លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូររក្សា«សេចក្ដីសង្ឃឹមលើការសង្គ្រោះ»របស់អ្នកឲ្យបានភ្លឺស្វាង!

ចូររក្សា«សេចក្ដីសង្ឃឹមលើការសង្គ្រោះ»របស់អ្នកឲ្យបានភ្លឺស្វាង!

ចូរ​រក្សា«សេចក្ដី​សង្ឃឹម​លើ​ការ​សង្គ្រោះ»របស់​អ្នក​ឲ្យ​បាន​ភ្លឺ​ស្វាង!

«យក​សេចក្ដី​សង្ឃឹម​លើ​ការ​សង្គ្រោះ មក​ពាក់​ធ្វើ​ជា​មួក​ដែក»។—ថែស្សាឡូនីច​ទី​១ ៥:៨, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

១. តើ«សេចក្ដី​សង្ឃឹម​លើ​ការ​សង្គ្រោះ»អាច​ជួយ​ឲ្យ​ស៊ូ​ទ្រាំ​យ៉ាង​ដូច​ម្ដេច?

 សេចក្ដី​សង្ឃឹម​ឲ្យ​បាន​សង្គ្រោះ អាច​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ខំ​ស៊ូ​ទ្រាំ សូម្បី​ក្នុង​កាលៈទេសៈ​ដ៏​ពិបាក​បំផុត​យ៉ាង​ណា​ក៏​ដោយ។ អ្នក​រង​គ្រោះ​នៃ​ការ​លិច​នាវា​ម្នាក់ ដែល​អណ្ដែត​លើ​ក្បូន​អាច​ស៊ូ​ទ្រាំ​បាន​យូរ បើ​គាត់​ដឹង​ថា ជំនួយ​គឺ​ជិត​មក​ដល់​ហើយ​នោះ។ ស្រដៀង​គ្នា​ដែរ ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ សេចក្ដី​សង្ឃឹម​លើ«សេចក្ដី​សង្គ្រោះ​របស់​ព្រះ​យេហូវ៉ា» បាន​ទ្រ​ទ្រង់​មនុស្ស​ប្រុស​ស្រី​ដែល​មាន​ជំនឿ​ក្នុង​កាល​មាន​បញ្ហា ហើយ​សេចក្ដី​សង្ឃឹម​នេះ​មិន​ដែល​បាន​នាំ​ឲ្យ​មាន​ការ​ខក​ចិត្ត​នោះ​ទេ។ (និក្ខមនំ ១៤:១៣; ទំនុកដំកើង ៣:៨; រ៉ូម ៥:៥; ៩:៣៣) សាវ័ក​ប៉ុល​បាន​ប្រៀប​ប្រដូច«សេចក្ដី​សង្ឃឹម​លើ​ការ​សង្គ្រោះ»ទៅ​នឹង«មួក​ដែក»នៃ​អាវ​ក្រោះ​ខាង​វិញ្ញាណ​របស់​គ្រីស្ទាន។ (ថែស្សាឡូនីច​ទី​១ ៥:៨; អេភេសូរ ៦:១៧) ត្រូវ​ហើយ ដោយ​យើង​មាន​ការ​ទុក​ចិត្ត​ថា​ព្រះ​នឹង​សង្គ្រោះ​យើង និង​ការ​ពារ​សតិ​ស្មារតី​របស់​យើង នោះ​ជួយ​យើង​ឲ្យ​រក្សា​មនោវិញ្ញាណ​របស់​យើង ទោះ​ជា​មាន​ទុក្ខ​វេទនា ការ​ប្រឆាំង និង​ការ​ល្បួង​យ៉ាង​ណា​ក៏​ដោយ។

២. តើ​តាម​វិធី​ណា​ដែល«សេចក្ដី​សង្ឃឹម​លើ​ការ​សង្គ្រោះ»ជា​មូលដ្ឋាន​ដ៏​សំខាន់​ចំពោះ​ការ​ថ្វាយ​បង្គំ​ពិត?

សព្វវចនាធិប្បាយ​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​បមាណីយ​អន្តរជាតិ ចែង​ថា៖ «សេចក្ដី​សង្ឃឹម​ស្តី​អំពី​អនាគត​មិន​មែន​ជា​លក្ខណៈ​នៃ​មនុស្ស​ផង​ទាំង​ពួង​ខាង​ពាហិរជន​ទេ» ដែល​ជា​ពិភព​នៅ​ជុំ​វិញ​ពួក​គ្រីស្ទាន​សតវត្ស​ទី​មួយ។ (អេភេសូរ ២:១២; ថែស្សាឡូនីច​ទី​១ ៤:១៣) ក៏​ប៉ុន្តែ «សេចក្ដី​សង្ឃឹម​លើ​ការ​សង្គ្រោះ» គឺ​ជា​កត្ដា​ដ៏​សំខាន់​នៃ​ការ​ថ្វាយ​បង្គំ​ពិត។ តើ​យ៉ាង​ដូច​ម្ដេច​ទៅ? ទី​មួយ ការ​សង្គ្រោះ​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា គឺ​ភ្ជាប់​ជា​មួយ​នឹង​ព្រះ​នាម​ទ្រង់​ផ្ទាល់។ អេសាភ​ដ៏​ជា​អ្នក​តែងបទ​ទំនុកដំកើង បាន​អធិស្ឋាន​ថា៖ «ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​អើយ សូម​ជួយ​យើង​ខ្ញុំ ដោយ​យល់​ដល់​សិរី​ល្អ​នៃ​ព្រះ​នាម​ទ្រង់ សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​រួច»។ (ទំនុកដំកើង ៧៩:៩; អេសេគាល ២០:៩) ម្យ៉ាង​វិញ​ទៀត ការ​មាន​ទំនុក​ចិត្ត​លើ​ប្រសិទ្ធិពរ​ដែល​បាន​សន្យា​មក​របស់​ព្រះ​យេហូវ៉ា គឺ​ជា​ការ​ចាំ​បាច់​ចំពោះ​ការ​មាន​ទំនាក់​ទំនង​ដ៏​ល្អ​ជា​មួយ​នឹង​ទ្រង់។ ប៉ុល​បាន​មាន​ប្រសាសន៍​ដូច​នេះ​ថា៖ «តែ​បើ​ឥត​មាន​សេចក្ដី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះ​ហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែ​ជឿ​ថា មាន​ព្រះ​មែន ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់»។ (ហេព្រើរ ១១:៦) ម្យ៉ាង​ទៀត ប៉ុល​បាន​ពន្យល់​ថា ការ​សង្គ្រោះ​នៃ​ពួក​អ្នក​ដែល​កែ​ប្រែ​ចិត្ត ជា​មូលហេតុ​ដ៏​សំខាន់​មួយ ដែល​ព្រះ​យេស៊ូ​បាន​យាង​មក​ផែនដី​នោះ។ គាត់​បាន​ប្រកាស​ថា៖ «ពាក្យ​នេះ​គួរ​ជឿ ហើយ​គួរ​ទទួល​គ្រប់​យ៉ាង គឺ​ថា ព្រះ​គ្រីស្ទ​យេស៊ូវ​ទ្រង់​បាន​យាង​មក​ក្នុង​លោកីយ ដើម្បី​នឹង​ជួយ​សង្គ្រោះ​មនុស្ស​មាន​បាប»។ (ធីម៉ូថេ​ទី​១ ១:១៥) ហើយ​សាវ័ក​ពេត្រុស​បាន​សំដៅ​ទៅ​ការ​សង្គ្រោះ​ជា‹ការ​ទទួល​ដល់​ចុង​បំផុត​នៃ​ជំនឿ​របស់​យើង›។ (ពេត្រុស​ទី​១ ១:៩) យ៉ាង​ច្បាស់​ណាស់ គឺ​ជា​ការ​ត្រឹម​ត្រូវ​ក្នុង​ការ​សង្ឃឹម​ទៅ​រក​សេចក្ដី​សង្គ្រោះ។ ក៏​ប៉ុន្តែ តើ​អ្វី​ទៅ​ដែល​ពិត​ជា​ការ​សង្គ្រោះ​នោះ? ហើយ​តើ​តម្រូវ​អ្វី​ដើម្បី​ឲ្យ​ទទួល​បាន​ការ​សង្គ្រោះ?

