លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីក៏មានការពុករលួយច្រើនម្ល៉េះ?

ហេតុអ្វីក៏មានការពុករលួយច្រើនម្ល៉េះ?

ហេតុ​អ្វី​ក៏​មាន​ការ​ពុក​រលួយ​ច្រើន​ម្ល៉េះ?

«កុំ​ឲ្យ​ស៊ី​សំណូក​ឲ្យ​សោះ​ដ្បិត​សំណូក​តែង​ដឹក​នាំ​មនុស្ស​ភ្លឺ​ឲ្យ​ទៅ​ជា​ខ្វាក់ ហើយ​ក៏​បង្ខូច​ពាក្យ​របស់​មនុស្ស​សុចរិត​ផង»។—និក្ខមនំ ២៣:៨

បី​ពាន់​ប្រាំ​រយ​ឆ្នាំ​មុន​នេះ ក្រិត្យ​វិន័យ​លោក​ម៉ូសេ​បាន​ផ្ដន្ទា​ទោស​ការ​ស៊ី​សំណូក។ ក្នុង​កំឡុង​ប៉ុន្មាន​សតវត្ស​តាំង​តែ​ពី​ពេល​នោះ​មក ច្បាប់​ត​យុទ្ធ​នឹង​ការ​ស៊ី​សំណូក​បាន​ចំរើន​ឡើង​កាន់​តែ​ច្រើន។ យ៉ាង​ណា​ក៏​ដោយ ការ​ធ្វើ​ច្បាប់​មិន​បាន​ជោគ​ជ័យ​ក្នុង​ការ​កាត់​បន្ថយ​ការ​ពុក​រលួយ​ឡើយ។ សំណូក​រាប់​លាន​ចេញ​ចូល​ពី​ដៃ​មនុស្ស​ជា​រៀង​រាល់​ថ្ងៃ​ហើយ​មនុស្ស​រាប់​រយ​កោដិ​នាក់ រង​ទុក្ខ​វេទនា​ជា​លទ្ធផល។

ការ​ពុក​រលួយ​បាន​រីក​សាយ​និង​ជឿន​លឿន​ដល់​ម្ល៉េះ​បាន​ជា​វា​គំរាម​កំហែង​បង្ខូច​ខ្ទេច​ខ្ទី​នូវ​របៀប​រៀបចំ​នៃ​សង្គម​មនុស្ស។ នៅ​ប្រទេស​ខ្លះ គ្មាន​អ្វី​អាច​សម្រេច​បាន​ឡើយ​ទាល់​តែ​មាន​ការ​សូក​សំណូក។ ការ​សូក​ជូន​សំណូក​ដល់​មនុស្ស​ម្នាក់​ដែល​ទទួល​បន្ទុក​អាច​ឲ្យ​មនុស្ស​ម្នាក់​មាន​សមត្ថភាព​ប្រឡង​ជាប់ ទទួល​សំបុត្រ​បើក​បរ​រថយន្ត រក​បាន​ការងារ​ធ្វើ ឬ​ក៏​ឈ្នះ​ក្នុង​រឿង​ក្ដី។ លោក​អារនូ ម៉ូនថិប៊ូ ជា​មេធាវី​ម្នាក់​នៅ​ទី​ក្រុង​ប៉ារីស គាត់​បាន​មាន​ប្រសាសន៍​ទាំង​សោក​ស្ដាយ​ថា៖ «ការ​ពុក​រលួយ​គឺ​ដូច​ជា​វត្ថុ​កខ្វក់​ដ៏​សន្ធឹក​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​បារម្ភ»។

ការ​ស៊ី​សំណូក​គឺ​មាន​ជា​ពិសេស​ក្នុង​ពិភព​ពាណិជ្ជកម្ម។ ក្រុម​ហ៊ុន​ខ្លះ​លៃ​ទុក​មួយ​ភាគ​បី​ពី​ចំណេញ​របស់​គេ ដើម្បី​សូក​ឲ្យ​កា​រិ​យា​លេខានុការ​រដ្ឋាភិបាល។ យោង​ទៅ​តាម​ទស្សនាវដ្ដី​ប្រទេស​អង់គ្លេស​មួយ​ឈ្មោះ​ឌឺ អ៊ីខាណូមិស ថា​ក្នុង​២៥​រយ​កោដិ​ដុល្លារ​ដែល​ត្រូវ​ចំណាយ​ប្រចាំ​ឆ្នាំ​ក្នុង​ជំនួញ​អន្តរជាតិ​ផ្នែក​សាស្ដ្រាវុធ​អាច​មាន​រហូត​ដល់​១០​ភាគ​រយ​ដែល​ត្រូវ​ប្រើ​ដើម្បី​ជូន​ជា​សំណូក​ដល់​អ្នក​ដែល​អាច​ជា​អ្នក​ទិញ។ ដោយ​សារ​កំរិត​ការ​ពុក​រលួយ​បាន​កើន​ឡើង​យ៉ាង​លឿន នោះ​លទ្ធផល​បាន​ទៅ​ជា​មហន្តរាយ​មួយ។ ក្នុង​កំឡុង​ទសវត្ស​មុន​នេះ មូលធន​និយម​ដោយ«មិត្ត» ជា​ទម្លាប់​ពុក​រលួយ​ផ្នែក​ពាណិជ្ជកម្ម​មួយ​ដែល​ប្រកប​ដោយ​ការ​និយម​ដល់​មនុស្ស​មួយ​ចំនួន​តិច ដែល​អាច​ទទួល​ប្រយោជន៍​ដោយ​សារ​មាន​ស្គាល់​គេ​នោះ ត្រូវ​បាន​បញ្ជាក់​ថា​បាន​បំផ្លិច​បំផ្លាញ​សេដ្ឋកិច្ច​របស់​ប្រទេស​ខ្លះ​ទាំង​មូល​តែ​ម្ដង។

