លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរមានជំនឿលើពាក្យទំនាយរបស់ព្រះ!

ចូរមានជំនឿលើពាក្យទំនាយរបស់ព្រះ!

ចូរ​មាន​ជំនឿ​លើ​ពាក្យ​ទំនាយ​របស់​ព្រះ!

«យើង​ខ្ញុំ​មាន​ពាក្យ​ទំនាយ​ដ៏​ពិត​ជាង»។—ពេត្រុស​ទី​២ ១:១៩

១, ២. តើ​ទំនាយ​ដំបូង​ដែល​បាន​កត់​ទុក​នោះ​ជា​អ្វី ហើយ​តើ​អ្វី​ជា​សំនួរ​មួយ​ដែល​បាន​ត្រូវ​សួរ​ឡើង​នោះ?

 ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​ទំនាយ​ដំបូង​ដែល​បាន​កត់​ទុក​មក។ ក្រោយ​ពី​អ័ដាម​និង​អេវ៉ា​បាន​ប្រព្រឹត្ត​អំពើ​បាប ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ពស់​នោះ​ថា៖ «អញ​នឹង​ធ្វើ​ឲ្យ​ឯង​ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង​នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ»។ (លោកុប្បត្តិ ៣:១​-​៧, ១៤, ១៥) អស់​ជា​ច្រើន​សតវត្ស​បាន​កន្លង​ផុត​ទៅ មុន​នឹង​ពាក្យ​ទំនាយ​ទាំង​នោះ បាន​ត្រូវ​យល់​យ៉ាង​ពេញ​លេញ​នោះ។

ទំនាយ​ដំបូង​នោះ​មាន​សេចក្ដី​សង្ឃឹម​ដ៏​ពិត​សំរាប់​មនុស្សជាតិ​ដែល​មាន​បាប។ ក្រោយ​មកបទគម្ពីរ​ទាំង​ឡាយ បាន​សម្គាល់​អារក្ស​សាតាំង​ជា«ពស់​ពី​បុរាណ»។ (វិវរណៈ ១២:៩) ក៏​ប៉ុន្តែ តើ​អ្នក​ណា​នឹង​ទៅ​ជា​ពូជ​ដែល​បាន​សន្យា​មក​របស់​ព្រះ?

ការ​ស្វែង​រក​ពូជ​នោះ

៣. តើ​អេបិល​បាន​អនុវត្ត​តាម​ជំនឿ​លើ​ទំនាយ​ដំបូង​យ៉ាង​ដូច​ម្ដេច?

មិន​ដូច​ឪពុក​របស់​គាត់ នោះ​អេបិល​ដ៏​ចេះ​គោរព​ព្រះ បាន​អនុវត្ត​តាម​ជំនឿ​លើ​ទំនាយ​ដំបូង​នេះ។ តាម​មើល​ទៅ អេបិល​បាន​យល់​ដឹង​ថា​នឹង​ត្រូវ​ការ​ការ​បង្ហូរ​ឈាម ដើម្បី​គ្រប​បាំង​សេចក្ដី​បាប។ ដូច្នេះ​ជំនឿ​បាន​ជំរុញ​ឲ្យ​គាត់​ថ្វាយ​សត្វ​មួយ​ជា​យញ្ញ​បូជា ដែល​បាន​ស​ឲ្យ​ឃើញ​ជា​ការ​យល់​ព្រម​ចំពោះ​ព្រះ។ (លោកុប្បត្តិ ៤:២​-​៤) ក៏​ប៉ុន្តែ អត្តសញ្ញាណ​កម្ម​នៃ​ពូជ​ដែល​បាន​សន្យា​នេះ នៅ​តែ​ជា​រឿង​អាថ៌​កំបាំង​ដដែល។

៤. តើ​ព្រះ​បាន​ប្រទាន​ឲ្យ​អ័ប្រាហាំ​នូវ​សេចក្ដី​សន្យា​អ្វី ហើយ​តើ​នេះ​បាន​បញ្ជាក់​អ្វី​ស្តី​អំពី​ពូជ​ដែល​បាន​សន្យា​មក​នោះ?

ប្រមាណ​២.០០០​ឆ្នាំ​ក្រោយ​ពី​សម័យ​របស់​អេបិល នោះ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​អ័ប្រាហាំ​ដ៏​ជា​ឰយុកោ នូវ​សេចក្ដី​សន្យា​នេះ​ដែល​ជា​ពាក្យ​ទំនាយ គឺ​ថា៖ «នោះ​អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ . . . គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ​សារ​ពូជ​ឯង»។ (លោកុប្បត្តិ ២២:១៧, ១៨) ពាក្យ​ទាំង​នោះ​បាន​ជាប់​ទាក់​ទង​អ័ប្រាហាំ​ជា​មួយ​នឹង​ការ​សម្រេច​នៃ​ទំនាយ​ដំបូង​នេះ។ ពាក្យ​ទាំង​នោះ​បាន​បញ្ជាក់​ថា ពូជ​នេះ​ដែល​នឹង​បំផ្លាញ​ការ​របស់​សាតាំង នឹង​លេច​ចេញ​ពី​ពូជ​អំបូរ​របស់​អ័ប្រាហាំ។ (យ៉ូហាន​ទី​១ ៣:៨) «លោក[អ័ប្រាហាំ]ក៏​មិន​បាន​សង្ស័យ ចំពោះ​សេចក្ដី​សន្យា​របស់​ព្រះ» ហើយ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មុន​សម័យ​គ្រីស្ទាន ដែល«មិន​បាន​ទទួល​សេចក្ដី ដែល​បាន​សន្យា​នោះ» ក៏​មិន​បាន​មាន​ចិត្ត​សង្ស័យ​ដែរ។ (រ៉ូម ៤:២០, ២១; ហេព្រើរ ១១:៣៩) ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​រក្សា​ជំនឿ​លើ​ពាក្យ​ទំនាយ​របស់​ព្រះ។

៥. តើ​សេចក្ដី​សន្យា​របស់​ព្រះ​ស្តី​អំពី​ពូជ​នោះ​បាន​ត្រូវ​សម្រេច​ដោយ​អ្នក​ណា ហើយ​ហេតុ​អ្វី​ក៏​អ្នក​ឆ្លើយ​អ៊ីចឹង?

