លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរស្ដាប់នូវអ្វីដែលព្រះវិញ្ញាណចែងមក

ចូរស្ដាប់នូវអ្វីដែលព្រះវិញ្ញាណចែងមក

ចូរ​ស្ដាប់​នូវ​អ្វី​ដែល​ព្រះ​វិញ្ញាណ​ចែង​មក

«ហើយ​កាល​ណា​ឯង​រាល់​គ្នា​បែរ​ទៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង នោះ​ត្រចៀក​នឹង​ឮ​ពាក្យ​ពី​ក្រោយ​ឯង​ថា គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ»។—អេសាយ ៣០:២១

១, ២. តើ​ព្រះ​យេហូវ៉ា​បាន​ទាក់​ទង​ជា​មួយ​នឹង​មនុស្សជាតិ ទូទាំង​ប្រវត្ដិសាស្ត្រ​ដោយ​របៀប​ណា?

 តេ​លេ​ទស្សន៍​វិទ្យុ​ដ៏​ធំ​ជាង​គេ និង​ចាប់​បាន​រលក​វិទ្យុ​ច្រើន​ជាង​គេ​ក្នុង​ពិភព​លោក​គឺ​ស្ថិត​នៅ​កោះ​ផូធើ​រីកូ។ ជា​ច្រើន​ទសវត្ស​មក​ហើយ ពួក​អ្នក​វិទ្យា​សាស្ត្រ​បាន​សង្ឃឹម​ថា​នឹង​ទទួល​ដំណឹង​ពីជី​វិត​នៅ​ក្រៅ​ផ្ទៃ​ផែនដី ដោយ​ប្រើ​ឧបករណ៍​ដ៏​ធំ​សម្បើម​នេះ។ ក៏​ប៉ុន្តែ មិន​ដែល​បាន​ទទួល​នូវ​ដំណឹង​បែប​នេះ​ឡើយ។ តែ​គួរ​ឲ្យ​ហួស​ចិត្ត​មែន គឺ​មាន​ដំណឹង​ដ៏​ច្បាស់​លាស់​ពី​វិស័យ​ខាង​ក្រៅ ដែល​យើង​ម្នាក់​ៗ​អាច​ទទួល​ពេល​ណា​ក៏​បាន​ដែរ ដោយ​មិន​ប្រើ​ឧបករណ៍​ដ៏​ស្មុគ​ស្មាញ​ឡើយ។ នេះ​គឺ​មក​ពី​ប្រភព ដែល​ខ្ពង់​ខ្ពស់​ឆ្ងាយ​ជាង​ជីវិត​ខាង​ក្រៅ​ផ្ទៃ​ផែនដី​ទៅ​ទៀត។ តើ​អ្វី​ទៅ​ជា​ប្រភព​នៃ​ដំណឹង​នេះ ហើយ​ពួក​ណា​ដែល​ទទួល​ដំណឹង​នោះ? តើ​ដំណឹង​នេះ​ចែង​ប្រាប់​យ៉ាង​ណា?

ឯកសារ​ព្រះ​គម្ពីរ​មាន​ដំណើរ​រឿង​ខ្លះ​ៗ ស្តី​អំពី​គ្រា​ដែល​ដំណឹង​របស់​ព្រះ បាន​ធ្វើ​ឲ្យ​បាន​ឮ​ដល់​ត្រចៀក​របស់​មនុស្សជាតិ។ ជួន​កាល​សារ​ទាំង​នេះ​បាន​ត្រូវ​យក​មក​ដោយ​សត្តនិករ​វិញ្ញាណ ដោយ​បំរើ​ជា​ពួក​អ្នក​នាំ​សារ​របស់​ព្រះ។ (លោកុប្បត្តិ ២២:១១, ១៥; សាការី ៤:៤, ៥; លូកា ១:២៦​-​២៨) បី​ដង សម្លេង​ផ្ទាល់​របស់​ព្រះយេហូវ៉ា​បាន​ត្រូវ​ឮ។ (ម៉ាថាយ ៣:១៧; ១៧:៥; យ៉ូហាន ១២:២៨, ២៩) ព្រះ​ក៏​បាន​មាន​បន្ទូល​តាម​រយៈ​ព្យាការី​ដ៏​ជា​មនុស្ស ដែល​ពួក​គេ​ជា​ច្រើន​នាក់​បាន​សរសេរ​នូវ​អ្វី ដែល​ទ្រង់​បាន​បណ្ដាល​ឲ្យ​គេ​តែង។ សព្វ​ថ្ងៃ​នេះ យើង​មាន​ព្រះ​គម្ពីរ ដែល​រួម​បញ្ចូល​ឯកសារ​សរសេរ​នៃ​ការ​និយាយ​ឆ្លង​ឆ្លើយ​ទាំង​នេះ ព្រម​ទាំង​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ​និង​ពួក​សិស្ស​របស់​ទ្រង់​ទៀត​ផង។ (ហេព្រើរ ១:១, ២) ប្រាកដ​ហើយ ព្រះ​យេហូវ៉ា​បាន​បញ្ជូន​ពត៌មាន​ដល់​ពួក​មនុស្ស​របស់​ទ្រង់។

៣. តើ​អ្វី​ទៅ​ជា​គោល​បំណង​នៃ​សារ​របស់​ព្រះ ហើយ​តើ​អ្វី​ដែល​តម្រូវ​ពី​យើង?

