លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើជីវិតរបស់អ្នកអាចមានអត្ថន័យច្រើនជាងឬទេ?

តើជីវិតរបស់អ្នកអាចមានអត្ថន័យច្រើនជាងឬទេ?

តើ​ជីវិត​របស់​អ្នក​អាច​មាន​អត្ថន័យ​ច្រើន​ជាង​ឬ​ទេ?

តម្លៃ​ពិត​ប្រាកដ​មិន​តែង​តែ​ជា​អ្វី​ដែល​អាច​មើល​ឃើញ​ទេ។ ក្រដាស​ប្រាក់​ដែល​មាន​តម្លៃ​ធំ​បំផុត​ដែល​ធ្លាប់​ប្រើ​នៅ​សហរដ្ឋ​អាមេរិក នោះ​មាន​តម្លៃ​១០.០០០​ដុល្លារ​ដែល​ចុះ​លើ​ក្រដាស​ប្រាក់​នោះ។ ក៏​ប៉ុន្តែ ក្រដាស​ដែល​បាន​ត្រូវ​ប្រើ​ដើម្បី​បោះ​ពុម្ព​ប្រាក់​នោះ មាន​តម្លៃ​តែ​ពីរ​បី​សេន​ប៉ុណ្ណោះ។

តើ​អ្នក​ធ្លាប់​ឆ្ងល់​ថា តើ​សន្លឹក​ក្រដាស​ដែល​មាន​តម្លៃ​បន្ដិច​បន្តួច​ប៉ុណ្ណោះ អាច​នាំ​ឲ្យ​ជីវិត​របស់​អ្នក​មាន​ន័យ​ពិត​ប្រាកដ​ទេ? មនុស្ស​ជា​ច្រើន​នាក់​គិត​ថា​វា​អាច​នាំ​មក​នូវ​អត្ថន័យ​ពិត​ប្រាកដ​មែន។ មនុស្ស​រាប់​លាន​នាក់​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ឲ្យ​រក​បាន​លុយ​ច្រើន​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន។ ជួន​កាល​ការ​តាម​រក​លុយ​កាក់​តម្រូវ​ឲ្យ​លះ​បង់​ចោល​សុខភាព​ល្អ ពួក​ម៉ាក និង​សូម្បី​តែ​ក្រុម​គ្រួសារ​របស់​គេ​ទៀត​ផង។ តើ​នេះ​មាន​ប្រយោជន៍​អ្វី? តើ​លុយ​ឬ​ក៏​អ្វី​ៗ​ដែល​យើង​អាច​ប្រើ​លុយ​ទិញ​មក​នោះ អាច​នាំ​មក​នូវ​ការ​ពេញ​ចិត្ត​ដ៏​ពិត​ប្រាកដ​និង​ជា​ស្ថាពរ​ទេ?

យោង​ទៅ​តាម​ពួក​អ្នក​ស្រាវ​ជ្រាវ បើ​សិន​ជា​យើង​ស្វែង​រក​កាន់​តែ​ខ្លាំង នូវ​ការ​ពេញ​ចិត្ត​ដោយ​ផ្អែក​ទៅ​លើ​ទ្រព្យ​សម្បត្ដិ នោះ​លទ្ធភាព​របស់​យើង​ដើម្បី​រក​ឃើញ​ការ​ពេញ​ចិត្ត​គឺ​កាន់​តែ​តិច​ដែរ។ អ្នក​កាសែត​ម្នាក់ ឈ្មោះ​អាល​ហ្វី ខន បាន​សន្និដ្ឋាន​ថា៖ «ការ​ពេញ​ចិត្ត​មិន​មែន​ជា​អ្វី​ដែល​អាច​ទិញ​បាន​ទេ . . . មនុស្ស​ដែល​ចាត់​ទុក​ភាព​ធូរ​ធារ​ជា​អាទិភាព​ក្នុង​ជីវិត ច្រើន​តែ​ពិសោធ​នូវ​ការ​តាន​តឹង​ក្នុងចិត្ត​និង​ការ​ធ្លាក់​ទឹក​ចិត្ត​ជា​ច្រើន​ខុស​ពី​ធម្មតា ថែម​ទាំង​សុខុមាលភាព​ទូទៅ​មាន​កំរិត​ទាប​ជាង​ធម្មតា​ផង​ដែរ»។—អិនធើណាសិនណាល ហេរឺល ទ្រីព្យូន។

