លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរយកចិត្តទុកដាក់នឹងពាក្យទំនាយរបស់ព្រះ

ចូរយកចិត្តទុកដាក់នឹងពាក្យទំនាយរបស់ព្រះ

ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទំនាយ​របស់​ព្រះ

«យើង​ខ្ញុំ​មាន​ពាក្យ​ទំនាយ​ដ៏​ពិត​ជាង ដែល​គួរ​ឲ្យ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​តាម»។—ពេត្រុស​ទី​២ ១:១៩

១, ២. តើ​មាន​ឧទាហរណ៍​នៃ​ព្រះ​មេស្ស៊ី​ក្លែង​ក្លាយ​ណា​ខ្លះ ដែល​អ្នក​អាច​រៀប​រាប់?

 ជា​ច្រើន​សតវត្ស​មក​ហើយ គឺ​មាន​ព្រះ​មេស្ស៊ី​ក្លែង​ក្លាយ​ជា​ច្រើន​នាក់​ដែល​បាន​ខំ​ទាយ​អំពី​អនាគត។ នៅ​ក្នុង​សតវត្ស​ទី​ប្រាំ ស.យ. នោះ​បុរស​ម្នាក់​ដែល​បាន​ហៅ​ខ្លួន​ជា​ម៉ូសេ បាន​ធ្វើ​ឲ្យ​ពួក​យូដា​នៅ​កោះ​ក្រេត​ជឿ​ថា គាត់​ជា​ព្រះ​មេស្ស៊ី និង​អាច​រំដោះ​ពួក​គេ​ពី​ការ​ជិះ​ជាន់។ នៅ​ថ្ងៃ​ដែល​ទុក​សំរាប់​ការ​រំដោះ​គេ នោះ​ពួក​គេ​បាន​ដើរ​តាម​គាត់​ទៅ​ឯ​កន្លែង​ដ៏​ខ្ពស់ ដែល​អាច​មើល​ឃើញ​សមុទ្រ​មេឌីទែរ៉ានេ​នៅ​ឯ​ខាង​ក្រោម។ គាត់​បាន​និយាយ​ថា ពួក​គេ​គ្រាន់​តែ​លោត​ចុះ​ទៅ​ឯ​សមុទ្រ នោះ​សមុទ្រ​នឹង​ញែក​ចេញ​ពី​មុខ​គេ។ មនុស្ស​ជា​ច្រើន​ដែល​បាន​លោត​ចុះ​ក្នុង​ទឹក នោះ​បាន​លង់​ទឹក​ស្លាប់ ហើយ​ព្រះ​មេស្ស៊ី​ក្លែង​ក្លាយ​នោះ​ក៏​រត់​ចេញ​ពី​ទី​នោះ​ទៅ។

នៅ​សតវត្ស​ទី​១២ នោះ«ព្រះ​មេស្ស៊ី»ម្នាក់​ក៏​បាន​លេច​ខ្លួន​ចេញ​នៅ​ប្រទេស​យេម៉ែន។ អ្នក​គ្រប់​គ្រង​បាន​សួរ​គាត់​រក​ទី​សម្គាល់​អំពី​ភាព​ជា​ព្រះ​មេស្ស៊ី​របស់​គាត់។ «ព្រះ​មេស្ស៊ី»នេះ​បាន​ស្នើ​សុំ​ឲ្យ​អ្នក​គ្រប់​គ្រង​ម្នាក់​នេះ​កាត់​ក្បាល​គាត់។ គាត់​បាន​ទាយ​ថា​នឹង​មាន​ដំណើរ​រស់​ឡើង​វិញ​យ៉ាង​លឿន ដែល​នឹង​ទុក​ជា​សញ្ញា។ អ្នក​គ្រប់​គ្រង​នេះ​បាន​សុខ​ចិត្ត​ទទួល​ព្រម​នឹង​គម្រោង​ការ​នេះ ហើយ​នេះ​ក៏​ជា​ទី​បញ្ចប់​នៃ«ព្រះ​មេស្ស៊ី»នោះ។

៣. តើ​ព្រះ​មេស្ស៊ី​ដ៏​ពិត ជា​អ្នក​ណា ហើយ​តើ​កិច្ច​បំរើ​របស់​ទ្រង់​បាន​ស​ឲ្យ​ឃើញ​អ្វី?

ព្រះ​មេស្ស៊ី​ក្លែង​ក្លាយ​ជា​ច្រើន​និង​ទំនាយ​របស់​គេ គឺ​បាន​បរាជ័យ​ទាំង​ស្រុង ប៉ុន្តែ​ការ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទំនាយ​របស់​ព្រះ នឹង​មិន​ដែល​នាំ​ឲ្យ​មាន​ការ​ខក​ចិត្ត​នោះ​ទេ។ ព្រះ​មេស្ស៊ី​ពិត​ជា​ព្រះ​យេស៊ូ​គ្រីស្ទ គឺ​ជា​ការ​សម្រេច​ដ៏​រស់​រវើក​នូវ​ទំនាយ​ជា​ច្រើន​ក្នុង​ព្រះ​គម្ពីរ។ ជា​ឧទាហរណ៍ ដោយ​ដក​ស្រង់​នូវ​ទំនាយ​របស់អេសាយ នោះម៉ាថាយដែល​ជា​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ បាន​សរសេរ​ថា៖ «‹ស្រុក​សាប់យូល៉ូន នឹង​ណែបថាលី តាម​ផ្លូវ​ទៅ​ឯ​សមុទ្រ ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​ជា​ស្រុក​កាលីឡេ​របស់​សាសន៍​ដទៃ ឯ​បណ្ដា​ជន ដែល​អង្គុយ​ក្នុង​សេចក្ដី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ មាន​ពន្លឺ​រះ​ឡើង បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​កំលុង ហើយ​នឹង​ម្លប់​នៃ​សេចក្ដី​ស្លាប់›។ តាំង​ពី​គ្រា​នោះ​មក​ព្រះ​យេស៊ូវ​ក៏​ចាប់​តាំង​ប្រកាស ដោយ​បន្ទូល​ថា ‹ចូរ​ប្រែ​ចិត្ត​ឡើង ដ្បិត​នគរ​ស្ថាន​សួគ៌​ជិត​ដល់​ហើយ›»។ (ម៉ាថាយ ៤:១៥​-​១៧; អេសាយ ៩:១, ២) ព្រះ​យេស៊ូ​ជា«ពន្លឺ​យ៉ាង​ធំ» ហើយ​កិច្ច​បំរើ​ផ្សាយ​របស់​ទ្រង់​បាន​ស​ឲ្យ​ឃើញ​ថា ទ្រង់​ជា​ព្យាការី​ដែល​បាន​ទាយ​មក​ដោយ​លោក​ម៉ូសេ។ អស់​អ្នក​ដែល​បដិសេធ​មិន​ព្រម​ស្ដាប់​តាម​ព្រះ​យេស៊ូ នឹង​ត្រូវ​កំទេច​ចោល។—ចោទិយកថា ១៨:១៨, ១៩; កិច្ច​ការ ៣:២២, ២៣

៤. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បាន​សម្រេច​ពាក្យ​នៅ​ឯ​អេសាយ ៥៣:១២?

