លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«អ្នករាល់គ្នា . . . ជាបងប្អូននឹងគ្នាទាំងអស់»

«អ្នករាល់គ្នា . . . ជាបងប្អូននឹងគ្នាទាំងអស់»

«អ្នក​រាល់​គ្នា . . . ជា​បង​ប្អូន​នឹង​គ្នា​ទាំង​អស់»

«ប៉ុន្តែ ឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ហៅ​ខ្លួន​ជា​លោក​គ្រូ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មានសាស្ដាតែ​១ ហើយ​ជា​បង​ប្អូន​នឹង​គ្នា​ទាំង​អស់»។—ម៉ាថាយ ២៣:៨

១. តើ​រឿង​អ្វី​ដែល​សម​ឲ្យ​យើង​ពិនិត្យ​មើល​នោះ?

 ស្ត្រី​គ្រីស្ទាន​ម្នាក់​ពី​ប្រទេស​មួយ​នៅ​ឯ​បូព៌ា​បាន​សួរ​ដោយ​គ្មាន​បំណង​អាក្រក់ ដល់​សាសនទូត​ពី​ប្រទេស​អូស្ដ្រាលី​ថា៖ «តើ​អ្នក​ណា​សម​ទទួល​ការ​គោរព​ជាង សាសនទូត​ម្នាក់​ឬ​ក៏​សមាជិក​បេតអែល​ម្នាក់»? គាត់​ចង់​ដឹង​ថា​អ្នក​ណា​គួរ​ទទួល​ការ​គោរព​ជាង សាសនទូត​ម្នាក់​ពី​ប្រទេស​ក្រៅ ឬ​ក៏​អ្នក​បំរើ​ក្នុង​តំបន់ ដែល​ធ្វើ​ការ​ក្នុង​ការិយាល័យ​សាខា​នៃ​សមាគម​ប៉ម​យាម។ សំនួរ​ដោយ​គ្មាន​បំណង​អាក្រក់​នេះ បាន​ធ្វើ​ឲ្យ​សាសនទូត​នេះ​ភ្ញាក់​ផ្អើល។ ក៏​ប៉ុន្តែ សំនួរ​នេះ​ស្តី​អំពី​នរណា​ដែល​ធំ​ជាង កើត​មក​ពី​ចិត្ត​ប្រាថ្នា​ចង់​ដឹង​ថា មនុស្ស​មាន​ឋានន្តរ​សក្ដិ​យ៉ាង​ណា ស្តី​អំពី​អំណាច​និង​អានុភាព​នោះ។

២. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ថ្វាយ​បង្គំ​គ្នី​គ្នា​របស់​យើង?

កង្វល់​នេះ​មិន​មែន​ជា​អ្វី​ដែល​ថ្មី​នោះ​ទេ។ សូម្បី​តែ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​ក៏​បាន​មាន​ការ​ឈ្លោះ​ប្រកែក​ឥត​ឈប់​ឈរ អំពី​នរណា​ដែល​ធំ​ជាង​គេ​ដែរ។ (ម៉ាថាយ ២០:២០​-​២៤; ម៉ាកុស ៩:៣៣​-​៣៧; លូកា ២២:២៤​-​២៧) ពួក​គេ​មក​ពី​វប្បធម៌​ដែល​ប្រកាន់​វណ្ណៈ គឺ​អ្នក​កាន់​សាសនា​យូដា​នៅ​សតវត្ស​ទី​មួយ។ ដោយ​ជ្រាប​អំពី​សង្គម​បែប​នេះ ព្រះ​យេស៊ូ​បាន​ឲ្យ​ឱវាទ​ដល់​ពួក​សិស្ស​ទ្រង់​ថា៖ «ឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ហៅ​ខ្លួន​ជា​លោក​គ្រូ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មានសាស្ដាតែ​១ ហើយ​ជា​បង​ប្អូន​នឹង​គ្នា​ទាំង​អស់»។ (ម៉ាថាយ ២៣:៨) យោង​ទៅ​តាម​អ្នក​ប្រាជ្ញ​ខាង​ព្រះ​គម្ពីរ​ឈ្មោះ អាល​បឺត បាន្ស នោះ​ឋានន្តរ​ខាង​សាសនា​ដូច​ជា «រ៉ាប៊ី» ដែល​មាន​ន័យ​ថា«លោក​គ្រូ»នោះ «ចំពោះ​អស់​អ្នក​ណា​ដែល​ទទួល​ឋានន្តរ​នេះ ជា​ធម្មតា​ធ្វើ​ឲ្យ​មាន​មោទនភាព និង​ធ្វើ​ឲ្យ​មាន​ឫក​ធំ ហើយ​ចំពោះ​អ្នក​ដែល​ឥត​បាន​ទទួល​វិញ នោះ​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​ឈ្នានីស​និង​ភាព​អន់​ជាង​ទៅ​វិញ។ ហើយ​គតិ​ទាំង​មូល​និង​ការ​ទោរ​ទន់​នេះ គឺ​ផ្ទុយ​នឹង‹ភាព​ឥត​ស្មុគ​ស្មាញ​ដែល​មាន​ក្នុង​ព្រះ​គ្រីស្ទ›»។ ប្រាកដ​មែន ពួក​គ្រីស្ទាន​ជៀស​វាង​ហៅ​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ចំណោម​ពួក​គេ​ជា«អ្នក​ចាស់​ទុំ​ម្នាក់​នេះ​ឬ​ម្នាក់​នោះ» តែ​គួរ​ប្រើ​ជា«អ្នក​ចាស់​ទុំ»ប៉ុណ្ណោះ ជា​ឋានន្តរ​ដ៏​គួរ​លើក​ដំកើង។ (យ៉ូប ៣២:២១, ២២) ម្យ៉ាង​វិញ​ទៀត ពួកអ្នក​ចាស់​ទុំ​ដែល​បំពេញ​តាម​គតិ​នៃ​ឱវាទ​របស់​ព្រះ​យេស៊ូ នោះ​លើក​កិត្ដិយស​ដល់​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ ដូច​ជា​ព្រះ​យេហូវ៉ា​លើក​កិត្ដិយស​ពួក​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់ ហើយ​ព្រះ​យេស៊ូ​គ្រីស្ទ​ក៏​លើក​កិត្ដិយស​ពួក​អ្នក​កាន់​តាម​ទ្រង់​ដ៏​ស្មោះ​ត្រង់​នោះ​ដែរ។

គំរូ​របស់​ព្រះ​យេហូវ៉ា​និង​របស់​ព្រះ​យេស៊ូ

៣. តើ​ព្រះ​យេហូវ៉ា​លើក​កិត្ដិយស​ចំពោះ​សត្តនិករ​វិញ្ញាណ​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