តើ​អ្វី​ទៅ​ជា​ការ​សង្គ្រោះ?

៣. តើ​ការ​សង្គ្រោះ​បែប​ណា ដែល​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​ដើម​បាន​ពិសោធ​នោះ?

នៅ​ក្នុងបទគម្ពីរ​ភាសាហេព្រើរ «ការ​សង្គ្រោះ» ធម្មតា​មាន​ន័យ​ថា​ការ​ជួយ​ឲ្យ​រួច ឬ​ក៏​ការ​រំដោះ​ពី​ការ​ជិះ​ជាន់ ឬ​ពី​សេចក្ដី​ស្លាប់​ដ៏​ឃោរ​ឃៅ ដែល​កើត​មុន​ពេល។ ជា​ឧទាហរណ៍ ក្នុង​ការ​ហៅ​ព្រះ​យេហូវ៉ា​ជា«អ្នក​ជួយ​ទូល​បង្គំ​ឲ្យ​រួច» នោះ​ដាវីឌ​បាន​មាន​ប្រសាសន៍​ថា៖ «ព្រះ​ទ្រង់​ជា​ថ្ម​ដា​នៃ​ទូល​បង្គំ . . . ជា​ទី​ជ្រក​កោន​នៃ​ទូល​បង្គំ ទ្រង់​ជា​អ្នក​ជួយ​សង្គ្រោះ ដែល​សង្គ្រោះ​ទូល​បង្គំ​ឲ្យ​រួច​ពី​អំណាច​អាក្រក់ ទូល​បង្គំ​នឹង​អំពាវនាវ​ដល់​ព្រះ​យេហូវ៉ា ដែល​ទ្រង់​គាប់​គួរ​សរសើរ យ៉ាង​នោះ​ទូល​បង្គំ​នឹង​បាន​សង្គ្រោះ ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ​ហើយ»។ (សាំយូអែល​ទី​២ ២២:២​-​៤) ដាវីឌ​បាន​ដឹង​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​សណ្ដាប់ ពេល​ដែល​ពួក​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​អំពាវនាវ​រក​ជំនួយ​នោះ។—ទំនុកដំកើង ៣១:២២, ២៣; ១៤៥:១៩

៤. តើ​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​នៅ​មុន​សម័យ​គ្រីស្ទាន មាន​សេចក្ដី​សង្ឃឹម​អ្វី​អំពី​ជីវិត​នៅ​នា​អនាគត​នោះ?

ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​មុន​សម័យ​គ្រីស្ទាន ក៏​មាន​សេចក្ដី​សង្ឃឹម​អំពី​ជីវិត​នៅ​នា​អនាគត​ដែរ។ (យ៉ូប ១៤:១៣​-​១៥; អេសាយ ២៥:៨; ដានីយ៉ែល ១២:១៣) តាម​ការ​ពិត សេចក្ដី​សន្យា​ជា​ច្រើន​អំពី​ការ​ជួយ​ឲ្យ​រួច ដែល​មាន​ក្នុងបទគម្ពីរ​ភាសាហេព្រើរ គឺ​អំពី​ការ​សង្គ្រោះ​ដ៏​ធំ​ជាង​ខាង​ទំនាយ ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច។ (អេសាយ ៤៩:៦, ៨; កិច្ច​ការ ១៣:៤៧; កូរិនថូស​ទី​២ ៦:២) នៅ​ក្នុង​សម័យ​របស់​ព្រះ​យេស៊ូ ពួក​យូដា​ជា​ច្រើន​បាន​សង្ឃឹម​អំពី​ជីវិត​អស់​កល្ប​ជា​និច្ច ក៏​ប៉ុន្តែ​ពួក​គេ​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​យេស៊ូ ដែល​ជា​វិធី​តែ​មួយ​គត់​ចំពោះ​ការ​សម្រេច​សេចក្ដី​សង្ឃឹម​របស់​គេ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពួក​មេ​ដឹក​នាំ​សាសនា​នៅ​សម័យ​ទ្រង់​ថា៖ «អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មានថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ»។—យ៉ូហាន ៥:៣៩

៥. នៅ​ទី​បំផុត តើ​ការ​សង្គ្រោះ​មាន​ន័យ​យ៉ាង​ណា?

