លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពិភពលោកថ្មី—តើអ្នកនឹងនៅទីនោះឬទេ?

ពិភពលោកថ្មី—តើអ្នកនឹងនៅទីនោះឬទេ?

ពិភព​លោក​ថ្មី—តើ​អ្នក​នឹង​នៅ​ទី​នោះ​ឬ​ទេ?

«គ្មាន​អ្វី​សំរាប់​គេ ដែល​វិសេស​ជាង​មាន​ចិត្ត​រីករាយ ហើយ​រក​បាន​សេចក្ដី​ល្អ​ដល់​ខ្លួន​អស់​វេលា​ដែល​មាន​ជីវិត​រស់​នៅ​នោះ​ទេ ហើយ​ការ​ដែល​គ្រប់​មនុស្ស​បាន​ស៊ី​ហើយ​ផឹក ព្រម​ទាំង​រីករាយ​ដោយ​ផល​ល្អ ដែល​កើត​ពី​អស់​ទាំង​ការ​នឿយ​ហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ​ទាន​នៃ​ព្រះ​ទេ»។—សាស្ដា ៣:១២, ១៣

១. ហេតុ​អ្វី​ក៏​យើង​អាច​មាន​គំនិត​សុទិដ្ឋិនិយម​អំពី​ពេល​អនាគត?

 មនុស្ស​ជា​ច្រើន​គិត​ថា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត គឺ​ជា​ព្រះ​ដ៏​តឹង​រ៉ឹង​និង​កាច។ ប៉ុន្តែ ខបទគម្ពីរ​នៅ​ខាង​លើ​នេះ​ជា​សេចក្ដី​ពិត​មួយ ដែល​អ្នក​នឹង​រក​ឃើញ​ក្នុង​បន្ទូល​របស់​ទ្រង់ ដែល​បាន​បណ្ដាល​ឲ្យ​តែង​មក។ នេះ​គឺ​សម​ស្រប​នឹង​សេចក្ដី​ដែល​ថា ទ្រង់​ជា‹ព្រះ​ដ៏​សប្បាយ› ហើយ​ដែល​ទ្រង់​បាន​ដាក់​ឪពុក​ម្ដាយ​ទី​មួយ​របស់​យើង​ក្នុង​ទី​មនោរម្យ​លើ​ផែនដី។ (ធីម៉ូថេ​ទី​១ ១:១១; លោកុប្បត្តិ ២:៧​-​៩) នៅ​ពេល​ដែល​យើង​ស្វែង​រក​ការ​យល់​ធ្លុះ​ជ្រៅ​អំពី​អនាគត​ដែល​ព្រះ​សន្យា​សំរាប់​រាស្ត្រ​ទ្រង់ នោះ​យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ទេ ដោយ​រៀន​ដឹង​អំពី​ស្ថានភាព​ដែល​នឹង​នាំ​ឲ្យ​យើង​មាន​ការ​សប្បាយ​រីករាយ​ជា​ស្ថាពរ​នោះ។

២. តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​ទន្ទឹង​ចាំ​នោះ?

នៅ​ក្នុង​អត្ថបទ​មុន​នេះ​យើង​បាន​ពិនិត្យ​មើល​នូវ​ឃ្លា​ទាំង​បី​ហើយ ដែល​ក្នុង​នោះ​ព្រះ​គម្ពីរ​ទាយ​ប្រាប់​ទៅ​ដល់​បួន​ដង​អំពី«ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី»។ (អេសាយ ៦៥:១៧) ការ​ទាយ​ដ៏​ទុក​ចិត្ត​មួយ​ក្នុង​ចំណោម​បួន​ដង​នោះ គឺ​បាន​កត់​ទុក​ក្នុង​វិវរណៈ ២១:១។ ខ​ជា​បន្ត​បន្ទាប់​ប្រាប់​ពី​គ្រា​ដែល​ព្រះ​នឹង​កែ​ប្រែ​យ៉ាង​ធំ នូវ​ស្ថានភាព​លើ​ផែនដី​ឲ្យ​បាន​ប្រសើរ​ជាង។ ទ្រង់​នឹង​បំបាត់​ចោល​នូវ​ការ​យំ​សោក។ មនុស្សនឹង​លែង​ស្លាប់​ដោយ​សារ​អាយុ​ចាស់​ជរា ជម្ងឺ ឬ​គ្រោះ​ថ្នាក់។ ការ​កាន់​ទុក្ខ ការ​យំ​សោក និង​ការ​ឈឺ​ចាប់​នឹង​កន្លង​បាត់​ទៅ។ នេះ​ជា​ការ​ទន្ទឹង​ចាំ​ដ៏​រីករាយ​មែន​ហ្ន៎! ប៉ុន្តែ តើ​យើង​អាច​ដឹង​ប្រាកដ​ក្នុង​ចិត្ត​ថា​នេះ​នឹង​កើត​ឡើង​ឬ​ទេ ហើយ​ការ​ទន្ទឹង​ចាំ​នេះ​អាច​មាន​អានុភាព​លើ​យើង​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ?

មូលហេតុ​សំរាប់​ទំនុក​ចិត្ត

៣. ហេតុ​អ្វី​ក៏​យើង​អាច​ទុក​ចិត្ត​លើ​សេចក្ដី​សន្យា​របស់​ព្រះ​អំពី​ពេល​អនាគត?

ចូរ​កត់​សម្គាល់​នូវ​របៀប​ដែល​វិវរណៈ ២១:៥ ចែង​ជា​បន្ត។ នេះ​គឺ​បាន​ស្រង់​បន្ទូល​របស់​ព្រះ ដែល​គង់​លើ​រាជ្យ​បល្ល័ង្ក​នៅ​ស្ថាន​សួគ៌ ទ្រង់​មាន​បន្ទូល​ថា៖ «មើល! អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី»។ សេចក្ដី​សន្យា​នេះ​របស់​ព្រះ គឺ​ប្រសើរ​ជាង​សេចក្ដី​ប្រកាស​ឯ​ណា​ទៀត​ស្តី​អំពី​ឯករាជ្យ ហើយ​គឺ​ល្អ​ជាង​កម្រង​ច្បាប់​សិទ្ធិ​ឯកត្តជន​បច្ចុប្បន្ន​នេះ និង​ល្អ​ជាង​មនោ​គតិ​សំរាប់​អនាគត​របស់​មនុស្ស​ណា​ក៏​ដោយ។ នេះ​ជា​សេចក្ដី​ដែល​អាច​ទុក​ចិត្ត​ទាំង​ស្រុង ដោយ​ព្រះ​គម្ពីរ​ចែង​ថា​ព្រះ«មិន​ចេះ​ភូត»។ (ទីតុស ១:២) គួរ​ឲ្យ​យល់​ហើយ ដែល​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា យើង​អាច​ផ្អាក​សិន ដើម្បី​អរ​សប្បាយ​នឹង​សេចក្ដី​សង្ឃឹម​ដ៏​រីករាយ​នេះ ទាំង​ទុក​ចិត្ត​លើ​ព្រះ។ ប៉ុន្តែ យើង​មិន​ចាំ​បាច់​ផ្អាក​ទេ ព្រោះ​មាន​របស់​ច្រើន​ទៀត​ឲ្យ​យើង​រៀន​អំពី​អនាគត​របស់​យើង។

៤, ៥. តើ​ទំនាយ​អ្វី​ខ្លះ​ក្នុង​ព្រះ​គម្ពីរ​ដែល​បាន​ពិចារណា​មើល ហើយ​ដែល​អាច​បង្កើន​ទំនុក​ចិត្ត​របស់​យើង​លើ​អ្វី​ដែល​មាន​នៅ​ខាង​មុខ​នេះ?

