លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គំរូដ៏ល្អ តើអ្នកកំពុងតែទទួលប្រយោជន៍ពីគំរូទាំងនោះទេ?

គំរូដ៏ល្អ តើអ្នកកំពុងតែទទួលប្រយោជន៍ពីគំរូទាំងនោះទេ?

គំរូ​ដ៏​ល្អ តើ​អ្នក​កំពុង​តែ​ទទួល​ប្រយោជន៍​ពី​គំរូ​ទាំង​នោះ​ទេ?

«អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​គំរូ ដល់​អស់​អ្នក​ដែល​ជឿ​នៅ​ស្រុក​ម៉ាសេដូន នឹង​ស្រុក​អា​ខៃ»។ សាវ័ក​ប៉ុល​បាន​សរសេរ​ពាក្យ​នេះ​ទៅ​កាន់​គ្រីស្ទាន​ស្មោះ​ត្រង់ ដែល​កំពុង​តែ​រស់​នៅ​ថែស្សាឡូនីច។ គេ​បាន​ធ្វើ​ជា​គំរូ​ដ៏​គួរ​ឲ្យ​សរសើរ​មួយ​ដល់​អ្នក​ជឿ​គ្នី​គ្នា។ ក៏​ប៉ុន្តែ ពួក​ថែស្សាឡូនីច​ផ្ទាល់​បាន​ធ្វើ​តាម​គំរូ​របស់​សាវ័ក​ប៉ុល​និង​ពួក​សហការី​របស់​គាត់។ ប៉ុល​បាន​និយាយ​ថា៖ «ដ្បិត​ដំណឹង​ល្អ​របស់​យើង​ខ្ញុំ មិន​បាន​ផ្សាយ​មក​ដល់​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សំដី​តែ​ប៉ុណ្ណោះ​ទេ គឺ​ដោយ​ព្រះ​ចេស្ដា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែរ ហើយ​ដោយ​សេចក្ដី​ជំនឿ​ដ៏​មោះ​មុត​ជា​ខ្លាំង​ថែម​ទៀត​ផង ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ហើយ ពី​ដំណើរ​យើង​ខ្ញុំ ដែល​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា សំរាប់​នឹង​ជួយ​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ក៏​បាន​ត្រាប់​តាម​យើង​ខ្ញុំ»។—ថែស្សាឡូនីច​ទី​១ ១:៥​-​៧

ត្រូវ​ហើយ ប៉ុល​បាន​ធ្វើ​ច្រើន​ជាង មិន​គ្រាន់​តែ​ផ្សព្វ​ផ្សាយ​ប៉ុណ្ណោះ​ទេ។ ជីវិត​របស់​គាត់​ផ្ទាល់​គឺ​ប្រៀប​ដូច​ជា​ធម្មទាន គឺ​ជា​គំរូ​ពី​ជំនឿ ការ​ស៊ូ​ទ្រាំ និង​ការ​ធ្វើ​ពលិកម្ម​ខ្លួន។ ហេតុ​នេះ​ហើយ ប៉ុល​និង​សហការី​របស់​គាត់​បាន​ទៅ​ជា​ឥទ្ធិពល​ដ៏​ខ្លាំង​មួយ ទៅ​លើ​ជីវិត​របស់​ពួក​ថែស្សាឡូនីច ទាំង​ជំរុញ​ឲ្យ​គេ​ទទួល​សេចក្ដី​ពិត«ក្នុង​កាល​ដែល​កំពុង​តែ​កើត​ទុក្ខ​លំបាក​ជា​ខ្លាំង​ផង»។ ក៏​ប៉ុន្តែ ប៉ុល​និង​អ្នក​រួម​ធ្វើ​ការ​ជា​មួយ​គាត់​មិន​មែន​ជា​ឥទ្ធិពល​ដ៏​វិជ្ជមាន​តែ​មួយ​គត់ ទៅ​លើ​ពួក​អ្នក​ជឿ​នោះ​ទេ។ គំរូ​របស់​អ្នក​ឯ​ទៀត​ដែល​បាន​ស៊ូ​ទ្រាំ​នឹង​ការ​លំបាក គឺ​បាន​ជា​គ្រឿង​លើក​ទឹក​ចិត្ត​ដែរ។ ប៉ុល​បាន​សរសេរ​ថា៖ «ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​បាន​ត្រាប់​តាម​អស់​ទាំង​ពួក​ជំនុំ​នៃ​ព្រះ ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ នៅ​ស្រុក​យូដា ពីព្រោះ​បាន​រង​ទុក្ខ នៅ​ដៃ​នៃ​ពួក​អ្នក​ស្រុក​របស់​អ្នក​រាល់​គ្នា ដូច​ជា​ពួក​ជំនុំ​ទាំង​នោះ​បាន​រង​ទុក្ខ នៅ​ដៃ​នៃ​ពួក​សាសន៍​យូដា​ដែរ»។—ថែស្សាឡូនីច​ទី​១ ២:១៤

