‹ចូរសង្គ្រោះខ្លួនអ្នកនិងអស់អ្នកដែលស្ដាប់អ្នក›
‹ចូរសង្គ្រោះខ្លួនអ្នកនិងអស់អ្នកដែលស្ដាប់អ្នក›
«ចូរប្រុងប្រយ័តនឹងខ្លួនអ្នក ហើយនឹងសេចក្ដីបង្រៀន . . . ដ្បិតដែលធ្វើដូច្នោះ នោះអ្នកនឹងសង្គ្រោះខ្លួនអ្នកបាន ព្រមទាំងពួកអ្នកដែលស្ដាប់អ្នកផង»។—ធីម៉ូថេទី១ ៤:១៦
១, ២. តើអ្វីដែលជំរុញពួកគ្រីស្ទានពិតឲ្យបន្តធ្វើកិច្ចការដ៏សង្គ្រោះជីវិតនេះ?
នៅឯភូមិដ៏ដាច់ស្រយាលមួយនៅភាគខាងជើងប្រទេសថៃ នោះគូស្វាមីភរិយាដែលជាស្មរបន្ទាល់ព្រះយេហូវ៉ា បានសាកល្បងប្រើភាសាថ្មីដែលទើបតែរៀន ដើម្បីទាក់ទងជាមួយនឹងពួកសមាជិកនៃកុលសម្ព័ន្ធតាមភ្នំ។ ដើម្បីចែកប្រាប់នូវដំណឹងល្អនៃព្រះរាជាណាចក្ររបស់ព្រះជាមួយពួកអ្នកភូមិនេះ គូស្វាមីភរិយានេះបានចាប់ផ្ដើមរៀនភាសាឡាហូ។
២ ប្ដីពន្យល់ថា៖ «គឺមានការពិបាកនឹងរៀបរាប់នូវអំណរនិងការស្កប់ស្កល់ចិត្ត ដោយធ្វើការក្នុងចំណោមប្រជាជន ដែលគួរឲ្យចាប់អារម្មណ៍ទាំងនេះ។ យើងពិតជាមានអារម្មណ៍ថា យើងជាប់ទាក់ទងនឹងការសម្រេចនៃសៀវភៅវិវរណៈ ១៤:៦, ៧ ដោយប្រកាសដំណឹងល្អ‹ដល់គ្រប់ទាំងសាសន៍ និងគ្រប់ពូជអំបូរ និងគ្រប់ភាសា›។ តំបន់ដែលដំណឹងល្អមិនទាន់ទៅដល់នោះមិនសូវមានច្រើនទេ ប៉ុន្តែនេះប្រាកដជាតំបន់មួយក្នុងចំណោមតំបន់ខ្លះៗ។ យើងសឹងតែមានសិស្សព្រះគម្ពីរច្រើនជាងសមត្ថភាពដែលយើងមានដើម្បីបង្រៀនទៅទៀត»។ យ៉ាងច្បាស់ណាស់ គូស្វាមីភរិយានេះ មានសង្ឃឹមចង់សង្គ្រោះមិនគ្រាន់តែខ្លួនគេ ក៏ប៉ុន្តែអស់អ្នកដែលស្ដាប់គេដែរ។ ជាពួកគ្រីស្ទាន តើយើងទាំងអស់គ្នាមិនសង្ឃឹមនឹងធ្វើអ៊ីចឹងដែរទេឬ?
‹ចូរប្រុងប្រយ័ត្ននឹងខ្លួនអ្នក›
៣. ដើម្បីសង្គ្រោះអ្នកដទៃ តើយើងត្រូវតែធ្វើអ្វីជាមុនសិន?
៣ សាវ័កប៉ុលបានឲ្យឱវាទធីម៉ូថេ ឲ្យ«ប្រុងប្រយ័តនឹងខ្លួនអ្នក ហើយនឹងសេចក្ដីបង្រៀន» ហើយនេះទាក់ទងដល់ពួកគ្រីស្ទានទាំងអស់គ្នា។ (ធីម៉ូថេទី១ ៤:១៦) ប្រាកដហើយ ដើម្បីជួយអ្នកដទៃឲ្យទទួលការសង្គ្រោះ មុនដំបូងយើងត្រូវតែប្រុងប្រយ័ត្ននឹងខ្លួនយើង សិន។ តើយើងអាចធ្វើអ៊ីចឹងយ៉ាងដូចម្ដេច? ហេតុមួយគឺថា យើងត្រូវតែរក្សាការប្រុងប្រយ័ត្ននឹងគ្រាដែលយើងកំពុងតែរស់នៅ។ ព្រះយេស៊ូបានប្រទានឲ្យទីសម្គាល់រួម ដើម្បីឲ្យពួកអ្នកកាន់តាមទ្រង់ដឹង ថានៅពេលណាដែល‹គ្រាចុងបញ្ចប់នៃរបបលោកីយ៍› បានមកដល់។ ក៏ប៉ុន្តែ ព្រះយេស៊ូក៏ថែមទាំងមានបន្ទូលថា យើងនឹងមិនដឹងយ៉ាងជាក់លាក់នូវពេលណាដែលទីបញ្ចប់មកដល់នោះទេ។ (ម៉ាថាយ ២៤:៣, ៣៦) តើយើងគួរតែប្រព្រឹត្តយ៉ាងណាចំពោះហេតុការណ៍ពិតនេះ?