ជា​លទ្ធផល​ដ៏​ជៀស​មិន​រួច​នោះ ពួក​អ្នក​ដែល​រង​ទុក្ខ​វេទនា​ខ្លាំង​ជា​គេ​ដោយ​សារ​ការ​ពុក​រលួយ​និង​ការ​ហិនហោច​ខាង​សេដ្ឋកិច្ច​ដែល​ត្រូវ​បង្ក​បង្កើត​ឡើង​នោះ គឺ​ជា​ពួក​អ្នក​ក្រី​ក្រ​ដែល​កម្រ​មាន​សមត្ថភាព​សូក​សំណូក។ ដូច​ជា​ទស្សនាវដ្ដី​ឌី អ៊ីខាណូមិស​បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ហើយ​ច្បាស់​ថា៖ «ការ​ពុក​រលួយ​គ្រាន់​តែ​ជា​ការ​ជិះ​ជាន់​សង្កត់​សង្កិន​មួយ​ប្រភេទ»។ តើ​ការ​ជិះ​ជាន់​បែប​នេះ​អាច​ត្រូវ​ឈ្នះ​ទេ​ឬ ឬ​ក៏​តើ​ការ​ពុក​រលួយ​គឺ​ជា​អ្វី​ដែល​មិន​អាច​ត្រូវ​ជៀស​វាង​បាន? ដើម្បី​ឆ្លើយ​សំនួរ​នេះ មុន​ដំបូង​យើង​ត្រូវ​តែ​សម្គាល់​ដើម​ហេតុ​របស់​ការ​ពុក​រលួយ។

តើ​អ្វី​ជា​ដើម​ហេតុ​នៃ​ការ​ពុក​រលួយ?

ហេតុ​អ្វី​បាន​ជា​មនុស្ស​ចង់​ធ្វើ​អំពើ​ពុក​រលួយ​ជា​ជាង​ស្មោះ​ត្រង់? ចំពោះ​មនុស្ស​ខ្លះ​នេះ​ប្រហែល​ជា​ផ្លូវ​ស្រួល​បំផុត​ឬ​ក៏​ផ្លូវ​តែ​មួយ​គត់​ដើម្បី​ទទួល​បាន​អ្វី​គេ​ចង់​បាន។ ជួន​កាល​ការ​សូក​សំណូក​អាច​ជា​វិធី​ស្រួល​មួយ​ដែល​ឲ្យ​ជៀស​វាង​ការ​ដាក់​ទោស។ ដោយ​ឃើញ​ថា​អ្នក​នយោបាយ ប៉ូលិស​និង​ចៅ​ក្រម​មើល​ទៅ​ដូច​ជា​ធ្វើ​មិន​ដឹង​មិន​ឮ​នឹង​ការ​ពុក​រលួយ​ឬ​ក៏​រហូត​ដល់​ធ្វើ​អំពើ​នោះ​ខ្លួន​ឯង នោះ​មនុស្ស​ជា​ច្រើន​គ្រាន់​តែ​ធ្វើ​តម្រាប់​តាម​គេ។

ក្នុង​កំឡុង​ពេល​ដែល​ការ​ពុក​រលួយ​ជឿន​ចំរើន​នោះ វា​ទៅ​ជា​រឿង​ធម្មតា​រហូត​ដល់​វា​ត្រូវ​ទទួល​ស្គាល់​ជា​ទិដ្ឋភាព​ធម្មតា​នៃ​ជីវិត។ មនុស្ស​ដែល​ទទួល​ប្រាក់​ខែ​តិច​ពេក​មាន​អារម្មណ៍​ថា​គេ​គ្មាន​ផ្លូវ​ផ្សេង​ទៀត​ទេ។ ពួក​គេ​ត្រូវ​តែ​ទាម​ទារ​យក​សំណូក​បើ​សិន​ជា​គេ​នឹង​អាច​រក​ស៊ី​ល្មម។ ម្ល៉ោះ​ហើយ​ពេល​អ្នក​ដែល​កំហែង​យក​សំណូក​ឬ​ក៏​សូក​សំណូក​ដើម្បី​ទទួល​ប្រយោជន៍​ដោយ​អយុត្ដិធម៌​មិន​ត្រូវ​កាត់​ទោស នោះ​មាន​មនុស្ស​ចំនួន​តិច​ណាស់​ដែល​សុខ​ចិត្ត​ត​យុទ្ធ​នឹង​ការ​ពុក​រលួយ។ ស្តេច​សាឡូម៉ូន​បាន​សង្កេត​ឃើញ​ថា៖ «ចិត្ត​របស់​ពួក​មនុស្សជាតិ​បាន​ផ្ដាច់​ទៅ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​អាក្រក់​ជា​និច្ច​ដោយ​ព្រោះ​តែ​ការ​ធ្វើ​ទោស​ចំពោះ​អំពើ​អាក្រក់​មិន​បាន​សម្រេច​ជា​យ៉ាង​ឆាប់»។—សាស្ដា ៨:១១