សារ​ទាំង​នេះ​ដែល​មក​ពី​ព្រះ លាត​ត្រដាង​ដ៏​តិច​តួច​អំពី​សកល​លោក​ខាង​រូប​ធាតុ។ សារ​ទាំង​នេះ​ដៅ​បញ្ជាក់​លើ​រឿង​ដែល​សំខាន់​ជាង ដែល​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​យើង​ឥឡូវ​នេះ និង​នៅ​នា​អនាគត។ (ទំនុកដំកើង ១៩:៧​-​១១; ធីម៉ូថេ​ទី​១ ៤:៨) ព្រះ​យេហូវ៉ា​ប្រើ​សារ​ទាំង​នេះ ដើម្បី​ប្រាប់​នូវ​បំណង​ព្រះ​ហឫទ័យ​ទ្រង់ និង​ប្រទាន​យើង​នូវ​ការ​ណែនាំ​របស់​ទ្រង់។ សារ​ទាំង​នេះ​ជា​ផ្លូវ​មួយ ដែល​ពាក្យ​របស់​ព្យាការីអេសាយកំពុង​តែ​សម្រេច ដែល​ថា៖ «ហើយ​កាល​ណា​ឯង​រាល់​គ្នា​បែរ​ទៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង នោះ​ត្រចៀក​នឹង​ឮ​ពាក្យ​ពី​ក្រោយ​ឯង​ថា គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ»។ (អេសាយ ៣០:២១) ព្រះ​យេហូវ៉ា​មិន​បង្ខំ​យើង​ឲ្យ​ស្ដាប់​តាម«ពាក្យ»របស់​ទ្រង់​ទេ។ គឺ​ស្រេច​តែ​យើង​ធ្វើ​តាម​ការ​ដឹក​នាំ​ពី​ព្រះ និង​ដើរ​តាម​ផ្លូវ​របស់​ទ្រង់​ប៉ុណ្ណោះ។ គឺ​ចំពោះ​មូលហេតុ​នេះ​ហើយ ដែលបទគម្ពីរ​ដាស់​តឿន​យើង​ឲ្យ​ស្ដាប់​តាម​បន្ទូល ដែល​មក​ពី​ព្រះ​យេហូវ៉ា។ នៅ​ក្នុង​សៀវភៅវិវរណៈ ការ​លើក​ទឹក​ចិត្ត​ឲ្យ«ស្ដាប់​សេចក្ដី ដែល​ព្រះ​វិញ្ញាណ​មាន​បន្ទូល» នោះ​មាន​ប្រាំ​ពីរ​ដង។—វិវរណៈ ២:៧, ១១, ១៧, ២៩; ៣:៦, ១៣, ២២

៤. តើ​សម​ហេតុ​សម​ផល​ឬ​ទេ​ក្នុង​សម័យ​យើង ដែល​សង្ឃឹម​ថា​ព្រះ​នឹង​ប្រស្រ័យ​ទាក់​ទង​យើង​ដោយ​ផ្ទាល់​ពី​ស្ថាន​សួគ៌​នោះ?

សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​មិន​បាន​មាន​បន្ទូល​ដល់​យើង​ដោយ​ផ្ទាល់​ពី​វិស័យ​នៅ​ស្ថាន​សួគ៌​ឡើយ។ សូម្បី​នៅ​សម័យ​ព្រះ​គម្ពីរ ការ​ប្រស្រ័យ​ទាក់​ទង​តាម​វិធី​អធិធម្មជាតិ​គឺ​ជា​ព្រឹត្ដិការណ៍​ដែល​ពុំ​សូវ​មាន ដែល​ជួន​កាល​ព្រឹត្ដិការណ៍​បាន​កើត​ឡើង​ម្ដង​ក្នុង​ជា​ច្រើន​សតវត្ស​ឯ​ណោះ។ ទូទាំង​ប្រវត្ដិសាស្ត្រ ភាគ​ច្រើន​ព្រះ​យេហូវ៉ា​តែង​តែ​បាន​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​រាស្ត្រ​ទ្រង់ ដោយ​មិន​តាម​រយៈ​អង្គ​ទ្រង់​ផ្ទាល់​នោះ​ទេ។ ហើយ​សព្វ​ថ្ងៃ​នេះ​ក៏​អ៊ីចឹង​ដែរ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​វិធី​បី​យ៉ាង ដែល​ព្រះ​យេហូវ៉ា​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​យើង​សព្វ​ថ្ងៃ​នេះ។

«គ្រប់​ទាំងបទគម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង»

៥. តើ​អ្វី​ជា​ប្រដាប់​ដ៏​សំខាន់​បំផុត​របស់​ព្រះ​យេហូវ៉ា សំរាប់​ការ​ប្រស្រ័យ​ទាក់​ទង​សព្វ​ថ្ងៃ​នេះ ហើយ​តើ​យើង​អាច​ទទួល​ប្រយោជន៍​ពី​នេះ​យ៉ាង​ដូច​ម្ដេច?

ប្រដាប់​សំខាន់​បំផុត​នៃ​ការ​ប្រស្រ័យ​ទាក់​ទង​រវាង​ព្រះ​និង​មនុស្សជាតិ គឺ​ជា​ព្រះ​គម្ពីរ។ ព្រះ​គម្ពីរ​បាន​បណ្ដាល​ឲ្យ​តែង​ដោយ​ព្រះ ហើយ​សេចក្ដី​ទាំង​អស់​ក្នុង​ព្រះ​គម្ពីរ​អាច​ជា​ប្រយោជន៍​ដល់​យើង។ (ធីម៉ូថេ​ទី​២ ៣:១៦) ព្រះ​គម្ពីរ​សម្បូណ៌​ទៅ​ដោយ​ឧទាហរណ៍​នៃ​មនុស្ស​មែន​ទែន ដែល​បាន​ប្រើ​ចិត្ត​សេរី​របស់​គេ ដើម្បី​សម្រេច​ចិត្ត​ស្ដាប់​តាម​សម្លេង​របស់​ព្រះ​យេហូវ៉ា​ឬ​ក៏​យ៉ាង​ណា។ ឧទាហរណ៍​បែប​នេះ​រំឭក​យើង​នូវ​មូលហេតុ​ដ៏​ចាំ​បាច់ ដែល​យើង​ត្រូវ​ស្ដាប់​នូវ​អ្វី​ដែល​វិញ្ញាណ​របស់​ព្រះ​មាន​បន្ទូល​មក​នោះ។ (កូរិនថូស​ទី​១ ១០:១១) ព្រះ​គម្ពីរ​ក៏​មាន​ប្រាជ្ញា​ដែល​ប្រកប​ដោយ​មាន​ប្រយោជន៍ ដែល​ផ្ដល់​ឲ្យ​យើង​នូវ​ឱវាទ​ពេល​ដែល​យើង​បាន​ប្រឈម​មុខ​នឹង​សេចក្ដី​សម្រេច​ក្នុង​ជីវិត។ នេះ​គឺ​ហាក់​ដូច​ជា​ព្រះ​បាន​គង់​នៅ​ពី​ក្រោយ​យើង មាន​បន្ទូល​ដាក់​ត្រចៀក​យើង​នូវ​ពាក្យ​នេះ​ថា៖ «គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ»។

៦. ហេតុ​អ្វី​ក៏​ព្រះ​គម្ពីរ​គឺ​ខ្ពង់​ខ្ពស់​ឆ្ងាយ​ជាង​សៀវភៅ​ទាំង​អស់?