ចូរ​គិត​ពី​អ្វី​ដែល​អត្ថបទ​មុន​នេះ​បាន​ស្ថាបនា​ហើយ ស្តី​អំពី​សេចក្ដី​សន្យា​ក្នុង​ព្រះ​គម្ពីរ​អំពី​ផ្ទៃ​មេឃ​ថ្មី​ហើយ​និង​ផែនដី​ថ្មី។ អេសាយបាន​ទាយ​អំពី​របប​ថ្មី​នេះ ហើយ​ទំនាយ​របស់​គាត់​បាន​សម្រេច នៅ​ពេល​ដែល​ពួក​យូដា​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​គេ​វិញ ហើយ​បាន​ស្ដារ​ឡើង​វិញ​នូវ​ការ​ថ្វាយ​បង្គំ​ពិត។ (អែសរ៉ា ១:១​-​៣; ២:១, ២; ៣:១២, ១៣) ប៉ុន្តែ តើ​ទំនាយ​របស់អេសាយចង្អុល​ប្រាប់​តែ​ប៉ុណ្ណឹង​ទេ​ឬ? ប្រាកដ​ជា​មិន​អ៊ីចឹង​ទេ! អ្វី​ដែល​គាត់​បាន​ទាយ នឹង​ត្រូវ​សម្រេច​តាម​របៀប​ដ៏​ធំ​ធេង​ទៀត​នៅ​ពេល​អនាគត។ ហេតុ​អ្វី​ក៏​យើង​សន្និដ្ឋាន​បែប​នេះ? នេះ​គឺ​ដោយ​ព្រោះ​អ្វី​ដែល​យើង​អាន​នៅ​ឯ​ពេត្រុស​ទី​២ ៣:១៣ និង​វិវរណៈ ២១:១​-​៥។ ខ​ទាំង​នោះ​ចង្អុល​ទៅ​ផ្ទៃ​មេឃ​ថ្មី​ហើយ​និង​ផែនដី​ថ្មី ដែល​នឹង​នាំ​ឲ្យ​មាន​ប្រយោជន៍​ដល់​ពួក​គ្រីស្ទាន​ទូទាំង​ពិភព​លោក។

ដូច​ជា​បាន​កត់​សម្គាល់​មុន​នេះ ព្រះ​គម្ពីរ​ប្រើ​ឃ្លា«ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី»បួន​ដង។ យើង​បាន​ពិចារណា​មើល​សេចក្ដី​បី​នេះ​ហើយ និង​បាន​មក​ដល់​សេចក្ដី​សន្និដ្ឋាន​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត។ ដោយ​បញ្ជាក់​យ៉ាង​ចំ​ៗ​ព្រះ​គម្ពីរ​ទាយ​ប្រាប់​ថា ព្រះ​នឹង​កំទេច​ចោល​នូវ​អំពើ​អាក្រក់​ជួជាតិ និង​បុព្វហេតុ​ឯ​ទៀត​ដែល​ធ្វើ​ឲ្យ​មាន​ទុក្ខ​វេទនា ហើយ​ថា​រួច​មក​ទ្រង់​នឹង​ប្រទាន​ពរ​ថែម​ទៀត​ឲ្យ​មនុស្ស​ក្នុង​របប​ថ្មី​របស់​ទ្រង់​ដែល​បាន​សន្យា​មក​នោះ។

៦. តើ​ទំនាយ​ទី​បួន​ដែល​រៀប​រាប់​អំពី«ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី» ទាយ​ប្រាប់​អំពី​អ្វី?

ឥឡូវ​សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​ចំណុច​ចុង​ក្រោយ ស្តី​អំពី​សេចក្ដី​ដែល​ថា«ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី» គឺ​នៅ​អេសាយ ៦៦:២២​-​២៤ ដែល​ចែង​ថា៖ «ដែល​ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី ដែល​អញ​នឹង​បង្កើត​ឡើង​នោះ នឹង​ស្ថិត​ស្ថេរ​នៅ​ចំពោះ​អញ​ជា​យ៉ាង​ណា ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ពូជ​ពង្ស​របស់​ឯង នឹង​ឈ្មោះ​ឯង​រាល់​គ្នា ក៏​នឹង​ស្ថិត​ស្ថេរ​នៅ​យ៉ាង​នោះ​ដែរ គ្រា​នោះ នឹង​កើត​មាន​ដូច្នេះ​ថា ចាប់​តាំង​ពី​ថ្ងៃ​ចូល​ខែ​១ ដរាប​ដល់​ថ្ងៃ​ចូល​ខែ​១​ទៀត ហើយ​ពី​ថ្ងៃ​ឈប់​សំរាក​១ ដរាប​ដល់​ថ្ងៃ​ឈប់​សំរាក​១​ទៀត នោះ​គ្រប់​មនុស្ស​ទាំង​អស់​នឹង មក​ក្រាប​ថ្វាយ​បង្គំ​នៅ​ចំពោះ​អញ នេះ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា គេ​នឹង​ចេញ​ទៅ​មើល​សាក​ខ្មោច​របស់​មនុស្ស​ទាំង​ប៉ុន្មាន ដែល​បាន​បះ​បោរ​នឹង​អញ ដ្បិត​ដង្កូវ​នៃ​ខ្មោច​ទាំង​នោះ​នឹង​មិន​ស្លាប់​ឡើយ ហើយ​ភ្លើង​ក៏​មិន​ចេះ​រលត់​ដែរ សាក​ខ្មោច​ទាំង​នោះ​នឹង​បាន​ជា​ទី​ខ្ពើម​ឆ្អើម ដល់​អស់​ទាំង​មនុស្ស»។

៧. ហេតុ​អ្វី​ក៏​យើង​គួរ​តែ​សន្និដ្ឋាន​ថា អេសាយ ៦៦:២២​-​២៤ នឹង​មាន​ការ​សម្រេច​នៅ​គ្រា​ខាង​មុខ​នេះ?