កម្លាំង​ពីរ​យ៉ាង​ប្រៀប​ដូច​ជា​កំពុង​តែ​បំពក់​ភ្លើង​ការ​ពុក​រលួយ​នោះ​ជា​អត្តទត្ថភាព​និង​សេចក្ដី​លោភ។ ដោយ​សារ​អត្តទត្ថភាព​នោះ​មនុស្ស​ពុក​រលួយ​ធ្វើ​ព្រងើយ​ចំពោះ​ការ​រង​ទុក្ខ​លំបាក​ដែល​ការ​ពុក​រលួយ​របស់​គេ​ដាក់​លើ​អ្នក​ឯ​ទៀត ហើយ​គេ​ថា​ការ​សូក​សំណូក​ជា​ត្រឹម​ត្រូវ​ដោយ​សារ​តែ​គេ​ទទួល​ប្រយោជន៍។ អ្នក​ប្រកប​ការ​ពុក​រលួយ​ទៅ​ជា​កាន់​តែ​ពុក​រលួយ​ពេល​គេ​ប្រមូល​ទ្រព្យ​សម្បត្ដិ​កាន់​តែ​ច្រើន។ ស្តេច​សាឡូម៉ូន​បាន​សង្កេត​ឃើញ​ថា៖ «អ្នក​ណា​ដែល​ស្រឡាញ់​ប្រាក់​នោះ​នឹង​មិន​ស្កប់​ចិត្ត​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ​ឬ​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ទ្រព្យ​ដ៏​បរិបូរ​នោះ​ក៏​មិន​ស្កប់​ចិត្ត​ដោយ​ផល​ចំរើន​ប៉ុណ្ណោះ​ដែរ»។ (សាស្ដា ៥:១០) ពិត​មែន​សេចក្ដី​លោភ​មាន​ប្រយោជន៍​ក្នុង​ការ​រក​ប្រាក់​ក៏​ប៉ុន្តែ​ជា​រៀង​រហូត​សេចក្ដី​លោភ​តែង​តែ​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​ការ​ពុក​រលួយ​និង​អំពើ​ខុស​ច្បាប់។

កត្ដា​មួយ​ទៀត​ដ៏​គួរ​នឹក​ចាំ​គឺ​អំពី​មុខ​នាទី​របស់​អ្នក​គ្រប់​គ្រង​លោកីយ៍​នេះ ដែល​ជា​អ្នក​ដែល​ព្រះ​គម្ពីរ​សម្គាល់​ជា​អារក្ស​សាតាំង។ (យ៉ូហាន​ទី​១ ៥:១៩; វិវរណៈ ១២:៩) សាតាំង​មាន​សកម្មភាព​ច្រើន​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​ពុក​រលួយ។ គ្រឿង​សំណូក​ធំ​បំផុត​គឺ​ជា​សំណូក​សាតាំង​បាន​ស្នើ​ជូន​ព្រះ​យេស៊ូ។ ‹ខ្ញុំ​នឹង​ឲ្យ​អ្នក​គ្រប់​ទាំង​នគរ​របស់​លោកីយ៍​បើ​សិន​ជា​អ្នក​ក្រាប​ថ្វាយ​បង្គំ​ខ្ញុំ›។—ម៉ាថាយ ៤:៨, ៩

ក៏​ប៉ុន្តែ​ព្រះ​យេស៊ូ​មិន​អាច​ត្រូវ​ធ្វើ​ឲ្យ​ពុក​រលួយ​ទេ​ហើយ​ទ្រង់​បាន​បង្រៀន​អ្នក​ដើរ​តាម​ទ្រង់​ឲ្យ​ប្រព្រឹត្ត​ដូច​នេះ​ដែរ។ តើ​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ​អាច​ជា​ឧបករណ៍ ដែល​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ត​យុទ្ធ​នឹង​ការ​ពុក​រលួយ​សព្វ​ថ្ងៃ​នេះ​ទេ? អត្ថបទ​ជា​បន្ទាប់​នឹង​ពិចារណា​មើល​សំនួរ​នេះ។