តាម​រយៈ​ព្រះ​យេស៊ូ នោះ​ព្រះ​បាន​លាត​ត្រដាង​នូវ​ទំហំ​ទាំង​មូល​នៃ​អត្ថន័យ​អំពី​ការ​សង្គ្រោះ។ នេះ​រួម​បញ្ចូល​ការ​រំដោះ​ចេញ​ពី​ការ​គ្រប់​គ្រង​នៃ​អំពើ​បាប ចេញ​ពី​សេវកភាព​នៃ​សាសនា​មិន​ពិត ពី​លោកីយ៍​ក្រោម​អំណាច​របស់​សាតាំង ពី​ការ​ខ្លាច​មនុស្ស ព្រម​ទាំង​ពី​ការ​ខ្លាច​សេចក្ដី​ស្លាប់​ផង​ដែរ។ (យ៉ូហាន ១៧:១៦; រ៉ូម ៨:២; កូល៉ុស ១:១៣; វិវរណៈ ១៨:២, ៤) នៅ​ទី​បំផុត ចំពោះ​ពួក​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ នោះ​ការ​សង្គ្រោះ​ដោយ​ព្រះ មិន​គ្រាន់​តែ​មាន​ន័យ​ថា ការ​រំដោះ​ចេញ​ពី​ការ​ជិះ​ជាន់​និង​ទុក្ខ​ព្រួយ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​រួម​បញ្ចូល​នឹង​ឱកាស​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​ផង​ដែរ។ (យ៉ូហាន ៦:៤០; ១៧:៣) ព្រះ​យេស៊ូ​បាន​បង្រៀន​ថា ចំពោះ«ហ្វូង​តូច» ការ​សង្គ្រោះ​មាន​ន័យ​ថា​គេ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដោយ​មាន​ជីវិត​នៅ​លើ​ស្ថាន​សួគ៌ ដើម្បី​ចូល​រួម​ការ​គ្រប់​គ្រង​ព្រះ​រាជាណាចក្រ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ។ (លូកា ១២:៣២) ចំពោះ​មនុស្សជាតិ​ឯ​ទៀត ការ​សង្គ្រោះ​មាន​ន័យ​ថា ការ​ស្ដារ​ឡើង​វិញ​ឲ្យ​បាន​ជីវិត​គ្រប់ល័ក្ខណ៍​និង​ការ​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ ដែល​អ័ដាម​និង​អេវ៉ា​ធ្លាប់​មាន​ក្នុង​សួន​ច្បារ​អេដែន មុន​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​នោះ។ (កិច្ច​ការ ៣:២១; អេភេសូរ ១:១០)ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច​ក្រោម​ស្ថានភាព​ដូច​ជា​សួន​មនោរម្យ​បែប​នេះ គឺ​ជា​គោល​បំណង​ដើម​របស់​ព្រះ​សំរាប់​មនុស្សជាតិ។ (លោកុប្បត្តិ ១:២៨; ម៉ាកុស ១០:៣០) ក៏​ប៉ុន្តែ តើ​ការ​ស្ដារ​ឡើង​វិញ​ឲ្យ​បាន​ស្ថានភាព​បែប​នេះ អាច​សម្រេច​បាន​យ៉ាង​ដូច​ម្ដេច?

មូលដ្ឋាន​ចំពោះ​ការ​សង្គ្រោះ​គឺ​ជា​តម្លៃ​លោះ

៦, ៧. តើ​អ្វី​ជា​មុខ​នាទី​របស់​ព្រះ​យេស៊ូ​ស្តី​អំពី​ការ​សង្គ្រោះ​របស់​យើង?

ការ​សង្គ្រោះ​ដ៏​អស់​កល្ប​ជា​និច្ច​គឺ​អាច​សម្រេច​បាន មាន​តែ​តាមរយៈ​យញ្ញ​បូជា​លោះ​របស់​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ។ ហេតុ​អ្វី? ព្រះ​គម្ពីរ​ពន្យល់​ថា នៅ​ពេល​ដែល​អ័ដាម​ប្រព្រឹត្ត​អំពើ​បាប គាត់«លក់»ខ្លួន​គាត់​និង​កូន​ចៅ​ដែល​កើត​ទាំង​ប៉ុន្មាន​នៅ​អនាគត​របស់​គាត់ ដែល​រួម​បញ្ចូល​យើង​ផង​ដែរ​ឲ្យ​ស្ថិត​ក្នុង​អំពើ​បាប​នោះ អ៊ីចឹង​ហើយ​តម្លៃ​លោះ​ជា​អ្វី​ដ៏​ចាំ​បាច់ បើ​មនុស្សជាតិ​ចង់​ឲ្យ​សេចក្ដី​សង្ឃឹម​មាន​ប្រសិទ្ធភាព​នោះ។ (រ៉ូម ៥:១៤, ១៥; ៧:១៤) ហេតុ​ដែល​ព្រះ​នឹង​ផ្ដល់​នូវ​តម្លៃ​លោះ​សំរាប់​មនុស្ស​ទាំង​អស់ បាន​ត្រូវ​តំណាង​ជា​មុន​ដោយ​យញ្ញ​បូជា​សត្វ​នៅ​ក្រោម​ក្រិត្យ​វិន័យ​លោក​ម៉ូសេ។ (ហេព្រើរ ១០:១​-​១០; យ៉ូហាន​ទី​១ ២:២) ព្រះ​យេស៊ូ​ជា​បុគ្គល​ដែល​ជា​យញ្ញ​បូជា​បាន​បំពេញ​តាម​ទំនាយ​ទាំង​នោះ។ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​ប្រកាស​មុន​នឹង​កំណើត​របស់​ព្រះ​យេស៊ូ​ថា៖ «បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប»។—ម៉ាថាយ ១:២១; ហេព្រើរ ២:១០