ទំនាយ​នេះ​គឺ​បាន​សម្រេច​ទាក់​ទង​នឹង​ពួក​យូដា​ក្នុង​ស្រុក​កំណើត​របស់​គេ ដែល​បាន​ស្ថាបនា​ឡើង​វិញ ក៏​ប៉ុន្តែ​នឹង​មាន​ការ​សម្រេច​មួយ​ទៀត។ ការ​សម្រេច​នេះ​នឹង​មាន​ក្នុង​គ្រា​ក្រោយ​មក ហួស​ពី​ពេល​ដែល​សំបុត្រ​ទី​ពីរ​របស់​ពេត្រុស​និងវិវរណៈ បាន​ត្រូវ​សរសេរ​មក ព្រោះ​របស់​ទាំង​នេះ​បាន​ចង្អុល​ទៅ‹ផ្ទៃ​មេឃ​ថ្មី ហើយ​និង​ផែនដី​ថ្មី›នៅ​ពេល​អនាគត។ យើង​អាច​ទន្ទឹង​ចាំ​នូវ​ការ​សម្រេច​ដ៏​ធំ​នេះ​ក្នុង​របប​ថ្មី។ សូម​គិត​មើល​ពី​ស្ថានភាព​ខ្លះ​ៗ ដែល​យើង​អាច​ទន្ទឹង​ចាំ​ពិសោធ​នោះ។

៨, ៩. (ក) តើ​ក្នុង​ន័យ​ណា​ដែល​រាស្ត្រ​របស់​ព្រះ​នឹង«ស្ថិត​ស្ថេរ»? (ខ) ដែល​ទំនាយ​នេះ​ថា ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​នឹង​ថ្វាយ​បង្គំ «ពី​ថ្ងៃ​ចូល​ខែ​១ ដរាប​ដល់​ថ្ងៃ​ចូល​ខែ​១​ទៀត ហើយ​ពី​ថ្ងៃ​ឈប់​សំរាក​១ ដរាប​ដល់​ថ្ងៃ​ឈប់​សំរាក​១​ទៀត» នោះ​មាន​ន័យ​អ្វី?

វិវរណៈ ២១:៤​បាន​បញ្ជាក់​ថា សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត។ ខបទគម្ពីរ​នៅ​អេសាយ ៦៦ជំពូក៦៦ ក៏​ឯកភាព​នឹង​នេះ​ដែរ។ យើង​អាច​ឃើញ​ពី​ខ​២២ ដែល​ព្រះ​យេហូវ៉ា​ជ្រាប​ថា ផ្ទៃ​មេឃ​ថ្មី​ហើយ​និង​ផែនដី​ថ្មី គឺ​នឹង​មិន​មែន​ជា​អ្វី​ដ៏​បណ្ដោះ​អាសន្ន ដែល​មាន​រយៈ​ពេល​ដ៏​ខ្លី​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត រាស្ត្រ​របស់​ទ្រង់​នឹង​ស៊ូ​ទ្រាំ ក៏​នឹង«ស្ថិត​ស្ថេរ»នៅ​ពី​មុខ​ទ្រង់។ អ្វី​ដែល​ព្រះ​ធ្លាប់​បាន​ធ្វើ​រួច​មក​ហើយ​សំរាប់​រាស្ត្រ​ដ៏​រើស​តាំង​របស់​ទ្រង់ នោះ​ផ្ដល់​ឲ្យ​យើង​នូវ​មូលហេតុ​ឲ្យ​មាន​ទំនុក​ចិត្ត។ ពួក​គ្រីស្ទាន​ពិត​បាន​ប្រឈម​មុខ​ការ​បៀត​បៀន​យ៉ាង​ឃោរ​ឃៅ សូម្បី​ការ​ខំប្រឹង​ដើម្បី​កំទេច​ពួក​គេ​ចោល​ផង។ (យ៉ូហាន ១៦:២; កិច្ច​ការ ៨:១) ប៉ុន្តែ សូម្បី​តែ​ពួក​សត្រូវ​ដ៏​ខ្លាំង​ពូកែ ដូច​ជា​អធិរាជ​រ៉ូម៉ាំង នីរ៉ូ​និង អាដុល ហិត្លើ ក៏​មិន​អាច​កំទេច​ចោល​រាស្ត្រ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ ដែល​កាន់​ព្រះ​នាម​ទ្រង់​នោះ​ឡើយ។ ព្រះ​យេហូវ៉ា​បាន​រក្សា​ទុក​ក្រុម​ជំនុំ​នៃ​រាស្ត្រ​របស់​ទ្រង់ ហើយ​យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា ទ្រង់​នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​នៅ​ស្ថិត​ស្ថេរ​ជា​និច្ច។

ស្រដៀង​គ្នា​ដែរ អស់​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ដល់​ព្រះ ដែល​មាន​ចំណែក​ខាង​ផែនដី​ថ្មី ដ៏​ជា​សង្គម​នៃ​ពួក​អ្នក​ថ្វាយ​បង្គំ​ពិត​ក្នុង​ពិភព​លោក​ថ្មី នោះ​ពួក​គេ​និមួយ​ៗ​នឹង​នៅ​ស្ថិត​ស្ថេរ ពីព្រោះ​ពួក​គេ​នឹង​បន្ត​ក្នុង​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​ដល់​ព្រះ​ដ៏​ជា​អ្នក​បង្កើត​នៃ​របស់​សព្វសារពើ។ ការ​ថ្វាយ​បង្គំ​នេះ​នឹង​មិន​ធ្វើ​ឡើង​ដោយ​យូរ​ៗ​ម្ដង ឬ​ដោយ​គ្មាន​របៀប​នោះ​ទេ។ ក្រិត្យ​វិន័យ​របស់​ព្រះ ដែល​បាន​ផ្ដល់​ឲ្យ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ បាន​តម្រូវ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ជាក់​លាក់​នៅ​រៀង​រាល់​ខែ ដូច​បាន​សម្គាល់​ដោយ​ព្រះ​ចន្ទ​ខ្នើត និង​រៀង​រាល់​សប្ដាហ៍ ដូច​បាន​សម្គាល់​ដោយ​ថ្ងៃ​ឈប់​សំរាក។ (លេវីវិន័យ ២៤:៥​-​៩; ជន​គណនា ១០:១០; ២៨:៩, ១០; របាក្សត្រ​ទី​២ ២:៤) ដូច្នេះ​អេសាយ ៦៦:២៣ ចង្អុល​ប្រាប់​អំពី​ការ​ថ្វាយ​បង្គំ​ព្រះ​ដោយ​ទៀង​ទាត់ ដែល​មាន​ជា​បន្ត ពី​សប្ដាហ៍​មួយ​ទៅ​សប្ដាហ៍​មួយ និង​ពី​ខែ​មួយ​ទៅ​ខែ​មួយ។ លទ្ធិ​បដិសេធ​ព្រះ​និង​ការ​លាក់​ពុត​ខាង​សាសនា នឹង​លែង​មាន​ទៀត​នៅ​គ្រា​នោះ។ «គ្រប់​មនុស្ស​ទាំង​អស់​នឹង​មក​ក្រាប​ថ្វាយ​បង្គំ​នៅ​ចំពោះ»ព្រះ​យេហូវ៉ា។

១០. ហេតុ​អ្វី​ក៏​អ្នក​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា ពិភព​លោក​ថ្មី​នឹង​មិន​ត្រូវ​បង្ខូច​ជា​អចិន្ត្រៃយ៍​ដោយ​មនុស្ស​អាក្រក់​នោះ​ទេ?

