លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការសាបព្រោះពូជនៃសេចក្ដីពិតអំពីព្រះរាជាណាចក្រ

ការសាបព្រោះពូជនៃសេចក្ដីពិតអំពីព្រះរាជាណាចក្រ

ការ​សាប​ព្រោះ​ពូជ​នៃ​សេចក្ដី​ពិត​អំពី​ព្រះ​រាជាណាចក្រ

«នៅ​ពេល​ព្រឹក ចូរ​សាប​ព្រោះ​ពូជ​របស់​ឯង​ចុះ ហើយ​នៅ​ពេល​ល្ងាច​កុំ​ឲ្យ​ទប់​ដៃ​ឯង​ឡើយ»។—សាស្ដា ១១:៦

១. តើ​ក្នុង​ន័យ​យ៉ាង​ណា ដែល​ពួក​គ្រីស្ទាន​សាប​ព្រោះ​សព្វ​ថ្ងៃ​នេះ?

 កសិកម្ម​បាន​មាន​មុខ​នាទី​ដ៏​សំខាន់​ក្នុង​សង្គម​សាសន៍ហេព្រើរពី​បុរាណ។ អ៊ីចឹង​ហើយ​បាន​ជា​ព្រះ​យេស៊ូ​ដែល​ជា​មនុស្ស​នៅ​ក្នុង​ស្រុក​សន្យា​បាន​ចំណាយ​ព្រះ​ជន្ម​ទាំង​មូល​របស់​ទ្រង់ ដោយ​បាន​រួម​លក្ខណៈ​ផ្សេង​ៗ​ខាង​កសិកម្ម​បញ្ចូល​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់។ ជា​ឧទាហរណ៍ ទ្រង់​បាន​ប្រដូច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ ទៅ​នឹង​ការ​សាប​ព្រោះ​ពូជ។ (ម៉ាថាយ ១៣:១​-​៩, ១៨​-​២៣; លូកា ៨:៥​-​១៥) មក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ថា​យើង​រស់​នៅ​ក្នុង​សង្គម​ខាង​កសិកម្ម​ឬ​ក៏​យ៉ាង​ណា ការ​សាប​ព្រោះ​ពូជ​ខាង​វិញ្ញាណ​តាម​របៀប​នេះ គឺ​ជាកិច្ច​ការដ៏​សំខាន់​បំផុត​ដែល​ពួក​គ្រីស្ទាន​ធ្វើ។

២. តើកិច្ច​ការផ្សព្វ​ផ្សាយ​របស់​យើង​សំខាន់​យ៉ាង​ណា ហើយ​តើ​មាន​ការ​អ្វី​ខ្លះ​ដែល​កំពុង​តែ​ធ្វើ​ឡើង​នៅ​សព្វ​ថ្ងៃ ដើម្បី​គាំទ្រកិច្ច​ការនេះ?

គឺ​ជា​ឯកសិទ្ធិ​ដ៏​ធំ​ណាស់ ក្នុង​ការ​ចូល​រួម​សាប​ព្រោះ​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​ក្នុង​គ្រា​ចុង​បញ្ចប់​នេះ។ រ៉ូម ១០:១៤, ១៥ ចែង​យ៉ាង​ត្រឹមត្រូវ​នូវ​សារៈ​សំខាន់​នៃកិច្ច​ការនេះ​ដោយ​ថា៖ «បើ​គេ​មិន​បាន​ឮ​និយាយ នោះ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ​បាន ហើយ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ឮ​និយាយ​បាន បើ​គ្មាន​អ្នក​ណា​ប្រាប់​សោះ មួយ​ទៀត ធ្វើ​ដូច​ម្ដេច​ឲ្យ​មាន​អ្នក​ណា​ប្រាប់​បាន លើក​តែ​មាន​អ្នក​ណា​ចាត់​ឲ្យ​គេ​ទៅ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា៖ ‹ជើង​នៃ​ពួក​អ្នក ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ពី​សេចក្ដី​សុខ​សាន្ត ហើយ​ថ្លែង​ប្រាប់​ពី សេចក្ដី​ដែល​បណ្ដាល​ឲ្យ​រីករាយ​ចិត្ត នោះ​ល្អ​ប្រពៃ​យ៉ាង​ណា​ហ្ន៎!›»។ ការ​បំពេញ​មុខ​ងារ​ដែល​ព្រះ​ប្រទាន​មក ដោយ​មាន​អាកប្បកិរិយា​ដ៏​ល្អ គឺ​សំខាន់​ជាង​មុន​ៗ​ទៅ​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គឺ​ជាប់​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ផល​ដែល​ទទួល​បាន និង​ការ​ចែក​ចាយ​ព្រះ​គម្ពីរ​ហើយ​ចំពោះ​ឧបករណ៍​ជំនួយ​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ មាន​៣៤០​ភាសា។ ការ​រៀបចំ​ពត៌មាន​នេះ​ត្រូវ​ការ​ជន​ស្ម័គ្រ​ចិត្ត​ជាង​១៨.០០០​នាក់​ឲ្យ​នៅ​ឯ​មន្ទីរ​ចាត់​ការ​និង​ការិយាល័យ​សាខា​ក្នុង​ប្រទេស​ផ្សេង​ៗ។ ហើយ​ជិត​ប្រាំ​មួយ​លាន​នាក់​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ចូល​រួម​ក្នុង​ការ​ចែក​ចាយ​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ​ជុំ​វិញ​ផែនដី​នេះ។

៣. តើ​អ្វី​ដែល​កំពុង​តែ​សម្រេច​ឡើង តាម​រយៈ​ការ​សាប​ព្រោះ​សេចក្ដី​ពិត​អំពី​ព្រះ​រាជាណាចក្រ​នោះ?