ដោយ​អព្ភូតហេតុ ព្រះ​យេស៊ូ​បាន​ប្រសូត​ពី​ស្រី​ក្រមុំ​ព្រហ្មចារី​គឺ​នាង​ម៉ារា ហើយ​ដោយ​ទ្រង់​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ ទ្រង់​ឥត​ទទួល​សេចក្ដី​ស្លាប់​ជា​មរតក​ពី​អ័ដាម​នោះ​ទេ។ ហេតុ​ការណ៍​ពិត​នេះ​រួម​បញ្ចូល​នឹង​ដំណើរ​នៃ​សេចក្ដី​ស្មោះ​ត្រង់​ដ៏​គ្រប់ល័ក្ខណ៍ បាន​ផ្ដល់​ជីវិត​របស់​ទ្រង់​នូវ​តម្លៃ​ដែល​ត្រូវ​ការ ដើម្បី​ទិញ​មនុស្សជាតិ​មក​វិញ​ពី​អំពើ​បាប​និង​សេចក្ដី​ស្លាប់។ (យ៉ូហាន ៨:៣៦; កូរិនថូស​ទី​១ ១៥:២២) មិន​ដូច​មនុស្ស​ដទៃ​ទៀត ព្រះ​យេស៊ូ​មិន​បាន​ត្រូវ​ផ្ដន្ទា​ទោស​ឲ្យ​ស្លាប់​ដោយ​ព្រោះ​អំពើ​បាប​នោះ​ឡើយ។ ទ្រង់​បាន​យាង​មក​ផែនដី​នេះ​ដោយ​មាន​បំណង ដើម្បី«ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង»។ (ម៉ាថាយ ២០:២៨) ដោយ​បាន​សម្រេច​ដូច្នេះ ព្រះ​យេស៊ូ​ដែល​ឥឡូវ​នេះ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​បាន​ឡើង​សោយ​រាជ្យ គឺ​អាច​ផ្ដល់​នូវ​ការ​សង្គ្រោះ​ដល់​មនុស្ស​ទាំង​អស់ ដែល​បំពេញ​តាម​តម្រូវ​ការ​របស់​ព្រះ។—វិវរណៈ ១២:១០

តើ​អ្វី​ដែល​ត្រូវ​ការ​ដើម្បី​ទទួល​ការ​សង្គ្រោះ?

៨, ៩. (ក) តើ​ព្រះ​យេស៊ូ​តប​ឆ្លើយ នឹង​សំនួរ​របស់​យុ​វ​អ្នក​គ្រប់​គ្រង​ដ៏​មាន​ម្នាក់​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ព្រះ​យេស៊ូ​ប្រើ​គ្រា​នេះ​ដើម្បី​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

នៅ​ពេល​មួយ យុ​វ​អ្នក​គ្រប់​គ្រង​ដ៏​មាន​ម្នាក់​បាន​ទូល​សួរ​ព្រះ​យេស៊ូ​ថា៖ «តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច ប្រយោជន៍​ឲ្យ​បាន​គ្រង​ជីវិត​រស់​អស់​កល្ប​ជា​និច្ច»? (ម៉ាកុស ១០:១៧) សំនួរ​របស់​គាត់​ប្រហែល​ជា​សម្ដែង​ប្រាប់​នូវ​គំនិត​របស់​ពួក​យូដា​នៅ​សម័យ​នោះ​ដែល​ថា ព្រះ​ទ្រង់​តម្រូវ​នូវកិច្ច​ការល្អ​ជាក់​លាក់​ខ្លះ ហើយ​ថា​ដោយ​ការ​បំពេញ​នូវកិច្ច​ការទាំង​ប៉ុន្មាន​ឲ្យ​បាន​គ្រប់​គ្រាន់ នោះ​ទើប​បុគ្គល​ម្នាក់​អាច​បាន​ការ​សង្គ្រោះ​ពី​ព្រះ។ ក៏​ប៉ុន្តែ ភក្ដី​ភាព​តាម​ផ្លូវ​បែប​នោះ​អាច​ដុះ​ចេញ​ពី​បំណង​ចិត្ត​ដ៏​កំណាញ់។ កិច្ច​ការបែប​នេះ​មិន​បាន​ផ្ដល់​នូវ​សេចក្ដី​សង្ឃឹម​ដ៏​ប្រាកដ​ចំពោះ​ការ​សង្គ្រោះ​នោះ​ទេ ដ្បិត​គ្មាន​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍​ណា​អាច​បំពេញ​តាម​ខ្នាត​តម្រា​របស់​ព្រះ ឲ្យ​បាន​ពេញ​លេញ​បាន​ទេ។

ក្នុង​ការ​តប​ឆ្លើយ​ដល់​សំនួរ​របស់​បុរស​នេះ នោះ​ព្រះ​យេស៊ូ​គ្រាន់​តែ​បាន​រំឭក​គាត់​ថា គាត់​គួរ​តែ​គោរព​តាមបទបញ្ជា​របស់​ព្រះ។ យុ​វ​អ្នក​គ្រប់​គ្រង​នេះ​បាន​ធានា​អះអាង​យ៉ាង​រហ័ស​ប្រាប់​ព្រះ​យេស៊ូ​ថា គាត់​បាន​រក្សា​និង​ធ្វើ​តាម​បញ្ជា​ទាំង​នោះ​តាំង​ពី​ក្មេង​មក​ម្ល៉េះ។ ការ​តប​ឆ្លើយ​របស់​គាត់​បាន​ជំរុញ​ឲ្យ​ព្រះ​យេស៊ូ​មាន​អារម្មណ៍​ស្រឡាញ់​គាត់។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​គាត់​ថា៖ «អ្នក​នៅ​ខ្វះ​កិច្ច​១​ទៀត គឺ​ត្រូវ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្ដិ​នៅ​លើ​ស្ថាន​សួគ៌​វិញ រួច​ឲ្យ​ផ្ទុក​ឈើ​ឆ្កាង​មក​តាម​ខ្ញុំ​ចុះ»។ ប៉ុន្តែ យុវបុរស​នេះ​បាន​ចេញ​ទៅ​ទាំង​ក្ដី​ទុក្ខ «ព្រោះ​គាត់​មាន​សម្បត្ដិ​ច្រើន​ណាស់»។ បន្ទាប់​មក ព្រះ​យេស៊ូ​បាន​បញ្ជាក់​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា ការ​ជាប់​ចិត្ត​នឹង​ទ្រព្យ​សម្បត្ដិ​របស់​លោកីយ៍​នេះ​ហួស​ហេតុ អាច​ឃាំង​ពី​ការ​ទទួល​ការ​សង្គ្រោះ។ ទ្រង់​បាន​មាន​បន្ទូល​បន្ថែម​ថា គ្មាន​បុគ្គល​ណា​ម្នាក់​អាច​ទទួល​ការ​សង្គ្រោះ ដោយ​ការ​ខំ​ប្រឹង​តែ​ខ្លួន​ឯង​ឡើយ។ ប៉ុន្តែ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ធានា​រ៉ាប់​រង​គេ​ថា៖ «ការ​នោះ​មនុស្ស​លោក​ធ្វើ​ពុំ​កើត​ទេ តែ​ព្រះ​ទ្រង់​ធ្វើ​កើត ដ្បិត​ព្រះ​ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់​បាន»។ (ម៉ាកុស ១០:១៨​-​២៧; លូកា ១៨:១៨​-​២៣) តើ​ការ​សង្គ្រោះ​អាច​មាន​ឡើង​យ៉ាង​ណា​ទៅ?

១០. តើ​យើង​ត្រូវ​តែ​បំពេញ​តាម​ល័ក្ខខ័ណ្ឌ​ណា​ខ្លះ ដើម្បី​ទទួល​ការ​សង្គ្រោះ​នោះ?

១០ ការ​សង្គ្រោះ​ជា​អំណោយ​ពី​ព្រះ ក៏​ប៉ុន្តែ​អំណោយ​នេះ​មិន​មែន​មាន​មក​ដោយ​ស្វ័យប្រវត្ត​ទេ។ (រ៉ូម ៦:២៣) គឺ​មាន​ល័ក្ខខ័ណ្ឌ​ដ៏​សំខាន់​ខ្លះ​ៗ ដែល​បុគ្គល​ម្នាក់​ៗ​ត្រូវ​តែ​បំពេញ ដើម្បី​ឲ្យ​មាន​សិទ្ធិ​ទទួល​អំណោយ​នោះ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ»។ ហើយ​សាវ័កយ៉ូហានបាន​និយាយ​បន្ថែម​ថា៖ «ឯ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា នោះ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​ហើយ តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ​ដល់​ព្រះ​រាជបុត្រា​វិញ នោះ​នឹង​មិន​ឃើញ​ជីវិត​សោះ​ឡើយ»។ (យ៉ូហាន ៣:១៦, ៣៦) យ៉ាង​ច្បាស់​ណាស់ ព្រះ​តម្រូវ​ជំនឿ​និង​ការ​ស្ដាប់​បង្គាប់​ពី​បុគ្គល​ម្នាក់​ៗ ដែល​មាន​សង្ឃឹម​ចង់​ទទួល​នូវ​ការ​សង្គ្រោះ​ដ៏​អស់​កល្ប​ជា​និច្ច។ បុគ្គល​ម្នាក់​ៗ​ត្រូវ​តែ​សម្រេច​ចិត្ត​ទទួល​យក​តម្លៃ​លោះ​នេះ និង​ធ្វើ​តាម​លំអាន​ដាន​របស់​ព្រះ​យេស៊ូ។

១១. តើ​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍​អាច​ទទួល​ការ​យល់​ព្រម​ពី​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១១ ដោយ​ព្រោះ​យើង​ជា​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍ នោះ​យើង​មិន​មាន​ចិត្ត​រេ​ទៅ​រក​ការ​គោរព​តាម​នោះ​ឡើយ ហើយ​យើង​ក៏​មិន​អាច​ស្ដាប់​បង្គាប់​ឲ្យ​បាន​គ្រប់ល័ក្ខណ៍​ដែរ។ ដូច្នេះ​ហើយ​នេះ​ជា​ហេតុ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​នូវ​តម្លៃ​លោះ ដើម្បី​គ្រប​បាំង​បាប​របស់​យើង។ យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​តែ​ខំ​ប្រឹង​រស់​នៅ​ឲ្យ​សម​ស្រប​តាម​ផ្លូវ​របស់​ព្រះ​ជា​បន្ត។ ដូច​ជា​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​យុ​វ​អ្នក​គ្រប់​គ្រង​ដ៏​មាន​ម្នាក់ នោះ​យើង​ត្រូវ​តែ​រក្សា​ទុកបទបញ្ជា​របស់​ព្រះ។ ការ​ធ្វើ​អ៊ីចឹង​មិន​គ្រាន់​តែ​មាន​ការ​យល់​ព្រម​ពី​ព្រះ ក៏​ប៉ុន្តែ​នាំ​ឲ្យ​មាន​អំណរ​យ៉ាង​ខ្លាំង ដ្បិត«បញ្ញត្ត​ទ្រង់​នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ» បទបញ្ញត្ត​ទាំង​នេះ​ជា«សេចក្ដី​សុខ​ស្រួល»វិញ។ (យ៉ូហាន​ទី​១ ៥:៣; សុភាសិត ៣:១, ៨) ក៏​ប៉ុន្តែ គឺ​មិន​ជា​ការ​ស្រួល​នោះ​ទេ ក្នុង​ការ​កាន់​ឲ្យ​ជាប់​នឹង​សេចក្ដី​សង្ឃឹម​ទៅ​លើ​ការ​សង្គ្រោះ​នោះ។

«ខំ​ត​យុទ្ធ ដើម្បី​ការ​ពារ​សេចក្ដី​ជំនឿ»

១២. តើ​សេចក្ដី​សង្ឃឹម​ទៅ​លើ​ការ​សង្គ្រោះ​ពង្រឹង​គ្រីស្ទាន​ម្នាក់ ឲ្យ​ទប់​ទល់​នឹង​សេចក្ដី​ល្បួង​ដ៏​ឥត​សីលធម៌​យ៉ាង​ដូច​ម្ដេច?