ទោះ​ជា​ព្រះ​យេហូវ៉ា​ជា«ព្រះ​ដ៏​ខ្ពស់​បំផុត»ក៏​ដោយ តាំង​ពី​ដើម​មក​ទ្រង់​បាន​លើក​កិត្ដិយស​ចំពោះ​ពួក​សត្តនិករ​របស់​ទ្រង់ ដោយ​ឲ្យ​គេ​ចូល​រួម​នឹងកិច្ច​ការរបស់​ទ្រង់។ (ទំនុកដំកើង ៨៣:១៨) នៅ​ពេល​ដែល​ទ្រង់​បាន​បង្កើត​មនុស្ស​ម្នាក់​ដំបូង ព្រះ​យេហូវ៉ា​បាន​រួម​បញ្ចូល​រាជបុត្រា​តែ​មួយ​គត់​ដែល​ព្រះ​បង្កើត​ផ្ទាល់ ក្នុង​ការងារ​នេះ​ជា«មេ​ជាង»។ (សុភាសិត ៨:២៧​-​៣០; លោកុប្បត្តិ ១:២៦) ព្រះ​យេហូវ៉ា​ថែម​ទាំង​បាន​អញ្ជើញ​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌​ឲ្យ​បញ្ចេញ​យោបល់​ខ្លួន​គេ អំពី​របៀប​ដែល​ត្រូវ​កំទេច​ចោល​ស្តេច​អ័ហាប់​ដ៏​អាក្រក់​នេះ នៅ​ពេល​ដែល​ទ្រង់​បាន​តាំង​ព្រះ​ទ័យ​ធ្វើ​អ៊ីចឹង​នោះ។—ពង្សាវតារ​ក្សត្រ​ទី​១ ២២:១៩​-​២៣

៤, ៥. តើ​ព្រះ​យេហូវ៉ា​លើក​កិត្ដិយស ចំពោះ​សត្តនិករ​ដែល​ជា​មនុស្ស​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​សោយ​រាជ្យ​ជា​ព្រះ​មហា​ក្សត្រ​ដ៏​ខ្ពង់​ខ្ពស់​នៃ​សកល​លោក​នេះ។ (ចោទិយកថា ៣:២៤) ទ្រង់​មិន​ចាំ​បាច់​ពិគ្រោះ​ជា​មួយ​មនុស្សជាតិ​ឡើយ។ ក៏​ប៉ុន្តែ បើ​និយាយ​ជា​អត្ថបដិរូប ទ្រង់​ឱន​មក​ស្ដាប់​ពួក​គេ។ អ្នក​តែងបទ​ទំនុកដំកើងបាន​ច្រៀង​ថា៖ «តើ​មាន​អ្នក​ឯ​ណា​ឲ្យ​ដូច​ជា​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​នោះ ទ្រង់​ឱន​ព្រះ​នេត្រ ដើម្បី​ទត​មើល​ផ្ទៃ​មេឃ នឹង​ផែនដី ទ្រង់​លើក​មនុស្ស​ក្រី​ក្រ​ឡើង​ចេញ​ពី​ធូលី​ដី»។—ទំនុកដំកើង ១១៣:៥​-​៨

មុន​នឹង​កំទេច​ចោល​ទី​ក្រុង​សូដុំម​និង​កូម៉ូរ៉ា នោះ​ព្រះ​យេហូវ៉ា​បាន​ព្រះ​សណ្ដាប់​ចំពោះ​សំនួរ​របស់​អ័ប្រាហាំ ហើយ​បាន​ធ្វើ​ឲ្យ​សុភនិច្ឆ័យ​នៃ​យុត្ដិធម៌​របស់​គាត់​បាន​ស្កប់​ចិត្ត។ (លោកុប្បត្តិ ១៨:២៣​-​៣៣) ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​ជ្រាប​នូវ​លទ្ធផល​នៃ​ការ​ស្នើ​សុំ​របស់​អ័ប្រាហាំ ក៏​ទ្រង់​បាន​ស្ដាប់​យ៉ាង​អត់​ធ្មត់​ដល់​អ័ប្រាហាំ ហើយ​បាន​យល់​ព្រម​នឹង​ការ​វែក​ញែក​របស់​លោក។

៦. ដោយ​ព្រះ​យេហូវ៉ា​បង្ហាញ​ការ​លើក​កិត្ដិយស ពេលហាបាគុកបាន​សួរ​សំនួរ តើ​បាន​មាន​អ្វី​ជា​លទ្ធផល​នោះ?

ព្រះ​យេហូវ៉ា​ក៏​បាន​ស្ដាប់ហាបាគុកដែរ ដែល​បាន​សួរ​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​អំពាវនាវ​ដល់​កាល​ណា​ទៀត ឥត​ទ្រង់​ឆ្លើយ​តប​សោះ​ដូច្នេះ?»។ តើ​ព្រះ​យេហូវ៉ា​ចាត់​ទុក​សំនួរ​នេះ​ជា​ការ​ប្រកួត​នឹង​អំណាច​គ្រប់​គ្រង​របស់​ទ្រង់​ឬ? អត់​ទេ ទ្រង់​ចាត់​ទុក​សំនួរ​របស់ហាបាគុកថា​ត្រឹម​ត្រូវ ហើយ​មួយ​រំពេច​ក្រោយ​មក ទ្រង់​បាន​លាត​ត្រដាង​នូវ​គោល​បំណង​របស់​ទ្រង់ ដើម្បី​តាំង​សាសន៍​ខាល់ដេ​ឡើង​ឲ្យ​ធ្វើ​ការ​ជំនុំ​ជំរះ។ ទ្រង់​បាន​ធានា​រ៉ាប់​រង​ព្យាការី​នេះ​ថា‹ការ​ជំនុំ​ជំរះ​ដែល​បាន​ទាយ​មក​នេះ នឹង​បាន​មក​ជា​ពិត​ពុំ​ខាន›។ (ហាបាគុក ១:១, ២, ៥, ៦, ១៣, ១៤; ២:២, ៣) ដោយ​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​កង្វល់​របស់ហាបាគុក ហើយ​បាន​តប​ឆ្លើយ​នឹង​គាត់ នោះ​ព្រះ​យេហូវ៉ា​បាន​លើក​កិត្ដិយស​ចំពោះ​ព្យាការី​នេះ។ ជា​លទ្ធផល ព្យាការី​ដ៏​ពិបាក​ចិត្ត​នេះ​បាន​មាន​ចិត្ត​រំភើប ថែម​ទាំង​មាន​ចិត្ត​អរ​សប្បាយ និង​មាន​ការ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​ដែល​សង្គ្រោះ​លោក។ នេះ​បាន​ត្រូវ​សម្ដែង​ឲ្យ​ឃើញ​នូវ​ក្នុង​សៀវភៅហាបាគុក ដែល​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​លើ​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ។—ហាបាគុក ៣:១៨, ១៩

៧. ហេតុ​អ្វី​ក៏​មុខ​នាទី​របស់​ពេត្រុស​នៅ​បុណ្យ​ភិន្ដាកុស​ឆ្នាំ​៣៣​ស.យ.មាន​សារៈ​សំខាន់​ម្ល៉េះ?

