លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការបំពានសិទ្ធិនាំឲ្យខូចកិត្ដិយស

ការបំពានសិទ្ធិនាំឲ្យខូចកិត្ដិយស

ការ​បំពាន​សិទ្ធិ​នាំ​ឲ្យ​ខូច​កិត្ដិយស

«តើ​មាន​ការ​បំពាន​សិទ្ធិ​ឬ​ទេ? ដ្បិត​នឹង​នាំ​ឲ្យ​ខូច​កិត្ដិយស​បាន។ តែ​ប្រាជ្ញា តែង​នៅ​ជាប់​នឹង​មនុស្ស​សុភាព​រាប​ទាប»។—សុភាសិត ១១:២, ព.ថ.

១, ២. តើ​ការ​បំពាន​សិទ្ធិ​ជា​អ្វី ហើយ​តើ​តាម​របៀប​ណា​ដែល​នេះ​បាន​នាំ​ឲ្យ​មាន​សេចក្ដី​វិនាស​អន្តរាយ?

 សមាជិក​លេវី​ម្នាក់​ដ៏​ឈ្នានីស នាំ​មនុស្ស​មួយ​ហ្វូង​បះ​បោរ​ប្រឆាំង​នឹង​អំណាច​គ្រប់​គ្រង ដែល​បាន​ត្រូវ​តែង​តាំង​ដោយ​ព្រះ​យេហូវ៉ា។ រាជបុត្រា​មួយ​អង្គ​ដែល​មាន​មហិច្ឆតា នោះ​ប្រឌិត​គម្រោង​ការណ៍​ដ៏​ឆបោក​មួយ ដើម្បី​ដណ្ដើម​យក​រាជបល្ល័ង្ក​របស់​ព្រះ​បិតា​ខ្លួន។ ស្តេច​ដ៏​អន្ទះអន្ទែង​មួយ​អង្គ​បដិសេធ​ចោល​នូវ​បញ្ជា​នៃ​ព្យាការី​របស់​ព្រះ។ ពួក​ជន​ជាតិ​អ៊ីស្រាអែល​បី​នាក់​នេះ​មាន​លក្ខណៈ​មួយ​ដូច​គ្នា គឺ​ជា​ការ​បំពាន​សិទ្ធិ។

ការ​បំពាន​សិទ្ធិ​គឺ​ជា​លក្ខណៈ​ចិត្ត ដែល​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​មនុស្ស​គ្រប់​គ្នា។ (ទំនុកដំកើង ១៩:១៣) មនុស្ស​ដែល​បំពាន​សិទ្ធិ​ក៏​ធ្វើ​អ្វី​ៗ​ដោយ​ឥត​កោត​ញញើត ទោះ​ជា​គ្មាន​សេចក្ដី​អនុញ្ញាត​ឲ្យ​ធ្វើ​អ៊ីចឹង​ក៏​ដោយ។ ជា​ញឹក​ញាប់ សេចក្ដី​នេះ​នាំ​ឲ្យ​មាន​មហន្តរាយ។ តាម​ការ​ពិត ការ​បំពាន​សិទ្ធិ​ធ្លាប់​ធ្វើ​ឲ្យ​វិនាស​អន្តរាយ​នូវ​ស្តេច​ផ្សេង​ៗ និង​បាន​ផ្ដួល​ចក្រភព​ទាំង​ឡាយ​ផង​ដែរ។ (យេរេមា ៥០:២៩, ៣១, ៣២; ដានីយ៉ែល ៥:២០) សេចក្ដី​នេះ​ក៏​បាន​រុំ​ជាប់​អ្នក​បំរើ​ខ្លះ​របស់​ព្រះ​យេហូវ៉ា ហើយ​បាន​នាំ​ឲ្យ​គេ​មាន​អន្តរាយ។

៣. តើ​យើង​អាច​រៀន​អំពី​គ្រោះ​ថ្នាក់​ពី​ការ​បំពាន​សិទ្ធិ​យ៉ាង​ដូច​ម្ដេច?

ដោយ​មាន​មូលហេតុ​ល្អ ព្រះ​គម្ពីរ​ចែង​ថា៖ «តើ​មាន​ការ​បំពាន​សិទ្ធិឬ​ទេ? ដ្បិត​នឹង​នាំ​ឲ្យ​ខូច​កិត្ដិយស​បាន។ តែ​ប្រាជ្ញា នោះ​តែង​នៅ​ជាប់​នឹង​មនុស្ស​សុភាព​រាប​ទាប»។ (សុភាសិត ១១:២, ព.ថ.) ព្រះ​គម្ពីរ​ផ្ដល់​ឲ្យ​យើង​នូវ​គំរូ​ទាំង​ឡាយ ដែល​បញ្ជាក់​ថា សុភាសិតនេះ​គឺ​ជា​ការ​ពិត​មែន។ ការ​ពិនិត្យ​មើល​នូវ​គំរូ​នេះ​ខ្លះ​ៗ នឹង​ជួយ​ឲ្យ​យើង​ឃើញ​នូវ​គ្រោះ​ថ្នាក់​ដែល​មក​ពី​ការ​ផ្លោះ​ហួស​ព្រំ​ដែន​ដ៏​សម​គួរ។ ដូច្នេះ​ហើយ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​របៀប​ដែល​ចិត្ត​ឈ្នានីស មហិច្ឆតា និង​ចិត្ត​អន្ទះអន្ទែង បាន​នាំ​ឲ្យ​បុរស​បី​នាក់​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ ទៅ​ប្រព្រឹត្ត​អំពើ​ដែល​បំពាន​សិទ្ធិ ដែល​នាំ​ឲ្យ​ខូច​កិត្ដិយស​របស់​ពួក​គេ។

លោក​កូរេមនុស្ស​បះ​បោរ​ម្នាក់​ដ៏​ឈ្នានីស

៤. (ក) តើ​កូរេ​ជា​អ្នក​ណា ហើយ​តើ​គាត់​ច្បាស់​ជា​មាន​ចំណែក​ក្នុង​ព្រឹត្ដិការណ៍​ដ៏​សំខាន់​ណា​ខាង​ប្រវត្ដិសាស្ត្រ? (ខ) នៅ​ពេល​ក្រោយ​ៗ​មក តើ​កូរេ​បាន​បង្កើត​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ដ៏​អាក្រក់​អ្វី?

