ចូរគោរពពួកបុគ្គលដែលមានអំណាចគ្រប់គ្រងលើអ្នក
ចូរគោរពពួកបុគ្គលដែលមានអំណាចគ្រប់គ្រងលើអ្នក
«ចូររាប់អានដល់មនុស្សទាំងអស់ ហើយស្រឡាញ់បងប្អូន កោតខ្លាចដល់ព្រះ ព្រមទាំងគោរពប្រតិបត្ដិដល់ស្តេចផង»។—ពេត្រុសទី១ ២:១៧
១, ២. តើមនុស្សមានទស្សនៈយ៉ាងណាលើពួកអ្នកមានអំណាចគ្រប់គ្រងសព្វថ្ងៃនេះ? ហេតុអ្វី?
ម្ដាយម្នាក់ដែលមានចិត្តសោកស្ដាយបានប្រាប់ថា៖ «ក្មេងៗមានសិទ្ធិទាំងអស់។ គឺគ្មានការគោរពចំពោះឪពុកម្ដាយឡើយ»។ ផ្លាកនៅខាងក្រោយរថយន្តចែងថា៖ «ចូរប្រកួតនឹងអំណាចគ្រប់គ្រង»។ ទាំងនេះគឺគ្រាន់តែជាការបង្ហាញឲ្យឃើញនូវស្ថានការណ៍ពីរប៉ុណ្ណោះ ដែលមាននៅសព្វថ្ងៃនេះ ដូចជាអ្នកដឹងស្រាប់ហើយ។ ការគ្មានសេចក្ដីគោរពទូទៅចំពោះឪពុកម្ដាយ គ្រូបង្រៀន និយោជក និងមន្ត្រី គឺមានពាសពេញក្នុងពិភពលោកនេះ។
២ អ្នកខ្លះប្រហែលជាធ្វើកន្តើយដោយនិយាយថា៖ ‹អស់អ្នកដែលមានអំណាចគ្រប់គ្រងមិនគួរទទួលសេចក្ដីគោរពពីខ្ញុំឡើយ›។ ជួនកាល សេចក្ដីថ្លែងនេះប្រហែលជាពិបាកនឹងបដិសេធ។ យើងបានប្រឈមមុខនឹងដំណឹងដែលមានជាច្រើនបន្តបន្ទាប់អំពីមន្ត្រីដ៏ពុករលួយ និយោជកដ៏លោភ គ្រូអសមត្ថភាព និងឪពុកម្ដាយដែលជេរប្រមាថ។ គួរឲ្យរីករាយមែន ដែលពួកគ្រីស្ទានតិចណាស់មានទស្សនៈបែបហ្នឹងទៅលើពួកអ្នកដែលមានអំណាចគ្រប់គ្រងក្នុងក្រុមជំនុំនោះ។—ម៉ាថាយ ២៤:៤៥-៤៧
៣, ៤. ហេតុអ្វីក៏ពួកគ្រីស្ទានគួរគោរពដល់ពួកអ្នកដែលមានអំណាច?
៣ ជាពួកគ្រីស្ទាន យើងមាន‹មូលហេតុដ៏បង្ខំ› ដើម្បីគោរពអស់អ្នកដែលមានអំណាចគ្រប់គ្រងខាងលោកីយ៍នេះ។ សាវ័កប៉ុលបានដាស់តឿនពួកគ្រីស្ទានឲ្យ«ចុះចូលនឹងរាជការ ដ្បិតគ្មានអំណាចណាទេ លើកតែមកពីព្រះ គឺព្រះទ្រង់បានតាំងពួកលោកទាំងនោះឲ្យមានអំណាច»។ (រ៉ូម ១៣:១, ២, ៥; ពេត្រុសទី១ ២:១៣-១៥) ប៉ុលបានបង្ហាញនូវមូលហេតុដ៏រឹងមាំ ចំពោះការស្ដាប់តាមអំណាចគ្រប់គ្រងក្នុងក្រុមគ្រួសារដែលថា៖ «ពួកស្រីៗអើយ ចូរចុះចូលចំពោះប្ដីខ្លួន ដូចជាគួរគប្បីក្នុងព្រះអម្ចាស់។ ក្មេងរាល់គ្នាអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយ ក្នុងគ្រប់ការទាំងអស់ ដ្បិតព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យយ៉ាងដូច្នោះឯង»។ (កូល៉ុស ៣:១៨, ២០) ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំគឺសមទទួលសេចក្ដីគោរព ពីព្រោះ‹វិញ្ញាណបរិសុទ្ធបានរើសតាំងគេជាអ្នកត្រួតពិនិត្យ ដើម្បីឃ្វាលក្រុមជំនុំរបស់ព្រះ›។ (កិច្ចការ ២០:២៨) គឺដោយការគោរពដល់ព្រះយេហូវ៉ា ដែលយើងគោរពពួកអាជ្ញាធរជាមនុស្សនោះ។ ជាធម្មតា ការគោរពអាជ្ញាធររបស់ព្រះយេហូវ៉ា គឺជាអ្វីដែលតែងតែមានអាទិភាពក្នុងជីវិតរបស់យើង។—កិច្ចការ ៥:២៩
៤ ដោយនឹកចាំអំពីអំណាចដ៏ឧត្តមរបស់ព្រះយេហូវ៉ា សូមឲ្យយើងពិនិត្យមើលនូវឧទាហរណ៍នៃអ្នកខ្លះ ដែលមិនគោរពដល់ពួកអ្នកដែលមានអំណាចគ្រប់គ្រង និងអំពីពួកអ្នកដែលបានគោរពនោះ។
ការគ្មានសេចក្ដីគោរពនាំឲ្យមានការមិនយល់ព្រម
៥. តើអាកប្បកិរិយាដ៏ឥតចេះគោរពណា ដែលមីកាលមានចំពោះដាវីឌ ហើយតើនេះបាននាំឲ្យមានអ្វី?
៥ ពីប្រវត្ដិសាស្ត្រនៃស្តេចដាវីឌ យើងអាចយល់ឃើញទស្សនៈរបស់ព្រះយេហូវ៉ាចំពោះអស់អ្នកដែលមើលងាយនឹងអំណាចគ្រប់គ្រង ដែលព្រះបានប្រទានមកនោះ។ នៅពេលដែលដាវីឌបញ្ជាឲ្យគេយកហឹបនៃកិច្ចព្រមព្រៀងទៅទីក្រុងយេរូសាឡិម នោះមីកាលដ៏ជាមហេសី«ឃើញស្តេចដាវីឌ កំពុងតែហក់លោតកញ្ឆេងនៅចំពោះព្រះយេហូវ៉ា នាងក៏មានព្រះទ័យប្រមាថមើលងាយដល់ទ្រង់»។ មីកាលគួរតែទទួលស្គាល់ថា ដាវីឌមិនគ្រាន់តែជាមេគ្រួសារប៉ុណ្ណោះ ក៏ប៉ុន្តែជាស្តេចនៃស្រុកនោះ ផង។ តែនាងបានបន្លឺតាមអារម្មណ៍របស់នាងបែបដ៏ចំអកបញ្ឈឺចិត្តថា៖ «នៅថ្ងៃនេះ ស្តេចនៃសាសន៍អ៊ីស្រាអែល មានសេចក្ដីរុងរឿងឧត្តមអីម្ល៉េះទេ ដោយបានបើក ឲ្យអង្គទ្រង់អាក្រាតនៅមុខពួកស្រីបំរើរបស់ពួកមហាតលិកទ្រង់នៅថ្ងៃនេះ បែបដូចជាមនុស្សចោលម្សៀតណាមួយដែលបើកឲ្យខ្លួនអាក្រាតដូច្នេះ!» ជាលទ្ធផលនៃរឿងនេះ មីកាលមិនដែលបង្កើតកូនបានឡើយ។—សាំយូអែលទី២ ៦:១៤-២៣
៦. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណានឹងកូរេ ដែលឥតចេះគោរពដល់ពួកអ្នកចាក់ប្រេងតាំងរបស់ទ្រង់នោះ?
៦ កូរេជាគំរូដ៏ទ្រគោះយង់ឃ្នងជាខ្លាំងនៃការមិនគោរពការដឹកនាំខាងព្រះធិបតេយ្យ ដែលបានរើសតាំងដោយព្រះ។ ជាកូនចៅរបស់កេហាត់ គាត់មានឯកសិទ្ធិល្អមែនក្នុងការបំរើព្រះយេហូវ៉ានៅឯរោងឧបោសថ! ក៏ប៉ុន្តែ គាត់បានរកកំហុសម៉ូសេនិងអើរ៉ុន ជាមេដឹកនាំនៃពួកអ៊ីស្រាអែល ដែលបានត្រូវរើសតាំងដោយព្រះ។ កូរេបានផ្ដុំគ្នាជាមួយនឹងពួកមេកន្ទ្រាញឯទៀតនៃសាសន៍អ៊ីស្រាអែល ហើយបានប្រាប់ដោយឥតអៀនខ្មាសដល់ម៉ូសេនិងអើរ៉ុនថា៖ «ដ្បិតពួកជំនុំក៏បានបរិសុទ្ធទាំងអស់គ្នាដែរ ហើយព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគេផង ម្ដេចឡើយអ្នកទាំង២លើកកំពស់ខ្លួន ត្រួតលើពួកជំនុំផងព្រះយេហូវ៉ាដូច្នេះ?» តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណានឹងអាកប្បកិរិយារបស់កូរេនិងពួកអ្នកគាំទ្ររបស់គាត់នោះ? ព្រះទ្រង់បានរាប់ទុកការប្រព្រឹត្តរបស់គេ ដូចជាការធ្វើឲ្យខូចកិត្ដិយសដល់ព្រះយេហូវ៉ាតែម្ដង។ ក្រោយពីបានឃើញអស់អ្នកគ្រប់គ្នាដែលនៅខាងគេបានត្រូវលេបដោយដី នោះកូរេនិងពួកមេកន្ទ្រាញ២៥០នាក់ក៏បានត្រូវកំទេចចោលដោយភ្លើងពីព្រះយេហូវ៉ា។—ជនគណនា ១៦:១-៣, ២៨-៣៥
៧. តើ«ពួកសាវ័កយ៉ាងធំ»មានមូលហេតុនឹងរិះគន់អំណាចគ្រប់គ្រងរបស់ប៉ុលឬទេ?