ដើម្បី​ឲ្យ​បាន​ឮ​នូវ​អ្វី​ដែល​ព្រះ​វិញ្ញាណ​មាន​បន្ទូល​មក តាម​រយៈ​ព្រះ​គម្ពីរ នោះ​យើង​ត្រូវ​តែ​អាន​ព្រះ​គម្ពីរ​ឲ្យ​បាន​ទៀង​ទាត់។ ព្រះ​គម្ពីរ​មិន​គ្រាន់​តែ​ជា​សៀវភៅ​សរសេរ​ដ៏​ល្អ សៀវភៅ​ដ៏​ប្រជាប្រិយ ជា​សៀវភៅ​មួយ​ក្នុង​ចំណោម​សៀវភៅ​ជា​ច្រើន ដែល​មាន​សព្វ​ថ្ងៃ​នេះ​នោះ​ទេ។ ព្រះ​គម្ពីរ​គឺ​បាន​បណ្ដាល​ឲ្យ​តែង​មក​ដោយ​វិញ្ញាណ និង​មាន​គំនិត​របស់​ព្រះ។ ហេព្រើរ ៤:១២ ចែង​ថា៖ «ពីព្រោះ ឯ​ព្រះ​បន្ទូល​នៃ​ព្រះ​នោះ​រស់​នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់​តែ​កាត់​ព្រលឹង​នឹង​វិញ្ញាណ ហើយ​សន្លាក់​នឹង​ខួរ​ឆ្អឹង​ដាច់​ពី​គ្នា ទាំង​ពិចារណា​អស់​ទាំង​គំនិត​ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ»។ កាល​ដែល​យើង​អាន​ព្រះ​គម្ពីរ នោះ​ពត៌មាន​របស់​វា​ធ្លុះ​ចូល​គំនិត​ខាង​ក្នុង​និង​ការ​ជំរុញ​ចិត្ត​របស់​យើង ដូច​ជា​ដាវ​មួយ ដោយ​លាត​ត្រដាង​នូវ​កំរិត​ដែល​ជីវិត​របស់​យើង​អនុលោម​ទៅ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ។

៧. ហេតុ​អ្វី​ក៏​ការ​អាន​ព្រះ​គម្ពីរ​សំខាន់​ម្ល៉េះ ហើយ​តើ​យើង​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​នេះ​ទៀង​ទាត់​ប៉ុណ្ណា?

«អស់​ទាំង​គំនិត​ដែល​ចិត្ត​គិត»អាច​កែ​ប្រែ កាល​ដែល​ពេល​វេលា​កន្លង​ទៅ ហើយ​កាល​ដែលបទពិសោធន៍​ក្នុង​ជីវិត​របស់​យើង​មាន​ឥទ្ធិពល​លើ​យើង មិន​ថាបទពិសោធន៍​ដ៏​ល្អ​ឬ​ក៏​ពិបាក​ក៏​ដោយ។ ប្រសិន​បើ​យើង​មិន​សិក្សា​បន្ទូល​របស់​ព្រះ​ជា​រឿយ​ៗ នោះគំនិត អាកប្បកិរិយា និង​អារម្មណ៍​របស់​យើង នឹង​លែង​សម​ស្រប​នឹង​គោល​ការណ៍​ព្រះ​ទៀត​ហើយ។ ដូច្នេះ​ហើយ ព្រះ​គម្ពីរ​ដាស់​តឿន​យើង​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ជំនឿ​ឬ​ទេ ចូរ​ល្បង​ខ្លួន​មើល​ចុះ»។ (កូរិនថូស​ទី​២ ១៣:៥) ប្រសិន​បើ​យើង​ចង់​បន្ត​ស្ដាប់​តាម​អ្វី​ដែល​ព្រះ​វិញ្ញាណ​មាន​បន្ទូល​មក នោះ​យើង​គួរ​តែ​ធ្វើ​តាម​ឱវាទ ដែល​ថា​យើង​ត្រូវ​តែ​អាន​បន្ទូល​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ។—ទំនុកដំកើង ១:២

៨. តើ​ពាក្យ​អ្វី​ខ្លះ​របស់​សាវ័ក​ប៉ុល ដែល​ជួយ​យើង​ឲ្យ​ពិនិត្យ​មើល​ខ្លួន​ឯង ស្តី​អំពី​ការ​អាន​ព្រះ​គម្ពីរ​នោះ?

