លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញគឺពិតប្រាកដមែន!

សេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញគឺពិតប្រាកដមែន!

សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ​គឺ​ពិត​ប្រាកដ​មែន!

‹ខ្ញុំ​ប្របាទ​មាន​សេចក្ដី​សង្ឃឹម​ដល់​ព្រះ . . . គឺ​ថា នឹង​មាន​ដំណើរ​រស់​ឡើង​វិញ›។—កិច្ច​ការ ២៤:១៥

១. ហេតុ​អ្វី​ក៏​យើង​អាច​មាន​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ?

 ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​យើង​នូវ​មូលហេតុ​ដ៏​ល្អ ចំពោះ​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ។ ទ្រង់​សន្យា​ថា ទ្រង់​នឹង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ងើប​ឡើង គឺ​ក្រោក​ឈរ​មាន​ជីវិត​ម្ដង​ទៀត។ ហើយ​រាជបំណង​របស់​ទ្រង់​ស្តី​អំពី​អស់​អ្នក​ដែល​ស្លាប់​ទៅ​នោះ គឺ​ប្រាកដ​នឹង​បាន​សម្រេច​ជា​ពុំ​ខាន។ (អេសាយ ៥៥:១១; លូកា ១៨:២៧) តាម​ការ​ពិត ព្រះ​បាន​បង្ហាញ​នូវ​ព្រះ​ចេស្ដា​របស់​ទ្រង់ ក្នុង​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។

២. តើ​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ​អាច​មាន​ប្រយោជន៍​ដល់​យើង​យ៉ាង​ដូច​ម្ដេច?

ជំនឿ​លើ​សំ​វិធានការ​របស់​ព្រះ​ចំពោះ​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ តាម​រយៈ​បុត្រា​របស់​ទ្រង់ ព្រះ​យេស៊ូ​គ្រីស្ទ អាច​ទ្រ​ទ្រង់​យើង​ពេល​មាន​ការ​តាន​តឹង​ក្នុង​ជីវិត។ ភាព​ប្រាកដ​នៃ​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ ក៏​អាច​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​របស់​យើង​ចំពោះ​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌ ទោះ​ជា​រហូត​ដល់​ស្លាប់​ក៏​ដោយ។ សេចក្ដី​សង្ឃឹម​នៃ​ដំណើរ​រស់​ឡើង​វិញ​របស់​យើង ប្រហែល​ជា​នឹង​ពង្រឹង​ថែម​ទៀត កាល​ដែល​យើង​ពិនិត្យ​មើល​នូវ​ការ​ស្ដារ​ឡើង​វិញ​នូវ​ជីវិត ដែល​បាន​កត់​ទុក​នៅ​ក្នុង​ព្រះ​គម្ពីរ​នោះ។ អព្ភូតហេតុ​ទាំង​នេះ​បាន​ត្រូវ​សម្រេច​តាម​រយៈ​ព្រះ​ចេស្ដា​ពី​ព្រះ​អម្ចាស់​មហា​ក្សត្រ គឺ​ព្រះ​យេហូវ៉ា។

ពួក​គេ​បាន​ទទួល​ពួក​មនុស្ស​ស្លាប់​របស់​គេ​ដោយ​ដំណើរ​រស់​ឡើង​វិញ

៣. តើ​អេលីយ៉ា​មាន​អំណាច ដើម្បី​ធ្វើ​អ្វី​ពេល​ដែល​កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ក្រុង​សារិបតា​បាន​ស្លាប់​នោះ?

ក្នុង​ការ​ពិនិត្យ​មើល​ឡើង​វិញ​ដ៏​រំភើប​ចិត្ត​ស្តី​អំពី​ជំនឿ ដែល​បាន​សម្ដែង​ដោយ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មុន​សម័យ​គ្រីស្ទាន នោះ​សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «ពួក​ស្រី​ៗ​បាន​ទទួល​មនុស្ស​ស្លាប់​របស់​ខ្លួន​មក ដោយ​រស់​ពី​ស្លាប់​ឡើង​វិញ»។ (ហេព្រើរ ១១:៣៥; ១២:១) ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ គឺ​ជា​ស្ត្រី​មេម៉ាយ​ដ៏​ក្រ​ម្នាក់​ពី​ក្រុង​សារិបតា​នៅ​ស្រុក​ភេនីស។ ដោយ​សារ​នាង​មាន​ចិត្ត​ដ៏​រាក់​ទាក់​នឹង​ព្យាការី​របស់​ព្រះ ឈ្មោះ​អេលីយ៉ា ដោយ​សារ​អព្ភូតហេតុ នោះ​ម្សៅ​និង​ប្រេង ឥត​បាន​រលោះ​ឡើយ​ក្នុង​កំឡុង​ពេល​ទុរភិក្ស ដែល​ប្រហែល​ជា​អាច​បណ្ដាល​ឲ្យ​គាត់​និង​កូន​ប្រុស​គាត់​ស្លាប់​ទៅ​បាន។ ក្រោយ​មក នៅ​ពេល​ដែល​កូន​ប្រុស​នេះ​ស្លាប់​ទៅ នោះ​អេលីយ៉ា​បាន​ផ្ដេក​កូន​នេះ​ទៅ​លើ​គ្រែ រួច​អធិស្ឋាន ទាំង​ទ្រោប​លើ​កូន​នោះ​បី​ដង ហើយ​បាន​អង្វរ​ថា៖ «ឱ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ទូល​បង្គំ​អើយ សូម​ឲ្យ​ព្រលឹង​របស់​កូន​នេះ​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន​វា​វិញ​ចុះ»។ ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ព្រលឹង​ឬ​ក៏​ជីវិត​ឲ្យ​ត្រឡប់​មក​ក្នុង​ក្មេង​ប្រុស​នេះ​វិញ។ (ពង្សាវតារ​ក្សត្រ​ទី​១ ១៧:៨​-​២៤) ចូរ​គិត​នូវ​អំណរ​របស់​ស្ត្រី​មេម៉ាយ​នេះ កាល​ដែល​នាង​បាន​ទទួល​ផល​ល្អ​ដោយ​សារ​ជំនឿ​របស់​នាង ស្តី​អំពី​ការ​កត់​ទុក​ដំបូង​នៃ​ដំណើរ​រស់​ឡើង​វិញ គឺ​អំពី​កូន​ប្រុស​ស្ងួន​ភ្ងា​របស់​នាង​ហ្ន៎!

៤. តើ​អព្ភូតហេតុ​អ្វី​ដែល​អេលីសេ​បាន​ធ្វើ​នៅ​ក្រុង​ស៊ូណែម?