៤. (ក) តើយើងគួរមានអាកប្បកិរិយាយ៉ាងណា ចំពោះពេលវេលាដែលនៅសល់ក្នុងរបបលោកីយ៍នេះ? (ខ) តើអាកប្បកិរិយាបែបណា ដែលយើងគួរតែជៀសវាង?
៤ យើងម្នាក់ៗប្រហែលជាសួរថា៖ ‹តើខ្ញុំកំពុងតែប្រើពេលវេលាដែលសល់ទាំងប៉ុន្មានក្នុងរបបលោកីយ៍នេះ ដើម្បីសង្គ្រោះខ្លួនខ្ញុំនិងអស់អ្នកដែលស្ដាប់ខ្ញុំឬទេ? ឬក៏ខ្ញុំកំពុងតែគិតថា៖ «ដោយព្រោះខ្ញុំឥតដឹងជាក់លាក់នៅពេលណាដែលទីបញ្ចប់នឹងមកដល់ ខ្ញុំនឹងមិនខ្វល់អំពីរឿងនេះទេ»› អាកប្បកិរិយាដូចនេះគឺបណ្ដាលឲ្យមានគ្រោះថ្នាក់។ នេះគឺប្រឆាំងនឹងការដាស់តឿនរបស់ព្រះយេស៊ូដែលថា៖ «ដូច្នេះ ឲ្យអ្នករាល់គ្នាប្រុងប្រៀបខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត»។ (ម៉ាថាយ ២៤:៤៤) យ៉ាងប្រាកដហើយ នេះមិនមែនជាពេលដែលយើងត្រូវបាត់បង់នូវសេចក្ដីសាទរ ចំពោះកិច្ចបំរើរបស់ព្រះយេហូវ៉ា ឬក៏ពឹងទៅលើពិភពលោកនេះចំពោះសន្ដិសុខឬការស្កប់ស្កល់ចិត្តនោះឡើយ។—លូកា ២១:៣៤-៣៦
៥. តើពួកស្មរបន្ទាល់ព្រះយេហូវ៉ាមុនសម័យគ្រីស្ទាន បានទុកគំរូអ្វីខ្លះ?
៥ វិធីមួយទៀតដែលយើងអាចបង្ហាញថា យើងកំពុងតែប្រុងប្រយ័ត្ននឹងខ្លួនយើង គឺដោយស៊ូទ្រាំយ៉ាងស្មោះត្រង់ជាពួកគ្រីស្ទាន។ ពួកអ្នកបំរើរបស់ព្រះនៅពីដើមបានខំស៊ូទ្រាំ មិនថាគេទន្ទឹងចាំការរំដោះភ្លាមៗឬក៏អត់នោះទេ។ ក្រោយពីរៀបរាប់នូវឧទាហរណ៍នៃស្មរបន្ទាល់មុនសម័យគ្រីស្ទានបែបនេះរួចមក ដែលមានអេបិល អេណុក ណូអេ អ័ប្រាហាំ និងសារ៉ា នោះប៉ុលបានកត់សម្គាល់ថា៖ «ពួកអ្នកទាំងនោះ . . . ឥតទទួលសេចក្ដីដែលបានសន្យាទាំងប៉ុន្មានទេ តែគេបានឃើញពីចំងាយ ហើយក៏ទទួលគំនាប់ដែរ ទាំងយល់ព្រមថា ខ្លួនគេជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅផែនដីប៉ុណ្ណោះ»។ ពួកគេមិនបានចុះចាញ់នូវសេចក្ដីប្រាថ្នាចង់បានជីវិតដ៏ស្រណុកឯណាៗ ឬបង្អោនទៅតាមការបង្ខិតបង្ខំឲ្យធ្វើអំពើឥតសីលធម៌ឡើយ ប៉ុន្តែពួកគេបានទន្ទឹងមើលដោយចិត្តរំភើបនៅ‹ការសម្រេចនៃសេចក្ដីសន្យាទាំងនោះ›។—ហេព្រើរ ១១:១៣; ១២:១
៦. តើទស្សនៈរបស់ពួកគ្រីស្ទាននៅសតវត្សទីមួយ ស្តីអំពីការសង្គ្រោះមានអានុភាពលើការរស់នៅរបស់គេយ៉ាងដូចម្ដេច?
៦ ពួកគ្រីស្ទាននៅសតវត្សទីមួយ ក៏បានឃើញថាខ្លួនគេជា«ពួកប្រទេសក្រៅ»នៅក្នុងពិភពលោកនេះ។ (ពេត្រុសទី១ ២:១១) ទោះជាក្រោយពីបានសង្គ្រោះពីសេចក្ដីហិនវិនាសនៃទីក្រុងយេរូសាឡិមនៅឆ្នាំ៧០ ស.យ.ក៏ដោយ ក៏ពួកគ្រីស្ទានពិតទាំងនេះមិនបានឈប់ផ្សព្វផ្សាយ ឬមិនអនុញ្ញាតឲ្យខ្លួនធ្លាក់ចូលទៅតាមរបៀបរស់នៅខាងលោកីយ៍នោះឡើយ។ ពួកគេបានដឹងថា ការសង្គ្រោះដ៏ធំនឹងមានចំពោះអស់អ្នកដែលបានរក្សាចិត្តស្មោះត្រង់។ តាមការពិត ទោះជានៅចុងឆ្នាំ៩៨ ស.យ. នោះសាវ័កយ៉ូហានបានសរសេរថា៖ «លោកីយនេះ នឹងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។—យ៉ូហានទី១ ២:១៧, ២៨
៧. តើស្មរបន្ទាល់ព្រះយេហូវ៉ាបានបង្ហាញ នូវការស៊ូទ្រាំក្នុងសម័យទំនើបនេះយ៉ាងដូចម្ដេច?