ព្រះ​យេស៊ូ​គ្រីស្ទ​ក៏​ជា​គំរូ​ដ៏​ល្អ​មួយ​ទៀត​ដែរ នៃ​ការ​បង្ហាញ​សេចក្ដី​គោរព​ចំពោះ​អ្នក​ដទៃ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា៖ «តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក​ទេ នោះ​ខ្ញុំ​ក៏​មិន​ព្រម​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះ​វរបិតា​ខ្ញុំ»។ (ម៉ាថាយ ១០:៣២, ៣៣) ក៏​ប៉ុន្តែ នៅ​រាត្រី​នៃ​ការ​ក្បត់​ទ្រង់ នោះ​ពួក​សិស្ស​ទាំង​អស់​បាន​រត់​ចោល​ទ្រង់ ហើយ​សាវ័ក​ពេត្រុស​មិន​បាន​ទទួល​ស្គាល់​ទ្រង់​បី​ដង។ (ម៉ាថាយ ២៦:៣៤, ៣៥, ៦៩​-​៧៥) ព្រះ​យេស៊ូ​បាន​ទត​មើល​ទៅ​ហួស​ពី​អាការ​ក្រៅ ហើយ​បាន​កត់​សម្គាល់​នូវ​អារម្មណ៍​ខាង​ក្នុង​ចិត្ត​របស់​គាត់ គឺ​ជា​ការ​ប្រែ​ចិត្ត​ដ៏​ជ្រាល​ជ្រៅ​របស់​គាត់។ (លូកា ២២:៦១, ៦២) គ្រាន់​តែ​៥១​ថ្ងៃ​ក្រោយ​មក ព្រះ​គ្រីស្ទ​បាន​លើក​កិត្ដិយស​ចំពោះ​សាវ័ក​ដែល​ប្រែ​ចិត្ត​នេះ ដោយ​អនុញ្ញាត​ឲ្យ​គាត់​តំណាង​ពួក​សិស្ស​១២០​នាក់​របស់​ព្រះ​យេស៊ូ នៅ​ក្នុង​បុណ្យ​ភិន្ដាកុស ហើយ​ឲ្យ​ប្រើ«កូន​សោ​នៃ​នគរ​ស្ថាន​សួគ៌»។ (ម៉ាថាយ ១៦:១៩; កិច្ច​ការ ២:១៤​-​៤០) ពេត្រុស​បាន​ទទួល​នូវ​ឱកាស​ដើម្បី‹ត្រឡប់​មក​វិញ​និង​ពង្រឹង​បង​ប្អូន​របស់​គាត់›។—លូកា ២២:៣១​-​៣៣

ការ​ឲ្យ​កិត្ដិយស​ដល់​សមាជិក​ក្នុង​ក្រុម​គ្រួសារ

៨, ៩. ក្នុង​ការ​ផ្ដល់​ឲ្យ​កិត្ដិយស​ចំពោះ​ប្រពន្ធ​របស់​គាត់ តើ​តាម​របៀប​ណា​ដែល​ប្ដី​ម្នាក់​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​នោះ?

ប្ដី​និង​មាតា​បិតា​ធ្វើ​បាន​ល្អ ក្នុង​ការ​ត្រាប់​តាម​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ ស្តី​អំពី​ការ​ប្រើ​អំណាច​គ្រប់​គ្រង​ដែល​ព្រះ​ប្រទាន​ឲ្យ។ ពេត្រុស​បាន​ដាស់​តឿន​ថា៖ «ឯ​ពួក​ប្ដី​ក៏​ដូច្នេះ​ដែរ ត្រូវ​បន្ត​រស់នៅ​ជា​មួយ​ប្រពន្ធ​ដោយ​ប្រាជ្ញា ផ្ដល់​ឲ្យ​នាង​នូវ​កិត្ដិយស​ប្រៀប​ដូច​គ្រឿង​ភាជនៈ​ដ៏​ទន់​ខ្សោយ គឺ​ជា​មនុស្ស​ស្រី»។ (ពេត្រុស​ទី​១ ៣:៧, ព.ថ.) ចូរ​គិត​អំពី​ការ​កាន់​ភាជនៈ​ព័រសឺឡែន​ដ៏​ស្រួយ​ដែល​ងាយ​បែក​ជាង​ភាជនៈ​ដែល​ធ្វើ​ពី​ឈើ។ តើ​អ្នក​នឹង​មិន​ប្រុង​ប្រយ័ត្ន​ជាង​ទេ​ឬ? ប្ដី​ម្នាក់​អាច​ធ្វើ​អ៊ីចឹង​ដោយ​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា ដោយ​ស្ដាប់​មតិ​របស់​ប្រពន្ធ​ខ្លួន ពេល​ដែល​សម្រេច​ចិត្ត​នឹង​រឿង​ទាក់​ទង​ក្រុម​គ្រួសារ។ សូម​នឹក​ចាំ​ថា ព្រះ​យេហូវ៉ា​បាន​ចំណាយ​ពេល​វែក​ញែក​ជា​មួយ​នឹង​អ័ប្រាហាំ។ ជា​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍ ប្ដី​ម្នាក់​ប្រហែល​ជា​ពុំ​បាន​មើល​ឃើញ​នូវ​ទំហំ​ទាំង​មូល​នឹង​រឿង​មួយ។ ដូច្នេះ តើ​មិន​ប្រកប​ដោយ​ប្រាជ្ញា​ទេ​ឬ ដែល​គាត់​លើក​កិត្ដិយស​ចំពោះ​ប្រពន្ធ​ខ្លួន ដោយ​ពិនិត្យ​មើល​យ៉ាង​ស្មោះ​នូវ​មតិ​របស់​នាង​នោះ?