តើ​ការ​ខំ​ប្រឹង​នេះ​បាន​ផល​ផ្លែ​អ្វី​ខ្លះ? ដូច​នៅ​ដើម​សម័យ​នៃ​សាសនា​គ្រីស្ទាន នោះ​មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​កំពុង​តែ​ទទួល​យក​សេចក្ដី​ពិត។ (កិច្ច​ការ ២:៤១, ៤៦, ៤៧) ក៏​ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាង​ចំនួន​ជា​ច្រើន​នៃ​អ្នក​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ពេល​ថ្មី​ៗ​នេះ នោះ​គឺ​ជា​ការ​ធ្វើ​បន្ទាល់​យ៉ាង​ច្រើន​ដែល​ជួយ​ធ្វើ​ឲ្យ​ព្រះ​នាម​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ និង​ក៏​ជួយ​ធ្វើ​យុត្ដិកម្ម​ដល់​ទ្រង់​ជា​ព្រះ​ដ៏​ពិត​តែ​មួយ​អង្គ​ដែរ។ (ម៉ាថាយ ៦:៩) បន្ថែម​ទៅ​ទៀត ចំណេះ​អំពី​បន្ទូល​របស់​ព្រះ​គឺ​ធ្វើ​ឲ្យ​ជីវិត​នៃ​មនុស្ស​ជា​ច្រើន​បាន​ប្រសើរ​ឡើង ហើយ​អាច​នាំ​ឲ្យ​គេ​សង្គ្រោះ​ដែរ។—កិច្ច​ការ ១៣:៤៧

៤. តើ​ពួក​សាវ័ក​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ដែល​គេ​បាន​ផ្សព្វ​ផ្សាយ​ប្រាប់​នោះ​ប៉ុន​ណា​ទៅ?

ពួក​សាវ័ក​បាន​ដឹង​យ៉ាង​ច្បាស់​ថា ដំណឹង​ល្អ​មាន​សារៈ​សំខាន់​ដល់​ម្ល៉េះ​ដែល​អាច​ផ្ដល់​ឲ្យ​ជីវិត​បាន ហើយ​ពួក​គេ​មាន​សមានចិត្ត​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អស់​អ្នក​ដែល​គេ​បាន​ផ្សព្វ​ផ្សាយ​ប្រាប់​នោះ។ នេះ​គឺ​ឃើញ​ច្បាស់​ពី​ពាក្យ​នៃ​សាវ័ក​ប៉ុល នៅ​ពេល​ដែល​គាត់​បាន​សរសេរ​ថា៖ «ដែល​យើង​ខ្ញុំ​បាន​ស្រឡាញ់​ដល់​អ្នក​រាល់​គ្នា ដល់​ម្ល៉េះ​បាន​ជា​យើង​ខ្ញុំ​ចូល​ចិត្ត ចែក​ដំណឹង​ល្អ​ពី​ព្រះ មក​អ្នក​រាល់​គ្នា មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏​ចូល​ចិត្ត​ចែក​ទាំង​ជីវិត​យើង​ខ្ញុំ​ផង ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ស្ងួន​ភ្ងា​ដល់​យើង​ខ្ញុំ»។ (ថែស្សាឡូនីច​ទី​១ ២:៨) ដោយ​សម្ដែង​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ស្មោះ​បែប​នេះ​ដល់​មនុស្ស នោះ​សាវ័ក​ប៉ុល​និង​ពួក​សាវ័ក​ឯ​ទៀត​បាន​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​និង​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌ ដែល​ជាប់​រវល់​ធ្វើកិច្ច​ការដែល​អាច​សង្គ្រោះ​ជីវិត​នេះ​ណាស់។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​មុខ​នាទី​ដ៏​សំខាន់ ដែល​ពួក​អ្នក​បំរើ​ទាំង​នេះ​នៅ​ស្ថាន​សួគ៌​មាន ក្នុង​ការ​សាប​ព្រោះ​សេចក្ដី​ពិត​អំពី​ព្រះ​រាជាណាចក្រ ហើយ​សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​របៀប​ដែល​គំរូ​របស់​ពួក​គេ ក៏​លើក​ទឹក​ចិត្ត​យើង​ឲ្យ​បំពេញ​មុខ​នាទី​របស់​យើង​ដែរ។

ព្រះ​យេស៊ូ​ជា​អ្នក​សាប​ព្រោះ​នៃ​សេចក្ដី​ពិត​អំពី​ព្រះ​រាជាណាចក្រ

៥. តើ​ព្រះ​យេស៊ូ​អង្គ​ទ្រង់​ផ្ទាល់​បាន​រវល់​ធ្វើ​ការ​អ្វី ពេល​គង់​នៅ​លើ​ផែនដី​នេះ?

ព្រះ​យេស៊ូ​ជា​បុរស​គ្រប់ល័ក្ខណ៍​ម្នាក់ ក៏​បាន​មាន​អំណាច​ផ្ដល់​នូវ​របស់​របរ​ដ៏​ល្អ​ជា​ច្រើន​ដល់​បណ្ដា​ជន​នៅ​សម័យ​របស់​ទ្រង់។ ឧបមា​ថា ទ្រង់​អាច​ដោះ​ស្រាយ​នូវ​ការ​ភាន់​ច្រឡំ​ជា​ច្រើន​ខាង​ពេទ្យ​នៅ​សម័យ​របស់​ទ្រង់ ឬ​ក៏​ទ្រង់​អាច​មាន​ការ​យល់​ដឹង​ដ៏​ជឿន​លឿន​ខាង​វិទ្យា​សាស្ត្រ​ឯ​ទៀត។ ក៏​ប៉ុន្តែ ទ្រង់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ដើម​ដំបូង​នៃ​កិច្ច​បំរើ​ផ្សាយ​របស់​ទ្រង់​ថា មុខ​ងារ​របស់​ទ្រង់​គឺ​ជា​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ (លូកា ៤:១៧​-​២១) ហើយ​មក​ដល់​ទី​បញ្ចប់​នៃ​កិច្ច​បំរើ​ផ្សាយ​របស់​ទ្រង់ នោះ​ទ្រង់​បាន​ពន្យល់​ថា៖ «ខ្ញុំ​បាន​កើត​មក ហើយ​ក៏​ចូល​ក្នុង​លោកីយ​នេះ​សំរាប់​តែ​ការ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ពិត»។ (យ៉ូហាន ១៨:៣៧) ដូច្នេះ​ទ្រង់​បាន​ជាប់​រវល់​ធ្វើ​ការ​សាប​ព្រោះ​ពូជ​ខាង​សេចក្ដី​ពិត​អំពី​ព្រះ​រាជាណាចក្រ។ ការ​បង្រៀន​ពួក​មនុស្ស​នៅ​សម័យ​ទ្រង់​អំពី​ព្រះ​និង​ព្រះ​រាជបំណង​របស់​ទ្រង់ គឺ​សំខាន់​ជាង​ការ​អប់រំ​ឯ​ណា​ទៀត​ដែល​ព្រះ​យេស៊ូ​អាច​ផ្ដល់​ជូន​ពួក​គេ។—រ៉ូម ១១:៣៣​-​៣៦