សាវ័ក​ប៉ុល​បាន​សម្គាល់​ពូជ​ដែល​បាន​សន្យា​របស់​ព្រះ ពេល​ដែល​គាត់​បាន​សរសេរ​ថា៖ «រីឯ​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន នោះ​បាន​តាំង​នឹង​លោក​អ័ប្រាហាំ ហើយ​នឹង​ពូជ​លោក តែ​ទ្រង់​មិន​បាន​មាន​បន្ទូល​ថា ‹នឹង​ពូជ​ទាំង​ប៉ុន្មាន› ដូច​ជា​មាន​ពូជ​ជា​ច្រើន​នោះ​ទេ គឺ​ចំពោះ​ពូជ​តែ​១​វិញ ដោយ​ថា ‹នឹង​ពូជ​លោក​១​នោះ​ឯង› គឺ​ជា​ព្រះ​គ្រីស្ទ»។ (កាឡាទី ៣:១៦) ពូជ​នេះ ដែល​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ នោះ​មិន​បាន​រួម​បញ្ចូល​នឹង​កូន​ចៅ​ទាំង​អស់​របស់​អ័ប្រាហាំ​នោះ​ទេ។ កូន​ចៅ​របស់​កូន​ប្រុស​លោក ដែល​ជា​អ៊ីសម៉ាអែល និង​អំពី​ពួក​កូន​ប្រុស​ៗ​របស់​កិ​ទូ​រ៉ា មិន​បាន​ត្រូវ​ប្រើ​ឲ្យ​ប្រទាន​ពរ​ដល់​មនុស្ស​លោក​ទេ។ ពូជ​នេះ​ដែល​ផ្ដល់​ពរ​បាន​មក​តាម​រយៈ​កូន​ប្រុស​របស់​លោក ឈ្មោះ​អ៊ីសាក និង​ចៅ​របស់​លោក ឈ្មោះយ៉ាកុប។ (លោកុប្បត្តិ ២១:១២; ២៥:២៣, ៣១​-​៣៤; លោកុប្បត្តិ ២៧:១៨​-​២៩, ៣៧; ២៨:១៤) យ៉ាកុបបាន​បង្ហាញ​ថា «មនុស្ស»នឹង​ស្ដាប់​បង្គាប់​តាម​ស៊ីឡូរ​ពី​កុលសម្ព័ន្ធ​យូដា ក៏​ប៉ុន្តែ​ពូជ​នេះ​ក្រោយ​មក បាន​ត្រូវ​កំណត់​មក​តាម​ពូជ​អំបូរ​របស់​ដាវីឌ​វិញ។ (លោកុប្បត្តិ ៤៩:១០; សាំយូអែល​ទី​២ ៧:១២​-​១៦) ពួក​យូដា​នៅ​សតវត្ស​ទី​មួយ បាន​ទន្ទឹង​ចាំ​បុគ្គល​ម្នាក់​ដែល​នឹង​មក​ជា​ព្រះ​មេស្ស៊ី ឬ​ក៏​ព្រះ​គ្រីស្ទ។ (យ៉ូហាន ៧:៤១, ៤២) ហើយ​ទំនាយ​របស់​ព្រះ​ស្តី​អំពី​ពូជ​នេះ បាន​ត្រូវ​សម្រេច​នឹង​បុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ។

ព្រះ​មេស្ស៊ី​លេច​ខ្លួន​មក!

៦. (ក) តើ​យើង​អាច​យល់​ទំនាយ​អំពី​៧០​អាទិត្យ​យ៉ាង​ដូច​ម្ដេច​បាន? (ខ) តើ​នៅ​ពេល​ណា​និង​តាម​របៀប​ណា ដែល​ព្រះ​យេស៊ូ​បាន‹រំលត់​បំបាត់​សេចក្ដី​បាប›?

ព្យាការីដានីយ៉ែល បាន​កត់​ទុក​នូវ​ទំនាយ​ដ៏​សំខាន់​មួយ ស្តី​អំពី​ព្រះ​មេស្ស៊ី។ ក្នុង​ឆ្នាំ​ទី​មួយ​នៃ​ស្តេច​ដារីយុស​សាសន៍​មេឌី គាត់​បាន​យល់​ដឹង​ថា សេចក្ដី​ហិន​វិនាស​ដែល​មាន​រយៈ​ពេល​៧០​ឆ្នាំ​នៃ​ក្រុង​យេរូសាឡិម គឺ​ជិត​ដល់​ទី​បញ្ចប់​ហើយ។ (យេរេមា ២៩:១០; ដានីយ៉ែល ៩:១​-​៤) កាល​ដែលដានីយ៉ែលកំពុង​តែ​អធិស្ឋាន នោះ​ទេវតា​កាព្រីយ៉ែល​បាន​មក និង​លាត​ត្រដាង​ថា‹៧០​អាទិត្យ​បាន​កំណត់​ដើម្បី​រំលត់​បំបាត់​អំពើ​បាប›។ ព្រះ​មេស្ស៊ី​នឹង​ត្រូវ​កាត់​ចេញ​នៅ​ពាក់​កណ្ដាល​អាទិត្យ​ទី​៧០។ «ចិតសិប​អាទិត្យ​នៃ​ឆ្នាំ»បាន​ចាប់​ផ្ដើម​ឡើង​ក្នុង​ឆ្នាំ​៤៥៥ ម.​ស.យ. នៅ​ពេល​ដែល​ស្តេច​នៃ​សាសន៍​ពើស៊ី អើថាស៊ើកសេស​ទី​១ ‹បាន​ចេញ​បង្គាប់​ឲ្យ​សង់​ទី​ក្រុង​យេរូសាឡិម​ឡើង​វិញ›។ (ដានីយ៉ែល ៩:២០​-​២៧; នេហេមា ២:១​-​៨) ព្រះ​មេស្ស៊ី​នឹង​មក​ដល់​ក្រោយ​ពី​៧​អាទិត្យ ថែម​ទាំង​៦២​អាទិត្យ។ ៤៨៣​ឆ្នាំ​ទាំង​នេះ​មាន​ពី​ឆ្នាំ​៤៥៥ ម.​ស.យ.ទៅ​ដល់​ឆ្នាំ​២៩ ស.យ. ពេល​ដែល​ព្រះ​យេស៊ូ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ព្រះ​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ទៅ​ជា​ព្រះ​មេស្ស៊ី ឬ​ក៏​ព្រះ​គ្រីស្ទ។ (លូកា ៣:២១, ២២) ព្រះ​យេស៊ូ‹រំលត់​បំបាត់​សេចក្ដី​បាប› ដោយ​ប្រគល់​ជីវិត​ទ្រង់​ជា​តម្លៃ​លោះ​នៅ​ឆ្នាំ​៣៣ ស.យ.។ (ម៉ាកុស ១០:៤៥) នេះ​ជា​មូលហេតុ​ដ៏​ល្អ​មែន​ហ្ន៎ ចំពោះ​ការ​មាន​ជំនឿ​លើ​ពាក្យ​ទំនាយ​របស់​ព្រះ! *