នៅ​ក្នុង​ប្រទេស ដែល​អំណាច​គ្រប់​គ្រង​របស់​មនុស្ស​ប្រុស​បាន​បំពាន​យ៉ាង​ខ្លាំង នោះ​ប្ដី​ម្នាក់​ត្រូវ​តែ​ចង​ចាំ​ថា​ប្រពន្ធ​របស់​គាត់ ប្រហែល​ជា​ត្រូវ​ពុះ​ពារ​នឹង​ឧបសគ្គ​ដ៏​គួរ​ឲ្យ​ខ្លាច ដើម្បី​សម្ដែង​នូវ​អារម្មណ៍​ដ៏​ជ្រាល​ជ្រៅ​របស់​នាង។ ចូរ​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​គ្រីស្ទ នូវ​របៀប​ដែល​ទ្រង់​ទាក់​ទង​នឹង​ពួក​សិស្ស​ទ្រង់ ដែល​ជា​ផ្នែក​នៃ​អ្នក​ដែល​មាន​ឋានៈ​ជា​ភរិយា​នៅ​អនាគត កាល​ដែល​ទ្រង់​គង់​នៅ​លើ​ផែនដី​នោះ។ ទ្រង់​បាន​ស្រឡាញ់​ពួក​គេ ដោយ​គិត​អំពី​គុណ​វិបត្ដិ​ខាង​សាច់​ឈាម​និង​ខាង​វិញ្ញាណ​របស់​គេ សូម្បី​តែ​មុន​គេ​បាន​ប្រាប់​អំពី​តម្រូវ​ការ​របស់​គេ​នោះ​ផង។ (ម៉ាកុស ៦:៣១; យ៉ូហាន ១៦:១២, ១៣; អេភេសូរ ៥:២៨​-​៣០) ម្យ៉ាង​វិញ​ទៀត ចូរ​សង្កេត​មើល​នូវ​អ្វី​ដែល​ប្រពន្ធ​អ្នក​កំពុង​តែ​ធ្វើ​សំរាប់​អ្នក​និង​ក្រុម​គ្រួសារ ហើយ​សម្ដែង​នូវ​ការ​អបអរ​របស់​អ្នក ដោយ​ប្រើ​ពាក្យ​សំដី​និង​កាយ​វិការ​ផង។ ទាំង​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​ក៏​បាន​អបអរ បាន​សរសើរ និង​ប្រទាន​ពរ​ដល់​ពួក​ដែល​សម​ទទួល​ផង​ដែរ។ (ពង្សាវតារ​ក្សត្រ​ទី​១ ៣:១០​-​១៤; យ៉ូប ៤២:១២​-​១៥; ម៉ាកុស ១២:៤១​-​៤៤; យ៉ូហាន ១២:៣​-​៨) ក្រោយ​ពី​ប្ដី​របស់​នាង​បាន​ទៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នោះ​ស្ត្រី​គ្រីស្ទាន​ម្នាក់​នៅ​បូព៌ា​ប្រទេស​បាន​មាន​ប្រសាសន៍​ថា៖ «ប្ដី​របស់​ខ្ញុំ​ធ្លាប់​ដើរ​បី​ឬ​បួន​ជំហាន​នៅ​ខាង​មុខ​ខ្ញុំ ដោយ​ឲ្យ​ខ្ញុំ​យួរ​របស់​ទាំង​អស់។ ឥឡូវ​នេះ គាត់​យួរ​ស្បោង​យ៉ាង​ច្រើន ហើយ​បង្ហាញ​នូវ​ការ​អបអរ​ចំពោះ​អ្វី​ដែល​ខ្ញុំ​ធ្វើ​នៅ​ឯ​ផ្ទះ!» ពាក្យ​អបអរ​ដ៏​ស្មោះ​គឺ​មាន​ប្រសិទ្ធិភាព​ណាស់ ក្នុង​ការ​ជួយ​ប្រពន្ធ​របស់​អ្នក​ឲ្យ​មាន​អារម្មណ៍​ថា​នាង​មាន​តម្លៃ​នោះ។—សុភាសិត ៣១:២៨

១០, ១១. តើ​អ្វី​ដែល​ឪពុក​ម្ដាយ​អាច​រៀន​ពី​គំរូ​ដ៏​ល្អ​របស់​ព្រះ​យេហូវ៉ា ពេល​ទ្រង់​ទាក់​ទង​នឹង​សាសន៍​អ៊ីស្រាអែល​ដ៏​បះ​បោរ​នេះ?

១០ ក្នុង​ការ​ទាក់​ទង​ជា​មួយ​នឹង​កូន​របស់​គេ ជា​ពិសេស​ពេល​ដែល​ត្រូវ​ការ​ការ​ស្តី​បន្ទោស នោះ​ឪពុក​ម្ដាយ​គួរ​តែ​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ។ «ព្រះ​យេហូវ៉ា​ទ្រង់​បាន​ធ្វើ​បន្ទាល់ ដល់​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា»ឲ្យ​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ ក៏​ប៉ុន្តែ​ពួក​គេ«បាន​តាំង​ចិត្ត​រឹង​វិញ»។ (ពង្សាវតារ​ក្សត្រ​ទី​២ ១៧:១៣​-​១៥) ពួក​អ៊ីស្រាអែល​ថែម​ទាំង«បាន​លើក​បញ្ចើច​ទ្រង់​ដោយ​មាត់​គេ តែ​អណ្ដាត​របស់​គេ​បាន​កុហក​ទ្រង់»។ មាតា​បិតា​ជា​ច្រើន​ប្រហែល​ជា​មាន​អារម្មណ៍​ថា ជួន​កាល​កូន​របស់​គេ​ប្រព្រឹត្ត​ដូច​ពួក​អ៊ីស្រាអែល​អ៊ីចឹង។ ពួក​អ៊ីស្រាអែល«ល្បង​ល​ព្រះ» ហើយ​បាន​បញ្ឈឺ​ទ្រង់ ដោយ​ធ្វើ​ឲ្យ​ទ្រង់​ឈឺ​ព្រះ​ទ័យ។ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា«មាន​សេចក្ដី​មេត្ដា​ករុណា បាន​ជា​ទ្រង់​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​គេ ហើយ​មិន​បាន​បំផ្លាញ​គេ​ទេ»។—ទំនុកដំកើង ៧៨:៣៦​-​៤១

