លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការស្អាងជំនឿដោយការសិក្សាព្រះគម្ពីរនៅប្រទេសឥណ្ឌា

ការស្អាងជំនឿដោយការសិក្សាព្រះគម្ពីរនៅប្រទេសឥណ្ឌា

យើង​គឺ​ជា​អ្នក​ដែល​មាន​ជំនឿ

ការ​ស្អាង​ជំនឿ​ដោយ​ការ​សិក្សា​ព្រះ​គម្ពីរ​នៅ​ប្រទេស​ឥណ្ឌា

ប្រទេស​ឥណ្ឌា​គឺ​ជា​ប្រទេស​មួយ​ដែល​ប្រកប​ដោយ​ភាព​ទីទៃ​ពី​គ្នា​ផ្នែក​ភូមិសាស្ត្រ​និង​ផ្នែក​សាសនា ចាប់​ពី​ភ្នំ​ហេមពាន្ត​ដ៏​ធំ​សម្បើម​នៅ​ទិស​ខាង​ជើង​និង​គ្រប​ដោយ​ទឹក​កក រហូត​ដល់​ឆ្នេរ​សមុទ្រ​ឥណ្ឌា​ដ៏​ក្ដៅ​នៅ​ទិស​ខាង​ត្បូង។ ក្នុង​ចំណោម​ចំនួន​ប្រជាជន​ដែល​មាន​ជាង​១០០​កោដិ​នាក់ នោះ​មាន​៨៣​ភាគ​រយ​កាន់​សាសនា​ហិណ្ឌូ ១១​ភាគ​រយ​កាន់​សាសនា​អ៊ីស្លាម និង​អ្នក​សល់​ទាំង​ប៉ុន្មាន​ទៀត​ច្រើន​ជា​អ្នក​កាន់​គ្រីស្ទ​សាសនា សាសនា​ស៊ីក ពុទ្ធសាសនា និង​សាសនា​ចេន។ ពួក​គេ​ទាំង​អស់​គ្នា​មាន​សេរី​ភាព​ថ្វាយ​បង្គំ​តាម​តែ​ចិត្ត។ សព្វវចនាធិប្បាយ​សៀវភៅ​ពិភព​លោក​ចែង​ប្រាប់​ថា៖ «សាសនា​មាន​នាទី​សំខាន់​ណាស់​ក្នុង​របៀប​រស់​នៅ​ឯ​ប្រទេស​ឥណ្ឌា»។

ការ​រស់​នៅ​សម​ស្រប​នឹង​ជំនឿ​របស់​ខ្លួន គឺ​ជា​អ្វី​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ធ្វើ និង​ពួក​គេ​មាន​ចំនួន​ជាង​២១,២០០​នាក់​នៅ​ប្រទេស​ឥណ្ឌា។ ដោយ​ដូច​គ្នា​នឹង​អ្នក​ជឿ​គ្នី​គ្នា​នៅ​កន្លែង​ផ្សេង​លើ​ផែនដី នោះ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ឥណ្ឌា​ចាត់​ទុក​ជា​ឯកសិទ្ធិ នូវ​ការ​ជួយ​អ្នក​ជិត​ខាង​របស់​គេ​ស្អាង​ជំនឿ​ឲ្យ​មាំ​ទៅ​លើ​បន្ទូល​របស់​ព្រះ គឺ​ព្រះ​គម្ពីរ​បរិសុទ្ធ។ (ធីម៉ូថេ​ទី​២ ៣:១៦, ១៧) ចូរ​ពិចារណា​ពី​របៀប​គ្រួសារ​មួយ​នៅ​ទី​ក្រុង​ចិណ្ណៃ​នៅ​ឥណ្ឌា​ទិស​ខាង​ត្បូង​បាន​ទទួល​នូវ​ចំណេះ​ពី​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ។