ព្រះ​យេស៊ូ​គ្រីស្ទ ទ្រង់​ជា​គំរូ​ចំ​បង

ទោះ​បី​ប៉ុល​បាន​ធ្វើ​ជា​គំរូ​មួយ​ដែល​គួរ​ឲ្យ​ត្រាប់​តាម​ក៏​ដោយ គាត់​មិន​បាន​ខាន​ចង្អុល​ប្រាប់​ពី​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​គំរូ​ចំ​បង ដែល​ពួក​គ្រីស្ទាន​គួរ​ត្រាប់​តាម​នោះ​ឡើយ។ (ថែស្សាឡូនីច​ទី​១ ១:៦) ព្រះ​គ្រីស្ទ​ជា​គំរូ​ចំ​បង​របស់​យើង។ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា៖ «ដ្បិត​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្ដី​នោះ​ឯង ពីព្រោះ​ព្រះ​គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ​ទាំង​ទុក​ដំ​រាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់»។—ពេត្រុស​ទី​១ ២:២១

ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​បាន​លែង​មាន​ព្រះ​ជន្ម​ជា​មនុស្ស​ជិត​២.០០០​ឆ្នាំ​ទៅ​ហើយ។ ឥឡូវ ទ្រង់«នៅ​ក្នុង​ពន្លឺ ដែល​រក​ចូល​ទៅ​ជិត​មិន​បាន» ជា​បុគ្គល​វិញ្ញាណ​ដ៏​អមតៈ។ អ៊ីចឹង​ហើយ «គ្មាន​មនុស្ស​ណា​ដែល​ឃើញ​ទ្រង់​ឡើយ ក៏​មើល​ទ្រង់​មិន​ឃើញ​ផង»។ (ធីម៉ូថេ​ទី​១ ៦:១៦) ដូច្នេះ តើ​យើង​អាច​ធ្វើ​តម្រាប់​តាម​ទ្រង់​យ៉ាង​ដូច​ម្ដេច​ទៅ? វិធី​មួយ​គឺ​ដោយ​ការ​សិក្សា​ដំណើរ​រឿង​បួន​ក្នុង​ព្រះ​គម្ពីរ អំពី​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ។ សៀវភៅ​ដំណឹង​ល្អ​នោះ ផ្ដល់​នូវ​ការ​យល់​ធ្លុះ​ជ្រៅ​ពី​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់ ដំណើរ​ព្រះ​ជន្ម​របស់​ទ្រង់ និង«គំនិត​គិត»របស់​ទ្រង់។ (ភីលីព ២:៥​-​៨) ពត៌មាន​ថែម​ទៀត​អាច​ត្រូវ​ទទួល​ដោយ​ការ​សិក្សា​យ៉ាង​ហ្មត់​ចត់​នូវ​សៀវភៅ បុរស​ដ៏​ឧត្តម​បំផុត​ម្នាក់​ដែល​ធ្លាប់​មាន​ព្រះ​ជន្ម​រស់​នៅ ដែល​លំអិត​យ៉ាង​ច្បាស់​អំពី​ព្រឹត្ដិការណ៍​ក្នុង​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ តាម​លំដាប់​លំដោយ​ពេល។ *