៧. ដោយ​ប្រើបទគម្ពីរ សូម​ចង្អុល​ប្រាប់​នូវ​របៀប​ដែល​ព្រះ​យេស៊ូ​បាន​សម្រេច​ទំនាយ​ស្តី​អំពី​ព្រះ​មេស្ស៊ី។

ជំនឿ​លើ​ពាក្យ​ទំនាយ​របស់​ព្រះ ធ្វើ​ឲ្យ​យើង​សម្គាល់​ព្រះ​មេស្ស៊ី​បាន។ ចំពោះ​ទំនាយ​ជា​ច្រើន​ស្តី​អំពី​ព្រះ​មេស្ស៊ី ដែល​បាន​កត់​ទុក​នៅ​ក្នុងបទគម្ពីរ​ភាសាហេព្រើរ នោះ​ទំនាយ​មួយ​ចំនួន​បាន​សំដៅ​ចំ​ៗ​លើ​ព្រះ​យេស៊ូ ដោយ​ពួក​អ្នក​សរសេរបទគម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក។ ដើម្បី​ពន្យល់​ថា ព្រះ​យេស៊ូ​បាន​ប្រសូត​ពី​ស្រី​ក្រមុំ​បរិសុទ្ធ​ម្នាក់​នៅ​បេថ្លេហិម។ (អេសាយ ៧:១៤; មីកា ៥:១; ម៉ាថាយ ១:១៨​-​២៣; លូកា ២:៤​-​១១) ទ្រង់​បានហៅ​ឲ្យ​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​ក្មេង​តូច​ៗ​បាន​ត្រូវ​សម្លាប់​ចោល​ក្រោយ​ពី​កំណើត​របស់​ទ្រង់។ (យេរេមា ៣១:១៥; ហូសេ ១១:១; ម៉ាថាយ ២:១៣​-​១៨) ព្រះ​យេស៊ូ​បាន​រង​ទុក្ខ​ដោយ​ទ្រាំ​ទ្រ​អស់​ទាំង​សេចក្ដី​ឈឺ​ចាប់​របស់​យើង។ (អេសាយ ៥៣:៤; ម៉ាថាយ ៨:១៦, ១៧) ដូច​បាន​ទាយ​មក ទ្រង់​បាន​យាង​ចូល​ទី​ក្រុង​យេរូសាឡិម ដោយ​គង់​លើ​កូន​លា។ (សាការី ៩:៩; យ៉ូហាន ១២:១២​-​១៥) ពាក្យ​របស់​អ្នក​តែងបទ​ទំនុកដំកើងបាន​សម្រេច ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​ត្រូវ​គេ​ព្យួរ​លើ​បង្គោល​ឈើ នៅ​ពេល​ដែល​ពួក​ទាហាន​យក​សំលៀក​បំពាក់​របស់​ទ្រង់​ចែក​គ្នា នោះ​គេ​បាន​យក​អាវ​វែង​ទ្រង់​ចាប់​ឆ្នោត។ (ទំនុកដំកើង ២២:១៨; យ៉ូហាន ១៩:២៣, ២៤) ហេតុ​ការណ៍​ពិត​ដែល​ថា ឆ្អឹង​របស់​ព្រះ​យេស៊ូ​មិន​បាន​បាក់ ហើយ​ថា​ទ្រង់​បាន​ត្រូវ​គេ​ចាក់ ក៏​បាន​ត្រូវ​សម្រេច​ទំនាយ​ដែរ។ (ទំនុកដំកើង ៣៤:២០; សាការី ១២:១០; យ៉ូហាន ១៩:៣៣​-​៣៧) ឧទាហរណ៍​ទាំង​នេះ​គឺ​គ្រាន់​តែ​ជា​ឧទាហរណ៍​ខ្លះ​ៗ​អំពី​ទំនាយ​ស្តី​អំពី​ព្រះ​មេស្ស៊ី ដែល​បាន​ទាក់​ទង​នឹង​ព្រះ​យេស៊ូ ដោយ​ពួក​សរសេរ​ព្រះ​គម្ពីរ​ដែល​បាន​ត្រូវ​បណ្ដាល​ឲ្យ​តែង​ដោយ​ព្រះ។ *

អបអរសាទរ​ស្តេច​ជា​ព្រះ​មេស្ស៊ី!

៨. តើ​អ្នក​ណា​ជា​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​ពី​បុរាណ ហើយ​តើ​ទំនាយ​ដែល​បាន​កត់​ទុក​ក្នុង​ដានីយ៉ែល ៧:៩​-​១៤ បាន​សម្រេច​យ៉ាង​ដូច​ម្ដេច?

នៅ​ឆ្នាំ​ដំបូង​នៃ​ស្តេច​បេលសាសារ​សាសន៍​បាប៊ីឡូន នោះ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ព្យាការី​របស់​ទ្រង់ដានីយ៉ែល នូវ​សុបិន​មួយ​និង​ចក្ខុនិមិត្ត​ដ៏​អស្ចារ្យ។ មុន​ដំបូង ព្យាការី​នេះ​បាន​ឃើញ​សត្វ​បួន​ដ៏​ធំ​សម្បើម។ ទេវតា​របស់​ព្រះ​បាន​សម្គាល់​គេ​ជា«ស្តេច​៤​អង្គ» ដូច្នេះ​នេះ​ក៏​បញ្ជាក់​ថា​ពួក​គេ​បាន​តំណាង​មហា​អំណាច​ជា​បន្ត​បន្ទាប់។ (ដានីយ៉ែល ៧:១​-​៨, ១៧) បន្ទាប់​មក ដានីយ៉ែលបាន​ឃើញ​ព្រះ​យេហូវ៉ា«ព្រះ​ដ៏​មាន​ព្រះ​ជន្ម​ពី​ចាស់​បុរាណ» កំពុង​តែ​គង់​លើ​បល្ល័ង្ក​ដោយ​សិរី​រុង​រឿង។ ដោយ​ជំនុំ​ជំរះ​សត្វ​ទាំង​នេះ​ដោយ​មិន​អនុគ្រោះ នោះ​ទ្រង់​បាន​យក​ការ​គ្រប់​គ្រង​ចេញ​ពី​គេ និង​បាន​កំទេច​ចោល​នូវ​សត្វ​ទី​បួន​នេះ។ ការ​គ្រប់​គ្រង​ជា​ស្ថាពរ​លើ«បណ្ដា​ជន​ទាំង​ឡាយ សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា» ហើយ​បន្ទាប់​មក​បាន​ប្រគល់​ឲ្យ«១​អង្គ​ដូច​ជា​មនុស្សជាតិ»។ (ដានីយ៉ែល ៧:៩​-​១៤) នេះ​ជា​ទំនាយ​ដ៏​អស្ចារ្យ​មែន ដែល​ទាក់​ទង​នឹង​ការ​ឡើង​សោយ​រាជ្យ​នៃ«កូន​មនុស្ស» គឺ​ព្រះ​យេស៊ូ​គ្រីស្ទ នៅ​ស្ថាន​សួគ៌​ក្នុង​ឆ្នាំ​១៩១៤!—ម៉ាថាយ ១៦:១៣

