លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកអ្នកប្រយុទ្ធជាមួយព្រះនឹងមិនឈ្នះឡើយ!

ពួកអ្នកប្រយុទ្ធជាមួយព្រះនឹងមិនឈ្នះឡើយ!

ពួក​អ្នក​ប្រយុទ្ធ​ជា​មួយ​ព្រះ​នឹង​មិន​ឈ្នះ​ឡើយ!

«គេ​នឹង​ត​នឹង​ឯង​តែ​មិន​ឈ្នះ​ឯង​ឡើយ»។—យេរេមា ១:១៩

១. តើ​មុខ​ងារ​អ្វី​ដែលយេរេមាបាន​ទទួល ហើយ​តើកិច្ច​ការរបស់​គាត់​បាន​បន្ត​យូរ​ប៉ុន្មាន​ទៅ?

 ព្រះ​យេហូវ៉ា​បាន​ប្រគល់​មុខ​ងារ​ឲ្យ​យុវជនយេរេមា ធ្វើ​ជា​ព្យាការី​ម្នាក់​ដល់​អស់​ទាំង​សាសន៍។ (យេរេមា ១:៥) នេះ​បាន​កើត​ឡើង​ក្នុង​កំឡុង​ការ​សោយ​រាជ្យ​របស់​ស្តេច​ដ៏​ល្អ​មួយ​អង្គ ព្រះ​នាម​យ៉ូសៀស​នៃ​ស្រុក​យូដា។ កិច្ច​បំរើ​ខាង​ទំនាយ​របស់យេរេមា បាន​បន្ត​ក្នុង​កំឡុង​ដ៏​ចលាចល​មុន​នឹង​ពួក​បាប៊ីឡូន​បាន​ច្បាំង​ដណ្ដើម​យក​ទី​ក្រុង​យេរូសាឡិម ហើយ​យក​រាស្ត្រ​របស់​ព្រះ​ធ្វើ​ជា​និរទេស​ជន។—យេរេមា ១:១​-​៣

២. តើ​ព្រះ​យេហូវ៉ា​បាន​ពង្រឹង​កម្លាំងយេរេមាតាម​របៀប​ណា ហើយ​តើ​ការ​វាយ​ប្រឆាំង​នឹង​ព្យាការី​នេះ​បាន​មាន​ន័យ​អ្វី?

សារ​ជំនុំ​ជំរះ​ដែលយេរេមាបាន​ប្រកាស ប្រាកដ​ជា​នឹង​នាំ​ឲ្យ​មាន​ការ​ជំទាស់​ប្រឆាំង​មិន​ខាន។ ដូច្នេះ ព្រះ​បាន​ពង្រឹង​គាត់​ចំពោះ​អ្វី​ដែល​មាន​នៅ​ខាង​មុខ។ (យេរេមា ១:៨​-​១០) ជា​ឧទាហរណ៍ ទឹក​ចិត្ត​របស់​ព្យាការី​នេះ​បាន​ធ្វើ​ឲ្យ​មាំ​ឡើង​ដោយ​ពាក្យ​ដូច​នេះ​ថា៖ «គេ​នឹង​ត​នឹង​ឯង​តែ​មិន​ឈ្នះ​ឯង​ឡើយ ដ្បិត‹អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​ឯង​ឲ្យ​រួច› នេះ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា»។ (យេរេមា ១:១៩) ការ​វាយ​ប្រឆាំង​ជា​មួយយេរេមា នឹង​មាន​ន័យ​ថា​វាយ​ប្រឆាំង​នឹង​ព្រះ​ដែរ។ សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​មាន​ពួក​អ្នក​បំរើ​មួយ​ក្រុម ដែល​មាន​សភាព​ដូច​ជា​ព្យាការី ដែល​មានកិច្ច​ការស្រដៀង​នឹងកិច្ច​ការរបស់យេរេមាដែរ។ ដូច​គាត់ នោះ​ពួក​គេ​ប្រកាស​ដោយ​អង់អាច​នូវ​ពាក្យ​ទំនាយ​របស់​ព្រះ។ ហើយ​សារ​នេះ​មាន​អានុភាព​លើ​មនុស្ស​ម្នាក់​ៗ​និង​អស់​ទាំង​សាសន៍ ឲ្យ​បាន​ប្រយោជន៍​ឬ​ក៏​ផល​អាក្រក់ ស្រេច​ទៅ​លើ​អំពើ​ដែល​គេ​តប​នឹង​សារ​នោះ។ ដូច​នៅ​សម័យ​របស់យេរេមា គឺ​មាន​អ្នក​ដែល​វាយ​ប្រឆាំង​ព្រះ ដោយ​ជំទាស់​នឹង​ពួក​អ្នក​បំរើ​របស់​ទ្រង់​និង​សកម្មភាព​របស់​គេ​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​ធ្វើ​នោះ។

ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​គេ​ពាធា

៣. ហេតុ​អ្វី​ក៏​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​ពាធា​អ៊ីចឹង?

រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​ពាធា តាំង​ពី​ដើម​សតវត្ស​ទី​២០​មក​ម្ល៉េះ។ នៅ​ប្រទេស​ជា​ច្រើន មនុស្ស​ដែល​មាន​បំណង​ចិត្ត​អាក្រក់​បាន​ខំ​ប្រឹង​ដើម្បី​រា​រាំង ក៏​ចង់​ធ្វើ​ឲ្យ​ស្ងាត់​ដល់​ការ​ប្រកាស​ដំណឹង​ល្អ​ជា​សារ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។ ពួក​គេ​បាន​ត្រូវ​ជំរុញ​ដោយ​មេ​សត្រូវ​របស់​យើង គឺ​អារក្ស ដែល«តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​បាន»។ (ពេត្រុស​ទី​១ ៥:៨) ក្រោយ​ពី«គ្រា​របស់​សាសន៍​ដទៃ»បាន​ចប់​នៅ​ឆ្នាំ​១៩១៤ ព្រះ​បាន​តម្កើង​បុត្រា​របស់​ទ្រង់ ជា​ស្តេច​ថ្មី​របស់​ផែនដី ដោយ​បង្គាប់​ថា៖ ‹ចូរ​ទៅ​គ្រប់​គ្រង​នៅ​កណ្ដាល​ពួក​ខ្មាំង​សត្រូវ​របស់​ឯង›។ (លូកា ២១:២៤; ទំនុកដំកើង ១១០:២) ដោយ​ប្រើ​អំណាច​របស់​ទ្រង់ នោះ​ព្រះ​យេស៊ូ​បាន​ទម្លាក់​សាតាំង​ចេញ​ពី​ស្ថាន​សួគ៌ ហើយ​បាន​ឃុំ​ឃាំង​វា​ក្នុង​វិស័យ​ផែនដី។ ដោយ​ដឹង​ថា ពេល​វេលា​វា​ខ្លី​ហើយ នោះ​អារក្ស​បញ្ចេញ​កំហឹង​របស់​វា​មក​លើ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង និង​ពួក​គូកន​របស់​គេ។ (វិវរណៈ ១២:៩, ១៧) តើ​បាន​មាន​លទ្ធផល​យ៉ាង​ណា​ពី​ការ​ពាធា​ម្ដង​ហើយ​ម្ដង​ទៀត ពី​ពួក​អ្នក​ប្រឆាំង​ទាំង​នេះ​ដែល​ទាស់​នឹង​ព្រះ​នោះ?