ស្ត្រី​ម្នាក់​ទៀត​ដែល​បាន​ទទួល​មនុស្ស​ស្លាប់​របស់​គាត់​មក​វិញ​តាម​រយៈ​ដំណើរ​រស់​ឡើង​វិញ បាន​រស់​នៅ​ក្រុង​ស៊ូណែម។ ជា​ប្រពន្ធ​របស់​បុរស​ដ៏​ចាស់​ម្នាក់ នោះ​គាត់​បាន​បង្ហាញ​នូវ​ចិត្ត​សប្បុរស​ដល់​ព្យាការី​អេលីសេ​និង​អ្នក​បំរើ​របស់​លោក។ គាត់​បាន​ទទួល​ពរ​ជា​កូន​ប្រុស​មួយ។ ក៏​ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គាត់​បាន​ហៅ​ព្យាការី​នេះ​មក ពេល​ដែល​ព្យាការី​មក​ដល់​បាន​ឃើញ​ថា កូន​ប្រុស​នេះ​បាន​ស្លាប់​រួច​ទៅ​ហើយ​នៅ​ឯ​ផ្ទះ​ស្ត្រី​នោះ។ ក្រោយ​ពី​អេលីសេ​បាន​អធិស្ឋាន​និង​ចាត់​វិធានការ​ជាក់​លាក់​ហើយ នោះ«សាច់​កូន​នោះ​ក៏​ក្ដៅ​ឧណ្ហ​ឡើង»។ កូន​នេះ«កណ្ដាស់​៧​ដង រួច​បើក​ភ្នែក​ឡើង»។ យ៉ាង​ច្បាស់​ណាស់ ដំណើរ​រស់​ឡើង​វិញ​នេះ​បាន​ធ្វើ​ឲ្យ​ទាំង​ម្ដាយ​និង​កូន​ប្រុស​របស់​គាត់ សប្បាយ​រីករាយ​យ៉ាង​ខ្លាំង។ (ពង្សាវតារ​ក្សត្រ​ទី​២ ៤:៨​-​៣៧; ៨:១​-​៦) ក៏​ប៉ុន្តែ ពួក​គេ​នឹង​សប្បាយ​ច្រើន​ជាង​ពេល​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​លើ​ផែនដី ដែល​ជា‹ដំណើរ​រស់​ឡើង​វិញ​បែប​ប្រសើរ​ជាង› ដែល​ឲ្យ​គេ​មាន​លទ្ធភាព​មិន​ចេះ​ស្លាប់​ម្ដង​ទៀត​នោះ! នេះ​ជា​មូលហេតុ​ចំពោះ​ការ​ដឹង​គុណ​ដល់​ព្រះ​នៃ​ដំណើរ​រស់​ឡើង​វិញ គឺ​ព្រះ​យេហូវ៉ា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់!—ហេព្រើរ ១១:៣៥

៥. តើ​អេលីសេ​បាន​ជាប់​ទាក់​ទង​នឹង​អព្ភូតហេតុ​មួយ​យ៉ាង​ដូច​ម្ដេច ទោះ​ជា​បាន​ស្លាប់​ទៅ​ហើយ​នោះ?

ទោះ​បី​ក្រោយ​ពី​មរណភាព​និង​ពិធី​បញ្ចុះ​សព​របស់​អេលីសេ​ក៏​ដោយ ក៏​ព្រះ​បាន​ធ្វើ​ឲ្យ​ឆ្អឹង​របស់​គាត់​មាន​អំណាច​យ៉ាង​ខ្លាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ។ យើង​អាន​ថា៖ «ហើយ​កាល​មនុស្ស[ជន​ជាតិ​អ៊ីស្រាអែល]កំពុង​តែ​កប់​ខ្មោច​របស់​មនុស្ស​ម្នាក់ នោះ​ក៏​ឃើញ​ពួក​កង​១[នៃ​សាសន៍​ម៉ូអាប់]។ រួច​គេ​បោះ​ខ្មោច​នោះ ទៅ​ក្នុង​ផ្នូរ​របស់​អេលីសេ កាល​ខ្មោច​នោះ​បាន​ប៉ះ​នឹង​ឆ្អឹង​អេលីសេ​ហើយ ស្រាប់​តែ​រស់​ឡើង​វិញ រួច​ក្រោក​ឈរ​ឡើង»។ (ពង្សាវតារ​ក្សត្រ​ទី​២ ១៣:២០, ២១) បុរស​នោះ​ច្បាស់​ជា​មាន​ការ​ភ្ញាក់​ផ្អើល​និង​សប្បាយ​ចិត្ត​យ៉ាង​ណា​ទៅ​ហ្ន៎! ចូរ​គិត​នូវ​អំណរ​ដែល​នឹង​មាន​ឡើង ពេល​ដែល​ពួក​បុគ្គល​ស្ងួន​ភ្ងា​របស់​យើង​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដែល​សម​ស្រប​នឹង​បំណង​ដ៏​ពិត​ប្រាកដ​របស់​ព្រះ​យេហូវ៉ា!

រាជបុត្រា​របស់​ព្រះ​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ

៦. តើ​អព្ភូតហេតុ​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​ជិត​ទី​ក្រុង​ណាអ៊ីន ហើយ​តើ​ព្រឹត្ដិការណ៍​នេះ​អាច​មាន​អានុភាព​លើ​យើង​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេស៊ូ​គ្រីស្ទ​ដ៏​ជា​បុត្រា​របស់​ព្រះ បាន​ផ្ដល់​ឲ្យ​យើង​នូវ​មូលហេតុ​ដ៏​ល្អ ចំពោះ​ការ​ជឿ​ថា មនុស្ស​ស្លាប់​អាច​មាន​ជីវិត​រស់​ឡើង​វិញ ដោយ​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​អស់​កល្ប​ជា​និច្ច។ ព្រឹត្ដិការណ៍​មួយ​ដែល​បាន​កើត​ឡើង​ជិត​ទី​ក្រុង​ណាអ៊ីន អាច​ជួយ​យើង​ឲ្យ​ដឹង​ថា អព្ភូតហេតុ​បែប​នេះ​គឺ​អាច​មាន​បាន តាម​រយៈ​ព្រះ​ចេស្ដា​ដែល​ព្រះ​ប្រទាន​មក។ នៅ​គ្រា​មួយ ព្រះ​យេស៊ូ​បាន​ជួប​ពួក​អ្នក​កាន់​ទុក្ខ ដែល​សែង​សព​នៃ​យុវបុរស​ម្នាក់ ចេញ​ទៅ​ក្រៅ​ទី​ក្រុង​ដើម្បី​ធ្វើ​ពិធី​បញ្ចុះ​សព។ ក្មេង​នោះ​ជា​កូន​តែ​មួយ​គត់​របស់​ស្ត្រី​មេម៉ាយ​ម្នាក់។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​គាត់​ថា៖ «កុំ​យំ​អី»។ រួច​មក ទ្រង់​បាន​ពាល់​ក្ដារ​មឈូស​នោះ ហើយ​បាន​មាន​បន្ទូល​ថា៖ «អ្នក​កំឡោះ​អើយ ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង!»។ ពេល​នោះ​គាត់​ក៏​ក្រោក​ឡើង​ហើយ​ចាប់​តាំង​និយាយ​ទៅ។ (លូកា ៧:១១​-​១៥) អព្ភូតហេតុ​នេះ​ប្រាកដ​ជា​ពង្រឹង​ជំនឿ​របស់​យើង ថា​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ​គឺ​ពិត​ជា​អាច​ទុក​ចិត្ត​បាន។

៧. តើ​មាន​អ្វី​បាន​កើត​ឡើង​ដែល​ទាក់​ទង​នឹង​កូន​ស្រី​របស់​លោក​យ៉ៃរ៉ុស​នោះ?