កូរេ​ជា​កូន​ចៅ​របស់​កេហាត់​ពី​កុលសម្ព័ន្ធ​លេវី ក៏​ជា​បង​ប្អូន​ជីដូន​មួយ​របស់​ម៉ូសេ​និង​អើរ៉ុន។ តាម​មើល​ទៅ គាត់​បាន​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ កូរេ​បាន​មាន​ឯកសិទ្ធិ​រួម​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​ត្រូវ​រំដោះ​ចេញ​ដោយ​អព្ភូតហេតុ​ឆ្លង​កាត់​សមុទ្រ​ក្រហម ហើយ​ប្រហែល​ជា​គាត់​បាន​ចូល​រួម​សម្រេច​តាម​សេចក្ដី​ជំនុំ​ជំរះ​របស់​ព្រះ​យេហូវ៉ា ប្រឆាំង​នឹង​ពួក​អ៊ីស្រាអែល​ដែល​បាន​ថ្វាយ​បង្គំ​កូន​គោ​នៅ​ឯ​ភ្នំ​ស៊ីណាយ។ (និក្ខមនំ ៣២:២៦) ក៏​ប៉ុន្តែ ជា​យថាហេតុ កូរេ​បាន​ទៅ​ជា​មេ​ក្រុម​ក្នុង​ការ​បះ​បោរ​ប្រឆាំង​នឹង​ម៉ូសេ​និង​អើរ៉ុន​ទៅ​វិញ ដែល​បាន​រួម​បញ្ចូល​ដាថាន អ័ប៊ីរ៉ាម និង​អូន ជា​ពួក​កុលសម្ព័ន្ធ​រូបេន ជា​មួយ​នឹង​ពួកចៅហ្វាយ២៥០​នាក់​ទៀត​របស់​ពួក​អ៊ីស្រាអែល។ * ពួក​គេ​បាន​និយាយ​ទៅ​ម៉ូសេ​និង​អើរ៉ុន​ថា៖ «អ្នក​យក​អំណាច​លើ​ខ្លួន​ហួស​ពេក​ណាស់ ដ្បិត​ពួក​ជំនុំ​ក៏​បាន​បរិសុទ្ធ​ទាំង​អស់​គ្នា​ដែរ ហើយ​ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​គេ​ផង ម្ដេច​ឡើយ​អ្នក​ទាំង​២​លើក​កំពស់​ខ្លួន ត្រួត​លើ​ពួក​ជំនុំ​ផង​ព្រះ​យេហូវ៉ា​ដូច្នេះ?»។—ជន​គណនា ១៦:១​-​៣

៥, ៦. (ក) ហេតុ​អ្វី​ក៏​កូរេ​បាន​បះ​បោរ​ប្រឆាំង​នឹង​ម៉ូសេ​និង​អើរ៉ុន? (ខ) ហេតុ​អ្វី​ក៏​អាច​និយាយ​ថា កូរេ​បាន​ចាត់​ទុកកិច្ច​ការរបស់​គាត់​ថា​គ្មាន​តម្លៃ​ក្នុង​របៀប​រៀបចំ​របស់​ព្រះ​នោះ?

ក្រោយ​ពី​មាន​ចិត្ត​ស្មោះ​ត្រង់​អស់​ប៉ុន្មាន​ឆ្នាំ​ហើយ ហេតុ​អ្វី​ក៏​កូរេ​ទៅ​ជា​មាន​ចិត្ត​បះ​បោរ​អ៊ីចឹង? យ៉ាង​ច្បាស់​ណាស់ ការ​ដឹក​នាំ​របស់​ម៉ូសេ​មិន​មែន​ដោយ​ការ​សង្កត់​សង្កិន​ទេ ដ្បិត​លោក​ជា​មនុស្ស«សុភាព​ណាស់​លើស​អស់​ទាំង​មនុស្ស​នៅ​លើ​ផែនដី»។ (ជន​គណនា ១២:៣) ក៏​ប៉ុន្តែ គឺ​ដូច​ជា​កូរេ​បាន​ឈ្នានីស​នឹង​ម៉ូសេ​និង​អើរ៉ុន ហើយ​បាន​តូច​ចិត្ត​នឹង​ភាព​ធំ​ដុំ​របស់​គេ ហើយ​នេះ​បាន​នាំ​ឲ្យ​គាត់​និយាយ​យ៉ាង​ខុស​ទាំង​ស្រុង ថា​ពួក​គេ​លើក​ខ្លួន​តាម​តែ​អំពើ​ចិត្ត​និង​យ៉ាង​អាត្មា​និយម ត្រួត​លើ​ពួក​ជំនុំ​នោះ។—ទំនុកដំកើង ១០៦:១៦

ភាគ​ច្រើន​បញ្ហា​របស់​កូរេ ប្រហែល​ជា​គាត់​ឥត​បាន​គាប់​ចិត្ត​នឹង​ឯកសិទ្ធិ​របស់​ខ្លួន ក្នុង​របៀប​រៀបចំ​របស់​ព្រះ។ ពិត​មែន ពួក​កូន​ចៅ​កេហាត់​នៃ​កុលសម្ព័ន្ធ​លេវី​មិន​មែន​ជា​ពួក​សង្ឃ​ទេ ក៏​ប៉ុន្តែ​ពួក​គេ​ជា​ពួក​គ្រូ​បង្រៀន​ក្រិត្យ​វិន័យ​របស់​ព្រះ។ ពួក​គេ​ក៏​បាន​សែង​គ្រឿង​តុទូ​និង​ឧបករណ៍​នានា​ពី​ក្នុង​រោង​ឧបោសថ ពេល​ដែល​ត្រូវ​ការ​ដឹក​ជញ្ជូន​របស់​ទាំង​នេះ​ដែរ។ នេះ​ជាកិច្ច​ការដ៏​សំខាន់​ណាស់ ដ្បិត​មាន​តែ​ពួក​អ្នក​ដែល​បាន​ស្អាត​ស្អំ​ខាង​សាសនា​និង​ខាង​សីលធម៌​ប៉ុណ្ណោះ ដែល​អាច​ប៉ះ​ពាល់​នឹង​គ្រឿង​ប្រដាប់​ដ៏​បរិសុទ្ធ​នេះ។ (អេសាយ ៥២:១១) ដូច្នេះ នៅ​ពេល​ដែល​ម៉ូសេ​បាន​ប្រឈម​ត​ទល់​នឹង​កូរេ នោះ​ដូច​ជា​លោក​បាន​សួរ​ថា តើ​អ្នក​ចាត់​ទុកកិច្ច​ការរបស់​អ្នក​ជា​អ្វី​ដ៏​តូច​តាច​ដល់​ម្ល៉េះ ដែល​អ្នក​រក​ចង់​បាន​ការងារ​ជា​សង្ឃ​ទៀត​អ៊ីចឹង​ឬ? (ជន​គណនា ១៦:៩, ១០) កូរេ​បាន​ខាន​ទទួល​ស្គាល់​ថា កិត្ដិយស​ដ៏​ល្អ​បំផុត​នោះ គឺ​ការ​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​ត្រង់ ស្រប​ទៅ​តាម​របៀប​រៀបចំ​របស់​ទ្រង់ មិន​មែន​ជា​ការ​ចង់​បាន​ឋានៈ​ដ៏​ពិសេស​ណា​នោះ​ទេ។—ទំនុកដំកើង ៨៤:១០

៧. (ក) តើ​លោក​ម៉ូសេ​បាន​ដោះ​ស្រាយ​នឹង​កូរេ​និង​ពួក​បុរស​ដែល​តាម​គាត់​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ការ​បះ​បោរ​របស់​កូរេ​បាន​ទទួល​ការ​ហិន​វិនាស​យ៉ាង​ដូច​ម្ដេច?