ការ​រំឭក​ដ៏​សំខាន់​មួយ​សំរាប់​ពួក​អ្នក​អាន​ព្រះ​គម្ពីរ នោះ​គឺ៖ ចូរ​អនុញ្ញាត​ឲ្យ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​ជ្រួត​ជ្រាប​នូវ​អ្វី​ដែល​អ្នក​អាន! ក្នុង​ការ​ខំ​ប្រឹង​ធ្វើ​តាម​ឱវាទ​នេះ​ដោយ​អាន​ព្រះ​គម្ពីរ​រៀង​រាល់​ថ្ងៃ នោះ​យើង​មិន​ចង់​អាន​ទាំង​ប្រញាប់​នូវ​បី​បួនជំពូក ដោយ​ឥត​យល់​នូវ​អត្ថន័យ​ពី​អ្វី​ដែល​យើង​អាន​នោះ​ឡើយ។ ថ្វី​បើ​ការ​អាន​ព្រះ​គម្ពីរ​ជា​ទៀង​ទាត់​គឺ​សំខាន់​ក៏​ដោយ ការ​ជំរុញ​ចិត្ត​របស់​យើង​មិន​មែន​គ្រាន់​តែ​ធ្វើ​ឡើង​ឲ្យ​ទាន់​តារាង​ពេល​ទេ តែ​យើង​គួរ​មាន​សេចក្ដី​ប្រាថ្នា​ដ៏​ស្មោះ​ដើម្បី​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​ទ្រង់។ ក្នុង​ករណី​នេះ ប្រហែល​ជា​ការ​ប្រសើរ​បើ​យើង​ប្រើ​ពាក្យ​ទាំង​នេះ​របស់​សាវ័ក​ប៉ុល ចំពោះ​ការ​ពិនិត្យ​មើល​ខ្លួន​ឯង។ ក្នុង​ការ​សរសេរ​ទៅ​ពួក​គ្រីស្ទាន​គ្នី​គ្នា​របស់​គាត់ នោះ​គាត់​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​លុត​ជង្គង់ នៅ​ចំពោះ​ព្រះ​វរបិតា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា។ ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស​ប្រទាន ឲ្យ​អ្នក​រាល់​គ្នា . . . ឲ្យ​ព្រះ​គ្រីស្ទ​បាន​សណ្ឋិត​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយ​សារ​សេចក្ដី​ជំនឿ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចាក់​ឫស ហើយ​តាំង​មាំ​មួន​ក្នុង​សេចក្ដី​ស្រឡាញ់ ដើម្បី​ឲ្យ​អាច​នឹង​យល់ ជា​មួយ​នឹង​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា ពី​ទទឹង បណ្ដោយ ជំរៅ នឹង​កំពស់​នៃ​សេចក្ដី​ស្រឡាញ់​នោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ដ៏​រក​គិត​មិន​យល់ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពេញ​ដល់​គ្រប់​ទាំង​សេចក្ដី​ពោរ​ពេញ​របស់​ផង​ព្រះ»។—អេភេសូរ ៣:១៤, ១៦​-​១៩

៩. តើ​តាម​របៀប​ណា​ដែល​យើង​អាច​បណ្ដុះ​និង​ពង្រីក នូវ​សេចក្ដី​ប្រាថ្នា​របស់​យើង​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា​នោះ?

ពិត​មែន យើង​ខ្លះ​ដោយ​ចរិត មិន​សូវ​ចូល​ចិត្ត​ការ​អាន​ទេ កាល​ដែល​អ្នក​ដទៃ​ជា​ពួក​អ្នក​ដែល​ចូល​ចិត្ត​អាន​យ៉ាង​ខ្លាំង​ៗ​នោះ។ ប៉ុន្តែ ទោះ​ជា​យើង​ម្នាក់​ៗ​មាន​ចរិត​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​អាច​បណ្ដុះ​និង​ពង្រីក​សេចក្ដី​ប្រាថ្នា​របស់​យើង ឲ្យ​រៀន​ពី​ព្រះ​យេហូវ៉ា​បាន​ដែរ។ សាវ័ក​ពេត្រុស​បាន​ពន្យល់​ថា យើង​គួរ​មាន​ចំណង់​យ៉ាង​ខ្លាំង​ចំពោះ​ចំណេះ​ក្នុង​ព្រះ​គម្ពីរ ហើយ​គាត់​បាន​ទទួល​ស្គាល់​ថា​សេចក្ដី​ប្រាថ្នា​បែប​នេះ ប្រហែល​ជា​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ឡើង។ គាត់​បាន​សរសេរ​ថា៖ «នោះ​ត្រូវ​ឲ្យ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ ខាង​ឯ​ព្រលឹង​វិញ្ញាណ​វិញ ដូច​ជា​ទារក​ដែល​ទើប​នឹង​កើត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំរើន​ធំ​ឡើង ដរាប​ដល់​បាន​សង្គ្រោះ»។ (ពេត្រុស​ទី​១ ២:២) ការ​ទូន្មាន​ខ្លួន​យើង​គឺ​សំខាន់ បើ​ចង់‹បង្កើត​ឲ្យ​មាន​ចំណង់​យ៉ាង​ខ្លាំង›ចំពោះ​ការ​សិក្សា​ព្រះ​គម្ពីរ។ ដូច​ជា​យើង​អាច​បណ្ដុះ​ឲ្យ​ចូល​ចិត្ត​អាហារ​ថ្មី ក្រោយ​ពី​ភ្លក់​ពីរ​បី​ដង នោះ​អាកប្បកិរិយា​របស់​យើង​ចំពោះ​ការ​អាន​និង​សិក្សា អាច​ផ្លាស់​ប្ដូរ​ឲ្យ​បាន​ប្រសើរ​ឡើង ប្រសិន​បើ​យើង​ទូន្មាន​ខ្លួន​យើង​ឲ្យ​ធ្វើ​តាម​ទម្រង់​ការ​ឲ្យ​បាន​ទៀង​ទាត់។

‹អាហារ​បរិភោគ តាម​ត្រូវ​ពេល›

១០. តើ​អ្នក​ណា​ដែល​រួម​បង្គ្រប់‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› ហើយ​តើ​ព្រះ​យេហូវ៉ា​កំពុង​តែ​ប្រើ​គេ​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