១០ អេសាយ ៦៦:២៤ ធានា​រ៉ាប់​រង​យើង​ថា សន្ដិភាព​និង​សេចក្ដី​សុចរិត​នៅ​ផែនដី​ថ្មី នឹង​គ្មាន​គ្រោះ​ថ្នាក់​ឡើយ។ មនុស្ស​អាក្រក់​នឹង​មិន​ធ្វើ​ឲ្យ​ខូច​សេចក្ដី​ទាំង​ប៉ុន្មាន​នេះ​ទេ។ សូម​នឹក​ចាំ​ថា ពេត្រុស​ទី​២ ៣:៧ ចែង​ថា​នៅ​ខាង​មុខ​យើង​នេះ គឺ​ជា«ថ្ងៃ​ជំនុំ​ជំរះ . . . ហើយ​បំផ្លាញ​មនុស្ស​ទមិល​ល្មើស​ចេញ»។ អស់​អ្នក​ដែល​នឹង​ស្លាប់​គឺ​ជា​មនុស្ស​ទមិល​ល្មើស។ មិន​ដូច​សង្គ្រាម​មនុស្សជាតិ ដែល​មនុស្ស​គ្មាន​ទោស​ទៅ​ជា​បាន​ស្លាប់​ច្រើន​ជាង​ពួក​ទាហាន​ទៅ​វិញ នោះ​មនុស្ស​ឥត​ទោស​នឹង​គ្មាន​គ្រោះ​ថ្នាក់​ឡើយ។ ចៅ​ក្រម​ដ៏​ឧត្តម​ធានា​រ៉ាប់​រង​យើង​ថា ថ្ងៃ​របស់​ទ្រង់​នឹង​ជា​ថ្ងៃ​បំផ្លាញ​មនុស្ស​ទមិល​ល្មើស​ចេញ។

១១. តើអេសាយបង្ហាញ​យ៉ាង​ណា​នូវ​អនាគត​ចំពោះ​អស់​អ្នក​ដែល​ប្រឆាំង​ព្រះ​និង​ការ​ថ្វាយ​បង្គំ​របស់​ទ្រង់​នោះ?

១១ ពួក​អ្នក​សុចរិត​ដែល​នៅ​គង់​វង្ស​នឹង​ឃើញ​ថា ពាក្យ​ទំនាយ​របស់​ព្រះ​នោះ​ជា​សេចក្ដី​ពិត។ ខ​២៤​ទាយ​ប្រាប់​ថា«សាក​ខ្មោច​របស់​មនុស្ស​ទាំង​ប៉ុន្មាន ដែល​បាន​បះ​បោរ​នឹង»ព្រះ​យេហូវ៉ា នឹង​ធ្វើ​ជា​ភស្តុ​តាង​នៃ​ការ​ជំនុំ​ជំរះ​របស់​ទ្រង់។ ពាក្យ​របស់អេសាយដ៏​ចំ​ៗ​នេះ ប្រហែល​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ ប៉ុន្តែ នេះ​គឺ​សម​តាម​ហេតុ​ការណ៍​ពិត​ក្នុង​ប្រវត្ដិសាស្ត្រ។ នៅ​ខាង​ក្រៅ​កំផែង​ក្រុង​យេរូសាឡិម​ពី​បូរាណ គឺ​មាន​កន្លែង​ចាក់​សំរាម ហើយ​យូរ​ៗ​ម្ដង​នោះ​បោះ​សាក​សព​ខ្មោច​មនុស្ស​អាក្រក់ ដែល​ឥត​សម​ទទួល​នូវ​ការ​កប់​ក្នុង​ផ្នូរ។ * នៅ​ទី​នោះ ដង្កូវ​និង​ភ្លើង​ដ៏​ក្ដៅ មិន​យូរ​ប៉ុន្មាន​ក៏​នឹង​កំទេច​ចោល​នូវ​សំរាម​និង​ខ្មោច​ទាំង​នោះ។ តាម​មើល​ទៅ ពាក្យ​ប្រៀប​ប្រដូច​របស់អេសាយ បង្ហាញ​នូវ​ភាព​ផ្ដាច់​ព្រ័ត្រ​នៃ​ការ​ជំនុំ​ជំរះ​របស់​ព្រះ​យេហូវ៉ា លើ​ពួក​ទមិល​ល្មើស។

អ្វី​ដែល​ទ្រង់​បាន​សន្យា

១២. តើអេសាយបញ្ជាក់​យ៉ាង​ណា​ទៀត​ស្តី​អំពី​ជីវិត​នៅ​ក្នុង​ពិភព​លោក​ថ្មី?

១២ វិវរណៈ ២១:៤ ប្រាប់​យើង​នូវ​អ្វី​ដែល​នឹង​លែង​មាន​ក្នុង​របប​ថ្មី​ខាង​មុខ។ ប៉ុន្តែ តើ​នឹង​មាន​អ្វី​នៅ​ពេល​នោះ? តើ​ជីវិត​នឹង​ទៅ​ជា​យ៉ាង​ណា? តើ​យើង​អាច​មាន​ពត៌មាន​ណា​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ឬ​ទេ? ត្រូវ​ហើយ។ អេសាយ ៦៥ជំពូក៦៥ រៀប​រាប់​ជា​ទំនាយ​នូវ​ស្ថានភាព​ដែល​យើង​នឹង​មាន បើ​យើង​មាន​ការ​យល់​ព្រម​ពី​ព្រះ​យេហូវ៉ា​ឲ្យ​រស់​នៅ​ក្នុង​កាល​ដែល​ទ្រង់​បង្កើត​ផ្ទៃ​មេឃ​ថ្មី​និង​ផែនដី​ថ្មី ក្នុង​ន័យ​ជា​ផ្ដាច់​ព្រ័ត្រ​នោះ។ ពួក​អ្នក​ដែល​ទទួល​ព្រះ​ពរ​ឲ្យ​មាន​ចំណែក​ជា​ស្ថាពរ​ក្នុង​ផែនដី​ថ្មី នឹង​មិន​ទៅ​ជា​ចាស់ ហើយ​ក្រោយ​មក​ស្លាប់​នោះ​ទេ។ អេសាយ ៦៥:២០ ធានា​រ៉ាប់​រង​យើង​ថា៖ «ក៏​នឹង​លែង​មាន​កូន​តូច​ដែល​រស់​នៅ​តែ​ប៉ុន្មាន​ថ្ងៃ ឬ​មនុស្ស​ចាស់​ដែល​មិន​បាន​រស់​នៅ​ឲ្យ​ពេញ​កំណត់​អាយុ ត​ទៅ​ទៀត ដ្បិត​អ្នក​ណា​ដែល​ស្លាប់​ក្នុង​អាយុ​១០០​ឆ្នាំ នោះ​គេ​នឹង​រាប់​ថា ជា​ក្មេង​ទេ ហើយ​មនុស្ស​បាប​ណា​ដែល​រស់​នៅ​ត្រឹម​១០០​ឆ្នាំ នោះ​នឹង​ត្រូវ​បណ្ដាសា​វិញ»។

១៣. តើ​អេសាយ ៦៥:២០ ធានា​រ៉ាប់​រង​យើង​យ៉ាង​ណា ថា​រាស្ត្រ​របស់​ព្រះ​នឹង​មាន​សុវត្ថិភាព​នោះ?