ព្រះ​យេស៊ូ​ក៏​បាន​សម្រេច​នូវ​ពាក្យ​ទំនាយ​នៅ​ឯ​អេសាយ ៥៣:១២ ដែល​ថា៖ «ទ្រង់​បាន​ច្រួច​ព្រលឹង​ចេញ រហូត​ដល់​ស្លាប់ គេ​បាន​រាប់​ទ្រង់​ទុក​ជា​អ្នក​ទទឹង​ច្បាប់ ប៉ុន្តែ​ទ្រង់​បាន​ទទួល​រង​ទោស​នៃ​អំពើ​បាប​របស់​មនុស្ស​ជា​ច្រើន ហើយ​បាន​អង្វរ​ជំនួស​មនុស្ស​ដែល​ទទឹង​ច្បាប់​វិញ»។ ដោយ​ជ្រាប​ថា មិន​យូរ​ប៉ុន្មាន​ទៀត ទ្រង់​នឹង​ប្រគល់​ជីវិត​ដ៏​ជា​មនុស្ស​របស់​ទ្រង់​សំរាប់​ជា​តម្លៃ​លោះ នោះ​ព្រះ​យេស៊ូ​បាន​ពង្រឹង​ជំនឿ​របស់​ពួក​សិស្ស​ទ្រង់។ (ម៉ាកុស ១០:៤៥) ទ្រង់​បាន​ធ្វើ​នេះ​តាម​របៀប​ដ៏​អស្ចារ្យ​ដោយ​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ។

ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​ស្អាង​ឡើង​នូវ​ជំនឿ

៥. ដោយ​ពាក្យ​សំដី​របស់​អ្នក តើ​អ្នក​នឹង​រៀប​រាប់​យ៉ាង​ណា​អំពី​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​នោះ?

ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​គឺ​ជា​ព្រឹត្ដិការណ៍​ខាង​ទំនាយ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «កូន​មនុស្ស​នឹង​មក​ក្នុង​សិរី​ល្អ​នៃ​ព្រះ​វរបិតា ជា​មួយ​នឹង​ពួក​ទេវតា​របស់​លោក . . . ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នេះ មាន​អ្នក​ខ្លះ​មិន​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់ ទាល់​តែ​បាន​ឃើញ​កូន​មនុស្ស​មក ក្នុង​នគរ​របស់​លោក»។ (ម៉ាថាយ ១៦:២៧, ២៨) តើ​ពួក​សាវ័ក​ខ្លះ​ពិត​ជា​បាន​ឃើញ​ព្រះ​យេស៊ូ​យាង​មក​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​ឬ? ម៉ាថាយ ១៧:១​-​៧ ចែង​ថា៖ «កន្លង​មក​៦​ថ្ងៃ ព្រះ​យេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ាកុប នឹងយ៉ូហាន ជា​ប្អូនយ៉ាកុប ទៅ​ជា​មួយ​នឹង​ទ្រង់ ក៏​នាំ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់​ដោយ​ឡែក រួច​ទ្រង់​បាន​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ»។ នេះ​ជា​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​មែន! «ព្រះ​ភក្ដ្រ​ទ្រង់​បាន​ភ្លឺ​ដូច​ព្រះ​អាទិត្យ ហើយ​ព្រះ​ពស្ត្រ​ទ្រង់​ក៏​ត្រឡប់​ជា​ស​ដូច​ពន្លឺ នោះ​ឃើញ​លោក​ម៉ូសេ នឹង​លោក​អេលីយ៉ា លេច​មក​ឯ​គេ កំពុង​តែ​ទូល​នឹង​ទ្រង់»។ ហើយ«មាន​ពពក​យ៉ាង​ភ្លឺ​បាន​មក​បាំង​គេ ហើយ​មាន​ឮ​សំឡេង​ចេញ​ពី​ពពក​នោះ​ថា ‹នេះ​ជា​កូន​ស្ងួន​ភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់ ចូរ​ស្ដាប់​តាម​ចុះ› កាល​បាន​ឮ​ហើយ​នោះ​ពួក​សិស្ស​ក៏​ក្រាប​ផ្កាប់​មុខ​នឹង​ដី ទាំង​ភ័យ​ស្លុត​ជា​ខ្លាំង តែ​ព្រះ​យេស៊ូវ​ទ្រង់​យាង​ទៅ​ពាល់​គេ ដោយ​បន្ទូល​ថា៖ ‹ចូរ​ក្រោក​ឡើង កុំ​ភ័យ​ឡើយ›»។

៦. (ក) ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​ហៅ​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​ជា​ចក្ខុនិមិត្ត​មួយ? (ខ) តើ​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​នេះ ជា​ការ​ឃើញ​ទុក​ជា​មុន​អំពី​អ្វី?

ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​នេះ ប្រហែល​ជា​កើត​ឡើង​នៅ​ឯ​កំពូល​ភ្នំ​ហ៊ើម៉ូន ដែល​ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​បី​នាក់ បាន​ចំណាយ​ពេល​មួយ​យប់​នៅ​ទី​នោះ។ តាម​មើល​ទៅ ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​នេះ​បាន​កើត​ឡើង​នៅ​ពេល​យប់ ដែល​ធ្វើ​ឲ្យ​ឃើញ​យ៉ាង​ភ្លឺ​ច្បាស់។ មូលហេតុ​មួយ​ដែល​ព្រះ​យេស៊ូ​បាន​ហៅ​ថា​នេះ​ជា​ចក្ខុនិមិត្ត គឺ​ពីព្រោះ​លោក​ម៉ូសេ​និង​អេលីយ៉ា​ដែល​បាន​ស្លាប់​ជា​យូរ​យារ​មក​ហើយ ពុំ​បាន​មាន​វត្តមាន​មែន​ទែន​នោះ​ទេ។ មាន​តែ​ព្រះ​យេស៊ូ​ប៉ុណ្ណោះ​ដែល​មាន​វត្តមាន​នោះ។ (ម៉ាថាយ ១៧:៨, ៩) ការ​សម្ដែង​ដ៏​ទាក់​ទាញ​ចិត្ត​នេះ​បាន​ឲ្យ​ពេត្រុស យ៉ាកុប និងយ៉ូហាននូវ​ការ​ឃើញ​ជា​មុន​នូវ​វត្តមាន​ដ៏​រុង​រឿង​របស់​ព្រះ​យេស៊ូ កាន់​អំណាច​ព្រះ​រាជាណាចក្រ។ លោក​ម៉ូសេ​និង​លោក​អេលីយ៉ា គឺ​តំណាង​ពួក​អ្នក​គ្រង​មរតក​ដែល​បាន​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេស៊ូ។ ហើយ​ចក្ខុនិមិត្ត​នេះ​បាន​ពង្រឹង​ឡើង​យ៉ាង​ខ្លាំង​នូវ​សក្ខី​ភាព​របស់​ទ្រង់​អំពី​ព្រះ​រាជាណាចក្រ និង​ភាព​ជា​ស្តេច​របស់​ទ្រង់​នៅ​ពេល​ខាង​មុខ​នេះ។

៧. តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា ពេត្រុស​មាន​ការ​នឹក​ចាំ​យ៉ាង​ច្បាស់​អំពី​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ?

ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​បាន​ជួយ​ពង្រឹង​ជំនឿ​នៃ​ពួក​សាវ័ក​បី​នាក់ ដែល​នឹង​ត្រូវ​មាន​តួ​នាទី​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន។ ព្រះ​ភក្ដ្រ​ដ៏​ភ្លឺ​របស់​ព្រះ​គ្រីស្ទ ព្រះ​ពស្ត្រ​ស​របស់​ទ្រង់ និង​សម្លេង​របស់​ព្រះ​ផ្ទាល់ ដែល​ប្រកាស​ថា​ព្រះ​យេស៊ូ​ជា​បុត្រ​ស្ងួន​ភ្ងា​របស់​ទ្រង់ ដែល​ពួក​គេ​ត្រូវ​ស្ដាប់​តាម ភស្តុ​តាង​ទាំង​នេះ​បាន​សម្រេច​យ៉ាង​ស័ក្ដិ​សិទ្ធិ​ជា​ទី​បំផុត។ ប៉ុន្តែ ពួក​សាវ័ក​មិន​ត្រូវ​រៀប​រាប់​អំពី​ចក្ខុនិមិត្ត​នេះ​ប្រាប់​អ្នក​ណា​ឡើយ ទាល់​តែ​ព្រះ​យេស៊ូ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ប្រមាណ​៣២​ឆ្នាំ​ក្រោយ​មក នោះ​ចក្ខុនិមិត្ត​នេះ​គឺ​នៅ​តែ​ឃើញ​ច្បាស់​ក្នុង​គំនិត​របស់ពេត្រុស។ ដោយ​ចង្អុល​ប្រាប់​អំពី​រឿង​នេះ​និង​សារៈ​សំខាន់​របស់​វា នោះ​គាត់​បាន​សរសេរ​ថា៖ «ដ្បិត​ដែល​យើង​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ដល់​ព្រះ​ចេស្ដា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង នឹង​ដំណើរ​ដែល​ទ្រង់​យាង​មក នោះ​មិន​មែន​តាម​រឿង​ព្រេង​ប្រឌិត​ដោយ​ដំរិះ​នោះ​ទេ គឺ​យើង​ខ្ញុំ​ជា​ស្មរបន្ទាល់ ដែល​បាន​ឃើញ​ឫទ្ធានុភាព​របស់​ទ្រង់​ជាក់​នឹង​ភ្នែក​វិញ ដ្បិត​ទ្រង់​បាន​ល្បី​ព្រះ​នាម នឹង​សិរី​ល្អ​ពី​ព្រះ​ដ៏​ជា​ព្រះ​វរបិតា ក្នុង​កាល​ដែល​មាន​ឮ​សំឡេង​ពី​សិរី​ល្អ​ដ៏​ប្រសើរ​ឧត្តម មាន​បន្ទូល​មក​ទ្រង់​ថា ‹នេះ​ជា​កូន​ស្ងួន​ភ្ងា​អញ ជា​ទី​គាប់​ចិត្ត​អញ​ណាស់› យើង​ខ្ញុំ​បាន​ឮ​សំឡេង​នោះ​មក​ពី​លើ​មេឃ ក្នុង​កាល​ដែល​នៅ​លើ​ភ្នំ​បរិសុទ្ធ​ជា​មួយ​នឹង​ទ្រង់»។—ពេត្រុស​ទី​២ ១:១៦​-​១៨

៨. (ក) សេចក្ដី​ប្រកាស​របស់​ព្រះ​ស្តី​អំពី​បុត្រា​ទ្រង់ បាន​ដៅ​បញ្ជាក់​លើ​អ្វី? (ខ) តើ​អ្វី​ដែល​បាន​បញ្ជាក់​ដោយ​ពពក ដែល​បាន​លេច​ឡើង​ក្នុង​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​នោះ?