៦, ៧. (ក) តើ​សេចក្ដី​ដ៏​អស្ចារ្យ​ណា ដែល​ព្រះ​យេស៊ូ​បាន​សន្យា​មុន​នឹង​ទ្រង់​យាង​ឡើង​ទៅ​ស្ថាន​សួគ៌​វិញ ហើយ​តើ​ទ្រង់​កំពុង​តែ​សម្រេច​សេចក្ដី​នោះ​តាម​របៀប​ណា? (ខ) តើ​អាកប្បកិរិយា​របស់​ព្រះ​យេស៊ូ​ចំពោះកិច្ច​ការផ្សព្វ​ផ្សាយ មាន​អានុភាព​លើ​អ្នក​ផ្ទាល់​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេស៊ូ​បាន​សំដៅ​ទៅ​អង្គ​ទ្រង់​ជា​អ្នក​សាប​ព្រោះ​នៃ​សេចក្ដី​ពិត​អំពី​ព្រះ​រាជាណាចក្រ។ (យ៉ូហាន ៤:៣៥​-​៣៨) ទ្រង់​បាន​ផ្សាយ​ពូជ​ជា​ដំណឹង​ល្អ​នៅ​គ្រប់​ឱកាស​ទាំង​អស់។ សូម្បី​តែ​ពេល​ដែល​ទ្រង់​នឹង​រង​ការ​សោយ​ទិវង្គត​លើ​បង្គោល​ឈើ​ក៏​ដោយ ក៏​ទ្រង់​បាន​ប្រកាស​ដំណឹង​ល្អ​អំពី​ផែនដី​មនោរម្យ​នា​អនាគត​ដែរ។ (លូកា ២៣:៤៣) ម្យ៉ាង​វិញ​ទៀត ដែល​ទ្រង់​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ​ឲ្យ​ដំណឹង​ល្អ​បាន​ត្រូវ​ផ្សព្វ​ផ្សាយ នោះ​មិន​បាន​ចប់​ពេល​ទ្រង់​សោយ​ទិវង្គត​លើ​បង្គោល​ឈើ​ទារុណកម្ម​នោះ​ទេ។ មុន​នឹង​ទ្រង់​យាង​ឡើង​ទៅ​ស្ថាន​សួគ៌​វិញ នោះ​ទ្រង់​បាន​បង្គាប់​ពួក​សាវ័ក​ឲ្យ​បន្ត​សាប​ព្រោះ​ពូជ​ខាង​សេចក្ដី​ពិត​អំពី​ព្រះ​រាជាណាចក្រ ហើយ​បង្កើត​ឲ្យ​មាន​សិស្ស។ រួច​មក​ព្រះ​យេស៊ូ​បាន​សន្យា​យ៉ាង​អស្ចារ្យ។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «មើល! ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប»។—ម៉ាថាយ ២៨:១៩, ២០

ដោយ​ប្រើ​ពាក្យ​ទាំង​នេះ ព្រះ​យេស៊ូ​បាន​សន្យា​នឹង​គាំទ្រ ដឹក​នាំ និង​ការ​ពារ​នូវកិច្ច​ការខាង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ«ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប»។ រហូត​មក​ដល់​សម័យ​យើង​នេះ ព្រះ​យេស៊ូ​នៅ​មាន​ការ​ចាប់​អារម្មណ៍​នឹងកិច្ច​ការផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ទ្រង់​ជា​មេ​ដឹក​នាំ​របស់​យើង ដោយ​ត្រួត​ត្រា​នូវ​ការ​សាប​ព្រោះ​ពូជ​ខាង​សេចក្ដី​ពិត​អំពី​ព្រះ​រាជាណាចក្រ។ (ម៉ាថាយ ២៣:១០) ជា​សិរសា​នៃ​ក្រុម​ជំនុំ​គ្រីស្ទាន នោះ​ទ្រង់​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា ស្តី​អំពីកិច្ច​ការទូទាំង​ពិភព​លោក​នេះ។—អេភេសូរ ១:២២, ២៣; កូល៉ុស ១:១៨

ពួក​ទេវតា​ប្រកាស​ដំណឹង​ល្អ

៨, ៩. (ក) តើ​ពួក​ទេវតា​បាន​បង្ហាញ​នូវ​ការ​ចាប់​អារម្មណ៍​ដ៏​ស្មោះ នឹង​រឿង​របស់​មនុស្សជាតិ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ក្នុង​ន័យ​យ៉ាង​ណា​ដែល​អាច​និយាយ​ថា យើង​នៅ​ពី​មុខ​ពួក​ទេវតា ដូច​ជា​ទី​ដែល​សំរាប់​មើល​នោះ?

នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ផែនដី នោះ​ពួក​ទេវតា«បាន​ច្រៀង​ជា​មួយ​គ្នា . . . បាន​ស្រែក​អរ​សាទរ»។ (យ៉ូប ៣៨:៤​-​៧) តាំង​ពី​ពេល​នោះ​មក ពួក​សត្តនិករ​ទាំង​នេះ​ដែល​នៅ​ស្ថាន​សួគ៌ បាន​សម្ដែង​នូវ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នឹង​រឿង​របស់​មនុស្សជាតិ។ ព្រះ​យេហូវ៉ា​បាន​ប្រើ​ពួក​គេ ដើម្បី​ថ្លែង​ប្រាប់​នូវ​សេចក្ដី​ប្រកាស​របស់​ព្រះ​ជូន​មនុស្សជាតិ។ (ទំនុកដំកើង ១០៣:២០) ក៏​ពិត​ជា​អ៊ីចឹង​ដែរ ជា​ពិសេស​ស្តី​អំពី​ការ​ប្រកាស​ដំណឹង​ល្អ​នៅ​ក្នុង​សម័យ​យើង​នេះ។ នៅ​ក្នុង​ការ​សម្ដែង​ឲ្យ​ឃើញ​ដែល​បានត្រូវ​ផ្ដល់​ឲ្យ​សាវ័កយ៉ូហាន នោះ​គាត់​បាន​ឃើញ«ទេវតា​១​ទៀត កំពុង​ហោះ​កាត់​កណ្ដាល​មេឃ» ដែល«មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច សំរាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​ផែនដី គឺ​ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ​ដែរ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរី​ល្អ​របស់​ទ្រង់​ចុះ ដ្បិត​ពេល​ដែល​ទ្រង់​ត្រូវ​ជំនុំ​ជំរះ នោះ​បាន​មក​ដល់​ហើយ»។—វិវរណៈ ១៤:៦, ៧

ព្រះ​គម្ពីរ​សំដៅ​ទៅ​ពួក​ទេវតា​ជា«វិញ្ញាណ​បំរើ ដែល​ទ្រង់​បាន​ចាត់​មក សំរាប់​ការងារ​ជួយ ដល់​ពួក​ដែល​ត្រូវ​ទទួល​សេចក្ដី​សង្គ្រោះ​ជា​មរដក»។ (ហេព្រើរ ១:១៤) កាល​ដែល​ពួក​ទេវតា​សម្រេច​យ៉ាង​ខ្នះ​ខ្នែង​នូវ​ភារកិច្ច​ដែល​បាន​ចាត់​ឲ្យ​គេ​ធ្វើ​នោះ ពួក​គេ​មាន​ឱកាស​សង្កេត​មើល​យើង​និងកិច្ច​ការរបស់​យើង​ដែរ។ យើង​ធ្វើកិច្ច​ការរបស់​យើង​នៅ​ពី​មុខ​អ្នក​នៅ​ស្ថាន​សួគ៌ ហាក់​ដូច​ជា​ឈរ​ពី​លើ​វេទិកា​ខ្ពស់​ក្នុង​រោង​ល្ខោន​មួយ។ (កូរិនថូស​ទី​១ ៤:៩) យើង​មាន​ចិត្ត​ពេញ​ដោយ​ការ​សញ្ជប់​សញ្ជឹង​និង​ការ​រំភើប​ម្ល៉េះ​ហ្ន៎! ដោយ​ដឹង​ថា​យើង​មិន​មែន​ធ្វើ​ការ​តែ​ឯង ជា​អ្នក​សាប​ព្រោះ​នៃ​សេចក្ដី​ពិត​អំពី​ព្រះ​រាជាណាចក្រ​នោះ​ទេ។

យើង​បំពេញ​មុខ​នាទី​របស់​យើង​យ៉ាង​ខ្នះ​ខ្នែង

១០. តើ​ឱវាទ​ដ៏​មាន​ប្រយោជន៍​នៅ​សាស្ដា ១១:៦ អាច​យក​មក​អនុវត្ត​នឹងកិច្ច​ការផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១០ ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​និង​ពួក​ទេវតា​ចាប់​អារម្មណ៍​ម្ល៉េះ​នឹងកិច្ច​ការរបស់​យើង? ព្រះ​យេស៊ូ​បាន​ប្រទាន​នូវ​មូលហេតុ​មួយ ពេល​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក៏​មាន​សេចក្ដី​អំណរ នៅ​មុខ​ពួក​ទេវតា​នៃ​ព្រះ​យ៉ាង​នោះ​ដែរ ដោយ​សារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ»។ (លូកា ១៥:១០) យើង​ក៏​មាន​ការ​ចាប់​អារម្មណ៍​ដ៏​ស្មោះ​នឹង​មនុស្ស​ដែរ។ ដូច្នេះ​ហើយ យើង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ផ្សាយ​ពូជ​ជា​សេចក្ដី​ពិត​អំពី​ព្រះ​រាជាណាចក្រ​គ្រប់​ទី​កន្លែង​ទាំង​អស់។ ពាក្យ​នៅ​សាស្ដា ១១:៦ អាច​យក​មក​អនុវត្ត​ក្នុងកិច្ច​ការរបស់​យើង។ នៅ​ទី​នោះ ព្រះ​គម្ពីរ​ដាស់​តឿន​យើង​ថា៖ «នៅ​ពេល​ព្រឹក ចូរ​សាប​ព្រោះ​ពូជ​របស់​ឯង​ចុះ ហើយ​នៅ​ពេល​ល្ងាច​កុំ​ឲ្យ​ទប់​ដៃ​ឯង​ឡើយ ដ្បិត​ឯង​មិន​ដឹង​ជា​ខាង​ណា​នឹង​ចំរើន​ឡើង ទោះ​បើ​ខាង​ណេះ​ឬ​ខាង​ណោះ​ក្ដី ឬ​បើ​ទាំង​២​នឹង​ចំរើន​បាន​ល្អ​ដូច​គ្នា​ផង»។ ពិត​មែន ឲ្យ​បាន​មនុស្ស​តែ​ម្នាក់​ទទួល​សារ​របស់​យើង នោះ​ក៏​ប្រហែល​ជា​មាន​មនុស្ស​រាប់​រយ​ឬ​រាប់​សែន​នាក់ ដែល​បដិសេធ​ចោល​ដែរ។ ក៏​ប៉ុន្តែ​ដូច​ពួក​ទេវតា យើង​មាន​ចិត្ត​អរ​សប្បាយ​ពេល​ឃើញ«មនុស្ស​បាប​តែ​១​នាក់» ទទួល​យក​សារ​នៃ​សេចក្ដី​សង្គ្រោះ។

១១. តើ​ការ​ប្រើ​ប្រកាសនវត្ថុ​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ អាច​មាន​ប្រសិទ្ធិភាព​យ៉ាង​ណា​ដែរ?