ទោះ​បី​អ្នក​ស្រាវ​ជ្រាវ​ទទួល​ស្គាល់​ថា ជីវិត​មួយ​ដែល​ប្រកប​ដោយ​អត្ថន័យ​តម្រូវ​នូវ​អ្វី​ៗ​ផ្សេង​ទៀត ក្រៅ​ពី​លុយ​ក៏​ដោយ តែ​មនុស្ស​ជា​ច្រើន​មិន​គិត​អ៊ីចឹង​ទេ។ នេះ​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ពីព្រោះ​អ្នក​ដែល​នៅ​បស្ចិម​ប្រទេស​ប្រហែល​ជា​ប្រទះ​ឃើញ​ការ​ផ្សាយ​ពាណិជ្ជកម្ម រហូត​ដល់​៣.០០០​ដង​ក្នុង​មួយ​ថ្ងៃ។ មិន​ថា​ការ​ផ្សាយ​នេះ​ឃោសនា​ពី​ការ​លក់​រថយន្ត​ឬ​ក៏​ស្ករ​គ្រាប់​ក៏​ដោយ ការ​ឃោសនា​នោះ​ចង់​ផ្សាយ​ថា៖ ‹ទិញ​វត្ថុ​នេះ​ទៅ ហើយ​អ្នក​នឹង​សប្បាយ​ចិត្ត​ជាង›។

តើ​អ្វី​ជា​លទ្ធផល​ពី​ការ​ផ្សាយ​មិន​ឈប់​ឈរ​ពី​តម្លៃ​នៃ​ទ្រព្យ​សម្បត្ដិ? លទ្ធផល​គឺ​អ្វី​ៗ​ខាង​វិញ្ញាណ​ច្រើន​តែ​ត្រូវ​គេ​ធ្វើ​ព្រងើយ! យោង​ទៅ​តាម​សេចក្ដី​រាយ​ការណ៍​ក្នុង​ទស្សនាវដ្ដី ញូវ​វីក នៅ​ពេល​ថ្មី​ៗ​នេះ​មេ​អេវ៉ែក​នៅ​ទី​ក្រុង​កូឡូង ប្រទេស​អាល្លឺម៉ង់ បាន​ប្រកាស​ថា៖ «ក្នុង​សង្គម​របស់​យើង រឿង​ខាង​ព្រះ​បាន​លែង​ត្រូវ​គេ​យក​មក​ពិភាក្សា​ទៀត​ហើយ»។

ប្រហែល​ជា​អ្នក​បាន​ប្រមូល​កម្លាំង​របស់​អ្នក​ទៅ​លើ​ការ​រក​ស៊ី។ ហើយ​ក៏​ប្រហែល​ជា​អ្នក​គិត​ថា អ្នក​ឥត​សូវ​មាន​ពេល​សំរាប់​អ្វី​ផ្សេង​ទៀត​ទេ។ ក៏​ប៉ុន្តែ ប្រហែល​ជា​យូរ​ៗ​ម្ដង​អ្នក​មាន​អារម្មណ៍​ថា ជីវិត​ត្រូវ​តែ​មាន​ច្រើន​ជាង​ការ​ធ្វើកិច្ច​ការដដែល​ៗ​រហូត​ដល់​សុខភាព​របស់​អ្នក​ឬ​ក៏​អាយុ​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​ឈប់។

តើ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​អ្វី​ៗ​ខាង​វិញ្ញាណ អាច​នាំ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ច្រើន​ជាង​ទេ? តើ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​មាន​អត្ថន័យ​ច្រើន​ជាង​បាន?