សេចក្ដី​ប្រកាស​របស់​ព្រះ​គឺ​ជា​អ្វី​ដែល​មាន​សារៈ​សំខាន់​ជា​ទី​បំផុត ដែល​ថា៖ «នេះ​ជា​កូន​ស្ងួន​ភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់ ចូរ​ស្ដាប់​តាម​ចុះ»។ សេចក្ដី​ប្រកាស​នេះ​ដៅ​បញ្ជាក់​លើ​ព្រះ​យេស៊ូ​ជា​ស្តេច ដែល​ព្រះ​តែង​តាំង​ឲ្យ​សោយ​រាជ្យ ក្នុង​នោះ​អ្វី​ៗ​ទាំង​អស់​ដែល​បាន​បង្កើត​មក ត្រូវ​ស្ដាប់​បង្គាប់​តាម។ ពពក​ដែល​មក​បាំង​គេ​បាន​បញ្ជាក់​ថា ការ​សម្រេច​នៃ​ចក្ខុនិមិត្ត​នេះ​នឹង​មើល​មិន​ឃើញ​នោះ​ទេ។ នេះ​គឺ​អាច​យល់​បាន​តាម​តែ​ភ្នែក​នៃ​ការ​យល់​ដឹង ដោយ​ពួក​អ្នក​ដែល​ទទួល​ស្គាល់«សញ្ញា»នៃ​វត្តមាន​ដ៏​មើល​មិន​ឃើញ​របស់​ព្រះ​យេស៊ូ ដែល​កំពុង​តែ​កាន់​អំណាច​ក្នុង​ព្រះ​រាជាណាចក្រ។ (ម៉ាថាយ ២៤:៣) តាម​ការ​ពិត សេចក្ដី​បង្គាប់​របស់​ព្រះ​យេស៊ូ​មិន​ឲ្យ​ប្រាប់​ចក្ខុនិមិត្ត​នេះ​ដល់​អ្នក​ណា ទាល់​តែ​ទ្រង់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ បង្ហាញ​ថា​ការ​តម្កើង​និង​សិរី​រុង​រឿង​របស់​ទ្រង់ នឹង​មាន​ឡើង​ក្រោយ​ពី​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់។

៩. ហេតុ​អ្វី​ក៏​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​គួរ​តែ​ពង្រឹង​ជំនឿ​របស់​យើង?

ក្រោយ​ពី​បាន​សំដៅ​ទៅ​ឯ​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ នោះ​ពេត្រុស​បាន​ថ្លែង​ថា៖ «ហើយ​យើង​ខ្ញុំ​មាន​ពាក្យ​ទំនាយ​ដ៏​ពិត​ជាង ដែល​គួរ​ឲ្យ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​តាម ដូច​ជា​តាម​ចង្កៀង​ដែល​ភ្លឺ​ក្នុង​ទី​ងងឹត ទាល់​តែ​ថ្ងៃ​ភ្លឺ​ឡើង ហើយ​ផ្កាយ[ថ្ងៃ ព.ថ.]រះ​ឡើង​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយ​ដឹង​សេចក្ដី​នេះ​ជា​មុន​ដំបូង​ថា គ្មាន​ពាក្យ​ទំនាយ​ណា​ក្នុង​គម្ពីរ ដែល​ស្រាយ​បាន​តាម​តែ​ចិត្ត​នោះ​ឡើយ ដ្បិត​សេចក្ដី​ទំនាយ​មិន​ដែល​មក ដោយ​បំណង​ចិត្ត​មនុស្ស​ទេ គឺ​ជា​មនុស្ស​បរិសុទ្ធ​របស់​ព្រះ ដែល​បាន​ទាយ ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់​បណ្ដាល​វិញ»។ (ពេត្រុស​ទី​២ ១:១៩​-​២១) ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​បញ្ជាក់​នូវ​ភាព​ប្រាកដ​ប្រជា​នៃ​ពាក្យ​ទំនាយ​របស់​ព្រះ។ យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ពាក្យ​ទាំង​នោះ មិន​មែន​តាម«រឿង​ព្រេង​ប្រឌិត​ដោយ​ដំរិះ» ដែល​ឥត​មាន​ការ​យល់​ព្រម​ពី​ព្រះ​នោះ​ទេ។ ជំនឿ​របស់​យើង​លើ​ទំនាយ​របស់​ព្រះ គួរតែ​បាន​ត្រូវ​ពង្រឹង​ដោយ​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ ពីព្រោះ​ចក្ខុនិមិត្ត​នោះ​បាន​ធ្វើ​ឲ្យ​ឃើញ​ទុក​ជា​មុន នូវ​សិរី​រុង​រឿង​និង​ការ​កាន់​អំណាច​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេស៊ូ ក្លាយ​ទៅ​ជា​ការណ៍​ពិត។ ត្រូវ​ហើយ យើង​មាន​ទី​សំអាង​ដែល​មិន​អាច​ប្រកែក​បាន​ថា ព្រះ​គ្រីស្ទ​មាន​វត្តមាន​សព្វ​ថ្ងៃ​នេះ ជា​ស្តេច​ដ៏​ខ្លាំង​ក្លា​នៅ​ស្ថាន​សួគ៌។

របៀប​ដែល​ផ្កាយ​ថ្ងៃ​រះ​ឡើង

១០. តើ​អ្នក​ណា​ឬ​ក៏​អ្វី​ជា«ផ្កាយ​ថ្ងៃ» ដែល​ពេត្រុស​បាន​រៀប​រាប់ ហើយ​ហេតុ​អ្វី​ក៏​អ្នក​ឆ្លើយ​អ៊ីចឹង?

១០ ពេត្រុស​បាន​សរសេរ​ថា៖ «អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​តាម[ពាក្យ​ទំនាយ] ដូច​ជា​តាម​ចង្កៀង​ដែល​ភ្លឺ​ក្នុង​ទី​ងងឹត ទាល់​តែ​ថ្ងៃ​ភ្លឺ​ឡើង ហើយ​ផ្កាយ[ថ្ងៃ]រះ​ឡើង​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា»។ តើ​អ្នក​ណា​ឬ​ក៏​អ្វី​ជា​ផ្កាយ​ថ្ងៃ? ពាក្យ​ថា«ផ្កាយ​ថ្ងៃ» មាន​តែ​ម្ដង​ទេ​ក្នុង​ព្រះ​គម្ពីរ ហើយ​នេះ​គឺ​មាន​ន័យ​ស្រដៀង​នឹង​ពាក្យ«ផ្កាយ​ព្រឹក»។ វិវរណៈ ២២:១៦ ហៅ​ព្រះ​យេស៊ូ​គ្រីស្ទ​ជា«ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង»។ នៅ​រដូវ​ខ្លះ​ៗ​ក្នុង​ឆ្នាំ ផ្កាយ​បែប​នេះ​គឺ​ជា​ផ្កាយ​ដែល​រះ​ឡើង​ក្រោយ​គេ​នៅ​ជើង​មេឃ​ពី​ទិស​ខាង​កើត។ ផ្កាយ​ទាំង​នេះ​រះ​ឡើង​មុន​នឹង​ថ្ងៃ​រះ​បន្ដិច ហើយ​ដូច្នេះ​ក៏​តំណាង​ថា​ថ្ងៃ​ថ្មី​រះ​ហើយ។ ពេត្រុស​បាន​ប្រើ​ពាក្យ«ផ្កាយ​ថ្ងៃ» ដើម្បី​សំដៅ​ទៅ​ឯ​ព្រះ​យេស៊ូ ក្រោយ​ពី​ទ្រង់​បាន​ទទួល​អំណាច​ព្រះ​រាជាណាចក្រ។ នៅ​ពេល​នោះ ព្រះ​យេស៊ូ​បាន​រះ​ឡើង​ក្នុង​គ្រប់​កន្លែង​ក្នុង​សកល​លោក រួម​បញ្ចូល​ផែនដី​យើង​នេះ! ជា​ផ្កាយ​ថ្ងៃ​ដ៏​ជា​ព្រះ​មេស្ស៊ី នោះ​ទ្រង់​តំណាង​នូវ​ថ្ងៃ​រះ​នៃ​ថ្ងៃ​ឬ​សករាជ​ថ្មី សំរាប់​មនុស្ស​លោក​ដ៏​ចេះ​ស្ដាប់​បង្គាប់។