៤. តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ពិសោធ​នូវ​ការ​ពិបាក​អ្វី​ខ្លះ ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី​១ ប៉ុន្តែ​តើ​មាន​អ្វី​កើត​ឡើង​ក្នុង​ឆ្នាំ​១៩១៩ និង​ឆ្នាំ​១៩២២?

ពួក​អ្នក​បំរើ​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេហូវ៉ា បាន​ប្រឈម​មុខ​ការ​សាក​ល្បង​ជំនឿ​របស់​គេ ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី​១។ ពួក​គេ​បាន​ត្រូវ​គេ​មើល​ងាយ​និង​បាន​ត្រូវ​គេ​និយាយ​បង្កាច់ បាន​ត្រូវ​ដេញ​ចេញ​ដោយ​ហ្វូង​មនុស្ស​ឥត​សណ្ដាប់​ធ្នាប់ និង​បាន​ត្រូវ​គេ​វាយ​ផង។ ដូច​ជា​ព្រះ​យេស៊ូ​បាន​ទាយ​មក ពួក​គេ​បាន​ទៅ​ជា‹អ្វី​ដែល​គ្រប់​ទាំង​សាសន៍​ស្អប់›។ (ម៉ាថាយ ២៤:៩) នៅ​កណ្ដាល​ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​សង្គ្រាម នោះ​ពួក​សត្រូវ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ បាន​ប្រើ​កលល្បិច​មួយ​ដែល​ធ្លាប់​ប្រើ​ទាស់​នឹង​ព្រះ​យេស៊ូ​គ្រីស្ទ។ គេ​បាន​ចោទ​យ៉ាង​ខុស​ថា រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជា​អ្នក​នាំ​មុខ​ការ​បំបះ​បំបោរ ហើយ​ពួក​គេ​បាន​តតាំង​នឹង​អ្វី​ដ៏​សំខាន់​បំផុត​នៃ​អង្គការ​ដ៏​មើល​ឃើញ​របស់​ព្រះ​យេហូវ៉ា​តែ​ម្ដង។ នៅ​ខែ​ឧសភា ឆ្នាំ​១៩១៨ ដីកា​នៃ​សហ​ព័ន្ធ​បាន​ត្រូវ​ចេញ​ឲ្យ​ចាប់​ប្រធាន​សមាគម​ប៉ម​យាម យ៉ូសែប រ៉ូធើហ្វឺត និង​គូកន​ដ៏​ជិត​ស្និទ្ធ​ប្រាំ​ពីរ​នាក់​ទៀត។ ពួក​បុរស​ប្រាំ​បី​នាក់​នេះ​បាន​ជាប់​ទោស​ដ៏​ធ្ងន់ ហើយ​បាន​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​សហ​ព័ន្ធ​នៅ​ទី​ក្រុង​អាត់​ឡាន​ថា រដ្ឋ​ហ្សកហ្សី ស.រ.អ​.។ ពួក​គេ​បាន​ត្រូវ​ដោះ​លែង​ប្រាំ​បួន​ខែ​ក្រោយ​មក។ នៅ​ខែ​ឧសភា ឆ្នាំ​១៩១៩ សាលា​ឧទ្ធរណ៍​បាន​សម្រេច​ថា គឺ​មិន​បាន​កាត់​ក្ដី​ពួក​ចុង​ចោទ​ដោយ​ឥត​លំអៀង​ទេ ហើយ​ដូច្នេះ​សេចក្ដី​វិនិច្ឆ័យ​នោះ​ក៏​ចាត់​ទុក​ជា​មោឃៈ។ ក្ដី​នេះ​បាន​បញ្ជូន​ត្រឡប់​ទៅ​វិញ​ឲ្យ​មាន​សេចក្ដី​វិនិច្ឆ័យ​ថ្មី ប៉ុន្តែ​ក្រោយ​មក​រដ្ឋាភិបាល​បាន​ដក​បណ្ដឹង​នេះ​ចេញ​វិញ ហើយ​បង​ប្រុស​រ៉ូធើហ្វឺត និង​គូកន​របស់​គាត់​បាន​រួច​ពី​ទោស​ទាំង​ស្រុង។ ពួក​គេ​បាន​ចាប់​ផ្ដើមកិច្ច​ការរបស់​គេ​ម្ដង​ទៀត ហើយ​ក៏​មាន​មហា​សន្និបាត​នៅ​ឯ​ស៊ីដាផូញ រដ្ឋ​អូហៃយ៉ូ នៅ​ឆ្នាំ​១៩១៩ និង​ឆ្នាំ​១៩២២ ដែល​បាន​ផ្ដល់​ឲ្យកិច្ច​ការផ្សព្វ​ផ្សាយ​ព្រះ​រាជាណាចក្រ​មាន​សម្ទុះ​ជា​ថ្មី។

៥. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ស្ថានភាព​បែប​ណា ក្រោម​របប​ណាត្ស៊ី​នៅ​ឯ​ប្រទេស​អាល្លឺម៉ង់?