១០ វិធី​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​ប្រើ​ដើម្បី​មាន​បន្ទូល​មក​យើង​សព្វ​ថ្ងៃ​នេះ គឺ​បាន​សម្គាល់​ដោយ​ព្រះ​យេស៊ូ​នៅ​ឯ​ម៉ាថាយ ២៤:៤៥​-​៤៧។ នៅ​ទី​នោះ​ទ្រង់​បាន​មាន​បន្ទូល​អំពី​ក្រុម​ជំនុំ​គ្រីស្ទាន​ដែល​បាន​ចាក់​ប្រេង​តាំង ដែល​ជា‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›បាន​ត្រូវ​រើស​តាំង​ឲ្យ​ផ្ដល់‹អាហារ​បរិភោគ​តាម​ត្រូវ​ពេល›។ ជា​បុគ្គល​ម្នាក់ ពួក​សមាជិក​នៃ​ក្រុម​នេះ​ជា‹ពួក​ផ្ទះ›របស់​ព្រះ​យេស៊ូ។ ពួក​ទាំង​នេះ រួម​នឹង«ហ្វូង​យ៉ាង​ធំ»នៃ«ចៀម​ឯ​ទៀត» ទទួល​ការ​លើក​ទឹក​ចិត្ត​និង​ការ​ណែនាំ។ (វិវរណៈ ៧:៩; យ៉ូហាន ១០:១៦) អាហារ​នេះ​ជា​ច្រើន​ដែល​មាន​តាម​ត្រូវ​ពេល គឺ​មាន​មក​តាម​រយៈ​ប្រកាសនវត្ថុ​បោះ​ពុម្ព ដូច​ជា​ទស្សនាវដ្ដី​ប៉ម​យាម និង​ភ្ញាក់​រឭក! និង​ប្រកាសនវត្ថុ​ឯ​ទៀត។ អាហារ​ខាង​វិញ្ញាណ​ឯ​ទៀត​បាន​ត្រូវ​ផ្ដល់​មក​តាម​រយៈ​ការ​អធិប្បាយ និង​ការ​សម្ដែង​ឲ្យ​យល់​នៅ​ឯ​មហា​សន្និបាត សន្និបាត និង​កិច្ច​ប្រជុំ​ក្នុង​ក្រុម​ជំនុំ។

១១. តើ​តាម​របៀប​ណា​ដែល​យើង​បង្ហាញ​ថា​យើង​ស្ដាប់​តាម​អ្វី​ដែល​ព្រះ​វិញ្ញាណ​មាន​បន្ទូល​មក តាម​រយៈ‹ពួក​អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›នោះ?

១១ ពត៌មាន​ដែល​ផ្ដល់​មក​តាម​រយៈ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› គឺ​មាន​បំណង​ដើម្បី​ពង្រឹង​ជំនឿ​យើង​និង​អប់រំ​សមត្ថភាព​នៃ​ការ​វែក​ញែក​របស់​យើង។ (ហេព្រើរ ៥:១៤) ឱវាទ​បែប​នេះ​ប្រហែល​ជា​មាន​សភាព​ធម្មតា ដើម្បី​អនុញ្ញាត​ឲ្យ​យើង​ម្នាក់​ៗ​ធ្វើ​ការ​អនុវត្ត​ផ្ទាល់​ខ្លួន។ យូរ​ៗ​ម្ដង យើង​ក៏​ទទួល​ឱវាទ​ដែល​ទាក់​ទង​នឹង​លក្ខណៈ​ចំ​ៗ​នៃ​ចរិយា​របស់​យើង​ដែរ។ តើ​យើង​គួរ​តែ​មាន​អាកប្បកិរិយា​យ៉ាង​ណា បើ​យើង​ពិត​ជា​ស្ដាប់​តាម​អ្វី​ដែល​ព្រះ​វិញ្ញាណ​មាន​បន្ទូល​មក តាម​រយៈ​ពួក​អ្នក​បំរើ​នេះ? សាវ័ក​ប៉ុល​ឆ្លើយ​ថា៖ «ចូរ​ស្ដាប់​តាម ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​ចុះ»។ (ហេព្រើរ ១៣:១៧) ពិត​មែន ពួក​អ្នក​ទាំង​អស់​ដែល​ជាប់​ទាក់​ទិន​នឹង​ការ​រៀបចំ​នេះ គឺ​ជា​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍។ ប៉ុន្តែ ទោះ​ជា​គេ​ជា​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍​ក៏​ដោយ ក៏​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​រីករាយ​ក្នុង​ការ​ប្រើ​ពួក​អ្នក​បំរើ​របស់​ទ្រង់ ដើម្បី​ដឹក​នាំ​យើង​ក្នុង​គ្រា​ចុង​បញ្ចប់​នេះ។

ការ​ដឹក​នាំ​ពី​មនសិការ​របស់​យើង

១២, ១៣. (ក) តើ​ប្រភព​ណា​ទៀត​នៃ​ការ​ដឹក​នាំ ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ដល់​យើង? (ខ) តើ​មនសិការ​អាច​មាន​អានុភាព​ដ៏​វិជ្ជមាន​ណា លើ​មនុស្ស​ថ្វី​បើ​គេ​មិន​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​បន្ទូល​របស់​ព្រះ​នោះ?

១២ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ដល់​យើង​នូវ​ប្រភព​នៃ​ការ​ដឹក​នាំ​មួយ​ទៀត នោះ​គឺ​មនសិការ​របស់​យើង។ ទ្រង់​បាន​បង្កើត​មនុស្ស​ឲ្យ​ចេះ​ដឹង​ខុស​ត្រូវ។ នេះ​គឺ​ជា​ផ្នែក​នៃ​លក្ខណៈ​របស់​យើង។ ក្នុង​សំបុត្រ​ជូន​ពួក​ជន​ជាតិ​រ៉ូម៉ាំង នោះ​សាវ័ក​ប៉ុល​បាន​ពន្យល់​ថា៖ «កាល​ណា​ពួក​សាសន៍​ដទៃ ដែល​គ្មាន​ក្រិត្យ​វិន័យ គេ​បាន​ប្រព្រឹត្ត​តាម​ក្រិត្យ​វិន័យ​ពី​បវេណី នោះ​ពួក​ដែល​គ្មាន​ក្រិត្យ​វិន័យ​នោះ​ឯង គេ​ជា​ក្រិត្យ​វិន័យ​ដល់​ខ្លួន​គេ​វិញ ដោយ​សំដែង​ថា របៀប​ក្រិត្យ​វិន័យ​បាន​កត់​ទុក​ក្នុង​ចិត្ត​គេ​ហើយ បញ្ញា​ចិត្ត​គេ​ក៏​ធ្វើ​បន្ទាល់​ឲ្យ ហើយ​គំនិត​គេ​ចួន​កាល​ប្រកាន់​ទោស ចួន​កាល​ដោះ​សា​គ្នា​ទៅ​វិញ​ទៅ​មក»។—រ៉ូម ២:១៤, ១៥