១១ ព្រះ​យេហូវ៉ា​ថែម​ទាំង​បាន​អង្វរ​ពួក​អ៊ីស្រាអែល​ថា៖ «មក​ចុះ យើង​នឹង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ»។ (អេសាយ ១:១៨) ទោះ​ជា​ព្រះ​យេហូវ៉ា​មិន​មាន​កំហុស​ក៏​ដោយ ក៏​ទ្រង់​បាន​អញ្ជើញ​សាសន៍​ដ៏​បះ​បោរ​នេះ​ឲ្យ​កែ​តម្រង់​ផ្លូវ​ដែរ។ នេះ​ជា​អាកប្បកិរិយា​ដ៏​ល្អ​មែន ដែល​ឪពុក​ម្ដាយ​ត្រូវ​យក​តម្រាប់​តាម​ពេល​ប្រព្រឹត្ត​ចំពោះ​កូន​ៗ​របស់​គេ! ពេល​មាន​ស្ថានការណ៍​បែប​នេះ ចូរ​ឲ្យ​កិត្ដិយស​ចំពោះ​គេ​ដោយ​ស្ដាប់​រឿង​របស់​គេ ហើយ​វែក​ញែក​ជា​មួយ​គេ​នូវ​មូលហេតុ​ដែល​ពួក​គេ​ត្រូវ​តែ​ផ្លាស់​ប្ដូរ​នោះ។

១២. (ក) ហេតុ​អ្វី​ក៏​យើង​គួរ​ជៀស​វាង​ឲ្យ​កិត្ដិយស​កូន​របស់​យើង​ជា​ជាង​ព្រះ​យេហូវ៉ា? (ខ) តើ​មាន​សេចក្ដី​តម្រូវ​អ្វី ប្រសិន​បើ​យើង​ត្រូវ​គោរព​នឹង​កិត្ដិយស​របស់​កូន​យើង ពេល​ស្តី​ប្រដៅ​គេ​នោះ?

១២ ប្រាកដ​ហើយ ជួន​កាល​កូន​ៗ​ត្រូវ​ការ​ឱវាទ​ដ៏​តឹង​រឹង។ ឪពុក​ម្ដាយ​មិន​ចង់​ធ្វើ​ឲ្យ​ដូច​ជា​លោក​អេលី​ឡើយ ដែល‹នៅ​តែ​ឲ្យ​កិត្ដិយស​ចំពោះ​ពួក​កូន​គាត់​ជា​ជាង​ព្រះ​យេហូវ៉ា›។ (សាំយូអែល​ទី​១ ២:២៩) ក៏​ប៉ុន្តែ ពួក​ក្មេង​ៗ​ត្រូវ​ការ​ឲ្យ​មើល​ឃើញ​នូវ​បំណង​ចិត្ត​ដ៏​ជា​ទី​ស្រឡាញ់ ដែល​មាន​ពេល​កែ​ប្រដៅ​នេះ។ ពួក​គេ​គួរ​តែ​អាច​អបអរ​ថា​ឪពុក​ម្ដាយ​របស់​គេ​ស្រឡាញ់​គេ​មែន។ ប៉ុល​ដាស់​តឿន​ឪពុក​រាល់​គ្នា«កុំ​ឲ្យ​ចាក់​រុក​កូន​របស់​ខ្លួន​ឡើយ ចូរ​បង្រៀន​វា​ទៅ​តាម​ដំបូន្មាន នឹង​សេចក្ដី​ដាស់​តឿន​របស់​ព្រះ​អម្ចាស់​វិញ»។ (អេភេសូរ ៦:៤) ទោះ​ជា​អំណាច​គ្រប់​គ្រង​ខាង​ឪពុក​ត្រូវ​ប្រើ នោះ​ចំណុច​ដែល​លើក​មក​នេះ គឺ​ថា​ឪពុក​ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កិត្ដិយស​នៃ​កូន ដោយ​កុំ​ធ្វើ​ឲ្យ​កូន​ខឹង ដោយ​ព្រោះ​គាត់​ប្រដៅ​យ៉ាង​ឃោរ​ឃៅ​លើស​លុប​នោះ។ ត្រូវ​ហើយ ដោយ​គិត​ពិចារណា​នឹង​កិត្ដិយស​របស់​កូន តម្រូវ​ឲ្យ​មាន​ពេល​វេលា​និង​ការ​ខំ​ប្រឹង​ពី​ឪពុក​ម្ដាយ ក៏​ប៉ុន្តែ​ផល​ផ្លែ​នៃ​ការ​ធ្វើ​អ៊ីចឹង គឺ​សម​គួរ​នឹង​ពលិកម្ម​ទាំង​អស់។

១៣. តើ​អ្វី​ជា​ទស្សនៈ​របស់​ព្រះ​គម្ពីរ​ស្តី​អំពី​សមាជិក​ដែល​មាន​ចំណាស់​ក្នុង​ក្រុម​គ្រួសារ?

១៣ ការ​បង្ហាញ​កិត្ដិយស​ដល់​សមាជិក​ក្នុង​គ្រួសារ គឺ​មាន​លើស​ពី​ការ​ឲ្យ​កិត្ដិយស​ដល់​ប្រពន្ធ​និង​កូន​ៗ​របស់​ខ្លួន។ សុភាសិតជប៉ុន​មួយ​ចែង​ថា៖ «ពេល​មាន​អាយុ​ចាស់ ចូរ​ស្ដាប់​បង្គាប់​កូន​របស់​អ្នក»។ អត្ថន័យ​នៃសុភាសិតនេះ គឺ​ឪពុក​ម្ដាយ​ដ៏​ចំណាស់​គួរ​ជៀស​វាង​ប្រើ​អំណាច​គ្រប់​គ្រង​ជា​ឪពុក​ម្ដាយ ហើយ​ថា​គេ​គួរ​កត់​សម្គាល់​នូវ​អ្វី​ដែល​កូន​ពេញ​វ័យ​របស់​គេ​និយាយ។ ទោះ​ជា​ស្រប​តាមបទគម្ពីរ​ដែល​ឪពុក​ម្ដាយ​ឲ្យ​កិត្ដិយស​ចំពោះ​កូន​គេ ដោយ​ស្ដាប់​គេ​នោះ​ក៏​ដោយ តែ​កូន​មិន​គួរ​សម្ដែង​អាកប្បកិរិយា​ដ៏​ឥត​គោរព​ចំពោះ​សមាជិក​ដែល​មាន​ចំណាស់​ក្នុង​គ្រួសារ​នោះ​ឡើយ។ សុភាសិត ២៣:២២ ចែង​ថា៖ «កុំ​ឲ្យ​មើល​ងាយ​ម្ដាយ​ឯង​ក្នុង​កាល​ដែល​គាត់​ចាស់​ឡើយ»។ ស្តេច​សាឡូម៉ូន​បាន​បំពេញ​តាម​សេចក្ដី​តម្រូវ​នៃសុភាសិតនេះ ហើយ​បាន​ឲ្យ​កិត្ដិយស​ដល់​ម្ដាយ​របស់​ទ្រង់ ពេល​ដែល​ម្ដាយ​បាន​មក​ធ្វើ​ការ​ស្នើ​សុំ​នោះ។ សាឡូម៉ូន​បាន​បង្គាប់​គេ​ឲ្យ​យក​បល្ល័ង្ក​មួយ​ដាក់​ខាង​ស្ដាំ​ទ្រង់ ហើយ​បាន​ស្ដាប់​នូវ​អ្វី​ដែល​បាតសេបា​ជា​មាតា​ដែល​មាន​ចំណាស់​នេះ ចង់​ប្រាប់​ទ្រង់។—ពង្សាវតារ​ក្សត្រ​ទី​១ ២:១៩, ២០

១៤. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ឲ្យ​កិត្ដិយស​ដល់​សមាជិក​ក្រុម​ជំនុំ​ដែល​ជា​មនុស្ស​ចាស់​នោះ?