ក្នុង​កំឡុង​ទសវត្ស​នៃ​ឆ្នាំ​១៩៣០ នោះ​មាន​អ្នក​ប្រើ​អំណាច​ផ្ដាច់​ការ​លេច​ខ្លួន​មក ហើយ​ប្រទេស​អាល្លឺម៉ង់ អ៊ីតាលី និង​ប្រទេស​ជប៉ុន​បាន​រួប​រួម​គ្នា ដើម្បី​បង្កើត​អំណាច​ដែល​រួម​ដោយ​សម្ព័ន្ធមិត្ត​ទាំង​បី។ នៅ​ដើម​ទសវត្ស​នោះ មាន​ការ​បៀត​បៀន​យ៉ាង​ឃោរ​ឃៅ​លើ​រាស្ត្រ​របស់​ព្រះ ជា​ពិសេស​ក្រោម​របប​ណាត្ស៊ី​នៅ​ឯ​ប្រទេស​អាល្លឺម៉ង់។ បម្រាម​បាន​ស្ថាបនា​ឡើង។ ផ្ទះ​សម្បែង​បាន​ត្រូវ​គេ​ឆែក​ឆេរ ហើយ​ពួក​នៅ​ក្នុង​ផ្ទះ​ទាំង​នោះ​បាន​ត្រូវ​ចាប់​ដាក់​គុក។ ច្រើន​ពាន់​នាក់​បាន​ត្រូវ​ចូល​ក្នុង​ជំរុំ​ឃុំ​ឃាំង ពីព្រោះ​ពួក​គេ​បាន​បដិសេធ​មិន​ព្រម​បោះ​បង់​ចោល​នូវ​ជំនឿ​របស់​គេ។ ការ​ប្រយុទ្ធ​ទាស់​នឹង​ព្រះ​ហើយ​រាស្ត្រ​ទ្រង់ គឺ​បាន​មាន​បំណង​កំទេច​ចោល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ក្នុង​តំបន់​នៃ​លទ្ធិ​ផ្ដាច់​ការ​នោះ។ * នៅ​ពេល​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ចូល​ទៅ​ដល់​តុលាការ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ត​យុទ្ធ​រក​សិទ្ធិ​របស់​គេ នោះ​ក្រសួង​យុត្ដិធម៌​នៃ​ចក្រភព​នេះ បាន​រៀបចំ​មតិ​យ៉ាង​វែង​មួយ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួក​គេ​នឹង​មិន​បាន​ជោគ​ជ័យ​ទេ។ គឺ​បាន​ចែង​ថា៖ «តុលាការ​មិន​ត្រូវ​ចាញ់​គេ​ដោយ​ព្រោះ​តែ​អ្វី​ដែល​មើល​ទៅ​ដូច​ជា​ទម្រង់​ការ​តាម​ច្បាប់ ប៉ុន្តែ​ត្រូវ​តែ​ស្វែង​រក​ផ្លូវ​ដើម្បី​បំពេញ​នូវ​ភារកិច្ច​ដ៏​សំខាន់​របស់​គេ ទោះ​ជា​មាន​ការ​ពិបាក​ខាង​ផ្លូវ​ការ​នេះ​ក៏​ដោយ»។ នេះ​បាន​សេចក្ដី​ថា គឺ​មិន​អាច​មាន​យុត្ដិធម៌​នោះ​ឡើយ។ របប​ណាត្ស៊ី​បាន​អះអាង​ថា សកម្មភាព​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​ការ​ផ្ចាញ់​ផ្ចាល ឬ​ការ​ប្រឆាំង ហើយ‹បាន​រំខាន​ដល់​ការ​ស្ថាបនា​នូវ​របប​សង្គម​និយម​ជាតិ›។

៦. តើ​មាន​ការ​ខំ​ប្រឹង​ណា​ខ្លះ ដើម្បី​បញ្ឈប់កិច្ច​ការរបស់​យើង​ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី​២​និង​គ្រា​ក្រោយ​នោះ​មក?

ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី​២ បម្រាម​និង​ល័ក្ខខ័ណ្ឌ​បាន​ដាក់​មក​លើ​រាស្ត្រ​របស់​ព្រះ នៅ​ឯ​ប្រទេស​អូស្ដ្រាលី ប្រទេស​កាណាដា និង​ប្រទេស​ផ្សេង​ៗ​ទៀត​ដែល​បាន​សម្គាល់​ខ្លួន​ជា​ប្រទេស​គោរព​សិទ្ធិ​អំណាច​នៃ​ប្រទេស​អង់គ្លេស ដូច​ជា​នៅ​ឯ​ទ្វីប​អាហ្វ្រិក អាស៊ី និង​បណ្ដា​កោះ​នៅ​ឯ​សមុទ្រ​កា​រ៉ា​អ៊ី​ប និង​សមុទ្រ​ប៉ាស៊ីភិច។ នៅ​សហរដ្ឋ​អាមេរិក នោះ​ពួក​សត្រូវ​ដែល​មាន​អំណាច​និង​មនុស្ស​ដែល​បាន​យល់​ច្រ​លំ បាន​នាំ​ឲ្យមាន«ការ​ប្រទូសរ៉ាយ ដោយ​អាង​មាត្រា​ច្បាប់»។ (ទំនុកដំកើង ៩៤:២០) ប៉ុន្តែ​រឿង​ខាង​ការ​គោរព​ទង់​ជាតិ និង​បញ្ញត្ដិ​ក្នុង​សហគមន៍​ដែល​ហាមឃាត់​មិន​ឲ្យ​មាន​ការ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ បាន​ត្រូវ​យក​ទៅ​ប្ដឹង​នៅ​ឯ​តុលាការ ហើយ​សេចក្ដី​សម្រេច​ដ៏​វិជ្ជមាន​នៅ​សហរដ្ឋ​អាមេរិក បាន​ស្ថាបនា​នូវ​មូលដ្ឋាន​ដ៏​មាំ​មួន​ដើម្បី​គាំទ្រ​សេរី​ភាព​ខាង​ការ​ថ្វាយ​បង្គំ។ ដោយ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ការ​ខំ​ប្រឹង​របស់​សត្រូវ​នោះ​ឥត​បាន​ជោគ​ជ័យ​ឡើយ។ នៅ​ពេល​ដែល​សង្គ្រាម​បាន​ចប់​នៅ​ទ្វីប​អឺរ៉ុប នោះ​បម្រាម​ទាំង​ឡាយ​បាន​ត្រូវ​ដក​ចេញ។ ស្មរបន្ទាល់​ជា​ច្រើន​ពាន់​នាក់​ដែល​បាន​ជាប់​នៅ​ក្នុង​ជំរុំ​ឃុំ​ឃាំង​បាន​ដោះ​លែង ប៉ុន្តែ​ការ​ប្រយុទ្ធ​មិន​ទាន់​ចប់​នោះ​ទេ។ មួយ​រំពេច​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​២ នោះ​ក៏​មាន​សង្គ្រាម​ត្រជាក់។ ប្រទេស​ជា​ច្រើន​នៅ​ទ្វីប​អឺរ៉ុប​ខាង​កើត បាន​បង្ខិត​បង្ខំ​ថែម​ទៀត​លើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ គេ​បាន​ចាត់​ចែង​តាម​ផ្លូវ​ការ​ដើម្បី​រំខាន​ឬ​ក៏​បញ្ឈប់​សកម្មភាព​នៃ​ការ​ធ្វើ​បន្ទាល់​របស់​យើង ដើម្បី​បង្អាក់​ការ​ដឹក​ជញ្ជូន​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ និង​ដើម្បី​ជាន់​ពន្លត់​នូវ​សន្និបាត​សាធារណៈ​របស់​យើង។ បង​ប្អូន​ជា​ច្រើន​នាក់​បាន​ត្រូវ​ជាប់​គុក ឬ​ក៏​បាន​ត្រូវ​គេ​បញ្ជូន​ទៅ​ជំរុំ​ដើម្បី​បង្ខំ​ឲ្យ​ធ្វើ​ពលកម្ម។

ចូរ​បន្ត​ធ្វើកិច្ច​ការផ្សព្វ​ផ្សាយ​ចុះ!

៧. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ពិសោធ​អ្វី​ខ្លះ​នៅ​ឯ​ប្រទេស​ប៉ូឡូញ ប្រទេស​រុស្ស៊ី និង​ប្រទេស​ផ្សេង​ៗ​ក្នុង​ឆ្នាំ​ថ្មី​ៗ​នេះ?

កាល​ដែល​ទសវត្ស​ជា​ច្រើន​បាន​កន្លង​ទៅ នោះកិច្ច​ការផ្សព្វ​ផ្សាយ​ព្រះ​រាជាណាចក្រ​បាន​ត្រូវ​បើក​ឡើង។ ប៉ុន្តែ​ប្រទេស​ប៉ូឡូញ ទោះ​ជា​នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​របប​សង្គម​និយម​ក៏​ដោយ ក៏​បាន​អនុញ្ញាត​ឲ្យ​មាន​មហា​សន្និបាត​មួយ​ថ្ងៃ​ដែរ​នៅ​ឆ្នាំ​១៩៨២។ មហា​សន្និបាត​អន្តរជាតិ​ក៏​បាន​ធ្វើ​ឡើង​នៅ​ទី​នោះ​ក្នុង​ឆ្នាំ​១៩៨៥។ ហើយ​នៅ​ឆ្នាំ​១៩៨៩ នោះ​មាន​មហា​សន្និបាត​អន្តរជាតិ​ដ៏​ធំ​ៗ​ដែល​មាន​ជា​បន្ត ដោយ​មាន​មនុស្ស​រាប់​ពាន់​នាក់​មក​ពី​ប្រទេស​រុស្ស៊ី​និង​ប្រទេស​អ៊ុយក្រែន។ នៅ​ឆ្នាំ​នោះ​ឯង​ប្រទេស​ហុងគ្រី​និង​ប្រទេស​ប៉ូឡូញ បាន​ទទួល​ស្គាល់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​តាម​ច្បាប់។ នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នៃ​ឆ្នាំ​១៩៨៩ នោះ​កំផែង​ទី​ក្រុង​បឺលិន​បាន​ត្រូវ​រំលំ។ ប៉ុន្មាន​ខែ​ក្រោយ​មក យើង​បាន​ត្រូវ​គេ​ទទួល​ស្គាល់​តាម​ច្បាប់​នៅ​ប្រទេស​អាល្លឺម៉ង់​ខាង​កើត ហើយ​មិន​យូរ​ក្រោយ​មក ក៏​មាន​មហា​សន្និបាត​អន្តរជាតិ​នៅ​ក្នុង​ទី​ក្រុង​បឺលិន។ ហើយ​នៅ​ដើម​ទសវត្ស​ចុង​បញ្ចប់​នៃ​សតវត្ស​ទី​២០​នេះ គឺ​មាន​ការ​ខំ​ប្រឹង​ដើម្បី​ជួប​បង​ប្អូន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ពួក​គេ​បាន​ទៅ​ជួប​មន្ត្រី​ខ្លះ​នៅ​ទី​ក្រុង​ម៉ូស្គូ ហើយ​នៅ​ឆ្នាំ​១៩៩១ គេ​បាន​ព្រម​ចុះ​ឈ្មោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​តាម​ច្បាប់។ តាំង​ពី​ពេល​នោះ​មក កិច្ច​ការបាន​រីក​ចំរើន​យ៉ាង​អស្ចារ្យ​ក្នុង​ប្រទេស​រុស្ស៊ី និង​នៅ​ឯ​សាធារណៈ​រដ្ឋ​ផ្សេង​ៗ ដែល​ជា​ផ្នែក​នៃ​អតីត​សហភាព​សូវៀត។

៨. តើ​បាន​មាន​អ្វី​កើត​ឡើង​ដល់​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ក្នុង​៤៥​ឆ្នាំ​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​បាន​ចប់​ទៅ​នោះ?

ថ្វី​បើ​ការ​បៀត​បៀន​បាន​ត្រូវ​កាត់​បន្ថយ​នៅ​កន្លែង​ខ្លះ​ៗ​ក៏​ដោយ តែ​ក៏​មាន​កាន់​តែ​ច្រើន​ឡើង​ក្នុង​កន្លែង​ឯ​ទៀត​ដែរ។ ក្នុង​កំឡុង​៤៥​ឆ្នាំ​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​ចប់ នោះ​ប្រទេស​ជា​ច្រើន​បាន​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​តាម​ច្បាប់​ទេ។ បន្ថែម​ទៀត​នោះ បម្រាម​បាន​ដាក់​លើ​យើង​ឬ​ក៏​លើ​សកម្មភាព​របស់​យើង​ក្នុង​២៣​ប្រទេស​នៅ​ឯ​ទ្វីប​អាហ្វ្រិក ក្នុង​៩​ប្រទេស​នៅ​ទ្វីប​អាស៊ី ក្នុង​៨​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប ក្នុង​៣​ប្រទេស​នៅ​ឯ​ទ្វីប​អាមេរិក​ខាង​ត្បូង និង​នៅ​៤​ប្រទេស​ផ្សេង​ៗ​ជា​កោះ។

៩. តើ​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​បាន​ឆ្លង​កាត់​អ្វី​ខ្លះ​ក្នុង​ប្រទេស​ម៉ាឡាវី?

