លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការគោរពអំណាចគ្រប់គ្រង ហេតុអ្វីក៏អត់មាន?

ការគោរពអំណាចគ្រប់គ្រង ហេតុអ្វីក៏អត់មាន?

ការ​គោរព​អំណាច​គ្រប់​គ្រង ហេតុ​អ្វី​ក៏​អត់​មាន?

«ការ​បំពារ​បំពាន​លើ​អំណាច​គ្រប់​គ្រង​ដែល​មាន ខាង​សាសនា​និង​ខាង​អាណាចក្រ ខាង​អំណាច​គ្រប់​គ្រង​ក្នុង​សង្គម​និង​ខាង​នយោបាយ ជា​បាតុភូត​មួយ​ដែល​មាន​ទូទាំង​ពិភព​លោក ប្រហែល​ជា​នឹង​ត្រូវ​ចាត់​ទុក​ជា​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​មួយ​នៃ​ទសវត្សរ៍​កន្លង​ទៅ​នេះ»។

ជា​ច្រើន​ឆ្នាំ​បាន​កន្លង​ទៅ តាំង​តែ​ពី​ទសវត្សរ៍​១៩៦០ ដែល​ហាណា អារិន ជា​អ្នក​ប្រវត្ដិសាស្ត្រ​និង​ជា​អ្នក​ទស្សនវិជ្ជា​បាន​សំដៅ​ទៅ​ដូច​ពាក្យ​ខាង​លើ​នេះ។ សព្វ​ថ្ងៃ​នេះ​មុខ​សញ្ញា​នៃ​ការ​មិន​គោរព​អំណាច​គ្រប់​គ្រង​គឺ​ខ្លាំង​ជាង​ពេល​មុន​ៗ​ទៅ​ទៀត។

ជា​ឧទាហរណ៍ សេចក្ដី​រាយ​ការណ៍​ថ្មី​ៗ​មួយ​ក្នុង​ទស្សនាវដ្ដី ដឺ ថែម្ស នៃ​ទី​ក្រុង​ឡុង​ចែង​ថា៖ «មាតា​បិតា​ខ្លះ បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​អំណាច​គ្រប់​គ្រង​របស់​គ្រូ​ទៅ​លើ​កូន​របស់​គេ ហើយ​ពេល​ដែល​មាន​ការ​ប៉ុន​ប៉ង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កូន​របស់​គេ នោះ​ពួក​គេ​ក៏​ប្ដឹង​ផ្ដល់»។ ជា​ញឹក​ញាប់ ពេល​ដែល​កូន​របស់​ពួក​គេ​ទទួល​នូវ​ទណ្ឌកម្ម នោះ​មាតា​បិតា​ទៅ​ឯ​សាលា មិន​គ្រាន់​តែ​ដើម្បី​គំរាម​កំហែង​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ដើម្បី​ពាធា​ពួក​គ្រូ​ទៀត​ផង។

អ្នក​នាំ​ពាក្យ​សំរាប់​សមាគម​ជាតិ​នៃ​គ្រូ​នាយក​នៅ​ប្រទេស​អង់គ្លេស បាន​ត្រូវ​គេ​ដក​ស្រង់​ពាក្យ​ថា៖ «សាធារណជន​កំពុង​តែ​និយាយ​ថា‹ខ្ញុំ​មាន​សិទ្ធិ› ជា​ជាង​និយាយ​ថា‹ខ្ញុំ​មាន​ភារកិច្ច›»។ ក្រៅ​ពី​ការ​ខក​ខាន​អប់រំ​កូន​របស់​ពួក​គេ​ឲ្យ​ចេះ​គោរព​អំណាច​គ្រប់​គ្រង មាតា​បិតា​ខ្លះ​មិន​កែ​តម្រង់​កូន​របស់​ខ្លួន និង​ក៏​មិន​ព្រម​ឲ្យ​អ្នក​ណា​ទៀត​ធ្វើ​ដូច្នេះ​ដែរ។ ក្មេង​ៗ​ដែល​អាង«សិទ្ធិ»របស់​គេ ត្រូវ​អនុញ្ញាត​ឲ្យ​រំលោភ​មើល​ងាយ​ដល់​អំណាច​គ្រប់​គ្រង​របស់​មាតា​បិតា និង​គ្រូ ហើយ​លទ្ធផល​ពី​នេះ​គឺ​អាច​ត្រូវ​ទាយ​ទុក​ជា​មុន។ អ្នក​កាសែត​ម្នាក់​ឈ្មោះ ម៉ាការិត ដ្រិស្ខុល សរសេរ​ថា៖ «ជំនាន់​ថ្មី​មួយ​ដែល​មិន​គោរព​អំណាច​គ្រប់​គ្រង​សោះ និង​មិន​មាន​គំនិត​ដឹង​ខុស​ត្រូវ​ទេ»។