១៤ នៅ​ក្នុង​ក្រុម​គ្រួសារ​ខាង​វិញ្ញាណ​របស់​យើង យើង​មាន​ឱកាស​ដ៏​ល្អ​ដើម្បី‹នាំ​មុខ› ក្នុង​ការ​បង្ហាញ​កិត្ដិយស​ដល់​ពួក​សមាជិក​ដ៏​ចាស់​ក្នុង​ក្រុម​ជំនុំ។ (រ៉ូម ១២:១០) ពួក​គេ​ប្រហែល​ជា​ពុំ​អាច​ធ្វើ​បាន​ច្រើន​ដូច​មុន​ៗ​នោះ​ទេ ហើយ​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​គេ​មាន​ចិត្ត​អន្ទះអន្ទែង។ (សាស្ដា ១២:១​-​៧) ស្មរបន្ទាល់​ចាក់​ប្រេង​តាំង​ដ៏​ចាស់​ម្នាក់ ដែល​បាន​ត្រូវ​ដេក​នៅ​មន្ទីរ​ពេទ្យ​ដោយ​ជម្ងឺ​ធ្ងន់ ពេល​មួយ​បាន​សម្ដែង​ប្រាប់​ដោយ​ចិត្ត​អន្ទះអន្ទែង​បែប​នេះ​ថា៖ «ខ្ញុំ​ចង់​ស្លាប់​ណាស់​ដើម្បី​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ»។ ចំពោះ​ពួក​អ្នក​ចាស់​ជរា​បែប​នេះ ការ​បង្ហាញ​នូវ​ការ​ទទួល​ស្គាល់​និង​កិត្ដិយស​បែប​នេះ​ពី​យើង អាច​ជា​ការ​មាន​ប្រយោជន៍។ ពួក​អ៊ីស្រាអែល​បាន​ត្រូវ​បង្គាប់​ថា៖ «ត្រូវ​ឲ្យ​ឯង​ក្រោក​ឡើង​ឈរ​នៅ​មុខ​មនុស្ស​ចាស់​សក់​ស ត្រូវ​គោរព​ដល់​មនុស្ស​មាន​វ័យ​ចំរើន»។ (លេវីវិន័យ ១៩:៣២) ចូរ​បង្ហាញ​ការ​រាប់​អាន ដោយ​ធ្វើ​ឲ្យ​មនុស្ស​ចាស់​មាន​អារម្មណ៍​ថា គេ​ត្រូវ​ការ​គាត់​និង​អបអរ​ចំពោះ​គាត់​ដែរ។ ‹ការ​ក្រោក​ឈរ›ប្រហែល​ជា​រួម​បញ្ចូល​ការ​អង្គុយ​ស្ដាប់​នូវ​អ្វី ដែល​គេ​បាន​សម្រេច​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​នោះ។ នេះ​នឹង​ផ្ដល់​កិត្ដិយស​ចំពោះ​មនុស្ស​ចាស់ និង​ធ្វើ​ឲ្យ​ជីវិត​ខាង​វិញ្ញាណ​របស់​យើង​មាន​ខ្លឹម​សារ​ថែម​ទៀត។

‹ចូរ​នាំ​មុខ​ក្នុង​ការ​បង្ហាញ​កិត្ដិយស›

១៥. តើ​អ្វី​ទៅ​ដែល​ពួក​អ្នក​ចាស់​ទុំ​អាច​ធ្វើ ដើម្បី​លើក​កិត្ដិយស​ចំពោះ​សមាជិក​ក្នុង​ក្រុម​ជំនុំ​នោះ?

១៥ សមាជិក​ក្នុង​ក្រុម​ជំនុំ​ចំរើន​ឡើង​ពេល​ដែល​ពួក​អ្នក​ចាស់​ទុំ ទុក​គំរូ​ដ៏​ល្អ​ឲ្យ​គេ។ (ពេត្រុស​ទី​១ ៥:២, ៣) ទោះ​ជា​គេ​មាន​តារាង​ពេល​ដ៏​រវល់​ក៏​ដោយ ពួក​អ្នក​ចាស់​ទុំ​ដែល​យក​ចិត្ត​ទុក​ដាក់ នឹង​ទៅ​ឯ​ពួក​យុវជន មេ​គ្រួសារ ម្ដាយ​ដែល​អត់​មាន​គូ ស្ត្រី​មេ​ផ្ទះ ពួក​មនុស្ស​ចាស់ ទោះ​ជា​ពួក​នេះ​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ឬ​ក៏​អត់។ ពួក​អ្នក​ចាស់​ទុំ​ស្ដាប់​តាម​អ្វី​ដែល​សមាជិក​នៃ​ក្រុម​ជំនុំ​នឹង​និយាយ​យ៉ាង​ណា ហើយ​សរសើរ​គេ​ដោយ​សារ​អ្វី​ដែល​គេ​អាច​ធ្វើ​នោះ។ អ្នក​ចាស់​ទុំ​ដែល​ចេះ​សង្កេត​ពិនិត្យ​មើល​ដោយ​ម៉ត់ចត់ ដែល​ថ្លែង​ពាក្យ​អបអរ​អំពី​អ្វី​ដែល​បង​ប្អូន​ប្រុស​ឬ​ស្រី​ធ្វើ គឺ​កំពុង​តែ​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា ដែល​អបអរ​នឹង​ពួក​បុគ្គល​នៅ​លើ​ផែនដី​នេះ។

១៦. ហេតុ​អ្វី​ក៏​យើង​គួរ​ចាត់​ទុក​ពួក​អ្នក​ចាស់​ទុំ ដែល​សម​ទទួល​កិត្ដិយស​ដូច​អ្នក​ដទៃ​ទៀត​ក្នុង​ក្រុម​ជំនុំ​ដែរ​នោះ?