ចូរ​ពិចារណា​មើល​ដែរ អំពី​ព្រឹត្ដិការណ៍​មួយ​ដែល​ទាក់​ទង​នឹង​យ៉ៃរ៉ុស ដែល​ជា​មេ​សាលា​ប្រជុំ​នៅ​កាពើណិម។ លោក​បាន​អញ្ជើញ​ព្រះ​យេស៊ូ​ឲ្យ​មក​ជួយ​កូន​ស្រី​ដ៏​ស្ងួន​ភ្ងា​របស់​លោក ដែល​មាន​អាយុ​១២​ឆ្នាំ ដែល​ជិត​នឹង​ស្លាប់​ទៅ​នោះ។ មិន​យូរ​ប៉ុន្មាន​មក ក៏​បាន​ត្រូវ​ប្រាប់​ថា ក្មេង​ស្រី​នេះ​បាន​ស្លាប់​ទៅ​ហើយ។ ដោយ​ដាស់​តឿន​លោក​យ៉ៃរ៉ុស​ដ៏​មាន​ទុក្ខ​សោក​នេះ​ឲ្យ​មាន​សេចក្ដី​ជំនឿ នោះ​ព្រះ​យេស៊ូ​បាន​យាង​ទៅ​ជា​មួយ​លោក​ទៅ​ឯ​ផ្ទះ​របស់​គាត់ ហើយ​ឃើញ​មនុស្ស​ជា​ច្រើន​កំពុង​តែ​យំ​សោក។ ពួក​គេ​បាន​សើច​ចំអក​ដាក់​ព្រះ​យេស៊ូ ពេល​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា៖ «កូន​នេះ​មិន​មែន​ស្លាប់​ទេ គឺ​វា​ដេក​លក់​ទេ​តើ»។ ប្រាកដ​ហើយ នាង​បាន​ស្លាប់​មែន ក៏​ប៉ុន្តែ​ព្រះ​យេស៊ូ​ហៀប​នឹង​បង្ហាញ​ថា មនុស្ស​អាច​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដូច​ជា​ពួក​គេ​អាច​ត្រូវ​ដាស់​ពី​ការ​គេង​នោះ​ដែរ។ ទ្រង់​ចាប់​ដៃ​ក្មេង​នេះ ហើយបាន​មាន​បន្ទូល​ថា៖ «កូន​ស្រី​អើយ! អញ​ប្រាប់​ឲ្យ​ឯង​ក្រោក​ឡើង» ស្រាប់​តែ​កូន​ស្រី​នេះ​ក្រោក​ឡើង​ភ្លាម ហើយ«ឪពុក​ម្ដាយ​នាង​ក៏​កើត​មាន​សេចក្ដី​អស្ចារ្យ»ជា​ខ្លាំង​ក្រៃ​លែង។ (ម៉ាកុស ៥:៣៥​-​៤៣; លូកា ៨:៤៩​-​៥៦) យ៉ាង​ប្រាកដ​ហើយ សមាជិក​គ្រួសារ​នឹង​មាន‹ចិត្ត​អស្ចារ្យ​យ៉ាង​ក្រៃ​លែង› ពេល​ដែល​ពួក​ស្ងួន​ភ្ងា​របស់​គេ​ដែល​បាន​ស្លាប់​ហើយ បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​លើ​ផែនដី​មនោរម្យ។

៨. តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​អ្វី​នៅ​ឯ​ផ្នូរ​របស់​ឡាសារ?

ឡាសារ​បាន​ស្លាប់​អស់​រយៈ​បួន​ថ្ងៃ​ហើយ ពេល​ដែល​ព្រះ​យេស៊ូ​បាន​យាង​មក​ឯ​ផ្នូរ​របស់​គាត់ ហើយ​បាន​បញ្ជា​ឲ្យ​យក​ថ្ម​ចេញ​ពី​រូង។ ក្រោយ​ពី​អធិស្ឋាន​នៅ​សាធារណៈ ដើម្បី​ឲ្យ​ពួក​អ្នក​មើល​ដឹង​ថា ទ្រង់​បាន​ពឹង​លើ​អំណាច​របស់​ព្រះ នោះ​ព្រះ​យេស៊ូ​បាន​បន្លឺ​វាចា​ថា៖ «ឡាសារ​អើយ! ចូរ​ចេញ​មក»។ ហើយ​គាត់​ក៏​ចេញ​មក​មែន! ទាំង​សំពត់​ស្នប​រុំ​ជាប់​នៅ​ជើង​ដៃ​ផង ហើយ​មាន​កន្សែង​គ្រប​មុខ​ដែរ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ចូរ​ស្រាយ​គាត់​ឲ្យ​ដើរ​ទៅ​ចុះ»។ ដោយ​បាន​ឃើញ​នូវ​អព្ភូតហេតុ​នេះ មនុស្ស​ជា​ច្រើន​នាក់​ដែល​បាន​នៅ​ទី​នោះ​ដើម្បី​សម្រាល​ទុក្ខ​បង​ប្អូន​ស្រី​របស់​ឡាសារ​គឺ​ម៉ារា​និង​ម៉ាថា ក៏​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ​ទៅ។ (យ៉ូហាន ១១:១​-​៤៥) តើ​ដំណើរ​រឿង​នេះ​មិន​ធ្វើ​ឲ្យ​អ្នក​ពេញ​ដោយ​សេចក្ដី​សង្ឃឹម​ថា ពួក​ស្ងួន​ភ្ងា​របស់​អ្នក​នឹង​អាច​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ​នោះ​ទេ​ឬ?

៩. ហេតុ​អ្វី​ក៏​យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា ព្រះ​យេស៊ូ​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ឥឡូវ​បាន?

