ចូរគាំទ្រយ៉ាងខ្លាំងនូវសេចក្ដីបង្រៀនរបស់ព្រះ
ចូរគាំទ្រយ៉ាងខ្លាំងនូវសេចក្ដីបង្រៀនរបស់ព្រះ
«ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង»។—សុភាសិត ៣:៥, ៦
១. តើយើងបានសឲ្យឃើញនូវចំណេះរបស់មនុស្សលោក ដែលមិនធ្លាប់មានពីមុនយ៉ាងដូចម្ដេច?
សព្វថ្ងៃនេះ ទូទាំងពិភពលោកគឺមានកាសែតប្រចាំថ្ងៃ ប្រមាណ៩.០០០ប្រភេទ។ ជារៀងរាល់ឆ្នាំមានសៀវភៅថ្មីៗប្រមាណ២០០.០០០ក្បាល បានត្រូវបោះពុម្ពនៅឯសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ យោងទៅតាមការស្ទង់មើលមួយ មកដល់ខែមីនាឆ្នាំ១៩៩៨ ប្រព័ន្ធកុំព្យូទ័រអ៊ិនថឺណិតមានប្រមាណ២៧៥លានទំព័រ។ ចំនួនទំព័រនេះគឺបានត្រូវគេនិយាយថា កំពុងតែកើនឡើង២០លានទំព័ររៀងរាល់ខែ។ មិនដូចមុនៗទេ ឥឡូវមនុស្សអាចទទួលពត៌មានខាងប្រធានណាក៏បានដែរ។ កាលដែលស្ថានការណ៍នេះមានលក្ខណៈដ៏វិជ្ជមានក៏ដោយ តែការមានពត៌មានដ៏ច្រើនបែបនេះ បាននាំឲ្យមានបញ្ហាដែរ។
២. តើអាចមានបញ្ហាអ្វីខ្លះពីការមានពត៌មានច្រើនហួសហេតុពេកនោះ?
២ បុគ្គលខ្លះបានក្លាយទៅជាញៀននឹងពត៌មាន ដោយតែងបំប៉ននូវសេចក្ដីប្រាថ្នាដែលមិនចេះស្កប់ចិត្ត ដើម្បីឲ្យបានទាន់សម័យ ទាំងធ្វើព្រងើយកន្តើយនឹងរបស់សំខាន់ផ្សេងៗទៀត។ អ្នកផ្សេងទៀតទទួលពត៌មានខ្លះៗអំពីវិស័យចំណេះដ៏ស្មុគស្មាញ ហើយរាប់ទុកខ្លួនគេជាពួកជំនាញ។ ដោយមានមូលដ្ឋានលើការយល់ដែលមានកំរិត នោះគេប្រហែលជាធ្វើការសម្រេចចិត្តដ៏សំខាន់ៗ ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់គេនឹងអ្នកដទៃ។ ហើយអ្វីដែលតែងតែមានជានិច្ច នោះគឺការរងគ្រោះថ្នាក់ដោយពត៌មានក្លែងក្លាយឬក៏មិនពិត។ គឺមិនសូវមានរបៀបគួរឲ្យទុកចិត្តណា ដើម្បីបញ្ជាក់ថាពត៌មានដែលមានជាច្រើនហួសហេតុពេកនេះ គឺត្រឹមត្រូវឬមានតុល្យភាពនោះទេ។
៣. តើព្រះគម្ពីរមានការព្រមានអ្វីខ្លះ ស្តីអំពីការស្វះស្វែងរកប្រាជ្ញារបស់មនុស្ស?
៣ ការចង់ដឹងចង់ឃើញគឺជាលក្ខណៈមួយដែលមនុស្សមានជាយូរយារមកហើយ។ គ្រោះថ្នាក់ពីការបង្ហិនពេលវេលាច្រើនហួសហេតុក្នុងការស្វះស្វែងរកពត៌មានដែលគ្មានប្រយោជន៍ ឬក៏អាចធ្វើទុក្ខទោស នោះបានត្រូវទទួលស្គាល់តាំងពីសម័យរបស់ស្តេចសាឡូម៉ូនហើយ។ លោកបានមានប្រសាសន៍ថា៖ «ចូរទទួលដំបូន្មានចុះ ដ្បិតការដែលធ្វើសៀវភៅជាច្រើន នោះមិនចេះអស់មិនចេះហើយឡើយ ហើយការដែលរៀនជាច្រើន នោះរមែងនាំឲ្យអផ្សុកដល់រូបសាច់»។ (សាស្ដា ១២:១២) ជាច្រើនសតវត្សក្រោយមក សាវ័កប៉ុលបានសរសេរទៅធីម៉ូថេថា៖ «ចូររក្សាសេចក្ដីដែលបានផ្ញើទុកនឹងអ្នកចុះ ហើយចៀសចេញពីសំដីឡេះឡោះឥតប្រយោជន៍ នឹងពាក្យទទឹងទទែងនៃសេចក្ដី ដែលក្លែងហៅថា ‹ចំណេះវិជ្ជា›ផង ដែលមានមនុស្សខ្លះប្រកាន់ ក៏បានជ្រួសពីសេចក្ដីជំនឿចេញហើយ»។ (ធីម៉ូថេទី១ ៦:២០, ២១) ត្រូវហើយ ពួកគ្រីស្ទានសព្វថ្ងៃនេះត្រូវតែជៀសវាងកុំប៉ះពាល់នូវអ្វីដែលឥតចាំបាច់ចំពោះគំនិតដែលមានគ្រោះថ្នាក់។
៤. តើអ្វីជាផ្លូវមួយដែលយើងអាចសម្ដែងថា យើងទីពឹងលើព្រះយេហូវ៉ានិងការបង្រៀនរបស់ទ្រង់?