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ឯ​ប្រទេស​ម៉ាឡាវី បាន​ពិសោធ​នូវ​ការ​បៀត​បៀន​យ៉ាង​សាហាវ ដែល​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​១៩៦៧។ ពួក​អ្នក​ជឿ​គ្នី​គ្នា​របស់​យើង​នៅ​ទី​នោះ មិន​ព្រម​ទិញ​ប័ណ្ណ​គណបក្ស​ខាង​នយោបាយ​ណា​មួយ​ឡើយ ដោយ​សារ​ជំហរ​អព្យាក្រឹត​របស់​គេ​ជា​ពួក​គ្រីស្ទាន​ពិត។ (យ៉ូហាន ១៧:១៦) ក្រោយ​ពី​គណបក្ស​សមាជ​ប្រទេស​ម៉ាឡាវី​មាន​កិច្ច​ប្រជុំ​មួយ​នៅ​ឆ្នាំ​១៩៧២ នោះ​ក៏​កើត​មាន​អំពើ​ឃោរឃៅ​ជា​ថ្មី​ឡើង​វិញ។ បង​ប្អូន​របស់​យើង​បាន​ត្រូវ​ដេញ​ចេញ​ពី​ផ្ទះ​របស់​គេ ហើយ​ក៏​មិន​អាច​ទទួល​ការងារ​ធ្វើ​ទេ។ បង​ប្អូន​ជា​ច្រើន​ពាន់​នាក់​បាន​រត់​ចេញ​ពី​ប្រទេស​នេះ ដើម្បី​ជៀស​វាង​កុំ​ឲ្យ​គេ​សម្លាប់​ចោល។ ប៉ុន្តែ តើ​ពួក​អ្នក​ប្រឆាំង​នឹង​ព្រះ​ហើយ​រាស្ត្រ​របស់​ទ្រង់​បាន​ជោគ​ជ័យ​ឬ​ទេ? មិន​បាន​ជោគ​ជ័យ​សោះ! ដោយ​កាលៈទេសៈ​បាន​ផ្លាស់​ប្ដូរ​វិញ នោះ​ចំនួន​អ្នក​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​បាន​ឡើង​ដល់​កំពូល​គឺ​មាន​៤៣.៧៦៧​នាក់ ដែល​បាន​ត្រូវ​រាយ​ការណ៍​នៅ​ប្រទេស​ម៉ាឡាវី​ក្នុង​ឆ្នាំ​១៩៩៩ ហើយ​មាន​ជាង​១២០.០០០​នាក់​បាន​ទៅ​ឯ​មហា​សន្និបាត​នានា​នៅ​ទី​នោះ។ ការិយាល័យ​សាខា​ថ្មី​បាន​ត្រូវ​សាង​សង់​នៅ​ក្នុង​រដ្ឋធានី​នោះ។

ពួក​គេ​រក​មើល​កំហុស

១០. ដូច​នឹង​ករណី​របស់ដានីយ៉ែល តើ​ពួក​អ្នក​ប្រឆាំង​នឹង​រាស្ត្រ​របស់​ព្រះ បាន​ធ្វើ​អ្វី​នៅ​សម័យ​នេះ?

១០ ពួក​អ្នក​ក្បត់​ជំនឿ បព្វជិត​និង​ពួក​ឯ​ទៀត​មិន​អាច​ទ្រាំ​នឹង​សារ​របស់​យើង​ពី​បន្ទូល​របស់​ព្រះ​ទេ។ ដោយ​មាន​ការ​បង្ខិត​បង្ខំ​ពី​វិស័យ​ខាង​សាសនា​ក្នុង​ពិភព​គ្រីស្ទ​សាសនា នោះ​ពួក​អ្នក​ប្រឆាំង​ខំ​រក​ផ្លូវ​ដែល​គេ​អះអាង​ថា គឺ​សម​ស្រប​តាម​ច្បាប់ ដើម្បី​បង្ហាញ​នូវ​ការ​សម​ហេតុ​សម​ផល​នៃ​ការ​ប្រយុទ្ធ​របស់​គេ​ទាស់​នឹង​យើង។ តើ​មាន​កលល្បិច​ណា​ខ្លះ​ដែល​ជួន​កាល​បាន​ត្រូវ​ប្រើ​នោះ? បើ​អ៊ីចឹង តើ​ពួក​រួម​គំនិត​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ធ្វើ​អ្វី ក្នុង​ការ​ទាស់​នឹង​ព្យាការីដានីយ៉ែលនោះ? នៅ​ដានីយ៉ែល ៦:៤, ៥ យើង​អាន​ថា៖ «ពួក​អធិបតី នឹង​ពួកចៅហ្វាយក៏​ស្វែង​រក​ហេតុ ពី​ដំណើរ​រាជការ​ផែនដី ឲ្យ​ទាស់​នឹងដានីយ៉ែល តែ​គេ​រក​ឱកាស ឬ​កំហុស​អ្វី​មិន​បាន​ឡើយ ក៏​មិន​ឃើញ​មាន​ថ្លស់ធ្លោយ ឬ​ទោស​ទាស់​អ្វី​ដែរ ពីព្រោះ​លោក​ជា​មនុស្ស​ស្មោះ​ត្រង់ ដូច្នេះ ពួក​អ្នក​ទាំង​នោះ​ប្រឹក្សា​គ្នា​ថា៖ ‹យើង​នឹង​រក ឱកាស​ទាស់​នឹង​ឈ្មោះដានីយ៉ែលនេះ​មិន​បាន​ឡើយ វៀរ​តែ​រក​បាន​ខាង​ឯ​ក្រិត្យ​វិន័យ​របស់​ព្រះ​នៃ​វា​ប៉ុណ្ណោះ›»។ សព្វ​ថ្ងៃ​នេះ ពួក​អ្នក​ប្រឆាំង​ក៏​ខំ​រក​កំហុស​ដូច្នេះ​ដែរ។ ពួក​គេ​ស្រែក​ប្រាប់​ថា​ជា«និកាយ​ដ៏​គ្រោះ​ថ្នាក់» ហើយ​ខំ​ដាក់​ឈ្មោះ​នេះ​នឹង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ដោយ​ក្លែង​ធ្វើ​ឲ្យ​ខុស​ពី​ការ​ពិត គឺ​តាម​សំដី​បញ្ឆិត​បញ្ឆៀង និង​ពាក្យ​កុហក នោះ​ពួក​គេ​ពាធា​ការ​ថ្វាយ​បង្គំ​របស់​យើង និង​ការ​កាន់​ខ្ជាប់​របស់​យើង​ស្តី​អំពី​គោល​ការណ៍​របស់​ព្រះ។

១១. តើ​មាន​ការ​អះអាង​ដ៏​ខុស​ណា​ខ្លះ ដែល​ធ្វើ​ឡើង​ដោយ​ពួក​អ្នក​ប្រឆាំង​ខ្លះ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នោះ?