នៅ​ពេល​ដែលយ៉ូហានជា​អ្នក​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ បាន​ជាប់​គុក នោះ​ព្រះ​យេស៊ូ​បាន​បញ្ជូន​ឲ្យ​គាត់​នូវ​សារ​ដ៏​លើក​ទឹក​ចិត្ត​នេះ​ថា៖ «មនុស្ស​ខ្វាក់​បាន​ភ្លឺ . . . មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ»។ (ម៉ាថាយ ១១:៤​-​៦) ដោយ​ព្រោះ​ព្រះ​យេស៊ូ កាល​ដែល​គង់​លើ​ផែនដី​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ នោះ​យ៉ាង​ប្រាកដ​ណាស់ ទ្រង់​ជា​សត្ត​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា​ដែល​ព្រះ​ប្រគល់​អំណាច​ឲ្យ​ទ្រង់​នោះ ទ្រង់​ក៏​អាច​ធ្វើ​អ៊ីចឹង​ដែរ។ ព្រះ​យេស៊ូ​ជា«សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត» ហើយ​ជា​ការ​សម្រាល​ទុក្ខ​មែន ដោយ​ដឹង​ថា​នៅ​នា​អនាគត​នេះ «អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក»!—យ៉ូហាន ៥:២៨, ២៩; ១១:២៥

ដំណើរ​រស់​ឡើង​វិញ​ឯ​ទៀត​ពង្រឹង​សេចក្ដី​សង្ឃឹម​របស់​យើង

១០. តើ​អ្នក​នឹង​រៀប​រាប់​យ៉ាង​ណា លើ​ដំណើរ​រស់​ឡើង​វិញ​ដំបូង​នេះ​ដែល​បាន​រាយ​ការណ៍​ដោយ​សាវ័ក​ម្នាក់?

១០ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បញ្ជូន​ពួក​សាវ័ក​របស់​ទ្រង់​ទៅ ជា​ពួក​អ្នក​ផ្សព្វ​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ នោះ​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ចូរ​ប្រោស . . . មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ»។ (ម៉ាថាយ ១០:៥​-​៨) ប្រាកដ​ហើយ ដើម្បី​ធ្វើ​អ៊ីចឹង ពួក​គេ​ត្រូវ​តែ​ពឹង​ពាក់​លើ​ព្រះ​ចេស្ដា​របស់​ព្រះ។ នៅ​ទី​ក្រុង​យ៉ុបប៉េ​នៅ​ក្នុង​ឆ្នាំ​៣៦ ស.យ. ស្ត្រី​ម្នាក់​ឈ្មោះ​ឌ័រកាស(តេប៊ីថា) ជា​អ្នក​កោត​ខ្លាច​ព្រះ បាន​ស្លាប់​ទៅ។ អំពើ​ល្អ​របស់​នាង​បាន​រួម​បញ្ចូល​ការ​ដេរ​កាត់​ខោ​អាវ​ឲ្យ​ពួក​ស្ត្រី​មេម៉ាយ​ដ៏​ក្រ​ខ្សត់ ហើយ​ដោយ​មរណភាព​របស់​នាង​នោះ ធ្វើ​ឲ្យ​ពួក​មេម៉ាយ​បាន​យំ​សោក​យ៉ាង​ខ្លាំង។ ពួក​សិស្ស​រៀបចំ​ពិធី​បញ្ចុះ​សព​ឲ្យ​នាង ហើយ​ក៏​បាន​អញ្ជើញ​សាវ័ក​ពេត្រុស​ឲ្យ​មក ប្រហែល​ជា​ចង់​បាន​ការ​សម្រាល​ទុក្ខ។ (កិច្ច​ការ ៩:៣២​-​៣៨) គាត់​បាន​ឲ្យ​មនុស្ស​គ្រប់​គ្នា​ចេញ​ពី​បន្ទប់​ខាង​លើ រួច​មក​ក៏​អធិស្ឋាន​ហើយ​មាន​ប្រសាសន៍​ថា៖ «តេប៊ីថា​អើយ! ចូរ​នាង​ក្រោក​ឡើង»។ នាង​ក៏​បើក​ភ្នែក រួច​ឡើង​អង្គុយ ហើយ​បាន​កាន់​ដៃ​របស់​ពេត្រុស​ហើយ​គាត់​បាន​ឲ្យ​នាង​តោង​ឡើង។ ដំណើរ​រស់​ឡើង​វិញ​ដំបូង​នេះ​ដែល​បាន​រាយ​ការណ៍​ដោយ​សាវ័ក​ម្នាក់ បាន​ធ្វើ​ឲ្យ​មាន​ច្រើន​នាក់​ទៅ​ជា​ពួក​អ្នក​ជឿ។ (កិច្ច​ការ ៩:៣៩​-​៤២) នេះ​ក៏​ផ្ដល់​ឲ្យ​យើង​នូវ​មូលហេតុ​ទៀត ចំពោះ​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ។

១១. តើ​ដំណើរ​រស់​ឡើង​វិញ​ចុង​ក្រោយ​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ​ជា​អ្វី?

១១ ដំណើរ​រស់​ឡើង​វិញ​ចុង​ក្រោយ​ដែល​កត់​ក្នុង​ព្រះ​គម្ពីរ បាន​កើត​ឡើង​នៅ​ទី​ក្រុង​ទ្រ​អាស។ នៅ​ពេល​ដែល​ប៉ុល​បាន​ឈប់​នៅ​ទី​នោះ ពេល​ធ្វើ​ដំណើរ​ជា​សាសនទូត​លើក​ទី​បី​របស់​គាត់ គាត់​បាន​ថ្លែង​សុន្ទរកថា​របស់​គាត់​យូរ​រហូតដល់​អធ្រាត្រ។ ក្មេង​ជំទង់​ម្នាក់​ឈ្មោះ​អ៊ើទីកុស​បាន​ដេក​លក់ ហើយ​បាន​ធ្លាក់​ពី​បង្អួច​មួយ​នៅ​ជាន់​ទី​បី ប្រហែល​ជា​ដោយ​ការ​អស់​កម្លាំង ឬ​ដោយ​កំដៅ​ចង្កៀង និង​ស្ថានភាព​ដ៏​កក​កុញ​នៅ​ឯ​កន្លែង​ប្រជុំ​នោះ។ «នោះ​គេ​លើក​វា​ឡើង​បាន​ស្លាប់​ហើយ» មិន​មែន​គ្រាន់​តែ​ឥត​ដឹង​ខ្លួន​នោះ​ទេ។ ប៉ុល​បាន​ទ្រោប​ពី​លើ​អ៊ើទីកុស​ឱប​ត្រកង ហើយ​បាន​ប្រាប់​ពួក​អ្នក​មើល​នោះ​ថា៖ «កុំ​យំ​ស្រែក​អ្វី​ឡើយ ដ្បិត​វា​មាន​ជីវិត​ទេ»។ ប៉ុល​ចង់​មាន​ន័យ​ថា ជីវិត​របស់​ក្មេង​ជំទង់​នេះ​បាន​ត្រូវ​ស្ដារ​ឡើង​វិញ​ហើយ។ អស់​អ្នក​ដែល​មាន​វត្តមាន«គេ​បាន​ក្សាន្ត​ចិត្ត​ជា​ខ្លាំង»។ (កិច្ច​ការ ២០:៧​-​១២) សព្វ​ថ្ងៃ​នេះ ពួក​រាស្ត្រ​របស់​ព្រះ​មាន​ការ​សម្រាល​ទុក្ខ​ជា​ខ្លាំង ដោយ​ដឹង​ថា អតីត​គូកន​របស់​គេ​ដែល​បំរើ​ព្រះ នឹង​ពិសោធ​នូវ​ការ​សម្រេច​នេះ​ស្តី​អំពី​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ។

ដំណើរ​រស់​ឡើង​វិញ ជា​សេចក្ដី​សង្ឃឹម​ដែល​មាន​ជា​យូរ​យារ​មក​ហើយ

១២. តើ​ជំនឿ​ស៊ប់​អ្វី​ដែល​ប៉ុល​បាន​សម្ដែង​ប្រាប់​នៅ​ពី​មុខចៅហ្វាយភេលីច​ជាតិ​រ៉ូម៉ាំង?