មុន​ដែល​គេ​បាន​ជួប​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា គ្រួសារ​នេះ​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ចលនា​សាសនា​កាតូលិក​ដែល​មាន​សមត្ថភាព​ធ្វើ​អព្ភូតហេតុ ដោយ​អះអាង​ថា​ខ្លួន​ទទួល​ចក្ខុនិមិត្ត និយាយ​ជា​ភាសា​ដទៃ និង​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​បាន​ជា​វិញ។ គេ​មាន​ឋានៈ​ធំ​ក្នុង​វិហារ​និង​ក្នុង​សង្គម រហូត​ដល់​មនុស្ស​ខ្លះ​ហៅ​សមាជិក​ខ្លះ​ក្នុង​គ្រួសារ​នោះ​ជា«ស្វាមី» ដែល​មាន​ន័យ​ថា«ម្ចាស់»។ ក៏​ប៉ុន្តែ នៅ​ថ្ងៃ​មួយ ស្មរបន្ទាល់​ម្នាក់​បាន​ទៅ​ជួប​គ្រួសារ​នោះ ហើយ​បង្ហាញ​ពួក​គេ​ពី​ព្រះ​គម្ពីរ​ថា ព្រះ​យេស៊ូ​ជា​ព្រះ​រាជបុត្រា​របស់​ព្រះ មិន​មែន​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​បំផុត ដូច​ដែល​គេ​បាន​ជឿ​ទូទៅ​នោះ​ទេ។ ស្មរបន្ទាល់​ម្នាក់​នោះ​ក៏​បាន​បង្ហាញ​ពួក​គេ​ថា ព្រះ​នាម​របស់​ព្រះ​គឺ​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​សំរាប់​ផែនដី គឺ​ធ្វើ​ឲ្យ​ផែនដី​ទៅ​ជា​សួន​មនោរម្យ​ដ៏​ល្អ​ស្អាត​មួយ។—ទំនុកដំកើង ៨៣:១៨; លូកា ២៣:៤៣; យ៉ូហាន ៣:១៦

ដោយ​ព្រោះ​សមាជិក​គ្រួសារ​នោះ​គោរព​ព្រះ​បន្ទូល​របស់​ព្រះ​និង​ចូល​ចិត្ត​អ្វី​ដែល​គេ​បាន​ស្ដាប់​ឮ នោះ​ពួក​គេ​បាន​យល់​ព្រម​សិក្សា​ព្រះ​គម្ពីរ​ជា​ទៀង​ទាត់​ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ហេតុ​នេះ​ហើយ​អ្នក​ដែល​ធ្លាប់​ស្គាល់​គេ​ក្នុង​វិហារ​បាន​សើច​ចំអក​ដាក់​គេ។ យ៉ាង​ណា​ក៏​ដោយ គ្រួសារ​នោះ​បាន​តាំង​ចិត្ត​បន្ត​ការ​សិក្សា​ព្រះ​គម្ពីរ។ ពេល​ចំណេះ​របស់​គេ​បាន​កើន​ឡើង​ហើយ​ជំនឿ​របស់​គេ​បាន​កាន់​តែ​មាំ នោះ​គេ​បាន​ឈប់​កាន់​សាសនា​ក្លែង​ក្លាយ​របស់​គេ​ទៀត។ សព្វ​ថ្ងៃ​នេះ សមាជិក​បី​នាក់​ក្នុង​ក្រុម​គ្រួសារ​នេះ​គឺ​ជា​ស្មរបន្ទាល់​ដែល​បាន​ត្រូវ​ជ្រមុជ​ទឹក​ហើយ និង​ម្ដាយ​បំរើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ ពេល​មាន​លទ្ធភាព​ធ្វើ​ទៅ​បាន។

ជំនឿ​ជួយ​ឲ្យ​ឈ្នះ​លើ​ការ​ពិការ

យុវបុរស​ម្នាក់​ឈ្មោះ សូនដា ឡាល ដែល​កំពុង​តែ​រស់​នៅ​ក្នុង​ភូមិ​មួយ​នៅ​តំបន់​ប៉ា​ញ​ចាប ត្រូវ​ការ​ជំនឿ​និង​សេចក្ដី​ក្លាហាន​ដ៏​មាំ ដើម្បី​ផ្សាយ​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ​ព្រះ​ដល់​អ្នក​ឯ​ទៀត។ (ម៉ាថាយ ២៤:១៤) ហេតុ​មួយ​គឺ​ថា គាត់​បាន​លះ​បង់​នូវ​ពហុ​ទេព​និយម​របស់​គ្រួសារ​និង​ដែល​ភូមិ​របស់​គាត់​បាន​ជឿ​នោះ​ចោល ដើម្បី​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ពិត។ ហេតុ​មួយ​ទៀត​គឺ​ថា សូនដា ឡាល គ្មាន​ជើង។