៧ នៅក្នុងក្រុមជំនុំគ្រីស្ទាននៅសតវត្សទីមួយ គឺមានពួកគេដែលគ្មានសេចក្ដីគោរពចំពោះអំណាចខាងព្រះធិបតេយ្យ។ «ពួកសាវកយ៉ាងធំ»នៅក្នុងក្រុមជំនុំកូរិនថូស បានមានអាកប្បកិរិយាដែលគ្មានសេចក្ដីគោរពចំពោះប៉ុល។ ពួកគេបានរិះគន់នឹងសមត្ថភាពខាងការនិយាយរបស់គាត់ ដោយបានមានប្រសាសន៍ថា៖ «កាលណាលោកនៅជាមួយ នោះលោកខ្សោយខាងរូបសាច់វិញ ហើយពាក្យសំដីលោកក៏គួរឲ្យមើលងាយដែរ»។ (កូរិនថូសទី២ ១០:១០; ១១:៥) ទោះជាប៉ុលជាអ្នកនិយាយដ៏អស្ចារ្យឬក៏អត់ ក៏លោកសមទទួលសេចក្ដីគោរពជាសាវ័កម្នាក់នោះដែរ។ ក៏ប៉ុន្តែ តើការនិយាយរបស់ប៉ុលពិតជាសមទទួលការមើលងាយមែនឬ? សុន្ទរកថាជាសាធារណៈរបស់គាត់ ដែលបានកត់ទុកក្នុងព្រះគម្ពីរ ផ្ដល់នូវទីសំអាងថាគាត់ជាអ្នកនិយាយដ៏ប៉ិនប្រសប់ណាស់។ យ៉ាងណាមិញ ជាលទ្ធផលនៃការពិគ្រោះដ៏សង្ខេបជាមួយនឹងហេរ៉ូឌ អ័គ្រីប៉ាទី២ ដែល«ទ្រង់ជ្រាបគ្រប់ទាំង . . . សេចក្ដីជជែករបស់ពួកសាសន៍យូដា» នោះប៉ុលបាននាំឲ្យស្តេចអ័គ្រីប៉ាមានបន្ទូលថា៖ «បន្ដិចទៀត ឯងនឹងនាំឲ្យយើងត្រឡប់ទៅជាអ្នកគ្រីស្ទានដែរ»។ (កិច្ចការ ១៣:១៥-៤៣; កិច្ចការ ១៧:២២-៣៤; កិច្ចការ ២៦:១-២៨) ក៏ប៉ុន្តែ ពួកសាវ័កយ៉ាងធំនៅទីក្រុងកូរិនថូសបានចោទប្រកាន់គាត់ថា ពាក្យសំដីគាត់ជាអ្វីដែលសមទទួលការមើលងាយទៅវិញ! តើព្រះយេហូវ៉ាចាត់ទុកអាកប្បកិរិយារបស់គេស្ថិតក្នុងប្រភេទណា? នៅក្នុងសារមួយជូនពួកអ្នកត្រួតពិនិត្យនៅក្នុងក្រុមជំនុំអេភេសូរ នោះព្រះយេស៊ូគ្រីស្ទបានមានបន្ទូលយ៉ាងយល់ស្របចំពោះពួកបុគ្គលដែលបានបដិសេធចោលអស់ពួកអ្នក‹ដែលបាននិយាយថាគេជាពួកសាវ័ក តែមិនមែនជាសាវ័កទេ›។—វិវរណៈ ២:២
សេចក្ដីគោរពទោះជាឥតគ្រប់ល័ក្ខណ៍ក៏ដោយ
៨. តើតាមរបៀបណាដែលដាវីឌបង្ហាញថា គាត់បានគោរពនឹងអំណាចដែលព្រះយេហូវ៉ាបានប្រទានឲ្យសូលនោះ?
៨ គឺមានគំរូជាច្រើនក្នុងព្រះគម្ពីរស្តីអំពីពួកអ្នកដែលបានគោរពពួកបុគ្គលដែលមានអំណាចគ្រប់គ្រង ទោះជាពួកទាំងនេះបានគ្រប់គ្រងមិនល្អឬរំលោភអំណាចរបស់គេក៏ដោយ។ ដាវីឌជាគំរូដ៏ល្អបែបនេះ។ ស្តេចសូលដែលគាត់បានបំរើនោះ បានក្លាយទៅជាមានចិត្តច្រណែននឹងស្នាដៃរបស់ដាវីឌ ហើយបានខំប្រឹងរកសម្លាប់គាត់។ (សាំយូអែលទី១ ១៨:៨-១២; ១៩:៩-១១; ២៣:២៦) ក៏ប៉ុន្តែទោះជាមានឱកាសនឹងសម្លាប់សូលក៏ដោយ ក៏ដាវីឌបាននិយាយថា៖ «សូមឲ្យព្រះយេហូវ៉ាឃាត់ កុំឲ្យខ្ញុំលូកដៃទៅទាស់នឹងអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យឡើយ»។ (សាំយូអែលទី១ ២៤:៣-៦; ២៦:៧-១៣) ដាវីឌបានដឹងថា សូលគឺមានកំហុស ប៉ុន្តែគាត់បានទុកឲ្យព្រះយេហូវ៉ាវិនិច្ឆ័យសូលវិញ។ (សាំយូអែលទី១ ២៤:១២, ១៥; ២៦:២២-២៤) គាត់មិនបាននិយាយប្រមាថទៅសូលនោះឡើយ។
៩. (ក) តើដាវីឌមានអារម្មណ៍បែបណា ពេលដែលសូលធ្វើបាបគាត់នោះ? (ខ) តើយើងដឹងប្រាកដយ៉ាងណា ថាសេចក្ដីគោរពរបស់ដាវីឌចំពោះសូលគឺជាអ្វីដ៏ស្មោះនោះ?