១២ កាល​ដែល​កំពុង​តែ​ត្រូវ​តុលាការ​វិនិច្ឆ័យ​ទោស​ឲ្យ​នៅ​ពី​មុខចៅហ្វាយភេលីច​ជាតិ​រ៉ូម៉ាំង នោះ​ប៉ុល​បាន​ផ្ដល់​ភស្តុ​តាង​ថា៖ «ខ្ញុំ​ប្របាទ . . . មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​អស់​ទាំង​សេចក្ដី ដែល​ចែង​ទុក​មក​ក្នុង​ក្រិត្យ​វិន័យ នឹង​ក្នុង​គម្ពីរ​ពួក​ហោរា ហើយ​ខ្ញុំ​ប្របាទ​មាន​សេចក្ដី​សង្ឃឹម​ដល់​ព្រះ . . . គឺ​ថា ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត នឹង​បាន​រស់​ឡើង​វិញ​ទាំង​អស់​គ្នា»។ (កិច្ច​ការ ២៤:១៤, ១៥) តើ​ផ្នែក​ខ្លះ​នៃ​បន្ទូល​របស់​ព្រះ ដូច​ជា«ក្រិត្យ​វិន័យ» ចង្អុល​ទៅ​លើ​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច?

១៣. ហេតុ​អ្វី​ក៏​អាច​និយាយ​ថា ព្រះ​បាន​សំដៅ​ទៅ​ឯ​ដំណើរ​រស់​ឡើង​វិញ ពេល​ដែល​ទ្រង់​បាន​ប្រទាន​មក​នូវ​ទំនាយ​ដំបូង?

១៣ ព្រះ​ទ្រង់​ផ្ទាល់​ក៏​បាន​សំដៅ​ទៅ​ដំណើរ​រស់​ឡើង​វិញ ពេល​ដែល​ទ្រង់​បាន​ប្រទាន​នូវ​ទំនាយ​ដំបូង​នៅ​ក្នុង​សួន​អេដែន។ ពេល​ដែល​វិនិច្ឆ័យ​ទោស«ពស់​ពី​បុរាណ» ដែល​ជា​អារក្ស​សាតាំង នោះ​ព្រះ​បាន​មាន​បន្ទូល​ថា៖ «អញ​នឹង​ធ្វើ​ឲ្យ​ឯង​ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង​នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ»។ (វិវរណៈ ១២:៩; លោកុប្បត្តិ ៣:១៤, ១៥) ការ​ចឹក​កែង​ជើង​របស់​ពូជ​ស្ត្រី​នោះ មាន​ន័យ​ថា​ការ​ធ្វើ​គុត​ដល់​ព្រះ​យេស៊ូ​គ្រីស្ទ។ បើ​ពូជ​នោះ​នឹង​ត្រូវ​កិន​ក្បាល​របស់​ពស់​នៅ​ក្រោយ​មក នោះ​នឹង​ត្រូវ​ប្រោស​ព្រះ​គ្រីស្ទ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។

១៤. តើ​ព្រះ​យេហូវ៉ា«មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ»យ៉ាង​ដូច​ម្ដេច?

១៤ ព្រះ​យេស៊ូ​បាន​ប្រកាស​ថា៖ «រីឯ​ដំណើរ​ដែល​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ទាំង​លោក​ម៉ូសេ​ក៏​បាន​បង្ហាញ ក្នុង​រឿង​ពី​គុម្ព​បន្លា​ហើយ ក្នុង​កាល​ដែល​លោក​ហៅ​ព្រះ​អម្ចាស់[ព្រះ​យេហូវ៉ា] ថា​ជា​ព្រះ​នៃ​លោក​អ័ប្រាហាំ នៃ​លោក​អ៊ីសាក ហើយ​នៃ​លោកយ៉ាកុប ដ្បិត​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ ព្រោះ​មនុស្ស​ទាំង​អស់[នេះ]រស់​សំរាប់​ទ្រង់»។ (លូកា ២០:២៧, ៣៧, ៣៨; និក្ខមនំ ៣:៦) លោក​អ័ប្រាហាំ លោក​អ៊ីសាក ហើយ​លោកយ៉ាកុបបាន​ស្លាប់​ទៅ​ហើយ ក៏​ប៉ុន្តែ​គោល​បំណង​របស់​ព្រះ​ដើម្បី​ប្រោស​ឲ្យ​គេ​រស់​ឡើង​វិញ នឹង​បាន​សម្រេច​ជា​ប្រាកដ​ដល់​ម្ល៉េះ ដែល​ពួក​គេ​ហាក់​ដូច​ជា​នៅ​រស់​អ៊ីចឹង​ចំពោះ​ទ្រង់។

១៥. ហេតុ​អ្វី​ក៏​លោក​អ័ប្រាហាំ​មាន​មូលហេតុ​ចំពោះ​ជំនឿ​លើ​ដំណើរ​រស់​ឡើង​វិញ?