៧ នៅក្នុងសម័យទំនើបនេះ ស្មរបន្ទាល់ព្រះយេហូវ៉ាក៏បានស៊ូទ្រាំនឹងកិច្ចការគ្រីស្ទានដែរ ទោះជាពួកគេបានពិសោធន៍នឹងការបៀតបៀនដ៏ឃោរឃៅក៏ដោយ។ តើការស៊ូទ្រាំរបស់គេបានជាឥតប្រយោជន៍ឬទេ? ប្រាកដជាមិនអ៊ីចឹងទេ ដ្បិតព្រះយេស៊ូបានធានារ៉ាប់រងយើងថា៖ «តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ» មិនថានេះរួចពីទីបញ្ចប់នៃរបបលោកីយ៍ចាស់នេះ ឬទីបញ្ចប់នៃជីវិតយើងបច្ចុប្បន្ននេះក៏ដោយ។ នៅក្នុងដំណើររស់ឡើងវិញ ព្រះយេហូវ៉ានឹងចងចាំហើយប្រទានអំណោយ ដល់អស់អ្នកបំរើស្មោះត្រង់របស់ទ្រង់ដែលបានស្លាប់ទៅ។—ម៉ាថាយ ២៤:១៣; ហេព្រើរ ៦:១០
៨. តើតាមរបៀបណាដែលយើងអាចបង្ហាញថា យើងមានចិត្តអបអរនឹងការស៊ូទ្រាំរបស់ពួកគ្រីស្ទាននៅសម័យដើម?
៨ ម្យ៉ាងទៀត យើងមានចិត្តសប្បាយដែលពួកគ្រីស្ទានស្មោះត្រង់ពីដើម មិនបានខ្វល់តែការសង្គ្រោះរបស់គេទេ។ យ៉ាងប្រាកដហើយ យើងបានរៀនអំពីព្រះរាជាណាចក្ររបស់ព្រះតាមរយៈការខំប្រឹងរបស់គេ គឺមានអំណរគុណដែលគេបានស៊ូទ្រាំក្នុងការប្រព្រឹត្តតាមការបញ្ជារបស់ព្រះយេស៊ូដែលថា៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ . . . ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង»។ (ម៉ាថាយ ២៨:១៩, ២០) ឲ្យតែនៅមានឱកាសសំរាប់យើង នោះយើងអាចសម្ដែងនូវការដឹងគុណរបស់យើង ដោយផ្សព្វផ្សាយដល់អ្នកដទៃ ដែលមិនទាន់បានឮដំណឹងល្អនេះ។ ក៏ប៉ុន្តែ ការផ្សព្វផ្សាយគឺគ្រាន់តែជាជំហានទីមួយ ចំពោះការបង្កើតឲ្យមានសិស្ស។
‹ចូរប្រុងប្រយ័ត្ននឹងការបង្រៀនរបស់អ្នក›
៩. តើអាកប្បកិរិយាដ៏វិជ្ជមានអាចជួយយើង ឲ្យចាប់ផ្ដើមបង្រៀនសិស្សព្រះគម្ពីរយ៉ាងដូចម្ដេច?
៩ កិច្ចការរបស់យើងគឺរួមបញ្ចូលការបង្រៀនផងដែរ មិនគ្រាន់តែការផ្សព្វផ្សាយប៉ុណ្ណោះទេ។ ព្រះយេស៊ូបានបញ្ជាយើងឲ្យទៅបង្រៀនមនុស្ស ឲ្យធ្វើតាមអ្វីៗដែលទ្រង់បានបង្គាប់មក។ ពិតមែន ក្នុងតំបន់ខ្លះៗ មានមនុស្សតិចណាស់ដែលចង់រៀនអំពីព្រះយេហូវ៉ានោះ។ ក៏ប៉ុន្តែការមានទស្សនៈដ៏អវិជ្ជមានអំពីតំបន់ផ្សព្វផ្សាយ អាចបង្ការការខំប្រឹងរបស់យើង ដើម្បីចាប់ផ្ដើមបង្រៀនសិស្សព្រះគម្ពីរ។ អ៊ីវេត ជាអ្នកត្រួសត្រាយម្នាក់រស់នៅក្នុងតំបន់ដែលអ្នកខ្លះហៅថាឥតមានផលផ្លែ ក៏បានសម្គាល់ថា ភ្ញៀវដែលឥតមានអាកប្បកិរិយាអវិជ្ជមានមកលេងតំបន់នេះ បានចាប់ផ្ដើមបង្រៀនសិស្សព្រះគម្ពីរ។ ក្រោយពីនាងមានទស្សនៈដ៏វិជ្ជមាន នោះអ៊ីវេតក៏បានរកឃើញមនុស្ស ដែលចង់សិក្សាព្រះគម្ពីរដែរ។
១០. តើអ្វីទៅជាមុខនាទីដ៏សំខាន់របស់យើង ជាគ្រូបង្រៀនព្រះគម្ពីរនោះ?