១១ នៅ​ក្នុង​ប្រទេស​ខ្លះ នោះ​វិស័យ​ខាង​សាសនា​និង​នយោបាយ បដិសេធ​មិន​ទទួល​ស្គាល់​ថា​យើង​ប្រព្រឹត្ត​ជា«សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅហ្មង នៅ​ចំពោះ​ព្រះ»។ (យ៉ាកុប ១:២៧) ទោះ​ជា​សកម្មភាព​របស់​យើង​ជា​គ្រីស្ទាន​មាន​នៅ​២៣៤​ប្រទេស​ក៏​ដោយ ក៏​ពួក​ប្រឆាំង​អះអាង​ថា យើង​មិន​មែន​ជា«សាសនា​ដែល​គេ​ស្គាល់»ទេ។ នៅ​បន្ដិច​មុន​មហា​សន្និបាត​អន្តរជាតិ​មួយ​នៅ​ឆ្នាំ​១៩៩៨ នោះ​កាសែត​មួយ​នៅ​ទី​ក្រុង​អាថែន បាន​សម្រង់​ពាក្យ​របស់​បព្វជិត​សាសនា​ក្រិក​អូធូដុក្ស​ថា «[ស្មរបន្ទាល់​ព្រះ​យេហូវ៉ា]មិន​មែន​ជា‹សាសនា​ដែល​គេ​ស្គាល់›ទេ» ទោះ​ជា​តុលាការ​អឺរ៉ុប​ខាង​សិទ្ធិ​មនុស្ស​បាន​កាត់​ក្ដី​ផ្ទុយ​ពី​នោះ​ក៏​ដោយ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក កាសែត​មួយ​ទៀត​ក្នុង​ទី​ក្រុង​ដដែល​នេះ បាន​ស្រង់​ពាក្យ​អ្នក​នាំ​សារ​របស់​សាសនា​គេ ដោយ​ចែង​ថា៖ «[ស្មរបន្ទាល់​ព្រះ​យេហូវ៉ា]មិន​អាច​ជា‹ក្រុម​ជំនុំ​គ្រីស្ទាន​មួយ›បាន​ឡើយ ពីព្រោះ​ពួក​គេ​ឥត​មាន​ទាក់​ទង​នឹង​ជំនឿ​គ្រីស្ទាន​ទៅ​លើ​បុគ្គល​មួយ​អង្គ​ដ៏​ជា​ព្រះ​យេស៊ូ​គ្រីស្ទ​នោះទេ»។ នេះ​ជា​ការ​អស្ចារ្យ​មែន ដ្បិត​គ្មាន​ក្រុម​សាសនា​ណា​ទៀត ដែល​ដៅ​បញ្ជាក់​លើ​ការ​យក​តម្រាប់​តាម​ព្រះ​យេស៊ូ ជាង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នោះ​ទេ!

១២. ក្នុង​ការ​ធ្វើ​សង្គ្រាម​ខាង​វិញ្ញាណ តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី?

១២ យើង​ខំ​រក​ការ​ពារ​និង​ស្ថាបនា​នូវ​ដំណឹង​ល្អ​តាម​រយៈ​ច្បាប់។ (ភីលីព ១:៧) ម្យ៉ាង​វិញ​ទៀត យើង​នឹង​មិន​ធ្វើ​ឲ្យ​ខូច​ដល់​ការ​កាន់​ខ្ជាប់​នឹង​ខ្នាត​តម្រា​របស់​ព្រះ​ខាង​ឯ​សេចក្ដី​សុចរិត​ទេ។ (ទីតុស ២:១០, ១២) ដូចយេរេមា យើង‹ក្រវាត់​ចង្កេះ​របស់​យើង និង​ប្រាប់​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ​យេហូវ៉ា​បង្គាប់​យើង› ដោយ​មិន​អនុញ្ញាត​ឲ្យ​ពួក​អ្នក​ប្រយុទ្ធ​ទាស់​នឹង​ព្រះ ធ្វើ​ឲ្យ​យើង​ស្រយុត​ចិត្ត​ឡើយ។ (យេរេមា ១:១៧, ១៨) បន្ទូល​ដ៏​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា បាន​សម្គាល់​យ៉ាង​ច្បាស់​នូវ​ផ្លូវ​ត្រឹម​ត្រូវ ដែល​យើង​ត្រូវ​ដើរ​តាម​នោះ។ យើង​មិន​ចង់​ពឹង​ពាក់​សោះ លើ«ដៃ​ខាង​សាច់​ឈាម»ដ៏​ខ្សោយ ឬ​ក៏​រក«ការ​ជ្រក​កោន ក្រោម​ម្លប់​ស្រុក​អេស៊ីព្ទ» ដែល​ជា​លោកីយ៍​នេះ។ (របាក្សត្រ​ទី​២ ៣២:៨; អេសាយ ៣០:៣; ៣១:១​-​៣) ក្នុង​ការ​ធ្វើ​សង្គ្រាម​ខាង​វិញ្ញាណ យើង​ត្រូវ​តែ​បន្ត​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​ចិត្ត​របស់​យើង ដោយ​អនុញ្ញាត​ឲ្យ​ទ្រង់​តម្រង់​ផ្លូវ​របស់​យើង ហើយ​មិន​ពឹង​លើ​ការ​យល់​របស់​ខ្លួន​ទេ។ (សុភាសិត ៣:៥​-​៧) បើ​យើង​ឥត​មាន​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​ផ្ទាល់​មិន​ការ​ពារ​យើង នោះកិច្ច​ការរបស់​យើង​នឹង«ជា​ឥត​ប្រយោជន៍​ទេ»។—ទំនុកដំកើង ១២៧:១

បាន​ត្រូវ​បៀត​បៀន ក៏​ប៉ុន្តែ​មិន​ចុះ​ចាញ់​ឡើយ

១៣. ហេតុ​អ្វី​ក៏​អាច​និយាយ​ថា ការ​ប្រយុទ្ធ​របស់​សាតាំង​ប្រឆាំង​នឹង​ព្រះ​យេស៊ូ បាន​ទទួល​បរាជ័យ​នោះ?

១៣ គំរូ​ដ៏​សំខាន់​ជាង​គេ​បំផុត​ស្តី​អំពី​ភក្ដី​ភាព​ដ៏​ឥត​ចេះ​ណាយ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា នោះ​គឺ​ព្រះ​យេស៊ូ ដែល​បាន​ត្រូវ​គេ​ចោទ​យ៉ាង​ខុស​ថា ទ្រង់​នាំ​មុខ​គេ​ឲ្យ​បំបះ​បំបោរ​និង​រំខាន​ដល់​ច្បាប់​ដែល​បាន​ស្ថាបនា។ ក្រោយ​ពី​ពិនិត្យ​មើល​នូវ​ករណី​របស់​ព្រះ​យេស៊ូ នោះ​ពីឡាត់​បាន​សុខ​ចិត្ត​លែង​ទ្រង់​ទៅ។ ប៉ុន្តែ​បណ្ដា​ហ្វូង​មនុស្ស ដោយ​បាន​ត្រូវ​ជំរុញ​ដោយ​ពួក​មេ​ដឹក​នាំ​សាសនា នោះ​បាន​ស្រែក​ឲ្យ​ព្យួរ​ព្រះ​យេស៊ូ ទោះ​ជា​ទ្រង់​គ្មាន​ទោស​ក៏​ដោយ។ ជំនួស​ទ្រង់ នោះ​គេ​បាន​សុំ​ឲ្យ​ដោះ​លែង​បារ៉ាបាស​ចេញ ជា​បុរស​ដែល​បាន​ជាប់​គុក​ដោយ​ការ​នាំ​មុខ​បំបះ​បំបោរ​និង​ឃាតកម្ម! ម្ដង​នេះ​ទៀត ពីឡាត់​ខំ​ឃាត់​ពួក​ប្រឆាំង​ដ៏​ឥត​សម​ហេតុ​ផល​នេះ ប៉ុន្តែ​នៅ​ទី​បំផុត លោក​បាន​ចុះ​ចាញ់​ដោយ​ធ្វើ​តាម​សម្រែក​តវ៉ា​សាធារណៈ។ (លូកា ២៣:២, ៥, ១៤, ១៨​-​២៥) ទោះ​ជា​ព្រះ​យេស៊ូ​បាន​សោយទិវង្គត​លើ​បង្គោល​ឈើ​ក៏​ដោយ តែ​ការ​ប្រយុទ្ធ​ដ៏​អាក្រក់​នេះ​លើ​បុត្រា​របស់​ព្រះ​បាន​ទទួល​បរាជ័យ​ទាំង​ស្រុង ដ្បិត​ព្រះ​យេហូវ៉ា​បាន​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ហើយ​បាន​តម្កើង​ទ្រង់​ឲ្យ​នៅ​ខាង​ស្ដាំ​ព្រះ​ហស្ត​របស់​ទ្រង់​ផ្ទាល់។ ហើយ​តាម​រយៈ​ព្រះ​យេស៊ូ​ដ៏​មាន​សិរី​រុង​រឿង​នេះ នោះ​វិញ្ញាណ​បរិសុទ្ធ​បាន​ត្រូវ​ចាក់​មក​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ ស.យ. ហើយ​ក៏​បាន​ស្ថាបនា​ឡើង​នូវ​ក្រុម​ជំនុំ​គ្រីស្ទាន ដែល​ជា‹ការ​បង្កើត​ថ្មី​មួយ›។—កូរិនថូស​ទី​២ ៥:១៧; កិច្ច​ការ ២:១​-​៤

