង​លើ​ទំនាយ​របស់អេសេគាល។

ចូរ​សុខ​ចិត្ត​កែ​សម្រួល​ទស្សនៈ​របស់​អ្នក

១៧. តើ​ការ​កែ​សម្រួល​អ្វី​ដែល​អ្នក​បាន​ធ្វើ​ចំពោះ​ទស្សនៈ​ផ្ទាល់​ខ្លួន តាំង​ពី​បាន​ចំណេះ​នៃ​សេចក្ដី​ពិត ហើយ​តើ​ការ​ទាំង​នេះ​បាន​មាន​ប្រយោជន៍​យ៉ាង​ណា​ចំពោះ​អ្នក?

១៧ អ្នក​ណា​ដែល​ចង់​មាន​ចំណេះ​អំពី​សេចក្ដី​ពិត ត្រូវ​តែ​សុខ​ចិត្ត​នាំ«អស់​ទាំង​គំនិត ឲ្យ​ចុះ​ចូល​ស្ដាប់​បង្គាប់​ព្រះ​គ្រីស្ទ»។ (កូរិនថូស​ទី​២ ១០:៥) នោះ​គឺ​មិន​តែង​តែ​ស្រួល​នោះ​ទេ ជា​ពិសេស​ពេល​ដែល​ទស្សនៈ​បាន​ចាក់​ឫស​យ៉ាង​ខ្លាំង​នោះ។ ជា​ឧទាហរណ៍ មុន​នឹង​រៀន​អំពី​សេចក្ដី​ពិត​របស់​ព្រះ អ្នក​ប្រហែល​ជា​បាន​សប្បាយ​នឹង​ការ​ធ្វើ​បុណ្យ​ណា​ខ្លះ ដែល​ទាក់​ទង​ថ្ងៃ​ឈប់​សម្រាក​ខាង​សាសនា​ជា​មួយ​នឹង​គ្រួសារ​របស់​អ្នក។ ក្រោយ​ពី​អ្នក​បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ អ្នក​ប្រហែល​ជា​ដឹង​ថា​ពិធី​បុណ្យ​ទាំង​នេះ គឺ​ពិត​ជា​មាន​កំណើត​ពី​ពាហិរជន។ មុន​ដំបូង អ្នក​ប្រហែល​ជា​មាន​ចិត្ត​ស្ទាក់​ស្ទើរ​ដើម្បី​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​បាន​រៀន។ ប៉ុន្តែ នៅ​ទី​បំផុត សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ខ្លាំង​ជាង​មនោសញ្ចេតនា​ខាង​សាសនា ហើយ​អ្នក​ក៏​ឈប់​ធ្វើ​បុណ្យ​ណា​ដែល​មិន​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ។ តើ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​សេចក្ដី​សម្រេច​ចិត្ត​របស់​អ្នក​ឬ​ទេ?—ប្រៀប​មើល ហេព្រើរ ១១:២៥

១៨. តើ​យើង​គួរ​តែ​មាន​ប្រតិកម្ម​យ៉ាង​ណា ពេល​ដែល​ការ​យល់​របស់​យើង​អំពី​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ បាន​ត្រូវ​ធ្វើ​ឲ្យ​ឃើញ​ច្បាស់​នោះ?

១៨ យើង​តែង​តែ​ទទួល​ប្រយោជន៍​ដោយ​ធ្វើ​អ្វី​ៗ​តាម​ផ្លូវ​របស់​ព្រះ។ (អេសាយ ៤៨:១៧, ១៨) ដូច្នេះ​នៅ​ពេល​ដែល​ទស្សនៈ​របស់​យើង​ស្តី​អំពីបទគម្ពីរ​បាន​ត្រូវ​ធ្វើ​ឲ្យ​ច្បាស់​ឡើង នោះ​សូម​ឲ្យ​យើង​អរ​សប្បាយ​នឹង​ការ​រីក​ចំរើន​ខាង​សេចក្ដី​ពិត​ចុះ! ពិត​មែន ដោយ​យើង​ទទួល​នូវ​ពន្លឺ​ជា​បន្ត បញ្ជាក់​ថា​យើង​កំពុង​តែ​នៅ​លើ​ផ្លូវ​ត្រឹម​ត្រូវ។ នេះ​ជា«ផ្លូវ​របស់​មនុស្ស​សុចរិត» ដែល«ធៀប​ដូច​ជា​ពន្លឺ​ដែល​កំពុង​តែ​រះ​ឡើង ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង ដរាប​ដល់​ពេញ​កំឡាំង»។ (សុភាសិត ៤:១៨) ពិត​មែន នៅ​បច្ចុប្បន្ន​នេះ​យើង​ឃើញ​នូវ​លក្ខណៈ​ខ្លះ​នៃ​គោល​បំណង​របស់​ព្រះ​តាម«បែប​ស្រអាប់»។ ប៉ុន្តែ នៅ​ពេល​ដែល​ពេល​កំណត់​របស់​ព្រះ​មក​ដល់ យើង​នឹង​យល់​ឃើញ​នូវ​សេចក្ដី​ពិត​ដ៏​ថ្កុំ​ថ្កើង ឲ្យ​តែ​ជើង​របស់​យើង​បាន​រក្សា​នៅ​យ៉ាង​មុត​មាំ​លើ«ផ្លូវ»នោះ។ នៅ​ពេល​ចន្លោះ​នេះ សូម​ឲ្យ​យើង​រំភើប​ចិត្ត​ដោយ​សេចក្ដី​ពិត​ទាំង​ប៉ុន្មាន ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​យល់​ច្បាស់ ហើយ​រង់​ចាំ​នូវ​ការ​បំភ្លឺ​លើ​ទំនាយ​ណា ដែល​មិន​ទាន់​យល់​ច្បាស់​លាស់​នោះ។

