ជីវភាពគ្រួសារដ៏សប្បាយនាំឲ្យអ្នកដទៃមកឯព្រះ
របាយការណ៍ពីពួកអ្នកប្រកាសព្រះរាជាណាចក្រ
ជីវភាពគ្រួសារដ៏សប្បាយនាំឲ្យអ្នកដទៃមកឯព្រះ
ព្រះយេហូវ៉ាបានប្រទានពរដល់យ៉ូសែបឲ្យមានប្រាជ្ញាដ៏ឧត្តមនិងការយោគយល់។ (កិច្ចការ ៧:១០) ជាលទ្ធផល ការយល់ធ្លុះជ្រៅរបស់យ៉ូសែប«ក៏គាប់ព្រះទ័យដល់ផារ៉ោន នឹងពួកមហាតលិកទ្រង់ទាំងអស់គ្នា»។—លោកុប្បត្តិ ៤១:៣៧
ស្រដៀងគ្នាដែរសព្វថ្ងៃនេះ ព្រះយេហូវ៉ាប្រទានឲ្យរាស្ត្រទ្រង់មានការយល់ធ្លុះជ្រៅនិងការយោគយល់ តាមរយៈការសិក្សាព្រះគម្ពីររបស់គេ។ (ធីម៉ូថេទី២ ៣:១៦, ១៧) ប្រាជ្ញានិងការយោគយល់បង្កើតបានផលផ្លែល្អ ពេលដែលអនុវត្តតាមឱវាទដែលមានមូលដ្ឋានទៅលើព្រះគម្ពីរនោះ។ ជាញឹកញាប់ ចរិយាដ៏ល្អរបស់គេ‹ក៏បានគាប់ចិត្តដល់អស់អ្នកដែលសង្កេតឃើញនោះ›ដែរ ដូចជាបទពិសោធន៍ពីប្រទេសហ្សីមបាវ៉េ ជាបន្តបន្ទាប់នេះសម្ដែងឲ្យឃើញ។
• ស្ត្រីម្នាក់មានអ្នកជិតខាងជាស្មរបន្ទាល់ព្រះយេហូវ៉ា។ ទោះជាគាត់មិនចូលចិត្តពួកស្មរបន្ទាល់ក៏ដោយ គាត់បានសរសើរចរិយារបស់គេ ជាពិសេសជីវភាពគ្រួសាររបស់គេ។ គាត់បានសង្កេតឃើញថា ប្ដីនិងប្រពន្ធនោះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយកូនចៅរបស់គេក៏ចេះស្ដាប់បង្គាប់ដែរ។ ជាពិសេស គាត់បានកត់សម្គាល់ថាប្ដីនោះបានស្រឡាញ់ប្រពន្ធរបស់ខ្លួនយ៉ាងខ្លាំង។
ជំនឿមួយជាធម្មតាក្នុងវប្បធម៌ខ្លះៗនៃពួកអាហ្វ្រិកគឺថា បើប្ដីម្នាក់ចេះស្រឡាញ់ប្រពន្ធរបស់គាត់ នោះប្រពន្ធច្បាស់ជាបានប្រើអំពើមន្តអាគមដើម្បី«ដាក់»ដល់គាត់ហើយ។ ដូច្នេះស្ត្រីនេះបានទៅឯប្រពន្ធដែលជាស្មរបន្ទាល់នោះ ហើយបានសូមគាត់ថា៖ «ខ្ញុំសុំចេះដាក់អំពើដែលអ្នកបានដាក់ដល់ប្ដីរបស់អ្នក ដើម្បីឲ្យប្ដីរបស់ខ្ញុំស្រឡាញ់ខ្ញុំដូចប្ដីរបស់អ្នកស្រឡាញ់អ្នកដែរបានទេ?»។ ស្មរបន្ទាល់នេះបានឆ្លើយថា៖ «មែនហើយ ខ្ញុំនឹងយកមកឲ្យអ្នកនៅថ្ងៃរសៀលស្អែក»។
នៅថ្ងៃស្អែក បងស្រីនេះក៏បានទៅជួបអ្នកជិតខាងរបស់គាត់ ទាំងយក«អំពើ»នោះទៅជាមួយ។ តើនោះជាអ្វីទៅ? នោះគឺជាព្រះគម្ពីរ ព្រមទាំងប្រកាសនវត្ថុចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ ក្រោយពីបានពិនិត្យមើលនូវពត៌មានពីសៀវភៅចំណេះ ស្តីអំពីប្រធាន«កសាងគ្រួសារដែលផ្ដល់កិត្ដិយសដល់ព្រះ» នោះគាត់បាននិយាយប្រាប់ស្ត្រីនេះថា៖ «នេះហើយជា‹អំពើ› ដែលប្ដីខ្ញុំនិងខ្ញុំប្រើដើម្បី‹ដាក់›ដល់គ្នាទៅវិញទៅមក។ ហេតុនោះហើយបានជាយើងស្រឡាញ់គ្នាណាស់»។ ការសិក្សាព្រះគម្ពីរក៏បានចាប់ផ្ដើមឡើងជាមួយស្ត្រីនេះ ហើយគាត់បានរីកចំរើនយ៉ាងលឿន រហូតដល់បង្ហាញការឧទ្ទិសថ្វាយខ្លួនដល់ព្រះយេហូវ៉ា តាមរយៈពិធីបុណ្យជ្រមុជទឹក។
• អ្នកត្រួសត្រាយពិសេសពីរនាក់ ដែលបានត្រូវចាត់ឲ្យទៅបំរើក្នុងក្រុមជំនុំតូចមួយជិតព្រំដែននៅខាងទិសឦសាននៃប្រទេសហ្សីមបាវ៉េនិងប្រទេសម៉ូហ្សំប៊ិច ក៏ឥតបានចេញទៅផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយអស់រយៈពេលពីរសប្ដាហ៍។ តើហេតុអ្វី? ពីព្រោះមនុស្សបានមកឯពួកគេ ដើម្បីស្ដាប់នូវអ្វីដែលគេនិយាយ។ អ្នកត្រួសត្រាយម្នាក់រៀបរាប់នូវព្រឹត្ដិការណ៍នេះថា៖ «យើងបានធ្វើដំណើរអស់១៥គីឡូម៉ែត្រ ដើម្បីដឹកនាំនូវការសិក្សាព្រះគម្ពីរតាមផ្ទះប្រចាំសប្ដាហ៍ជាមួយនឹងបុគ្គលចាប់អារម្មណ៍ម្នាក់។ គឺមិនជាការស្រួលទេឲ្យយើងទៅដល់កន្លែងនោះ។ យើងត្រូវតែដើរកាត់ភក់ ហើយយើងត្រូវតែឆ្លងទន្លេ លិចទឹក ដែលបានឡើងដល់ត្រឹមករបស់យើង។ យើងត្រូវតែទូលខោអាវនិងស្បែកជើងរបស់យើង កាលដែលឆ្លងទន្លេនេះ ហើយរួចមកក៏ស្លៀកពាក់ម្ដងទៀតនៅឯត្រើយម្ខាងទៀត។
«ពួកអ្នកជិតខាងរបស់អ្នកចាប់អារម្មណ៍នេះ បានមានចិត្តស្ងើចណាស់នឹងការខ្នះខ្នែងរបស់យើង។ ក្នុងចំណោមអស់អ្នកដែលបានកត់សម្គាល់ នោះគឺមានមេដឹកនាំម្នាក់នៃអង្គការសាសនាក្នុងតំបន់នោះ។ គាត់បាននិយាយប្រាប់ពួកបរិស័ទរបស់គាត់ថា៖ ‹តើអ្នករាល់គ្នាចង់មានចិត្តខ្នះខ្នែងដូចយុវបុរសពីរនាក់ ដែលជាស្មរបន្ទាល់ព្រះយេហូវ៉ានោះឬទេ?› នៅថ្ងៃស្អែក ពួកបរិស័ទរបស់គាត់ដែលមានគ្នាច្រើននាក់ ក៏បានមកឯផ្ទះរបស់យើងដើម្បីចង់ដឹងនូវហេតុអ្វីក៏យើងប៉ិនតស៊ូម្ល៉េះ។ ម្យ៉ាងវិញទៀត ក្នុងកំឡុងរយៈពេលពីរសប្ដាហ៍បន្ទាប់ពីនោះ យើងមានភ្ញៀវជាច្រើនដល់ម្ល៉េះដែលយើងមិនទាំងមានពេលចំអិនអាហារសំរាប់ខ្លួនយើងផង!»។
បុគ្គលម្នាក់ដែលបានទៅលេងផ្ទះរបស់ពួកអ្នកត្រួសត្រាយក្នុងកំឡុងពីរសប្ដាហ៍នោះ គឺជាមេដឹកនាំសាសនានោះតែម្ដង។ ចូរគិតពីអំណររបស់ពួកអ្នកត្រួសត្រាយទាំងនោះ ពេលដែលគាត់បានយល់ព្រមសិក្សាព្រះគម្ពីរតាមផ្ទះដែរ!