១៦ ដោយ​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា នោះ​ពួក​អ្នក​ចាស់​ទុំ​ទុក​គំរូ​ដ៏​ល្អ​ក្នុង​ការ​អនុវត្តន៍​តាម​សេចក្ដី​ដាស់​តឿន​របស់​ប៉ុល ដែល​ថា៖ «ខាង​ឯ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន នោះ​ចូរ​មាន​ចិត្ត​ថ្នម​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ ខាង​ឯ​សេចក្ដី​រាប់​អាន នោះ​ឲ្យ​ខំ​រាប់​អាន​គេ​ជា​មុន»។ (រ៉ូម ១២:១០) នេះ​ប្រហែល​ជា​ពិបាក​ចំពោះ​ពួក​អ្នក​ចាស់​ទុំ ដែល​រស់​នៅ​ក្នុង​ប្រទេស ដែល​ការ​ប្រកាន់​វណ្ណៈ​ជា​អ្វី​ធម្មតា​នោះ។ ជា​ឧទាហរណ៍ នៅ​បូព៌ា​ប្រទេស​មួយ គឺ​មាន​ពាក្យ​ពីរ​សំរាប់«បង​ប្រុស» ពាក្យ​មួយ​គឺ​ខ្ពស់​ខាង​វណ្ណៈ ហើយ​ពាក្យ​មួយ​ទៀត​គឺ​ធម្មតា។ មុន​ពេល​នេះ សមាជិក​ក្នុង​ក្រុម​ជំនុំ​បាន​ហៅ​ពួក​អ្នក​ចាស់​ទុំ​និង​អស់​អ្នក​ដែល​ចាស់​ជាង​គេ ដោយ​ប្រើ​ពាក្យ​ខ្ពស់​ខាង​វណ្ណៈ និង​ប្រើ​ពាក្យ​ធម្មតា​សំរាប់​អ្នក​ដទៃ។ ក៏​ប៉ុន្តែ ពួក​គេ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​ពាក្យ​ធម្មតា​ជា​រៀង​រាល់​ដង ពីព្រោះ ដូច​ជា​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់ថា៖ «អ្នក​រាល់​គ្នា . . . ជា​បង​ប្អូន​នឹង​គ្នា​ទាំង​អស់»។ (ម៉ាថាយ ២៣:៨) ទោះ​ជា​ភាព​ខុស​គ្នា​ប្រហែល​ជា​មិន​ឃើញ​ច្បាស់​លាស់​ក្នុង​ប្រទេស​ផ្សេង​ៗ​ក៏​ដោយ ក៏​យើង​ត្រូវ​ប្រយ័ត្ន​ប្រយែង​នូវ​ការ​ទោរ​ទន់​របស់​មនុស្ស ក្នុង​ការ​បែង​ចែក​វណ្ណៈ​នោះ។—យ៉ាកុប ២:៤

១៧. (ក) ហេតុ​អ្វី​ក៏​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ស្រួល​ទាក់​ទង? (ខ) តើ​តាម​របៀប​ណា​ដែល​ពួក​អ្នក​ចាស់​ទុំ​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា ពេល​ទាក់​ទង​ជា​មួយ​នឹង​សមាជិក​ក្នុង​ក្រុម​ជំនុំ​នោះ?

១៧ ពិត​មែន ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ប្រព្រឹត្ត​នឹង​អ្នក​ចាស់​ទុំ​ខ្លះ ដែល​សម​ទទួល«គោរព​ប្រតិបត្ដិ​ជា​ទ្វេ​គុណ» ក៏​ប៉ុន្តែ​ពួក​គេ​នៅ​តែ​ជា​បង​ប្អូន​ដដែល​ទេ។ (ធីម៉ូថេ​ទី​១ ៥:១៧) បើ​យើង​អាច«មក​ដល់​បល្ល័ង្ក​នៃ​ព្រះ​គុណ ដោយ​ក្លាហាន» នឹង​ព្រះ​មហា​ក្សត្រ​សកល​លោក តើ​យើង​មិន​គួរ​ទៅ​ឯ​ពួក​អ្នក​ចាស់​ទុំ ដែល​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​នោះ​ទេ​ឬ? (ហេព្រើរ ៤:១៦; អេភេសូរ ៥:១) ពួក​អ្នក​ត្រួត​ពិនិត្យ​អាច​រំពឹង​គិត​អំពី​ខ្លួន​ឯង​ថា​មាន​ភាព​ស្រួល​ទាក់​ទង​ឬ​ទេ ដោយ​ពិនិត្យ​មើល​ថា​មាន​ប៉ុន្មាន​ដង​ដែល​អ្នក​ដទៃ​មក​រក​ឱវាទ​ឬ​យោបល់​ពី​គេ​នោះ។ ចូរ​រៀន​មេ​រៀន​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​អ្នក​ដទៃ​ធ្វើកិច្ច​ការរបស់​ទ្រង់។ ទ្រង់​ឲ្យ​កិត្ដិយស​ដល់​អ្នក​ដទៃ ដោយ​ប្រគល់​នូវ​ភារកិច្ច​ជា​ច្រើន។ ទោះ​ជា​យោបល់​ដែល​បាន​ផ្ដល់​មក​ដោយ​ស្មរបន្ទាល់​ម្នាក់​ទៀត មាន​ទំនង​ដូច​ជា​មិន​មាន​ប្រយោជន៍​ក៏​ដោយ នោះ​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​អបអរ​នឹង​កង្វល់​ដែល​បង្ហាញ​មក​នោះ។ សូម​នឹក​ចាំ​នូវ​របៀប​ដែល​ព្រះ​យេហូវ៉ា ទ្រង់​តប​ឆ្លើយ​នឹង​សំនួរ​របស់​អ័ប្រាហាំ និង​ការ​យំ​សោក​របស់ហាបាគុក។

១៨. តើ​ពួក​អ្នក​ចាស់​ទុំ​អាច​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា ក្នុង​ការ​កែ​តម្រង់​អស់​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​យ៉ាង​ដូច​ម្ដេច?