៩, ១០. (ក) តើ​ផ្នែក​ផ្សេង​ៗ​នៃ​រូប​ក្នុង​សុបិន​នេះ បាន​ចង្អុល​ទៅ​អ្វី? (ខ) តើ​អ្នក​នឹង​ពន្យល់​នូវ​ការ​សម្រេច​នៃ​ដានីយ៉ែល ២:៤៤​យ៉ាង​ដូច​ម្ដេច?

ដានីយ៉ែលបាន​ដឹង​ថា​ព្រះ​គឺ«ដក​ស្តេច​ចេញ ហើយ​ក៏​តាំង​ស្តេច​ឡើង»។ (ដានីយ៉ែល ២:២១) ដោយ​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា ដ៏​ជា«ព្រះ​ដែល​ទ្រង់​សំដែង​ឲ្យ​បាន​យល់​ការ​អាថ៌​កំបាំង» នោះ​ព្យាការី​នេះ​ក៏​បញ្ចេញ​ឲ្យ​គេ​ដឹង​នូវ​អត្ថន័យ​នៃ​សុបិន​របស់​ស្តេច​នេប៊ូក្នេសា ដ៏​ជា​សាសន៍​បាប៊ីឡូន​នេះ ស្តី​អំពី​រូប​ដ៏​ធំ​មហិមា។ ផ្នែក​ផ្សេង​ៗ​នៃ​រូប​នេះ​បាន​ចង្អុល​ប្រាប់​អំពី​ការ​ឡើង​និង​ការ​ធ្លាក់​នៃ​មហា​អំណាច​នានា ដូច​ជា​បាប៊ីឡូន មេឌី​-​ពើស៊ី ក្រេក និងរ៉ូម។ ព្រះ​ទ្រង់​បាន​ប្រើដានីយ៉ែលឲ្យ​ផ្ដល់​នូវ​ចំណុច​សំខាន់​ៗ​អំពី​ព្រឹត្ដិការណ៍​ក្នុង​ពិភព​លោក រហូត​មក​ដល់​សម័យ​យើង​និង​ត​ទៅ​អនាគត​ទៀត។—ដានីយ៉ែល ២:២៤​-​៣០

១០ ទំនាយ​នេះ​បាន​ចែង​ថា៖ «រីឯ​នៅ​គ្រា​នៃ​ស្តេច​ទាំង​នោះ ព្រះ​នៃ​ស្ថាន​សួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច»។ (ដានីយ៉ែល ២:៤៤) នៅ​ពេល​ដែល‹គ្រា​កំណត់​នៃ​សាសន៍​ដទៃ›បាន​ចប់​ក្នុង​ឆ្នាំ​១៩១៤ នោះ​ព្រះ​បាន​ស្ថាបនា​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​ឲ្យ​ព្រះ​គ្រីស្ទ​គ្រប់​គ្រង។ (លូកា ២១:២៤; វិវរណៈ ១២:១​-​៥) ដោយ​អំណាច​របស់​ព្រះ នោះ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី​នេះ ដែល​តំណាង​ជា«ថ្ម» ក៏​ផ្ដាច់​ចេញ​ពី«ភ្នំ»នៃ​អធិបតេយ្យ​សកល​លោក​របស់​ព្រះ។ នៅ​ឯ​អើម៉ាគេដូន ថ្ម​នោះ​នឹង​ទង្គិច​រូប ដែល​ត្រូវ​កិន​ឲ្យ​ទៅ​ជា​ម្សៅ។ ដូច​ជា​ភ្នំ​នៃ​រដ្ឋាភិបាល​ដែល​មាន​អានុភាព​លើ‹ផែនដី​ទាំង​មូល› នោះ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី​នឹង​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច។—ដានីយ៉ែល ២:៣៥, ៤៥; វិវរណៈ ១៦:១៤, ១៦ *

១១. តើ​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​របស់​ព្រះ​យេស៊ូ​ជា​ការ​សម្ដែង​ឲ្យ​ឃើញ​ជា​មុន​អំពី​អ្វី ហើយ​តើ​ចក្ខុនិមិត្ត​នេះ​មាន​អានុភាព​យ៉ាង​ណា​លើ​ពេត្រុស?

១១ ដោយ​នឹក​ក្នុង​គំនិត​អំពី​ការ​គ្រប់​គ្រង​នៃ​ព្រះ​រាជាណាចក្រទ្រង់ នោះ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា៖ «ក្នុង​ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នេះ មាន​អ្នក​ខ្លះ​មិន​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់ ទាល់​តែ​បាន​ឃើញ​កូន​មនុស្ស​មក​ក្នុង​នគរ​របស់​លោក»។ (ម៉ាថាយ ១៦:២៨) ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក នោះ​ព្រះ​យេស៊ូ​បាន​យក​ពេត្រុស យ៉ាកុប និង​យ៉ូហានទៅ​ឯ​ភ្នំ​ដ៏​ខ្ពស់ កាល​ដែល​ទ្រង់​បាន​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​នៅ​ពី​មុខ​គេ។ កាល​ដែល​ពពក​ដ៏​ភ្លឺ​បាន​បាំង​ពួក​សាវ័ក នោះ​ព្រះ​បាន​ប្រកាស​ថា៖ «នេះ​ជា​កូន​ស្ងួន​ភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់ ចូរ​ស្ដាប់​តាម​ចុះ»។ (ម៉ាថាយ ១៧:១​-​៩; ម៉ាកុស ៩:១​-​៩) នេះ​ជា​ការ​សម្ដែង​ឲ្យ​ឃើញ​ជា​មុន​យ៉ាង​ណា​ទៅ​ហ្ន៎ អំពី​សិរី​រុង​រឿង​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​គ្រីស្ទ! អ៊ីចឹង​ហើយ​បាន​ជា​ពេត្រុស​បាន​សំដៅ​ទៅ​ចក្ខុនិមិត្ត​ដ៏​អស្ចារ្យ​នេះ ហើយ​បាន​មាន​ប្រសាសន៍​ថា៖ «យើង​ខ្ញុំ​មាន​ពាក្យ​ទំនាយ​ដ៏​ពិត​ជាង»។—ពេត្រុស​ទី​២ ១:១៦​-​១៩ *

១២. ហេតុ​អ្វី​ក៏​នេះ​ជា​គ្រា​ប្រសើរ​ជាង​គ្រា​ឯ​ទៀត ដើម្បី​សម្ដែង​ជំនឿ​របស់​យើង​លើ​ពាក្យ​ទំនាយ​របស់​ព្រះ?