១១ ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​គឺ​ទាក់​ទង​ច្រើន​ណាស់។ ជំនួយ​ដ៏​សំខាន់​មួយ​ក្នុងកិច្ច​ការនេះ គឺ​ពត៌មាន​ដែល​បាន​បោះ​ពុម្ព​ឡើង​ដោយ​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ ដែល​បាន​ប្រើ​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ក្នុង​ករណី​ខ្លះ ប្រកាសនវត្ថុ​ទាំង​នេះ ក៏​ដូច​ជា​ពូជ​ដែល​ត្រូវ​បាន​សាប​ព្រោះ​គ្រប់​ទី​កន្លែង​ដែរ។ យើង​មិន​ដឹង​ថា នៅ​កន្លែង​ណា​ដែល​ប្រកាសនវត្ថុ​របស់​យើង​មាន​ជោគ​ជ័យ​នោះ​ឡើយ។ ជួន​កាល​ប្រកាសនវត្ថុ​មួយ​ប្រហែល​ជា​ផ្លាស់​ម្ចាស់​មិន​ដឹង​ប៉ុន្មាន​ដង​ទេ ទើប​ដល់​បុគ្គល​ណា​ម្នាក់​អាន​នោះ។ ព្រះ​យេស៊ូ​និង​ពួក​ទេវតា​ប្រហែល​ជា​នាំ​ឲ្យ​មាន​ព្រឹត្ដិការណ៍​ក្នុង​ករណី​ខ្លះ ដើម្បី​ប្រយោជន៍​ឲ្យ​ពួក​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រឹម​ត្រូវ។ សូម​ពិនិត្យ​មើល​នូវបទពិសោធន៍​ខ្លះ​ដែល​បង្ហាញ​នូវ​របៀប​ដែល​ព្រះ​យេហូវ៉ា​អាច​សម្រេច​នូវ​ការ​ដែល​មាន​លទ្ធផល​ដ៏​ល្អ ដោយ​ប្រើ​ប្រកាសនវត្ថុ​ដែល​បាន​ទុក​នៅ​ជា​មួយ​មនុស្ស​ខ្លះ។

ស្នា​ព្រះ​ហស្ត​របស់​ព្រះ​ពិត

១២. តើ​ដោយ​ដូច​ម្ដេច​ដែល​ទស្សនាវដ្ដី​ចាស់​មួយ​ក្បាល បាន​ជួយ​ក្រុម​គ្រួសារ​មួយ​ឲ្យ​បាន​ស្គាល់​ព្រះ​យេហូវ៉ា?

១២ នៅ​ឆ្នាំ​១៩៥៣ លោក​រ៉ូបឺត លោក​ស្រី​លីឡា​និង​កូន​ៗ​របស់​គាត់​បាន​រើ​ពី​ទី​ក្រុង​ធំ​មួយ​ទៅ​រស់​នៅ​ផ្ទះ​ដ៏​ទ្រុឌ​ទ្រោម​មួយ​នៅ​ឯ​ជនបទ នៅ​រដ្ឋ​ប៉ិនស៊ីវ៉ានី ស.រ.អ​.។ ក្រោយ​ពី​បាន​មក​នៅ​ទី​នេះ​មិន​យូរ​ប៉ុន្មាន​មក នោះ​រ៉ូបឺត​សម្រេច​ចិត្ត​នឹង​សាង​សង់​បន្ទប់​ទឹក​ពី​ក្រោម​ជណ្ដើរ​ដែល​ត្រូវ​បាន​សង់​បិទ​ជិត។ ក្រោយ​ពី​យក​ក្ដារ​បី​បួន​ចេញ នោះ​គាត់​បាន​ឃើញ​ថា​ពី​ក្រោយ​ជញ្ជាំង​នេះ កណ្ដុរ​បាន​កាត់​ក្រដាស​នោះ​ទៅ​ជា​ចម្រៀក​ៗ និង​កំទេច​កំទី​ឯ​ទៀត។ នៅ​ជា​មួយ​របស់​ខ្ទេច​ខ្ទី​នោះ មាន​ទស្សនាវដ្ដី​សម័យ​ភោគ​ផល មួយ​ក្បាល។ រ៉ូបឺត​បាន​ចាប់​អារម្មណ៍​ជា​ពិសេស​នឹង​អត្ថបទ​ដែល​ស្តី​អំពី​ការ​ចិញ្ចឹម​កូន។ គាត់​បាន​ស្ងើច​ចិត្ត​ដល់​ម្ល៉េះ​ដោយ​ពាក្យ​ណែនាំ​ដ៏​ច្បាស់​ដែល​មាន​មូលដ្ឋាន​ពី​ព្រះ​គម្ពីរ ក្នុង​ទស្សនាវដ្ដី​នោះ ដែល​គាត់​បាន​ប្រាប់​លីឡា​ថា​ពួក​គេ​នឹង​ចូល​រួម​ជា​មួយ«សាសនា​ខាង​ទស្សនាវដ្ដី​សម័យ​ភោគ​ផល»នោះ​ដែរ។ ក្រោយ​តែ​ប៉ុន្មាន​សប្ដាហ៍ នោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​មក​ឯ​ផ្ទះ​របស់​គេ ក៏​ប៉ុន្តែ​រ៉ូបឺត​ប្រាប់​គេ​ថា គ្រួសារ​គាត់​ចាប់​អារម្មណ៍​តែ​នឹង«សាសនា​ខាង​ទស្សនាវដ្ដី​សម័យ​ភោគ​ផល»ទេ។ ស្មរបន្ទាល់​នោះ​បាន​ពន្យល់​ថា ទស្សនាវដ្ដី​សម័យ​ភោគ​ផល ឥឡូវ​នេះ​មាន​ចំណង​ជើង​ថ្មី គឺ​ទស្សនាវដ្ដី​ភ្ញាក់​រឭក! រ៉ូបឺត​និង​លីឡា​បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​ទៀង​ទាត់​ជា​មួយ​នឹង​ពួក​ស្មរបន្ទាល់ ហើយ​នៅ​ចុង​បំផុត ក៏​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ក្រោយ​មក ពួក​គេ​ក៏​បាន​សាប​ព្រោះ​ពូជ​នៃ​សេចក្ដី​ពិត​ដល់​កូន​ៗ​របស់​ខ្លួន ហើយ​បាន​ទទួល​ផល​យ៉ាង​ច្រើន។ សព្វ​ថ្ងៃ​នេះ ក្រុម​គ្រួសារ​នេះ​មាន​សមាជិក​ជាង​២០​នាក់​ដែល​រួម​បញ្ចូល​កូន​ប្រាំ​ពីរ​នាក់​របស់​រ៉ូបឺត​និង​លីឡា ជា​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ។