១៤. តើ​បាន​មាន​លទ្ធផល​យ៉ាង​ណា ពេល​ដែល​វិស័យ​ខាង​សាសនា​យូដា បាន​ប្រព្រឹត្ត​ទាស់​នឹង​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​នោះ?

១៤ បន្ដិច​ក្រោយ​ពី​នោះ​មក វិស័យ​ខាង​សាសនា​ក៏​បាន​គំរាម​កំហែង​ដល់​ពួក​សាវ័ក ប៉ុន្តែ​ពួក​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ​ទាំង​នោះ ឥត​បាន​ឈប់​និយាយ​អំពី​សេចក្ដី​ដែល​គេ​បាន​ឃើញ​និង​ឮ​នោះ​ទេ។ ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​អធិស្ឋាន​ថា៖ «ឱ​ព្រះ​អម្ចាស់​អើយ សូម​ទត​មើល​សេចក្ដី​កំហែង​របស់​គេ ហើយ​សូម​ប្រទាន​ឲ្យ​ពួក​អ្នក​បំរើ​ទ្រង់ បាន​ផ្សាយ​ព្រះ​បន្ទូល ដោយ​សេចក្ដី​ក្លាហាន​ដ៏​ពេញ​លេញ»។ (កិច្ច​ការ ៤:២៩) ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​នឹង​សេចក្ដី​អង្វរ​របស់​គេ​នោះ ដោយ​ចាក់​វិញ្ញាណ​បរិសុទ្ធ​ទៅ​លើ​គេ ហើយ​ដោយ​ពង្រឹង​គេ​ឲ្យ​បន្ត​ការ​ប្រកាស​ដ៏​ឥត​ខ្លាច​របស់​គេ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក នោះ​ពួក​សាវ័ក​បាន​ត្រូវ​គេ​បញ្ជា​ម្ដង​ទៀត​ឲ្យ​ឈប់​ផ្សព្វ​ផ្សាយ ប៉ុន្តែ​ពេត្រុស​និង​ពួក​សាវ័ក​ឯ​ទៀត​បាន​តប​ឆ្លើយ​ថា៖ «ត្រូវ​តែ​ស្ដាប់​បង្គាប់​របស់​ព្រះ​ជា​ជាង​មនុស្ស»។ (កិច្ច​ការ ៥:២៩) ការ​គំរាម​កំហែង ការ​ចាប់​ដាក់​គុក និង​ការ​វាយ មិន​អាច​បង្ការ​ពួក​គេ​ពី​ការ​ពង្រីក​សកម្មភាព​ខាង​ព្រះ​រាជាណាចក្រ​របស់​គេ​ឡើយ។

១៥. តើ​លោក​កាម៉ាលាល​ជា​អ្នក​ណា ហើយ​តើ​លោក​បាន​ឲ្យ​យោបល់​អ្វី​ដល់​ពួក​អ្នក​ប្រឆាំង​នឹង​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​នោះ?

១៥ តើ​ពួក​អ្នក​ដឹក​នាំ​សាសនា​បាន​ធ្វើ​យ៉ាង​ណា​វិញ? «គេ​មាន​ចិត្ត​ក្ដៅ​ក្រហាយ​ជា​ខ្លាំង ក៏​ពិគ្រោះ​គ្នា​នឹង​សំឡាប់​ពួក​សាវក​ចេញ»។ ប៉ុន្តែ អ្នក​បង្រៀន​ខាង​ច្បាប់​ម្នាក់​ឈ្មោះ​កាម៉ាលាល ដ៏​ជា​ផារីស៊ី​ដែល​មាន​មនុស្ស​ទាំង​អស់​គោរព​លោក ក៏​មាន​វត្តមាន​នៅ​ទី​នោះ​ដែរ។ ដោយ​ទុក​ពួក​សាវ័ក​នៅ​ខាង​ក្រៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​អស់​មួយ​រយៈ​ខ្លី នោះ​លោក​ក៏​ឲ្យ​យោបល់​ទៅ​ពួក​អ្នក​ប្រឆាំង​ខាង​សាសនា​ទាំង​នេះ​ថា៖ «ពួក​សាសន៍​អ៊ីស្រាអែល​អើយ ចូរ​ប្រយ័ត​ខ្លួន ពី​ដំណើរ​មនុស្ស​ទាំង​នេះ ដែល​អ្នក​រាល់​គ្នា​គិត​ធ្វើ​អ្វី​ដល់​គេ . . . ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា ចូរ​ដក​ខ្លួន​ពី​មនុស្ស​ទាំង​នេះ​ចេញ កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​គេ​ឡើយ ដ្បិត​បើ​សិន​ជា​គំនិត​គេ ឬ​ការ​គេ​ធ្វើ​នេះ កើត​ឡើង​ពី​មនុស្ស នោះ​នឹង​ត្រូវ​វិនាស​ទៅ​ជា​មិន​ខាន តែ​បើ​កើត​មក​ពី​ព្រះ​វិញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​វិនាស​បាន​ទេ ក្រែង​អ្នក​រាល់​គ្នា​ជាប់​ទោស​ជា​ពួក​អ្នក​ត​យុទ្ធ​នឹង​ព្រះ​ដែរ»។—កិច្ច​ការ ៥:៣៣​-​៣៩

គ្មាន​គ្រឿង​សស្ដ្រាវុធ​ណា​ដែល​ធ្វើ​ឡើង​ទាស់​ជា​មួយ​យើង​នឹង​បាន​ជោគ​ជ័យ​ឡើយ

១៦. ដោយ​ពាក្យ​សំដី​របស់​ខ្លួន តើ​អ្នក​នឹង​និយាយ​យ៉ាង​ណា​ស្តី​អំពី​ការ​ធានា​រ៉ាប់​រង ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​រាស្ត្រ​ទ្រង់​នោះ?