១២ «ពាក្យ​ទំនាយ»នោះ តាម​មើល​ទៅ មិន​គ្រាន់​តែ​រួម​បញ្ចូល​អស់​ទាំង​ទំនាយ​ក្នុងបទគម្ពីរហេព្រើរ ដែល​ស្តី​អំពី​ព្រះ​មេស្ស៊ី ក៏​ប៉ុន្តែ​រួម​បញ្ចូល​សេចក្ដី​ប្រកាស​របស់​ព្រះ​យេស៊ូ ថា​ទ្រង់​នឹង​យាង​មក«មាន​ទាំង​ព្រះ​ចេស្ដា នឹង​សិរី​ល្អ​ជា​ខ្លាំង»។ (ម៉ាថាយ ២៤:៣០) ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​នេះ​បាន​បញ្ជាក់​ពាក្យ​ទំនាយ​អំពី​ការ​យាង​មក​ក្នុង​សិរី​រុង​រឿង​របស់​ព្រះ​គ្រីស្ទ ទាំង​កាន់​អំណាច​ព្រះ​រាជាណាចក្រ។ មិន​យូរ​ប៉ុន្មាន​ទៀត ការ​លាត​ត្រដាង​ដ៏​រុង​រឿង​របស់​ទ្រង់ នឹង​មាន​ន័យ​ថា ជា​ការ​ហិន​វិនាស​លើ​ពួក​គ្មាន​ជំនឿ និង​ប្រសិទ្ធិពរ​ដល់​អស់​អ្នក​ដែល​អនុវត្ត​ជំនឿ។ (ថែស្សាឡូនីច​ទី​២ ១:៦​-​១០) ការ​សម្រេច​នៃ​ទំនាយ​ព្រះ​គម្ពីរ​ស​ឲ្យ​ឃើញ​ថា នេះ​ជា​ថ្ងៃ«ជាន់​ក្រោយ​បង្អស់»។ (ធីម៉ូថេ​ទី​២ ៣:១​-​៥, ១៦, ១៧; ម៉ាថាយ ២៤:៣​-​១៤) ជា​អ្នក​ប្រហារ​ដ៏​ឧត្តម​របស់​ព្រះ​យេហូវ៉ា នោះ​មីកែល​ដ៏​ជា​ព្រះ​យេស៊ូ​គ្រីស្ទ ឈរ​ប្រុង​ប្រៀប​ជា​ស្រេច​ដើម្បី​នាំ​ទី​បញ្ចប់​ដល់​របប​លោកីយ៍​ដ៏​អាក្រក់​ជួជាតិ​នេះ ក្នុង​កំឡុង​ពេល​មាន«សេចក្ដី​វេទនា​ជា​ខ្លាំង»។ (ម៉ាថាយ ២៤:២១; ដានីយ៉ែល ១២:១) អ៊ីចឹង​ហើយ​នេះ​ជា​គ្រា​ដើម្បី​សម្ដែង​ថា យើង​មាន​ជំនឿ​លើ​ពាក្យ​ទំនាយ​របស់​ព្រះ។

រក្សា​ជំនឿ​លើ​ពាក្យ​ទំនាយ​របស់​ព្រះ

១៣. តើ​អ្វី​ដែល​ប្រហែល​ជា​អាច​ជួយ​យើង​ឲ្យ​រក្សា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​រក្សា​ឲ្យ​ជំនឿ​របស់​យើង​នៅ​រស់​រវើក​លើ​បន្ទូល​របស់​ទ្រង់​នោះ?

១៣ ប្រាកដ​ហើយ យើង​មាន​ចិត្ត​រំភើប​ពេល​ដែល​យើង​ទើប​តែ​រៀន​អំពី​ការ​សម្រេច​នៃ​ពាក្យ​ទំនាយ​របស់​ព្រះ។ ប៉ុន្តែ តើ​ជំនឿ​របស់​យើង​និង​សេចក្ដី​ស្រឡាញ់​របស់​យើង បាន​អន់​ថយ​តាំង​ពី​នោះមក​ទេ? សូម​កុំ​ឲ្យ​យើង​ធ្វើ​ដូច​ជា​ពួក​គ្រីស្ទាន​ក្នុងអេភេសូរ ដែល‹បោះ​បង់​ចោល​សេចក្ដី​ស្រឡាញ់​ដែល​គេ​មាន​ពី​មុន​នោះ›។ (វិវរណៈ ២:១​-​៤) មិន​ថា​យើង​បាន​បំរើ​ព្រះ​យេហូវ៉ា​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​ក៏​ដោយ យើង​អាច​មាន​ការ​បាត់​បង់​បែប​នេះ លើក​លែង​តែ​យើង‹ខំ​រក្សា​ការ​ស្វែង​រក​ព្រះ​រាជាណាចក្រ និង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន› ដើម្បី​ប្រមូល​ទ្រព្យ​សម្បត្ដិ​នៅ​ស្ថាន​សួគ៌។ (ម៉ាថាយ ៦:១៩​-​២១, ៣១​-​៣៣) ការ​សិក្សា​ព្រះ​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់ ការ​រួម​ចំណែក​ដោយ​ទៀង​ទាត់​ក្នុង​កិច្ច​ប្រជុំ​គ្រីស្ទាន និង​សកម្មភាព​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដ៏​ខ្នះ​ខ្នែង នឹង​ជួយ​យើង​ឲ្យ​រក្សា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ចំពោះ​បុត្រា​របស់​ទ្រង់ និង​ចំពោះបទគម្ពីរ​ដែរ។ (ទំនុកដំកើង ១១៩:១០៥; ម៉ាកុស ១៣:១០; ហេព្រើរ ១០:២៤, ២៥) ជា​បន្ត​បន្ទាប់ នេះ​នឹង​រក្សា​ឲ្យ​ជំនឿ​របស់​យើង​នៅ​រស់​រវើក​លើ​បន្ទូល​របស់​ព្រះ។—ទំនុកដំកើង ១០៦:១២

១៤. តើ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​ទទួល​អំណោយ​យ៉ាង​ណា ចំពោះ​ជំនឿ​របស់​គេ​លើ​ពាក្យ​ទំនាយ​របស់​ព្រះ​យេហូវ៉ា?