១៣. តើ​អ្វី​ដែល​បាន​ជំរុញ​ចិត្ត​គូ​ស្វាមីភរិយា​នៅ​កោះ​ផូធើ​រីកូ ឲ្យ​បណ្ដុះ​នូវ​ការ​ចាប់​អារម្មណ៍​នឹង​ព្រះ​គម្ពីរ?

១៣ ប្រហែល​៤០​ឆ្នាំ​កន្លង​ទៅ​នេះ វីល្លាម​និង​អេដា ជា​គូ​ស្វាមីភរិយា​ពី​កោះ​ផូធើ​រីកូ នោះ​ឥត​ចាប់​អារម្មណ៍​សិក្សា​ព្រះ​គម្ពីរ​ឡើយ។ ពេល​ណា​ក៏​ដោយ​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​គោះ​ទ្វារ​របស់​គេ នោះ​ប្ដី​ប្រពន្ធ​នេះ​បាន​ធ្វើ​ពើ​ជា​ឥត​នៅ​ផ្ទះ។ នៅ​ថ្ងៃ​មួយ វីល្លាម​បាន​ទៅ​ឯ​កន្លែង​លក់​វត្ថុ​ចាស់​ៗ ដើម្បី​ទិញ​របស់​មួយ​យក​មក​ជួស​ជុ​ស​នៅ​ឯ​ផ្ទះ។ កាល​ដែល​គាត់​ចេញ​ពី​ទី​កន្លែង​នោះ គាត់​បាន​កត់​សម្គាល់​ឃើញ​សៀវភៅ​មួយ​ពណ៌​បៃតង​ឆើត​ក្នុង​ធុង​សំរាម​ដ៏​ធំ​មួយ។ សៀវភៅ​នោះ​មាន​ចំណង​ជើង​ថា សាសនា ជា​សៀវភៅ​មួយ​ដែល​បាន​ត្រូវ​បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ឆ្នាំ​១៩៤០។ វីល្លាម​ក៏​បាន​យក​សៀវភៅ​នោះ​ទៅ​ឯ​ផ្ទះ ហើយ​បាន​មាន​ចិត្ត​រំភើប​ដោយ​បាន​អាន​អំពី​ភាព​ខុស​គ្នា​រវាង​សាសនា​ពិត​និង​សាសនា​មិន​ពិត។ នៅ​លើក​ក្រោយ ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​មក​ឯ​ផ្ទះ​របស់​គេ នោះ​វីល្លាម​និង​អេដា​បាន​ស្ដាប់​ដោយ​រីករាយ​នូវ​សារ​របស់​គេ ហើយ​បាន​ចាប់​ផ្ដើម​រៀន​ព្រះ​គម្ពីរ​ជា​មួយ​ពួក​គេ។ ប៉ុន្មាន​ខែ​ក្រោយ​មក នៅ​ឆ្នាំ​១៩៥៨ នោះ​គេ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឯ​មហា​សន្និបាត​អន្តរជាតិ​ដែល​មាន​ចំណង​ជើង​ថា៖ «បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ»។ តាំង​ពី​ពេល​នោះ​មក ពួក​គេ​បាន​ជួយ​មនុស្ស​ជាង​៥០​នាក់ ឲ្យ​មាន​ចំណែក​ក្នុង​ភាតរភាព​គ្រីស្ទាន​របស់​យើង។

១៤. ដូច​ជា​បាន​បង្ហាញ​ដោយបទពិសោធន៍​មួយ តើ​ប្រកាសនវត្ថុ​របស់​យើង​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ អាច​មាន​លទ្ធភាព​យ៉ាង​ណា?

១៤ ប្អូន​ខាល​មាន​អាយុ​តែ​១១​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ជា​ក្មេង​ដ៏​រប៊ិល​រប៉ូច​ទៀត​ផង។ តាម​ទស្សនៈ​គាត់​ខ្លួន​ឯង​ដូច​ជា​អ្នក​ដែល​តែង​តែ​បង្ក​ឲ្យ​មាន​បញ្ហា។ ឪពុក​របស់​គាត់ ដែល​ជា​អ្នក​ទេសនា​ខាង​សាសនា​មេថូឌីស បាន​បង្រៀន​គាត់​ថា មនុស្ស​អាក្រក់​នឹង​ឆេះ​ក្នុង​នរក​ពេល​ស្លាប់​ទៅ។ ដូច្នេះខាល​មាន​ចិត្ត​ខ្លាច​នឹង​នរក​ណាស់។ នៅ​ថ្ងៃ​មួយ នៅ​ឆ្នាំ​១៩១៧ នោះ​ខាល​បាន​ឃើញ​ប័ណ្ណ​មួយ​នៅ​តាម​ផ្លូវ ហើយ​ក៏​រើស​មើល​ទៅ។ កាល​ដែល​គាត់​អាន​ប័ណ្ណ​នេះ នោះ​ភ្នែក​របស់​គាត់​ក៏​សំឡឹង​ទៅ​លើ​សំនួរ​ដែល​សួរ​ថា៖ «តើ​ស្ថាន​នរក​ជា​អ្វី»? ប័ណ្ណ​នោះ​ក៏​បាន​ទៅ​ជា​សន្លឹក​អញ្ជើញ​ឲ្យ​ទៅ​ស្ដាប់​សុន្ទរកថា​សាធារណៈ​មួយ​ស្តី​អំពី​ស្ថាន​នរក ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សិស្ស​ព្រះ​គម្ពីរ ដែល​សព្វ​ថ្ងៃ​នេះ​ឈ្មោះ​ថា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ប្រហែល​ជា​មួយ​ឆ្នាំ​ក្រោយ​មក ក្រោយ​ពី​បាន​សិក្សា​ព្រះ​គម្ពីរ​ប៉ុន្មាន​លើក​មក ខាល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ក៏​បាន​ក្លាយ​ទៅ​ជា​សិស្ស​ព្រះ​គម្ពីរ​ម្នាក់​ដែរ។ នៅ​ឆ្នាំ​១៩២៥ គាត់​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ឯ​មន្ទីរ​ចាត់​ការ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ជា​កន្លែង​ដែល​គាត់​កំពុង​តែ​បំរើ​នៅ​ទី​នោះ​នៅ​ឡើយ។ ដោយ​សារ​តែ​ប័ណ្ណ​មួយ​សន្លឹក​នៅ​តាម​ផ្លូវ នោះ​គាត់​បាន​ទៅ​ជា​អ្នក​ដែល​មាន​អាជីព​គ្រីស្ទាន ដែល​មាន​រយៈ​ពេល​ជាង​ប្រាំ​បី​ទសវត្ស​មក​ហើយ។