៩ តើដាវីឌបានមានចិត្តទុក្ខព្រួយក្នុងកាលដែលគេធ្វើបាបដល់គាត់ឬទេ? ដាវីឌបានស្រែកយំទៅព្រះយេហូវ៉ាថា៖ «ដ្បិតមាន . . . ពួកមនុស្សច្រឡោតស្វែងរកជីវិតទូលបង្គំ»។ (ទំនុកដំកើង ៥៤:៣) គាត់ បានបើកចំហចិត្តប្រាប់ព្រះយេហូវ៉ាថា៖ «ឱព្រះនៃទូលបង្គំអើយ សូមទ្រង់ជួយឲ្យទូលបង្គំរួចពីពួកខ្មាំងសត្រូវ . . . ពួកមនុស្សខ្លាំងពូកែគេប្រជុំគ្នាទាស់នឹងទូលបង្គំ មិនមែនដោយព្រោះអំពើរំលង ឬអំពើបាបរបស់ទូលបង្គំឡើយ គេរត់មកត្រៀមខ្លួន ឥតទូលបង្គំធ្វើខុសអ្វីផង សូមទ្រង់តើនឡើងមកជួយទូលបង្គំ ហើយពិចារណាមើល»។ (ទំនុកដំកើង ៥៩:១-៤) តើអ្នកធ្លាប់មានអារម្មណ៍បែបហ្នឹងឬទេ ថាអ្នកមិនបានធ្វើអ្វីខុសសោះចំពោះបុគ្គលដែលមានអំណាច ក៏ប៉ុន្តែគាត់នៅតែបណ្ដាលឲ្យមានបញ្ហាដល់អ្នកទៅវិញ? ដាវីឌមិនដែលខានបង្ហាញសេចក្ដីគោរពដល់សូលឡើយ។ ពេលដែលសូលសោយទិវង្គតទៅ ជាជាងសម្ដែងអំណរក្រៃលែង នោះដាវីឌបានតែងចំរៀងសំណោកមួយថា៖ «សូលនឹងយ៉ូណាថានជាទីគួរស្រឡាញ់ គួររីករាយណាស់ពីកាលនៅរស់ . . . ទ្រង់រហ័សជាងសត្វឥន្ទ្រី ហើយខ្លាំងជាងសត្វសិង្ហ ឱពួកកូនស្រីនៃសាសន៍អ៊ីស្រាអែលអើយ ចូរយំសោកនឹងសូល»។ (សាំយូអែលទី២ ១:២៣, ២៤) នេះជាគំរូដ៏ល្អណាស់ហ្ន៎ ស្តីអំពីសេចក្ដីគោរពដ៏ស្មោះចំពោះអ្នកចាក់ប្រេងតាំងរបស់ព្រះយេហូវ៉ា ទោះជាសូលបានធ្វើខុសនឹងដាវីឌក៏ដោយ!
១០. តើគំរូដ៏ល្អអ្វីដែលប៉ុលបានទុក ចំពោះសេចក្ដីគោរពដល់អំណាចដែលព្រះប្រទានមករបស់គណៈអភិបាល ហើយតើនេះបាននាំឲ្យមានអ្វីកើតឡើងជាបន្ទាប់?
១០ នៅក្នុងសម័យគ្រីស្ទាន យើងក៏មានគំរូដ៏អស្ចារ្យនៃអស់អ្នកគោរពអំណាចដែលព្រះប្រទានឲ្យមកនោះដែរ។ ជាឧទាហរណ៍ ចូរពិចារណាមើលប៉ុល។ គាត់បានបង្ហាញសេចក្ដីគោរព ចំពោះសេចក្ដីសម្រេចរបស់គណៈអភិបាលនៃក្រុមជំនុំគ្រីស្ទាននៅសតវត្សទីមួយ។ ក្នុងកំឡុងចុងក្រោយនៃទស្សនកិច្ចរបស់ប៉ុលទៅទីក្រុងយេរូសាឡិម នោះគណៈអភិបាលនេះបានទូន្មានគាត់ ឲ្យទៅធ្វើពិធីជំរះកាយឲ្យបានបរិសុទ្ធ ដើម្បីបង្ហាញអ្នកដទៃថាគាត់ឥតចងគំនុំចំពោះក្រិត្យវិន័យម៉ូសេទេ។ ប៉ុលប្រហែលជាអាចវែកញែកថា៖ ‹មុននេះ បងប្អូនទាំងនោះបានបង្គាប់ខ្ញុំឲ្យចាកចេញពីទីក្រុងយេរូសាឡិម ពេលជីវិតរបស់ខ្ញុំត្រូវបានគំរាមកំហែង។ ឥឡូវនេះ ពួកគេចង់ឲ្យខ្ញុំសម្ដែងជាសាធារណៈថា ខ្ញុំមានសេចក្ដីគោរពនឹងក្រិត្យវិន័យម៉ូសេ។ ខ្ញុំបានសរសេរសំបុត្រមួយរួចទៅហើយជូនពួកកាឡាទី ដើម្បីឲ្យយោបល់គេជៀសវាងពីការប្រព្រឹត្តតាមក្រិត្យវិន័យនេះ។ បើខ្ញុំទៅឯព្រះវិហារ នោះអ្នកដទៃប្រហែលនឹងយល់ខុសនឹងការប្រព្រឹត្តរបស់ខ្ញុំដោយគិតថា ខ្ញុំបានសុខចិត្តប្រតិបត្ដិតាមពួកក្រុមដែលកាត់ស្បែក›។ ប៉ុន្តែ តាមមើលទៅ ប៉ុលឥតបានវែកញែកបែបនេះឡើយ។ ដោយគ្មានការធ្វើឲ្យខូចដល់គោលការណ៍គ្រីស្ទាន នោះគាត់បានគោរពនិងធ្វើតាមឱវាទរបស់គណៈអភិបាលនៅសតវត្សទីមួយ។ ភ្លាមនោះលទ្ធផលដែលបានឃើញគឺ ប៉ុលត្រូវបានរំដោះចេញពីហ្វូងមនុស្សដ៏ឥតសណ្ដាប់ធ្នាប់ជាសាសន៍យូដា ហើយជាបន្ទាប់មក គាត់បានជាប់គុកអស់រយៈពីរឆ្នាំ។ នៅទីបំផុត នោះបំណងព្រះហឫទ័យរបស់ព្រះបានសម្រេច។ ប៉ុលបានធ្វើបន្ទាល់នៅពីមុខមន្ត្រីផ្លូវការខ្ពស់ៗនៅសេសារា ហើយរួចមកបានយកទៅក្រុងរ៉ូមដោយសោហ៊ុយរបស់រដ្ឋ ដើម្បីធ្វើបន្ទាល់នៅមុខសេសារតែម្ដង។—កិច្ចការ ៩:២៦-៣០; ២១:២០-២៦; ២៣:១១; ២៤:២៧; កាឡាទី ២:១២; ៤:៩, ១០
តើអ្នកបង្ហាញសេចក្ដីគោរពឬទេ?