១៤ ដូច​ជា​ពាក្យ​ទំនាយ​របស់​ព្រះ​បាន​ត្រូវ​សម្រេច​នៅ​អតីតកាល នោះ​យើង​ក៏​អាច​មាន​ជំនឿ​លើ​អ្វី​ដែល​បាន​ទាយ​មក​សំរាប់​អនាគត​នោះ​ដែរ។ ជា​ឧទាហរណ៍ វត្តមាន​របស់​ព្រះ​គ្រីស្ទ​ក្នុង​សិរី​រុង​រឿង​នៃ​ព្រះ​រាជាណាចក្រ ឥឡូវ​នេះ​ជា​ហេតុ​ការណ៍​ពិត ហើយ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់ បាន​ពិសោធ​នូវ​សេចក្ដី​សន្យា​នៃ​ទំនាយ​នេះ ដែល​ថា៖ «ឯ​អស់​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​បរិភោគ​ផ្លែ​របស់​ដើម​ជីវិត ដែល​នៅ​ស្ថាន​បរមសុខ​របស់​ព្រះ»។ (វិវរណៈ ២:៧, ១០; ថែស្សាឡូនីច​ទី​១ ៤:១៤​-​១៧) ព្រះ​យេស៊ូ​ប្រទាន​ឲ្យ​ដល់​អស់​អ្នក​ដែល​ឈ្នះ​នូវ​ឯកសិទ្ធិ «ឲ្យ​បរិភោគ​ផ្លែ​របស់​ដើម​ជីវិត» ក្នុង​ទី​មនោរម្យ​ខាង​ស្ថាន​សួគ៌​របស់​ព្រះ។ ក្នុង​ដំណើរ​រស់​ឡើង​វិញ​របស់​គេ ហើយ​តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ នោះ​ពួក​គេ​ទទួល​អមតភាព​និង​ភាព​ឥត​ពុក​រលួយ ដែល​បាន​ផ្ដល់​មក​ដោយ​ព្រះ​យេហូវ៉ា «ស្តេច​នៃ​អស់​ទាំង​កល្ប ដែល​ទ្រង់​មិន​ចេះ​សុគត ហើយ​មើល​ទ្រង់​មិន​ឃើញ គឺ​ជា​ព្រះ​តែ​១​ព្រះ​អង្គ»។ (ធីម៉ូថេ​ទី​១ ១:១៧; កូរិនថូស​ទី​១ ១៥:៥០​-​៥៤; ធីម៉ូថេ​ទី​២ ១:១០) នេះ​ជា​អំណោយ​ដ៏​ធំ​អស្ចារ្យ ចំពោះ​សេចក្ដី​ស្រឡាញ់​ដ៏​គ្មាន​ទី​បំផុត​របស់​គេ​ចំពោះ​ព្រះ និង​ការ​មាន​ជំនឿ​ដែល​មិន​រេ​រា​លើ​ពាក្យ​ទំនាយ​របស់​ព្រះ!

១៥. តើ​គ្រឹះ​នៃ«ផែនដី​ថ្មី»បាន​ត្រូវ​ចាក់​ដោយ​អ្នក​ណា ហើយ​អ្នក​ណា​ជា​ពួក​គូកន​របស់​គេ?

១៥ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ការ​ស្លាប់​នៃ​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដ៏​ស្មោះ​ត្រង់ នោះ​ពួក​គេ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ឯ‹សួន​មនោរម្យ​របស់​ព្រះ›នៅ​ស្ថាន​សួគ៌ ហើយ​ពួក​សំណល់​នៃ​អ៊ីស្រាអែល​ខាង​វិញ្ញាណ​ដែល​នៅ​លើ​ផែនដី បាន​ត្រូវ​ដោះ​លែង​ចេញ​ពី«បាប៊ីឡូន​ដ៏​ធំ» ដែល​ជា​ចក្រភព​នៃ​សាសនា​មិន​ពិត។ (វិវរណៈ ១៤:៨; កាឡាទី ៦:១៦) គ្រឹះ​នៃ«ផែនដី​ថ្មី»បាន​ត្រូវ​ចាក់​ដោយ​ពួក​គេ។ (វិវរណៈ ២១:១) ដូច្នេះ​ហើយ «ស្រុក​១»ក៏​បាន​លេច​ចេញ​មក ហើយ​ស្រុក​នេះ​ក៏​បាន​សាង​សង់​ឡើង​ជា​សួន​មនោរម្យ​ខាង​វិញ្ញាណ ដែល​រីក​ចំរើន​ពាស​ពេញ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ។ (អេសាយ ៦៦:៨) ហើយ​មនុស្ស​ច្រើន​អនេក​ដែល​ជា​គូកន​នៃ​ពួក​អ៊ីស្រាអែល​ខាង​វិញ្ញាណ ហើយ​ដែល​មាន​លក្ខណៈ​ដូច​ចៀម​ផង ក៏​កំពុង​តែ​ចូល​ក្នុង​ស្រុក​នេះ​នៅ​ពេល​ឥឡូវ​នេះ​ជា«ជាន់​ក្រោយ​បង្អស់»។—អេសាយ ២:២​-​៤; សាការី ៨:២៣; យ៉ូហាន ១០:១៦; វិវរណៈ ៧:៩

អនាគត​របស់​មនុស្សជាតិ​បាន​ទាយ​ប្រាប់​ក្នុង​ពាក្យ​ទំនាយ​របស់​ព្រះ

១៦. តើ​ពួក​អ្នក​គាំទ្រ​ដ៏​ស្មោះ​ត្រង់​នៃ​ពួក​ចាក់​ប្រេង​តាំង​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ណា?