១៣ នៅ​ពេល​ដែល​ទំនាយ​នេះ​បាន​សម្រេច​ដំបូង​លើ​ពួក​បណ្ដា​ជន​នៅ​សម័យអេសាយ នោះ​មាន​សេចក្ដី​ថា​កូន​ង៉ា​នៅ​ក្នុង​ស្រុក​នឹង​មាន​សុវត្ថិភាព។ គឺ​គ្មាន​ពួក​សត្រូវ​ចូល​មក ដូច​ជា​ពួក​បាប៊ីឡូន​ធ្លាប់​ធ្វើ​នោះ​ទេ ដើម្បី​ហូត​យក​ចេញ​នូវ​កូន​ក្មេង​ៗ ឬ​ក៏​ដើម្បី​សម្លាប់​ពួក​បុរស​ពេញ​វ័យ​នោះ។ (របាក្សត្រ​ទី​២ ៣៦:១៧, ២០) នៅ​ក្នុង​ពិភព​លោក​ថ្មី​ខាង​មុខ​នេះ មនុស្ស​នឹង​មាន​សុវត្ថិភាព សន្ដិសុខ ហើយ​អាច​កំសាន្ត​នឹង​ជីវិត។ បើ​បុគ្គល​ម្នាក់​សម្រេច​ចិត្ត​ទាស់​នឹង​ព្រះ នោះ​គាត់​នឹង​មិន​ត្រូវ​ឲ្យ​បន្ត​រស់​នៅ​ទេ។ ព្រះ​ទ្រង់​នឹង​ដក​គាត់​ចេញ។ ចុះ​យ៉ាង​ណា​វិញ បើ​អ្នក​មាន​បាប​ដ៏​បះ​បោរ​នេះ​មាន​អាយុ​មួយ​រយ​ឆ្នាំ? គាត់​នឹង​ស្លាប់​ដោយ​នៅ«ក្មេង​ទេ» បើ​ប្រៀប​ធៀប​នឹង​ជីវិត​ដ៏​មិន​ចេះ​ចប់​នោះ។—ធីម៉ូថេ​ទី​១ ១:១៩, ២០; ធីម៉ូថេ​ទី​២ ២:១៦​-​១៩

១៤, ១៥. តើ​អ្នក​អាច​ទន្ទឹង​ចាំ​នូវ​សកម្មភាព​ដ៏​ល្អ​ណា ដែល​មាន​មូលដ្ឋាន​លើ​អេសាយ ៦៥:២១, ២២?

១៤ ជា​ជាង​ដៅ​បញ្ជាក់​ពី​របៀប​ដែល​ពួក​អ្នក​ធ្វើ​បាប​ដោយ​ចេតនា​នឹង​ត្រូវ​ដក​ចេញ នោះអេសាយបាន​រៀប​រាប់​ពី​ស្ថានភាព​រស់​នៅ ដែល​នឹង​មាន​នៅ​ក្នុង​ពិភព​លោក​ថ្មី។ ចូរ​អ្នក​ខំ​គិត​ថា​ខ្លួន​អ្នក​នៅ​ក្នុង​ទស្សនីយភាព​នេះ។ អ្វី​ដែល​អ្នក​ប្រហែល​ជា​ឃើញ​ដំបូង នោះ​គឺ​ជា​របស់​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​ធម្មតា។ អេសាយប្រាប់​រឿង​នោះ​ក្នុង​ខ​២១​និង​២២ ដែល​ថា៖ «មនុស្ស​នឹង​សង់​ផ្ទះ ហើយ​នឹង​អាស្រ័យ​នៅ​ផង ក៏​នឹង​ដាំ​ចំការ​ទំពាំង​បាយ​ជូរ ហើយ​នឹង​បរិភោគ​ផល​ដែរ គេ​នឹង​មិន​សង់ រួច​មាន​ម្នាក់​ទៀត​អាស្រ័យ​នៅ ឬ​ដាំ រួច​មាន​ម្នាក់​ទៀត​បរិភោគ​ផល​នោះ​ឡើយ ដ្បិត​អាយុ​របស់​រាស្ត្រ​អញ​នឹង​បាន​វែង​ដូច​ជា​អាយុ​នៃ​ដើម​ឈើ ហើយ​ពួក​រើស​តាំង​របស់​អញ​នឹង​ប្រើ​ប្រាស់​ការ​ដែល​ដៃ​គេ​ធ្វើ​ជា​យឺន​យូរ​ទៅ»។

១៥ បើ​អ្នក​ឥត​មានបទពិសោធន៍​ធ្វើ​ការ​សាង​សង់​ឬ​មិន​ដែល​ថែ​រក្សា​សួន​ច្បារ​ទេ នោះ​ទំនាយ​របស់អេសាយបង្ហើប​ថា នឹង​មាន​ការ​អប់រំ​បង្ហាត់​លោក​អ្នក។ ប៉ុន្តែ តើ​អ្នក​នឹង​សុខ​ចិត្ត​រៀន​ពី​គ្រូ​ដ៏​មាន​សមត្ថភាព ប្រហែល​ជា​អ្នក​ជិត​ខាង​ដ៏​សប្បុរស ដែល​សប្បាយ​ចិត្ត​នឹង​ជួយ​អ្នក​នោះ​ទេ? អេសាយមិន​បាន​និយាយ​ថា ផ្ទះ​របស់​អ្នក​នឹង​មាន​បង្អួច​ធំ​ដែល​គ្មាន​កញ្ចក់​តែ​មាន​របាំង​ពន្លឺ ដើម្បី​ឲ្យ​មាន​ខ្យល់​បក់​ស្រួល ឬ​ក៏​បង្អួច​ដែល​មាន​កញ្ចក់​បិទ​ជាប់ ដែល​ឲ្យ​អ្នក​មើល​ឃើញ​នូវ​ការ​ផ្លាស់​ប្ដូរ​ខាង​រដូវ​នោះ​ទេ។ តើ​អ្នក​នឹង​សង់​ផ្ទះ​របស់​អ្នក​ដោយ​មាន​ដំបូល​ជ្រាល ដើម្បី​បាំង​ភ្លៀង​និង​ទឹក​កក​ឬ? ឬ​ក៏​តើ​ធាតុ​អាកាស​នា​តំបន់​នោះ​នាំ​ឲ្យ​អ្នក​សាង​សង់​ដំបូល​រាប ដូច​នៅ​ឯ​ប​ជ្ឈិ​ម​បូព៌ា​ប្រទេស ជា​ដំបូល​ដែល​ឲ្យ​អ្នក​រួប​រួម​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក ពេល​ទទួល​អាហារ​និង​ការ​សន្ទនា​ដ៏​រីករាយ​នោះ​ទេ?—ចោទិយកថា ២២:៨; នេហេមា ៨:១៦