៤ រាស្ត្ររបស់ព្រះយេហូវ៉ាក៏គួរនឹងយកចិត្តទុកដាក់តាមពាក្យក្នុងសុភាសិត ៣:៥, ៦ ដែលថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង»។ ការទីពឹងលើព្រះយេហូវ៉ារួមបញ្ចូលការបដិសេធគំនិតណាដែលជំទាស់នឹងបន្ទូលរបស់ព្រះ មិនថាគំនិតនោះចេញពីការវែកញែករបស់យើងផ្ទាល់ ឬពីមនុស្សគ្នីគ្នាក៏ដោយ។ ដើម្បីការពារភាពវិញ្ញាណរបស់យើង គឺជាការសំខាន់ដែលយើងអប់រំសមត្ថភាពវែកញែករបស់យើង ដើម្បីឲ្យយើងអាចសម្គាល់នូវពត៌មានដែលមានគ្រោះថ្នាក់ ហើយបដិសេធវា ចោល។ (ហេព្រើរ ៥:១៤) សូមឲ្យយើងពិគ្រោះពីប្រភពខ្លះៗនៃពត៌មានបែបនេះ។
ពិភពលោកដែលបានបង្ក្រាបដោយសាតាំង
៥. តើអ្វីជាប្រភពមួយនៃគំនិតដែលមានគ្រោះថ្នាក់ ហើយតើអ្នកណាដែលគាំទ្រនោះ?
៥ លោកីយ៍នេះជាប្រភពធំដុំមួយនៃគំនិតដែលមានគ្រោះថ្នាក់។ (កូរិនថូសទី១ ៣:១៩) ព្រះយេស៊ូគ្រីស្ទបានអធិស្ឋានទៅព្រះ ស្តីអំពីពួកសិស្សរបស់ទ្រង់ថា៖ «ទូលបង្គំអង្វរទ្រង់ មិនមែនឲ្យយកគេចេញពីលោកីយទេ ប៉ុន្តែសូមឲ្យទ្រង់មើលថែរក្សាគេ ដោយព្រោះមេកំណាចវិញ»។ (យ៉ូហាន ១៧:១៥, ព.ថ.) សំណូមរបស់ព្រះយេស៊ូឲ្យពួកសិស្សរបស់ទ្រង់បានត្រូវការពារពី«មេកំណាច» នោះគឺបានទទួលស្គាល់នូវអានុភាពដែលសាតាំងមានក្នុងពិភពលោកនេះ។ ដោយយើងជាគ្រីស្ទាន នោះមិនអាចលាក់បាំងយើងដោយស្វ័យប្រវត្ដិ ពីអានុភាពអាក្រក់របស់លោកីយ៍នេះឡើយ។ យ៉ូហានបានសរសេរថា៖ «យើងដឹងថាយើងមកពីព្រះពិត តែលោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាចវិញ»។ (យ៉ូហានទី១ ៥:១៩) ដោយការនឹកគិតជាមុនថា សាតាំងនិងពួកព្រាយបិសាចរបស់វានឹងធ្វើឲ្យពត៌មានដែលមានគ្រោះថ្នាក់ជ្រួតជ្រាបគ្រប់សព្វក្នុងលោកីយ៍នេះ ជាពិសេសក្នុងកំឡុងថ្ងៃចុងក្រោយនៃគ្រាជាន់ក្រោយបង្អស់នេះ។
៦. តើពិភពគ្រឿងកំសាន្តនេះ អាចធ្វើឲ្យលែងភ្ញាក់ផ្អើលខាងសីលធម៌យ៉ាងដូចម្ដេច?
៦ ហើយក៏អាចយល់ដឹងថាពត៌មានខ្លះនេះដែលមានគ្រោះថ្នាក់ ប្រហែលជាមើលទៅទំនងដូចជាឥតមានគ្រោះថ្នាក់ទេ។ (កូរិនថូសទី២ ១១:១៤) ជាឧទាហរណ៍ សូមគិតអំពីវិស័យខាងគ្រឿងកំសាន្ត ដែលមានភាពយន្តខាងទូរទស្សន៍ កុន បទភ្លេង និងសៀវភៅៗ។ មនុស្សជាច្រើនយល់ស្របថា ក្នុងករណីកាន់តែច្រើនឡើង នោះវិស័យនៃគ្រឿងកំសាន្តខ្លះ ក៏លើកផ្សាយនូវការប្រព្រឹត្តដ៏ថោកទាប ដូចជាអំពើឥតសីលធម៌ អំពើឃោរឃៅ និងការប្រើគ្រឿងញៀនជាដើម។ ការឃើញជាដំបូង នូវបែបបទកំសាន្តណាមួយដ៏ថោកទាប នោះប្រហែលជាធ្វើឲ្យពួកអ្នកទស្សនាមានការភ្ញាក់ផ្អើល។ ប៉ុន្តែការឃើញម្ដងហើយម្ដងទៀត អាចធ្វើឲ្យបុគ្គលម្នាក់លែងភ្ញាក់ផ្អើលទៅវិញ។ យើងមិនគួររាប់ទុកគ្រឿងកំសាន្តដែលផ្សាយគំនិតដែលមានគ្រោះថ្នាក់ ថាជាការកំសាន្តដែលអាចយល់ព្រមបានឬគ្មានគ្រោះថ្នាក់នោះឡើយ។—ទំនុកដំកើង ១១៩:៣៧
៧. តើប្រាជ្ញាមនុស្សបែបណា ដែលអាចបង្ខូចទំនុកចិត្តរបស់យើងលើព្រះគម្ពីរ?