១៩. តើ​អ្វី​ទៅ​ជា​វិធី​មួយ​ដើម្បី​បង្ហាញ​ថា យើង​ស្រឡាញ់​សេចក្ដី​ពិត​នោះ?

១៩ តើ​តាម​របៀប​ណា​ដែល​យើង​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​របស់​យើង ចំពោះ​ពន្លឺ​តាម​វិធី​ដ៏​មាន​ប្រយោជន៍​នោះ? វិធី​មួយ​គឺ​ដោយ​អាន​បន្ទូល​របស់​ព្រះ​យ៉ាង​ទៀង​ទាត់ រៀង​រាល់​ថ្ងៃ​ប្រសិន​បើ​ធ្វើ​ទៅ​បាន។ តើ​អ្នក​កំពុង​តែ​ធ្វើ​តាម​កម្ម​វិធី​នៃ​ការ​អាន​ព្រះ​គម្ពីរ​ដោយ​ទៀង​ទាត់​ឬ​ទេ? ទស្សនាវដ្ដី​ប៉ម​យាម​និង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! ក៏​ផ្ដល់​ឲ្យ​យើង​នូវ​អាហារ​ខាង​វិញ្ញាណ​ដ៏​បរិបូរ​ឲ្យ​យើង​គាប់​ចិត្ត​នឹង​នោះ​ដែរ។ សូម​ពិចារណា​មើល​ដែរ នូវ​សៀវភៅ សៀវភៅ​ស្តើង និង​ប្រកាសនវត្ថុ​ឯ​ទៀត ដែល​បាន​រៀបចំ​ឡើង​សំរាប់​ជា​ប្រយោជន៍​របស់​យើង។ ហើយ​ចុះ​យ៉ាង​ណា​វិញ ចំពោះ​សេចក្ដី​រាយ​ការណ៍​ដ៏​លើក​ទឹក​ចិត្ត​អំពី​សកម្មភាព​ផ្សព្វ​ផ្សាយ​ព្រះ​រាជាណាចក្រ ដែល​បាន​បោះ​ពុម្ព​ក្នុង​សៀវភៅ​ប្រចាំ​ឆ្នាំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា?

២០. តើ​មាន​ការ​ទាក់​ទង​គ្នា​យ៉ាង​ណា​រវាង​ពន្លឺ​និង​សេចក្ដី​ពិត ដែល​ចេញ​ពី​ព្រះ​យេហូវ៉ា​និង​ការ​ចូល​រួម​របស់​យើង​នៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន​នោះ?