១០ ពួកគ្រីស្ទានខ្លះប្រហែលជាមានចិត្តស្ទាក់ស្ទើរ ក្នុងការស្នើផ្ដល់ការសិក្សាព្រះគម្ពីរជាមួយអស់អ្នកដែលចាប់អារម្មណ៍ ពីព្រោះគេមិនគិតថា គេអាចនាំការសិក្សាបានទេ។ ពិតមែន យើងមានកំរិតនៃសមត្ថភាពផ្សេងៗគ្នា។ ប៉ុន្តែ យើងមិនចាំបាច់ឲ្យមានជំនាញយ៉ាងពូកែ ដើម្បីមានជ័យជំនះជាគ្រូនៃព្រះបន្ទូលព្រះនោះទេ។ សារដ៏បរិសុទ្ធនៃព្រះគម្ពីរគឺខ្លាំងពូកែ ហើយព្រះយេស៊ូបានមានបន្ទូលថា ពួកអ្នកដែលមានលក្ខណៈដូចចៀមដឹងសម្លេងនៃអ្នកគង្វាលពិត ពេលដែលឮសម្លេងនោះ។ អ៊ីចឹងហើយ មុខងាររបស់យើងគឺគ្រាន់តែបង្ហាញឲ្យឃើញនូវសាររបស់អ្នកគង្វាលដ៏ល្អនេះ គឺព្រះយេស៊ូ ឲ្យបានច្បាស់លាស់តាមសមត្ថភាពយើង។—យ៉ូហាន ១០:៤, ១៤
១១. តើតាមរបៀបណាដែលអ្នកអាចធ្វើឲ្យមានប្រសិទ្ធិភាពជាងក្នុងការជួយសិស្សព្រះគម្ពីរ?
១១ តើអ្នកអាចបង្ហាញឲ្យឃើញនូវសាររបស់ព្រះយេស៊ូឲ្យមានប្រសិទ្ធិភាពជាងបានទេ? មុនដំបូង ធ្វើយ៉ាងណាឲ្យអ្នកស្គាល់នូវអ្វីដែលព្រះគម្ពីរចែងមក អំពីប្រធានដែលកំពុងតែពិចារណានោះ។ អ្នកត្រូវតែយល់ ប្រធាននេះដោយខ្លួនអ្នកសិន មុននឹងអ្នកអាចបង្រៀនប្រាប់អ្នកដទៃនោះ។ ម្យ៉ាងវិញទៀត ចូររក្សាឲ្យមានបរិយាកាសថ្លៃថ្នូរហើយដ៏រាក់ទាក់ ក្នុងកំឡុងពេលសិក្សា។ ពួកសិស្សរួមបញ្ចូលពួកក្មេងៗអាចរៀនបានប្រសើរជាង ពេលដែលគេមានអារម្មណ៍ស្រួល និងពេលដែលគ្រូបង្ហាញឲ្យគេនូវការគោរពនិងសេចក្ដីសប្បុរសនោះ។—សុភាសិត ១៦:២១
១២. តើអ្នកអាចធ្វើឲ្យបានប្រាកដយ៉ាងណា ថាសិស្សយល់នូវអ្វីដែលអ្នកបង្រៀនគាត់នោះ?
១២ ជាគ្រូម្នាក់ អ្នកមិនគ្រាន់តែចង់បង្ហាញហេតុការណ៍ពិតដល់សិស្ស ឲ្យគេឆ្លើយដោយទន្ទេញចាំមាត់នោះទេ។ ជួយគាត់ឲ្យយល់នូវអ្វីដែលគាត់កំពុងតែរៀន។ ការរៀនសូត្ររបស់សិស្ស បទពិសោធន៍ក្នុងជីវិត និងការស្គាល់ព្រះគម្ពីរនឹងមានអានុភាពលើការយល់របស់គាត់ នូវអ្វីដែលអ្នកកំពុងតែនិយាយ។ ដូច្នេះ អ្នកប្រហែលជាសួរខ្លួនអ្នកថា៖ ‹តើគាត់យល់នូវសារៈសំខាន់នៃបទគម្ពីរ ដែលបានរៀបរាប់ក្នុងពត៌មានសិក្សានេះទេ›? អ្នកអាចទាញអារម្មណ៍គាត់ដោយសំនួរ ដែលមិនអាចឆ្លើយដោយថាតែបាទ ចា៎ស ឬ ទេ ក៏ប៉ុន្តែចម្លើយដែលតម្រូវឲ្យមានការពន្យល់។ (លូកា ៩:១៨-២០) ម្យ៉ាងវិញទៀត សិស្សខ្លះមានចិត្តស្ទាក់ស្ទើរសួរគ្រូរបស់គេ។ ដូច្នេះហើយ គេអាចរៀនដោយឥតយល់ច្បាស់លាស់នូវអ្វីដែលគេកំពុងតែមានគេបង្រៀននោះ។ ចូរលើកទឹកចិត្តសិស្សឲ្យសួរសំនួរ ហើយឲ្យគាត់ប្រាប់អ្នកពេលដែលគាត់មិនយល់ច្បាស់លាស់នូវចំណុចខ្លះៗនោះ។—ម៉ាកុស ៤:១០; ៩:៣២, ៣៣
១៣. តើអ្នកអាចជួយសិស្សម្នាក់ឲ្យក្លាយទៅជាគ្រូបង្រៀនម្នាក់យ៉ាងដូចម្ដេច?