១៦ តើ​ពួក​គាំទ្រ​ដ៏​ស្មោះ​ត្រង់​របស់​ពួក​អ្នក​ចាក់​ប្រេង​តាំង​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ណា​ដែរ? ពួក​គេ​ក៏​មាន​ជំនឿ​លើ​ពាក្យ​ទំនាយ​របស់​ព្រះ ហើយ​សេចក្ដី​សង្ឃឹម​របស់​គេ​ពឹង​លើ​ការ​ចូល​ក្នុង​ផែនដី​មនោរម្យ។ (លូកា ២៣:៣៩​-​៤៣) នៅ​ទី​នោះ ពួក​គេ​នឹង​ពិសា​ពី«ទន្លេ​ទឹក​ជីវិត» ហើយ​នឹង​មាន​ការ​ធ្វើ​ឲ្យ​ជា​ឡើង​វិញ​ពី«ស្លឹក​ឈើ​នោះ» ដែល​បាន​ដាំ​នៅ​មាត់​ទន្លេ​ទាំង​សង​ខាង។ (វិវរណៈ ២២:១, ២) ប្រសិន​បើ​អ្នក​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​បែប​នេះ សូម​ឲ្យ​អ្នក​បន្ត​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា និង​ជំនឿ​លើ​ពាក្យ​ទំនាយ​របស់​ទ្រង់។ សូម​ឲ្យ​អ្នក​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​ពិសោធន៍​នូវ​អំណរ​ដែល​គ្មាន​កំរិត​នៃ​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច នៅ​លើ​ផែនដី​មនោរម្យ។

១៧. ជីវិត​លើ​ផែនដី​មនោរម្យ​នឹង​រួម​បញ្ចូល​ប្រសិទ្ធិពរ​អ្វី​ខ្លះ?

១៧ មនុស្ស​ឥត​គ្រប់ល័ក្ខណ៍​មិន​អាច​រៀប​រាប់​ឲ្យ​បាន​ពេញ​លេញ​អំពី​ជីវិត ដែល​នឹង​មាន​នៅ​សួន​មនោរម្យ​លើ​ផែនដី​នេះ​បាន​ទេ ក៏​ប៉ុន្តែ​ពាក្យ​ទំនាយ​របស់​ព្រះ​ផ្ដល់​ឲ្យ​យើង​នូវ​ការ​យល់​ធ្លុះជ្រៅ​អំពី​ប្រសិទ្ធិពរ ដែល​នឹង​មាន​នៅ​គ្រា​នោះ​ចំពោះ​មនុស្ស​លោក​ដែល​ចេះ​ស្ដាប់​បង្គាប់។ នៅ​ពេល​ដែល​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​គ្រប់​គ្រង​ដោយ​គ្មាន​ការ​ជំទាស់​ប្រឆាំង ហើយ​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់​នឹង​បាន​សម្រេច​នៅ​លើ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ នោះ​គ្មាន​មនុស្ស​ដ៏​កាច​សាហាវ​ណា ឬ​ក៏​សត្វ​ណា​នឹង​មក«ធ្វើ​ទុក្ខ ឬ​បំផ្លាញ​គ្នា»ទេ។ (អេសាយ ១១:៩; ម៉ាថាយ ៦:៩, ១០) ពួក​មនុស្ស​រាប​សា​នឹង​រស់​លើ​ផែនដី និង«បាន​ចិត្ត​រីករាយ ដោយ​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ»។ (ទំនុកដំកើង ៣៧:១១) ប្រជាជន​ដែល​ស្លាប់​ដោយ​អត់​បាយ​នឹង​លែង​មាន​ទៀត​ហើយ ដ្បិត«នឹង​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក រហូត​ដល់​កំពូល​ភ្នំ»។ (ទំនុកដំកើង ៧២:១៦) ហើយ​ទឹក​ភ្នែក​នៃ​ការ​ទុក្ខ​ព្រួយ​ក៏​លែង​ស្រក់​ទៀត។ ជម្ងឺ​នឹង​បាត់​សូន្យ​ទៅ ហើយ​សូម្បី​តែ​សេចក្ដី​ស្លាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ។ (អេសាយ ៣៣:២៤; វិវរណៈ ២១:៤) តើ​អ្នក​អាច​គិត​ក្នុង​មនោ​គតិ​នូវ​ការ​គ្មាន​គ្រូ​ពេទ្យ គ្មាន​ថ្នាំ គ្មាន​មន្ទីរ​ពេទ្យ​ឬ​មន្ទីរ​ពេទ្យ​វិកល​ចរិត គ្មាន​បុណ្យ​ខ្មោច​ទេ? នេះ​ជា​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​យ៉ាង​ណា​ទៅ​ហ្ន៎!

១៨. (ក) តើដានីយ៉ែលបាន​ទទួល​នូវ​ការ​ធានា​រ៉ាប់​រង​អំពី​អ្វី​ទៅ? (ខ) តើ​អ្វី​ទៅ​ជា«ចំណែក»របស់ដានីយ៉ែលនោះ?

១៨ សូម្បី​តែ​ផ្នូរ​ខ្មោច​មនុស្ស​ទូទៅ​ក៏​នឹង​ត្រូវ​នៅ​ទទេ​ដែរ កាល​ដែល​ដំណើរ​រស់​ឡើង​វិញ​នឹង​មាន​ជំនួស​សេចក្ដី​ស្លាប់​នោះ។ លោកយ៉ូបដ៏​សុចរិត​ក៏​មាន​សេចក្ដី​សង្ឃឹម​បែប​នេះ​ដែរ។ (យ៉ូប ១៤:១៤, ១៥) ហើយ​ព្យាការីដានីយ៉ែលក៏​មាន​សេចក្ដី​សង្ឃឹម​នេះ​ដែរ ដ្បិត​ទេវតា​របស់​ព្រះ​យេហូវ៉ា បាន​ប្រទាន​នូវ​ការ​ធានា​រ៉ាប់​រង​ដ៏​សម្រាល​ទុក្ខ​នេះ​ថា៖ «ត្រូវ​ឲ្យ​អ្នក​ទៅ​តាម​ផ្លូវ​របស់​អ្នក​ចុះ ដរាប​ដល់​ចុង​បំផុត ដ្បិត​អ្នក​នឹង​ត្រូវ​សំរាក​ទៅ តែ​នឹង​បាន​ឈរ​ឡើង​វិញ ដើម្បី​ទទួល​ចំណែក​របស់​អ្នក​នៅ​គ្រា​ចុង​បំផុត»។ (ដានីយ៉ែល ១២:១៣) ដានីយ៉ែលបាន​បំរើ​ព្រះ​ដោយ​ចិត្ត​ស្មោះ​ត្រង់​រហូត​ដល់​ទី​បញ្ចប់​នៃ​ជីវិត​របស់​គាត់។ ឥឡូវ​នេះ​គាត់​កំពុង​តែ​សំរាក​ក្នុង​សេចក្ដី​ស្លាប់ ក៏​ប៉ុន្តែ​គាត់​នឹង«ឈរ​ឡើង» នៅ​ពេល«ពួក​មនុស្ស​សុចរិត​រស់​ឡើង​វិញ» ក្នុង​កំឡុង​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រីស្ទ។ (លូកា ១៤:១៤) តើ​អ្វី​ទៅ​ដែល​នឹង​ជា«ចំណែក»របស់ដានីយ៉ែលនោះ? នៅ​ក្នុង​ការ​សម្រេច​អំពី​សួន​មនោរម្យ នោះ​ទំនាយ​របស់អេសេគាលបញ្ជាក់​ថា អស់​អ្នក​បំរើ​ព្រះ​យេហូវ៉ា​នឹង​មាន​កន្លែង ដែល​នឹង​ទទួល​ចំណែក​ក្នុង​ស្រុក​តាម​របៀប​ដ៏​ឥត​រើស​មុខ​និង​ដែល​មាន​សណ្ដាប់​ធ្នាប់។ (អេសេគាល ៤៧:១៣–៤៨:៣៥) ដូច្នេះដានីយ៉ែល នឹង​មាន​ចំណែក​ក្នុង​សួន​មនោរម្យ ក៏​ប៉ុន្តែ​ការ​ទទួល​ចំណែក​របស់​លោក​នឹង​ទាក់​ទង​ច្រើន​ទៀត មិន​មែន​គ្រាន់​តែ​ស្រុក​នោះ​ទេ។ នេះ​នឹង​រួម​បញ្ចូល​កន្លែង​របស់​គាត់​ក្នុង​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា។