ពី​មុន​ឆ្នាំ​១៩៩២ ជីវិត​របស់​សូនដា ឡាល​គឺ​ធម្មតា​ទេ។ គាត់​បាន​ធ្វើ​ការ​ជា​អ្នក​ជួយ​គ្រូ​ពេទ្យ និង​បាន​ចូល​រួម​ជា​មួយ​ក្រុម​គ្រួសារ​របស់​ខ្លួន ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​ផ្សេង​ៗ​នៅ​ក្រោម​ការ​ណែនាំ​ពី​គ្រូ​ដែល​គេ​បាន​ជ្រើស​រើស។ ក៏​ប៉ុន្តែ នៅ​យប់​មួយ គាត់​បាន​ដួល​ពេល​កំពុង​តែ​ដើរ​ឆ្លង​កាត់​ផ្លូវ​រទេះ​ភ្លើង។ រទេះ​ភ្លើង​បាន​កិន​គាត់​ហើយ​កាត់​បណ្ដាច់​ជើង​របស់​គាត់​ទាំង​ពីរ​ត្រឹម​ពី​ភ្លៅ​ចុះ​ក្រោម។ ទោះ​បី​គាត់​បាន​រួច​រស់​ក៏​ដោយ នោះ​ជីវិត​របស់​គាត់​ត្រូវ​កែ​ប្រែ​អស់​រលីង។ ជា​ការ​អាច​យល់​ដឹង​បាន​ដែល សូនដា ឡាល​បាន​ធ្លាក់​ទឹក​ចិត្ត​យ៉ាងខ្លាំង​ដល់​ម្ល៉េះ ដែល​គាត់​ក៏​បាន​គិត​ចង់​សម្លាប់​ខ្លួន។ គ្រួសារ​របស់​គាត់​បាន​ជួយ​គាំទ្រ​គាត់ ប៉ុន្តែ​អនាគត​របស់​គាត់​ដូច​ជា​គ្មាន​សេចក្ដី​សង្ឃឹម​ទាល់​តែ​សោះ។

ក្រោយ​មក ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​បាន​ជួប សូនដា ឡាល និង​បង្ហាញ​គាត់​ពី​ព្រះ​គម្ពីរ​ថា ព្រះ​សន្យា​ធ្វើ​ឲ្យ​ផែនដី​ទៅ​ជា​សួន​មនោរម្យ​ដ៏​ប្រសើរ​មួយ និង​ប្រទាន​សុខភាព​ល្អ​ឥត​ខ្ចោះ​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​និង​កោត​ខ្លាច​ដល់​ទ្រង់។ សូនដា ឡាល​បាន​ព្រម​សិក្សា​ព្រះ​គម្ពីរ និង​អស់​មួយ​ឆ្នាំ​គាត់​បាន​ខំ​ប្រឹង​សិក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ គាត់​ក៏​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​គ្រីស្ទាន និង​នៅ​ទី​បំផុត​គាត់​បាន​ទៅ ដោយ​អង្គុយ​ពី​ក្រោយ​កង់​ពួក​ម៉ាក​របស់​គាត់។ ទោះ​បី​យាន​ជំនិះ​នោះ​បាន​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​ក៏​ដោយ ប្រយោជន៍​ដែល​គាត់​បាន​ទទួល​គឺ​ប្រសើរ។ អ្វី​ដែល​គាត់​បាន​រៀន​ពី​ការ​សិក្សា​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន​បាន​ត្រូវ​បញ្ជាក់​ជា​ពិត ពេល​ដែល​គាត់​ជួប​អ្នក​ឯ​ទៀត​ដែល​ពិត​ជា​ជឿ​ទៅ​លើ​សន្យា​ទាំង​ប៉ុន្មាន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ និង​រស់​នៅ​សម​ស្រប​និង​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ។