១១. តើយើងអាចបង្ហាញសេចក្ដីគោរពដល់អាជ្ញាធរខាងលោកីយ៍យ៉ាងដូចម្ដេច?
១១ តើអ្នកបង្ហាញសេចក្ដីគោរពសមគួរចំពោះអស់អ្នកដែលមានអំណាចគ្រប់គ្រងនោះទេ? ពួកគ្រីស្ទានបានបញ្ជាឲ្យ«ចូរសងដល់លោកទាំងនោះ តាមដែលអ្នកជំពាក់ចុះ . . . ហើយត្រូវគោរពប្រតិបត្ដិ ដល់លោកណាដែលគួរគោរពដែរ»។ ប្រាកដហើយ ការចុះចូលរបស់យើងដល់‹អាជ្ញាធរជាន់ខ្ពស់› មិនគ្រាន់តែរួមបញ្ចូលថា យើងត្រូវបង់ពន្ធនោះទេ ក៏ប៉ុន្តែឲ្យយើងគោរពពួកអាជ្ញាធរ ដោយចរិយានិងពាក្យសំដីរបស់យើងផងដែរ។ (រ៉ូម ១៣:១-៧) ដោយប្រឈមមុខនឹងមន្ត្រីផ្លូវការដែលប្រហែលជាមានចិត្តឃោរឃៅ តើយើងនឹងប្រព្រឹត្តយ៉ាងណា? នៅរដ្ឋឆិអាផាស នៅប្រទេសម៉ិកស៊ិក នោះពួកអាជ្ញាធរនៅក្នុងសហគមន៍មួយបានចាប់យកដីកសិករ ដែលជារបស់ផងស្មរបន្ទាល់ព្រះយេហូវ៉ា ៥៧ក្រុមគ្រួសារ ពីព្រោះពួកគ្រីស្ទានទាំងនេះឥតបានចូលរួមនឹងបុណ្យសាសនាខ្លះៗ។ នៅឯការប្រជុំដែលបានធ្វើឡើងដើម្បីដោះស្រាយបញ្ហានេះ នោះពួកស្មរបន្ទាល់បានស្លៀកសំលៀកបំពាក់យ៉ាងស្អាត ហើយតែងតែនិយាយដោយថ្លៃថ្នូរនិងដោយគោរព។ មួយឆ្នាំកន្លងមក នោះសេចក្ដីសម្រេចបានផ្ដល់មក ដែលជាគុណប្រយោជន៍ដល់ពួកគេ។ អាកប្បកិរិយារបស់គេបានធ្វើឲ្យគេទទួលសេចក្ដីគោរពពីពួកអ្នកសង្កេតមើល ដល់កំរិតដែលពួកគេក៏ចង់ធ្វើជាស្មរបន្ទាល់ព្រះយេហូវ៉ាដែរ!
១២. ហេតុអ្វីក៏សំខាន់ម្ល៉េះ ដើម្បីមាន‹សេចក្ដីគោរពយ៉ាងជ្រាលជ្រៅ› ចំពោះប្ដីដែលមិនជឿព្រះ?
១២ តើអ្នកអាចបង្ហាញសេចក្ដីគោរពចំពោះអំណាចគ្រប់គ្រងក្នុងគ្រួសារ ដែលព្រះប្រទានមកយ៉ាងដូចម្ដេច? ក្រោយពីពិគ្រោះនូវគំរូរបស់ព្រះយេស៊ូក្នុងការរងទុក្ខនូវអំពើអាក្រក់ នោះសាវ័កពេត្រុសបានមានប្រសាសន៍ថា៖ «ឯពួកស្រីៗ ត្រូវចុះចូលចំពោះប្ដីខ្លួនបែបដូច្នោះដែរ ដើម្បីបើមានអ្នកណា ដែលមិនព្រមស្ដាប់បង្គាប់ តាមព្រះបន្ទូល នោះប្រពន្ធនឹងទាញចិត្តមកបាន ដោយសារកិរិយាល្អក្រៅពីព្រះបន្ទូល ដោយអ្នកនោះឃើញកិរិយាបរិសុទ្ធ ដែលប្រពន្ធប្រព្រឹត្តយ៉ាងកោតខ្លាចដល់ព្រះ»។ (ពេត្រុសទី១ ៣:១, ២; អេភេសូរ ៥:២២-២៤) នៅទីនេះ ពេត្រុសបានបញ្ជាក់នូវសារ:សំខាន់នៃមុខងារប្រពន្ធ ក្នុងការចុះចូលនឹងប្ដីរបស់គាត់ដោយ‹សេចក្ដីគោរពយ៉ាងជ្រាលជ្រៅ› ទោះជាប្ដីខ្លះមិនធ្វើអ្វីដែលសមនឹងទទួលនូវសេចក្ដីគោរពបែបនេះទាល់តែសោះ។ អាកប្បកិរិយាដ៏គោរពរបស់ប្រពន្ធ ប្រហែលជាទាញចិត្តរបស់ប្ដីដែលមិនជឿព្រះមកបាន។
១៣. តើប្រពន្ធទាំងឡាយអាចគោរពប្ដីរបស់ពួកគាត់យ៉ាងដូចម្ដេច?