លោក​ម៉ូសេ​បាន​អញ្ជើញ​ឲ្យ​កូរេ​និង​ពួក​បុរស​ដែល​តាម​គាត់ ឲ្យ​មក​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ស្អែក​ឯ​ត្រសាល​ជំនុំ ទាំង​កាន់​ពាន​ដាក់​ភ្លើង​និង​រោយ​គ្រឿង​ក្រអូប​ពី​លើ​ផង។ កូរេ​និង​ពួក​បុរស​របស់​គាត់​ឥត​មាន​ការ​អនុញ្ញាត​ឲ្យ​ថ្វាយ​គ្រឿង​ក្រអូប​ទេ ពីព្រោះ​ពួក​គេ​មិន​មែន​ជា​ពួក​សង្ឃ។ បើ​ពួក​គេ​មក​ដោយ​មាន​ពាន​ដាក់​ភ្លើង​និង​រោយ​គ្រឿង​ក្រអូប​ពី​លើ នេះ​នឹង​បង្ហាញ​យ៉ាង​ច្បាស់​ថា ពួក​បុរស​ទាំង​នោះ​នៅ​មាន​ចិត្ត​ថា ខ្លួន​មាន​សិទ្ធិ​ប្រព្រឹត្ត​ដូច​ជា​សង្ឃ ទោះ​ជា​ពួក​គេ​មាន​ពេល​ពេញ​មួយ​យប់ ដើម្បី​នឹង​ពិចារណា​មើល​រឿង​នេះ​ឡើង​វិញ​ក៏​ដោយ។ នៅ​ពេល​ដែល​ពួក​គេ​បាន​លេច​ខ្លួន​មក​នៅ​ថ្ងៃ​ស្អែក​ឡើង នោះ​ព្រះ​យេហូវ៉ា​មាន​ហេតុ​ត្រឹម​ត្រូវ​ក្នុង​ការ​សម្ដែង​នូវ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់។ រីឯ​ពួក​រូបេន នោះ«ដី​ក៏​ប្រេះ​ឡើង​ពី​ក្រោម​គេ ហា​ទទួល​យក​គេ​បាត់​ទៅ»។ ពួក​ទាំង​ប៉ុន្មាន​ទៀត រួម​បញ្ចូល​កូរេ​ក៏​មាន​ភ្លើង​ចេញ​ពី​ព្រះ មក​បញ្ឆេះ​គេ​អស់​ទៅ។ (ចោទិយកថា ១១:៦; ជន​គណនា ១៦:១៦​-​៣៥; ២៦:១០) ការ​បំពាន​សិទ្ធិ​របស់​កូរេ​បាន​នាំ​ឲ្យ​ខូច​កិត្ដិយស​យ៉ាង​ខ្លាំង នោះ​គឺ​ជា​ការ​ច្រាន​ចោល​ដោយ​ព្រះ​តែ​ម្ដង!

ចូរ​ត​ទល់​នឹង«ការ​ទទូច​ចង់​ឈ្នានីស»

៨. តើ«ការ​ទទូច​ចង់​ឈ្នានីស» អាច​លេច​ឡើង​ក្នុង​ចំណោម​ពួក​គ្រីស្ទាន​យ៉ាង​ដូច​ម្ដេច?

ដំណើរ​រឿង​អំពី​កូរេ​ជា​ការ​ព្រមាន​ដល់​យើង​រាល់​គ្នា។ ដោយ​ព្រោះ«ការ​ទទូច​ចង់​ឈ្នានីស» គឺ​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍​ទាំង​អស់ នេះ​ក៏​អាច​លេច​ឡើង​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​ដែរ។ (យ៉ាកុប ៤:៥, ព.ថ.) ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​គិត​តែ​អំពី​ឋានៈ។ ដូច​កូរេ យើង​ប្រហែល​ជា​ឈ្នានីស​អស់​អ្នក​ដែល​មាន​ឯកសិទ្ធិ​ដែល​យើង​ប្រាថ្នា​ចង់​បាន។ ឬ​ក៏​យើង​អាច​ទៅ​ជា​ដូច​គ្រីស្ទាន​ម្នាក់​ឈ្មោះ​ឌីអូត្រេព ដែល​បាន​រស់​នៅ​សតវត្ស​ទី​មួយ។ គាត់​មាន​ចិត្ត​រិះ​គន់​យ៉ាង​ខ្លាំង​ដល់​អំណាច​គ្រប់​គ្រង​របស់​ពួក​សាវ័ក តាម​មើល​ទៅ ពីព្រោះ​គាត់​ចង់​ធ្វើ​ជា​អ្នក​កាន់​កាប់។ ប្រាកដ​ហើយ យ៉ូហានបាន​សរសេរ​ថា ឌីអូត្រេព«ចូល​ចិត្ត​ចង់​ធ្វើ​ធំ»។—យ៉ូហាន​ទី​៣ ៩

៩. (ក) តើ​យើង​គួរ​ជៀស​វាង​អាកប្បកិរិយា​បែប​ណា ស្តី​អំពី​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ? (ខ) តើ​អ្វី​ជា​ទស្សនៈ​ដ៏​ត្រឹម​ត្រូវ​ស្តី​អំពី​ទី​តាំង​របស់​យើង​ក្នុង​របៀប​រៀបចំ​របស់​ព្រះ?

ប្រាកដ​ហើយ គឺ​មិន​ជា​ខុស​ទេ​ដែល​បុរស​គ្រីស្ទាន​ម្នាក់​រក​ឈោង​ចាប់​យក​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ​នោះ។ ប៉ុល​ក៏​បាន​លើក​ទឹក​ចិត្ត​នូវ​ដំណើរ​បែប​នេះ​ដែរ។ (ធីម៉ូថេ​ទី​១ ៣:១) ក៏​ប៉ុន្តែ យើង​មិន​គួរ​រាប់​ទុក​ឯកសិទ្ធិ​ខាង​កិច្ច​បំរើ​នេះ ជា​គ្រឿង​ពាក់​ដែល​ជា​សញ្ញា​ក្នុង​ការ​ទទួល​កិត្ដិយស​ឡើយ ហាក់​ដូច​ជា​ពេល​បាន​ទទួល​ភារកិច្ច​ទាំង​នេះ យើង​បាន​ឡើង​កាំ​ជណ្ដើរ​មួយ​ខាង​យស​សក្ដិ​ណា​មួយ​នោះ​ទេ។ ចូរ​ចាំ​នូវ​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ចង់​ធ្វើ​ជា​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ ហើយ​អ្នក​ណា​ក្នុង​ពួក​អ្នក ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​រាល់​គ្នា​វិញ​ដែរ»។ (ម៉ាថាយ ២០:២៦, ២៧) យ៉ាង​ច្បាស់​ណាស់ គឺ​ជា​ការ​ខុស​ដោយ​មាន​ចិត្ត​ឈ្នានីស​នឹង​អស់​អ្នក​ដែល​មាន​ភារកិច្ច​ធំ​ជាង ហាក់​ដូច​ជា​តម្លៃ​របស់​យើង​ចំពោះ​ព្រះ គឺ​ពឹង​ពាក់​លើ«យស​សក្ដិ»របស់​យើង​ក្នុង​អង្គការ​របស់​ទ្រង់។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «អ្នក​រាល់​គ្នា . . . ជា​បង​ប្អូន​នឹង​គ្នា​ទាំង​អស់»។ (ម៉ាថាយ ២៣:៨) ត្រូវ​ហើយ មិន​ថា​ជា​អ្នក​ផ្សព្វ​ផ្សាយ​ឬ​ជា​អ្នក​ត្រួស​ត្រាយ អ្នក​ដែល​ទើប​តែ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ឬ​ជា​អ្នក​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​ជា​យូរ​មក​ហើយ យើង​ទាំង​អស់​គ្នា​ណា​ដែល​បំរើ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត មាន​ទី​តាំង​ដ៏​មាន​តម្លៃ​ក្នុង​របៀប​រៀបចំ​របស់​ទ្រង់។ (លូកា ១០:២៧; ១២:៦, ៧; កាឡាទី ៣:២៨; ហេព្រើរ ៦:១០) គឺ​ពិត​ជា​ប្រកប​ដោយ​ប្រសិទ្ធិពរ​មែន ដោយ​ធ្វើ​ការ​ជា​មួយ​បង​ប្អូន​រាប់​លាន​នាក់ ដែល​ខំ​ប្រឹង​អនុវត្ត​តាម​ឱវាទ​ព្រះ​គម្ពីរ​នេះ ដែល​ចែង​ថា៖ «ត្រូវ​ឲ្យ​គ្រប់​គ្នា​មាន​ចិត្ត​សុភាព ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។—ពេត្រុស​ទី​១ ៥:៥