១៣ មនុស្ស​ជា​ច្រើន​ដែល​ឥត​ស្គាល់​ព្រះ​យេហូវ៉ា នោះ​អាច​នាំ​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​គេ ឲ្យ​ស្រប​តាម​គោល​ការណ៍​របស់​ព្រះ​ខាង​ការ​ដឹង​ខុស​ត្រូវ​បាន។ នេះ​គឺ​ហាក់​ដូច​គេ​បាន​ឮ​សម្លេង​ខ្សឹប​ៗ​ដែល​ដឹក​នាំ​គេ​តាម​ផ្លូវ​ត្រឹម​ត្រូវ។ ប្រសិន​បើ​នេះ​អាច​ជា​ការ​ពិត ចំពោះ​អស់​អ្នក​ដែល​ឥត​មាន​ចំណេះ​ត្រឹម​ត្រូវ​នឹង​បន្ទូល​របស់​ព្រះ នោះ​សម្លេង​ខាង​ក្នុង​គួរ​ឮ​ចំពោះ​ពួក​គ្រីស្ទាន​ពិត​យ៉ាង​ណា​ទៅ​ហ្ន៎! ប្រាកដ​ហើយ មនសិការ​គ្រីស្ទាន​ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ដោយ​ចំណេះ​ត្រឹម​ត្រូវ​នៃ​បន្ទូល​របស់​ព្រះ ហើយ​ដែល​អនុវត្ត​ឲ្យ​សម​ស្រប​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា ក៏​អាច​ផ្ដល់​នូវ​ការ​ដឹក​នាំ​ដែល​ទុក​ចិត្ត​បាន​ដែរ។—រ៉ូម ៩:១

១៤. តើ​តាម​របៀប​ណា​ដែល​មនសិការ​ដែល​បាន​អប់រំ​ដោយ​ព្រះ​គម្ពីរ ជួយ​យើង​ឲ្យ​ធ្វើ​តាម​ការ​ដឹក​នាំ​របស់​ព្រះ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​នោះ?

១៤ មនសិការ​ល្អ ដែល​បាន​អប់រំ​ដោយ​ព្រះ​គម្ពីរ អាច​រំឭក​យើង​អំពី​ផ្លូវ​ដែល​ព្រះ​វិញ្ញាណ​ចង់​ឲ្យ​យើង​ដើរ។ គឺ​មាន​គ្រា​ដែលបទគម្ពីរ​និង​ប្រកាសនវត្ថុ​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ ឥត​ចែង​យ៉ាង​ចំ​ៗ​លើ​ស្ថានការណ៍​មួយ ដែល​យើង​កំពុង​តែ​ជួប​ប្រទះ​នោះ​ទេ។ ក៏​ប៉ុន្តែ មនសិការ​របស់​យើង​ប្រហែល​ជា​ព្រមាន​ប្រាប់ ឲ្យ​យើង​ប្រយ័ត្ន​នូវ​ដំណើរ​ដែល​អាច​មាន​គ្រោះ​ថ្នាក់​នៅ​ខាង​មុខ។ ក្នុង​ករណី​បែប​នេះ ការ​ធ្វើ​កន្តើយ​នឹង​មនសិការ​របស់​យើង តាម​ពិត​អាច​មាន​ន័យ​ថា ធ្វើ​កន្តើយ​នឹង​អ្វី​ដែល​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​អ៊ីចឹង។ ម្យ៉ាង​វិញ​ទៀត ដោយ​រៀន​ឲ្យ​ចេះ​ទុក​ចិត្ត​លើ​មនសិការ​គ្រីស្ទាន​ដែល​បាន​អប់រំ នោះ​យើង​អាច​សម្រេច​ចិត្ត​បាន​ល្អ ទោះ​ជា​ឥត​មាន​ការ​ដឹក​នាំ​ចំ​ៗ​ដោយ​លាយ​លក្ខណ៍​អក្សរ​ក៏​ដោយ។ ប៉ុន្តែ​គឺ​សំខាន់​ណាស់​ដោយ​ចាំ​ទុក​ថា នៅ​ពេល​ណា​ដែល​ឥត​មាន​គោល​ការណ៍ ឬ​ច្បាប់​របស់​ព្រះ នោះ​គឺ​មិន​ត្រូវ​ទេ​ដោយ​បង្ខំ​មនសិការ​របស់​យើង​ឲ្យ​វិនិច្ឆ័យ​ទៅ​លើ​ពួក​គ្រីស្ទាន​គ្នី​គ្នា ចំពោះ​អ្វី​ដែល​ជា​រឿង​ផ្ទាល់​ខ្លួន​ទាំង​ស្រុង​នោះ។—រ៉ូម ១៤:១​-​៤; កាឡាទី ៦:៥

១៥, ១៦. តើ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​មនសិការ​របស់​យើង​ទៅ​ជា​ខូច ហើយ​តើ​យើង​អាច​បង្ការ​រឿង​នេះ​កុំ​ឲ្យ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?

១៥ មនសិការ​ដ៏​ថ្លៃ​ថ្លា ដែល​បាន​អប់រំ​ដោយ​ព្រះ​គម្ពីរ គឺ​ជា​អំណោយ​ដ៏​ល្អ​ពី​ព្រះ។ (យ៉ាកុប ១:១៧) ប៉ុន្តែ​យើង​ត្រូវ​តែ​ការ​ពារ​អំណោយ​នេះ​ពី​អានុភាព​ដ៏​ពុក​រលួយ បើ​យើង​ចង់​ឲ្យ​មនសិការ​នេះ​មាន​ដំណើរ​ការ​យ៉ាង​ត្រឹម​ត្រូវ ជា​ប្រដាប់​បង្ការ​គ្រោះ​ថ្នាក់​ខាង​សីលធម៌​នោះ។ ប្រពៃណី​និង​ទំនៀម​ទម្លាប់​ក្នុង​ស្រុក ដែល​ជំទាស់​នឹង​ខ្នាត​តម្រា​របស់​ព្រះ បើ​បាន​ធ្វើ​តាម​នោះ វា​អាច​ធ្វើ​ឲ្យ​មនសិការ​របស់​យើង​ទៅ​ជា​ខូច និង​លែង​បង្ខំ​យើង​ឲ្យ​ដើរ​តាម​ទិស​ដៅ​ត្រឹម​ត្រូវ​វិញ​ឡើយ។ យើង​ប្រហែល​ជា​ពុំ​អាច​វិនិច្ឆ័យ​បាន​ត្រឹម​ត្រូវ ហើយ​ព្រម​ទាំង​អាច​បំភាន់​ខ្លួន​យើង​ឲ្យ​ជឿ​ថា ការ​ប្រព្រឹត្ត​អាក្រក់​មួយ​គឺ​តាម​ពិត​ទៅ​ជា​ការ​ល្អ​វិញ​ទេ។—ប្រៀប​មើល យ៉ូហាន ១៦:២