១៣ នៅក្នុងបរិបទនៃបទគម្ពីរទាំងនេះ នោះពេត្រុសបានទាញអារម្មណ៍យើងទៅឯគំរូរបស់សារ៉ា ដែលប្ដីរបស់នាងគឺលោកអ័ប្រាហាំ ជាគំរូដ៏អស្ចារ្យខាងជំនឿ។ (រ៉ូម ៤:១៦, ១៧; កាឡាទី ៣:៦-៩; ពេត្រុសទី១ ៣:៦) តើប្រពន្ធដែលមានប្ដីជឿព្រះគួរបង្ហាញនូវសេចក្ដីគោរពតិចជាងប្រពន្ធដែលមានប្ដីមិនជឿព្រះឬ? ចុះយ៉ាងណាវិញ បើអ្នកមិនយល់ស្របនឹងប្ដីរបស់អ្នកលើរឿងណាមួយ? ព្រះយេស៊ូបានប្រទានយោបល់ខ្លះ ដែលអាចអនុវត្តទូទៅ ដែលថា៖ «បើអ្នកណាបង្ខំឲ្យអ្នកទៅអស់១យោជន៍ នោះចូរទៅជាមួយនឹងគេដល់២យោជន៍ផង»។ (ម៉ាថាយ ៥:៤១) តើអ្នកគោរពប្ដីរបស់អ្នកដោយធ្វើតាមសេចក្ដីប្រាថ្នារបស់គាត់ឬទេ? ប្រសិនបើនេះមានទំនងថាពិបាកពេក សូមប្រាប់នូវអារម្មណ៍របស់អ្នកដល់គាត់ចុះ។ ចូរកុំសន្មតថាគាត់ដឹងនូវអារម្មណ៍របស់អ្នកនោះ។ ក៏ប៉ុន្តែនៅពេលដែលអ្នកប្រាប់នូវចំណង់ចិត្តរបស់អ្នក ចូរធ្វើឡើងតាមរបៀបដ៏គោរព។ ព្រះគម្ពីរដាស់តឿនយើងថា៖ «ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងជាបែបយ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនិមួយៗ»។—កូល៉ុស ៤:៦
១៤. តើការបង្ហាញសេចក្ដីគោរពដល់ឪពុកម្ដាយទាក់ទងអ្វី?
១៤ ចុះអ្នករាល់គ្នាដែលជាកូនៗយ៉ាងណាដែរ? បន្ទូលរបស់ព្រះបញ្ជាប្រាប់ថា៖ «ក្មេងរាល់គ្នាអើយ ចូរស្ដាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នោះទើបបានត្រូវ ‹ចូរគោរពប្រតិបត្ដិដល់មាតាបិតាខ្លួន› នេះជាបញ្ញត្តមុនដំបូង ដែលជាប់មានទាំងសេចក្ដីសន្យាផង»។ (អេភេសូរ ៦:១-៣) ចូរកត់សម្គាល់ថា ការស្ដាប់បង្គាប់ឪពុកម្ដាយរបស់អ្នក គឺចាត់ទុកថាមានអត្ថន័យដូចនឹង ‹ការគោរពឪពុកនិងម្ដាយ›។ ពាក្យភាសាក្រិកដែលបានបកស្រាយ«ការគោរព» មានអត្ថន័យគឺជាការ«ឲ្យតម្លៃទៅលើ» ឬក៏«កំណត់ប៉ាន់តម្លៃ»។ ដូច្នេះហើយ ការស្ដាប់បង្គាប់តម្រូវឲ្យមានលើសពីការធ្វើតាមដោយស្ទាក់ស្ទើរនឹងវិន័យរបស់ឪពុកម្ដាយ ដែលប្រហែលហាក់ដូចជាឥតសមហេតុផលចំពោះអ្នក។ ព្រះតម្រូវឲ្យអ្នកគោរពឪពុកម្ដាយរបស់អ្នកយ៉ាងក្រៃលែង ហើយឲ្យតម្លៃទៅលើការដឹកនាំរបស់គេ។—សុភាសិត ១៥:៥
១៥. តើកូនៗអាចរក្សាសេចក្ដីគោរពរបស់គេយ៉ាងដូចម្ដេច ទោះជាគេប្រហែលគិតថាឪពុកម្ដាយរបស់គេបានធ្វើខុសនោះ?
១៥ ប្រសិនបើឪពុកម្ដាយរបស់អ្នកធ្វើអ្វីមួយ ដែលនាំឲ្យបន្ថយការគោរពរបស់អ្នកចំពោះគេ តើនឹងត្រូវធ្វើយ៉ាងណា? ចូរខំប្រឹងមើលរឿងនេះពីទស្សនៈរបស់គេវិញ។ តើគេមិន«បង្កើតឯងមក» ហើយមើលថែរក្សាអ្នកទេឬ? (សុភាសិត ២៣:២២) តើពួកគេមិនបានត្រូវជំរុញ ដោយសេចក្ដីស្រឡាញ់ដល់អ្នកទេឬ? (ហេព្រើរ ១២:៧-១១) ចូរនិយាយដោយគោរពនឹងឪពុកម្ដាយរបស់អ្នក ដោយពន្យល់តាមចិត្តសុភាពនូវអារម្មណ៍របស់អ្នក។ ទោះជាគេតបឆ្លើយតាមរបៀបដែលអ្នកមិនចូលចិត្តក៏ដោយ ចូរជៀសវាងពីការនិយាយដោយឥតចេះគោរពនឹងពួកគេ។ (សុភាសិត ២៤:២៩) ចាំទេនូវរបៀបដែលដាវីឌបានរក្សាសេចក្ដីគោរពចំពោះសូល ទោះជាស្តេចនេះបានវង្វេងចេញពីការធ្វើតាមឱវាទរបស់ព្រះនោះ។ ចូរសុំព្រះយេហូវ៉ាជួយអ្នកគិតគូឲ្យបានហ្មត់ចត់នឹងអារម្មណ៍របស់អ្នកចុះ។ ដាវីឌបានមានប្រសាសន៍ថា៖ «ចូរអ្នករាល់គ្នាប្លុងចិត្តនៅចំពោះទ្រង់ ព្រះទ្រង់ជាទីពឹងជ្រកសំរាប់យើងខ្ញុំ»។—ទំនុកដំកើង ៦២:៨; បរិទេវ ៣:២៥-២៧
គោរពអស់អ្នកដែលនាំមុខ
១៦. តើយើងអាចរៀនអ្វីពីគំរូនៃពួកគ្រូក្លែងក្លាយនិងពួកទេវតានោះ?