១៣ គោលបំណងដ៏សំខាន់នៃការបង្រៀនសិស្សព្រះគម្ពីរ គឺដើម្បីជួយសិស្សនេះឲ្យក្លាយទៅជាគ្រូម្នាក់ដែរ។ (កាឡាទី ៦:៦) ដើម្បីសម្រេចបំណងនោះ ការពិនិត្យមើលសាឡើងវិញនូវការសិក្សារបស់អ្នក អ្នកប្រហែលជាសូមគាត់ឲ្យពន្យល់នូវចំណុចមួយតាមពាក្យដ៏ស្រួលយល់ ដែលហាក់ដូចជាគាត់កំពុងតែពន្យល់ប្រាប់បុគ្គលម្នាក់ជាលើកដំបូង។ ក្រោយមក ពេលគាត់មានសិទ្ធិចូលរួមក្នុងកិច្ចបំរើផ្សាយ អ្នកអាចអញ្ជើញគាត់ឲ្យទៅជាមួយអ្នកក្នុងកិច្ចបំរើ។ គាត់ប្រហែលជាមានអារម្មណ៍ស្រួលក្នុងការទៅផ្សព្វផ្សាយជាមួយអ្នក ហើយបទពិសោធន៍នេះនឹងជួយគាត់ឲ្យមានការទុកចិត្តថែមទៀត រហូតទាល់តែគាត់អាចទៅផ្សព្វផ្សាយដោយខ្លួនឯង។
ជួយសិស្សឲ្យក្លាយជាមិត្តរបស់ព្រះយេហូវ៉ា
១៤. តើអ្វីទៅជាគោលដៅដ៏សំខាន់របស់អ្នកជាគ្រូម្នាក់ ហើយតើអ្វីដែលអាចជួយនាំឲ្យមានជ័យជំនះក្នុងការសម្រេចគោលដៅនោះ?
១៤ គោលដៅដ៏សំខាន់នៃគ្រូគ្រីស្ទានគ្រប់គ្នា គឺដើម្បីជួយសិស្សនេះឲ្យក្លាយជាមិត្តរបស់ព្រះយេហូវ៉ា។ អ្នកមិនគ្រាន់តែសម្រេចការនេះដោយពាក្យសំដីរបស់អ្នកទេ ប៉ុន្តែដោយគំរូរបស់អ្នកដែរ។ ការបង្រៀនដោយគំរូជាអានុភាពដ៏ខ្លាំងណាស់លើចិត្តរបស់សិស្ស។ សកម្មភាពពិតជាមានអានុភាពច្រើនជាងពាក្យសំដី ជាពិសេសពេលដែលបណ្ដុះគុណសម្បត្ដិខាងសីលធម៌ និងការខ្នះខ្នែងលើសិស្សនេះ។ ប្រសិនបើគាត់ឃើញពាក្យសំដីនិងសកម្មភាពរបស់អ្នក មានមកពីទំនាក់ទំនងដ៏ល្អជាមួយនឹងព្រះយេហូវ៉ា នោះគាត់ប្រហែលជាបានជំរុញដើម្បីបណ្ដុះទំនាក់ទំនងនេះចំពោះខ្លួនគាត់ដែរ។
១៥. (ក) ហេតុអ្វីក៏ជាការសំខាន់ដែលសិស្ស បណ្ដុះឲ្យមានបំណងចិត្តត្រឹមត្រូវចំពោះការបំរើព្រះយេហូវ៉ា? (ខ) តើតាមរបៀបណាដែលអ្នកអាចជួយសិស្សឲ្យបន្តធ្វើការរីកចំរើនខាងវិញ្ញាណ?
១៥ អ្នកចង់ឲ្យសិស្សនេះបំរើព្រះយេហូវ៉ា មិនមែនគ្រាន់តែដោយសារគាត់មិនចង់ស្លាប់នៅឯអើម៉ាគេដូននោះទេ ក៏ប៉ុន្តែដោយសារគាត់ស្រឡាញ់ទ្រង់វិញ។ ដោយជួយគាត់ឲ្យបណ្ដុះនូវបំណងចិត្តដ៏បរិសុទ្ធបែបនេះ នោះអ្នកនឹងសាងសង់ដោយប្រើសម្ភារៈដែលអាចទប់ទល់នឹងភ្លើង ដែលនឹងជួយឲ្យរួចរស់ពីការសាកល្បងនៃជំនឿរបស់គាត់។ (កូរិនថូសទី១ ៣:១០-១៥) បំណងចិត្តមិនល្អ ដូចជាសេចក្ដីប្រាថ្នាជ្រុលហួសហេតុក្នុងការត្រាប់តាមអ្នកឬមនុស្សដទៃ នឹងមិនឲ្យគាត់នូវកម្លាំងទប់ទល់នឹងអានុភាពដែលមិនមែនជាគ្រីស្ទាន ហើយគ្មានចិត្តក្លាហាននឹងធ្វើអ្វីដែលត្រឹមត្រូវនោះទេ។ ចូរចាំថា អ្នកនឹងមិនមែនជាគ្រូគាត់ជានិច្ចនោះទេ។ កាលដែលអ្នកមានឱកាស អ្នកអាចលើកទឹកចិត្តឲ្យគាត់មកជិតព្រះយេហូវ៉ា ដោយអានបន្ទូលរបស់ព្រះរៀងរាល់ថ្ងៃ ហើយគិតអំពីអ្វីដែលយើងអានដែរ។ តាមរបៀបនេះ គាត់នឹងបន្តយកចូលនូវ«អស់ទាំងពាក្យត្រឹមត្រូវ»ពីព្រះគម្ពីរ និងប្រកាសនវត្ថុដែលមានមូលដ្ឋានលើព្រះគម្ពីរ ក្រោយពីអ្នកបានរៀនចប់ជាយូរយារជាមួយនឹងគាត់ហើយ។—ធីម៉ូថេទី២ ១:១៣
១៦. តើអ្នកអាចបង្រៀនសិស្សម្នាក់ឲ្យអធិស្ឋានអស់ពីចិត្តយ៉ាងដូចម្ដេច?