អាប់សាឡំម—មនុស្ស​ឱកាស​និយម​ដែល​មាន​មហិច្ឆតា

១០. តើ​អាប់សាឡំម​ជា​អ្នក​ណា ហើយ​តើ​ទ្រង់​បាន​ខំ​ប្រឹង​ផ្គាប់​ផ្គុន​អែបអប​រក​ប្រយោជន៍​ពី​អស់​អ្នក​ដែល​នាំ​រឿង​មក​ថ្វាយ​ស្តេច​ឲ្យ​ជំនុំ​ជំរះ​យ៉ាង​ដូច​ម្ដេច?

១០ ដំណើរ​ជីវិត​នៃ​បុត្រា​ទី​បី​របស់​ស្តេច​ដាវីឌ ព្រះ​នាម​អាប់សាឡំម បាន​ផ្ដល់​មេ​រៀន​ខាង​រឿង​មហិច្ឆតា។ បុគ្គល​ឱកាស​និយម​ដ៏​ឆបោក​នេះ​បាន​ខំ​ប្រឹង​ផ្គាប់​ផ្គុន​អែបអប​រក​ប្រយោជន៍​ពី​អស់​អ្នក​ដែល​នាំ​រឿង​មក​ថ្វាយ​ស្តេច​ឲ្យ​ជំនុំ​ជំរះ។ មុន​ដំបូង រាជបុត្រា​នេះ​បាន​ទូល​ថា ស្តេច​ដាវីឌ​មិន​បាន​អើពើ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​គេ​នោះ​ទេ។ រួច​មក គាត់​បាន​ឈប់​និយាយ​ដោយ​ល្បិច ហើយ​បាន​លាត​ត្រដាង​នូវ​បំណង​ចិត្ត​ពិត​ប្រាកដ​របស់​ខ្លួន។ អាប់សាឡំម​បាន​បញ្ចេញ​វោហារ​ថា៖ «ឱ​បើ​យើង​បាន​ធ្វើ​ជាចៅហ្វាយនៅ​ក្នុង​នគរ​នេះ​ទៅ​អេះ នោះ​អស់​អ្នក​ណា ដែល​មាន​រឿង​មាន​ក្ដី​នឹង​បាន​មក​ឯ​យើង ហើយ​យើង​នឹង​ជំនុំ​ជំរះ​ឲ្យ​គេ​តាម​យុត្ដិធម៌»។ កលល្បិច​ដ៏​ប៉ិន​ប្រសប់​របស់​អាប់សាឡំម ឥត​មាន​ព្រំ​ដែន​ឡើយ។ ព្រះ​គម្ពីរ​ចែង​ថា៖ «បើ​មាន​អ្នក​ណា​មក​ថ្វាយ​បង្គំ​ដល់​ទ្រង់ នោះ​ទ្រង់​ក៏​លូក​ព្រះ​ហស្ត​ទៅ​ចាប់ទាញ​មក​ថើប​អ្នក​នោះ អាប់សាឡំម​ទ្រង់​តែង​ប្រព្រឹត្ត​យ៉ាង​នេះ ដល់​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ដែល​នាំ​រឿង​មក​ថ្វាយ​ស្តេច​ឲ្យ​ជំនុំ​ជំរះ»។ តើ​មាន​លទ្ធផល​យ៉ាង​ណា? «ទ្រង់[អាប់សាឡំម]បាន​ទាក់​ចិត្ត​ពួក​ជន​ជាតិ​អ៊ីស្រាអែល»។—សាំយូអែល​ទី​២ ១៥:១​-​៦

១១. តើ​អាប់សាឡំម​បាន​ខំ​ប្រឹង​ដណ្ដើម​យក​បល្ល័ង្ក​របស់​ដាវីឌ​យ៉ាង​ដូច​ម្ដេច?

១១ អាប់សាឡំម​បាន​តាំង​ព្រះ​ទ័យ​ដណ្ដើម​យក​អំណាច​គ្រប់​គ្រង​ជា​ស្តេច​ពី​ព្រះ​វរបិតា​ខ្លួន។ ប្រាំ​ឆ្នាំ​មុន​នេះ អាប់សាឡំម​ទ្រង់​បាន​បង្គាប់​ឲ្យ​គេ​ធ្វើ​គុត​អាំណូន​ដែល​ជា​បុត្រា​ច្បង​របស់​ដាវីឌ ដោយ​មើល​ទៅ​ដូច​ជា​ដើម្បី​សង​សឹក​ចំពោះ​អាំណូន​ដែល​បាន​ចាប់​រំលោភ​តាម៉ារ​ជា​ប្អូន​ស្រី​របស់​ខ្លួន។ (សាំយូអែល​ទី​២ ១៣:២៨, ២៩) ក៏​ប៉ុន្តែ សូម្បី​តែ​នៅ​ពេល​នោះ​ក៏​អាប់សាឡំម​ប្រហែល​ជា​ចង់​បាន​បល្ល័ង្ក ដោយ​ចាត់​ទុក​ឃាតកម្ម​របស់​អាំណូន ជា​វិធី​ដ៏​ស្រួល​ក្នុង​ការ​កំទេច​ចោល​គូ​ប្រជែង។ * យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ដែល​មាន​ឱកាស​ល្អ នោះ​អាប់សាឡំម​ក៏​ចាត់​វិធានការ​ទៅ។ ទ្រង់​បាន​ឲ្យ​គេ​ប្រកាស​អំពី​អំណាច​គ្រប់​គ្រង​ជា​ស្តេច​របស់​ទ្រង់​ទូទាំង​ស្រុក​នោះ។—សាំយូអែល​ទី​២ ១៥:១០