១១. (ក) ហេតុ​អ្វី​ក៏​ពេត្រុស​ទី​២ ១:១៩ មិន​មាន​ន័យ​ថា«ផ្កាយ​ថ្ងៃ»រះ​ឡើង​ក្នុង​បេះ​ដូង​របស់​មនុស្ស? (ខ) តើ​អ្នក​នឹង​ពន្យល់​ពេត្រុស​ទី​២ ១:១៩ យ៉ាង​ដូច​ម្ដេច?

១១ សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ជា​ច្រើន​លើក​ផ្សាយ​គំនិត​ដែល​ថា ពាក្យ​របស់​សាវ័ក​ពេត្រុស ដែល​បាន​កត់​ទុក​នៅ​ក្នុង​ពេត្រុស​ទី​២ ១:១៩ សំដៅ​ទៅ​ឯ​បេះ​ដូង​របស់​មនុស្ស។ បេះ​ដូង​មនុស្ស​ពេញ​វ័យ​គឺ​មាន​ទម្ងន់​តែ​២៥០​-​៣០០​ក្រាម​ប៉ុណ្ណោះ។ តើ​យ៉ាង​ដូច​ម្ដេច​ទៅ ដែល​ព្រះ​យេស៊ូ​គ្រីស្ទ ឥឡូវ​មាន​សិរី​រុង​រឿង​ជា​សត្ត​វិញ្ញាណ​នៅ​ស្ថាន​សួគ៌ រះ​ឡើង​ក្នុង​បេះ​ដូង​ដ៏​តូច​ទាំង​នេះ​របស់​មនុស្ស​បាន​នោះ? (ធីម៉ូថេ​ទី​១ ៦:១៦) ប្រាកដ​ហើយ រឿង​នេះ​គឺ​ទាក់​ទង​នឹង​ចិត្ត​របស់​យើង ពីព្រោះ​ដោយ​សារ​នេះ​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទំនាយ​របស់​ព្រះ។ ប៉ុន្តែ ដោយ​មើល​ប្រយ័ត្ន​ប្រយែង​នៅ​ឯ​ពេត្រុស​ទី​២ ១:១៩ នោះ​អ្នក​នឹង​ឃើញ​ថា សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី បាន​ដាក់​ក្បៀស ដើម្បី​ញែក​ឃ្លា​ក្នុង​វង់​ក្រចក«ទាល់​តែ​ថ្ងៃ​ភ្លឺ​ឡើង ហើយ​ផ្កាយ​ថ្ងៃ​រះ​ឡើង»ពី​ពាក្យ​មុន​ទាំង​ប៉ុន្មាន​ក្នុង​ខ​នោះ ហើយ​ពី​ឃ្លា«ក្នុង​ចិត្ត​អ្នក​រាល់​គ្នា»។ ខ​នោះ​អាច​ចែង​តាម​របៀប​នេះ​ថា៖ ‹យើង​មាន​ពាក្យ​ទំនាយ​ដែល​បាន​ធ្វើ​ឲ្យ​ប្រាកដ​ប្រជា​ជាង ហើយ​អ្នក​ធ្វើ​បាន​ប្រសើរ​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​តាម នេះ​ដូច​នឹង​ចង្កៀង​ដែល​បំភ្លឺ​ក្នុង​ទី​ងងឹត នោះ​គឺ នៅ​ក្នុង​ចិត្ត​របស់​អ្នក រហូត​ដល់​ថ្ងៃ​រះ​និង​ផ្កាយ​ថ្ងៃ​រះ›។

១២. ជា​ទូទៅ​តើ​អ្វី​ជា​សភាព​នៃ​ចិត្ត​របស់​មនុស្ស​ដែល​មាន​បាប ប៉ុន្តែ​ចំពោះ​ពួក​គ្រីស្ទាន​ពិត​គឺ​យ៉ាង​ណា​វិញ?

១២ ជា​ទូទៅ តើ​សភាព​នៃ​ចិត្ត​របស់​មនុស្ស​ដែល​មាន​បាប​ជា​យ៉ាង​ណា? យ៉ាង​ណា​មិញ ចិត្ត​របស់​គេ​គឺ​ស្ថិត​ក្នុង​ភាព​ងងឹត​ខាង​វិញ្ញាណ! ប៉ុន្តែ បើ​យើង​ជា​ពួក​គ្រីស្ទាន​ពិត នេះ​គឺ​ហាក់​ដូច​ជា​យើង​មាន​ចង្កៀង​ដែល​បំភ្លឺ​ក្នុង​ចិត្ត​របស់​យើង បើ​មិន​អ៊ីចឹង​ទេ នោះ​គឺ​ងងឹត​ហើយ។ ដូច​បាន​បង្ហាញ​មក​ដោយ​ពាក្យ​របស់​ពេត្រុស នេះ​គឺ​ដោយ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទំនាយ​ដែល​ត្រូវ​បំភ្លឺ​ឡើង​របស់​ព្រះ នោះ​ហើយ​ជា​អ្វី​ដែល​ពួក​គ្រីស្ទាន​ពិត​នឹង​ប្រុង​ប្រៀប ហើយ​ដែល​បាន​បំភ្លឺ​រហូត​ដល់​ថ្ងៃ​ថ្មី​រះ​ឡើង។ ពួក​គេ​នឹង​ដឹង​នូវ​ហេតុ​ការណ៍​ពិត​ដែល​ថា ផ្កាយ​ថ្ងៃ​បាន​រះ​ឡើង​ហើយ មិន​មែន​ក្នុង​បេះ​ដូង​មនុស្ស​មែន​ទែន​ទេ ប៉ុន្តែ​នៅ​ពី​មុខ​អ្វី​ៗ​ទាំង​អស់​ដែល​បាន​បង្កើត​មក។

១៣. (ក) ហេតុ​អ្វី​ក៏​យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា ផ្កាយ​ថ្ងៃ​បាន​រះ​ឡើង​ហើយ? (ខ) ហេតុ​អ្វី​ក៏​ពួក​គ្រីស្ទាន​អាច​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ដ៏​ពិបាក ដែល​ព្រះ​យេស៊ូ​បាន​ទាយ​សំរាប់​សម័យ​យើង​នេះ?