១៥. តើ​ព្រះ​យេហូវ៉ា​អាច​ធ្វើ​អ្វី​តាម​តែ​សេចក្ដី​ប្រាថ្នា​របស់​ទ្រង់​នោះ?

១៥ ពិត​មែន គឺ​ហួស​ពី​សមត្ថភាព​របស់​មនុស្ស​ឲ្យ​ដឹង​ថា ពួក​ទេវតា​បាន​ទាក់​ទង​ចំ​ៗ​នឹងបទពិសោធន៍​ទាំង​នេះ​ដល់​កំរិត​ណា។ ក៏​ប៉ុន្តែ យើង​មិន​គួរ​សង្ស័យ​ឡើយ នូវ​មុខ​នាទី​របស់​ព្រះ​យេស៊ូ​និង​ពួក​ទេវតា​ក្នុងកិច្ច​ការផ្សព្វ​ផ្សាយ និង​ថា​ព្រះ​យេហូវ៉ា​អាច​នាំ​ឲ្យ​មាន​ការណ៍​ទាំង​នេះ​តាម​តែ​សេចក្ដី​ប្រាថ្នា​របស់​ទ្រង់។ បទពិសោធន៍​ទាំង​នេះ​និងបទពិសោធន៍​ស្រដៀង​គ្នា​ឯ​ទៀត បង្ហាញ​ឲ្យ​ឃើញ​នូវ​លទ្ធផល​ដ៏​ល្អ​ដែល​ប្រកាសនវត្ថុ​របស់​យើង​បាន​ទទួល ក្រោយ​ពី​បាន​ចាក​ចេញ​ពី​ដៃ​របស់​យើង​ទៅ​ហើយ​នោះ។

យើង​បាន​ត្រូវ​ប្រគល់​ឲ្យ​នូវ​ទ្រព្យ​សម្បត្ដិ​មួយ

១៦. តើ​យើង​អាច​រៀន​អ្វី​ពី​ពាក្យ​នៅ​កូរិនថូស​ទី​២ ៤:៧?

១៦ សាវ័ក​ប៉ុល​បាន​និយាយ​អំពី«ទ្រព្យ​សម្បត្ដិ​នេះ​នៅ​ក្នុង​ភាជនៈ​ដី»។ ទ្រព្យ​សម្បត្ដិ​នោះ​គឺ​ជា​មុខ​ងារ​ដែល​ព្រះ​ប្រទាន​មក ឲ្យ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ ហើយ​ភាជនៈ​ដី​នោះ​ជា​មនុស្ស​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​នូវ​ទ្រព្យ​សម្បត្ដិ​នេះ។ ដោយ​ព្រោះ​មនុស្ស​ទាំង​នោះ​ជា​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍​ហើយ​មាន​កំរិត នោះ​ប៉ុល​ក៏​និយាយ​បន្ត​ថា មូលហេតុ​ដែល​ពួក​គេ​បាន​ទទួល​នូវ​មុខ​ងារ​នេះ គឺ​ថា«ដើម្បី​ឲ្យ​កម្លាំង​ដែល​ហួស​ពី​ធម្មតា បាន​ត្រូវ​មក​ពី​ព្រះ គឺ​មិន​មែន​កម្លាំង​ដែល​ចេញ​ពី​ខ្លួន​យើង​ប៉ុណ្ណោះ​ទេ»។ (កូរិនថូស​ទី​២ ៤:៧, ព.ថ.) ត្រូវ​ហើយ យើង​អាច​ពឹង​ពាក់​ព្រះ​យេហូវ៉ា​ឲ្យ​ប្រគល់​នូវ​កម្លាំង​ដែល​ត្រូវ​ការ ដើម្បី​ជួយ​យើង​ឲ្យ​បំពេញ​នូវកិច្ច​ការដែល​យើង​មាន។

១៧. តើ​យើង​នឹង​ជួប​ប្រទះ​អ្វី ពេល​ដែល​យើង​សាប​ព្រោះ​សេចក្ដី​ពិត​អំពី​ព្រះ​រាជាណាចក្រ ក៏​ប៉ុន្តែ​ហេតុ​អ្វី​ក៏​យើង​គួរ​តែ​រក្សា​អាកប្បកិរិយា​ដ៏​មាន​សង្ឃឹម​នេះ?