១៦ ឱវាទ​របស់​កាម៉ាលាល​គឺ​ត្រឹម​ត្រូវ ហើយ​យើង​អបអរ​ដែរ ពេល​ដែល​អ្នក​ខ្លះ​និយាយ​គាំទ្រ​យើង​នោះ។ យើង​ក៏​ទទួល​ស្គាល់​ថា​សេរី​ភាព​ខាង​ការ​ថ្វាយ​បង្គំ បាន​ត្រូវ​គាំទ្រ​តាម​រយៈ​សេចក្ដី​សម្រេច​ក្នុង​តុលាការ ដោយ​ចៅ​ក្រម​ដែល​ឥត​មាន​ចិត្ត​លំអៀង។ ប្រាកដ​ហើយ ការ​កាន់​ខ្ជាប់​របស់​យើង​នឹង​បន្ទូល​របស់​ព្រះ មិន​ពេញ​ចិត្ត​ពួក​បព្វជិត​ខាង​ពិភព​គ្រីស្ទ​សាសនា និង​មេ​ដឹក​នាំ​ឯ​ទៀត​ខាង​បាប៊ីឡូន​ដ៏​ធំ ដ៏​ជា​ចក្រភព​នៃ​សាសនា​មិន​ពិត​នោះ​ឡើយ។ (វិវរណៈ ១៨:១​-​៣) ទោះ​ជា​គេ​និង​អស់​អ្នក​ដែល​នៅ​ក្រោម​អំណាច​គេ​ប្រយុទ្ធ​នឹង​យើង​ក៏​ដោយ យើង​មាន​ការ​ធានា​រ៉ាប់​រង​នេះ​ថា៖ «ឯ​គ្រឿង​សស្ដ្រាវុធ​ណា​ដែល​គេ​ធ្វើ​ឡើង នោះ​គ្មាន​ណា​មួយ​នឹង​អាច​ទាស់​នឹង​ឯង​បាន​ឡើយ ហើយ​អស់​ទាំង​អណ្ដាត​ណា​ដែល​កំរើក​ទាស់​នឹង​ឯង​ក្នុង​រឿង​ក្ដី នោះ​ឯង​នឹង​កាត់​ទោស​ឲ្យ​វិញ នេះ​ហើយ​ជា​សេចក្ដី ដែល​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​នឹង​ទទួល​ជា​មរដក ហើយ​សេចក្ដី​សុចរិត​របស់​គេ​ក៏​មក​ពី​អញ នេះ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា»។—អេសាយ ៥៤:១៧

១៧. ទោះ​ជា​ពួក​ប្រឆាំង​ប្រយុទ្ធ​នឹង​យើង​ក៏​ដោយ ហេតុ​អ្វី​ក៏​យើង​មាន​ចិត្ត​ក្លាហាន?

១៧ ពួក​សត្រូវ​របស់​យើង​ប្រយុទ្ធ​ទាស់​នឹង​យើង​ដោយ​ឥត​ហេតុ ក៏​ប៉ុន្តែ​យើង​មិន​បាត់​បង់​នូវ​សេចក្ដី​ក្លាហាន​ឡើយ។ (ទំនុកដំកើង ១០៩:១​-​៣) យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​អស់​អ្នក​ដែល​ស្អប់​សារ​យើង​ពី​ព្រះ​គម្ពីរ មក​បន្លាច​យើង​ធ្វើ​ឲ្យ​ខូច​ដល់​ជំនឿ​យើង​ទេ។ ទោះ​ជា​យើង​យល់​ដឹង​ថា​សង្គ្រាម​របស់​យើង​ខាង​វិញ្ញាណ​នឹង​មាន​ខ្លាំង​ឡើង នោះ​យើង​ក៏​ដឹង​នូវ​លទ្ធផល​ដែរ។ ដូច​លោកយេរេមា យើង​នឹង​ពិសោធ​នូវ​ការ​សម្រេច​នៃ​ពាក្យ​ទំនាយ​នេះ ដែល​ថា៖ «‹គេ​នឹង​ត​នឹង​ឯង​តែ​មិន​ឈ្នះ​ឯង​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​ឯង​ឲ្យ​រួច› នេះ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា»។ (យេរេមា ១:១៩) ត្រូវ​ហើយ យើង​ដឹង​ថា ពួក​អ្នក​ប្រយុទ្ធ​ជា​មួយ​ព្រះ នឹង​មិន​ឈ្នះ​ឡើយ!

[កំណត់​សម្គាល់]

^ សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០០០ ទំព័រ ២៤​-​២៨ ដែល​មាន​អត្ថបទ «ចិត្ត​ស្មោះ​ត្រង់​និង​ការ​ឥត​ខ្លាច​ពេល​ប្រឈម​មុខ​នឹង​ការ​ជិះ​ជាន់​នៃ​របប​ណាត្ស៊ី»។ (ភាសា​អង់គ្លេស)

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ហេតុ​អ្វី​ក៏​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​ពាធា?

តើ​តាម​របៀប​ណា​ដែល​ពួក​ប្រឆាំង​បាន​ប្រយុទ្ធ​នឹង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា?

ហេតុ​អ្វី​ក៏​យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា ពួក​អ្នក​ប្រយុទ្ធ​ជា​មួយ​ព្រះ​នឹង​មិន​ឈ្នះ​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១៣]

យេរេមាបាន​ត្រូវ​ធានា​រ៉ាប់​រង​ថា​ព្រះ​យេហូវ៉ា​នឹង​គង់​ជា​មួយ​នឹង​គាត់

[រូប​ភាព​នៅ​ទំព័រ​១៦]

ពួក​អ្នក​រួច​រស់​ពី​ជំរុំ​ឃុំ​ឃាំង

អំពើ​ឃោរឃៅ​ដែល​ហ្វូង​មនុស្ស​ឥត​សណ្ដាប់​ធ្នាប់ ប្រព្រឹត្ត​លើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា

យ៉ូសែប រ៉ូធើហ្វឺត​និង​ពួក​គូកន​គាត់

[រូប​ភាព​នៅ​ទំព័រ​១៧]

ក្នុង​ករណី​របស់​ព្រះ​យេស៊ូ ពួក​អ្នក​ប្រយុទ្ធ​នឹង​ព្រះ​ឥត​បាន​ឈ្នះ​ទេ