១៦ ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំបានត្រូវរើសតាំងដោយវិញ្ញាណបរិសុទ្ធ ក៏ប៉ុន្តែពួកគេនៅតែមានចិត្តឥតគ្រប់ល័ក្ខណ៍ ហើយក៏ធ្វើខុសដែរ។ (ទំនុកដំកើង ១៣០:៣; សាស្ដា ៧:២០; កិច្ចការ ២០:២៨; យ៉ាកុប ៣:២) ជាលទ្ធផល មនុស្សខ្លះក្នុងក្រុមជំនុំប្រហែលជាមិនពេញចិត្តនឹងពួកអ្នកចាស់ទុំ។ តើយើងគួរតែមានប្រតិកម្មយ៉ាងណា ពេលដែលយើងមានអារម្មណ៍ថា អ្វីមួយក្នុងក្រុមជំនុំឥតបានដោះស្រាយត្រឹមត្រូវ ឬក៏ហាក់ដូចជាមានទំនងបែបហ្នឹងនោះ? ចូរកត់សម្គាល់នូវភាពខុសគ្នារវាងពួកគ្រូក្លែងក្លាយនៅសតវត្សទីមួយនិងពួកទេវតា៖ «គេ[ពួកគ្រូក្លែងក្លាយ]ជាពួកព្រហើន មានក្បាលរឹង ដែលមិនខ្លាចនឹងជេរប្រមាថដល់ទាំងពួកប្រសើរឧត្តមផង ដែលពួកទេវតាដ៏មានកំឡាំង មានឫទ្ធិលើសជាងគេទៅទៀត ក៏មិនហ៊ានប្រមាថដល់ពួកនោះ នៅចំពោះព្រះអម្ចាស់ឡើយ»។ (ពេត្រុសទី២ ២:១០-១៣) ទោះជាពួកគ្រូក្លែងក្លាយបាននិយាយមើលងាយដល់«ពួកប្រសើរឧត្តម» ដែលជាពួកអ្នកចាស់ទុំមានអំណាចត្រួតត្រាក្នុងក្រុមជំនុំគ្រីស្ទាននៅសតវត្សទីមួយក៏ដោយ តែពួកទេវតាឥតបាននិយាយមើលងាយនឹងពួកគ្រូក្លែងក្លាយ ដែលបានធ្វើឲ្យគ្មានឯកភាពក្នុងចំណោមបងប្អូននោះទេ។ ពួកទេវតាដែលមានឋានៈដ៏ខ្ពស់ជាង និងមានការជ្រាបអំពីភាពយុត្ដិធម៌ច្រើនជាងមនុស្សជាតិបានដឹងនូវអ្វីដែលកំពុងតែកើតឡើងក្នុងក្រុមជំនុំ។ ក៏ប៉ុន្តែ ‹ដោយសារការគោរពព្រះយេហូវ៉ា› ពួកគេទុកឲ្យព្រះធ្វើការវិនិច្ឆ័យទៅវិញ។—ហេព្រើរ ២:៦, ៧; យូដាស ៩
១៧. នៅពេលដែលដោះស្រាយនឹងបញ្ហាមួយ ដែលអ្នកមានអារម្មណ៍ថាពួកអ្នកចាស់ទុំគឺខុស តើនេះទាក់ទងនឹងជំនឿរបស់អ្នកយ៉ាងណា?
១៧ ទោះជាមានអ្វីមួយឥតបានដោះស្រាយតាមរបៀបដែលគួរធ្វើនោះ តើយើងគួរឈប់មានជំនឿលើព្រះយេស៊ូគ្រីស្ទដ៏ជាសិរសានៃក្រុមជំនុំគ្រីស្ទានដែលកំពុងមានព្រះជន្មរស់នោះទេ? តើទ្រង់ឥតជ្រាបនូវអ្វីដែលកំពុងតែកើតឡើងក្នុងក្រុមជំនុំរបស់ទ្រង់ទូទាំងពិភពលោកទេឬ? តើយើងមិនគួរគោរពនូវរបៀបដែលទ្រង់ដោះស្រាយស្ថានការណ៍ណាមួយ និងទទួលស្គាល់នូវសមត្ថភាពរបស់ទ្រង់ក្នុងការទប់ទល់រឿងនោះទេឬ? តាមពិតទៅ ‹តើយើងជាអ្នកណាដែលវិនិច្ឆ័យពួកអ្នកជិតខាងរបស់យើងនោះ›? (យ៉ាកុប ៤:១២; កូរិនថូសទី១ ១១:៣; កូល៉ុស ១:១៨) ហេតុអ្វីក៏មិននាំការកង្វល់របស់អ្នកប្រាប់ព្រះយេហូវ៉ា តាមរយៈសេចក្ដីអធិស្ឋានរបស់អ្នកទៅ?