១២. សូម​ពន្យល់​ពី​របៀប​ដែល​ការ​បំពាន​សិទ្ធិ​របស់​អាប់សាឡំម​បាន​នាំ​ឲ្យ​ខូច​កិត្ដិយស។

១២ អស់​មួយ​រយៈ​ពេល នោះ​អាប់សាឡំម​មាន​ជោគ​ជ័យ ដ្បិត«ការ​ក្បត់​នេះ ក៏​បាន​កើត​កាន់​តែ​ខ្លាំង​ឡើង ដ្បិត​មាន​ប្រជាជន​ចុះ​ចូល​ខាង​អាប់សាឡំម រឹត​តែ​ច្រើន​ឡើង»។ ក្រោយ​មក ស្តេច​ដាវីឌ​បាន​ត្រូវ​ជំរុញ​ឲ្យ​រត់​គេច​សង្គ្រោះ​ព្រះ​ជន្ម​របស់​ទ្រង់។ (សាំយូអែល​ទី​២ ១៥:១២​-​១៧) ក៏​ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​មក នោះ​មុខ​ងារ​របស់​អាប់សាឡំម​បាន​ត្រូវ​បណ្ដាច់​យ៉ាង​ខ្លី នៅ​ពេល​ដែល​យ៉ូអាប់​បាន​ធ្វើ​គុត​ទ្រង់ ទាំង​បាន​បោះ​ចោល​ទៅ​ក្នុង​រណ្ដៅ​ធំ រួច​បង្គរ​ថ្ម​ពី​លើ។ ចូរ​គិត​ទៅ​មើល! បុរស​ដ៏​មាន​មហិច្ឆតា​ធំ​នេះ​ដែល​ចង់​ធ្វើ​ជា​ស្តេច ឥត​ទាំង​បាន​ទទួល​ការ​បញ្ចុះ​សព​ស្រួលបួល​ផង ពេល​ទ្រង់​សោយ​ទិវង្គត​ទៅ​នោះ។ * យ៉ាង​ពិត​ណាស់ ការ​បំពាន​សិទ្ធិ​បាន​នាំ​ឲ្យ​ខូច​កិត្ដិយស​របស់​អាប់សាឡំម។—សាំយូអែល​ទី​២ ១៨:៩​-​១៧

ចូរ​បដិសេធ​ចោល​នូវ​មហិច្ឆតា​ដ៏​អាត្មា​និយម

១៣. តើ​គតិ​មហិច្ឆតា​អាច​ចាក់​ឫស​ក្នុង​ចិត្ត​គ្រីស្ទាន​ម្នាក់​យ៉ាង​ដូច​ម្ដេច?

១៣ ការ​ឡើង​និង​ធ្លាក់​អំណាច​របស់​អាប់សាឡំម ប្រើ​សំរាប់​ជា​មេ​រៀន​ដល់​យើង។ នៅ​ក្នុង​ពិភព​លោក​ដ៏​គ្មាន​មេត្ដា​ធម៌​សព្វ​ថ្ងៃ​នេះ គឺ​ជា​ធម្មតា​ដែល​មនុស្ស​អែបអប​នឹងចៅហ្វាយរបស់​គេ ដោយ​ខំ​ផ្គាប់​ផ្គុន​ចិត្តចៅហ្វាយរបស់​គេ ដោយ​គ្រាន់​តែ​ចង់​ធ្វើ​ឲ្យចៅហ្វាយខ្លួន​ចាប់​អារម្មណ៍​នឹង​គេ ឬ​ប្រហែល​ជា​ដើម្បី​ទទួល​នូវ​ប្រយោជន៍​ឬ​ការ​ដំឡើង​យស​សក្ដិ​ណា​មួយ។ នៅ​ពេល​ទន្ទឹម​គ្នា​នេះ ពួក​គេ​ប្រហែល​ជា​និយាយ​អួតអាង​ដល់​មនុស្ស​ក្រោម​បង្គាប់​គេ ដោយ​សង្ឃឹម​នឹង​បាន​ការ​ផ្គាប់​ផ្គុន​អែបអប​និង​ការ​គាំទ្រ​ពី​ពួក​គេ​នោះ។ បើ​សិន​ជា​យើង​មិន​ប្រយ័ត្ន​ទេ នោះ​គតិ​មហិច្ឆតា​បែប​នេះ អាច​ចាក់​ឫស​ក្នុង​ចិត្ត​របស់​យើង។ តាម​មើល​ទៅ នេះ​បាន​កើត​ឡើង​ដល់​មនុស្ស​ខ្លះ​នៅ​សតវត្ស​ទី​មួយ ដែល​តម្រូវ​ឲ្យ​ពួក​សាវ័ក​ផ្ដល់​នូវ​ការ​ព្រមាន​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​បុគ្គល​បែប​នេះ។—កាឡាទី ៤:១៧; យ៉ូហាន​ទី​៣ ៩,១០

១៤. ហេតុ​អ្វី​ក៏​យើង​គួរ​តែ​ជៀស​វាង​គតិ​មហិច្ឆតា ដែល​លើក​ដំកើង​ខ្លួន​នោះ?

១៤ ព្រះ​យេហូវ៉ា​ឥត​មាន​កន្លែង​ក្នុង​អង្គការ​របស់​ទ្រង់ សំរាប់​ពួក​បំពាន​សិទ្ធិ​ដែល​ប្រើ​ផែន​ការ​ជា​មុន ហើយ​ខំ​ប្រឹង«ស្វែង​រក​កិត្ដិសព្ទ​ដល់​ខ្លួន»នោះ​ទេ។ (សុភាសិត ២៥:២៧) ប្រាកដ​ហើយ ព្រះ​គម្ពីរ​ព្រមាន​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​នឹង​កាត់​អស់​ទាំង​បបូរ​មាត់​បញ្ចើច​ចេញ ព្រម​ទាំង​អណ្ដាត ដែល​ពោល​ពាក្យ​ធំ​នោះ​ផង»។ (ទំនុកដំកើង ១២:៣) អាប់សាឡំម​បាន​មាន​បបូរ​មាត់​បញ្ចើច​មែន។ គាត់​បាន​និយាយ​អួត​យ៉ាង​សម្បើម​ដល់​អស់​អ្នក​ដែល​គាត់​ត្រូវ​ការ​សគុណ​ពី​នោះ ប្រយោជន៍​ឲ្យ​បាន​អំណាច​គ្រប់​គ្រង​ដែល​គាត់​បាន​ប្រាថ្នា​ចង់​បាន។ ផ្ទុយ​ទៅ​វិញ យើង​មាន​ប្រសិទ្ធិពរ​យ៉ាង​ណា​ទៅ​ហ្ន៎! ដោយ​បាន​នៅ​ក្នុង​ចំណោម​ភាតរភាព​ដែល​ធ្វើ​តាម​ឱវាទ​របស់​ប៉ុល​នោះ ដែល​ថា៖ «កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់​ទែង​គ្នា ឬ​ដោយ​សេចក្ដី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ»។—ភីលីព ២:៣

សូល—ស្តេច​ដែល​មិន​ចេះ​អត់​ធ្មត់

១៥. នៅ​ពេល​មួយ តើ​សូល​បាន​បង្ហាញ​នូវ​ចិត្ត​សុភាព​យ៉ាង​ដូច​ម្ដេច?