១៦ ប្រសិន​បើ​យើង​បន្ត​ធ្វើ​កន្តើយ​នឹង​ការ​ព្រមាន​ពី​មនសិការ​របស់​យើង នោះ​សម្លេង​វា​នឹង​ទៅ​ជា​ខ្សោយ​ឡើង​ៗ រហូត​ដល់​យើង​ស្ពឹកខាង​សីលធម៌​ឬ​ក៏​ឥត​ធ្វើ​តាម​ទៀត​ផង។ អ្នក​តែងបទ​ទំនុកដំកើងបាន​និយាយ​អំពី​មនុស្ស​បែប​នេះ ពេល​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា៖ «ចិត្ត​គេ​ស្ពឹក​ដូច​ជា​មនុស្ស​មាន​ខ្លាញ់​ខន់»។ (ទំនុកដំកើង ១១៩:៧០) មនុស្ស​ខ្លះ​ដែល​ធ្វើ​កន្តើយ​នឹង​ការ​បង្ខំ​ពី​មនសិការ​របស់​គេ នោះ​គឺ​លែង​មាន​សមត្ថភាព​គិត​ត្រឹម​ត្រូវ​ទៀត​ហើយ។ ពួក​គេ​លែង​ឲ្យ​គោល​ការណ៍​ខាង​ព្រះ​ដឹក​នាំ​គេ ហើយ​មិន​អាច​ធ្វើ​សេចក្ដី​សម្រេច​ត្រឹម​ត្រូវ​បាន​ទេ។ ដើម្បី​ជៀស​វាង​នឹង​ស្ថានការណ៍​បែប​នេះ យើង​គួរ​តែ​ឲ្យ​ចេះ​រហ័ស​និង​ធ្វើ​តាម​នូវ​ការ​ដឹក​នាំ​ពី​មនសិការ​គ្រីស្ទាន​របស់​យើង ទោះ​ជា​រឿង​នោះ​ដូច​ជា​តូច​តាច​ក៏​ដោយ។—លូកា ១៦:១០

សប្បាយ​ហើយ​អស់​អ្នក​ដែល​ស្ដាប់​ហើយ​គោរព​តាម

១៧. កាល​ដែល​យើង​ស្ដាប់​តាម‹ពាក្យ​ពី​ក្រោយ​យើង› និង​ធ្វើ​តាម​មនសិការ​ដែល​បាន​អប់រំ​ពី​ព្រះ​គម្ពីរ តើ​យើង​នឹង​ត្រូវ​បាន​ពរ​យ៉ាង​ដូច​ម្ដេច?

១៧ នៅ​ពេល​ដែល​យើង​ស្ថាបនា​នូវ​លំនាំ​នៃ​ការ​ស្ដាប់​តាម‹ពាក្យ​ពី​ក្រោយ​យើង› ពេល​ដែល​បាន​ផ្ដល់​មក​តាម​រយៈបទគម្ពីរ​និង​អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ ហើយ​ពេល​ដែល​យើង​ធ្វើ​តាម​មនសិការ​ដែល​បាន​អប់រំ​ពី​ព្រះ​គម្ពីរ នោះ​ព្រះ​យេហូវ៉ា​នឹង​ប្រទាន​វិញ្ញាណ​របស់​ទ្រង់​ឲ្យ​យើង។ បន្ទាប់​ពី​នោះ វិញ្ញាណ​បរិសុទ្ធ​នឹង​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង នូវ​សមត្ថភាព​របស់​យើង​ឲ្យ​ទទួល​និង​យល់​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​យើង។

១៨, ១៩. តើ​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​អាច​មាន​ប្រយោជន៍​ដល់​កិច្ច​បំរើ និង​ជីវិត​ផ្ទាល់​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១៨ វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​ក៏​នឹង​ធ្វើ​ឲ្យ​យើង​ក្លាហាន ឲ្យ​ប្រឈម​មុខ​នឹង​ស្ថានការណ៍​ដ៏​ពិបាក ដោយ​មាន​ប្រាជ្ញា​និង​សេចក្ដី​ក្លាហាន​ដែរ។ ដូច​ជា​ក្នុង​ករណី​របស់​ពួក​សាវ័ក វិញ្ញាណ​របស់​ព្រះ​អាច​ជំរុញ​វិចារណញ្ញាណ​របស់​យើង ហើយ​ជួយ​យើង​ឲ្យ​ប្រព្រឹត្ត​និង​និយាយ​សម​ស្រប​តាម​គោល​ការណ៍​ព្រះ​គម្ពីរ។ (ម៉ាថាយ ១០:១៨​-​២០; យ៉ូហាន ១៤:២៦; កិច្ច​ការ ៤:៥​-​៨, ១៣, ៣១; ១៥:២៨) វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​រួម​និង​ការ​ខំ​ប្រឹង​ផ្ទាល់​ខ្លួន​របស់​យើង នឹង​ជួយ​ធ្វើ​ឲ្យ​យើង​បាន​ជោគ​ជ័យ កាល​ដែល​យើង​ធ្វើ​ការ​សម្រេច​ដ៏​សំខាន់​ៗ​ក្នុង​ជីវិត ដែល​ផ្ដល់​ឲ្យ​យើង​នូវ​ចិត្ត​ក្លាហាន​ដើម្បី​ប្រព្រឹត្ត​តាម​សេចក្ដី​សម្រេច​ទាំង​នោះ។ ជា​ឧទាហរណ៍ អ្នក​ប្រហែល​ជា​គិត​អំពី​ការ​កែ​សម្រួល​នូវ​របៀប​រស់​នៅ​របស់​អ្នក ដើម្បី​ចំណាយ​ពេល​ច្រើន​ជាង​សំរាប់​សកម្មភាព​ខាង​វិញ្ញាណ។ ឬ​ក៏​អ្នក​ប្រហែល​ជា​ប្រឈម​មុខ​នឹង​សេចក្ដី​សម្រេច​ដ៏​សំខាន់ ស្តី​អំពី​ជីវិត ដូច​ជា​ការ​ជ្រើស​រើស​គូ ការ​ថ្លឹង​ថ្លែង​នឹង​ការ​ឲ្យ​នូវ​ការងារ ឬ​ការ​ទិញ​ផ្ទះ​ជា​ដើម។ ជា​ជាង​អនុញ្ញាត​ឲ្យ​អារម្មណ៍​ដ៏​ជា​មនុស្ស​របស់​យើង ជា​កត្ដា​តែ​មួយ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត យើង​គួរ​តែ​ស្ដាប់​នូវ​អ្វី​ដែល​វិញ្ញាណ​របស់​ព្រះ​មាន​បន្ទូល​មក​ចុះ ហើយ​ប្រព្រឹត្ត​ឲ្យ​សម​ស្រប​តាម​ការ​ដឹក​នាំ​ទាំង​នោះ។