១៦ អ្នកក៏អាចជួយសិស្សឲ្យមកជិតព្រះយេហូវ៉ាកាន់តែខ្លាំងទៀត ដោយបង្រៀនគាត់ឲ្យចេះអធិស្ឋានដែលចេញពីចិត្ត។ តើអ្នកអាចធ្វើការនេះយ៉ាងដូចម្ដេច? ប្រហែលជាអ្នកអាចសំដៅប្រាប់គាត់អំពីសេចក្ដីអធិស្ឋានគំរូរបស់ព្រះយេស៊ូ ព្រមទាំងសេចក្ដីអធិស្ឋានជាច្រើនទៀត ដែលចេញពីចិត្ត ដែលបានកត់ទុកក្នុងព្រះគម្ពីរ ដូចជាសេចក្ដីអធិស្ឋានដែលមានក្នុងទំនុកដំកើង។ (ទំនុកដំកើង ១៧, ៨៦, ១៤៣; ម៉ាថាយ ៦:៩, ១០) បន្ថែមទៀតនោះ នៅពេលដែលសិស្សឮអ្នកអធិស្ឋាន ដើម្បីចាប់ផ្ដើមនិងបញ្ចប់ការសិក្សា នោះគាត់នឹងដឹងនូវអារម្មណ៍របស់អ្នកចំពោះព្រះយេហូវ៉ា។ ដូច្នេះហើយ សេចក្ដីអធិស្ឋានរបស់អ្នកគួរតែសម្ដែងឡើងដោយសេចក្ដីស្មោះ និងភាពឥតលាក់លៀម ព្រមទាំងការមានតុល្យភាពខាងវិញ្ញាណ និងខាងអារម្មណ៍ដែរ។
ធ្វើការដើម្បីសង្គ្រោះកូនចៅរបស់អ្នក
១៧. តើឪពុកម្ដាយអាចជួយកូនៗរបស់គេ ឲ្យរក្សានៅផ្លូវទៅឯការសង្គ្រោះយ៉ាងដូចម្ដេច?
១៧ ប្រាកដហើយ ក្នុងចំណោមអស់អ្នកដែលយើងចង់សង្គ្រោះ គឺសមាជិកគ្រួសារយើង។ ឪពុកម្ដាយគ្រីស្ទានមានកូនភាគច្រើនគឺមានចិត្តស្មោះ ហើយមាន«ចិត្តជឿមាំ»។ ប៉ុន្តែមានកូនឯទៀត ប្រហែលជាពុំមានសេចក្ដីពិតបានចាក់ឫសជាប់ក្នុងចិត្តរបស់គេទេ។ (ពេត្រុសទី១ ៥:៩; អេភេសូរ ៣:១៧; កូល៉ុស ២:៧) ពួកយុវជនទាំងនេះជាច្រើន ចាកចេញពីផ្លូវគ្រីស្ទាន នៅពេលដែលគេជិតចូលភាពពេញវ័យ។ ប្រសិនបើអ្នកជាឪពុកម្ដាយ តើអ្នកអាចធ្វើយ៉ាងណា ដើម្បីកុំឲ្យមានលទ្ធផលបែបនេះ? មុនដំបូង អ្នកអាចខំប្រឹងធ្វើឲ្យមានបរិយាកាសដ៏ល្អក្នុងក្រុមគ្រួសារ។ ជីវភាពដ៏ល្អក្នុងគ្រួសារចាក់គ្រឹះឲ្យមានទស្សនៈល្អចំពោះអាជ្ញាធរ ការអបអរនូវសីលធម៌ត្រឹមត្រូវ និងទំនាក់ទំនងដ៏សប្បាយជាមួយអ្នកដទៃ។ (ហេព្រើរ ១២:៩) ដូច្នេះហើយ ចំណងដ៏ជិតស្និទ្ធនៅក្នុងក្រុមគ្រួសារ អាចជាប្រភពមួយ ដែលមិត្តភាពរបស់ក្មេងនេះជាមួយនឹងព្រះយេហូវ៉ា អាចរីកចំរើនទៅបាន។ (ទំនុកដំកើង ២២:១០) ក្រុមគ្រួសារដ៏ជិតស្និទ្ធចូលរួមធ្វើការជាមួយគ្នាជាក្រុមមួយ ទោះជាឪពុកម្ដាយត្រូវតែលះបង់ពេលវេលា ដែលអាចប្រើសំរាប់ប្រយោជន៍ផ្ទាល់ខ្លួនក៏ដោយ។ តាមរបៀបនេះ អ្នកអាចបង្រៀនកូនដោយគំរូរបស់អ្នក ឲ្យធ្វើការសម្រេចចិត្តបានត្រឹមត្រូវក្នុងជីវិត។ ឱ! មាតាបិតាអើយ អ្វីដែលកូនៗរបស់អ្នកត្រូវការជាងគេពីអ្នកនោះគឺ មិនមែនវត្ថុទ្រព្យឡើយ ក៏ប៉ុន្តែគឺអ្នក ពេលវេលា កម្លាំង និងសេចក្ដីស្រឡាញ់របស់អ្នក។ តើអ្នកកំពុងតែឲ្យកូនៗរបស់អ្នកនូវរបស់ទាំងនេះឬទេ?