១៥ នៅ​ពេល​មួយ សូល​ជា​មនុស្ស​ដែល​មាន​ចិត្ត​សុភាព ហើយ​ក្រោយ​មក​បាន​ទៅ​ជា​ស្តេច។ ជា​ឧទាហរណ៍ សូម​ពិនិត្យ​មើល​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ពេល​គាត់​មាន​អាយុ​ក្មេង។ នៅ​ពេល​ដែល​ព្យាការី​សាំយូអែល​បាន​និយាយ​យ៉ាង​ល្អ​អំពី​គាត់ នោះ​សូល​បាន​តប​ឆ្លើយ​យ៉ាង​រាប​ទាប​ថា៖ «តើ​ខ្ញុំ​មិន​មែន​ជា​ពួក​បេនយ៉ាមីន​ជា​ពូជ​អំបូរ​តូច​ជាង​គេ​ក្នុង​បណ្ដា​សាសន៍​អ៊ីស្រាអែល​ទេ​ឬ​អី ហើយ​ពួក​គ្រូ​ខ្ញុំ តើ​មិន​មែន​ជា​តូច​ទាប​ជាង​អស់​ទាំង​គ្រួ ក្នុង​ពូជ​អំបូរ​បេនយ៉ាមីន​ដែរ​ទេ​ឬ​អី ដូច្នេះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ប្រសាសន៍​នឹង​ខ្ញុំ​យ៉ាង​នេះ?»។—សាំយូអែល​ទី​១ ៩:២១

១៦. តើ​សូល​បាន​បង្ហាញ​នូវ​អាកប្បកិរិយា​ដ៏​មិន​ចេះ​អត់​ធ្មត់​យ៉ាង​ដូច​ម្ដេច?

១៦ ក៏​ប៉ុន្តែ ក្រោយ​មក ចិត្ត​សុភាព​របស់​សូល​បាន​បាត់​អស់​រលីង។ កាល​ដែល​ច្បាំង​នឹង​ពួក​ភីលីស្ទីន នោះ​គាត់​បាន​ភៀស​ខ្លួន​ទៅ​គីលកាល ហើយ​បាន​ត្រូវ​តម្រូវ​ឲ្យ​ចាំ​សាំយូអែល​មក​ទូល​អង្វរ​សុំ​ព្រះ​ដោយ​ថ្វាយ​យញ្ញ​បូជា​ខ្លះ។ នៅ​ពេល​ដែល​សាំយូអែល​មិន​បាន​មក​តាម​កំណត់​ពេល នោះ​ដោយ​ការ​បំពាន​សិទ្ធិ សូល​បាន​ថ្វាយ​យញ្ញ​បូជា​នោះ​ខ្លួន​ឯង។ កាល​ដែល​គាត់​ទើប​តែ​បាន​ធ្វើ​ការ​នោះ​ចប់ នោះ​សាំយូអែល​ក៏​បាន​មក​ដល់។ សាំយូអែល​បាន​សួរ​ថា៖ «តើ​បាន​ធ្វើ​អ្វី​ហ្នឹង?»។ នោះ​សូល​ឆ្លើយ​ថា៖ «ដោយ​ព្រោះ​ខ្ញុំ​ឃើញ​ថា បណ្ដា​ទ័ព​បាន​ខ្ចាត់​ខ្ចាយ​ចេញ​ពី​ខ្ញុំ​ទៅ ហើយ​លោក​ក៏​មិន​បាន​អញ្ជើញ​មក នៅ​វេលា​កំណត់ . . . ដូច្នេះ​ខ្ញុំ​បាន​បង្ខំ​ខ្លួន​ឲ្យ​ថ្វាយ​ដង្វាយ​នេះ​ទៅ»។—សាំយូអែល​ទី​១ ១៣:៨​-​១២

១៧. (ក) បើ​មើល​តែ​មួយ​ភ្លែត ហេតុ​អ្វី​ក៏​ការ​ប្រព្រឹត្ត​របស់​សូល​មើល​ទៅ​ដូច​ជា​សម​ត្រឹម​ត្រូវ? (ខ) ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​បាន​ផ្ដន្ទា​ទោស​សូល​ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​ដ៏​មិន​ចេះ​អត់​ធ្មត់​របស់​ទ្រង់?

១៧ កាល​មើល​តែ​មួយ​ភ្លែត​ចំពោះ​ការ​ប្រព្រឹត្ត​របស់​សូល​ហាក់​ដូច​ជា​សម​ត្រឹម​ត្រូវ។ យ៉ាង​ណា​មិញ រាស្ត្រ​របស់​ព្រះ​បាន«អស់​ផ្លូវ​ហើយ» «មាន​សេចក្ដី​កង្វល់​ជា​ខ្លាំង» និង​មាន​ចិត្ត​ភ័យ​ញ័រ​ដោយ​នៅ​ក្នុង​ស្ថានការណ៍​ដ៏​ពិបាក​មែន។ (សាំយូអែល​ទី​១ ១៣:៦, ៧) ប្រាកដ​ហើយ គឺ​មិន​ជា​ខុស​ទេ​ក្នុង​ការ​ចាត់​វិធានការ ពេល​ដែល​សម​នឹង​ធ្វើ​ក្នុង​កាលៈទេសៈ​នោះ។ * ក៏​ប៉ុន្តែ ចូរ​ចាំ​ថា ព្រះ​យេហូវ៉ា​អាច​ជ្រាប​ដឹង​នូវ​ចិត្ត ហើយ​យល់​នូវ​បំណង​ចិត្ត​ដ៏​ជ្រាល​ជ្រៅ​បំផុត​របស់​យើង។ (សាំយូអែល​ទី​១ ១៦:៧) ដូច្នេះ ទ្រង់​ច្បាស់​ជា​បាន​ទត​ឃើញ​នូវ​កត្ដា​ខ្លះ​អំពី​សូល ដែល​មិន​បាន​ចែង​មក​ចំ​ៗ​ក្នុង​ដំណើរ​រឿង​ព្រះ​គម្ពីរ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​ប្រហែល​ជា​បាន​ទត​ឃើញ​ថា ការ​មិន​ចេះ​អត់​ធ្មត់​របស់​សូល បាន​ត្រូវ​ជំរុញ​ដោយ​មោទនភាព។ ប្រហែល​ជា​សូល​តូច​ព្រះ​ទ័យ​យ៉ាង​ខ្លាំង! ដែល​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ត្រូវ​តែ​រង់​ចាំ​បុគ្គល​ម្នាក់ ដែល​ជា​មនុស្ស​ចាស់​ជរា ជា​ព្យាការី​ដែល​ត្រូវ​ចាំ​ឲ្យ​ថ្វាយ​លើក​ក្រោយ​ៗ។ យ៉ាង​ណា​ក៏​ដោយ សូល​មាន​អារម្មណ៍​ថា ការ​យឺត​យូរ​របស់​សាំយូអែល បាន​ឲ្យ​ខ្លួន​មាន​សិទ្ធិ​ធ្វើ​ការ​នេះ​ដោយ​ខ្លួន​ឯង ហើយ​មិន​បាន​គោរព​សេចក្ដី​បង្គាប់​ដ៏​ជាក់​លាក់ ដែល​បាន​ផ្ដល់​ឲ្យ​គាត់​នោះ​ទេ។ តើ​អ្វី​ជា​លទ្ធផល? សាំយូអែល​ឥត​បាន​សរសើរ​សូល​ដោយ​បាន​ចាត់​វិធានការ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ស្តី​ប្រដៅ​សូល ដោយ​មាន​ប្រសាសន៍​ថា៖ «រាជ្យ​ទ្រង់​មិន​បាន​នៅ​ត​ទៅ​ទៀត​ទេ . . . ពីព្រោះ​ព្រះ​ករុណា​មិន​បាន​កាន់​តាម​សេចក្ដី ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​មក​សោះ»។ (សាំយូអែល​ទី​១ ១៣:១៣, ១៤) ម្ដង​នេះ​ទៀត ការ​បំពាន​សិទ្ធិ​បាន​នាំ​ឲ្យ​ខូច​កិត្ដិយស។