គំរូ​របស់​ព្រះ​យេស៊ូ​ដែល​បង្ហាញ​ការ​ពលី​អង្គ​ទ្រង់ បាន​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​សាវ័ក​ប៉ុល។ គាត់​បាន​ប្រាប់​ពួក​គ្រីស្ទាន​នៅ​កូរិនថូស​ថា៖ «ឯ​ខ្ញុំ​ៗ​សុខ​ចិត្ត​នឹង​ចែក​ចាយ ហើយ​នឹង​ត្រូវ​ហិន​អស់​រលីង​ទៅ​ចុះ ដោយ​ព្រោះ​ព្រលឹង​របស់​អ្នក​រាល់​គ្នា»។ (កូរិនថូស​ទី​២ ១២:១៥) នេះ​ជា​អាកប្បកិរិយា​ដូច​ព្រះ​គ្រីស្ទ​ម្ល៉េះ​ហ្ន៎! ពេល​ដែល​យើង​ពិចារណា​គំរូ​ដ៏​គ្រប់ល័ក្ខណ៍​របស់​ព្រះ​គ្រីស្ទ យើង​ក៏​គួរ​ត្រូវ​ជំរុញ​ឲ្យ​ត្រាប់​តាម​ទ្រង់​ក្នុង​ជីវិត​របស់​យើង​ដែរ។

ជា​ឧទាហរណ៍ ព្រះ​យេស៊ូ​បាន​បង្រៀន​ថា យើង​គួរ​ពឹង​ផ្អែក​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ ដែល​ថា​ទ្រង់​នឹង​ផ្គត់​ផ្គង់​អ្វី​ៗ​ខាង​សំ​ភារៈ។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​បាន​ធ្វើ​ច្រើន​ជាង​នេះ​ទៅ​ទៀត។ ទ្រង់​បាន​បង្ហាញ​ជំនឿ​និង​ទំនុក​ចិត្ត​បែប​នេះ​ទៅ​លើ​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស ក៏​មាន​សំបុក តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ»។ (ម៉ាថាយ ៦:២៥; ៨:២០) តើ​ការ​ខ្វល់​ខ្វាយ​ពី​ទ្រព្យ​សម្បត្ដិ​កាន់​កាប់​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​អ្នក​ទេ? ឬ​ក៏​តើ​ជីវិត​របស់​អ្នក​ផ្ដល់​ភស្តុ​តាង​ថា អ្នក​កំពុង​តែ​ស្វែង​រក​ព្រះ​រាជាណាចក្រ​ជា​មុន​សិន? ចុះ​យ៉ាង​ណា​វិញ ចំពោះ​អាកប្បកិរិយា​របស់​អ្នក​នឹង​កិច្ច​បំរើ​ព្រះ​យេហូវ៉ា? តើ​នោះ​ដូច​ជា​អាកប្បកិរិយា​របស់​ព្រះ​យេស៊ូ​ដ៏​ជា​គំរូ​របស់​យើង​ទេ? ព្រះ​គម្ពីរ​បង្ហាញ​ថា ព្រះ​យេស៊ូ​មិន​គ្រាន់​តែ​បាន​ផ្សព្វ​ផ្សាយ​អំពី​ការ​មាន​ចិត្ត​ខ្នះ​ខ្នែង​ទេ ក៏​ប៉ុន្តែ​ទ្រង់​ក៏​បាន​បង្ហាញ​ការ​ខ្នះ​ខ្នែង​យ៉ាង​ខ្លាំង​ជា​ច្រើន​ដង​ច្រើន​គ្រា។ (យ៉ូហាន ២:១៤​-​១៧) បន្ថែម​ទៅ​ទៀត ព្រះ​យេស៊ូ​ជា​គំរូ​ដ៏​ប្រសើរ​ណាស់​ហ្ន៎! ចំពោះ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់។ នេះ​ជា​មូលហេតុ​ល្អ​មែន! ដែល​ទ្រង់​បាន​បូជា​រហូត​ដល់​ព្រះ​ជន្ម​ទ្រង់​ផ្ទាល់​សំរាប់​ពួក​សិស្ស​របស់​ទ្រង់។ (យ៉ូហាន ១៥:១៣) តើ​អ្នក​កំពុង​តែ​ធ្វើ​តម្រាប់​តាម​ព្រះ​យេស៊ូ​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​បង​ប្អូន​គ្រីស្ទាន​របស់​អ្នក​ទេ? ឬ​ក៏​តើ​អ្នក​ឲ្យ​ភាព​មិន​គ្រប់ល័ក្ខណ៍​របស់​អ្នក​ខ្លះ​ធ្វើ​ការ​រា​រាំង​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ពួក​គេ?