១៥ លោក​អ័ប្រាហាំ​មាន​មូលហេតុ​ចំពោះ​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ ដ្បិត​ពេល​ដែល​លោក​និង​ភរិយា សារ៉ា គឺ​មាន​អាយុ​ចាស់​ណាស់ ហើយ​ស្លាប់​ទៅ​ហើយ​ស្តី​អំពី​សមត្ថភាព​ខាង​ការ​បង្កើត​កូន តែ​ដោយ​អព្ភូតហេតុ ព្រះ​បាន​ស្ដារ​ឡើង​វិញ​នូវ​អំណាច​ខាង​ការ​បន្ត​ពូជ​របស់​គេ។ នេះ​គឺ​ហាក់​ដូច​ជា​ដំណើរ​រស់​ឡើង​វិញ​មួយ​អ៊ីចឹង។ (លោកុប្បត្តិ ១៨:៩​-​១១; ២១:១​-​៣; ហេព្រើរ ១១:១១, ១២) ពេល​ដែល​កូន​ប្រុស​របស់​គេ​មាន​អាយុ​២៥​ឆ្នាំ នោះ​ព្រះ​បាន​មាន​បន្ទូល​ប្រាប់​លោក​អ័ប្រាហាំ​ឲ្យ​បូជា​កូន​នេះ។ ប៉ុន្តែ​កាល​ដែល​លោក​អ័ប្រាហាំ​ហៀប​នឹង​សម្លាប់​អ៊ីសាក នោះ​ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​បញ្ឈប់​លោក​ទៅ។ លោក​អ័ប្រាហាំ«បាន​រាប់​ថា ព្រះ​ទ្រង់​អាច​នឹង​ប្រោស​កូន ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​បាន​ផង ហើយ​លោក​បាន​ទទួល​វា​មក​វិញ​មែន ធៀប​ដូច​ជា​រស់​ពី​ស្លាប់​ឡើង​វិញ»។—ហេព្រើរ ១១:១៧​-​១៩; លោកុប្បត្តិ ២២:១​-​១៨

១៦. ឥឡូវ​នេះ​អ័ប្រាហាំ​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​រង់​ចាំ​អ្វី?

១៦ លោក​អ័ប្រាហាំ​បាន​មាន​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​មេស្ស៊ី ជា​ពូជ​ដែល​បាន​សន្យា​មក។ ពី​ទស្សនៈ​របស់​ទ្រង់​មុន​កើត​ជា​មនុស្ស នោះ​បុត្រា​របស់​ព្រះ​បាន​កត់​សម្គាល់​នូវ​ជំនឿ​របស់​អ័ប្រាហាំ។ ដូច្នេះ ជា​ព្រះ​យេស៊ូ​គ្រីស្ទ​ដ៏​ជា​បុរស​ម្នាក់ នោះ​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួក​យូដា​ថា៖ «លោក​អ័ប្រាហាំ ជា​ឰយុកោ​អ្នក​រាល់​គ្នា លោក​បាន​ត្រេក​អរ​ដោយ​ឃើញ​គ្រា​ខ្ញុំ»។ (យ៉ូហាន ៨:៥៦​-​៥៨; សុភាសិត ៨:៣០, ៣១) ឥឡូវ​នេះ អ័ប្រាហាំ​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​ហើយ​រង់​ចាំ​ដំណើរ​រស់​ឡើង​វិញ នៅ​លើ​ផែនដី​ក្រោម​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី​របស់​ព្រះ។—ហេព្រើរ ១១:៨​-​១០, ១៣

សក្ខី​ភាព​ពី​ក្រិត្យ​វិន័យ​និងទំនុកដំកើង

១៧. តើ«អស់​ទាំង​សេចក្ដី​ដែល​ចែង​ទុក​មក​ក្នុង​ក្រិត្យ​វិន័យ» បាន​ចង្អុល​ទៅ​ដំណើរ​រស់​ឡើង​វិញ​នៃ​ព្រះ​យេស៊ូ​គ្រីស្ទ​យ៉ាង​ដូច​ម្ដេច?

១៧ សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ​របស់​ប៉ុល បាន​សម​ស្រប​នឹង«អស់​ទាំង​សេចក្ដី​ដែល​ចែង​ទុក​មក​ក្នុង​ក្រិត្យ​វិន័យ»។ ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ពួក​អ៊ីស្រាអែល​ថា៖ «ឯង​រាល់​គ្នា . . . ត្រូវ​យក​កណ្ដាប់​ដែល​ជា​ផល​ដំបូង​ពី​ចំរូត​ឯង​មក​ឯ​សង្ឃ [ហើយ​ខែ​ណែសាន​ថ្ងៃ​ទី​១៦]ត្រូវ​ឲ្យ​សង្ឃ​គ្រវី​ថ្វាយ​កណ្ដាប់​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដើម្បី​ឲ្យ​ទ្រង់​បាន​ទទួល​ស្នង​ឯង​រាល់​គ្នា»។ (លេវីវិន័យ ២៣:៩​-​១៤) ប្រហែល​ជា​ដោយ​ដឹង​អំពី​ក្រិត្យ​វិន័យ​នេះ នោះ​ប៉ុល​បាន​សរសេរ​ថា៖ «ព្រះ​គ្រីស្ទ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់ឡើង​វិញ​ជា​ពិត ជា​ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ»។ ជា«ផល​ដំបូង» នោះ​ព្រះ​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នៅ​ថ្ងៃ​ទី​១៦ ខែ​ណែសាន ឆ្នាំ​៣៣ ស.យ.។ ក្រោយ​មក ក្នុង​កំឡុង​វត្តមាន​របស់​ទ្រង់ នោះ​នឹង​មាន​ដំណើរ​រស់​ឡើង​វិញ​នៃ‹ផល​ជា​បន្ទាប់› គឺ​ពួក​អ្នក​កាន់​តាម​ដ៏​ជា​អ្នក​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​របស់​ទ្រង់។—កូរិនថូស​ទី​១ ១៥:២០​-​២៣; កូរិនថូស​ទី​២ ១:២១; យ៉ូហាន​ទី​១ ២:២០, ២៧

១៨. តើ​ពេត្រុស​បាន​បង្ហាញ​ថា​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ បាន​ទាយ​ប្រាប់​ជា​មុន​នៅទំនុកដំកើងយ៉ាង​ដូច​ម្ដេច?

១៨ សៀវភៅទំនុកដំកើងក៏​ផ្ដល់​ការ​គាំទ្រ​នឹង​ដំណើរ​រស់​ឡើង​វិញ​នោះ​ដែរ។ នៅ​បុណ្យ​ថ្ងៃ​ទី​៥០​ឆ្នាំ​៣៣ ស.យ. នោះ​សាវ័ក​ពេត្រុស​បាន​ដក​ស្រង់​ពី​ទំនុកដំកើង ១៦:៨​-​១១ ដោយ​មាន​ប្រសាសន៍​ថា៖ «ដ្បិត​ហ្លួង​ដាវីឌ​មាន​បន្ទូល​ពី​ទ្រង់[ព្រះ​គ្រីស្ទ]ថា៖ ‹ទូល​បង្គំ​បាន​ឃើញ​ព្រះ​អម្ចាស់ នៅ​មុខ​ទូល​បង្គំ​ជា​និច្ច ពីព្រោះ​ទ្រង់​សណ្ឋិត​នៅ​ខាង​ដៃ​ស្ដាំ​ទូល​បង្គំ ដើម្បី​មិន​ឲ្យ​ទូល​បង្គំ​ត្រូវ​រង្គើ​ឡើយ ហេតុ​នោះ​បាន​ជា​ចិត្ត​ទូល​បង្គំ​មាន​សេចក្ដី​អំណរ ហើយ​អណ្ដាត​ទូល​បង្គំ​ក៏​ថ្លែង ដោយ​សេចក្ដី​ត្រេក​អរ ១​ទៀត រូប​សាច់​ទូល​បង្គំ​នឹង​ស្នាក់​នៅ ដោយ​សេចក្ដី​សង្ឃឹម​ដែរ ដ្បិត​ទ្រង់​នឹង​មិន​ទុក​ព្រលឹង​ទូល​បង្គំ ឲ្យ​ជាប់​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ក៏​មិន​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ទ្រង់​ឃើញ​សេចក្ដី​ពុក​រលួយ​ដែរ›»។ ពេត្រុស​បាន​និយាយ​ទៀត​ថា៖ «លោក[ដាវីឌ]បាន​ឃើញ​ការ​នោះ​ជា​មុន បាន​ជា​លោក​សំដែង​ពី​ព្រះ​គ្រីស្ទ​ត្រូវ​រស់​ឡើង​វិញ​ថា ព្រលឹង​ទ្រង់​មិន​ត្រូវ​ទុក​ចោល នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ហើយ​រូប​សាច់​ទ្រង់​មិន​ត្រូវ​ឃើញ​សេចក្ដី​ពុក​រលួយ​ឡើយ ឯ​ព្រះ​យេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ»។—កិច្ច​ការ ២:២៥​-​៣២