ចូរ​ជៀស​វាង​ពី​ចិត្ត​ដ៏​មិន​ចេះ​អត់​ធ្មត់

១៨, ១៩. (ក) សូម​រៀប​រាប់​ពី​របៀប​ដែល​ការ​ឥត​ចេះ​អត់​ធ្មត់​អាច​នាំ​ឲ្យ​អ្នក​បំរើ​ព្រះ​នៅ​សម័យ​ទំនើប​នេះ ប្រព្រឹត្ត​ដ៏​បំពាន​សិទ្ធិ​បាន។ (ខ) តើ​យើង​គួរ​តែ​នឹក​ចាំ​អ្វី អំពី​ដំណើរ​ការ​នៃ​ក្រុម​ជំនុំ​គ្រីស្ទាន​នោះ?

១៨ ដំណើរ​រឿង​ពី​ការ​ប្រព្រឹត្ត​ដ៏​បំពាន​សិទ្ធិ​របស់​សូល បាន​កត់​ទុក​ក្នុង​បន្ទូល​របស់​ព្រះ​ជា​ប្រយោជន៍​ដល់​យើង។ (កូរិនថូស​ទី​១ ១០:១១) គឺ​ជា​ការ​ស្រួល​មែន​ឲ្យ​យើង​ទៅ​ជា​មួម៉ៅ​នឹង​ភាព​ឥត​គ្រប់ល័ក្ខណ៍​របស់​បង​ប្អូន​យើង។ ដូច​សូល យើង​ប្រហែល​ជា​ខ្វះ​ចិត្ត​អត់​ធ្មត់ ដោយ​មាន​អារម្មណ៍​ថា បើ​ចង់​ឲ្យ​រឿង​ណា​ដោះ​ស្រាយ​យ៉ាង​ត្រឹម​ត្រូវ នោះ​យើង​ត្រូវ​តែ​ធ្វើ​ខ្លួន​យើង​វិញ។ ជា​ឧបមា​ថា មាន​បង​ប្រុស​ម្នាក់​ពូកែ​មាន​ជំនាញ​ខាង​ការ​រៀបចំ​ណា​មួយ។ គាត់​ជា​បុរស​ទៀង​ទាត់​ពេល​វេលា ដឹង​នូវ​ទម្រង់​ការណ៍​ទាន់​សម័យ​ក្នុង​ក្រុម​ជំនុំ និង​ប៉ិន​ប្រសប់​ខាង​ការ​និយាយ​និង​ការ​បង្រៀន។ នៅ​ពេល​ដំណាល​គ្នា​នេះ គាត់​ដឹង​ថា អ្នក​ដទៃ​មិន​អាច​ប្រៀប​ស្មើ​នឹង​ខ្នាត​តម្រា​ដ៏​ម៉ត់ចត់​របស់​គាត់ ហើយ​ពួក​គេ​ក៏​មិន​មាន​សមត្ថភាព​តាម​ចិត្ត​ប្រាថ្នា​របស់​គាត់​ឡើយ។ តើ​នេះ​ធ្វើ​ឲ្យ​គាត់​មាន​សិទ្ធិ​សម្ដែង​នូវ​អាកប្បកិរិយា​ដ៏​មិន​ចេះ​អត់​ធ្មត់​ឬ​ទេ? តើ​គាត់​គួរ​រិះ​គន់​អ្នក​ដទៃ ឬ​ក៏​ប្រហែល​ជា​និយាយ​ថា បើ​គ្មាន​ការ​ខំ​ប្រឹង​របស់​គាត់ នោះ​គ្មាន​អ្វី​សោះ​នឹង​បាន​សម្រេច​ឡើយ ហើយ​ក្រុម​ជំនុំ​នឹង​ជំពប់​ដួល​ផង​ដែរ? នេះ​នឹង​ច្បាស់​ជា​ប្រកប​ដោយ​ការ​បំពាន​សិទ្ធិ​ហើយ!

១៩ តាម​ការ​ពិត តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​នៃ​ពួក​គ្រីស្ទាន​នៅ​ជាប់​ជា​មួយ​គ្នា​នោះ? តើ​ដោយ​ជំនាញ​ខាង​ការ​ចាត់​ចែង​ឬ? តើ​ដោយ​ព្រោះ​មាន​ប្រសិទ្ធិភាព​ឬ? តើ​ដោយ​សារ​ចំណេះ​យ៉ាង​ជ្រាល​ជ្រៅ​មែន​ឬ? ពិត​មែន របស់​ទាំង​នេះ​គឺ​មាន​ប្រយោជន៍ ដើម្បី​ឲ្យ​មាន​ដំណើរ​ការ​ល្អ​ក្នុង​ក្រុម​ជំនុំ។ (កូរិនថូស​ទី​១ ១៤:៤០; ភីលីព ៣:១៦; ពេត្រុស​ទី​២ ៣:១៨) ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា ពួក​អ្នក​កាន់​តាម​ទ្រង់​នឹង​បាន​ត្រូវ​សម្គាល់​យ៉ាង​លេច​ធ្លោ​រ​ជាង​គេ នោះ​គឺ​ដោយ​ពួក​គេ​មាន​សេចក្ដីស្រឡាញ់។ (យ៉ូហាន ១៣:៣៥) អ៊ីចឹង​ហើយ​ទោះ​ជា​ត្រូវ​មាន​សណ្ដាប់​ធ្នាប់​ក៏​ដោយ ក៏​ពួក​អ្នក​ចាស់​ទុំ​ដែល​ចេះ​យក​ចិត្ត​ទុក​ដាក់​នោះ​ដឹង​ថា ក្រុម​ជំនុំ​មិន​មែន​ជា​ក្រុម​ហ៊ុន​មួយ ដែល​ត្រូវ​ចាត់​ចែង​យ៉ាង​តឹង​រ៉ឹង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​បាន​ត្រូវ​បង្រួប​បង្រួម​ដោយ​ហ្វូង​មួយ ដែល​ត្រូវ​គេ​មើល​ថែ​រក្សា​យ៉ាង​ថ្នាក់​ថ្នម។ (អេសាយ ៣២:១, ២; ៤០:១១) ការ​ឥត​គោរព​ដ៏​បំពាន​សិទ្ធិ​ចំពោះ​គោល​ការណ៍​បែប​នេះ ច្រើន​តែ​នាំ​ឲ្យ​មាន​ការ​មិន​ស្រុះ​ស្រួល​គ្នា។ ផ្ទុយ​ទៅ​វិញ សណ្ដាប់​ធ្នាប់​ពី​ព្រះ នោះ​បង្កើត​ឲ្យ​មាន​សន្ដិភាព។—កូរិនថូស​ទី​១ ១៤:៣៣; កាឡាទី ៦:១៦