១៨, ១៩. តើអ្នកអាចធ្វើអ្វី បើអ្នកគិតថាអ្នកចាស់ទុំម្នាក់បានប្រព្រឹត្តខុសនោះ?
១៨ ដោយភាពឥតគ្រប់ល័ក្ខណ៍របស់មនុស្ស ភាពពិបាកឬបញ្ហាប្រហែលជាកើតមានឡើង។ គឺប្រហែលជាពេលខ្លះ ដែលអ្នកចាស់ទុំម្នាក់បានប្រព្រឹត្តខុស ដែលបណ្ដាលឲ្យអ្នកខ្លះទៅជាខ្វល់ចិត្ត។ បើយើងប្រព្រឹត្តដោយរួសរាន់ក្នុងកាលៈទេសៈបែបនេះ នឹងមិនផ្លាស់ប្ដូរនូវស្ថានការណ៍នេះឡើយ។ នេះគឺគ្រាន់តែធ្វើឲ្យបញ្ហាមានកាន់តែខ្លាំងឡើង ទេ។ អស់អ្នកដែលមានការវិនិច្ឆ័យខាងវិញ្ញាណនឹងរង់ចាំព្រះយេហូវ៉ាឲ្យកែតម្រង់ និងប្រើការអប់រំណាក៏ដោយ ប្រហែលជាត្រូវប្រើពេលវេលានិងវិធីរបស់ទ្រង់។—ធីម៉ូថេទី២ ៣:១៦; ហេព្រើរ ១២:៧-១១
១៩ ចុះយ៉ាងណាវិញ បើអ្នកមានចិត្តទុក្ខព្រួយលើរឿងណាមួយ? ជាជាងនិយាយប្រាប់អ្នកដទៃក្នុងក្រុមជំនុំ ដោយមានចិត្តគោរព សូមទៅរកជំនួយពីពួកអ្នកចាស់ទុំវិញ។ ដោយមិនមានចិត្តដ៏រិះគន់ សូមពន្យល់នូវរបៀបដែលរឿងនេះមានអានុភាពលើអ្នក។ ចូរបន្តមាន‹អារម្មណ៍ស្និទ្ធស្នាល›ចំពោះគេ និងរក្សាសេចក្ដីគោរពកាលដែលអ្នកប្រាប់ពួកគេនោះ។ (ពេត្រុសទី១ ៣:៨) ចូរកុំប្រើការចំអកបញ្ឈឺចិត្ត ក៏ប៉ុន្តែទុកចិត្តលើភាពចាស់ទុំខាងគ្រីស្ទានរបស់គេវិញ។ ចូរអបអរនូវការលើកទឹកចិត្តណាពីព្រះគម្ពីរ ដែលគេប្រហែលជាឲ្យដោយសប្បុរសនោះ។ ហើយបើមានទំនងថាត្រូវការសំវិធានការកែតម្រង់ នោះចូរមានទំនុកចិត្តថា ព្រះយេហូវ៉ានឹងណែនាំពួកអ្នកចាស់ទុំឲ្យធ្វើអ្វីដែលល្អនិងត្រឹមត្រូវ។—កាឡាទី ៦:១០; ថែស្សាឡូនីចទី២ ៣:១៣
២០. តើយើងនឹងពិនិត្យមើលអ្វីក្នុងអត្ថបទជាបន្ទាប់?
២០ ក៏ប៉ុន្តែ មានលក្ខណៈមួយទៀតដើម្បីនឹងពិនិត្យមើល ស្តីអំពីការគោរពនិងការឲ្យកិត្ដិយសដល់អស់អ្នកដែលមានអំណាចគ្រប់គ្រងនោះ។ តើពួកអ្នកដែលបានដាក់ឲ្យមានអំណាចគ្រប់គ្រង មិនគួរគោរពអស់អ្នកដែលគេមើលថែរក្សានោះទេឬ? សូមឲ្យយើងពិនិត្យមើលរឿងនោះនៅក្នុងអត្ថបទជាបន្ទាប់។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើយើងមានមូលហេតុល្អណា ចំពោះការគោរពអស់អ្នកដែលមានអំណាចគ្រប់គ្រង?
• តើព្រះយេហូវ៉ានិងព្រះយេស៊ូមានទស្សនៈយ៉ាងណា ចំពោះអស់អ្នកដែលឥតគោរពអំណាចគ្រប់គ្រង ដែលព្រះប្រទានមកនោះ?
• តើយើងមានគំរូដ៏ល្អណាខ្លះ ស្តីអំពីអស់អ្នកដែលគោរពពួកបុគ្គលដែលមានអំណាចគ្រប់គ្រង?
• តើយើងអាចធ្វើអ្វី បើអ្នកដែលមានអំណាចគ្រប់គ្រងលើយើង ហាក់ដូចជាបានប្រព្រឹត្តខុសនោះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៩]
សារ៉ាបានគោរពយ៉ាងជ្រាលជ្រៅដល់អំណាចគ្រប់គ្រងរបស់អ័ប្រាហាំ ហើយមានចិត្តសប្បាយ
[រូបភាពនៅទំព័រ២០]
មីកាលមិនបានគោរពអំណាចគ្រប់គ្រងរបស់ដាវីឌ ជាមេគ្រួសារនិងជាស្តេចមួយអង្គ
[រូបភាពនៅទំព័រ២២]
«ខ្ញុំនឹងមិនលើកដៃទាស់នឹងទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយសូម . . . កុំឲ្យខ្ញុំលូកដៃទៅទាស់នឹងអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យឡើយ!»
[រូបភាពនៅទំព័រ២៣]
ហេតុអ្វីក៏មិនយកកង្វល់របស់អ្នកប្រាប់ព្រះយេហូវ៉ាតាមរយៈ ការអធិស្ឋានរបស់អ្នកទៅ?