១៨ ពួក​គ្រីស្ទាន​គ្នី​គ្នា​ខ្លះ​ត្រូវ​ការ​កែ​តម្រង់។ (កាឡាទី ៦:១) ក៏​ប៉ុន្តែ ពួក​គេ​មាន​តម្លៃ​ក្នុង​ព្រះ​នេត្រ​របស់​ព្រះ​យេហូវ៉ា ដែល​សម​ឲ្យ​ប្រព្រឹត្ត​ប្រកប​ដោយ​សេចក្ដី​ថ្លៃ​ថ្នូរ។ ស្មរបន្ទាល់​ម្នាក់​បាន​និយាយ​ថា៖ «នៅ​ពេល​បុគ្គល​ណា​ដែល​ឲ្យ​ឱវាទ​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​គោរព នោះ​ខ្ញុំ​មាន​ចិត្ត​ស្រួល​ទាក់​ទង​នឹង​គាត់»។ មនុស្ស​ជា​ច្រើន​ស្រួល​នឹង​ទទួល​នូវ​ឱវាទ​ជាង ពេល​ដែល​អ្នក​ជូន​ឱវាទ​ដោយ​មិន​មើល​ងាយ​ដល់​ពួក​គេ។ គឺ​ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​ច្រើន​ជាង ប៉ុន្តែ​ការ​យក​ពេល​ស្ដាប់​ពួក​អ្នក​ដែល​បោះ​ជំហាន​ខុស នេះ​ធ្វើ​ឲ្យ​ស្រួល​ចំពោះ​គេ​ក្នុង​ការ​ទទួល​នូវ​ឱវាទ​ដ៏​ចាំ​បាច់​ណា​មួយ​នោះ។ ចូរ​ចាំ​ក្នុង​គំនិត​ថា ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ហេតុ​ផល​ឲ្យ​ពួក​អ៊ីស្រាអែល​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​ព្រះ​ទ័យ​អាណិត​អាសូរ​ដល់​គេ។ (របាក្សត្រ​ទី​២ ៣៦:១៥; ទីតុស ៣:២) ឱវាទ​ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​ការ​យល់​ចិត្ត​និង​ប្រកប​ដោយ​សមានចិត្ត នឹង​ជ្រួត​ជ្រាប​ដល់​ចិត្ត​នៃ​អស់​អ្នក​ដែល​ត្រូវ​ការ​ជំនួយ។—សុភាសិត ១៧:១៧; ភីលីព ២:២, ៣; ពេត្រុស​ទី​១ ៣:៨

១៩. តើ​យើង​គួរ​តែ​មាន​ទស្សនៈ​យ៉ាង​ណា​នឹង​មនុស្ស ដែល​មិន​ជឿ​ដូច​ពួក​គ្រីស្ទាន​នោះ?

១៩ ការ​បង្ហាញ​កិត្ដិយស​ដល់​អ្នក​ដទៃ គឺ​ផ្ដល់​ទៅ​ឲ្យ​អស់​អ្នក​ដែល​ប្រហែល​ជា​នឹង​ទៅ​ជា​បង​ប្អូន​ខាង​វិញ្ញាណ​របស់​យើង​នៅ​អនាគត។ មនុស្ស​បែប​នេះ​ប្រហែល​ជា​យឺត​នឹង​ទទួល​យក​សារ​របស់​យើង​ឥឡូវ​នេះ ក៏​ប៉ុន្តែ​យើង​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់​នឹង​គេ ហើយ​ទទួល​ស្គាល់​នូវ​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​គេ​ជា​មនុស្ស។ ព្រះ​យេហូវ៉ា«មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ»។ (ពេត្រុស​ទី​២ ៣:៩) តើ​យើង​មិន​គួរ​មាន​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ទេ​ឬ? ដោយ​ពិនិត្យ​មើល​មនុស្ស​ទូទៅ យើង​អាច​រៀបចំ​ផ្លូវ​ដើម្បី​ផ្ដល់​នូវ​ការ​ធ្វើ​បន្ទាល់ ប្រសិន​បើ​យើង​ខំ​ប្រឹង​រាក់​ទាក់​ជា​និច្ច​នោះ។ ប្រាកដ​ហើយ យើង​ជៀស​វាង​ពី​មិត្តភាព ដែល​អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ។ (កូរិនថូស​ទី​១ ១៥:៣៣) ប៉ុន្តែ យើង​អាច​បង្ហាញ‹សេចក្ដី​សប្បុរស› ដោយ​មិន​មើល​ងាយ​មនុស្ស​ដែល​មិន​ជឿ​ដូច​យើង​នោះ​ដែរ។—កិច្ច​ការ ២៧:៣

២០. តើ​គំរូ​របស់​ព្រះ​យេហូវ៉ា​និង​របស់​ព្រះ​យេស៊ូ​គ្រីស្ទ គួរ​តែ​ជំរុញ​យើង​ឲ្យ​ធ្វើ​អ្វី?

២០ ត្រូវ​ហើយ ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ​ចាត់​ទុក​យើង​ម្នាក់​ៗ ថា​សម​ទទួល​ការ​គោរព។ សូម​ឲ្យ​យើង​ចង​ចាំ​នូវ​របៀប​ដែល​ទ្រង់​ទាំង​ពីរ​អង្គ​បាន​ប្រព្រឹត្ត និង​នាំ​មុខ​ក្នុង​ការ​បង្ហាញ​ការ​គោរព​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ហើយ​សូម​ឲ្យ​យើង​នឹក​ចាំ​ក្នុង​គំនិត​នូវ​ពាក្យ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់​របស់​យើង ដែល​ថា៖ «អ្នក​រាល់​គ្នា . . . ជា​បង​ប្អូន​នឹង​គ្នា​ទាំង​អស់»។—ម៉ាថាយ ២៣:៨

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​អ្នក​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​នឹង​ពួក​អ្នក​ថ្វាយ​បង្គំ​គ្នី​គ្នា?

តើ​គំរូ​របស់​ព្រះ​យេហូវ៉ា​និង​របស់​ព្រះ​យេស៊ូ ជំរុញ​អ្នក​ឲ្យ​ផ្ដល់​កិត្ដិយស​ដល់​អ្នក​ដទៃ​យ៉ាង​ដូច​ម្ដេច?

តើ​ប្ដី​និង​មាតា​បិតា​ផ្ដល់​កិត្ដិយស​ចំពោះ​កូន​ៗ​យ៉ាង​ដូច​ម្ដេច?

ដោយ​ចាត់​ទុក​ពួក​គ្រីស្ទាន​គ្នី​គ្នា​ជា​បង​ប្អូន​របស់​គេ តើ​ជំរុញ​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​ប្រព្រឹត្ត​តាម​របៀប​ណា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២៦]

ចូរ​ឲ្យ​កិត្ដិយស​ដល់​ប្រពន្ធ​របស់​អ្នក​តាម​ពាក្យ​សំដី​ដែល​អបអរ​ចុះ

[រូប​ភាព​នៅ​ទំព័រ​២៦]

ឲ្យ​កិត្ដិយស​ដល់​កូន​របស់​អ្នក ដោយ​ស្ដាប់​ពួក​គេ

[រូប​ភាព​នៅ​ទំព័រ​២៦]

ចូរ​ប្រព្រឹត្ត​នឹង​សមាជិក​ក្រុម​ជំនុំ​ដោយ​សេចក្ដី​ថ្លៃ​ថ្នូរ