៧ សូមគិតពីប្រភពមួយទៀតនៃពត៌មានដែលអាចធ្វើឲ្យហិនហោច គឺគំនិតជាច្រើនអនេកដែលបានបោះពុម្ពដោយពួកអ្នកវិទ្យាសាស្ត្រនិងពួកវិជ្ជាករខ្លះ ដែលប្រកួតនឹងលក្ខណ:ត្រឹមត្រូវរបស់ព្រះគម្ពីរ។ (ប្រៀបមើល យ៉ាកុប ៣:១៥) ពត៌មានបែបនេះគឺមានជាញឹកញយក្នុងទស្សនាវដ្ដីនិងសៀវភៅប្រជាប្រិយ ហើយនេះអាចបង្ខូចនូវទំនុកចិត្តលើព្រះគម្ពីរ។ បុគ្គលខ្លះពេញចិត្តនឹងការធ្វើឲ្យខ្សោយនូវអំណាចនៃបន្ទូលរបស់ព្រះ ដោយមានការប៉ាន់ស្មានមិនចេះចប់។ គ្រោះថ្នាក់ស្រដៀងនេះក៏មាននៅសម័យរបស់ពួកសាវ័ក ដូចឃើញជាក់ស្តែងពីពាក្យរបស់សាវ័កប៉ុល ដែលថា៖ «ចូរប្រយ័ត ក្រែងមានអ្នកណាចាប់អ្នករាល់គ្នាធ្វើជារំពា ដោយពាក្យបរមត្ថ នឹងពាក្យបញ្ឆោតជាអសារឥតការ តាមសណ្ដាប់បុរាណរបស់មនុស្ស តាមបថមសិក្សានៅនាលោកីយ គឺមិនមែនតាមព្រះគ្រីស្ទទេ»។—កូល៉ុស ២:៨
ពួកសត្រូវនៃសេចក្ដីពិត
៨, ៩. សព្វថ្ងៃនេះ តើសេចក្ដីក្បត់ជំនឿបានត្រូវសម្ដែងមកតាមរបៀបណា?
៨ អ្នកក្បត់ជំនឿក៏អាចនាំឲ្យមានការគំរាមកំហែងមួយទៀត ដល់ភាពខាងវិញ្ញាណរបស់យើង។ សាវ័កប៉ុលបានទាយថា សេចក្ដីក្បត់ជំនឿនឹងមានឡើងក្នុងចំណោមពួកដែលអះអាងថាជាគ្រីស្ទាន។ (កិច្ចការ ២០:២៩, ៣០; ថែស្សាឡូនីចទី២ ២:៣) ជាសេចក្ដីសម្រេចនៃពាក្យរបស់គាត់ នោះក្រោយពីមរណភាពរបស់ពួកសាវ័ក ក៏មានសេចក្ដីក្បត់ជំនឿយ៉ាងធំដែលបាននាំឲ្យមានពិភពគ្រីស្ទសាសនាកើតឡើង។ សព្វថ្ងៃនេះ គឺគ្មានសេចក្ដីក្បត់ជំនឿដ៏ធំដែលកំពុងតែកើតមានឡើងក្នុងចំណោមរាស្ត្ររបស់ព្រះនោះទេ។ ក៏ប៉ុន្តែ គឺមានបុគ្គលខ្លះដែលបានចេញពីយើង ហើយអ្នកខ្លះពីចំណោមពួកគេប្ដេជ្ញាចិត្តចង់បង្ខូចកេរ្ដិ៍ឈ្មោះរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា ដោយផ្សាយ សេចក្ដីកំភូតនិងពត៌មានមិនត្រឹមត្រូវ។ អ្នកខ្លះចូលដៃនឹងក្រុមផ្សេងទៀតដើម្បីរៀបចំជំទាស់នឹងការថ្វាយបង្គំបរិសុទ្ធ។ ដោយធ្វើដូច្នេះ ពួកគេនៅខាងអ្នកក្បត់ជំនឿដំបូង គឺសាតាំង។
៩ អ្នកក្បត់ជំនឿខ្លះបានប្រើកាន់តែច្រើនឡើងនូវគមនាគមន៍ធំដុំផ្សេងៗ ដែលរួមបញ្ចូលកុំព្យូទ័រអ៊ិនថឺណិត ដើម្បីផ្សាយពត៌មានក្លែងក្លាយអំពីស្មរបន្ទាល់ព្រះយេហូវ៉ា។ ជាលទ្ធផល នៅពេលដែលមនុស្សចិត្តស្មោះធ្វើការស្រាវជ្រាវអំពីជំនឿរបស់យើង នោះគេប្រហែលជាជួបប្រទះនឹងសេចក្ដីដែលបានឃោសនាដោយអ្នកក្បត់ជំនឿ។ សូម្បីតែស្មរបន្ទាល់ខ្លះ ដោយឥតដឹងខ្លួន គេក៏បានឃើញពត៌មានដែលមានគ្រោះថ្នាក់នេះ។ បន្ថែមទៀតនោះ យូរៗម្ដងពួកក្បត់ជំនឿចូលរួមកម្មវិធីទូរទស្សន៍និងវិទ្យុ។ ដោយជ្រាបដឹងអ៊ីចឹងហើយ តើគួរនឹងធ្វើយ៉ាងណាដោយប្រាជ្ញា?