១២ យូដាសដ៏​ជា​សិស្ស​ម្នាក់​ចង់​សរសេរ​ទៅ​ពួក​គ្រីស្ទាន​សម័យ​ដើម អំពី«សេចក្ដី​សង្គ្រោះ ដែល​សំរាប់​យើង​ទាំង​អស់​គ្នា»។ ក៏​ប៉ុន្តែ ដោយ​មាន​ស្ថានភាព​ខាង​សីលធម៌​ដ៏​អាក្រក់ នោះ​បាន​តម្រូវ​ឲ្យ​គាត់​ទូន្មាន​បង​ប្អូន​របស់​គាត់ ឲ្យ«ខំ​ត​យុទ្ធ ដើម្បី​ការ​ពារ​សេចក្ដី​ជំនឿ»។ ត្រូវ​ហើយ ដើម្បី​ទទួល​ការ​សង្គ្រោះ​នោះ បើ​មាន​តែ​ជំនឿ ការ​កាន់​តាម​ជំនឿ​គ្រីស្ទាន​ដ៏​ពិត​និង​ស្ដាប់​បង្គាប់​តាម នៅ​ពេល​ដែល​អ្វី​ៗ​ទាំង​អស់​មាន​ដំណើរ​ការ​យ៉ាង​ស្រួល​នោះ គឺ​មិន​គ្រប់​គ្រាន់​ទេ។ ភក្ដី​ភាព​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ត្រូវ​តែ​មាំ​មួន​គ្រប់​គ្រាន់​ដើម្បី​ជួយ​យើង​ឲ្យ​ចេះ​ត​ទល់​នឹង​ការ​ល្បួង​ហើយ​និង​អានុភាព​ដ៏​ឥត​សីលធម៌។ ក៏​ប៉ុន្តែ ការ​ត្រេក​ត្រអាល​ខាង​កាម​ដ៏​ហួស​ហេតុ​និង​អំពើ​ខុស​ពី​ប្រក្រតី ការ​មិន​ចេះ​គោរព​អាជ្ញាធរ ការ​បាក់​បែក​គ្នា និង​ការ​សង្ស័យ បាន​ធ្វើ​ឲ្យ​ខូច​ដល់​គតិ​របស់​ក្រុម​ជំនុំ​នៅ​សតវត្ស​ទី​មួយ។ ដើម្បី​ជួយ​គេ​ឲ្យ​ត​យុទ្ធ​នឹង​ការ​ទោរ​ទន់​បែប​នេះ នោះយូដាសបាន​ដាស់​តឿន​ពួក​គ្រីស្ទាន​គ្នី​គ្នា ឲ្យ​រក្សា​នូវ​គោល​ដៅ​របស់​គេ​ឲ្យ​បាន​ជាក់​ច្បាស់​ដែល​ថា៖ «ឯ​អ្នក​រាល់​គ្នា​ជា​ពួក​ស្ងួន​ភ្ងា​អើយ ចូរ​រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចុះ ព្រម​ទាំង​រង់​ចាំ​សេចក្ដី​មេត្ដា​ករុណារបស់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង ឲ្យ​បាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ ដោយ​ស្អាង​ចិត្ត​ឡើង ក្នុង​សេចក្ដី​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត​របស់​អ្នក​រាល់​គ្នា ហើយ​ទាំង​អធិស្ឋាន ដោយ​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង»។ (យូដាស ៣, ៤, ៨, ១៩​-​២១) សេចក្ដី​សង្ឃឹម​នៃ​ការ​ទទួល​ការ​សង្គ្រោះ​អាច​ពង្រឹង​គេ​ឲ្យ​ខំ​ត​យុទ្ធ ដើម្បី​រក្សា​ការ​ស្អាត​ស្អំ​ខាង​សីលធម៌។

១៣. តើ​តាម​របៀប​ណា​ដែល​យើង​បង្ហាញ​ថា យើង​មិន​បាន​ភ្លេច​នូវ​គោល​បំណង​នៃ​ព្រះ​គុណ​របស់​ព្រះ?

១៣ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​មាន​ចរិយា​ខាង​សីលធម៌​ដ៏​គួរ​យក​ជា​គំរូ នៃ​អស់​អ្នក​ដែល​ទ្រង់​នឹង​ប្រទាន​ការ​សង្គ្រោះ​នោះ។ (កូរិនថូស​ទី​១ ៦:៩, ១០) ប៉ុន្តែ ការ​កាន់​តាម​ខ្នាត​តម្រា​ខាង​សីលធម៌​របស់​ព្រះ មិន​បាន​សេចក្ដី​ថា ក្លាយ​ទៅ​ជា​អ្នក​វិនិច្ឆ័យ​អ្នក​ដទៃ​ឡើយ។ យើង​មិន​មែន​ជា​បុគ្គល ដែល​នឹង​សម្រេច​នូវ​វាសនា​ជា​អនន្ត​របស់​បង​ប្អូន​យើង​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​នឹង​ធ្វើ​អ៊ីចឹង ដូច​ប៉ុល​បាន​ប្រាប់​ពួក​ក្រិក​នៅ​ទី​ក្រុង​អាថែន​ថា៖ «ទ្រង់​បាន​ដាក់​កំណត់​ថ្ងៃ ដែល​ទ្រង់​នឹង​ជំនុំ​ជំរះ​លោកីយ​ដោយ​យុត្ដិធម៌ ដោយ​សារ​មនុស្ស​ម្នាក់»—ដែល​ជា​ព្រះ​យេស៊ូ​គ្រីស្ទ។ (កិច្ច​ការ ១៧:៣១; យ៉ូហាន ៥:២២) ប្រសិន​បើ​យើង​រស់​នៅ​ដោយ​មាន​ជំនឿ​លើ​តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ យើង​មិន​ចាំ​បាច់​ខ្លាច​ថ្ងៃ​ជំនុំ​ជំរះ ដែល​មាន​នៅ​ខាង​មុខ​នេះ​ឡើយ។ (ហេព្រើរ ១០:៣៨, ៣៩) អ្វី​ដែល​សំខាន់​គឺ​ថា​យើង​មិន​ត្រូវ«ទទួល​ព្រះ​គុណ​របស់​ព្រះ ដោយ​បែប​ឥត​ប្រយោជន៍​ឡើយ» ដោយ​អនុញ្ញាត​ឲ្យ​ខ្លួន​យើង​បាន​ត្រូវ​ល្បួង ជា​ការ​មាន​គំនិត​និង​ចរិយា​ដ៏​ខុស។ (កូរិនថូស​ទី​២ ៦:១) បន្ថែម​ទៀត​នោះ ដោយ​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​នូវ​ការ​សង្គ្រោះ យើង​បង្ហាញ​ថា យើង​មិន​បាន​ភ្លេច​នូវ​គោល​បំណង​នៃ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​ឡើយ។ តើ​យើង​អាច​ជួយ​គេ​យ៉ាង​ដូច​ម្ដេច​ទៅ?

ការ​ចែក​នូវ​សេចក្ដី​សង្ឃឹម​នៃ​ការ​សង្គ្រោះ

១៤, ១៥. តើ​ព្រះ​យេស៊ូ​ចាត់​ចែង​ឲ្យ​អ្នក​ណា ដើម្បី​ប្រកាស​ដំណឹង​ល្អ​នៃ​ការ​សង្គ្រោះ?