១៦. ហេតុ​អ្វី​ក៏​អ្នក​អាច​សង្ឃឹម​ថា ពិភព​លោក​ថ្មី​នឹង​ជា​ទី​ស្កប់​ស្កល់​ចិត្ត​ជា​អចិន្ត្រៃយ៍?

១៦ អ្វី​ដែល​សំខាន់​ជាង​ការ​ដឹង​ចំណុច​ល្អិត​ល្អន់​បែប​នេះ គឺ​ការ​ដឹង​ថា​អ្នក​នឹង​មាន​លំនៅ​របស់​ខ្លួន។ លំនៅ​នោះ​នឹង​ជា​របស់​ផង​អ្នក មិន​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ពេល​ដែល​អ្នក​ប្រហែល​ជា​បាន​សាង​សង់ ប៉ុន្តែ​រួច​មក មនុស្ស​ឯ​ទៀត​ទទួល​ផល​ប្រយោជន៍​ទៅ​វិញ។ អេសាយ ៦៥:២១ ក៏​ចែង​ថា​អ្នក​នឹង​ដាំ​ដំណាំ​ហើយ​បរិភោគ​ផល​ផ្លែ។ យ៉ាង​ច្បាស់​ណាស់ នេះ​គឺ​សង្ខេប​នូវ​ស្ថានការណ៍​ដែល​មាន​ទូទៅ។ អ្នក​នឹង​ស្កប់​ចិត្ត​យ៉ាង​ពេញ​លេញ​ដោយ​ការ​ខំ​ប្រឹង​របស់​អ្នក គឺ​ពី​ផល​ផ្លែ​នៃកិច្ច​ការរបស់​ខ្លួន។ អ្នក​នឹង​អាច​ធ្វើ​ការ​នោះ​ដោយ​មាន​អាយុ​យ៉ាង​យូរ «ដូច​ជា​អាយុ​នៃ​ដើម​ឈើ»។ នេះ​ប្រាកដ​ជា​សម​ត្រឹម​ត្រូវ​តាម​ការ​ពិពណ៌នា​ថា«ទាំង​អស់​ឡើង​ជា​ថ្មី»ហើយ!—ទំនុកដំកើង ៩២:១២​-​១៤

១៧. តើ​សេចក្ដី​សន្យា​អ្វី ដែល​ពិត​ជា​លើក​ទឹក​ចិត្ត​ឪពុក​ម្ដាយ​នានា​នោះ?

១៧ ប្រសិន​បើ​អ្នក​ជា​ឪពុក​ឬ​ម្ដាយ ពាក្យ​ទាំង​នេះ​នឹង​មាន​អានុភាព​ដល់​ចិត្ត​របស់​អ្នក ដែល​ថា៖ «គេ​នឹង​មិន​ខំ​ធ្វើ​ជា​ឥត​ប្រយោជន៍ ឬ​បង្កើត​មក​ឲ្យ​តែ​បាន​ត្រូវ​វិនាស​ទៅ​នោះ​ឡើយ ដ្បិត​គេ​ជា​ពូជ​នៃ​ពួក​ដ៏​មាន​ពរ​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​កូន​ដែល​គេ​បង្កើត​ត​ទៅ​ផង គ្រា​នោះ មុន​ដែល​គេ​អំពាវនាវ នោះ​អញ​នឹង​តប​ឆ្លើយ ហើយ​កាល​គេ​កំពុង​តែ​ចេញ​សំដី​នៅ​ឡើយ នោះ​អញ​នឹង​ស្ដាប់​ដែរ»។ (អេសាយ ៦៥:២៣, ២៤) តើ​អ្នក​យល់​ដឹង​ដោយ​បាន​ពិសោធ​នូវ​ការ​ឈឺ​ចាប់​នៃ‹ការ​បង្កើត​មក​ឲ្យ​តែ​បាន​ត្រូវ​វិនាស​ទៅ›ឬ​ទេ? យើង​មិន​ចាំ​បាច់​រៀប​រាប់​នូវ​បញ្ហា​ទាំង​ឡាយ​ដែល​កូន​ក្មេង​អាច​មាន ដែល​នាំ​ឲ្យ​ឪពុក​ម្ដាយ​និង​អ្នក​ដទៃ​មាន​អន្តរាយ​នោះ​ទេ។ អ្វី​ដែល​ទាក់​ទង​នឹង​រឿង​នេះ យើង​ក៏​បាន​សង្កេត​ឃើញ​នូវ​ឪពុក​ម្ដាយ​ដែល​ជក់​ស្លុង​នឹង​មុខ​របរ​រក​ស៊ី សកម្មភាព និង​ការ​កំសាន្ត​ចិត្ត​របស់​ខ្លួន ដែល​គេ​ចំណាយ​ពេល​តែ​បន្ដិច​បន្តួច​នឹង​កូន​ចៅ​របស់​គេ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​ធានា​រ៉ាប់​រង​យើង​ថា ទ្រង់​នឹង​ឮ​ហើយ​តប​ឆ្លើយ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​យើង ព្រម​ទាំង​នឹក​គិត​ជា​មុន​ដើម្បី​ជួយ​យើង​ទៀត​ផង។

១៨. ហេតុ​អ្វី​ក៏​អ្នក​សង្ឃឹម​ថា​នឹង​អាច​កំសាន្ត​ជា​មួយ​សត្វ​ទាំង​ឡាយ​ក្នុង​ពិភព​លោក​ថ្មី?