ជា​ញឹក​ញយ​យើង​មិន​ដល់​កំរិត​កំណត់ ក្នុង​ការ​ខិត​ខំ​ធ្វើ​តាម​គំរូ​របស់​ព្រះ​គ្រីស្ទ​នោះ​ទេ។ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​ពិត​ជា​ពេញ​ព្រះ​ហឫទ័យ​ដោយ​ការ​ខិត​ខំ​របស់​យើង ដើម្បី«ប្រដាប់​ខ្លួន ដោយ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ»។—រ៉ូម ១៣:១៤

«ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម»

តើ​មាន​មនុស្ស​ក្នុង​ក្រុម​ជំនុំ​សព្វ​ថ្ងៃ​នេះ​ដែល​អាច​ជា​គំរូ​ដល់​យើង​ទេ? ប្រាកដ​ជា​មាន​មែន! ជា​ពិសេស បង​ប្អូន​ប្រុស​ដែល​ជា​អ្នក​តែង​តាំង​ឲ្យ​ទទួល​ខុស​ត្រូវ ត្រូវ​តែ​ធ្វើ​ជា​គំរូ​ល្អ។ ប៉ុល​បាន​ប្រាប់ទីតុស ដែល​បាន​បំរើ​ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន​នៅ​កោះ​ក្រេត និង​អ្នក​ត្រួត​ពិនិត្យ​ដែល​បាន​ត្រូវ​តែង​តាំង​ថា អ្នក​ចាស់​ទុំ​និមួយ​ៗ​ដែល​បាន​ត្រូវ​តែង​តាំង ត្រូវ​ជា​បុរស«ដែល​រក​ចាប់​ទោស​មិន​បាន»។ (ទីតុស ១:៥, ៦) ស្រដៀង​គ្នា​ដែរ សាវ័ក​ពេត្រុស​បាន​ដាស់​តឿន«ពួក​ចាស់​ទុំ»ឲ្យ​ទៅ​ជា«គំរូ​ដល់​ហ្វូង​ចៀម»។ (ពេត្រុស​ទី​១ ៥:១​-​៣) ចុះ​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​បំរើ​ជា​អ្នក​ងារ​ជំនួយ? ពួក​គាត់​ក៏​ត្រូវ​ជា«អ្នក​ដែល​បាន​ជួយ​យ៉ាង​ល្អ»ដែរ។—ធីម៉ូថេ​ទី​១ ៣:១៣

ពិត​មែន គឺ​មិន​សម​ហេតុ​សម​ផល​ទេ ដែល​សង្ឃឹម​ថា​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ​គ្រប់​ៗ​រូប នឹង​មាន​ការ​ប៉ិន​ប្រសប់​យ៉ាង​ប្រសើរ​ក្នុង​កិច្ច​បំរើ​គ្រីស្ទាន​គ្រប់​ផ្នែក​នោះ។ ប៉ុល​បាន​ប្រាប់​ពួក​គ្រីស្ទាន​នៅ​ទី​ក្រុងរ៉ូមថា៖ ‹យើង​មាន​អំណោយ​ទាន​ផ្សេង​ពី​គ្នា តាម​ព្រះ​គុណ​ដែល​ផ្ដល់​មក​យើង›។ (រ៉ូម ១២:៦) បង​ប្អូន​ប្រុស​ផ្សេង​ៗ​មាន​ការ​ប៉ិន​ប្រសប់​ផ្សេង​គ្នា។ គឺ​មិន​សម​ហេតុ​សម​ផល​ទេ ដែល​សង្ឃឹម​ថា​អ្នក​ចាស់​ទុំ​នឹង​ប្រព្រឹត្ត​ហើយ​និង​និយាយ​តាម​របៀប​ល្អ​ឥត​ខ្ចោះ​នោះ។ ក្នុង​ព្រះ​គម្ពីរ​នៅ យ៉ាកុប ៣:២ ចែង​ថា៖ «ដ្បិត​យើង​ទាំង​អស់​គ្នា​ក៏​ជំពប់​ជា​ញយ​ៗ​ដែរ បើ​អ្នក​ណា​មិន​បាន​ជំពប់​ដោយ​ពាក្យ​សំដី នោះ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ហើយ ដែល​អាច​នឹង​ទប់​រូប​កាយ​ទាំង​មូល​បាន​ដែរ»។ ក៏​ប៉ុន្តែ ថ្វី​បើ​អ្នក​ចាស់​ទុំ​មាន​ភាព​មិន​គ្រប់ល័ក្ខណ៍​ក៏​ដោយ ពួក​គាត់​នៅ​តែ​អាច​ធ្វើ​ដូច​ជា​ធីម៉ូថេ នឹង«ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សំដី កិរិយា​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ សេចក្ដី​ជំនឿ នឹង​សេចក្ដី​បរិសុទ្ធ»។ (ធីម៉ូថេ​ទី​១ ៤:១២) ពេល​អ្នក​ចាស់​ទុំ​ធ្វើ​អ៊ីចឹង នោះ​អស់​អ្នក​ក្នុង​ហ្វូង​ចៀម​នឹង​អនុវត្ត​យ៉ាង​ឆាប់​រហ័ស តាម​ការ​ដាស់​តឿន​ក្នុង​ហេព្រើរ ១៣:៧ ដែល​ថា៖ «ចូរ​នឹក​ចាំ​ពី​ពួក​អ្នក​នាំ​មុខ ដែល​បាន​ផ្សាយ​ព្រះ​បន្ទូល​មក​អ្នក​រាល់​គ្នា . . . ត្រាប់​តាម​សេចក្ដី​ជំនឿ​របស់​អ្នក​ទាំង​នោះ ទាំង​ពិចារណា​មើល​ចុង​បំផុត​នៃ​កិរិយា​គេ​ផង»។

គំរូ​ផ្សេង​ទៀត​នៅ​សម័យ​បច្ចុប្បន្ន

ក្នុង​កំឡុង​ពីរ​បី​ទសវត្ស​កន្លង​ទៅ​នេះ មនុស្ស​ជា​ច្រើន​ឥត​គណនា​បាន​សម្ដែង​ខ្លួន​ជា​គំរូ​ល្អ។ ចូរ​គិត​ពី​រាប់​ពាន់​នាក់​ជា​សាសនទូត​ដែល​បាន​ធ្វើ​ពលិកម្ម​ខ្លួន និង«លះ​ចោល​ផ្ទះ​សំ​បែង ឬ​បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ ប្រពន្ធ​កូន ឬ​ស្រែ​ចំការ»ដើម្បី​បំពេញកិច្ច​ការគ្រីស្ទាន​នៅ​ប្រទេស​ផ្សេង។ (ម៉ាថាយ ១៩:២៩) ចូរ​ពិចារណា​ដែរ​នូវ​អ្នក​ត្រួត​ពិនិត្យ​ដែល​ធ្វើ​ដំណើរ​និង​ប្រពន្ធ​របស់​គាត់ បុរស​និង​ស្ត្រី​ដែល​បំរើ​ស្ម័គ្រ​ចិត្ត​នៅ​ឯ​ការិយាល័យ​សមាគម​ប៉ម​យាម និង​អ្នក​ត្រួស​ត្រាយ​ដែល​បំរើ​ក្នុង​ក្រុម​ជំនុំ។ តើ​គំរូ​បែប​នេះ​អាច​ជំរុញ​ទឹក​ចិត្ត​អ្នក​ដទៃ​ទៀត​ទេ? អ្នក​ផ្សាយ​ដំណឹង​ល្អ​ជា​គ្រីស្ទាន​ម្នាក់​នៅ​ទ្វីប​អាស៊ី​នឹក​រឭក​ដល់​សាសនទូត​ម្នាក់​ពី​ក្រុម​ទី​ប្រាំ​បី​នៃ​សាលា​ប៉ម​យាម​នៃ​គីលាត​ខាង​ព្រះ​គម្ពីរ។ គាត់​បាន​ប្រាប់​ថា បង​ប្រុស​ដ៏​ស្មោះ​ត្រង់​នេះ​ធ្លាប់«សុខ​ចិត្ត​ទ្រាំ​នឹង​មូស​ទាំងហ្វូង​ៗ និង​អាកាសធាតុ​ដ៏​ក្ដៅ . . . មួយ​ទៀត​ដែល​គួរ​ឲ្យ​កោត​សរសើរ​គឺ​ថា គាត់​មាន​សមត្ថភាព​ផ្សព្វ​ផ្សាយ​ជា​ភាសា​ចិន​និង​ភាសា​ម៉ាឡេ ទោះ​បី​គាត់​មក​ពី​ប្រទេស​អង់គ្លេស​ក៏​ដោយ»។ តើ​អ្វី​ជា​ឥទ្ធិពល​នៃ​គំរូ​ដ៏​ល្អ​នេះ? បង​ប្រុស​នោះ​បាន​ប្រាប់​ថា៖ «ចិត្ត​សុភាព​របស់​គាត់​និង​ជំនឿ​របស់​គាត់​បាន​ជំរុញ​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ចង់​ទៅ​ជា​សាសនទូត​ម្នាក់​ដែរ ពេល​ខ្ញុំ​ធំ​ឡើង»។ មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ដែល​បង​ប្រុស​នេះ​បាន​ទៅ​ជា​សាសនទូត​មែន។

លិបិក្រម​ប្រកាសនវត្ថុ​ប៉ម​យាម មាន​រៀប​រាប់​នូវ​រឿង​ជា​ច្រើន​អំពី​ជីវប្រវត្ដិ ដែល​បាន​ត្រូវ​បោះ​ពុម្ព​ចេញ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​និង​ភ្ញាក់​រឭក! រឿង​នេះ​ប្រាប់​ពី​មនុស្ស​ដែល​បាន​លះ​ចោល​អាជីព និង​គោល​ដៅ​ក្នុង​លោកីយ៍​នេះ បាន​ពុះ​ពារ​ភាព​ទន់​ខ្សោយ បាន​កែ​ប្រែ​ទាំង​ស្រុង​នូវ​បុគ្គលិក​លក្ខណៈ បាន​រក្សា​ជំហរ​វិជ្ជមាន​ពេល​ប្រឈម​មុខ​នឹង​ការ​ពិបាក ថែម​ទាំង​បង្ហាញ​ចិត្ត​ឧស្សាហ៍ ការ​ស៊ូ​ទ្រាំ ភាព​ស្មោះ​ត្រង់ និង​ការ​ធ្វើ​ពលិកម្ម​ខ្លួន។ អ្នក​អាន​ម្នាក់​បាន​សរសេរ​ស្តី​អំពី​រឿង​ជីវប្រវត្ដិ​នេះ​ថា៖ «នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ជា​គ្រីស្ទាន​ម្នាក់​ដែល​មាន​ចិត្ត​សុភាព​ជាង​និង​មាន​អំណរ​គុណ​ច្រើន​ឡើង ពេល​ខ្ញុំ​អាន​អំពី​អ្វី​ដែល​គេ​បាន​ពិសោធន៍ និង​នេះ​បាន​ជួយ​ខ្ញុំ​មិន​ឲ្យ​គិត​គូរ​ហួស​ហេតុ​អំពី​ខ្លួន​ខ្ញុំ​ឬ​ក៏​មាន​គំនិត​អត្តទត្ថភាព​ឡើយ»។