១៤ ដោយ​សម្រង់​ពាក្យ​របស់​ព្យាការីយ៉ូអែល នោះ​ប៉ុល​បាន​សរសេរ​ថា៖ «ហើយ​គ្រប់​គ្នា គឺ​អស់​អ្នក​ណា ដែល​អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​អម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ»។ រួច​មក គាត់​បាន​និយាយ​ទៀត​ថា៖ «ដូច្នេះ បើ​គេ​មិន​ជឿ ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​អំពាវនាវ​ដល់​ព្រះ​បាន ហើយ​បើ​គេ​មិន​បាន​ឮ​និយាយ នោះ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ​បាន ហើយ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ឮ​និយាយ​បាន បើ​គ្មាន​អ្នក​ណា​ប្រាប់​សោះ»។ ខ​ពីរ​បី​បន្ត​បន្ទាប់​មក​ទៀត នោះ​ប៉ុល​ចង្អុល​ប្រាប់​ថា​ជំនឿ​មិន​មាន​ដោយ​ឯកឯង​ឡើយ ផ្ទុយ​ទៅ​វិញ ជំនឿ«កើត​ឡើង​ដោយ​ឮ» នោះ​គឺ«ព្រះ​បន្ទូល​នៃ​ព្រះ»គ្រីស្ទ។—រ៉ូម ១០:១៣, ១៤, ១៧; យ៉ូអែល ២:៣២

១៥ តើ​អ្នក​ណា​ដែល​នឹង​នាំ«ព្រះ​បន្ទូល​នៃ​ព្រះ»គ្រីស្ទ​ដល់​សាសន៍​ទាំង​ឡាយ? ព្រះ​យេស៊ូ​បាន​ចាត់​ចែងកិច្ច​ការនោះ​ដល់​ពួក​សិស្ស​ទ្រង់ គឺ​ដល់​អស់​អ្នក​ដែល​បាន​ត្រូវ​បង្រៀន​អំពី«ព្រះ​បន្ទូល»ហើយ។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០; យ៉ូហាន ១៧:២០) នៅ​ពេល​ដែល​យើង​ធ្វើកិច្ច​ការផ្សព្វ​ផ្សាយ​ព្រះ​រាជាណាចក្រ​និងកិច្ច​ការបង្កើត​ឲ្យ​មាន​សិស្ស នោះ​យើង​កំពុង​តែ​ធ្វើ​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​មក ដែល​លើក​នេះ​បាន​ដក​ស្រង់​ពីអេសាយ ដែល​ថា៖ «ជើង​នៃ​ពួក​អ្នក ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ពី​សេចក្ដី​សុខ​សាន្ត ហើយ​ថ្លែង​ប្រាប់​ពី សេចក្ដី​ដែល​បណ្ដាល​ឲ្យ​រីករាយ​ចិត្ត នោះ​ល្អ​ប្រពៃ​យ៉ាង​ណា​ហ្ន៎!»។ ទោះ​ជា​មនុស្ស​ជា​ច្រើន​ឥត​ទទួល​ដំណឹង​ល្អ​ដែល​យើង​នាំ​ទៅ​ក៏​ដោយ នោះ​ជើង​របស់​យើង​ក៏​នៅ​តែ«ល្អ​ប្រពៃ»ចំពោះ​ព្រះ​យេហូវ៉ា​ដែរ។—រ៉ូម ១០:១៥; អេសាយ ៥២:៧

១៦, ១៧. តើ​គោល​បំណង​ពីរ​យ៉ាង​ណា ដែលកិច្ច​ការផ្សព្វ​ផ្សាយ​របស់​យើង​នឹង​សម្រេច​នោះ?

១៦ ការ​បំពេញ​តាម​មុខ​ងារ​នេះ គឺ​សម្រេច​បាន​គោល​បំណង​ដ៏​សំខាន់​ពីរ​យ៉ាង។ ទី​មួយ ដំណឹង​ល្អ​ត្រូវ​តែ​ផ្សព្វ​ផ្សាយ​ដើម្បី​ឲ្យ​ព្រះ​នាម​របស់​ព្រះ​បាន​ត្រូវ​តម្កើង​ឡើង ហើយ​អស់​អ្នក​ដែល​ចង់​បាន​ការ​សង្គ្រោះ​នឹង​ដឹង​ថា​ត្រូវ​បែរ​ទៅ​ឯ​ណា។ ប៉ុល​បាន​យល់​មុខ​ងារ​នោះ​មាន​លក្ខណៈ​មួយ​នេះ។ គាត់​បាន​ថ្លែង​ថា៖ «ដ្បិត​ព្រះ​អម្ចាស់ ទ្រង់​បាន​បង្គាប់​មក​យើង​ខ្ញុំ​ដូច្នេះ​ថា ‹អញ​បាន​តាំង​ឯង​សំរាប់​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ ដើម្បី​ឲ្យ​ឯង​បាន​សំរាប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ចុង​ផែនដី​បំផុត›»។ ដូច្នេះ​ហើយ ជា​ពួក​សិស្ស​របស់​ព្រះ​គ្រីស្ទ យើង​ម្នាក់​ៗ​ត្រូវ​តែ​ចូល​រួម​ក្នុង​ការ​យក​សារ​អំពី​ការ​សង្គ្រោះ​នេះ ទៅ​ដល់​មនុស្ស​ទាំង​ឡាយ។—កិច្ច​ការ ១៣:៤៧; អេសាយ ៤៩:៦