១៨ កាល​ដែល​អ្នក​កំពុង​តែ​គិត​អំពី​អ្វី​ដែល​អ្នក​នឹង​ពិសោធ​ក្នុង​ពិភព​លោក​ថ្មី ចូរ​គិត​អំពី​ទស្សនីយភាព​នេះ​ដែល​ពាក្យ​ទំនាយ​របស់​ព្រះ​ចែង​ថា៖ «ឯ​ឆ្កែ​ព្រៃ នឹង​កូន​ចៀម វា​នឹង​រក​ស៊ី​ជា​មួយ​គ្នា ហើយ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ ចំណែក​ពស់ វា​នឹង​មាន​ធូលី​ដី​ជា​អាហារ សត្វ​ទាំង​ឡាយ​នឹង​មិន​បៀត​បៀន ឬ​បំផ្លាញ​អ្វី​នៅ​គ្រប់​ក្នុង​ស្រុក​ភ្នំ​បរិសុទ្ធ​របស់​អញ​ទៀត​ឡើយ នេះ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា»។ (អេសាយ ៦៥:២៥) ពួក​វិចិត្រករ​បាន​ខំ​ប្រឹង​គូរ​ទស្សនីយភាព​នេះ ប៉ុន្តែ​នេះ​មិន​មែន​ជា​ការ​ពិពណ៌នា​មួយ​តាម​មនោ​គតិ ដែល​បង្កើត​មក​តាម​តែ​ចិត្ត​របស់​អ្នក​វិចិត្រករ​ប៉ុណ្ណោះ​នោះ​ឡើយ។ ទស្សនីយភាព​នេះ​នឹង​ទៅ​ជា​ពិត​ប្រាកដ។ សន្ដិភាព​នឹង​មាន​ជា​បរិបូរ​ក្នុង​ចំណោម​មនុស្ស​លោក ហើយ​ក៏​នឹង​មាន​ភាព​សុខ​សាន្ត​ជា​មួយ​សត្វ​ផង​ដែរ។ ពួក​អ្នក​ជីវសាស្ត្រ​ជា​ច្រើន​និង​ពួក​អ្នក​ដែល​ស្រឡាញ់​សត្វ ចំណាយ​ពេល​ច្រើន​ឆ្នាំ​ដើម្បី​រៀន​អំពី​សត្វ​ខ្លះ​ៗ ឬ​ពូជ​សត្វ​ណា​មួយ​តែ​ម្ដង។ ផ្ទុយ​ទៅ​វិញ សូម​គិត​ពី​អ្វី​ដែល​អ្នក​អាច​រៀន ពេល​ដែល​សត្វ​មិន​ត្រូវ​ខ្លាច​មនុស្ស​ទៀត។ ពេល​នោះ​អ្នក​នឹង​អាច​ទៅ​ជិត​បក្សា​បក្សី និង​សត្វ​ល្អិត​ៗ ដែល​មាន​ទី​លំនៅ​ក្នុង​ព្រៃ ត្រូវ​ហើយ អាច​មើល អាច​រៀន​ពី​វា​ព្រម​ទាំង​គាប់​ចិត្ត​នឹង​វា។ (យ៉ូប ១២:៧​-​៩) អ្នក​នឹង​អាច​ធ្វើ​អ៊ីចឹង​ដោយ​សុខ​សាន្ត ដោយ​ឥត​ខ្លាច​មាន​គ្រោះ​ថ្នាក់​ពី​មនុស្ស​ឬ​សត្វ​ណា​ឡើយ។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា៖ «សត្វ​ទាំង​ឡាយ​នឹង​មិន​បៀត​បៀន ឬ​បំផ្លាញ​អ្វី​នៅ​គ្រប់​ក្នុង​ស្រុក​ភ្នំ​បរិសុទ្ធ​របស់​អញ​ទៀត​ឡើយ»។ នេះ​នឹង​ជា​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ណា​ទៅ​ហ្ន៎ ពី​អ្វី​ដែល​យើង​ឃើញ​និង​ពិសោធ​នៅ​សព្វ​ថ្ងៃ​នេះ!

១៩, ២០. ហេតុ​អ្វី​ក៏​រាស្ត្រ​របស់​ព្រះ​គឺ​ខុស​ប្លែក​ឆ្ងាយ​ពី​មនុស្ស​ភាគ​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ?

១៩ ដូច​បាន​រៀប​រាប់​មុន​នេះ មនុស្ស​មិន​អាច​ទាយ​ប្រាប់​អំពី​អនាគត​ដោយ​ត្រឹម​ត្រូវ​ទេ ថ្វី​បើ​មាន​ការ​ខ្វល់​ខ្វាយ​ទូទៅ ដែល​ទាក់​ទង​នឹង​សហស្ស​វត្សរ៍​ថ្មី​នេះ។ នេះ​ធ្វើ​ឲ្យ​មនុស្ស​មាន​ចិត្ត​មួម៉ៅ វង្វេង ឬ​នៅ​ក្នុង​ភាព​អស់​សង្ឃឹម។ ភីធើ អិមបឺលី ដែល​ជា​ចាង​ហ្វាង​នៅ​ឯ​មហាវិទ្យាល័យ​មួយ​នៅ​ប្រទេស​កាណាដា បាន​សរសេរ​ថា៖ «[មនុស្ស​ពេញ​វ័យ]ជា​ច្រើន ពេល​ឥឡូវ​នេះ​កំពុង​តែ​ប្រឈម​មុខ​នឹង​សំនួរ​ដ៏​សំខាន់​អំពី​អត្ថិភាព។ តើ​ខ្ញុំ​ជា​អ្នក​ណា? តើ​ខ្ញុំ​ពិត​ជា​កំពុង​ខំ​ប្រឹង​ធ្វើ​អ្វី? តើ​អ្វី​ទៅ​ជា​កេរ្ដិ៍​ដំណែល ដែល​ខ្ញុំ​ចង់​ទុក​សំរាប់​តំណ​ក្រោយ? មក​ដល់​មធ្យម​ត្រឹម​អាយុ​នោះ ពួក​គេ​ពិបាក​នឹង​រក​បាន​សេចក្ដី​សុខ​សាន្ត ឬ​ក៏​អត្ថន័យ​ក្នុង​ជីវិត​របស់​គេ​ណាស់»។

២០ អ្នក​អាច​យល់​នូវ​ហេតុ​អ្វី​ក៏​ជា​អ៊ីចឹង​ចំពោះ​មនុស្ស​ជា​ច្រើន។ ពួក​គេ​ប្រហែល​ជា​ស្វែង​រក​តែ​សប្បាយ​នឹង​ជីវិត តាម​រយៈ​ការ​កំសាន្ត​ឬ​ការ​លំហែ​ចិត្ត​កាយ​ដ៏​រំភើប​ណា​មួយ។ ប៉ុន្តែ ពួក​គេ​មិន​ដឹង​ថា​មាន​អនាគត​អ្វី​ទេ ដូច្នេះ​ជីវិត​ទំនង​ជា​គ្មាន​សារៈ​សំខាន់ សណ្ដាប់​ធ្នាប់ ឬ​ក៏​អត្ថន័យ​ដ៏​ពិត​នោះ​ទេ។ ឥឡូវ សូម​ប្រៀប​ធៀប​រឿង​នោះ​នឹង​ទស្សនៈ​របស់​អ្នក​អំពី​ជីវិត ដោយ​មាន​មូលដ្ឋាន​លើ​អ្វី​ដែល​យើង​បាន​ពិនិត្យ​មើល​នេះ។ អ្នក​ដឹង​ថា នៅ​ក្នុង​ផ្ទៃ​មេឃ​ថ្មី​ហើយ​និង​ផែនដី​ថ្មី​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​មក​នេះ នោះ​យើង​នឹង​អាច​មើល​ជុំ​វិញ​ខ្លួន ហើយ​និយាយ​ចេញ​ពី​ចិត្ត​យើង​ថា ‹ប្រាកដ​ណាស់ ព្រះ​បាន​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី​មែន!›។ យើង​នឹង​សប្បាយ​ចិត្ត​ណាស់​ហ្ន៎ ដោយ​ធ្វើ​អ៊ីចឹង!