១០. តើអ្វីជាប្រតិកម្មដែលប្រកបដោយប្រាជ្ញា ចំពោះអ្វីដែលអ្នកក្បត់ជំនឿឃោសនា?
១០ សាវ័កយ៉ូហានបានបង្គាប់ពួកគ្រីស្ទានកុំឲ្យទទួលពួកអ្នកក្បត់ជំនឿមកក្នុងផ្ទះរបស់គេឡើយ។ គាត់បានសរសេរថា៖ «បើអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនចំពោះសេចក្ដីនេះ នោះកុំឲ្យទទួលអ្នកនោះ នៅក្នុងផ្ទះឡើយ កុំឲ្យទាំងជំរាបសួរដល់អ្នកនោះផង ដ្បិតបើអ្នកណាជំរាបសួរ នោះក៏តែងមានសេចក្ដីប្រកបគ្នា ក្នុងការអាក្រក់របស់អ្នកនោះដែរ»។ (យ៉ូហានទី២ ១០, ១១) ការជៀសវាងទាំងស្រុងពីពួកប្រឆាំងទាំងនេះ នឹងការពារយើងពីគំនិតដ៏ពុករលួយរបស់គេ។ ការបើកឲ្យខ្លួនឯងស្គាល់ការបង្រៀនរបស់អ្នកក្បត់ជំនឿ តាមរយៈផ្សេងៗនៃគមនាគមន៍ទំនើបនេះ គឺមានគ្រោះថ្នាក់ដូចជាការទទួលអ្នកក្បត់ជំនឿផ្ទាល់ឲ្យចូលផ្ទះយើងអ៊ីចឹងដែរ។ យើងមិនគួរឲ្យការចង់ដឹងចង់ឃើញមកល្បួងយើងឲ្យចូលតាមដំណើរដ៏មានគ្រោះថ្នាក់បែបនេះទេ!—សុភាសិត ២២:៣
នៅខាងក្នុងក្រុមជំនុំ
១១, ១២. (ក) តើអ្វីដែលជាប្រភពនៃពត៌មានដែលមានគ្រោះថ្នាក់ នៅក្នុងក្រុមជំនុំសតវត្សទីមួយ? (ខ) តើដោយដូចម្ដេចដែលពួកគ្រីស្ទានខ្លះមិនបានលើកដំកើងយ៉ាងមុតមាំនូវការបង្រៀនរបស់ព្រះ?
១១ សូមពិចារណាមើលអ្វីមួយទៀត ដែលប្រហែលជាអាចធ្វើជាប្រភពនៃគំនិតដែលមានគ្រោះថ្នាក់។ ទោះជាឥតមានបំណងបង្រៀនពាក្យកុហកក៏ដោយ តែគ្រីស្ទានម្នាក់ដែលបានថ្វាយខ្លួនហើយ អាចបង្កើតនូវទម្លាប់និយាយដោយឥតគិតក្រែង។ (សុភាសិត ១២:១៨) ពីព្រោះដោយលក្ខណៈឥតគ្រប់ល័ក្ខណ៍របស់យើង ជួនកាលយើងគ្រប់គ្នាធ្វើបាបដោយអណ្ដាតរបស់យើង។ (សុភាសិត ១០:១៩; យ៉ាកុប ៣:៨) តាមមើលទៅ នៅសម័យរបស់សាវ័កប៉ុល គឺមានអ្នកខ្លះក្នុងក្រុមជំនុំ ដែលមិនបានទប់អណ្ដាតរបស់គេ ហើយបានរួមដៃផ្ចាញ់ផ្ចាលដេញដោលពីន័យពាក្យ។ (ធីម៉ូថេទី១ ២:៨) គឺមានអ្នកឯទៀតដែលបានគិតហួសហេតុនឹងមតិរបស់ខ្លួន ព្រមទាំងបានប្រកួតនឹងអំណាចនៃសាវ័កប៉ុលផង។ (កូរិនថូសទី២ ១០:១០-១២) គតិបែបនេះបាននាំឲ្យមានការប្រឆាំងគ្នាដ៏មិនគួរសម។
១២ ជួនកាលជំទាស់ទាំងនេះបានផ្ទុះឡើងជា«សេចក្ដីជំលោះឥតប្រយោជន៍» ដែលធ្វើឲ្យរំខានដល់សន្ដិភាពក្នុងក្រុមជំនុំ។ (ធីម៉ូថេទី១ ៦:៥; កាឡាទី ៥:១៥) ស្តីអំពីអស់អ្នកដែលបានធ្វើឲ្យមានការប្រឆាំងទាំងនេះ នោះប៉ុលបានសរសេរថា៖ «បើអ្នកណាបង្រៀនពីសេចក្ដីអ្វីផ្សេងទៀត ហើយមិនយល់ព្រមតាមពាក្យសំដីដែលត្រឹមត្រូវ គឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នឹងជាសេចក្ដីបង្រៀនដែលត្រឹមត្រូវ តាមសេចក្ដីគោរពប្រតិបត្ដិដល់ព្រះទេ អ្នកនោះឈ្មោះថាមានចិត្តធំ ហើយមិនដឹងអ្វីសោះ គឺវក់តែនឹងជជែក ហើយដេញដោលពីន័យពាក្យ ដែលនាំឲ្យកើតសេចក្ដីឈ្នានីស ឈ្លោះប្រកែក ជេរប្រមាថ នឹងសេចក្ដីសង្ស័យដ៏អាក្រក់ប៉ុណ្ណោះ»។—ធីម៉ូថេទី១ ៦:៣, ៤
១៣. តើពួកគ្រីស្ទានភាគច្រើននៅក្នុងសតវត្សទីមួយ បានមានចរិយាយ៉ាងណា?
១៣ គួរឲ្យសប្បាយណាស់ ដែលនៅក្នុងសម័យរបស់ពួកសាវ័ក ពួកគ្រីស្ទានភាគច្រើនបានមានចិត្តស្មោះត្រង់ ហើយបានរក្សាចិត្តខំប្រឹងធ្វើការប្រកាសដំណឹងល្អពីសារព្រះរាជាណាចក្រ។ ពួកគេបានជាប់រវល់មើលថែរក្សា«ពួកកំព្រា នឹងពួកមេម៉ាយ ក្នុងកាលដែលគេមានសេចក្ដីវេទនា» ហើយបានរក្សាខ្លួន«មិនឲ្យប្រឡាក់ដោយលោកីយនេះឡើយ» ក៏ឥតបានបង្ខាតពេលរបស់គេ ដោយជជែកន័យពីពាក្យដែលគ្មានប្រយោជន៍ទេ។ (យ៉ាកុប ១:២៧) ពួកគេបានជៀសវាង«ពួកម៉ាកអាក្រក់» សូម្បីតែនៅក្នុងក្រុមជំនុំគ្រីស្ទានក៏ដោយ ដើម្បីការពារនូវភាពខាងវិញ្ញាណរបស់គេ។—កូរិនថូសទី១ ១៥:៣៣; ធីម៉ូថេទី២ ២:២០, ២១
១៤. ប្រសិនបើយើងមិនប្រយ័ត្នទេ តើដោយរបៀបណាដែលការជជែកគ្នាពីគំនិតធម្មតាអាចទៅជាការជជែកគ្នាដែលមានគ្រោះថ្នាក់នោះ?
១៤ ស្រដៀងគ្នាដែរ ស្ថានការណ៍ដែលបានរៀបរាប់ក្នុងវគ្គទី១១ គឺមិនមែនជាអ្វីដែលមានធម្មតាក្នុងក្រុមជំនុំទាំងឡាយរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាសព្វថ្ងៃនេះទេ។ ក៏ប៉ុន្តែ យើងគួរទទួលស្គាល់ថា ក៏អាចមានការជជែកដ៏ឥតប្រយោជន៍បែបនេះកើតមានឡើងដែរ។ ប្រាកដហើយ គឺជាការធម្មតាក្នុងការពិគ្រោះដំណើររឿងផ្សេងៗពីព្រះគម្ពីរ ឬគិតអំពីលក្ខណៈផ្សេងៗនៃពិភពលោកថ្មីដែលបានសន្យាមកនោះ ដែលមិនទាន់បានលាតត្រដាងនៅឡើយ។ ហើយគឺគ្មានអ្វីខុសនឹងដំណូរគំនិតលើរឿងផ្ទាល់ខ្លួន ដូចជាសំលៀកបំពាក់ឬជម្រើសលើគ្រឿងកំសាន្ត។ ប៉ុន្តែ ប្រសិនបើយើងទៅជាមានះតាមគំនិតរបស់យើង ហើយទៅជាអាក់អន់ចិត្តនៅពេលដែលអ្នកដទៃឥតសមស្របនឹងយើង នោះក្រុមជំនុំប្រហែលជាអាចបែកបាក់គ្នាខាងរឿងតូចតាចបែបនេះ។ អ្វីដែលចាប់ផ្ដើមជាការជជែកគ្នាដ៏តូចតាចដែលគ្មានគ្រោះថ្នាក់ ប្រហែលជាអាចក្លាយទៅជាមានគ្រោះថ្នាក់ទៅវិញ។
ការរក្សាសេចក្ដីដែលបានផ្ញើទុក
១៥. តើដល់កំរិតណាដែល«សេចក្ដីបង្រៀនរបស់ពួកអារក្ស» អាចធ្វើឲ្យមានគ្រោះថ្នាក់ដល់យើងខាងវិញ្ញាណ ហើយតើបទគម្ពីរជូនឱវាទណាខ្លះ?