២០ ត្រូវ​ហើយ ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​តាម​របៀប​ដ៏​អស្ចារ្យ​ដល់​សេចក្ដី​អធិស្ឋាន ដែល​បាន​សម្ដែង​មក​នៅ​ទំនុកដំកើង ៤៣:៣។ នៅ​ទី​បញ្ចប់​នៃ​ខ​នោះ យើង​អាន​ថា៖ «ឱ​សូម​ផ្សាយ​ពន្លឺ​នឹង​សេចក្ដី​ពិត ចេញ​មក​នាំ​មុខ​ទូល​បង្គំ ដើម្បី​ឲ្យ​បាន​នាំ​ទូល​បង្គំ​ទៅ​ឯ​ភ្នំ​បរិសុទ្ធ ហើយ​ក្នុង​ព្រះ​វិហារ​នៃ​ទ្រង់»។ តើ​អ្នក​ទន្ទឹង​ចាំ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ហ្វូង​មនុស្ស​ដ៏​ធំ​នោះ​ឬ​ទេ? សេចក្ដី​បង្ហាត់​បង្រៀន​ខាង​វិញ្ញាណ ដែល​បាន​ផ្ដល់​មក​នៅ​ឯ​កិច្ច​ប្រជុំ​របស់​យើង គឺ​ជា​ផ្លូវ​ដ៏​សំខាន់​មួយ ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ការ​បំភ្លឺ​សព្វ​ថ្ងៃ​នេះ។ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​យើង​មាន​ការ​អបអរ​ខ្លាំង​ទៀត សំរាប់​កិច្ច​ប្រជុំ​គ្រីស្ទាន? យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​ពិនិត្យ​ដោយ​អធិស្ឋាន​នឹង​ប្រធាន​នេះ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

[កំណត់​សម្គាល់]

^ ក្រោយ​ពី​មរណភាព​របស់​បង​ប្រុស​រ៉ាសិល នោះ​ប្រកាសនវត្ថុ​ដែល​បាន​តាំង​ជា​ក្បាល​ទី​ប្រាំ​ពីរ​នៃ​ការ​សិក្សា​ក្នុងបទគម្ពីរ បាន​ត្រូវ​រៀបចំ​ឡើង​ដើម្បី​ផ្ដល់​នូវ​ការ​ពន្យល់​ស្តី​អំពី​សៀវភៅអេសេគាល​និង​វិវរណៈ។ សៀវភៅ​នេះ​គឺ​មាន​មូលដ្ឋាន ជា​ផ្នែក​ខ្លះ​លើ​សេចក្ដី​សង្កេត​ដែល​បង​ប្រុស​រ៉ាសិល​បាន​ថ្លែង​ស្តី​អំពី​សៀវភៅ​ទាំង​នោះ។ ប៉ុន្តែ ពេល​វេលា​ដើម្បី​នឹង​លាត​ត្រដាង​អត្ថន័យ​នៃ​ទំនាយ​ទាំង​នោះ​មិន​ទាន់​មក​ដល់ ហើយ​ជា​ទូទៅ ការ​ពន្យល់​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ការ​សិក្សា​ក្នុងបទគម្ពីរ​ក្បាល​នោះ​គឺ​ស្រពេចស្រពិល។ នៅ​ក្នុង​កំឡុង​ឆ្នាំ​ជា​បន្ទាប់ ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល​របស់​ព្រះ​យេហូវ៉ា​និង​ព្រឹត្ដិការណ៍​ក្នុង​ពិភព​លោក បាន​អនុញ្ញាត​ឲ្យ​ពួក​គ្រីស្ទាន​យល់​នូវ​អត្ថន័យ​នៃ​សៀវភៅ​ទំនាយ​ទាំង​នោះ បាន​ត្រឹម​ត្រូវ​ថែម​ទៀត។

តើ​អ្នក​អាច​ឆ្លើយ​បាន​ឬ​ទេ?

ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​លាត​ត្រដាង​គោល​បំណង​របស់​ទ្រង់​ជា​បណ្ដើរ​ៗ?

តើ​តាម​របៀប​ណា​ដែល​ពួក​សាវ័ក​និង​ពួក​ចាស់​ទុំ​នៅ​ក្នុង​ទី​ក្រុង​យេរូសាឡិម បាន​ដោះ​ស្រាយ​រឿង​អំពី​ការ​កាត់​ស្បែក​នោះ?

តើ​របៀប​សិក្សា​ព្រះ​គម្ពីរ​អ្វី ដែល​ពួក​សិស្ស​ព្រះ​គម្ពីរ​ពី​ដើម​បាន​ចាប់​ប្រើ ហើយ​ហេតុ​អ្វី​ក៏​នេះ​ជា​អ្វី​ដ៏​ចម្លែក?

សូម​ពន្យល់​នូវ​របៀប​ដែល​ពន្លឺ​ខាង​វិញ្ញាណ ត្រូវ​លាត​ត្រដាង​ក្នុង​ពេល​កំណត់​របស់​ព្រះ។

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២៥]

ឆាល្ស ថេហ្ស រ៉ាសិល បាន​ដឹង​ថា​ពន្លឺ​នឹង​រះ​ឡើង​លើ​សៀវភៅវិវរណៈ ពេល​គ្រា​កំណត់​របស់​ព្រះ​មក​ដល់