២១. តើ​យើង​អាច​ឃើញ​នូវ​ភាព​ស្មើ​គ្នា​អ្វី នៅ​អេសាយ ៦៥:២៥ និង​អេសាយ ១១:៩?

២១ គឺ​មិន​មែន​ជា​ការ​សន្មត​ជា​មុន ដោយ​ស្រមៃ​គិត​អំពី​ការ​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ​ទេ។ ព្រះ​ទ្រង់​អញ្ជើញ​យើង ក៏​ដាស់​តឿន​យើង​ផង ឲ្យ​ថ្វាយ​បង្គំ​ទ្រង់​ដោយ​សេចក្ដី​ពិត​ពី​ឥឡូវ​នេះ ហើយ​មាន​លក្ខណៈ​ចាំ​បាច់​ឲ្យ​បាន​ជីវិត​នៅ​ពេល​ដែល‹គេ​នឹង​មិន​បៀត​បៀន​ឬ​បំផ្លាញ​អ្វី​នៅ​គ្រប់​ក្នុង​ស្រុក​ភ្នំ​បរិសុទ្ធ​របស់​ទ្រង់​ទៀត​ឡើយ›។ (អេសាយ ៦៥:២៥) ប៉ុន្តែ តើ​អ្នក​ដឹង​ទេ​ថា អេសាយបាន​និយាយ​ស្រដៀង​នេះ​មុន​ទៅ​ទៀត ហើយ​បាន​បន្ថែម​នូវ​កត្ដា​មួយ​ដែល​ជា​សារៈ​សំខាន់ ដើម្បី​ឲ្យ​យើង​សប្បាយ​យ៉ាង​ពិត​ក្នុង​ពិភព​លោក​ថ្មី? អេសាយ ១១:៩ ចែង​ថា៖ «វា​រាល់​គ្នា​នឹង​មិន​ធ្វើ​ទុក្ខ ឬ​បំផ្លាញ​គ្នា នៅ​គ្រប់​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ ដ្បិត​គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ​យេហូវ៉ា នៅ​ពេញ​ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ​ពាស​ក្នុង​សមុទ្រ​ដែរ»។

២២. ការ​ពិនិត្យ​មើល​នូវ​ទំនាយ​បួន​ក្នុង​ព្រះ​គម្ពីរ គួរ​តែ​ពង្រឹង​យើង​ឲ្យ​ប្ដេជ្ញា​ចិត្ត​ធ្វើ​អ្វី?

២២ ‹ចំណេះ​អំពី​ព្រះ​យេហូវ៉ា›។ នៅ​ពេល​ដែល​ព្រះ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី នោះ​ពួក​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​នឹង​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​ទ្រង់ និង​អំពី​ព្រះ​ហឫទ័យ​របស់​ទ្រង់​ដែរ។ នោះ​គឺ​ទាក់​ទង​ច្រើន​ទៀត មិន​គ្រាន់​តែ​ពី​ការ​រៀន​អំពី​សត្វ​នោះ​ទេ។ នេះ​គឺ​ទាក់​ទង​នឹង​ព្រះ​បន្ទូល​ដែល​ទ្រង់​បាន​បណ្ដាល​ឲ្យ​តែង​មក។ ជា​ឧទាហរណ៍ សូម​គិត​អំពី​របស់​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ឃើញ​ដោយ​ពិនិត្យ​មើល​តែ​ទំនាយ​បួន ដែល​រៀប​រាប់​អំពី«ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី»នោះ។ (អេសាយ ៦៥:១៧; ៦៦:២២; ពេត្រុស​ទី​២ ៣:១៣; វិវរណៈ ២១:១) អ្នក​មាន​មូលហេតុ​ល្អ​ណាស់ ចំពោះ​ការ​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ។ តើ​នេះ​ជា​របស់​ដ៏​សំខាន់​ក្នុង​ទម្រង់​ការ​របស់​អ្នក​ឬ​ទេ? បើ​មិន​អ៊ីចឹង​ទេ តើ​អ្នក​អាច​ធ្វើ​ការ​កែ​សម្រួល​អ្វី​ខ្លះ ដើម្បី​ឲ្យ​អ្នក​អាច​អាន​នូវ​បន្ទូល​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ​នោះ? អ្នក​នឹង​ឃើញ​ថា ក្រៅ​ពី​ការ​ទន្ទឹង​ចាំ​ដ៏​សប្បាយ​នឹង​ពិភព​លោក​ថ្មី នោះ​អ្នក​នឹង​ទទួល​នូវ​ការ​សប្បាយ​បាន​ច្រើន​ឡើង​នៅ​ឥឡូវ​នេះ ដូច​ជា​អ្នក​តែងបទ​ទំនុកដំកើងបាន​ដែរ។—ទំនុកដំកើង ១:១, ២

[កំណត់​សម្គាល់]

^ សូម​មើល​សៀវភៅ ការ​យល់​ធ្លុះ​ជ្រៅ​នឹងបទគម្ពីរ ក្បាល​ទី​១ ទំព័រ ៩០៦ (ភាសា​អង់គ្លេស) ដែល​បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ហេតុ​អ្វី​ក៏​យើង​អាច​សន្និដ្ឋាន​ថា អេសាយ ៦៦:២២​-​២៤ ទាយ​ប្រាប់​អំពី​អ្វី​ដែល​នៅ​នា​ខាង​មុខ​នោះ?

តើ​អ្នក​ទន្ទឹង​ចាំ​អ្វី​ជា​ពិសេស ដូច​បាន​រៀប​រាប់​ក្នុង​ទំនាយ​ទាំង​ប៉ុន្មាន ដែល​បាន​កត់​ទុក​នៅ​អេសាយ ៦៦:២២​-​២៤ និង​អេសាយ ៦៥:២០​-​២៥?

តើ​អ្នក​មាន​មូលហេតុ​អ្វី​ខ្លះ ដោយ​មាន​ការ​ទុក​ចិត្ត​លើ​អនាគត​របស់​អ្នក​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២៦]

លោកអេសាយ ពេត្រុស និងយ៉ូហាន បាន​ទាយ​ប្រាប់​នូវ​លក្ខណៈ​នៃ «ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី»