លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរប្រកាសដំណឹងល្អដោយចិត្តខ្នះខ្នែង

ចូរប្រកាសដំណឹងល្អដោយចិត្តខ្នះខ្នែង

ចូរ​ប្រកាស​ដំណឹង​ល្អ​ដោយ​ចិត្ត​ខ្នះ​ខ្នែង

«ខាង​ឯ​វិញ្ញាណ នោះ​ក៏​ចូរ​ព្យាយាម​ចុះ ដោយ​ខំ​ប្រឹង​បំរើ​ព្រះ​អម្ចាស់»។—រ៉ូម ១២:១១

១, ២. តើ​ពួក​គ្រីស្ទាន​ចង់​រក្សា​ឲ្យ​មាន​អាកប្បកិរិយា​បែប​ណា ដែល​ខ្លួន​ជា​អ្នក​ប្រកាស​ដំណឹង​ល្អ​នេះ?

 យុវបុរស​ម្នាក់​មាន​ចិត្ត​រំភើប​នឹងកិច្ច​ការថ្មី។ នៅ​ឯ​កន្លែង​ធ្វើ​ការ​នៅ​ថ្ងៃ​ទី​មួយ នោះ​គាត់​រង់​ចាំ​យ៉ាង​រសាប់​រសល់​នូវ​បញ្ជា​ពី​និយោជក​របស់​គាត់។ គាត់​ទន្ទឹង​ចាំ​យ៉ាង​រំភើប​នូវកិច្ច​ការដំបូង​របស់​គាត់ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​ណាស់។ គាត់​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​ការ​ធ្វើ​យ៉ាង​អស់​ពី​សមត្ថភាព​របស់​គាត់។

ស្រដៀង​គ្នា​ដែរ ជា​ពួក​គ្រីស្ទាន យើង​អាច​ចាត់​ទុក​ខ្លួន​យើង​ជា​អ្នក​ធ្វើ​ការ​ថ្មី។ ដោយ​ព្រោះ​យើង​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ជា​រៀង​រហូត នោះ​ក៏​អាច​និយាយ​ថា យើង​ទើប​តែ​ចាប់​ផ្ដើម​ធ្វើ​ការ​ឲ្យ​ព្រះ​យេហូវ៉ា​ដែរ។ យ៉ាង​ប្រាកដ​ហើយ ព្រះ​ដ៏​ជា​អ្នក​បង្កើត​របស់​យើង មានកិច្ច​ការជា​ច្រើន​សំរាប់​យើង ដែល​នឹង​ធ្វើ​ឲ្យ​យើង​ជាប់​រវល់​ជា​និរន្តរ៍។ ក៏​ប៉ុន្តែ​មុខ​ងារ​ដំបូង​ដែល​យើង​បាន​ទទួល នោះ​គឺ​ជា​ប្រកាស​ដំណឹង​ល្អ​ស្តី​អំពី​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ (ថែស្សាឡូនីច​ទី​១ ២:៤) ស្តី​អំពីកិច្ច​ការនេះ​ដែល​មក​ពី​ព្រះ តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ? ដូច​យុវបុរស​នេះ នោះ​យើង​ចង់​ធ្វើ​អស់​ពី​សមត្ថភាព​របស់​យើង ដោយ​ចិត្ត​ខ្នះ​ខ្នែង​និង​ដោយ​អំណរ ត្រូវ​ហើយ ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង!

៣. តើ​ត្រូវ​ការ​អ្វី​ដើម្បី​ឲ្យ​បាន​ជោគ​ជ័យ​ជា​អ្នក​បំរើ​ខាង​ដំណឹង​ល្អ?

ពិត​មែន​ហើយ ការ​រក្សា​ឲ្យ​មាន​អាកប្បកិរិយា​ដ៏​ល្អ​បែប​នេះ អាច​ជា​អ្វី​ដ៏​ពិបាក​មួយ។ ក្រៅ​ពី​កិច្ច​បំរើ​របស់​យើង យើង​មាន​ភារកិច្ច​ជា​ច្រើន​ឯ​ទៀត ដែល​ភារកិច្ច​ខ្លះ​អាច​ជា​បន្ទុក​យ៉ាង​ធ្ងន់​ដល់​យើង​ខាង​រូប​កាយ​និង​ខាង​ផ្លូវ​ចិត្ត។ ជា​ទូទៅ យើង​លៃ​លក​មើល​ថែ​រក្សា​របស់​ទាំង​នេះ ក្នុង​ពេល​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ច​បំរើ​ផ្សាយ​បាន​គ្រប់​គ្រាន់។ ក៏​ប៉ុន្តែ នេះ​ក៏​អាច​ធ្វើ​ជា​ការ​ខំ​ប្រឹង​ទាំង​លំបាក​ដែល​មាន​ជា​បន្ត​ដែរ។ (ម៉ាកុស ៨:៣៤) ព្រះ​យេស៊ូ​បាន​បញ្ជាក់​ថា ការ​មាន​ជោគ​ជ័យ​ជា​គ្រីស្ទាន នោះ​តម្រូវ​ឲ្យ​យើង​ខំ​ប្រឹង​ខ្នះ​ខ្នែង​សិន។—លូកា ១៣:២៤

៤. តើ​កង្វល់​ប្រចាំ​ថ្ងៃ​អាច​មាន​អានុភាព​លើ​ទស្សនៈ​វិស័យ​ខាង​វិញ្ញាណ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

នៅ​ពេល​ខ្លះ ដោយ​ត្រូវ​ធ្វើ​អ្វី​ៗ​ជា​ច្រើន នោះ​ជា​ការ​ស្រួល​ដែល​យើង​មាន​អារម្មណ៍​ដ៏​រកាំ​ចិត្ត ឬ​ក៏​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ចិត្ត​នោះ។ «សេចក្ដី​ខ្វល់​ខ្វាយ​នៅ​ជីវិត»អាច​ធ្វើ​ឲ្យ​ធុញ​ថប់​នឹង​ការ​ខ្នះ​ខ្នែង ហើយ​និង​ការ​អបអរ​ចំពោះ​សកម្មភាព​ខាង​ព្រះ​ធិបតេយ្យ។ (លូកា ២១:៣៤, ៣៥; ម៉ាកុស ៤:១៨, ១៩) ដោយ​ព្រោះ​យើង​ជា​មនុស្ស​មិន​គ្រប់ល័ក្ខណ៍ នោះ​យើង​ប្រហែល​ជា​លះ​ចោល​នូវ‹សេចក្ដី​ស្រឡាញ់​ដែល​យើង​ធ្លាប់​មាន​ពី​ដើម›។ (វិវរណៈ ២:១​-​៤) ទិដ្ឋភាព​ខ្លះ​នៃ​កិច្ច​បំរើ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា អាច​ក្លាយ​ទៅ​ជា​ដដែល​ៗ។ តើ​ព្រះ​គម្ពីរ​ផ្ដល់​នូវ​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ណា​សំរាប់​យើង ឲ្យ​រក្សា​នូវ​ចិត្ត​ខ្នះ​ខ្នែង​របស់​យើង​ចំពោះ​កិច្ច​បំរើ​ផ្សាយ​នោះ?

ដូច​ជា«ភ្លើង​ឆេះ»ក្នុង​ចិត្ត​របស់​យើង

៥, ៦. តើ​សាវ័ក​ប៉ុល​បាន​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ឯកសិទ្ធិ​នៃ​ការ​ផ្សព្វ​ផ្សាយ​របស់​គាត់?

កិច្ច​បំរើ​ផ្សាយ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ដល់​យើង គឺ​មាន​តម្លៃ​ដល់​ម្ល៉េះ​ដែល​មិន​គួរ​អនុញ្ញាត​ឲ្យ​ក្លាយ​ទៅ​ជា​ធម្មតា​នោះ​ទេ។ សាវ័ក​ប៉ុល​បាន​ចាត់​ទុក​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ណាស់ ហើយ​គាត់​បាន​ចាត់​ទុក​ខ្លួន​គាត់​ថា មិន​សម​នឹង​ទទួល​នូវ​ភារកិច្ច​នេះ​ឡើយ។ គាត់​បាន​មាន​ប្រសាសន៍​ថា៖ «ទ្រង់​បាន​ប្រទាន​ព្រះ​គុណ​នេះ គឺ​ជា​សម្បត្ដិ​របស់​ព្រះ​គ្រីស្ទ​ដ៏​ប្រមាណ​មិន​បាន មក​ខ្ញុំ​ដែល​ជា​អ្នក​តូច​ជាង​បំផុត ក្នុង​ពួក​បរិសុទ្ធ​ទាំង​អស់ ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ក្នុង​ពួក​សាសន៍​ដទៃ ហើយ​ឲ្យ​ខ្ញុំ​បាន​បំភ្លឺ​ដល់​គ្រប់​មនុស្ស​ទាំង​អស់ ពី​សេចក្ដី​ប្រកប​ក្នុង​ការ​អាថ៌​កំបាំង ដែល​លាក់​ទុក​ក្នុង​ព្រះ តាំង​ពី​អស់​កល្ប​រៀង​មក ជា​ព្រះ​ដែល​ទ្រង់​បង្កើត​របស់​សព្វសារពើ ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ»។—អេភេសូរ ៣:៨, ៩

អាកប្បកិរិយា​ដ៏​ល្អ​របស់​ប៉ុល​ចំពោះ​កិច្ច​បំរើ​ផ្សាយ​របស់​គាត់ ជា​គំរូ​ដ៏​ប្រសើរ​សំរាប់​យើង​រាល់​គ្នា។ នៅ​ក្នុង​សំបុត្រ​របស់​គាត់​ជូន​ពួករ៉ូម នោះ​គាត់​បាន​ថ្លែង​ថា៖ «ឯ​ខ្ញុំ​ៗ​ប្រុង​ប្រៀប​តែ​នឹង​ប្រាប់​ដំណឹង​ល្អ»។ គាត់​គ្មាន​សេចក្ដី​ខ្មាស​ចំពោះ​ដំណឹង​ល្អ​នេះ​ទេ។ (រ៉ូម ១:១៥, ១៦) គាត់​បាន​មាន​អាកប្បកិរិយា​ត្រឹម​ត្រូវ ហើយ​បាន​មាន​ចិត្ត​ខ្នះ​ខ្នែង​នឹង​បន្ត​ធ្វើ​កិច្ច​បំរើ​របស់​គាត់។

៧. ក្នុង​សំបុត្រ​របស់​គាត់​ជូន​ពួករ៉ូម តើ​ប៉ុល​បាន​ព្រមាន​អំពី​អ្វី?

សាវ័ក​ប៉ុល​បាន​ទទួល​ស្គាល់​នូវ​សេចក្ដី​ត្រូវ​ការ​ឲ្យ​រក្សា​ទស្សនៈ​ដ៏​ខ្នះ​ខ្នែង​នេះ ដូច្នេះ​ហើយ​គាត់​ក៏​បាន​ដាស់​តឿន​ពួក​គ្រីស្ទាន​នៅរ៉ូមថា៖ «ខាង​ឯ​សេចក្ដី​ឧស្សាហ៍ នោះ​កុំ​ឲ្យ​ខ្ជិល​ឡើយ ខាង​ឯ​វិញ្ញាណ នោះ​ក៏​ចូរ​ព្យាយាម​ចុះ ដោយ​ខំ​ប្រឹង​បំរើ​ព្រះ​អម្ចាស់»។ (រ៉ូម ១២:១១) ពាក្យ​ភាសា​ក្រិក​ដែល​បាន​បក​ប្រែ​ថា«ខ្ជិល» នោះ​បញ្ជាក់​អត្ថន័យ​ថា«ស្ពឹក យឺត​យូរ​ពន់​ពេក»។ ថ្វី​បើ​យើង​ប្រហែល​ជា​មិន​មែន​ខ្ជិល​ខាង​កិច្ច​បំរើ​ផ្សាយ​របស់​យើង​ក៏​ដោយ ក៏​យើង​គ្រប់​គ្នា​ត្រូវ​ប្រុង​ប្រៀប​ស្គាល់​លក្ខណៈ​ណា​ខ្លះ​ស្តី​អំពី​ភាព​ស្ពឹក​ខាង​វិញ្ញាណ ហើយ​ធ្វើ​ការ​កែ​សម្រួល​ឲ្យ​បាន​ត្រឹម​ត្រូវ​ស្តី​អំពី​អាកប្បកិរិយា​របស់​យើង បើ​សិន​ជា​យើង​ទទួល​ស្គាល់​ថា​លក្ខណៈ​បែប​នេះ​មាន​នៅ​ក្នុង​ខ្លួន​យើង​នោះ។—សុភាសិត ២២:៣

៨. (ក) តើ​អ្វី​ដែល​បាន​ទៅ​ជា​ដូច«ភ្លើង​ឆេះ»ក្នុង​ចិត្ត​លោកយេរេមា ហើយ​ហេតុ​អ្វី? (ខ) តើ​យើង​អាច​រៀន​មេ​រៀន​អ្វី ពីបទពិសោធន៍​របស់​លោកយេរេមានោះ?

វិញ្ញាណ​របស់​ព្រះ​ក៏​អាច​ជួយ​យើង​ពេល​ដែល​យើង​បាន​ធ្លាក់​ទឹក​ចិត្ត​ដែរ។ ជា​ឧទាហរណ៍ នៅ​គ្រា​មួយ​ព្យាការី​លោកយេរេមាបាន​ធ្លាក់​ទឹក​ចិត្ត ហើយ​គាត់​បាន​គិត​ចង់​ឈប់​ធ្វើកិច្ច​ការខាង​ទំនាយ​របស់​គាត់។ គាត់​ថែម​ទាំង​បាន​ប្រាប់​អំពី​ព្រះ​យេហូវ៉ា​ថា៖ «[ខ្ញុំ​នឹង]មិន​និយាយ​ដំណាល​ពី​ទ្រង់ ឬ​និយាយ​ដោយ​នូវ​ព្រះ​នាម​ទ្រង់​ទៀត​ឡើយ»។ តើ​នេះ​ជា​ទី​សំអាង​ថា លោកយេរេមាបាន​ខ្វះ​ខាត​យ៉ាង​ខ្លាំង​ខាង​វិញ្ញាណ​ឬ​ទេ? អត់​ទេ។ តាម​ការ​ពិត ភាព​ខាង​វិញ្ញាណ​ដ៏​ខ្លាំង​របស់​លោកយេរេមា និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា ព្រម​ទាំង​ចិត្ត​ខ្នះ​ខ្នែង​របស់​គាត់​ចំពោះ​សេចក្ដី​ពិត បាន​ឲ្យ​គាត់​នូវ​អំណាច​បន្ត​ប្រកាស​ពាក្យ​ទំនាយ។ គាត់​ពន្យល់​ថា៖ «នៅ​ក្នុង​ចិត្តទូល​បង្គំ [ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា]កើត​មាន​ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​នៅ​ក្នុង​ឆ្អឹង​របស់​ទូល​បង្គំ ហើយ​ទូល​បង្គំ​ក៏​នឿយ​ហត់​ដោយ​ខំ​ទ្រាំ​ទប់ ទាល់​តែ​ទ្រាំ​មិន​បាន​ទៀត»។ (យេរេមា ២០:៩) គឺ​ជា​ការ​ធម្មតា​ទេ ដែល​យូរ​ៗ​ម្ដង​ពួក​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ ក៏​ពិសោធ​នូវ​ការ​ធ្លាក់​ទឹក​ចិត្ត​នោះ។ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​គេ​អធិស្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ នោះ​ទ្រង់​នឹង​ជ្រាប​ដឹង​នូវ​ចិត្ត​របស់​គេ ហើយ​ប្រទាន​ឲ្យ​ជា​បរិបូរ​នូវ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ បើ​ពួក​គេ​មាន​បន្ទូល​របស់​ព្រះ​ក្នុង​ចិត្ត​របស់​គេ ដូច​លោកយេរេមាដែរ។—លូកា ១១:៩​-​១៣; កិច្ច​ការ ១៥:៨

«កុំ​ឲ្យ​ពន្លត់​ព្រះ​វិញ្ញាណ»

៩. តើ​អ្វី​ដែល​អាច​បង្អាក់​សកម្មភាព​នៃ​វិញ្ញាណ​បរិសុទ្ធ​ជា​ប្រយោជន៍​របស់​យើង​នោះ?

សាវ័ក​ប៉ុល​បាន​ព្រមាន​ដាស់​តឿន​ពួក​ថែស្សាឡូនីច​ថា៖ «កុំ​ឲ្យ​ពន្លត់​ព្រះ​វិញ្ញាណ»។ (ថែស្សាឡូនីច​ទី​១ ៥:១៩) ត្រូវ​ហើយ ការ​ប្រព្រឹត្ត​និង​អាកប្បកិរិយា​ផ្សេង​ៗ​ដែល​ផ្ទុយ​ពី​គោល​ការណ៍​របស់​ព្រះ អាច​បង្អាក់​សកម្មភាព​នៃ​វិញ្ញាណ​បរិសុទ្ធ​ដែល​ជា​ប្រយោជន៍​របស់​យើង។ (អេភេសូរ ៤:៣០) សព្វ​ថ្ងៃ​នេះ ពួក​គ្រីស្ទាន​ត្រូវ​បាន​ប្រទានកិច្ច​ការផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ យើង​ចាត់​ទុក​ឯកសិទ្ធិ​នេះ​ជា​ទី​គោរព​យ៉ាង​ជ្រាល​ជ្រៅ។ យើង​មិន​ភ្ញាក់​ផ្អើល​ទេ ដែល​អស់​អ្នក​ពុំ​ស្គាល់​ព្រះ មើល​ងាយកិច្ច​ការផ្សព្វ​ផ្សាយ​របស់​យើង​នោះ។ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​គ្រីស្ទាន​ម្នាក់​មិន​អើពើ​នឹង​កិច្ច​បំរើ​ផ្សាយ​របស់​គាត់​ដោយ​ចេតនា នេះ​ប្រហែល​ជា​នឹង​ពន្លត់​នូវ​ភ្លើង ជា​វិញ្ញាណ​របស់​ព្រះ​ដែល​ជំរុញ​ចិត្ត។

១០. (ក) តើ​ទស្សនៈ​របស់​មនុស្ស​គ្នី​គ្នា​អាច​មាន​អានុភាព​លើ​យើង​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ទស្សនៈ​ដ៏​ខ្ពង់​ខ្ពស់​អ្វី​នៃ​កិច្ច​បំរើ​ផ្សាយ​របស់​យើង ដែល​បាន​ត្រូវ​សម្ដែង​មក​ក្នុង​កូរិនថូស​ទី​២ ២:១៧?

១០ មនុស្ស​ខ្លះ​នៅ​ក្រៅ​ក្រុម​ជំនុំ​គ្រីស្ទាន ប្រហែល​ជា​ចាត់​ទុក​កិច្ច​បំរើ​ផ្សាយ​របស់​យើង ដូច​ជា​គ្រាន់​តែ​ការ​ចែក​ចាយ​ប្រកាសនវត្ថុ​តែ​ប៉ុណ្ណោះ។ អ្នក​ឯ​ទៀត​ប្រហែល​ជា​សន្និដ្ឋាន​យ៉ាង​ខុស​ថា យើង​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ គ្រាន់​តែ​ដើម្បី​ទទួល​វិភាគទាន​ទេ។ ប្រសិន​បើ​យើង​អនុញ្ញាត​ឲ្យ​ទស្សនៈ​ដ៏​អវិជ្ជមាន​នេះ​មាន​អានុភាព​លើ​យើង នេះ​ប្រហែល​ជា​នឹង​បន្ថយ​នូវ​ប្រសិទ្ធិភាព​របស់​យើង​ក្នុង​កិច្ច​បំរើ​ផ្សាយ។ ជា​ជាង​អនុញ្ញាត​ឲ្យ​គំនិត​បែប​នេះ​មាន​អានុភាព​លើ​យើង សូម​ឲ្យ​យើង​រក្សា​នូវ​ទស្សនៈ​ដែល​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​មាន​ចំពោះ​កិច្ច​បំរើ​ផ្សាយ​របស់​យើង។ សាវ័ក​ប៉ុល​បាន​បញ្ជាក់​ដោយ​បន្លឺ​ទស្សនៈ​ដ៏​ខ្ពង់​ខ្ពស់​នោះ ពេល​ដែល​គាត់​បាន​ប្រកាស​ថា៖ «យើង​ខ្ញុំ​មិន​មែន​ដូច​ជា​មនុស្ស​ច្រើន​គ្នា ដែល​បំប្លែង​ព្រះ​បន្ទូល​នោះ​ទេ គឺ​ដូច​ជា​អ្នក​ស្មោះ​ត្រង់ ដែល​មក​ពី​ព្រះ​វិញ ហើយ​យើង​និយាយ​ចំពោះ​ព្រះ​ដោយ​នូវ​ព្រះ​គ្រីស្ទ»។—កូរិនថូស​ទី​២ ២:១៧

១១. តើ​អ្វី​ដែល​បាន​ជួយ​ពួក​គ្រីស្ទាន​ដំបូង​ឲ្យ​រក្សា​នូវ​ចិត្ត​ខ្នះ​ខ្នែង​ទោះ​ជា​មាន​ការ​បៀត​បៀន ហើយ​តើ​គំរូ​របស់​គេ​គួរ​មាន​អានុភាព​យ៉ាង​ណា​លើ​យើង?

១១ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ព្រះ​យេស៊ូ​សោយ​ទិវង្គត​ទៅ នោះ​ពួកសិស្ស​របស់​ទ្រង់​នៅ​ក្នុង​ក្រុង​យេរូសាឡិម បាន​ប្រឈម​មុខ​នឹង​កំឡុង​ពេល​នៃ​ការ​បៀត​បៀន។ ពួក​គេ​បាន​ត្រូវ​គំរាម​កំហែង ហើយ​បាន​ត្រូវ​បង្គាប់​ឲ្យ​ឈប់​ផ្សព្វ​ផ្សាយ។ ក៏​ប៉ុន្តែ ព្រះ​គម្ពីរ​ចែង​ថា ពួក​គេ«បាន​ពេញ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទាំង​អស់​គ្នា រួច​ក៏​ផ្សាយ​ព្រះ​បន្ទូល​ដោយ​ចិត្ត​ក្លាហាន»។ (កិច្ច​ការ ៤:១៧, ២១, ៣១) ពាក្យ​របស់​ប៉ុល​ជូន​ធីម៉ូថេ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក សម្ដែង​នូវ​លក្ខណៈ​ដ៏​ល្អ​ដែល​ពួក​គ្រីស្ទាន​គួរ​រក្សា។ ប៉ុល​បាន​មាន​ប្រសាសន៍​ថា៖ «ព្រះ​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ ដែល​តែង​តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្ដី​ស្រឡាញ់ នឹង​ប្រាជ្ញា​នឹង​ធឹង​វិញ ដូច្នេះ មិន​ត្រូវ​ឲ្យ​អ្នក​មាន​សេចក្ដី​ខ្មាស ចំពោះ​ការ​ធ្វើ​បន្ទាល់​ពី​ព្រះ​អម្ចាស់​នៃ​យើង ឬ​ដោយ​ព្រោះ​ខ្ញុំ ជា​សិស្ស​របស់​ទ្រង់​ដែល​ជាប់​គុក​នោះ​ឡើយ ចូរ​ទ្រាំ​ទុក្ខ​លំបាក​ជា​មួយ​នឹង​ខ្ញុំ ក្នុង​ដំណឹង​ល្អ តាម​ព្រះ​ចេស្ដា​នៃ​ព្រះ​ចុះ»។—ធីម៉ូថេ​ទី​២ ១:៧, ៨

តើ​យើង​មាន​កាតព្វកិច្ច​អ្វី​ចំពោះ​ពួក​អ្នក​ជិត​ខាង​យើង?

១២. តើ​អ្វី​ជា​មូលហេតុ​ដ៏​សំខាន់​ដែល​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នេះ?

១២ ដើម្បី​ឲ្យ​មាន​អាកប្បកិរិយា​ត្រឹម​ត្រូវ​ចំពោះ​កិច្ច​បំរើ​ផ្សាយ​របស់​យើង យើង​ត្រូវ​តែ​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ។ ហេតុ​អ្វី​ក៏​យើង​ផ្សព្វ​ផ្សាយ? មូលហេតុ​ដ៏​សំខាន់​គឺ​ស​ឲ្យ​ឃើញ​ដោយ​ពាក្យ​របស់​អ្នក​តែងបទ​ទំនុកដំកើង ដែល​ថា៖ «ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់[ព្រះ​យេហូវ៉ា]នឹង​សូម​ឲ្យ​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ​ពរ គេ​នឹង​ថ្លែង​ពី​សិរី​ល្អ​នៃ​នគរ​ទ្រង់ នឹង​ពី​តេជានុភាព​របស់​ទ្រង់ ប្រយោជន៍​ឲ្យ​ពួក​មនុស្សជាតិ​បាន​ស្គាល់ អស់​ទាំង​ការ​ឥទ្ធិឫទ្ធិ​របស់​ទ្រង់ ហើយ​នឹង​សិរី​ល្អ​នៃ​ឫទ្ធានុភាព​របស់​រាជ្យ​ទ្រង់»។ (ទំនុកដំកើង ១៤៥:១០​-​១២) ត្រូវ​ហើយ យើង​ផ្សព្វ​ផ្សាយ​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា​ជា​សាធារណៈ ហើយ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​នាម​ទ្រង់​បរិសុទ្ធ​នៅ​ពី​មុខ​មនុស្សជាតិ​ទាំង​អស់។ ទោះ​ជា​មាន​មនុស្ស​តិច​ណាស់​ដែល​ស្ដាប់​យើង​ក៏​ដោយ ដែល​យើង​ប្រកាស​ដោយ​ស្មោះ​នូវ​សារ​នៃ​សេចក្ដី​សង្គ្រោះ នោះ​នាំ​ឲ្យ​មាន​ការ​សរសើរ​ដល់​ព្រះ​យេហូវ៉ា។

១៣. តើ​អ្វី​ដែល​ជំរុញ​ឲ្យ​យើង​ប្រាប់​អ្នក​ដទៃ​អំពី​សេចក្ដី​សង្ឃឹម​ក្នុង​ការ​សង្គ្រោះ​នោះ?

១៣ យើង​ក៏​ផ្សព្វ​ផ្សាយ​ដោយ​យើង​ស្រឡាញ់​មនុស្ស និង​ដើម្បី​ជៀស​វាង​ទោស​ពី​ការ​កំចាយ​ឈាម។ (អេសេគាល ៣៣:៨; ម៉ាកុស ៦:៣៤) ពាក្យ​របស់​ប៉ុល​បាន​ទាក់​ទង​នឹង​រឿង​នេះ ពេល​ដែល​គាត់​បាន​និយាយ​អំពី​ពួក​អ្នក​ខាង​ក្រៅ​ក្រុម​ជំនុំ​គ្រីស្ទាន​ថា៖ «ខ្ញុំ​មាន​សេចក្ដី​ជំពាក់​ទាំង​សាសន៍​ក្រេក នឹង​សាសន៍​ដទៃ ទាំង​អ្នក​ប្រាជ្ញ នឹង​អ្នក​ខ្លៅ​ផង»។ (រ៉ូម ១:១៤) ប៉ុល​បាន​មាន​អារម្មណ៍​ថា គាត់​មាន​កាតព្វកិច្ច​ចំពោះ​មនុស្ស គឺ​ត្រូវ​ប្រកាស​ដំណឹង​ល្អ​ឲ្យ​គេ ដោយ​ព្រោះ​ជា​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ ដែល«មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ»។ (ធីម៉ូថេ​ទី​១ ២:៤) សព្វ​ថ្ងៃ​នេះ យើង​មាន​សេចក្ដី​ស្រឡាញ់​និង​កាតព្វកិច្ច​នេះ​ចំពោះ​ពួក​អ្នក​ជិត​ខាង​របស់​យើង។ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្សជាតិ បាន​ជំរុញ​ទ្រង់​ឲ្យ​បញ្ជូន​បុត្រា​របស់​ទ្រង់​មក​ផែនដី​នេះ ដើម្បី​សោយ​ទិវង្គត​ជំនួស​ពួក​គេ។ (យ៉ូហាន ៣:១៦) នោះ​ហើយ​ជា​ពលិកម្ម​ដ៏​ធំ​មែន។ យើង​យក​តម្រាប់​តាម​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា នៅ​ពេល​ដែល​យើង​ចំណាយ​ពេល​វេលា​និង​ការ​ខំ​ប្រឹង ក្នុង​ការ​ប្រាប់​ពួក​អ្នក​ឯ​ទៀត​នូវ​ដំណឹង​ល្អ​ពី​សេចក្ដី​សង្គ្រោះ ដែល​មាន​មូលដ្ឋាន​លើ​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ។

១៤. តើ​ព្រះ​គម្ពីរ​រៀប​រាប់​ពី​លោកីយ៍​ខាង​ក្រៅ​ក្រុម​ជំនុំ​គ្រីស្ទាន​យ៉ាង​ដូច​ម្ដេច?

១៤ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចាត់​ទុក​មនុស្ស​គ្នី​គ្នា ថា​អាច​រួម​ចំណែក​ជា​សមាជិក​នៃ​ភាតរភាព​គ្រីស្ទាន។ យើង​ត្រូវ​តែ​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ក្លាហាន ក៏​ប៉ុន្តែ​ចិត្ត​ក្លាហាន​របស់​យើង​ក៏​មិន​ត្រូវ​ធ្វើ​ឡើង​ដោយ​ឥត​ញញើត​គេ​នោះ​ទេ​ដែរ។ តាម​ការ​ពិត ព្រះ​គម្ពីរ​ប្រើ​ពាក្យ​មួយ​ដ៏​ធ្ងន់ ពេល​ចែង​អំពី​លោកីយ៍​ទូទៅ។ ពាក្យ«លោកីយ៍»នេះ បាន​យក​មក​ប្រើ​ដោយ​សាវ័ក​ប៉ុល​ក្នុង​ន័យ​ដ៏​អវិជ្ជមាន ពេល​គាត់​និយាយ​អំពី«ប្រាជ្ញា​របស់​លោកីយ​នេះ» និង​អំពី«សេចក្ដី​ប៉ង​ប្រាថ្នា​ក្នុង​លោក​នេះ»។ (កូរិនថូស​ទី​១ ៣:១៩; ទីតុស ២:១២) ប៉ុល​ក៏​បាន​រំឭក​ពួក​គ្រីស្ទាន​នៅអេភេសូរថា នៅ​ពេល​ដែល​ពួក​គេ​បាន​ដើរ«តាម​របៀប​លោកីយ​នេះ» នោះ​ពួក​គេ​បាន«ស្លាប់»ខាង​វិញ្ញាណ។ (អេភេសូរ ២:១​-​៣) សេចក្ដី​ថ្លែង​ទាំង​នេះ​និង​សេចក្ដី​ថ្លែង​ឯ​ទៀត​នោះ គឺ​សម​ស្រប​តាម​ពាក្យ​របស់​សាវ័កយ៉ូហានដែល​ថា៖ «លោកីយ​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច»។—យ៉ូហាន​ទី​១ ៥:១៩

១៥. ស្តី​អំពី​ពួក​បុគ្គល​ខាង​ក្រៅ​ក្រុម​ជំនុំ​គ្រីស្ទាន តើ​យើង​មិន​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី​ក៏​មិន​ធ្វើ​នោះ?

១៥ ក៏​ប៉ុន្តែ​ចូរ​ចាំ​ថា សេចក្ដី​ថ្លែង​បែប​នេះ​គឺ​សំដៅ​ទៅ​លោកីយ៍​ទូទៅ ដែល​បាន​ឃ្លាត​ចេញ​ពី​ព្រះ មិន​មែន​សំដៅ​ទៅ​បុគ្គល​ម្នាក់​ៗ​នោះ​ទេ។ ពួក​គ្រីស្ទាន​មិន​សន្មត​ដោយ​វិនិច្ឆ័យ​ទុក​ជា​មុន​ថា បុគ្គល​ម្នាក់​ៗ​នឹង​ប្រព្រឹត្ត​តប​យ៉ាង​ណា​ចំពោះកិច្ច​ការផ្សព្វ​ផ្សាយ​នេះ​ឡើយ។ ពួក​គេ​ឥត​មាន​មូលដ្ឋាន​ទេ​ក្នុង​ការ​ចាត់​ទុក​បុគ្គល​ណា​ម្នាក់​ជា​ពពែ​នោះ។ គឺ​មិន​ស្រេច​នឹង​យើង​ក្នុង​ការ​និយាយ​ថា នឹង​មាន​លទ្ធផល​យ៉ាង​ណា​ពេល​ដែល​ព្រះ​យេស៊ូ​យាង​មក​ញែក«ចៀម»ពី«ពពែ»នោះ។ (ម៉ាថាយ ២៥:៣១​-​៤៦) ព្រះ​យេស៊ូ​ជា​ចៅ​ក្រម​ដែល​បាន​ត្រូវ​រើស​តាំង មិន​មែន​យើង​រាល់​គ្នា​នោះ​ទេ។ ម្យ៉ាង​ទៀត បទពិសោធន៍​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មនុស្ស​ខ្លះ​ដែល​បាន​ជាប់​ទាក់​ទង​យ៉ាង​ជ្រៅ​នឹង​អាកប្បកិរិយា​ដ៏​អាក្រក់​បំផុត ក៏​បាន​ទទួលយក​សារ​ព្រះ​គម្ពីរ បាន​កែ​ប្រែ ហើយ​បាន​ក្លាយ​ទៅ​ជា​ពួក​គ្រីស្ទាន​ដែល​រស់​នៅ​យ៉ាង​ស្អាត​ស្អំ​វិញ។ ដូច្នេះ​ហើយ ទោះ​ជា​យើង​មិន​ស្វែង​រក​ការ​សេព​គប់​នឹង​បុគ្គល​ណា​ម្នាក់​នេះ តែ​យើង​ក៏​មិន​មាន​ចិត្ត​ស្ទាក់​ស្ទើរ​និយាយ​ជា​មួយ​នឹង​គេ​អំពី​សេចក្ដី​សង្ឃឹម​ខាង​ព្រះ​រាជាណាចក្រ កាល​ដែល​មាន​ឱកាស​នោះ​ដែរ។ បទគម្ពីរ​ចែង​អំពី​ពួក​បុគ្គល​ខ្លះ​ៗ ដែល​ទោះ​ជា​ពួក​គេ​មិន​ទាន់​ជា​អ្នក​ជឿ​នៅ​ឡើយ ក៏​ជា«អស់​អ្នក​ដែល​សម​ទទួល​ជីវិត​ជា​រៀង​រហូត»ដែរ។ នៅ​ទី​បំផុត ពួក​គេ​បាន​ទៅ​ជា​អ្នក​ជឿ​ព្រះ​វិញ។ (កិច្ច​ការ ១៣:៤៨, ព.ថ.) យើង​មិន​អាច​ដឹង​ថា អ្នក​ណា​គេ​ដែល​សម​ទទួល​នោះ​ឡើយ លុះ​ត្រា​តែ​យើង​បាន​ធ្វើ​បន្ទាល់ ប្រហែល​ជា​ច្រើន​ដង​ផង​មើល​ទៅ។ ដោយ​ចង​ចាំ​អំពី​រឿង​នេះ យើង​ប្រព្រឹត្ត​លើ​អស់​អ្នក​ដែល​មិន​ទាន់​ទទួល​សារ​ពី​សេចក្ដី​សង្គ្រោះ ដោយ«ចិត្ត​សុភាព»និង​ដោយ‹សេចក្ដី​គោរព​យ៉ាង​ជ្រាល​ជ្រៅ› ព្រោះ​សង្ឃឹម​ថា ពួក​អ្នក​ខ្លះ​ពី​ចំណោម​ពួក​គេ​ប្រហែល​ជា​នឹង​ប្រព្រឹត្ត​តប​នឹង​សារ​នេះ​ខាង​ជីវិត។—ធីម៉ូថេ​ទី​២ ២:២៥; ពេត្រុស​ទី​១ ៣:១៥

១៦. តើ​អ្វី​ជា​មូលហេតុ​មួយ​ដែល​យើង​ចង់​បណ្ដុះ​នូវ‹ការ​ប៉ិន​ប្រសប់​ខាង​ការ​បង្រៀន›?

១៦ ការ​បណ្ដុះ​ឲ្យ​មាន​បំនិន​ជា​គ្រូ នឹង​បង្កើន​នូវ​ចិត្ត​ខ្នះ​ខ្នែង​របស់​យើង​ចង់​ប្រកាស​ដំណឹង​ល្អ។ ជា​ឧទាហរណ៍ បុគ្គល​ម្នាក់​ប្រហែល​ជា​មិន​ចាប់​អារម្មណ៍​នឹង​កីឡា​មួយ ដោយ​សារ​គាត់​ពុំ​ចេះ​លែង​កីឡា​នោះ។ ក៏​ប៉ុន្តែ​ចំពោះ​បុគ្គល​ម្នាក់​ដែល​ចេះ​លែង​កីឡា​នោះ គឺ​ពេញ​ចិត្ត​មែន​ទែន។ ស្រដៀង​គ្នា​ដែរ ពួក​គ្រីស្ទាន​ដែល​បណ្ដុះ​នូវ‹ការ​ប៉ិន​ប្រសប់​ខាង​ការ​បង្រៀន› នឹង​បង្កើន​អំណរ​របស់​គេ​នៅ​ក្នុង​កិច្ច​បំរើ​ផ្សាយ។ (ធីម៉ូថេ​ទី​២ ៤:២; ទីតុស ១:៩) ប៉ុល​បាន​ឲ្យ​ធីម៉ូថេ​នូវ​ឱវាទ ថា៖ «ចូរ​ខំ​ប្រឹង​នឹង​ថ្វាយ​ខ្លួន​ដល់​ព្រះ ទុក​ជា​មនុស្ស​ដែល​បាន​ល្បង​ល​ជាប់​ហើយ ជា​អ្នក​ធ្វើ​ការ ដែល​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ»។ (ធីម៉ូថេ​ទី​២ ២:១៥) តើ​តាម​របៀប​ណា​ដែល​យើង​អាច​បណ្ដុះ​នូវ​ការ​ប៉ិន​ប្រសប់​ខាង​ការ​បង្រៀន​របស់​យើង?

១៧. តើ​តាម​របៀប​ណា ដែល​យើង​អាច‹បណ្ដុះ​នូវ​ចិត្ត​ចង់​សង្វាត​រក›នូវ​ចំណេះ​ពី​ព្រះ​គម្ពីរ ហើយ​តើ​ដោយ​ដូច​ម្ដេច​ដែល​ចំណេះ​បែប​នេះ​អាច​ផ្ដល់​ប្រយោជន៍​ឲ្យ​កិច្ច​បំរើ​ផ្សាយ​របស់​យើង?

១៧ វិធី​មួយ​គឺ​ដោយ​យក​បន្ថែម​នូវ​ចំណេះ​ត្រឹម​ត្រូវ។ សាវ័ក​ពេត្រុស​លើក​ទឹក​ចិត្ត​យើង​ថា៖ «ត្រូវ​ឲ្យ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ ខាង​ឯ​ព្រលឹង​វិញ្ញាណ​វិញ ដូច​ជា​ទារក​ដែល​ទើប​នឹង​កើត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំរើន​ធំ​ឡើង ដរាប​ដល់​បាន​សង្គ្រោះ»។ (ពេត្រុស​ទី​១ ២:២) ទារក​ដែល​មាន​សុខភាព​ល្អ ក៏​សង្វាត​រក​ទឹក​ដោះ​ដោយ​សុភា​វ​គតិ។ ក៏​ប៉ុន្តែ គ្រីស្ទាន​ម្នាក់​ប្រហែល​ជា​ត្រូវ​បណ្ដុះ​នូវ​ចិត្ត​ចង់«សង្វាត​រក»ខាង​ឯ​ចំណេះ​ព្រះ​គម្ពីរ។ នេះ​អាច​សម្រេច​បាន​ដោយ​បណ្ដុះ​នូវ​ទម្លាប់​ដ៏​ល្អ ខាង​ការ​សិក្សា​និង​ការ​អាន។ (សុភាសិត ២:១​-​៦) យើង​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ការ​ខំ​ប្រឹង​និង​ការ​ទូន្មាន​ខ្លួន បើ​យើង​ចង់​ទៅ​ជា​គ្រូ​ដ៏​ប៉ិន​ប្រសប់​ខាង​បន្ទូល​របស់​ព្រះ ក៏​ប៉ុន្តែ​ការ​ខំ​ប្រឹង​បែប​នេះ​នាំ​ឲ្យ​មាន​ផល​ល្អ។ សេចក្ដី​រីករាយ​ដែល​មាន​មក​ពី​ការ​ពិនិត្យ​មើល​បន្ទូល​របស់​ព្រះ នឹង​ធ្វើ​ឲ្យ​យើង​ភ្លឺ​ថ្លា​ដោយ​វិញ្ញាណ​របស់​ព្រះ ក្នុង​ការ​មាន​ចិត្ត​ខ្នះ​ខ្នែង​ចង់​ចែក​ប្រាប់​អ្នក​ដទៃ​នូវ​អ្វី​ដែល​យើង​រៀន។

១៨. តើ​តាម​របៀប​ណា​ដែល​កិច្ច​ប្រជុំ​គ្រីស្ទាន អាច​ប្រដាប់​យើង​ឲ្យ​កាន់​បន្ទូល​ជា​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ​នោះ?

១៨ កិច្ច​ប្រជុំ​គ្រីស្ទាន​ក៏​មាន​មុខ​នាទី​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​យើង​ប្រើ​បន្ទូល​របស់​ព្រះ​យ៉ាង​ប៉ិន​ប្រសប់។ នៅ​ពេល​ដែលបទគម្ពីរ​ផ្សេង​ៗ​បាន​ត្រូវ​អាន ក្នុង​កំឡុង​ពេល​ថ្លែង​សុន្ទរកថា​សាធារណៈ​និង​ការ​ពិគ្រោះ​ឯ​ទៀត​ខាងបទគម្ពីរ នោះ​ជា​ការ​ល្អ​ឲ្យ​យើង​មើល​តាម​ព្រះ​គម្ពីរ​របស់​យើង។ យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ផ្នែក​នៃ​កិច្ច​ប្រជុំ ដែល​រួម​បញ្ចូល​ផ្នែក​ណា​ដែល​ទាក់​ទង​យ៉ាង​ចំ​ៗ​នឹងកិច្ច​ការផ្សព្វ​ផ្សាយ​របស់​យើង។ យើង​មិន​គួរ​បន្ទាប​តម្លៃ​នៃ​ការ​សម្ដែង ដោយ​ប្រហែល​ជា​អនុញ្ញាត​ឲ្យ​ខ្លួន​យើង​ទៅ​ជា​មាន​ស្មារតី​មិន​មូល។ ម្ដង​នេះ​ទៀត គឺ​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ការ​ប្រដៅ​ខ្លួន​ឯង​និង​ការ​ខំ​ជញ្ជឹង​គិត។ (ធីម៉ូថេ​ទី​១ ៤:១៦) កិច្ច​ប្រជុំ​គ្រីស្ទាន​ស្អាង​ឡើង​នូវ​ជំនឿ​របស់​យើង ក៏​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ចង់​សង្វាត​រក​បន្ទូល​របស់​ព្រះ ព្រម​ទាំង​បង្ហាត់​យើង​ឲ្យ​ទៅ​ជា​អ្នក​ប្រកាស​ដ៏​ខ្នះ​ខ្នែង​នូវ​ដំណឹង​ល្អ។

យើង​អាច​ពឹង​ពាក់​លើ​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា

១៩. ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ​ក្នុង​ចូល​រួមកិច្ច​ការផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់​នោះ?

១៩ ពួក​គ្រីស្ទាន​ដែល‹ព្យាយាម​ដោយ​មាន​វិញ្ញាណ› ហើយ​ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង​ប្រកាស​ដំណឹង​ល្អ នោះ​នឹង​ខំ​ចូល​រួម​ក្នុង​កិច្ច​បំរើ​ផ្សាយ​ជា​ទៀង​ទាត់។ (អេភេសូរ ៥:១៥, ១៦) ពិត​មែន គឺ​មាន​កាលៈទេសៈ​ផ្សេង​ៗ​ពី​គ្នា ហើយ​មិន​អាច​ចំណាយ​ពេល​ដូច​ៗ​គ្នា​ទាំង​អស់​បាន​ឡើយ ក្នុងកិច្ច​ការដ៏​សង្គ្រោះ​ជីវិត​នេះ។ (កាឡាទី ៦:៤, ៥) ក៏​ប៉ុន្តែ អ្វី​ដែល​ប្រហែល​ជា​សំខាន់​ជាង​ចំនួន​ម៉ោង​ដែល​យើង​ចំណាយ​ក្នុងកិច្ច​ការផ្សព្វ​ផ្សាយ​នោះ គឺ​ជា​ភាព​ញឹក​ញាប់​ដែល​យើង​និយាយ​អំពី​សេចក្ដី​សង្ឃឹម​របស់​យើង​ដល់​អ្នក​ដទៃ។ (ធីម៉ូថេ​ទី​២ ៤:១, ២) ពេល​ណា​យើង​ផ្សព្វ​ផ្សាយ​បាន​ច្រើន នោះ​យើង​នឹង​អបអរ​កាន់​តែ​ច្រើន​ឡើង​នូវ​សារៈ​សំខាន់​នៃកិច្ច​ការនេះ។ (រ៉ូម ១០:១៤, ១៥) យើង​នឹង​បង្កើន​ឲ្យ​មាន​ចិត្ត​អាណិត​អាសូរ​និង​ការ​យោគ​យល់ ពេល​ដែល​យើង​ជួប​ជា​ញឹក​ញាប់​នូវ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ហើយ​យំ​ថ្ងូរ ទាំង​គ្មាន​សេចក្ដី​សង្ឃឹម​ផង​នោះ។—អេសេគាល ៩:៤; រ៉ូម ៨:២២

២០, ២១. (ក) តើ​មានកិច្ច​ការអ្វី​ដែល​នៅ​ខាង​មុខ​យើង​នៅ​ឡើយ? (ខ) តើ​ព្រះ​យេហូវ៉ា​កំពុង​តែ​គាំទ្រ​ការ​ខំ​ប្រឹង​របស់​យើង​យ៉ាង​ដូច​ម្ដេច?

២០ ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​យើង​នូវ​ដំណឹង​ល្អ​នេះ។ នេះ​ជា​មុខ​ងារ​ដំបូង​ដែល​យើង​ទទួល​ពី​ទ្រង់ ជា«អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ»។ (កូរិនថូស​ទី​១ ៣:៦​-​៩) យើង​មាន​ចិត្ត​ខ្នះ​ខ្នែង​ចង់​បំពេញ​នូវ​ភារកិច្ច​នេះ​ដែល​ព្រះ​បាន​ប្រទាន​មក យ៉ាង​អស់​ពី​ចិត្ត និង​ដោយ​អស់​ពី​សមត្ថភាព​របស់​យើង។ (ម៉ាកុស ១២:៣០; រ៉ូម ១២:១) គឺ​នៅ​តែ​មាន​មនុស្ស​ជា​ច្រើន​ក្នុង​លោកីយ៍​នេះ ដែល​សម​ទទួល​ហើយ​ក៏​ស្រេក​ឃ្លាន​ចំពោះ​សេចក្ដី​ពិត។ គឺ​មានកិច្ច​ការធ្វើ​ច្រើន​ណាស់ ក៏​ប៉ុន្តែ​យើង​អាច​ពឹង​ពាក់​ថា​ព្រះ​យេហូវ៉ា​នឹង​គាំទ្រ​យើង កាល​ដែល​យើង​បំពេញ​កិច្ច​បំរើ​ផ្សាយ​របស់​យើង​យ៉ាង​ពេញ​លេញ​នោះ។—ធីម៉ូថេ​ទី​២ ៤:៥

២១ ព្រះ​យេហូវ៉ា​អញ្ជើញ​យើង​ទទួល​នូវ​វិញ្ញាណ​របស់​ទ្រង់ ហើយ​ប្រដាប់​យើង​ដោយ«ដាវ​របស់​ព្រះ​វិញ្ញាណ» ដែល​ជា​បន្ទូល​របស់​ព្រះ។ ដោយ​បាន​ជំនួយ​ពី​ទ្រង់ យើង​អាច​បើក​មាត់​យើង«ដោយ​ក្លាហាន នឹង​សំដែង​ពី​សេចក្ដី​អាថ៌​កំបាំង​នៃ​ដំណឹង​ល្អ»។ (អេភេសូរ ៦:១៧​-​២០) សូម​ឲ្យ​សេចក្ដី​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ទៅ​ពួក​គ្រីស្ទាន​នៅ​ថែស្សាឡូនីច ជា​អ្វី​ដែល​ទាក់​ទង​នឹង​យើង​ចុះ​ដែល​ថា៖ «ដំណឹង​ល្អ​របស់​យើង​ខ្ញុំ មិន​បាន​ផ្សាយ​មក​ដល់​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សំដី​តែ​ប៉ុណ្ណោះ​ទេ គឺ​ដោយ​ព្រះ​ចេស្ដា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែរ ហើយ​ដោយ​សេចក្ដី​ជំនឿ​ដ៏​មោះ​មុត​ជា​ខ្លាំង​ថែម​ទៀត​ផង»។ (ថែស្សាឡូនីច​ទី​១ ១:៥) ត្រូវ​ហើយ ចូរ​ឲ្យ​យើង​ប្រកាស​ដំណឹង​ល្អ​ដោយ​ចិត្ត​ខ្នះ​ខ្នែង​ចុះ!

ការ​រៀន​សា​ឡើង​វិញ​ដោយ​សង្ខេប

ដោយ​ព្រោះ​មាន​កង្វល់​ក្នុង​ជីវិត តើ​អ្វី​ដែល​អាច​កើត​ឡើង​ដល់​ចិត្ត​ខ្នះ​ខ្នែង​របស់​យើង​ចំពោះ​កិច្ច​បំរើ​ផ្សាយ?

តើ​តាម​របៀប​ណា​ដែល​សេចក្ដី​ប្រាថ្នា​របស់​យើង​ចំពោះ​ការ​ប្រកាស​ដំណឹង​ល្អ គួរ​តែ​ដូច​ជា«ភ្លើង​ឆេះ»ក្នុង​ចិត្ត​របស់​យើង​នោះ?

តើ​យើង​គួរ​ជៀស​វាង​អាកប្បកិរិយា​ដ៏​អវិជ្ជមាន​ណា​ខ្លះ ចំពោះ​កិច្ច​បំរើ​ផ្សាយ?

ជា​ទូទៅ តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អស់​អ្នក​ដែល​ឥត​មាន​ជំនឿ​ដូច​យើង?

តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​រក្សា​នូវ​ចិត្ត​ខ្នះ​ខ្នែង​របស់​យើង ក្នុងកិច្ច​ការផ្សព្វ​ផ្សាយ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​៩]

ពួក​គ្រីស្ទាន​យក​តម្រាប់​តាម​ចិត្ត​ខ្នះ​ខ្នែង​របស់​សាវ័ក​ប៉ុល​និង​លោកយេរេមា

[រូប​ភាព​នៅ​ទំព័រ​១០]

ចិត្ត​ខ្នះ​ខ្នែង​របស់​យើង​ក្នុង​កិច្ច​បំរើ​ផ្សាយ គឺ​បាន​ត្រូវ​ជំរុញ​ដោយ​ព្រោះ​ស្រឡាញ់​ព្រះ​និង​អ្នក​ជិត​ខាង​យើង