១៥ សាវ័កប៉ុលព្រមានថា៖ «[ដោយ]ព្រះវិញ្ញាណ ទ្រង់មានបន្ទូលយ៉ាងជាក់ច្បាស់ថា នៅគ្រាជាន់ក្រោយបង្អស់ អ្នកខ្លះនឹងលាចាកចេញពីសេចក្ដីជំនឿ ដោយស្ដាប់តាមវិញ្ញាណបញ្ឆោត នឹងសេចក្ដីបង្រៀនរបស់ពួកអារក្ស»។ (ធីម៉ូថេទី១ ៤:១) ត្រូវហើយ គំនិតដែលមានគ្រោះថ្នាក់ក៏អាចគំរាមកំហែងមែន។ គួរឲ្យយល់ច្បាស់មែន ដែលប៉ុលបានអង្វរមិត្តជិតស្និទ្ធរបស់គាត់ គឺធីម៉ូថេដោយថា៖ «ឱធីម៉ូថេអើយ ចូររក្សាសេចក្ដីដែលបានផ្ញើទុកនឹងអ្នកចុះ ហើយចៀសចេញពីសំដីឡេះឡោះឥតប្រយោជន៍ នឹងពាក្យទទឹងទទែងនៃសេចក្ដី ដែលក្លែងហៅថា ‹ចំណេះវិជ្ជា›ផង ដែលមានមនុស្សខ្លះប្រកាន់ ក៏បានជ្រួសពីសេចក្ដីជំនឿចេញហើយ»។—ធីម៉ូថេទី១ ៦:២០, ២១
១៦, ១៧. តើព្រះបានប្រគល់អ្វីដល់យើង ហើយតើយើងគួរតែរក្សាទុករបស់នោះយ៉ាងដូចម្ដេច?
១៦ សព្វថ្ងៃនេះ តើដោយដូចម្ដេចដែលយើងអាចទទួលប្រយោជន៍ពីសេចក្ដីព្រមាននេះដែលមានបំណងល្អ? ធីម៉ូថេបានត្រូវប្រគល់ឲ្យនូវសេចក្ដីផ្ញើទុកមួយ ជាអ្វីមួយដែលមានតម្លៃដែលត្រូវមើលថែរក្សានិងការពារ។ តើនោះជាអ្វីទៅ? ប៉ុលពន្យល់ថា៖ «ចូរនឹកចាំពីអស់ទាំងពាក្យត្រឹមត្រូវ ដែលអ្នកបានឮពីខ្ញុំ ទុកជាគំរូពីសេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។ ចូររក្សាបញ្ញើល្អដែលផ្ញើទុកនឹងអ្នក ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលសណ្ឋិតនៅក្នុងយើង»។ (ធីម៉ូថេទី២ ១:១៣, ១៤) ត្រូវហើយ សេចក្ដីផ្ញើទុករបស់ធីម៉ូថេ បានរួមបញ្ចូល«ពាក្យសំដីដែលត្រឹមត្រូវ» គឺ«សេចក្ដីបង្រៀនដែលត្រឹមត្រូវ តាមសេចក្ដីគោរពប្រតិបត្ដិដល់ព្រះ»។ (ធីម៉ូថេទី១ ៦:៣) ស្របទៅតាមពាក្យទាំងនេះ ពួកគ្រីស្ទានសព្វថ្ងៃនេះបានប្ដេជ្ញាចិត្តការពារជំនឿរបស់គេ ហើយនិងសេចក្ដីពិតទាំងមូលដែលបានត្រូវផ្ញើទុកឲ្យគេនោះ។
១៧ ការមើលថែរក្សាសេចក្ដីផ្ញើទុកនេះ រួមបញ្ចូលការបណ្ដុះអ្វីខ្លះដូចជា ទម្លាប់ល្អខាងការសិក្សាព្រះគម្ពីរ និងការអធិស្ឋានជានិច្ច ក្នុងកាលដែលធ្វើ«ល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម»។ (កាឡាទី ៦:១០; រ៉ូម ១២:១១-១៧) ប៉ុលដាស់តឿនទៀតថា៖ «ដេញតាមសេចក្ដីសុចរិត សេចក្ដីគោរពប្រតិបត្ដិដល់ព្រះ សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីខ្ជាប់ខ្ជួន នឹងសេចក្ដីសំឡូតវិញ ចូរខំប្រឹងតស៊ូ ដោយការតយ៉ាងល្អនៃសេចក្ដីជំនឿ ចូរតោងចាប់ជីវិតអស់កល្បជានិច្ចឲ្យខ្ជាប់ ដែលព្រះបានហៅអ្នកមកទទួល ហើយអ្នកក៏បានធ្វើបន្ទាល់យ៉ាងល្អ នៅមុខសាក្សីជាច្រើនដែរ»។ (ធីម៉ូថេទី១ ៦:១១, ១២) ដោយប៉ុលប្រើឃ្លាដូចជា«ចូរខំប្រឹងតស៊ូ ដោយការតយ៉ាងល្អ» និង«តោងចាប់ . . . ឲ្យខ្ជាប់» នេះធ្វើឲ្យឃើញជាក់ច្បាស់ថា យើងត្រូវតែខំតទល់យ៉ាងសកម្មនិងដោយតាំងចិត្ត ប្រឆាំងនឹងអានុភាពដែលមានគ្រោះថ្នាក់ខាងវិញ្ញាណ។
ត្រូវការសេចក្ដីយោគយល់
១៨. តើតាមរបៀបណាដែលយើងអាចសម្ដែងនូវតុល្យភាពគ្រីស្ទាន ស្តីអំពីពត៌មានខាងលោកីយ៍នេះ?