១៩. តើ​មាន​តម្រូវ​ការ​អ្វី​ចំពោះ​ជីវិត​លើ​ផែនដី​មនោរម្យ​នោះ?

១៩ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​អ្នក និង​ការ​ទទួល​ចំណែក​របស់​អ្នក? ប្រសិន​បើ​អ្នក​មាន​ជំនឿ​លើ​បន្ទូល​របស់​ព្រះ គឺ​ព្រះ​គម្ពីរ នោះ​ប្រហែល​ជា​អ្នក​ចង់​បាន​ជា​ខ្លាំង​នូវ​ជីវិត​ក្នុង​ផែនដី​មនោរម្យ​ដែរ។ អ្នក​ប្រហែល​ជា​នឹក​ក្នុង​មនោ​គតិ​ថា​ខ្លួន​អ្នក​នៅ​ទី​នោះ រីករាយ​នឹង​ប្រសិទ្ធិពរ​ជា​ច្រើន កំពុង​តែ​មើល​ថែ​រក្សា​ផែនដី និង​ទទួល​ស្វាគមន៍​ដ៏​រីករាយ​នូវ​ពួក​មនុស្ស​ស្លាប់​រស់​មក​វិញ។ យ៉ាង​ណា​មិញ សួន​មនោរម្យ​ជា​កន្លែង​ដែល​មនុស្ស​លោក​គួរ​នឹង​រស់​នៅ។ ព្រះ​បាន​បង្កើត​គូ​មនុស្ស​ដំបូង​ឲ្យ​រស់​នៅ​ក្នុង​កន្លែង​បែប​នេះ។ (លោកុប្បត្តិ ២:៧​-​៩) ហើយ​ទ្រង់​ចង់​ឲ្យ​មនុស្ស​ដែល​ចេះ​ស្ដាប់​បង្គាប់​រស់​នៅ​ជា​រៀង​រហូត​ក្នុង​សួន​មនោរម្យ។ តើ​អ្នក​នឹង​ប្រព្រឹត្ត​ឲ្យ​សម​ស្រប​តាមបទគម្ពីរ​ឬ​ទេ ដើម្បី​ឲ្យ​អ្នក​បាន​នៅ​ក្នុង​ចំណោម​មនុស្ស​រាប់​រយ​កោដិ​នាក់ ដែល​នឹង​រស់​នៅ​លើ​ផែនដី​មនោរម្យ​នោះ? អ្នក​អាច​នៅ​ទី​នោះ ប្រសិន​បើ​អ្នក​ពិត​ជា​ស្រឡាញ់​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌ ព្រះ​យេហូវ៉ា ហើយ​មាន​ជំនឿ​ដ៏​ស្ថិត​ស្ថេរ​លើ​ពាក្យ​ទំនាយ​របស់​ព្រះ​នោះ។

[កំណត់​សម្គាល់]

^ សូម​មើលជំពូកទី​១១ នៃ​សៀវភៅ ការ​យក​ចិត្ត​ទុក​ដាក់​នឹង​ទំនាយ​របស់​លោកដានីយ៉ែល! និង«ចិតសិប​អាទិត្យ» នៅ​ក្នុង​សៀវភៅ ការ​យល់​ធ្លុះ​ជ្រៅ​នឹងបទគម្ពីរ (ភាសា​អង់គ្លេស) ដែល​បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

^ សូម​មើល សៀវភៅ«គ្រប់​ទាំងបទគម្ពីរ​គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ក៏​មាន​ប្រយោជន៍» ទំព័រ ៣៤៣​-​៣៤៤ (ភាសា​អង់គ្លេស) ដែល​បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

^ សូម​មើលជំពូកទី​៤​និង​ទី​៩​នៃ​សៀវភៅ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ទំនាយ​របស់​លោកដានីយ៉ែល! (ភាសា​អង់គ្លេស)

^ សូម​មើល​អត្ថបទ ដែល​មាន​ចំណង​ជើង​ថា «ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទំនាយ​របស់​ព្រះ» ដែល​មាន​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០០០។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​ទំនាយ​ដំបូង​ជា​អ្វី ហើយ​តើ​អ្នក​ណា​ជា​ពូជ​ដែល​បាន​សន្យា​មក​នោះ?

តើ​ទំនាយ​ណា​ខ្លះ​អំពី​ព្រះ​មេស្ស៊ី ដែល​បាន​សម្រេច​ដោយ​ព្រះ​យេស៊ូ​នោះ?

តើ​ដានីយ៉ែល ២:៤៤, ៤៥ នឹង​ត្រូវ​សម្រេច​ឡើង​យ៉ាង​ដូច​ម្ដេច?

ពាក្យ​ទំនាយ​របស់​ព្រះ​ចង្អុល​ប្រាប់​អំពី​អនាគត​យ៉ាង​ណា ចំពោះ​មនុស្ស​លោក​ដែល​ចេះ​ស្ដាប់​បង្គាប់?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២៦]

តើ​អ្នក​សង្ឃឹម​ចង់​រស់​នៅ​លើ​ផែនដី​មនោរម្យ​ឬ​ទេ?