១៨. តើសំនួរបែបណាដែលឪពុកម្ដាយត្រូវតែជួយកូនៗរបស់គេឲ្យដោះស្រាយនោះ?
១៨ ឪពុកម្ដាយដ៏ជាគ្រីស្ទានមិនត្រូវសន្មតជាមុនថា កូនៗរបស់គេនឹងក្លាយជាគ្រីស្ទានដោយស្វ័យប្រវត្តនោះទេ។ ដានីយ៉ែល ជាអ្នកចាស់ទុំម្នាក់ហើយជាឪពុកនៃកូនប្រាំនាក់ សង្កេតឃើញថា៖ «ឪពុកម្ដាយត្រូវតែ ចំណាយពេលវេលា ដើម្បីជួយធ្វើឲ្យរសាយការសង្ស័យ ដែលកូនរបស់គេយកមកពីសាលានិងកន្លែងផ្សេងៗ។ ពួកគេត្រូវតែជួយដោយចិត្តអត់ធ្មត់ដល់កូនៗ ដើម្បីរកចម្លើយនឹងសំនួរដូចជា៖ ‹តើយើងពិតជារស់នៅគ្រាចុងបញ្ចប់ឬទេ? តើពិតជាមានសាសនាពិតតែមួយមែនឬ? ហេតុអ្វីក៏មិត្តនៅសាលាដែលមើលទៅដូចជាល្អ មិនមែនជាការសេពគប់ល្អទៅវិញ? តើការរួមដំណេកមុនរៀបអាពាហ៍ពិពាហ៍ តែងតែខុសឬទេ›»? ឱ! មាតាបិតាអើយ អ្នកអាចទុកចិត្តលើព្រះយេហូវ៉ា ថាទ្រង់នឹងប្រទានពរដល់ការខំប្រឹងរបស់អ្នក ដ្បិតទ្រង់ចាប់អារម្មណ៍នឹងសុខុមាលភាពរបស់កូនអ្នកដែរ។
១៩. ហេតុអ្វីក៏ជាការប្រសើរ ដែលឪពុកម្ដាយខ្លួនឯងផ្ទាល់ ត្រូវសិក្សាជាមួយនឹងកូនៗរបស់គេ?
១៩ ឪពុកម្ដាយខ្លះប្រហែលជាមានអារម្មណ៍ថា ខ្លួនគេមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបង្រៀនកូន ពេលសិក្សាជាមួយនឹងកូនៗរបស់គេនោះ។ ប៉ុន្តែ អ្នកមិនចាំបាច់មានអារម្មណ៍បែបនេះទេ ដ្បិតគ្មានអ្នកណាដែលមានល័ក្ខខ័ណ្ឌល្អជាងអ្នក ដើម្បីបង្រៀនកូននោះឡើយ។ (អេភេសូរ ៦:៤) ការសិក្សាជាមួយកូនរបស់អ្នក នឹងអនុញ្ញាតឲ្យអ្នកដឹងផ្ទាល់ខ្លួន ចំពោះអ្វីដែលនៅក្នុងចិត្តគំនិតរបស់គេ។ តើការឆ្លើយរបស់គេមកពីចិត្ត ឬក៏គ្រាន់តែឆ្លើយឲ្យតែរួចពីមាត់? តើពួកគេពិតជាជឿលើអ្វីដែលគេរៀនឬទេ? តើព្រះយេហូវ៉ាជាបុគ្គលដ៏ពិតចំពោះគេទេ? អ្នកអាចរកចម្លើយទាំងនេះ ហើយនិងចម្លើយចំពោះសំនួរផ្សេងៗទៀត បើអ្នកសិក្សាផ្ទាល់ខ្លួនជាមួយនឹងកូនៗរបស់អ្នក។—ធីម៉ូថេទី២ ១:៥
២០. តើតាមរបៀបណាដែលឪពុកម្ដាយធ្វើឲ្យការសិក្សាព្រះគម្ពីរក្នុងក្រុមគ្រួសារ ជាទីរីករាយនិងមានប្រយោជន៍នោះ?
២០ តើតាមរបៀបណាដែលអ្នកអាចរក្សាកម្មវិធីសិក្សាក្នុងគ្រួសាររបស់អ្នក ពេលអ្នកបានចាប់ផ្ដើមហើយនោះ? យ៉ូសែប ជាអ្នកចាស់ទុំហើយជាឪពុកដែលមានទាំងកូនប្រុសនិងកូនស្រីនៅជំទង់នៅឡើយ បាននិយាយថា៖ «ដូចការសិក្សាព្រះគម្ពីរទាំងអស់ ការសិក្សាក្នុងគ្រួសារគួរតែធ្វើឡើងដោយរីករាយ ជាអ្វីមួយដែលមនុស្សគ្រប់គ្នាទន្ទឹងចាំ។ ដើម្បីទទួលការនេះក្នុងគ្រួសាររបស់យើង យើងមិនអាចទៅជាតឹងពេក ស្តីអំពីពេលវេលានោះទេ។ ការសិក្សារបស់យើងប្រហែលមានរយៈពេលមួយម៉ោង ប៉ុន្តែទោះជាជួនកាលយើងធ្វើបានតែដប់នាទី ក៏យើងនៅតែបានសិក្សាដែរ។ អ្វីមួយដែលធ្វើឲ្យការសិក្សាយើងទៅជាសំខាន់ក្នុងសប្ដាហ៍សំរាប់កូនៗ គឺយើងដើរតួតាមសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ។ * ជំរៅនៃចំណេះនិងការយល់ដឹងដែលជាលទ្ធផល នោះគឺសំខាន់ច្រើនជាងចំនួនវគ្គដែលយើងរៀន»។
២១. តើឪពុកម្ដាយអាចបង្រៀនកូនៗរបស់គេនៅពេលណា?