១៨ ប្រាកដហើយ ក្នុងការតយុទ្ធយ៉ាងល្អខាងជំនឿ នោះគឺត្រូវការ នូវការយោគយល់។ (សុភាសិត ២:១១; ភីលីព ១:៩) ជាឧទាហរណ៍ គឺមិនសមហេតុសមផលទេ បើមិនទុកចិត្តពត៌មានទាំងអស់ក្នុងលោកីយ៍នេះ។ (ភីលីព ៤:៥; យ៉ាកុប ៣:១៧) មិនមែនគំនិតទាំងអស់របស់មនុស្ស ប្រឆាំងនឹងបន្ទូលរបស់ព្រះនោះទេ។ ព្រះយេស៊ូបានបង្ហើបនូវតម្រូវការឲ្យពួកអ្នកដែលឈឺ ឲ្យទៅជួបគ្រូពេទ្យ ដែលជាវិជ្ជាជីវៈមួយខាងលោកីយ៍នេះ។ (លូកា ៥:៣១) ថ្វីបើមានឯកទេសទាបខាងការព្យាបាលជម្ងឺក្នុងសម័យរបស់ព្រះយេស៊ូ ក៏ទ្រង់ទទួលស្គាល់ថា មានផលប្រយោជន៍ខ្លះពីជំនួយរបស់គ្រូពេទ្យ។ ពួកគ្រីស្ទានសព្វថ្ងៃនេះបង្ហាញនូវតុល្យភាពស្តីអំពីពត៌មានខាងលោកីយ៍នេះ ក៏ប៉ុន្តែគេទប់ទល់មិនប៉ះពាល់នឹងពត៌មានណាដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ខាងវិញ្ញាណរបស់គេ។
១៩, ២០. (ក) តើតាមរបៀបណាដែលពួកអ្នកចាស់ទុំប្រព្រឹត្តដោយប្រើការយោគយល់ ពេលជួយអស់អ្នកដែលនិយាយដោយឥតប្រាជ្ញា? (ខ) តើក្រុមជំនុំដោះស្រាយយ៉ាងណា នឹងអស់អ្នកដែលទទូចលើកដំកើងការបង្រៀនក្លែងក្លាយនោះ?
១៩ អ្នកចាស់ទុំក៏ត្រូវការចាំបាច់នូវសេចក្ដីយោគយល់ នៅពេលដែលត្រូវជួយអស់អ្នកដែលនិយាយដោយឥតមានប្រាជ្ញា។ (ធីម៉ូថេទី២ ២:៧) នៅពេលខ្លះ សមាជិកក្រុមជំនុំប្រហែលជាជាប់រវល់ជជែកផ្ចាញ់ផ្ចាលអំពីរឿងឥតបានការ ដែលប្រកបដោយការប៉ាន់ស្មាន។ ដើម្បីការពារនូវសាមគ្គីភាពក្នុងក្រុមជំនុំ នោះពួកអ្នកចាស់ទុំត្រូវដោះស្រាយរឿងបែបនេះជាបន្ទាន់។ នៅពេលដំណាលគ្នានេះ ពួកគេជៀសវាងសន្មតថាបំណងចិត្តរបស់បងប្អូនគេអត់ល្អ ហើយក៏មិនប្រញាប់ប្រញាល់រាប់ទុកគេជាពួកក្បត់ជំនឿនោះឡើយ។
២០ ប៉ុលបានរៀបរាប់នូវទឹកចិត្តដែលគួរមាន ពេលផ្ដល់នូវជំនួយនេះ។ គាត់បានមានប្រសាសន៍ថា៖ «ឱបងប្អូនអើយ បើបានទាន់ឃើញមនុស្សណាធ្វើខុសអ្វី នោះអ្នករាល់គ្នាដែលដើរដោយព្រះវិញ្ញាណ ចូរដំរង់អ្នកនោះដោយចិត្តសុភាព»។ (កាឡាទី ៦:១) ដោយនិយាយយ៉ាងចំៗចំពោះពួកគ្រីស្ទានដែលធ្វើទុក្ខខ្លួនឯងដោយសេចក្ដីសង្ស័យ នោះយូដាសបានសរសេរថា៖ «ចូរមានចិត្តអាណិតដល់ពួកអ្នកខ្លះ ដែលមានសេចក្ដីសង្ស័យផង ហើយជួយសង្គ្រោះដល់អ្នកដទៃ ទាំងឆក់យកគេចេញពីភ្លើង»។ (យូដាស ២២, ២៣) ប្រាកដហើយ បើសិនជាក្រោយពីបានត្រូវដាស់តឿនម្ដងហើយម្ដងទៀត បុគ្គលនោះនៅតែទទូចលើកដំកើងការបង្រៀនក្លែងក្លាយ នោះពួកអ្នកចាស់ទុំនឹងប្រើវិធានការដោយឥតរារែក ដើម្បីការពារក្រុមជំនុំនេះ។—ធីម៉ូថេទី១ ១:២០; ទីតុស ៣:១០, ១១
ការធ្វើឲ្យគំនិតរបស់យើងពេញដោយសេចក្ដីដែលគួរសរសើរ
២១, ២២. តើយើងគួរចេះជ្រើសរើសអ្វីទៅ ហើយតើយើងត្រូវធ្វើឲ្យគំនិតយើងពេញដោយអ្វីទៅ?