ទស្សនាវដ្ដី ថែម្ស បាន​ប្រាប់​ក្នុង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា «ជំនាន់​វង្វេង​បាត់» បាន​ចង្អុល​បញ្ជាក់​ដល់​ការ​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង​របស់​យុវជន​នៅ​ប្រទេស​រុស្សី ដោយ​ដក​ស្រង់​ពាក្យ​ពី​អ្នក​ចំរៀងបទរ៉ាប់ ដែល​បាន​និយាយ​ថា៖ «តើ​មនុស្ស​ម្នាក់​ដែល​កើត​មក​ក្នុង​លោកីយ៍​នេះ ដែល​គ្មាន​អ្វី​ស្ថិត​ស្ថេរ​យូរ​និង​គ្មាន​យុត្ដិធម៌ អាច​មាន​ជំនឿ​ទៅ​លើ​សង្គម​មនុស្ស​ដូច​ម្ដេច​បាន?» អ្នក​សង្គម​វិជ្ជា​ម្នាក់​ឈ្មោះ មីកេល តូបាលូវ បាន​យល់​ព្រម​នឹង​គំនិត​នេះ​ថា៖ «ពួក​ក្មេង​ៗ​ទាំង​នេះ​មិន​មែន​ល្ងង់​ទេ។ ពួក​គេ​បាន​ឃើញ​រដ្ឋាភិបាល​បោក​ប្រាស់​ឪពុក​ម្ដាយ​របស់​គេ។ គេ​ក៏​បាន​ឃើញ​ឪពុក​ម្ដាយ​របស់​គេ​បាត់​បង់​នូវ​លុយ​កាក់ ដែល​បាន​សន្សំ​ទុក​និង​ការងារ​ធ្វើ​របស់​ពួក​គាត់។ តើ​យើង​អាច​សង្ឃឹម​ថា​ពួក​គេ​និង​គោរព​អំណាច​គ្រប់​គ្រង​ទេ?»។

ក៏​ប៉ុន្តែ គឺ​មិន​ត្រឹម​ត្រូវ​ទេ បើ​សិន​ជា​យើង​សន្និដ្ឋាន​ថា ការ​មិន​ទុក​ចិត្ត​ទៅ​លើ​អំណាច​គ្រប់​គ្រង គឺ​ឃើញ​តែ​ក្នុង​ចំណោម​យុវជន​នោះ។ សព្វ​ថ្ងៃ​នេះ មនុស្ស​គ្រប់​វ័យ​មិន​ទុក​ចិត្ត​នឹង​អំណាច​គ្រប់​គ្រង​សព្វ​បែប​យ៉ាង ជួន​កាល​រហូត​ដល់​ស្អប់​ទៀត​ផង។ តើ​នេះ​មាន​ន័យ​ថា គ្មាន​អំណាច​គ្រប់​គ្រង​ណា​ដែល​អាច​ទុក​ចិត្ត​បាន​ឬ? បើ​សិន​ជា​បាន​អនុវត្ត​តាម​របៀប​ត្រឹម​ត្រូវ នោះ​អំណាច​គ្រប់​គ្រង​មាន​ន័យ​ថា៖ «អំណាច​ឬ​ក៏​សិទ្ធិ​ដើម្បី​កាន់​កាប់ ការ​វិនិច្ឆ័យ ឬ​ក៏​ដាក់​បំរាម​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​អ្នក​ឯ​ទៀត» អាច​ជា​អ្វី​ដ៏​ល្អ។ នោះ​អាច​ជា​ប្រយោជន៍​ដល់​មនុស្ស​ទាំង​សហគមន៍​ផង។ អត្ថបទ​ជា​បន្ទាប់​នឹង​ពិចារណា​របៀប​ដែល​នេះ​អាច​ជា​អ៊ីចឹង​មែន។