១៣ ផ្កាយ​ថ្ងៃ​បាន​រះ​ឡើង​ទៅ​ហើយ! យើង​អាច​ដឹង​ប្រាកដ​ក្នុង​ចិត្ត ដោយ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទំនាយ​ដ៏​ឧត្តម​របស់​ព្រះ​យេស៊ូ ស្តី​អំពី​វត្តមាន​របស់​ទ្រង់។ សព្វ​ថ្ងៃ​នេះ យើង​កំពុង​តែ​ពិសោធ​នូវ​ការ​សម្រេច​ស្តី​អំពី​ព្រឹត្ដិការណ៍​ដូច សង្គ្រាម ទុរភិក្ស កក្រើក​ដី និង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ទូទាំង​ពិភព​លោក។ (ម៉ាថាយ ២៤:៣​-​១៤) ទោះ​ជា​ស្ថានភាព​ដ៏​ពិបាក​ដែល​ព្រះ​យេស៊ូ​បាន​ទាយ​មក​មាន​អានុភាព​លើ​យើង​ជា​ពួក​គ្រីស្ទាន​ក៏​ដោយ តែ​យើង​អាច​ស៊ូ​ទ្រាំ​ដោយ​សន្ដិភាព​និង​ដោយ​ចិត្ត​អរ​សប្បាយ។ ហេតុ​អ្វី? ពីព្រោះ​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទំនាយ​របស់​ព្រះ ហើយ​មាន​ជំនឿ​លើ​អ្វី​ដែល​ទ្រង់​សន្យា​អំពី​អនាគត។ យើង​ដឹង​ថា យើង​កៀក​នឹង​គ្រា​ដ៏​ល្អ​បំផុត ពីព្រោះ​យើង​កំពុង​នៅ​ក្នុង​ពេល​ដែល​កាន់​តែ​ចូល​ជ្រៅ​ក្នុង«គ្រា​ចុង​បំផុត»! (ដានីយ៉ែល ១២:៤) ពិភព​លោក​នេះ​គឺ​នៅ​ក្នុង​គ្រា​ដ៏​ពិបាក ដែល​បាន​ទាយ​មក​នៅ​ឯ​អេសាយ ៦០:២ ដែល​ថា៖ «ដ្បិត​មើល សេចក្ដី​ងងឹត​នឹង​គ្រប​លើ​ផែនដី ហើយ​សេចក្ដី​សូន្យសុង​នឹង​គ្រប​លើ​អស់​ទាំង​ជន​ជាតិ»។ តើ​មនុស្ស​ម្នាក់​អាច​រក​ផ្លូវ​ឃើញ​បាន​ក្នុង​ភាព​ងងឹត​នេះ​ទេ? ដោយ​ចិត្ត​រាប​ទាប នោះ​បុគ្គល​ម្នាក់​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទំនាយ​របស់​ព្រះ​នៅ​ពេល​ឥឡូវ​នេះ មុន​នឹង​ខក​ពេល។ មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រូវ​តែ​បែរ​ទៅ​ព្រះ​យេហូវ៉ា ដ៏​ជា​ប្រភព​នៃ​ជីវិត​និង​ពន្លឺ។ (ទំនុកដំកើង ៣៦:៩; កិច្ច​ការ ១៧:២៨) មាន​តែ​ការ​ធ្វើ​ដូច​នេះ​ទេ ដែល​មនុស្ស​ម្នាក់​អាច​មាន​ការ​បំភ្លឺ​ដ៏​ពិត និង​សេចក្ដី​សង្ឃឹម​នៃ​ការ​ទទួល​នូវ​អនាគត​ដ៏អស្ចារ្យ ដែល​ព្រះ​បាន​មាន​បំណង​សំរាប់​មនុស្ស​ដែល​ចេះ​ស្ដាប់​បង្គាប់​នោះ។—វិវរណៈ ២១:១​-​៥

«ពន្លឺ​បាន​មក​ក្នុង​លោកីយ»

១៤. តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី​ដើម្បី​ពិសោធ​នូវ​ការ​សម្រេច​នៃ​ពាក្យ​ទំនាយ​ដ៏​អស្ចារ្យ​ជា​ច្រើន​ក្នុង​ព្រះ​គម្ពីរ?

១៤ បទគម្ពីរ​ទាំង​ឡាយ​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា ព្រះ​យេស៊ូ​គ្រីស្ទ​ឥឡូវ​កំពុង​តែ​សោយ​រាជ្យ​ជា​ស្តេច។ ពីព្រោះ​ទ្រង់​បាន​កាន់​អំណាច​តាំង​ពី​ឆ្នាំ​១៩១៤ នោះ​ទំនាយ​ដ៏​អស្ចារ្យ​ទាំង​ឡាយ​មិន​ទាន់​សម្រេច​អស់​ទេ។ ដើម្បី​ពិសោធ​នឹង​ទំនាយ​ទាំង​នេះ យើង​ត្រូវ​តែ​បង្ហាញ​ឲ្យ​ឃើញ​ថា យើង​ជា​មនុស្ស​រាប​សា ដែល​អនុវត្ត​ជំនឿ​លើ​ព្រះ​យេស៊ូ​គ្រីស្ទ ដោយ​ប្រែ​ចិត្ត​ពីកិច្ច​ការដ៏​មាន​បាប និង​ពី​បាប​ដែល​ប្រព្រឹត្ត​ដោយ​ឥត​ដឹង​ខ្លួន។ ប្រាកដ​ហើយ អស់​អ្នក​ដែល​ស្រឡាញ់​ភាព​ងងឹត នឹង​មិន​ទទួល​នូវ​ជីវិត​អស់​កល្ប​ជា​និច្ច​ឡើយ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ហើយ​ទោស​នេះ គឺ​ថា ពន្លឺ​បាន​មក​ក្នុង​លោកីយ តែ​មនុស្ស​លោក​ចូល​ចិត្ត​នឹង​សេចក្ដី​ងងឹត​ជា​ជាង​ពន្លឺ ពីព្រោះ​អំពើ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​អាក្រក់ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ នោះ​តែង​ស្អប់​ដល់​ពន្លឺ ហើយ​មិន​មក​ឯ​ពន្លឺ​ទេ ក្រែង​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន បាន​បើក​ឲ្យ​ឃើញ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​វិញ នោះ​តែង​មក​ឯ​ពន្លឺ ដើម្បី​ឲ្យ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត បាន​សំដែង​មក​ឲ្យ​ដឹង​ថា បាន​ធ្វើ​ដោយ​នូវ​ព្រះ»។ —យ៉ូហាន ៣:១៩​-​២១

