តើអ្នកជឿទៅលើអ្វីដែលអ្នកមើលមិនឃើញទេ?
តើអ្នកជឿទៅលើអ្វីដែលអ្នកមើលមិនឃើញទេ?
ពេលដែលមនុស្សម្នាក់ប្រាប់អ្នកថា៖ ‹ខ្ញុំជឿតែអ្វីដែលខ្ញុំមើលឃើញ› នោះគាត់មិននិយាយត្រូវទេ។ តាមការពិត យើងទាំងអស់គ្នាជឿទៅលើអ្វីៗដែលយើងមើលមិនឃើញ។
ជាឧទាហរណ៍ នៅសាលាប្រហែលជាអ្នកធ្លាប់ធ្វើការពិសោធន៍មួយដែលត្រូវរៀបចំឡើងដើម្បីផ្ដល់ភស្តុតាងពីដែនលក្ខណៈរបស់មេដែក។ វិធីពិសោធន៍គឺដូចតទៅនេះ: រោយកំទេចដែកទៅលើក្រដាសមួយសន្លឹក។ ក្រោយនោះ ដាក់ក្រដាសមួយសន្លឹកនេះពីលើមេដែក។ ពេលក្រដាសនោះត្រូវរង្គើបន្ដិចបន្តួច មានព្រឹត្ដិការណ៍ដែលកើតឡើង
ដូចជាតាមរយៈមន្តអាគម គឺថា កំទេចដែកនោះផ្ដុំគ្នាជិតប៉ូលរបស់មេដែក និងតម្រៀបតាមដែនថាមពលមេដែក។ បើសិនជាអ្នកធ្វើការពិសោធន៍នោះ តើអ្នកនឹងឃើញដែនថាមពលមេដែកនោះទេ? អត់ទេ។ ក៏ប៉ុន្តែ ឥទ្ធិពលរបស់វាទៅលើកំទេចដែកនោះគឺច្បាស់លាស់មើលឃើញបាន ទាំងផ្ដល់ឲ្យភស្តុតាងដែលធ្វើឲ្យឃើញជាក់ថាមេដែកមានថាមពល។យើងព្រមទទួលស្គាល់ដោយគ្មានការសង្ស័យ នូវអ្វីផ្សេងៗទៀតដែលយើងមើលមិនឃើញដែរ។ នៅពេលយើងមើលគំនូរដ៏ស្អាតមួយឬក៏រូបចម្លាក់ដ៏ល្អមួយ ប៉ុន្តែយើងមិនសង្ស័យថាគ្មានអ្នកគូរឬឆ្លាក់នោះទេ។ ដូច្នេះ ពេលយើងមើលទឹកជ្រោះឬក៏សម្លឹងមើលថ្ងៃលិច យ៉ាងហោចណាស់ តើយើងមិនគួរមានទឹកចិត្តជំរុញឲ្យពិចារណានូវលទ្ធភាព ថាតើនោះគឺជាស្នាដៃរបស់វិចិត្រករឬក៏ជាងចម្លាក់ដ៏អស្ចារ្យម្នាក់ទេឬ?
មូលហេតុដែលអ្នកខ្លះមិនជឿ
ជាការគួរឲ្យហួសចិត្តមែន មនុស្សខ្លះឈប់ជឿថាមានព្រះ ដោយព្រោះអ្វីដែលគេត្រូវបង្រៀននូវឯវិហារ។ នេះគឺជាការពិតចំពោះបុរសម្នាក់ជនជាតិណ័រវ៉េស ដែលត្រូវគេប្រាប់ថាព្រះដុតមនុស្សអាក្រក់ក្នុងស្ថាននរកដែលមានភ្លើងឆេះ។ បុរសនោះមិនអាចយល់ថា ព្រះទ្រង់ជាបុគ្គលបែបណាដែលធ្វើទារុណកម្មដល់មនុស្សអ៊ីចឹងនោះទេ ហេតុនេះហើយគាត់បានទៅជាអ្នកដែលមិនជឿថាមានព្រះ។
ក៏ប៉ុន្តែ ក្រោយមកបុរសនោះបានយល់ព្រមពិនិត្យមើលព្រះគម្ពីរ ដោយមានជំនួយពីស្មរបន្ទាល់ព្រះយេហូវ៉ា។ គាត់បានភ្ញាក់ផ្អើលពេលរៀនដឹងថា ព្រះគម្ពីរមិនបង្រៀនថាមនុស្សទុច្ចរិតនឹងត្រូវរងទារុណកម្មក្នុងស្ថាននរកដែលភ្លើងកំពុងតែឆេះនោះទេ។ ព្រះគម្ពីរប្រដូចសេចក្ដីស្លាប់ទៅនឹងការដេកលក់។ ក្នុងផ្នូរយើងមិនឈឺចាប់ទេ យើងមិនដឹងអ្វីសោះ។ (សាស្ដា ៩:៥, ១០) បុរសនោះក៏បានរៀនដឹងថា មនុស្សដែលព្រះកាត់ក្ដីជាមនុស្សអាក្រក់មិនព្រមប្រែចិត្តនោះ គេនឹងនៅក្នុងផ្នូរជានិរន្តរ៍។ (ម៉ាថាយ ១២:៣១, ៣២) មនុស្សស្លាប់ដែលសល់ទាំងប៉ុន្មាននឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅពេលដ៏សមគួររបស់ព្រះ ដោយមានលទ្ធភាពអាចទទួលជីវិតអស់កល្បជានិច្ចក្នុងសួនមនោរម្យមួយ។ (យ៉ូហាន ៥:២៨, ២៩; ១៧:៣) ការពន្យល់នេះគឺសមហេតុសមផល។ នោះបានសមស្របនឹងបន្ទូលក្នុងព្រះគម្ពីរដែលថា៖ «ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) បុរសចិត្តស្មោះនេះ បានបន្តសិក្សាព្រះបន្ទូលរបស់ព្រះ ហើយក្រោយមកបានចាប់ផ្ដើមស្រឡាញ់ព្រះក្នុងព្រះគម្ពីរ។
អ្នកឯទៀតបដិសេធថា គ្មានអ្នកបង្កើតដ៏ចេះស្រឡាញ់ទេ ពីព្រោះថាមានទុក្ខលំបាកនិងអំពើអយុត្ដិធម៌ជាច្រើន។ ពួកគេយល់ព្រមជាមួយនឹងបុរសម្នាក់ជនជាតិស៊ុយអែត ដែលធ្លាប់ចង្អុលទៅឯមេឃនិងសួរថា៖ «តើដោយដូចម្ដេចដែលអាចមានព្រះមួយអង្គនៅលើមេឃមានគ្រប់ព្រះចេស្ដានិងមានព្រះទ័យសប្បុរសដ៏មហិមា ពេលយើងមានការពុករលួយនិងអំពើអាក្រក់ជាច្រើនម្ល៉េះនៅផែនដីនេះ»? ដោយព្រោះគ្មានអ្នកណាអាចឆ្លើយសំនួររបស់គាត់ នោះគាត់បានទៅជាអ្នកមិនជឿថាមានព្រះដែរ។ ក្រោយមកគាត់បានចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា។ គាត់បានរៀនដឹងថា ព្រះបន្ទូលរបស់ព្រះឲ្យចម្លើយមួយដែលពេញ *
ចិត្ត ចំពោះសំនួរដែលមនុស្សធ្លាប់មានតាំងតែពីដើមមកគឺថា ហេតុអ្វីក៏ព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់?បុរសចិត្តស្មោះនេះបានរៀនដឹងថា ការមានអំពើអាក្រក់មិនជាទីសំអាងបញ្ជាក់ថា គ្មានព្រះនោះទេ។ ជាឧទាហរណ៍: ប្រហែលជាបុរសម្នាក់បង្កើតកាំបិតមួយសំរាប់កាប់សាច់។ ប្រហែលអ្នកទិញម្នាក់ទិញកាំបិតនោះហើយមិនប្រើដើម្បីកាប់សាច់ទេ ក៏ប៉ុន្តែ ដើម្បីធ្វើឃាតកម្ម។ ហេតុការណ៍ដែលថាកាំបិតនោះបានត្រូវប្រើខុសបំណង មិនមានន័យថាវាគ្មានអ្នកបង្កើតទេ។ ស្រដៀងគ្នាដែរ ហេតុការណ៍ដែលថាផែនដីមិនបានត្រូវប្រើសមស្របនឹងបំណងដើមនោះ មិនមានន័យថាវាគ្មានព្រះជាអ្នកបង្កើតនោះទេ។
ព្រះគម្ពីរបង្រៀនថា ស្នាព្រះហស្តរបស់ព្រះគឺល្អឥតខ្ចោះ។ ចំពោះទ្រង់គឺ«ឥតមានសេចក្ដីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់»។ (ចោទិយកថា ៣២:៤) ព្រះប្រទានអំណោយល្អៗដល់មនុស្សជាតិ ក៏ប៉ុន្តែអំណោយខ្លះបានត្រូវប្រើដោយបំណងខុស ហើយធ្វើឲ្យមានការរងទុក្ខលំបាកជាច្រើនលើសលប់។ (យ៉ាកុប ១:១៧) ក៏ប៉ុន្តែ ព្រះនឹងបញ្ឈប់ការរងទុក្ខលំបាកទាំងអស់។ ក្រោយនោះ «មនុស្សរាបសា គេនឹងបានផែនដីជាមរដក . . . ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុកដំកើង ៣៧:១១, ២៩
បុរសជនជាតិស៊ុយអែតដែលបានត្រូវរៀបរាប់ខាងលើនេះ បានរំជួលក្នុងចិត្តពេលឃើញមនុស្សគ្នីគ្នារងទុក្ខវេទនា។ ពិតមែន ការខ្វល់ខ្វាយដែលយកចិត្តទុកដាក់ចំពោះអ្នកដទៃបញ្ជាក់ថា មានព្រះ។ ដោយហេតុដូចម្ដេចទៅ?