២១ ប្រាកដហើយ ការបង្រៀនកូនរបស់អ្នក គឺមិនចាំតែពេលសិក្សាតាមកម្មវិធីដែលបានកំណត់នោះទេ។ (ចោទិយកថា ៦:៥-៧) ស្មរបន្ទាល់ម្នាក់នៅប្រទេសថៃ ដែលបានរៀបរាប់នៅខាងដើមនេះ បាននិយាយថា៖ «ខ្ញុំបានចាំយ៉ាងច្បាស់នូវរបៀបដែលឪពុកយកខ្ញុំទៅផ្សព្វផ្សាយជាមួយនឹងគាត់ ដោយជិះកង់របស់យើងទៅកន្លែងដាច់ស្រយាលក្នុងតំបន់នៃក្រុមជំនុំរបស់យើង។ ប្រាកដហើយ នេះជាគំរូដ៏ល្អរបស់ឪពុកម្ដាយយើងនិងការបង្រៀនរបស់គាត់ដល់យើងក្នុងគ្រប់កាលៈទេសៈទាំងអស់ ដែលបានជួយយើងឲ្យសម្រេចយកកិច្ចបំរើពេញពេល។ ហើយមេរៀនទាំងឡាយបានរក្សាឲ្យមានប្រសិទ្ធិភាព។ ខ្ញុំនៅតែធ្វើការនៅកន្លែងដាច់ស្រយាល!»។
២២. តើអ្វីដែលនឹងមានជាលទ្ធផល ដោយអ្នក‹ប្រុងប្រយ័ត្ននឹងខ្លួនអ្នក និងសេចក្ដីបង្រៀនរបស់អ្នកនោះ›?
២២ នៅថ្ងៃណាមួយមិនយូរប៉ុន្មានទៀត នៅឯពេលវេលាត្រឹមត្រូវ នោះព្រះយេស៊ូនឹងយាងមកដើម្បីសម្រេចសេចក្ដីជំនុំជំរះលើរបបលោកីយ៍នេះ។ រួចមកព្រឹត្ដិការណ៍ដ៏ធំអស្ចារ្យនេះ នឹងចូលក្នុងប្រវត្ដិសាស្ត្រសកលលោក ប៉ុន្តែពួកអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា នឹងបន្តបំរើទ្រង់ ដោយនឹកចាំការសង្គ្រោះដ៏អនន្ត។ តើអ្នកសង្ឃឹមឲ្យបាននៅក្នុងចំណោមពួកគេ ជាមួយនឹងកូនៗរបស់អ្នក និងសិស្សព្រះគម្ពីររបស់អ្នកឬទេ? បើអ៊ីចឹង សូមចងចាំថា៖ «ចូរប្រុងប្រយ័តនឹងខ្លួនអ្នក ហើយនឹងសេចក្ដីបង្រៀន ចូរកាន់ខ្ជាប់តាមសេចក្ដីទាំងនេះ ដ្បិតដែលធ្វើដូច្នោះ នោះអ្នកនឹងសង្គ្រោះខ្លួនអ្នកបាន ព្រមទាំងពួកអ្នកដែលស្ដាប់អ្នកផង»។—ធីម៉ូថេទី១ ៤:១៦
[កំណត់សម្គាល់]
^ បានបោះពុម្ពដោយសមាគមប៉មយាមនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក
តើអ្នកអាចពន្យល់បានឬទេ?
• តើយើងគួរតែមានអាកប្បកិរិយាយ៉ាងណា ដោយព្រោះយើងឥតដឹងអំពីពេលវេលាចំៗនៃការជំនុំជំរះរបស់ព្រះ?
• តើតាមរបៀបណាដែលយើងអាច‹ប្រុងប្រយ័ត្ននឹងការបង្រៀនរបស់យើង›?
• តើអ្នកអាចជួយសិស្សឲ្យក្លាយជាមិត្តរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
• ហេតុអ្វីក៏សំខាន់ម្ល៉េះ ដែលឪពុកម្ដាយយកពេល ដើម្បីបង្រៀនកូនៗរបស់គេ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៥]
ការរៀនបានធ្វើឲ្យប្រសើរឡើង ដោយធ្វើឲ្យមានបរិយាកាសសមរម្យព្រមទាំងស្និទ្ធស្នាល
[រូបភាពនៅទំព័រ១៧]
ការដើរតួក្នុងរឿងព្រះគម្ពីរ ដូចជាសាឡូម៉ូនវិនិច្ឆ័យស្រីពេស្យាពីរនាក់ នោះធ្វើឲ្យការសិក្សាក្នុងក្រុមគ្រួសារ ជាទីរីករាយ