១៧ ជា​ញឹក​ញាប់ យើង​ត្រូវ​តែ​ធ្វើ​ពលិកម្ម។ គឺ​ប្រហែល​ជា​ពិបាក​ឬ​ក៏​មិន​ស្រួល​ទេ ក្នុង​ការ​ផ្សព្វ​ផ្សាយ​ក្នុង​តំបន់​ខ្លះ​ៗ។ គឺ​មាន​តំបន់​ដែល​មាន​មនុស្ស​ភាគ​ច្រើន​ហាក់​ដូច​ជា​មិន​អើពើ​យ៉ាង​ខ្លាំង ហើយ​អ្នក​ដទៃ​ទៀត​មិន​ទាំង​រាក់​ទាក់​ផង។ ប្រហែល​ជា​បាន​ខំ​ប្រឹង​យ៉ាង​ខ្លាំង​នៅ​តំបន់​បែប​នេះ ដែល​មើល​ទៅ​ដូច​ជា​មិន​ឃើញ​ផល​ជោគ​ជ័យ​ជាក់​ស្តែង​ណា​សោះ។ ក៏​ប៉ុន្តែ​ការ​ខំ​ប្រឹង​របស់​យើង​គឺ​មាន​ប្រយោជន៍ កាល​ដែល​អ្វី​ៗ​ជា​ច្រើន​ពឹង​ពាក់​ការ​នោះ។ ចូរ​ចង​ចាំ​ថា ពូជ​ទាំង​ប៉ុន្មាន​ដែល​អ្នក​សាប​ព្រោះ​អាច​ផ្ដល់​ឲ្យ​មនុស្ស​នូវ​សុភមង្គល​ឥឡូវ​នេះ ព្រម​ទាំង​មាន​ជីវិត​រស់​ជា​រៀង​រហូត​នៅ​ពេល​អនាគត​ផង​ដែរ។ ពាក្យ​នៅ​ទំនុកដំកើង ១២៦:៦ បាន​ត្រូវ​ឃើញ​ជាក់​ស្តែង​ជា​ច្រើន​ដង​ដែល​ចែង​ថា៖ «ឯ​អ្នក​ដែល​កណ្ដៀត​ពូជ សំរាប់​សាប​ព្រោះ​ចេញ​ទៅ​ទាំង​យំ នោះ​ប្រាកដ​ជា​នឹង​ចូល​មក​វិញ​ដោយ​អំណរ ព្រម​ទាំង​យក​កណ្ដាប់​មក​ផង»។

១៨. តើ​យើង​អាច​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ចំពោះ​កិច្ច​បំរើ​ផ្សាយ​របស់​យើង​យ៉ាង​ដូច​ម្ដេច ហើយ​ហេតុ​អ្វី​ក៏​យើង​គួរ​ធ្វើ​អ៊ីចឹង?

១៨ សូម​ឲ្យ​យើង​យក​គ្រប់​ឱកាស ដើម្បី​សាប​ព្រោះ​ពូជ​នៃ​សេចក្ដី​ពិត​អំពី​ព្រះ​រាជាណាចក្រ​ដោយ​អង់អាច។ ទោះ​ជា​យើង​ជា​អ្នក​ដាំ​និង​ស្រោច​ទឹក​ក៏​ដោយ សូម​កុំ​ឲ្យ​យើង​ភ្លេច​ថា គឺ​ជា​ព្រះ​យេហូវ៉ា​ទេ​ដែល​ធ្វើ​ឲ្យ​ពូជ​លូត​លាស់​ឡើង​នោះ។ (កូរិនថូស​ទី​១ ៣:៦, ៧) ក៏​ប៉ុន្តែ ដូច​ជា​ព្រះ​យេស៊ូ​និង​ពួក​ទេវតា​បំពេញ​នូវ​ចំណែក​របស់​គេ​ក្នុងកិច្ច​ការនេះ នោះ​ព្រះ​យេហូវ៉ា​ក៏​តម្រូវ​ឲ្យ​យើង​បំពេញ​នូវ​កិច្ច​បំរើ​ផ្សាយ​របស់​យើង​ឲ្យ​បាន​ពេញ​លេញ​នោះ​ដែរ។ (ធីម៉ូថេ​ទី​២ ៤:៥) សូម​ឲ្យ​យើង​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ចំពោះ​ការ​បង្រៀន អាកប្បកិរិយា និង​ការ​ខ្នះ​ខ្នែង​របស់​យើង​ក្នុង​កិច្ច​បំរើ​ផ្សាយ​នេះ។ ហេតុ​អ្វី? សាវ័ក​ប៉ុល​ឆ្លើយ​ថា៖ «ដែល​ធ្វើ​ដូច្នោះ នោះ​អ្នក​នឹង​សង្គ្រោះ​ខ្លួន​អ្នក​បាន ព្រម​ទាំង​ពួក​អ្នក​ដែល​ស្ដាប់​អ្នក​ផង»។—ធីម៉ូថេ​ទី​១ ៤:១៦

តើ​យើង​បាន​រៀន​អ្វី​ខ្លះ?

តើ​តាម​របៀប​ណា​ខ្លះ​ដែលកិច្ច​ការសាប​ព្រោះ​របស់​យើង​កំពុង​តែ​បង្កើត​ផល​ល្អ​នោះ?

តើ​ព្រះ​យេស៊ូ​គ្រីស្ទ​និង​ពួក​ទេវតា​ជាប់​ទាក់​ទង​នឹងកិច្ច​ការផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​ក៏​យើង​គួរ​មាន​ចិត្ត​ទូលាយ​ជា​អ្នក​សាប​ព្រោះ​នៃ​សេចក្ដី​ពិត​អំពី​ព្រះ​រាជាណាចក្រ?

នៅ​ពេល​ដែល​យើង​ជួប​ភាព​កន្តើយ​ឬ​ភាព​មិន​រាក់​ទាក់​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​យើង តើ​អ្វី​ដែល​គួរ​ជំរុញ​ចិត្ត​ឲ្យ​ត​ស៊ូ​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១៥]

ដូច​ជា​ពួក​កសិករ​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ពី​បុរាណ នោះ​សព្វ​ថ្ងៃ​នេះ ពួក​គ្រីស្ទាន​សាប​ព្រោះ​ពូជ​នៃ​សេចក្ដី​ពិត​អំពី​ព្រះ​រាជាណាចក្រ​ដោយ​អង់អាច

[រូប​ភាព​នៅ​ទំព័រ​១៦, ១៧]

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ផលិត​និង​ចែក​ចាយ​នូវ​ប្រកាសនវត្ថុ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ​ទៅ​ដល់​៣៤០​ភាសា