តើពាក្យ«គ្រីស្ទាន»កំពុងតែបាត់បង់នូវខ្លឹមសារឬ?
តើពាក្យ«គ្រីស្ទាន»កំពុងតែបាត់បង់នូវខ្លឹមសារឬ?
តើនោះមានន័យអ្វី ដែលថាមនុស្សម្នាក់ជាគ្រីស្ទាន? តើអ្នកនឹងឆ្លើយយ៉ាងណា? មនុស្សមួយចំនួនដែលបានត្រូវជ្រើសរើសពីប្រទេសផ្សេងៗ បានត្រូវគេសួរសំនួរនោះ ហើយនេះគឺជាចម្លើយខ្លះៗរបស់គេ:
«ដើម្បីទៅតាមព្រះយេស៊ូនិងធ្វើតម្រាប់តាមទ្រង់»។
«ដើម្បីធ្វើជាមនុស្សល្អនិងចែកចាយដល់អ្នកដទៃ»។
«ទទួលស្គាល់ព្រះគ្រីស្ទជាព្រះអម្ចាស់និងជាអ្នកសង្គ្រោះ»។
«ការចូលរួមពិធីបុណ្យសាសនាកាតូលិក សូត្រធម៌តាមខ្សែអង្កាំ និងទទួលមេត្រីបរិសុទ្ធ»។
«ខ្ញុំមិនជឿថា អ្នកត្រូវតែទៅព្រះវិហារដើម្បីជាគ្រីស្ទានម្នាក់ទេ»។
សូម្បីតែវចនានុក្រមក៏ស្រាយនិយមន័យផ្សេងៗជាច្រើន ដែលធ្វើឲ្យសុញគំនិត។ តាមពិត សៀវភៅមួយដាក់អត្ថន័យដប់យ៉ាងនៅក្រោមពាក្យ«គ្រីស្ទាន» ដែលចាប់ពីន័យថា«ការជឿទៅលើឬក៏ជារបស់ផងសាសនាព្រះយេស៊ូគ្រីស្ទ» រហូតដល់ទៅជា«មនុស្សម្នាក់ដ៏ល្អឬដ៏គួរសម»។ មិនគួរឲ្យឆ្ងល់ឡើយ ដែលមនុស្សជាច្រើនយល់ឃើញថា ការពន្យល់នូវន័យអំពីការធ្វើជាគ្រីស្ទានគឺជាការពិបាកនោះ។
និន្នាការទៅខាងសេរីនិយម
សព្វថ្ងៃនេះ ក្នុងចំណោមពួកអ្នកដែលអះអាងថា ខ្លួនកាន់សាសនាគ្រីស្ទាន សូម្បីតែក្នុងចំណោមអ្នកដែលអង្គុយជិតៗគ្នាក្នុងវិហារក៏ដោយ អ្នកអាចរកឃើញនូវទស្សនៈយ៉ាងច្រើនដ៏ទូលំទូលាយអំពីរឿងខ្លះៗដូចជា ការបណ្ដាលឲ្យព្រះគម្ពីរត្រូវសរសេរដោយព្រះ ទ្រឹស្តីពីការវិវត្តន៍ ការចូលរួមរបស់សាសនាក្នុងរឿងនយោបាយ និងការផ្សាយជំនឿរបស់ខ្លួនដល់អ្នកដទៃ។ រឿងជាប់ទាក់ទងសីលធម៌ ដូចជាការពន្លូតកូន អំពើរួមសង្វាសនឹងភេទដូចគ្នា និងគូប្រុសស្រីដែលរស់នៅជាមួយគ្នាដោយមិនរៀបការ ទៅជាជំលោះធំជាញឹកញាប់។ និន្នាការច្បាស់លាស់នេះគឺជាសេរីនិយម។
ជាឧទាហរណ៍ សារពត៌មាន គ្រីស្ទានស៊ីនឈូរីប្រាប់ថា សាលាក្ដីវិហារប្រូតេស្តង់មួយបានបោះឆ្នោតនៅពេលថ្មីៗនេះ ដើម្បីគាំទ្រសិទ្ធិរបស់វិហារមួយ ដើម្បី«ជ្រើសរើសអ្នកចាស់ទុំដែលសារភាពថាខ្លួនជាអ្នករួមដំណេកភេទដូចគ្នា ឲ្យចូលរួមក្នុងគណៈគ្រប់គ្រងរបស់គេ»។ សារពត៌មានញូវយ៉ក ថែម្សបានប្រាប់ថា សាសនវិទូខ្លះបានផ្ដល់ទស្សនៈមួយថា ជំនឿទៅលើព្រះគ្រីស្ទគឺមិនចាំបាច់ដើម្បីទទួលសេចក្ដីសង្គ្រោះទេ។ ពួកគេជឿថា ពួកឈ្វីស ពួកអ្នកកាន់សាសនាអ៊ីស្លាម និងអ្នកឯទៀត«ប្រហែលជាមិនមានលទ្ធភាព[ដូចគ្នានឹងពួកគ្រីស្ទាន]ដើម្បីឡើងទៅស្ថានសួគ៌ទេ»។
សូមនឹកក្នុងគំនិតថា អ្នកកាន់លទ្ធិម៉ាក្សីកំពុងតែគាំទ្រមូលធននិយម ឬក៏អ្នកកាន់លទ្ធិប្រជាធិបតេយ្យ ឬក៏អ្នកសង្គ្រោះបរិស្ថានគាំទ្រការកាប់ព្រៃឈើ។ ប្រហែលជាអ្នកនឹងនិយាយថា៖ «អ្នកនោះមិនអាចជាអ្នកកាន់លទ្ធិម៉ាក្សី ឬក៏អ្នកកាន់លទ្ធិប្រជាធិបតេយ្យ ឬក៏អ្នកសង្គ្រោះបរិស្ថានពិតប្រាកដទេ»។ អ្នកនិយាយបានត្រឹមត្រូវមែន។ ក៏ប៉ុន្តែ ពេលអ្នកពិចារណាមើលទស្សនៈខុសៗគ្នានៅសព្វថ្ងៃនេះ អ្នកដែលអះអាងថាខ្លួនកាន់គ្រីស្ទសាសនានោះ អ្នកនឹងឃើញថាជំនឿរបស់គេគឺខុសគ្នាស្រឡះ និងច្រើនតែប្រឆាំងគ្នានឹងអ្វីដែលអ្នកផ្ដើមគ្រីស្ទសាសនា ជាព្រះយេស៊ូគ្រីស្ទបានបង្រៀន។ តើនេះបញ្ជាក់យ៉ាងណាអំពីប្រភេទគ្រីស្ទសាសនារបស់គេ?—កូរិនថូសទី១ ១:១០
ចំណង់ដើម្បីកែប្រែការបង្រៀនសាសនាគ្រីស្ទឲ្យសមស្របនឹងគំនិតរបស់សម័យ គឺធ្លាប់បានធ្វើតាំងពីយូរយារមកហើយ ដូចយើងនឹងឃើញនៅបន្ដិចទៀត។ តើព្រះនឹងព្រះយេស៊ូមានអារម្មណ៍យ៉ាងណាអំពីការកែប្រែបែបនេះ? តើវិហារណាដែលគាំទ្រសេចក្ដីបង្រៀនដែលគ្មានមូលដ្ឋានក្នុងព្រះគ្រីស្ទអាចហៅខ្លួនជាគ្រីស្ទានយ៉ាងត្រឹមត្រូវបានទេ? សំនួរនេះនឹងត្រូវពិចារណាក្នុងអត្ថបទជាបន្ទាប់។