ម្ល៉ោះ​ហើយ កុំ​ភ្លេច​ពី​គំរូ​ល្អ​ៗ​ដែល​មាន​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក ដូច​ជា​មេ​គ្រួសារ​ដែល​ថែ​រក្សា​ទាំង​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​និង​ខាង​សំ​ភារៈ​របស់​គ្រួសារ​គេ​ដោយ​មិន​ខក​ខាន​សោះ។ ក៏​មាន​បង​ប្អូន​ស្រី រួម​បញ្ចូល​មាតា​ដែល​គ្មាន​គូ ដែល​ស៊ូ​ទ្រាំ​នូវ​ក្រោម​ការ​បង្ខិត​បង្ខំ​ចំពោះ​ការ​ចិញ្ចឹម​កូន ពេល​ដែល​គេ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​បំរើ។ ក៏​មាន​អ្នក​ចាស់​វ័យ​និង​អ្នក​ពិការ​ដែល​នៅ​ស្មោះ​ត្រង់ ថ្វី​បើ​សុខភាព​របស់​គេ​កាន់​តែ​អន់​ថយ និង​រាង​កាយ​របស់​គេ​កាន់​តែ​ខ្សោយ​ក៏​ដោយ។ តើ​គំរូ​ទាំង​នេះ​ជំរុញ​ចិត្ត​អ្នក​ឬ​ទេ?

ពិត​មែន លោកីយ៍​នេះ​គឺ​ពោរ​ពេញ​ទៅ​ដោយ​គំរូ​អាក្រក់។ (ធីម៉ូថេ​ទី​២ ៣:១៣) យ៉ាង​ណា​ក៏​ដោយ សូម​ពិចារណា​សេចក្ដី​ដាស់​តឿន​របស់​ប៉ុល​ទៅ​កាន់​គ្រីស្ទាន​នៅ​ស្រុក​យូដា។ បន្ទាប់​ពី​គាត់​បាន​រៀប​រាប់​ពី​ចរិយា​ដ៏​ជា​គំរូ​ល្អ​របស់​បុរស​និង​ស្ត្រី​ពី​បុរាណ​ដែល​មាន​ជំនឿ នោះ​សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ថា៖ «ដូច្នេះ ដែល​មាន​ស្មរបន្ទាល់​១​ហ្វូង​ធំ​ម្ល៉េះ​នៅ​ព័ទ្ធ​ជុំ​វិញ​យើង នោះ​ត្រូវ​ឲ្យ​យើង . . . រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់ ទាំង​រំពឹង​មើល​ដល់​ព្រះ​យេស៊ូវ​ដ៏​ជា​មេ​ផ្ដើម ហើយ​ជា​មេ​សំរេច​សេចក្ដី​ជំនឿ​របស់​យើង»។ (ហេព្រើរ ១២:១, ២) ពួក​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​ត្រូវ​ព័ទ្ធ​ជុំ​វិញ​ដោយ​គំរូ​ល្អ‹មួយ​ហ្វូង​ធំ› ទាំង​ពី​សម័យ​បុរាណ​និង​នៅ​សម័យ​នេះ។ តើ​អ្នក​ពិត​ជា​ទទួល​ប្រយោជន៍​ពី​គំរូ​ទាំង​នោះ​ទេ? អ្នក​អាច​ទទួល​ប្រយោជន៍​មែន បើ​សិន​ជា​អ្នក​តាំង​ចិត្ត«ត្រាប់​តាម​សេចក្ដី​ល្អ កុំ​ឲ្យ​តាម​សេចក្ដី​អាក្រក់​ឲ្យ​សោះ»។—យ៉ូហាន​ទី​៣ ១១

[កំណត់​សម្គាល់]

^ បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​២០]

គឺ​មិន​សម​ហេតុ​សម​ផល​ទេ ដែល​សង្ឃឹម​ថា​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ​គ្រប់​ៗ​រូប នឹង​មាន​ការ​ប៉ិន​ប្រសប់​ក្នុង​គ្រប់​វិស័យ​នៃ​កិច្ច​បំរើ​គ្រីស្ទាន។

[រូប​ភាព​នៅ​ទំព័រ​២១]

អ្នក​ចាស់​ទុំ​ត្រូវ​ជា«គំរូ​ដល់​ហ្វូង​ចៀម»