១៥. តើ​នឹង​មាន​អ្វី​កើត​ឡើង​បើ​យើង​ឥត​អើពើ​នឹង​សេចក្ដី​សង្គ្រោះ ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​មាន​តាម​រយៈ​បុត្រា​ទ្រង់​នោះ?

១៥ ពន្លឺ​ខាង​វិញ្ញាណ​បាន​មក​ក្នុង​លោកីយ៍ តាម​រយៈ​ព្រះ​យេស៊ូ ហើយ​ការ​ស្ដាប់​តាម​ទ្រង់​គឺ​សំខាន់​ណាស់។ ប៉ុល​បាន​សរសេរ​ថា៖ «ឯ​ព្រះ ដែល​ពី​ដើម ទ្រង់​មាន​បន្ទូល​នឹង​ពួក​ឰយុកោ ដោយ​ពួក​ហោរា ជា​ច្រើន​ដង​ច្រើន​បែប នៅ​ជាន់​ក្រោយ​បង្អស់​នេះ ទ្រង់​បាន​មាន​បន្ទូល​នឹង​យើង​រាល់​គ្នា ដោយ​សារ​ព្រះ​រាជបុត្រា​វិញ ដែល​ទ្រង់​បាន​ដំរូវ​ឲ្យ​បាន​គ្រង​របស់​ទាំង​អស់ ទុក​ជា​មរដក»។ (ហេព្រើរ ១:១, ២) តើ​នឹង​មាន​អ្វី​កើត​ឡើង បើ​យើង​ច្រាន​ចេញ​ទាំង​មើល​ងាយ​នូវ​សេចក្ដី​សង្គ្រោះ ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​មាន​តាម​រយៈ​បុត្រា​ទ្រង់​នោះ? ប៉ុល​ក៏​និយាយ​បន្ត​ទៀត​ថា៖ «ដ្បិត​បើ​សិន​ជា​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ពួក​ទេវតា​បាន​ពោល​នោះ​បាន​ឃើញ​ថា​ពិត​មែន ហើយ​គ្រប់​ទាំង​អំពើ​រំលង នឹង​សេចក្ដី​រឹង​ចចេស​ក៏​ត្រូវ​ទោស​ចំពោះ នោះ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​រួច​បាន បើ​យើង​ធ្វេស​នឹង​សេចក្ដី​សង្គ្រោះ​ដ៏​ធំ​ម្ល៉េះ ដែល​ព្រះ​អម្ចាស់​បាន​ចាប់​ផ្ដើម​ផ្សាយ​មក រួច​ពួក​អ្នក​ដែល​ឮ ក៏​បាន​បញ្ជាក់​មក​យើង​រាល់​គ្នា​ដែរ ទាំង​មាន​ព្រះ​ធ្វើ​បន្ទាល់​ជា​មួយ​ផង ដោយ​ទី​សំគាល់ ការ​អស្ចារ្យ នឹង​ការ​ឫទ្ធិ​បារមី​ជា​ច្រើន​យ៉ាង ទាំង​ចែក​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មក​តាម​ព្រះ​ហឫទ័យ​ទ្រង់​ផង»។ (ហេព្រើរ ២:២​-​៤) ត្រូវ​ហើយ ព្រះ​យេស៊ូ​គឺ​មាន​មុខ​នាទី​ដ៏​សំខាន់​បំផុត ស្តី​អំពី​ការ​ប្រកាស​ពាក្យ​ទំនាយ។—វិវរណៈ ១៩:១០

១៦. តើ​ហេតុ​អ្វី​បាន​ជា​យើង​អាច​ជឿ​ជាក់​ទាំង​ស្រុង​ទៅ​លើ​ទំនាយ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា?

១៦ ដូច​បាន​កត់​សម្គាល់ ពេត្រុស​ក៏​បាន​និយាយ​ថា៖ «គ្មាន​ពាក្យ​ទំនាយ​ណា​ក្នុង​គម្ពីរ ដែល​ស្រាយ​បាន​តាម​តែ​ចិត្ត​នោះ​ឡើយ»។ មនុស្ស​មិន​អាច​ធ្វើ​ឲ្យ​មាន​ទំនាយ​ពិត​ទេ ប៉ុន្តែ​យើង​អាច​មាន​ជំនឿ​ទាំង​ស្រុង​លើ​ពាក្យ​ទំនាយ​របស់​ព្រះ។ ទំនាយ​ទាំង​នេះ​មាន​ពី​ព្រះ​យេហូវ៉ា​តែ​ម្ដង។ តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ​នោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​បំរើ​របស់​ទ្រង់ យល់​នូវ​របៀប​ដែល​ពាក្យ​ទំនាយ​ក្នុង​ព្រះ​គម្ពីរ​កំពុង​តែ​សម្រេច។ ប្រាកដ​ហើយ យើង​មាន​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា ដែល​យើង​បាន​ឃើញ​នូវ​ការ​សម្រេច​នៃ​ពាក្យ​ទំនាយ​បែប​នេះ​ជា​ច្រើន តាំង​ពី​ឆ្នាំ​១៩១៤​មក​ម្ល៉េះ។ ហើយ​យើង​ប្រាកដ​ក្នុង​ចិត្ត​ទាំង​ស្រុង​ថា ទំនាយ​នៅ​សល់​ទាំង​ប៉ុន្មាន​អំពី​ទី​បញ្ចប់​នៃ​របប​លោកីយ៍​ដ៏​អាក្រក់​ជួជាតិ​នេះ នឹង​បាន​សម្រេច​ទាំង​អស់។ គឺ​សំខាន់​ណាស់​ដែល​យើង​បន្ត​ខំ​យក​ចិត្ត​ទុក​ដាក់​នឹង​ទំនាយ​របស់​ព្រះ កាល​ដែល​យើង​ធ្វើ​ឲ្យ​ពន្លឺ​របស់​យើង​ភ្លឺ​ឡើង​នោះ។ (ម៉ាថាយ ៥:១៦) យើង​មាន​អំណរ​គុណ​ណាស់ ដែល​ព្រះ​យេហូវ៉ា​កំពុង​តែ​ធ្វើ​ឲ្យ‹ពន្លឺ​ភ្លឺ​ឡើង​ក្នុង​ទី​ងងឹត​សំរាប់​យើង› ដែល​មាន​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ!—អេសាយ ៥៨:១០

១៧. ហេតុ​អ្វី​ក៏​យើង​ត្រូវ​ការ​ពន្លឺ​ខាង​វិញ្ញាណ​ពី​ព្រះ?

១៧ ពន្លឺ​អាច​ធ្វើ​ឲ្យ​យើង​មើល​ឃើញ។ នេះ​ក៏​អាច​ធ្វើ​ឲ្យ​ដំណាំ​ដុះ​លូត​លាស់​បាន ដែល​ផ្ដល់​ឲ្យ​យើង​នូវ​អាហារ​ច្រើន​មុខ។ យើង​មិន​អាច​រស់​នៅ​ដោយ​គ្មាន​ពន្លឺ​មែន​ទែន​បាន​ទេ។ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ពន្លឺ​ខាង​វិញ្ញាណ? នេះ​គឺ​ឲ្យ​យើង​នូវ​ការ​ណែនាំ​និង​បង្ហាញ​យើង​នូវ​អនាគត ដូច​បាន​ទាយ​មក​ក្នុង​បន្ទូល​របស់​ព្រះ គឺ​ព្រះ​គម្ពីរ។ (ទំនុកដំកើង ១១៩:១០៥) ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា‹បញ្ជូន​ពន្លឺ​និង​សេចក្ដី​ពិត​របស់​ទ្រង់›។ (ទំនុកដំកើង ៤៣:៣) យ៉ាង​ប្រាកដ​ណាស់ យើង​គួរ​តែ​បង្ហាញ​នូវ​ការ​អបអរ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សំ​វិធានការ​បែប​នេះ។ ដូច្នេះ សូម​យើង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ស្រូប​យក​ពន្លឺ​នៃ«ដំណើរ​ស្គាល់​សិរី​ល្អ​របស់​ព្រះ» ដើម្បី​ឲ្យ​ពន្លឺ​នេះ​បំភ្លឺ​ដល់​ចិត្ត​របស់​យើង។—កូរិនថូស​ទី​២ ៤:៦; អេភេសូរ ១:១៨

១៨. តើ​ផ្កាយ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ឥឡូវ​ប្រុង​ប្រៀប​នឹង​ធ្វើ​អ្វី?

១៨ យើង​មាន​ព្រះ​ពរ​ម្ល៉េះ​ហ្ន៎! ដែល​យើង​ដឹង​ថា​នៅ​ក្នុង​ឆ្នាំ​១៩១៤ នោះ​ព្រះ​យេស៊ូ​គ្រីស្ទ​ដ៏​ជា​ផ្កាយ​ថ្ងៃ បាន​រះ​ឡើង​នៅ​គ្រប់​កន្លែង​ក្នុង​សកល​លោក ហើយ​បាន​ចាប់​ផ្ដើម​បំពេញ​នូវ​ចក្ខុនិមិត្ត​ស្តី​អំពី​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ។ ផ្កាយ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ឥឡូវ​គឺ​កំពុង​តែ​មាន​វត្តមាន ដោយ​ប្រុង​ប្រៀប​ដើម្បី​ធ្វើ​ឲ្យ​បំណង​របស់​ព្រះ ដែល​ជា​ការ​សម្រេច​ថែម​ទៀត​ដល់​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ នោះ​គឺ«ក្នុង​ចំបាំង នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត»។ (វិវរណៈ ១៦:១៤, ១៦) ក្រោយ​ពី​របប​លោកីយ៍​បាន​បោស​សំអាត​ចេញ​ទៅ នោះ​ព្រះ​យេហូវ៉ា​នឹង​សម្រេច​ទំនាយ​របស់​ទ្រង់ ស្តី​អំពី«ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី» ដែល​នៅ​ជា​រៀង​រហូត​នោះ យើង​អាច​សរសើរ​ទ្រង់​ជា​ព្រះ​អម្ចាស់​មហា​ក្សត្រ​នៃ​សកល​លោក និង​ជា​ព្រះ​នៃ​ពាក្យ​ទំនាយ​ពិត។ (ពេត្រុស​ទី​២ ៣:១៣) ទំរាំ​ដល់​ថ្ងៃ​ដ៏​អស្ចារ្យ​នោះ សូម​ឲ្យ​យើង​បន្ត​ដើរ​តាម​ពន្លឺ​របស់​ព្រះ ដោយ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទំនាយ​របស់​ទ្រង់។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​អ្នក​នឹង​រៀប​រាប់​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​របស់​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

តើ​តាម​របៀប​ណា​ដែល​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​ស្អាង​ឡើង​នូវ​ជំនឿ?

តើ​អ្នក​ណា​ឬ​ក៏​អ្វី​ដែល​ជា​ផ្កាយ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា ហើយ​នៅ​ពេល​ណា​ដែល​បាន​រះ​ឡើង?

ហេតុ​អ្វី​ក៏​យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទំនាយ​របស់​ព្រះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​៩]

តើ​អ្នក​អាច​ពន្យល់​នូវ​សារ​សំខាន់​នៃ​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​បាន​ទេ?

[រូប​ភាព​នៅ​ទំព័រ​១០]

ផ្កាយ​ថ្ងៃ​បាន​រះ​ឡើង​រួច​ហើយ តើ​អ្នក​ដឹង​នូវ​របៀប​ណា​និង​នៅ​ពេល​ណា​ឬ​ទេ?