សូនដា ឡាល​បាន​ចាប់​ផ្ដើម​ផ្សាយ​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​ជិត​ខាង​របស់​គាត់ ហើយ​នៅ​ឆ្នាំ​១៩៩៥​គាត់​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ នៅ​ដើម​ដំបូង គាត់​បាន​ចូល​រួម​ក្នុង​កិច្ច​ផ្សាយ​ដោយ​រំកិល​ខ្លួន​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ក្នុង​ភូមិ​របស់​គាត់ ដែល​ជា​វិធី​ធម្មតា​ដែល​គាត់​ធ្វើ​ដំណើរ។ ក៏​ប៉ុន្តែ ឥឡូវ​គាត់​មាន​អំណោយ​ពិសេស​មួយ​ពី​បង​ប្អូន​ខាង​វិញ្ញាណ​របស់​គាត់ គឺ​ជា​រទេះ​កង់​បី​ដែល​បាន​ត្រូវ​រៀបចំ​យ៉ាង​ពិសេស ដើម្បី​ឲ្យ​អាច​បង្វិល«ឈ្នាន់»ដោយ​ដៃ។ ដោយ​សារ​រទេះ​កង់​បី​របស់​គាត់ នោះ​គាត់​អាច​ពឹង​ទៅ​លើ​ខ្លួន​ច្រើន​ជាង ហើយ​មាន​សមត្ថភាព​ធ្វើ​ដំណើរ​១២​គីឡូ​ម៉ែត្រ​ទៅ​ដល់​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ ជួន​កាល​គាត់​ជិះ​កាត់​ភ្លៀង​ធ្លាក់​ខ្លាំង និង​នៅ​ពេល​ផ្សេង​ទៀត​មាន​កំដៅ​៤៣​អង្សា។

បន្ថែម​នឹង​ការ​ចូល​រួម​កិច្ច​ប្រជុំ សូនដា ឡាល​ក៏​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​ច្រើន ដោយ​មាន​គោល​បំណង​ចង់​ជួយ​អ្នក​ដទៃ​ស្អាង​ជំនឿ​ឲ្យ​មាំ​ទៅ​លើ​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ពិត។ តាម​ការ​ពិត អតីត​សិស្ស​ព្រះ​គម្ពីរ​ចំនួន​ប្រាំ​ពីរ​នាក់​របស់​គាត់ ឥឡូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ ព្រម​ទាំង​បី​នាក់​ទៀត​ដែល​គាត់​បាន​ជួប​លើក​ដំបូង ក៏​ប៉ុន្តែ​ស្មរបន្ទាល់​ឯ​ទៀត​បាន​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​គេ។

យោង​ទៅ​តាម​ព្រះ​គម្ពីរ «មិន​មែន​មនុស្ស​ទាំង​អស់ ដែល​មាន​សេចក្ដី​ជំនឿ​ទេ»។ (ថែស្សាឡូនីច​ទី​២ ៣:២) ក៏​ប៉ុន្តែ សំរាប់​អស់«អ្នក​ដែល​ត្រូវ​បាន​ជីវិត​អស់​កល្ប​ជា​និច្ច» នោះ​ការ​សិក្សា​ព្រះ​គម្ពីរ​អាច​ស្អាង​ជំនឿ​ឲ្យ​មាំ​មួន​បាន។ (កិច្ច​ការ ១៣:៤៨) ការ​សិក្សា​បែប​នេះ​ក៏​ធ្វើ​ឲ្យ​ភ្នែក​ភ្លឺ​ឡើង​ដោយ​សេចក្ដី​សង្ឃឹម​ពី​អនាគត​មួយ​ដ៏​ត្រចះ​ត្រចង់ ជា​អ្វី​ដែល​មនុស្ស​កាន់​តែ​ច្រើន​នៅ​ប្រទេស​ឥណ្ឌា​មាន​ជំនឿ​ទៅ​លើ​នោះ។

[ផែនទី​នៅ​ទំព័រ​៣០]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​ទស្សនាវដ្ដី)

អាហ្វហ្គានីស្ថាន

ប៉ាគីស្ថាន

នេប៉ាល់

ប៊ូតង់

ចិន

បង់ក្លាដេស

មីយ៉ាន់ម៉ា

ឡាវ

ថៃឡង់ដ៍

វៀតណាម

កម្ពុជា

ស្រីលង្កា

ឥណ្ឌា

[អ្នក​ផ្ដល់​សិទ្ធិ]

Mountain High Maps​®​ Copyright © 1997 Digital Wisdom, Inc.