១៩, ២០. តើ​ពេត្រុស​បាន​ដក​ស្រង់​ចេញ​ពី​ទំនុកដំកើង ១១៨:២២​នៅ​ពេល​ណា ហើយ​តើ​នេះ​បាន​ទាក់​ទង​នឹង​ការ​សោយ​ទិវង្គត​និង​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

១៩ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក នោះ​ពេត្រុស​បាន​ឈរ​នៅ​ពី​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ហើយ​ក៏​បាន​ដក​ស្រង់​ពី​សៀវភៅទំនុកដំកើងម្ដង​ទៀត។ ពេល​បាន​ត្រូវ​គេ​សួរ​នូវ​របៀប​ដែល​គាត់​បាន​ប្រោស​អ្នក​សុំ​ទាន​ដែល​ខ្វិន​ឲ្យ​ជា នោះ​សាវ័ក​នេះ​បាន​មាន​ប្រសាសន៍​ថា៖ «នោះ​សូម​ឲ្យ​លោក​រាល់​គ្នា​ជ្រាប​ដូច្នេះ ហើយ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ផង ថា ដែល​មនុស្ស​នេះ​បាន​ជា​ស្រឡះ ហើយ​ឈរ​នៅ​មុខ​លោក​រាល់​គ្នា​ដូច្នេះ គឺ​ដោយ​សារ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ពី​ស្រុក​ណាសារ៉ែត ដែល​លោក​រាល់​គ្នា​បាន​ឆ្កាង​ទ្រង់ តែ​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រះ​អង្គ​នោះ ជា​ថ្ម​ដែល​លោក​រាល់​គ្នា ជា​ជាង​សង់​ផ្ទះ បាន​មើល​ងាយ ប៉ុន្តែ​ទ្រង់​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​វិញ ហើយ​គ្មាន​សេចក្ដី​សង្គ្រោះ ដោយ​សារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ»។—កិច្ច​ការ ៤:១០​-​១២

២០ នៅ​ទី​នេះ ពេត្រុស​បាន​ដក​ស្រង់​ចេញ​ពី​ទំនុកដំកើង ១១៨:២២ ហើយ​ពន្យល់​របៀប​ដែល​ទាក់​ទង​នឹង​អ្វី​ដែល​ចែង​មក​អំពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ និង​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់។ ដោយ​បាន​ចាក់​រុក​ពី​មេ​ដឹក​នាំ​សាសនា នោះ​ពួក​សាសន៍​យូដា​បាន​បដិសេធ​ចោល​ព្រះ​យេស៊ូ។ (យ៉ូហាន ១៩:១៤​-​១៨; កិច្ច​ការ ៣:១៤, ១៥) ‹ពួក​អ្នក​សាង​សង់​បដិសេធ​ចោល​ថ្ម› ដែល​បាន​នាំ​ឲ្យ​ព្រះ​គ្រីស្ទ​សោយ​ទិវង្គត ប៉ុន្តែ‹ថ្ម​នេះ​ដែល​បាន​ទៅ​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក› ឲ្យ​សញ្ញា​ថា​ទ្រង់​បាន​ត្រូវ​ប្រោស​ឲ្យ​បាន​រុង​រឿង​ខាង​វិញ្ញាណ​នៅ​ស្ថាន​សួគ៌។ ដូច្នេះ​ជា​អ្នក​តែងបទ​ទំនុកដំកើងបាន​ទាយ​ប្រាប់​មក «នេះ​គឺ​ជា​ការ​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​ធ្វើ»។ (ទំនុកដំកើង ១១៨:២៣) ការ​ធ្វើ«ថ្ម» ជា​ថ្ម​ជ្រុង​យ៉ាង​ឯក បាន​ទាក់​ទង​ការ​ដំកើង​ទ្រង់​ជា​ស្តេច​ដែល​បាន​តែង​តាំង​ឡើង។—អេភេសូរ ១:១៩, ២០

បាន​ទ្រ​ទ្រង់​ដោយ​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ

២១, ២២. តើ​សេចក្ដី​សង្ឃឹម​អ្វី​ដែលយ៉ូបបាន​សម្ដែង​ប្រាប់ ដូច​បាន​កត់​ទុក​នៅ​យ៉ូប ១៤:១៣​-​១៥ ហើយ​តើ​នេះ​អាច​សម្រាល​ទុក្ខ​ពួក​អ្នក​កាន់​ទុក្ខ​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច​បាន?

២១ ទោះ​ជា​យើង​មិន​ដែល​ឃើញ​បុគ្គល​ណា​ម្នាក់​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​មក​វិញ​ក៏​ដោយ ក៏​យើង​មាន​ដំណើរ​ដ៏​ជាក់​លាក់​ក្នុងបទគម្ពីរ ដែល​បាន​ធានា​រ៉ាប់​រង​យើង​លើ​ដំណើរ​រស់​ឡើង​វិញ។ ដូច្នេះ​យើង​អាច​មាន​សេចក្ដី​សង្ឃឹម ដែល​បាន​សម្ដែង​ឡើង​ដោយយ៉ូបដ៏​ជា​បុរស​ទៀង​ត្រង់។ នៅ​ពេល​ដែល​គាត់​រង​ទុក្ខ​វេទនា នោះ​លោក​បាន​អង្វរ​ថា៖ «ឱ​បើ​ទ្រង់[ព្រះ​យេហូវ៉ា]នឹង​លាក់​ទូល​បង្គំ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទៅ​អេះ . . . ហើយ​ដំរូវ​ឲ្យ​មាន​ពេល​កំណត់​ដល់​ទូល​បង្គំ រួច​នឹក​ចាំ​ពី​ទូល​បង្គំ​ផង បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ? . . . នោះ​ទ្រង់​នឹង​ហៅ ហើយ​ទូល​បង្គំ​នឹង​ទូល​តប ហើយ​ទ្រង់​នឹង​មាន​បំណង​ព្រះ​ហឫទ័យ​ដល់​ស្នា​ដៃ​ដែល​ទ្រង់​បាន​ធ្វើ»។ (យ៉ូប ១៤:១៣​-​១៥) ព្រះ​ទ្រង់​នឹង‹មាន​បំណង​ព្រះ​ហឫទ័យ​ដល់​ស្នា​ដៃ​ដែល​ទ្រង់​ធ្វើ› ដោយ​មាន​ចំណង់​ប្រោសយ៉ូបឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ។ នេះ​ផ្ដល់​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​យ៉ាង​ណា​ទៅ​ហ្ន៎!