១៩ យើង​ពិត​ជា​អបអរ​ណាស់​នូវ​ការ​រំឭក​ដ៏​សប្បុរស​និង​ឱវាទ ដែល​យើង​ទទួល​ពី​ពួក​គ្រីស្ទាន​គ្នី​គ្នា ដែល​រួម​បញ្ចូល​ពួក​អ្នក​ចាស់​ទុំ។ ប៉ុន្តែ យើង​មិន​ចាំ​បាច់​តែង​តែ​ចាំ​ឲ្យ​អ្នក​ដទៃ​យក​រឿង​នេះ​មក​ប្រាប់​យើង​នោះ​ទេ។ ប្រសិន​បើ​យើង​ដឹង​នូវ​ដំណើរ​ដែល​ប្រកប​ដោយ​ប្រាជ្ញា និង​ការ​កែ​សម្រួល​អ្វី​ខ្លះ​ស្តី​អំពី​អាកប្បកិរិយា​និង​ចរិយា ដើម្បី​ឲ្យ​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ នោះ​ចូរ​ឲ្យ​យើង​ប្រព្រឹត្ត​តាម​ចុះ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​មាន​ពរ​ហើយ»។—យ៉ូហាន ១៣:១៧

២០. តើ​មាន​ប្រសិទ្ធិពរ​ណា​ខ្លះ ដែល​ពួក​អ្នក​ស្ដាប់​តាម‹ពាក្យ​ពី​ក្រោយ​គេ›អាច​ទទួល​នោះ?

២០ យ៉ាង​ច្បាស់​ណាស់ ដើម្បី​ឲ្យ​ដឹង​នូវ​របៀប​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ នោះ​ពួក​គ្រីស្ទាន​មិន​ចាំ​បាច់​ឮ​សម្លេង​មែន​ទែន​ពី​ស្ថាន​សួគ៌​ទេ ហើយ​ក៏​មិន​ត្រូវ​ការ​ទទួល​ទស្សនកិច្ច​ពី​ទេវតា​ឡើយ។ ពួក​គេ​បាន​ទទួល​ប្រសិទ្ធិពរ​ដោយ​មាន​បន្ទូល​របស់​ព្រះ និង​ការ​ដឹក​នាំ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​តាម​រយៈ​ក្រុម​ចាក់​ប្រេង​តាំង​នៅ​លើ​ផែនដី។ ប្រសិន​បើ​គេ​ធ្វើ​តាម​ដោយ​ប្រយ័ត្ន​នឹង‹ពាក្យ​ពី​ក្រោយ​គេ› ហើយ​ធ្វើ​តាម​ការ​ដឹក​នាំ​ពី​មនសិការ​ដែល​អប់រំ​ពី​ព្រះ​គម្ពីរ នោះ​គេ​នឹង​បាន​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ។ រួច​មក​ពួក​គេ​នឹង​ប្រាកដ​ជា​ឃើញ​នូវ​សេចក្ដី​សន្យា​របស់​សាវ័កយ៉ូហាន នឹង​បាន​សម្រេច ដែល​ថា៖ «តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់​កល្ប​ជា​និច្ច​វិញ»។—យ៉ូហាន​ទី​១ ២:១៧

ការ​ពិនិត្យ​មើល​ឡើង​វិញ​ដ៏​សង្ខេប

ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​មនុស្សជាតិ?

តើ​យើង​អាច​ទទួល​ប្រយោជន៍​ពី​កម្ម​វិធី​អាន​ព្រះ​គម្ពីរ​ជា​ទៀង​ទាត់​យ៉ាង​ដូច​ម្ដេច?

តើ​តាម​របៀប​ណា​ដែល​យើង​គួរ​ប្រព្រឹត្ត​តប​នឹង​ការ​ដឹក​នាំ​ពី​ពួក​ក្រុម​បំរើ?

ហេតុ​អ្វី​ក៏​យើង​មិន​គួរ​ធ្វើ​កន្តើយ​នឹង​មនសិការ​ដែល​បាន​អប់រំ​ពី​ព្រះ​គម្ពីរ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១៣]

មនុស្ស​មិន​ចាំ​បាច់​ត្រូវ​ការ​ប្រដាប់​ប្រដា​ដ៏​ស្មុគ​ស្មាញ​ដើម្បី​ទទួល​សារ​ពី​ព្រះ​នោះ​ទេ

[អ្នក​ផ្ដល់​សិទ្ធិ]

Courtesy Arecibo Observatory/David Parker/Science Photo Library

[រូប​ភាព​នៅ​ទំព័រ​១៤]

ព្រះ​យេហូវ៉ា​មាន​បន្ទូល​មក​យើង​តាម​រយៈ​ព្រះ​គម្ពីរ​និង​តាម​រយៈ ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›