ចំពោះមនុស្សភាគច្រើន បើសិនជាមិនជឿថាមានព្រះ មានតែជឿទៅលើការវិវត្តន៍។ អ្នកស្រាវជ្រាវផ្នែកការវិវត្តន៍បង្រៀនថា«មានតែសត្វខ្លាំងបំផុតដែលរួចរស់» គឺថាមនុស្សនិងសត្វប្រកួតប្រជែងគ្នាតាមពូជរបស់គេដើម្បីរួចរស់ជីវិត។ សត្វខ្លាំងបំផុតនឹងរស់បន្តទៅមុខ តែសត្វណាដែលខ្សោយនឹងស្លាប់។ គេថានេះជាការរៀបចំរបស់ធម្មជាតិ។ ក៏ប៉ុន្តែ បើសិនជាសេចក្ដីស្លាប់របស់សត្វណាដែលខ្សោយ គឺស្របតាមក្រិត្យក្រម«ធម្មជាតិ» ដើម្បីឲ្យសត្វខ្លាំងបំផុតរួចរស់បន្ត តើយើងអាចពន្យល់យ៉ាងណាបាននូវហេតុការណ៍ដែលថា មនុស្សខ្លះដូចជាបុរសជនជាតិស៊ុយអែត មានចិត្តរំជួលពេលគេឃើញមនុស្សឯទៀតរងទុក្ខវេទនានោះ?
ការស្គាល់ព្រះ
យើងមិនអាចមើលឃើញព្រះ ពីព្រោះព្រះគ្មានរូបរាងដូចមនុស្សទេ។ ក៏ប៉ុន្តែ ព្រះចង់ឲ្យយើងស្គាល់ទ្រង់។ របៀបមួយដែលយើងអាចស្គាល់ទ្រង់ គឺដោយការទស្សនាមើលនូវស្នាដៃដ៏អស្ចារ្យរបស់ទ្រង់—ប្រៀបដូចជា«គំនូរ»និង«រូបចម្លាក់»នៃការបង្កើត។ នៅរ៉ូម ១:២០ ព្រះគម្ពីរចែងថា៖ «អ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយមក ទោះទាំងព្រះចេស្ដាដ៏នៅអស់កល្បជានិច្ច នឹងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក»។ ពិតមែន ដូចជាការពិនិត្យមើលគំនូរឬក៏រូបចម្លាក់មួយ អាចជួយយើងស្គាល់បុគ្គលិកលក្ខណៈរបស់វិចិត្រករ នោះការរំពឹងគិតអំពីស្នាដៃដ៏អស្ចារ្យរបស់ព្រះ អាចជួយយើងស្គាល់បុគ្គលិកលក្ខណៈរបស់ទ្រង់កាន់តែច្បាស់ឡើងៗ។
ត្រូវមែន យើងមិនអាចឆ្លើយសំនួរទាំងអស់ដែលធ្វើឲ្យយើងខ្វល់ខ្វាយក្នុងជីវិត ដោយការមើលការបង្កើតរបស់ព្រះនោះទេ។ ក៏ប៉ុន្តែ យើងអាចរកឃើញនូវចម្លើយចំពោះសំនួរបែបនេះដោយការរិះរកក្នុងព្រះបន្ទូលរបស់ព្រះ ជាព្រះគម្ពីរ។ គឺដោយការអានព្រះគម្ពីរដោយមានគំនិតមិនលំអៀង ដូចបុរសទាំងពីរនាក់ដែលបានរៀបរាប់មុននេះបានសន្មតថា មានព្រះ ហើយថាទ្រង់យកព្រះទ័យទុកដាក់លើអ្វីដែលកើតឡើងចំពោះយើង។
[កំណត់សម្គាល់]
^ សំរាប់ពត៌មានជាបន្ថែមអំពីមូលហេតុដែលព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់ សូមមើលសៀវភៅតើមានព្រះអាទិទេពដែលយកចិត្តទុកដាក់នឹងអ្នកឬទេ? ជំពូកទី១០ បោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។ (ជាភាសាអង់គ្លេស)
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣២]
J. Hester and P. Scowen (AZ State Univ.), NASA