២២ ដូចយ៉ូបដែរ នោះ​សមាជិក​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​ដែល​កោត​ខ្លាច​ព្រះ ប្រហែល​ជា​ឈឺ​យ៉ាង​ខ្លាំង ហើយ​ប្រហែល​ជា​រហូត​ដល់​ចុះ​ចាញ់​នឹង​សេចក្ដី​ស្លាប់​ដ៏​ជា​សត្រូវ​នេះ​ផង។ ពួក​អ្នក​កាន់​ទុក្ខ​ប្រហែល​ជា​យំ​សោក ដូច​ជា​ព្រះ​យេស៊ូ​ទ្រង់​បាន​ព្រះ​កន្សែង​ពេល​ឡាសារ​ស្លាប់​ទៅ​នោះ​ដែរ។ (យ៉ូហាន ១១:៣៥) ក៏​ប៉ុន្តែ​ជា​ការ​សម្រាល​ទុក្ខ​យ៉ាង​ណា​ទៅ​ហ្ន៎! ដោយ​ដឹង​ថា ព្រះ​ទ្រង់​នឹង​ហៅ ហើយ​ពួក​អ្នក​ក្នុង​សេចក្ដី​នឹក​ចាំ​របស់​ទ្រង់ គេ​នឹង​ឆ្លើយ​តប! នេះ​គឺ​ហាក់​ដូច​ជា​ពួក​គេ​បាន​ត្រឡប់​ពី​ការ​ធ្វើ​ដំណើរ​មក​វិញ មិន​មែន​ដោយ​ឈឺ​ឬ​មាន​របួស​នោះ​ទេ ប៉ុន្តែ​ដោយ​មាន​សុខភាព​យ៉ាង​ល្អ​វិញ។

២៣. តើ​មនុស្ស​ខ្លះ​បាន​សម្ដែង​ការ​ទុក​ចិត្ត នឹង​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច?

២៣ មរណភាព​នៃ​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់​យ៉ាង​ចំណាស់​ម្នាក់ បាន​ជំរុញ​ពួក​អ្នក​ជឿ​គ្នី​គ្នា​ឲ្យ​សរសេរ​ថា៖ «សូម​អ្នក​ទទួល​នូវ​សមានចិត្ត​យ៉ាង​ជ្រាល​ជ្រៅ​របស់​យើង ដោយ​ម្ដាយ​របស់​អ្នក​បាន​ស្លាប់​ទៅ​នោះ។ នឹង​គឺ​ជា​ពេល​វេលា​ដ៏​ខ្លី​ទេ! រហូត​ដល់​យើង​នឹង​ស្វាគមន៍​គាត់​មក​វិញ ទាំង​ស្អាត​ហើយ​ដែល​មាន​ពេញ​ដោយ​កម្លាំង​នោះ។ មាតា​បិតា​ដែល​មាន​កូន​របស់​គាត់​ស្លាប់​ទៅ បាន​មាន​ប្រសាសន៍​ថា៖ «យើង​ទន្ទឹង​ចាំ​នូវ​ថ្ងៃ​ដែល​ជេ​សិន​នឹង​ភ្ញាក់​ឡើង​វិញ! គាត់​នឹង​មើល​ជុំ​វិញ​ហើយ​ឃើញ​សួន​មនោរម្យ ដែល​គាត់​ចង់​បាន​ជា​ខ្លាំង​នោះ . . . នេះ​ជា​ការ​ជំរុញ​ទឹក​ចិត្ត​ចំពោះ​យើង​រាល់​គ្នា​ដែល​ស្រឡាញ់​គាត់ ឲ្យ​បាន​នៅ​ទី​នោះ​ដែរ»។ ត្រូវ​ហើយ យើង​អាច​មាន​អំណរ​គុណ​យ៉ាង​ណា​ទៅ​ហ្ន៎! ដែល​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​គឺ​ពិត​ប្រាកដ​នោះ។

តើ​ចម្លើយ​របស់​អ្នក​ជា​អ្វី?

តើ​ជំនឿ​លើ​សំ​វិធានការ​របស់​ព្រះ​ចំពោះ​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ អាច​មាន​ប្រយោជន៍​សំរាប់​យើង​យ៉ាង​ដូច​ម្ដេច?

តើ​ព្រឹត្ដិការណ៍​ដែល​កត់​ទុក​ក្នុងបទគម្ពីរ​ផ្ដល់​ឲ្យ​យើង​នូវ​មូលហេតុ ចំពោះ​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ​យ៉ាង​ណា?

ហេតុ​អ្វី​ក៏​អាច​និយាយ​ថា ដំណើរ​រស់​ឡើង​វិញ​ជា​សេចក្ដី​សង្ឃឹម​ដែល​មាន​ជា​យូរ​យារ​មក​ហើយ?

តើ​សេចក្ដី​សង្ឃឹម​ទ្រ​ទ្រង់​អ្វី ដែល​យើង​អាច​មាន​ស្តី​អំពី​មនុស្ស​ស្លាប់​ទេ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២៣]

ដោយ​មាន​អំណាច​ពី​ព្រះ​យេហូវ៉ា នោះ​អេលីយ៉ា​បាន​ប្រោស​ឲ្យ​កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​រស់​ឡើង​វិញ

[រូប​ភាព​នៅ​ទំព័រ​២៤]

នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ប្រោស​ឲ្យ​កូន​ស្រី​របស់​យ៉ៃរ៉ុស​រស់​ឡើង​វិញ នោះ​ឪពុក​ម្ដាយ​របស់​នាង​បាន​សប្បាយ​ចិត្ត​យ៉ាង​ក្រៃ​លែង

[រូប​ភាព​នៅ​ទំព័រ​២៦]

នៅ​បុណ្យ​ថ្ងៃ​ទី​៥០​ឆ្នាំ​៣៣ ស.យ. នោះ​សាវ័ក​ពេត្រុស​បាន​ផ្ដល់​ភស្តុ​តាង​យ៉ាង​អង់អាច​ថា ព្រះ​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