១៧ ទី​ពីរ ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ គឺ​ចាក់​គ្រឹះ​ចំពោះ​ការ​ជំនុំ​ជំរះ​ដ៏​សុចរិត​របស់​ព្រះ។ ស្តី​អំពី​ការ​ជំនុំ​ជំរះ​នោះ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «តែ​កាល​ណា​កូន​មនុស្ស​នឹង​មក ក្នុង​សិរី​ល្អ​របស់​លោក មាន​ទាំង​ពួក​ទេវតា​បរិសុទ្ធ​ទាំង​អស់​គ្នា មក​ជា​មួយ នោះ​លោក​នឹង​ឡើង​គង់​លើ​បល្ល័ង្ក​រុង​រឿង​ឧត្តម​របស់​លោក រួច​គ្រប់​ទាំង​សាសន៍​នឹង​ត្រូវ​ប្រមូល​គ្នា នៅ​ចំពោះ​លោក ហើយ​លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​ជា​អ្នក​គង្វាល ដែលញែក​ចៀម​ចេញ​ពី​ពពែ​ដែរ»។ ទោះ​ជា​ការ​ជំនុំ​ជំរះ​និង​ការ​ញែក​ចេញ​ពី​គ្នា នឹង​សម្រេច«កាល​ណា​កូន​មនុស្ស​នឹង​មក ក្នុង​សិរី​ល្អ​របស់​លោក» តែកិច្ច​ការផ្សព្វ​ផ្សាយ​កំពុង​តែ​ផ្ដល់​ឲ្យ​មនុស្ស​សព្វ​ថ្ងៃ​នេះ នូវ​ឱកាស​ឲ្យ​ទទួល​ស្គាល់​ពួក​បង​ប្អូន​ខាង​វិញ្ញាណ​របស់​ព្រះ​គ្រីស្ទ ហើយ​ធ្វើ​ការ​ដើម្បី​គាំទ្រ​គេ ប្រយោជន៍​ជា​ការ​សង្គ្រោះ​ដ៏​អនន្ត​របស់​គេ។—ម៉ាថាយ ២៥:៣១​-​៤៦

រក្សា‹សេចក្ដី​ជំនឿ​ដ៏​ពេញ​លេញ​ចំពោះ​សេចក្ដី​សង្ឃឹម›

១៨. តើ​យើង​អាច​រក្សា«សេចក្ដី​សង្ឃឹម​លើ​ការ​សង្គ្រោះ»របស់​យើង ឲ្យ​បាន​ភ្លឺ​ស្វាង​យ៉ាង​ដូច​ម្ដេច?

១៨ ការ​ចូល​រួម​ដ៏​សកម្ម​របស់​យើង​នឹងកិច្ច​ការផ្សព្វ​ផ្សាយ ក៏​ជា​វិធី​ដើម្បី​ជួយ​យើង​ឲ្យ​រក្សា​សេចក្ដី​សង្ឃឹម​របស់​យើង​ឲ្យ​បាន​ភ្លឺ​ស្វាង​ដែរ។ ប៉ុល​បាន​សរសេរ​ថា៖ «តែ​យើង​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​និមួយ​ៗ បាន​សំដែង​ចេញ​ជា​ចិត្ត​ឧស្សាហ៍​ដូច​គ្នា​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សេចក្ដី​ជំនឿ​ដ៏​ពេញ​លេញ​របស់​សេចក្ដី​សង្ឃឹម ដរាប​ដល់​ចុង​បំផុត»។ (ហេព្រើរ ៦:១១) ដូច្នេះ សូម​ឲ្យ​យើង​ម្នាក់​ៗ «យក​សេចក្ដី​សង្ឃឹម​លើ​ការ​សង្គ្រោះ មក​ពាក់​ធ្វើ​ជា​មួក​ដែក» អ៊ីចឹង​ហើយ​ក៏​ចង​ចាំ​ថា«ព្រះ​ទ្រង់​មិន​បាន​ដំរូវ​យើង ទុក​សំរាប់​សេចក្ដី​ក្រោធ​ទេ គឺ​សំរាប់​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ​វិញ ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង»។ (ថែស្សាឡូនីច​ទី​១ ៥:៨, ៩ ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) សូម​ឲ្យ​យើង​ធ្វើ​តាម​ការ​ដាស់​តឿន​របស់​ពេត្រុស​ដែល​ថា៖ «ចូរ​ក្រវាត់​គំនិត​អ្នក​រាល់​គ្នា​ឲ្យ​មាំ​មួន​ចុះ ទាំង​ដឹង​ខ្លួន ហើយ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​គ្រប់ជំពូក ដល់​ព្រះ​គុណ​ដែល​ត្រូវ​ផ្ដល់​មក​ដល់​អ្នក​រាល់​គ្នា»។ (ពេត្រុស​ទី​១ ១:១៣) អស់​អ្នក​ដែល​ធ្វើ​អ៊ីចឹង​នឹង​ឃើញ​ថា«សេចក្ដី​សង្ឃឹម​លើ​ការ​សង្គ្រោះ»របស់​គេ នឹង​បាន​សម្រេច​យ៉ាង​ពេញ​លេញ!

១៩. តើ​អ្វី​ដែល​យើង​នឹង​ពិនិត្យ​មើល​ក្នុង​អត្ថបទ​ជា​បន្ទាប់?

១៩ ក្នុង​ពេល​ចន្លោះ​នោះ តើ​យើង​គួរ​តែ​មាន​ទស្សនៈ​បែប​ណា​អំពី​ពេល​វេលា​ដែល​នៅ​សល់ ចំពោះ​របប​នេះ? តើ​តាម​របៀប​ណា​ដែល​យើង​អាច​ប្រើ​ពេល​វេលា ដើម្បី​ទទួល​ការ​សង្គ្រោះ​សំរាប់​ខ្លួន​យើង​និង​ពួក​អ្នក​ដទៃ​នោះ? យើង​នឹង​ពិនិត្យ​មើល​នូវ​សំនួរ​ទាំង​នេះ ក្នុង​អត្ថបទ​ជា​បន្ទាប់។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

ហេតុ​អ្វី​ក៏​យើង​ត្រូវ​តែ​រក្សា«សេចក្ដី​សង្ឃឹម​លើ​ការ​សង្គ្រោះ»របស់​យើង ឲ្យ​បាន​ភ្លឺ​ស្វាង?

តើ​ការ​សង្គ្រោះ​រួម​បញ្ចូល​អ្វី​ខ្លះ?

តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី​ដើម្បី​ទទួល​អំណោយ​នៃ​ការ​សង្គ្រោះ?

តើកិច្ច​ការផ្សព្វ​ផ្សាយ​របស់​យើង​សម្រេច​អ្វី​ខ្លះ ដែល​សម​ស្រប​នឹង​គោល​បំណង​របស់​ព្រះ​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១០]

ការ​សង្គ្រោះ​មាន​ន័យ​ច្រើន​ជាង​ការ​រំដោះ​ចេញ​ពី​សេចក្ដី​ហិន​វិនាស​ទៅ​ទៀត