២០. តើ​អ្វី​ដែល​នឹង​ត្រូវ​យក​មក​ពិនិត្យ​មើល​ក្នុង​អត្ថបទ​ជា​បន្ទាប់?

២០ ដំណើរ​រឿង​ក្នុង​ព្រះ​គម្ពីរ អំពី​កូរេ អាប់សាឡំម និង​សូល នោះ​បង្ហាញ​យ៉ាង​ច្បាស់​ថា ការ​បំពាន​សិទ្ធិ​នាំ​ឲ្យ​ខូច​កិត្ដិយស ដូច​បាន​ចែង​មក​ក្នុង​សុភាសិត ១១:២ (ព.ថ.)។ ក៏​ប៉ុន្តែ ខ​ដដែល​នេះ ចែង​ទៀត​ថា៖ «តែ​ប្រាជ្ញា តែង​នៅ​នឹង​មនុស្ស​សុភាព​រាប​ទាប»។ តើ​ចិត្ត​សុភាព​រាប​ទាប​ជា​អ្វី​ទៅ? តើ​គំរូ​អ្វី​ខ្លះ​ពី​ព្រះ​គម្ពីរ​ដែល​អាច​ជួយ​បំភ្លឺ​លើ​គុណសម្បត្ដិ​នេះ ហើយ​តើ​យើង​អាច​បង្ហាញ​ចិត្ត​សុភាព​រាប​ទាប​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច? សំនួរ​ទាំង​នេះ​នឹង​ត្រូវ​យក​មក​ពិនិត្យ​មើល​ក្នុង​អត្ថបទ​ជា​បន្ទាប់។

[កំណត់​សម្គាល់]

^ ដោយ​ព្រោះ​រូបេន​ជា​កូន​ច្បង​របស់យ៉ាកុប នោះ​កូន​ចៅ​របស់​គាត់​ដែល​បាន​ទៅ​តាម​កូរេ​ដើម្បី​បះ​បោរ ប្រហែល​ជា​បាន​តូច​ចិត្ត​នឹង​ម៉ូសេ ជា​កូន​ចៅ​លេវី ដែល​មាន​អំណាច​គ្រប់​គ្រង​លើ​ពួក​គេ។

^ ក្រោយ​ពី​បាន​ប្រសូត​មក​នោះ គឺ​ឥត​បាន​រៀប​រាប់​ទៀត​ទេ ពី​គីលាប​ជា​បុត្រា​ទី​ពីរ​របស់​ដាវីឌ។ បុត្រា​នេះ​ប្រហែល​ជា​បាន​សោយ​ទិវង្គត​មុន​នឹង​ការ​បះ​បោរ​របស់​អាប់សាឡំម​ហើយ។

^ នៅ​ជំនាន់​ព្រះ​គម្ពីរ ការ​បញ្ចុះ​សព​នៃ​បុគ្គល​ណា​ម្នាក់ ជា​ការ​ប្រព្រឹត្ត​ដែល​មាន​សារៈ​សំខាន់​ណាស់។ ដូច្នេះ​ហើយ ដោយ​ឥត​បាន​ទទួល​ពិធី​បញ្ចុះ​សព​នេះ​ជា​ការ​ទទួល​នូវ​គ្រោះ​មហន្តរាយ ហើយ​ច្រើន​តែ​ជា​ការ​សម្ដែង​ពី​ការ​ឥត​យល់​ព្រម​ពី​ព្រះ។—យេរេមា ២៥:៣២, ៣៣

^ ជា​ឧទាហរណ៍ ភីនេហាស​បាន​ប្រព្រឹត្ត​យ៉ាង​ប្រញាប់ ដើម្បី​បញ្ឈប់​ទុក្ខ​ទោស​ដែល​បាន​សម្លាប់​ពួក​អ៊ីស្រាអែល​រាប់​ពាន់​នាក់ ហើយ​ដាវីឌ​បាន​លើក​ទឹក​ចិត្ត​ពួក​បុរស​របស់​ទ្រង់​ដែល​អត់​អាហារ មក​ចូល​រួម​បរិភោគ​ជា​មួយ​ទ្រង់​នូវ​នំ​ប៉័ង​តាំង​ទុក​ពី«ដំណាក់​ព្រះ»។ ព្រះ​ទ្រង់​ឥត​បាន​ផ្ដន្ទា​ទោស​នូវ​ការ​ប្រព្រឹត្ត​ទាំង​នេះ ដែល​ជា​ការ​ប្រព្រឹត្ត​ដ៏​បំពាន​សិទ្ធិ​នោះ​ឡើយ។—ម៉ាថាយ ១២:២​-​៤; ជន​គណនា ២៥:៧​-​៩; សាំយូអែល​ទី​១ ២១:១​-​៦

តើ​អ្នក​នឹក​ចាំ​ឬ​ទេ?

តើ​ការ​បំពាន​សិទ្ធិ​ជា​អ្វី?

តើ​ចិត្ត​ឈ្នានីស​បាន​បណ្ដាល​ឲ្យ​កូរេ​ប្រព្រឹត្ត​ដ៏​បំពាន​សិទ្ធិ​ដោយ​ដូច​ម្ដេច?

តើ​យើង​រៀន​អ្វី​ខ្លះ​ពី​ដំណើរ​រឿង​នៃ​អាប់សាឡំម ដែល​មាន​មហិច្ឆតា​នោះ?

តើ​យើង​អាច​ជៀស​វាង​គំនិត​ដ៏​មិន​ចេះ​អត់​ធ្មត់​យ៉ាង​ដូច​ម្ដេច ដែល​សូល​បាន​សម្ដែង​មក?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១០]

សូល​បាន​ទៅ​ជា​មិន​ចេះ​អត់​ធ្មត់ ហើយ​បាន​ប្រព្រឹត្ត​ដ៏​បំពាន​សិទ្ធិ