២១ ក្រុមជំនុំគ្រីស្ទានបដិសេធចោលនូវពាក្យសំដីដែលមានគ្រោះថ្នាក់ ដែល«ស៊ីរូងដូចជាដំបៅក្លាយ»។ (ធីម៉ូថេទី២ ២:១៦, ១៧; ទីតុស ៣:៩) នេះគឺជាអ៊ីចឹងមែន មិនថាពាក្យសំដីនេះបង្ហាញនូវ«ប្រាជ្ញា»ខាងលោកីយ៍ដែលនាំឲ្យវង្វេង ឬការឃោសនារបស់ពួកអ្នកក្បត់ជំនឿ ឬក៏ការនិយាយឥតបើគិតនៅក្នុងក្រុមជំនុំនោះឡើយ។ ទោះនេះជាសេចក្ដីប្រាថ្នាដ៏ល្អដោយចង់រៀនឲ្យចេះនូវរបស់ថ្មីៗ ដែលអាចទៅជាមានប្រយោជន៍ក៏ដោយ តែការចង់ដឹងចង់ឃើញដែលមិនចេះទប់ អាចធ្វើឲ្យយើងជួបប្រទះនឹងគំនិតដែលមានគ្រោះថ្នាក់។ យើងស្គាល់អស់ទាំងកិច្ចកលរបស់សាតាំង។ (កូរិនថូសទី២ ២:១១) យើងដឹងថា វាខំប្រឹងណាស់ដើម្បីរំខានយើងឲ្យបង្អង់ក្នុងកិច្ចបំរើរបស់យើងថ្វាយដល់ព្រះ។
២២ ជាអ្នកបំរើដ៏ល្អ សូមឲ្យយើងលើកតម្កើងយ៉ាងខ្លាំងនូវការបង្រៀនរបស់ព្រះ។ (ធីម៉ូថេទី១ ៤:៦) សូមឲ្យយើងឆ្លៀតប្រយោជន៍ ប្រើដោយប្រាជ្ញានូវពេលវេលារបស់យើង ដោយចេះជ្រើសរើសនូវពត៌មានដែលយើងសម្រេចចិត្តទទួលយក។ អ៊ីចឹងហើយ យើងនឹងមិនត្រូវរង្គើយ៉ាងស្រួលដោយការឃោសនាដែលបណ្ដាលមកពីសាតាំងនោះឡើយ។ ត្រូវហើយ សូមឲ្យយើងខំពិចារណាមើលជានិច្ច នូវ«សេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្ដីសរសើរណា»។ ប្រសិនបើយើងបំពេញគំនិតរបស់យើងដោយសេចក្ដីទាំងនេះ នោះព្រះនៃសេចក្ដីសុខសាន្តនឹងគង់នៅជាមួយនឹងយើង។—ភីលីព ៤:៨, ៩
តើយើងបានរៀនអ្វីខ្លះ?
• តើប្រាជ្ញារបស់លោកីយ៍នេះអាចគំរាមកំហែងដល់ភាពខាងវិញ្ញាណរបស់យើងយ៉ាងដូចម្ដេច?
• តើយើងអាចធ្វើអ្វីខ្លះ ដើម្បីការពារខ្លួនយើងពីពត៌មានរបស់ពួកអ្នកក្បត់ជំនឿដែលនាំឲ្យមានគ្រោះថ្នាក់នោះ?
• តើពាក្យសំដីបែបណា ដែលគួរតែជៀសវាងនៅក្នុងក្រុមជំនុំ?
• តើតុល្យភាពគ្រីស្ទានគួរសម្ដែងឲ្យឃើញយ៉ាងណា ស្តីអំពីពត៌មានច្រើនហួសហេតុដែលមាននៅសព្វថ្ងៃនេះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ៩]
ទស្សនាវដ្ដីនិងសៀវភៅប្រជាប្រិយជាច្រើន ប្រឆាំងនឹងគោលការណ៍គ្រីស្ទានរបស់យើង
[រូបភាពនៅទំព័រ១០]
ពួកគ្រីស្ទានអាចជជែកគ្នាពីគំនិតជាច្រើនតែមិនចាំបាច់ទៅជាមានះតាមគំនិតខ្លួននោះទេ